មេរៀនដែលរៀនបានពីការស្រោចស្រពអ្នកជឿថ្មី

11-07-2023

នាខែមករា ឆ្នាំនេះ ខ្ញុំបានស្រោចស្រពអ្នកជឿថ្មីនៅក្នុងពួកជំនុំ។ បងស្រី រ៉ាន ជី និងប្ដីគាត់ គឺជាអ្នកជឿថ្មីពីរនាក់ដែលខ្ញុំត្រូវទទួលខុសត្រូវ។ អ្នកមើលខុសត្រូវប្រាប់ខ្ញុំថា ប្ដីរបស់បងស្រី រ៉ាន ជី ទើបតែស្វែងយល់ពីកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ចូលរួមការជួបជុំបានពីរបីដងប៉ុណ្ណោះ ហើយគាត់ត្រូវការការជួយជ្រោមជ្រែង និងការស្រោចស្រពថែមទៀត។

ទាំងពីរលើកដែលខ្ញុំបានទៅដល់ផ្ទះបងស្រី រ៉ាន ជី គាត់បានឈ្លោះគ្នាជាមួយប្ដីគាត់។ នៅពេលស្វែងយល់ ខ្ញុំរកឃើញថា រ៉ាន ជី មើលងាយប្ដីគាត់ដែលដើរតាមនិន្នាការលោកីយ៍ និងមិនធ្វើជាអ្នកជឿស៊ប់។ ខ្ញុំគិតថា ការដែលគាត់ទាមទារមិនពិតប្រាកដ និង ខឹងចំពោះប្ដី នៅពេលគាត់ទើបតែចាប់ផ្ដើមសិក្សាពីផ្លូវពិតបែបនេះ អាចរាំងស្ទះដល់វឌ្ឍនភាពរបស់គាត់។ ម្ដងនោះ ខ្ញុំបានប្រកបគ្នាជាមួយគាត់អំពីរបៀបដែលយើងត្រូវចូលទៅរកមនុស្ស ដោយការអត់ឱន និងការអត់ធ្មត់។ គួរឱ្យភ្ញាក់ផ្អើល បងស្រីនេះបានអន់ចិត្ត រួចនិយាយថា គាត់បានអត់ធ្មត់ខ្លាំងរួចហើយ។ គាត់ថែមទាំងថា៖ «បើប្ដីគាត់មិនចង់ជឿ ក៏ហីទៅចុះ។ បែបនេះ គាត់ក៏នឹងមិនប៉ះពាល់ដល់សភាពខ្ញុំដែរ»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំបារម្ភជាខ្លាំងថា ប្ដីគាត់អាចនឹងឈប់មកពួកជំនុំ។ ខ្ញុំបានត្អូញត្អែរក្នុងចិត្តថា៖ «បងស្រីនេះក្រអឺតក្រទមពេកហើយ។ គាត់គិតតែពីបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីអារម្មណ៍អ្នកដទៃទេ។ ខ្ញុំត្រូវតែប្រកបគ្នាយ៉ាងម៉ឺងម៉ាត់មួយជាមួយគាត់ ដើម្បីឱ្យគាត់ដឹងថា ស្ថានភាពនេះគ្រោះថ្នាក់បែបណា»។ តែពេលខ្ញុំនិយាយចប់ រ៉ាន ជី បានប្រកែកថា៖ «ខ្ញុំមិនចង់ខឹងទេ។ តែគាត់ចំណាយពេលពេញមួយថ្ងៃដើរហើរនៅក្រៅផ្ទះ ឬលេងម៉ាជុង ហើយមិនអានបន្ទូលព្រះទេ។ មិនថាខ្ញុំប្រាប់គាត់ជាច្រើនដងបែបណាទេ គាត់មិនស្ដាប់ខ្ញុំឡើយ»។ ពេលឮបែបនេះ ខ្ញុំហាក់ខឹងបន្ដិចដែរ។ ខ្ញុំគិតថា៖ «អ្នកកំពុងបង្ហាញសញ្ញាពុករលួយច្បាស់ណាស់ តែអ្នកចេះតែរិះគន់ប្ដីអ្នកប៉ុណ្ណោះ។ អ្នកមិនស្គាល់ខ្លួនឯងសោះឡើយ!» ដូច្នេះ ខ្ញុំអានផ្នែកមួយនៃការបើកសម្ដែងរបស់ព្រះ ទាក់ទងនឹងនិស្ស័យក្រអឺតក្រទមរបស់មនុស្សឱ្យគាត់ស្ដាប់ រួចបកស្រាយពីកំហឹងគាត់ថាជាលទ្ធផលចេញពីការចង់បានឋានៈខ្លាំងពេក។ ការខឹង និងការឆេវឆាវរបស់គាត់ដែលចង់ឱ្យប្ដីធ្វើតាម ពេលគាត់មិនធ្វើតាមសម្ដីគាត់ គឺជានិស្ស័យពុករលួយ ដែលត្រូវកែតម្រូវ។ ពេលនោះ បងស្រីទទួលស្គាល់ទាំងរារែកថា គាត់ពិតជាក្រអឺតក្រទមខ្លាំងមែន តែក្រោយមក គាត់នៅតែដដែល មិនកែប្រែសូម្បីបន្ដិចឡើយ។ ក្រោយមកទៀត ខ្ញុំបានប្រកបគ្នាជាមួយគាត់ជាច្រើនដងទៀត និងដាស់តឿនគាត់ឱ្យប្រព្រឹត្តត្រឹមត្រូវចំពោះប្ដីគាត់ មិនត្រូវចេះតែចាប់កំហុសគាត់ និងមកស្គាល់ខ្លួនឯងវិញ។ តែបងស្រីនេះនៅតែបន្តមានលេសដដែល។ ខ្ញុំមិនដឹងជាធ្វើបែបណាទេ។ ដំបូង ខ្ញុំចង់ឱ្យប្ដីគាត់ចូលរួមការជួបជុំកាន់តែច្រើន ដើម្បីជួយគាត់ឱ្យចាក់ឫសលើផ្លូវពិត តែដោយស្មានមិនដល់ ការប្រជុំទាំងនោះត្រូវបានលុបចោល។

ពេលនោះ ខ្ញុំចេះតែរអ៊ូរទាំ និងវិនិច្ឆ័យ រ៉ាន ជី ថា៖ «គាត់ក្រអឺតក្រទម និងបន្តរិះគន់ប្ដីគាត់ដដែលៗ។ តើគាត់មានភាពជាមនុស្សអន់ឬ? ខ្ញុំបានប្រកបគ្នាជាច្រើនដងជាមួយគាត់ តែគាត់មិនបានអនុវត្តសេចក្តីពិត ឬជួយផ្សព្វផ្សាយពីការជួបជុំទេ។ ខ្ញុំមិនចង់ស្រោចស្រពគាត់ទៀតឡើយ»។ ម្ដងនោះ ខ្ញុំបានពិភាក្សាបញ្ហានេះជាមួយបងស្រីម្នាក់ ដែលខ្ញុំសហការជាមួយ និងបានបញ្ចេញអារម្មណ៍សោកសៅរបស់ខ្ញុំ។ បងស្រីបានណែនាំខ្ញុំឱ្យមើលវីដេអូទីបន្ទាល់មួយ។ អត្ថបទព្រះបន្ទូលមួយនៅក្នុងវីដេអូនោះ ធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ក្នុងការប្រព្រឹត្តចំពោះអ្នកដែលកំពុងស៊ើបសួរពីផ្លូវពិត មនុស្សម្នាក់ៗត្រូវយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្ន ហើយត្រូវប្រព្រឹត្តដាក់ពួកគេដោយសេចក្ដីស្រឡាញ់។ នេះក៏ព្រោះតែ មនុស្សគ្រប់គ្នាដែលកំពុងស៊ើបសួរពីផ្លូវពិត គឺជាអ្នកមិនជឿ ហើយសូម្បីតែអ្នកជឿសាសនាក្នុងចំណោមពួកគេនោះ តិចឬច្រើន ក៏ជាអ្នកមិនជឿដែរ ហើយពួកគេសុទ្ធតែមានជំនឿផុយស្រួយណាស់។ ប្រសិនបើមានអ្វីមួយមិនស្របតាមសញ្ញាណរបស់ពួកគេ នោះពួកគេមុខជាជំទាស់មិនខាន ហើយប្រសិនបើមានឃ្លាណាមិនត្រូវតាមចិត្តរបស់ពួកគេ នោះពួកគេមុខជាប្រកែកហើយ។ ហេតុនេះ ការផ្សាយដំណឹងល្អទៅកាន់ពួកគេ តម្រូវឱ្យយើងមានភាពអត់ធ្មត់ តម្រូវឱ្យ ខាងយើងមានក្ដីស្រឡាញ់ខ្លាំងបំផុត ហើយក៏តម្រូវឱ្យមានវិធីសាស្រ្ត និងមធ្យោបាយមួយចំនួនផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ដោយប្រាប់ពួកគេអំពីសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញដើម្បីសង្គ្រោះមនុស្ស និងអនុញ្ញាតឱ្យពួកគេបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្ដាប់ព្រះបន្ទូលរបស់ព្រះអាទិករផង។ បែបនេះ ពួកគេនឹងទទួលបានប្រយោជន៍ច្រើន» («ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះតម្រូវឱ្យយើងប្រព្រឹត្តចំពោះអ្នកទទួលដំណឹងល្អដែលមានសក្ដានុពលម្នាក់ៗ ដោយការស្រឡាញ់យកចិត្តទុកដាក់ និងគួរជួយជ្រោមជ្រែងពួកគេ ដោយមានចិត្តអត់ធ្មត់ និងក្ដីស្រឡាញ់ជ្រាលជ្រៅ ប្រកបគ្នាជាមួយពួកគេពីសេចក្តីពិត និងនាំពួកគេមកចំពោះព្រះ។ នេះជាការទទួលខុសត្រូវ និងភារកិច្ចរបស់អ្នកផ្សាយដំណឹងល្អម្នាក់ៗ។ គ្រប់ពាក្យ និងគ្រប់ឃ្លាក្នុងបន្ទូលព្រះ ខ្ញុំអាចដឹងពីការស្រឡាញ់យកព្រះទ័យទុកដាក់របស់ព្រះ។ នេះជាមូលហេតុដែលទ្រង់ធ្វើការទាមទារទាំងនេះពីយើង។ ដោយសញ្ជឹងគិតពីក្ដីស្រឡាញ់ និងការយោគយល់របស់ព្រះចំពោះមនុស្សជាតិ ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់។ ខ្ញុំគិតឡើងវិញពីរបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះ រ៉ាន ជី។ នៅពេលខ្ញុំប្រកបគ្នាពីរបីដងជាមួយគាត់អំពីការដែលគាត់ជេរប្ដីគាត់ រួចគាត់នៅតែមិនប្រសើរដដែល ខ្ញុំបានខឹង រកអត្ថបទព្រះបន្ទូល ដើម្បីរិះគន់គាត់ ទៅតាមចិត្តខ្ញុំ វិភាគរកបញ្ហារបស់គាត់ បញ្ចេញអារម្មណ៍មួម៉ៅរបស់ខ្ញុំជាមួយគាត់ និងមិនបានគិតអំពីអារម្មណ៍ ឬកម្ពស់គាត់សោះឡើយ។ ខ្ញុំថែមទាំងថា គាត់មានភាពជាមនុស្សអន់នៅមុខដៃគូគាត់ទៀតផង។ តើការអាណិតស្រឡាញ់ខ្ញុំនៅឯណាទៅ? រ៉ាន ជី ទើបតែទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយរយៈពេលប្រាំមួយខែប៉ុណ្ណោះ និងនៅមិនទាន់យល់សេចក្តីពិតជាច្រើនឡើយ ដូច្នេះ តើវាមិនធម្មតាសម្រាប់គាត់ទេឬដែលបើកសម្ដែងសេចក្តីពុករលួយ ពេលប្រឈមនឹងបញ្ហានោះ? ខ្ញុំមិនត្រឹមតែមិនផ្ដល់ការណែនាំដល់គាត់ដោយក្ដីស្រឡាញ់ ដើម្បីជួយគាត់អនុវត្តសេចក្តីពិតប៉ុណ្ណោះទេ តែខ្ញុំបែរជាស្អប់ខ្ពើមគាត់ទៅវិញ។ ខ្ញុំពិតជាខ្វះនូវភាពជាមនុស្សមែន។ ពេលសញ្ជឹងគិតពីរឿងទាំងនេះ ខ្ញុំដឹងថា ហេតុផលដែលខ្ញុំមិនទទួលបានលទ្ធផលណាមួយ ក្រោយប្រកបគ្នាពីរបីដងជាមួយ រ៉ាន ជី នោះព្រោះតែខ្ញុំមិនបានផ្ដល់ការប្រកបគ្នាដោយក្ដីស្រឡាញ់ និងប្រើសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់គាត់។ តែខ្ញុំបែរជាស្អប់ខ្ពើម និងដាក់កម្រិតគាត់ទាំងក្រអឺតក្រទម ហើយស្ដីបន្ទោសគាត់ដោយចិត្តឆេវឆាវទៅវិញ។ ពេលខ្ញុំប្រព្រឹត្តបែបនេះ តើខ្ញុំរំពឹងចង់ជួយគាត់ឱ្យយល់ពីសេចក្តីពិត និងកែសភាពគាត់ម្ដេចកើតទៅ? ខ្ញុំបានអធិស្ឋាននៅចំពោះព្រះ ត្រៀមខ្លួនកែប្រែចេតនាខ្ញុំ និងឈប់ប្រព្រឹត្តចំពោះ រ៉ាន ជី តាមនិស្ស័យពុករលួយខ្ញុំទៀត។

ថ្ងៃមួយ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលមួយ។ «អ្នកត្រូវតែមានការយល់ដឹងពីសណ្ឋានជាច្រើនដែលមនុស្សនឹងស្ថិតនៅ ពេលដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្តកិច្ចការក្នុងពួកគេ។ ជាពិសេស អ្នកដែលសម្របសម្រួលក្នុងការធ្វើការបម្រើព្រះជាម្ចាស់ ត្រូវតែមានការយល់ដឹងកាន់តែច្រើនអំពីសភាពទាំងនេះ។ បើអ្នកគ្រាន់តែរៀបរាប់ពីបទពិសោធ ឬរបៀបផ្សេងៗនៃការទទួលបាននូវសិទ្ធិចូលទៅក្នុងស្ថានសួគ៌ នោះបង្ហាញថា បទពិសោធរបស់អ្នកលម្អៀងជ្រុល។ ដោយការមិនបានដឹងថា ខ្លួនឯងស្ថិតនៅក្នុងសណ្ឋានណាមួយនោះ ព្រមទាំងព្យាយាមចាប់យកគោលការណ៍នៃសេចក្តីពិត នោះការសម្រេចឱ្យបាននូវការផ្លាស់ប្ដូរនិស្ស័យនឹងមិនអាចកើតឡើងបានឡើយ។ ដោយមិនបានដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការយល់ដឹងពីផលផ្លែនៃកិច្ចការនេះទេ នោះអ្នកក៏ពិបាកនឹងស្គាល់កិច្ចការរបស់វិញ្ញាណអាក្រក់ដែរ។ អ្នកត្រូវតែលាតត្រដាងពីកិច្ចការនៃវិញ្ញាណអាក្រក់ ព្រមទាំងសញ្ញាណរបស់មនុស្ស ថែមទាំងចាក់ឱ្យចំចំណុចសំខាន់នៃបញ្ហា អ្នកក៏ត្រូវតែចង្អុលបង្ហាញពីគម្លាតនានា ក្នុងការអនុវត្តន៍របស់មនុស្ស និងបញ្ហាផ្សេងៗ ដែលពួកគេមានក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចទទួលស្គាល់ចំណុចទាំងនោះបាន។ យ៉ាងហោចណាស់ អ្នកមិនត្រូវធ្វើឱ្យពួកគេមានអារម្មណ៍អវិជ្ជមាន ឬអសកម្មនោះទេ។ យ៉ាងណាមិញ អ្នកត្រូវតែយល់ពីការលំបាកផ្សេងៗដែលបានកើតឡើងក្នុងគោលដៅសម្រាប់មនុស្សភាគច្រើន អ្នកមិនត្រូវធ្វើជាមនុស្សគ្មានហេតុផល ឬក៏ 'ព្យាយាមបង្រៀនសត្វជ្រូកឱ្យចេះច្រៀងនោះទេ' នោះជាកាយវិការដ៏ឆ្កួតលីលា។ ដើម្បីដោះស្រាយនូវការលំបាកជាច្រើនដែលមនុស្សឆ្លងកាត់ ជាដំបូងអ្នកត្រូវតែយល់ពីថាមវន្តនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធសម្ដែងកិច្ចការលើមនុស្សផ្សេងៗគ្នា អ្នកត្រូវតែមានការយល់ដឹងអំពីការលំបាកដែលមនុស្សប្រឈម និងដឹងអំពីចំណុចខ្សោយរបស់គេ ហើយអ្នកត្រូវតែមើលឱ្យឃើញចំណុចសំខាន់ៗនៃបញ្ហា និងទៅឱ្យដល់ប្រភពរបស់វា ដោយមិនឱ្យមានគម្លាត ឬបង្កើតឱ្យមានកំហុសឆ្គងឡើយ។ មានតែបុគ្គលប្រភេទនេះប៉ុណ្ណោះ ដែលអាចមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការសម្របសម្រួលការបម្រើព្រះជាម្ចាស់» («សេចក្ដីដែលអ្នកគង្វាលដ៏មានសមត្ថភាពគួរប្រដាប់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលគិតដល់បន្ទូលព្រះ ខ្ញុំដឹងថា មិនថាជាការផ្សាយដំណឹងល្អ ឬការស្រោចស្រពអ្នកជឿថ្មីនោះទេ យើងត្រូវតែដឹងពីបញ្ហា និងសភាពពិតរបស់មនុស្សជានិច្ច ហើយប្រកបគ្នាពីសេចក្តីពិតពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ បើអ្នកមិនយល់ពីការលំបាករបស់គេផង ហើយចេះតែប្រកបគ្នាដោយផ្អែកលើជំនឿរបស់អ្នកផ្ទាល់ អ្នកនឹងមិនគ្រាន់តែមិនបានដោះស្រាយបញ្ហាពួកគេប៉ុណ្ណោះទេ តែអ្នកមុខជាធ្វើបាប ឬធ្វើឱ្យគេអន់ចិត្តមិនខាន។ ពេលខ្លះ នៅពេលអ្នកជឿថ្មីបង្ហាញសញ្ញាពុករលួយ និងភាពអវិជ្ជមាន ហើយការប្រកបគ្នាជាច្រើនដង មិនជួយពួកគេឱ្យបានប្រសើរឡើង ដំបូង យើងគួរតែឆ្លុះបញ្ចាំងមើលថាតើយើងបានប្រកបគ្នាពីសេចក្តីពិតច្បាស់លាស់ ទាក់ទងនឹងបញ្ហាពួកគេឬអត់។ បើបញ្ហាពួកគេនៅតែមិនទាន់ដោះស្រាយ ព្រោះតែយើងមិនប្រកបគ្នាពីសេចក្តីពិតឱ្យបានច្បាស់លាស់ ពេលនោះ យើងមិនបានបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់យើងឡើយ។ ខ្ញុំចេះតែគិតពីរបៀបដែលខ្ញុំបានប្រព្រឹត្តចំពោះ រ៉ាន ជី។ ក្នុងអំឡុងពេលនោះ ខ្ញុំឃើញថា គាត់បានជេរប្ដីគាត់ ខ្ញុំគ្រាន់តែសន្មតថា គាត់ក្រអឺតក្រទម និងបញ្ជាក្បាលប្ដីគាត់ប៉ុណ្ណោះ ដូច្នេះ ខ្ញុំបន្តរិះគន់គាត់ និងបង្ខំឱ្យគាត់ទទួលស្គាល់និស្ស័យពុករលួយរបស់ខ្លួន តែចុងក្រោយ បញ្ហាគាត់នៅតែមិនត្រូវបានដោះស្រាយដដែល។ បន្ទាប់ពីស្ងប់អារម្មណ៍ និងសញ្ជឹងគិតពីបញ្ហានេះប៉ុណ្ណោះ ទើបខ្ញុំដឹងថា មូលហេតុដែល រ៉ាន ជី ចេះតែឆេវឆាវ នោះព្រោះតែគាត់សង្ឃឹមថា ប្ដីគាត់អាចចាក់គ្រឹះយ៉ាងឆាប់រហ័សលើផ្លូវពិត ចាប់ផ្ដើមចូលរួមការជួបជុំជាទៀងទាត់ និងមានការការពារពីព្រះ នៅពេលជួបនឹងបញ្ហា។ ដូច្នេះ ពេលគាត់ឃើញប្ដីគាត់រវល់ដើរហើរខាងក្រៅ ឬលេងម៉ាជុង និងមិនបានអានព្រះបន្ទូលព្រះ គាត់ក៏ផ្ទុះខឹង។ ខ្ញុំមិនបានប្រកបគ្នាជាមួយគាត់ពីបញ្ហានេះទេ ដូច្នេះហើយ ខ្ញុំមិនបានឃើញលទ្ធផលចេញពីការប្រកបគ្នានោះ។ តាមពិត បញ្ហាចម្បង គឺជារូបខ្ញុំទេ។ ខ្ញុំមិនបានកំណត់រកបញ្ហារបស់អ្នកជឿថ្មី ដើម្បីប្រកបគ្នាជាមួយគាត់ទេ ហើយថែមទាំងវិនិច្ឆ័យគាត់ថាមានភាពជាមនុស្សអន់ និងមិនទទួលយកសេចក្តីពិត ហើយមិនចង់ស្រោចស្រពគាត់ទៀតផង។ ខ្ញុំមិនបានស្គាល់ខ្លួនឯង និងមិនមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃសូម្បីតែបន្តិចឡើយ។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍អាម៉ាស់ និងយល់ថា ខ្លួនបានធ្វើខុស។ ខ្ញុំត្រូវតែកែប្រែអាកប្បកិរិយាដែលខ្ញុំមានចំពោះ រ៉ាន ជី ប្រកបគ្នាទាក់ទងនឹងបញ្ហាជាក់ស្ដែងរបស់គាត់ និងប្រើសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់គាត់។

មួយថ្ងៃក្រោយមក ដល់ពេលដែលយើងត្រូវជួបជុំម្ដងទៀត។ ពេលខ្ញុំមកដល់ រ៉ាន ជី ក៏ចាប់ផ្ដើមរអ៊ូរទាំថា ប្ដីគាត់បាននិយាយច្បាស់ៗថា គាត់បានមកចូលរួមការជួបជុំ តែគាត់នៅមិនទាន់ត្រលប់ទៅផ្ទះទៀត។ គាត់ក៏ដាក់កម្រិតប្ដីគាត់ថាមិនស្វែងរកទេ ហើយចង់បោះបង់គាត់ចោល។ ដូច្នេះ ខ្ញុំបានប្រកបគ្នាជាមួយគាត់ទាក់ទងនឹងស្ថានភាពរបស់គាត់។ ខ្ញុំថា៖ «ការសុំឱ្យប្ដីបងចូលរួម និងអានព្រះបន្ទូល គឺជាការមានបំណងល្អហើយ តែយើងមិនអាចរំពឹងទុកខ្ពស់ពេកចំពោះគាត់នោះឡើយ។ បើបងខឹង ពេលគាត់មិនស្ដាប់បង គាត់នឹងទំនងមិនធ្វើតាមទេ។ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង និងមិនស្រឡាញ់សេចក្តីពិតទេ ដូច្នេះ ការដែលពួកគេស្វែងរកសេចក្តីពិត និងច្រកចូលទៅក្នុងជីវិត ក៏យឺតយ៉ាវខ្លាំងដែរ។ វាត្រូវការការប្រកបគ្នា បទពិសោធ និងថែមទាំងឧបសគ្គជាច្រើន ដើម្បីជួយគេឱ្យមានការយល់ដឹងបានបន្តិច។ ដូច្នេះ យើងត្រូវតែជួយមនុស្ស ដោយក្ដីស្រឡាញ់ និងទុកពេលឱ្យពួកគេផ្លាស់ប្រែ។ យើងបានឃើញថា ព្រះតម្រូវឱ្យមនុស្សផ្លាស់ប្រែនិស្ស័យរបស់ខ្លួន តែទ្រង់មិនដែលបង្ខំមនុស្ស ឬមានការរំពឹងទុកមិនច្បាស់លាស់នោះទេ។ ដោយទតឃើញពីរបៀបដែលយើងរស់នៅតាមនិស្ស័យពុករលួយរបស់យើង និងមិនអនុវត្តតាមបន្ទូលព្រះ ព្រះអង្គមិនបានបញ្ចេញព្រះពិរោធ ឬបោះបង់យើងចោលទេ តែទ្រង់បែរជាស្រាយបំភ្លឺ និងណែនាំយើង ដោយបន្ទូលទ្រង់ ដើម្បីជួយយើងឱ្យដកពិសោធន៍កិច្ចការបន្តិចម្ដងៗ ហើយចាប់ផ្ដើមយល់ពីសេចក្តីពិត និងសម្រេចបានការបំផ្លាស់បំប្រែម្ដងបន្តិចៗ។ យើងយល់ថា វិធីសាស្ត្ររបស់ទ្រង់ពិតជាទន់ភ្លន់មែន។ ដូច្នេះ បើយើងចង់ឱ្យគ្រួសារយើងចូលរួមការជួបជុំ និងអានបន្ទូលព្រះកាន់តែច្រើន ដើម្បីចាក់ឫសឱ្យកាន់តែឆាប់ នេះជាចេតនាត្រឹមត្រូវហើយ តែយើងត្រូវតែយល់ពីការលំបាករបស់គេផង ហើយជួយណែនាំ និងគាំទ្រពួកគេ ដោយចិត្តអត់ធ្មត់។ បែបនេះ ទើបពួកគេនឹងកាន់តែអាចធ្វើតាមបាន»។ ពេលឮសម្ដីខ្ញុំ រ៉ាន ជី បានដកដង្ហើមធំ រួចតបវិញថា៖ «ខ្ញុំតែងតែព្យាយាមជំរុញប្ដីខ្ញុំឱ្យចូលរួម និងអានព្រះបន្ទូលកាន់តែច្រើន ដោយយល់ថា នេះជាការល្អបំផុតសម្រាប់គាត់ និងព្យាយាមឱ្យគាត់ធ្វើតាមសម្ដីខ្ញុំ។ ពេលគាត់មិនធ្វើតាម ខ្ញុំបានជេរស្ដីដាក់គាត់។ ការប្រព្រឹត្តចំពោះគាត់បែបនេះ អាចធ្វើឱ្យគាត់ឈឺចាប់។ ខ្ញុំខុសហើយ។ ថ្ងៃខាងមុខ ខ្ញុំនឹងអនុវត្តតាមព្រះបន្ទូល និងឈប់ប្រព្រឹត្តចំពោះគាត់តាមនិស្ស័យពុករលួយរបស់ខ្ញុំទៀតហើយ»។ ខ្ញុំក៏សប្បាយចិត្តខ្លាំងដែរ ពេលឃើញ រ៉ាន ជី ទទួលបានការយល់ដឹងខ្លះ និងមានទឹកមុខញញឹមនោះ។ ក្រោយមក យើងបានអានអត្ថបទព្រះបន្ទូលនេះជាមួយគ្នា។ «របៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ត្រូវបានបង្ហាញចេញ ឬលេចមកឱ្យឃើញយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អាកប្បកិរិយាដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សជាតិ គឺជាអាកប្បកិរិយាដែលមនុស្សគួរតែប្រកាន់ខ្ជាប់នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះគ្នាទៅវិញទៅមក។ តើព្រះជាម្ចាស់ប្រព្រឹត្តបែបណាចំពោះមនុស្សគ្រប់គ្នា? មនុស្សខ្លះមានកម្ពស់មិនទាន់ចាស់ទុំ ឬក៏នៅក្មេងខ្ចី ឬទើបបានជឿលើព្រះជាម្ចាស់ត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ឬគ្មាននិស្ស័យ និងធម្មជាតិអាក្រក់ ឬមិនព្យាបាទនោះទេ គ្រាន់តែល្ងង់ខ្លៅបន្តិច ឬខ្វះគុណសម្បត្តិប៉ុណ្ណោះ។ ឬក៏ដោយសារពួកគេធ្លាក់ក្រោមការរឹតត្បិតច្រើនពេក ហើយមិនទាន់យល់ពីសេចក្តីពិតនៅឡើយ មិនទាន់បានចូលទៅក្នុងជីវិត ដូច្នេះហើយ វាពិបាកនឹងឃាត់ពួកគេមិនឱ្យធ្វើរឿងល្ងីល្ងើ ឬប្រព្រឹត្តទង្វើល្ងង់ខ្លៅមួយចំនួនណាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនកំណត់លើភាពល្ងង់ខ្លៅរបស់មនុស្សឡើយ។ ទ្រង់ទតមើលតែចិត្តពួកគេប៉ុណ្ណោះ។ ប្រសិនបើគេតាំងចិត្តដេញតាមសេចក្ដីពិត នោះពួកគេធ្វើត្រូវហើយ ហើយកាលណាពួកគេមានគោលបំណងបែបនេះ នោះព្រះជាម្ចាស់នឹងទតមើលពួកគេ ដោយរង់ចាំពួកគេ និងប្រទានពេលវេលា និងឱកាសផ្សេងៗដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេចូលទៅបាន។ ករណីព្រះជាម្ចាស់វាយប្រហារពួកគេដល់ស្លាប់ព្រោះអំពើរំលងតែមួយនោះ មិនអាចទៅរួចទេ។ នេះជាទង្វើដែលមនុស្សតែងធ្វើជារឿយៗ។ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តចំពោះមនុស្សបែបនេះឡើយ។ បើព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សបែបនេះទេ ដូច្នេះហេតុអ្វីបានជាមនុស្សប្រព្រឹត្តចំពោះអ្នកដទៃបែបនេះទៅវិញ? តើនេះមិនបង្ហាញពីនិស្ស័យពុករលួយរបស់ពួកគេទេឬអី? នេះគឺជានិស្ស័យពុករលួយរបស់ពួកគេច្បាស់តែម្ដង។ អ្នកត្រូវតែមើលទៅកាន់របៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សល្ងង់ខ្លៅ និងល្ងីល្ងើ របៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលមានកម្ពស់មិនទាន់ចាស់ទុំ របៀបដែលទ្រង់ប្រព្រឹត្តចំពោះការសម្ដែងចេញធម្មតានៃនិស្ស័យពុករលួយរបស់មនុស្សជាតិ និងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលព្យាបាទ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សផ្សេងៗគ្នាទៅតាមរបៀបខុសៗគ្នា ហើយទ្រង់ក៏មានរបៀបផ្សេងៗក្នុងការគ្រប់គ្រងស្ថានភាពដ៏ច្រើនអនេករបស់មនុស្សខុសៗគ្នាផងដែរ។ អ្នកត្រូវតែយល់ពីសេចក្តីពិតទាំងនេះ។ ពេលដែលអ្នកបានយល់ពីសេចក្តីពិតទាំងនេះហើយ នោះអ្នកនឹងដឹងអំពីរបៀបដកពិសោធន៍ក្នុងបញ្ហាផ្សេងៗ ហើយប្រព្រឹត្តដាក់មនុស្សស្របទៅតាមគោលការណ៍មិនខាន» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលយើងអានចប់ រ៉ាន ជី និយាយថា នេះជាអត្ថបទល្អមួយ រួចសុំឱ្យខ្ញុំប្រកបគ្នាជាមួយគាត់ថែមទៀត។ ខ្ញុំបានប្រកបគ្នាជាមួយគាត់ថា៖ «នៅក្នុងទំនាក់ទំនងយើងជាមួយនរណាម្នាក់ ពេលយើងកត់សម្គាល់ឃើញថា ពួកគេមានចំណុចខ្វះខាត ឬបញ្ហាណាមួយ យើងអាចលើកបញ្ហាទាំងនោះឡើង ដោយមានចិត្តស្រឡាញ់ និងអារម្មណ៍នឹងនរ ហើយមិនត្រូវរំពឹងខ្លាំងពេកពីគេឡើយ។ យើងគួរតែទុកពេលខ្លះឱ្យពួកគេទទួលយកសេចក្តីពិត និងរង់ចាំឱ្យពួកគេកែប្រែបន្តិចម្ដងៗ។ ព្រះជ្រាបថា សាតាំងបានធ្វើឱ្យយើងពុករលួយយ៉ាងខ្លាំង ហើយមានឧបសគ្គ និងការលំបាកជាច្រើនក្នុងការទទួលយក និងអនុវត្តសេចក្តីពិត។ ជួនកាល ទោះបីយើងយល់ពីសេចក្តីពិតក៏ដោយ ក៏យើងមិនអាចអនុវត្តសេចក្តីពិតបានភ្លាមៗដែរ។ ព្រះត្រូវប្រកបគ្នាជាមួយយើងម្ដងហើយម្ដងទៀត។ ពេលខ្លះ ទ្រង់បារម្ភខ្លាចយើងមិនយល់ ដូច្នេះ ទ្រង់ប្រទានឧទាហរណ៍ជាច្រើនដល់យើងដោយអំណត់ និងប្រើគ្រប់មធ្យោបាយ ដើម្បីណែនាំយើងឱ្យទទួលបានការយល់ដឹង។ ពេលខ្លះ ទ្រង់ដឹកនាំយើងតាមរយៈបន្ទូលទ្រង់ ពេលខ្លះ តាមរយៈការណែនាំពីបងប្អូនប្រុសស្រី។ ពេលខ្លះទៀត យើងស្ពឹកស្រពន់ និងបះបោរខ្លាំងពេក ហើយទោះបីប្រកបគ្នាច្រើនបែបណា ក៏គ្មានលទ្ធផលដែរ ដូច្នេះ ព្រះរៀបចំស្ថានភាពជាក់ស្ដែង ដើម្បីវាយផ្ចាល ប្រៀនប្រដៅ លួសកាត់ និងដោះស្រាយជាមួយយើង ដើម្បីប៉ះពាល់ចិត្តយើង។ ព្រះធ្វើការនៅក្នុងរបៀបទន់ភ្លន់ និងសេចក្តីស្រឡាញ់ អ្វីដែលទ្រង់ធ្វើ គ្មានការបង្ខំឡើយ។ ពេលខ្លះ សូម្បីតែពេលដែលទ្រង់វាយផ្ចាល ប្រៀនប្រដៅ ជំនុំជម្រះ និងលាតត្រដាងយើងយ៉ាងតឹងរ៉ឹងក៏ដោយ ក៏យើងនៅតែអាចមានអារម្មណ៍ដឹងពីក្ដីស្រឡាញ់ និងក្ដីមេត្តារបស់ទ្រង់ដែរ។ តាមរយៈបទពិសោធរបស់យើង យើងអាចឃើញពីរបៀបដែលព្រះប្រព្រឹត្តចំពោះមនុស្សទៅតាមគោលការណ៍ ហើយមិនដែលបោះបង់យើង ព្រោះតែយើងមិនបានប្រសើរឡើង ក្រោយពេលឮសេចក្តីពិតជាច្រើនឡើយ។ ព្រះមានក្ដីស្រឡាញ់ និងចិត្តអំណត់ដ៏ធំសម្បើមជាមួយមនុស្សជាតិ ហើយទ្រង់មានព្រះទ័យស្មោះសរចង់សង្រ្គោះមនុស្សជាតិពិតមែន»។

ក្រោយពេលប្រកបគ្នាជាមួយ រ៉ាន ជី រួច ខ្ញុំស្រាប់តែគិតថា៖ «តើមានការទាមទាររបស់ព្រះប៉ុន្មានហើយដែលខ្ញុំបានអនុវត្ត? ខ្ញុំបានប្រកបគ្នាជាមួយគាត់ពីរបៀបត្រឹមត្រូវដែលត្រូវប្រព្រឹត្តចំពោះប្ដីគាត់ តែខ្ញុំមិនបានប្រព្រឹត្តត្រឹមត្រូវចំពោះគាត់ទេ! ពេលខ្ញុំឃើញគាត់ខឹងចំពោះប្ដី និងមិនបានប្រសើរឡើង ក្រោយពេលប្រកបគ្នាជាមួយគាត់បានពីរបីដង ខ្ញុំបានលួចវិនិច្ឆ័យគាត់ថាក្រអឺតក្រទម ខ្វះភាពជាមនុស្ស ចេះតែព្រុស តែមិនខាំ ជាដើម»។ ពេលគិតឡើងវិញពីអ្វីដែលខ្ញុំបើកសម្ដែង ខ្ញុំមានអារម្មណ៍អាម៉ាស់។ រ៉ាន ជី ជាអ្នកជឿថ្មី និងមិនទាន់មានបទពិសោធច្រើនឡើយ តែខ្ញុំបង្ខំឱ្យគាត់ទទួលស្គាល់ធម្មជាតិក្រអឺតក្រទមរបស់គាត់ និងទាមទារឱ្យគាត់ផ្លាស់ប្ដូរ។ ពេលគាត់មិនបានផ្លាស់ប្ដូរ ខ្ញុំបានត្រឹមដាក់កម្រិតគាត់ថាជាមនុស្សមិនស្វែងរក ឬមិនទទួលយកសេចក្តីពិត ហើយថែមទាំងវិនិច្ឆ័យគាត់ថាមានភាពជាមនុស្សអន់ទៀតផង។ ច្បាស់ណាស់ ខ្ញុំមិនបានយល់ពីសភាពគាត់ និងមិនបានប្រកបគ្នាស្របតាមសភាពគាត់ឡើយ តែខ្ញុំនៅតែបង្ខំគាត់ឱ្យទទួលយក ចុះចូល និងផ្លាស់ប្ដូរដដែល។ ខ្ញុំពិតជាក្រអឺតក្រទម និងគ្មានហេតុផលមែន។ ពេលនោះ ទើបខ្ញុំដឹងថា ខ្ញុំបានបង្ហាញនិស្ស័យពុករលួយរបស់ខ្ញុំ សភាពរបស់ រ៉ាន ជី គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងមួយ ដែលជួយឱ្យខ្ញុំមើលឃើញពីសេចក្តីពុករលួយរបស់ខ្ញុំតែប៉ុណ្ណោះ។ គាត់ជឿព្រះត្រឹមកន្លះឆ្នាំប៉ុណ្ណោះ ដូច្នេះ វាធម្មតាទេដែលគាត់មិនអាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯងនោះ។ ខ្ញុំបានជឿព្រះជាច្រើនឆ្នាំ និងតែងប្រកបគ្នាពីសេចក្តីពិតជាមួយអ្នកដទៃ ដើម្បីដោះស្រាយបញ្ហា តែខ្ញុំបានអនុវត្តសេចក្តីពិតបានច្រើនប៉ុនណាហើយ? តើការបង្រៀនដែលគ្មានការអនុវត្តរបស់ខ្ញុំ មានខុសអ្វីពីពួកផារិស៊ី ដែលគ្រាន់តែនិយាយពីគោលលទ្ធិទៅ? ពេលនោះ ខ្ញុំបាននឹកឃើញអត្ថបទព្រះបន្ទូលមួយ។ «មានមនុស្សមួយចំនួនដែលបានបំពាក់បំប៉នសេចក្ដីពិតឱ្យខ្លួនឯង គ្រាន់តែដើម្បីធ្វើការ អធិប្បាយ និងទំនុកបម្រុងដល់អ្នកដទៃប៉ុណ្ណោះ មិនមែនដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន ឬអនុវត្តសេចក្ដីពិតនោះទេ។ ការប្រកបគ្នារបស់ពួកគេ អាចជាការយល់ដឹងសុទ្ធសាធ ហើយស្របតាមសេចក្ដីពិត ប៉ុន្តែពួកគេមិនបានវាស់ស្ទង់ខ្លួនពួកគេជាមួយនឹងសេចក្ដីពិតឡើយ ហើយពួកគេក៏មិនអនុវត្ត ឬដកពិសោធន៍ពីសេចក្ដីពិតដែរ។ តើត្រង់ចំណុចនេះ មានបញ្ហាអ្វីដែរ? តើពួកគេបានទទួលយកសេចក្ដីពិត ធ្វើជាជីវិតរបស់ពួកគេហើយឬនៅ? ទេ ពួកគេមិនទាន់បានទទួលយកនោះទេ។ គោលលទ្ធិដែលមនុស្សម្នាក់អធិប្បាយ ទោះបីជាបរិសុទ្ធយ៉ាងណាក៏ដោយ ក៏មិនមានន័យថា មនុស្សម្នាក់នោះមានតថភាពនៃសេចក្ដីពិតនៅក្នុងខ្លួនពួកគេដែរ។ ដើម្បីមានសេចក្ដីពិតក្នុងខ្លួនបាន ដំបូង មនុស្សម្នាក់ត្រូវចូលទៅក្នុងសេចក្ដីពិតដោយខ្លួនឯងសិន ហើយអនុវត្តសេចក្ដីពិត នៅពេលណាដែលពួកគេយល់ពីសេចក្ដីពិតនោះ។ ប្រសិនបើមនុស្សម្នាក់មិនបានផ្ដោតសំខាន់លើច្រកចូលរបស់ខ្លួនឯងទេ តែចេញមកដើម្បីអួតសម្ញែងតាមរយៈការអធិប្បាយសេចក្ដីពិតដល់អ្នកដទៃ ដូច្នេះ ចេតនារបស់ពួកគេមិនត្រឹមត្រូវនោះទេ។ មានអ្នកដឹកនាំក្លែងក្លាយជាច្រើនដែលធ្វើការរបៀបនេះ ដោយប្រកបគ្នាជាមួយអ្នកដទៃពីសេចក្ដីពិតដែលពួកគេយល់នោះមិនឈប់ ទំនុកបម្រុងដល់អ្នកជឿថ្មី បង្រៀនមនុស្សឱ្យអនុវត្តសេចក្ដីពិត ឱ្យបំពេញភារកិច្ចពួកគេឱ្យបានល្អ មិនត្រូវអវិជ្ជមាន។ ពាក្យសម្ដីទាំងនេះសុទ្ធតែល្អៗ និងគួរជាទីពេញចិត្ត ប៉ុន្តែហេតុអ្វីអ្នកនិយាយនោះ មិនអនុវត្តសេចក្ដីពិតខ្លួនឯងទៅវិញ? ហេតុអ្វីបានជាពួកគេគ្មានច្រកចូលទៅក្នុងជីវិត? តើត្រង់ចំណុចនេះ មានបញ្ហាអ្វីឱ្យពិតប្រាកដទៅ? តើមនុស្សប្រភេទនេះ ពិតជាស្រឡាញ់សេចក្ដីពិតមែនដែរឬទេ? ពិបាកនឹងនិយាយខ្លាំងណាស់។ ពួកផារិស៊ីនៃសាសន៍អ៊ីស្រាអែលក៏ពន្យល់ព្រះគម្ពីរដល់អ្នកដទៃតាមរបៀបនេះដែរ តែពួកគេខ្លួនឯង មិនអាចធ្វើតាមបញ្ញត្តិរបស់ព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងបំពេញកិច្ចការ ពួកគេស្គាល់ព្រះសូរសៀងទ្រង់ តែនៅទាស់ទទឹងនឹងព្រះអម្ចាស់ទៀត។ ពួកគេបានឆ្កាងព្រះអម្ចាស់យេស៊ូវ ហើយក៏ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា។ ហេតុនេះហើយ មនុស្សគ្រប់គ្នាដែលមិនទទួលយក ឬអនុវត្តសេចក្ដីពិត នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសមិនខាន។ ពួកគេពិតជាគួរឱ្យអាណិតខ្លាំងណាស់! ប្រសិនបើពាក្យសម្ដីនៃគោលលទ្ធិដែលពួកគេអធិប្បាយនោះ អាចជួយអ្នកដទៃបានមែន ហេតុអ្វីបានជាវាមិនអាចជួយពួកគេបាន? យើងសមនឹងហៅមនុស្សបែបនេះថាជាមនុស្សលាក់ពុតដែលគ្មានតថភាពណាស់។ ពួកគេផ្ដល់ពាក្យពេចន៍នៃសេចក្ដីពិតដល់អ្នកដទៃ ពួកគេឱ្យអ្នកដទៃអនុវត្តសេចក្ដីពិត ប៉ុន្តែពួកគេពុំអនុវត្តសេចក្ដីពិតនោះសូម្បីតែបន្តិច។ តើមនុស្សបែបនេះ មិនមែនមិនចេះអៀនខ្មាសទេឬអី? ពួកគេគ្មានតថភាពនៃសេចក្ដីពិតឡើយ តែក្នុងការបង្រៀនពីពាក្យពេចន៍នៃគោលលទ្ធិដល់អ្នកដទៃវិញ ពួកគេធ្វើពុតដូចជាពួកគេមានតថភាពនៃសេចក្ដីពិតនោះអ៊ីចឹង។ តើនេះមិនមែនជាចេតនាបោកបញ្ឆោត និងធ្វើបាបគេទេឬអី? ប្រសិនបើមនុស្សបែបនេះត្រូវលាតត្រដាង និងផាត់ចោល គ្មាននរណាត្រូវបន្ទោស ក្រៅតែពីពួកគេបន្ទោសខ្លួនឯងនោះទេ។ មិនសមនឹងអាណិតពួកគេនោះទេ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះចែងចំៗពីសភាពខ្ញុំតែម្ដង។ ពេលគិតឡើងវិញអំពីពេលដែលខ្ញុំស្រោចស្រព រ៉ាន ជី ខ្ញុំបានរស់នៅតាមនិស្ស័យពុករលួយ ហើយប្រព្រឹត្តចំពោះគាត់មិនបានត្រឹមត្រូវទេ។ គ្រប់យ៉ាងដែលខ្ញុំឃើញ គឺជារបៀបដែលគាត់បានបង្ហាញនិស្ស័យក្រអឺតក្រទម និងមិនបានទទួលយកសេចក្តីពិតប៉ុណ្ណោះ តែខ្ញុំមិនបានឆ្លុះបញ្ចាំងសោះឡើយពីសេចក្តីពុករលួយដែលរូបខ្ញុំផ្ទាល់បានបង្ហាញចេញ។ ខ្ញុំមិនបានស្គាល់ពីមុខមាត់ដ៏អាក្រក់របស់ខ្ញុំឡើយ ហើយរិះគន់គាត់ដោយឥតអៀនខ្មាស ដោយប្រើព្រះបន្ទូល ទាមទារឱ្យគាត់កែលម្អទៀត។ វាធ្វើដូចអ្នកដទៃត្រូវឆ្លុះបញ្ចាំងពីសេចក្តីពុករលួយរបស់ខ្លួន តែខ្ញុំគ្មានសេចក្តីពុករលួយ ដូច្នេះ ខ្ញុំមិនបាច់ឆ្លុះបញ្ចាំងឡើយ។ ខ្ញុំមិនបានស្គាល់ខ្លួនឯង និងឥតអៀនខ្មាសសោះឡើយ! ខ្ញុំបានប្រើបន្ទូលព្រះ ដើម្បីប្រកបគ្នាជាមួយអ្នកដទៃ និងដោះស្រាយបញ្ហារបស់គេ តែខ្ញុំមិនបានឆ្លុះបញ្ចាំង ឬទទួលបានច្រកចូលសូម្បីតែបន្តិចសោះឡើយ។ តើទង្វើនេះមានខុសអ្វីពីពួកផារិស៊ីដែលក្លែងជាធ្វើជឿស៊ប់ទៅ? តើខ្ញុំរំពឹងចង់ជួយយកអាសាដល់មនុស្សម្ដេចកើតទៅ ក្នុងពេលបំពេញភារកិច្ចបែបនេះ?

ក្រោយមក ពេលប្ដីរបស់ រ៉ាន ជី ត្រលប់មកវិញ ប្រពន្ធនេះបាននិយាយថា៖ «បងស្រីទើបអានអត្ថបទព្រះបន្ទូលខ្លះឱ្យអូនស្ដាប់ ហើយអូនយល់ថា អូនបានធ្វើខុសហើយ។ អូនបានគាបសង្កត់បង ដោយនិស្ស័យក្រអឺតក្រទមរបស់អូន។ ថ្ងៃខាងមុខ អូននឹងអនុវត្តតាមព្រះបន្ទូល និងឈប់ប្រព្រឹត្តចំពោះបង ដោយនិស្ស័យពុករលួយទៀតហើយ»។ ពេលឃើញ រ៉ាន ជី អាចអនុវត្តតាមបន្ទូលព្រះបែបនេះ ខ្ញុំមានអារម្មណ៍កាន់តែអាម៉ាស់។ ពីមុន ខ្ញុំបានដាក់កម្រិតគាត់ថាជាបុគ្គលម្នាក់ដែលមិនទទួលយកសេចក្តីពិត តែឥឡូវ ស្ថានភាពជាក់ស្ដែង ហាក់ទះខ្ញុំមួយកំផ្លៀងនឹងមុខអ៊ីចឹង។ ពេលធ្វើដំណើរទៅផ្ទះវិញ ខ្ញុំគិតពីរបៀបដែលខ្ញុំបានដាក់កម្រិត និងវិនិច្ឆ័យ រ៉ាន ជី និងយល់ថា ខ្លួនបានធ្វើខុស។ ខ្ញុំបានឃើញបន្ទូលព្រះដែលចែងថា៖ «នៅក្នុងដួងចិត្តរបស់អ្នក ប្រសិនបើអ្នកយល់ពីសេចក្តីពិតយ៉ាងពិតប្រាកដមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្តីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើមាគ៌ានៃការស្វែងរកសេចក្តីពិតដោយឯកឯងមិនខាន។ ប្រសិនបើមាគ៌ាដែលអ្នកដើរ ជាមាគ៌ាត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចោលអ្នកទេ ដែលក្នុងករណីនេះ អ្នកនឹងមានឱកាសក្បត់ព្រះជាម្ចាស់កាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិត វាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវា ទោះបីជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត នោះវានឹងគ្មានប្រយោជន៍ឡើយក្នុងការប្រាប់ថា កុំប្រឆាំងនឹងព្រះជាម្ចាស់ អ្នកមិនអាចជួយខ្លួនឯងបានទេ ដ្បិតវាលើសពីការត្រួតត្រារបស់អ្នក។ អ្នកនឹងគ្មានចេតនាចង់ធ្វើវាទេ។ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងបោកបញ្ឆោតរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយអ្នកនឹងមើលឃើញទ្រង់ថាគ្មានតម្លៃ។ ធម្មជាតិទាំងនេះនឹងនាំឱ្យអ្នកលើកតម្កើងខ្លួនឯង តែងតែចង់សម្ញែងខ្លួនជានិច្ច។ ធម្មជាតិទាំងនេះនឹងធ្វើឱ្យអ្នកប្រមាថអ្នកដទៃ ដោយគ្មានទុកនរណាម្នាក់នៅក្នុងចិត្តអ្នកឡើយ ក្រៅពីខ្លួនឯង។ ធម្មជាតិទាំងនោះនឹងលួចចិត្តអ្នក ដែលធ្វើឱ្យអ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្ត ហើយចុងក្រោយ នាំអ្នកឱ្យអង្គុយនៅកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ហើយធ្វើឱ្យអ្នកចាត់ទុកគំនិត យោបល់ និងសញ្ញាណផ្ទាល់របស់អ្នកជាសេចក្តីពិត។ មនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ ហើយបានធ្វើការអាក្រក់យ៉ាងច្រើន! ដើម្បីដោះស្រាយបញ្ហានៃការប្រព្រឹត្តអាក្រក់របស់ពួកគេ ដំបូងឡើយ ពួកគេត្រូវតែដោះស្រាយធម្មជាតិរបស់ពួកគេជាមុនសិន។ បើគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេទេ នោះវានឹងមិនអាចនាំយកដំណោះស្រាយគ្រឹះសម្រាប់បញ្ហានេះបានទេ» («មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំបានឃើញនិស្ស័យពុករលួយរបស់ខ្ញុំកាន់តែច្បាស់។ ពេលគិតដល់គ្រាដែលខ្ញុំស្រោចស្រព រ៉ាន ជី ពេលគាត់មិនប្រសើរឡើង ក្រោយពេលប្រកបគ្នាជាច្រើនដង ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ថែមទាំងគិតថា ខ្ញុំរកឃើញបញ្ហាបានច្បាស់លាស់ ហើយអាចប្រកបគ្នា និងដោះស្រាយស្ថានភាពគាត់បានទៀតផង។ បើគាត់មិនធ្វើតាម នោះព្រោះតែគាត់មិនទទួលយកសេចក្តីពិត។ ខ្ញុំបានជួបជាមួយ រ៉ាន ជី បានតែពីរបីដងប៉ុណ្ណោះ ហើយមិនបានស្គាល់គាត់ច្បាស់ទេ តែខ្ញុំនៅតែវិនិច្ឆ័យ និងដាក់កម្រិតគាត់ដោយធ្វេសប្រហែសដដែល ធ្វើដូចខ្ញុំមានការយល់ដឹងខ្លាំងពីសេចក្តីពិត និងអាចមើលធ្លុះពីសារជាតិមនុស្សម្នាក់ ក្រោយជួបគ្នាបានពីរបីដងអ៊ីចឹង។ បន្ទាប់ពីត្រូវលាតត្រដាងម្ដងហើយម្ដងទៀត ខ្ញុំដឹងថា ខ្ញុំមិនបានយល់ពីឫសគល់ និងសារជាតិនៃបញ្ហារបស់មនុស្សទេ ហើយក៏មិនប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើឥរិយាបថ ធម្មជាតិ និងសារជាតិទូទៅរបស់គេដែរ។ ខ្ញុំមិនបានយល់ពីសេចក្ដីពិតសោះឡើយ តែខ្ញុំនៅតែជឿលើខ្លួនឯង និងប្រកាន់ខ្ជាប់តាមជំនឿខ្ញុំដដែល។ ខ្ញុំមិនបានស្គាល់ខ្លួនឯងសោះឡើយ។ ខ្ញុំដឹងថា បើខ្ញុំបន្តប្រព្រឹត្តចំពោះអ្នកជឿថ្មីស្របតាមនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ អន់បំផុត ខ្ញុំនឹងមានគំនិតអគតិចំពោះពួកគេ ហើយមុខជារឹតត្បិត ធ្វើបាបពួកគេ និងពន្យារពេលច្រកចូលទៅក្នុងជីវិតរបស់ពួកគេមិនខាន។ បើអាក្រក់វិញ ខ្ញុំអាចវិនិច្ឆ័យ និងដាក់កម្រិតពួកគេ និងអាចថែមទាំងបោះបង់ពួកគេទាំងធ្វេសប្រហែសទៀតផង។ នោះជាការជំពាក់ពួកគេមិនខាន។ ពេលដឹងបែបនេះ ខ្ញុំហាក់រន្ធត់ចិត្តបន្តិចដែរ តែខ្ញុំក៏បានធូរស្រាលចិត្តផងដែរ។ ពេលខ្ញុំបង្ហាញសញ្ញាក្រអឺតក្រទម ដៃគូខ្ញុំបានលើកវាឡើង ជួយឱ្យខ្ញុំដឹងពីបញ្ហារបស់ខ្ញុំ និងធ្វើការកែប្រែបានទាន់ពេល។ នេះជាការការពាររបស់ព្រះ! ក្រោយមក ខ្ញុំបានចាកចេញពីពួកជំនុំបណ្ដោះអាសន្ន ព្រោះតែតម្រូវការពាក់ព័ន្ធនឹងការងារ។ មួយខែក្រោយមក ពេលខ្ញុំឃើញ រ៉ាន ជី ម្ដងទៀត គាត់ប្រាប់ខ្ញុំអំពី របៀបដែលគាត់បានដកពិសោធន៍ និងធ្វើបន្ទាល់តាមព្រះបន្ទូល ក្នុងពេលផ្សាយដំណឹងល្អ។ ដោយដកដង្ហើមធំ គាត់បានបន្តនិយាយថា៖ «តែឥឡូវ តាមរយៈការផ្សាយដំណឹងល្អ ខ្ញុំបានឃើញថា គ្រប់គ្នាមានសញ្ញាណខុសៗគ្នាជាច្រើនទាក់ទងនឹងព្រះបែបណាហើយ។ វាមិនស្រួលទេ ដែលឱ្យមនុស្សទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ និងចូលមកចំពោះទ្រង់។ ពីមុន ខ្ញុំតែងគិតថា ប្ដីខ្ញុំមិនស្វែងរកទេ ហើយទាមទារឱ្យគាត់ឈប់ធ្វើកិច្ចការជាច្រើន។ ខ្ញុំទាមទារច្រើនណាស់ពីគាត់។ នេះជាកំហុសខ្ញុំ។ បន្ទូលព្រះពិតជាអស្ចារ្យណាស់ ហើយខ្ញុំនៅត្រូវដកពិសោធន៍ថែមទៀត»។ ពេលឮបែបនេះ ខ្ញុំសប្បាយចិត្តជាខ្លាំងជំនួសគាត់ តែខ្ញុំក៏មានអារម្មណ៍អាម៉ាស់ និងរំជួលចិត្តផងដែរ។ ដើម្បីឱ្យមនុស្សទទួលយកសេចក្តីពិត វាពិតជាត្រូវការពេល និងបទពិសោធ។ ក្រោយមក ពេលអ្នកជឿថ្មីបង្ហាញសញ្ញាពុករលួយនៅក្នុងដំណើរនៃការស្រោចស្រព ខ្ញុំត្រូវផ្ដោតលើការកំណត់រកឫសគល់នៃបញ្ហាពួកគេ និងស្វែងរកគោលការណ៍ពាក់ព័ន្ធដែលត្រូវដោះស្រាយបញ្ហាទាំងនោះ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏ឃើញដែរថា ការចូលមកចំពោះព្រះ និងការចាក់គ្រឹះ គឺជាដំណើរការមួយដែលត្រូវការពេលវេលា។ ក្នុងដំណើរការស្រោចស្រព និងការជួយជ្រោមជ្រែងពួកគេ ខ្ញុំក៏ឆ្លុះបញ្ចាំងពីខ្លួនឯង និងកែប្រែសភាពមិនត្រឹមត្រូវរបស់ខ្ញុំ ដោយជួយជ្រោមជ្រែងពួកគេ ដោយក្ដីស្រឡាញ់ ជួយពួកគេឱ្យចាក់គ្រឹះ និងចូលមកចំពោះព្រះឱ្យកាន់តែឆាប់កាន់តែល្អ។ ការបំពេញភារកិច្ចបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍សុខសាន្ដ និងស្រួលចិត្តជាខ្លាំង។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...

ការរស់នៅ នៅចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ...