តើលុយ និងឋានៈបានផ្ដល់អ្វីខ្លះដល់ខ្ញុំ?

07-08-2023

ខ្ញុំកើតក្នុងគ្រួសារមួយដែលបាក់បែក។ នៅពេលម្ដាយខ្ញុំពពោះខ្ញុំ ឪពុកខ្ញុំបានរត់ទៅតាមស្ត្រីម្នាក់ទៀត។ ម្ដាយខ្ញុំបានការលំបាកយ៉ាងខ្លាំង ដើម្បីចិញ្ចឹមកូនប្រាំមួយនាក់ ហើយខ្ញុំបានឮម្ដាយខ្ញុំយំសឹងតែរាល់យប់។ ពេលឃើញគាត់យំយ៉ាងជូរចត់បែបនេះ ធ្វើឱ្យខ្ញុំគិតអវិជ្ជមានអំពីអាពាហ៍ពិពាហ៍ និងទំនាក់ទំនង។ ខ្ញុំប្រាប់ខ្លួនឯងថា៖ «ឯងមិនត្រូវទុកចិត្តទាំងស្រុងលើនរណាណាម្នាក់ទេ។ មិនត្រូវទុកចិត្តនរណាឡើយ។ របស់តែមួយគត់ដែលឯងអាចទុកចិត្តបាន គឺជាខ្លួនឯង និងលុយដែលឯងរកបានដោយដៃរបស់ឯង»។ ចាប់ពីពេលនោះមក ខ្ញុំចាប់ផ្ដើមគិតពីរបៀបរកលុយ។ នៅវិទ្យាល័យ ក្នុងពេលដែលអ្នកផ្សេងទៀតរីករាយនឹងថ្ងៃឈប់សម្រាក ខ្ញុំ និងម្ដាយខ្ញុំ ត្រូវបើកស្ដង់លក់អាហារនៅតាមចិញ្ចើមថ្នល់។ ប៉ុន្តែលុយដែលយើងរកបាននោះ ចាយទៅលើតែតម្រូវការមូលដ្ឋានរបស់យើងប៉ុណ្ណោះ។ នៅឆ្នាំទីពីរនៃវិទ្យាល័យ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀន ព្រោះតែខ្ញុំគ្មានលុយបង់ថ្លៃសិក្សា។ ក្រោយមក ខ្ញុំបានបន្តលក់ដូរនៅ ស្តង់ខ្ញុំដដែល។ ខ្ញុំត្រូវក្រោកឡើងនៅម៉ោងបួន ឬប្រាំព្រឹក ដើម្បីរៀបចំម្ហូប ហើយទៅដល់ស្ដង់នៅម៉ោងប្រហែលប្រាំមួយ។ បីឆ្នាំក្រោយមក ខ្ញុំសន្សំលុយបានគ្រប់ល្មម ដើម្បីទៅធ្វើការនៅទីក្រុងធំមួយ។ ខ្ញុំត្រូវក្រោកឡើងពីព្រលឹម និងខំធ្វើការរាល់ថ្ងៃ តែខ្ញុំរកលុយមិនបានច្រើនទេ ហើយខ្ញុំមិនពេញចិត្តឡើយ។ ដូច្នេះ ដោយមានជំនួយពីមិត្តប្រុសខ្ញុំ ខ្ញុំបានប្រើប្រាក់សន្សំជាច្រើនឆ្នាំមកនេះ ដើម្បីបើកហាងតូចមួយ។ ពីរឆ្នាំក្រោយមក យើងសល់លុយបានមួយចំនួន និងមានកូន។ នៅពេលយើងហៀបនឹងរៀបការ មិត្តប្រុសខ្ញុំបានបោកប្រាស់គ្រប់យ៉ាងពីខ្ញុំ។ គាត់បានយកលុយទាំងអស់ រត់គេចខ្លួនទៅរស់នៅជាមួយស្ត្រីម្នាក់ទៀត។ ពួកគេក៏មានកូនម្នាក់ដែរ។ ខ្ញុំបានបាត់បង់លុយញើសឈាមខ្ញុំទាំងអស់ ហើយខ្ញុំបានធ្លាក់ទឹកចិត្ត និងពិបាកចិត្តជាខ្លាំង។ ពេលជួបរឿងដូចម្ដាយខ្ញុំបែបនេះ ខ្ញុំយល់ថា ពួកប្រុសៗមិនអាចទុកចិត្តបានទេ ហើយខ្ញុំត្រូវផ្តោតលើការរកលុយឱ្យបានច្រើនគ្រប់គ្រាន់ ដើម្បីចិញ្ចឹមកូនៗរបស់ខ្ញុំ។ តែខ្ញុំស្ថិតក្រោមសម្ពាធជាច្រើន ខ្ញុំគ្មានកម្លាំងបើកហាង ហើយខ្ញុំក៏ឈឺដែរ។ ខ្ញុំមិនចង់រស់នៅក្នុងទីក្រុងនេះទៀតឡើយ។ ក្រោយមក នៅពេលឪពុកមិត្តប្រុសខ្ញុំបានដឹងរឿងនេះ គាត់ចេញលុយឱ្យខ្ញុំដាក់ពាក្យសុំទិដ្ឋាការទៅចក្រភពអង់គ្លេស។ បួនឆ្នាំក្រោយមក ខ្ញុំទទួលបាន បណ្ណស្នាក់នៅ និងចូលរៀននៅសាកលវិទ្យាល័យ។ ដើម្បីរកលុយបានច្រើន ខ្ញុំបានរើសមុខវិជ្ជាការគ្រប់គ្រងអាជីវកម្ម។ នៅឆ្នាំ ២០១១ ខ្ញុំទទួលបានប្រាក់អាហារូបករណ៍សម្រាប់ការក្លាយជានិស្សិត ហើយខ្ញុំបានយកប្រាក់នោះទៅបើកហាងអាហារបែបអាហ្វ្រិកមួយនៅក្នុងក្រុង។

ដំបូង ព្រោះតែហាងនៅតូច ខ្ញុំបានជួលមនុស្សតែម្នាក់ប៉ុណ្ណោះ។ ខ្ញុំត្រូវក្រោកឡើងនៅម៉ោងប្រាំរាល់ព្រឹក ដើម្បីធ្វើការនៅឯហាង ហើយត្រូវទៅរៀន ពេលខ្ញុំធ្វើការចប់។ បន្ទាប់ពីរៀនរួច ខ្ញុំក៏ប្រញាប់ទៅហាងវិញ ដើម្បីសម្អាត ដឹកទំនិញ និងគិតបញ្ជីស្នាម។ ការរកស៊ីបណ្ដើរ រៀនបណ្ដើរ និងចិញ្ចឹមកូនបណ្ដើរ ក្នុងពេលតែមួយ ច្បាស់ជាពិបាកណាស់ហើយ។ ប៉ុន្តែ នៅពេលខ្ញុំឮគ្រប់គ្នាសរសើរសមត្ថភាពខ្ញុំ ហើយពេលខ្ញុំឃើញកែវភ្នែកស្ញប់ស្ញែង និងច្រណែនរបស់ពួកគេ ខ្ញុំមានការពេញចិត្តខ្លាំងណាស់។ ពេលនោះ អាជីវកម្មនៅហាងដំណើរការល្អ រកលុយបានលើសពីអ្វីដែលខ្ញុំគិតទៅទៀត តែខ្ញុំមានអារម្មណ៍មិនគ្រប់គ្រាន់ទេ។ ខ្ញុំគិតថា ខ្ញុំគួរតែមានលុយច្រើនគ្រប់គ្រាន់ ដើម្បីទិញធនាគារ ដូច្នេះ គេនឹងសរសើរ និងច្រណែនខ្ញុំ។ នោះជាអ្វីដែលខ្ញុំចង់បានយ៉ាងពិតប្រាកដ។ ដើម្បីទទួលបានកិត្តិយស និងការសរសើរថែមទៀត និងដើម្បីបញ្ជាក់ថា ខ្ញុំរឹងមាំ និងរកលុយបានកាន់តែច្រើន ដើម្បីចិញ្ចឹមកូនៗខ្ញុំ និងរស់នៅក្នុងជីវិតឆើតឆាយ ខ្ញុំបានពង្រីកទំហំហាងខ្ញុំ។ បីឆ្នាំក្រោយមក ហាងតូចរបស់ខ្ញុំ បានក្លាយជាហាងធំមួយ ដែលលក់អាហារពីប្រទេសផ្សេងៗនៅអាហ្វ្រិក។ គេក៏ស្គាល់ខ្ញុំថាជាអ្នកជំនួញអាហ្រ្វិកតែម្នាក់គត់នៅក្នុងក្រុងដែរ។ គ្រូៗនៅវិទ្យាល័យ និងមហាវិទ្យាល័យ បានអញ្ជើញខ្ញុំឱ្យឡើងនិយាយ អំពីមហិច្ឆតា និងជោគជ័យរបស់ខ្ញុំ ដើម្បីលើកទឹកចិត្តដល់យុវជន អន្តោប្រវេសន៍នៅចក្រភពអង់គ្លេស ហើយពួកគេបានផ្ដល់ពានរង្វាន់មួយដល់ខ្ញុំ។ ពេលខ្ញុំឡើងថ្លែងសុន្ទរកថាជាមួយពាននោះ គ្រប់គ្នាបានស្គាល់ខ្ញុំ។ ខ្ញុំយល់ថា រាល់ការខំប្រឹង និងទុក្ខលំបាកដែលខ្ញុំបានឆ្លងកាត់នាប៉ុន្មានឆ្នាំនេះ ពិតជាស័ក្ដិសមណាស់ និងយល់ទៀតថា ខ្ញុំបានសម្រេចគោលដៅជីវិតខ្ញុំហើយ។ តែខ្ញុំមិនបានឈប់រកលុយទេ ព្រោះក្រោយពេលអ្នកមានឋានៈសង្គម វាកាន់តែងាយស្រួលក្នុងការធ្វើការរកលុយ ហើយខ្ញុំក៏មានបំណងចង់ល្បីល្បាញកាន់តែខ្លាំងផងដែរ។ ប៉ុន្តែពេលនេះ រាងកាយខ្ញុំមានអារម្មណ៍មិនស្រួលទេ។ ខ្ញុំអាចឈរបានតែមួយភ្លែតប៉ុណ្ណោះ រួចក៏ត្រូវអង្គុយចុះវិញ។ គ្រូពេទ្យប្រាប់ថា ខ្ញុំមានជំងឺសន្លាក់ ជំងឺឈឺពេញខ្លួន និងជំងឺត្រគាក ដែលធ្វើឱ្យឈឺចាប់ពេញឆ្អឹងខ្នង។ គ្រូពេទ្យប្រាប់ខ្ញុំឱ្យសម្រាកព្យាបាលមួយរយៈ ហើយឈប់ធ្វើការសិន តែខ្ញុំមិនសូវខ្វល់ពីជំងឺខ្ញុំទេ។ ខ្ញុំយល់ថា ខ្ញុំនឹងបានប្រសើរវិញ បន្ទាប់ពីធ្វើលំហាត់ប្រាណ។ ក្រៅពីនេះ អាជីវកម្មនៅហាងខ្ញុំដំណើរការល្អណាស់ ហើយខ្ញុំមិនចង់បោះបង់ទេ ដូច្នេះ ខ្ញុំក៏បន្តរកស៊ីតទៅទៀត។

នៅដើមឆ្នាំ២០១៤ ជំងឺខ្ញុំកាន់តែធ្ងន់ធ្ងរ ហើយខ្ញុំបានឈឺចាប់ពេញខ្លួន។ ខ្ញុំមានអារម្មណ៍ថា រាងកាយខ្ញុំទាំងមូលក្ដៅរោលដូចមានភ្លើងឆេះអ៊ីចឹង។ ភាគច្រើន ជើងខ្ញុំបានហើម ឆ្អឹងត្រគាកខ្ញុំហាក់ដូចជាបាក់ ហើយឆ្អឹងខ្នងខ្ញុំក៏ទន់ដែរ។ ខ្ញុំត្រូវពាក់ឧបករណ៍ជំនួយ ដើម្បីឱ្យវាត្រង់វិញ។ ពេលខ្ញុំទៅពិនិត្យសុខភាព គ្រូពេទ្យប្រាប់ថា ខ្ញុំកើតជំងឺសន្លាក់ តែដោយសារខ្ញុំចូលក្នុងបន្ទប់ក្លាសសេសាច់នៅក្នុងហាងជាញឹកញាប់ ដូច្នេះ ភាពត្រជាក់បានចូលដល់ឆ្អឹងខ្ញុំ ដូច្នេះ ខ្ញុំអាចមានគ្រោះថ្នាក់ខ្វិនជើងជារៀងរហូតបានគ្រប់ពេល។ ពេលនោះ ខ្ញុំភ័យខ្លាំងណាស់ តែវាយឺតពេលទៅហើយ។ ក្រោយមក ខ្ញុំមិនអាចធ្វើចលនាបានទេ ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីបិទហាងឡើយ។ ដោយនឹកស្មានមិនដល់ អ្នកផ្សេងទៀតនៅក្នុងក្រុង ចាប់ផ្ដើមបើកហាងដូចខ្ញុំដែរ។ ខ្ញុំច្រណែនណាស់ ហើយក៏ពិបាកចិត្តខ្លាំងពីជំងឺខ្ញុំដែរ។ ហេតុអ្វីក៏ខ្ញុំឈឺធ្ងន់បែបនេះ? ខ្ញុំឈឺចាប់ឥតស្រាកស្រានម្ភៃបួនម៉ោងក្នុងមួយថ្ងៃ ហើយគ្មានថ្ងៃណាដែលខ្ញុំអាចគេងលក់យ៉ាងសុខស្រួលឡើយ។ វាប្រៀបដូចមានភ្លើងកំពុងឆេះក្ដៅក្នុងទ្រូងខ្ញុំអ៊ីចឹង ហើយការធ្វើទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត ពិតជាឈឺចាប់ណាស់។ ពេលនោះ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីរឿងរ៉ាវនានា។ លុយដែលខ្ញុំរកបាន មិនអាចព្យាបាលជំងឺខ្ញុំបានទេ អ៊ីចឹងតើវាមានប្រយោជន៍អ្វីទៅ? ពេលនោះ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងតែលតោល។ ខ្ញុំបារម្ភពីកូនៗរបស់ខ្ញុំ ព្រោះតែខ្ញុំជាគ្រួសារតែមួយគត់របស់ពួកគេ។ ខ្ញុំមិនចង់គិតពីលុយ និងភាពល្បីល្បាញទៀតឡើយ។ ខ្ញុំគ្រាន់តែចង់បំបាត់ការឈឺចាប់ និងចិញ្ចឹមកូនៗរបស់ខ្ញុំដោយសុខសាន្តប៉ុណ្ណោះ។ ជាងមួយឆ្នាំ ខ្ញុំបានគេងនៅលើគ្រែ សួរខ្លួនឯងថា៖ «ហេតុអ្វីក៏មនុស្សរងទុក្ខយ៉ាងច្រើនបែបនេះ? ហេតុអ្វីក៏យើងឈឺ?» ទាំងឈឺចាប់ និងអស់សង្ឃឹម ខ្ញុំបានដង្ហើយរកព្រះអម្ចាស់ឱ្យដកការឈឺចាប់ចេញពីខ្ញុំ។

ក្នុងខែឧសភា ឆ្នាំ២០១៩ ម្ដងនោះ បន្ទាប់ពីការអធិស្ឋានតមរយៈពេលដប់ថ្ងៃរួច ខ្ញុំចង់ស្ដាប់បទទំនុកតម្កើង។ ខ្ញុំបានស្វែងរកតាមអនឡាញ រួចក៏រកឃើញគេហទំព័ររបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទាប់ពីខ្ញុំបានមើលពីរបីវីដេអូ វីដេអូ «ផ្ទះខ្ញុំនៅឯណា» បានធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ ជីវិតក្មេងស្រីនោះ ឆ្លុះបញ្ចាំងពីកុមារភាពរបស់ខ្ញុំ ហើយបទពិសោធម្ដាយរបស់គាត់ ក៏ដូចគ្នានឹងបទពិសោធខ្ញុំដែរ។ បេះដូងខ្ញុំបានលោតញាប់ពេញមួយយប់ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំបានទូរសព្ទទៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា បានធ្វើឱ្យខ្ញុំជឿថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដោយក្ដីរីករាយ ហើយខ្ញុំចាប់ផ្ដើមចូលរួមការជួបជុំតាមអនឡាញ។ ម្ដងនោះ ខ្ញុំបានអានបទទំនុកតម្កើងមួយ រួចរំជួលចិត្តជាខ្លាំង។ «ប្រសិនបើព្រះជាម្ចាស់មិនបានសង្រ្គោះខ្ញុំទេ នោះខ្ញុំនឹងនៅរសាត់អណ្ដែតក្នុងលោកីយ៍ នៅតស៊ូទាំងឈឺចាប់ក្នុងអំពើបាប ដោយគ្មានសង្ឃឹមក្នុងជីវិតឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនបានសង្រ្គោះខ្ញុំទេ ពួកអារក្សនឹងនៅជាន់ឈ្លីខ្ញុំ ដោយរីករាយនឹងការសប្បាយនៃអំពើបាប ទាំងមិនស្គាល់ផ្លូវនៃជីវិតមនុស្សឡើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានព្រះហឫទ័យមេត្តាចំពោះខ្ញុំ ហើយព្រះសូរសៀងនៃព្រះបន្ទូលរបស់ទ្រង់ស្រែកហៅខ្ញុំ។ ខ្ញុំឮព្រះសូរសៀងព្រះជាម្ចាស់ ហើយត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ទ្រង់។ ជារៀងរាល់ថ្ងៃ ខ្ញុំហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានយល់សេចក្តីពិតជាច្រើន។ ខ្ញុំមើលឃើញពីជម្រៅដ៏ជ្រៅនៃសេចក្តីពុករលួយរបស់មនុស្សជាតិ។ យើងពិតជាត្រូវការសេចក្តីសង្រ្គោះពីព្រះជាម្ចាស់។ សេចក្តីពិតរបស់ព្រះជាម្ចាស់បន្សុទ្ធ និងសង្គ្រោះខ្ញុំ។ ខ្ញុំត្រូវបានជំនុំជម្រះ និងបន្សុទ្ធម្ដងហើយម្ដងទៀត ហើយនិស្ស័យជីវិតខ្ញុំបានផ្លាស់ប្ដូរ។ បើមិនបានភ្លក់សេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំក៏មិនបានដឹងពីភាពគួរឱ្យស្រឡាញ់របស់ទ្រង់ដែរ។ ដួងចិត្តខ្ញុំកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហើយខ្ញុំរស់នៅតាមលក្ខណៈជាមនុស្សបានបន្តិច» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ បទចម្រៀងនេះបានពន្យល់យ៉ាងច្បាស់ពីជីវិតខ្ញុំ។ ពីមុន ខ្ញុំតែងតែចង់បង្កើតជីវិតមួយដែលរីករាយ ដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំជឿថា ខ្ញុំអាច សម្រេចក្ដីស្រមៃពីកុមារភាព និងបំណងប្រាថ្នាគ្រប់យ៉ាងរបស់ខ្ញុំ ដោយកម្លាំងខ្ញុំផ្ទាល់បាន តែនៅទីបំផុត ខ្ញុំឈឺចាប់យ៉ាងខ្លាំង តែលតោល និងរស់នៅយ៉ាងវេទនា។ គឺជាព្រះដែលបាននាំខ្ញុំមកចំពោះទ្រង់ បានសម្រាលការឈឺចាប់ខ្ញុំ សង្គ្រោះខ្ញុំចេញពីភាពងងឹតនៃលោកីយ៍ ឱ្យខ្ញុំអានបន្ទូលទ្រង់ និងប្រទានឱ្យខ្ញុំមានឱកាសទទួលយកការជំនុំជម្រះ និងការបន្សុទ្ធ។ អរព្រះគុណព្រះសម្រាប់សេចក្តីសង្រ្គោះទ្រង់! ពេលនោះ ខ្ញុំចង់អានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត ព្រោះខ្ញុំដឹងថា ខ្ញុំអាចរកឃើញចម្លើយចំពោះសំណួរជាច្រើននៅក្នុងបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ។ «ការឈឺចាប់នៃការកើត ចាស់ ឈឺ ស្លាប់ពេញមួយជីវិត មានប្រភពចេញមកពីណា និងត្រូវយល់ពីមូលហេតុដែលនាំឱ្យមនុស្សត្រូវរងទុក្ខការទាំងនេះ។ តើរឿងទាំងនេះកើតមាន នៅពេលដែលមនុស្សត្រូវបានបង្កើតមកពីដំបូងឬ? តើការឈឺចាប់ទាំងនេះកើតចេញពីកន្លែងណា? ការឈឺចាប់ទាំងនេះកើតមក បន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង និងបន្ទាប់ពីមនុស្សបានធ្លាក់ចុះ ដោយដើរតាមសេចក្តីពុករលួយរបស់សាតាំង។ ការឈឺចាប់នៃសាច់ឈាម បញ្ហា និងភាពទទេរបស់មនុស្ស ព្រមទាំងរឿងអាក្រក់ទាំងប៉ុន្មាននៅក្នុងពិភពរបស់មនុស្ស សុទ្ធតែកើតមាន បន្ទាប់ពីសាតាំងបានធ្វើឱ្យមនុស្សក្លាយជាពុករលួយ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ សាតាំងចាប់ផ្ដើមធ្វើបាបមនុស្ស ដូច្នេះហើយបានជាមនុស្សធ្លាក់ចុះកាន់តែជ្រៅ ជំងឺរបស់ពួកគេកាន់តែធ្ងន់ ការឈឺចាប់របស់ពួកគេកាន់តែជ្រាលជ្រៅ ហើយពួកគេកាន់តែមានអារម្មណ៍ថា ពិភពលោកនៅទទេ និងវេទនា យល់ថា គេមិនអាចរស់នៅក្នុងពិភពលោកនេះបានទេ ហើយយល់ទៀតថា ការរស់នៅក្នុងពិភពលោកនេះ គឺកាន់តែគ្មានសង្ឃឹម។ ដូច្នេះ ការឈឺចាប់នេះបានធ្លាក់លើមនុស្ស ដោយសារតែសាតាំង ហើយការធ្លាក់ចុះដែលកើតចេញពីសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស» (ដកស្រង់ពី «ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ថា ព្រះបានបង្កើតពិភពលោកមួយដែលគ្មានជំងឺ គ្មានការឈឺចាប់ និងសេចក្តីស្លាប់ទេ។ បន្ទាប់ពីសាតាំងបានល្បួងមនុស្សឱ្យក្បត់ព្រះ និងបែរចេញពីទ្រង់មក មនុស្សចាប់ផ្ដើមប្រែជាអាក្រក់ និងពុករលួយ ហើយជំងឺ និងសេចក្តីស្លាប់ ក៏កើតមានចំពោះមនុស្សជាតិដែរ។ ក្រោយមក ជីវិតកាន់តែវេទនាឡើងៗ។ ក្នុងរយៈពេលប្រាំមួយឆ្នាំនេះ ខ្ញុំរងទុក្ខព្រោះតែជំងឺ និងថែមទាំងចង់ធ្វើអត្តឃាតទៀតផង។ ជីវិតខ្ញុំគ្មានន័យ និងពេញដោយការឈឺចាប់។ តែឥឡូវ ខ្ញុំយល់ពីប្រភពនៃការឈឺចាប់របស់ខ្ញុំហើយ៖ សាតាំងបានធ្វើឱ្យខ្ញុំពុករលួយ និងបែរចេញពីព្រះ ហើយរស់នៅសម្រាប់តែភាពល្បីល្បាញ និងទ្រព្យសម្បត្តិប៉ុណ្ណោះ។ ដោយរស់នៅក្រោមការត្រួតត្រារបស់សាតាំង ខ្ញុំមានអារម្មណ៍កាន់តែឈឺចាប់ខ្លាំង ហើយជីវិតខ្ញុំគ្មានន័យឡើយ។ ពេលខ្ញុំអានបន្ទូលព្រះកាន់តែច្រើន ដួងចិត្តខ្ញុំកាន់តែភ្លឺស្វាង ហើយបន្ទូលព្រះបានចិញ្ចឹមព្រលឹងដ៏ហួតហែងរបស់ខ្ញុំ។ ខ្ញុំបានភ្ញាក់ខ្លួន ហាក់ដូចភ្ញាក់ពីដំណេកដែលពេញដោយសុបិនអាក្រក់អ៊ីចឹង។

ក្រោយមក ខ្ញុំអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត។ «'លុយអាចប្រើខ្មោចឱ្យកិនម្សៅបាន' គឺជាទស្សនវិជ្ជារបស់សាតាំង។ ទស្សនវិជ្ជានេះកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិទាំងមូល និងក្នុងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយបានថា នេះគឺជានិន្នាការមួយ។ នេះគឺដោយសារតែទស្សនវិជ្ជានេះត្រូវបានគេបណ្ដុះគំនិតនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗដែលពីដើមដំបូងឡើយ មនុស្សនេះមិនបានទទួលយកភាសិតនេះទេ ប៉ុន្តែបន្ទាប់មក ក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងនៅក្នុងជីវិតជាក់ស្ដែង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវមែន។ តើនេះមិនមែនជាដំណើរមួយដែលសាតាំងដើម្បីធ្វើឱ្យមនុស្សពុករលួយទេឬអី? ប្រហែលមនុស្សមិនយល់ពីពាក្យភាសិតនេះនៅក្នុងកម្រិតដូចគ្នាឡើយ ប៉ុន្តែមនុស្សគ្រប់គ្នាមានកម្រិតនៃការបកស្រាយ និងកម្រិតនៃការទទួលស្គាល់ភាសិតនេះខុសៗគ្នា ផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញខ្លួនពួកគេ និងផ្អែកលើបទពិសោធរបស់ពួកគេផ្ទាល់។ តើរឿងមិនបែបនេះទេឬអី? មិនថាមនុស្សម្នាក់មានបទពិសោធច្រើនប៉ុនណាពាក់ព័ន្ធពាក្យភាសិតនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើចិត្តរបស់មនុស្សណាម្នាក់? រឿងខ្លះត្រូវបានបើកសម្ដែងតាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងលោកីយ៍នេះ រួមទាំងអ្នករាល់គ្នាគ្រប់ៗរូបផងដែរ។ តើនេះវាជាអ្វីទៅ? នេះជាការថ្វាយបង្គំលុយ។ តើវាពិបាកនឹងដកចេញពីដួងចិត្តរបស់មនុស្សម្នាក់មែនទេ? ពិតជាពិបាកណាស់! ហាក់ដូចជាការដែលសាតាំងធ្វើឱ្យមនុស្សពុករលួយនោះ ជ្រាលជ្រៅខ្លាំងណាស់! សាតាំងប្រើលុយដើម្បីល្បួងមនុស្ស និងធ្វើឱ្យពួកគេពុករលួយ ធ្លាក់ខ្លួនទៅក្នុងការថ្វាយបង្គំលុយ គោរពបូជាវត្ថុផ្សេងៗ។ ហើយតើការថ្វាយបង្គំលុយនេះ បានបង្ហាញពីអ្វីខ្លះនៅក្នុងខ្លួនមនុស្ស? អ្នករាល់គ្នាធ្លាប់មានអារម្មណ៍ថា អ្នករាលគ្នាមិនអាចរស់នៅក្នុងពិភពលោកនេះបានទេបើគ្មានលុយ ឬមិនអាចរស់នៅបានសូម្បីតែមួយថ្ងៃបើគ្មានលុយ។ តើអ្នករាល់គ្នាមានអារម្មណ៍បែបនេះដែរឬទេ? ឋានៈរបស់មនុស្សអាស្រ័យលើទៅចំនួនទឹកប្រាក់ដែលគេមាន ហើយកម្រិតនៃការគោរព ក៏អាស្រ័យលើទឹកប្រាក់ផងដែរ។ អ្នកក្រខំឱនលំទោនទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង ទាំងមានអំនួតផង ដោយនិយាយឮៗ និងរស់នៅទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះ នាំអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬអីដែលមនុស្សជាច្រើនហ៊ានលះបង់គ្រប់យ៉ាង ដើម្បីដេញតាមទឹកលុយនោះ? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់សេចក្តីថ្លៃថ្នូរ និងភាពសុចរិតរបស់ខ្លួនដោយសារតែដេញតាមលុយនេះទេឬអី? តើមិនមែនមានមនុស្សជាច្រើនដែលបាត់បង់ឱកាសក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងដើរតាមព្រះជាម្ចាស់ដើម្បីតែប្រាក់នេះទេឬអី? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត និងត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់មនុស្សទេឬអី? តើសាតាំងមិនអាក្រក់ទេឬអីដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឱ្យមនុស្សពុករលួយដល់កម្រិតនេះនោះ? តើនេះមិនមែនជាកលល្បិចព្យាបាទទេឬអី? នៅពេលដែលអ្នកផ្លាស់ប្ដូរពីការប្រឆាំងនឹងពាក្យភាសិតដ៏ពេញនិយមនេះ ហើយចុងក្រោយបែរចាទទួលស្គាល់ថាវាជាការពិត នោះដួងចិត្តរបស់អ្នកនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុង ដូច្នេះហើយ អ្នកនឹងត្រូវរស់នៅតាមពាក្យភាសិតនេះទាំងមិនដឹងខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលដល់អ្នកក្នុងកម្រិតណា? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តីពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែអ្នកមិនព្រមលះបង់ ឬព្រមរងទុក្ខ ដើម្បីទទួលបានសេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងទិសដៅផ្ទាល់ខ្លួនរបស់អ្នកដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មិនថាអ្នកយល់ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកជ្រាលជ្រៅ និងខ្លាំងប៉ុនណាឡើយ អ្នកនៅតែក្បាលរឹងទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ានលះបង់ដើម្បីពាក្យភាសិតមួយនេះទៀត។ មានន័យថា ពាក្យភាសិតនេះបានបោកបញ្ឆោត និងគ្រប់គ្រងលើគំនិតរបស់អ្នករួចហើយ វាបានគ្រប់គ្រងលើឥរិយាបថរបស់អ្នករួចហើយ ហើយអ្នកសុខចិត្តឱ្យវាគ្រប់គ្រងលើវាសនារបស់អ្នក ជាជាងលះបង់ការដេញតាមរកទ្រព្យសម្បត្តិរបស់អ្នក។ ការដែលមនុស្សអាចធ្វើដូច្នេះបាន ការដែលពួកគេអាចឱ្យសម្ដីរបស់សាតាំងគ្រប់គ្រង និងបោកប្រើបានដូច្នេះ តើនេះមិនមានន័យថាពួកគេត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឱ្យពុករលួយទេឬអី? តើទស្សនវិជ្ជា និងផ្នត់គំនិតរបស់សាតាំង និងនិស្ស័យរបស់សាតាំង មិនមែនបានចាក់ឫសក្នុងចិត្តរបស់អ្នកទេឬអី? នៅពេលដែលអ្នកដេញតាមទ្រព្យសម្បត្តិទាំងងងឹតងងុល ហើយលះបង់ចោលការស្វះស្វែងរកសេចក្ដីពិត តើសាតាំងមិនមែនបានសម្រេចគោលបំណងរបស់វាក្នុងការបោកបញ្ឆោតអ្នកទេឬអី? ករណីនេះពិតដូច្នេះមែន» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទាប់ពីអានបន្ទូលព្រះរួច ទើបខ្ញុំយល់ថា «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» និង «លុយអាចបង្វិលពិភពលោកបាន» ដែលជាអ្វីដែលខ្ញុំតែងតែជឿនោះ តាមពិតទៅ ជាទស្សនវិជ្ជាបែបសាតាំង។ ជំនឿនេះបានចាក់ឫសក្នុងដួងចិត្តខ្ញុំ និងគ្រប់គ្រងគំនិតខ្ញុំ ដូច្នេះ ខ្ញុំមិនអាចគិតឃើញអ្វីផ្សេងសំខាន់ជាងលុយឡើយ។ ខ្ញុំបានចាត់ទុកលុយជាហេតុផលតែមួយគត់ដែលខ្ញុំត្រូវរស់នៅ ហើយខ្ញុំគិតថា វានឹងនាំឱ្យខ្ញុំមានសុភមង្គល និងកិត្តិយស ដូច្នេះ ខ្ញុំបានដេញតាមលុយយ៉ាងស្វិតស្វាញ។ ដើម្បីបានលុយកាន់តែច្រើន ឱ្យគេច្រណែន និងគោរពខ្លួន ហើយរស់នៅក្នុងជីវិតមួយល្អ ខ្ញុំបានខំធ្វើការ ដោយគ្មានគិតពីរាងកាយខ្ញុំទេ រហូតដល់ខ្ញុំប៊ិះតែខ្វិន និងបាត់បង់ជីវិតទៀតផង។ នេះជាផលវិបាកចេញពីការទទួលយកទស្សនវិជ្ជារបស់សាតាំង និងឱ្យវាគ្រប់គ្រងលើខ្ញុំ។ ទោះបីខ្ញុំដឹងថា មានព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំគ្មានកម្លាំងដើរតាមព្រះ និងដើរតាមផ្លូវពិតនៃជីវិតដែរ ព្រោះពាក្យ និងទស្សនវិជ្ជារបស់សាតាំង បានគ្រប់គ្រងលើខ្ញុំ។ ទស្សនៈទាំងនេះបានឆក់យកដួងចិត្តខ្ញុំចេញឆ្ងាយពីព្រះ និងធ្វើឱ្យខ្ញុំរស់នៅ ដើម្បីតែបំពេញតាមសាច់ឈាមប៉ុណ្ណោះ។ ព្រោះតែការណែនាំចេញពីបន្ទូលព្រះ ខ្ញុំបានដឹងថា ខ្ញុំកំពុងដើរផ្លូវខុស។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀត ហើយខ្ញុំបានរកឃើញផ្លូវចេញពីការឈឺចាប់ខ្ញុំ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ដោយសារតែមនុស្សមិនទទួលស្គាល់ពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះពួកគេតែងតែប្រឈមនឹងវាសនាដោយភាពរឹងទទឹង និងអាកប្បកិរិយាបះបោរ ហើយពួកគេតែងតែចង់ច្រានចោលសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលវាសនាបានចារទុក ទាំងសង្ឃឹមដោយឥតប្រយោជន៍ចង់ផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់គេ និងកែប្រែវាសនារបស់គេ។ ប៉ុន្តែ ពួកគេមិនអាចជោគជ័យ ហើយតែងតែខកបំណងជានិច្ច។ ការតយុទ្ធដ៏ស៊ីជម្រៅនៅក្នុងព្រលឹងរបស់គេនេះ នាំមកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅ ដែលចាក់ចូលដល់ឆ្អឹងរបស់គេ គឺដូចជាគេខ្ជះខ្ជាយពេលវេលាពេញមួយជីវិតអ៊ីចឹង។ តើអ្វីទៅជាដើមហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែបុគ្គលនោះកើតមកគ្មានសំណាង? ជាក់ស្ដែងណាស់ វាមិនមែនដោយសារចំណុចទាំងពីរនេះឡើយ។ ចំណុចសំខាន់នោះគឺថា វាបង្កឡើង ដោយសារតែផ្លូវដែលមនុស្សដើរ ជាផ្លូវដែលគេជ្រើសរើសរស់នៅក្នុងជីវិតរបស់គេ។ ... មានផ្លូវដ៏សាមញ្ញបំផុតមួយ ដើម្បីរំដោះខ្លួនចេញពីសភាពនេះ ដែលជាការលះបង់ចោលនូវរបៀបរស់នៅចាស់។ វាជាការនិយាយលាហើយទៅកាន់គោលដៅចាស់នៅក្នុងជីវិតរបស់គេ។ ចូរធ្វើការសង្ខេប និងវិភាគទៅលើរបៀបរស់នៅចាស់ ទស្សនៈជីវិតចាស់ ការដេញតាមចាស់ បំណងប្រាថ្នា និងឧត្តមគតិចាស់របស់គេ បន្ទាប់មក ចូរធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយបំណងព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របជាមួយបំណងព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឱ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឱ្យគេរស់នៅជាមួយភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកបន្តអង្កេតមើល ហើយបន្តវះកាត់ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវគោលដៅដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅដ៏ច្រើនអនេករបស់គេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមគោលបំណងដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឱ្យមនុស្សក្លាយជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឱ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក។ វាគឺជាការព្យាយាមចុះចូលចំពោះការចាត់ចែង និងការដឹកនាំរបស់ព្រះជាម្ចាស់ ជាការរស់នៅ ដោយគ្មានជម្រើសរបស់បុគ្គល និងការក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បន្ទូលព្រះជួយឱ្យខ្ញុំយល់ពីរបៀបរំដោះខ្លួនពីការគ្រប់គ្រងនៃលុយ ដែលជាការបោះបង់គោលដៅដែលខ្ញុំធ្លាប់ដេញតាមកាលពីមុន លែងដេញតាមភាពល្បីល្បាញ និងទ្រព្យសម្បត្តិ តាមរយៈការខំប្រឹងផ្ទាល់ខ្លួន និងឱ្យព្រះជាអ្នកសម្រេច និងចាត់ចែងជីវិតខ្ញុំវិញ។ ខ្ញុំត្រូវតែចុះចូលតាមការចាត់ចែងរបស់ព្រះ អនុវត្តតាមសេចក្តីតម្រូវរបស់ព្រះ និងក្លាយជាបុគ្គលម្នាក់ដែលថ្វាយបង្គំព្រះ។ ខ្ញុំពិតជាដឹងគុណព្រះខ្លាំងណាស់។ នេះជាលើកទីមួយក្នុងជីវិតខ្ញុំហើយដែលខ្ញុំបានដឹងពីការណែនាំរបស់ព្រះសម្រាប់ខ្ញុំ។ វាហាក់ដូចជាព្រះកំពុងមានបន្ទូលដោយផ្ទាល់មកកាន់ខ្ញុំ បង្ហាញខ្ញុំពីផ្លូវអនុវត្តន៍អ៊ីចឹង។ បន្ទាប់ខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដារួច ខ្ញុំចង់បំពេញភារកិច្ចខ្ញុំនៅក្នុងពួកជំនុំ តែពេលនោះ ខ្ញុំនៅជាប់បើកហាងលក់តាមអនឡាញនៅឡើយ។ ខ្ញុំបានវិនិយោគលុយជាច្រើន តែគ្មានចំណេញលុយឡើយ។ ខ្ញុំខ្លាចខាតលុយកាន់តែច្រើន ដូច្នេះ ខ្ញុំត្រូវតាមដានការបញ្ជាទិញតាមអនឡាញគ្រប់ពេល ហើយខ្ញុំតែងទទួលសារ ក្នុងពេលការជួបជុំពេលថ្ងៃ ដូច្នេះ ចិត្តខ្ញុំនៅមិនស្ងប់ឡើយ ហើយខ្ញុំគិតពីរបៀបវិនិយោគ និងបង្កើតលុយកាន់តែច្រើនដដែល។ ការបើកហាងលក់តាមអនឡាញ នៅពេលថ្ងៃ ពិតជានឿយហត់ណាស់ ដូច្នេះ ពេលខ្លះ នៅការជួបជុំពេលល្ងាច ព្រោះតែឈឺចាប់ពេញខ្លួន ខ្ញុំមានតែទម្រេតខ្លួន និងលេបថ្នាំ ដើម្បីបំបាត់ការឈឺចាប់ប៉ុណ្ណោះ តែថ្នាំនោះធ្វើឱ្យងងុយគេង ហើយខ្ញុំមានអារម្មណ៍ងងុយគេក្នុងពេលជួបជុំ។ ខ្ញុំចង់ថ្វាយបង្គំព្រះដោយស្មោះ។ ខ្ញុំមិនចង់រស់នៅតាមជីវិតចាស់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំបានបិទហាងលក់តាមអនឡាញ។ ក្រោយមក មិត្តខ្ញុំនិយាយថា គាត់ចង់បើកហាងលក់ឥដ្ឋ និងស៊ីម៉ង់ ព្រោះតែខ្ញុំសិក្សាវគ្គគ្រប់គ្រងអាជីវកម្ម ខ្ញុំបានជួយគាត់រៀបចំផែនការដោយឥតគិតថ្លៃ។ គាត់ពេញចិត្តយ៉ាងខ្លាំង រួចនិយាយថា គាត់ចង់ធ្វើការជាមួយខ្ញុំ។ គាត់ចង់ឱ្យខ្ញុំធ្វើការវេចខ្ចប់ ក្នុងពេលគាត់ធ្វើការដឹកជញ្ជូន ហើយយើងអាចចែកលុយស្មើៗគ្នា។ វាល្បួងចិត្តខ្ញុំណាស់។ ខ្ញុំគិតថា នេះជាឱកាសល្អ ដើម្បីរកលុយបន្ថែមទៀត ហើយមានគំនិតជាច្រើនចេះតែផុសឡើងក្នុងគំនិតខ្ញុំ។ យប់នោះ ពេលខ្ញុំអធិស្ឋានទៅព្រះ ដើម្បីឆ្លុះបញ្ចាំងពីសភាពខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំកំពុងបើកសម្ដែងពីភាពលោភលន់ចង់បានលុយម្ដងទៀត។ ខ្ញុំនឹកចាំពីការឈឺចាប់ផ្សេងៗដែលខ្ញុំមានកាលពីមុន។ ខ្ញុំក៏ដឹងដែរថា ក្រោយពេលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា វិញ្ញាណខ្ញុំលែងមានការឈឺចាប់ទៀតហើយ។ ខ្ញុំបានទទួលសេចក្តីសុខសាន្ត និងភាពនឹងន ហើយការឈឺចាប់ក្នុងរាងកាយខ្ញុំ បានប្រសើរច្រើនណាស់ ដោយមិនបានប្រើថ្នាំពេទ្យឡើយ។ នេះជាការការពារ និងសេចក្តីសង្រ្គោះរបស់ព្រះសម្រាប់ខ្ញុំ។ គឺជាព្រះដែលបានជួយឱ្យខ្ញុំរួចផុតពីទុក្ខវេទនានៃភាពល្បីល្បាញ និងទ្រព្យសម្បត្តិ តែឥឡូវ ខ្ញុំចង់បន្តដេញតាមលុយ និងភាពល្បីល្បាញទៀត។ តើខ្ញុំមិនធ្លាក់ក្នុងអន្ទាក់របស់សាតាំងម្ដងទៀតទេឬអី? ខ្ញុំដឹងថា ខ្ញុំគួរតែបដិសេធការងារពីមិត្តភក្ដិខ្ញុំនេះ តែខ្ញុំនៅតែមិនអាចលះបង់ចោលទាំងស្រុងដដែល។ ក្រោយមក ខ្ញុំអានបន្ទូលព្រះ និងរកឃើញផ្លូវអនុវត្តន៍មួយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សចំណាយពេលពេញមួយជីវិតរបស់គេ ដេញតាមលុយ និងកេរ្តិ៍ឈ្មោះ។ ពួកគេខំស្រវាចាប់អ្វីៗទាំងនេះ ទាំងគិតថា វាជាមធ្យោបាយគាំទ្រតែមួយគត់ដើម្បីឱ្យគេអាចរួចផុតពីសេចក្តីស្លាប់ ហើយវាប្រៀបបីដូចជាការមានរបស់ទាំងនេះ ធ្វើឱ្យគេអាចមានជីវិតរស់នៅបន្តអ៊ីចឹង។ ប៉ុន្តែ មានតែនៅពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា របស់ទាំងនេះនៅឆ្ងាយពីពួកគេកម្រិតណា ដឹងថាពួកគេទន់ខ្សោយកម្រិតណាក្នុងការប្រឈមនឹងសេចក្តីស្លាប់ ដឹងថាពួកគេមានភាពផុយស្រួយប៉ុនណា និងដឹងទៀតថា ពួកគេមានអារម្មណ៍ឯកោ និងតែលតាលប៉ុនណា ដោយសារតែភាពទ័លច្រករបស់គេ។ ពួកគេទទួលស្គាល់ថា ជីវិតមិនអាចត្រូវបានទិញដូរដោយទឹកប្រាក់ ឬកេរ្តិ៍ឈ្មោះឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាពួកគេមានមុខតំណែងខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាសុទ្ធតែក្រីក្រ និងគ្មានសំខាន់សោះឡើយនៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន ភាពល្បីល្បាញមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងកេរ្តិ៍ឈ្មោះមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងស្រេកឃ្លានចង់បន្តរស់នៅកាន់តែខ្លាំង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងខ្លាចការមកដល់នៃសេចក្តីស្លាប់កាន់តែខ្លាំង។ មានតែមកដល់ចំណុចនេះទេ ទើបពួកគេទទួលស្គាល់ការពិតថា ជីវិតរបស់គេមិនមែនជាកម្មសិទ្ធិរបស់គេ និងមិនមែនសម្រាប់ឱ្យពួកគេត្រួតត្រា ហើយទទួលស្គាល់ថា គេគ្មានអំណាចអ្វីនឹងសម្រេចថាតើគេត្រូវមានជីវិតរស់នៅ ឬស្លាប់នោះឡើយ ដ្បិតការទាំងអស់នេះហួសពីដែនត្រួតត្រារបស់គេហើយ» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ថា ក្នុងពេលមនុស្សគិតថា ការឱបក្រសោបលុយអាចជួយពន្យារអាយុជីវិត និងការពារពួកគេកុំឱ្យស្លាប់បាន មានតែពេលជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា លុយមិនអាចសង្រ្គោះពួកគេបានទេ វាមិនអាចផ្ដល់ឱ្យពួកគេនូវជីវិតអស់កល្បបានឡើយ ហើយក៏មិនអាចជួយពួកគេឱ្យបានសុខភាពមកវិញនោះដែរ។ តើការភ្ញាក់រឭកនៅចំពោះសេចក្តីស្លាប់ មិនយឺតពេលទេឬអី? ខ្ញុំធ្លាប់ធ្វើបែបនេះកាលពីមុន ដោយដេញតាមលុយទាំងងងឹតងងល់ គ្មានខ្វល់ពីរាងកាយខ្ញុំទេ។ គ្រូពេទ្យប្រាប់ខ្ញុំឱ្យសម្រាក ដើម្បីឆាប់ធូរស្រាលវិញ តែខ្ញុំបារម្ភពីការមិនរកបានលុយ បើខ្ញុំស្នាក់នៅផ្ទះ ដូច្នេះ ខ្ញុំខំធ្វើការ ទាំងឈឺ។ ខ្ញុំគិតថា ខ្ញុំអាចគ្រប់គ្រងវាសនាខ្ញុំបាន តែដល់ពេលជិតស្លាប់ ទើបខ្ញុំដឹងថា គ្មានអ្វីស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំឡើយ។ ឥឡូវ ព្រោះតែសេចក្តីសង្រ្គោះរបស់ព្រះ ខ្ញុំមានសំណាងណាស់ដែលបានឮបន្ទូលព្រះ។ ខ្ញុំយល់ថា ព្រះមានអធិបតេយ្យភាពលើវាសនារបស់មនុស្ស ហើយខ្ញុំគួរតែស្ដាប់តាមការរៀបចំរបស់ព្រះ ហើយមិនត្រូវតតាំងនឹងវាសនាដោយខ្លួនឯងទៀតឡើយ។ បើខ្ញុំជ្រើសរើសរកលុយ ខ្ញុំនឹងវេទនាម្ដងទៀត។ ខ្ញុំនឹងធ្វើឱ្យខ្លួននឿយហត់ខ្លាំងព្រោះតែលុយ ហើយសាតាំងនឹងបន្តគ្រប់គ្រង និងធ្វើបាបខ្ញុំ។ ពេលនោះ ទើបខ្ញុំដឹងថា នេះជាសេចក្តីល្បួងរបស់សាតាំងចំពោះខ្ញុំ។ មិត្តម្នាក់បានមករកខ្ញុំដោយមានគំនិតអាជីវកម្មមួយ គាត់បានដាក់ទុន និងព្រមចែកផលចំណេញស្មើគ្នា។ ការផ្តល់ជូននេះ ពិតជាទាក់ទាញមែន។ សាតាំងកំពុងប្រើការនេះធ្វើឱ្យខ្ញុំធ្លាក់ក្នុងអន្ទាក់នៃលុយ និងភាពល្បីល្បាញម្ដងទៀត ហើយខ្ញុំបែរជាចង់ត្រលប់ទៅរកជីវិតចាស់នៃទារុណកម្ម និងសេចក្តីវេទនាទាំងងងឹតងងល់ទៅវិញ។ តើនេះមិនមែនជាការចាញ់ល្បិចសាតាំងទេឬអី? ខ្ញុំបានអធិស្ឋានទៅព្រះថា ខ្ញុំចង់លះបង់ភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ហើយបែរមកបំពេញភារកិច្ចខ្ញុំវិញ។ ក្រោយអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ធូរស្រាលចិត្តជាខ្លាំង។ វាប្រៀបដូចជាខ្ញុំបានរួចពីបន្ទុកដ៏ធ្ងន់មួយអ៊ីចឹង។ រយៈពេលបីថ្ងៃបន្ទាប់ ដើម្បីរួចខ្លួនពីកម្លាំងនៃភាពល្បីល្បាញ និងទ្រព្យសម្បត្តិ រាល់ថ្ងៃ ខ្ញុំបានអធិស្ឋានកាន់តែច្រើន។ ខ្ញុំមានចិត្តក្លាហានក្នុងការបដិសេធការងារជាមួយមិត្តភក្ដិខ្ញុំ តែគាត់ព្យាយាមបញ្ចុះបញ្ចូលខ្ញុំថា «ឥឡូវ ឯងរស់នៅអាងលើជំនួយរបស់រដ្ឋ។ ជំនួយនេះមិនគ្រប់គ្រាន់សម្រាប់ឯងទេ។ នេះមិនមែនជានីណាដែលខ្ញុំស្គាល់ឡើយ»។ ខ្ញុំថា៖ «មែនហើយ ខ្ញុំមិនមែនជានីណាពីមុននោះទេ។ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ ហើយខ្ញុំយល់ពីសេចក្តីពិតមួយចំនួន។ គឺជាព្រះដែលបានសង្រ្គោះខ្ញុំពីការឈឺចាប់របស់ខ្ញុំ។ ពីមុន ពេទ្យប្រាប់ថា ខ្ញុំមានជំងឺដែលមិនអាចព្យាបាលបានទេ ហើយពួកគេបានបោះបង់ខ្ញុំ។ សូម្បីតែថ្នាំបំបាត់ការឈឺចាប់ ក៏ជួយខ្ញុំមិនបានដែរ។ តែពេលខ្ញុំអានបន្ទូលព្រះ ការឈឺចាប់ខ្ញុំបានថមថយទៅទាំងមិនដឹងខ្លួន។ បើខ្ញុំបោះបង់ដំណាក់ព្រះ ហើយត្រលប់ទៅរកលោកីយ៍វិញ ខ្ញុំនឹងរស់នៅក្នុងការឈឺចាប់ដដែលមិនខាន។ ខ្ញុំមិនចង់បន្តរស់នៅបែបនេះទេ»។ ខ្ញុំក៏ប្រាប់គាត់ដែរថា៖ «ឯងអាចរកអ្នកផ្សេងធ្វើជាដៃគូរបស់ឯងបាន។ បើឯងត្រូវការជំនួយ ខ្ញុំអាចផ្ដល់ដំបូន្មានខ្លះដល់ឯងបាន»។ ក្រោយមក គាត់បានមករកខ្ញុំជាច្រើនដង រហូតដល់គាត់ដឹងថា គាត់មិនអាចបញ្ចុះបញ្ចូលខ្ញុំបានទេ។

ឥឡូវ ខ្ញុំបំពេញភារកិច្ចខ្ញុំនៅពួកជំនុំ ហើយខ្ញុំមានសេរីភាព និងសេចក្តីសុខសាន្ត។ ការឈឺចាប់ផ្លូវកាយរបស់ខ្ញុំបានថយចុះពី៦០ទៅ៧០ភាគរយ ហើយឥឡូវ ខ្ញុំអាចដើរ និងចម្អិនម្ហូបបាន។ តែសំខាន់បំផុតនោះ ខ្ញុំអាចបំពេញភារកិច្ចខ្ញុំនៅក្នុងពួកជំនុំ។ ខ្ញុំដឹងគុណព្រះខ្លាំងណាស់ដែលសង្រ្គោះខ្ញុំពីការគ្រប់គ្រងដោយលុយ និងផ្លាស់ប្ដូរទិសដៅនៃជីវិតខ្ញុំ។ ឥឡូវ ខ្ញុំយល់ថា ការដឹងពីអធិបតេយ្យភាពរបស់ព្រះ ការថ្វាយបង្គំព្រះ និងការអនុវត្តតាមបន្ទូល និងសេចក្តីតម្រូវរបស់ព្រះ គឺជាអ្វីមួយដ៏មានអត្ថន័យ និងមានតម្លៃបំផុតក្នុងជីវិត។ ទោះបីជំងឺខ្ញុំធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងក៏ដោយ ក៏វាជាព្រះពរមួយសម្រាប់ខ្ញុំដែរ។ វាផ្ដល់ឱ្យខ្ញុំមានឱកាសត្រលប់ទៅរកព្រះ និងទទួលបានសេចក្តីសង្រ្គោះរបស់ព្រះ ជាអ្វីមួយដែលលុយមិនអាចទិញបានឡើយ ទោះមានចំនួនប៉ុន្មានក៏ដោយ។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជម្រើសដែលត្រឹមត្រូវ

ដោយស៊ុនយី ប្រទេសចិន ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖...

ការភ្ញាក់រលឹករបស់ទាសករលុយ

កាលខ្ញុំនៅក្មេង គ្រួសារខ្ញុំក្រ ហើយឪពុកម្ដាយខ្ញុំគ្មានលទ្ធភាពបង់ថ្លៃសិក្សារបស់ខ្ញុំទេ ដូច្នេះ ខ្ញុំធ្វើបង្គោលរបង...

Leave a Reply