ជំងឺរបស់ខ្ញុំគឺជាព្រះពររបស់ព្រះជាម្ចាស់

09-06-2026

ដោយ ស៊ាវជីន មកពីប្រទេសចិន

នៅខែមេសា ឆ្នាំ២០១៧ ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ហើយដឹងថាខ្ញុំមានជំងឺរលាកថ្លើមប្រភេទបេ។ កម្រិតអង់ស៊ីមថ្លើមរបស់ខ្ញុំឡើងដល់ ២២០ ឯកតាក្នុងមួយលីត្រ ហើយជំងឺរលាកថ្លើមប្រភេទបេរបស់ខ្ញុំកំពុងធ្វើទុក្ខ។ ពួកជំនុំបានគិតគូរពីស្ថានភាពរបស់ខ្ញុំ ហើយរៀបចំឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញដើម្បីព្យាបាល។ ពេលកំពុងរៀបចំអីវ៉ាន់ ខ្ញុំបានឃើញបងប្រុសពីរនាក់ដែលខ្ញុំធ្លាប់សហការជាមួយ កំពុងនិយាយលេងសើចបណ្ដើរ ពិភាក្សាពីការងារបណ្ដើរ។ ខ្ញុំមានអារម្មណ៍ស្រងេះស្រងោច ហើយគិតថា៖ «ពេលនេះ កិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ពួកយើង ក្នុងការបំពេញភារកិច្ច និងរៀបចំអំពើល្អ។ តែផ្ទុយទៅវិញ ខ្ញុំបែរជាត្រូវទៅផ្ទះដើម្បីសម្រាកព្យាបាលទៅវិញ។ បើខ្ញុំនៅផ្ទះមួយឆ្នាំ ឬពីរឆ្នាំ ហើយមិនអាចបំពេញភារកិច្ចអ្វីសោះ តើខ្ញុំនឹងអាចរៀបចំអំពើល្អបានដោយរបៀបណាទៅ? នៅពេលមហន្តរាយមកដល់ ខ្ញុំប្រាកដជាជាប់ក្នុងនោះមិនខាន។ បើខ្ញុំស្លាប់ តើការជឿលើព្រះជាម្ចាស់របស់ខ្ញុំនឹងមិនក្លាយជាអសារបង់ទេឬ? ខ្ញុំបានចាកចេញពីផ្ទះដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ មិនដល់មួយឆ្នាំផង បន្ទាប់ពីខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់។ ទោះបីជាពួកជំនុំចាត់តាំងឲ្យខ្ញុំធ្វើភារកិច្ចអ្វីក៏ដោយ ក៏ខ្ញុំមិនដែលរើសអើងដែរ ហើយតែងតែខិតខំប្រឹងប្រែងធ្វើវាឲ្យកាន់តែល្អជានិច្ច។ ជាពិសេស ខ្ញុំបានធ្វើភារកិច្ចកាត់ត ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ។ ខ្ញុំតែងតែក្រោកពីព្រលឹម និងដេកយប់ជ្រៅ។ ខ្ញុំមិនដែលរាថយឡើយ ពេលខ្ញុំជួបការលំបាក ហើយខិតខំរៀនសូត្រពីជំនាញវិជ្ជាជីវៈពាក់ព័ន្ធ។ ខ្ញុំក៏សម្រេចបានលទ្ធផលខ្លះៗ នៅក្នុងភារកិច្ចរបស់ខ្ញុំដែរ។ ខ្ញុំធ្លាប់មានភាពស្វាហាប់ និងសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្ញុំណាស់ ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនការពារខ្ញុំ? ហេតុអ្វីទ្រង់បណ្ដោយឲ្យខ្ញុំកើតជំងឺនេះទៅវិញ?» ខ្ញុំពិតជាមិនអាចយល់បានទាល់តែសោះ។ ពេលងើបក្បាលឡើងមើលបងប្រុសទាំងពីរនាក់នោះ ខ្ញុំបានច្រណែនពួកគេដែលមានសុខភាពល្អ ហើយអាចបន្តធ្វើភារកិច្ចរបស់ពួកគេនៅទីនេះ។ ចំណែកឯខ្ញុំវិញ ហៀបនឹងចាកចេញពីកន្លែងដែលខ្ញុំធ្លាប់បំពេញភារកិច្ច ដើម្បីត្រឡប់ទៅផ្ទះវិញ។ ខ្ញុំមានអារម្មណ៍ថា អនាគតរបស់ខ្ញុំគឺអាប់អួរខ្លាំងណាស់ ហើយខ្ញុំអស់សង្ឃឹមយ៉ាងខ្លាំង ដោយមានអារម្មណ៍ថាទន់ដៃទន់ជើង និងខ្សោយពេញខ្លួន។ ពេលខ្ញុំគិតថា នេះគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយជាឱកាសនៃសេចក្ដីសង្រ្គោះតែមួយគត់សម្រាប់មនុស្សជាតិ ហើយថា ខ្ញុំពិតជាមានសំណាងណាស់ ដែលបានរស់នៅក្នុងសម័យកាលនេះ ខ្ញុំពិតជាមិនចង់បោះបង់ចោលបែបនេះទាល់តែសោះ។ ខ្ញុំត្រូវប្រញាប់ទទួលការព្យាបាលពេលទៅដល់ផ្ទះ ហើយនឹងត្រឡប់មកធ្វើភារកិច្ចខ្ញុំវិញ ពេលជំងឺខ្ញុំជាសះស្បើយ។ ធ្វើបែបនោះ ខ្ញុំនឹងរៀបចំអំពើល្អឲ្យបានច្រើន ហើយមានក្ដីសង្ឃឹមកាន់តែធំ ក្នុងការត្រូវបានសង្គ្រោះ។

ក្រោយពីត្រឡប់មកផ្ទះវិញ ខ្ញុំបានឮគេថា ឱសថបុរាណចិនមានប្រសិទ្ធភាពណាស់ ក្នុងការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ ដូច្នេះ ខ្ញុំក៏ប្រញាប់ឲ្យប៉ារបស់ខ្ញុំទៅរកទិញឲ្យខ្ញុំភ្លាមៗ។ ខ្ញុំក៏នៅតែតស៊ូរៀនពីបច្ចេកទេស ដែលពាក់ព័ន្ធនឹងភារកិច្ចដែលខ្ញុំធ្លាប់ធ្វើដែរ ដោយគិតថា ក្រោយពេលជំងឺខ្ញុំជាសះស្បើយ ខ្ញុំអាចចេញទៅក្រៅ ហើយបំពេញភារកិច្ចខ្ញុំម្ដងទៀត។ ខ្ញុំបានលេបថ្នាំទៀងទាត់ពេល តាមការណែនាំរបស់គ្រូពេទ្យ ដោយសង្ឃឹមថា ខ្ញុំនឹងឆាប់ជាសះស្បើយ។ មួយខែក្រោយមក ខ្ញុំបានទៅមន្ទីរពេទ្យដើម្បីពិនិត្យ ទាំងក្ដីរំពឹងយ៉ាងមុតមាំ។ ក្រោយពីទទួលបានលទ្ធផលតេស្ត ខ្ញុំឃើញថា កម្រិតអង់ស៊ីមថ្លើមរបស់ខ្ញុំមិនបានថយចុះសោះឡើយ។ ខ្ញុំស្ទើរតែមិនជឿសោះ ហើយគិតថា៖ «ខ្ញុំបានលេបថ្នាំទៀងទាត់ពេលណាស់ពេញមួយខែនេះ។ ហេតុអ្វីបានជាស្ថានភាពរបស់ខ្ញុំមិនបានធូរស្រាលសោះអញ្ចឹង? ហេតុអ្វីបានជាព្រះជាម្ចាស់មិនប្រទានពរខ្ញុំ?» មួយរយៈក្រោយមក ប្រហែលជាក្នុងខែសីហា បងស្រីម្នាក់បានប្រាប់ខ្ញុំអំពីរុក្ខជាតិម្យ៉ាងហៅថា ជីរវ៉ាន់ស៊ុយព្រៃ ដែលអ្នកខ្លះយកមកប្រើសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទបេ។ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង ក្រោយពីបានឮដូច្នេះ។ ទោះបីជាបងស្រីម្នាក់នោះបានបញ្ជាក់ដដែលៗថា រុក្ខជាតិនេះមានជាតិពុលខ្លាំង ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបានរៀបចំវាឱ្យបានត្រឹមត្រូវក៏ដោយ ក៏ខ្ញុំនៅតែចង់សាកល្បងវាដែរ។ ខ្ញុំបានគិតថា វាសមនឹងប្រថុយ ប្រសិនបើសិនវាអាចព្យាបាលជំងឺខ្ញុំជាសះស្បើយបាន។ នឹកស្មានមិនដល់ ការហូបវាគ្មានប្រសិទ្ធភាពសោះ ហើយខ្ញុំមានអារម្មណ៍ថាវេទនាខ្លាំងណាស់។ ខ្ញុំមិនអាចយល់បានទេថាហេតុអ្វីបានជារឿងនេះកើតឡើង។ បន្ទាប់ពីនោះមក ខ្ញុំក៏បានធ្លាក់ចូលទៅក្នុងភាពអវិជ្ជមាន។ ខ្ញុំគ្មានអ្វីត្រូវនិយាយទេពេលអធិស្ឋាន គឺមានអារម្មណ៍ថាសោះកក្រោះណាស់ ខ្ញុំហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែតិច ខ្ញុំមិនចង់រៀនពីបច្ចេកទេស ដែលខ្ញុំធ្លាប់តស៊ូរៀនពីមុនទេ ហើយខ្ញុំតែងតែខ្វះកម្លាំងចិត្តជានិច្ច។

ប្រហែលជាក្នុងខែវិច្ឆិកា បងប្រុសម្នាក់បានយកវេជ្ជបញ្ជាផ្សំថ្នាំមួយមកឲ្យខ្ញុំ ដោយប្រាប់ថា វាសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទបេជាពិសេស។ ខ្ញុំអន្ទះសាចង់សាកល្បងវាណាស់ ប៉ុន្តែពេលខ្ញុំនឹកឃើញដល់ការបរាជ័យនៃការព្យាបាលលើកមុនជាមួយជីរវ៉ាន់ស៊ុយព្រៃ ខ្ញុំក៏បានគិតក្នុងចិត្តថា៖ «តើវាមកពីខ្ញុំគិតតែផ្ដោតលើការលេបថ្នាំ ហើយកម្រអធិស្ឋានមែនទេ? វាហាក់ដូចជាក្នុងអំឡុងពេលព្យាបាល ខ្ញុំត្រូវអធិស្ឋានទៅកាន់ព្រះជាម្ចាស់ឲ្យបានច្រើនជាងមុនហើយ។ ប្រហែលជាពេលព្រះជាម្ចាស់ទតឃើញចិត្តស្មោះត្រង់របស់ខ្ញុំ ទ្រង់នឹងប្រទានពរដល់ខ្ញុំ ហើយព្យាបាលជំងឺខ្ញុំឲ្យជាហើយមើលទៅ»។ ខ្ញុំប្រញាប់យកវេជ្ជបញ្ជា ហើយទៅបើកថ្នាំ។ ទោះបីជាថ្នាំល្វីងយ៉ាងណាក៏ដោយ ក៏ខ្ញុំទ្រាំលេបវាដែរ។ ក្នុងអំឡុងពេលនេះ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ជាច្រើនដង ដោយទូលប្រាប់ទ្រង់ថា ខ្ញុំចង់ចេញទៅក្រៅវិញ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងដេញតាមសេចក្ដីពិតយ៉ាងអស់ពីចិត្ត។ ខ្ញុំសង្ឃឹមថានឹងធ្វើឲ្យព្រះជាម្ចាស់រំជួលព្រះទ័យ ដោយឥរិយាបថ «ដ៏ស្មោះត្រង់» បែបនេះ ដើម្បីឲ្យទ្រង់ប្រទានពរដល់ខ្ញុំឲ្យបានជាសះស្បើយពីជំងឺ។ មួយខែក្រោយមក នៅពេលដែលខ្ញុំទៅយកលទ្ធផលតេស្ដ គ្រូពេទ្យបាននិយាយថា «យើងបានធ្វើតេស្ដលោកពីរដងហើយ។ បរិមាណវីរុសនៅក្នុងខ្លួនរបស់លោកគឺខ្ពស់ណាស់។ កម្រិតអង់ស៊ីមថ្លើមរបស់លោក ឡើងដល់ជាង ១ ២០០ ឯណោះ!» ខ្ញុំបានគិតក្នុងចិត្តថា «កម្រិតអង់ស៊ីមថ្លើមជាង ២០០ គឺធ្ងន់ធ្ងរណាស់ទៅហើយ។ តើកម្រិតលើសពីមួយពាន់អាចមានន័យថាយ៉ាងណា?» ខ្ញុំបានឈរធឹ្មងនៅនឹងកន្លែង ដោយនឹកឃើញដល់សម្តីរបស់គេម្នាក់ថា ប្រសិនបើជំងឺរលាកថ្លើមប្រភេទបេ មិនត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវទេ វាអាចបណ្ដាលឲ្យទៅជាក្រិនថ្លើម ឬរហូតដល់មហារីកថ្លើមទៀតផង។ តើខ្ញុំក៏នឹងកើតជំងឺមហារីកថ្លើមដែរឬ? ពេលខ្ញុំគិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងគ្មានទីពឹងយ៉ាងខ្លាំង។ ខ្ញុំនឹកគិតដល់ការដែលខ្ញុំបានអធិស្ឋានជាញឹកញាប់សូមឲ្យព្រះជាម្ចាស់ព្យាបាលជំងឺរបស់ខ្ញុំក្នុងរយៈពេលមួយខែកន្លងមកនេះ ប៉ុន្តែឥឡូវនេះ មិនត្រឹមតែស្ថានភាពរបស់ខ្ញុំមិនបានធូរស្រាលទេ តែវាថែមទាំងកាន់តែធ្ងន់ធ្ងរទៅទៀត។ វាពិតជាមិនមែនជារឿងចៃដន្យនោះទេ ដែលខ្ញុំចេះតែជួបផ្លូវទាល់ដដែលៗបែបនេះ។ កន្លងមកនេះ ខ្ញុំគ្រាន់តែចង់ឲ្យបានជាសះស្បើយ ហើយបានគិតថាដោយសារតែខ្ញុំចង់ជាដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ នោះវាជារឿងត្រឹមត្រូវហើយ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនដែលគិតទេថា តើការណ៍នេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់។ ខ្ញុំបានចាប់ផ្ដើមគិតថា «បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រហែលជាស្ថិតនៅក្នុងការដែលស្ថានភាពរបស់ខ្ញុំប្រែជាធ្ងន់ធ្ងរភ្លាមៗបែបនេះហើយ។ ខ្ញុំមិនអាចបន្តរឹងរូស ហើយមិនប្រែចិត្តបែបនេះទៀតទេ។ ខ្ញុំត្រូវតែអធិស្ឋាន ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរៀនមេរៀនរបស់ខ្ញុំ»។ ហេតុនេះហើយ ខ្ញុំបានស្រែកអង្វរដល់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្តនៅក្នុងចិត្តរបស់ខ្ញុំថា «ឱ ព្រះជាម្ចាស់អើយ ការដែលស្ថានភាពរបស់ទូលបង្គំកាន់តែធ្ងន់ធ្ងរទៅនេះ គឺមានការអនុញ្ញាតពីព្រះអង្គ។ ទោះបីជាទូលបង្គំនៅតែមិនយល់ថាហេតុអ្វីបានជារឿងនេះកើតឡើងក៏ដោយ ក៏ទូលបង្គំដឹងនៅក្នុងចិត្តថា អ្វីដែលទូលបង្គំកំពុងដេញតាមនោះ ពិតជាមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គទេ។ សូមព្រះអង្គដឹកនាំទូលបង្គំឲ្យក្ដាប់បានពីបំណងព្រះហឫទ័យរបស់ព្រះអង្គ និងមិនបះបោរប្រឆាំងនឹងព្រះអង្គឡើយ»។ ខ្ញុំបានអង្គុយភ្លឹកនៅលើកាំជណ្ដើរក្នុងមន្ទីរពេទ្យ ដោយបន្តស្រែកហៅរកព្រះជាម្ចាស់នៅក្នុងចិត្ត។ ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញដល់ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ដែលខ្ញុំធ្លាប់បានអានពីមុនមកថា៖ «អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់យ៉ាងពិតប្រាកដ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅមកលើមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ ជាការពិតណាស់ កិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាយ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ យ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ហើយជំងឺក៏បានកើតឡើងចំពោះគាត់ ដែលបណ្ដាលឲ្យសាច់ឈាមរបស់គាត់រងការឈឺចាប់យ៉ាងខ្លាំង។ តាមទស្សនៈរបស់មនុស្សលោកីយ៍ អ្វីដែលបានកើតឡើងចំពោះយ៉ូប មិនមែនជារឿងល្អទេ តែជារឿងអាក្រក់។ ទោះជាយ៉ាងណាក៏ដោយ យ៉ូបកោតខ្លាចព្រះជាម្ចាស់។ គាត់មិនបានត្អូញត្អែរដាក់ព្រះជាម្ចាស់ទេ គាត់អាចចុះចូល និងបានសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់។ បន្ទាប់ពីយ៉ូបបានឆ្លងកាត់ការល្បងល គាត់បានទទួលការយល់ដឹងខ្លះៗអំពីព្រះជាម្ចាស់ ជំនឿ និងការកោតខ្លាចព្រះជាម្ចាស់របស់គាត់ត្រូវបានលើកកម្ពស់ ហើយបន្ទាប់មក ព្រះជាម្ចាស់បានលេចមកឲ្យគាត់ឃើញ។ នេះជាព្រះពរដ៏អស្ចារ្យណាស់! នៅពេលខ្ញុំសញ្ជឹងគិតអំពីចំណុចនេះ ខ្ញុំបានដឹងថា ទោះបីជាជំងឺ ឬទុក្ខលំបាកដែលកើតឡើងចំពោះអ្នកធ្ងន់ធ្ងរប៉ុនណា ឬអ្នកត្រូវទ្រាំទ្រនឹងការឈឺចាប់ខ្លាំងប៉ុនណាក៏ដោយ ប្រសិនបើអ្នកអាចដេញតាមសេចក្ដីពិត និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះចុងក្រោយអ្នកនឹងទទួលបានសេចក្ដីពិតពីវា និងទទួលបានផលខ្លះមិនខាន។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺល្អ ហើយទ្រង់មិនចង់លេងសើចនឹងនរណាម្នាក់ឡើយ។ ដោយបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានអារម្មណ៍កក់ក្ដៅមួយបានកើតឡើងចេញពីក្នុងជម្រៅចិត្តរបស់ខ្ញុំ ហើយចិត្តដែលគ្មានទីពឹង និងភ័យខ្លាចរបស់ខ្ញុំ ក៏មានភាពកក់ក្ដៅ និងស្ងប់អារម្មណ៍បន្តិចម្ដងៗ។ ខ្ញុំត្រូវតែយកតម្រាប់តាមយ៉ូប ដោយមានអាកប្បកិរិយានៃការចុះចូល និងអធិស្ឋានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំជឿថាព្រះជាម្ចាស់នឹងដឹកនាំខ្ញុំ។

បរិយាកាសក្នុងមន្ទីរពេទ្យអ៊ូអរពេក ដូច្នេះខ្ញុំក៏ក្រោកឡើង ហើយដើរទៅកាន់ព្រៃក្បែរនោះ។ នៅពេលខ្ញុំដើរនៅក្នុងព្រៃ ខ្ញុំនៅតែមិនអាចទប់អារម្មណ៍មិនឲ្យបារម្ភពីស្ថានភាពរបស់ខ្ញុំម្ដងទៀតបានទេ។ ខ្ញុំបានគិតថា «ខែនេះ កម្រិតអង់ស៊ីមថ្លើមរបស់ខ្ញុំបានហក់ឡើងដល់ជាង ១ ០០០។ ប្រសិនបើវានៅតែបន្តវិវត្តក្នុងកម្រិតនេះ ហើយវាពិតជាក្លាយជាមហារីកថ្លើមមែន តើវានឹងមិនចប់សព្វគ្រប់សម្រាប់ខ្ញុំទេឬ? លើកនេះ តើព្រះជាម្ចាស់ពិតជានឹងដកយកជីវិតរបស់ខ្ញុំមែនឬ?» ពេលខ្ញុំគិតអំពីសេចក្ដីស្លាប់ ខ្ញុំក៏មានចិត្តប្រឆាំងដោយមិនដឹងខ្លួន ដោយគិតថា «ហេតុអ្វីបានជាព្រះជាម្ចាស់ចង់ឲ្យខ្ញុំស្លាប់? ខ្ញុំនៅក្មេងណាស់! តើជីវិតរបស់ខ្ញុំពិតជានឹងត្រូវបញ្ចប់ ទាំងដែលវានៅទើបតែចាប់ផ្តើមបែបនេះមែនទេ? ប្រសិនបើខ្ញុំមិនបានជឿលើព្រះជាម្ចាស់ទេ តើខ្ញុំនឹងអាចជៀសផុតពីការល្បងលបែបនេះបានទេ? តើខ្ញុំនឹងអាចជៀសផុតពីជំងឺនេះបានទេ? ទោះបីជាខ្ញុំមិនអាចទទួលបានសេចក្ដីសង្រ្គោះក៏ដោយ យ៉ាងហោចណាស់ ខ្ញុំប្រហែលជាអាចរស់បានពីរបីឆ្នាំទៀតដែរ!» នៅខណៈពេលនោះ បេះដូងរបស់ខ្ញុំបានលោតខុសចង្វាក់។ ខ្ញុំបានគិតថា «តើខ្ញុំមិនមែនកំពុងតែត្អូញត្អែរដាក់ព្រះជាម្ចាស់ទេឬ?» ខ្ញុំបានប្រញាប់អធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ត្អូញត្អែរដាក់ព្រះអង្គទេ ប៉ុន្តែចិត្តរបស់ទូលបង្គំត្រូវបានរឹតត្បិតដោយសេចក្ដីស្លាប់ជានិច្ច។ សូមព្រះអង្គដឹកនាំទូលបង្គំដោះស្រាយបញ្ហានេះឲ្យបានត្រឹមត្រូវផងចុះ»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំក៏បាននឹកឃើញដល់ទំនុកបរិសុទ្ធមួយបទដែលខ្ញុំតែងតែច្រៀងពីមុនដែលមានចំណងជើងថា «ភាវៈដែលព្រះបានបង្កើតគួរតែស្ថិតក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់»៖

១  មិនថាព្រះជាម្ចាស់ទាមទារអ្វីពីអ្នកក៏ដោយ អ្នកគ្រាន់តែត្រូវបញ្ចេញកម្លាំងរបស់អ្នកទាំងអស់ដើម្បីធ្វើវាប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា អ្នកនឹងបង្ហាញសេចក្ដីស្មោះស្ម័គ្ររបស់ខ្លួនចំពោះព្រះជាម្ចាស់នៅចំពោះព្រះភក្ត្រទ្រង់ នៅក្នុងគ្រាចុងក្រោយនេះ។ ឱ្យតែអ្នកអាចមើលឃើញស្នាមព្រះសម្រួលដ៏ពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់គង់នៅលើបល្ល័ង្ករបស់ទ្រង់ ទោះបីជាពេលនេះគឺជាពេលវេលាកំណត់នៃសេចក្ដីស្លាប់របស់អ្នកក៏ដោយ ក៏អ្នកគួរតែសើច និងញញឹម នៅពេលដែលអ្នកបិទភ្នែកដែរ។ នៅពេលអ្នកនៅមានជីវិត អ្នកត្រូវតែបំពេញភារកិច្ចចុងក្រោយរបស់អ្នកដើម្បីព្រះជាម្ចាស់។

២  កាលពីអតីតកាល ពេត្រុសត្រូវបានគេឆ្កាងបញ្ច្រាសក្បាលចុះក្រោម ដើម្បីព្រះជាម្ចាស់ ប៉ុន្តែ អ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងគ្រាចុងក្រោយនេះ ហើយប្រើប្រាស់ថាមពលរបស់អ្នកអស់ទាំងស្រុងដើម្បីជាប្រយោជន៍របស់ទ្រង់។ តើភាវៈដែលព្រះបានបង្កើតអាចធ្វើអ្វីបានដើម្បីព្រះជាម្ចាស់? អ្នកគួរតែប្រគល់ខ្លួនអ្នកថ្វាយព្រះជាម្ចាស់ជាមុន ដើម្បីឱ្យទ្រង់ចាត់ចែងអ្នកតាមដែលទ្រង់សព្វព្រះហឫទ័យ។ ឱ្យតែរឿងនេះធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះហឫទ័យ និងពេញព្រះហឫទ័យ នោះចូរទុកឱ្យទ្រង់ធ្វើតាមព្រះហឫទ័យទ្រង់ចំពោះអ្នកចុះ។ តើមនុស្សមានសិទ្ធិអ្វីនឹងនិយាយពាក្យត្អូញត្អែរនោះ?

(ដកស្រង់ពី «ការបញ្ចេញឱ្យឃើញអាថ៌កំបាំងអំពី 'ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល'» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំបានច្រៀងរងំតាមទំនុកបរិសុទ្ធនោះតិចៗ ហើយទឹកភ្នែកខ្ញុំក៏ហូរមកដោយមិនដឹងខ្លួន។ ព្រះជាម្ចាស់បានប្រទានព្រះគុណដល់ខ្ញុំ ដោយនាំខ្ញុំចូលមកក្នុងព្រះដំណាក់របស់ទ្រង់។ ខ្ញុំបានអានព្រះបន្ទូលរបស់ទ្រង់ជាច្រើន ហើយដឹងថាមនុស្សត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ របៀបដែលមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយដោយសាតាំង របៀបដែលព្រះជាម្ចាស់បាននិងកំពុងសង្រ្គោះមនុស្សជាតិមួយជំហានម្ដងៗ និងរបៀបដែលព្រះជាម្ចាស់ជម្រះ និងផ្លាស់ប្ដូរមនុស្សនៅក្នុងគ្រាចុងក្រោយ។ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបានពិសោធនូវការបំភ្លឺ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏បានយល់អំពីសេចក្ដីពិតមួយចំនួនផងដែរ។ ខ្ញុំទទួលបានច្រើនណាស់ពីព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានដឹងគុណទ្រង់សោះឡើយ។ ពេលនេះ ដោយសារស្ថានភាពរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ ខ្ញុំបានត្អូញត្អែរដាក់ព្រះជាម្ចាស់ ហើយខ្ញុំថែមទាំងមានគំនិតស្ដាយក្រោយដែលបានជឿលើទ្រង់ទៀតផង។ តើនេះមិនមែនពិតជាការធ្វើឲ្យព្រះជាម្ចាស់ឈឺព្រះទ័យទេឬ? តើនេះមិនមែនជាការក្បត់ទេឬ? មនុស្សគ្រប់រូបដែលរស់នៅក្នុងពិភពលោកនេះនឹងត្រូវមានជំងឺ ហើយមនុស្សជាច្រើនដែលមិនជឿព្រះ ក៏កើតជំងឺធ្ងន់ធ្ងរ និងមហារីកដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែត្អូញត្អែរ ដោយគិតថាប្រសិនបើខ្ញុំមិនបានជឿព្រះជាម្ចាស់ទេ ខ្ញុំប្រហែលជាមិនកើតជំងឺនេះឡើយ។ ខ្ញុំពិតជាគ្មានហេតុផលសោះ! ទោះបីជាខ្ញុំបានកើតជំងឺនេះក៏ដោយ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទ្រង់បានបំភ្លឺ និងណែនាំខ្ញុំដោយព្រះបន្ទូលរបស់ទ្រង់ ដោយផ្ដល់ឲ្យខ្ញុំនូវការកម្សាន្តចិត្ត និងការគាំទ្រ។ ដោយមានព្រះជាម្ចាស់ជាទីពឹងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍សប្បាយរីករាយជាងអ្នកគ្មានជំនឿទៅទៀត។ ម្យ៉ាងវិញទៀត ខ្ញុំគឺជាភាវៈដែលព្រះបានបង្កើតម្នាក់។ ព្រះជាម្ចាស់បានបង្កើតខ្ញុំមក ហើយទោះបីជាទ្រង់យកជីវិតខ្ញុំត្រឡប់ទៅវិញក៏ដោយ ក៏ខ្ញុំមិនគួរត្អូញត្អែរដាក់ទ្រង់ដែរ ហើយរឹតតែមិនគួរស្ដាយក្រោយដែលបានជឿព្រះជាម្ចាស់ឡើយ។ ខ្ញុំគួរតែចុះចូល។ បន្ទាប់មក ខ្ញុំបានអធិស្ឋានដោយការចុះចូលទៅកាន់ព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ធូរស្រាលក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំលែងខ្លាចស្លាប់ទៀតហើយ។

នៅក្នុងការប្រជុំមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលបានផ្ដល់ឲ្យខ្ញុំនូវការយល់ដឹងខ្លះៗអំពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដោយសារមនុស្សសព្វថ្ងៃនេះគ្មានភាពជាមនុស្សដូចជាយ៉ូប ម្ល៉ោះហើយ តើអ្វីជាសារជាតិធម្មជាតិរបស់ពួកគេ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់? តើពួកគេកោតខ្លាចដល់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? អ្នកដែលមិនកោតខ្លាចដល់ព្រះជាម្ចាស់ ឬមិនគេចចេញពីសេចក្ដីអាក្រក់ទេ អាចហៅដោយខ្លីត្រឹមពាក្យបីម៉ាត់ថា 'សត្រូវព្រះ'។ អ្នករាល់គ្នាតែងនិយាយពាក្យបីម៉ាត់នេះ ប៉ុន្តែ អ្នករាល់គ្នាមិនធ្លាប់បានដឹងពីអត្ថន័យពិតនៃពាក្យនេះទេ។ ពាក្យ 'សត្រូវព្រះ' នេះ មានន័យខ្លឹមសារថា៖ ពាក្យទាំងនេះពុំមែនចង់បានន័យថា ព្រះជាម្ចាស់ ចាត់ទុកមនុស្សជាខ្មាំងសត្រូវទេ ប៉ុន្តែគឺមនុស្សវិញទេ ដែលចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវនោះ។ ដំបូង ពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តើក្នុងចំណោមពួកគេ មានម្នាក់ណាដែលគ្មានគោលដៅ គោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះ? ទោះបីជាមនុស្សមួយចំនួន ជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងបានឃើញពីអត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នៅតែមានការជំរុញចិត្តទាំងនោះដដែល ហើយគោលបំណងចុងក្រោយរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបានព្រះពរ និងរបស់ដែលពួកគេចង់បានពីទ្រង់។ ក្នុងបទពិសោធជីវិតរបស់មនុស្ស ពួកគេរមែងគិតក្នុងចិត្តថា៖ 'ខ្ញុំបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំដើម្បីព្រះជាម្ចាស់ហើយ ដូច្នេះតើព្រះអង្គបានប្រទានអ្វីខ្លះដល់ខ្ញុំ? ខ្ញុំត្រូវរាប់ និងបញ្ជាក់ឱ្យបានច្បាស់។ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ខ្ញុំបានលះបង់យ៉ាងច្រើនក្នុងអំឡុងពេលនេះ ខ្ញុំបានរត់ចុះរត់ឡើង ហើយបានរងទុក្ខយ៉ាងច្រើន តើព្រះជាម្ចាស់មានបានប្រទានសេចក្ដីសន្យាណាមួយដល់ខ្ញុំ ជាការតបស្នងចំពោះការប្រព្រឹត្តរបស់ខ្ញុំក្នុងអំឡុងពេលនេះដែរឬទេ? តើទ្រង់បាននឹកចាំពីអំពើល្អរបស់ខ្ញុំដែរឬទេ? តើលទ្ធផលរបស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលបានព្រះពរដែរឬទេ? ...' នៅក្នុងចិត្ត មនុស្សគ្រប់គ្នាតែងតែគិតគូរពីរឿងបែបនេះជាញឹកញាប់ និងឥតឈប់ឈរ ដោយរក្សាទុកនូវការជំរុញចិត្ត មហិច្ឆតា និងផ្នត់គំនិតបែបដោះដូរ នៅពេលដែលពួកគេទាមទាររបស់ផ្សេងៗពីព្រះជាម្ចាស់។ នេះមានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងល្បងលព្រះជាម្ចាស់ តែងរៀបផែនការអំពីព្រះជាម្ចាស់ តែង 'ជជែកវែកញែក' ជាមួយព្រះជាម្ចាស់ដើម្បីលទ្ធផលផ្ទាល់ខ្លួនរបស់គេជានិច្ច និងព្យាយាមបង្ខំយកសេចក្ដីថ្លែងពីព្រះជាម្ចាស់ និងមើលថាតើ ព្រះជាម្ចាស់នឹងប្រទានអ្វីដែលគេចង់បានដែរឬអត់។ ក្នុងពេលដែលមនុស្សកំពុងដេញតាមព្រះជាម្ចាស់ មនុស្សមិនបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ជានិច្ច ដោយទាមទាររបស់ពីទ្រង់ឥតឈប់ ហើយថែមទាំងដាក់សម្ពាធលើទ្រង់គ្រប់ជំហានទៀតផង បានមួយហើយមិនស្កប់ ចង់បានដប់បន្ថែមទៀត។ ក្នុងពេលដែលគេកំពុងចរចាជាមួយព្រះជាម្ចាស់នោះ មនុស្សក៏ប្រកែកជាមួយទ្រង់ដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាទន់ជ្រាយ អវិជ្ជមាន និងធ្វេសប្រហែសនៅក្នុងកិច្ចការរបស់គេ និងពោរពេញទៅដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ឥតឈប់ នៅពេលដែលការល្បងលកើតមានចំពោះពួកគេ ឬនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេធ្លាក់ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដំបូងមក គេបានចាត់ទុកព្រះជាម្ចាស់ថាជាប្រភពនៃភោគទ្រព្យសម្បូរបែប ជាឧបករណ៍ពហុបំណង ហើយគេបានចាត់ទុកខ្លួនឯងថាជាម្ចាស់បំណុលដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហាក់បីដូចជាការទាមទារព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់ គឺជាសិទ្ធិ និងកាតព្វកិច្ចពីកំណើតរបស់គេ ចំណែកឯការការពារ ការយកចិត្តទុកដាក់ និងការផ្គត់ផ្គង់ដល់មនុស្ស គឺជាការទទួលខុសត្រូវដែលព្រះជាម្ចាស់គួរតែបំពេញយ៉ាងដូច្នោះដែរ។ នេះគឺជាការយល់ដឹងជាមូលដ្ឋាននៃឃ្លា 'ការជឿលើព្រះជាម្ចាស់' របស់អស់អ្នកដែលជឿលើព្រះជាម្ចាស់ ហើយនេះគឺជាការយល់ដឹងដ៏ជ្រាលជ្រៅបំផុតរបស់ពួកគេ អំពីទស្សនាទាននៃការជឿលើព្រះជាម្ចាស់។ ចាប់ពីសារជាតិធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមបែបអត្តនោម័តរបស់គេ គឺគ្មានអ្វីដែលទាក់ទងនឹងការកោតខ្លាចដល់ព្រះជាម្ចាស់ឡើយ។ គោលដៅរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ មិនអាចមានអ្វីទាក់ទងនឹងការថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ។ នេះមានន័យថា មនុស្សមិនដែលមានបំណងចង់កោតខ្លាច និងថ្វាយបង្គំព្រះជាម្ចាស់ នៅក្នុងជំនឿរបស់គេលើព្រះជាម្ចាស់ឡើយ ហើយក៏មិនដែលយល់ថា រឿងបែបនេះត្រូវបានតម្រូវឱ្យមាន នៅក្នុងការជឿលើព្រះជាម្ចាស់នោះដែរ។ ដោយយោងតាមសភាពនេះ សារជាតិរបស់មនុស្សគឺច្បាស់ណាស់។ តើសារជាតិនេះគឺជាអ្វី? គឺថា ដួងចិត្តរបស់មនុស្សមានភាពព្យាបាទ អាក្រក់ និងបោកបញ្ឆោត មិនស្រឡាញ់ភាពយុត្តិធម៌ សេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមានឡើយ ហើយវាគួរឱ្យស្អប់ខ្ពើម និងលោភលន់។ ចិត្តរបស់មនុស្សបិទជិតឈឹងចំពោះព្រះជាម្ចាស់។ មនុស្សមិនប្រគល់ដួងចិត្តរបស់ខ្លួនថ្វាយដល់ព្រះជាម្ចាស់សោះឡើយ។ ព្រះជាម្ចាស់ពុំដែលទតឃើញពីដួងចិត្តពិតរបស់មនុស្សទេ ហើយទ្រង់ក៏មិនដែលត្រូវបានមនុស្សថ្វាយបង្គំដែរ។ ទោះបីជាព្រះជាម្ចាស់លះបង់តម្លៃធំធេងយ៉ាងណា ឬធ្វើកិច្ចការច្រើនយ៉ាងណា ឬប្រទានដល់មនុស្សច្រើនប៉ុនណាក៏ដោយ ក៏មនុស្សនៅតែខ្វាក់ដដែល ហើយពួកគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះ។ មនុស្សមិនដែលប្រគល់ដួងចិត្តរបស់គេថ្វាយដល់ព្រះជាម្ចាស់ឡើយ គេគ្រាន់តែគ្រប់គ្រងចិត្តរបស់ខ្លួនប៉ុណ្ណោះ ចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនគេប៉ុណ្ណោះ ហើយអត្ថន័យបង្កប់នៃរឿងនេះគឺថា មនុស្សមិនចង់ដើរលើផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ឬចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះដែរ។ សភាពរបស់មនុស្សសព្វថ្ងៃនេះ គឺបែបនេះឯង» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់បានបើកសម្ដែងពីបំណង និងវិធីសាស្ត្ររបស់មនុស្សដែលជឿព្រះជាម្ចាស់ ដើម្បីព្យាយាមធ្វើការដោះដូរជាមួយទ្រង់។ ព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សទាំងនេះមានសារជាតិដែលគួរឱ្យស្អប់ខ្ពើម លោភលន់ ពុតត្បុត និងបោកបញ្ឆោត។ ទឹកដម និងឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញពីសេចក្ដីស្អប់ និងការស្អប់ខ្ពើមចំពោះមនុស្សប្រភេទនេះ ហើយខ្ញុំទទួលអារម្មណ៍ពីសេចក្ដីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំបានប្រៀបធៀបការប្រព្រឹត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ ជាមួយនឹងការប្រព្រឹត្តរបស់ខ្ញុំផ្ទាល់ ខ្ញុំបានឃើញថា ខ្ញុំក៏បានប្រព្រឹត្តចំពោះទ្រង់ដូចគ្នាដែរ។ ពេលខ្ញុំបានដឹងថា នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយាងមកធ្វើកិច្ចការដើម្បីបញ្ចប់យុគសម័យនេះ ហើយថាអ្នកដែលត្រូវបានព្រះជាម្ចាស់សង្រ្គោះ នឹងអាចរស់រានមានជីវិត ហើយចូលទៅក្នុងនគរព្រះ ដើម្បីសោយសុខព្រះពរដ៏អស់កល្បជានិច្ច ខ្ញុំចង់បានព្រះពរដែលព្រះជាម្ចាស់នឹងប្រទានដល់មនុស្សយ៉ាងខ្លាំង ដូច្នេះខ្ញុំក៏ជ្រើសរើសជឿលើព្រះជាម្ចាស់។ បន្ទាប់ពីខ្ញុំបានចាប់ផ្ដើមជឿព្រះជាម្ចាស់មក ខ្ញុំបានដេញតាមយ៉ាងសកម្ម ហើយក្នុងរយៈពេលមួយឆ្នាំ ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចពេញម៉ោង។ ខ្ញុំមិនបានរួញរាពីការបំពេញភារកិច្ចកាត់តទេ ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ហើយបានផ្ដួចផ្ដើមគំនិតរៀនជំនាញវិជ្ជាជីវៈ ដោយខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ខ្ញុំបានគិតថា ដោយសារតែខ្ញុំសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងនេះ ព្រះជាម្ចាស់ប្រាកដជាសព្វព្រះទ័យនឹងខ្ញុំ ហើយពេញព្រះទ័យនឹងខ្ញុំ ហើយខ្ញុំនឹងមានសង្ឃឹមខ្ពស់ក្នុងការទទួលបានព្រះពរនៅពេលអនាគត។ នៅពេលខ្ញុំត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកថ្លើមប្រភេទបេកំពុងធ្វើទុក្ខ ខ្ញុំបានត្អូញត្អែរដាក់ព្រះជាម្ចាស់នៅក្នុងចិត្ត ហើយបានគិតថា ព្រះជាម្ចាស់មិនគួរឲ្យខ្ញុំឈឺទេ ព្រោះខ្ញុំសកម្មក្នុងការបំពេញភារកិច្ចណាស់។ ខ្ញុំគិតថា ប្រសិនបើខ្ញុំទៅផ្ទះដើម្បីសម្រាកព្យាបាល ខ្ញុំនឹងមិនអាចបំពេញភារកិច្ចបានទេ ហើយខ្ញុំនឹងមិនទទួលបានព្រះពរនៅពេលអនាគតឡើយ ដូច្នេះខ្ញុំមានអារម្មណ៍ទុក្ខព្រួយយ៉ាងខ្លាំង។ បន្ទាប់ពីត្រឡប់ទៅផ្ទះវិញ ខ្ញុំបានសាកល្បងគ្រប់វិធីដើម្បីព្យាបាលជំងឺរបស់ខ្ញុំ ហើយសង្ឃឹមថាព្រះជាម្ចាស់នឹងព្យាបាលខ្ញុំឲ្យឆាប់ជា។ នៅពេលស្ថានភាពរបស់ខ្ញុំមិនបានធូរស្រាល តែបែរជាធ្ងន់ធ្ងរទៅវិញ ខ្ញុំមានអារម្មណ៍ទុក្ខព្រួយ និងអស់សង្ឃឹមយ៉ាងខ្លាំង។ ខ្ញុំមិនចង់អធិស្ឋាន ហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬរៀនបច្ចេកទេសកាត់តទៀតហើយ និងបានរស់នៅក្នុងភាពអវិជ្ជមាន។ ក្រោយមក ខ្ញុំបានអធិស្ឋានដោយមិនស្មោះត្រង់ទៅកាន់ព្រះជាម្ចាស់ ដោយនិយាយថាការរីកចម្រើនក្នុងជីវិតរបស់ខ្ញុំយឺតយ៉ាវ ដោយសារតែខ្ញុំមិនបានបំពេញភារកិច្ច។ ន័យបង្កប់របស់ខ្ញុំគឺចង់សុំឲ្យព្រះជាម្ចាស់យកជំងឺរបស់ខ្ញុំចេញ ដើម្បីឲ្យខ្ញុំអាចបន្តបំពេញភារកិច្ចបាន។ តាមពិតទៅ ខ្ញុំចង់ចេញទៅក្រៅ និងបំពេញភារកិច្ច មិនមែនដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ទេ ប៉ុន្តែគឺដើម្បីគោលដៅអនាគតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំខ្លាចថា ប្រសិនបើខ្ញុំមិនអាចបំពេញភារកិច្ចបានទេ ខ្ញុំនឹងគ្មានគោលដៅល្អឡើយ ប៉ុន្តែពេលខ្ញុំអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ខ្ញុំបាននិយាយថា ខ្ញុំចង់បំពេញភារកិច្ចដើម្បីដេញតាមសេចក្ដីពិត និងបំពេញព្រះហឫទ័យទ្រង់ទៅវិញ។ តើខ្ញុំមិនមែនកំពុងព្យាយាមបោកបញ្ឆោតព្រះជាម្ចាស់យ៉ាងច្បាស់ក្រឡែតទេឬ? ខ្ញុំបានឃើញថា បំណងរបស់ខ្ញុំក្នុងការជឿព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺគ្រាន់តែដើម្បីទទួលបានព្រះពរ និងផលប្រយោជន៍ពីទ្រង់ប៉ុណ្ណោះ។ អ្វីដែលខ្ញុំព្យាយាមធ្វើទាំងអស់ គឺធ្វើការដោះដូរ និងទាមទារពីព្រះជាម្ចាស់ ហើយខ្ញុំគ្មានភាពស្មោះត្រង់សោះឡើយ។ ខ្ញុំត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយអ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន គឺបានមកពីព្រះជាម្ចាស់។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានទទួលយកសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់ ដែលនេះសុទ្ធតែជាក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំគ្មានចិត្តដឹងគុណចំពោះទ្រង់សោះឡើយ។ ខ្ញុំថែមទាំងព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ បោកបញ្ឆោតទ្រង់ និងប្រើប្រាស់ទ្រង់ទៀតផង។ ខ្ញុំគ្មានមនសិការ ឬវិចារណញ្ញាណសោះឡើយ។ ខ្ញុំពិតជាគួរឱ្យស្អប់ខ្ពើមណាស់! ខ្ញុំគ្មានភាពជាមនុស្សសោះឡើយ! ប្រសិនបើជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ តែងតែលាយឡំជាមួយនឹងការប៉ុនប៉ងធ្វើការដោះដូរជាមួយទ្រង់នោះ ទ្រង់នឹងមិនសព្វព្រះទ័យនឹងខ្ញុំឡើយ ទោះបីជាខ្ញុំបំពេញភារកិច្ចច្រើនប៉ុនណាក៏ដោយ។ និស្ស័យពុករលួយដែលបម្រើប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ មិនបានផ្លាស់ប្ដូរសោះឡើយ ហើយខ្ញុំនៅតែជាមនុស្សអាត្មានិយម ថោកទាប ទុច្ចរិត និងបោកបញ្ឆោត។ តើខ្ញុំអាចទទួលបានសេចក្ដីសង្រ្គោះដោយរបៀបណា បើខ្ញុំមានសភាពបែបនេះ? ខ្ញុំបានគិតដល់ការដែលប៉ូលបានធ្វើការងារជាច្រើន និងរងទុក្ខយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនបានដេញតាមសេចក្ដីពិតសោះឡើយ ហើយនិស្ស័យពុករលួយរបស់គាត់មិនបានផ្លាស់ប្ដូរបន្តិចសោះ។ គាត់ថែមទាំងបានប្រើការងារ និងការលះបង់របស់គាត់ធ្វើជាដើមទុន ដើម្បីទាមទារមកុដពីព្រះជាម្ចាស់ទៀតផង ដោយនិយាយថា «មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៨)។ ន័យបង្កប់គឺថា ព្រះជាម្ចាស់នឹងមិនសុចរិតទេ ប្រសិនបើទ្រង់មិនប្រទានមកុដដល់ប៉ូល។ គាត់បានស្រែកប្រឆាំងនឹងព្រះជាម្ចាស់ដោយឥតលាក់លៀម ដែលបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយបណ្ដាលឲ្យគាត់ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោស។ ពេលខ្ញុំរិះគិតអំពីចំណុចនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយបានដឹងថា ការជឿព្រះជាម្ចាស់ដោយគ្រាន់តែដេញតាមព្រះពរ គឺមានផលវិបាកធ្ងន់ធ្ងរណាស់។ ទើបខ្ញុំយល់ថា បំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងការណ៍ដែលខ្ញុំកើតជំងឺនេះ។ ខ្ញុំបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលដេញតាមសេចក្ដីពិតឡើយ ខ្ញុំគ្រាន់តែបានដេញតាមព្រះពរ និងព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនចង់ឲ្យខ្ញុំបន្តដើរលើផ្លូវខុស ដូច្នេះទ្រង់បានប្រើជំងឺដើម្បីបញ្ឈប់ខ្ញុំមិនឲ្យបន្តទៅមុខទៀត ដោយបើកសម្ដែងពីបំណងមិនបរិសុទ្ធរបស់ខ្ញុំក្នុងការដេញតាមព្រះពរ ដោយបង្ខំឲ្យខ្ញុំស្ងប់ចិត្ត និងឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានហ្មត់ចត់ ដើម្បីឲ្យខ្ញុំកែប្រែទស្សនៈខុសឆ្គងដែលនៅពីក្រោយការដេញតាមរបស់ខ្ញុំបានទាន់ពេលវេលា។ ប្រសិនបើខ្ញុំមិនបានកើតជំងឺនេះទេ ខ្ញុំច្បាស់ជាមិនអាចស្គាល់ខ្លួនឯងបានសោះឡើយ។ ទើបខ្ញុំយល់អំពីព្រះហឫទ័យដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ ហើយភ្លាមៗនោះ ការយល់ច្រឡំ និងការត្អូញត្អែររបស់ខ្ញុំចំពោះព្រះជាម្ចាស់ពីមុនមកក៏រលាយបាត់អស់។ ផ្ទុយទៅវិញ ចិត្តរបស់ខ្ញុំពោរពេញដោយការដឹងគុណចំពោះទ្រង់។ ខ្ញុំបានដឹងថា នៅពេលអនាគត ខ្ញុំមិនអាចទាមទារពីព្រះជាម្ចាស់ទៀតទេ មិនថាជំងឺរបស់ខ្ញុំជា ឬមិនជាក៏ដោយ។ ផ្ទុយទៅវិញ ខ្ញុំត្រូវតែជឿ និងចុះចូលចំពោះព្រះជាម្ចាស់ឲ្យបានត្រឹមត្រូវ។ ពីរបីថ្ងៃក្រោយមក ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនដឹងថាទូលបង្គំនឹងប្រឈមមុខនឹងអ្វីទេ នៅពេលទៅមន្ទីរពេទ្យថ្ងៃនេះ។ ប៉ុន្តែទូលបង្គំជឿថា ចេតនាល្អរបស់ព្រះអង្គ គឺស្ថិតនៅក្នុងគ្រប់កិច្ចការទាំងអស់។ មិនថាស្ថានភាពរបស់ទូលបង្គំទៅជាយ៉ាងណាទេ ទូលបង្គំសុខចិត្តចុះចូលចំពោះព្រះអង្គ»។ គ្រូពេទ្យមានការភ្ញាក់ផ្អើល ពេលគាត់ឃើញលទ្ធផលពិនិត្យរបស់ខ្ញុំ ហើយបាននិយាយថា ស្ថានភាពរបស់ខ្ញុំធ្ងន់ធ្ងរណាស់។ ថ្លើមរបស់ខ្ញុំខូច ហើយមានមេរោគរលាកថ្លើមប្រភេទបេច្រើនពេកនៅក្នុងខ្លួនខ្ញុំ ដូច្នេះខ្ញុំត្រូវការការព្យាបាលជាបន្ទាន់។ បន្ទាប់ពីឮបែបនេះ ខ្ញុំមានការព្រួយបារម្ភបន្តិច ប៉ុន្តែមិនយូរប៉ុន្មាន ខ្ញុំបានដឹងថា មិនថាជំងឺរបស់ខ្ញុំអាចព្យាបាលជា ឬមិនជា គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្វីដែលខ្ញុំត្រូវធ្វើ គឺប្រឈមមុខនឹងវា ដោយបណ្ដោយតាមធម្មជាតិ និងទទួលយកការព្យាបាល។ ចំពោះអ្វីដែលនឹងកើតឡើងនៅពេលអនាគត ខ្ញុំសុខចិត្តប្រគល់អ្វីៗទាំងអស់ទៅលើព្រះជាម្ចាស់។ ពេលខ្ញុំគិតបែបនេះ ខ្ញុំមានអារម្មណ៍ធូរស្រាល។

ក្រោយមក ខ្ញុំតែងតែមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត ដោយគិតថា «ខ្ញុំគ្រាន់តែនៅផ្ទះរាល់ថ្ងៃ ហើយមិនអាចបំពេញភារកិច្ចបាន។ តើខ្ញុំនឹងមិនក្លាយជាសំរាមទេឬ? ព្រះជាម្ចាស់នឹងមិនសព្វព្រះទ័យនឹងខ្ញុំទេ ប្រសិនបើខ្ញុំខកខានមិនបានបំពេញភារកិច្ច»។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងស្វែងរកទ្រង់។ ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏បានរកឃើញផ្លូវនៃការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ភារកិច្ចរបស់មនុស្ស និងការដែលគេទទួលបានព្រះពរ ឬជួបនឹងទុក្ខវេទនានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ ជាបេសកកម្មដែលប្រទានមកពីស្ថានសួគ៌ ហើយគេគប្បីបំពេញភារកិច្ចដោយមិនត្រូវការការប៉ះប៉ូវ លក្ខខណ្ឌ ឬលេសដោះសាអ្វីឡើយ។ មានតែបែបនេះទេ ទើបអាចហៅថាជាការបំពេញភារកិច្ចរបស់ខ្លួនបាន។ ការទទួលបានព្រះពរ គឺសំដៅលើព្រះពរដែលមនុស្សម្នាក់ទទួលបាន នៅពេលដែលពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់ពីឆ្លងកាត់ការជំនុំជម្រះរួច។ ការជួបនឹងទុក្ខវេទនា សំដៅលើការដាក់ទោសដែលមនុស្សម្នាក់បានទទួល នៅពេលដែលនិស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរួច នោះគឺនៅពេលដែលពួកគេមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុន្តែ មិនថាពួកគេទទួលបានព្រះពរ ឬជួបនឹងទុក្ខវេទនានោះទេ ភាវៈដែលព្រះបានបង្កើត គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ ពោលគឺមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ» («ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត ប្រសិនបើអ្នកអាចនិយាយថា៖ 'មិនថាព្រះជាម្ចាស់អនុញ្ញាតឱ្យមានជំងឺ ឬព្រឹត្តិការណ៍មិនល្អណាមួយកើតឡើងចំពោះខ្ញុំក៏ដោយ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ ក៏ខ្ញុំត្រូវតែចុះចូល ហើយរក្សាឋានៈរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតដែរ។ មុនគេបង្អស់ ខ្ញុំត្រូវតែយកទិដ្ឋភាពនៃសេចក្ដីពិតនេះ ពោលគឺការចុះចូល ទៅអនុវត្ត ខ្ញុំត្រូវតែអនុវត្តវា ហើយសម្ដែងចេញនូវតថភាពនៃការចុះចូលនឹងព្រះជាម្ចាស់។ លើសពីនេះទៅទៀត ខ្ញុំមិនត្រូវបោះបង់ចោលនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ខ្ញុំ និងភារកិច្ចដែលខ្ញុំគួរធ្វើឡើយ។ សូម្បីតែនៅដង្ហើមចុងក្រោយរបស់ខ្ញុំ ក៏ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្លួនដែរ' តើនេះមិនមែនជាការធ្វើបន្ទាល់ទេឬ? នៅពេលដែលអ្នកមានការតាំងចិត្តបែបនេះ និងសភាពបែបនេះ តើអ្នកនឹងនៅតែត្អូញត្អែរអំពីព្រះជាម្ចាស់ទៀតឬទេ? អត់ទេ អ្នកនឹងមិនត្អូញត្អែរឡើយ។ នៅពេលនោះ អ្នកនឹងគិតក្នុងចិត្តថា៖ 'ព្រះជាម្ចាស់ប្រទានដង្ហើមនេះដល់ខ្ញុំ ទ្រង់បានផ្គត់ផ្គង់ និងការពារខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ទ្រង់បានលើកលែងខ្ញុំពីការឈឺចាប់ជាច្រើន បានប្រទានព្រះគុណយ៉ាងច្រើន និងសេចក្ដីពិតជាច្រើនដល់ខ្ញុំ។ ខ្ញុំបានយល់សេចក្ដីពិត និងសេចក្ដីអាថ៌កំបាំងដែលមនុស្សជាច្រើនជំនាន់មិនធ្លាប់បានយល់។ ខ្ញុំទទួលបានយ៉ាងច្រើនពីព្រះជាម្ចាស់ ដូច្នេះ ខ្ញុំត្រូវតែតបស្នងសងគុណព្រះជាម្ចាស់! ពីមុន កម្ពស់របស់ខ្ញុំនៅតូចទាប ខ្ញុំមិនសូវដឹងអីទេ ហើយខ្ញុំតែងតែធ្វើរឿងដែលធ្វើឱ្យព្រះជាម្ចាស់ឈឺព្រះហឫទ័យ។ ខ្ញុំប្រហែលជាគ្មានឱកាសតបស្នងសងគុណព្រះជាម្ចាស់ទៀតទេនៅថ្ងៃអនាគត។ មិនថាខ្ញុំសល់ពេលរស់នៅប៉ុន្មានក៏ដោយ ក៏ខ្ញុំត្រូវតែថ្វាយកម្លាំងបន្តិចបន្តួចដែលខ្ញុំមាន ហើយថ្វាយដល់ព្រះជាម្ចាស់នូវអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីឱ្យព្រះជាម្ចាស់អាចទតឃើញថា ការផ្គត់ផ្គង់ដល់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកនេះ មិនមែនជារឿងឥតប្រយោជន៍ទេ ប៉ុន្តែវាបានហុចផ្លែផ្កា ហើយដើម្បីឱ្យខ្ញុំអាចនាំយកការលួងលោមចិត្តថ្វាយព្រះជាម្ចាស់ និងលែងធ្វើឱ្យទ្រង់ឈឺព្រះហឫទ័យ ឬខកព្រះហឫទ័យទៀត'។ តើការគិតបែបនេះយ៉ាងម៉េចដែរ? ចូរកុំគិតពីរបៀបសង្គ្រោះខ្លួនឯង ឬរត់គេច ដោយគិតថា៖ 'តើពេលណាទើបជំងឺនេះជាសះស្បើយ? នៅពេលវាជាសះស្បើយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងមានក្ដីស្មោះស្ម័គ្រ។ តើខ្ញុំអាចមានក្ដីស្មោះស្ម័គ្រម្ដេចនឹងបានទៅ នៅពេលខ្ញុំកំពុងឈឺនោះ? តើខ្ញុំអាចបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើតម្ដេចនឹងបានទៅ?' ឱ្យតែអ្នកនៅមានដង្ហើមដក តើអ្នកមិនអាចបំពេញភារកិច្ចរបស់អ្នកបានទេឬ? ឱ្យតែអ្នកនៅមានដង្ហើមដក តើអ្នកអាចមិននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់បានដែរទេ? ឱ្យតែអ្នកនៅមានដង្ហើមដក ឱ្យតែអ្នកនៅមានចិត្តគំនិតជ្រះស្រឡះ តើអ្នកអាចមិនរអ៊ូរទាំអំពីព្រះជាម្ចាស់បានទេ? (បាន។)» («មានតែការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានញឹកញាប់ និងការត្រិះរិះពិចារណាពីសេចក្តីពិតប៉ុណ្ណោះ ទើបអាចមានផ្លូវដើម្បីដើរតាមបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចិត្តខ្ញុំបានភ្លឺស្វាង ហើយខ្ញុំយល់ថា ភារកិច្ចរបស់យើងគ្មានអ្វីពាក់ព័ន្ធនឹងថាតើយើងទទួលព្រះពរ ឬជួបគ្រោះអកុសលនោះទេ។ ការបំពេញភារកិច្ចគឺជាការទទួលខុសត្រូវ និងជាបេសកកម្មរបស់យើងក្នុងនាមជាភាវៈដែលព្រះបានបង្កើត។ វាគ្រាន់តែជាអ្វីដែលយើងគួរធ្វើប៉ុណ្ណោះ។ នៅក្នុងសញ្ញាណរបស់ខ្ញុំ ខ្ញុំបានជឿថា ឲ្យតែខ្ញុំបំពេញភារកិច្ចកាន់តែច្រើន នោះចុងក្រោយខ្ញុំនឹងទទួលបានព្រះពរពីព្រះជាម្ចាស់។ ខ្ញុំគិតថា វាប្រៀបដូចជាពេលដែលអ្នកគ្មានជំនឿធ្វើការឲ្យថៅកែរបស់គេអញ្ចឹងដែរ គឺថាពួកគេធ្វើការកាន់តែច្រើន ពួកគេទទួលបានប្រាក់ឈ្នួលកាន់តែច្រើន។ តាមពិតទៅ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលថា ឲ្យតែយើងបំពេញភារកិច្ច និងបំពេញភារកិច្ចឲ្យបានច្រើន ទ្រង់នឹងសព្វព្រះទ័យនឹងយើង ហើយប្រទានពរដល់យើងនោះទេ។ នេះគឺផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំទាំងស្រុង ហើយមិនស្របតាមសេចក្ដីពិតសោះឡើយ។ ការបំពេញភារកិច្ច គឺជាផ្លូវមួយសម្រាប់ឲ្យយើងដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីសង្រ្គោះនៅក្នុងជំនឿរបស់យើងលើព្រះជាម្ចាស់។ ប្រសិនបើយើងបំពេញភារកិច្ច ប៉ុន្តែមិនដេញតាមសេចក្ដីពិត ដើរផ្លូវខុស ហើយគ្មានការផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់យើងទេ នោះមិនថាយើងបំពេញភារកិច្ចច្រើនប៉ុនណាឡើយ ព្រះជាម្ចាស់នឹងមិនសព្វព្រះទ័យនឹងយើងជាដាច់ខាត។ ឧទាហរណ៍ ខ្ញុំបានជឿព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ហើយខ្ញុំបានបំពេញភារកិច្ចនៅក្នុងពួកជំនុំរហូតមក។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានផ្ដោតលើការហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំសោះឡើយ។ បំណងរបស់ខ្ញុំក្នុងការបំពេញភារកិច្ច គឺដើម្បីទទួលបានព្រះពរពីព្រះជាម្ចាស់ជានិច្ច ហើយនិស្ស័យពុករលួយដ៏អាត្មានិយម និងលោភលន់របស់ខ្ញុំ មិនបានផ្លាស់ប្ដូរសោះឡើយ។ ពេលជំងឺកើតឡើងចំពោះខ្ញុំ ហើយគំរាមកំហែងដល់ជីវិតរបស់ខ្ញុំ ខ្ញុំមិនអាចទប់ចិត្តមិនឲ្យរអ៊ូរទាំ និងត្អូញត្អែរដាក់ព្រះជាម្ចាស់បានទេ។ តើនេះមិនមែនជាការបះបោរប្រឆាំង និងទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬ? ប្រសិនបើខ្ញុំនៅតែមិនដេញតាមសេចក្ដីពិត នោះចុងក្រោយនិស្ស័យរបស់ខ្ញុំនឹងមិនផ្លាស់ប្ដូរឡើយ ខ្ញុំនឹងមិនបង្ហាញការចុះចូលពិតប្រាកដ ឬការកោតខ្លាចព្រះជាម្ចាស់សោះឡើយ ហើយខ្ញុំនឹងមិនអាចធ្វើបន្ទាល់ណាមួយបានឡើយ។ ក្នុងករណីនោះ មិនថាខ្ញុំខិតខំប្រឹងប្រែងខ្លាំងប៉ុនណា ឬបំពេញភារកិច្ចច្រើនប៉ុនណាទេ វានឹងក្លាយជាអាសារបង់ទាំងអស់ ហើយខ្ញុំនឹងមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ។ ខ្ញុំបានគិតដល់យ៉ូប។ នៅក្នុងយុគសម័យរបស់គាត់ ព្រះជាម្ចាស់មិនបានធ្វើកិច្ចការច្រើនទេ ហើយទ្រង់ក៏មិនបានផ្ទុកផ្ដាក់អ្វីច្រើនដល់មនុស្សដែរ។ ជីវិតរបស់យ៉ូបភាគច្រើនគឺការឃ្វាលសត្វ ប៉ុន្តែមានកន្លែងមួយសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ គឺគាត់មានចិត្តកោតខ្លាចព្រះជាម្ចាស់។ នៅក្នុងជីវិតរបស់គាត់ គាត់តែងតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនដែលធ្វើអ្វីដែលប្រមាថដល់ព្រះជាម្ចាស់ឡើយ។ សូម្បីតែពេលការល្បងលកើតឡើងចំពោះគាត់ ហើយគាត់បាត់បង់ទ្រព្យសម្បត្តិ និងកូនៗ ហើយសូម្បីតែពេលរាងកាយរបស់គាត់ពោរពេញដោយបូសដែលឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបានក៏ដោយ ក៏គាត់មិនដែលត្អូញត្អែរដាក់ព្រះជាម្ចាស់ដែរ។ គាត់នៅតែអាចចុះចូលចំពោះព្រះជាម្ចាស់ និងសរសើរតម្កើងព្រះនាមទ្រង់។ ការសម្ដែងចេញជាក់ស្ដែងរបស់យ៉ូប បានក្លាយជាទីបន្ទាល់នៃជ័យជម្នះរបស់ព្រះជាម្ចាស់លើសាតាំង ហើយគាត់បានទទួលការសព្វព្រះទ័យពីព្រះជាម្ចាស់។ ខ្ញុំតែងតែខ្លាចថា ខ្ញុំនឹងមិនអាចបំពេញភារកិច្ចទៀតបាន ហើយត្រូវគេជម្រុះចោល។ នេះគឺជាសញ្ញាណរបស់ខ្ញុំ។ ភារកិច្ចដែលខ្ញុំអាចធ្វើបានមានកម្រិត ដោយសារតែជំងឺរបស់ខ្ញុំ។ ព្រះជាម្ចាស់ជ្រាបយ៉ាងច្បាស់អំពីស្ថានភាពរបស់ខ្ញុំ។ ឧទាហរណ៍ បងប្អូនប្រុសស្រីខ្លះមិនអាចបំពេញភារកិច្ចបាន ដោយសារពួកគេជាប់ពន្ធនាគារ ប៉ុន្តែព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលថា ទ្រង់មិនសព្វព្រះទ័យនឹងពួកគេឡើយ។ ព្រះជាម្ចាស់មិនវាស់វែងមនុស្សទៅតាមចំនួនភារកិច្ចដែលពួកគេធ្វើនោះទេ ផ្ទុយទៅវិញ ទ្រង់ទតមើលផ្លូវដែលពួកគេដើរ និងថាតើនិស្ស័យពុករលួយរបស់ពួកគេផ្លាស់ប្ដូរឬអត់។ ឥឡូវនេះ អ្វីដែលខ្ញុំគួរធ្វើ គឺទទួលយក និងចុះចូល ដោយផ្ដោតលើការហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដេញតាមសេចក្ដីពិត។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គជាពិសេសនេះ៖ «ចូរកុំគិតពីរបៀបសង្គ្រោះខ្លួនឯង ឬរត់គេច ដោយគិតថា៖ 'តើពេលណាទើបជំងឺនេះជាសះស្បើយ? នៅពេលវាជាសះស្បើយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ និងមានក្ដីស្មោះស្ម័គ្រ។ តើខ្ញុំអាចមានក្ដីស្មោះស្ម័គ្រម្ដេចនឹងបានទៅ នៅពេលខ្ញុំកំពុងឈឺនោះ? តើខ្ញុំអាចបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើតម្ដេចនឹងបានទៅ?' ឱ្យតែអ្នកនៅមានដង្ហើមដក តើអ្នកមិនអាចបំពេញភារកិច្ចរបស់អ្នកបានទេឬ? ឱ្យតែអ្នកនៅមានដង្ហើមដក តើអ្នកអាចមិននាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់បានដែរទេ? ឱ្យតែអ្នកនៅមានដង្ហើមដក ឱ្យតែអ្នកនៅមានចិត្តគំនិតជ្រះស្រឡះ តើអ្នកអាចមិនរអ៊ូរទាំអំពីព្រះជាម្ចាស់បានទេ?» តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា ពេលព្រះជាម្ចាស់តម្រូវឲ្យយើងបំពេញភារកិច្ច គឺសំដៅទៅលើការអនុវត្តសេចក្ដីពិត និងធ្វើបន្ទាល់ថ្វាយទ្រង់។ ទ្រង់មិនចង់ឲ្យមនុស្សធ្វើកិច្ចការលំបាកសម្រាប់ទ្រង់ឡើយ។ ទោះបីជាខ្ញុំមិនជាសះស្បើយពីជំងឺ ហើយខ្ញុំមិនអាចចេញទៅបំពេញភារកិច្ចបានទៀតក៏ដោយ ប្រសិនបើខ្ញុំអាចលះបង់បំណងចង់បានព្រះពរ ឈប់ព្យាយាមធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់ដោយស្ម័គ្រចិត្ត មិនថាខ្ញុំទទួលបានព្រះពរ ឬជួបគ្រោះអកុសលក៏ដោយ នេះក៏ជាភារកិច្ចដែលខ្ញុំគួរធ្វើនៅចំពោះព្រះជាម្ចាស់ដែរ។ មិនថាជំងឺរបស់ខ្ញុំវិវត្តទៅជាយ៉ាងណាទេនៅពេលអនាគត ខ្ញុំត្រូវតែបន្តជឿព្រះជាម្ចាស់ និងដេញតាមសេចក្ដីពិតយ៉ាងអស់ពីចិត្ត។ នៅពេលដែលខ្ញុំបានយល់ពីចំណុចនេះ ចិត្តរបស់ខ្ញុំពិតជាមានអារម្មណ៍ភ្លឺស្វាង ហើយខ្ញុំលែងបារម្ភថាតើខ្ញុំនឹងជាសះស្បើយពីជំងឺឬអត់ទៀតហើយ។ អារម្មណ៍នោះគឺប្រៀបដូចជាភាពធូរស្រាល និងស្រាលខ្លួន ដូចជាការដោះខ្នោះដ៏ធ្ងន់ចេញអញ្ចឹង។

បន្ទាប់ពីនោះមក ខ្ញុំបានធ្វើផែនការសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។ ខ្ញុំបានប្រណិប័តន៍ខាងវិញ្ញាណ ហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្រៀងទំនុកបរិសុទ្ធ និងរៀនបច្ចេកទេសកាត់ត ដោយរស់នៅក្នុងជីវិតដ៏ពេញលេញមួយ។ ក្រោយមក ខ្ញុំក៏បានអនុវត្តសរសេរអត្ថបទអធិប្បាយសម្រាប់ការផ្សាយដំណឹងល្អផងដែរ។ ដោយមិនដឹងខ្លួន ខ្ញុំបានភ្លេចអំពីជំងឺរបស់ខ្ញុំ ហើយជួនកាលខ្ញុំថែមទាំងភ្លេចលេបថ្នាំពេលភ្ញាក់ពីគេងនៅពេលព្រឹកទៀតផង។ មួយខែបានកន្លងផុតទៅយ៉ាងលឿន ហើយវាដល់ពេលដែលត្រូវទៅពិនិត្យសុខភាពម្ដងទៀត។ ខ្ញុំលែងភ័យ ហើយខ្ញុំលែងសង្ឃឹមថាជំងឺរបស់ខ្ញុំនឹងជាទៀតហើយ ខ្ញុំដឹងថាមានមេរៀនដែលខ្ញុំគួររៀន មិនថាវាជា ឬមិនជាក៏ដោយ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយស្ងៀមស្ងាត់ ហើយទទួលការពិនិត្យដោយចិត្តស្ងប់។ ពេលខ្ញុំទៅយកលទ្ធផលពិនិត្យ ខ្ញុំឃើញថាកម្រិតអង់ស៊ីមថ្លើមរបស់ខ្ញុំបានធ្លាក់ចុះមកត្រឹម ៣៤ U/L! ខ្ញុំខ្លាចថាខ្ញុំមើលខុស ដូច្នេះខ្ញុំក៏មើលម្ដងទៀតយ៉ាងយកចិត្តទុកដាក់។ វាពិតជា ៣៤ U/L មែន! មុខងារថ្លើមរបស់ខ្ញុំបានត្រឡប់មកធម្មតាវិញ ហើយកម្រិតមេរោគរលាកថ្លើមប្រភេទបេរបស់ខ្ញុំ ក៏បានធ្លាក់ចុះមកក្នុងកម្រិតធម្មតាដែរ។ ខ្ញុំមិនអាចជឿសោះ រហូតទាល់តែខ្ញុំដើរចេញពីមន្ទីរពេទ្យ។ វាមានអារម្មណ៍ដូចជាសុបិនអញ្ចឹង។ ខែនេះគឺជាខែដែលខ្ញុំលេបថ្នាំមិនទៀងទាត់បំផុត។ ជួនកាល ខ្ញុំថែមទាំងភ្លេចលេបថ្នាំពីរថ្ងៃជាប់គ្នាទៀតផង ប៉ុន្តែជំងឺរបស់ខ្ញុំបានជាសះស្បើយដោយខ្ញុំមិនដឹងខ្លួនសោះ។ ខ្ញុំបានបញ្ជាក់នៅក្នុងចិត្តថា នេះគឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ទី ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា របស់សព្វសារពើ មិនថាមានជីវិត ឬគ្មានជីវិតឡើយ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយពួកវាសុទ្ធតែប្រែប្រួលទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ពួកវាមិនទទួលឥទ្ធិពលពីកត្តាផ្សេងៗឡើយ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ឧទាហរណ៍ ថាតើជំងឺរបស់ខ្ញុំអាចព្យាបាលជា ឬមិនជា គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំរស់នៅក្នុងសភាពមិនត្រឹមត្រូវ មិនថាខ្ញុំបានព្យាបាលជំងឺរបស់ខ្ញុំយ៉ាងណាទេ វាកាន់តែធ្ងន់ធ្ងរទៅៗ មិនដែលធូរស្រាលសោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីខ្លួនឯង ហើយសភាពរបស់ខ្ញុំបានប្រែប្រួលខ្លះ ខ្ញុំបានជាសះស្បើយយ៉ាងឆាប់រហ័ស ទោះបីជាខ្ញុំលេបថ្នាំមិនទៀងទាត់ក៏ដោយ។ ព្រះជាម្ចាស់ពិតជាមានគ្រប់ព្រះចេស្ដា ហើយស្នាព្រះហស្ដរបស់ទ្រង់ ពិតជាអស្ចារ្យណាស់! ខ្ញុំបានសរសើរតម្កើងព្រះជាម្ចាស់ចេញពីជម្រៅចិត្តរបស់ខ្ញុំ។ ជំងឺនេះបានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំ ហើយខ្ញុំបានរងទុក្ខយ៉ាងខ្លាំងក្នុងអំឡុងពេលនោះ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈបទពិសោធនេះ ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់មានការកើនឡើង ដូច្នេះខ្ញុំមានអារម្មណ៍ថា ការកើតជំងឺនេះពិតជាមានតម្លៃណាស់!

តាមរយៈជំងឺនេះ ខ្ញុំបានយល់អំពីបំណងមិនបរិសុទ្ធរបស់ខ្ញុំក្នុងការដេញតាមព្រះពរនៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ ហើយខ្ញុំក៏បានឃើញមុខមាត់ដ៏អាក្រក់របស់ខ្ញុំយ៉ាងច្បាស់ដែរ គឺខ្ញុំមានភាពអាត្មានិយម និងថោកទាប។ ខ្ញុំបានឃើញថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ គឺដើម្បីជម្រះខ្ញុំ ដឹកនាំខ្ញុំទៅកាន់ផ្លូវដែលត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ ហើយធ្វើឲ្យខ្ញុំរស់នៅដោយមានភាពជាមនុស្ស និងវិចារណញ្ញាណ។ ជំងឺនេះបាននាំមកនូវចំណុចរបត់មួយនៅក្នុងផ្លូវនៃជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ខ្ញុំពិតជាបានពិសោធដឹងថា ការដែលជំងឺនេះកើតឡើងចំពោះខ្ញុំ គឺជាព្រះពររបស់ព្រះជាម្ចាស់ ហើយខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីជម្រៅចិត្តរបស់ខ្ញុំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការដេញតាមព្រះពរ ស្របតាមព្រះទ័យព្រះដែរឬទេ?

ដោយក្លូដ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៨ ខ្ញុំមានសំណាងណាស់ ដែលបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ។ ខ្ញុំរំភើបណាស់...

ការល្បងលនៃកូនចៅរបស់ម៉ូអាប់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ...