សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

24-02-2021

៦. សេចក្តីអធិប្បាយនៅលើភ្នំ

ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២)

អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦)

ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០)

កំហឹង (ម៉ាថាយ ៥:២១-២៦)

សេចក្តីកំផិត (ម៉ាថាយ ៥:២៧-៣០)

ការលែងលះគ្នា (ម៉ាថាយ ៥:៣១-៣២)

ពាក្យសម្បថ (ម៉ាថាយ ៥:៣៣-៣៧)

ភ្នែកធួន​នឹងភ្នែក (ម៉ាថាយ ៥:៣៨-៤៨)

ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក (ម៉ាថាយ ៥:៤៣-៤៨)

សេចក្តីណែនាំអំពីការធ្វើ​ទាន (ម៉ាថាយ ៦:១-៤)

ការអធិស្ឋាន (ម៉ាថាយ ៦:៥-៨)

៧. ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ

ប្រស្នាអំពីអ្នកព្រោះពូជ (ម៉ាថាយ ១៣:១-៩)

ប្រស្នាអំពីស្រងែ (ម៉ាថាយ ១៣:២៤-៣០)

ប្រស្នាអំពីគ្រាប់ពូជល្អិត (ម៉ាថាយ ១៣:៣១-៣២)

ប្រស្នាអំពីមេនំប៉័ង (ម៉ាថាយ ១៣:៣៣)

ប្រស្នាអំពីស្រងែ ត្រូវបានពន្យល់ (ម៉ាថាយ ១៣:៣៦-៤៣)

ប្រស្នាអំពីកំណប់ (ម៉ាថាយ ១៣:៤៤)

ប្រស្នាអំពី​កែវ‌មុក្តា​ដ៏​មាន​តម្លៃ (ម៉ាថាយ ១៣:៤៥-៤៦)

ប្រស្នាអំពីអួន (ម៉ាថាយ ១៣:៤៧-៥០)

៨. បទបញ្ញត្តិ

ម៉ាថាយ ២២:៣៧-៣៩ ព្រះ‌យេស៊ូវបាន​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ អ្នកត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​ជាម្ចាស់របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក។ នេះ​ជា​បទ‌បញ្ជា​ទី​មួយ និង​សំខាន់​ជាង​គេ។ ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នាគឺ អ្នកត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នកឲ្យ​ដូចស្រឡាញ់​ខ្លួន​ឯង។

ជាដំបូង ចូរយើងពិនិត្យមើលផ្នែកនីមួយៗអំពី «សេចក្តីអធិប្បាយនៅលើភ្នំ»។ តើផ្នែកទាំងអស់នេះចែងអំពីអ្វីខ្លះទៅ? គឺអាចនិយាយបានថា អ្វីដែលប្រាកដច្បាស់នោះគឺថា មាតិការនៃផ្នែកទាំងនេះកាន់តែលើកឡើង កាន់តែច្បាស់ និងកាន់តែពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស ជាងបទបញ្ញតិនៅយុគសម័យនៃក្រឹត្យវិន័យទៅទៀត។ បើនិយាយនៅក្នុងពាក្យសម័យទំនើបវិញ រឿងទាំងនេះកាន់តែពាក់ព័ន្ធនឹងការអនុវត្តជាក់ស្ដែងរបស់មនុស្ស។

ចូរយើងអានអំពីខ្លឹមសារជាក់លាក់ខាងក្រោម៖ តើអ្នកគួរតែយល់យ៉ាងដូចម្ដេចអំពីព្រះពរដ៏ពិតប្រាកដ? តើអ្នកយល់យ៉ាងដូចម្ដេចអំពីក្រឹត្យវិន័យ? តើកំហឹងគួរតែមានអត្ថន័យយ៉ាងដូចម្ដេច? តើអ្នកប្រព្រឹត្តអំពើផិតក្បត់គួរតែត្រូវបានដោះស្រាយដោយរបៀបណា? តើត្រូវនិយាយយ៉ាងដូចម្ដេចអំពីការលែងលះគ្នា? តើគួរតែមានច្បាប់អ្វីខ្លះទាក់ទងនឹងបញ្ហានេះ? តើនរណាអាចលែងលះគ្នាបាន ហើយតើនរណាដែលមិនអាចលែងលះគ្នាបាន? ចុះទាក់ទងនឹងពាក្យសម្បថ ភ្នែកធួន​នឹងភ្នែក ការស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក និងការមានចិត្តសប្បុរសវិញ? មេរៀនទាំងអស់នេះទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃការអនុវត្តជំនឿរបស់មនុស្សជាតិលើព្រះជាម្ចាស់ និងទាក់ទងនឹងការដើរតាមព្រះជាម្ចាស់។ ការអនុវត្តខ្លះនៅតែប្រើបាននៅឡើយនាពេលសព្វថ្ងៃ ទោះបីវាមានលក្ខណៈរាក់កំផែលជាងអ្វីដែលតម្រូវពីមនុស្សនាពេលសព្វថ្ងៃក៏ដោយ ប៉ុន្តែ វាជាសេចក្តីពិតមូលដ្ឋានដែលមនុស្សជួបប្រទះនៅក្នុងសេចក្តីជំនឿរបស់ពួក​គេលើព្រះជាម្ចាស់។ តាំងពីពេលដែលព្រះអម្ចាស់យេស៊ូវចាប់ផ្ដើមធ្វើការ គឺ​ទ្រង់បានកំពុងតែអនុវត្តកិច្ចការទៅលើនិស្ស័យនៃជីវិតរបស់មនុស្សទៅ​ហើយ​ ប៉ុន្តែ ទិដ្ឋភាពនៃកិច្ចការរបស់ទ្រង់ទាំងនេះមានមូលដ្ឋានគ្រឹះចេញពីក្រឹត្យវិន័យ​។ តើក្បួនច្បាប់ និងរបៀបនៃការនិយាយអំពីប្រធានបទទាំងនេះមានទំនាក់ទំនងអ្វីមួយជាមួយសេចក្តីពិតឬទេ? ពិតណាស់ វាមានភាពទាក់ទងគ្នា! គ្រប់ទាំងបទបញ្ញត្តិ និងគោលការណ៍មុនៗ ក៏ដូចជាសេចក្តីអធិប្បាយទាំងនេះនៅក្នុងយុគសម័យនៃព្រះគុណ គឺសុទ្ធតែពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ និងសេចក្តីពិត។ ទោះបីព្រះជាម្ចាស់បង្ហាញចេញដោយរបៀបណា ហើយទោះបីទ្រង់ប្រើការសម្ដែងចេញ ឬភាសាបែបណាក៏ដោយ ក៏សេចក្តីដែលទ្រង់បង្ហាញនោះ សុទ្ធតែមានមូលដ្ឋាន ប្រភពដើម និងចំណុចចាប់ផ្ដើមរបស់វានៅក្នុងគោលការណ៍នៃនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ដែរ​។ នេះជាការពិត។ ដូច្នេះ ទោះបីសេចក្តីដែលទ្រង់បានមានបន្ទូលទាំងនេះហាក់ដូចជារាក់កំផែលបន្ដិចនាពេលសព្វថ្ងៃក៏ដោយ ប៉ុន្តែ អ្នកមិនអាចនិយាយបានថា វាមិនមែនជាសេចក្តីពិតនោះឡើយ ព្រោះថាវាជាសេចក្តីដ៏សំខាន់ ដើម្បីឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ពួក​គេ។ តើអ្នកអាចនិយាយថា សេចក្តីអធិប្បាយទាំងនេះមានសេចក្តីណាមួយដែលមិនស្របតាមសេចក្តីពិតដែរឬទេ? អត់ទេ អ្នកមិនអាចនិយាយបែបនេះឡើយ! សេចក្តីទាំងអស់នេះសុទ្ធតែជា​សេច​ក្តីពិត ដោយសារតែសេចក្តីទាំងនេះគឺជាសេចក្ដី​តម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយវាជាគោលការណ៍ និងវិសាលភាពដែលព្រះជាម្ចាស់បានប្រទានមក ដើម្បីបង្ហាញពីរបៀបដែលមនុស្សគួរតែប្រព្រឹត្ត ហើយវាតំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ ដោយផ្អែកលើកម្រិតនៃការលូតលាស់របស់ពួក​គេនៅក្នុងជីវិតនាគ្រានោះ ទាំងនេះជាសេចក្តីតែមួយគត់ដែលពួកគេអាចទទួលយក និងយល់បាន។ ដោយសារតែអំពើបាបរបស់មនុស្សជាតិមិនទាន់ត្រូវបានដោះស្រាយ ដូច្នេះ ទាំងនេះគឺជាព្រះបន្ទូលតែមួយគត់ដែលព្រះអម្ចាស់យេស៊ូវអាចថ្លែងបាន ហើយទ្រង់អាចប្រើសេចក្តីបង្រៀនដ៏សាមញ្ញដែលស្ថិតក្នុងវិសាលភាពបែបនេះប៉ុណ្ណោះ ដើម្បីមាន​បន្ទូល​ប្រាប់មនុស្សនៅគ្រានោះអំពីរបៀបដែលពួកគេគួរតែប្រព្រឹត្ត អ្វីដែលពួកគេគួរតែធ្វើ ដោយស្ថិតនៅលើគោលការណ៍ និងវិសាលភាពនៃ​អ្វីដែលពួកគេគួរតែធ្វើ និងរបៀបដែលពួកគេគួរតែជឿលើព្រះជាម្ចាស់ និងបំពេញតាមសេចក្ដី​តម្រូវរបស់ទ្រង់។ អ្វីៗទាំងអស់នេះត្រូវបានកំណត់ទុក ដោយផ្អែកលើឋានៈរបស់មនុស្សជាតិនាគ្រានោះ។ វាមិនងាយស្រួលសម្រាប់មនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យក្នុងការទទួលយកសេចក្តីបង្រៀនទាំងនេះឡើយ ដូច្នេះ អ្វីដែលព្រះអម្ចាស់យេស៊ូវបានបង្រៀន ត្រូវតែស្ថិតនៅក្នុងវិសាលភាពនេះ។

បន្ទាប់មកទៀត ចូរយើងពិនិត្យមើលទៅលើមាតិការផ្សេងៗអំពី «ប្រសា្នរបស់ព្រះអម្ចាស់យេស៊ូវ»។

ដំបូងគេ គឺជាប្រស្នាអំពីអ្នកព្រោះពូជ។ នេះជាប្រស្នាមួយដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថាការព្រោះគ្រាប់ពូជគឺជាព្រឹត្តិការណ៍ទូទៅមួយនៅក្នុងជីវិតរបស់មនុស្ស​។ ទីពីរគឺជាប្រស្នាអំពីស្រងែ។ អ្នកណាដែលដាំស្រូវ ហើយ​ប្រាកដ​ណាស់​គឺ មនុស្សពេញ​វ័យ​ទាំង​អស់​នឹងដឹងថាអ្វីទៅជា «ស្រងែ» ហើយ។ ទីបីគឺជាប្រស្នាអំពីគ្រាប់ពូជល្អិត។ អ្នករាល់គ្នាដឹងអំពីគ្រាប់ពូជល្អិតហើយ មែនទេ? ប្រសិនបើអ្នកមិនទាន់ដឹងទេ អ្នកអាចមើលនៅក្នុងព្រះគម្ពីរបាន។ ប្រស្នាទីបួន គឺជាប្រស្នាអំពីមេនំប៉័ង។ ឥឡូវនេះ មនុស្សភាគច្រើនដឹងថា មេនំប៉័ងត្រូវបានគេប្រើសម្រាប់ការធ្វើឲ្យឡើងមេ ហើយនេះជាអ្វីមួយដែលមនុស្សប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួក​គេ។ ប្រស្នាបន្តបន្ទាប់ទៀត រួមមាន ទីប្រាំមួយ គឺជាប្រស្នាអំពីកំណប់ ទីប្រាំពីរជាប្រស្នាអំពីកែវ‌មុក្តា​ដ៏​មាន​តម្លៃ ហើយទីប្រាំបីជាប្រស្នាអំពីអួន។ ប្រស្នាទាំងអស់នេះសុទ្ធតែដកស្រង់​ និងមានប្រភពចេញពីជីវិតពិតរបស់មនុស្ស​។ តើប្រស្នាទាំងនេះគូរចេញជារូបភាពអ្វីខ្លះទៅ? វាជារូបភាពមួយអំពីព្រះជាម្ចាស់កំពុងតែក្លាយជាមនុស្សសាមញ្ញ ហើយរស់នៅរួមជាមួយមនុស្សជាតិ ដោយប្រើប្រាស់ភាសានៃជីវិត គឺ​ភាសារបស់​មនុស្ស ដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្ស និងប្រទានដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយរស់នៅកណ្ដាលចំណោមមនុស្សជាតិអស់រយៈពេលជាយូរឆ្នាំ ក្រោយទ្រង់បានដកពិសោធន៍ និងឃើញផ្ទាល់ភ្នែកអំពីរបៀបរស់នៅផ្សេងៗរបស់មនុស្ស បទពិសោធន៍ទាំងនេះបានក្លាយជាសម្ភារៈបង្រៀនរបស់ទ្រង់ ដែលទ្រង់បានផ្លាស់ប្ដូរភាសាជាព្រះរបស់ទ្រង់ ឲ្យក្លាយជាភាសាមនុស្សវិញ។ ជាការពិត រឿងរ៉ាវដែលទ្រង់បានទតឃើញ និងស្ដាប់ឮនៅក្នុងជីវិតនេះ ក៏ជួយឲ្យបុត្រមនុស្សមាននូវបទពិសោធន៍ដ៏សម្បូរបែបជាមនុស្សដែរ។ នៅពេលដែលទ្រង់ចង់ឲ្យមនុស្សយល់អំពីសេចក្តីពិតខ្លះ ចង់ឲ្យយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្លះ នោះទ្រង់អាចប្រើប្រស្នាដែលស្រដៀងទៅនឹងប្រស្នាខាងលើ ដើម្បីប្រាប់មនុស្សអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអំពីសេចក្ដី​តម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ។ ប្រស្នាទាំងនេះសុទ្ធតែទាក់ទងនឹងជីវិតរបស់មនុស្ស គឺគ្មានប្រស្នាណាមួយដែលមិនពាក់ព័ន្ធនឹងជីវិតរបស់មនុស្សឡើយ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានរស់នៅជាមួយមនុស្សជាតិ ទ្រង់បានទតឃើញកសិករកំពុងតែព្យួរស្រែ ហើយទ្រង់បានស្គាល់ស្រងែ ព្រមទាំងមេនំប៉័ង។ ទ្រង់បានយល់ថា មនុស្សស្រឡាញ់កំណប់ ដូច្នេះ ទ្រង់បានប្រើប្រាស់សាច់រឿងប្រៀបធៀបអំពីកំណប់ និងកែវ‌មុក្តា​ដ៏​មាន​តម្លៃ។ នៅក្នុងជីវិត ទ្រង់បានទតឃើញជាញឹកញាប់នូវអ្នកនេសាទដែលកំពុងតែអូសអួនរបស់ពួក​គេ។ ព្រះអម្ចាស់យេស៊ូវបានទតឃើញទិដ្ឋភាពនេះ ព្រមទាំងសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងជីវិតរបស់មនុស្ស ហើយទ្រង់ក៏បានដកពិសោធន៍នូវជីវិតប្រភេទនោះដែរ។ ដូចជាជីវិតមនុស្សសាមញ្ញផ្សេងទៀតដែរ ទ្រង់បានដកពិសោធន៍នូវទម្លាប់រស់នៅប្រចាំថ្ងៃជាមនុស្ស និងការទទួលទានអាហារបីពេលក្នុងមួយថ្ងៃ។ ទ្រង់បានដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្សធម្មតា ហើយបានសង្កេតមើលជីវិតរបស់អ្នកដទៃ។ នៅពេលដែលទ្រង់បានសង្កេតមើល និងដកពិសោធន៍ដោយផ្ទាល់អំពីការទាំងអស់នេះ អ្វីដែលទ្រង់បានព្រះ​តម្រិះ មិនមែនជារបៀបមានជីវិតដ៏ល្អ ឬរបៀបដែលទ្រង់អាចរស់នៅដោយមានសេរីភាព និងដោយសុខស្រួលនោះឡើយ។ ផ្ទុយទៅវិញ ចេញពីបទពិសោធន៍នៃជីវិតមនុស្សពិតរបស់ទ្រង់នេះ ព្រះអម្ចាស់យេស៊ូវបានទតឃើញនូវទុក្ខលំបាកនៅក្នុងជីវិតរបស់មនុស្ស។ ទ្រង់បានទតឃើញទុក្ខលំបាក ទុក្ខវេទនា និងទុក្ខព្រួយរបស់មនុស្សដែលកំពុងតែរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងការរស់នៅក្នុង​ជីវិតនៃអំពើបាប ក្រោមសេចក្តីពុករលួយរបស់អារក្សសាតាំង។ ខណៈពេលដែលទ្រង់កំពុងតែដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្សនោះ ទ្រង់ក៏បានដកពិសោធន៍ពីមនុស្សតែលតោលដែលកំពុងតែរស់នៅក្នុងសេចក្តីពុករលួយដែរ ហើយទ្រង់បានទតឃើញ និងដកពិសោធន៍នូវស្ថានភាពដ៏កំសត់របស់មនុស្សដែលបានរស់នៅក្នុងអំពើបាប ដែលបានបាត់បង់ទិសដៅ ក្នុងពេលពួកគេរងទារុណកម្ម ដោយសារតែការស្ថិតក្រោមចំណុះរបស់​អារក្សសាតាំង និងការអាក្រក់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានទតឃើញការទាំងនេះ តើទ្រង់បានទតឃើញពួកគេជាមួយភាពជាព្រះរបស់ទ្រង់ ឬក៏ដោយភាពជាមនុស្សរបស់ទ្រង់? ភាពជាមនុស្សរបស់ទ្រង់ពិតជាមានមែន ហើយក៏រស់រវើកដែរ ព្រោះថាទ្រង់អាចដកពិសោធន៍ និងទតមើលឃើញការទាំងអស់នេះ។ ប៉ុន្តែ ពិតមែនហើយ ទ្រង់ក៏បានទតឃើញការទាំងនេះនៅក្នុងសារជាតិរបស់ទ្រង់ ដែលជាភាពជាព្រះរបស់ទ្រង់ដែរ។ ព្រោះថា ព្រះគ្រីស្ទផ្ទាល់​ព្រះ​អង្គ​ដែលជាព្រះអម្ចាស់យេស៊ូវ ដែលជាមនុស្សម្នាក់នោះ បានទតឃើញការនេះ ហើយអ្វីៗគ្រប់យ៉ាងដែលទ្រង់បានទតឃើញ បានធ្វើឲ្យទ្រង់មានអារម្មណ៍អំពីភាពសំខាន់ និងភាពចាំបាច់នៃកិច្ចការដែលទ្រង់ត្រូវធ្វើក្នុងអំឡុងពេលដែលទ្រង់បានរស់នៅក្នុងសាច់ឈាម។ ទោះបីទ្រង់ផ្ទាល់ព្រះ​អង្គ​បានទតឃើញថា ទំនួលខុសត្រូវដែលទ្រង់ត្រូវរ៉ាប់រងនៅក្នុងសាច់ឈាមនោះ ធំសម្បើម ហើយទោះបីទ្រង់បានជ្រាបដឹងពីការឈឺចាប់ដ៏ខ្លាំងដែលទ្រង់នឹងត្រូវទទួលក៏ដោយ ប៉ុន្តែ នៅពេលដែលទ្រង់បានទតឃើញមនុស្សជាតិដែលតែលតោលនៅក្នុងអំពើបាប នៅពេលដែលទ្រង់បានទតឃើញទុក្ខវេទនានៃជីវិតរបស់ពួកគេ និងការខំប្រឹងដ៏ទន់ខ្សោយរបស់ពួក​គេនៅក្រោមក្រឹត្យវិន័យ ទ្រង់ក៏មានអារម្មណ៍កាន់តែទួញសោក ហើយកាន់តែអន្ទះសាចង់សង្រ្គោះមនុស្សជាតិពីអំពើបាបដែរ។ ទោះបីទ្រង់នឹងត្រូវជួបទុក្ខលំបាក ឬរងការឈឺចាប់ខ្លាំងបែបណាក៏​ដោយ​ក៏ទ្រង់កាន់តែមានការតាំងចិត្តក្នុងការប្រោសលោះមនុស្សជាតិ ដែលកំពុងតែរស់នៅក្នុងអំពើបាបដែរ។ ក្នុងអំឡុងពេលនៃដំណើរការនេះ អ្នកអាចនិយាយបានថា ព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមយល់កាន់តែច្បាស់អំពីកិច្ចការដែលទ្រង់ត្រូវធ្វើ និងកិច្ចការដែលទ្រង់បានទទួលការផ្ទុកផ្ដាក់ឲ្យធ្វើ។ ទ្រង់ក៏កាន់តែចង់បញ្ចប់កិច្ចការដែលទ្រង់ត្រូវរ៉ាប់រង គឺទទួលយកអំពើបាបទាំងអស់របស់មនុស្សជាតិ លោះបាបរបស់មនុស្សជាតិ​ដើម្បីឲ្យពួកគេលែងរស់នៅក្នុងអំពើបាបត​ទៅ​ទៀត ហើយក្នុងពេលជា​មួយ​គ្នា ព្រះជាម្ចាស់នឹងអាចអត់ទោសដល់អំពើបាបរបស់មនុស្ស ដោយសារតែតង្វាយលោះបាប ដើម្បីឲ្យទ្រង់អាចបន្តកិច្ចការរបស់ទ្រង់ក្នុង​ការសង្រ្គោះមនុស្សជាតិ។ គឺអាចនិយាយបានថា នៅក្នុងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់ព្រមលះបង់អង្គទ្រង់សម្រាប់មនុស្សជាតិ ព្រមលះបង់អង្គទ្រង់ជាយញ្ញបូជា។ ទ្រង់ក៏ព្រមធ្វើជាតង្វាយលោះបាប ដោយជាប់នឹងឈើឆ្កាងដែរ ហើយទ្រង់ពិតជាចង់បញ្ចប់កិច្ចការនេះខ្លាំងណាស់។ នៅពេលដែលទ្រង់បានទតឃើញស្ថានភាពដ៏កំសត់នៃជីវិតរបស់មនុស្ស ទ្រង់កាន់តែចង់បញ្ចប់បេសកកម្មរបស់ទ្រង់ឲ្យបានកាន់តែឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយគ្មានចង់ពន្យារពេលមួយនាទី ឬសូម្បីតែមួយវិនាទីនោះឡើយ។ ដោយមានអារម្មណ៍បន្ទាន់បែបនេះ ទ្រង់មិនបានព្រះ​តម្រិះអំពីការឈឺចាប់ដែលទ្រង់នឹងត្រូវរងទុក្ខ ឬព្រះ​តម្រិះ​អំពីការថប់អារម្មណ៍នៃភាពអាម៉ាស់ដ៏ខ្លាំងដែលទ្រង់នឹងត្រូវទទួលនោះឡើយ។ ទ្រង់​មានការជឿជាក់តែមួយគត់នៅក្នុងព្រះហឫទ័យរបស់ទ្រង់៖ ដរាបណាទ្រង់បាន​លះបង់អង្គទ្រង់ ដរាបណាទ្រង់ត្រូវបានជាប់នៅលើឈើឆ្កាងជាតង្វាយលោះបាប នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានអនុវត្ត ហើយព្រះជាម្ចាស់នឹងអាចចាប់ផ្ដើមកិច្ចការថ្មីមិនខាន។ ជីវិតរបស់មនុស្សជាតិ និងសភាពនៃអត្ថិភាពរបស់ពួក​គេនៅក្នុងអំពើបាប នឹងត្រូវបានបំផ្លាស់បំប្រែទាំងស្រុង។ ការជឿជាក់របស់ទ្រង់​ និងអ្វីដែលទ្រង់បានតាំងចិត្តធ្វើ គឺទាក់ទងនឹងការសង្រ្គោះមនុស្ស ហើយទ្រង់មានកម្មវត្ថុតែមួយគត់ គឺជាការធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះជាម្ចាស់អាចចាប់ផ្ដើមដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ប្រកបដោយភាពជោគជ័យ។ នេះគឺជាអ្វីដែលស្ថិតនៅក្នុងព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រានោះ។

ដោយរស់នៅក្នុងសាច់ឈាម ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សមាននូវភាពជាមនុស្សសាមញ្ញ ហើយទ្រង់ក៏មានអារម្មណ៍ និងវិចារណញ្ញាណជាមនុស្សធម្មតាដែរ។ ទ្រង់បានទតឃើញនូវអ្វីដែលជាសេចក្តីសុខ អ្វីជាការឈឺចាប់ ហើយនៅពេលដែលទ្រង់បានទតឃើញមនុស្សជាតិកំពុងតែរស់នៅក្នុង​ជីវិតបែបនេះ ទ្រង់បានមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ការគ្រាន់តែប្រទានឲ្យពួកគេនូវសេចក្តីបង្រៀនខ្លះ ប្រទានឲ្យពួកគេនូវអ្វីមួយ ឬបង្រៀនពួកគេអំពីអ្វីមួយ នឹងមិនទាន់គ្រប់គ្រាន់ ដើម្បីនាំពួកគេចេញពីអំពើបាបឡើយ។ គ្មានអ្វីមួយអាចជួយឲ្យពួកគេស្ដាប់បង្គាប់តាមបទបញ្ញត្តិ ដើម្បីប្រោសលោះពួកគេពីអំពើបាបឡើយ គឺមានតែពេលដែលទ្រង់ទទួលយកអំពើបាបរបស់មនុស្ស ហើយបានត្រលប់ជាមានលក្ខណៈដូច​ជាសាច់ឈាមដែលមានបាបប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោះដូរ ដើម្បីជួយឲ្យមនុស្សជាតិទទួលបានសេរីភាព និងការអត់ទោសរបស់ព្រះជាម្ចាស់។ ដូច្នេះ ក្រោយពេលដែល​ព្រះអម្ចាស់យេស៊ូវបានដកពិសោធន៍ និងបានទតឃើញផ្ទាល់ភ្នែកនូវជីវិតរបស់មនុស្សដែលរស់នៅក្នុងអំពើបាប ទ្រង់ស្រាប់តែមានសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងនៅក្នុងព្រះហឫទ័យរបស់ទ្រង់ គឺចង់ជួយមនុស្សឲ្យមានសេរីភាពពីជីវិតដែលរងទុក្ខលំបាកនៅក្នុងអំពើបាប។ សេចក្តីប៉ងប្រាថ្នានេះបានធ្វើឲ្យទ្រង់កាន់តែមានអារម្មណ៍ខ្លាំងឡើងថា ទ្រង់ត្រូវតែយាងទៅឈើឆ្កាង និងទទួលយកអំពើបាបរបស់មនុស្សឲ្យបានកាន់តែឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះគឺជាព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រានោះ ក្រោយពេលទ្រង់បានរស់នៅជាមួយមនុស្ស ហើយបានទតឃើញ បានស្ដាប់​ឮ និងមានអារម្មណ៍ដឹងអំពីការលំបាកវេទនាដែលពួកគេរស់នៅក្នុងអំពើបាប។ ការដែល​ព្រះជាម្ចាស់​ដែល​យកកំណើតជាមនុស្សអាចមានព្រះហឫទ័យបែបនេះសម្រាប់មនុស្សជាតិ ការដែលទ្រង់អាចបង្ហាញ និងបើកសម្ដែងនូវនិស្ស័យបែបនេះ តើនេះជាអ្វីមួយដែលមនុស្សសាមញ្ញម្នាក់អាចមានឬទេ? ដោយរស់នៅក្នុងបរិយាកាសបែបនេះ តើមនុស្សធម្មតានឹងមើលឃើញអ្វីខ្លះ? តើពួកគេនឹងគិតអំពីអ្វីខ្លះទៅ? ប្រសិនបើមនុស្សធម្មតាម្នាក់ជួបការទាំងអស់នេះ តើពួកគេនឹងមើលទៅកាន់បញ្ហាចេញពីទស្សនៈ​មួយ​ដែល​បាន​លើក​ឡើង​ឬ? គឺមិនបែបនេះឡើយ! ទោះបីរូបរាងខាងក្រៅរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សដូចបេះដាក់ទៅ​នឹងមនុស្សក៏ដោយ ហើយទោះបីទ្រង់មានចំណេះដឹងរបស់​មនុស្ស និងចេះនិយាយភាសារបស់​មនុស្ស ហើយពេលខ្លះ ទោះបីជាទ្រង់បង្ហាញព្រះតម្រិះរបស់ទ្រង់តាមរយៈវិធីសាស្ត្រ ឬរបៀបនៃការនិយាយរបស់​មនុស្សជាតិ​ក៏ដោយ ក៏របៀបដែលទ្រង់ទតឃើញមនុស្សលោក និងទតឃើញសារជាតិនៃរឿងទាំងនោះ មិនដូចគ្នាទៅនឹងរបៀបដែលមនុស្សដ៏ពុករលួយមើលឃើញមនុស្សជាតិ និងសារជាតិនៃរឿងរ៉ាវនោះដែរ។ ទស្សនៈ និង​ការ​លើក​ឡើង​របស់ទ្រង់ដែលទ្រង់ប្រកាន់យក គឺជាអ្វីមួយដែលមនុស្សដ៏ពុករលួយមិនអាចយល់បានឡើយ​។ នោះគឺដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ដោយសារតែសាច់ឈាមដែលទ្រង់ពាក់នោះ ក៏មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះតម្រិះរបស់ទ្រង់ និងការដែលភាពជាមនុស្សរបស់ទ្រង់បានសម្ដែងចេញនោះ ក៏ជាសេចក្តីពិតដែរ។ សម្រាប់មនុស្សដ៏ពុករលួយ អ្វីដែលទ្រង់សម្ដែងចេញនៅក្នុងសាច់ឈាម គឺជាការប្រទាននូវសេចក្ដីពិត និងជីវិត។ ការប្រទានមកនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សម្នាក់ឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងអស់វិញ​។ នៅក្នុងដួងចិត្តរបស់មនុស្សដ៏ពុករលួយ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះតែមនុស្សមួយក្ដាប់តូចនេះប៉ុណ្ណោះ។ នៅពេលដែលគ្រោះមហន្តរាយលេចឡើង ជាដំបូង ពួកគេគិតដល់កូនចៅ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់ពួក​គេ។ លើសពីនេះទៅទៀត មនុស្សដែលកាន់តែមានចិត្តអាណិតអាសូរនឹងយកគំនិតមកគិតអំពីសាច់ញាតិបងប្អូន ឬមិត្តល្អមួយចំនួន ប៉ុន្តែ តើគំនិតរបស់បុគ្គលដែលមានចិត្តអាណិតអាសូរនេះ អាចបង្ហាញចេញលើសពីនេះដែរឬទេ? អត់ទេ គឺមិនអាចឡើយ! ដោយសារតែមនុស្សគឺជាមនុស្ស ហើយពួកគេអាចមើលទៅកាន់អ្វីៗគ្រប់យ៉ាងចេញពីការ​លើក​ឡើង និងទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះដែលយកកំណើតជាមនុស្ស មានលក្ខណៈខុសស្រឡះពីមនុស្សលោកដ៏ពុក​រលួយ​។ ទោះបីជា​សាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីជា​មនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងឥរិយាបថ​របស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សចេញពីទស្សនៈនៃភាពជាព្រះ ចេញពីការ​លើក​ឡើង​នៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែទតមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចទតមើលមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់ពួក​គេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់ពីអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងការ​លើក​ឡើង​ចេញពីអ្វីដែលពួកគេមើលឃើញ។ តើអ្នករាល់គ្នាមើលឃើញការបង្ហាញ និងការបើកសម្ដែងរបស់ព្រះជាម្ចាស់នៅក្នុងព្រះអម្ចាស់យេស៊ូវដែរឬទេ? អ្នកអាចនិយាយបានថា អ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងមានបន្ទូល គឺទាក់ទងនឹងព័ន្ធកិច្ចរបស់ទ្រង់ ព្រមទាំងទាក់ទងនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនោះគឺជាការបង្ហាញ និងការបើកសម្ដែងអំពីសារជាតិរបស់ព្រះជាម្ចាស់។ ទោះបីទ្រង់មានការបើកបង្ហាញជាមនុស្សក៏ដោយ ក៏សារជាតិជាព្រះរបស់ទ្រង់ និងការបើកសម្ដែងនៃភាពជាព្រះរបស់ទ្រង់មិនអាចត្រូវបដិសេធនោះដែរ។ តើការបើកបង្ហាញរបស់​មនុស្សនេះ ពិតជាការបើកបង្ហាញអំពីភាពជាមនុស្សដែរឬទេ? ដោយសារជាតិរបស់វា ការបើកបង្ហាញបែបមនុស្សរបស់ទ្រង់ មានលក្ខណៈខុសគ្នាស្រឡះពីការបើកបង្ហាញបែបមនុស្សរបស់មនុស្សដ៏ពុករលួយ។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស។ ប្រសិនបើទ្រង់បានត្រលប់ជាមនុស្សដ៏ពុករលួយធម្មតាម្នាក់មែន តើទ្រង់អាចទតឃើញជីវិតរបស់មនុស្សនៅក្នុងអំពើបាបចេញពីទស្សនៈជាព្រះដែរឬ​ទេ? ពិតជាមិនអាចឡើយ! នេះគឺជាភាពខុសគ្នារវាងបុត្រមនុស្ស និងមនុស្សធម្មតា​។ មនុស្សដ៏ពុករលួយសុទ្ធតែរស់នៅក្នុងអំពើបាប ហើយនៅពេលដែលអ្នកផ្សេងទៀតមើលឃើញអំពើបាប ពួកគេមិនមានអារម្មណ៍ជាក់លាក់ណាមួយអំពីវាឡើយ​។ ពួកគេទាំងអស់គ្នាគឺដូចគ្នា ដូចជាសត្វជ្រូកដែលកំពុងតែរស់នៅក្នុងភក់ជ្រាំ ដែលគ្មានអារម្មណ៍ដឹងទាល់តែសោះអំពីភាពមិនសុខស្រួល ឬភក់ជ្រាំ។ ផ្ទុយទៅវិញ វាគិតតែពីរឿងស៊ីចុក និងដេកលក់យ៉ាងស្រួលប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់លាងសម្អាតទ្រុងជ្រូក សត្វជ្រូកនឹងមានអារម្មណ៍មិនស្រួលឡើយ ហើយវានឹងមិនបន្តរក្សាខ្លួនឲ្យស្អាតឡើយ។ មិនយូរមិនឆាប់ វានឹងទៅរមៀលខ្លួនយ៉ាងសុខស្រួលនៅក្នុងភក់ជ្រាំម្ដងទៀត ដោយសារតែវាជាសត្វដ៏ស្មោកគ្រោក។ មនុស្សមើលឃើញសត្វជ្រូកជាសត្វស្មោកគ្រោក ប៉ុន្តែ ប្រសិនបើអ្នកលាងសម្អាតទ្រុងជ្រូក នោះវាគ្មានបានប្រសើរអ្វីឡើយ នេះជាហេតុផលដែលគ្មាននរណាម្នាក់ទុកសត្វជ្រូកនៅក្នុងផ្ទះរបស់ពួក​គេឡើយ។ របៀបដែលមនុស្សមើលឃើញសត្វជ្រូក នឹងតែងតែខុសគ្នាពីរបៀបដែលសត្វជ្រូកមានអារម្មណ៍ដោយខ្លួនវា ដោយសារតែមនុស្ស និងសត្វជ្រូកមិនស្ថិតនៅក្នុងប្រភេទដូចគ្នាឡើយ។ ហើយដោយសារតែបុត្រមនុស្សដែលយកកំណើតជាមនុស្សមិនចេញមកពីមនុស្សដ៏ពុករលួយ ដូច្នេះ មានតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចឈរចេញពីទស្សនៈជាព្រះ ចេញពីការ​លើក​ឡើង​របស់ព្រះជាម្ចាស់ ចេញពីទីដែលទ្រង់ទតឃើញមនុស្សជាតិ​ និងអ្វីៗគ្រប់យ៉ាង។

តើព្រះជាម្ចាស់ត្រូវរងទុក្ខលំបាកអ្វីខ្លះទៅ នៅពេលដែលទ្រង់ត្រលប់ជាសាច់ឈាម និងរស់នៅក្នុងចំណោមមនុស្សជាតិ​? តើទុក្ខវេទនានេះជាអ្វីទៅ? តើមាននរណាម្នាក់យល់ដែរឬទេ? មនុស្សខ្លះនិយាយថា ព្រះជាម្ចាស់រងទុក្ខលំបាកយ៉ាងខ្លាំង គេថាទោះបីជាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ ទោះបីជាមនុស្សមិនយល់អំពីសារជាតិរបស់ទ្រង់ក៏ដោយ ក៏មនុស្សតែងតែចាត់ទុកទ្រង់ ដូចជាមនុស្ស ដែលនាំឲ្យទ្រង់មានអារម្មណ៍ឈឺចាប់ និងមានកំហុស។ ដោយសារតែហេតុផលទាំងនេះ ពួកគេនិយាយថា ការរងទុក្ខលំបាករបស់ព្រះជាម្ចាស់ពិតជាធំធេងណាស់​។ មនុស្សផ្សេងទៀតនិយាយថា ព្រះជាម្ចាស់គ្មានកំហុស និងគ្មានបាបឡើយ ប៉ុន្តែ ទ្រង់បែរជារងទុក្ខដូចជាមនុស្សជាតិ​ ដោយទ្រង់​ជួបការបៀតបៀន ការមួលបង្កាច់ និងការឈឺចិត្តរួមជាមួយមនុស្សជាតិទៅវិញ។ ពួកគេនិយាយថា ទ្រង់ក៏រងការយល់ច្រឡំ និងការមិនស្ដាប់បង្គាប់ពីអ្នកដើរតាមរបស់ទ្រង់ដែរ។ ដូច្នេះ ពួកគេនិយាយថា ទុក្ខវេទនារបស់ព្រះជាម្ចាស់ពិតជាមិនអាចវាស់វែងបានឡើយ។ ឥឡូវនេះ វាហាក់ដូចជាអ្នករាល់គ្នាមិនទាន់យល់អំពីព្រះជាម្ចាស់ឡើយ។ ជាការពិត ទុក្ខវេទនាដែលអ្នករាល់គ្នានិយាយនេះ មិនទាន់ចាត់ទុកជាទុក្ខវេទនាដ៏ពិតសម្រាប់ព្រះជាម្ចាស់ឡើយ ដោយសារតែមានទុក្ខវេទនាដែលធំជាងនេះទៅទៀត​។ ដូច្នេះ តើអ្វីទៅជាទុក្ខវេទនាដ៏ពិតសម្រាប់ព្រះជាម្ចាស់? តើអ្វីទៅជាទុក្ខវេទនាដ៏ពិតសម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់? សម្រាប់ព្រះជាម្ចាស់ ការដែលមនុស្សជាតិ​មិនយល់អំពីទ្រង់ មិនត្រូវបានរាប់ជាទុក្ខវេទនាឡើយ ហើយការដែលមនុស្សមានការយល់ច្រឡំអំពីព្រះជាម្ចាស់ និងមិនឃើញទ្រង់ជាព្រះជាម្ចាស់ ក៏មិនរាប់ជាទុក្ខវេទនានោះដែរ។ យ៉ាងណាមិញ ជារឿយៗ មនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់ត្រូវតែរងភាពអយុត្តិធម៌ដ៏ធំ មានអារម្មណ៍ថា ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ចំណាយពេលនៅក្នុងសាច់ឈាម ទ្រង់មិនអាចបង្ហាញអង្គជាមនុស្សរបស់ទ្រង់ទៅកាន់មនុស្សជាតិ និងអនុញ្ញាតឲ្យមនុស្សមើលឃើញពីភាពធំធេងរបស់ទ្រង់ និងមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែបន្ទាបអង្គ​ទ្រង់​លាក់ព្រះកាយនៅក្នុងសាច់ឈាមដ៏តូចទាប និងមានអារម្មណ៍ថា ការនេះត្រូវតែជាទារុណកម្មដ៏ធំមួយសម្រាប់ទ្រង់។ មនុស្សយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេអាចយល់ និងអ្វីដែលពួកគេអាចមើលឃើញអំពីទុក្ខវេទនារបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមបង្ហាញការយល់ចិត្តគ្រប់យ៉ាង​អំពីទ្រង់ ហើយជារឿយៗ ពួក​គេថែមទាំងសម្ដែងការសរសើរតម្កើងតិចតួចចំពោះទុក្ខវេទនារបស់ទ្រង់ទៀតផង។ នៅក្នុងតថភាពជាក់ស្ដែង វាមានភាពខុសគ្នា។ វាមានគម្លាតមួយនៅចន្លោះអ្វីដែលមនុស្សយល់អំពីទុក្ខវេទនារបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មានអារម្មណ៍យ៉ាងពិតប្រាកដ។ ខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាអំពីសេចក្តីពិតថា សម្រាប់ព្រះជាម្ចាស់ មិនថាជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ ទុក្ខវេទនាដែលពណ៌នាខាងលើនេះ មិនមែនជាទុក្ខវេទនាដ៏ពិតប្រាកដឡើយ​។ តើអ្វីទៅជាទុក្ខវេទនាដ៏ពិតរបស់ព្រះជាម្ចាស់? យើងនឹងនិយាយអំពីទុក្ខវេទនារបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ។

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ត្រលប់ជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលរស់នៅជាមួយមនុស្សនៅ​ក្នុង​ចំណោម​មនុស្សជាតិ​ តើទ្រង់មិនអាចទតឃើញ និងមានអារម្មណ៍ដឹងអំពីវិធីសាស្ត្រ ក្បួនច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់មនុស្សទេឬ? តើវិធីសាស្ត្រ និងក្បួនច្បាប់សម្រាប់ការរស់នៅទាំងនេះ ធ្វើឲ្យទ្រង់មានអារម្មណ៍ដូចម្ដេចដែរ? តើទ្រង់មានអារម្មណ៍ស្អប់ខ្ពើមនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឬទេ? ហេតុអ្វីបានជាទ្រង់មានអារម្មណ៍ស្អប់ខ្ពើម? តើវិធីសាស្ត្រ និងក្បួនច្បាប់សម្រាប់ការរស់នៅរបស់មនុស្សមានអ្វីខ្លះទៅ? តើវាចាក់ឫសនៅក្នុងគោលការណ៍អ្វីខ្លះ? តើវាមានមូលដ្ឋានលើអ្វីទៅ? វិធីសាស្ត្រ ក្បួនច្បាប់របស់មនុស្សជាតិ និងអ្វីៗផ្សេងទៀតដែលមានទំនាក់ទំនងនឹងរបៀបរស់នៅ សុទ្ធតែត្រូវបានបង្កើតឡើងលើមូលដ្ឋានតក្កៈ ចំណេះដឹង និងទស្សនវិជ្ជារបស់អារក្សសាតាំងទាំងអស់​។ មនុស្សដែលកំពុងតែរស់នៅក្រោមក្បួនច្បាប់ទាំងនេះ គ្មានភាពជាមនុស្សឡើយ ហើយក៏គ្មានសេចក្តីពិតដែរ ដ្បិតក្បួនច្បាប់ទាំងអស់នេះ សុទ្ធតែបង្ខូចដល់សេចក្តីពិត និងប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើយើងពិនិត្យ​មើលសារជាតិរបស់ព្រះជាម្ចាស់ នោះយើងនឹងមើលឃើញថា សារជាតិរបស់ទ្រង់ពិតជាផ្ទុយស្រឡះពីតក្កៈ ចំណេះដឹង និងទស្សនវិជ្ជារបស់អារក្សសាតាំង។ សារជាតិរបស់ទ្រង់គឺពេញដោយសេចក្តីសុចរិត សេចក្តីពិត និងភាពបរិសុទ្ធ ព្រមទាំងភាពវិជ្ជមានទាំងអស់ផ្សេងទៀត។ តើព្រះជាម្ចាស់ដែលមានសារជាតិនេះ និងរស់នៅក្នុងចំណោមមនុស្សជាតិបែបនេះ មានអារម្មណ៍ដូចម្ដេចទៅ? តើទ្រង់មានអារម្មណ៍អ្វីខ្លះនៅក្នុងព្រះហឫទ័យរបស់ទ្រង់? តើវាមិនពេញដោយការឈឺចាប់ទេឬអី? ព្រះហឫទ័យរបស់ទ្រង់រងការឈឺចាប់ ជាការឈឺចាប់មួយដែលគ្មាននរណាម្នាក់អាចយល់ ឬជួបប្រទះឡើយ។ នោះគឺដោយសារតែអ្វីៗគ្រប់យ៉ាងដែលទ្រង់ជួបប្រទះ ស្ដាប់ឮ ទតឃើញ និងដកពិសោធន៍ សុទ្ធតែជាសេចក្តីពុករលួយ ការអាក្រក់ ការបះបោរ និងការជំទាស់របស់មនុស្សដែលមានចំពោះសេចក្តីពិត។ អ្វីៗគ្រប់យ៉ាងដែលចេញមកពីមនុស្ស គឺជាប្រភពនៃទុក្ខវេទនារបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែសារជាតិរបស់ទ្រង់មិនដូចជាសារជាតិរបស់មនុស្សដ៏ពុករលួយ ទើប​សេចក្តីពុករលួយរបស់មនុស្សក្លាយជាប្រភពនៃទុក្ខវេទនាដ៏ធំបំផុតរបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម តើទ្រង់អាចរកឃើញនរណាម្នាក់ដែលមានភាសាដូចគ្នាជាមួយទ្រង់ឬទេ? មនុស្សបែបនេះមិនអាចរកឃើញនៅក្នុងចំណោមមនុស្សជាតិ​ឡើយ។ គ្មាននរណាម្នាក់ដែលទ្រង់អាចប្រាស្រ័យទាក់ទងជាមួយ ឬអាចមានកិច្ចសន្ទនាបែបនេះជាមួយព្រះជាម្ចាស់នោះឡើយ។ តើអ្នកនឹងនិយាយថា ព្រះជាម្ចាស់មានអារម្មណ៍បែបណាទៅ? អ្វីដែលមនុស្សពិភាក្សា ស្រឡាញ់ ដេញតាម និងទន្ទឹងចង់បាន សុទ្ធតែពាក់ព័ន្ធជាមួយអំពើបាប និងទំនោរខាងការអាក្រក់ទាំងអស់។ នៅពេលដែលព្រះជាម្ចាស់ជួបរឿងទាំងនេះ តើវាមិនដូចជាយកកាំបិតមកចាក់ព្រះហឫទ័យរបស់ទ្រង់ទេឬ? ដោយជួបជាមួយរឿងទាំងនេះ តើទ្រង់អាចមានអំណរនៅក្នុងព្រះហឫទ័យរបស់ទ្រង់ដែរឬ? តើទ្រង់អាចមានការកម្សាន្តចិត្តដែរឬទេ? អស់អ្នកដែលកំពុងតែរស់នៅជាមួយទ្រង់ គឺជាមនុស្សដែលពេញដោយការបះបោរ និងការអាក្រក់ តើព្រះហឫទ័យរបស់ទ្រង់អាចមិនរងទុក្ខយ៉ាងម៉េចកើតទៅ? តើទុក្ខវេទនានេះធំធេងប៉ុនណា ហើយតើមាននរណាខ្លះខ្វល់ខ្វាយអំពីទុក្ខរបស់ទ្រង់ទៅ? តើនរណាយកចិត្តទុកដាក់ទៅ? តើនរណាមានសមត្ថភាពអាចយល់បានទៅ? មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ទុក្ខវេទនារបស់ទ្រង់ជាអ្វីមួយដែលមនុស្សមិនអាចយល់បានឡើយ ហើយភាពត្រជាក់ និងភាពស្ពឹកស្រពន់របស់មនុស្សធ្វើឲ្យទុក្ខវេទនារបស់ព្រះជាម្ចាស់មានកាន់តែខ្លាំងឡើង។

មនុស្សខ្លះយល់ពីស្ថានភាពរបស់ព្រះគ្រីស្ទ ជារឿយៗ ដោយសារតែមានខគម្ពីរមួយដែលចែងថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វបក្សាបក្សី​ក៏​មាន​សម្បុក​របស់​ដែរ ប៉ុន្តែបុត្រមនុស្ស​គ្មាន​កន្លែង​ណា​នឹងធ្វើជាកំណល់​ព្រះសិរសាទ្រង់ឡើយ»។ នៅពេលដែលមនុស្សឮអំពីខគម្ពីរនេះ ពួកគេយកដាក់ក្នុងចិត្ត ហើយជឿថា នេះគឺជាទុក្ខវេទនាដ៏ធំបំផុតដែលព្រះជាម្ចាស់មាន និងជាទុក្ខវេទនាដ៏ធំបំផុតដែលព្រះគ្រីស្ទមាន។ ឥឡូវនេះ បើមើលទៅកាន់បញ្ហានេះចេញពីទស្សនៈនៃការពិតវិញ តើវាជាទុក្ខវេទនាឬទេ? គឺអត់ទេ។ ព្រះជាម្ចាស់មិនជឿថា ទុក្ខលំបាកទាំងនេះជាទុក្ខវេទនាឡើយ។ ទ្រង់មិនដែលស្រែកឡើងអំពីភាពអយុត្តិធម៌ ដោយ​សារតែទុក្ខលំបាកខាងសាច់ឈាមរបស់ទ្រង់ ហើយក៏មិនដែលឲ្យមនុស្សតបស្នង ឬផ្ដល់រង្វាន់ដល់ទ្រង់ជាអ្វីមួយនោះដែរ។ យ៉ាងណាមិញ នៅពេលដែលទ្រង់ទតឃើញអ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ និងអំពីជីវិតដ៏ពុករលួយ និងការអាក្រក់របស់មនុស្សដ៏ពុករលួយ នៅពេលដែលទ្រង់ទតឃើញថា មនុស្សជាតិស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាតាំង និងត្រូវបានជាប់ឃុំឃាំងដោយអារក្សសាតាំង ហើយគេមិនអាចរត់គេចបាន គឺថា​មនុស្សដែលកំពុងរស់នៅក្នុងអំពើបាប មិនដឹងអ្វីទៅជាសេចក្តីពិតឡើយ ហើយទ្រង់មិនអាចអត់ឱនចំពោះអំពើបាបទាំងអស់នេះបានទេ។ ការស្អប់ខ្ពើមរបស់ទ្រង់ចំពោះមនុស្សចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែទ្រង់មានតែអត់ទ្រាំប៉ុណ្ណោះ។ នេះជាទុក្ខវេទនាដ៏ធំរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនអាចបញ្ចេញព្រះសូរសៀងនៃព្រះហឫទ័យទាំងអស់របស់ទ្រង់ ឬបញ្ចេញអារម្មណ៍របស់ទ្រង់នៅក្នុងចំណោមអ្នកដើរតាមរបស់ទ្រង់ ហើយក៏គ្មាននរណាម្នាក់នៅក្នុងចំណោមអ្នកដើរតាមទ្រង់អាចយល់អំពីទុក្ខវេទនារបស់ទ្រង់នោះដែរ។ គ្មាននរណាម្នាក់ព្យាយាមយល់ ឬកម្សាន្តព្រះហឫទ័យរបស់ទ្រង់ឡើយ គឺទ្រង់ត្រូវតែអត់ទ្រាំទទួលយកទុក្ខវេទនានេះពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយពេលទៅមួយពេលប៉ុណ្ណោះ។ តើអ្នករាល់គ្នាយល់ឃើញអ្វីខ្លះនៅក្នុងចំណុចនេះ? ព្រះជាម្ចាស់មិនបានទាមទារឲ្យមនុស្សតបស្នងសងគុណទ្រង់ចំពោះអ្វីដែលទ្រង់បានប្រទានដល់គេនោះឡើយ ប៉ុន្តែដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ ទ្រង់មិនអាចអត់ឱនចំពោះការអាក្រក់ សេចក្តីពុករលួយ និងអំពើបាបរបស់មនុស្សតទៅទៀតបានឡើយ ផ្ទុយទៅវិញ ទ្រង់មានអារម្មណ៍ខ្ពើមរអើម និងស្អប់យ៉ាងខ្លាំង ដែលនាំឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសាច់ឈាមរបស់ទ្រង់ត្រូវអត់ទ្រាំនឹងទុក្ខវេទនាមិនចេះចប់។ តើអ្នករាល់គ្នាធ្លាប់មើលឃើញការនេះឬទេ? ភាគច្រើន គ្មាននរណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នាអាចមើលឃើញការនេះឡើយ ដោយសារតែគ្មាននរណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នាអាចយល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ យូរ​ទៅ អ្នកគួរតែដកពិសោធន៍អំពីការនេះដោយខ្លួនឯងបន្ដិចម្ដងៗ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់...

ចូរអត់ទោសប្រាំពីរចិតសិបដង និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

៤. ចូរអត់ទោសប្រាំ​ពីរ​ចិតសិបដង ម៉ាថាយ ១៨:២១-២២ ពេល​នោះ លោកពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ ព្រះ‌អម្ចាស់​អើយ...

ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់ពួក​សិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ

យ៉ូហាន ២០:២៦-២៩ ហើយប្រាំបី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​របស់ទ្រង់​បានជុំគ្នានៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ កាល​នោះ...