ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេលដែលព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ
១៣. ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេលដែលព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ។
លូកា ២៤:៣០-៣២ លុះដល់ពេលជប់លាង ពេលទ្រង់គង់នៅតុអាហារជាមួយគ្នា ព្រះអង្គបានយកនំបុ័ងហើយក៏ប្រទានពរ រួចកាច់ប្រទានឲ្យគេ។ ហើយភ្នែកគេបើកភ្លឺឡើង ហើយគេក៏បានស្គាល់ទ្រង់ តែព្រះអង្គក៏បាត់ពីភ្នែករបស់គេទៅ។ ហើយពួកគេនិយាយគ្នាថា៖ តើដួងចិត្តរបស់យើងមិនឆេះឆួលទេឬអី ពេលដែលទ្រង់មានព្រះបន្ទូលមកកាន់យើងនៅតាមផ្លូវ និងក្នុងពេលទ្រង់បកស្រាយបទគម្ពីរប្រាប់យើង?
១៤. ពួកសិស្សថ្វាយត្រីអាំងដល់ព្រះយេស៊ូវ ដើម្បីបរិភោគ។
លូកា ២៤:៣៦-៤៣ ហើយកាលពួកគេកំពុងនិយាយអំពីរឿងទាំងនេះ ព្រះយេស៊ូវក៏បានគង់នៅកណ្ដាលចំណោមពួកគេ ហើយមានព្រះបន្ទូលថា៖ សូមឲ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នាចុះ។ ប៉ុន្ដែ ពួកគេបានភ័យតក់ស្លុតជាខ្លាំង ព្រោះគេស្មានថាជាខ្មោចលង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ ហេតុអ្វីបានជាអ្នករាល់គ្នាថប់បារម្ភ និងមានចិត្តសង្ស័យដូច្នេះ? ចូរមើលដៃជើងខ្ញុំទៅ ដើម្បីឲ្យប្រាកដថា នេះគឺខ្ញុំមែន។ សាកស្ទាបខ្ញុំមើល៍ ដ្បិតខ្មោចគ្មានសាច់ និងឆ្អឹង ដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ។ ពេលទ្រង់មានព្រះបន្ទូលទាំងនេះរួចហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងព្រះបាទាទ្រង់ឲ្យគេឃើញ។ កាលពួកគេមិនទាន់ជឿនៅឡើយដោយព្រោះតែគេអរផង និងងឿងឆ្ងល់ផង ព្រះអង្គក៏មានព្រះបន្ទូលសួរគេថា៖ នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ? ពួកគេក៏យកត្រីអាំងមួយដុំ និងផ្លិតឃ្មុំមកថ្វាយព្រះអង្គ ហើយព្រះអង្គទទួលយកមកសោយនៅចំពោះមុខពួកគេ។
បន្ទាប់មកទៀត យើងនឹងពិនិត្យមើលទៅលើអត្ថបទគម្ពីរខាងលើ។ អត្ថបទគម្ពីរទីមួយ គឺជាការពណ៌នាអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងបរិភោគនំប៉័ង និងកំពុងតែពន្យល់អំពីបទគម្ពីរ ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយបទគម្ពីរទីពីរគឺជាពណ៌នាអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងតែបរិភោគត្រីអាំង។ តើបទគម្ពីរទាំងពីរនេះជួយឲ្យអ្នកដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើអ្នកអាចស្រមៃឃើញអំពីរូបភាពដែលអ្នកទទួលបានចេញពីសេចក្តីពណ៌នាទាំងនេះអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងបរិភោគនំប៉័ង ហើយបន្ទាប់មក បរិភោគត្រីអាំងដែរឬទេ? តើអ្នកអាចស្រមៃឃើញទេថា បើព្រះអម្ចាស់យេស៊ូវកំពុងតែឈរនៅមុខអ្នករាល់គ្នា កំពុងតែបរិភោគនំប៉័ង តើអ្នកមានអារម្មណ៍ដូចម្ដេចដែរ?ឬប្រសិនបើទ្រង់កំពុងតែបរិភោគរួមតុជាមួយអ្នករាល់គ្នា បរិភោគត្រី និងនំប៉័ងជាមួយមនុស្ស តើអ្នកនឹងមានអារម្មណ៍ដូចម្ដេចដែរនៅពេលនោះ? ប្រសិនបើអ្នកនឹងមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះអម្ចាស់ និងមានអារម្មណ៍ថា ទ្រង់មានភាពស្និទ្ធស្នាលជាមួយអ្នក នោះវាជាអារម្មណ៍ត្រឹមត្រូវហើយ។ នេះគឺជាលទ្ធផលដ៏ជាក់ច្បាស់ថា ព្រះអម្ចាស់យេស៊ូវចង់នាំឲ្យមានការបរិភោគនំប៉័ង និងត្រីនៅមុខក្រុមមនុស្ស ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ។ ប្រសិនបើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលជាមួយមនុស្ស ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ប្រសិនបើពួកគេមិនអាចមានអារម្មណ៍ដឹងអំពីសាច់ និងឆ្អឹងរបស់ទ្រង់ទេ ប៉ុន្តែ ផ្ទុយទៅវិញ មានអារម្មណ៍ថា ទ្រង់ជាព្រះវិញ្ញាណដែលមិនអាចពាល់បាន តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចទៅ? តើពួកគេនឹងមិនត្រូវខកចិត្តទេឬ? ដោយមានអារម្មណ៍ខកចិត្ត តើមនុស្សនឹងមិនមានអារម្មណ៍ថា ទ្រង់បានបោះបង់ពួកគេចោលដែរទេឬ? តើពួកគេនឹងមិនមានអារម្មណ៍ពីគម្លាតរវាងខ្លួនគេ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទទេឬ? តើគម្លាតនេះនឹងបង្កើតឲ្យមានការជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះទៅលើទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់? មនុស្សនឹងប្រាកដជាមានអារម្មណ៍ភ័យខ្លាច មិនហ៊ានចូលជិតទ្រង់ឡើយ ហើយជាលទ្ធផល ពួកគេនឹងមានឥរិយាបថចង់រក្សាគម្លាតនៅឆ្ងាយពីទ្រង់មិនខាន។ ចាប់ពីពេលនោះទៅ ពួកគេនឹងប្រិតប្រៀងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ពួកគេជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយវិលត្រលប់ទៅកាន់ទំនាក់ទំនងមួយរវាងមនុស្សជាតិ និងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែលមានកាលមុនយុគសម័យនៃព្រះគុណវិញ។ រូបកាយខាងវិញ្ញាណដែលមនុស្សមិនអាចពាល់បាន ឬមានអារម្មណ៍ដឹងនេះ នឹងនាំមកនូវការលុបបំបាត់ភាពស្និទ្ធស្នាលរបស់ពួកគេជាមួយព្រះជាម្ចាស់ ហើយវាក៏នឹងបញ្ចប់ទំនាក់ទំនងស្និទ្ធស្នាល ដែលបានបង្កើតឡើងក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានគង់នៅក្នុងសាច់ឈាមជាពេលដែលគ្មានគម្លាតរវាងទ្រង់ និងមនុស្សនោះ ត្រូវបញ្ចប់ដែរ។ អារម្មណ៍តែមួយគត់ដែលផុសឡើងនៅក្នុងមនុស្សតាមរយៈរូបកាយខាងវិញ្ញាណ គឺជាអារម្មណ៍ភ័យខ្លាច ការគេចវេះ និងការសម្លក់សម្លឹងដោយឥតមាត់ក។ ពួកគេនឹងមិនហ៊ានចូលជិត ឬចូលរួមសន្ទនាជាមួយទ្រង់ឡើយ ហើយក៏មិនហ៊ានដើរតាម ទុកចិត្ត ឬសម្លឹងមើលទៅកាន់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនចង់ទតឃើញមនុស្សមានអារម្មណ៍បែបនេះចំពោះទ្រង់ឡើយ ទ្រង់មិនចង់ទតឃើញមនុស្សគេចវេះពីទ្រង់ ឬដកខ្លួនចេញពីទ្រង់នោះទេ។ ទ្រង់គ្រាន់តែសព្វព្រះហឫទ័យចង់ឲ្យមនុស្សយល់ពីទ្រង់ ចូលជិតទ្រង់ និងក្លាយជាក្រុមគ្រួសាររបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើក្រុមគ្រួសាររបស់អ្នក កូនចៅរបស់អ្នកបានឃើញអ្នក ប៉ុន្តែមិនទទួលស្គាល់អ្នក និងមិនហ៊ានចូលជិតអ្នក តែបែរជាចេះតែគេចវេះពីអ្នក ប្រសិនបើអ្នកមិនអាចទទួលបានការយល់ដឹងរបស់ពួកគេសម្រាប់អ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើសម្រាប់ពួកគេ តើវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចម្ដេចទៅ? តើវានឹងមិនធ្វើឲ្យអ្នកឈឺចាប់ទេឬ? តើអ្នកនឹងមិនខូចចិត្តទេឬ? នោះហើយជាអារម្មណ៍ដែលព្រះជាម្ចាស់មាន នៅពេលដែលមនុស្សគេចវេះពីទ្រង់។ ដូច្នេះ ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ព្រះអម្ចាស់យេស៊ូវនៅតែលេចមកឲ្យមនុស្សបានឃើញនៅក្នុងទម្រង់ជាសាច់ឈាមរបស់ទ្រង់ ហើយទ្រង់នៅតែបរិភោគ និងផឹកជាមួយពួកគេ។ ព្រះជាម្ចាស់ទតឃើញមនុស្សជាក្រុមគ្រួសារមួយ ហើយព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យចង់ឲ្យមនុស្សមើលឃើញទ្រង់ជាព្រះដ៏ជាទីស្រឡាញ់របស់ពួកគេផងដែរ។ គឺមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្សយ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបមនុស្សអាចស្រឡាញ់ និងថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ឥឡូវនេះ តើអ្នករាល់គ្នាអាចយល់ហើយឬនៅអំពីបំណងរបស់ខ្ញុំនៅក្នុងការដកស្រង់បទគម្ពីរទាំងពីរនេះ ដែលចែងអំពីព្រះអម្ចាស់យេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងចែងអំពីពួកសិស្សថ្វាយត្រីអាំងឲ្យព្រះយេស៊ូវបរិភោគ?
គឺអាចនិយាយបានថា យើងបានគិតពិចារណាយ៉ាងខ្លាំងទៅលើហេតុការណ៍ជាបន្តបន្ទាប់ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងបានធ្វើ ក្រោយពេលទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ រឿងទាំងនេះបានពេញដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះមនុស្ស ហើយក៏ពេញដោយ សេចក្តីថ្នាក់ថ្នាម និងការយកព្រះទ័យទុកដាក់ដែលទ្រង់មានចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលដែលទ្រង់បានបង្កើតឡើងជាមួយមនុស្សជាតិ ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមដែរ។ លើសពីនេះទៅទៀត សាច់រឿងទាំងនេះក៏ពេញដោយភាពអាឡោះអាល័យ និងអារម្មណ៍ប៉ងចង់បរិភោគអាហារ និងរស់នៅជាមួយអ្នកដើរតាមទ្រង់ ក្នុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមដែរ។ ដូច្នេះ ព្រះជាម្ចាស់មិនចង់ឲ្យមនុស្សមានអារម្មណ៍គម្លាតរវាងព្រះជាម្ចាស់ និងមនុស្សឡើយ ហើយទ្រង់ក៏មិនចង់ឲ្យមនុស្សជាតិឃ្លាតចេញពីព្រះជាម្ចាស់នោះដែរ។ លើសពីនេះទៅទៀត ទ្រង់មិនចង់ឲ្យមនុស្សជាតិមានអារម្មណ៍ថា ក្រោយការមានព្រះជន្មរស់ឡើងវិញ ព្រះអម្ចាស់យេស៊ូវលែងជាព្រះអម្ចាស់ដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្ស មិនចង់ឲ្យគេមានអារម្មណ៍ថា ទ្រង់លែងនៅជាមួយមនុស្សជាតិ ដោយសារតែទ្រង់បានយាងត្រលប់ទៅឯពិភពខាងវិញ្ញាណ ត្រលប់ទៅឯព្រះវរបិតាដែលមនុស្សមិនអាចមើលឃើញ ឬពាល់បាន។ ទ្រង់មិនចង់ឲ្យមនុស្សមានអារម្មណ៍ពីភាពខុសគ្នាណាមួយនៅក្នុងឋានៈដែលបានលេចឡើងរវាងទ្រង់ និងមនុស្សជាតិឡើយ។ នៅពេលដែលព្រះជាម្ចាស់ទតឃើញមនុស្សដែលចង់ដើរតាមទ្រង់ តែរក្សាគម្លាតនៅឆ្ងាយពីទ្រង់ ព្រះហឫទ័យរបស់ទ្រង់បានឈឺចាប់ ពីព្រោះនោះមានន័យថា ដួងចិត្តរបស់ពួកគេគឺនៅឆ្ងាយពីទ្រង់ និងមានន័យទៀតថា វានឹងពិបាកខ្លាំងសម្រាប់ទ្រង់ក្នុងការទទួលបានដួងចិត្តរបស់ពួកគេ។ ដូច្នេះ ប្រសិនបើទ្រង់បានលេចមកឲ្យមនុស្សឃើញនៅក្នុងរូបកាយខាងវិញ្ញាណ ដែលពួកគេមិនអាចមើលឃើញ ឬពាល់បាន នោះវានឹងធ្វើឲ្យមនុស្សឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ម្ដងទៀត ហើយវានឹងនាំឲ្យមនុស្សយល់ច្រឡំចំពោះព្រះគ្រីស្ទ ក្រោយពេលទ្រង់មានព្រះជន្មរស់ឡើងវិញ ដោយចាត់ទុកទ្រង់ថាខ្ពង់ខ្ពស់ ហើយមានលក្ខណៈខុសប្លែកពីមនុស្ស និងជាម្នាក់ដែលលែងរួមតុ ទទួលទានអាហារជាមួយមនុស្ស ដោយសារតែមនុស្សមានបាប និងស្មោកគ្រោក ហើយគេមិនអាចចូលជិតព្រះជាម្ចាស់បានឡើយ។ ដើម្បីលុបបំបាត់ការយល់ច្រឡំរបស់មនុស្សជាតិទាំងអស់នេះ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការមួយចំនួនដែលទ្រង់ធ្លាប់បានធ្វើនៅក្នុងសាច់ឈាម ដូចបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរថា៖ «ព្រះអង្គបានយកនំបុ័ងហើយក៏ប្រទានពរ រួចកាច់ប្រទានឲ្យគេ»។ ទ្រង់ក៏បានពន្យល់បទគម្ពីរទៅពួកគេ ដូចដែលទ្រង់ធ្លាប់បានធ្វើកាលពីអតីតកាល។ គ្រប់កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាដែលបានឃើញទ្រង់ មានអារម្មណ៍ថា ព្រះអម្ចាស់មិនបានផ្លាស់ប្ដូរឡើយមានអារម្មណ៍ថា ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែល។ ទោះបីទ្រង់បានជាប់ឆ្កាង ហើយបានដកពិសោធន៍សេចក្តីស្លាប់ហើយក៏ដោយ ក៏ទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងមិនបានចាកចោលមនុស្សជាតិនោះឡើយ។ ទ្រង់បានត្រលប់មកគង់នៅកណ្ដាលចំណោមមនុស្ស ហើយគ្មានអ្វីមួយអំពីទ្រង់ដែលផ្លាស់ប្ដូរឡើយ។ បុត្រមនុស្សដែលកំពុងតែឈរនៅមុខមនុស្ស គឺនៅតែជាព្រះអម្ចាស់យេស៊ូវដដែល។ ឥរិយាបថរបស់ទ្រង់ និងរបៀបនៃការសន្ទនារបស់ទ្រង់ជាមួយមនុស្ស គឺនៅតែដដែល។ ទ្រង់នៅតែជាព្រះពេញដោយសេចក្តីស្រឡាញ់ដ៏សប្បុរស ព្រះគុណ និងការអត់ឱន។ ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដែលស្រឡាញ់អ្នកដទៃ ដូចស្រឡាញ់អង្គទ្រង់ ដែលអាចអត់ទោសឲ្យមនុស្សជាតិប្រាំពីរចិតសិបដងង។ ដូចជាទ្រង់តែងតែធ្វើកាលពីមុន គឺទ្រង់បានបរិភោគអាហារជាមួយមនុស្ស ពិភាក្សាអំពីបទគម្ពីរជាមួយពួកគេ ហើយអ្វីដែលកាន់តែសំខាន់នោះគឺ ដូចកាលគ្រាមុនដែរ ទ្រង់បានចេញមកពីសាច់ឈាម ហើយមនុស្សអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន។ បុត្រមនុស្សដែលធ្លាប់ជួយឲ្យមនុស្សមានអារម្មណ៍ស្និទ្ធស្នាល មានអារម្មណ៍សុខស្រួល និងមានអំណរក្នុងការទទួលបានម្ដងទៀតនូវអ្វីមួយដែលធ្លាប់បានបាត់បង់។ តាមរយៈភាពសុខស្រួលដ៏ខ្លាំងនោះ ពួកគេបានចាប់ផ្ដើមពឹងអាង និងសម្លឹងទៅកាន់បុត្រមនុស្សនេះ ដែលអាចអត់ទោសដល់មនុស្សជាតិពីអំពើបាបរបស់ពួកគេ ដោយចិត្តក្លាហាន និងទំនុកចិត្ត។ ពួកគេក៏ចាប់ផ្ដើមអធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ដោយគ្មានចិត្តអល់អែក អធិស្ឋានចង់ទទួលបានព្រះគុណ ព្រះពររបស់ទ្រង់ និងទទួលបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីទ្រង់ ទទួលបានការយកព្រះទ័យទុកដាក់ និងការការពារពីទ្រង់ ហើយពួកគេចាប់ផ្ដើមប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។
ក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនៅក្នុងសាច់ឈាម អ្នកដើរតាមទ្រង់ភាគច្រើនមិនអាចផ្ទៀងផ្ទាត់ទាំងស្រុងអំពីអត្តសញ្ញាណរបស់ទ្រង់ និង សេចក្តីដែលទ្រង់បានមានបន្ទូលនោះឡើយ។ នៅពេលដែលទ្រង់កំពុងតែចូលទៅជិតឈើឆ្កាង ឥរិយាបថរបស់អ្នកដើរតាមទ្រង់ គឺជាការអង្កេតមើល។ បន្ទាប់មក ចាប់តាំងពីពេលដែលទ្រង់បានជាប់ឆ្កាង រហូតដល់ទ្រង់បានសុគតនៅក្នុងផ្នូរ ឥរិយាបថរបស់មនុស្សដែលមានចំពោះទ្រង់ គឺជាការខកចិត្ត។ ក្នុងអំឡុងពេលនេះ មនុស្សបានចាប់ផ្ដើមចេញពីការមានភាពសង្ស័យក្នុងចិត្តរបស់ពួកគេទៅលើសេចក្តីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ទៅរកការបដិសេធសេចក្តីទាំងនោះទាំងស្រុងតែម្ដង។ បន្ទាប់មក នៅពេលដែលទ្រង់បានយាងចេញពីផ្នូរ ហើយបានលេចមកឲ្យពួកគេបានឃើញម្ដងមួយៗ នោះមនុស្សភាគច្រើនដែលបានឃើញទ្រង់ផ្ទាល់នឹងភ្នែក ឬបានឮដំណឹងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ក៏ចាប់ផ្ដើមប្ដូរឥរិយាបថរបស់ពួកគេបន្ដិចម្ដងៗ ពីការបដិសេធ ទៅរកភាពសង្ស័យវិញ។ ទាល់តែនៅពេលដែលព្រះអម្ចាស់យេស៊ូវបានឲ្យលោកថូម៉ាសលូកម្រាមដៃរបស់គាត់ចូលក្នុងឆ្អឹងជំនីររបស់ទ្រង់ និងនៅពេលដែលទ្រង់បានកាច់នំប៉័ង ហើយបរិភោគនៅមុខបណ្ដាជន ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយបន្ទាប់មក បន្តបរិភោគត្រីអាំងនៅមុខពួកគេប៉ុណ្ណោះ ទើបពួកគេបានទទួលយកការពិតថា ព្រះអម្ចាស់យេស៊ូវពិតជាព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាមមែន។ អ្នកអាចនិយាយបានថា មើលទៅដូចជារូបកាយនៃសាច់ និងឈាមខាងវិញ្ញាណនេះកំពុងតែឈរនៅមុខមនុស្សទាំងនោះ ដែលកំពុងតែដាស់ពួកគេម្នាក់ៗឲ្យភ្ញាក់ផ្អើលពីសុបិនអ៊ីចឹង៖ បុត្រមនុស្សដែលកំពុងតែឈរនៅមុខពួកគេ គឺជាព្រះដែលបានមានព្រះជន្មរស់ តាំងពីយូរយារណាស់មកហើយ។ ទ្រង់មានរូបរាង មានសាច់ និងឆ្អឹង ហើយទ្រង់ក៏បានរស់នៅ និងបរិភោគរួមជាមួយមនុស្សជាតិអស់រយៈពេលជាយូរឆ្នាំមកហើយដែរ...។ នៅពេលនេះ មនុស្សមានអារម្មណ៍ថា អត្ថិភាពរបស់ទ្រង់គឺជាការពិត និងពិតជាអស្ចារ្យណាស់។ នៅពេលដូចគ្នានោះ ពួកគេក៏មានអំណរ ហើយរីករាយ និងមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងដែរ។ ការលេចមកនេះបានជួយឲ្យមនុស្សមើលឃើញពីការបន្ទាបអង្គទ្រង់របស់ទ្រង់ មានអារម្មណ៍ដឹងអំពីភាពស្និទ្ធស្នាល និងការជំពាក់ព្រះទ័យរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងមានអារម្មណ៍ដឹងអំពីទំហំដែលទ្រង់បានគិតគូរអំពីពួកគេ។ ការជួបជុំដ៏ខ្លីនេះបានធ្វើឲ្យមនុស្សដែលបានឃើញព្រះអម្ចាស់យេស៊ូវ មានអារម្មណ៍ថា ឆាកជីវិតនេះបានកន្លងផុតទៅហើយ។ ដួងចិត្តដែលធ្លាប់បាត់បង់ ច្របូកច្របល់ ភ័យខ្លាច អន្ទះសា ស្រេកឃ្លាន និងស្ពឹកស្រពន់របស់ពួកគេ ទទួលបានការកម្សាន្តចិត្ត។ ពួកគេលែងសង្ស័យ ឬខកចិត្តទៀតហើយ ដោយសារតែពួកគេមានអារម្មណ៍ថា ឥឡូវនេះ គេមានសេចក្តីសង្ឃឹម និងអ្វីមួយដែលពួកគេអាចពឹងអាស្រ័យបាន។ បន្ទាប់មក បុត្រមនុស្សដែលបានឈរនៅចំពោះពួកគេ នឹងក្លាយជាអង្គរក្សរបស់ពួកគេជារៀងរហូត។ ទ្រង់នឹងក្លាយជាប៉មដ៏រឹងមាំរបស់ពួកគេ ជាជម្រករបស់ពួកគេអស់កល្បជានិច្ច។
ទោះបីព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញក៏ដោយ ប៉ុន្តែព្រះហឫទ័យ និងកិច្ចការរបស់ទ្រង់មិនបានចាកចោលមនុស្សជាតិឡើយ។ តាមរយៈការលេចមកឲ្យមនុស្សបានឃើញ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា ទោះបីទ្រង់បានគង់នៅក្នុងទម្រង់អ្វីក៏ដោយ ក៏ទ្រង់នឹងនៅតាមការពារមនុស្ស ដើរជាមួយពួកគេ និងគង់នៅជាមួយពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ ទ្រង់បានមានបន្ទូលប្រាប់ពួកគេថា នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទ្រង់នឹងផ្គត់ផ្គង់ដល់មនុស្សជាតិ និងតាមមើលថែពួកគេ អនុញ្ញាតឲ្យពួកគេមើលឃើញ និងប៉ះពាល់ទ្រង់ ហើយធានាថា ពួកគេនឹងមិនមានអារម្មណ៍តែលតោលម្ដងទៀតឡើយ។ ព្រះអម្ចាស់យេស៊ូវក៏សព្វព្រះហឫទ័យចង់ឲ្យមនុស្សដឹងថា ពួកគេមិនរស់នៅតែម្នាក់ឯងនៅក្នុងលោកនេះឡើយ។ មនុស្សជាតិមាននូវការមើលថែរបស់ព្រះជាម្ចាស់ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។ ពួកគេតែងតែអាចពឹងអាងលើព្រះជាម្ចាស់បានជានិច្ច ហើយទ្រង់ជាគ្រួសារដល់អ្នកដើរតាមទ្រង់គ្រប់គ្នា។ ដោយមានព្រះជាម្ចាស់ជាទីពំនាក់ មនុស្សជាតិនឹងលែងមានអារម្មណ៍ឯកោ ឬតែលតោល ហើយអស់អ្នកដែលទទួលយកទ្រង់ ជាតង្វាយលោះបាបរបស់ពួកគេ នឹងលែងជាប់នៅក្នុងអំពើបាបតទៅទៀតហើយ។ នៅក្នុងភ្នែករបស់មនុស្ស ចំណែកនៃកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានអនុវត្ត ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ទាំងនេះ គឺជាកិច្ចការតូចតាចបំផុត ប៉ុន្តែរបៀបដែលខ្ញុំមើលឃើញនោះគឺថា គ្រប់កិច្ចការដែលទ្រង់បានធ្វើ សុទ្ធតែមានន័យ មានតម្លៃ សំខាន់ និងពេញដោយសារៈសំខាន់។
ទោះបីពេលវេលានៃការធ្វើការនៅក្នុងសាច់ឈាមរបស់ព្រះអម្ចាស់យេស៊ូវ មានពេញដោយទុក្ខលំបាក និងទុក្ខវេទនាក៏ដោយ ក៏ទ្រង់សម្រេចបានទាំងស្រុង និងបានយ៉ាងគ្រប់លក្ខណ៍នូវកិច្ចការរបស់ទ្រង់កាលគ្រាដែលទ្រង់គង់នៅខាងក្នុងសាច់ឈាម ដើម្បីប្រោសលោះមនុស្សជាតិ តាមរយៈការលេចមកនៅក្នុងរូបកាយខាងវិញ្ញាណនៃសាច់ និងឈាមរបស់ទ្រង់។ ទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ តាមរយៈការត្រលប់ជាសាច់ឈាម ហើយទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ តាមរយៈការលេចមកឲ្យមនុស្សជាតិបានឃើញនៅក្នុងទម្រង់ខាងសាច់ឈាមរបស់ទ្រង់។ ទ្រង់បានប្រកាសអំពីយុគសម័យនៃព្រះគុណ ដោយចាប់ផ្ដើមយុគសម័យមួយថ្មី តាមរយៈអត្តសញ្ញាណរបស់ទ្រង់ ជាព្រះគ្រីស្ទ។ តាមរយៈអត្តសញ្ញាណរបស់ទ្រង់ជាព្រះគ្រីស្ទ ទ្រង់បានអនុវត្តកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់បានពង្រឹង និងដឹកនាំអ្នកដើរតាមទ្រង់ទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ គឺអាចនិយាយបានថា ទ្រង់ពិតជាបានបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់ ដែលទ្រង់បានចាប់ផ្ដើម។ វាមាននូវជំហាន និងផែនការ ហើយកិច្ចការនេះក៏ពេញដោយព្រះប្រាជ្ញាញាណ សព្វានុភាព ទង្វើដ៏អស្ចារ្យរបស់ទ្រង់ និងសេចក្តីស្រឡាញ់ ព្រមទាំងសេចក្តីមេត្តាករុណារបស់ទ្រង់ដែរ។ ជាការពិត រឿងដ៏សំខាន់ដែលមាននៅទូទាំងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការមើលថែរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រោះព្រះហឫទ័យរបស់ទ្រង់បានពេញដោយក្តីបារម្ភដែលទ្រង់មិនអាចបោះចោលបានឡើយ។ នៅក្នុងខគម្ពីរទាំងនេះ នៅក្នុងគ្រប់កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ សេចក្តីសង្ឃឹម និងក្ដីបារម្ភដ៏មិនផ្លាស់ប្រែរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ត្រូវបានបើកសម្ដែង ហើយការយកព្រះទ័យទុកដាក់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ក៏ត្រូវបានលាតត្រដាងដែរ។ គ្មានអ្វីមួយបានផ្លាស់ប្ដូរឡើយ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន គឺនៅតែដដែល។ តើអ្នករាល់គ្នាមើលឃើញអំពីការនេះឬទេ? នៅពេលដែលអ្នករាល់គ្នាមើលឃើញការនេះ តើដួងចិត្តរបស់អ្នករាល់គ្នាមិនស្រូបចូលកាន់តែជិតព្រះជាម្ចាស់ទាំងមិនដឹងខ្លួនទេឬ? ប្រសិនបើអ្នករាល់គ្នាបានរស់នៅក្នុងយុគសម័យនោះ ហើយព្រះអម្ចាស់យេស៊ូវបានលេចមកឲ្យអ្នកបានឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នៅក្នុងទម្រង់រូបិយ ហើយប្រសិនបើទ្រង់បានអង្គុយនៅពីមុខអ្នក បរិភោគនំប៉័ង និងត្រី ហើយពន្យល់អំពីបទគម្ពីរដល់អ្នករាល់គ្នា និងនិយាយជាមួយអ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានអារម្មណ៍ដូចម្ដេចដែរ? តើអ្នកនឹងមានអារម្មណ៍រីករាយដែរឬទេ? ឬក៏អ្នកនឹងមានអារម្មណ៍ពិរុទ្ធ? ការយល់ច្រឡំ និងការគេចចេញពីព្រះជាម្ចាស់កាលពីអតីតកាល ជម្លោះ និងភាពសង្ស័យលើព្រះជាម្ចាស់ តើអ្វីៗទាំងអស់មិនត្រូវរលាយបាត់ទេឬអី? តើទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សនឹងមិនកាន់តែមានធម្មតា និងត្រឹមត្រូវទេឬ?
តាមរយៈការបកស្រាយជំពូកព្រះគម្ពីរដ៏តិចតួចនេះ តើអ្នករាល់គ្នារកឃើញគុណវិបត្តិណាមួយនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នារកឃើញសេចក្តីផិតក្បត់ណាមួយនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឬទេ? តើអ្នករាល់គ្នាមើលឃើញសេចក្តីបញ្ឆោត ឬការអាក្រក់ណាមួយនៅក្នុងសព្វានុភាព ឬព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ឬទេ? គឺប្រាកដជាគ្មានឡើយ! ឥឡូវនេះ តើអ្នករាល់គ្នាអាចនិយាយយ៉ាងប្រាកដច្បាស់ថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធដែរឬទេ? តើអ្នកអាចនិយាយយ៉ាងប្រាកដច្បាស់ថា អារម្មណ៍នីមួយៗរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងអំពីសារជាតិ និងនិស្ស័យរបស់ទ្រង់ដែរឬទេ? ខ្ញុំសង្ឃឹមថា ក្រោយពេលអ្នករាល់គ្នាបានអានព្រះបន្ទូលទាំងនេះហើយ ការយល់ដឹងដែលអ្នករាល់គ្នាទទួលបានពីព្រះបន្ទូលទាំងនេះ នឹងជួយដល់អ្នក ហើយផ្ដល់ជាប្រយោជន៍ដល់អ្នកនៅក្នុងការដេញតាមចង់បានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យ និងការកោតខ្លាចព្រះជាម្ចាស់ ហើយសង្ឃឹមថា វានឹងបង្កើតផលផ្លែនៅក្នុងអ្នករាល់គ្នា ជាផលផ្លែដែលចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ នៅក្នុងដំណើរការនៃការដេញតាមនេះ អ្នករាល់គ្នានឹងចូលទៅកាន់តែជិតព្រះជាម្ចាស់ ព្រមទាំងចូលកាន់តែជិតបទដ្ឋានដែលព្រះជាម្ចាស់តម្រូវទុកដែរ។ អ្នកនឹងលែងធុញទ្រាន់ក្នុងការដេញតាមសេចក្តីពិតព្រមទាំងលែងមានអារម្មណ៍ថា ការដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជារឿងក្ដៅក្រហាយ ឬជាបន្ទុកដ៏លើសលប់ទៀតហើយ។ ផ្ទុយទៅវិញ ដោយទទួលបានការជំរុញចិត្តពីការបង្ហាញនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងទន្ទឹងចង់បានពន្លឺ ចង់បាន សេចក្តីយុត្តិធម៌ ចង់ដេញតាមសេចក្តីពិត ដេញតាមការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលព្រះជាម្ចាស់បានទទួល ពោលគឺក្លាយជាមនុស្សដ៏ពិតម្នាក់។
នៅថ្ងៃនេះ យើងបានពិភាក្សាគ្នាអំពីកិច្ចការមួយចំនួនដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលទ្រង់បានយកកំណើតជាមនុស្សជាលើកទីមួយ។ ចេញពីចំណុចទាំងនេះ យើងបានមើលឃើញពីនិស្ស័យ ដែលទ្រង់បានបង្ហាញចេញ និងបើកសម្ដែងនៅក្នុងសាច់ឈាម ក៏ដូចជាគ្រប់ផ្នែកនៃកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ទិដ្ឋភាពទាំងអស់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នេះ មើលទៅហាក់មានលក្ខណៈបែបមនុស្ស ប៉ុន្តែ ការពិតនោះគឺថា សារជាតិនៃអ្វីៗគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែង និងបង្ហាញនោះ មិនអាចដាច់ចេញពីនិស្ស័យផ្ទាល់របស់ទ្រង់ឡើយ។ គ្រប់វិធីសាស្ត្រ និងគ្រប់ទិដ្ឋភាពរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលកំពុងបង្ហាញអំពីនិស្ស័យរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ត្រូវបានតភ្ជាប់យ៉ាងជំពាក់ជំពិនជាមួយសារជាតិរបស់ទ្រង់ផ្ទាល់។ ដូច្នេះ វាពិតជាសំខាន់ណាស់ដែលព្រះជាម្ចាស់ចូលទៅរកមនុស្សជាតិ ដោយប្រើរបៀបនៃការយកកំណើតជាមនុស្ស។ កិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមក៏សំខាន់ដែរ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ចំពោះមនុស្សគ្រប់រូបដែលកំពុងតែរស់នៅក្នុងសាច់ឈាម ហើយកំពុងរស់នៅក្នុងសេចក្តីពុករលួយនោះ គឺជានិស្ស័យដែលទ្រង់បានបើកសម្ដែង និងព្រះហឫទ័យដែលទ្រង់បានបង្ហាញ។ តើនេះជាអ្វីមួយដែលអ្នករាល់គ្នាអាចយល់ដែរឬទេ? ក្រោយបានយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងកម្មសិទ្ធិ ព្រមទាំងលក្ខណៈរបស់ទ្រង់ហើយ តើអ្នករាល់គ្នាបានទាញសេចក្តីសន្និដ្ឋានណាមួយអំពីរបៀបដែលអ្នកគួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ឬទេ? ចុងបញ្ចប់ ដើម្បីឆ្លើយសំណួរនេះ ខ្ញុំចង់ផ្ដល់នូវដំបូន្មានចំនួនបីចំណុចដល់អ្នករាល់គ្នា៖ ដំបូន្មានទីមួយ មិនត្រូវល្បងលព្រះជាម្ចាស់ឡើយ។ មិនថាអ្នករាល់គ្នាយល់អំពីព្រះជាម្ចាស់កម្រិតណា មិនថាអ្នកចេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បែបណានោះឡើយ ប៉ុន្តែមិនត្រូវល្បងលទ្រង់នោះឡើយ។ ដំបូន្មានទីពីរ មិនត្រូវប្រយុទ្ធចង់បានឋានៈជាមួយព្រះជាម្ចាស់ឡើយ។ ទោះបីព្រះជាម្ចាស់ប្រទានឋានៈអ្វីដល់អ្នក ឬទ្រង់ផ្ទុកផ្ដាក់កិច្ចការបែបណាដល់អ្នក មិនថាទ្រង់បានតាំងអ្នកឡើងឲ្យបំពេញភារកិច្ចអ្វី ហើយមិនថាអ្នកបានលះបង់ខ្លួន និងពលីសម្រាប់ព្រះជាម្ចាស់ច្រើនយ៉ាងណាក៏ដោយ គឺអ្នកមិនត្រូវប្រកួតចង់បានឋានៈជាមួយទ្រង់នោះឡើយ។ ដំបូន្មានទីបី មិនត្រូវប្រកួតជាមួយព្រះជាម្ចាស់ឡើយ។ មិនថាអ្នកយល់ដឹងកម្រិតណា ឬប្រសិនបើអ្នកអាចចុះចូលចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើជាមួយអ្នក អ្វីដែលទ្រង់រៀបចំទុកសម្រាប់អ្នក និងកិច្ចការដែលទ្រង់ប្រទានដល់អ្នកក៏ដោយ គឺអ្នកមិនត្រូវប្រកួតជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកអាចធ្វើតាមដំបូន្មានទាំងបីនេះ នោះអ្នកនឹងមានសុវត្ថិភាព ហើយអ្នកនឹងមិនឆាប់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់នោះឡើយ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?