ហេតុអ្វីបានជាខ្ញុំ មិនរែកពុនបន្ទុក?

11-07-2023

នាខែតុលា ឆ្នាំ២០២១ ខ្ញុំអនុវត្តការងារមើលខុសត្រូវផ្នែកវីដេអូ។ ខ្ញុំសហការជាមួយបងប្រុស លីអូ និងបងស្រី ឃ្លែរ។ ពួកគាត់ទាំងពីរបំពេញភារកិច្ចនេះយូរជាងខ្ញុំ ហើយក៏មានបទពិសោធជាច្រើនផងដែរ ដូច្នេះ ពួកគាត់ដឹកនាំផ្នែកតាមដាន និងកាន់ការងារជាច្រើន។ មួយទៀត ខ្ញុំទើបតែមកដល់ មិនសូវយល់ទិដ្ឋភាពជាច្រើននៃការងារទេ ហេតុនេះ ខ្ញុំកាន់តែតួនាទីកំប៉ិចកំប៉ុកប៉ុណ្ណោះ។ ខ្ញុំយល់ថា ដរាបណាការងារខ្ញុំគ្មានបញ្ហា នោះវានឹងមិនអីទេ ហើយអ្នកដទៃអាចចូលមកដោះស្រាយកិច្ចការផ្សេងទៀត។ បែបនេះ ខ្ញុំអាចបារម្ភតិច និងមិនត្រូវទទួលខុសត្រូវចំពោះនរណាម្នាក់ឡើយ។ បន្តិចម្ដងៗ ខ្ញុំរែកពុនបន្ទុកកាន់តែតិចទៅៗ ចុងក្រោយ ខ្ញុំយល់ និងចូលរួមតិចតួចបំផុតនៅក្នុងការងាររបស់អ្នកទាំងពីរ។ រាល់ពេលដែលយើងពិភាក្សាពីការងារ ខ្ញុំមិនបានបញ្ចេញមតិទេ ហើយនៅពេលទំនេរ ខ្ញុំនឹងបន្ធូរអារម្មណ៍ ដោយមើលវីដេអូលោកីយ៍។ ខ្ញុំយល់ថា ការបំពេញភារកិច្ចបែបនេះ គឺជាការល្អឡើយ។

ថ្ងៃមួយ ប្រហែលថ្ងៃត្រង់ អ្នកដឹកនាំស្រាប់តែចូលមកប្រាប់ខ្ញុំថា លីអូ និងឃ្លែរ នឹងត្រូវបំពេញភារកិច្ចនៅកន្លែងផ្សេង ដូច្នេះ ខ្ញុំត្រូវមានការទទួលខុសត្រូវជាច្រើន ត្រូវប្រឹងប្រែងជាងមុន និងកាន់ការងារផ្នែកវីដេអូ។ ការផ្លាស់ប្ដូរមួយរំពេចនេះ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង។ ខ្ញុំខានបំពេញភារកិច្ចនេះយូរហើយ ហើយក៏មានកិច្ចការជាច្រើនដែលត្រូវតាមដានដែរ តើនេះមិនមានសម្ពាធច្រើនទេឬអី? ការងារដែលពួកគាត់ទទួលខុសត្រូវនោះ ស្មុគស្មាញ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ជានិច្ច។ វាតម្រូវឱ្យខ្ញុំស្វែងរកសម្ភារៈមេរៀន ដើម្បីណែនាំមនុស្សដែលខ្វះជំនាញ និងធ្វើការងារដោយខ្លួនឯង បើពួកគេមិនអាចធ្វើបាន។ លីអូ និងឃ្លែរ មានជំនាញប៉ិនប្រសប់ និងតែងរវល់ជាខ្លាំង។ ដោយសារខ្ញុំទើបតែចាប់ផ្ដើម ដូច្នេះ ខ្ញុំនឹងត្រូវចំណាយពេលកាន់តែច្រើន។ តើខ្ញុំនឹងមានពេលទំនេរដូចមុនដែរឬទេ? បើខ្ញុំមិនអាចរ៉ាប់រងការទទួលខុសត្រូវនេះបាន រួចពន្យារពេលការងារ តើខ្ញុំនឹងមិនប្រព្រឹត្តអំពើរំលងទៅហើយ? ខ្ញុំគិតថា យកល្អ អ្នកដឹកនាំគួរតែរកអ្នកផ្សេងដែលស័ក្ដិសមមកកាន់ការទទួលខុសត្រូវនេះចុះ។ ពេលឃើញខ្ញុំមិនមាត់ក អ្នកដឹកនាំក៏សួរខ្ញុំថាកំពុងគិតពីអ្វី។ ខ្ញុំទើសចិត្ត ហើយមិនចង់និយាយអ្វីទេ។ បន្ទាប់ពីពិភាក្សាការងារចប់ ខ្ញុំក៏បានចាកចេញទៅ។ ពេលគិតដល់គ្រប់បញ្ហា និងការលំបាកដែលខ្ញុំនឹងត្រូវរ៉ាប់រងតែម្នាក់ឯង ខ្ញុំធុញថប់ដោយសារសម្ពាធនោះ និងយល់ថា ទៅថ្ងៃខាងមុខ ខ្ញុំនឹងពិបាកខ្លាំងមិនខាន។ មិនថាគិតបែបណាទេ ខ្ញុំនៅតែយល់ថា មិនអាចរ៉ាប់រងការទទួលខុសត្រូវនេះបានដដែល។ ពេលនោះ អ្នកដឹកនាំបានផ្ញើសារសួរនាំពីសភាពខ្ញុំ រួចខ្ញុំក៏ប្រញាប់តបសារវិញថា៖ «ខ្ញុំយល់ថា ខ្ញុំគ្មានសមត្ថភាពកាន់ការងារនេះទេ។ តើបងអាចរកអ្នកផ្សេងដែលស័ក្ដិសមជាងខ្ញុំបានទេ?» ពេលនោះ អ្នកដឹកនាំក៏សួរខ្ញុំថា៖ «តើប្អូនវិនិច្ឆ័យខ្លួនឯងថាមិនស័ក្ដិសមដោយអាងលើមូលដ្ឋានអ្វីដែរ?» ខ្ញុំមិនដឹងថាត្រូវឆ្លើយសំណួរនេះដោយរបៀបណាទេ។ ខ្ញុំមិនទាន់សាកធ្វើផង បែរជាដឹងថា ខ្ញុំគ្មានសមត្ថភាពធ្វើទៅហើយ។ តែពេលគិតដល់សម្ពាធការងារ និងភាពនឿយហត់ខាងរាងកាយ ធ្វើឱ្យខ្ញុំចង់បដិសេធ។ តើនេះមិនមែនជាការគេចវេះពីការទទួលខុសត្រូវ និងការបដិសេធភារកិច្ចទេឬអី? ពេលនោះ ខ្ញុំគិតថា គ្រប់យ៉ាងដែលខ្ញុំប្រឈមរាល់ថ្ងៃ ត្រូវបានអនុញ្ញាតពីព្រះ និងថា ខ្ញុំគួរតែចុះចូល។ ដូច្នេះ ខ្ញុំអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ គេបានផ្ទេរដៃគូទាំងពីរនាក់របស់ខ្ញុំម្ចាស់ចេញ ដូច្នេះ ខ្ញុំម្ចាស់ត្រូវរ៉ាប់រងការងារគ្រប់យ៉ាងតែម្នាក់ឯង។ ខ្ញុំម្ចាស់ចង់ជំទាស់ និងមិនចង់ចុះចូលឡើយ។ ខ្ញុំម្ចាស់ដឹងថា សភាពបែបនេះគឺមិនត្រឹមត្រូវទេ តែខ្ញុំម្ចាស់ក៏មិនយល់ពីព្រះទ័យទ្រង់ដែរ។ សូមទ្រង់ជួយបំភ្លឺ និងណែនាំខ្ញុំម្ចាស់ផង ដើម្បីឱ្យខ្ញុំអាចចុះចូលបាន»។

ក្រោយអធិស្ឋានរួច បងស្រីម្នាក់បានផ្ញើអត្ថបទមួយចេញពីបន្ទូលព្រះ ដែលត្រូវនឹងសភាពខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «តើមនុស្សស្មោះត្រង់បង្ហាញចេញនូវលក្ខណៈអ្វីខ្លះ? ទីមួយ គឺគ្មានការសង្ស័យអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះហើយគឺជាការបង្ហាញពីលក្ខណៈរបស់មនុស្សស្មោះត្រង់។ ដូចគ្នានេះដែរ ការស្វែងរក និងការអនុវត្តសេចក្តីពិតនៅគ្រប់បញ្ហាទាំងអស់ ក៏ជាចំណុចដ៏សំខាន់ដែលបង្ហាញពីលក្ខណៈរបស់មនុស្សស្មោះត្រង់ដែរ នេះជាចំណុចចាំបាច់បំផុត។ អ្នកនិយាយថា អ្នកជាមនុស្សស្មោះត្រង់ ប៉ុន្តែអ្នកតែងតែមិនអើពើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងធ្វើអ្វីតាមតែចិត្តចង់។ តើនេះជាការបង្ហាញពីលក្ខណៈរបស់មនុស្សស្មោះត្រង់ដែរឬទេ? អ្នកនិយាយថា 'ទោះបីជាខ្ញុំមានគុណសម្បត្តិមិនល្អក៏ដោយ ក៏ខ្ញុំមានចិត្តស្មោះត្រង់ដែរ'។ ប៉ុន្តែនៅពេលដែលភារកិច្ចធ្លាក់មកលើខ្លួនអ្នក អ្នកខ្លាចត្រូវរងទុក្ខ ខ្លាចត្រូវទទួលខុសត្រូវ ប្រសិនបើអ្នកបំពេញភារកិច្ចនោះមិនបានល្អ ដូច្នេះ អ្នករកលេសដោះសាដើម្បីគេចវេះពីភារកិច្ចនោះ ឬស្នើឱ្យអ្នកផ្សេងបំពេញភារកិច្ចនោះវិញ។ តើមនុស្សស្មោះត្រង់បង្ហាញលក្ខណៈបែបនេះទេ? ច្បាស់ណាស់ គឺអត់នោះទេ។ ដូច្នេះ តើមនុស្សស្មោះត្រង់គួរប្រព្រឹត្តបែបណា? ពួកគេគួរតែចុះចូលតាមការរៀបចំរបស់ព្រះជាម្ចាស់ មានភក្ដីភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងស្វះស្វែងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ចំណុចនេះបង្ហាញឱ្យឃើញតាមវិធីជាច្រើន។ ចំណុចមួយ គឺទទួលយកភារកិច្ចរបស់អ្នកដោយចិត្តស្មោះ មិនគិតពីប្រយោជន៍ខាងសាច់ឈាម មិនស្ទាក់ស្ទើរចំពោះភារកិច្ច មិនមានផែនការអាក្រក់ដើម្បីប្រយោជន៍ខ្លួន។ លក្ខណៈនេះហើយ គឺជាការបង្ហាញឱ្យឃើញពីភាពស្មោះត្រង់។ ចំណុចមួយទៀត គឺការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ឱ្យអស់ពីចិត្ត និងអស់ពីកម្លាំងរបស់អ្នក ធ្វើអ្វីៗឱ្យបានត្រឹមត្រូវ ហើយដាក់ចិត្ត និងក្ដីស្រឡាញ់របស់អ្នកទៅក្នុងភារកិច្ចនោះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ទាំងអស់នេះ គឺជាការបង្ហាញពីលក្ខណៈដែលមនុស្សស្មោះត្រង់គួរតែមាន ពេលបំពេញភារកិច្ចរបស់ខ្លួន។ ប្រសិនបើអ្នកមិនធ្វើអ្វីដែលអ្នកដឹង និងយល់ទេ ហើយប្រសិនបើអ្នកខំប្រឹងត្រឹមតែ ៥០ ឬ ៦០ ភាគរយ នោះអ្នកមិនខំប្រឹងឱ្យអស់ពីចិត្ត និងអស់ពីកម្លាំងរបស់អ្នកនោះទេ អ្នកមានចិត្តវៀចវេរ និងរកវិធីខ្ជិលច្រអូសនឹងការងារហើយ។ តើមនុស្សដែលបំពេញភារកិច្ចតាមរបៀបនេះ ជាមនុស្សស្មោះត្រង់ដែរឬទេ? ដាច់ខាត គឺមិនមែននោះទេ។ ព្រះជាម្ចាស់មិនប្រើមនុស្សវៀចវេរ និងបោកបញ្ឆោតបែបនេះឡើយ។ ត្រូវតែផាត់ពួកគេចោល។ ព្រះជាម្ចាស់ទ្រង់ប្រើតែមនុស្សស្មោះត្រង់ឱ្យបំពេញភារកិច្ចប៉ុណ្ណោះ។ នេះមានន័យថា សូម្បីតែអ្នកស៊ីឈ្នួលដែលស្មោះស្ម័គ្រ ក៏ត្រូវតែស្មោះត្រង់ដែរ។ មនុស្សដែលធ្វេសប្រហែស និងបំពេញកិច្ចការឱ្យតែរួចពីដៃ មនុស្សដែលតែងតែវៀចវេរ និងរកវិធីខ្ជិលច្រអូសនឹងការងារ សុទ្ធតែជាមនុស្សបោកបញ្ឆោតទាំងអស់ ពួកគេសុទ្ធតែជាអារក្ស ក្នុងចំណោមពួកគេនោះ គ្មាននរណាម្នាក់ជឿលើព្រះជាម្ចាស់ពិតប្រាកដនោះទេ ហើយពួកគេទាំងអស់នោះ នឹងត្រូវផាត់ចោល។ មនុស្សមួយចំនួនគិតថា 'ការធ្វើជាមនុស្សស្មោះត្រង់ គឺគ្រាន់តែត្រូវនិយាយការពិត និងមិននិយាយកុហកទៅបានហើយ។ ធ្វើជាមនុស្សស្មោះត្រង់ ពិតជាងាយស្រួលណាស់'។ តើអ្នកយល់យ៉ាងណាដែរចំពោះទស្សនៈមួយនេះ? តើការធ្វើជាមនុស្សស្មោះត្រង់មានដែនកំណត់ដែរឬទេ? ដាច់ខាត គឺគ្មាននោះទេ។ អ្នកត្រូវតែបើកបង្ហាញ និងថ្វាយចិត្តរបស់អ្នកទៅព្រះជាម្ចាស់។ មនុស្សស្មោះត្រង់គួរតែមានអាកប្បកិរិយាបែបនេះឯង។ ហេតុនេះហើយបានជាចិត្តស្មោះមានតម្លៃខ្លាំងណាស់។ តើនេះមានន័យយ៉ាងដូចម្ដេច? នេះមានន័យថា ចិត្តអាចគ្រប់គ្រងឥរិយាបថរបស់អ្នក និងអាចផ្លាស់ប្តូរសភាពរបស់អ្នកបាន។ ចិត្តអាចដឹកនាំអ្នកឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ អាចចុះចូលចំពោះព្រះជាម្ចាស់ និងទទួលបានការសព្វព្រះទ័យពីទ្រង់។ ចិត្តនេះគឺពិតជាមានតម្លៃខ្លាំងណាស់។ ប្រសិនបើអ្នកមានចិត្តស្មោះត្រង់បែបនេះ ដូច្នេះអ្នកគួរតែរស់នៅក្នុងសភាពបែបនេះ ប្រព្រឹត្តបែបនេះ ហើយខំប្រឹងខ្លួនអ្នកតាមរបៀបនេះចុះ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះធ្វើឱ្យខ្ញុំអាម៉ាស់ជាខ្លាំង។ ព្រះមានបន្ទូលថា ពេលប្រឈមនឹងភារកិច្ច មនុស្សស្មោះត្រង់មិនគិតថា ពួកគេមានសមត្ថភាពធ្វើការឬអត់ ពួកគេមិនខ្វល់ពីហានិភ័យ ដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ខ្លួននោះទេ ហើយក៏មិនគេចវេះពីភារកិច្ចនោះ ព្រោះតែពួកគេបារម្ភពីសមត្ថភាពរបស់ខ្លួននោះដែរ។ ផ្ទុយទៅវិញ ពួកគេទទួលយក និងដាក់ចិត្តដាក់កាយបំពេញការងារនោះ។ បែបនេះ ទើបជាអាកប្បកិរិយាដែលស្មោះត្រង់។ ពេលនោះ ខ្ញុំបានគិតពីអាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច។ ពេលខ្ញុំឮថា ដៃគូទាំងពីររបស់ខ្ញុំត្រូវផ្ទេរចេញ ខ្ញុំបារម្ភពីបន្ទុកការងារកាន់តែច្រើន ខ្វល់ខ្វាយកាន់តែខ្លាំង ហើយមានសម្ពាធកាន់តែច្រើន។ បើខ្ញុំធ្វើការមិនបានល្អ ខ្ញុំនឹងត្រូវទទួលខុសត្រូវ ដូច្នេះ ខ្ញុំព្យាយាមដោះសាថា ខ្ញុំគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីគេចវេះពីការទទួលខុសត្រូវនោះ។ ខ្ញុំពិតជាបោកបញ្ឆោត និងខ្វះសតិសម្បជញ្ញៈមែន។ ខ្ញុំគិតដល់ការអធិស្ឋានខ្ញុំ ខ្ញុំតែងសច្ចាថា ខ្ញុំនឹងយកចិត្តទុកដាក់លើបន្ទុករបស់ព្រះ តែពេលខ្ញុំជួបស្ថានភាពជាក់ស្ដែង ខ្ញុំបែរជាខ្វល់ខ្វាយពីសាច់ឈាមខ្ញុំ មិនអនុវត្តសេចក្តីពិត រួចគ្រាន់តែប្រើពាក្យឥតន័យ ដើម្បីបោកបញ្ឆោតព្រះទៅវិញ។ បើខ្ញុំគិតគូរពីព្រះទ័យព្រះមែន ពេលដឹងថា ខ្ញុំគ្មានសមត្ថភាពបំពេញការងារ និងមិនអាចរកអ្នកផ្សេងដែលស័ក្ដិសម ពេលនោះ ខ្ញុំគួរតែប្រឹងដុសខាត់ជំនាញខ្ញុំ និងសហការជាមួយអ្នកដទៃ ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ការងារវីដេអូ។ នេះជាអ្វីដែលមនុស្សមានសតិសម្បជញ្ញៈ និងភាពជាមនុស្ស គួរតែធ្វើ។ បើខ្ញុំគ្មានសមត្ថភាពបំពេញការងារ ហើយចុងក្រោយ ត្រូវគេផ្ទេរចេញ ឬបណ្ដេញចេញមែន ពេលនោះ ខ្ញុំគួរតែចុះចូលតាមការរៀបចំរបស់ព្រះ។ ការអនុវត្តបែបនេះ ទើបសមហេតុផល។ ពេលគិតបែបនេះ ធ្វើឱ្យខ្ញុំស្ងប់ចិត្តបានបន្តិច។

ក្រោយមក ខ្ញុំបានអានអត្ថបទមួយចេញពីបន្ទូលព្រះ ដែលបានជួយឱ្យខ្ញុំយល់ពីអាកប្បកិរិយាដែលខ្ញុំត្រូវមានចំពោះភារកិច្ច។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អស់អ្នកណាដែលមិនដេញតាមសេចក្ដីពិតទេ អ្នកនោះតែងបំពេញភារកិច្ចដោយមានផ្នត់គំនិតខ្វះការទទួលខុសត្រូវ។ 'ប្រសិនបើនរណាម្នាក់ដឹកនាំ នោះខ្ញុំនឹងដើរតាម មិនថាពួកគេដឹកនាំទៅកន្លែងណាទេ ខ្ញុំនឹងទៅកន្លែងនោះ។ ពួកគេឱ្យខ្ញុំធ្វើអ្វី ខ្ញុំនឹងធ្វើនោះ។ បើនិយាយពីការទទួលខុសត្រូវ និងការព្រួយបារម្ភ ឬការខំប្រឹងប្រែងធ្វើកិច្ចការអ្វីមួយឱ្យបានច្រើន ខំធ្វើអ្វីមួយឱ្យអស់ពីចិត្ត និងអស់ពីកម្លាំង នោះខ្ញុំមិនចាប់អារម្មណ៍ចង់ធ្វើឡើយ'។ មនុស្សទាំងអស់នេះមិនចង់លះបង់អ្វីនោះទេ។ ពួកគេខំប្រឹងតែធ្វើការប៉ុណ្ណោះ តែគ្មានការទទួលខុសត្រូវនោះទេ។ មនុស្សម្នាក់ដែលបំពេញភារកិច្ចពិតប្រាកដ មិនមានអាកប្បកិរិយាបែបនេះឡើយ។ មនុស្សត្រូវតែរៀនដាក់ចិត្តបំពេញភារកិច្ចរបស់ខ្លួន ហើយមនុស្សដែលមានសតិសម្បជញ្ញៈអាចដាក់ចិត្តរបស់ពួកគេទៅក្នុងភារកិច្ចបាន។ ប្រសិនបើមនុស្សណាម្នាក់មិនដែលដាក់ចិត្តរបស់ខ្លួនទៅក្នុងភារកិច្ចទេ នោះមានន័យថា ពួកគេគ្មានសតិសម្បជញ្ញៈឡើយ ហើយអ្នកដែលគ្មានសតិសម្បជញ្ញៈ ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេមិនអាចទទួលបានសេចក្តីពិត? គេមិនចេះពីរបៀបអធិស្ឋានទៅព្រះជាម្ចាស់ មិនចេះស្វែងរកការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេក៏មិនចេះពីរបៀបគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនចេះពីរបៀបដាក់ចិត្តគិតពិចារណាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក៏មិនទាន់ចេះពីរបៀបស្វែងរកសេចក្តីពិត របៀបស្វែងរកដើម្បីយល់ពីសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់នោះដែរ។ នេះហើយជាអ្វីដែលមិនអាចស្វែងរកសេចក្តីពិតបាន។ មិនថាមានរឿងអ្វីកើតឡើង មិនថាអ្នកបំពេញភារកិច្ចអ្វីឡើយ ជារឿយៗអ្នកតែងអាចនៅស្ងៀមចំពោះព្រះជាម្ចាស់បាន ហើយដាក់ចិត្តគិតពិចារណាពីព្រះបន្ទូលរបស់ទ្រង់ ស្វែងរកសេចក្តីពិត និងពិចារណាពីរបៀបដែលអ្នកត្រូវបំពេញភារកិច្ចនោះឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងពិចារណាថាតើសេចក្ដីពិតមួយណាដែលអ្នកគួរមាន ដើម្បីបំពេញភារកិច្ចនោះឱ្យសមតាមបំណង តើអ្នករាល់គ្នាមានសភាពបែបនេះដែរឬទេ? តើអ្នកស្វែងរកសេចក្តីពិតតាមវិធីនេះច្រើនដងដែរឬទេ? (អត់ទេ។) ការដាក់ចិត្តរបស់អ្នកទៅក្នុងភារកិច្ច និងការអាចទទួលខុសត្រូវបាន តម្រូវឱ្យអ្នករងទុក្ខ និងលះបង់។ វាមិនគ្រប់គ្រាន់នោះទេដោយគ្រាន់តែនិយាយពីវានោះ។ ប្រសិនបើអ្នកមិនបានដាក់ចិត្តទៅក្នុងភារកិច្ចរបស់អ្នកទេ តែផ្ទុយទៅវិញ តែងតែខំប្រឹងដោយកម្លាំងកាយ នោះភារកិច្ចរបស់អ្នកច្បាស់ជាមិនអាចបំពេញទៅបានល្អនោះទេ។ អ្នកគ្រាន់តែធ្វើអ្វីឱ្យតែរួចពីដៃប៉ុណ្ណោះ និងគ្មានអ្វីផ្សេងទៀតឡើយ ហើយអ្នកនឹងមិនដឹងថាតើអ្នកបានបំពេញភារកិច្ចរបស់អ្នកបានល្អប៉ុនណានោះទេ។ ប្រសិនបើអ្នកដាក់ចិត្តទៅក្នុងកិច្ចការនោះ អ្នកនឹងបានយល់ពីសេចក្ដីពិតបន្ដិចម្ដងៗ។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះអ្នកនឹងមិនអាចយល់បានឡើយ។ នៅពេលអ្នកដាក់ចិត្តក្នុងការបំពេញភារកិច្ចរបស់អ្នក និងស្វែងរកសេចក្ដីពិត ដូច្នេះ បន្តិចម្ដងៗ អ្នកនឹងអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន អាចរកឃើញសេចក្ដីពុករលួយ និងចំណុចខ្វះខាតរបស់ខ្លួន និងអាចធ្វើជាម្ចាស់លើគ្រប់សភាពរបស់អ្នកបាន។ នៅពេលដែលអ្នកផ្តោតតែលើការខំប្រឹងធ្វើការតែម្យ៉ាង ហើយអ្នកមិនបានដាក់ចិត្តឆ្លុះបញ្ចាំងពីខ្លួនឯងទេនោះ អ្នកនឹងមិនអាចដឹងពីសភាពពិតនៅក្នុងចិត្តរបស់អ្នកបានឡើយ មិនអាចដឹងពីប្រតិកម្មច្រើនរាប់មិនអស់ និងសេចក្តីពុករលួយមិនចេះចប់ដែលអ្នកមាននៅក្នុងមជ្ឈដ្ឋានផ្សេងៗគ្នាបាននោះទេ។ ប្រសិនបើអ្នកមិនដឹងថាមានផលវិបាកអ្វីខ្លះ នៅពេលមានបញ្ហាណាមួយកើតឡើង ហើយអ្នកមិនបានដោះស្រាយបញ្ហានោះទេ ដូច្នេះអ្នកនឹងជួបប្រទះបញ្ហាច្រើនមិនខាន។ ហេតុដូច្នេះហើយ ការជឿព្រះជាម្ចាស់ដោយការវង្វេង គឺមិនបានផលឡើយ។ អ្នកត្រូវតែរស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់គ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់។ មិនថាមានអ្វីកើតឡើងចំពោះអ្នកនោះទេ អ្នកត្រូវតែស្វែងរកសេចក្តីពិតជានិច្ច ហើយនៅពេលដែលអ្នកកំពុងស្វែងរកនោះ អ្នកក៏ត្រូវឆ្លុះបញ្ចាំងពីខ្លួនឯងផងដែរ និងត្រូវដឹងថានៅក្នុងសភាពរបស់អ្នកមានបញ្ហាអ្វីខ្លះ ដោយត្រូវស្វែងរកសេចក្ដីពិតភ្លាមៗ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ មានតែធ្វើបែបនេះទេ ទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អ ហើយមិនធ្វើឱ្យការងារយឺតយ៉ាវ។ អ្វីដែលសំខាន់បំផុតនោះ គឺមិនមែនត្រឹមតែបំពេញភារកិច្ចឱ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវមានច្រកចូលទៅក្នុងជីវិត និងអាចដោះស្រាយនិស្ស័យពុករលួយរបស់អ្នកបានផងដែរ។ មានតែបែបនេះទេ ទើបអ្នកអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបាន។ ប្រសិនបើអ្វីដែលអ្នកតែងតែសញ្ជឹងគិតនៅក្នុងចិត្តនោះ មិនមែនជាបញ្ហានៃការបំពេញភារកិច្ចរបស់អ្នកទេ ប្រសិនបើវាមិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងសេចក្តីពិតទេ ហើយអ្នកបែរជាត្រូវជាប់ពាក់ព័ន្ធក្នុងរឿងខាងក្រៅ គំនិតរបស់អ្នកគិតពីកិច្ចការខាងសាច់ឈាមវិញ ដូច្នេះ តើអ្នកអាចយល់ពីសេចក្តីពិតបានដែរឬទេ? ពេលនោះ តើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អ និងអាចរស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានដែរឬទេ? ប្រាកដជាមិនអាចនោះទេ។ មនុស្សបែបនេះ គ្មានផ្លូវសង្គ្រោះបានឡើយ» («មានតែតាមរយៈការស្មោះត្រង់ប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅក្នុងលក្ខណៈជាមនុស្សពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈការលាតត្រដាងរបស់ទ្រង់អំពីអាកប្បកិរិយានេះ ព្រះកំពុងតែបង្ហាញរូបភាពខ្ញុំ។ ពេលចាប់ផ្ដើមបំពេញភារកិច្ចនេះ ខ្ញុំមិនបានរ៉ាប់រងការទទួលខុសត្រូវទេ។ ខ្ញុំយល់ថា ដៃគូខ្ញុំមានបទពិសោធជាងខ្ញុំ ដូច្នេះ ខ្ញុំំគ្រាន់តែធ្វើការមិនសូវសំខាន់បានហើយ រួចខ្ញុំក៏យល់ដែរថា ឱ្យតែខ្ញុំធានាបានថា ការងារខ្ញុំគ្មានបញ្ហា នោះអ្វីៗនឹងមិនអីទេ។ បើខ្ញុំធ្វើបែបនេះ គេនឹងគោរពខ្ញុំ ហើយខ្ញុំក៏មិនសូវនឿយហត់ខ្លាំងដែរ ដូច្នេះ ខ្ញុំគ្រាន់តែផ្តោតលើការងារខ្ញុំប៉ុណ្ណោះ មិនដែលខ្វល់ពីការងារ ដែលពួកគាត់ទទួលខុសត្រូវឡើយ ក៏មិនសូវយកចិត្តទុកដាក់លើបញ្ហា ឬការលំបាកដែលកើតឡើងនោះដែរ។ ពេលអ្នកដឹកនាំសួរនាំពីមូលហេតុដែលនាំឱ្យការងារយើងគ្មានប្រសិទ្ធភាព ខ្ញុំគ្មានចម្លើយតបទេ។ ខ្ញុំថែមទាំងមិនដឹងពីបញ្ហា ឬការភ្លាំងភ្លាត់នៅក្នុងការងារទៀតផង។ ចុងក្រោយ ខ្ញុំដឹងថា កន្លងមក ខ្ញុំបំពេញភារកិច្ចមិនបានល្អឡើយ។ រាល់ថ្ងៃ ខ្ញុំមិនយកចិត្តទុកដាក់ មិនបើកភ្នែកមើល និងមិនខ្វល់ពីបញ្ហាដែលខ្ញុំត្រូវប្រឈមឡើយ។ ទោះបីខ្ញុំដឹងពីបញ្ហាខ្លះក្ដី ឱ្យតែខ្ញុំឃើញថា បញ្ហាទាំងនោះគ្មានពាក់ព័ន្ធនឹងតំណែងខ្ញុំ ខ្ញុំនឹងទុកវាចោលមិនខាន ដែលការនេះធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការងារ។ អាកប្បកិរិយានេះ ដូចគ្នានឹងរបៀបដែលអ្នកមិនជឿប្រព្រឹត្តចំពោះការងារខ្លួនដែរ។ តើខ្ញុំកំពុងគិតគូរពីព្រះទ័យព្រះនៅក្នុងភារកិច្ចខ្ញុំដោយរបៀបណាទៅ? ពេលមានបញ្ហាកើតឡើងក្នុងការងារ ខ្ញុំមិនបានស្វែងរកសេចក្តីពិត ឬសង្ខេបការភ្លាំងភ្លាត់ទេ ហើយក៏មិនបានគិតពីវិធីបង្កើនប្រសិទ្ធភាពនោះដែរ។ ខ្ញុំតែងយល់ថា ឱ្យតែដៃគូខ្ញុំអាចរ៉ាប់រងការងារទាំងនោះបាន ខ្ញុំអាចសម្រាកបានមួយរយៈហើយ។ គ្រប់ពេលដែលខ្ញុំទំនេរ ខ្ញុំនឹងធ្វើតាមសាច់ឈាម ឬក៏មើលវីដេអូខាងលោកីយ៍។ ខ្ញុំកាន់តែភ្លើតភ្លើន និងឃ្លាតឆ្ងាយពីព្រះ។ ខ្ញុំឃើញថា ខ្ញុំគ្មានភាពឧស្សាហ៍ក្នុងភារកិច្ចខ្ញុំទេ។ ខ្ញុំគ្រាន់តែចាត់ទុកវាជាការងារមួយប៉ុណ្ណោះ។ បែបនេះ តើខ្ញុំអាចបំពេញភារកិច្ចឱ្យបានល្អម្ដេចកើតទៅ? ពេលនោះ ទើបខ្ញុំដឹងថា ការរៀបចំរបស់ព្រះ ធ្វើឱ្យខ្ញុំបោះបង់ «ផែនការបម្រុង» របស់ខ្ញុំ ឱ្យខ្ញុំមានឱកាសអនុវត្ត រៀនខ្វល់ខ្វាយ រែកពុនការទទួលខុសត្រូវយ៉ាងសកម្ម ពឹងអាងលើព្រះ ពេលជួបការលំបាក និងស្វែងរកគោលការណ៍នៃសេចក្តីពិត។ សំខាន់ទៀតនោះ វាជួយឱ្យខ្ញុំទទួលស្គាល់ថា អាកប្បកិរិយាខ្ជីខ្ជា និងខ្វះការទទួលខុសត្រូវរបស់ខ្ញុំចំពោះភារកិច្ច កំពុងតែធ្វើឱ្យព្រះស្អប់ខ្ពើម។ សម្ពាធការងារឥឡូវ ជំរុញខ្ញុំឱ្យឧស្សាហ៍នៅក្នុងភារកិច្ច និងផ្ដល់ឱ្យខ្ញុំមានឱកាសប្រែចិត្ត និងខំប្រឹងបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។ ពេលយល់ពីព្រះទ័យព្រះ ខ្ញុំព្រមចុះចូលតាមកាលៈទេសៈទាំងនេះ។ ពីរបីថ្ងៃបន្ទាប់ ខ្ញុំមានការឈឺចាប់កាន់តែខ្លាំងនៅក្នុងការងារខ្ញុំ ខ្ញុំព្យាយាមស្វែងរកបញ្ហានៅក្នុងការងារវីដេអូ និងខំប្រឹងដោះស្រាយបញ្ហាទាំងនោះ នៅពេលកត់សម្គាល់ឃើញ។ ខ្ញុំរៀបចំផែនការសិក្សា និងព្យាយាមកាន់ការងារឱ្យបានឆាប់។ ពេលខ្ញុំសម្របសភាពខ្ញុំរួច ខ្ញុំមានពេលថែមទៀតសម្រាប់ការងារ ហើយខ្ញុំកាន់តែមានអារម្មណ៍ស្ងប់ចិត្ត។

ក្រោយមក ខ្ញុំបានសហការជាមួយបងស្រីម្នាក់ទៀត។ ដំបូង ខ្ញុំនៅតែគិតពីការទទួលខុសត្រូវជាច្រើន តែមួយរយៈក្រោយមក ខ្ញុំឃើញថា គាត់មានជំនាញច្រើនគួរសម ហើយគាត់ក៏មានជំនាញវិជ្ជាជីវៈច្រើនជាងខ្ញុំដែរ ដូច្នេះ ខ្ញុំបានប្រគល់ការងារខ្លះឱ្យគាត់ធ្វើ ក្រោយមក ខ្ញុំលែងពាក់ព័ន្ធទៀតហើយ។ ពេលខ្លះ ដើម្បីការពារកេរ្តិ៍ឈ្មោះ ខ្ញុំនឹងចូលរួមក្នុងការពិភាក្សា តែមិនបញ្ចេញមតិឡើយ ដោយគិតថា៖ «ដោយឃើញថា អ្នកអាចដោះស្រាយការងារបាន ដូច្នេះ ខ្ញុំមិនបាច់បារម្ភអ្វីនោះទេ ហើយខ្ញុំក៏អាចទំនេរមួយរយៈហើយ»។ អ្នកដឹកនាំដាស់តឿនថា ខ្ញុំគួរតែយកចិត្តទុកដាក់កាន់តែខ្លាំងលើការងារ បន្ទាប់ពីគាត់និយាយបែបនេះបានពីរបីថ្ងៃ ខ្ញុំក៏ធ្វើតាម តែមិនយូរប៉ុន្មាន ខ្ញុំក៏ត្រលប់ទៅរកផ្លូវចាស់ខ្ញុំវិញ។ ជួនកាល បញ្ហាលំបាកកើតឡើង ដែលតម្រូវឱ្យដោះស្រាយភ្លាមៗ តែពេលខ្ញុំឃើញថា នោះជាការងារដែលប្អូនស្រីត្រូវតាមដាន ខ្ញុំមិនចង់ពាក់ព័ន្ធទេ។ ខ្ញុំគ្រាន់តែចំណាំសារនោះថាមិនទាន់អាន និងធ្វើពើជាមិនឃើញប៉ុណ្ណោះ ដោយគិតថា ប្អូនស្រីអាចដោះស្រាយវានៅពេលក្រោយបាន។ ទោះបីខ្ញុំយល់ថា នេះជាការគ្មានទំនួលខុសត្រូវក៏ដោយ ដោយសារការងារមានវឌ្ឍនភាពធម្មតា ដូច្នេះ ខ្ញុំមិនសូវគិតពីវាឡើយ។ ពីរបីខែក្រោយមក យើងត្រូវទទួលខុសត្រូវលើការងារវីដេអូនៅផ្នែកផ្សេងគ្នា។ លើកនេះ ខ្ញុំគ្មានជំនួយការឡើយ ហើយខ្ញុំច្បាស់ជាត្រូវជួបការលំបាក និងបញ្ហាជាច្រើនមិនខាន។ តែពេលគិតដល់កង្វះទំនួលខុសត្រូវរបស់ខ្លួនក្នុងភារកិច្ច និងរបៀបដែលវាអាចជារឿងល្អសម្រាប់ខ្ញុំ ខ្ញុំក៏ប្រាប់ខ្លួនឯងថា ខ្ញុំគួរតែចាប់ផ្ដើមចុះចូល។ តែក្រោយពេលខ្ញុំចាប់ផ្ដើមធ្វើការ ខ្ញុំរកឃើញថា ខ្ញុំត្រូវតាមដានការងារជាច្រើន និងការងារជាច្រើនដែលខ្ញុំត្រូវដោះស្រាយរាល់ថ្ងៃនោះ ហាក់គ្មានទីបញ្ចប់ឡើយ។ ជាងនេះទៅទៀត ខ្ញុំមិនសូវពូកែជំនាញវិជ្ជាជីវៈទេ ហើយបញ្ហាជាច្រើនក៏ចេះតែកើតឡើងដែរ។ រាល់វីដេអូដែលយើងបានផលិត ទទួលបានសំណើផ្សេងៗ ហើយខ្ញុំត្រូវគិតពីរបៀបត្រូវឆ្លើយតបសំណើនីមួយៗ។ បន្តិចម្ដងៗ ភាពរំភើបតិចតួចដែលខ្ញុំមាន ត្រូវបាត់បង់អស់ ហើយខ្ញុំតែងឆ្ងល់ថា៖ «ខ្ញុំខំព្យាយាមយ៉ាងខ្លាំងរួចហើយ តែនៅមានបញ្ហាជាច្រើនទៀត ប្រហែល ប្រសើរជាង បើអ្នកដឹកនាំរកអ្នកផ្សេងដែលស័ក្ដិសមជាង»។ មួយរយៈក្រោយមក វីដេអូយើងជាច្រើន ត្រូវផ្ញើមកវិញ ដើម្បីកែឡើងវិញ។ ហើយខ្ញុំបាក់ទឹកចិត្តកាន់តែខ្លាំង។ ខ្ញុំលែងចង់ដោះស្រាយបញ្ហា ដែលខ្ញុំជួបទៀតហើយ ខ្ញុំចង់បានគ្រាទាំងនោះកាន់តែខ្លាំង ជាគ្រាដែលខ្ញុំសហការជាមួយអ្នកដទៃនៅក្នុងភារកិច្ចខ្ញុំ ពេលដែលខ្ញុំអាចលាក់ខ្លួននៅពីក្រោយពួកគេ និងមិនចាំបាច់រ៉ាប់រងសម្ពាធជាច្រើននោះឡើយ។ ខ្ញុំគ្មានអារម្មណ៍ចង់បំពេញភារកិច្ច ហើយខ្ញុំបានពន្យារពេលជាខ្លាំង។ ពេលនោះ ទើបខ្ញុំដឹងថា ខ្ញុំមិនអាចបន្តបំពេញភារកិច្ចក្នុងសភាពបែបនេះទៀតឡើយ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះ។ តាមរយៈការស្វែងរក ភ្លាមនោះ ខ្ញុំបាននឹកចាំពីណូអេ។ គាត់បានជួបការលំបាក និងបរាជ័យជាច្រើន ពេលគាត់សង់ទូកធំ តែគាត់មិនដែលបោះបង់ទេ ហើយបន្តធ្វើរយៈពេល១២០ឆ្នាំ ចុងក្រោយ បានសាងសង់រួច និងបញ្ចប់បញ្ជាបេសកកម្មរបស់ព្រះ។ តែពេលខ្ញុំជួបការលំបាកតិចតួច ខ្ញុំបែរជាចង់ទម្លាក់បន្ទុកចោល រួចរត់គេចខ្លួន។ តើខ្ញុំមិនមែនជាមនុស្សកំសាកទេឬ? ពេលគិតបែបនេះ ខ្ញុំស្ងប់ចិត្តបានបន្តិច រួចអាចប្រឈមនឹងបញ្ហាការងាររបស់ខ្ញុំបានត្រឹមត្រូវ។

ក្នុងពេលថ្វាយបង្គំ ខ្ញុំបានអានអត្ថបទនេះចេញពីបន្ទូលព្រះ៖ «អ្នកដឹកនាំក្លែងក្លាយដែលខ្ជិលច្រអូសទាំងនេះ មិនដែលធ្វើកិច្ចការជាក់ស្ដែងទេ ហើយចាត់ទុកតួនាទីជាថ្នាក់ដឹកនាំរបស់ខ្លួនថាជាមុខតំណែងផ្លូវការមួយចំនួន ដោយសោយសុខនឹងអត្ថប្រយោជន៍ចេញពីឋានៈរបស់ខ្លួនតែម្ដង។ ចំណែកភារកិច្ច និងកិច្ចការដែលអ្នកដឹកនាំគួរធ្វើនិងគួរបំពេញនោះ ពួកគេចាត់ទុកជាបន្ទុក ជាការរំខាន។ នៅក្នុងចិត្តរបស់ពួកគេ ពោរពេញទៅដោយការប្រឆាំងនឹងកិច្ចការរបស់ពួកជំនុំ៖ បើសុំឱ្យពួកគេអង្កេតមើលការងារ ឬស្វែងរកបញ្ហាដែលកើតមានក្នុងការងារនោះ រួចតាមដាន និងដោះស្រាយបញ្ហាទាំងនោះ ពួកគេមានការស្ទាក់ស្ទើរទាំងស្រុង។ នេះគឺជាកិច្ចការដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវធ្វើ នេះជាការងាររបស់ពួកគេ។ ប្រសិនបើអ្នកមិនធ្វើវាទេ ប្រសិនបើអ្នកមិនព្រមធ្វើទេ ហេតុអ្វីបានជាអ្នកនៅតែចង់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការទៀត? តើអ្នកបំពេញភារកិច្ចរបស់ខ្លួនដើម្បីគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬដើម្បីសប្បាយនឹងងារជាមន្ត្រី? ប្រសិនបើអ្នកធ្វើជាអ្នកដឹកនាំព្រោះចង់កាន់មុខតំណែងជាមន្ត្រី តើនេះមិនគួរឱ្យអៀនខ្មាសទេឬអី? គ្មាននរណាមានចរិតថោកទាបជាងនេះទៀតទេ។ មនុស្សទាំងនេះគ្មានការគោរពខ្លួនឯងសោះ ពួកគេគ្មានការអៀនខ្មាសឡើយ។ ប្រសិនបើអ្នកប្រាថ្នាចង់សោយសុខនឹងភាពសុខស្រួលខាងសាច់ឈាម ចូរប្រញាប់ត្រឡប់ទៅខាងលោកីយ៍វិញចុះ ហើយព្យាយាមយកវាឱ្យបាន ចាប់យកវាឱ្យបាន ហើយចាប់វាតាមដែលអ្នកអាចចាប់បានទៅចុះ។ គ្មាននរណាម្នាក់នឹងទៅរំខានឡើយ។ ដំណាក់របស់ព្រះ គឺជាកន្លែងសម្រាប់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ច និងថ្វាយបង្គំទ្រង់ ជាកន្លែងសម្រាប់មនុស្សស្វែងរកសេចក្ដីពិត និងដើម្បីបានសង្គ្រោះ មិនមែនជាកន្លែងសម្រាប់នរណាម្នាក់មកសោយសុខនឹងភាពសុខស្រួលខាងសាច់ឈាមនោះទេ កាន់តែមិនមែនជាកន្លែងសម្រាប់ថ្នាក់ថ្នមមនុស្សទៀតហើយ។ ... មិនថាមនុស្សមួយចំនួនធ្វើកិច្ចការណានោះទេ ឬមិនថាពួកគេបំពេញភារកិច្ចណាឡើយ ក៏ពួកគេមិនអាចទទួលបានជោគជ័យក្នុងភារកិច្ចនោះបានដែរ។ កិច្ចការនោះច្រើនពេកហើយសម្រាប់ពួកគេ ពួកគេមិនអាចបំពេញកាតព្វកិច្ច ឬទំនួលខុសត្រូវណាមួយដែលមនុស្សគួរធ្វើនោះបានឡើយ។ ពួកគេគ្មានអ្វីក្រៅពីសំរាមទេ មែនទេ? តើពួកគេនៅស័ក្តិសមឱ្យហៅថាជាមនុស្សដែរឬទេ? លើកលែងតែមនុស្សភ្លីភ្លើ អ្នកដែលមានពិការភាពផ្លូវចិត្ត និងអ្នកដែលមានពិការភាពរាងកាយចេញ ក្រៅពីនោះ តើមាននរណាម្នាក់ដែលរស់នៅ ដែលមិនគួរបំពេញភារកិច្ច និងបំពេញទំនួលខុសត្រូវរបស់ខ្លួនទៅ? ប៉ុន្តែមនុស្សប្រភេទនេះតែងតែមានគំនិតបោកប្រាស់ មិនស្មោះត្រង់ ហើយមិនចង់បំពេញទំនួលខុសត្រូវរបស់ខ្លួនឡើយ។ ចំណុចនេះអាចយល់បានថា ពួកគេមិនចង់ធ្វើខ្លួនឱ្យដូចមនុស្សត្រឹមត្រូវឡើយ។ ព្រះជាម្ចាស់បានប្រទានគុណសម្បត្តិ និងអំណោយទានដល់ពួកគេ ព្រះអង្គបានប្រទានឱកាសឱ្យពួកគេធ្វើជាមនុស្ស ប៉ុន្តែពួកគេមិនអាចប្រើអ្វីទាំងនេះមកបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ពួកគេមិនបានធ្វើអ្វីសោះ តែប្រាថ្នាចង់បានគ្រប់យ៉ាង។ តើមនុស្សបែបនេះសមនឹងហៅថាជាមនុស្សដែរទេ? មិនថាប្រគល់កិច្ចការណាទៅឱ្យពួកគេទេ មិនថាជាកិច្ចការសំខាន់ ឬសាមញ្ញ ជាកិច្ចការលំបាក ឬធម្មតានោះទេ ពួកគេតែងតែធ្វេសប្រហែស និងធ្វើឱ្យតែរួចពីដៃ តែងតែខ្ជិលច្រអូស និងមានចិត្តវៀចវេរជានិច្ច។ នៅពេលមានបញ្ហាកើតឡើង ពួកគេព្យាយាមទម្លាក់ការទទួលខុសត្រូវរបស់ខ្លួនទៅឱ្យអ្នកដទៃ។ ពួកគេមិនទទួលខុសត្រូវឡើយ ដោយចង់បន្តរស់នៅជាបញ្ញើក្អែកទៀត។ តើពួកគេមិនមែនជាសំរាមដែលគ្មានប្រយោជន៍ទេឬអី? នៅក្នុងសង្គម តើមាននរណាដែលមិនត្រូវពឹងលើខ្លួនឯងដើម្បីរស់ទៅ? នៅពេលដែលមនុស្សម្នាក់ធំដឹងក្ដី ពួកគេត្រូវតែទំនុកបម្រុងដល់ខ្លួនឯង។ ឪពុកម្តាយរបស់ពួកគេបានបំពេញទំនួលខុសត្រូវរបស់ពួកគាត់រួចហើយ។ ទោះបីជាឪពុកម្តាយសុខចិត្តទំនុកបម្រុងដល់ពួកគេក៏ដោយ ក៏ពួកគេមិនស្រណុកចិត្តដែរ ហើយគួរតែអាចមានអារម្មណ៍ដឹងថា 'ឪពុកម្តាយរបស់ខ្ញុំបានបំពេញកិច្ចការចិញ្ចឹមបីបាច់កូនរួចហើយ។ ខ្ញុំជាមនុស្សធំពេញវ័យហើយ ខ្ញុំមានកាយសម្បទាមាំមួន ខ្ញុំគួរតែអាចរស់នៅដោយខ្លួនឯងបាន'។ មនុស្សធំពេញវ័យ យ៉ាងហោចក៏គួរតែមានហេតុផលបែបនេះដែរ តើមែនទេ? ប្រសិនបើនរណាម្នាក់ពិតជាមានហេតុផលមែន ពួកគេមិនអាចបន្តពឹងផ្អែកលើឪពុកម្តាយរបស់ខ្លួនបានទៀតឡើយ។ ពួកគេនឹងអៀនខ្មាស ខ្លាចអ្នកដទៃសើចចំអកដាក់មិនខាន។ ដូច្នេះ តើមនុស្សខ្ជិលច្រអូសមានហេតុផលដែរឬទេ? (គ្មានទេ។) ពួកគេតែងតែចង់បានអ្វីមក ដោយមិនធ្វើអ្វីសោះ ពួកគេមិនដែលចង់ទទួលខុសត្រូវឡើយ ពួកគេកំពុងស្វែងរករបស់ណាដែលមិនចំណាយប្រាក់ ពួកគេចង់បានបាយបីពេលក្នុងមួយថ្ងៃ ហើយចង់ឱ្យគេបម្រើបាយទឹកដល់ពួកគេ និងចង់ឱ្យអាហារនោះឆ្ងាញ់ៗ ដោយមិនចាំបាច់ធ្វើកិច្ចការអ្វីទាំងអស់។ តើនេះមិនមែនជាផ្នត់គំនិតជនបញ្ញើក្អែកទេឬអី? ហើយតើមនុស្សដែលជាជនបញ្ញើក្អែកមានសតិសម្បជញ្ញៈ និងហេតុផលដែរឬទេ? តើពួកគេមានសេចក្តីថ្លៃថ្នូរ និងសេចក្តីសុចរិតដែរទេ? ដាច់ខាត គឺគ្មាននោះទេ។ ពួកគេសុទ្ធតែជាមនុស្សគ្មានបានការកេងប្រវ័ញ្ចអ្នកដទៃ សុទ្ធតែជាសត្វដែលគ្មានសតិសម្បជញ្ញៈ ឬហេតុផលឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ស័ក្តិសមនឹងបន្តស្ថិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតឡើយ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ បន្ទូលព្រះបានជំរុញឱ្យខ្ញុំឆ្លុះបញ្ចាំងថា៖ ការត្រួតពិនិត្យ និងការយល់ពីបញ្ហានៅក្នុងការងារ និងការស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះ គឺជាការងាររបស់អ្នកដឹកនាំ និងអ្នកធ្វើការ តែអ្នកដឹកនាំក្លែងក្លាយឃើញវាជាបន្ទុកមួយទៅវិញ។ ការនេះបង្ហាញថា ពួកគេមិនមែនមកបំពេញភារកិច្ចរបស់ខ្លួនទេ តែមកដើម្បីសោយសុខភោគផលចេញពីតំណែងខ្លួនវិញ។ ខ្ញុំឃើញថា ខ្ញុំក៏មានឥរិយាបថបែបនេះដែរ។ ខ្ញុំគួរតែមានការទទួលខុសត្រូវ និងដោះស្រាយបញ្ហា និងការលំបាកដែលកើតឡើង ខ្ញុំគួរតែយកឱកាសនេះ ដើម្បីស្វែងរកសេចក្តីពិត និងប៉ះប៉ូវចំណុចខ្វះខាតរបស់ខ្ញុំ ដែលការនេះនឹងជួយឱ្យខ្ញុំរីកចម្រើនកាន់តែលឿន។ តែខ្ញុំចង់បដិសេធភារកិច្ច ព្រោះតែមានការលំបាកច្រើនពេក។ ជាអ្នកមើលខុសត្រូវ ខ្ញុំមិនបានធ្វើការងារជាក់ស្ដែង ឬដោះស្រាយបញ្ហាជាក់ស្ដែងណាមួយទេ។ តើនេះមិនមែនខ្ញុំស្រេកឃ្លានប្រយោជន៍នៃឋានៈទេឬអី? ពេលក្រឡេកមើលឥរិយាបថរបស់ខ្ញុំ ទោះបីមើលទៅ ខ្ញុំដូចជាធ្វើការ ពេលខ្ញុំមានដៃគូក៏ដោយ ក៏តាមពិត ការងារត្រូវបានបែងចែកក្នុងចំណោមមនុស្សជាច្រើនហើយដែរ ហើយខ្ញុំគ្មានការទទួលខុសត្រូវច្រើនឡើយ។ ភារកិច្ចរបស់ខ្ញុំងាយស្រួលណាស់ ដូច្នេះ ខ្ញុំពិតជារីករាយនឹងពេលដ៏ល្អនេះណាស់។ ពេលគេផ្ទេរដៃគូទាំងពីររបស់ខ្ញុំចេញ សម្ពាធការងារបានគរដូចភ្នំ ខ្ញុំត្រូវរ៉ាប់រងការទទួលខុសត្រូវរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានទើសទាល់ រហូតដល់ចំណុចមួយចង់ក្បត់ព្រះ និងបដិសេធភារកិច្ចទៀតផង។ ក្រោយមក ទោះបីខ្ញុំបានប៉ះប៉ូវសភាពខ្ញុំ ដោយការហូប និងផឹកបន្ទូលព្រះក៏ដោយ ក៏ពេលខ្ញុំសហការជាមួយបងស្រីម្នាក់ដែលមានបទពិសោធជាងខ្ញុំ ខ្ញុំបានរ៉ាប់រងការទទួលខុសត្រូវតិចដដែល ហើយរាល់ថ្ងៃ ខ្ញុំបំពេញភារកិច្ចបែបស្រួលៗ ដោយមិនចង់ខ្វល់ខ្វាយច្រើនឡើយ។ លើកនេះ ពេលអ្នកដឹកនាំសុំឱ្យខ្ញុំទទួលខុសត្រូវការងារវីដេអូតែម្នាក់ឯង ហើយខ្ញុំជួបការលំបាកជាច្រើន ខ្ញុំចង់រត់ចេញម្ដងទៀត។ ខ្ញុំឃើញថា អាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច ពិតជាវៀចវេរណាស់ និងឃើញទៀតថា ខ្ញុំចង់យកតែរួចខ្លួន ពេលឃើញភាពនឿយហត់ខាងរាងកាយ ឬការទទួលខុសត្រូវ។ ខ្ញុំតែងចង់ប្ដូរទៅធ្វើការងារស្រួលៗ និងគ្មានស្ត្រេសជានិច្ច តែការពិត ការងារទាំងអស់សុទ្ធតែមានការលំបាកខ្លះ ហើយបើខ្ញុំមិនដោះស្រាយនិស្ស័យពុករលួយខ្ញុំទេ ខ្ញុំនឹងមិនអាចបំពេញភារកិច្ចបានត្រឹមត្រូវឡើយ។ ខ្ញុំឃើញថា ខ្ញុំមានធម្មជាតិជិនណាយនឹងសេចក្តីពិត ហើយខ្ញុំមិនស្រឡាញ់អ្វីវិជ្ជមានទេ។ នៅទីនោះ ខ្ញុំមិនបានបំពេញភារកិច្ចទេ តែចង់សោយសុខនឹងព្រះពរទៅវិញ។ ចុងក្រោយ ជំនឿបែបនេះ គ្មានបានអ្វីឡើយ! ជាពិសេស ខ្ញុំអាននៅក្នុងបន្ទូលព្រះ៖ «ពួកគេតែងតែចង់បានអ្វីមក ដោយមិនធ្វើអ្វីសោះ ពួកគេមិនដែលចង់ទទួលខុសត្រូវឡើយ ពួកគេកំពុងស្វែងរករបស់ណាដែលមិនចំណាយប្រាក់ ពួកគេចង់បានបាយបីពេលក្នុងមួយថ្ងៃ ហើយចង់ឱ្យគេបម្រើបាយទឹកដល់ពួកគេ និងចង់ឱ្យអាហារនោះឆ្ងាញ់ៗ ដោយមិនចាំបាច់ធ្វើកិច្ចការអ្វីទាំងអស់។ តើនេះមិនមែនជាផ្នត់គំនិតជនបញ្ញើក្អែកទេឬអី?» ខ្ញុំជាបញ្ញើក្អែក ដែលព្រះកំពុងបើកសម្ដែងតែម្ដង ខ្ញុំចង់ច្រូតផល តែមិនសាបព្រោះ និងចង់សោយសុខផលផ្លែពីកម្លាំងរបស់គេ។ អ៊ីចឹង តើខ្ញុំមិនមែនជាសំរាមទេឬ? ពេលគិតកាន់តែច្រើន ខ្ញុំកាន់តែស្អប់ខ្លួនឯង។ កាលពីមុន មនុស្សដែលខ្ញុំស្អប់បំផុត គឺជាពួកបញ្ញើក្អែក ដែលនៅជញ្ជក់ឈាមឪពុកម្ដាយ ជាមនុស្សធំពេញវ័យ ដែលមិនចេញពីផ្ទះ ចាំតែកេងចំណេញពីឪពុកម្ដាយខ្លួន ហើយគ្មានការទទួលខុសត្រូវឡើយ។ ពួកគេគ្មានប្រយោជន៍ទេ។ តើឥរិយាបថបច្ចុប្បន្នរបស់ខ្ញុំមានខុសអ្វីពីពួកគេទៅ? ខ្ញុំអធិស្ឋានទៅព្រះដោយបន្ទោសខ្លួនថា៖ «ឱព្រះជាម្ចាស់អើយ ចុងក្រោយ ខ្ញុំម្ចាស់ឃើញថា ខ្ញុំគួរឱ្យស្អប់ខ្ពើម និងមិនស្មោះត្រង់ក្នុងភារកិច្ចទេ។ ខ្ញុំម្ចាស់គិតតែពីសាច់ឈាមខ្លួន និងចង់ធ្វើជាបញ្ញើក្អែកប៉ុណ្ណោះ។ ខ្ញុំម្ចាស់ពិតជាតក់ស្លុតខ្លាំងណាស់ចំពោះគំនិតថោកទាបទាំងនេះ។ នៅក្នុងពួកជំនុំមានការងារជាច្រើនដែលត្រូវមានការសហការជាបន្ទាន់ តែខ្ញុំម្ចាស់មិនព្យាយាមចង់រីកចម្រើន ឬរ៉ាប់រងបន្ទុកណាមួយទេ។ ខ្ញុំម្ចាស់គ្មានប្រយោជន៍មែន។ ឱព្រះជាម្ចាស់ ខ្ញុំម្ចាស់ដឹងថា សភាពរបស់ខ្ញុំម្ចាស់នេះ គឺខុសហើយ តែខ្ញុំម្ចាស់មិនអាចយកឈ្នះលើភាពរឹតត្បិតនៃសាច់ឈាមរបស់ខ្ញុំបានឡើយ សូមទ្រង់ជួយបំភ្លឺខ្ញុំម្ចាស់ ដើម្បីឱ្យខ្ញុំអាចយល់ពីបញ្ហារបស់ខ្ញុំម្ចាស់ផង។ ខ្ញុំម្ចាស់ចង់ប្រែចិត្ត និងផ្លាស់ប្រែ»។ ខ្ញុំក៏បានគិតទៀតផងដែរ។ ហេតុអ្វីក៏ខ្ញុំតែងតែចង់រត់គេច និងបដិសេធភារកិច្ច គ្រប់ពេលដែលការងារមានសម្ពាធ និងការលំបាកច្រើនអ៊ីចឹង? តើអ្វីទៅជាឫសគល់នៃបញ្ហានេះ? តាមរយៈការស្វែងរក ខ្ញុំបានអានបន្ទូលរបស់ព្រះ។ «ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមានបន្ទូលឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែនៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែអ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែអ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វព្រះហឫទ័យចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឱ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេចក្តីពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឱ្យអ្នកដឹងទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឱ្យភ្ញាក់ទេឬ? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឱ្យអ្នកស្អប់ខ្លួនឯងទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែបែរជាមិនបន្តស្វែងរកឱ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្សដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយសាតាំង។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឱ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នកនិងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់ឮ? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មាន ហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយសារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឱ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឱ្យស្វាមីមានការងារល្អធ្វើ ចង់ឱ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឱ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឱ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឱ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឱ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឱ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឱ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឱ្យខ្លួនឯងរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឱ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែអ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឱ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធបែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈបន្ទូលដ៏ម៉ឺងម៉ាត់របស់ព្រះ ខ្ញុំយល់ថា ព្រះស្អប់ និងខ្ពើមរអើមបំផុតចំពោះមនុស្សដែលស្រេកឃ្លានភាពស្រណុក ចំពោះទ្រង់ ពួកគេត្រឹមជាសត្វប៉ុណ្ណោះ។ ពួកគេជាមនុស្សខ្ជិលច្រអូស មិនចង់រីកចម្រើន ចូលចិត្តចង់ទំនេរ ហើយចុងក្រោយ ពួកគេមិនបំពេញភារកិច្ចបានត្រឹមត្រូវ និងមិនទទួលបានសេចក្តីពិតទេ។ ពួកគេជាសំរាម។ ខ្ញុំប្រព្រឹត្តបែបនេះតែម្ដង។ ខ្ញុំចង់ឱ្យភារកិច្ចខ្ញុំដំណើរការយ៉ាងរលូន ឱ្យតែខ្ញុំមានភារកិច្ច ហើយខ្ញុំមិនត្រូវគេបណ្ដេញចេញ ឬផាត់ចោល នោះល្អណាស់ទៅហើយ។ តែពេលខ្ញុំជួបការលំបាក ដែលតម្រូវឱ្យខ្ញុំរងទុក្ខ ឬត្រូវបង់ថ្លៃ ខ្ញុំក៏ប្រែជារួញរា។ ខ្ញុំគ្រាន់តែចង់រើសយកការងារសាមញ្ញៗប៉ុណ្ណោះ ហើយខ្ញុំប្រកាន់យក គោលការណ៍ជីវិតបែបសាតាំង «ចូរសោយសុខនឹងជីវិតទៅ ទាន់នៅរស់» និង «ធ្វើល្អដាក់ខ្លួនឯង»។ ព្រោះតែទស្សនៈទាំងនេះ ខ្ញុំតែងស្រេកឃ្លានភាពស្រណុក និងមួម៉ៅ គ្រប់ពេលដែលខ្ញុំត្រូវទទួលខុសត្រូវលើការងារច្រើន ដោយបារម្ភថា វានឹងកាត់បន្ថយពេលទំនេររបស់ខ្ញុំ។ ពេលខ្ញុំត្រូវរៀនជំនាញថែមទៀត ខ្ញុំមិនបង់ថ្លៃសម្រាប់វាទេ មានន័យថា មួយរយៈក្រោយមក ខ្ញុំគ្មានការរីកចម្រើនលើជំនាញខ្ញុំ និងមិនអាចដោះស្រាយការងារបានទេ។ ពេលខ្លះ ខ្ញុំថែមទាំងកន្ដើយចំពោះភារកិច្ចខ្ញុំ រួចមើលវីដេអូលោកីយ៍នៅក្រោមលេសនៃការរៀនជំនាញទៀតផង ដែលការនេះនាំឱ្យវិញ្ញាណខ្ញុំកាន់តែស្ពឹកស្រពន់ និងងងឹត។ ជាអ្នកមើលខុសត្រូវ ពេលមានបញ្ហាកើតឡើងក្នុងការងារ ខ្ញុំគួរតែតាមដាន និងដោះស្រាយបញ្ហាទាំងនោះយ៉ាងសកម្ម តែពេលឃើញបញ្ហាពិបាកបន្តិច ខ្ញុំបែរជាប្រើល្បិច ដើម្បីព្រងើយកន្ដើយបញ្ហាទាំងនោះទៅវិញ ដែលធ្វើឱ្យពន្យារពេលដល់វឌ្ឍនភាពការងារ។ កាន់តែធ្ងន់ធ្ងរទៀតនោះ ខ្ញុំចេះតែមានបំណងចង់រកអ្នកផ្សេងមកជំនួសកន្លែងខ្ញុំ និងបន្ធូរបន្ថយសម្ពាធរបស់ខ្ញុំ។ ខ្ញុំដឹងថា ការធ្វើវីដេអូ ពិតជាសំខាន់សម្រាប់កិច្ចការដំណឹងល្អ តែខ្ញុំបែរជាធ្វើតាមសាច់ឈាម និងរត់គេចនៅពេលចាំបាច់ ដោយគ្មានការទទួលខុសត្រូវទៅវិញ។ ខ្ញុំបានគិតដល់ពួកកូនៗ ដែលត្រូវឪពុកម្ដាយចិញ្ចឹមដល់ធំ តែដល់ពេលត្រូវលះបង់សម្រាប់គ្រួសាររបស់ខ្លួន ពួកគេបែរជាខ្លាចទុក្ខវេទនា និងមិនព្រមទទួលខុសត្រូវទៅវិញ។ មនុស្សបែបនេះគ្មានសតិសម្បជញ្ញៈ និងជាមនុស្សទុច្ចរិត។ ខ្ញុំគិតថា ខ្ញុំមានឥរិយាបថបែបនេះ។ ព្រះបានណែនាំខ្ញុំមកដល់សព្វថ្ងៃ និងអនុញ្ញាតឱ្យខ្ញុំបំពេញភារកិច្ចដ៏សំខាន់នេះ តែខ្ញុំតែងតែខ្លាចទុក្ខវេទនា និងគិតពីសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំពិតជាគ្មានសតិសម្បជញ្ញៈសោះឡើយ! ខ្ញុំមើលមិនឃើញអត្ថន័យនៃការរងទុក្ខសម្រាប់ភារកិច្ចខ្ញុំ តែងតែស្រេកឃ្លានភាពស្រណុក និងមិនអាចបំពេញភារកិច្ចបានត្រឹមត្រូវឡើយ។ ពេលនោះ ទើបខ្ញុំដឹងថា សាតាំងបានបញ្ជ្រាបក្នុងមនុស្សនូវទស្សនៈទាំងនេះ «ចូរសោយសុខនឹងជីវិតទៅ ទាន់នៅរស់» និង «ធ្វើល្អដាក់ខ្លួនឯង» នាំឱ្យពួកគេកាន់តែថោកទាប អាត្មានិយម និងបោកបញ្ឆោត។ បើខ្ញុំបន្តស្រេកឃ្លានភាពស្រណុកទៀត តើខ្ញុំមិនបំផ្លាញខ្លួនឯងទេឬអី? ខ្ញុំតែងរអ៊ូរទាំអំពីការលំបាកនៃភារកិច្ច និងស្អប់ខ្ពើមភាពស្រណុកខាងរាងកាយរបស់ខ្ញុំ។ ខ្ញុំមិនត្រឹមតែបាត់បង់ឱកាសទទួលបានសេចក្តីពិតប៉ុណ្ណោះទេ តែខ្ញុំក៏បង្កការរញ៉េរញ៉ៃដល់ភារកិច្ចខ្ញុំដែរ ហើយបន្សល់ទុកតែអំពើរំលងប៉ុណ្ណោះ។ ចុងក្រោយ ព្រះច្បាស់ជាបដិសេធ និងផាត់ខ្ញុំចោលមិនខាន!

ខ្ញុំចាប់ផ្ដើមស្វែងរកផ្លូវអនុវត្តន៍។ ខ្ញុំអានបន្ទូលព្រះ៖ «ឧបមាថាក្រុមជំនុំផ្តល់ការងារមួយឱ្យអ្នកធ្វើ ហើយអ្នកនិយាយថា 'មិនថាការងារនោះជាឱកាសឱ្យខ្ញុំបានលេចមុខមាត់ ឬអត់នោះទេ តែដោយសារខ្ញុំទទួលបានការងារនោះហើយ ខ្ញុំនឹងធ្វើវាឱ្យបានល្អ។ ខ្ញុំនឹងទទួលខុសត្រូវចំពោះការងារនេះ។ ប្រសិនបើគេចាត់តាំងឱ្យខ្ញុំទទួលរាក់ទាក់ភ្ញៀវ នោះខ្ញុំនឹងប្រឹងប្រែងធ្វើកិច្ចការនោះឱ្យបានល្អ។ ខ្ញុំនឹងមើលថែបងប្អូនឱ្យបានល្អ ហើយប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនគ្រប់គ្នា។ ប្រសិនបើគេចាត់តាំងខ្ញុំឱ្យទៅផ្សាយដំណឹងល្អ នោះខ្ញុំនឹងបំពាក់បំប៉នខ្លួនឯងឱ្យយល់ពីសេចក្ដីពិត និងផ្សាយដំណឹងល្អដោយក្ដីស្រឡាញ់ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ប្រសិនបើគេចាត់តាំងខ្ញុំឱ្យរៀនភាសាបរទេស ខ្ញុំនឹងឧស្សាហ៍ព្យាយាមរៀនសូត្រ និងខិតខំរៀនភាសានោះ ហើយខំរៀនវាឱ្យឆាប់ចេះតាមដែលអាចធ្វើទៅបាន ក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ ដើម្បីឱ្យខ្ញុំអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ទៅជនបរទេសបាន។ ប្រសិនបើគេស្នើសុំខ្ញុំឱ្យសរសេរអត្ថបទទីបន្ទាល់ នោះខ្ញុំនឹងខំបណ្តុះបណ្តាលខ្លួនឯងដោយយកចិត្តទុកដាក់ដើម្បីរៀនសរសេរអត្ថបទ ហើយត្រួតពិនិត្យកិច្ចការទៅតាមគោលការណ៍នៃសេចក្ដីពិត។ ខ្ញុំនឹងរៀនសូត្រពីភាសា ហើយទោះបីជាខ្ញុំប្រហែលមិនអាចសរសេរអត្ថបទពាក្យរាយបានល្អក៏ដោយ យ៉ាងហោចណាស់ ក៏ខ្ញុំមុខជាអាចបង្ហាញប្រាប់ពីបទពិសោធ និងទីបន្ទាល់របស់ខ្ញុំបានច្បាស់លាស់ ដើម្បីប្រកបគ្នាឱ្យបានស៊ីជម្រៅអំពីសេចក្ដីពិត និងដើម្បីធ្វើបន្ទាល់ពិតប្រាកដថ្វាយព្រះជាម្ចាស់ ម្ល៉ោះហើយ នៅពេលដែលបងប្អូនអានអត្ថបទរបស់ខ្ញុំ គេនឹងបានប្រែចិត្ត និងទទួលបានប្រយោជន៍មិនខាន។ មិនថាក្រុមជំនុំប្រគល់ការងារអ្វីឱ្យខ្ញុំនោះទេ ខ្ញុំនឹងធ្វើវាឱ្យអស់ពីចិត្ត អស់ពីកម្លាំងរបស់ខ្ញុំ។ ប្រសិនបើមានអ្វីដែលខ្ញុំមិនយល់ ឬមានបញ្ហាណាមួយកើតឡើង ខ្ញុំនឹងអធិស្ឋានទៅព្រះជាម្ចាស់ ស្វែងរកសេចក្តីពិត ឈ្វេងយល់ពីគោលការណ៍នៃសេចក្តីពិត និងធ្វើកិច្ចការនោះឱ្យបានល្អ។ ទោះជាភារកិច្ចរបស់ខ្ញុំនោះជាអ្វីក៏ដោយ ក៏ខ្ញុំនឹងប្រើសមត្ថភាពដែលខ្ញុំមានទាំងអស់ ដើម្បីអនុវត្តភារកិច្ចនោះឱ្យបានល្អ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការងារអ្វីក៏ដោយដែលខ្ញុំអាចសម្រេចបាន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរ៉ាប់រងទំនួលខុសត្រូវគ្រប់យ៉ាងដែលខ្ញុំត្រូវរ៉ាប់រង ហើយយ៉ាងហោចណាស់ ក៏ខ្ញុំមិនក្បត់សតិសម្បជញ្ញៈ និងបំពានហេតុផលរបស់ខ្ញុំ ឬធ្វេសប្រហែស ធ្វើការបង្គ្រប់កិច្ច ឬមានឧបាយកល និងគ្មានទំនួលខុសត្រូវ ឬចាំទទួលផលពីការងាររបស់អ្នកដទៃឡើយ។ កិច្ចការដែលខ្ញុំធ្វើ នឹងមិនដែលនៅក្រោមខ្នាតនៃសតិសម្បជញ្ញៈឡើយ'។ នេះគឺជាខ្នាតចរិយាមារយាទរបស់មនុស្សដែលទាបជាងគេបំផុត ហើយអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះ អាចមានលក្ខណៈគ្រប់គ្រាន់ជាមនុស្សដែលមានសតិសម្បជញ្ញៈ និងមានហេតុផល។ យ៉ាងហោចណាស់ អ្នកត្រូវតែមានសតិសម្បជញ្ញៈជ្រះស្រឡះក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយយ៉ាងហោចណាស់ អ្នកត្រូវតែមានអារម្មណ៍ថា អ្នករកបានបាយហូបបីពេលក្នុងមួយថ្ងៃដែរ ហើយមិនមែនសុំបាយគេហូបនោះទេ។ នេះហៅថា ស្មារតីទទួលខុសត្រូវ។ មិនថាអ្នកមានគុណសម្បត្តិខ្ពស់ ឬទាបនោះទេ ហើយមិនថាអ្នកយល់ពីសេចក្តីពិត ឬអត់នោះទេ អ្នកត្រូវតែមានអាកប្បកិរិយាបែបនេះ៖ 'ដោយសារគេផ្តល់កិច្ចការនេះឱ្យខ្ញុំធ្វើ ដូច្នេះខ្ញុំត្រូវតែយកចិត្តទុកដាក់ចំពោះកិច្ចការនេះ ខ្ញុំត្រូវតែខ្វាយខ្វល់ពីកិច្ចការនេះ ហើយធ្វើវាឱ្យបានល្អ ឱ្យអស់ពីចិត្ត និងអស់ពីកម្លាំងរបស់ខ្ញុំ។ ចំពោះថាតើខ្ញុំអាចធ្វើវាបានល្អឥតខ្ចោះឬអត់នោះ ខ្ញុំមិនអាចសន្មតទៅធានាបាននោះទេ ប៉ុន្តែអាកប្បកិរិយារបស់ខ្ញុំគឺថា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យបានល្អ ហើយខ្ញុំនឹងមិនធ្វេសប្រហែស និងធ្វើកិច្ចការនេះឱ្យតែរួចពីដៃជាដាច់ខាត។ ពេលនោះ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ខ្ញុំគប្បីទទួលខុសត្រូវ ហើយធានាថា ខ្ញុំនឹងរៀនសូត្រមេរៀនខ្លះពីកិច្ចការនោះ ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ'។ នេះគឺជាអាកប្បកិរិយាដែលត្រឹមត្រូវ។ តើអ្នករាល់គ្នាមានអាកប្បកិរិយាបែបនេះដែរឬទេ?» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ បន្ទូលព្រះធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ ដោយសារពួកជំនុំចាត់ខ្ញុំឱ្យទទួលបន្ទុកលើការងារនេះ ខ្ញុំត្រូវតែរ៉ាប់រងការទទួលខុសត្រូវគ្រប់យ៉ាង ដែលមនុស្សធំត្រូវធ្វើ។ មិនថាខ្ញុំមានគុណសម្បត្តិខ្លាំងបែបណា ខ្ញុំមានសមត្ថភាពបំពេញការងារ ឬខ្ញុំជួបការលំបាកច្រើនប៉ុនណានៅក្នុងភារកិច្ច ខ្ញុំមិនអាចរួញរានោះទេ ខ្ញុំត្រូវតែពុះពារ និងដាក់ចិត្តដាក់កាយបំពេញការងារនេះ។ ក្រោយមក គ្រប់ពេលយើងធ្វើវីដេអូចប់ និងទទួលសំណើរបស់អ្នកដទៃ មិនថាវាមានបញ្ហាដែលខ្ញុំមិនដឹង ឬខ្ញុំមិនដឹងថា ត្រូវដោះស្រាយបែបណាក៏ដោយ ក៏ខ្ញុំតែងស្វែងរកផ្លូវ ដើម្បីដោះស្រាយវា ឬព្យាយាមរកមនុស្សដែលមានបទពិសោធ ដែលខ្ញុំអាចពិគ្រោះយោបល់ដែរ។ បន្តិចម្ដងៗ ខ្ញុំកាន់តែមានជំនាញ និងកាន់តែយល់ពីគោលការណ៍។ ពីមុន គ្រប់ពេលដែលមានបញ្ហាពិបាកកើតឡើង ខ្ញុំមានទម្លាប់ទម្លាក់វាទៅឱ្យដៃគូខ្ញុំម្នាក់ ដើម្បីដោះស្រាយ មិនតបសារទាន់ពេលនៅក្នុង group chat និងពន្យារពេល។ ឥឡូវ ខ្ញុំអាចរ៉ាប់រងការទទួលខុសត្រូវ និងរែកពុនបន្ទុកកាន់តែច្រើននៅក្នុងភារកិច្ច។ ទោះបីកិច្ចសហការរបស់យើងជួបការលំបាកក៏ដោយ តែពេលខ្ញុំពឹងអាងលើព្រះ និងតាមរយៈការពិភាក្សាជាមួយគ្រប់គ្នា យើងកាន់តែដឹងច្បាស់អំពីផ្លូវដែលយើងគួរតែដើរ។ ក្រោយបទពិសោធនេះ ទើបខ្ញុំដឹងថា ខ្ញុំពិតជាអាត្មានិយម និងបោកបញ្ឆោតបែបណា និងឃើញទៀតថា ខ្ញុំវៀចវេរ ខ្ជិលច្រអូសនៅក្នុងភារកិច្ច និងមិនព្រមរ៉ាប់រងការទទួលខុសត្រូវ។ នៅពេលខ្ញុំផ្ចង់ចិត្តបំពេញការងារ ព្រមគិតគូរពីបន្ទុករបស់ព្រះ និងដាក់ចិត្តដាក់កាយសហការគ្នា ខ្ញុំឃើញពីការដឹកនាំ និងការណែនាំរបស់ព្រះ ខ្ញុំទទួលបានជំនឿ ហើយខ្ញុំមានឆន្ទៈក្នុងការអនុវត្តធ្វើជាមនុស្សមានហេតុផល និងសតិសម្បជញ្ញៈ ដែលបំពេញភារកិច្ចរបស់ខ្លួន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទុក្ខលំបាកនៃការមានជំងឺ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទង្វើរបស់ខ្ញុំមានចំនួនច្រើន ជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ របស់ខ្ញុំទៀតសោត...

ផ្លូវផ្សាយដំណឹងល្អរបស់ខ្ញុំ ពោរពេញដោយឧបសគ្គ និងការលំបាក

ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយនៅឆ្នាំ២០១៩។ តាមរយៈការអានព្រះបន្ទូល ខ្ញុំបានដឹងថា...

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...