១៣. ការតស៊ូដើម្បីធ្វើជាបុគ្គលស្មោះត្រង់ម្នាក់
កាលពីពីរបីឆ្នាំមុន ខ្ញុំបានបើកហាងជួសជុលគ្រឿងប្រើប្រាស់មួយកន្លែង។ ខ្ញុំចង់រកស៊ីដោយស្មោះត្រង់ ហើយគ្រាន់តែរកលុយបានតិចតួចដើម្បីឱ្យគ្រប់គ្រាន់សម្រាប់គ្រួសារខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាពួកយើងរវល់ជានិច្ចក៏ដោយ ក៏ខ្ញុំរកលុយបានត្រឹមតែគ្រប់គ្រាន់ចំណាយប៉ុណ្ណោះ ដោយគ្មានសល់ឡើយ។ ពេលខ្លះ ចំណូលខ្ញុំតិចជាងចំណូលអ្នកចូលធ្វើការដំបូងផង។ ប្រពន្ធខ្ញុំតែងតែរអ៊ូដាក់ខ្ញុំពីរឿងនេះ ដោយនិយាយថា ខ្ញុំស្មោះត្រង់ពេក ហើយមិនអាចរកស៊ីបានទេ។ បងថ្លៃខ្ញុំក៏បន្ទោសខ្ញុំដែរ។ គាត់និយាយថា «នេះជាសម័យលុយ ហើយមិនថាឯងប្រើវិធីបែបណាឡើយ ឯងត្រូវតែធ្វើឱ្យមនុស្សប្រគល់លុយរបស់គេ ដើម្បីទទួលបានជោគជ័យ»។ គាត់ក៏បាននិយាយដូចជា «គ្មានទ្រព្យណាដែលបានមកដោយមិនបាច់ខំទេ» និង «លុយអាចបង្វិលពិភពលោកបាន» ដើម្បីដាស់ខ្ញុំឱ្យភ្ញាក់ ហើយដើរតាមនិន្នាការ ដើម្បីឱ្យរកស៊ីដូចអ្នកដទៃ និងមិនរឹងរូសពេក។ មួយសន្ទុះមក ខ្ញុំបានគិតថា ពួកគេពិតជានិយាយសមហេតុផល ប៉ុន្តែខ្ញុំមិនអាចនាំខ្លួនឯងឱ្យលួចបន្លំអ្នកដទៃបានទេ។ ខ្ញុំមិនអាចសម្រុះសម្រួលរឿងនោះជាមួយនឹងមនសិការខ្ញុំបានទេ។
ក្រោយមក ខ្ញុំសម្គាល់ថា លោក គៀន ដែលជាម្ចាស់ហាងជួសជុលគ្រឿងប្រើប្រាស់នៅក្បែរនោះ និងមានជំនាញបច្ចេកទេសតិចតួចដែលគ្រាន់តែអាចជួសជុលបញ្ហាតូចៗប៉ុណ្ណោះ គាត់លើកស្លាកយីហោយ៉ាងធំនៅខាងមុខហាង ដែលសរសេរថា «ជួសជុលគ្រឿងប្រើប្រាស់គ្រប់ប្រភេទក្នុងតម្លៃទាបជាងគេ»។ គាត់បានទាក់ទាញអ្នករកស៊ីជាច្រើនតាមវិធីនោះ។ ប្រសិនបើការងារធម្មតាដែលគាត់អាចជួសជុលបាន គឺគាត់ជួសជុលដោយខ្លួនឯង។ បើមិនដូច្នោះទេ គាត់យកទៅឱ្យហាងផ្សេង ហើយកាត់យកកម្រៃ។ គាត់រកលុយបានច្រើនដែរតាមវិធីនោះ។ ពេលមួយ នៅពេលដែលពួកយើងកំពុងជជែកគ្នា គាត់ប្រាប់ខ្ញុំពីវិធីដែលគាត់រកលុយ។ គាត់និយាយថា នៅពេលដែលរបស់ប្រើប្រាស់ខូចកន្លែងតូចមួយ អ្នកគួរតែដូរគ្រឿងទាំងមូល នោះអ្នកអាចគិតថ្លៃបានច្រើនជាងមុន។ អតិថិជនមិនដឹងជាងយើងទេ។ គាត់និយាយថា យើងកំពុងរស់នៅក្នុងសង្គមដែលយកលុយជាធំ «ឆ្មាស ឬឆ្មាខ្មៅមិនថ្វីទេ ឱ្យតែឆ្មានោះអាចចាប់កណ្ដុរបាន»។ ហើយគាត់និយាយថា ការរកលុយបានមានន័យថាអ្នកមានសមត្ថភាព បើមិនដូច្នោះទេ មិនថាអ្នកល្អយ៉ាងណាឡើយ អ្នកនឹងត្រូវគេមើលងាយ។ បន្ទាប់ពីឮ «ការយល់ឃើញដ៏ល្អ» របស់បុរសម្នាក់ នោះខ្ញុំបានគិតថា «នេះគឺជាយុគសម័យដែលយើងរស់នៅ។ មនុស្សធ្វើអ្វីមួយដើម្បីលុយ ហើយគ្មានសុច្ចរិតភាពឡើយ ដូច្នេះ តើស្មោះត្រង់បានប្រយោជន៍អ្វី? ក្រៅពីនោះ ភាពស្មោះត្រង់នៅក្នុងការរកស៊ីធ្វើឱ្យខ្ញុំទៅមុខមិនរួចសោះ។ បុរសម្នាក់នេះធ្វើកិច្ចការជួសជុលដូចខ្ញុំគ្នា ប៉ុន្តែគាត់រស់នៅក្នុងជីវិតដ៏ប្រសើរ។ គ្រួសារទាំងមូលរបស់គាត់អាចរស់នៅយ៉ាងស្រួល ប៉ុន្តែខ្ញុំវិញ គ្រាន់តែម៉ាគ្រប់ៗប៉ុណ្ណោះ។ មើលទៅ ខ្ញុំដូចជារឹងរូសពេកហើយ។ ខ្ញុំគួរតែរកវិធីដើម្បីរកលុយឱ្យបានច្រើនជាងនេះ ដើម្បីជួយគ្រួសារខ្ញុំ»។ បន្ទាប់ពីនោះមក ខ្ញុំបានចាប់ផ្ដើមរៀនពី «ភាពជោគជ័យ» របស់អ្នកធ្វើការដូចខ្ញុំ ហើយចាប់ផ្ដើមប្រើមធ្យោបាយមិនសុចរិតដើម្បីលួចបន្លំអតិថិជនខ្ញុំ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនស្រួលសោះ ប៉ុន្តែខ្ញុំធ្វើមិនដឹងមិនឮជាមួយវា ដើម្បីឱ្យខ្ញុំអាចរកលុយបានច្រើនទៀត។
ថ្ងៃមួយ អតិថិជនម្នាក់បានចូលមកដើម្បីជួសជុលគ្រឿងប្រើប្រាស់។ ពេលដែលខ្ញុំដោះយកគ្រឿងដែលមានបញ្ហាចេញ ខ្ញុំក៏បានដោះគ្រឿងមួយចំនួនទៀតដែលនៅដំណើរការល្អចេញដែរ។ ខ្ញុំគិតថា ធ្វើរបៀបនេះ គាត់អាចគិតថាគ្រឿងទាំងនោះខូច ហើយគាត់នឹងមិនដឹងនោះទេ នៅពេលដែលខ្ញុំគិតថ្លៃបន្ថែមពីគាត់។ ភាសិតដែលថា «មានទោសដូចជាចោរ» ពិតជាមិនខុសទេ។ ដំបូងឡើយ ខ្ញុំបារម្ភខ្លាំងណាស់ ហើយបេះដូងរបស់ខ្ញុំលោតយ៉ាងលឿន។ ខ្ញុំខ្លាចគាត់ឃើញ ហើយស្រែកដាក់ខ្ញុំ នោះខ្ញុំនឹងបាក់មុខហើយ។ ប៉ុន្តែខ្ញុំធ្វើមុខស្ងប់ស្ងាត់ ហើយខ្ញុំបន្តដោះដូរគ្រឿងទាំងនោះ។ នៅពេលដែលដល់ពេលគិតលុយ ខ្ញុំក៏គិតលុយបន្ថែម ៥០ភាគរយ លើសពីអ្វីដែលខ្ញុំបានកំណត់។ ខ្ញុំគ្រាន់តែឈ្ងោកមុខចុះ ដោយមិនហ៊ានសម្លឹងមើលគាត់ប៉ុណ្ណោះ។ តែខ្ញុំភ្ញាក់ផ្អើលដែលគាត់បានចេញថ្លៃដោយគ្មាននិយាយមួយម៉ាត់ ដោយមិនគិតអ្វីឡើយ។ ពេលដែលគាត់បានចាកចេញទៅ ខ្ញុំក៏ធូរទ្រូងវិញ។ ខ្ញុំដឹងថាខ្ញុំហូរញើសពេញខ្លួន ហើយខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញលុយបន្ថែមនោះ អារម្មណ៍នោះបានបាត់ទៅវិញស្ទើរមួយរំពេច។
ចាប់ពីពេលនោះមក ខ្ញុំបានគិតដល់ល្បិចគ្រប់ប្រភេទ ដើម្បីគិតលុយលើសពីអតិថិជន។ ដំបូងឡើយ ខ្ញុំមានមនសិការដែលខុសឆ្គង ប៉ុន្តែខ្ញុំបានលើកទឹកចិត្តខ្លួនឯងដោយស្ងាត់ៗ ដូច្នេះខ្ញុំអាចបន្តរកលុយបន្ថែមបាន។ «ខ្ញុំមិនអាចទន់ជ្រាយទេ 'ខណៈមនុស្សមានចិត្តចង្អៀតចង្អល់មិនមែនជាសុភាពបុរស នោះមនុស្សពិតប្រាកដក៏មិនមែនគ្មានភាពពិសពុលដែរ' ខ្ញុំត្រូវតែឆ្លាត បើខ្ញុំចង់រកលុយ។ ក្រៅពីនេះ គ្រប់គ្នាសុទ្ធតែធ្វើដូច្នេះ មិនមែនតែខ្ញុំទេ»។ មួយសន្ទុះក្រោយមក អារម្មណ៍នៃកំហុសនោះក៏បាត់ទៅ ហើយខ្ញុំកាន់តែមាន «ជំនាញ» រកលុយដែលស្មុគស្មាញជាងមុន។ ខ្ញុំរៀនពីវិធីមើលចិត្តមនុស្ស និងលចិត្តពួកគេ ដោយការប្រព្រឹត្តចំពោះមនុស្សផ្សេងគ្នាតាមវិធីខុសៗគ្នា។ ហើយខ្ញុំបានរៀនពីល្បិចកាន់តែច្រើន។ ជាមួយអតិថិជនដែលមានលុយ ខ្ញុំនឹងផ្គាប់ចិត្តពួកគេដោយនិយាយពីអ្វីដែលពួកគេចង់ស្ដាប់ និងបញ្ជោរពួកគេ នោះខ្ញុំអាចគិតថ្លៃពីពួកគេបានកាន់តែច្រើន។ ជាមួយនឹងអតិថិជនដែលចង់បាន នោះខ្ញុំនឹងធ្វើពុតថាការជួសជុលនេះលំបាក ដូច្នេះខ្ញុំអាចទារលុយបន្ថែមបាន។ ដូច្នេះ ពួកគេនឹងផ្ដល់លុយបន្ថែមឱ្យខ្ញុំ។ អតិថិជនខ្លះឆ្លាតជាងនេះ ដូច្នេះខ្ញុំគិតដល់មូលហេតុដែលពួកគេគួរតែទុកគ្រឿងប្រើប្រាស់របស់គេនៅជាមួយខ្ញុំ។ នៅពេលដែលពួកគេមកយក នោះខ្ញុំនិយាយថាខ្ញុំរកឃើញបញ្ហាផ្សេងទៀត។ ខ្ញុំកំពុងរកលុយបានច្រើនជាងមុន ដោយមិនចំណាយការប្រឹងប្រែងច្រើនឡើយ។ ដូច្នេះហើយខ្ញុំរិះរកវិធីគិតលុយលើសពីអតិថិជនជានិច្ច។ ខ្ញុំរកលុយបានកាន់តែច្រើន ហើយដឹកនាំជីវិតដែលកាន់តែមានផាសុខភាព ប៉ុន្តែខ្ញុំគ្មានអារម្មណ៍រីករាយ ឬអំណរនៅក្នុងចិត្តខ្ញុំឡើយ។ នៅពេលដែលខ្ញុំគិតអំពីរឿងដែលគួរឱ្យស្អប់ដែលខ្ញុំបានធ្វើ នោះខ្ញុំមានអារម្មណ៍ភ័យខ្លាច និងមិនស្រួលឡើយ។ ពេលខ្លះ ខ្ញុំគិតថា «ខ្ញុំគួរតែបញ្ឈប់។ ខ្ញុំមិនគួរបន្តរកស៊ីបែបនេះទេ។ ដូចពួកគេនិយាយថា 'អំពើល្អសងដោយអំពើល្អ ហើយអំពើអាក្រក់សងដោយអំពើអាក្រក់'។ ជាមួយនឹងអំពើអាក្រក់ នោះខ្ញុំនឹងទទួលអ្វីដែលខ្ញុំសមនឹងទទួល»។ ប៉ុន្តែនៅពេលដែលខ្ញុំគិតដល់លុយទាំងអស់ដែលមាននៅក្នុងដៃរបស់ខ្ញុំ នោះខ្ញុំមិនអាចតាំងចិត្តបញ្ឈប់បានទេ។
នៅពេលដែលខ្ញុំកំពុងធ្លាក់ទៅក្នុងអំពើអសីលធម៌ និងភាពស្ពឹក នោះបងស្រីខ្ញុំក៏បានប្រាប់ខ្ញុំអំពីដំណឹងល្អនៃនគររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទាប់ពីទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ខ្ញុំបានចាប់ផ្ដើមជួបជុំជាមួយបងប្អូនប្រុសស្រី និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាញឺកញាប់។ ម្ដងនោះ ខ្ញុំបានអានព្រះបន្ទូលទាំងនេះ ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា នៅក្នុងការជួបជុំមួយ៖ «មនុស្សបានដើរឆ្លងកាត់ រយៈពេលទាំងអស់នេះជាមួយព្រះជាម្ចាស់ ប៉ុន្ដែមិនដឹងថា ព្រះជាម្ចាស់គ្រប់គ្រងលើវាសនានៃរបស់សព្វសារពើ និងសត្វមានជីវិតទាំងអស់នោះទេ ហើយក៏មិនដឹងថាព្រះជាម្ចាស់រៀបចំនិងដឹកនាំអ្វីៗទាំងអស់យ៉ាងដូចម្ដេចដែរ។ មនុស្សមិនបានយល់អំពីការនេះ តាំងពីយូរយាណាស់មកហើយរហូតមកដល់សព្វថ្ងៃនេះ។ ចំពោះមូលហេតុ គឺមិនមែនដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់លាក់កំបាំងពេក ឬដោយសារផែនការរបស់ព្រះជាម្ចាស់មិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ ប៉ុន្ដែ គឺដោយសារតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សនៅឆ្ងាយពីព្រះជាម្ចាស់រហូតដល់ចំណុចមួយដែលគាត់ស្ថិតនៅក្នុងការបម្រើរបស់អារក្សសាតាំង ទោះបីជាគាត់ដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏គាត់នៅតែមិនដឹងដែរ។ គ្មាននរណាណាម្នាក់ស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ និងការបង្ហាញអង្គទ្រង់របស់ព្រះជាម្ចាស់យ៉ាងសកម្មនោះទេ ហើយគ្មាននរណាម្នាក់មានឆន្ទៈចង់ស្ថិតនៅក្នុងការយកព្រះទ័យទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រាថ្នាចង់ពឹងផ្អែកលើភាពពុកផុយរបស់អារក្សសាតាំង ដែលជាមេកំណាច ដើម្បីសម្របខ្លួនទៅនឹងពិភពលោកនេះ និងច្បាប់ជីវិតដែលមនុស្សអាក្រក់អនុវត្តតាម។ ត្រង់ចំណុចនេះ ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាសួយសារអាករ និងជាចំណីរបស់អារក្សសាតាំង។ ជាងនេះទៅទៀត ដួងចិត្ត និងវិញ្ញាណរបស់មនុស្សបានក្លាយទៅជាកន្លែងមួយដែលអារក្សសាតាំងអាចរស់នៅ និងជាកន្លែងលេងរបស់វា។ ដូច្នេះ មនុស្សបាត់បង់ការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍នៃភាពជាមនុស្ស និងគុណតម្លៃ ព្រមទាំងអត្ថន័យនៃជីវិតមនុស្ស ទាំងមិនដឹងខ្លួន។ ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងសម្ព័ន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស បានរលាយចេញពីដួងចិត្តរបស់មនុស្សបន្ដិចម្ដងៗ ហើយគេក៏ឈប់ស្វែងរក ឬក៏លែងយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់។ តាមរយៈការឆ្លងកាត់ពេលវេលា មនុស្សលែងយល់ពីមូលហេតុដែលព្រះជាម្ចាស់បានបង្កើតខ្លួនមក ហើយក៏មិនយល់ពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ដែរ។ ដូច្នេះ មនុស្សក៏ចាប់ផ្ដើមប្រឆាំងចំពោះក្រឹត្យវិន័យ និងព្រះរាជក្រឹត្យរបស់ព្រះជាម្ចាស់ហើយដួងចិត្ត និងវិញ្ញាណរបស់គេក៏បានស្លាប់...។ ព្រះជាម្ចាស់បាត់បង់មនុស្សដែលទ្រង់បានបង្កើតពីដំបូងមក ហើយមនុស្សបាត់បង់ឫសគល់នៃដើមកំណើតរបស់ ខ្លួន៖ នេះគឺជាទុក្ខព្រួយនៃពូជមនុស្ស» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឆ្លុះបញ្ចាំងពីភាពជាក់ស្ដែង។ ទោះបីជាខ្ញុំរកលុយបានច្រើនបន្តិចមែននៅក្នុងលោកិយ ហើយភាពសុខស្រួលខាងរាងកាយប្រសើរជាងមុនក៏ដោយ ក៏នៅខាងក្នុង ខ្ញុំគ្មានអ្វីសោះ និងមានការឈឺចាប់ទៀតផង។ គ្រប់យ៉ាងមកពីខ្ញុំឃ្លាតចេញពីព្រះជាម្ចាស់ ប្រឆាំងនឹងសេចក្ដីតម្រូវរបស់ទ្រង់ ហើយបានរស់នៅដោយក្រឹត្យក្រមរស់នៅរបស់សាតាំង។ នៅពេលដែលខ្ញុំបើកហាងដំបូង ខ្ញុំបានរកលុយដោយមនសិការស្អាតស្អំ ហើយទោះបីជាខ្ញុំរកលុយមិនបាច្រើនក៏ដោយ ក៏ខ្ញុំតែងតែមានសន្ដិភាពដែរ។ ប៉ុន្តែក្រោយមក ខ្ញុំត្រូវបានជះឥទ្ធិពលដោយមជ្ឈដ្ឋានរបស់ខ្ញុំ។ ដោយមើលឃើញអ្នកដទៃមានបានដោយវិធីមិនសុចរិត ខ្ញុំក៏ទទួលឥទ្ធិពលពីឃ្លាដូចជា «គ្មានទ្រព្យណាដែលបានមកដោយមិនបាច់ខំទេ» «លុយអាចបង្វិលពិភពលោកបាន» និង «លុយមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» និងក្រឹត្យក្រមសម្រាប់ការរស់នៅដទៃទៀតពីសាតាំង។ ខ្ញុំបានដើរតាមនិន្នាការអាក្រក់ និងបោះបង់ចោលគោលការណ៍គ្រឹះផ្ទាល់ខ្លួនដើម្បីរកលុយ ដោយមិនអើពើនឹងមនសិការរបស់ខ្ញុំឡើយ ដើម្បីលេងល្បិចលើអតិថិជន ដើម្បីឱ្យពួកគេចេញថ្លៃលើស។ លុយអាចស្ថិតនៅក្នុងដៃរបស់ខ្ញុំ ប៉ុន្តែលុយទាំងអស់នោះបានមកដោយ សារវិធីអាក្រក់ទាំងអស់។ នៅពេលដែលខ្ញុំគិតដល់រឿងដ៏គួរឱ្យស្អប់ ជារឿងអសីលធម៌ដែលខ្ញុំបានធ្វើទាំងនោះ ខ្ញុំមានអារម្មណ៍គួរឱ្យខ្លាចចំពោះខ្លួនឯង ហើយមិនអាចរកសេចក្ដីស្ងប់បានឡើយ។ ខ្ញុំបានរស់នៅក្នុងភាពភ័យខ្លាច ដែលថ្ងៃមួយនរណាម្នាក់នឹងលាតត្រដាងពីខ្ញុំ នៅពេលដែលខ្ញុំត្រូវគេបរិហារ។ រឿងដែលកាន់តែអាក្រក់ជាងនោះ ខ្ញុំក៏អាចត្រូវគេរាយការណ៍ទៅប៉ូលីសដែរ។ ខ្ញុំមានអារម្មណ៍តឹងតែងជានិច្ច។ វាគឺជាវិធីរស់នៅដ៏ឈឺចាប់មួយ។ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំបានយល់ថាគ្រប់យ៉ាងដោយសារតែការរស់នៅដោយទស្សនៈវិជ្ជារបស់សាតាំង។ វាជាលទ្ធផលដែលក្រឹត្យក្រមរបស់សាតាំងបានចង និងបានពង្វក់។ បើគ្មានការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះខ្ញុំនឹងមិនដែលឃើញពីភាពជាក់ស្ដែងនៃវិធីដែលសាតាំងធ្វើឱ្យខ្ញុំគ្រោះថ្នាក់ឡើយ។
ក្រោយមក បងស្រីម្នាក់បានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនឱ្យខ្ញុំស្ដាប់៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់ ហេតុដូច្នេះ ព្រះបន្ទូលរបស់ព្រះអង្គតែងតែអាចទុកចិត្តបានជានិច្ច។ លើសពីនេះទៅទៀត ទង្វើរបស់ព្រះជាម្ចាស់គឺគ្មានកំហុស និងមិនអាចប្រកែកបានឡើយ ដែលនេះជាមូលហេតុនាំឱ្យព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទាំងឡាយដែលស្មោះត្រង់នឹងទ្រង់។ ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ» («សេចក្ដីដាស់តឿនទាំងបី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នគររបស់ខ្ញុំតម្រូវឲ្យមានមនុស្សដែលទៀងត្រង់ ជាមនុស្សដែលគ្មានលាក់ពុត ឬបោកបញ្ឆោត។ តើមនុស្សស្មោះត្រង់ និងទៀងត្រង់គ្មានប្រជាប្រិយភាពនៅក្នុងពិភពលោកទេឬ? ខ្ញុំចង់មានន័យផ្ទុយពីនេះ។ វាអាចទទួលយកបានសម្រាប់មនុស្សទៀងត្រង់ក្នុងការចូលមកចំពោះខ្ញុំ។ ខ្ញុំពេញព្រះហឫទ័យនឹងមនុស្សប្រភេទនេះ ហើយខ្ញុំក៏ត្រូវការមនុស្សបែបនេះដែរ។ នេះហើយជាសេចក្តីសុចរិតរបស់ខ្ញុំតែម្ដង» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មកគាត់បានចែកចាយពីការប្រកបនេះថា៖ «ជាសារជាតិ ព្រះជាម្ចាស់ស្មោះត្រង់។ ទ្រង់សព្វព្រះហឫទ័យ និងប្រទានពរដល់អស់អ្នកណាដែលស្មោះត្រង់។ នៅក្នុងការដោះស្រាយរបស់យើងជាមួយអ្នកដទៃនៅក្នុងលោកិយ ពួកយើងរស់នៅដោយច្បាប់របស់សាតាំង «គ្មានរង្វាន់ណាបានមកដោយមិនខិតខំប្រឹងប្រែងឡើយ»។ ពាក្យសម្ដី និងទង្វើរបស់យើងទាំងអស់ គឺដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ហើយយើងបោកបញ្ឆោតដោយគ្មានវិប្បដិសារីឡើយ។ យើងមិនដឹងការធ្វើជាមនុស្សល្អម្នាក់មានន័យដូចម្ដេចឡើយ។ ប៉ុន្តែសេចក្ដីជំនឿលើព្រះជាម្ចាស់ គឺខុសពីនេះ។ ទ្រង់តម្រូវឱ្យយើងស្មោះត្រង់ ឱ្យនិយាយសេចក្ដីពិត និងទៀងត្រង់។ ទ្រង់បង្គាប់ឱ្យយើងទទួលយកការត្រួតពិនិត្យរបស់ទ្រង់នៅក្នុងទង្វើនីមួយៗរបស់យើង ឱ្យយើងបើកចំហរ និងឥតកិច្ចកល ព្រមទាំងមិនព្យាយាមបោកបញ្ឆោត ឬលួចបន្លំព្រះជាម្ចាស់ ឬមនុស្សឡើយ។ មានតែអ្នកស្មោះត្រង់ប៉ុណ្ណោះដែលមានលក្ខណៈជាមនុស្សពិតប្រាកដ ហើយមានតែពួកគេប៉ុណ្ណោះដែលអាចធ្វើបន្ទាល់ និងថ្វាយសិរីល្អដល់ព្រះជាម្ចាស់បាន»។ ខ្ញុំបានទទួលមេរៀនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ទ្រង់សព្វព្រះហឫទ័យមនុស្សស្មោះត្រង់ ហើយខ្ញុំត្រូវតែធ្វើសកម្មភាពទៅតាមសេចក្ដីតម្រូវរបស់ទ្រង់។ ខ្ញុំបានចាប់ផ្ដើមអនុវត្តការនិយាយយ៉ាងស្មោះត្រង់ជាមួយបងប្អូនប្រុសស្រី និងមិនបោកបញ្ឆោតពួកគេឡើយ ប៉ុន្តែនៅពេលដែលពាក់ព័ន្ធនឹងការរកស៊ី ខ្ញុំនៅតែបារម្ភ។ ខ្ញុំមានអារម្មណ៍ថា ការអនុវត្តភាពស្មោះត្រង់ជាមួយបងប្អូនប្រុសស្រីគឺងាយស្រួលជាង ប៉ុន្តែប្រសិនបើខ្ញុំធ្វើដូច្នោះនៅក្នុងការរកស៊ីរបស់ខ្ញុំ នោះខ្ញុំនឹងរកលុយបានតិចជាងនេះឆ្ងាយណាស់ ហើយខ្ញុំអាចត្រូវបិទហាងទៀតផង។ ប៉ុន្តែ ប្រសិនបើខ្ញុំបន្តលួចបន្លំ និងបោកប្រាស់មនុស្សដូចពីមុន តើវានឹងដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? ដូច្នេះ ខ្ញុំគួរតែធ្វើដូចម្ដេច? ខ្ញុំគិតយ៉ាងច្រើន ហើយទីបំផុត ខ្ញុំរកឃើញចំណុចកណ្ដាលមួយ៖ នៅពេលដែលខ្ញុំនៅឯក្រុមជំនុំ នោះខ្ញុំនឹងស្មោះត្រង់ ប៉ុន្តែនៅក្នុងហាងរបស់ខ្ញុំ នោះខ្ញុំនឹងបន្តជាមួយនឹងមុខរបរដូចធម្មតា។
ថ្ងៃមួយ បុរសវ័យចំណាស់ម្នាក់បានយកទូរទស្សន៍មក។ គាត់និយាយថា រូបភាពដូចជាមិនច្បាស់សោះ។ ខ្ញុំបានឃើញថា គ្រាន់តែត្រូវដូរបំពង់ពណ៌ប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនបានប្រាប់គាត់ទេ។ ខ្ញុំបានតម្លើងវ៉ុលនៃអ៊ីសេ ដូច្នេះគាត់អាចប្រើបានយូរបន្តិចទៀត ក្រោយមកខ្ញុំអាចគិតថ្លៃវា នៅពេលដែលបញ្ហាកើតឡើងម្ដងទៀត និងបានលុយបន្ថែមសម្រាប់ការជួសជុល។ ពីរសប្ដាហ៍ក្រោយមក ទូរទស្សន៍នោះមានបញ្ហា។ គាត់បាននិយាយថា ខ្ញុំធ្វើមិនបានល្អទេ ហើយគួរតែសាកល្បងធ្វើម្ដងទៀត។ ខ្ញុំបានប្រាប់គាត់ថាបំពង់ពណ៌ចាស់ហើយ ហើយត្រូវការដូរ។ ជារឿងភ្ញាក់ផ្អើលចំពោះខ្ញុំ ដែលគាត់បានដឹងពីល្បិចកំប៉ិកកំប៉ុករបស់ខ្ញុំ។ គាត់បដិសេធមិនចេញថ្លៃបន្ថែមទេ គាត់បាននិយាយ ដោយសម្លេងបែបស្អប់ថា «អាក្មេង ឯងគួរតែស្មោះត្រង់ជាងនេះ។ កុំលោភលន់អី!» ខ្ញុំមានអារម្មណ៍អាម៉ាស់មែនទែននៅពេលនោះ ប៉ុន្តែក្រោយមកក៏បំភ្លេចវាចោលដោយគ្មានគិតអ្វីបន្ថែម។ ក្រោយមក ស្ត្រីវ័យចំណាស់ម្នាក់បានយកម៉ាស៊ីនកម្ដៅអាហារដើរចូលមក ហើយខ្ញុំអាចរកឃើញកន្លែងខូចដ៏តូចមួយ។ ខ្ញុំគិតថា ខ្ញុំអាចជួសជុលវាបាន ក្រោយមកខ្ញុំអាចគិតថ្លៃក្នុងតម្លៃសមរម្យបាន។ ប៉ុន្តែក្រោយមកខ្ញុំបានគិតថា គាត់មើលទៅដូចជាអ្នកមាន ដូច្នេះ ការគិតថ្លៃលើសប្រហែលជាមិនអីទេ។ ណ្ហើយ យកអ្វីដែលអ្នកអាចទទួលបានទៅ។ ប៉ុន្តែពីរបីថ្ងៃបន្ទាប់មក គាត់បានត្រឡប់មកហាងវិញ ហើយបាននិយាយថា «ឯងបានគិតលុយលើសពីខ្ញុំ សូមឱ្យមានមនសិការផងលោក។ ស្ថានសួគ៌ឃើញគ្រប់យ៉ាងដែលយើងធ្វើ!» បន្ទាប់ពីគាត់ស្រែកគំហកដាក់ខ្ញុំ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តឡើយ ហើយខ្ញុំបានគិតដល់អ្វីដែលបុរសនោះបាននិយាយម្ដងទៀត។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តនឹងខ្លួនឯង។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់កំពុងតែប្រើប្រាស់ហេតុការណ៍ទាំងនេះដើម្បីព្រមានខ្ញុំ ដើម្បីឱ្យខ្ញុំឆ្លុះបញ្ចាំង។
មិនយូរប៉ុន្មាន ខ្ញុំបានអានព្រះបន្ទូលនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ទោះបីអ្វីដែលអ្នកកំពុងតែធ្វើនោះជាកិច្ចការធំដុំ ឬក៏តូចតាចក្ដី ហើយមិនថាអ្នកកំពុងតែធ្វើវា ដើម្បីបំពេញភារកិច្ចរបស់អ្នកនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ឬសម្រាប់ហេតុផលឯកជនផ្ទាល់ខ្លួនរបស់អ្នកឡើយ អ្នកត្រូវតែពិចារណាមើលថាតើអ្វីដែលអ្នកកំពុងតែធ្វើនោះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាថាតើវាជាអ្វីមួយដែលបុគ្គលម្នាក់មានភាពជាមនុស្សគួរតែធ្វើឬអត់។ បើអ្នកស្វែងរកសេចក្តីពិតបែបនេះនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ នោះអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដហើយ។ បើអ្នកប្រព្រឹត្តយ៉ាងអស់ពីចិត្តចំពោះគ្រប់កិច្ចការ និងគ្រប់សេចក្តីពិតតាមបែបនេះ នោះអ្នកនឹងអាចសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកមិនខាន។ មនុស្សខ្លះគិតថា នៅពេលដែលពួកគេកំពុងតែធ្វើរឿងផ្ទាល់ខ្លួន ពួកគេអាចព្រងើយចំពោះសេចក្តីពិត ធ្វើតាមចិត្ត និងតាមមធ្យោបាយណាក៏ដោយដែលធ្វើឲ្យពួកគេសប្បាយចិត្ត និងតាមរបៀបបែបណាក៏ដោយដែលផ្ដល់ជាប្រយោជន៍ដល់ពួកគេ។ ពួកគេមិនបានគិតពិចារណាសូម្បីតែបន្ដិចអំពីរបៀបដែលវាអាចនឹងជះឥទ្ធិពលទៅលើក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ឬថាតើអ្វីដែលពួកគេកំពុងតែធ្វើនោះ ស័ក្ដិសមនឹងភាពជាពួកបរិសុទ្ធឬក៏អត់ឡើយ។ នៅទីបំផុត ពេលដែលពួកគេបានបញ្ចប់កិច្ចការនេះ ពួកគេកាន់តែមានសេចក្តីងងឹតនៅក្នុងចិត្ត និងមានអារម្មណ៍មិនស្រួល តែពួកគេមិនដឹងអំពីមូលហេតុនោះឡើយ។ តើនេះមិនមែនជាកម្មពៀរដែលគេសមទទួលទេឬ? បើអ្នកធ្វើកិច្ចការដែលព្រះជាម្ចាស់មិនយល់ស្រប នោះអ្នកបានប្រមាថព្រះជាម្ចាស់ហើយ។ បើមនុស្សម្នាក់មិនមានសេចក្តីពិត ហើយធ្វើកិច្ចការដោយផ្អែកលើឆន្ទៈរបស់ខ្លួនជាញឹកញាប់ នោះពួកគេនឹងប្រមាថព្រះជាម្ចាស់ជាញឹកញាប់ដូចគ្នាមិនខាន។ មនុស្សបែបនេះមិនត្រូវបានព្រះជាម្ចាស់ទទួលយកចំពោះអ្វីដែលពួកគេធ្វើឡើយ ហើយបើពួកគេមិនប្រែចិត្តទេ នោះការដាក់ទោសនឹងនៅមិនឆ្ងាយពីពួកគេឡើយ» («ការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺសម្រាប់ជាប្រយោជន៍នៃការអនុវត្តតាមសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានខគម្ពីរនេះបានជួយឱ្យខ្ញុំយល់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទតឃើញគ្រប់យ៉ាង។ ខ្ញុំមិនដែលចែកចាយគំនិតដែលនៅក្នុងចិត្តដ៏ជ្រៅជាមួយនរណាម្នាក់ឡើយ ប៉ុន្តែគំនិតទាំងនោះត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំបានយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទ្រង់តម្រូវឱ្យយើងថ្វាយចិត្តរបស់យើងដល់ទ្រង់។ មិនថាយើងកំពុងតែបំពេញភារកិច្ចរបស់យើង ឬធ្វើកិច្ចការផ្ទាល់ខ្លួនឡើយ យើងត្រូវតែអនុវត្តព្រះបន្ទូលរបស់ទ្រង់។ ប៉ុន្តែខ្ញុំអនុវត្តសេចក្ដីពិតនៅក្នុងជីវិតខ្ញុំដោយអន្លើៗប៉ុណ្ណោះ។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់ និងបងប្អូនប្រុសស្រីទទួលស្គាល់នៅពេលដែលខ្ញុំស្មោះត្រង់នៅក្នុងក្រុមជំនុំ ដូច្នេះខ្ញុំក៏ធ្វើដូច្នោះ។ ប៉ុន្តែនៅក្នុងការរកស៊ីរបស់ខ្ញុំ ខ្ញុំបានគិតថា ខ្ញុំនឹងបាត់បង់លុយ ហើយវាមិនមានប្រយោជន៍ដល់ខ្ញុំឡើយ ដូច្នោះខ្ញុំមិនបានធ្វើវាឡើយឡើយ។ ខ្ញុំបានដឹងថា ខ្ញុំគ្រាន់តែគិតដល់ផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំបានដឹងថាការបោកប្រាស់គឺប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំបានបន្តធ្វើតាមអ្វីដែលខ្ញុំចង់ធ្វើ។ ប្រសិនបើវាមានប្រយោជន៍សម្រាប់ខ្ញុំ នោះខ្ញុំនឹងធ្វើ។ តើការធ្វើជាបុគ្គលដែលមានសេចក្ដីជំនឿវិញនោះយ៉ាងម៉េចដែរ? ក្រោយមកទើបខ្ញុំចាប់ផ្ដើមដឹងថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» និង «មនុស្សនឹងធ្វើគ្រប់យ៉ាងដើម្បីមានភាពមានបាន» គឺជាក្រឹត្យក្រមរបស់សាតាំងសម្រាប់ការរស់នៅ ដែលបានកាន់កាប់ខ្ញុំ និងក្លាយជាធម្មជាតិរបស់ខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំមិនអាចដោះស្រាយជីវភាពបានទេ បើខ្ញុំមិនរស់នៅដោយផ្អែកលើក្រឹត្យក្រមទាំងនោះ។ ប៉ុន្តែតាមពិត តាមរយៈការរស់នៅរបៀបនោះ ខ្ញុំគ្រាន់តែទទួលបានរបស់របរខាងសម្ភារៈ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែវាគឺជាវិធីរស់នៅដ៏ថោកទាប និងគ្មានសេចក្ដីថ្លៃថ្នូរឡើយ។ មនុស្សបានអន់ចិត្ត និងច្រានចោលខ្ញុំ ហើយព្រះជាម្ចាស់ស្អប់ខ្ញុំ។ ដូចព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់អ្នករាល់គ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់ខ្ញុំយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ខ្ញុំ ហើយដែលអាក្រក់បំផុតនោះ គឺធ្វើឱ្យឆ្នាំនៃកិច្ចការនិងការរងទុក្ខទាំងប៉ុន្មានរបស់ខ្ញុំ ត្រឡប់ទៅជាឥតប្រយោជន៍ ដ្បិតខ្ញុំមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឲ្យចូលមកក្នុងនគររបស់ខ្ញុំ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់ បាននោះឡើយ» («អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់បរិសុទ្ធ និងសុចរិត ទ្រង់សព្វព្រះហឫទ័យទទួលយកមនុស្សស្មោះត្រង់។ អស់អ្នកដែលតែងតែភូតកុហក និងបោកប្រាស់ អស់អ្នកដែលមាននិស្ស័យរបស់សាតាំង ដែលតតាំងនឹងព្រះជាម្ចាស់ពីធម្មជាតិ និងបដិសេធមិនប្រែចិត្ត នឹងត្រូវព្រះជាម្ចាស់បំផ្លាញ។ ពួកគេនឹងមិនបានចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ បើខ្ញុំមិនបានប្រែចិត្ត ប៉ុន្តែនៅបន្តរស់នៅដោយទស្សនៈវិជ្ជា និងក្រឹត្យក្រមរបស់សាតាំង និងមានភាពវៀចវេរ ព្រមទាំងធ្វើអំពើអយុត្តិធម៌ នោះខ្ញុំនឹងត្រូវលុបបំបាត់។ ដោយការគិតបែបនោះ ខ្ញុំក៏បានអធិស្ឋានទៅព្រះជាម្ចាស់ភ្លាមៗថា «ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ទូលបង្គំជឿលើទ្រង់ ប៉ុន្តែទ្រង់មិនមានកន្លែងនៅក្នុងចិត្តទូលបង្គំឡើយ។ ទូលបង្គំនៅតែរស់នៅដោយក្រឹត្យក្រមរបស់សាតាំងដដែល។ ទូលបង្គំមិនចង់បោកប្រាស់ទេ។ ទូលបង្គំចង់ប្រែចិត្ត និងធ្វើជាមនុស្សស្មោះត្រង់»។
មិនយូរប៉ុន្មាន ក្មេងពីរនាក់បានយកទូរទស្សន៍ចូលមកក្នុងហាងខ្ញុំ។ ខណៈដែលខ្ញុំកំពុងធ្វើការ ខ្ញុំអាចស្ដាប់ឮពួកគេជជែកគ្នានៅខាងក្រៅ៖ «ពួកយើងមិនគួរទៅហាងទីមួយនោះសោះ។ ខ្ញុំគិតថា ខាតពេលអត់អំពើ។ សង្ឃឹមថា គាត់អាចជួសជុលវាបាន»។ ដោយស្ដាប់ឮបែបនេះ ធ្វើឱ្យខ្ញុំគិតថា «ម្ចាស់ហាងផ្សេងនឹងប្រកួតប្រជែង ប្រសិនបើពួកគេស្ដាប់ឮរឿងនោះ ដូច្នេះខ្ញុំអាចទារប្រាក់ ២០ ឬ ៣០ យ័នបន្ថែមបានយ៉ាងងាយស្រួល។ វាជារឿងអាម៉ាស់បើមិនយកប្រាក់ដែលមកដល់ដៃដោយងាយស្រួលបែបនេះ ខ្ញុំអាចធ្វើជាមនុស្សស្មោះត្រង់នៅពេលក្រោយ។ ព្រះជាម្ចាស់នឹងមិនថាអ្វីឡើយ បើខ្ញុំមិនអនុវត្តសេចក្ដីពិតត្រឹមតែម្ដងនេះ»។ ប៉ុន្តែក្រោយមក ខ្ញុំបាននឹកចាំពីអ្វីដែលខ្ញុំបានតាំងចិត្តនៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បើមនុស្សម្នាក់មិនមានសេចក្តីពិត ហើយធ្វើកិច្ចការដោយផ្អែកលើឆន្ទៈរបស់ខ្លួនជាញឹកញាប់ នោះពួកគេនឹងប្រមាថព្រះជាម្ចាស់ជាញឹកញាប់ដូចគ្នាមិនខាន។ មនុស្សបែបនេះមិនត្រូវបានព្រះជាម្ចាស់ទទួលយកចំពោះអ្វីដែលពួកគេធ្វើឡើយ ហើយបើពួកគេមិនប្រែចិត្តទេ នោះការដាក់ទោសនឹងនៅមិនឆ្ងាយពីពួកគេឡើយ» («ការស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺសម្រាប់ជាប្រយោជន៍នៃការអនុវត្តតាមសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែបញ្ជូនការព្រមានដល់ខ្ញុំ។ ខ្ញុំមិនអាចបន្តធ្វើខុសតទៅទៀតទេ។ ខ្ញុំត្រូវតែប្រែចិត្ត និងធ្វើជាមនុស្សស្មោះត្រង់។ បន្ទាប់ពីខ្ញុំជួសជុលរួច ខ្ញុំក៏គិតថ្លៃធម្មតា។ នៅពេលដែលខ្ញុំឃើញស្នាមញញឹមរបស់អតិថិជនខ្ញុំ នោះខ្ញុំដឹងថា ការបើកចំហ និងភាពស្មោះត្រង់ គឺជាវិធីរស់នៅដោយមានសេរីភាពមួយ។
មានម្ដងទៀតនោះ នៅពេលដែលខ្ញុំបានជួសជុលទូរទស្សន៍របស់ស្ត្រីម្នាក់ ថ្លៃជួសជុល គឺ ៥០ យ័ន ប៉ុន្តែគាត់បានឱ្យខ្ញុំលើសនោះពីរដង ហើយបដិសេធមិនទទួលលុយអាប់ឡើយ។ ប៉ុន្ដែខ្ញុំមិនបានទទួលវាទេ ហើយខ្ញុំមានអារម្មណ៍ច្របូកច្របល់។ ហេតុអ្វីបានជាគាត់មានចិត្តសប្បុរសបែបនេះ? ក្រោយមកគាត់និយាយមកខ្ញុំថា «អ្នកទីមួយដែលខ្ញុំបានទៅរកបាននិយាយថា វាជាការងារដ៏ធ្ងន់ ហើយគាត់ចង់បាន ៤០០ យ័ន ដើម្បីជួសជុលវា ប៉ុន្តែខ្ញុំមិនព្រមក្នុងតម្លៃនោះឡើយ។ ក្រោយមក មិត្តភក្ដិបានណែនាំលោក ដោយពន្យល់ថា លោកស្មោះត្រង់ គួរឱ្យទុកចិត្ត ហើយលោកមិនគិតថ្លៃលើសឡើយ។ ពេលនេះខ្ញុំដឹងហើយ ថាគ្រប់យ៉ាងគឺពិតទាំងអស់»។ នៅពេលដែលខ្ញុំឮគាត់និយាយបែបនេះ ខ្ញុំបានគិតថា «មិនមែនដោយសារតែខ្ញុំជាមនុស្សល្អទេ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេតើ ដែលឱ្យខ្ញុំរស់នៅក្នុងលក្ខណៈជាមនុស្ស»។
ការយល់ឃើញរបស់ខ្ញុំចំពោះអ្វីៗក៏បានផ្លាស់ប្ដូរដែរ ចេញពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការធ្វើជាមនុស្សស្មោះត្រង់។ ខ្ញុំធ្លាប់គិតថាគ្មានវិធីដើម្បីធ្វើជាអ្នករកស៊ីដែលស្មោះត្រង់ឡើយ គិតថាខ្ញុំមិនអាចរកកម្រៃបានឡើយ ហើយថាខ្ញុំនឹងធ្វើការរកស៊ីខាតបង់ និងត្រូវបិទទ្វារហាងហើយ។ ប៉ុន្តែបន្ទាប់ពីខ្ញុំចាប់ផ្ដើមធ្វើជាមនុស្សស្មោះត្រង់ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមិនត្រឹមតែមិនរកស៊ីខាតប៉ុណ្ណោះទេ ខ្ញុំថែមទាំងទទួលបានអតិថិជនកាន់តែច្រើនទៀតផងនៅថ្ងៃនេះ។ អតិថិជនខ្លះមកពីឆ្ងាយ ហើយពួកគេទាំងអស់បាននិយាយថា មានមនុស្សម្នាក់បានណែនាំពួកគេ។ ខ្ញុំមិនដែលផ្សាយពាណិជ្ជកម្មអំពីហាងរបស់ខ្ញុំ ឬស្នើឱ្យអ្នកដទៃជំរុញការរកស៊ីតាមវីធីរបស់ខ្ញុំឡើយ។ គ្រប់យ៉ាងគឺដោយសារតែខ្ញុំបានអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែខ្ញុំស្មោះត្រង់ និងត្រង់ទៅត្រង់មក ព្រមទាំងមានសុចរិតភាពដូចដែលព្រះជាម្ចាស់តម្រូវ ទើបខ្ញុំទទួលបានទំនុកចិត្តពីអតិថិជន។ វាគឺជាព្រះពររបស់ព្រះជាម្ចាស់សម្រាប់ការអនុវត្តសេចក្ដីពិត។ រឿងនេះធ្វើឱ្យខ្ញុំគិតអំពីអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលមនុស្សរស់នៅក្នុងលោកិយនេះ ក្រោមឥទ្ធិពលនៃសេចក្ដីពុករលួយរបស់សាតាំង ពួកគេមិនអាចក្លាយជាមនុស្សស្មោះត្រង់បានឡើយ។ ពួកគេអាចត្រឹមតែមានសភាពបោកបញ្ឆោតកាន់តែច្រើនទៀតប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ បើពួកយើងស្មោះត្រង់ តើពួកយើងអាចមានអត្ថិភាពនៅក្នុងលោកិយនេះឬអត់? តើពួកយើងនឹងត្រូវអ្នកដទៃទាត់ចោលឬទេ? ទេ ពួកយើងនឹងរស់នៅដូចមុន។ នេះគឺដោយសារតែពួកយើងមិនពឹងផ្អែកលើភាពវៀចវេរក្នុងការទទួលទាន និងការដកដង្ហើមឡើយ។ ផ្ទុយទៅវិញ ពួកយើងរស់នៅដោយដង្ហើម និងជីវិតដែលព្រះជាម្ចាស់បានប្រទានឱ្យ។ វាជារឿងសាមញ្ញដែលពួកយើងបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏ជាសេចក្ដីពិត ហើយមានច្បាប់វិន័យសម្រាប់របៀបរស់នៅ និងគោលដៅជីវិតថ្មី ដែលនឹងដឹកនាំទៅរកការផ្លាស់ប្ដូរនៅក្នុងមូលដ្ឋានគ្រឹះនៃជីវិតរបស់ពួកយើង។ វាជារឿងសាមញ្ញដែលពួកយើងនឹងផ្លាស់ប្ដូរមធ្យោបាយ និងវិធីសាស្ត្រ ដែលពួកយើងរស់នៅ ដើម្បីឱ្យពួកយើងអាចផ្គាប់ព្រះហឫទ័យ និងស្វែងរកសេចក្ដីសង្គ្រោះ។ រឿងនេះគឺប្រាកដជាមិនពាក់ព័ន្ធនឹងអ្វីដែលពួកយើងទទួលទានខាងរាងកាយ អ្វីដែលពួកយើងស្លៀកពាក់ ឬទីកន្លែងដែលពួកយើងរស់នៅឡើយ។ វាគឺជាតម្រូវការខាងវិញ្ញាណរបស់ពួកយើង» («ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ សូមអរព្រះគុណព្រះជាម្ចាស់!