ការឆ្លុះបញ្ចាំងក្រោយពេលប្រើមនុស្សខុស

07-08-2023

នារដូវក្ដៅ ឆ្នាំ២០២០ ខ្ញុំទទួលខុសត្រូវការងារអត្ថបទរបស់ក្រុមជំនុំ។ ថ្ងៃមួយ ខ្ញុំកត់សម្គាល់ឃើញ ប្អូនយ៉ាងខេន ពូកែប្រើពាក្យពេចន៍ និងជាអ្នកនិពន្ធឆ្នើមមួយរូប។ ការគិតរបស់គាត់ក្នុងការប្រកបគ្នាច្បាស់លាស់ល្អ ហើយគាត់មានក្ដីឧស្សាហ៍ព្យាយាមក្នុងភារកិច្ច។ ខ្ញុំចង់ឱ្យគាត់ធ្វើការងារខាងអត្ថបទ។ បន្ទាប់ពីស៊ើបសួរខ្លះហើយ ខ្ញុំក៏បានដឹងថា សមាជិកភាគច្រើនគិតថា គាត់មាននិស្ស័យក្រអឺតក្រទម ថាគាត់តែងចង់ឱ្យអ្នកដទៃស្ដាប់តាមខ្លួន ហើយពិបាកនឹងសហការជាមួយគ្នាណាស់ តែគាត់អាចទទួលយកការដោះស្រាយជាមួយ អាចឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង។ ខ្ញុំគិតក្នុងចិត្តថា៖ «ទោះបីគាត់ក្រអឺតក្រទមបន្តិចមែន ឱ្យតែគាត់អាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយ នោះមិនយូរទេ គាត់នឹងផ្លាស់ប្ដូរមិនខាន អ៊ីចឹង គួរតែគ្មានបញ្ហាធំដុំអ្វីទេ»។ ដូច្នេះ ខ្ញុំក៏រៀបចំឱ្យគាត់ចាប់ផ្ដើមធ្វើការងារខាងអត្ថបទ។ ដើម្បីបញ្ជាក់ពីគំនិតខ្ញុំ ពេលខ្ញុំជួបប្អូនយ៉ាងខេន ខ្ញុំបានលាតត្រដាងគាត់រឿងគាត់ក្រអឺតក្រទម ហើយមិនទទួលយកយោបល់អ្នកដទៃ ហើយបានប្រកបគ្នាថា គាត់កំពុងដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីចង់ដឹងថាតើគាត់មានការយល់ដឹងបែបណា។ គាត់និយាយទាំងទឹកមុខស្ដាយក្រោយថា៖ «បងស្រី បើកុំតែបានបងប្រកបគ្នា ម្ល៉េះសមខ្ញុំមិនបានដឹងពីបញ្ហាធ្ងន់ធ្ងរនេះទេ។ ខ្ញុំពិតជាមានធម្មជាតិក្រអឺតក្រទមមែន។ ខ្ញុំចង់ប្រែចិត្ត»។ ពេលឃើញគាត់មានការភ្ញាក់រលឹក និងការស្ដាយក្រោយខ្លះ ខ្ញុំក៏ចាត់ទុកថា នេះជាការបញ្ជាក់ថា ប្អូនយ៉ាងខេន ពុំមានបញ្ហាធំដុំអ្វីទេ។ ហើយគាត់ក៏មានសេចក្ដីក្លៀវក្លាក្នុងភារកិច្ចដែរ ដូច្នេះ ខ្ញុំក៏ជ្រើសគាត់ឱ្យធ្វើជាអ្នកដឹកនាំក្រុម។ កន្លងទៅបានមួយរយៈ ការងារដែលគាត់គ្រប់គ្រង មិនសូវមានប្រសិទ្ធភាពទេ។ បងស្រី លី ស៊ីនមីង ជាអ្នកធ្វើការជាមួយខ្ញុំ បានទៅពិនិត្យមើលបញ្ហានេះ ហើយរកឃើញថា យ៉ាងខេន និងប្អូនស្រីម្នាក់ទៀត ធ្វើការមិនចុះសម្រុងគ្នាទេ។ តែតាមរយៈការប្រកបគ្នាខ្លះ ប្អូនយ៉ាងខេនក៏មានការដឹងខ្លួនខ្លះ។ ខ្ញុំពុំបានគិតល្អិតល្អន់ពីបញ្ហានេះទេ។ នៅក្នុងការជួបជុំគ្នាមួយ អ្នកដឹកនាំខ្ញុំព្រមានខ្ញុំថា យ៉ាងខេនក្រអឺតក្រទមគួរសម ហើយតែងចង់ឱ្យអ្នកដទៃស្ដាប់តាមខ្លួន ហើយគាត់កំពុងដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ ពីមុនមក គាត់ក៏ធ្លាប់បានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរដែរ។ គាត់ចង់ឱ្យខ្ញុំតាមដាន និងមើលការខុសត្រូវការងារយ៉ាងខេនឱ្យបានច្រើន និងសួរនាំព័ត៌មានថាតើគាត់ធ្វើការយ៉ាងម៉េចហើយ។ ប៉ុន្តែពេលនោះ ខ្ញុំជឿជាក់ខ្លួនឯងខ្លាំងណាស់ ហើយនិយាយប្រាប់អ្នកដឹកនាំទាំងជំនឿចិត្តថា៖ «យ៉ាងខេនពិតជាក្រអឹតក្រទមពិតមែន តែគាត់អាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយបាន ដូច្នេះ គាត់ជាមនុស្សស័ក្តិសមហើយ»។ ខ្ញុំក៏បានប្រាប់អ្នកដឹកនាំពីចំនួនដងដែលខ្ញុំបានដោះស្រាយជាមួយយ៉ាងខេនដែរ។ បន្ទាប់មក ខ្ញុំមិនបានគិតអ្វីច្រើនពីការព្រមានរបស់អ្នកដឹកនាំទេ។

ពីរខែក្រោយមក ការងារដែលយ៉ាងខេនទទួលបន្ទុក នៅតែគ្មានការរីកចម្រើន។ ពេលខ្ញុំទៅពិនិត្យមើលបញ្ហានោះ យ៉ាងខេនបានរាយការណ៍ប្រាប់ខ្ញុំថា សមាជិកក្រុមម្នាក់ឈ្មោះ លីនឡាន មានគុណសម្បត្តិមិនល្អ ហើយនៅតែមិនទាន់យល់ពីគោលការណ៍ទៀត។ យ៉ាងខេនត្រូវជួយប្អូនស្រីនោះគ្រប់រឿង ដែលខាតពេលគាត់អស់ច្រើន ហើយធ្វើឱ្យគាត់មិនអាចបញ្ចប់កិច្ចការបានឆាប់។ នោះហើយជាមូលហេតុដែលនាំឱ្យការងារយឺតយ៉ាវ។ ពេលឮបែបនេះ ខ្ញុំយល់ថា ពួកគាត់គ្មានលទ្ធផល មកតែពីប្អូនលីឡាននេះហើយ។ ក្រោយមកទៀត បងស៊ីនមីងថា៖ «ការងារក្រុមនេះ គ្មានឃើញចេញជាលទ្ធផលអ្វីទេ។ យ៉ាងខេនគឺជាអ្នកដឹកនាំក្រុម ដូច្នេះ តើនេះមិនមែនមកពីគាត់ទេអី?» ពេលខ្ញុំឮបែបនេះ ខ្ញុំមានគំនិតមិនយល់ស្របច្រើន។ ខ្ញុំថា៖ «យ៉ាងខេនពិតជាក្រអឺតក្រទមមែន តែគាត់អាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយបាន គាត់មានការយល់ដឹងពីគោលការណ៍បានល្អ ហើយរែកពុនបន្ទុកការងារទៀត។ ការងារគ្មានលទ្ធផល ប្រហែលអាចមិនមែនមកពីគាត់ទេ។ ប្អូនលីនឡានពិតជាខ្វះគុណសម្បត្តិមែន អ៊ីចឹងគាត់អាចជាអ្នកធ្វើឱ្យរាំងស្ទះដល់ការរីកចម្រើនៃការងារ។ ឱ្យតែយើងធ្វើការផ្លាស់ប្ដូរបុគ្គលិកសមស្រប យ៉ាងខេនមុខជាអាចប្រើចំណុចខ្លាំងរបស់គាត់បាន ហើយការងារគាត់មុខជាបានប្រសើរមិនខាន»។ អ្នកធ្វើការជាមួយខ្ញុំ ពុំស្គាល់យ៉ាងខេនច្បាស់ទេ ដូច្នេះ បន្ទាប់ពីខ្ញុំនិយាយបែបនេះ ពួកគាត់ក៏យល់ព្រមផ្ទេរប្អូនលីនឡានចេញ។ មិនយូរប៉ុន្មាន ខ្ញុំបានបញ្ជូនយ៉ាងខេន ទៅធ្វើការជាមួយបងប្អូនដែលទើបទទួលការបណ្ដុះបណ្ដាលកិច្ចការខាងអត្ថបទ ដើម្បីឱ្យគាត់អាចជួយណែនាំការងារពួកគេបាន។ ខ្ញុំយល់ថា បើខ្ញុំឱ្យយ៉ាងខេនបណ្ដុះបណ្ដាលបងប្អូនទាំងនេះមួយរយៈ ពួកគេច្បាស់ជារីកចម្រើនក្នុងការងារមិនខាន។

បានមួយខែ យើងបានដឹងថា បងប្អូនទាំងនោះប្រែជាអវិជ្ជមានក្នុងភារកិច្ច ដោយថា ពួកគេមានគុណសម្បត្តិមិនល្អ។ ហើយពួកគេមិនត្រឹមតែធ្វើការមិនបានល្អទេ តែពួកគេថែមទាំងខ្ជីខ្ជាទៀតផង។ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់។ មុនពេលយ៉ាងខេនមកដល់ សមាជិកសុទ្ធតែសកម្មគ្រប់គ្នា ម៉េចពេលគាត់មកដល់ ពួកគេបែរជាបាក់ទឹកចិត្តទៅវិញ? ក្រោយមក បងស៊ីនមីង លើកឡើងថា គាត់យល់ថា យ៉ាងខេនមានបញ្ហា ហើយបានសួរខ្ញុំថា យ៉ាងខេនជាមនុស្សបែបណា។ តែខ្ញុំនៅតែចចេសថា យ៉ាងខេនជាមនុស្សម្នាក់ដែលអាចទទួលយកសេចក្ដីពិតបាន។ ពេលនោះ បងស៊ីនមីង បន្តថា៖ «នៅមុខប្អូន គាត់ចេះតែទទួលយកការលួសកាត់ និងការដោះស្រាយជាមួយហើយ តែជួនកាល ពេលយើងនិយាយពីបញ្ហាគាត់ គាត់ពិតជារឹងរូសមែន»។ ខ្ញុំភ្ញាក់ផ្អើលណាស់៖ តើខ្ញុំពិតជាត្រូវរូបភាពក្លែងក្លាយរបស់យ៉ាងខេនបោកបានមែនទេ? ដូច្នេះហើយ មិនយូរប៉ុន្មាន ខ្ញុំបានឱ្យប្អូនស៊ីនយី ទៅពិនិត្យមើលស្ថានភាពនៅទីនោះឱ្យបានច្បាស់។ គាត់រកឃើញថា យ៉ាងខេន ប្រើសិទ្ធិអំណាចខ្លួនទាំងបំពាន ហើយបើនរណាមានគំនិតខុសពីគាត់ គាត់បន្តបដិសេធម្ដងហើយម្ដងទៀត រហូតទាល់តែពួកគេធ្វើតាមអ្វីដែលគាត់និយាយ។ បានមួយរយៈ ដោយសារគំនិតអ្នកដទៃត្រូវទាត់ចោលដូចសំរាម ពួកគេសុទ្ធតែយល់ថា គុណសម្បត្តិខ្លួនទាបពេកមិនសមនឹងភារកិច្ចនោះ ហើយឈប់លើកជាយោបល់អ្វីទៀតក្នុងការពិភាក្សា គ្រាន់តែស្ដាប់យ៉ាងខេននិយាយប៉ុណ្ណោះ។ យ៉ាងខេនមិនត្រឹមតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ គាត់តែងរអ៊ូរទាំអំពីសម្ពាធការងារ ដោយថា មានតែគាត់ម្នាក់ទេ ដែលខ្វល់ពីការងារ ធ្វើឱ្យពួកគេយល់ថា ខ្លួនគេជាអ្នកធ្វើឱ្យការងារគ្មានលទ្ធផល ធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែពិបាកចិត្ត។ ស៊ីនយីថា យ៉ាងខេន តែងធ្វើបែបនេះ។ ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ខូចចិត្តណាស់។ ពាក្យសម្ដីគាត់ ដូចជាត្រូវទះកំផ្លៀងម្ដងហើយម្ដងទៀតអ៊ីចឹង។ ខ្ញុំដឹងថា យ៉ាងខេនបានសម្ដែងធ្វើល្អចំពោះមុខខ្ញុំ ដើម្បីឱ្យខ្ញុំភាន់ច្រឡំ និងចាញ់បញ្ឆោត។ គាត់គ្មានការស្គាល់ខ្លួនឯងពិតប្រាកដឡើយ ហើយគាត់មិនមែនជាមនុស្សដែលទទួលយកសេចក្ដីពិតទាល់តែសោះ។ ពេលនោះទើបខ្ញុំដឹងថា ការងារអត្ថបទគ្មានលទ្ធផល គឺមកពីខ្ញុំទាំងស្រុង ដោយសារខ្ញុំខ្វាក់ និងប្រើមនុស្សខុស។ បន្ទាប់ពីនោះ ខ្ញុំនិងអ្នកធ្វើការជាមួយគ្នា បានបណ្ដេញយ៉ាងខេនចេញព្រោះទង្វើរបស់គាត់។

បន្ទាប់ពីបណ្ដេញយ៉ាងខេនចេញ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីមូលហេតុពិតប្រាកដនៃបរាជ័យរបស់ខ្ញុំ។ ខ្ញុំបានអានអត្ថបទបន្ទូលព្រះមួយ។ «តើមានមូលដ្ឋានអ្វីខ្លះដែលអាចចាត់ទុកថា មនុស្សស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដនោះ? អ្នកមិនអាចគិតតែពីសម្ដីដែលពួកគេនិយាយបានឡើយ ចំណុចសំខាន់គឺត្រូវកំណត់ថាតើពួកគេអាចអនុវត្ត និងអាចទទួលយកសេចក្តីពិតបានឬអត់។ ចំពោះអ្នកដែលមានការយល់ពីសេចក្តីពិតប្រាកដមែននោះ ពួកគេមិនគ្រាន់តែស្គាល់ខ្លួនឯងពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះគឺ ពួកគេអាចអនុវត្តសេចក្តីពិតបាន។ ពួកគេមិនគ្រាន់តែនិយាយពីការយល់ដឹងពិតប្រាកដរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើតាមអ្វីដែលពួកគេនិយាយផងដែរ។ ពោលគឺ សម្ដី និងទង្វើរបស់ពួកគេ ស្របគ្នាទាំងស្រុង។ ប្រសិនបើសម្ដីដែលពួកគេនិយាយ ស្ដាប់ទៅមានការយល់ដឹងច្បាស់លាស់ និងអាចយល់ស្របតាមបាន ប៉ុន្តែពួកគេមិនបានធ្វើតាមសម្ដីនោះ មិនបានរស់នៅតាមសម្ដីនោះទេ នោះពួកគេបានក្លាយជាពួកផារិស៊ីហើយនៅក្នុងរឿងនេះ ពួកគេជាពួកមានពុត ហើយដាច់ខាតមិនមែនជាមនុស្សដែលស្គាល់ខ្លួនឯងពិតប្រាកដឡើយ។ មនុស្សជាច្រើនស្ដាប់ទៅដូចជាមានការយល់ដឹងច្បាស់លាស់ណាស់អ៊ីចឹង នៅពេលពួកគេប្រកបគ្នាពីសេចក្តីពិត ប៉ុន្តែបែរជាមិនដឹងទៅវិញ នៅពេលពួកគេបង្ហាញនិស្ស័យពុករលួយណាមួយចេញមក។ តើមនុស្សទាំងនេះ ជាមនុស្សដែលស្គាល់ខ្លួនឯងដែរឬទេ? ប្រសិនបើមនុស្សមិនស្គាល់ខ្លួនឯងទេ តើពួកគេជាមនុស្សដែលយល់ពីសេចក្តីពិតដែរឬទេ? អស់អ្នកណាដែលមិនស្គាល់ខ្លួនឯង អ្នកនោះគឺជាមនុស្សដែលមិនយល់ពីសេចក្តីពិត ហើយអស់អ្នកណាដែលនិយាយពាក្យឥតបានការអំពីការស្គាល់ខ្លួនឯង អ្នកនោះមានភាពក្លែងក្លាយខាងវិញ្ញាណ ពួកគេជាមនុស្សកុហក។ ... ដូច្នេះ តើគួរមានមូលដ្ឋានអ្វីខ្លះដើម្បីវាស់ស្ទង់ថាមនុស្សពិតជាស្គាល់ខ្លួនឯងពិតប្រាកដមែនឬអត់នោះ? មូលដ្ឋាន គឺមិនមែនត្រឹមតែសម្ដីដែលចេញពីមាត់របស់ពួកគេប៉ុណ្ណោះទេ។ អ្នកក៏ត្រូវពិនិត្យមើលថាតើនៅក្នុងខ្លួនពួកគេមានការសម្ដែងចេញអ្វីឱ្យពិតប្រាកដទៅ ហើយវិធីសាស្ត្រដ៏សាមញ្ញបំផុត គឺត្រូវពិនិត្យមើលថាតើពួកគេអាចអនុវត្តសេចក្តីពិតបានឬអត់។ នេះជាចំណុចដ៏សំខាន់បំផុត។ ការដែលពួកគេអាចអនុវត្តសេចក្តីពិតបាន សបញ្ជាក់ឱ្យឃើញថា ពួកគេពិតជាស្គាល់ខ្លួនឯងប្រាកដមែន ព្រោះថាអ្នកដែលស្គាល់ខ្លួនឯងពិតប្រាកដ បង្ហាញពីការប្រែចិត្ត ហើយមានតែពេលដែលមនុស្សបង្ហាញពីការប្រែចិត្តទេ ទើបពួកគេស្គាល់ខ្លួនឯងពិតប្រាកដមែន។ ឧទាហរណ៍ បុគ្គលម្នាក់អាចដឹងថា គេជាមនុស្សបោកបញ្ឆោត ថាគេពេញដោយឧបាយកល និងកលល្បិចបាន ហើយគេក៏អាចដឹងផងដែរ នៅពេលអ្នកដទៃបើកសម្ដែងនូវការបោកបញ្ឆោត។ ក្នុងករណីបែបនេះ បន្ទាប់ពីគេបាននិយាយថា គេបានបោកបញ្ឆោតក្នុងករណីមួយចំនួន សូមពិនិត្យមើលថាតើគេប្រែចិត្តពិតប្រាកដ និងកម្ចាត់ចោលការបោកបញ្ឆោតរបស់ខ្លួនឬអត់។ ហើយប្រសិនបើគេបើកសម្ដែងនូវការបោកបញ្ឆោតម្ដងទៀត សូមពិនិត្យមើលថាតើគេមានអារម្មណ៍ស្ដីបន្ទោស និងស្មារតីអៀនខ្មាសដែលបានធ្វើរឿងទាំងនេះឬអត់ មើលថាតើគេមានការស្ដាយក្រោយពិតប្រាកដឬអត់។ ប្រសិនបើគេគ្មានស្មារតីអៀនខ្មាស គ្មានការប្រែចិត្តទេ ពេលនោះ ការស្គាល់ខ្លួនឯងរបស់គេ គឺជារឿងខ្ជីខ្ជាបែបបង្គ្រប់កិច្ច។ គេគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ ហើយគេគ្មានចំណេះដឹងពិតប្រាកដឡើយ» (ដកស្រង់ពី «មានតែការស្គាល់ខ្លួនឯងប៉ុណ្ណោះ ទើបជាជំនួយដល់ការដេញតាមសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលគិតពីបន្ទូលព្រះ ខ្ញុំដឹងថា ខ្ញុំខ្វះសមត្ថភាពក្នុងការវាយតម្លៃនិងជ្រើសរើសមនុស្ស។ ការវាយតម្លៃរបស់យើងមិនអាចផ្អែកលើសម្ដីរបស់មនុស្សម្នាក់បានទេ។ អ្វីដែលសំខាន់គឺ ត្រូវមើលថា តើពួកគេដោះស្រាយបញ្ហាដែលពួកគេជួបប្រទះដោយរបៀបណា ហើយពួកគេធ្វើបែបណា។ អ្នកដែលស្រឡាញ់សេចក្ដីពិត អាចទទួលយកសេចក្ដីពិតបាន ហើយពេលមានរឿងកើតឡើង ពួកគេអាចស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង ហើយពួកគេអាចប្រែចិត្ត និងផ្លាស់ប្ដូរបន្ទាប់ពីរឿងនោះកើតឡើង។ អ្នកដែលមិនស្រឡាញ់សេចក្ដីពិត អាចនិយាយអ្វីល្អៗពីរោះស្ដាប់ តែពួកគេបន្តធ្វើតាមចិត្ត ដោយមិនអនុវត្តសេចក្ដីពិតសោះ។ មិនថាពួកគេមានការយល់ដឹងល្អ ឬស៊ីជម្រៅបែបណាទេ អ្វីៗសុទ្ធតែមិនពិត។ ដូចពួកផារិស៊ីដែរ សម្ដីពួកគេស្ដាប់ទៅពិតជាល្អណាស់ តែក្នុងចិត្តវិញ ពួកគេនឿយណាយនឹងសេចក្ដីពិត។ ពួកគេមិនអនុវត្តបន្ទូលព្រះ ឬធ្វើតាមបញ្ញត្តិរបស់ព្រះទាល់តែសោះ។ ពេលព្រះអម្ចាស់យេស៊ូវលេចមក និងបំពេញកិច្ចការ ពួកគេទាស់ទទឹងនិងថ្កោលទោសទ្រង់ទាំងឆ្កួតលេលា ដើម្បីការពារឋានៈ និងជីវភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ចុងក្រោយ ពួកគេបានឆ្កាងទ្រង់ទៅនឹងឈើឆ្កាង ដោយបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរបំផុត។ ច្បាស់ណាស់ថា ចំណេះដឹងខាងវិញ្ញាណដែលពួកផារិស៊ីតែងនិយាយនោះ គឺគ្រាន់តែឱ្យអ្នកដទៃស្ដាប់ និងដើម្បីទទួលបានការសរសើរ និងការឱ្យតម្លៃពីអ្នកដទៃប៉ុណ្ណោះ។ វាសុទ្ធតែជារឿងកុហក។

ក្នុងការប្រាស្រ័យទាក់ទងជាមួយយ៉ាងខេន ខ្ញុំគិតថា គាត់អាចទទួលយកសេចក្ដីពិតបាន ពីព្រោះគាត់អាចទទួលយកធម្មជាតិក្រអឺតក្រទមខ្លួនគាត់បាន ហើយថាគាត់ព្រមប្រែចិត្តផង។ តែតាមពិត គាត់គ្រាន់តែនិយាយល្អចំពោះមុខខ្ញុំប៉ុណ្ណោះ ដូច្នេះ ខ្ញុំតែងគិតថា គាត់អាចទទួលយកការលួសកាត់ និងការដោះស្រាយជាមួយបាន។ គាត់ធ្វើបែបនេះ គ្រាន់តែដើម្បីក្លែងបន្លំ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈខ្លួន ដោយបង្កើតរូបភាពក្លែងក្លាយដើម្បីបោកខ្ញុំទាំងស្រុង។ គាត់មិនបានទទួលយកសេចក្ដីពិតទាល់តែសោះ។ គាត់មិនស្គាល់ខ្លួនឯង ក៏មិនប្រែចិត្ត ឬផ្លាស់ប្ដូរដែរ។ ដូច្នេះ គាត់ចង់កាន់កាប់គ្រប់កន្លែងដែលគាត់ទៅដល់ ហើយឱ្យគ្រប់គ្នាស្ដាប់តាមគាត់។ គ្មាននរណាអាចធ្វើការចុះសម្រុងជាមួយគាត់បានទេ ដែលធ្វើឱ្យការងារពួកគេរញ៉េរញ៉ៃ។ ហើយគាត់ថែមទាំងស្ដីបន្ទោសអ្នកផ្សេង ដោយថា ប្អូនម្នាក់ទៀតគ្នានគុណសម្បត្តិ ដើម្បីឱ្យខ្ញុំគិតថា ការងាររងការប៉ះពាល់គឺដោយសារប្អូនស្រីម្នាក់នោះ។ គ្រប់យ៉ាងដែលគាត់និយាយនិងធ្វើ គឺជាការសម្ដែង គ្រប់យ៉ាងសុទ្ធតែដើម្បីបោកបញ្ឆោត តែខ្ញុំល្ងង់ ខ្វាក់ និងខ្វះការឈ្វេងយល់។ ខ្ញុំពិតជាចាញ់បោកសម្ដីកុហករបស់គាត់ទាំងស្រុងមែន ដូច្នេះ ខ្ញុំក៏បានផ្ទេរប្អូនស្រីនោះចេញ ហើយយល់ថា យ៉ាងខេន ជាមនុស្សមានទំនួលខុសត្រូវ និងរ៉ាប់រងបន្ទុកការងារគាត់។ ចុងក្រោយ រឿងនេះក៏ធ្វើឱ្យកិច្ចការពួកជំនុំមានការយឺតយ៉ាវ។ ខ្ញុំពិតជាខ្វាក់ រកកន្លែងភ្លឺគ្មានមែន! ពេលដឹងរឿងនេះ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយ និងខុសឆ្គងជាខ្លាំង ជាពិសេស ពេលខ្ញុំអានអត្ថបទព្រះបន្ទូលនេះ៖ «អ្នកដឹកនាំក្លែងក្លាយ សុទ្ធតែខ្វាក់ភ្នែក។ ពួកគេមើលមិនឃើញបញ្ហាណាមួយទេ។ ពួកគេក៏មិនដឹងដែរថា អ្នកណាជាមនុស្សអាក្រក់ ឬអ្នកណាជាអ្នកមិនជឿព្រះនោះដែរ។ ពួកគេមិនដឹងថា មានគេចូលមកជ្រៀតជ្រែក ឬរំខានដល់កិច្ចការពួកជំនុំតាំងពីពេលណាទេ ហើយថែមទាំងផ្ដល់មុខតំណែងសំខាន់ៗដល់មនុស្សល្ងង់ទៀតផង។ អ្នកដឹកនាំក្លែងក្លាយផ្ដល់សេចក្តីទុកចិត្តខ្លាំងលើអស់អ្នកដែលពួកគេដំឡើងឋានៈ ដោយផ្ដល់កិច្ចការសំខាន់ដល់ពួកគេយ៉ាងរីករាយ។ អ្នកទាំងនេះធ្វើឱ្យការងារមានភាពយឺតយ៉ាវ ហើយបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ចំណែកឯអ្នកដឹកនាំក្លែងក្លាយវិញ ធ្វើពុតជាមិនដឹងអ្វីសោះអំពីរឿងនេះ។ ... តាមរយៈការប្រើមនុស្សខុសនេះ ពួកគេបានប្រព្រឹត្តកំហុសដ៏ធំមួយរួចស្រេចទៅហើយ ប៉ុន្តែក្រោយមក ពួកគេបង្កកំហុសកាន់តែច្រើន តាមរយៈការមិនដែលសួរនាំ មិនព្យាយាមឈ្វេងយល់បន្ថែម ឬពិនិត្យមើលការងាររបស់បុគ្គលនេះ ហើយពួកគេក៏មិនបានមើលខុសត្រូវ ឬសង្កេតមើលនោះដែរ។ គ្រប់យ៉ាងដែលពួកគេធ្វើ គឺអត់ឱនចំពោះបុគ្គលនេះដែលប្រព្រឹត្តតាមអំពើចិត្ត។ អ្នកដឹកនាំក្លែងក្លាយធ្វើការបែបនេះឯង។ នៅពេលការងារមួយណាត្រូវការមនុស្សធ្វើ អ្នកដឹកនាំក្លែងក្លាយរៀបចំយ៉ាងរីករាយឱ្យនរណាម្នាក់ទទួលខុសត្រូវ ហើយពួកគេក៏លែងមើលខុសត្រូវតទៅទៀត។ ពួកគេមិនដែលត្រួតពិនិត្យការងារ ឬជួបបុគ្គលនោះដោយផ្ទាល់ ដើម្បីអង្កេតមើលនិងព្យាយាមឈ្វេងយល់ពីពួកគេបន្ថែមទៀតទេ។ នៅកន្លែងខ្លះ ស្ថានការណ៍មិនអំណោយផលដល់ការជួបជុំ និងការសន្ទនាជាមួយពួកគេទេ ប៉ុន្តែអ្នកត្រូវសួរនាំពីការងាររបស់ពួកគេ និងរិះរកមធ្យោបាយ ដើម្បីសួរនាំពីសុខទុក្ខរបស់ពួកគេ និងរបៀបដែលពួកគេធ្វើការ ពោលគឺ ត្រូវសួរបងប្អូនប្រុសស្រី ឬក៏នរណាម្នាក់ដែលនៅកៀកនឹងពួកគេថា៖ តើកិច្ចការសម្រេចហើយឬនៅ? ប៉ុន្តែ អ្នកដឹកនាំក្លែងក្លាយមិនទាំងសួរសំណួរណាមួយឡើយ។ ពួកគេមានទំនុកចិត្តដល់ថ្នាក់នេះផង។ ការងាររបស់ពួកគេ គឺរៀបចំការជួបជុំ និងអធិប្បាយពីគោលលទ្ធិ ហើយនៅពេលដែលការជួបជុំបានបញ្ចប់ កិច្ចការត្រូវបានរៀបចំរួច ពួកគេមិនធ្វើអ្វីទៀតឡើយ។ ពួកគេមិនទៅឆែកមើលថាតើមនុស្សដែលពួកគេបានជ្រើសរើសនោះ អាចបំពេញកិច្ចការជាក់ស្ដែងបានឬអត់នោះទេ។ ពីដំបូង អ្នកមិនបានស្គាល់ពីបុគ្គលនេះមែន ប៉ុន្តែដោយផ្អែកលើគុណសម្បត្តិ ឥរិយាបថ និងចិត្តឆេះឆួលរបស់ពួកគេ អ្នកយល់ថា ពួកគេស័ក្ដិសមនឹងការងារនេះឬអត់ ហើយអ្នកអាចប្រើពួកគេបានឬអត់ ការធ្វើបែបនេះ គ្មានអ្វីខុសនោះទេ ព្រោះថាគ្មាននរណាម្នាក់ដឹងឡើយថា មនុស្សនឹងទៅជាយ៉ាងណាឡើយ។ ប៉ុន្តែ បន្ទាប់ពីអ្នកដំឡើងឋានៈពួកគេរួច តើអ្នកមិនគួរតាមដានមើលថាតើពួកគេធ្វើកិច្ចការជាក់ស្ដែង មើលពីរបៀបដែលពួកគេធ្វើការ ហើយថាតើពួកគេបានព្យាយាមបំពេញការងារបែបក្រឡេចក្រឡុច ខ្ជិលច្រអូស និងបែបបង្គ្រប់កិច្ចឬយ៉ាងណា? នេះគឺជាអ្វីដែលអ្នកគួរធ្វើជាក់ស្តែង ប៉ុន្តែអ្នកមិនធ្វើបែបនេះទេ អ្នកគ្មានការទទួលខុសត្រូវសោះឡើយ ហើយការនេះបង្ហាញឱ្យឃើញថា អ្នកជាអ្នកដឹកនាំក្លែងក្លាយ ហើយគេគួរតែដក និងផាត់អ្នកចោល» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ បន្ទូលព្រះលាតត្រដាងពីអ្នកដឹកនាំក្លែងក្លាយ ដែលពុំបានធ្វើការងារពិតប្រាកដ ដែលធ្វើការឱ្យតែរួចពីដៃ គ្មានគោលការណ៍ក្នុងការដំឡើងឋានៈ និងបណ្ដុះបណ្ដាលអ្នកដទៃ ហើយជាអ្នកដែលចេះតែចាត់តាំងមនុស្សព្រាវៗឱ្យបំពេញកិច្ចការសំខាន់ៗមិនត្រូវតាមគោលការណ៍។ ពួកគេពិតជាគ្មានទំនួលខុសត្រូវមែន ហើយពេលពួកគេចាត់តាំងមនុស្សខុស ពួកគេមិនបានមើលខុសត្រូវអ្នកទាំងនោះទេ ចាត់តាំងមនុស្សហើយ គឺរួចខ្លួនហើយ។ ទង្វើនេះពិតជាបង្អាក់ដល់កិច្ចការពួកជំនុំយ៉ាងខ្លាំង។ ខ្ញុំមិនសប្បាយចិត្តចំពោះទង្វើគ្រប់យ៉ាងដែលខ្ញុំបានធ្វើឡើយ។ តើខ្ញុំមិនមែនអ្នកធ្វើការក្លែងក្លាយ ដែលមិនត្រឹមតែគ្មានការឈ្វេងយល់ តែក៏មិនបានធ្វើការងារពិតប្រាកដដែរ មែនទេ? ច្បាស់ណាស់ យ៉ាងខេនជាមនុស្សក្រអឺតក្រទម ដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ បង្អាក់ដល់ក្រុម វាយប្រហារ និងដាក់គំនាបលើអ្នកដទៃ។ តែខ្ញុំបែរជាគ្មានតម្រុយពីរឿងនេះទៅវិញ ហើយជឿសម្ដីគាត់គ្រប់ម៉ាត់ ធ្វើជាខែលការពារគាត់ បណ្ដោយឱ្យគាត់បំផ្លាញ និងរំខានដល់កិច្ចការពួកជំនុំ។ ខ្ញុំបើកភ្នែកក្រឡោត តែបែរជាខ្វាក់មើលមិនឃើញទៅវិញ! ដំបូង ខ្ញុំស្គាល់មនុស្សមិនច្បាស់ បានជ្រើសរើសយ៉ាងខេន តែពេលគាត់បំពេញការងារមិនបានល្អជាប់រហូតហើយ ក៏ខ្ញុំនៅតែមិនពិនិត្យ ឬស្វែងយល់ពីស្ថានការណ៍នោះដដែល ហើយពេលអ្នកដឹកនាំ និងអ្នកធ្វើការជាមួយខ្ញុំ និយាយពីបញ្ហានេះប្រាប់ខ្ញុំ ខ្ញុំបែរជាជ្រើសរើសជឿលើភ្នែកខ្លួនឯងទៅវិញ។ រឿងនេះ ធ្វើឱ្យការងារមានបញ្ហាជាច្រើនខែ។ កាន់តែអាក្រក់នោះ ខ្ញុំដឹងច្បាស់ថា ការងារដែលយ៉ាងខេនកាន់កាប់នោះ រញ៉េរញ៉ៃណាស់ តែខ្ញុំនៅតែយល់ថា គាត់មានទេពកោសល្យ ហើយចាត់តាំងឱ្យគាត់បណ្ដុះបណ្ដាលបុគ្គលិកថ្មីទៀត។ ដោយសារការមើលស្រាលអ្នកដទៃ និងវាយប្រហារគេឥតឈប់របស់គាត់ ធ្វើឱ្យអ្នកដទៃរស់ក្នុងសភាពភាន់ច្រឡំ ដែលនាំឱ្យប៉ះពាល់ដល់ការងារ។ បើខ្ញុំមានទំនួលខុសត្រូវតែបន្តិច និងចង់ស្វែងយល់នោះ ម្ល៉េះសម ខ្ញុំបានតាមដាន និងមើលការខុសត្រូវការងារយ៉ាងខេនហើយ ហើយម្ល៉េះសម ខ្ញុំឆាប់បានដឹងពីបញ្ហាគាត់មិនខាន។ រឿងនេះធ្វើឱ្យប៉ះពាល់ការងារយ៉ាងខ្លាំង។ អ្នកដឹកនាំ ឬអ្នកធ្វើការដែលមានស្មារតីទទួលខុសត្រូវពិតប្រាកដ និងកោតខ្លាចដល់ព្រះ រែកពុនបន្ទុក និងធ្វើអ្វីៗទៅតាមគោលការណ៍។ ពួកគេប្រយ័ត្នប្រយែងចំពោះអ្នកដែលគេដំឡើងឋានៈ និងតែងតាំងណាស់ ពួកគេពិនិត្យពិច័យអ្នកនោះ ហើយបន្ទាប់មក បន្តមើលខុសត្រូវការងារពួកគេ ដើម្បីមើលថាតើ ពួកគេពិតជាមានសមត្ថភាពធ្វើការងារនោះឬអត់។ ជាពិសេស នៅពេលពួកគេមិនច្បាស់ ពួកគេមើលការខុសត្រូវ និងពិនិត្យរឿងនោះឱ្យបានច្រើន ហើយផ្ទេរ ឬបណ្ដេញអ្នកនោះចេញភ្លាម នៅពេលពួកគេដឹងថា អ្នកនោះមិនស័ក្តិសមនឹងការងារ។ បែបនេះ ការពារកុំឱ្យប៉ះពាល់ដល់កិច្ចការពួកជំនុំដោយសារជ្រើសរើសមនុស្សខុស។ តែការដែលខ្ញុំជ្រើសរើសយ៉ាងខេននេះ គឺផ្ទុយទៅនឹងគោលការណ៍ ហើយបន្ទាប់មក ខ្ញុំមិនបានមើលការខុសត្រូវ ឬតាមដានការងារគាត់ឡើយ។ ខ្ញុំធ្វេសប្រហែសក្នុងភារកិច្ច និងគ្មានទំនួលខុសត្រូវ។ ខ្ញុំជាប្រភេទអ្នកដឹកនាំក្លែងក្លាយ ដែលមិនធ្វើការពិតប្រាកដ ដូចដែលព្រះលាតត្រដាងមកនេះ។

បន្ទាប់ពីនោះ ខ្ញុំមិនសប្បាយចិត្តយូរបន្តិចដែរ។ ខ្ញុំដឹងថា យ៉ាងខេនជាមនុស្សក្រអឺតក្រទមហើយ ម៉េចក៏ខ្ញុំមិនបានមើលការខុសត្រូវការងារគាត់ទៀត? ម៉េចខ្ញុំទុកចិត្តគាត់ខ្លាំងម្ល៉េះ ទាំងដែលគ្រប់គ្នាព្រមានដាស់តឿនខ្ញុំផង? ខ្ញុំគិតពិចារណារឿងនេះម្ដងហើយម្ដងទៀត។ ក្រោយមក មានថ្ងៃមួយ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលនេះ។ «អ្នកដឹកនាំក្លែងក្លាយ ក៏មានបរាជ័យដ៏ធំមួយដែរ៖ ពួកគេឆាប់ទុកចិត្តមនុស្សផ្អែកតាមការស្រមើស្រមៃរបស់ខ្លួន។ ហើយការនេះត្រូវបានបង្កឡើង ព្រោះតែការមិនយល់ដឹងអំពីសេចក្តីពិត តើមិនអ៊ីចឹងឬ? តើព្រះបន្ទូលព្រះជាម្ចាស់បើកសម្ដែងដូចម្ដេចដែរអំពីសារជាតិរបស់មនុស្សជាតិដែលពុករលួយ? បើព្រះជាម្ចាស់មិនទុកព្រះទ័យលើមនុស្សផងនោះ ចុះហេតុអ្វីក៏ពួកគេទុកចិត្តលើមនុស្ស? ជំនួសឱ្យការវិនិច្ឆ័យមនុស្សតាមរូបរាងខាងក្រៅ ព្រះជាម្ចាស់បន្តទតមើលដួងចិត្តរបស់ពួកគេ ចុះហេតុអ្វីក៏អ្នកដឹកនាំក្លែងក្លាយមានលក្ខណៈធម្មតា នៅពេលពួកគេវិនិច្ឆ័យអ្នកដទៃនិងដាក់សេចក្តីទុកចិត្តលើអ្នកទាំងនោះ? អ្នកដឹកនាំក្លែងក្លាយតម្កើងខ្លួនខ្លាំងពេកហើយ មិនអ៊ីចឹងឬ? ពួកគេតែងគិតថា៖ 'ពេលខ្ញុំឃើញគាត់ភ្លាម ខ្ញុំមើលមនុស្សមិនខុសទេ។ គ្មានអ្វីដែលប្រព្រឹត្តទៅខុសបំណងឡើយ ច្បាស់ណាស់ ពួកគេមិនមែនជាមនុស្សដែលចូលចិត្តបង្កបញ្ហា ជាអ្នកដែលចូលចិត្តសប្បាយ និងស្អប់ការខំធ្វើការនោះទេ។ ពួកគេប្រាកដជាមនុស្សដែលអាចពឹងពាក់ និងទុកចិត្តបាន។ ពួកគេនឹងមិនផ្លាស់ប្ដូរឡើយ ប្រសិនបើពួកគេផ្លាស់ប្ដូរ នោះមានន័យថា ខ្ញុំយល់ខុសចំពោះពួកគេហើយ តើមែនទេ?' តើនេះជាហេតុផលបែបណាទៅ? តើអ្នកជាអ្នកជំនាញមែនទេ? តើអ្នកមានភ្នែកទិព្វឬ? តើនេះជាជំនាញពិសេសរបស់អ្នកឬ? អ្នកអាចរស់នៅជាមួយបុគ្គលនេះមួយឬពីរឆ្នាំបាន ប៉ុន្តែតើអ្នកអាចមើលឃើញថា ពួកគេជានរណាឱ្យពិតប្រាកដ ដោយគ្មានមជ្ឈដ្ឋានមួយសមរម្យ ដើម្បីលាតត្រដាងទាំងស្រុងពីធម្មជាតិ និងសារជាតិរបស់ពួកគេបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនលាតត្រដាងពួកគេទេ អ្នកអាចរស់នៅក្បែរពួកគេបានបីឬប្រាំឆ្នាំពិតមែន តែអ្នកនៅតែពិបាកមើលឃើញថា ពួកគេមានធម្មជាតិ និងសារជាតិបែបណាដដែល។ ដូច្នេះ តើវានឹងកាន់តែជាការពិតបែបណាទៅ នៅពេលអ្នកកម្រឃើញពួកគេ ឬកម្រនៅជាមួយពួកគេនោះ? អ្នកទុកចិត្តពួកគេដោយធ្វេសប្រហែស ផ្អែកលើការចាប់អារម្មណ៍ក្នុងពេលមួយគ្រា ឬក៏ការសរសើរបែបវិជ្ជមានរបស់នរណាម្នាក់ចំពោះពួកគេ ហើយអ្នកហ៊ានផ្ដល់កិច្ចការពួកជំនុំដល់មនុស្សបែបនេះ។ ការធ្វើបែបនេះ តើអ្នកមិនខ្វាក់ភ្នែកទាំងស្រុងទៅហើយទេឬ? តើអ្នកមិនតក់ក្រហល់ពេកទេឬអី? នៅពេលពួកគេធ្វើបែបនេះ តើអ្នកដឹកនាំក្លែងក្លាយគ្មានការទទួលខុសត្រូវសោះទេឬអី?» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ «ប្រសិនបើអ្នកមានអាកប្បកិរិយាចចេសរឹងរូស មិនទទួលយកសេចក្តីពិត បដិសេធយោបល់របស់អ្នកដទៃ មិនស្វែងរកសេចក្តីពិត ជឿជាក់តែលើខ្លួនឯង និងធ្វើតាមតែចិត្តចង់របស់ខ្លួន បើអ្នកមានអាកប្បកិរិយាបែបនេះ មិនថាព្រះជាម្ចាស់ធ្វើ ឬត្រាស់បង្គាប់អ្វីនោះ តើព្រះជាម្ចាស់មានប្រតិកម្មបែបណា? ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ និងមិនអើពើចំពោះអ្នកឡើយ។ តើអ្នកមិនរឹងរូសទេឬ? តើអ្នកមិនក្រអឺតក្រទមទេឬ? តើអ្នកមិនគិតថា អ្នកត្រូវជានិច្ចទេឬ? ប្រសិនបើអ្នកគ្មានការស្ដាប់បង្គាប់ បើអ្នកមិនដែលស្វែងរក បើអ្នកបិទចិត្តទាំងស្រុង ហើយទាស់ទទឹងចំពោះព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ចំពោះអ្នកឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះអ្នក? នោះព្រោះថា បើអ្នកបិទចិត្តចំពោះព្រះជាម្ចាស់ តើអ្នកអាចទទួលយកការបំភ្លឺពីព្រះជាម្ចាស់បានដែរឬទេ? នៅពេលព្រះជាម្ចាស់ស្តីបន្ទោសអ្នក តើអ្នកអាចមានអារម្មណ៍ដឹងដែរឬទេ? កាលណាមនុស្សរឹងចចេស កាលណាពួកគេបង្ហាញធម្មជាតិបែបសាតាំង និងបែបឃោរឃៅរបស់ខ្លួន ពួកគេគ្មានអារម្មណ៍ដឹងអំពីអ្វីដែលព្រះជាម្ចាស់ធ្វើនោះទេ គ្រប់យ៉ាងនឹងឥតប្រយោជន៍មិនខាន ដូច្នេះ ព្រះជាម្ចាស់មិនចាំបាច់ធ្វើកិច្ចការដែលគ្មានប្រយោជន៍នោះឡើយ។ ប្រសិនបើអ្នកមានអាកប្បកិរិយាដែលប្រឆាំងរឹងរូសបែបនេះ គ្រប់យ៉ាងដែលព្រះជាម្ចាស់អាចធ្វើបាន គឺបន្តលាក់ព្រះភក្ត្រពីអ្នក ព្រះជាម្ចាស់នឹងមិនធ្វើកិច្ចការដែលមិនចាំបាច់ឡើយ។ កាលណាអ្នកមានចរិតប្រឆាំងរឹងរូស និងបិទចិត្ត នោះព្រះជាម្ចាស់នឹងមិនធ្វើអ្វីមួយនៅក្នុងចិត្តអ្នក ឬក៏បង្ខំឱ្យអ្នកធ្វើអ្វីមួយឡើយ ព្រះអង្គនឹងមិនបន្តព្យាយាមជំរុញ និងបំភ្លឺអ្នកម្ដងហើយម្ដងទៀតឡើយ ព្រះជាម្ចាស់មិនធ្វើបែបនេះនោះទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនធ្វើបែបនេះ? នោះព្រោះតែព្រះជាម្ចាស់បានទតឃើញភាគច្រើននូវនិស្ស័យជាក់លាក់មួយនៅក្នុងចិត្តអ្នក ជាចរិតដូចសត្វតិរច្ឆានដែលនឿយណាយនឹងសេចក្តីពិត ហើយគ្មានហេតុផលទាល់តែសោះ។ តើអ្នកគិតថា មនុស្សអាចគ្រប់គ្រងសត្វព្រៃបានដែរឬទេ នៅពេលវាបង្ហាញនូវចរិតកាចសាហាវរបស់វា? តើការខំប្រឹងស្រែកដាក់វាប្រើការបានដែរឬទេ? តើការដេញដោលរកហេតុផលជាមួយវា ឬការផ្ដល់ភាពសុខស្រួលដល់វា មានប្រយោជន៍ដែរឬទេ? តើមនុស្សហ៊ានចូលជិតវាដែរឬទេ? មានវិធីល្អមួយ ដើម្បីពណ៌នាអំពីចំណុចនេះគឺ៖ ហេតុផលមិនអាចជួយបានឡើយ។ កាលណាមនុស្សបង្ហាញភាពជាសត្វតិរច្ឆានរបស់ខ្លួន ហើយពួកគេគ្មានហេតុផលសោះនោះ តើព្រះជាម្ចាស់ធ្វើយ៉ាងម៉េចទៅ? ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះពួកគេឡើយ។ តើព្រះជាម្ចាស់ត្រូវមានបន្ទូលទៅកាន់អ្នកទៀតដែរឬទេ នៅពេលអ្នកគ្មានហេតុផលផងនោះ? ការនិយាយថែមទៀត ក៏គ្មានប្រយោជន៍ដែរ។ កាលណាព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះអ្នក តើអ្នកមានព្រះពរ ឬក៏បាត់បង់ព្រះពរ? តើអ្នកទទួលបានប្រយោជន៍ខ្លះ ឬក៏ខាតប្រយោជន៍? ប្រាកដណាស់ អ្នកនឹងត្រូវខាតបង់មិនខាន។ ចុះនរណាជាជនបង្កទៅ? (យើងជាជនបង្ក)។ អ្នកបានបង្កវាឡើង។ គ្មាននរណាបង្ខំឱ្យអ្នកប្រព្រឹត្តបែបនេះទេ ក៏ប៉ុន្តែ អ្នកនៅតែពិបាកចិត្តដដែល។ តើអ្នកមិនបាននាំរឿងដាក់ខ្លួនទេឬអី? ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះអ្នក អ្នកមិនអាចយល់ពីព្រះជាម្ចាស់ឡើយ ដួងចិត្តរបស់អ្នកមានសេចក្តីងងឹត អ្នករស់នៅជីវិតដែលសម្របសម្រួល ហើយអ្នកបង្កបញ្ហានេះដាក់ខ្លួនឯង ដូច្នេះ អ្នកសមនឹងទទួលហើយ!» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

បន្ទូលព្រះបើកសម្ដែងពីសភាពរបស់ខ្ញុំតែម្ដង។ ខ្ញុំបំពេញភារកិច្ចទាំងមិនបានស្វែងរកគោលការណ៍នៃសេចក្ដីពិតទាល់តែសោះ។ ខ្ញុំជឿជាក់ខ្លួនឯងខ្លាំងពេក ខ្ញុំក្រអឺតក្រទម និងមានះ។ គេបានព្រមានខ្ញុំម្ដងហើយម្ដងទៀត តែខ្ញុំមិនព្រមស្ដាប់ ហើយចចេសប្រកាន់តាមគំនិតខ្លួនឯង។ ខ្ញុំគ្មានហេតុផលសោះ។ ពីមុនមក ខ្ញុំមិនស្គាល់យ៉ាងខេនទាល់តែសោះ ហើយពេលខ្ញុំស្ដាប់ឮការវាយតម្លៃរបស់អ្នកដទៃអំពីគាត់ ខ្ញុំធ្វើតាមការស្រមើស្រមៃរបស់ខ្ញុំ ដោយគិតថា គាត់គ្រាន់តែមាននិស្ស័យក្រអឺតក្រទម ហើយគ្មានបញ្ហាអ្វីធំដុំទេ។ ខ្ញុំបានប្រកបគ្នា និងលាតត្រដាងគាត់ ហើយឃើញគាត់ទំនងអាចទទួលយកបាន និងសម្ដែងការប្រែចិត្ត ខ្ញុំគិតថា គាត់បានទទួលយកសេចក្ដីពិតហើយ។ ខ្ញុំជឿលើភ្នែកខ្លួនឯងខ្លាំងពេក ហើយគ្មានបំណងចង់ស្វែងរក។ ខ្ញុំអានបន្ទូលព្រះ ដែលចែងថា៖ «ជំនួសឱ្យការវិនិច្ឆ័យមនុស្សតាមរូបរាងខាងក្រៅ ព្រះជាម្ចាស់បន្តទតមើលដួងចិត្តរបស់ពួកគេ ចុះហេតុអ្វីក៏អ្នកដឹកនាំក្លែងក្លាយមានលក្ខណៈធម្មតា នៅពេលពួកគេវិនិច្ឆ័យអ្នកដទៃនិងដាក់សេចក្តីទុកចិត្តលើអ្នកទាំងនោះ? អ្នកដឹកនាំក្លែងក្លាយតម្កើងខ្លួនខ្លាំងពេកហើយ មិនអ៊ីចឹងឬ?» (ដកស្រង់ពី «ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ព្រះគឺជាអម្ចាស់ដែលបង្កើតរបស់សព្វសារពើ និងអាចទតធ្លុះគ្រប់យ៉ាងបាន។ ព្រះពុំទតមើលតែរូបរាងខាងក្រៅរបស់មនុស្សទេ។ ខ្ញុំត្រឹមជាមនុស្សពុករលួយម្នាក់ ដែលគ្មានសេចក្ដីពិត ឬមានការយល់ដឹងអ្វីសោះ តែខ្ញុំក្រអឺតក្រទមខ្លាំងណាស់ ជឿលើអ្វីដែលខ្ញុំឃើញត្រឹមតែមួយភ្លែត ដោយទុកចិត្តលើយ៉ាងខេន ហើយដំឡើងឋានៈគាត់ជាអ្នកដឹកនាំក្រុម។ មិនថាគេព្រមានខ្ញុំយ៉ាងណា ឬការងារគាត់អន់យ៉ាងណា ខ្ញុំនៅបន្តជឿជាក់ថា ខ្ញុំមិនអាចវិនិច្ឆ័យគាត់ខុសឡើយ។ រឿងនោះធ្វើឱ្យការងារត្រូវយឺតយ៉ាងជាច្រើនខែ។ ខ្ញុំពិតជាក្រអឺតក្រទម និងមានះមែន! តើនោះរាប់ថាជាការបំពេញភារកិច្ចយ៉ាងម៉េចកើតទៅ? គឺខ្ញុំកំពុងធ្វើអំពើអាក្រក់ប៉ុណ្ណោះ! មនុស្សត្រូវសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង ហើយនិស្ស័យពុករលួយរបស់យើង ចាក់ឫសយ៉ាងជ្រៅ។ មុនពេលយើងទទួលបានសេចក្ដីពិត និងផ្លាស់ប្ដូរនិស្ស័យយើង យើងរស់នៅតាមនិស្ស័យបែបសាតាំង។ យើងក្រអឺតក្រទម និងបោកបញ្ឆោត ហើយមិនអាចទុកចិត្តបានទាំងស្រុង។ ចំពោះថាតើធម្មជាតិនិងសារជាតិមនុស្សម្នាក់មានលក្ខណៈបែបណានោះ បើយើងមិនយល់ពីសេចក្ដីពិត ហើយមិនបានស្គាល់អ្នកនោះយូរទេ នោះពិបាកនឹងនិយាយណាស់។ តែខ្ញុំក្រអឺតក្រទម និងជឿជាក់ខ្លួនឯងពេក។ ខ្ញុំមិនយល់ពីសេចក្ដីពិត តែខ្ញុំមានះប្រកាន់តាមទស្សនៈនិងការស្រមើស្រមៃរបស់ខ្លួន។ មិនថាអ្នកដទៃដាស់តឿនខ្ញុំបែបណាទេ ខ្ញុំប្រកែកមិនព្រមស្ដាប់ទេ។ ខ្ញុំនៅបន្តធ្វើអ្វីតាមចិត្តខ្ញុំទៀត។ ខ្ញុំគ្មានហេតុផលសោះ។ ខ្ញុំចាំបាន ព្រះមានបន្ទូលថា ពួកផារិស៊ីគឺជាមនុស្ស «ចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ» (ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពួកគេពេញដោយសញ្ញាណ និងការស្រមើស្រមៃចំពោះកិច្ចការរបស់ព្រះ។ ពេលព្រះអម្ចាស់យេស៊ូវលេចមកបំពេញការងារ ពួកគេមានះប្រកាន់តាមសញ្ញាណផ្ទាល់ខ្លួន។ មិនថាកិច្ចការ និងបន្ទូលព្រះអម្ចាស់យេស៊ូវពិតនិងមានព្រះចេស្ដាប៉ុនណាទេ ពួកគេមិនព្រមទទួលទាល់តែសោះ តែប្រកែកនិងថ្កោលទោសទ្រង់ទាំងឆ្កួតលេលា ចុងក្រោយ ក៏ឆ្កាងទ្រង់ទៅនឹងឈើឆ្កាង។ ភាពចចេសរឹងរូស ភាពក្រអឺតក្រទម និងកង្វះហេតុផលរបស់ពួកគេ នាំឱ្យពួកគេមិនទទួលយកកិច្ចការព្រះ តែបែរជាថ្កោលទោស និងទាស់នឹងព្រះទៅវិញ ហើយចុងក្រោយ ត្រូវព្រះដាក់ទោស និងដាក់បណ្ដាសា។ ពេលនោះខ្ញុំ ខ្ញុំយល់ថា និស្ស័យដែលខ្ញុំបង្ហាញចេញមក គឺដូចគ្នានឹងពួកផារិស៊ីដែរ ហើយខ្ញុំកំពុងដើរលើផ្លូវពួកផារិស៊ីដែលទាស់នឹងព្រះ។ បើខ្ញុំមិនដោះស្រាយនិស្ស័យក្រអឺតក្រទម មានះរឹងរូសរបស់ខ្ញុំទេ នោះនឹងធ្វើឱ្យខ្ញុំទាស់ទទឹងនឹងព្រះមិនខាន ហើយមិនយូរទេ ខ្ញុំនឹងប្រមាថដល់និស្ស័យរបស់ព្រះ ហើយត្រូវផាត់ចោល។ ពេលដឹងរឿងនេះ ខ្ញុំពិតជាភ័យខ្លាំងណាស់ ហើយខ្ញុំប្រញាប់អធិស្ឋាន លន់តួ និងប្រែចិត្ត។

ពេលនោះ ខ្ញុំបានអានបន្ទូលព្រះ ដែលចែងថា៖ «មិនថាអ្នកកំពុងធ្វើអ្វីឡើយ អ្នកត្រូវតែរៀនពីរបៀបស្វែងរក និងស្ដាប់បង្គាប់តាមសេចក្តីពិត។ មិនថាអ្នកផ្ដល់ដំបូន្មានជានរណាទេ បើដំបូន្មាននោះស្របតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ ទោះបីអ្នកនោះជាកូនក្មេងម្នាក់ដែលកំពុងផ្ដល់ដំបូន្មានក៏ដោយ ក៏អ្នកត្រូវទទួលយក និងចុះចូលតាមដែរ។ មិនថាមនុស្សម្នាក់មានបញ្ហាអ្វីខ្លះទេ ប្រសិនបើសម្ដី និងដំបូន្មានរបស់ពួកគេស្របទាំងស្រុងតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ អ្នកគួរតែទទួលយក និងចុះចូលតាមដំបូន្មាននោះ។ ការប្រព្រឹត្តបែបនេះ នឹងទទួលបានលទ្ធផលល្អ ហើយវាស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គន្លឹះគឺថាតើអ្នកមានចេតនាបែបណា ហើយអ្នកមានគោលការណ៍ និងវិធីសាស្ត្រអ្វីខ្លះក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ប្រសិនបើគោលការណ៍ និងវិធីសាស្ត្រដោះស្រាយបញ្ហារបស់អ្នក កើតចេញពីឆន្ទៈរបស់មនុស្ស ចេញពីគំនិត និងសញ្ញាណរបស់មនុស្ស ចេញពីទស្សនវិជ្ជារបស់សាតាំង ពេលនោះ គោលការណ៍ និងវិធីសាស្ត្ររបស់អ្នក ប្រើការមិនបាន និងគ្មានប្រសិទ្ធភាពឡើយ ព្រោះតែប្រភពដើមនៃគោលការណ៍ និងវិធីសាស្ត្ររបស់អ្នក គឺខុសឆ្គង ហើយក៏មិនស្របតាមគោលការណ៍នៃសេចក្តីពិតនោះដែរ។ ប្រសិនបើទស្សនៈរបស់អ្នកស្របតាមគោលការណ៍នៃសេចក្តីពិត ហើយអ្នកដោះស្រាយបញ្ហានានាស្របតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ អ្នកនឹងដោះស្រាយបញ្ហាទាំងនោះបានត្រឹមត្រូវ ហើយទោះបីនៅពេលនោះ មនុស្សមិនទទួលយក មានសញ្ញាណ ឬប្រឆាំងក៏ដោយ ក៏ក្រោយមក ពួកគេនឹងគាំទ្រអ្នកដែរ។ លទ្ធផលចេញពីអ្វីៗដែលស្របតាមគោលការណ៍នៃសេចក្តីពិត គឺជារីកចម្រើនកាន់តែខ្លាំង។ រីឯអ្វីៗដែលមិនស្របតាមគោលការណ៍នៃសេចក្តីពិតវិញ អាចស្របតាមសញ្ញាណរបស់មនុស្សនាពេលនោះមែន ប៉ុន្តែផលវិបាកនឹងកាន់តែធ្ងន់ធ្ងរ ហើយមនុស្សទាំងអស់នឹងបញ្ជាក់អំពីការនេះ។ អ្នកមិនត្រូវធ្វើអ្វីមួយស្របតាមការរឹតត្បិតរបស់មនុស្ស ឬក៏ការគូសវាសរបស់អ្នកឡើយ។ ដំបូង អ្នកគួរតែអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត ហើយបន្ទាប់មក មនុស្សគ្រប់គ្នាគួរតែពិនិត្យមើល និងប្រកបគ្នាជាមួយគ្នា។ តើគោលបំណងនៃការប្រកបគ្នា គឺជាអ្វីទៅ? គោលបំណងគឺដើម្បីធ្វើកិច្ចការឱ្យបានត្រឹមត្រូវស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់» (ដកស្រង់ពី «មាគ៌ានៃការដោះស្រាយនិស្ស័យពុករលួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលអានបន្ទូលទាំងនេះ ធ្វើឱ្យខ្ញុំមានផ្លូវដើរទៅមុខ។ នៅពេលជួបបញ្ហាអ្វី យើងត្រូវស្វែងរកសេចក្ដីពិត។ យើងមិនអាចក្រអឺតក្រទម ឬធ្វើតាមសញ្ញាណនិងការស្រមើស្រមៃរបស់យើងឡើយ។ យើងត្រូវឈប់គិតពីខ្លួនឯង សុំយោបល់ និងស្ដាប់អ្នកដទៃ និងធ្វើអ្វីៗផ្អែកតាមគោលការណ៍នៃសេចក្ដីពិត។ មានតែបំពេញភារកិច្ចបែបនេះទេ ទើបយើងអាចទទួលបានការណែនាំពីព្រះ! ធ្វើបែបនោះក៏អាចធានាថា យើងមិនធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះ។ ខ្ញុំបានរៀនសូត្រតាមបរាជ័យនេះ និងខំប្រឹងធ្វើការដើម្បីអនុវត្តតាមបន្ទូលព្រះ ដើម្បីស្វែងរកយោបល់ពីអ្នកដទៃ ពេលមានបញ្ហាអ្វីកើតឡើង និងដើម្បីឈប់ប្រកាន់តាមទស្សនៈនិងគំនិតខ្លួនឯងទៀត។

មិនយូរប៉ុន្មាន យើងបានកត់សម្គាល់ឃើញថា គេបានដំឡើងឋានៈ វ៉ាងជ័ន ជាអ្នកមើលការខុសត្រូវ វឌ្ឍនភាពការងាររបស់ក្រុមគាត់ មានការរលាក់រអួលខ្លាំង។ ខ្ញុំនិងអ្នកធ្វើការជាមួយគ្នា បានពិភាក្សាពីបញ្ហានេះ។ ស៊ីនយី សង្ស័យថា មានបញ្ហាអ្វីជាមួយវ៉ាងជ័ន។ ខ្ញុំគិតថា វ៉ាងជ័នក្រអឺតក្រទមបន្តិចមែន តែគាត់ហាក់ដូចជាស្រេកឃ្លានសេចក្ដីពិតដែរ ហើយពេលគេចង្អុលបង្ហាញពីបញ្ហាគាត់ មើលទៅគាត់តែងបង្ហាញភាពស្មោះត្រង់ណាស់។ ខ្ញុំយល់ថា នោះមិនមែនជាបញ្ហាគាត់ទេ។ ខ្ញុំហៀបនឹងបញ្ចេញយោបល់ហើយ តែស្រាប់តែនឹកចាំពីមេរៀនដែលខ្ញុំបានរៀនសូត្រពីបរាជ័យលើកមុន។ ដោយសារស៊ីនយីបានលើកឡើងថា វ៉ាងជ័នប្រហែលមានបញ្ហា ហើយខ្ញុំមិនបានដឹងការពិត ក៏មិនច្បាស់ពីបញ្ហានេះទៀត ខ្ញុំមិនអាចក្រអឺតក្រទម និងមានះបានទេ។ ខ្ញុំចាំបន្ទូលព្រះថា៖ «ប្រសិនបើមនុស្សចង់ឱ្យព្រះជាម្ចាស់បំភ្លឺ និងណែនាំ ហើយចង់ទទួលបានព្រះគុណពីព្រះជាម្ចាស់ តើពួកគេត្រូវមានអាកប្បកិរិយាបែបណាដែរ? ជារឿយៗ ពួកគេត្រូវមានអាកប្បកិរិយាដែលស្វែងរក និងស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។ មិនថាអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬដោះស្រាយនឹងបញ្ហាជាក់លាក់មួយចំនួនដែលអ្នកកំពុងប្រឈមឬអត់នោះទេ អ្នកត្រូវតែមានអាកប្បកិរិយានៃការស្វែងរក និងការស្ដាប់បង្គាប់» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ដោយសារខ្ញុំមិនបានយល់ដឹងច្បាស់ពីស្ថានការណ៍ ថាតើលទ្ធផលការងារមិនល្អ ពាក់ព័ន្ធនឹងវ៉ាងជ័នឬអត់ ខ្ញុំមិនអាចវិនិច្ឆ័យទាំងងងឹតងងុលបានទេ។ ខ្ញុំត្រូវស្វែងយល់ពីរឿងនេះឱ្យប្រាកដសិន ហើយស្ដាប់យោបល់របស់បងប្អូន រួចចាំធ្វើការសម្រេចចិត្តផ្អែកតាមគោលការណ៍។ ក្រោយមក តាមការសាកសួរជាក់ស្ដែង និងការប្រកបគ្នាជាមួយអ្នកធ្វើការដទៃទៀតអំពីការពិតដែលពាក់ព័ន្ធ ខ្ញុំបានរកឃើញថា វ៉ាងជ័នមាននិស្ស័យក្រអឺតក្រទម អាក្រក់ និងបោកបញ្ឆោត។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈខ្លួន ក្នុងការពិភាក្សាការងារជាមួយអ្នកដទៃ គាត់តែងនិយាយពីទស្សនៈខ្ពង់ខ្ពស់ និងអួតពីចំណេះដឹងការងារគាត់ ដើម្បីបន្តុះបង្អាប់ទស្សនៈអ្នកដទៃ និងឱ្យពួកគេស្ដាប់តាមគាត់។ ហើយដើម្បីកុំឱ្យបងប្អូនថាគាត់ជាជនផ្ដាច់ការ គាត់តែងធ្វើពុតនិយាយបន្ទាបខ្លួនថា៖ «ខ្ញុំមិនប្រាកដថាខ្ញុំត្រូវទេ» ឬ «ខ្ញុំនិយាយនេះអាចខុស» នាំឱ្យបងប្អូនគ្រប់គ្នាគិតថា គាត់ដឹងខ្លួនថាគាត់កំពុងធ្វើអ្វី នាំគ្នាធ្វើតាមគាត់ទាំងងងឹតងងុល និងធ្វើតាមចិត្តគាត់។ ហេតុនេះ ការងាររបស់ពួកគេតែងត្រូវយឺតយ៉ាវ ហើយពួកគេគ្មានរីកចម្រើនអ្វីទេ។ ទោះមើលទៅដូចវ៉ាងជ័ន កំពុងសុំយោបល់ពីបងប្អូនក៏ដោយ តែក្នុងចិត្តវិញ គាត់ពុំទទួលយកសេចក្ដីពិតទាល់តែសោះ។ គាត់កំពុងក្លែងបន្លំធ្វើពុត ដើម្បីលាក់បាំងធម្មជាតិផ្ដាច់ការរបស់គាត់ ដើម្បីបំភាន់និងគ្រប់គ្រងអ្នកដទៃ និងឱ្យពួកគេស្ដាប់តាមគាត់។ ក្រោយមក យើងអានបន្ទូលព្រះអំពីការធ្វើការពឹងលើអំណោយទាន។ បន្ទូលទាំងនោះបង្ហាញយើងថា វ៉ាងជ័នខ្វះគោលការណ៍។ គាត់គ្រាន់តែប្រើភាពប៉ិនប្រសប់ ការចងចាំល្អ និងប្រមូលយកគោលលទ្ធិដើម្បីអួតអាងប៉ុណ្ណោះ តែតាមពិត គាត់គា្មនផ្លូវអនុវត្តន៍នោះទេ។ ផ្អែកលើការបំពេញការងារដដែលៗនេះ យើងឃើញថា គាត់កំពុងដើរលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ រួចក៏បណ្ដេញគាត់ចេញតាមគោលការណ៍។ បន្ទាប់ពីការបណ្ដេញចេញនេះ បញ្ហាការងារជាប់គាំងនៅក្នុងក្រុម ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ហើយការងារពួកគេក៏បានរីកចម្រើន។

តាមរយៈបទពិសោធនេះ ខ្ញុំពិតជាបានយល់ថា ការមិនស្វែងរកគោលការណ៍នៃសេចក្ដីពិតក្នុងភារកិច្ចរបស់យើង ហើយធ្វើអ្វីតាមភាពក្រអឺតក្រទមរបស់យើង នោះយើងអាចធ្វើអាក្រក់ទាស់ទទឹងនឹងព្រះបានគ្រប់ពេល រួចក៏ប្រមាថដល់និស្ស័យរបស់ទ្រង់។ ខ្ញុំក៏បានយល់ផងដែរពី សារៈសំខាន់នៃការស្វែងរកសេចក្ដីពិត និងការពិនិត្យពិច័យមនុស្សនិងអ្វីៗស្របតាមបន្ទូលព្រះ។ នេះគឺជាផ្លូវតែមួយគត់ដើម្បីចៀសវាងធ្វើខុស និងដើម្បីផ្គាប់ព្រះទ័យព្រះក្នុងភារកិច្ចយើង។ អរព្រះគុណព្រះអង្គ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រមូលផលផ្លែពីការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

ការល្បងលនៃកូនចៅរបស់ម៉ូអាប់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ...

ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច

ខ្ញុំកំពុងបំពេញការងារខាងផលិតវីដេអូក្នុងក្រុមជំនុំ តែដោយសារពុំសូវមានការងារច្រើន អ្នកដឹកនាំក៏ផ្ទេរខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីវិញ។ ពេលនោះ...

Leave a Reply