ការឆ្លុះបញ្ចាំង ក្រោយធ្លាក់ខ្លួនឈឺ ក្នុងអំឡុងពេលជំងឺរាតត្បាត

11-07-2023

បន្ទាប់ពីទទួលយកដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយបានបន្តិច តាមរយៈព្រះបន្ទូល ខ្ញុំរៀនបានថា ពេលព្រះកំពុងបញ្ចប់កិច្ចការទ្រង់នៅគ្រាចុងក្រោយ គ្រោះមហន្តរាយធំៗនឹងកើតមានចំពោះយើង ដើម្បីផ្ដល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ អ្នកដែលធ្វើអាក្រក់ ហើយប្រឆាំងព្រះ នឹងត្រូវវិនាសក្នុងមហន្តរាយ រីឯអ្នកដែលទទួលយកការជំនុំជម្រះនៃបន្ទូលព្រះ និងអ្នកដែលត្រូវបានបន្សុទ្ធ អ្នកនោះនឹងត្រូវព្រះការពារថែរក្សា ឱ្យឆ្លងផុតគ្រោះមហន្តរាយ រួចនាំចូលទៅក្នុងនគរព្រះ ដើម្បីសោយសុខនឹងព្រះពរអស់កល្បជានិច្ច។ ពេលនោះ ខ្ញុំគិតថា ការចូលក្នុងនគរព្រះ និងការទទួលបានជីវិតអស់កល្ប នឹងក្លាយជាព្រះពរដ៏ធំមួយ ហើយខ្ញុំត្រូវតែឱ្យតម្លៃលើឱកាសដែលមានតែម្ដងក្នុងមួយឆាកជីវិតនេះ ដើម្បីបំពេញភារកិច្ចខ្ញុំឱ្យបានល្អ និងខំធ្វើការថ្វាយព្រះ ដូច្នេះ នៅពេលកិច្ចការព្រះត្រូវបញ្ចប់ ខ្ញុំនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តរស់នៅ។ ហេតុនេះ ខ្ញុំបានលាឈប់ពីការងារ ហើយចាប់ផ្ដើមផ្សាយដំណឹងល្អ។ ដោយឃើញថា គ្រោះមហន្តរាយចេះតែធំឡើងៗ នៅគ្រាដ៏សំខាន់បែបនេះ ខ្ញុំចង់ត្រៀមខ្លួនធ្វើអំពើល្អឱ្យបានច្រើន និងផ្សាយដំណឹងល្អរបស់ព្រះនៅគ្រាចុងក្រោយជាមួយមនុស្សកាន់តែច្រើន ដើម្បីរួមចំណែកផ្សាយពីដំណឹងល្អនៃនគរព្រះ។ ដូច្នេះ ខ្ញុំបានខំប្រឹងផ្សាយដំណឹងល្អ រវល់តាំងពីព្រឹកទល់អធ្រាត្ររាល់ថ្ងៃ។ មនុស្សកាន់តែច្រើនទទួលយកកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយនៅខណ្ឌខ្ញុំ ដោយបង្កើតបានពួកជំនុំម្ដងមួយៗ។ ដោយឃើញលទ្ធផលបែបនេះ ធ្វើឱ្យខ្ញុំពេញចិត្តនឹងខ្លួនឯងជាខ្លាំង។ ខ្ញុំយល់ថា ការរួមចំណែករបស់ខ្ញុំចំពោះកិច្ចការដំណឹងល្អ គឺជារឿងចាំបាច់មិនអាចខ្វះបានទេ។ ពេលជំងឺរាតត្បាតផ្ទុះឡើងទូទាំងពិភពលោក ហើយមានមនុស្សកាន់តែច្រើនឆ្លងវីរុស នោះចិត្តខ្ញុំស្ងប់ទាំងស្រុង។ ខ្ញុំគិតថា ព្រោះតែខ្ញុំខំធ្វើការថ្វាយព្រះក្នុងភារកិច្ចខ្ញុំ មិនថាជំងឺនេះរាតត្បាតខ្លាំងបែបណា ក៏វានឹងមិនប៉ះពាល់ខ្ញុំដែរ។ ក៏ប៉ុន្តែ ការឆ្លងជំងឺរាតត្បាតដោយនឹកស្មានមិនដល់ បានបំផ្លាញសញ្ញាណ និងការស្រមើស្រមៃខ្ញុំនេះ។ ខ្ញុំត្រូវឆ្លុះបញ្ចាំងពីបំណង និងជំនឿមិនបរិសុទ្ធរបស់ខ្ញុំនាប៉ុន្មានឆ្នាំនេះ។

ថ្ងៃមួយ ក្នុងខែឧសភា ឆ្នាំ ២០២១ ខ្ញុំស្រាប់តែចាប់ផ្ដើមក្អក ក្រោយមកវិវឌ្ឍទៅជាគ្រុនក្ដៅ និងខ្សោះល្វើយពេញខ្លួន។ ដំបូង ខ្ញុំគិតថា ខ្ញុំកើតជំងឺផ្ដាសាយ ដូច្នេះ ខ្ញុំមិនសូវខ្វល់ច្រើនទេ តែខ្ញុំនៅមានអាការនេះមួយសប្ដាហ៍ មិនបាត់សោះ។ បងស្រីម្នាក់សម្គាល់ឃើញថា អាការខ្ញុំដូចវីរុសកូរ៉ូណា ហើយគាត់បារម្ភថា ខ្ញុំកើតជំងឺនេះ ដូច្នេះ គាត់ប្រាប់ឱ្យខ្ញុំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ។ ខ្ញុំមិនសូវខ្វល់នឹងសម្ដីគាត់ទេ។ ខ្ញុំគិតថា ខ្ញុំធ្វើការយូរថ្ងៃ រងទុក្ខ និងលះបង់បំពេញភារកិច្ច ហើយខ្ញុំថែមទាំងទទួលបានលទ្ធផលល្អទៀតផង។ ខ្ញុំក៏មិនបានធ្វើអាក្រក់ និងបង្អាក់ដល់កិច្ចការពួកជំនុំផង តើខ្ញុំអាចឆ្លងវីរុសនេះម្ដេចកើតទៅ? តែលទ្ធផលពិនិត្យ គឺខុសស្រឡះពីការរំពឹងទុករបស់ខ្ញុំ។ ខ្ញុំតេស្តឃើញវិជ្ជមាន។ ខ្ញុំបានដើរទៅផ្ទះទាំងស្រឡាំងកាំង មិនយល់សោះថា តើខ្ញុំអាចឆ្លងវីរុសនេះម្ដេចកើតទៅ? ខ្ញុំបានបំពេញភារកិច្ចជាច្រើនឆ្នាំ ចុះហេតុអ្វីក៏ព្រះមិនការពារខ្ញុំ? តើបងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំ បើពួកគេដឹងរឿងនេះ? តើគេនឹងគិតថា ខ្ញុំបានធ្វើអ្វីមួយដែលប្រមាថព្រះ រួចព្រះដាក់ទោសខ្ញុំទៅ? តែខ្ញុំគិតថា ខ្ញុំមិនបានធ្វើអាក្រក់ និងបង្អាក់កិច្ចការពួកជំនុំទេ។ មនុស្សរាប់លាននាក់ជុំវិញពិភពលោកបានស្លាប់ តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើងកាលឆ្នាំមុន។ ឥឡូវ ខ្ញុំក៏ឆ្លងជំងឺនេះដែរ តើខ្ញុំនឹងស្លាប់ដែរទេ? ចំពោះកិច្ចការព្រះដែលជិតបិទបញ្ចប់ បើខ្ញុំស្លាប់ពេលនេះ តើការខិតខំរបស់ខ្ញុំនាប៉ុន្មានឆ្នាំនេះ មិនទៅជាអសារបង់ទៅហើយទេឬ? ពេលនោះ ខ្ញុំគ្មានចំណែកទទួលព្រះពរណាមួយនៅក្នុងនគរព្រះនៅថ្ងៃអនាគតឡើយ។ ពេលគិតរឿងនេះកាន់តែច្រើន ខ្ញុំកាន់តែពិបាកចិត្ត ហើយមិនដឹងថាត្រូវឆ្លងស្ថានភាពនេះបែបណាទេ។ ខ្ញុំក៏អធិស្ឋានអំពាវនាវរកព្រះថា៖ «ឱព្រះជាម្ចាស់អើយ ទ្រង់បានអនុញ្ញាតឱ្យខ្ញុំម្ចាស់ឆ្លងវីរុសនេះ ដូច្នេះ នេះច្បាស់ជាព្រះទ័យល្អរបស់ទ្រង់ហើយ។ ទ្រង់មិនអាចធ្វើខុសទេ ដូច្នេះ ខ្ញុំម្ចាស់ច្បាស់ជាបានបះបោរ និងប្រឆាំងនឹងទ្រង់តាមបែបណាមួយហើយ។ តែខ្ញុំម្ចាស់មិនដឹងថា ខ្ញុំម្ចាស់បានប្រមាថនិស្ស័យទ្រង់បែបណាទេ។ សូមជួយបំភ្លឺខ្ញុំម្ចាស់ឱ្យដឹងពីរបៀបដែលខ្ញុំម្ចាស់បានធ្វើខុសផង។ ខ្ញុំម្ចាស់ត្រៀមខ្លួនប្រែចិត្តហើយ»។ ក្រោយមក ខ្ញុំបានគិតដល់អត្ថបទព្រះបន្ទូលមួយ។ «តើការមានជំងឺគួរតែត្រូវបានដកពិសោធន៍យ៉ាងដូចម្ដេច? អ្នកគួរតែចូលទៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងព្យាយាមស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពិនិត្យមើលថាមានអ្វីខ្លះទៅដែលអ្នកបានធ្វើខុស និង និស្ស័យអ្វីខ្លះដែលមាននៅខាងក្នុងអ្នក ដែល មិនទាន់បានដោះស្រាយនៅឡើយ។ អ្នកមិនអាចដោះស្រាយនិស្ស័យពុករលួយរបស់អ្នក ដោយគ្មានការឈឺចាប់នោះឡើយ។ មនុស្សត្រូវតែរងនូវការឈឺចាប់។ មានតែបែបនេះទេ ទើបពួកគេនឹងឈប់ខិលខូច ហើយរស់នៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា។ ពេលដែលប្រឈមជាមួយទុក្ខវេទនា មនុស្សនឹងតែងតែអធិស្ឋាន។ វានឹងគ្មានការគិតអំពីអាហារ សម្លៀកបំពាក់ ឬភាពរីករាយឡើយ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេនឹងតែងអធិស្ឋានជានិច្ច ហើយពិនិត្យមើលថាតើពួកគេបានធ្វើអ្វីមួយខុសក្នុងអំឡុងពេលនេះឬអត់។ ភាគច្រើន ពេលដែលអ្នកត្រូវបានឡោមព័ទ្ធដោយជំងឺធ្ងន់ធ្ងរ ឬជំងឺខុសប្រក្រតីមួយចំនួន ហើយវាធ្វើឱ្យអ្នកឈឺចាប់យ៉ាងខ្លាំង ជំងឺទាំងនេះមិនកើតឡើងដោយចៃដន្យឡើយ។ មិនថាអ្នកមានជំងឺ ឬមានសុខភាពល្អឡើយ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តែងតែស្ថិតនៅពីក្រោយវាជានិច្ច» («ក្នុងការជឿលើព្រះជាម្ចាស់ ការទទួលបានសេចក្តីពិត គឺសំខាន់បំផុត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការបំភ្លឺទាន់ពេលនៃបន្ទូលព្រះ បានបង្ហាញឱ្យខ្ញុំឃើញថា ការដែលខ្ញុំឆ្លងជំងឺនេះ មិនមែនជារឿងចៃដន្យទេ តែជាការគ្រប់គ្រង និងការរៀបចំរបស់ព្រះទាំងស្រុង។ ខ្ញុំត្រូវតែស្វែងរកព្រះទ័យព្រះ និងឆ្លុះបញ្ចាំងពីខ្លួនឯង។ មិនថាមានរឿងអ្វីទេ ខ្ញុំមិនអាចរអ៊ូរទាំ និងស្ដីបន្ទោសព្រះឡើយ។ ប៉ុន្មានថ្ងៃក្រោយមក នៅពេលខ្ញុំធ្វើចត្តាឡីស័កនៅផ្ទះ ខ្ញុំប្រាប់ដល់បងប្អូនប្រុសស្រីពីសេចក្តីពុករលួយណាដែលខ្ញុំបានបើកសម្ដែង រៀនសូត្រពីខ្លួនឯង រកឃើញផ្លូវអនុវត្តន៍ និងច្រកចូលនៅក្នុងបន្ទូលព្រះ។ មិនថាខ្ញុំមានសុខភាពរាងកាយបែបណាទេ ខ្ញុំក៏បានបន្តផ្សាយដំណឹងល្អតាមអនឡាញដដែល។ ពីរបីថ្ងៃក្រោយមក សុខភាពខ្ញុំបានធូរច្រើន ខ្ញុំលែងសូវក្អកខ្លាំងដូចមុនទៀតហើយ កម្ដៅខ្ញុំត្រឡប់មកធម្មតាវិញ ហើយខ្ញុំមានថាមពល និងកម្លាំងល្អវិញ។ ខ្ញុំសប្បាយចិត្តណាស់ រួចគិតថា ព្រះទតឃើញការស្ដាប់បង្គាប់ និងការប្រែចិត្តរបស់ខ្ញុំហើយ ដូច្នេះ ទ្រង់នឹងមើលថែខ្ញុំមិនខាន។ ពេលគិតបែបនេះ ខ្ញុំបានធូរស្រាលអារម្មណ៍បន្តិចដែរ។ តែនៅថ្ងៃបន្ទាប់ ខ្ញុំស្រាប់តែមានអារម្មណ៍ថប់ៗដង្ហើម ណែនក្នុងទ្រូង ហើយក្អកជាប់ជានិច្ច។ ពេលនោះ ខ្ញុំគ្រុនក្ដៅខ្លាំង និងខ្សោះល្វើយពេញខ្លួន។ ខ្ញុំមានអារម្មណ៍ភ័យស្លន់ស្លោ។ តាំងពីធ្វើរោគវិនិច្ឆ័យមក ខ្ញុំមិនបានស្ដីបន្ទោសព្រះទេ ហើយបន្តបំពេញភារកិច្ចដដែល។ តើខ្ញុំអាចឈឺកាន់តែធ្ងន់ម្ដេចកើតទៅ? ជំងឺនេះគ្មានថ្នាំព្យាបាលទេ ដូច្នេះ បើព្រះមិនសង្រ្គោះខ្ញុំ ខ្ញុំច្បាស់ជាស្លាប់មិនខាន។ ពេលគិតដល់ការស្លាប់ ធ្វើឱ្យខ្ញុំខ្លាចណាស់។ ខ្ញុំទទួលយកមិនបានទេ។ ខ្ញុំបានដើរតាមព្រះជាង១០ឆ្នាំហើយ ខ្ញុំបានបោះបង់ផ្ទះសម្បែង និងការងារ ហើយធ្វើការជាច្រើនថ្ងៃក្នុងភារកិច្ចខ្ញុំ។ ខ្ញុំរងទុក្ខ និងលះបង់ច្រើនណាស់។ តើព្រះមិនចងចាំសោះទេឬអី? បើខ្ញុំស្លាប់ ខ្ញុំនឹងមិនបានឃើញសោភ័ណភាពនៃនគរព្រះ ឬសោយសុខនឹងព្រះពរទ្រង់ឡើយ។ កាន់តែគិតពីរឿងនេះ ខ្ញុំកាន់តែធ្លាក់ទឹកចិត្ត។ ខ្ញុំនៅបំពេញភារកិច្ចខ្ញុំដដែល តែគ្មានការជំរុញចិត្តទេ ហើយខ្ញុំមួម៉ៅខ្លាំង កាលណាខ្ញុំមានការងារច្រើនដែលត្រូវធ្វើ។ ខ្ញុំប្រញាប់ធ្វើការឱ្យឆាប់ចប់ ដើម្បីឆាប់បានសម្រាក។ ពីមុន ខ្ញុំធ្លាប់បំពេញភារកិច្ចពីព្រឹកទល់យប់ ហើយខ្ញុំគិតថា ព្រះនឹងការពារខ្ញុំ តែឥឡូវ ព្រះមិនបានធ្វើបែបនេះទេ ខ្ញុំត្រូវតែគិតពីសុខុមាលភាព និងមើលថែសុខភាពខ្លួនឯង។ ការថប់បារម្ភ និងនឿយហត់ខ្លាំងពេក នឹងមិនជួយឱ្យខ្ញុំឆាប់ជាឡើយ។ ក្នុងការជួបជុំ បងប្អូនប្រុសស្រីផ្សេងទៀតមានថាមពលក្លៀវក្លាអាចប្រកបគ្នាឥតឈប់ឡើយ។ តែសម្រាប់ខ្ញុំវិញ គ្រប់ពេលដែលខ្ញុំនិយាយ ខ្ញុំក្អកភ្លាម ហើយខ្ញុំដកដង្ហើមសឹងមិនដល់គ្នា ពេលខ្ញុំអានបន្ទូលព្រះ។ ខ្ញុំពិបាកចិត្តជាខ្លាំង ហើយព្យាយាមវែកញែកជាមួយព្រះថា៖ «ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់តែងបំពេញភារកិច្ចដោយចិត្តឧស្សាហ៍ព្យាយាម ម៉ឺងម៉ាត់ និងទទួលខុសត្រូវជានិច្ច។ មនុស្សមួយចំនួនបំពេញភារកិច្ចខ្លួនមិនស្មើនឹងខ្ញុំម្ចាស់ទេ។ តែអ្នកឯទៀតមានសុខភាពល្អ និងកំពុងបំពេញភារកិច្ចខ្លួន ចុះហេតុអ្វីក៏ខ្ញុំម្ចាស់ឆ្លងវីរុសនេះអ៊ីចឹង? បើនេះជាការល្បងលពីទ្រង់ ចុះហេតុអ្វីក៏អ្នកផ្សេងទៀតនៅក្នុងពួកជំនុំដែលដេញតាមសេចក្តីពិតជាងខ្ញុំម្ចាស់ មិនកើតជំងឺនេះ? បើនេះជាការដាក់ទោសរបស់ទ្រង់ ខ្ញុំម្ចាស់មិនបានធ្វើអាក្រក់ ឬបង្អាក់ដល់កិច្ចការពួកជំនុំ ឬប្រមាថដល់និស្ស័យទ្រង់ឡើយ។ ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់នៅចង់បំពេញភារកិច្ចនេះ ហើយខ្ញុំម្ចាស់ពេញចិត្តនឹងភារកិច្ចដែលខ្ញុំម្ចាស់មាន។ ខ្ញុំម្ចាស់មិនទាន់ស្កប់ចិត្តទេ។ ខ្ញុំម្ចាស់ចង់បន្តរស់នៅ និងបំពេញភារកិច្ចនេះដដែល។ ឱព្រះជាម្ចាស់អើយ ឥឡូវ ខ្ញុំម្ចាស់កំពុងបំពេញភារកិច្ចដ៏សំខាន់មួយ ហើយខ្ញុំម្ចាស់នៅអាចបម្រើទ្រង់បានដដែល។ សូមជួយការពារខ្ញុំម្ចាស់ ដើម្បីឱ្យខ្ញុំអាចបន្តរស់នៅ និងបម្រើទ្រង់ផង»។ ពេលខ្ញុំគិតដល់រឿងនេះ អត្ថបទព្រះបន្ទូលមួយស្រាប់តែផុសឡើងយ៉ាងច្បាស់ក្រឡែតក្នុងគំនិតខ្ញុំ៖ «ក្នុងនាមជាសភាវៈដែលព្រះបានបង្កើតមក តើអ្នកមានមូលដ្ឋានអ្វីទៅធ្វើការទាមទារពីព្រះជាម្ចាស់នោះ? មនុស្សមិនស័ក្តិសមនឹងទាមទារពីព្រះជាម្ចាស់ឡើយ។ គ្មានអ្វីដែលគ្មានហេតុផលជាងការទាមទារពីព្រះជាម្ចាស់នោះទេ។ ទ្រង់នឹងធ្វើអ្វីដែលទ្រង់គួរធ្វើ ហើយនិស្ស័យរបស់ទ្រង់ គឺសុចរិត។ សេចក្ដីសុចរិត គឺពុំមានន័យថាមានយុត្តិធម៌ ឬសមហេតុផលនោះទេ។ វាមិនមែនជាសមភាពនិយមទេ ក៏មិនមែនជាបញ្ហានៃការផ្ដល់អ្វីដែលអ្នកគួរទទួលបានស្របទៅតាមបរិមាណការងារដែលអ្នកបានធ្វើ ឬទូទាត់ប្រាក់ឱ្យអ្នកទៅតាមការងារណាមួយដែលអ្នកបានធ្វើ ឬប្រព្រឹត្តដាក់អ្នកឱ្យស្របទៅតាមការខំប្រឹងប្រែងដែលអ្នកបានលះបង់នោះដែរ។ នេះគឺមិនមែនជាសេចក្ដីសុចរិតទេ វាគ្រាន់តែជាអំពើយុត្តិធម៌ និងមានហេតុផលប៉ុណ្ណោះ។ មានមនុស្សតិចតួចណាស់ដែលបានស្គាល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ឧបមាថា ព្រះជាម្ចាស់បានផាត់យ៉ូបចោល បន្ទាប់ពីយ៉ូបបានធ្វើបន្ទាល់ថ្វាយទ្រង់៖ តើនេះនឹងរាប់ជាសុចរិតដែរទេ? តាមពិត អាចរាប់ជាសុចរិតបាន។ តើហេតុអ្វីបានជារាប់សេចក្ដីនេះថាជាសេចក្ដីសុចរិត? តើមនុស្សគិតយ៉ាងដូចម្ដេចចំពោះសេចក្ដីពិត? ប្រសិនបើអ្វីមួយស្របទៅតាមសញ្ញាណរបស់គេ នោះវាងាយស្រួលឱ្យពួកគេនិយាយថា ព្រះជាម្ចាស់សុចរិតណាស់។ ក៏ប៉ុន្តែ ប្រសិនបើពួកគេឃើញថា អ្វីៗមិនស្របគ្នាទៅនឹងសញ្ញាណរបស់ពួកគេទេ ប្រសិនបើវាគឺជាអ្វីដែលពួកគេមិនអាចយល់បាន នោះវានឹងពិបាកឱ្យពួកគេនិយាយថា ព្រះជាម្ចាស់សុចរិតណាស់។ ប្រសិនបើព្រះជាម្ចាស់បានបំផ្លាញយ៉ូបក្នុងពេលនោះ មនុស្សនឹងមិននិយាយថា ទ្រង់សុចរិតនោះទេ។ តាមពិត មិនថាមនុស្សត្រូវបានធ្វើឱ្យពុករលួយឬអត់នោះទេ ហើយមិនថាពួកគេត្រូវបានធ្វើឱ្យពុករលួយខ្លាំងឬអត់នោះទេ នៅពេលព្រះជាម្ចាស់បំផ្លាញពួកគេ តើព្រះអង្គត្រូវមានហេតុផលសម្រាប់អង្គទ្រង់ដែរឬទេ? តើព្រះអង្គត្រូវពន្យល់មនុស្សថាព្រះអង្គធ្វើបែបនោះ ដោយផ្អែកលើមូលដ្ឋានអ្វីដែរទេ? តើព្រះជាម្ចាស់ត្រូវតែប្រាប់មនុស្សពីក្រឹត្យវិន័យដែលទ្រង់បានកំណត់ដែរឬទេ? គឺពុំចាំបាច់នោះទេ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សដែលពុករលួយ និងមនុស្សដែលអាចទាស់នឹងព្រះជាម្ចាស់បាន គឺគ្មានតម្លៃអ្វីសោះឡើយ។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នឹងចាត់ចែងពួកគេឱ្យបានសមស្រប ហើយអ្វីគ្រប់យ៉ាងគឺជាការរៀបចំរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងមិនគាប់ព្រះនេត្ររបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើទ្រង់មានបន្ទូលថា ទ្រង់គ្មានអ្វីអាចប្រើអ្នកបានទេបន្ទាប់ពីអ្នកបានធ្វើបន្ទាល់រួច ហើយក៏សម្រេចបំផ្លាញអ្នក តើចំណុចនេះរាប់ជាសេចក្ដីសុចរិតរបស់ទ្រង់ដែរឬទេ? នេះក៏ជាសេចក្ដីសុចរិតរបស់ទ្រង់ដែរ។ ... អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បំពេញ គឺសុចរិត។ បើទោះបីជាមនុស្សមិនអាចយល់បានក្ដី ក៏ពួកគេមិនគួរធ្វើការវិនិច្ឆ័យតាមចិត្តនោះទេ។ ប្រសិនបើអ្វីដែលទ្រង់ធ្វើ មិនសមហេតុផលចំពោះមនុស្ស ឬប្រសិនបើពួកគេមានសញ្ញាណអ្វីផ្សេងពីនោះ ហើយនាំឱ្យពួកគេនិយាយថា ទ្រង់មិនសុចរិត នោះពួកគេគ្មានហេតុផលជាងគេហើយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលសញ្ជឹងគិតដល់ព្រះបន្ទូលនេះ ខ្ញុំយល់ថា ព្រះកំពុងស្ដីបន្ទោសខ្ញុំមុខទល់នឹងមុខ ហើយគ្រប់ព្រះបន្ទូលបានចាក់ចំបេះដូងខ្ញុំតែម្ដង។ តើខ្ញុំមិនកំពុងស្ដីបន្ទោសព្រះថាអយុត្តិធម៌ និងទុច្ចរិតទេឬអី? តើខ្ញុំមិនកំពុងចរចា ដោះសា និងដាក់លក្ខខណ្ឌនៅចំពោះព្រះទេឬ? ប៉ុន្មានឆ្នាំនេះ ខ្ញុំសម្រេចបានសមិទ្ធផលខ្លះចេញពីការរងទុក្ខ និងការលះបង់បំពេញភារកិច្ច ដូច្នេះ ខ្ញុំយល់ថា ព្រះគួរតែការពារខ្ញុំកុំឱ្យធ្លាក់ក្នុងមហន្តរាយ ហើយនេះជាសេចក្ដីសុចរិតរបស់ទ្រង់។ តែការពិត នោះជាសញ្ញាណ និងការស្រមើស្រមៃខ្ញុំទាំងស្រុង ហើយមិនស្របតាមសេចក្តីពិតសោះឡើយ។ ព្រះជាម្ចាស់ គឺជាម្ចាស់នៃរបស់សព្វសារពើ ហើយខ្ញុំជាភាវៈដែលព្រះបានបង្កើតមក។ គ្រប់យ៉ាងដែលខ្ញុំទទួលបាន គឺមកពីព្រះ ហើយជីវិតខ្ញុំក៏ព្រះប្រទានមកដែរ។ របៀបដែលព្រះរៀបចំវាសនាខ្ញុំ និងអាយុកាលដែលទ្រង់ឱ្យខ្ញុំរស់នៅ គឺអាស្រ័យលើទ្រង់។ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក ខ្ញុំគួរតែចុះចូល និងទទួលយកការនេះ។ តើខ្ញុំមានសិទ្ធិអ្វីសួរវែកញែកជាមួយព្រះ និងដាក់លក្ខខណ្ឌនោះ? តែប៉ុន្មានឆ្នាំនេះ ខ្ញុំបានជឿព្រះ ហើយទទួលបានការស្រោចស្រព និងការទ្រទ្រង់យ៉ាងច្រើនពីព្រះអំពីសេចក្តីពិត ហើយនៅតែគ្មានចិត្តកតញ្ញូដដែល។ ឥឡូវ ខ្ញុំឆ្លងវីរុស ហើយប្រឈមនឹងការគំរាមកំហែងដល់ស្លាប់ ខ្ញុំបានវែកញែកជាមួយព្រះ ទាស់ទទឹង និងស្ដីបន្ទោសទ្រង់ព្រោះសេចក្តីទុច្ចរិត។ តើសតិសម្បជញ្ញៈ និងវិចារណញ្ញាណខ្ញុំនៅឯណា? ពេលគិតដល់រឿងនេះ ខ្ញុំយល់ថាខ្លួនកាន់តែខុស និងអាម៉ាស់ ហើយខ្ញុំលុតជង្គង់អធិស្ឋាននៅចំពោះព្រះ។ «ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់គ្មានហេតុផលឡើយ! ទ្រង់បានបង្កើតខ្ញុំម្ចាស់មក ហើយខ្ញុំជាភាវៈដែលទ្រង់បង្កើតមក។ ខ្ញុំម្ចាស់គួរតែចុះចូលតាមការចាត់ចែង និងការរៀបចំគ្រប់យ៉ាងរបស់ទ្រង់។ នេះជារឿងត្រឹមត្រូវ និងធម្មតា។ ទ្រង់បានអនុញ្ញាតឱ្យខ្ញុំម្ចាស់ឆ្លងជំងឺ ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតនេះ។ ខ្ញុំម្ចាស់មិនចង់ស្លាប់ ខ្ញុំម្ចាស់មិនចង់ចុះចូល ដូច្នេះ ខ្ញុំម្ចាស់បានប្រកែកជាមួយទ្រង់ ស្ដីបន្ទោសទ្រង់ថាប្រព្រឹត្តមិនត្រឹមត្រូវ និងទូលសុំទ្រង់ឱ្យខ្ញុំម្ចាស់បន្តមានជីវិតទៀត។ ខ្ញុំម្ចាស់ពិតជាគ្មានការចុះចូល ឬវិចារណញ្ញាណសោះឡើយ។ ខ្ញុំម្ចាស់ពិតជាបះបោរមែន! ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ចង់ឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តចំពោះទ្រង់»។

ពីរបីថ្ងៃក្រោយមក ខ្ញុំមានអារម្មណ៍មិនល្អសោះឡើយ ពេលគិតដល់ការត្អូញត្អែរ និងការយល់ច្រឡំរបស់ខ្ញុំចំពោះព្រះ។ ជាពិសេស ពេលគិតដល់គ្រាដែលស្ថានភាពជំងឺខ្ញុំកាន់តែធ្ងន់ធ្ងរ ខ្ញុំបានទាស់ទទឹងនឹងព្រះ ប្រកែកជាមួយទ្រង់ មានភាពអវិជ្ជមាន និងខ្ជីខ្ជា បំពេញភារកិច្ចឱ្យតែរួចពីដៃ និងពន្យារពេលការងារ ខ្ញុំយល់ថា ខ្លួនកាន់តែខុស និងមានអារម្មណ៍កាន់តែមិនស្រួល។ ពេលខ្ញុំមិនទាន់ឈឺ និងគ្មានវិបត្តិ ខ្ញុំបានប្រកាសពីសេចក្តីសុចរិតរបស់ព្រះ និងថាភាវៈដែលព្រះបង្កើតមក ត្រូវតែចុះចូលតាមការរៀបចំរបស់ព្រះអម្ចាស់នៃរបស់សព្វសារពើ។ ហេតុអ្វីក៏ខ្ញុំបង្ហាញការបះបោរ និងការទាស់ទទឹងជាច្រើន ពេលធ្លាក់ខ្លួនឈឺបែបនេះ? ក្នុងពេលថ្វាយបង្គំ ខ្ញុំបានអានព្រះបន្ទូលនេះ។ «សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរនិងអ្នកប្រទានព្រះពរ។ និយាយឱ្យចំទៅ គឺស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួលនិងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឱ្យ។ សម្ពន្ធភាពមួយនេះ មិនមាននូវទឹកចិត្តស្រឡាញ់ទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែភាពសប្បុរស និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែលត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឱ្យតែមនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ពួកគេបាន អាចលះបង់តម្លៃ និងអាចរងការលំបាកខ្លះបាន នោះពួកគេគួរតែទទួលបានព្រះពរពីព្រះជាម្ចាស់ហើយ។ ម្ល៉ោះហើយ បន្ទាប់ពីបានបំពេញកិច្ចការពួកជំនុំបានមួយរយៈ ពួកគេចាប់ផ្ដើមគិតថ្លឹងថ្លែងពីការងារដែលពួកគេបានធ្វើដើម្បីពួកជំនុំ ពីការរួមចំណែកដែលពួកគេមានចំពោះដំណាក់របស់ព្រះជាម្ចាស់ និងពីកិច្ចការដែលពួកគេបានធ្វើដើម្បីបងប្អូនប្រុសស្រី។ ពួកគេចងចាំអ្វីទាំងអស់នេះជាប់ក្នុងចិត្ត ដោយរង់ចាំមើលថាតើពួកគេនឹងទទួលបានព្រះគុណ និងព្រះពរអ្វីខ្លះពីព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចកំណត់បានច្បាស់ជាងមុនថាតើអ្វីដែលពួកគេកំពុងធ្វើនោះ សមនឹងតម្លៃឬអត់។ ហេតុអ្វីបានជាពួកគេគ្រប់គ្រងខ្លួនឯងតាមរបៀបនេះទៅវិញ? នៅក្នុងជម្រៅចិត្តរបស់ពួកគេ តើពួកគេកំពុងដេញតាមអ្វី? តើពួកគេមានសេចក្ដីជំនឿលើព្រះជាម្ចាស់ក្នុងគោលបំណងបែបណា? តាំងពីដំបូងមក ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺរមែងតែងចង់ទទួលបានព្រះពរជានិច្ច។ ដូច្នេះហើយ មិនថាពួកគេបានស្ដាប់សេចក្ដីអធិប្បាយច្រើនឆ្នាំប៉ុនណាហើយនោះទេ មិនថាពួកបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ មិនថាពួកគេបានយល់ពីគោលលទ្ធិច្រើនប៉ុនណានោះទេ ក៏ពួកគេនឹងមិនដែលលះបង់ចំណង់ និងការជំរុញចិត្តចង់បានព្រះពរដែរ។ ប្រសិនបើអ្នកសុំឱ្យពួកគេគោរពភារកិច្ចខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក និងទទួលយកក្រឹត្យវិន័យ និងការរៀបចំរបស់ព្រះជាម្ចាស់ នោះពួកគេមុខជានិយាយថា៖ 'រឿងនោះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ វាមិនមែនជារឿងដែលខ្ញុំត្រូវខំប្រឹងសម្រេចឱ្យបាននោះទេ៖ នៅពេលដែលខ្ញុំបានប្រយុទ្ធក្នុងសង្គ្រាម នៅពេលដែលខ្ញុំបានបញ្ចេញកម្លាំងដែលតម្រូវឱ្យខ្ញុំបញ្ចេញ និងរងទុក្ខលំបាកដែលត្រូវរងទុក្ខលំបាក នៅពេលដែលខ្ញុំបានធ្វើរឿងនេះស្របតាមអ្វីដែលព្រះជាម្ចាស់តម្រូវ ព្រះជាម្ចាស់គួរតែប្រទានរង្វាន់ដល់ខ្ញុំ និងអនុញ្ញាតឱ្យខ្ញុំបន្តរស់នៅទៀត និងបំពាក់មកុដឱ្យខ្ញុំនៅក្នុងនគរព្រះ និងឱ្យខ្ញុំកាន់តំណែងខ្ពស់ជាងរាស្រ្តរបស់ព្រះជាម្ចាស់។ យ៉ាងហោចណាស់ ក៏ខ្ញុំគួរកាន់កាប់ទីក្រុងពីរ ឬបីដែរ'។ ពួកទទឹងនឹងព្រះគ្រីស្ទ ខ្វល់ខ្វាយពីរឿងនេះខ្លាំងជាងគេបំផុត។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាពីសេចក្ដីច្រើនប៉ុនណានោះទេ ការជំរុញលើកទឹកចិត្ត និងចំណង់របស់ពួកគេ មិនអាចកម្ចាត់បង់បានឡើយ។ ពួកគេជាមនុស្សប្រភេទតែមួយនឹងប៉ុលដែរ។ តើការដោះដូរឥតលាក់លៀមបែបនេះ មិនមានបង្កប់នូវប្រភេទនិស្ស័យអាក្រក់ និងសាហាវទេឬអី? មនុស្សដែលជឿសាសនាមួយចំនួននិយាយថា៖ 'មនុស្សជំនាន់យើងដើរតាមព្រះជាម្ចាស់នៅលើផ្លូវនៃឈើឆ្កាង។ នេះក៏ដោយសារព្រះជាម្ចាស់បានរើសតាំងយើង ដូច្នេះហើយទើបយើងមានសិទ្ធិទទួលបានព្រះពរ។ យើងបានរងទុក្ខ និងបានលះបង់តម្លៃ ហើយយើងបានផឹកស្រាចេញពីពែងល្វីងផង។ ពួកយើងខ្លះថែមទាំងត្រូវចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារទៀតផង។ បន្ទាប់ពីរងទុក្ខលំបាកទាំងអស់នេះហើយ ដោយបានស្ដាប់ការអធិប្បាយជាច្រើន និងបានរៀនសូត្រជាច្រើនពីព្រះគម្ពីរ ប្រសិនបើថ្ងៃណាមួយ យើងមិនទទួលបានព្រះពរទេ យើងនឹងទៅស្ថានសួគ៌ជាន់ទីបី ហើយសួររកហេតុផលជាមួយព្រះជាម្ចាស់មិនខាន'។ តើអ្នកធ្លាប់ឮសម្ដីបែបនេះទេ? ពួកគេនិយាយថា ពួកគេនឹងទៅស្ថានសួគ៌ជាន់ទីបី ដើម្បីសួររកហេតុផលជាមួយព្រះជាម្ចាស់។ អីក៏ក្លាហានខ្លាំងម្ល៉េះ! គ្រាន់តែស្ដាប់ឮសម្ដីនេះ មិនមែនធ្វើឱ្យអ្នកកោតខ្លាចទៅហើយទេ? តើនរណាហ៊ានសាកល្បង និងសួររកហេតុផលជាមួយព្រះជាម្ចាស់? ... តើមនុស្សទាំងនេះ មិនមែនជាមហាទេវតាទេឬអី? តើពួកគេមិនមែនជាសាតាំងទេឬអី? អ្នកអាចសួររកហេតុផលជាមួយអ្នកណាក៏ដោយ តាមចិត្តអ្នកចង់ ប៉ុន្តែមិនអាចសួររកហេតុផលជាមួយព្រះជាម្ចាសបានឡើយ។ អ្នកមិនគួរធ្វើបែបនេះទេ អ្នកមិនគួរគិតគំនិតបែបនេះឡើយ។ ព្រះជាម្ចាស់ទ្រង់ជាអ្នកប្រទានពរឱ្យ ព្រះអង្គអាចប្រទានពរដល់នរណាក៏បានតាមព្រះហឫទ័យទ្រង់។ ទោះបីជាអ្នកបំពេញតាមសេចក្ដីតម្រូវសម្រាប់ការទទួលបានព្រះពរក៏ដោយចុះ ប្រសិនបើព្រះជាម្ចាស់មិនប្រទានពរដល់អ្នកទេ អ្នកក៏មិនគួរព្យាយាមសួររកហេតុផលជាមួយទ្រង់ដែរ។ ចក្កវាឡទាំងមូល និងមនុស្សជាតិទាំងអស់ សុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជាអ្នកសម្រេច។ អ្នកជាមនុស្សតូចទាបខ្លាំងបែបនេះ តែបែរជាហ៊ានសួររកហេតុផលជាមួយព្រះជាម្ចាស់ទៅវិញ។ ហេតុអ្វីបានជាអ្នកព្រហើនឥតកោតក្រែងបែបនេះ? អ្នកគួរឆ្លុះកញ្ចក់មើលថាខ្លួនឯងជានរណា។ ប្រសិនបើអ្នកហ៊ានស្រែកតវ៉ា និងប្រកែកជាមួយព្រះអាទិករ តើអ្នកមិនមែនកំពុងស្វែងរកសេចក្ដីស្លាប់ទេឬអី? 'ប្រសិនបើថ្ងៃណាមួយយើងមិនទទួលបានព្រះពរ យើងនឹងទៅស្ថានសួគ៌ជាន់ទីបី និងសួររកហេតុផលជាមួយព្រះជាម្ចាស់មិនខាន'។ តាមរយៈពាក្យសម្ដីទាំងនេះ អ្នកកំពុងស្រែកតវ៉ាទាស់នឹងព្រះជាម្ចាស់ដោយបើកចំហហើយ។ តើស្ថានសួគ៌ជាន់ទីបី ជាកន្លែងប្រភេទណា? វាជាដំណាក់របស់ព្រះជាម្ចាស់។ ដើម្បីហ៊ានទៅស្ថានសួគ៌ជាន់ទីបីដើម្បីព្យាយាមសួររកហេតុផលជាមួយព្រះជាម្ចាស់ គឺមិនខុសអ្វីពីបង្កព្យុះភ្លៀងនៅព្រះរាជវាំងនោះទេ។ តើមិនមែនបែបនោះទេឬអី? មនុស្សខ្លះនិយាយថា៖ 'តើចំណុចនេះមានអ្វីពាក់ព័ន្ធនឹងពួកទទឹងព្រះគ្រីស្ទទៅ?' វាមានពាក់ព័ន្ធច្រើនបំផុត ដោយសារអ្នកដែលចង់ទៅស្ថានសួគ៌ជាន់ទីបីដើម្បីសួររកហេតុផលជាមួយព្រះជាម្ចាស់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលនឹងនិយាយពាក្យបែបនេះ ពាក្យសម្ដីបែបនេះគឺជាសូរសៀងកប់ជ្រៅនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយនេះគឺជាសេចក្ដីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ» («ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សអាក្រក់ មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ខ្ញុំអាម៉ាស់ណាស់នៅចំពោះការបើកសម្ដែងរបស់ព្រះ ហើយខ្ញុំឃើញថា ការរងទុក្ខ និងការលះបង់បំពេញភារកិច្ចរបស់ខ្ញុំប៉ុន្មានឆ្នាំនេះ មិនបានគិតគូរដល់ព្រះទ័យព្រះ និងបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបង្កើតមក ដើម្បីតបស្នងនឹងក្ដីស្រឡាញ់របស់ព្រះឡើយ។ វាជាការដោះដូរចង់បានព្រះពរព្រះ ដើម្បីចូលក្នុងនគរព្រះ និងទទួលព្រះពរអស់កល្ប។ ខ្ញុំបានចាត់ទុកការបំពេញភារកិច្ច ជាមធ្យោបាយ ដើម្បីរួចផុតពីគ្រោះមហន្តរាយ និងឱ្យព្រះប្រទានពរ ជាការចរចា និងដើមទុនសម្រាប់ដោះដូរជាមួយព្រះប៉ុណ្ណោះ។ នេះជាមូលហេតុដែលខ្ញុំគិតគូរថា ខ្ញុំធ្វើបានច្រើនប៉ុនណា មានមនុស្សប៉ុន្មានដែលខ្ញុំបាននាំឱ្យជឿព្រះ ខ្ញុំបានរងទុក្ខប៉ុនណា ខ្ញុំបានលះបង់ច្រើនបែបណា។ ពេលរាប់កាន់តែច្រើន ខ្ញុំកាន់តែយល់ថា ខ្ញុំបានរួមចំណែកបម្រើព្រះគួរឱ្យសរសើរ និងថា ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានការការពារ និងការឃុំគ្រងពីព្រះឱ្យរួចផុតពីមហន្តរាយ។ ខ្ញុំនឹកស្មានមិនដល់ថា ខ្ញុំឆ្លងវីរុសនេះក្នុងពេលមួយរំពេចឡើយ។ ខ្ញុំបានស្ដីបន្ទោស និងយល់ច្រឡំចំពោះព្រះ មិនបានស្វែងរករបៀបចុះចូលចំពោះព្រះ ពេលមានជំងឺនេះទេ។ ផ្ទុយទៅវិញ ខ្ញុំគិតពីអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីទទួលបានការយល់ព្រមពីព្រះ ដើម្បីឱ្យព្រះការពារខ្ញុំ ហើយខ្ញុំបានជាឆាប់ៗប៉ុណ្ណោះ។ ដូច្នេះ នៅពេលខ្ញុំឃើញថា ស្ថានភាពជំងឺខ្ញុំកាន់តែធ្ងន់ធ្ងរ ខ្ញុំបានបាក់ទឹកចិត្តជាមួយព្រះ។ ខ្ញុំស្ដីបន្ទោសទ្រង់ដែលមិនការពារខ្ញុំ មិនផ្ដល់យុត្តិធម៌ដល់ខ្ញុំ។ ការពិតបង្ហាញថា ខ្ញុំមានជំនឿ និងបំពេញភារកិច្ច ដើម្បីតែព្រះពរប៉ុណ្ណោះ ហើយខ្ញុំមិនបានស្មោះត្រង់ចំពោះព្រះទេ។ ខ្ញុំគ្រាន់តែប្រើទ្រង់ ដើម្បីសម្រេចគោលដៅរបស់ខ្ញុំដែលចង់បានព្រះពរ ធ្វើការដោះដូរ និងបោកប្រាស់ព្រះប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយម និងវៀចវេរមែន! ប៉ុលនៅយុគសម័យនៃព្រះគុណ បានធ្វើដំណើរទូទាំងអឺរ៉ុប ដើម្បីផ្សាយដំណឹងល្អអំពីព្រះអម្ចាស់ រងទុក្ខជាច្រើន និងលះបង់ដ៏ធំ តែគ្រប់យ៉ាងដែលគាត់ធ្វើ គឺគ្រាន់តែចង់ចូលក្នុងនគរស្ថានសួគ៌ និងទទួលរង្វាន់ប៉ុណ្ណោះ។ គាត់ថា៖ «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ នេះមានន័យថា បើព្រះមិនផ្ដល់មកុដដល់គាត់ទេ នោះព្រះមិនសុចរិតឡើយ។ មនុស្សនៅក្នុងសាសនាបានរងឥទ្ធិពលយ៉ាងខ្លាំងពីពាក្យទាំងនេះរបស់ប៉ុល។ អ្នកដែលធ្វើការ និងរងទុក្ខក្នុងព្រះនាមព្រះអម្ចាស់ សុទ្ធតែធ្វើដើម្បីចង់ទៅស្ថានសួគ៌ និងបានព្រះពរ។ ពួកគេប្រកែកជាមួយព្រះ បើពួកគេមិនទទួលបានព្រះពរ។ ខ្ញុំដូចជាពួកគេដែរ មិនអ៊ីចឹង? ពេលនោះ ខ្ញុំខ្លាចណាស់។ ខ្ញុំស្មានមិនដល់ថា ខ្ញុំបើកសម្ដែងនិស្ស័យបែបនេះទេ។ បើស្ថានភាពនោះមិនលាតត្រដាងខ្ញុំទេ ខ្ញុំនឹងនៅតែមើលមិនឃើញថា ខ្ញុំមាននិស្ស័យដូចពួកទទឹងនឹងព្រះគ្រីស្ទដ៏ធ្ងន់ធ្ងរបែបនេះឡើយ។ ខ្ញុំបានគិតដល់ព្រះបន្ទូលខ្លះ៖ «យើងបានដាក់បទដ្ឋានដ៏តឹងរឹងមួយឲ្យមនុស្សកាន់តាមពេញមួយជីវិត។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌនានា នោះយើងមិនចង់បានចិត្តភក្ដីភាពរបស់អ្នកឡើយ ព្រោះថា យើងស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតយើងដោយចេតនារបស់គេ ហើយមកកំហែងយើងដោយលក្ខខណ្ឌរបស់គេនេះ។ យើងចង់បានតែមនុស្សដែលស្មោះត្រង់ពិតប្រាកដចំពោះយើង ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ យើងស្អប់ណាស់ពាក្យអែបអបដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឲ្យយើងអរសប្បាយ ដ្បិតកន្លងមក យើងតែងតែប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយព្រះទ័យស្មោះសរ ហើយយើងសង្ឃឹមថាអ្នករាល់គ្នាក៏ប្រព្រឹត្តចំពោះយើង ដោយសេចក្តីជំនឿ ដ៏ពិតវិញផងដែរ» («តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំអាចយល់បានថា និស្ស័យទ្រង់គឺសុចរិត បរិសុទ្ធ និងមិនអត់ឱនចំពោះការប្រមាថទេ។ ព្រះធ្វើការ ដើម្បីសង្រ្គោះមនុស្សជាតិ ហើយអ្វីដែលទ្រង់សព្វព្រះទ័យ គឺជាការស្មោះត្រង់ និងភក្ដីភាពរបស់មនុស្ស។ បើការខិតខំរបស់មនុស្សបង្កប់នូវចេតនា គំនិតមិនស្មោះ ការចរចា ឬការបោកប្រាស់ នោះព្រះនឹងមិនគ្រាន់តែមិនសព្វព្រះទ័យចំពោះពួកគេប៉ុណ្ណោះទេ តែពួកគេក៏ធ្វើឱ្យព្រះស្អប់ និងខ្ពើមរអើម ហើយទ្រង់ថែមទាំងថ្កោលទោសពួកគេទៀតផង។ ដូចជាប៉ុល ដែលនៅទីបំផុត ព្រះមិនគ្រាន់តែមិនប្រទានពរប៉ុណ្ណោះទេ តែព្រះក៏ដាក់ទោសគាត់ឱ្យធ្លាក់ក្នុងនរកដែរ។ របៀបដែលខ្ញុំបំពេញភារកិច្ច ដែលបង្កប់នូវគំនិតមិនស្មោះនៃការដោះដូរនេះ ក៏ច្បាស់ជាធ្វើឱ្យព្រះស្អប់ និងខ្ពើមរអើមផងដែរ។ ការដែលខ្ញុំធ្លាក់ខ្លួនឈឺនេះ បើកសម្ដែងទាំងស្រុងពីនិស្ស័យសុចរិត និងបរិសុទ្ធរបស់ព្រះ។ ពេលគិតដល់ចំណុចនេះ ខ្ញុំទទួលយក និងចុះចូលចំពោះជំងឺនេះទាំងស្រុង និងអស់ពីចិត្ត។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀត៖ «ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក នៅពេលអ្នកមកចំពោះព្រះភក្ត្រព្រះអាទិករ អ្នកត្រូវបំពេញភារកិច្ចរបស់អ្នក។ នេះគឺជារឿងត្រឹមត្រូវដែលអ្នកគួរធ្វើ ហើយជាទំនួលខុសត្រូវដែលអ្នកត្រូវរែកពុន។ ព្រះអាទិករបានធ្វើកិច្ចការកាន់តែធំជាងមុនក្នុងចំណោមមនុស្សជាតិ ដោយផ្អែកលើមូលដ្ឋានដែល ភាវៈដែល ព្រះបានបង្កើតមក ត្រូវបំពេញភារកិច្ចរបស់ខ្លួន។ ព្រះអង្គបានបំពេញកិច្ចការមួយជំហានទៀតលើមនុស្សជាតិ។ ហើយតើកិច្ចការនោះជាកិច្ចការអ្វីទៅ? ព្រះអង្គបានប្រទានសេចក្ដីពិតដល់មនុស្សជាតិ ដោយអនុញ្ញាតឱ្យពួកគេទទួលបានសេចក្ដីពិតពីទ្រង់ ពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះហើយ ក៏កម្ចាត់បង់នូវនិស្ស័យពុករលួយ រួចក៏ត្រូវបានបន្សុទ្ធ។ ហេតុនេះ ពួកគេបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចាប់ផ្ដើមដើរនៅលើផ្លូវត្រឹមត្រូវក្នុងជីវិត ហើយចុងក្រោយ ពួកគេអាចកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ទទួលបានសេចក្ដីសង្គ្រោះពេញលេញ និងលែងស្ថិតក្រោមទុក្ខលំបាករបស់សាតាំងទៀត។ នេះគឺជាផលដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យមនុស្សសម្រេចបាននៅពេលពួកគេបំពេញភារកិច្ចរបស់ពួកគេចប់។ ហេតុនេះ ក្នុងអំឡុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក ព្រះជាម្ចាស់មិនគ្រាន់តែឱ្យអ្នកមើលឃើញរបស់អ្វីមួយច្បាស់ និងយល់ពីសេចក្ដីពិតតិចតួចនោះទេ ហើយព្រះអង្គក៏មិនគ្រាន់តែឱ្យអ្នកទទួលបានព្រះគុណ និងព្រះពរដែលអ្នកបានទទួលតាមរយៈការបំពេញកាតព្វកិច្ចរបស់អ្នកក្នុងនាមជាសត្តនិករដែលព្រះបានបង្កើតមកនោះដែរ។ តែផ្ទុយទៅវិញ ព្រះអង្គអនុញ្ញាតឱ្យអ្នកបានបន្សុទ្ធ និងបានសង្គ្រោះ ហើយចុងក្រោយ ក៏បានមករស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះអាទិករផង» («ចំណូចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលនេះធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង! ការបំពេញភារកិច្ច គឺជាការទទួលខុសត្រូវ និងជាកាតព្វកិច្ចមួយដែលភាវៈព្រះបានបង្កើតមកមិនអាចរួញរាឡើយ។ ហើយវាជាផ្លូវមួយ ដើម្បីទទួលបានសេចក្តីពិត និងសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ។ នៅក្នុងភារកិច្ចយើង ព្រះកំណត់ស្ថានភាពគ្រប់ប្រភេទ ដើម្បីលាតត្រដាងពីនិស្ស័យពុករលួយរបស់មនុស្ស ក្រោយមក តាមរយៈការជំនុំជម្រះ ការបើកសម្ដែងពីព្រះបន្ទូលទ្រង់ និងការប្រៀនប្រដៅរបស់ទ្រង់ ព្រះអង្គអនុញ្ញាតឱ្យយើងយល់ពីសេចក្តីពុករលួយរបស់យើង និងមានការផ្លាស់ប្ដូរ ដើម្បីកុំឱ្យសាតាំងធ្វើបាប និងធ្វើឱ្យពុករលួយតទៅទៀត។ នេះជាព្រះទ័យដ៏ល្អរបស់ព្រះ។ ប៉ុន្មានឆ្នាំដែលខ្ញុំបំពេញភារកិច្ចនេះ ខ្ញុំបានបង្ហាញសេចក្តីពុករលួយជាច្រើន តាមរយៈបរិយាកាសដែលព្រះរៀបចំ។ ខ្ញុំទទួលបានការយល់ដឹងខ្លះអំពីនិស្ស័យពុករលួយរបស់ខ្ញុំ ក្រោយមក ចាប់ផ្ដើមស្អប់ខ្លួនឯង ប្រែចិត្ត និងផ្លាស់ប្ដូរ ហើយមានលក្ខណៈជាមនុស្សបន្តិចដែរ។ ខ្ញុំទទួលបានច្រើន តាមរយៈភារកិច្ចខ្ញុំ តែខ្ញុំនៅតែអកតញ្ញូដដែល។ ផ្ទុយទៅវិញ ខ្ញុំបានប្រើភារកិច្ចនេះ ជាឧបករណ៍តថ្លៃជាថ្នូរនឹងព្រះពរ ជាយានមួយ ឆ្លងផុតគ្រោះមហន្តរាយ ហើយខ្ញុំបានប្រព្រឹត្តចំពោះព្រះដូចជាខ្ញុំអាចបោកប្រាស់ និងប្រើទ្រង់បានអ៊ីចឹង។ ខ្ញុំពិតជាគួរឱ្យស្អប់ខ្ពើមមែន! ព្រះបានសម្ដែងចេញសេចក្តីពិតជាច្រើន តែខ្ញុំមិនបានឱ្យតម្លៃលើសេចក្តីពិតទាំងនោះទេ ហើយគិតតែពីរបៀបទទួលព្រះពរ រួចផុតពីគ្រោះមហន្តរាយ ចូលទៅក្នុងនគរព្រះ និងទទួលបានរង្វាន់ប៉ុណ្ណោះ។ ខ្ញុំពិតជាអាក្រក់មែន។ ខ្ញុំបានអធិស្ឋាន និងស្បថចំពោះព្រះថា ខ្ញុំនឹងឈប់បំពេញភារកិច្ច ដើម្បីទទួលបានព្រះពរទៀតហើយ តែខ្ញុំនឹងដេញតាមសេចក្តីពិតនៅក្នុងភារកិច្ច ដើម្បីតបស្នងនឹងក្ដីស្រឡាញ់របស់ព្រះ។ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀត ដែលផ្ដល់ឱ្យខ្ញុំនូវផ្លូវអនុវត្តន៍។ «ក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ និងក្នុងការដេញតាមសេចក្ដីពិត ប្រសិនបើអ្នកអាចនិយាយថា៖ 'មិនថាព្រះជាម្ចាស់ឱ្យហេតុការណ៍ដូចជាជំងឺតម្កាត់ ឬហេតុការណ៍មិនត្រូវចិត្ត កើតមានមកលើខ្ញុំយ៉ាងណាទេ មិនថាព្រះជាម្ចាស់ធ្វើបែបណានោះទេ ខ្ញុំត្រូវតែស្ដាប់បង្គាប់ ហើយរក្សាជំហររបស់ខ្ញុំក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកជានិច្ច។ អ្វីដែលសំខាន់ជាងគេនោះគឺ ខ្ញុំត្រូវអនុវត្តទិដ្ឋភាពនៃសេចក្ដីពិតនេះ (ការស្ដាប់បង្គាប់) និងរស់នៅតាមតថភាពនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់។ បន្ថែមលើនេះ ខ្ញុំមិនត្រូវគេចវេះពីអ្វីដែលព្រះជាម្ចាស់បានដាក់បញ្ជាបេសកកម្មមកលើខ្ញុំ និងគេចវេះពីភារកិច្ចដែលខ្ញុំគួរធ្វើនោះទេ។ សូម្បីតែដល់ដង្ហើមចុងក្រោយក៏ដោយ ក៏ខ្ញុំត្រូវតែប្រកាន់តាមភារកិច្ចរបស់ខ្ញុំដែរ'។ តើនេះមិនមែនជាការធ្វើបន្ទាល់ទេឬអី? នៅពេលអ្នកមានការតាំងចិត្ត និងមានសភាពបែបនេះ តើអ្នកនៅអាចរអ៊ូរទាំអំពីព្រះជាម្ចាស់ទៀតទេ? អ្នកមិនអាចរអ៊ូរទាំទៀតឡើយ។ នៅពេលនោះ អ្នកនឹងគិតក្នុងចិត្តថា៖ 'ព្រះជាម្ចាស់បានប្រទានខ្យល់ដង្ហើមដល់ខ្ញុំ ប៉ុន្មានឆ្នាំមកនេះ ព្រះអង្គបានទំនុកបម្រុង និងបានការពារខ្ញុំ ព្រះអង្គបានដកយកការឈឺចាប់យ៉ាងច្រើនចេញពីខ្ញុំ បានប្រទានព្រះគុណ និងសេចក្ដីពិតជាច្រើនដល់ខ្ញុំ។ ខ្ញុំបានយល់ពីសេចក្ដីពិត និងសេចក្ដីអាថ៌កំបាំងដែលមនុស្សរាប់ជំនាន់មិនដែលបានយល់។ ខ្ញុំបានរៀនសូត្រជាច្រើនពីព្រះជាម្ចាស់ ដូច្នេះ ខ្ញុំត្រូវតបស្នងទៅព្រះជាម្ចាស់វិញ! កាលពីមុន កម្ពស់របស់ខ្ញុំតូចទាបខ្លាំងណាស់ ខ្ញុំគ្មានយល់អ្វីនោះទេ ហើយគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺសុទ្ធតែធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ទាំងអស់។ នៅពេលអនាគត ខ្ញុំអាចនឹងគ្មានឱកាសដើម្បីតបស្នងព្រះជាម្ចាស់ម្ដងទៀតឡើយ។ មិនថាខ្ញុំមានពេលរស់នៅយូរប៉ុនណាទៀតនោះទេ ខ្ញុំត្រូវលះបង់កម្លាំងខ្លះដែលខ្ញុំមាន និងធ្វើកិច្ចការដែលខ្ញុំអាចធ្វើបានដើម្បីព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់ទតឃើញថា ការទំនុកបម្រុងដល់ខ្ញុំប៉ុន្មានឆ្នាំមកនេះ មិនមែនឥតប្រយោជន៍នោះទេ ប៉ុន្តែបានចេញជាផលផ្លែហើយ។ ខ្ញុំសូមថ្វាយសេចក្ដីសុខសាន្តដល់ព្រះជាម្ចាស់ ហើយខ្ញុំឈប់ធ្វើឱ្យព្រះអង្គឈឺចាប់ ឬខកព្រះទ័យទៀតហើយ'។ តើគិតបែបនេះ យ៉ាងម៉េចដែរ? មិនត្រូវគិតពីរបៀបសង្គ្រោះខ្លួនអ្នក ឬរបៀបគេចខ្លួនឡើយ តែត្រូវគិតថា៖ 'តើជំងឺនេះនឹងជាសះស្បើយនៅពេលណា? នៅពេលជំងឺនេះជា ខ្ញុំនឹងខំប្រឹងឱ្យអស់លទ្ធភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងកាន់តែប្ដូរផ្ដាច់ថែមទៀត។ នៅពេលខ្ញុំឈឺ តើឱ្យខ្ញុំប្ដូរផ្ដាច់ម្ដេចកើតទៅ? តើខ្ញុំអាចបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកយ៉ាងដូចម្ដេចកើត?' ឱ្យតែអ្នកនៅមានដង្ហើមដក តើអ្នកអាចមិននាំសេចក្ដីអាម៉ាស់ដល់ព្រះជាម្ចាស់បានទេ? ឱ្យតែអ្នកនៅមានដង្ហើមដក ឱ្យតែអ្នកនៅមានចិត្តគំនិតជ្រះស្រឡះ តើអ្នកអាចមិនរអ៊ូរទាំអំពីព្រះជាម្ចាស់បានទេ? (បាន។) នៅពេលនេះ និយាយថា 'បាន' គឺងាយស្រួលទេ ប៉ុន្តែនៅពេលរឿងនេះកើតឡើងលើអ្នកផ្ទាល់ វានឹងមិនស្រួលនោះទេ។ ដូច្នេះហើយ អ្នកត្រូវតែដេញតាមសេចក្ដីពិត ខំប្រឹងធ្វើការលើសេចក្ដីពិតឱ្យបានញឹកញាប់ និងចំណាយពេលឱ្យបានច្រើនគិតថា៖ 'តើខ្ញុំអាចបំំំំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើខ្ញុំអាចតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានដោយរបៀបណា? តើខ្ញុំអាចបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកដោយរបៀបណា?' តើភាវៈដែលព្រះបានបង្កើតមកជាអ្វី? តើទំនួលខុសត្រូវរបស់ភាវៈដែលព្រះបានបង្កើតមក គ្រាន់តែត្រូវស្ដាប់បន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណេះឬ? មិនមែនទេ តែត្រូវរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រទានសេចក្ដីពិតជាច្រើន ប្រទានផ្លូវជាច្រើន និងប្រទានជីវិតជាច្រើន ដើម្បីឱ្យអ្នកអាចរស់នៅតាមលក្ខណៈទាំងនេះបាន និងធ្វើបន្ទាល់ថ្វាយដល់ទ្រង់។ ភាវៈដែលព្រះបានបង្កើតមក គួរធ្វើកិច្ចការបែបនេះ ហើយនេះក៏ជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អ្នកដែរ» («មានតែការអានព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានញឹកញាប់ និងការសញ្ជឹងគិតពីសេចក្តីពិតប៉ុណ្ណោះ ទើបមានផ្លូវនៅខាងមុខ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះពិតជាធ្វើឱ្យខ្ញុំរំជួលចិត្តខ្លាំងមែន។ ព្រះជាម្ចាស់ ជាម្ចាស់នៃរបស់សព្វសារពើ ហើយខ្ញុំជាភាវៈដែលព្រះបង្កើតមក ដូច្នេះ វាសនាខ្ញុំស្ថិតក្នុងព្រះហស្តទ្រង់។ ទ្រង់បានអនុញ្ញាតឱ្យខ្ញុំកើតជំងឺនេះ ដូច្នេះ មិនថាខ្ញុំរស់ ឬស្លាប់ទេ ខ្ញុំគួរតែចុះចូលតាមការគ្រប់គ្រង និងការរៀបចំរបស់ព្រះដែរ។ នេះជាហេតុផលចម្បងមួយដែលភាវៈដែលព្រះបង្កើតមក គួរតែមាន។ ហើយភារកិច្ច គឺជាអ្វីមួយដែលភាវៈដែលព្រះបង្កើតមក គួរតែបំពេញ។ គ្រប់ពេល មិនថាមានអ្វីកើតឡើងទេ ឱ្យតែខ្ញុំមានដង្ហើម ខ្ញុំគួរតែបំពេញភារកិច្ចខ្ញុំ។ ខ្ញុំទទួលបានយ៉ាងច្រើនពីក្ដីស្រឡាញ់របស់ព្រះនាប៉ុន្មានឆ្នាំនេះ តែដោយសារខ្ញុំមិនដេញតាមសេចក្តីពិត ខ្ញុំតែងបះបោរទាស់នឹងទ្រង់ និងធ្វើឱ្យទ្រង់ខកព្រះទ័យជានិច្ច។ ខ្ញុំជំពាក់ព្រះច្រើនណាស់។ ឥឡូវ ឱ្យតែខ្ញុំនៅមានជីវិត ខ្ញុំគួរតែបំពេញភារកិច្ចខ្ញុំ ដើម្បីតបស្នងចំពោះក្ដីស្រឡាញ់របស់ព្រះ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានគិតរាល់ថ្ងៃអំពីរបៀបបំពេញភារកិច្ចខ្ញុំឱ្យបានល្អ ដើម្បីផ្គាប់ព្រះទ័យព្រះ។ បងស្រីម្នាក់ដែលជាដៃគូខ្ញុំ ទើបតែបំពេញភារកិច្ចថ្មោងថ្មី និងមិនដឹងច្រើនអំពីគោលការណ៍ផ្សាយដំណឹងល្អឡើយ ដូច្នេះ មានបញ្ហាជាច្រើនបានកើតឡើង។ ខ្ញុំបានជួយណែនាំគាត់តាមអនឡាញ។ ខ្ញុំក៏អានព្រះបន្ទូល និងច្រៀងបទទំនុកតម្កើងសរសើរព្រះស្ងាត់ៗជាញឹកញាប់ដែរ។ ខ្ញុំបន្តក្អក និងគ្រុនក្ដៅ តែខ្ញុំលែងបណ្ដោយឱ្យជំងឺនោះរារាំងខ្ញុំទៀតហើយ ហើយខ្ញុំក៏ឈប់គិតថា ខ្ញុំនឹងស្លាប់ទៀតដែរ។ ខ្ញុំដឹងថា វាសនាខ្ញុំស្ថិតក្នុងព្រះហស្តព្រះ ហើយថាខ្ញុំអាចរស់នៅបានដល់ពេលណា នោះត្រូវកំណត់ទុកដោយការគ្រប់គ្រងរបស់ព្រះរួចហើយ។ ខ្ញុំនឹងព្យាយាមបំពេញភារកិច្ចខ្ញុំឱ្យបានល្អ និងតបស្នងចំពោះក្ដីស្រឡាញ់របស់ព្រះ រហូតដល់ថ្ងៃកំណត់របស់ទ្រង់ ហើយខ្ញុំនឹងចុះចូល និងមិនរអ៊ូរទាំម្ដងទៀតឡើយ រហូតដល់ថ្ងៃដែលទ្រង់ឱ្យខ្ញុំស្លាប់។

ល្ងាចមួយ ខ្ញុំក្អកមិនឈប់សោះ បំពង់កខ្ញុំពេញដោយស្លេស្ម ខ្ញុំក៏គ្រុនក្ដៅ និងឈឺពេញខ្លួនដែរ។ ខ្ញុំគេងលើគ្រែ មិនលក់សោះ ចេះតែរមៀលចុះឡើង។ ខ្ញុំឆ្ងល់ថា៖ «តើខ្ញុំជិតស្លាប់ហើយឬ? ពេលខ្ញុំគេងលក់ តើខ្ញុំនឹងភ្ញាក់ពីដេកវិញទេ?» គំនិតអំពីការស្លាប់ ធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំង ហើយពេលគិតថា ទៅថ្ងៃអនាគត ខ្ញុំនឹងគ្មានឱកាសអានព្រះបន្ទូលតទៅទៀត ធ្វើឱ្យខ្ញុំយំឥតយប់ឡើយ។ ខ្ញុំបានក្រោកឡើង បើកកុំព្យូទ័រ រួចអានអត្ថបទព្រះបន្ទូលមួយនេះ៖ «អាយុរបស់មនុស្សម្នាក់ៗ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចជាស្រេចហើយ។ តាមទស្សនៈខាងវេជ្ជសាស្រ្ត ជំងឺមួយអាចជាជំងឺដំណាក់កាលចុងក្រោយ ប៉ុន្តែតាមទស្សនៈរបស់ព្រះជាម្ចាស់ ប្រសិនបើជីវិតរបស់អ្នកត្រូវតែបន្តនៅរស់តទៅទៀត ហើយពេលវេលារបស់អ្នកមិនទាន់មកដល់ ដូច្នេះ ទោះបីជាអ្នកចង់ស្លាប់ ក៏អ្នកមិនអាចស្លាប់បានដែរ។ ប្រសិនបើព្រះជាម្ចាស់បានប្រទានបញ្ជាបេកសកម្មណាមួយឱ្យអ្នក ហើយបេសកកម្មរបស់អ្នកមិនទាន់ចប់នៅឡើយ ដូច្នេះ សូម្បីតែជំងឺធ្ងន់ធ្ងរដល់ថ្នាល់ត្រូវបាត់បង់ជីវិតក៏ដោយ ក៏អ្នកនឹងមិនត្រូវស្លាប់ដោយសារជំងឺនោះដែរ។ ព្រះជាម្ចាស់នឹងមិនទាន់យកអ្នកទៅឡើយទេ។ ទោះបីជាអ្នកមិនអធិស្ឋាន និងស្វែងរកសេចក្ដីពិត ឬមិនបានចូលព្យាបាលជំងឺរបស់អ្នកក៏ដោយ ឬសូម្បីតែអ្នកបានពន្យារពេលនៃការព្យាបាលរបស់អ្នកក៏ដោយ ក៏អ្នកនឹងមិនស្លាប់ដែរ។ ចំណុចនេះត្រឹមត្រូវខ្លាំងណាស់ចំពោះអ្នកណាដែលបានទទួលបានបញ្ជាបេសកកម្មពីព្រះជាម្ចាស់៖ នៅពេលដែលបេសកកម្មរបស់ពួកគេមិនទាន់ចប់នៅឡើយ មិនថាមានជំងឺអ្វីកើតឡើងមកលើពួកគេនោះទេ ពួកគេនឹងមិនស្លាប់ភ្លាមៗតែម្ដងនោះទេ។ ពួកគេត្រូវរស់នៅបន្តរហូតដល់ពេលចុងក្រោយដែលបេសកកម្មរបស់ពួកគេបានបញ្ចប់។ តើអ្នកមានសេចក្ដីជំនឿលើរឿងនេះទេ? ... ការពិតគឺថា ទោះបីជាការតថ្លៃរបស់អ្នក គឺដើម្បីឱ្យជំងឺរបស់អ្នកបានជាសះស្បើយ ឬដើម្បីការពារជីវិតអ្នកកុំឱ្យបាត់បង ឬថាតើអ្នកមានបំណង ឬគោលដៅអ្វីផ្សេងក្នុងនោះក៏ដោយ តាមទស្សនៈរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ហើយនៅមានប្រយោជន៍ឱ្យប្រើប្រាស់បានទៀត ប្រសិនបើព្រះជាម្ចាស់បានសម្រេចថា ត្រូវប្រើអ្នកបន្តទៀត នោះអ្នកនឹងមិនស្លាប់ឡើយ។ អ្នកនឹងមិនអាចស្លាប់បានទេ ទោះបីជាអ្នកចង់ស្លាប់ក៏ដោយចុះ។ ប៉ុន្តែ ប្រសិនបើអ្នកបង្កបញ្ហា និងប្រព្រឹត្តអំពើទុច្ចរិតគ្រប់បែបយ៉ាង និងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ អ្នកនឹងឆាប់ស្លាប់មិនខាន។ ជីវិតរបស់អ្នកនឹងត្រូវកាត់បន្ថយមកអាយុខ្លីវិញ។ អាយុរបស់មនុស្សម្នាក់ៗ ត្រូវព្រះជាម្ចាស់កំណត់ទុក មុនការបង្កើតលោកីយ៍នេះទៅទៀត។ ប្រសិនបើពួកគេអាចស្ដាប់បង្គាប់តាមការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់បាន ដូច្នេះមិនថាពួកគេកើតជំងឺឬអត់នោះទេ ឬមិនថាពួកគេមានសុខភាពល្អ ឬមិនល្អនោះទេ ពួកគេនឹងនៅបន្តរស់នៅក្នុងចំនួនឆ្នាំដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន។ តើអ្នកមានសេចក្ដីជំនឿលើរឿងនេះទេ?» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយបានអានបន្ទូលព្រះ ខ្ញុំអាចដឹងពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ទ្រង់ ហើយខ្ញុំកក់ក្ដៅចិត្តណាស់។ ខ្ញុំយល់ពីព្រះទ័យព្រះច្រើនបន្តិច។ ការដែលខ្ញុំអាចកើតនៅគ្រាចុងក្រោយ ជឿលើព្រះ និងបំពេញភារកិច្ច ត្រូវបានព្រះកំណត់ទុករួចហើយ ហើយនេះក៏ជាបេសកកម្មមួយដែលព្រះប្រទានដល់ខ្ញុំដែរ។ បើបេសកកម្មខ្ញុំបានបញ្ចប់ នោះខ្ញុំនឹងត្រូវស្លាប់ ទោះបីខ្ញុំមិនឈឺក៏ដោយ។ មិនដូច្នោះទេ ខ្ញុំនឹងមិនស្លាប់ឡើយ ទោះបីខ្ញុំមានជំងឺដែលគួរតែសម្លាប់ខ្ញុំបានក៏ដោយ។ ខ្ញុំមិនដឹងថាមានអ្វីខ្លះកំពុងរង់ចាំខ្ញុំទេ តែខ្ញុំដឹងថា ខ្ញុំគួរតែថ្វាយជីវិតខ្ញុំទៅក្នុងព្រះហស្តព្រះ និងធ្វើតាមការរៀបចំរបស់ទ្រង់។ ពេលគិតថា ខ្ញុំអាចស្លាប់បានគ្រប់ពេល ខ្ញុំពិតជាចង់និយាយយ៉ាងអស់ពីចិត្តទៅព្រះម្ដងទៀតណាស់។ ខ្ញុំបានលុតជង្គត់អធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! សូមអរព្រះគុណទ្រង់ដែលជ្រើសរើសខ្ញុំម្ចាស់ឱ្យចូលក្នុងដំណាក់ទ្រង់ និងឱ្យខ្ញុំម្ចាស់ឮព្រះសូរសៀងទ្រង់។ ការទទួលបានការស្រោចស្រព និងការទ្រទ្រង់ដ៏ច្រើនពីព្រះបន្ទូលទ្រង់ បានជួយឱ្យខ្ញុំម្ចាស់រៀនបានសេចក្តីពិតជាច្រើន និងដឹងពីគោលការណ៍នៃការក្លាយជាមនុស្ស។ ខ្ញុំម្ចាស់យល់ថា ជីវិតខ្ញុំម្ចាស់មិនអសារបង់ឡើយ។ គ្រាន់តែថា ខ្ញុំម្ចាស់បានពុករលួយយ៉ាងខ្លាំង ហើយខ្ញុំម្ចាស់តែងតែបះបោរ និងធ្វើឱ្យទ្រង់ខូចព្រះទ័យប៉ុណ្ណោះ។ ខ្ញុំម្ចាស់មិនបានដេញតាមសេចក្តីពិតបានល្អ ឬបំពេញភារកិច្ចយ៉ាងពិតប្រាកដ ដើម្បីតបស្នងក្ដីស្រឡាញ់ទ្រង់ឡើយ។ ខ្ញុំម្ចាស់ក៏មិនដែលផ្ដល់ការកម្សាន្តព្រះទ័យដល់ទ្រង់សូម្បីបន្ដិចឡើយ។ ខ្ញុំជំពាក់ទ្រង់ច្រើនណាស់។ ខ្ញុំម្ចាស់មិនដឹងថា ខ្លួនឯងនឹងមានឱកាសថែមទៀត ដើម្បីតបស្នងក្ដីស្រឡាញ់ទ្រង់ឬអត់ទេ។ បើខ្ញុំម្ចាស់នៅមានជីវិត ខ្ញុំម្ចាស់ចង់ដេញតាមសេចក្តីពិត និងបំពេញភារកិច្ច ដើម្បីផ្គាប់ព្រះទ័យទ្រង់...»។

នៅយប់នោះ ពីមុនខ្ញុំដឹងរឿងនេះខ្ញុំក៏ងងុយដេក។ ពេលខ្ញុំក្រោកពីដេកនៅថ្ងៃបន្ទាប់ ខ្ញុំធូរច្រើនណាស់ ហាក់ដូចខ្ញុំមិនធ្លាក់ខ្លួនឈឺអ៊ីចឹង។ បំពង់កខ្ញុំត្រឡប់មកធម្មតាវិញ ដោយគ្មានស្លេស្មច្រើនទៀតឡើយ។ ខ្ញុំប្រញាប់វាស់សីតុណ្ហភាព រួចរកឃើញថា ខ្ញុំមានកម្ដៅធម្មតាវិញ។ ខ្ញុំពិតជារំជួលចិត្ត និងដឹងថា នេះជាក្ដីមេត្តា និងការការពាររបស់ព្រះសម្រាប់ខ្ញុំ។ នៅពេលខ្ញុំមានវីរុសកូរ៉ូណា ទោះបីខ្ញុំបង្ហាញការបះបោរ និងការទាស់ទទឹងជាច្រើនក៏ដោយ ក៏ព្រះមិនប្រព្រឹត្តចំពោះខ្ញុំស្របតាមអំពើរំលងរបស់ខ្ញុំដែរ តែនៅតែឃុំគ្រងលើខ្ញុំដដែល។ ខ្ញុំទប់ទឹកភ្នែកមិនបានទេ ហើយខ្ញុំបានអរព្រះគុណព្រះ និងសរសើរតម្កើងទ្រង់។

ពីរខែបានកន្លងផុតទៅ កម្ដៅខ្ញុំនៅតែធម្មតាជានិច្ច។ វីរុសមិនបានលាប់វិញទេ ហើយមិនយូរប៉ុន្មាន ខ្ញុំបានជាសះស្បើយទាំងស្រុង។ មនុស្សជាច្រើនបានស្លាប់ដោយសារជំងឺរាតត្បាតនេះ ហើយខ្ញុំបានរស់រាន ក៏ព្រោះតែការមើលថែដ៏អស្ចារ្យ និងសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់ខ្ញុំ។ ការឆ្លងវីរុសនេះ បានលាតត្រដាងពីចេតនា គំនិតមិនស្មោះនៅក្នុងជំនឿ និងការបំពេញភារកិច្ចខ្ញុំ ដោយជួយឱ្យខ្ញុំមើលឃើញចេតនាអាក្រក់ខ្ញុំ ដែលចង់ដោះដូរជាមួយព្រះ ដើម្បីបានព្រះពរ ហើយខ្ញុំទទួលបានការយល់ដឹងខ្លះ និងស្អប់ខ្ពើមខ្លួនឯង។ ជាមួយគ្នានេះដែរ ខ្ញុំទទួលបានបទពិសោធជាក់ស្ដែង និងការយល់ដឹងខ្លះអំពីនិស្ស័យបរិសុទ្ធ និងសុចរិតរបស់ព្រះ និងចុះចូលចំពោះការគ្រប់គ្រង និងការរៀបចំរបស់ព្រះ។ ខ្ញុំដកពិសោធន៍ការបន្សុទ្ធ និងការឈឺចាប់ខ្លះ តាមរយៈស្ថានភាពនេះ តែខ្ញុំទទួលបានយ៉ាងច្រើន ជាអ្វីមួយដែលខ្ញុំមិនអាចទទួលបាននៅក្នុងស្ថានភាពសុខស្រួលឡើយ។ គ្រប់ពេលខ្ញុំគិតឡើងវិញអំពីអ្វីដែលខ្ញុំទទួលបានពីបទពិសោធនេះ ខ្ញុំពេញដោយចិត្តកតញ្ញូ និងការសរសើរតម្កើងដល់ព្រះ។ ខ្ញុំអរព្រះគុណព្រះសម្រាប់ក្ដីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ទ្រង់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រមូលផលផ្លែពីការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

បន្ទាប់ពីការកុហក

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់...

Leave a Reply