ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់ពួក​សិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ

24-02-2021

យ៉ូហាន ២០:២៦-២៩ ហើយប្រាំបី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​របស់ទ្រង់​បានជុំគ្នានៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ កាល​នោះ ព្រះ‌យេស៊ូវ​បានយាង​មក ទាំង​ទ្វារ​នៅ​បិទ ទ្រង់ឈរនៅ​កណ្ដាល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ សូម​ឲ្យសេចក្តីសុខសាន្តកើតមានដល់​អ្នក​រាល់​គ្នា! បន្ទាប់​មក ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ថូម៉ាស​ថា៖ ចូរ​យក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​មើល៍ ហើយ​លូក​ដៃ​អ្នកមកចាក់​ឆ្អឹង​ជំនីរ​ខ្ញុំនៅត្រង់នេះ។ កុំ​​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះឡើយ ចូរ​ជឿ​ទៅ។ ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ ឱព្រះ‌អម្ចាស់នៃ​ទូល​បង្គំ និងព្រះជាម្ចាស់នៃ​ទូល​បង្គំអើយ! ព្រះ‌យេស៊ូវ​បានមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ ថូម៉ាស​អើយ អ្នក​បានជឿ​ដោយ​សារតែអ្នកបាន​ឃើញ​ខ្ញុំ ដូច្នេះមាន​ពរ​ហើយចំពោះអ្នក​ណា​ដែល​ជឿ​ ដោយ​មិនបាន​ឃើញនោះ។

យ៉ូហាន ២១:១៦-១៧ ព្រះ‌អង្គ​បានមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ថា៖ ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ? គាត់​ទូល​ទៅទ្រង់​ថា៖ ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាបស្រាប់​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​បានមាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ ចូរឲ្យចំណីហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ ព្រះ‌អង្គបាន​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នកស្រឡាញ់​ខ្ញុំ​​ឬ​ទេ? ពេត្រុសបាន​ចិត្ត​ព្រួយ ដោយសារតែព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ? លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាបអំពីអ្វីៗ​ទាំង​អស់ ហើយទ្រង់ក៏​ជ្រាបដែរ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។

អ្វីដែលបទគម្ពីរទាំងនេះពណ៌នា គឺជាកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ ក្រោយពេល​ដែល​ព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ។ ជាដំបូង ចូរយើងពិនិត្យមើលអំពីភាពខុសគ្នាដែលអាចមាននៅក្នុងព្រះអម្ចាស់យេស៊ូវមុនពេល និងក្រោយពេលការមានព្រះជន្មរស់ឡើងវិញ។ តើទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែលដូចកាលពីមុនឬទេ? បទគម្ពីរមានចែងអំពីឃ្លាមួយដែលពណ៌នាអំពីព្រះអម្ចាស់យេស៊ូវ ក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញថា៖ «កាល​នោះ ព្រះ‌យេស៊ូវ​បានយាង​មក ទាំង​ទ្វារ​នៅ​បិទ ទ្រង់ឈរនៅ​កណ្ដាល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ សូម​ឲ្យសេចក្តីសុខសាន្តកើតមានដល់​អ្នក​រាល់​គ្នា!» វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់យេស៊ូវនៅគ្រានោះលែងគង់សណ្ឋិតនៅក្នុងរូបកាយខាងសាច់ឈាមទៀតហើយ ប៉ុន្តែឥឡូវនេះ ទ្រង់បានគង់នៅក្នុងរូបកាយខាងវិញ្ញាណវិញ។ នោះគឺដោយសារតែទ្រង់បានឡើងហួសដែនកំណត់ខាងសាច់ឈាម ហើយទោះបីជាទ្វារបានជាប់សោក៏ដោយ ក៏ទ្រង់នៅតែអាចយាងចូលទៅក្នុងចំណោមមនុស្ស ហើយអនុញ្ញាតឲ្យពួកគេមើលឃើញទ្រង់ដដែល​។ នេះគឺជាភាពខុសគ្នាដ៏ធំមួយរវាងព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញ និងព្រះអម្ចាស់យេស៊ូវដែលមានព្រះជន្មនៅក្នុងសាច់ឈាម មុនពេលការមានព្រះជន្មរស់ឡើងវិញ។ ទោះបីវាគ្មានភាពខុសគ្នារវាងរូបរាងនៃរូបកាយខាងវិញ្ញាណនាពេលនោះ និងរូបរាងរបស់ព្រះអម្ចាស់យេស៊ូវកាលពីមុនក៏ដោយ ប៉ុន្តែព្រះអម្ចាស់យេស៊ូវនៅក្នុងពេលនោះ បានក្លាយជាព្រះមួយអង្គដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាមិនស្គាល់ទ្រង់ឡើយ ដោយសារតែទ្រង់បានក្លាយជារូបកាយខាងវិញ្ញាណ ក្រោយទ្រង់មានព្រះជន្មរស់ពី​សុគតឡើងវិញ ហើយបើធៀបទៅនឹងសាច់ឈាមពីមុនរបស់ទ្រង់វិញ រូបកាយខាងវិញ្ញាណនេះធ្វើឲ្យមនុស្សច្របូកច្របល់ និងភាន់ច្រឡំកាន់តែខ្លាំង។ វាក៏បានបង្កើតឲ្យមានគម្លាតកាន់តែខ្លាំងរវាងព្រះអម្ចាស់យេស៊ូវ និងមនុស្សដែរ ហើយមនុស្សមានអារម្មណ៍នៅក្នុងដួងចិត្តរបស់ពួក​គេថា ព្រះអម្ចាស់យេស៊ូវនាពេលនោះកាន់តែមានសភាពអាថ៌កំបាំង។ ការដែលមនុស្សមានការយល់ដឹង និងអារម្មណ៍ទាំងនេះ បាននាំពួកគេវិលត្រលប់ទៅកាន់យុគសម័យនៃការជឿលើព្រះជាម្ចាស់ដែលមិនអាចមិនឃើញ ឬប៉ះពាល់បានមួ​យ​រំពេច។ ដូច្នេះ កិច្ចការដំបូងគេដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ក្រោយ​ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ គឺជាការជួយឲ្យមនុស្សគ្រប់គ្នាមើលឃើញទ្រង់ និងដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានព្រះជន្មរស់មែន ព្រមទាំងដើម្បីបញ្ជាក់ពីការពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ លើសពីនេះទៅទៀត សកម្មភាពនេះបានស្ដារទំនាក់ទំនងរបស់ទ្រង់ដែលមានជាមួយពួកគេឲ្យវិលត្រលប់​ដូចដើមឡើង​វិញ ពោល​គឺដូចកាលដែលទ្រង់កំពុងតែធ្វើការនៅក្នុងសាច់ឈាម នៅ​ពេលដែលទ្រង់ជាព្រះគ្រីស្ទ ដែលពួកគេអាចមើលឃើញ និងប៉ះពាល់បាន​។ លទ្ធផលមួយចេញពីសកម្មភាពនេះគឺ មនុស្សលែងមានមន្ទិលសង្ស័យថា ព្រះអម្ចាស់យេស៊ូវត្រូវបានមានព្រះជន្មរស់ពី​សុគត​ឡើងវិញ ក្រោយត្រូវបានជាប់ឆា្កង ហើយពួកគេក៏លែងមានមន្ទិលសង្ស័យទៅលើកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវក្នុងការប្រោសលោះមនុស្សជាតិទៀតដែរ។ លទ្ធផលមួយទៀតគឺថា ការពិតដែលព្រះអម្ចាស់យេស៊ូវលេច​មកឲ្យពួកគេឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ និងជួយឲ្យមនុស្សមើលឃើញ និងប៉ះពាល់ទ្រង់នេះ បានជួយឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណមានជំនឿជាក់ថា ចាប់តាំងពីពេលនេះតទៅ មនុស្សនឹងមិនវិលត្រលប់ទៅកាន់យុគសម័យនៃក្រឹត្យវិន័យកាល​ពីមុន ដោយឈរលើមូលដ្ឋាននឹកស្មានថា ព្រះអម្ចាស់យេស៊ូវ «បានបាត់ព្រះកាយ» ឬនឹកស្មានថា ទ្រង់បាន «ចាកចេញទៅដោយមិនបានលាគ្នាមួយម៉ាត់» នោះឡើយ​។ ដូច្នេះ ទ្រង់បានធានាថា ពួកគេនឹងបន្តធ្វើដំណើរទៅមុខ ដើរតាមសេចក្តីបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ។ ដូច្នោះ ដំណាក់កាលថ្មីមួយនៅក្នុងកិច្ចការនាយុគសម័យនៃព្រះគុណត្រូវបានបើកសម្ពោធជាផ្លូវការ ហើយចាប់ពីពេលនេះតទៅ មនុស្សដែលបានកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ បានងើបចេញពីក្រឹត្យវិន័យជាផ្លូវការ ហើយចូលទៅក្នុងយុគសម័យមួយថ្មី ដែលជាទីចាប់ផ្ដើមថ្មី។ ទាំងនេះគឺជាពហុអត្ថន័យនៃ​ការ​លេច​មក​របស់ព្រះអម្ចាស់យេស៊ូវឲ្យ​មនុស្សជាតិ​ឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។

ដោយសារតែឥឡូវនេះ ព្រះអម្ចាស់យេស៊ូវកំពុងតែគង់នៅក្នុងរូបកាយខាងវិញ្ញាណ តើមនុស្សអាចប៉ះពាល់ និងមើលឃើញទ្រង់ដោយរបៀបណាទៅ? សំណួរនេះទាក់ទងនឹងភាពសំខាន់នៃការលេចមករបស់ព្រះអម្ចាស់យេស៊ូវឲ្យមនុស្សជាតិឃើញ។ តើអ្នករាល់គ្នាបានកត់សម្គាល់ឃើញអ្វីមួយនៅក្នុងបទគម្ពីរដែលយើងទើបតែបានអាននេះឬទេ? ជាទូទៅ រូបកាយខាងវិញ្ញាណមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ ហើយក្រោយការមានព្រះជន្មរស់ឡើងវិញ កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើនោះ​ក៏បានបញ្ចប់ដែរ។ ដូច្នេះ នៅក្នុងទ្រឹស្ដី ទ្រង់មិនចាំបាច់វិលត្រលប់មកគង់នៅកណ្ដាលចំណោមមនុស្សនៅក្នុងរូបភាពដើមរបស់ទ្រង់ ដើម្បីជួបជាមួយពួកគេឡើយ ប៉ុន្តែ ការលេច​មកនៃរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវនៅចំពោះមនុស្ស ដូចជាលោកថូម៉ាស បានធ្វើឲ្យភាពសំខាន់នៃការលេច​មករបស់ទ្រង់ កាន់តែច្បាស់លាស់ ដើម្បីឲ្យវាចូលកាន់តែស៊ីជម្រៅទៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលដែលទ្រង់បានយាងទៅរកលោកថូម៉ាស ទ្រង់បានឲ្យលោកថូម៉ាស ដែលមានមន្ទិលសង្ស័យនេះ ពាល់ព្រះហស្តរបស់ទ្រង់ ដោយមាន​បន្ទូល​ប្រាប់គាត់ថា៖ «ចូរ​យក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​មើល៍ ហើយ​លូក​ដៃ​អ្នកមកចាក់​ឆ្អឹង​ជំនីរ​ខ្ញុំនៅត្រង់នេះ។ កុំ​​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះឡើយ ចូរ​ជឿ​ទៅ!» ព្រះបន្ទូល និងសកម្មភាពទាំងនេះ មិនមែនជាអ្វីដែលព្រះអម្ចាស់យេស៊ូវសព្វ​ព្រះ​ហឫទ័យចង់មានបន្ទូល និងចង់ធ្វើ ក្រោយពេលដែលទ្រង់បានមានព្រះជន្មរស់ពីសុគតឡើងវិញនោះឡើយ ប៉ុន្តែ តាមពិតទៅ នេះគឺជាអ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យចង់ធ្វើ មុនពេលទ្រង់ត្រូវបានជាប់ឆ្កាងវិញទេ។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា មុនពេលដែលទ្រង់ត្រូវបានជាប់ឆ្កាង ព្រះអម្ចាស់យេស៊ូវបានស្គាល់មនុស្ស ដូចជា លោកថូម៉ាស រួចស្រេចទៅហើយ។ ដូច្នេះ តើយើងអាចរៀនបានអ្វីខ្លះចេញពីការនេះ? ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែល ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនបានផ្លាស់ប្ដូរឡើយ។ លោកថូម៉ាសមិនបានមានមន្ទិលសង្ស័យតែនៅពេលនោះទេ ប៉ុន្តែគាត់មានតាំងពីពេលដែលគាត់ចាប់ផ្ដើមដើរតាមព្រះអម្ចាស់យេស៊ូវមកម្ល៉េះ។ យ៉ាងណាមិញ នេះគឺជាព្រះអម្ចាស់យេស៊ូវដែលបានមានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងត្រលប់មកពីពិភពខាងវិញ្ញាណវិញជាមួយរូបភាពដើមរបស់ទ្រង់ ជាមួយនិស្ស័យដើមរបស់ទ្រង់ និងជាមួយការយល់ដឹងរបស់ទ្រង់អំពីមនុស្សជាតិ ចេញពីពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់បានយាងទៅរកលោកថូម៉ាស ហើយឲ្យលោកថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ ដើម្បីកុំឲ្យលោកថូម៉ាសគ្រាន់តែមើលឃើញរូបកាយខាងវិញ្ញាណរបស់ទ្រង់ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ប៉ុន្តែក៏ដើម្បីឲ្យលោកថូម៉ាសពាល់ និងមានអារម្មណ៍ពីអត្ថិភាពនៃរូបកាយខាងវិញ្ញាណរបស់ទ្រង់ ហើយជម្រះចោលរាល់មន្ទិលសង្ស័យទាំងអស់របស់គាត់ដែរ។ មុនពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង លោកថូម៉ាសតែងតែសង្ស័យថា ទ្រង់ជាព្រះគ្រីស្ទ ហើយមិនអាចមានជំនឿឡើយ។ សេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ត្រូវបានតាំងឡើងនៅលើមូលដ្ឋាននៃអ្វីដែលគាត់អាចមើលឃើញដោយផ្ទាល់ភ្នែក ព្រមទាំងអ្វីដែលគាត់អាចពាល់ដោយផ្ទាល់ដៃរបស់គាត់ប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវមានការយល់ដឹងដ៏ច្បាស់អំពីសេចក្តីជំនឿរបស់មនុស្សប្រភេទនេះ។ ពួកគេជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌តែមួយអង្គប៉ុណ្ណោះ ហើយពួកគេមិនជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់បានបញ្ជូនមកនេះឡើយ ឬមិនជឿលើព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាម ហើយពួកគេក៏មិនទទួលយកទ្រង់នោះដែរ។ ដើម្បីឲ្យលោកថូម៉ាសទទួលស្គាល់ និងជឿលើអត្ថិភាពរបស់ព្រះអម្ចាស់យេស៊ូវ និងជឿថា ទ្រង់ពិតជាព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ទ្រង់បានឲ្យលោក​ថូម៉ាសលូកដៃមកពាល់ឆ្អឹងជំនីររបស់ទ្រង់។ តើភាពមន្ទិលសង្ស័យរបស់លោកថូម៉ាសមានលក្ខណៈខុសគ្នាដែរឬទេ មុនពេល និងក្រោយពេលដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ? គាត់តែងតែសង្ស័យជានិច្ច ហើយមានតែពេលដែលរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវលេច​មកឲ្យគាត់បានឃើញដោយផ្ទាល់ និងជួយឲ្យគាត់ពាល់ស្នាមដែកគោលដែលមាននៅលើព្រះកាយរបស់ទ្រង់ប៉ុណ្ណោះ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចដោះមន្ទិល និងធ្វើឲ្យគាត់ជម្រះចោលរាល់ភាពសង្ស័យរបស់គាត់នោះឡើយ។ ដូច្នេះ ចាប់តាំងពីពេលដែលព្រះអម្ចាស់យេស៊ូវបានឲ្យលោកថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ និងឲ្យគាត់មានអារម្មណ៍ដឹងអំពីអត្ថិភាពនៃស្នាមដែកគោលមក ភាពសង្ស័យរបស់លោក​ថូម៉ាសក៏បានរលាយបាត់សូន្យឈឹង ហើយគាត់បានដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់យេស៊ូវពិតជាបានមានព្រះជន្មរស់ឡើងវិញ ហើយគាត់បានទទួលស្គាល់ និងជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ និងជាព្រះជា​ម្ចាស់ដែលយកកំណើតជាមនុស្សយ៉ាងប្រាកដមែន។ ទោះបីនៅពេលនោះ លោកថូម៉ាសលែងមានមន្ទិលសង្ស័យក៏ដោយ ក៏គាត់បានបាត់បង់ជារៀងរហូតនូវឱកាសដើម្បីជួបជាមួយព្រះគ្រីស្ទដែរ។ គាត់បានបាត់បង់ជារៀងរហូតនូវឱកាស ដើម្បីនៅជាមួយទ្រង់ ដើរតាមទ្រង់ និងស្គាល់ទ្រង់។ គាត់បានបាត់បង់នូវឱកាស ដើម្បីឲ្យព្រះគ្រីស្ទប្រោសគាត់ឲ្យបានគ្រប់លក្ខណ៍​។ ការលេច​មករបស់ព្រះអម្ចាស់យេស៊ូវ និងព្រះបន្ទូលរបស់ទ្រង់ បានប្រទាននូវសេចក្តីសន្និដ្ឋាន និងសាលក្រមមួយទៅលើសេចក្តីជំនឿរបស់អស់អ្នកដែលពេញដោយភាពសង្ស័យ។​ទ្រង់បានប្រើប្រាស់ព្រះបន្ទូល និងសកម្មភាពពិតៗរបស់ទ្រង់ ដើម្បីមាន​បន្ទូលប្រាប់ដល់បុគ្គលមានចិត្តសង្ស័យ ប្រាប់មនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តែមិនជឿលើព្រះគ្រីស្ទថា៖ ព្រះជាម្ចាស់មិនបានកោតសរសើរដល់ជំនឿរបស់ពួកគេ ហើយទ្រង់ក៏មិនកោតសរសើរពួកគេសម្រាប់ការដើរតាមទ្រង់ ក្នុងពេលដែលពួកគេសង្ស័យលើទ្រង់នោះដែរ។ ថ្ងៃដែលពួកគេជឿទាំងស្រុងលើព្រះជាម្ចាស់ និងព្រះគ្រីស្ទ មានតែជាថ្ងៃដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការដ៏ធំរបស់ទ្រង់ប៉ុណ្ណោះ។ ជាការពិត ថ្ងៃនោះក៏ជាថ្ងៃដែលសាលក្រមត្រូវបានសម្រេចចំពោះភាពសង្ស័យរបស់ពួក​គេដែរ។ ឥរិយាបថរបស់ពួកគេដែលមានចំពោះព្រះគ្រីស្ទបានកំណត់នូវវាសនារបស់ពួកគេ ហើយភាពសង្ស័យដ៏រឹងចចេសរបស់ពួក​គេបានធ្វើឲ្យសេចក្តីជំនឿរបស់ពួក​គេមិនបង្កើតផលផ្លែ ហើយចិត្តរឹងរបស់ពួក​គេបានធ្វើឲ្យសេចក្តីសង្ឃឹមរបស់ពួក​គេទៅជាអសារឥតការ។ ដោយសារតែជំនឿរបស់ពួក​គេលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានពេញដោយភាពភាន់ច្រឡំ ហើយភាពសង្ស័យរបស់គេចំពោះព្រះគ្រីស្ទ គឺជាឥរិយាបថដ៏ពិតរបស់ពួក​គេដែលមានចំពោះព្រះជាម្ចាស់ ទោះបី​ជា​ពួកគេបានពាល់ស្នាមដែកគោលនៅលើព្រះកាយរបស់ព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏សេចក្តីជំនឿរបស់ពួកគេនៅតែគ្មានប្រយោជន៍ ហើយលទ្ធផលរបស់ពួក​គេអាចត្រូវបានពណ៌នា ដូចជាការដងទឹកដោយប្រើកន្ត្រកឫស្សីអ៊ីចឹង គឺវាគ្មានបានការអ្វីសោះឡើយ។ អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ លោកថូម៉ាស ក៏ជារបៀបដែលទ្រង់កំពុងតែមាន​បន្ទូលប្រាប់ទៅកាន់មនុស្សគ្រប់រូបយ៉ាងច្បាស់ថា៖ ព្រះអម្ចាស់យេស៊ូវដែលបានរស់ឡើងវិញ គឺជាព្រះអម្ចាស់យេស៊ូវដែលបានចំណាយពេលសាមសិបបីឆ្នាំកន្លះធ្វើការនៅក្នុងចំណោមមនុស្សជាតិដែរ​។ ទោះបីជាទ្រង់ត្រូវបានជាប់ឆ្កាង និងបានឆ្លង​កាត់​ជ្រោះ​ម្លប់​នៃសេចក្តីស្លាប់ ហើយទោះបីជាទ្រង់បានឆ្លងកាត់ការរស់ឡើងវិញក៏ដោយ ក៏ទ្រង់មិនមានការផ្លាស់ប្ដូរនៅក្នុងទិដ្ឋភាពណាមួយដែរ។ ទោះបី​ជា​​ឥឡូវនេះ ទ្រង់មានស្នាមដែកគោលនៅលើព្រះកាយរបស់ទ្រង់ ហើយទោះបីទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងបានយាងចេញពីផ្នូរក៏ដោយ ក៏និស្ស័យរបស់ទ្រង់​ ការយល់ដឹងរបស់ទ្រង់អំពីមនុស្សជាតិ និងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិមិនបានផ្លាស់ប្ដូរសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ ជាមួយគ្នានេះដែរ ទ្រង់កំពុងតែមាន​បន្ទូលប្រាប់ដល់មនុស្សថា ទ្រង់បានយាងចុះពីឈើឆ្កាង យកឈ្នះលើអំពើបាប យកឈ្នះលើទុក្ខលំបាក និងសេចក្តីស្លាប់រួចហើយ។ ស្នាមដែកគោលគ្រាន់តែជាភស្ដុតាងអំពីជ័យជម្នះរបស់ទ្រង់លើអារក្សសាតាំង ជាភស្តុតាងនៃការក្លាយជាតង្វាយលោះបាប ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ប្រកបដោយភាពជោគជ័យប៉ុណ្ណោះ។ ទ្រង់កំពុងតែមាន​បន្ទូលប្រាប់ដល់មនុស្សថា ទ្រង់បានទទួលយកអំពើបាបរបស់មនុស្សជាតិរួចស្រេចទៅហើយ និងចង់ប្រាប់ទៀតថា ទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរបស់ទ្រង់រួចហើយ។ នៅពេលដែលទ្រង់យាងត្រលប់មកជួបពួក​សិស្សរបស់ទ្រង់ ទ្រង់បានមាន​បន្ទូល​ប្រាប់សារ​នេះ​ដល់ពួកគេតាម​វិធី​សាស្ដ្រ​នៃ​ការ​លេច​មក​របស់​ទ្រង់​៖ «ខ្ញុំនៅមានព្រះជន្មរស់ ខ្ញុំនៅមានជីវិតនៅឡើយទេ។ ថ្ងៃនេះ ខ្ញុំកំពុងតែឈរនៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចមើលឃើញ និងប៉ះពាល់ខ្ញុំបាន។ ខ្ញុំនឹងតែងតែគង់នៅជាមួយអ្នករាល់គ្នាជានិច្ច»។ ព្រះអម្ចាស់យេស៊ូវក៏សព្វ​ព្រះ​ហឫទ័យចង់ប្រើប្រាស់ករណីរបស់លោកថូម៉ាស ជាសេចក្តីព្រមានមួយដើម្បីប្រាប់ដល់មនុស្សនៅថ្ងៃអនាគតថា៖ ទោះបីអ្នកមិនអាចមើលឃើញ ឬប៉ះពាល់ព្រះអម្ចាស់យេស៊ូវនៅក្នុងសេចក្តីជំនឿរបស់អ្នកលើទ្រង់ក៏ដោយ ក៏អ្នកមានពរហើយដែរ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់អ្នក ហើយអ្នកអាចមើលឃើញព្រះអម្ចាស់យេស៊ូវ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់អ្នក ហើយបុគ្គលបែបនេះមានពរហើយ។

ព្រះបន្ទូលដែលចែងនៅក្នុងព្រះគម្ពីរថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូល នៅពេលដែលទ្រង់បានលេចមកឲ្យលោក​ថូម៉ាសបានឃើញ បានផ្ដល់ជាជំនួយដ៏ធំចំពោះមនុស្សទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ ការលេច​មករបស់ទ្រង់នៅចំពោះលោកថូម៉ាស និងព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់គាត់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើមនុស្សជំនាន់ក្រោយៗ ហើយវាមាននូវភាពសំខាន់ដ៏ស្ថិតស្ថេរជានិច្ច។ លោកថូម៉ាសតំណាងឲ្យមនុស្សមួយប្រភេទដែលជឿលើព្រះជាម្ចាស់ ទាំងចិត្តសង្ស័យលើព្រះជាម្ចាស់។ ពួកគេមាននិស្ស័យសង្ស័យ មានដួងចិត្តដ៏កំណាច ទុយ៌ស ហើយមិនជឿលើអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាននោះឡើយ។ ពួកគេមិនជឿលើសព្វានុភាពរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយក៏មិនជឿលើព្រះជា​ម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ យ៉ាងណាមិញ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវបានផ្ទុយពីចរិតលក្ខណៈទាំងនេះដែលពួកគេមាន ហើយវាក៏បានផ្ដល់ឲ្យពួកគេនូវឱកាស ដើម្បីរកឃើញពីភាពសង្ស័យរបស់ពួក​គេ ឲ្យស្គាល់ពីភាពសង្ស័យរបស់ពួក​គេ និងទទួលស្គាល់ពីភាពទុយ៌សរបស់ពួក​គេ ហើយចាប់ផ្ដើមជឿយ៉ាងពិតប្រាកដលើអត្ថិភាព និងការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវដែរ។ អ្វីដែលបានកើតឡើងជាមួយលោកថូម៉ាស គឺជាសេចក្តីព្រមាន និងសេចក្តីដាស់​តឿន​មួយសម្រាប់មនុស្សជំនាន់ក្រោយៗ ដើម្បីឲ្យមានមនុស្សកាន់តែច្រើនចេះដាស់តឿនខ្លួនឯងកុំឲ្យក្លាយជាមនុស្សសង្ស័យ ដូចជាលោកថូម៉ាស និងជាការដាស់តឿនថា ប្រសិនបើពួកគេចម្អែតខ្លួនដោយភាពសង្ស័យ នោះពួកគេនឹងលិចលង់ចូលទៅក្នុងសេចក្តីងងឹតមិនខាន។ ប្រសិនបើអ្នកដើរតាមព្រះជាម្ចាស់ ប៉ុន្តែដើរតាមបែបលោកថូម៉ាស ដែលតែងតែចង់ពាល់ឆ្អឹងជំនីររបស់ព្រះអម្ចាស់ និងចង់ពាល់ស្នាមដែកគោលរបស់ទ្រង់ ដើម្បីបញ្ជាក់ ផ្ទៀងផ្ទាត់ ស្ទង់មើលថាតើព្រះជាម្ចាស់ពិតជា​មានព្រះជន្មរស់ឬក៏អត់ នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោលមិនខាន។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវតម្រូវឲ្យមនុស្សកុំធ្វើដូចជាលោកថូម៉ាស ដែលគ្រាន់តែជឿលើអ្វីដែលពួកគេអាចមើលឃើញដោយផ្ទាល់ភ្នែក ប៉ុន្តែទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចង់ឲ្យពួកគេក្លាយជាមនុស្សដ៏បរិសុទ្ធ ស្មោះត្រង់ មិនមានចិត្តសង្ស័យចំពោះព្រះជាម្ចាស់ ហើយគ្រាន់តែជឿ និងដើរតាមទ្រង់។ មនុស្សបែបនេះ គឺមានពរហើយ។ នេះគឺជាសេចក្ដី​តម្រូវដ៏តិចតួចមួយដែលព្រះអម្ចាស់យេស៊ូវមានចំពោះមនុស្ស ហើយវាក៏ជាសេចក្តីព្រមានមួយដល់អ្នកដើរតាមទ្រង់ដែរ។

ខាងលើនេះគឺជាឥរិយាបថរបស់ព្រះអម្ចាស់យេស៊ូវដែលមានចំពោះអស់អ្នកដែលពេញដោយចិត្តសង្ស័យ។ ដូច្នេះ តើព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងធ្វើអ្វីខ្លះទៅចំពោះមនុស្សដែលអាចជឿ និងដើរតាមទ្រង់យ៉ាងស្មោះត្រង់? នេះជាអ្វីដែលយើងនឹងពិនិត្យមើលបន្ទាប់ទៀត តាមរយៈកិច្ចសន្ទនាមួយរវាងព្រះអម្ចាស់យេស៊ូវ និងលោកពេត្រុស។

នៅក្នុងកិច្ចសន្ទនានេះ ព្រះអម្ចាស់យេស៊ូវបានសួរទៅកាន់លោកពេត្រុសម្ដងហើយម្ដងទៀតអំពីសំណួរមួយ៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» នេះគឺជាបទដ្ឋានដ៏ខ្ពស់មួយដែលព្រះអម្ចាស់យេស៊ូវបានទាមទារពីមនុស្ស ដូចជាលោកពេត្រុស ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ជាមនុស្សដែលជឿលើព្រះគ្រីស្ទយ៉ាងពិតប្រាកដ និងស្វះស្វែងស្រឡាញ់ព្រះអម្ចាស់។ សំណួរនេះគឺជាប្រភេទនៃការស៊ើបអង្កេត និងការសួរដេញដោល ប៉ុន្តែលើសពីនេះទៅទៀត វាក៏ជាការទាមទារចង់បាន និងជាសេចក្តីរំពឹងទុកចំពោះមនុស្ស ដូចជាលោកពេត្រុសដែរ។ ព្រះអម្ចាស់យេស៊ូវបានប្រើប្រាស់វិធីសាស្ត្រនៃការសួរដេញដោលនេះ ដើម្បីឲ្យមនុស្សឆ្លុះកញ្ចក់មើលខ្លួនឯង ដោយសួរថា៖ តើសេចក្ដី​តម្រូវរបស់ព្រះអម្ចាស់យេស៊ូវចំពោះមនុស្សមានអ្វីខ្លះ? តើខ្ញុំស្រឡាញ់ព្រះអម្ចាស់ឬទេ? តើខ្ញុំជាបុគ្គលម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើខ្ញុំគួរតែស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ទោះបីព្រះអម្ចាស់យេស៊ូវបានសួរសំណួរនេះទៅកាន់លោក​ពេត្រុសក៏ដោយ ក៏ការពិតនោះគឺថា តាមរយៈការសួរសំណួរទាំងនេះទៅកាន់លោក​ពេត្រុស នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទ្រង់ចង់ប្រើឱកាសនេះ ដើម្បីសួរសំណួរដូចគ្នានេះទៅមនុស្សកាន់តែច្រើន ដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់ដែរ។ លោកពេត្រុសពិតជាមានពរណាស់ដែលអាចដើរតួជាអ្នកតំណាងឲ្យមនុស្សប្រភេទនេះ ក្នុងការទទួលសំណួរនេះពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវដោយផ្ទាល់នោះ។

បើធៀបទៅនឹងព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទៅកាន់លោកថូម៉ាស ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់៖ «ចូរ​យក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​មើល៍ ហើយ​លូក​ដៃ​អ្នកមកចាក់​ឆ្អឹង​ជំនីរ​ខ្ញុំនៅត្រង់នេះ។ កុំ​​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះឡើយ ចូរ​ជឿ​ទៅ» ជាមួយសំណួរដដែលៗចំនួនបីដងរបស់ទ្រង់ទៅកាន់លោកពេត្រុស៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» នោះវាជួយឲ្យមនុស្សកាន់តែដឹងអំពីភាពប្រាកដប្រជានៃឥរិយាបថ​របស់ព្រះអម្ចាស់យេស៊ូវ និងភាពបន្ទាន់ដែលទ្រង់មាន ក្នុងអំឡុងពេលនៃការចោទសួររបស់ទ្រង់។ ចំពោះលោកថូម៉ាស ដែលជាអ្នកមានមន្ទិល ជាមួយនឹងនិស្ស័យបោកបញ្ឆោតរបស់គាត់ ព្រះអម្ចាស់យេស៊ូវបានអនុញ្ញាតឲ្យគាត់លូកម្រាមដៃរបស់គាត់ ហើយពាល់ស្នាមដែកគោលនៅក្នុងព្រះកាយរបស់ទ្រង់ ដែលនាំឲ្យគាត់ជឿថា ព្រះអម្ចាស់យេស៊ូវជាបុត្រមនុស្សដែលមានព្រះជន្មរស់ឡើងវិញ និងទទួលស្គាល់អត្តសញ្ញាណ​របស់ព្រះអម្ចាស់យេស៊ូវថា ជាព្រះគ្រីស្ទ។ ហើយទោះបីជាព្រះអម្ចាស់យេស៊ូវមិនបានស្ដីបន្ទោសលោក​ថូម៉ាសខ្លាំងៗ និងមិនបានសម្ដែងការជំនុំជម្រះច្បាស់ៗចំពោះគាត់ក៏ដោយ ប៉ុន្តែទ្រង់បានប្រើសកម្មភាពជាក់ស្ដែង ដើម្បីជួយឲ្យលោកថូម៉ាសដឹងថា ទ្រង់បានយល់ពីគាត់ ខណៈពេលដែលទ្រង់កំពុងតែបង្ហាញឥរិយាបថ និងការតាំងព្រះ​ទ័យ​របស់ទ្រង់ចំពោះមនុស្សបែបនេះ។ សេចក្ដី​តម្រូវ និងសេចក្តីរំពឹងទុករបស់ព្រះជាម្ចាស់យេស៊ូវចំពោះមនុស្សបែបនោះ មិនអាចត្រូវបានមើលឃើញចេញពីអ្វីដែលទ្រង់មានបន្ទូលឡើយ ព្រោះ​មនុស្សបែបលោក​ថូម៉ាសមិនមានសេចក្តីជំនឿដ៏ពិតប្រាកដឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ សេចក្ដី​តម្រូវរបស់ព្រះអម្ចាស់យេស៊ូវសម្រាប់ពួកគេ គឺមានកម្រិត ប៉ុន្តែឥរិយាបថដែលទ្រង់បង្ហាញចំពោះមនុស្សបែបលោក​ពេត្រុស គឺមានលក្ខណៈខុសគ្នាស្រឡះ។ ទ្រង់មិនបានតម្រូវឲ្យលោក​ពេត្រុសលូកម្រាមដៃរបស់គាត់មកពាល់ស្នាមដែកគោលរបស់ទ្រង់ ហើយក៏មិនបានមានបន្ទូលទៅកាន់លោកពេត្រុសថា៖ «កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ!» ផ្ទុយទៅវិញ ទ្រង់បានសួរលោក​ពេត្រុសនូវសំណួរដដែលៗ។ សំណួរនេះជាសំណួរចាក់ដោតគំនិត និងមានអត្ថន័យ ជាសំណួរមួយដែលធ្វើឲ្យអ្នកដើរតាមព្រះគ្រីស្ទគ្រប់រូបមានវិប្បដិសារី និងអារម្មណ៍ភ័យខ្លាច ប៉ុន្តែវាក៏នាំឲ្យដឹងពីអារម្មណ៍អន្ទះអន្ទែង និងសោកសៅរបស់ព្រះអម្ចាស់យេស៊ូវដែរ។ ហើយនៅពេលដែលពួកគេមានការឈឺចាប់ និងកំពុងរងទុក្ខយ៉ាងខ្លាំង ពួកគេកាន់តែអាចយល់ពីក្ដីកង្វល់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងការយកព្រះទ័យទុកដាក់របស់ទ្រង់។ ពួកគេចាប់ផ្ដើមដឹងអំពីសេចក្ដីបង្រៀនដ៏ស្មោះអស់ពីចិត្ត និងសេចក្ដីតម្រូវដ៏តឹងរ៉ឹងរបស់ទ្រង់ចំពោះមនុស្សដ៏បរិសុទ្ធ និងទៀងត្រង់។ សំណួររបស់ព្រះអម្ចាស់យេស៊ូវជួយឲ្យមនុស្សមានអារម្មណ៍ដឹងថា សេចក្តីរំពឹងទុករបស់ព្រះអម្ចាស់ចំពោះមនុស្សដែលបានបើកសម្ដែងនៅក្នុងព្រះបន្ទូលដ៏សាមញ្ញនេះ គឺមិនគ្រាន់តែជាការជឿ និងការដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការស្រឡាញ់ព្រះអម្ចាស់ និងព្រះជាម្ចាស់របស់អ្នកដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះ គឺជាការយកចិត្តទុកដាក់ និងការស្ដាប់បង្គាប់។ វាជាការដែលមនុស្សរស់នៅសម្រាប់ព្រះជាម្ចាស់ ស៊ូស្លាប់ដើម្បី​ព្រះជាម្ចាស់ ឧទ្ទិសអ្វីៗគ្រប់យ៉ាងចំពោះព្រះជាម្ចាស់ និងលះបង់ ព្រមទាំងថ្វាយអ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់ប្រភេទនេះក៏កំពុងតែថ្វាយការកម្សាន្តចិត្តដល់ព្រះជាម្ចាស់ ជួយឲ្យទ្រង់រីករាយនឹងទីបន្ទាល់ និងបានស្ងប់ព្រះទ័យផងដែរ។ វាជាការតបស្នងសងគុណរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ជាទំនួលខុសត្រូវ កាតព្វកិច្ច និងភារកិច្ចរបស់មនុស្ស ហើយវាជាផ្លូវមួយដែលមនុស្សត្រូវដើរតាមអស់មួយជីវិតរបស់ពួកគេ។ សំណួរទាំងបីនេះគឺជាសេចក្ដីតម្រូវ និងជាការដាស់តឿនដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុស និងមនុស្សទាំងអស់ដែលទ្រង់នឹងប្រោសឲ្យគ្រប់លក្ខណ៍​។ គឺសំណួរទាំងបីនេះហើយដែលបានដឹកនាំ និងជំរុញចិត្តរបស់លោកពេត្រុសឲ្យដើរ​តាម​មាគ៌ា​នៅ​ក្នុង​ជីវិតរបស់​គាត់​​រហូត​ដល់ទី​បញ្ចប់ ហើយ​គឺ​សំណួរ​ទាំង​បី​នៅ​ពេល​ដែល​ព្រះ​អម្ចាស់​យេស៊ូវរៀប​នឹង​​ចាកចេញនេះ​ហើយ ដែល​បាន​នាំ​លោក​​ពេត្រុស​ឲ្យ​​ចាប់ផ្ដើមមាគ៌ារបស់គាត់ក្នុងការប្រោសឲ្យគ្រប់លក្ខណ៍​ ហើយ​ដោយសារតែសេចក្តីស្រឡាញ់របស់គាត់ចំពោះ​ព្រះអម្ចាស់ សំណួរ​ទាំងនេះ​បាន​ដឹក​នាំ​គាត់​ឲ្យខ្វល់ខ្វាយអំពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ស្ដាប់បង្គាប់ព្រះអម្ចាស់ ផ្ដល់ការកម្សាន្តចិត្តដល់ព្រះអម្ចាស់ និងលះបង់ជីវិតរបស់គាត់ទាំងស្រុង ព្រម​ទាំងអ្វីៗទាំងអស់របស់គាត់ ដោយសារតែសេចក្តីស្រឡាញ់នេះ។

ក្នុងអំឡុងយុគសម័យនៃព្រះគុណ កិច្ចការរបស់ព្រះជាម្ចាស់ផ្តោតជាចម្បងទៅលើមនុស្សពីរប្រភេទ។ ប្រភេទទីមួយជាមនុស្សដែលជឿ និងដើរតាមទ្រង់ ដែលអាចកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ដែលអាចលីឈើឆ្កាង និងកាន់តាមផ្លូវនៃយុគសម័យនៃព្រះគុណ។ មនុស្សប្រភេទនេះនឹងទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទទីពីរ គឺដូចជាលោកពេត្រុស ជាម្នាក់ដែលអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ ក្រោយពេលដែលព្រះអម្ចាស់យេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានធ្វើកិច្ចការដ៏មានអត្ថន័យបំផុតចំនួនពីរមុនគេបង្អស់។ កិច្ចការនេះត្រូវបានធ្វើជាមួយលោកថូម៉ាស ហើយកិច្ចការទីពីរគឺជាមួយលោកពេត្រុស។ តើកិច្ចការទាំងពីរនេះតំណាងឲ្យអ្វីខ្លះទៅ? តើកិច្ចការទាំងពីរនេះតំណាងឲ្យបំណងព្រះហឫទ័យដ៏ពិតរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សជាតិដែរឬទេ? តើកិច្ចការទាំងពីរនេះតំណាងឲ្យភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរឬទេ? កិច្ចការដែលទ្រង់បានធ្វើជាមួយលោកថូម៉ាស គឺជាការព្រមានដល់មនុស្សមិនឲ្យក្លាយជាអ្នកចូលចិត្តសង្ស័យ ប៉ុន្តែគឺឲ្យ​គ្រាន់តែជឿចុះ។ កិច្ចការដែលទ្រង់បានធ្វើជាមួយលោកពេត្រុស គឺជាការពង្រឹងសេចក្តីជំនឿរបស់មនុស្សបែបលោក​ពេត្រុស​និងដើម្បីប្រាប់ឲ្យដឹងច្បាស់អំពីសេចក្ដី​តម្រូវរបស់ទ្រង់ដែលមានចំពោះមនុស្សបែបនេះ ដោយបង្ហាញគោលដៅដែលពួកគេគួរតែដេញតាម។

ក្រោយពេល​ដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេចមកឲ្យមនុស្សដែលទ្រង់ចាត់ទុកថាសំខាន់បានឃើញ ទ្រង់បានមានបន្ទូលជាមួយពួកគេ ហើយបានប្រាប់ពួកគេអំពីសេចក្ដីតម្រូវរបស់ទ្រង់ ដោយឲ្យពួកគេបានដឹងអំពីបំណងព្រះហឫទ័យ និងសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ក្នុងនាមជាព្រះជា​ម្ចាស់ដែលយកកំណើតជាមនុស្ស ក្តីបារម្ភរបស់ទ្រង់ចំពោះមនុស្សជាតិ និងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស មិនដែលផ្លាស់ប្ដូរឡើយ ហើយវានៅតែដដែល នៅពេលដែលទ្រង់បានគង់នៅក្នុងសាច់ឈាម និងនៅពេលដែលទ្រង់គង់នៅក្នុងរូបកាយខាងវិញ្ញាណរបស់ទ្រង់ ក្រោយពេលដែលទ្រង់បានជាប់ឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានខ្វល់ខ្វាយអំពីពួកសិស្សទាំងនេះ មុនពេលដែលទ្រង់ជាប់ឆ្កាង ហើយនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គបានជ្រាបដឹងយ៉ាងច្បាស់អំពីសភាពរបស់មនុស្សម្នាក់ៗ ទ្រង់បានយល់អំពីភាពទន់ខ្សោយរបស់មនុស្សម្នាក់ៗ ហើយជាការពិត ការយល់ដឹងរបស់ទ្រង់អំពីមនុស្សគ្រប់រូប ក្រោយពេល​ដែលទ្រង់បានសុគត បានមានព្រះជន្មរស់ឡើងវិញ និងក្លាយជារូបកាយខាងវិញ្ញាណ គឺដូចគ្នាទៅនឹងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមដែរ។ ទ្រង់បានជ្រាបថា មនុស្សមិនបានដឹងច្បាស់អំពីអត្តសញ្ញាណរបស់ទ្រង់ថា ជាព្រះគ្រីស្ទឡើយ ប៉ុន្តែក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ទ្រង់មិនមានការទាមទារដ៏តឹងរ៉ឹងពីមនុស្សឡើយ។ យ៉ាងណាមិញ ក្រោយពេលដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានលេច​មកឲ្យពួកគេឃើញ ហើយទ្រង់បានធ្វើឲ្យពួកគេដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់យេស៊ូវបានយាងមកពីព្រះជាម្ចាស់ និងដឹងទៀតថា ទ្រង់ជាព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ហើយទ្រង់ប្រើការលេច​មក និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នេះ ជានិមិត្ត និងការជំរុញចិត្តដ៏ខ្ពស់បំផុតសម្រាប់ការដេញតាមអស់មួយជីវិតរបស់មនុស្សជាតិ។ ការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់មិនគ្រាន់តែបានផ្ដល់កម្លាំងដល់អស់អ្នកដែលបានដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែការនេះក៏បានអនុវត្តកិច្ចការនៅយុគសម័យនៃព្រះគុណរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងម៉ឺងម៉ាត់ដែរ ហើយជាលទ្ធផល ដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ បានផ្សព្វផ្សាយទៅកាន់គ្រប់ជ្រុងនៃមនុស្សជាតិបន្ដិច​ម្ដងៗ។ តើអ្នកនឹងនិយាយថា ការលេច​មករបស់ព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ មានភាពសំខាន់ណាមួយឬទេ? បើអ្នកជាលោកថូម៉ាស ឬជាលោក​ពេត្រុសនៅគ្រានោះ ហើយអ្នកបានជួបហេតុការណ៍ដូចគ្នានេះនៅក្នុងជីវិតរបស់អ្នក ជាហេតុការណ៍ដ៏មានអត្ថន័យបំផុត តើវានឹងជះឥទ្ធិពលអ្វីខ្លះទៅលើអ្នក? តើអ្នកនឹងមើលឃើញហេតុការណ៍នេះជានិមិត្តដ៏ល្អបំផុត និងធំបំផុតនៃជីវិតរបស់អ្នកដែលជឿលើព្រះជាម្ចាស់ឬ? តើអ្នកនឹងមើលឃើញហេតុការណ៍នេះ ជាកម្លាំងជំរុញចិត្តអ្នក នៅពេលដែលអ្នកដើរតាមព្រះជាម្ចាស់ ស្វះស្វែងខំបំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងព្យាយាមស្រឡាញ់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់អ្នកទាំងស្រុងឬ? តើអ្នកនឹងខិតខំប្រឹងប្រែងអស់មួយជីវិត ដើម្បីផ្សព្វផ្សាយអំពីនិមិត្តដ៏ធំបំផុតនេះឬ? តើអ្នកនឹងទទួលយកភារកិច្ចនៃការផ្សព្វផ្សាយសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់យេស៊ូវ ជាបទបញ្ជាមួយមកពីព្រះជាម្ចាស់ឬ? ទោះបីជាអ្នករាល់គ្នាមិនទាន់បានដកពិសោធន៍ហេតុការណ៍នេះក៏ដោយ ប៉ុន្តែឧទាហរណ៍ចំនួនពីររបស់លោក​ថូម៉ាស និងលោក​ពេត្រុសគឺគ្រប់គ្រាន់សម្រាប់មនុស្សសម័យទំនើប ដើម្បីទទួលបានការយល់ដឹងដ៏ច្បាស់លាស់អំពីព្រះជាម្ចាស់ និងអំពីព្រះហឫទ័យរបស់ទ្រង់។ គឺអាចនិយាយបានថា ក្រោយពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ក្រោយពេលដែលទ្រង់បានដកពិសោធន៍ជីវិតដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ និងដកពិសោធន៍ដោយផ្ទាល់នូវជីវិតមនុស្ស ហើយក្រោយពេលដែលទ្រង់បានទតឃើញសេចក្តីអាក្រក់របស់មនុស្សជាតិ និងស្ថានភាពនៃជីវិតមនុស្សនៅគ្រានោះ ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមបានមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពតែលតោល ភាពអាណោចអាធ័ម និងភាពគួរឲ្យអាណិតរបស់មនុស្សជាតិ។ ព្រះជាម្ចាស់កាន់តែមានព្រះទ័យអាណិតអាសូរចំពោះស្ថានភាពរបស់មនុស្ស ដោយសារតែភាពជាមនុស្សដែលទ្រង់មាន ខណៈពេលទ្រង់កំពុងតែមានព្រះជន្មរស់នៅក្នុងសាច់ឈាម ដោយសារតែសភាវៈខាងសាច់ឈាមរបស់ទ្រង់។ ការនេះបាននាំឲ្យទ្រង់មានអារម្មណ៍ខ្វល់ខ្វាយកាន់តែខ្លាំងចំពោះអ្នកដើរតាមរបស់ទ្រង់។ នេះប្រហែលជាអ្វីដែលអ្នករាល់គ្នាមិនអាចយល់បានឡើយ ប៉ុន្តែខ្ញុំអាចពណ៌នាអំពីក្ដីបារម្ភ និងការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់គង់ក្នុងសាច់ឈាមមានចំពោះអ្នកដើរតាមគ្រប់រូបរបស់ទ្រង់ ដោយគ្រាន់តែប្រើពាក្យពីរម៉ាត់ប៉ុណ្ណោះ៖ «បារម្ភយ៉ាងខ្លាំង» ទោះបីពាក្យនេះចេញមកពីភាសារបស់​មនុស្សក៏ដោយ ហើយទោះបីវាមានលក្ខណៈជាមនុស្សក្ដី ប៉ុន្តែ ពាក្យនេះពិតជាបង្ហាញ និងពណ៌នាអំពីអារម្មណ៍របស់ព្រះជាម្ចាស់ដែលមានចំពោះអ្នកដើរតាមរបស់ទ្រង់។ ចំពោះការបារម្ភយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅលើដំណើរផ្លូវនៃបទពិសោធន៍របស់អ្នក នោះអ្នករាល់គ្នានឹងយល់អំពីអារម្មណ៍នេះ និងភ្លក់រសជាតិនៃអារម្មណ៍នេះ​បន្ដិច​ម្ដងៗ។ យ៉ាងណាមិញ ការនេះអាចសម្រេចទៅបានតាមរយៈការយល់បន្តិចម្ដងៗអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដោយឈរលើមូលដ្ឋាននៃការដេញតាមការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកផ្ទាល់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេច​មក វាបានធ្វើឲ្យក្ដីបារម្ភយ៉ាងខ្លាំងរបស់ទ្រង់ដែលមានចំពោះអ្នកដើរតាមរបស់ទ្រង់នៅក្នុងភាពជាមនុស្ស បានសម្ដែងចេញ និងបន្តទៅកាន់រូបកាយខាងវិញ្ញាណរបស់ទ្រង់ ឬក៏អ្នកអាចនិយាយបានថា ទៅកាន់ភាពជាព្រះរបស់ទ្រង់។ ការលេច​មកនេះបានជួយឲ្យមនុស្សដកពិសោធន៍ និងមានអារម្មណ៍ដឹងអំពីក្តីបារម្ភ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ម្ដងទៀត ហើយក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ព្រះជាម្ចាស់ជាព្រះដែលផ្ដើមយុគសម័យមួយ ដែលលាតត្រដាងយុគសម័យមួយ ហើយក៏ជាព្រះដែលបិទបញ្ចប់យុគសម័យមួយដែរ។ តាមរយៈការលេចមកនេះ ព្រះអង្គបានពង្រឹងសេចក្តីជំនឿរបស់មនុស្សទាំងអស់ និងបានបញ្ជាក់ទៅកាន់ពិភពលោកនូវការពិតថា ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ។ ការនេះបានធ្វើឲ្យអ្នកដើរតាមរបស់ទ្រង់ទទួលបាននូវការបញ្ជាក់ដ៏អស់កល្បជានិច្ច ហើយតាមរយៈការលេចមកនេះ ព្រះអង្គក៏បានផ្ដើមនូវដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យថ្មីដែរ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ចូរអត់ទោសប្រាំពីរចិតសិបដង និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

៤. ចូរអត់ទោសប្រាំ​ពីរ​ចិតសិបដង ម៉ាថាយ ១៨:២១-២២ ពេល​នោះ លោកពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ ព្រះ‌អម្ចាស់​អើយ...

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...

ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

១០. ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិ​របស់ទ្រង់បាន​ឮដំណឹងនេះ ពួកគេ​បានចេញ​ទៅចាប់​ព្រះ‌អង្គមកវិញ...

Leave a Reply