ព្រះយេស៊ូវធ្វើការឫទ្ធិ​បារមី

24-02-2021

១. ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់

យ៉ូហាន ៦:៨-១៣ នៅក្នុងចំណោមសិស្សរបស់ទ្រង់ មាន​សិស្ស​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស ទូលប្រាប់ទ្រង់​ថា៖ នៅ​ទី​នេះ ​មាន​ក្មេង​ប្រុស​ម្នាក់មាន​នំបុ័ង​ម្សៅ​​ប្រាំដុំ និង​ត្រី​តូចៗ​ពីរកន្ទុយ ប៉ុន្តែ តើវានឹងឲ្យគ្រាន់ដល់​មនុស្សដ៏ច្រើននេះដូចម្ដេចទៅ? ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ចុះ​ទៅ។ នៅ​ទី​នោះ មាន​ស្មៅជា​ច្រើន ដូច្នេះ គេ​នាំ​គ្នា​អង្គុយចុះ ហើយមាន​ចំនួន​ប្រហែល​ជា​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ រួចប្រទាន​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ។ ហើយទ្រង់ក៏ធ្វើបែបនេះចំពោះ​ត្រីផងដែរ ហើយចែកដល់ពួកគេ តាមតែគេ​ចង់​បាន។ កាលពួក​គេបាន​ឆ្អែត​គ្រប់​គ្នា​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ ចូរ​ប្រមូល​បំណែក​ដែល​នៅ​សល់ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ។ ដូច្នេះ ពួកគេ​ក៏បានប្រមូលបំណែក​នំបុ័ង​ម្សៅ​ ដែល​នៅសល់​ពី​នំប៉័ងប្រាំ​ដុំ ក្រោយ​ពី​បាន​បរិ‌ភោគ​ហើយ​នោះ បាន​ពេញ​ដប់ពីរ​កន្ត្រក។

២. ការរស់ឡើងវិញរបស់ឡាសារ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់

យ៉ូហាន ១១:៤៣-៤៤ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាំងនេះរួច ទ្រង់ក៏​បន្លឺ​ព្រះ​សូរសៀង​ខ្លាំងៗ​ថា៖ ឡាសារ​អើយ ចូរចេញ​មក! ហើយមនុស្ស​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​ក្រណាត់​រុំសព រុំព័ទ្ធជុំវិញ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួកគេ​ថា៖ ចូរស្រាយក្រណាត់ចេញពីខ្លួនគាត់ ហើយឲ្យគាត់អញ្ជើញទៅចុះ។

នៅក្នុងចំណោមការឫទ្ធិបារមីដែលព្រះអម្ចាស់យេស៊ូវបានធ្វើ យើងបានជ្រើសរើសការឫទ្ធិ​បារមី​តែពីរប៉ុណ្ណោះ ដោយសារតែការឫទ្ធិ​បារមី​ទាំងនេះមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញអំពីអ្វីដែលខ្ញុំចង់និយាយនៅត្រង់នេះ។ ការឫទ្ធិ​បារមី​ទាំងពីរនេះពិតជាគួរឲ្យភ្ញាក់​ផ្អើល និងជាតំណាងដ៏ខ្ពង់ខ្ពស់អំពី​ការឫទ្ធិ​បារមី​ដែលព្រះអម្ចាស់យេស៊ូវបានធ្វើ នៅក្នុងយុគសម័យនៃព្រះគុណ។

ជាដំបូង ចូរយើងពិនិត្យមើលបទគម្ពីរទីមួយ៖​ ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់។

តើអ្វីទៅជាគោលគំនិតនៃ «នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»? តាមធម្មតា តើមានមនុស្សប៉ុន្មាននាក់អាចទទួលទានបានគ្រប់គ្រាន់ជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយទៅ? ប្រសិនបើអ្នកវាស់វែងជាមួយរបបអាហាររបស់មនុស្សធម្មតាម្នាក់ នោះវានឹងបានគ្រប់គ្រាន់សម្រាប់តែមនុស្សពីរនាក់ប៉ុណ្ណោះ។ នេះគឺជាគោលគំនិតចម្បងបំផុតនៃ «នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»។ យ៉ាងណាមិញ នៅក្នុងបទគម្ពីរនេះ តើមានមនុស្សប៉ុន្មាននាក់​ដែលបានទទួលទានឆ្អែត ដោយសារតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយទៅ? ខាងក្រោមនេះគឺជាអ្វីដែលត្រូវបានកត់ត្រានៅក្នុងបទគម្ពីរ៖ «នៅ​ទី​នោះ មាន​ស្មៅជា​ច្រើន ដូច្នេះ គេ​នាំ​គ្នា​អង្គុយចុះ ហើយមាន​ចំនួន​ប្រហែល​ជា​ប្រាំ​ពាន់​នាក់​។» បើធៀបជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ តើមនុស្សប្រាំពាន់នាក់ជាចំនួនដ៏ច្រើនឬទេ? តើវាបង្ហាញដោយរបៀបណាទៅថា តួលេខនេះជាចំនួនដ៏ធំ? ចេញពីទស្សនៈរបស់មនុស្ស ការបែងចែកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយជាមួយមនុស្សប្រាំពាន់នាក់ គឺជារឿងមិនអាចទៅរួចនោះឡើយ ដោយសារតែភាពខុសគ្នារវាងមនុស្ស និងអាហារនោះ គឺធំធេងពេក។ ទោះបីជា​មនុស្សគ្រប់គ្នាបរិភោគម្នាក់តែមួយម៉ាត់ ក៏វានៅតែមិនគ្រប់គ្រាន់សម្រាប់មនុស្សប្រាំពាន់នាក់នោះដែរ។ ប៉ុន្តែ នៅត្រង់នេះ ព្រះអម្ចាស់យេស៊ូវបានធ្វើការឫទ្ធិ​បារមី​មួយ។ ទ្រង់មិនគ្រាន់តែធានាឲ្យមនុស្សទាំងប្រាំពាន់នាក់អាចទទួលទានបានឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែ ក៏នៅមានអាហារសេសសល់ទៀតផង។ បទគម្ពីរចែងថា៖ «កាលពួក​គេបាន​ឆ្អែត​គ្រប់​គ្នា​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ ចូរ​ប្រមូល​បំណែក​ដែល​នៅ​សល់ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ។ ដូច្នេះ ពួកគេ​ក៏បានប្រមូលបំណែក​នំបុ័ង​ម្សៅ​ដែល​នៅសល់​ពី​នំប៉័ងប្រាំ​ដុំ ក្រោយ​ពី​បាន​បរិ‌ភោគ​ហើយ​នោះ បាន​ពេញ​ដប់ពីរ​កន្ត្រក»។ ការឫទ្ធិ​បារមី​នេះបានជួយឲ្យមនុស្សមើលឃើញពីអត្តសញ្ញាណ និងឋានៈរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏មើលឃើញថា គ្មានអ្វីមួយដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។ តាមរបៀបនេះ ពួកគេបានមើលឃើញពីសេចក្ដីពិតនៃសព្វា​នុភាពរបស់ព្រះជាម្ចាស់។ នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយគឺមានចំនួនគ្រប់គ្រាន់ ដើម្បីចម្អែតមនុស្សប្រាំពាន់នាក់ ប៉ុន្តែ ប្រសិនបើវាគ្មានអាហារទាំងនេះវិញ តើព្រះជាម្ចាស់នឹងអាចប្រទានអាហារដល់មនុស្សទាំងប្រាំពាន់នាក់នេះបានដែរឬទេ? ជាការពិត ទ្រង់ពិតជាអាចធ្វើបាន! នេះគឺជាការឫទ្ធិ​បារមី ដូច្នេះ មនុស្សមានអារម្មណ៍ថា វាពិតជាហួសពីការយល់ដឹង ពិតជាអស្ចារ្យ និងមាន​អាថ៌កំបាំងខ្លាំងណាស់ ប៉ុន្តែ សម្រាប់ព្រះជាម្ចាស់ វាគ្មានអ្វីដែលអស្ចារ្យនោះឡើយ។ ដោយសារតែនេះជារឿងសាមញ្ញសម្រាប់ព្រះជាម្ចាស់ ហេតុអ្វីបានជាយើងជ្រើសរើសយករឿងនេះមកធ្វើការបកស្រាយឥឡូវនេះ? គឺដោយសារតែអត្ថន័យដែលនៅពីក្រោយការឫទ្ធិ​បារមី​នេះ គឺជាព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ ដែលមនុស្សជាតិ​មិនធ្លាប់បានដឹងពីមុនមកឡើយ។

ជាដំបូង ចូរយើងព្យាយាមយល់អំពីប្រភេទមនុស្សទាំងប្រាំពាន់នាក់នេះ សិន​។ តើពួកគេជាអ្នកដើរតាមព្រះអម្ចាស់យេស៊ូវឬ? តាម​រយៈ​បទគម្ពីរ យើងដឹងថា ពួកគេមិនមែនជាអ្នកដើរតាមទ្រង់ឡើយ។ តើពួកគេបានដឹងអំពីព្រះអម្ចាស់យេស៊ូវជានរណាដែរឬទេ? គឺអត់ឡើយ! យ៉ាងហោចណាស់ ពួកគេមិនបានដឹងថា បុគ្គលដែលកំពុងតែឈរនៅមុខពួកគេ គឺជាព្រះគ្រីស្ទ ឬប្រហែលមានមនុស្សខ្លះបានស្គាល់ព្រះនាមរបស់ទ្រង់ និងធ្លាប់ដឹង ឬធ្លាប់ឮអ្វីមួយដែលទ្រង់បានធ្វើតែប៉ុណ្ណោះ។ ការចង់ដឹងរបស់ពួក​គេអំពីព្រះអម្ចាស់យេស៊ូវត្រូវបានកើតឡើង នៅពេលដែលពួកគេបានឮសាច់រឿងអំពីទ្រង់ ប៉ុន្តែ អ្នកមិនអាចនិយាយបានថា ពួកគេបានដើរតាមទ្រង់ ឬក៏បានយល់អំពីទ្រង់នោះឡើយ។ នៅពេលដែលព្រះអម្ចាស់​យេស៊ូវបានទតឃើញមនុស្សទាំងប្រាំពាន់នាក់នេះ ពួកគេបានស្រេកឃ្លាន ហើយគិតតែអំពីអាហារមកចម្អែតក្រពះរបស់ពួក​គេប៉ុណ្ណោះ ដូច្នេះ គឺស្ថិតនៅក្នុងបរិបទនេះហើយដែលព្រះអម្ចាស់យេស៊ូវបានបំពេញតាមបំណងរបស់ពួក​គេ។ នៅពេលដែលទ្រង់បានបំពេញតាមបំណងរបស់ពួក​គេ តើទ្រង់មានព្រះហឫទ័យអ្វីទៅ? តើអ្វីទៅជាឥរិយាបថ​របស់ទ្រង់ចំពោះមនុស្សទាំងនេះ ដែលគ្រាន់តែចង់បានអាហារមកចម្អែតក្រពះនោះ? នៅគ្រានោះ ព្រះតម្រិះ និងឥរិយាបថ​របស់ព្រះអម្ចាស់យេស៊ូវ គឺទាក់ទងនឹងនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់។ ដោយប្រឈមជាមួយមនុស្សប្រាំពាន់នាក់ដែលនៅពោះទទេ ស្រេកឃ្លានចង់បានអាហារញ៉ាំឲ្យឆ្អែត ដោយប្រឈមជាមួយមនុស្សពេញដោយភាពចង់ដឹង និងសេចក្តីសង្ឃឹមលើទ្រង់ ព្រះអម្ចាស់យេស៊ូវបានព្រះ​តម្រិះ​អំពីការប្រើប្រាស់ការឫទ្ធិ​បារមីនេះ ដើម្បីប្រទានព្រះគុណទៅលើពួកគេតែប៉ុណ្ណោះ។ យ៉ាងណាមិញ ទ្រង់មិនបានបង្កើនសេចក្តីសង្ឃឹមរបស់ទ្រង់ថា ពួកគេនឹងក្លាយជាអ្នកដើរតាមទ្រង់ឡើយ ព្រោះទ្រង់បានជ្រាបថា ពួកគេគ្រាន់តែចង់ចូលរួមសប្បាយ និងបរិភោគឲ្យឆ្អែតតែប៉ុណ្ណោះ ដូច្នេះ ទ្រង់បានប្រើប្រាស់អ្វីដែលទ្រង់មាន​នៅទីនោះឲ្យអស់លទ្ធភាព ហើយប្រើប្រាស់នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ ដើម្បីប្រទានអាហារដល់មនុស្សប្រាំពាន់នាក់។ ទ្រង់បានបើកភ្នែករបស់មនុស្សទាំងនេះ ដែលរីករាយនឹងអ្វីៗដ៏រំភើប ជាអ្នកដែលចង់ឃើញការអស្ចារ្យ ហើយពួកគេបានឃើញផ្ទាល់នឹងភ្នែករបស់ពួក​គេនូវកិច្ចការដែលព្រះជា​ម្ចាស់​ដែល​យកកំណើតជាមនុស្សអាចសម្រេចបាន។ ទោះបីព្រះអម្ចាស់យេស៊ូវបានប្រើអ្វីមួយរូបិយ ដើម្បីចម្អែតការចង់ដឹងរបស់ពួក​គេក៏ដោយ ប៉ុន្តែ ទ្រង់ក៏បានជ្រាបក្នុងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយថា មនុស្សទាំងប្រាំពាន់នាក់នេះគ្រាន់តែចង់បានអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះ ដូច្នេះ ទ្រង់មិនបានអធិប្បាយព្រះបន្ទូលទៅកាន់ពួកគេ ឬមាន​បន្ទូល​អំពី​អ្វីមួយសោះឡើយ គឺទ្រង់គ្រាន់តែឲ្យពួកគេមើលឃើញការឫទ្ធិ​បារមី​ដែលបានកើតឡើងតែប៉ុណ្ណោះ។ ពិតណាស់ ទ្រង់មិនអាចប្រព្រឹត្តចំពោះមនុស្សទាំងនេះទៅតាមរបៀបដូចគ្នាដែលទ្រង់បានប្រព្រឹត្តចំពោះសិស្សរបស់ទ្រង់ ដែលបានដើរតាមទ្រង់យ៉ាងពិតប្រាកដឡើយ ប៉ុន្តែ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ សត្ត​និករ​ទាំងអស់សុទ្ធ​តែ​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់នឹងអនុញ្ញាតឲ្យសត្ត​និករទាំងអស់ដែលស្ថិតនៅក្នុងព្រះនេត្ររបស់​ទ្រង់ ទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលដ៏ចាំបាច់។ ទោះបីជា​មនុស្សទាំងអស់នេះមិនស្គាល់ទ្រង់ជានរណា និងមិនបានយល់ពីទ្រង់ ឬមិនមានការចាប់អារម្មណ៍ ឬចិត្តកតញ្ញូចំពោះទ្រង់ សូម្បីតែក្រោយពេលដែល​ពួកគេបានទទួលទាននំប៉័ង និងត្រីក៏ដោយ ក៏នេះមិនមែនជាអ្វីមួយដែលធ្វើឲ្យព្រះជាម្ចាស់មានកង្វល់នោះដែរ ដោយ​សារ​តែទ្រង់បានប្រទានឲ្យមនុស្សទាំងនេះនូវឱកាសដ៏អស្ចារ្យមួយ ដើម្បីរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ មនុស្សខ្លះនិយាយថា ព្រះជាម្ចាស់មានគោលការណ៍នៅក្នុងអ្វីដែលទ្រង់ធ្វើ គេនិយាយថា ទ្រង់មិនទតមើល ឬការពារអ្នកមិនជឿ និងនិយាយថែមទៀតថា ទ្រង់មិនអនុញ្ញាតឲ្យពួកគេរីករាយនឹងព្រះគុណរបស់ទ្រង់ឡើយ។ តើវាពិតជាបែបនេះមែនទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដរាបណាពួកគេជាសត្តនិករដែល​មានជីវិត ដែលទ្រង់បានបង្កើតមក នោះទ្រង់នឹងគ្រប់គ្រង និងមើលថែពួកគេ ហើយទ្រង់នឹងព្យាបាលពួកគេ​រៀបចំផែនការសម្រាប់ពួកគេ និងគ្រប់គ្រងពួកគេតាម​របៀប​ជា​ច្រើន​យ៉ាង​។ នេះគឺជាព្រះតម្រិះ និងឥរិយាបថ​របស់ព្រះជាម្ចាស់ដែលមានចំពោះអ្វីៗទាំងអស់។

ទោះបីមនុស្សប្រាំពាន់នាក់ដែលបានទទួលទាននំប៉័ង និងត្រី មិនមានគម្រោងដើរតាមព្រះអម្ចាស់យេស៊ូវក៏ដោយ ប៉ុន្តែទ្រង់មិនបានទាមទារអ្វីមួយពីពួកគេឡើយ។ នៅពេលដែលពួកគេទទួលទានឆ្អែតហើយ តើអ្នករាល់គ្នាដឹងអំពីអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើដែរឬទេ? តើទ្រង់បានប្រកាសព្រះបន្ទូលទៅកាន់ពួកគេដែរឬទេ? តើទ្រង់បានយាងទៅណា ក្រោយពេលចម្អែតពួកគេរួចហើយ? បទគម្ពីរមិនបានកត់ត្រាថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអ្វីទៅកាន់ពួកគេឡើយ គឺគ្រាន់តែកត់ត្រាថា ទ្រង់បានចាកចេញទៅស្ងាត់ៗ នៅពេលដែលទ្រង់បានធ្វើការឫទ្ធិ​បារមី​របស់ទ្រង់ហើយ។ ដូច្នេះ តើទ្រង់មានសេចក្ដី​តម្រូវណាមួយចំពោះមនុស្សទាំងនេះដែរឬទេ? តើមានការស្អប់ណាមួយឬទេ? គឺគ្មានឡើយ។ ទ្រង់លែងចង់យកព្រះ​តម្រិះ​ទៅគិតលើមនុស្សទាំងនេះ ដែលមិនអាចដើរតាមទ្រង់ទៀតហើយ ហើយនៅពេលនោះ ព្រះហឫទ័យរបស់ទ្រង់មានការឈឺចាប់។ ដោយសារតែទ្រង់បានទតឃើញភាពអាក្រក់របស់មនុស្សជាតិ ហើយទ្រង់មានអារម្មណ៍ដឹងពីការបដិសេធរបស់មនុស្សចំពោះទ្រង់ នៅពេលដែលទ្រង់បានទតឃើញមនុស្សទាំងនេះ ហើយទ្រង់បានគង់នៅជាមួយពួកគេ ភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់មនុស្សបានធ្វើឲ្យទ្រង់សោកសៅយ៉ាងខ្លាំង ព្រះហឫទ័យរបស់ទ្រង់បានឈឺចាប់ ហើយអ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើ គឺចាកចេញពីមនុស្សទាំងនេះកាន់តែឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រះអម្ចាស់មិនបានទាមទារអ្វីពីពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឡើយ ទ្រង់មិនចង់យកព្រះ​តម្រិះ​ទៅគិតពីពួកគេទេ ហើយលើសពីនេះ ទ្រង់មិនចង់ចំណាយថាមពលរបស់ទ្រង់ទៅលើពួកគេទៀតឡើយ។ ទ្រង់បានជ្រាបថា ពួកគេមិនអាចដើរតាមទ្រង់ឡើយ ប៉ុន្តែ ថ្វីបើទ្រង់ជ្រាបដឹងបែបនេះក៏ដោយ ក៏ឥរិយាបថ​របស់ទ្រង់ចំពោះពួកគេនៅតែច្បាស់លាស់ដដែល។ ទ្រង់គ្រាន់តែចង់ធ្វើល្អដាក់ពួកគេ ប្រទានព្រះគុណដល់ពួកគេ ហើយពិតណាស់ នេះជាឥរិយាបថ​របស់ព្រះជាម្ចាស់ដែលមានចំពោះសត្ត​និករគ្រប់រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ គឺជាការធ្វើល្អដាក់សត្ត​និករគ្រប់រូប ផ្គត់ផ្គង់ដល់ពួកគេ និងជួយឲ្យពួកគេលូតលាស់បានល្អ។ សម្រាប់ហេតុផលដែលនាំឲ្យព្រះអម្ចាស់យេស៊ូវក្លាយជាព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ទ្រង់បានបើកសម្ដែងយ៉ាងច្បាស់អំពីសារជាតិរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តចំពោះមនុស្សទាំងនេះយ៉ាងល្អ។ ទ្រង់បានប្រព្រឹត្តចំពោះពួកគេដោយព្រះ​ហឫទ័យ​មេត្តា និងសេចក្តីអត់ឱន ហើយទ្រង់ក៏បង្ហាញព្រះ​ហឫទ័យ​សប្បុរសដល់ពួកគេដែរ។ មិន​ថា​មនុស្សទាំងនេះបានមើល​ទៅ​ព្រះអម្ចាស់យេស៊ូវបែបណា ហើយទោះបីវាមានលទ្ធផលបែបណាក៏ដោយ ក៏ទ្រង់បានប្រព្រឹត្តចំពោះសត្ត​និករគ្រប់រូប ដោយផ្អែកលើគោលជំហររបស់ទ្រង់ ក្នុងនាមជាព្រះអម្ចាស់នៃ​ការ​បង្កើត​ទាំង​អស់​ដែរ។ ដោយគ្មានការលើកលែង អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែង គឺជានិស្ស័យរបស់ព្រះជាម្ចាស់ ជាកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ព្រះអម្ចាស់យេស៊ូវបានធ្វើរឿងនេះស្ងាត់ៗ ហើយបន្ទាប់មក ទ្រង់បានចាកចេញទៅស្ងាត់ៗ។ តើនេះជានិស្ស័យរបស់ព្រះជាម្ចាស់ក្នុងទិដ្ឋភាពបែបណាទៅ? តើអ្នកអាចនិយាយថា នេះជាសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ឬ? តើអ្នកអាចនិយាយថា នេះជាភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ឬ? តើនេះជាអ្វីមួយដែលមនុស្សធម្មតាអាចធ្វើបានឬទេ? មិនប្រាកដឡើយ! ជារួមមក តើនរណាទៅជាមនុស្សទាំងប្រាំពាន់នាក់ដែលព្រះអម្ចាស់យេស៊ូវបានប្រទានអាហារជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះ? តើអ្នកអាចនិយាយបានថា ពួកគេជាមនុស្សដែលបានចុះសម្រុងជាមួយទ្រង់ឬ? តើអ្នកអាចនិយាយថា ពួកគេទាំងអស់សុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់ឬ? គឺអាចនិយាយបានយ៉ាងប្រាកដថា ពួកគេមិនបានចុះសម្រុងជាមួយព្រះអម្ចាស់ទេ ហើយសារជាតិរបស់ពួក​គេក៏ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ប៉ុន្តែ តើព្រះជាម្ចាស់បានប្រព្រឹត្តចំពោះពួកគេដោយរបៀបណាទៅ? ទ្រង់បានប្រើវិធីសាស្ត្រកាត់បន្ថយការប្រឆាំងរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ វិធីសាស្ត្រនេះត្រូវបានហៅថា «ចិត្តសប្បុរស»។ ព្រោះថាទោះបីជាព្រះអម្ចាស់យេស៊ូវបានទតឃើញមនុស្សទាំងនេះជាមនុស្សបាបក៏ដោយ ប៉ុន្តែ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេជាការ​បង្កើត​របស់ទ្រង់ ដូច្នេះ ទ្រង់នៅតែប្រព្រឹត្តចំពោះមនុស្សបាបទាំងនេះដោយព្រះ​ហឫទ័យ​សប្បុរសដដែល។ នេះគឺជាសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ហើយសេចក្តីអត់ឱននេះត្រូវបានកំណត់ដោយអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ នេះជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់បានបង្កើតមកនោះ អាចធ្វើបានឡើយ។ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើបាន។

នៅពេលដែលអ្នកអាចយល់យ៉ាងពិតប្រាកដអំពីព្រះតម្រិះ និងឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សជាតិ នៅពេលដែលអ្នកអាចយល់អំពីអារម្មណ៍ និងក្ដីកង្វល់របស់ព្រះជាម្ចាស់ដែលមានចំពោះការ​បង្កើតនីមួយៗ នោះអ្នកនឹងអាចយល់អំពីភក្ដី​ភាព និងសេចក្តីស្រឡាញ់ដែលព្រះអាទិករមានចំពោះមនុស្សម្នាក់​ៗដែលទ្រង់បានបង្កើតមកមិនខាន។ នៅពេលដែលការនេះកើតឡើង អ្នកនឹងប្រើពាក្យចំនួនពីរ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាពាក្យទាំងពីរនោះ? អ្នកខ្លះនិយាយថា «មិនអាត្មានិយម» ហើយអ្នកខ្លះទៀតនិយាយថា «សប្បុរសមេត្តា»។ នៅក្នុងចំណោមពាក្យទាំងពីរនេះ ពាក្យ «សប្បុរសមេត្តា» គឺជាពាក្យដែលសក្ដិសមតិចជាងគេបំផុតក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ នេះគឺជាពាក្យមួយដែលមនុស្សប្រើ ដើម្បីពណ៌នាអំពីមនុស្សម្នាក់ដែលមានចិត្តអធ្យាស្រ័យ ឬចិត្តទូលាយ។ ខ្ញុំស្អប់ពាក្យនេះណាស់ ដោយសារតែវាសំដៅទៅលើការបរិច្ចាគសប្បុរសធម៌បែបចោះៗ មិនរើសមុខ ដោយគ្មានពិចារណាលើគោលការណ៍​។ វាជាអារម្មណ៍ទន់ទោរជ្រុល ដែលមានចំពោះមនុស្សល្ងីល្ងើ និងមនុស្សច្របូកច្របល់។ នៅពេលដែលពាក្យនេះត្រូវបានប្រើ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានបង្កប់នូវន័យប្រមាថដោយចៀសមិនផុតឡើយ។ នៅត្រង់នេះ ខ្ញុំមានពាក្យចំនួនពីរដែលសក្ដិសមជាង ក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់​របស់ព្រះជាម្ចាស់។ តើវាជាពាក្យអ្វីទៅ? ពាក្យទីមួយគឺ «ធំសម្បើម»។ តើពាក្យនេះមិនដកជាប់នៅក្នុងចិត្តពេកទេឬ? ពាក្យទីពីរគឺ «ធំល្វឹងល្វើយ»។ វាមានអត្ថន័យដ៏ពិតដែលស្ថិតនៅពីក្រោយពាក្យទាំងនេះ ដែលខ្ញុំប្រើដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ បើពិនិត្យមើលន័យចំនៃពាក្យថា «ធំសម្បើម» វាពណ៌នាអំពីទំហំ ឬសមត្ថភាពរបស់វត្ថុមួយ ប៉ុន្តែមិនថាវត្ថុនោះធំប៉ុនណាឡើយ វាជាអ្វីមួយដែលមនុស្សអាចប៉ះពាល់ និងមើលឃើញ។ នោះគឺដោយសារតែវាជាវត្ថុមានពិត មិនមែនជាវត្ថុអរូបិយឡើយ ប៉ុន្តែជាអ្វីមួយដែលអាចផ្ដល់ឲ្យមនុស្សនូវគំនិតនៅក្នុងរបៀបមួយដែលសុក្រឹត្យ និងជាក់ស្ដែង។ មិនថាអ្នកសម្លឹងមើលទៅកាន់វាចេញទស្សនៈធូឌី (2D) ឬស្រ៊ីឌី (3D) នោះឡើយ គឺអ្នកមិនត្រូវការស្រមើស្រមៃអំពីអត្ថិភាពរបស់វាទេ ដោយសារតែវាជាវត្ថុមួយដែលមានពិតមែននៅក្នុងរបៀបពិតជាក់ស្ដែង។ ទោះបីប្រើប្រាស់ពាក្យ «ធំសម្បើម» ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អាចធ្វើឲ្យមានអារម្មណ៍ថាជាចេតនាក្នុងការកំណត់បរិមាណនៃសេចក្តីស្រឡាញ់របស់ទ្រង់ក៏ដោយ ក៏វាផ្ដល់នូវអារម្មណ៍មួយថា សេចក្តីស្រឡាញ់របស់ទ្រង់មិនអាចរាប់អស់នោះឡើយ។ ខ្ញុំនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចរាប់បាន ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់មិនទទេ និងមិន​មែនជារឿងព្រេងនិទានឡើយ។ ផ្ទុយទៅវិញ វាជាអ្វីមួយដែលត្រូវបានចែករំលែកដោយអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាអ្វីមួយដែលត្រូវបានរីករាយដោយគ្រប់សត្ត​និករទៅតាមកម្រិតខុសៗគ្នា និងចេញពីទស្សនៈ​ខុសៗគ្នា។ ទោះបីមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់វាបានក៏ដោយ ក៏សេចក្តីស្រឡាញ់នេះនាំមកនូវការទ្រទ្រង់ និងជីវិតទៅកាន់អ្វីៗទាំងអស់ដែរ នៅពេលដែលវាត្រូវបានបើកសម្ដែងបន្ដិចម្ដងៗនៅក្នុងជីវិតរបស់ពួក​គេ ហើយពួកគេអាចពឹងអាង និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលពួកគេរីករាយនៅក្នុងពេលវេលានីមួយៗដែលកន្លងផុតទៅ។ ខ្ញុំនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាចំនួនមិនអាចរាប់បាន ដោយសារតែសេចក្តីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលផ្គត់ផ្គង់ និងចិញ្ចឹមអ្វីៗទាំងអស់ គឺជាអ្វីមួយដែលពិបាកសម្រាប់មនុស្សក្នុងការវាស់ស្ទង់ ដូចជាព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្វីៗគ្រប់យ៉ាង និងជាពិសេសគឺព្រះតម្រិះរបស់ទ្រង់ចំពោះ​មនុស្សជាតិ។ គឺអាចនិយាយបានថា គ្មាននរណាម្នាក់ដឹងអំពីព្រះលោហិត និងទឹកនេត្រាដែលព្រះអាទិករបានបង្ហូរមកសម្រាប់មនុស្សជាតិឡើយ។ គ្មាននរណាម្នាក់អាចយល់ គ្មាននរណាម្នាក់អាចដឹងអំពីជម្រៅ ឬទម្ងន់នៃសេចក្តីស្រឡាញ់ដែលព្រះអាទិករមានសម្រាប់មនុស្សជាតិ ដែលទ្រង់បានបង្កើតឡើងដោយព្រះហស្តរបស់ទ្រង់ផ្ទាល់នោះឡើយ។ ការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថាធំសម្បើម គឺដើម្បីជួយឲ្យមនុស្សយល់ ព្រមទាំងដឹងពីទទឹង និងសេចក្តីពិតនៃអត្ថិភាពរបស់វាប៉ុណ្ណោះ។ ការ​ធ្វើ​បែប​នេះ​ក៏ដើម្បីជួយឲ្យមនុស្សអាចយល់កាន់តែស៊ីជម្រៅអំពីអត្ថន័យជាក់ស្ដែងនៃពាក្យថា «ព្រះអាទិករ» និងដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យដ៏ពិតនៃងារជា «ការ​បង្កើត​» ដែរ។ តើពាក្យថា «ធំល្វឹងល្វើយ» ជានិច្ចកាលពណ៌នាអំពីអ្វីទៅ? ជាទូទៅ វាត្រូវបានប្រើដើម្បីពណ៌នាអំពីមហាសមុទ្រ ឬចក្រវាល ឧទាហរណ៍៖ «ចក្រវាលដ៏ធំល្វឹងល្វើយ» ឬ «មហា សមុទ្រដ៏ធំល្វឹងល្វើយ»។ ភាពធំល្វឹងល្វើយ និងជម្រៅដ៏ស្ងប់ស្ងាត់នៃចក្រវាល គឺលើសពីការយល់ដឹងរបស់មនុស្ស។ វាជាអ្វីមួយដែលធ្វើឲ្យមនុស្សស្រមើស្រមៃថាជាអ្វីមួយដែលពួកគេមានអារម្មណ៍ស្ញប់ស្ញែងយ៉ាងខ្លាំង។ សេចក្តីអាថ៌កំបាង និងភាពជ្រាលជ្រៅរបស់វាអាចមើលឃើញ ប៉ុន្តែមិនអាចចាប់បានឡើយ។ នៅពេលដែលអ្នកគិតដល់មហាសមុទ្រ អ្នកគិតដល់ចម្ងាយរបស់វា វាមើលទៅគ្មានដែនកំណត់ ហើយអ្នកអាចមានអារម្មណ៍អំពីសេចក្តីអាថ៌កំបាំង និងសមត្ថភាពដ៏ធំធេងរបស់វាក្នុងការផ្ទុកនូវអ្វីៗជាច្រើន។ នេះជាហេតុផលដែលខ្ញុំប្រើពាក្យ «ធំល្វឹងល្វើយ» ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺដើម្បីជួយឲ្យមនុស្សមានអារម្មណ៍ដឹងអំពីតម្លៃរបស់វា មានអារម្មណ៍ដឹងអំពីសោភ័ណភាពដ៏ជ្រាលជ្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ និងមានអារម្មណ៍ដឹងទៀតថា ព្រះចេស្ដានៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺគ្មានដែនកំណត់ និងធំល្វឹងល្វើយ។ ខ្ញុំបានប្រើពាក្យនេះ ដើម្បីជួយឲ្យមនុស្សមានអារម្មណ៍ដឹងអំពីភាពបរិសុទ្ធនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយភាពថ្លៃថ្នូរ និងភាពមិនអាចបំពានបានរបស់ព្រះជាម្ចាស់ក៏ត្រូវបានសម្ដែងចេញតាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់ដែរ។ ឥឡូវនេះ តើអ្នករាល់គ្នាគិតថា ពាក្យ «ធំល្វឹងល្វើយ» ជាពាក្យដ៏សក្ដិសម ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចត្រូវបានពណ៌នាគ្រប់គ្រាន់ជាមួយពាក្យទាំងពីរ «ធំសម្បើម» និង «ធំល្វឹងល្វើយ» នេះដែរឬទេ? ពិតជាបាន! នៅក្នុងភាសារបស់មនុស្ស ពាក្យទាំងពីរនេះគឺសមរម្យ ហើយអាចយកមកពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បាន។ តើអ្នករាល់គ្នាមិនគិតដូច្នោះទេឬ? ប្រសិនបើខ្ញុំឲ្យអ្នករាល់គ្នាពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តើអ្នករាល់គ្នានឹងប្រើពាក្យទាំងពីរនេះដែរឬទេ? ភាគច្រើន អ្នករាល់គ្នានឹងមិនប្រើឡើយ ដោយសារតែការយល់ដឹង និងការកោត​សរសើរ​របស់អ្នករាល់គ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺមានកម្រិតត្រឹមនឹងវិសាលភាពនៃទស្សនៈ​បែបធូឌី (2D) ប៉ុណ្ណោះ ហើយមិនបានឡើងទៅកាន់កម្ពស់នៃកម្រិត​បែបស្រ៊ីឌី (3D) ឡើយ​។ ដូច្នេះ បើខ្ញុំឲ្យអ្នករាល់គ្នាពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងមានអារម្មណ៍ថា អ្នកខ្វះពាក្យ ឬអ្នកប្រហែលជាទ័លគំនិតគ្មានពាក្យនឹងនិយាយផងមើលទៅ។ ពាក្យទាំងពីរដែលខ្ញុំបាននិយាយនៅថ្ងៃនេះ អាចពិបាកយល់​សម្រាប់អ្នករាល់គ្នា ឬអ្នករាល់គ្នាប្រហែល​ជាមិនយល់ស្របផង។ ការនេះគ្រាន់តែបង្ហាញថា ការយល់ដឹង និងការកោត​សរសើរ​របស់អ្នករាល់គ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺរាក់កំផែល ហើយមានវិសាលភាពនៅមានកម្រិតនៅឡើយ។ ខ្ញុំបាននិយាយ​កាលពីមុនរួចហើយថា ព្រះជាម្ចាស់មិនអាត្មានិយមឡើយ ហើយអ្នករាល់គ្នាចង​ចាំពាក្យថា «មិនអាត្មានិយម» នេះហើយ។ តើពាក្យនេះមិនមានវិសាលភាពចង្អៀតពេកទេឬ? អ្នកគួរតែពិចារណាលើចំណុចនេះឲ្យបានច្រើន ដើម្បីឲ្យអ្នករាល់គ្នាអាចទទួលបានអ្វីមួយចេញពីវា។

ចំណុចខាងលើគឺជាអ្វីដែលយើងបានមើលឃើញអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ចេញពីការឫទ្ធិ​បារមី​ទីមួយ។ ទោះបីនេះជាសាច់រឿងមួយដែលមនុស្សបានកំពុងតែអានអស់រយៈពេលជាច្រើនពាន់ឆ្នាំហើយក៏ដោយ ក៏វាមាននូវដំណើររឿងដ៏សាមញ្ញមួយ ហើយវាជួយឲ្យមនុស្សមើលឃើញនូវបាតុភូតដ៏សាមញ្ញមួយដែរ ប៉ុន្តែ នៅក្នុងដំណើររឿងដ៏សាមញ្ញនេះ យើងអាចមើលឃើញអ្វីមួយកាន់តែមានតម្លៃ ដែលជានិស្ស័យរបស់ព្រះជាម្ចាស់ កម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់។ កម្ម​សិទ្ធិ​និងលក្ខណៈរបស់ទ្រង់ទាំងនេះ តំណាងឲ្យព្រះជាម្ចាស់ និងជាការសម្ដែងចេញអំពីព្រះតម្រិះរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់សម្ដែងចេញព្រះតម្រិះរបស់ទ្រង់ វាជាការសម្ដែងចេញអំពីព្រះសូរសៀងដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់សង្ឃឹមថា នឹងមានមនុស្សដែលអាចយល់ពីទ្រង់ និងស្គាល់ពីព្រះហឫទ័យរបស់ទ្រង់ និងជាអ្នកដែលអាចស្ដាប់ឮព្រះសូរសៀងដែលចេញពីព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងអាចសហការយ៉ាងសកម្ម ដើម្បីបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើទាំងនេះ គឺជាការសម្ដែងចេញដោយ​គ្មាន​ព្រះ​សូរ​សៀងរបស់ព្រះជាម្ចាស់។

បន្ទាប់មកទៀត ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ ការរស់ឡើងវិញរបស់ឡាសារ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់

តើអ្នករាល់គ្នាមានការចាប់អារម្មណ៍អ្វីខ្លះ បន្ទាប់ពីបានអានបទគម្ពីរនេះហើយ? ភាពសំខាន់នៃការអស្ចារ្យដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺកាន់តែធំធេងជាងការឫទ្ធិ​បារមីមុន ដោយសារតែគ្មានការអស្ចារ្យណាដែលគួរឲ្យស្រឡាំង​កាំងជាងការប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញនោះឡើយ។ នៅក្នុងយុគសម័យនោះ វាពិតជាសំខាន់ណាស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការបែបនេះ។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ មនុស្សអាចមើលឃើញតែរូបរាងរបស់ទ្រង់ ផ្នែកជាក់ស្ដែងរបស់ទ្រង់ និងផ្នែកមិនសូវសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ទោះបីជាមនុស្សខ្លះបានឃើញ និងបានយល់អំពីអ្វីមួយចេញពីអត្តចរិតរបស់ទ្រង់ ឬដឹងអំពីសមត្ថភាពពិសេសខ្លះដែលទ្រង់មានក៏ដោយ ក៏គ្មាននរណាម្នាក់ដឹងពីកន្លែងដែលព្រះអម្ចាស់យេស៊ូវបានយាងមក ដឹងថាទ្រង់ជានរណាឲ្យពិតប្រាកដនៅក្នុងសារជាតិរបស់ទ្រង់ និងចំណុចផ្សេងទៀតដែលទ្រង់អាចធ្វើបាននោះឡើយ។ អ្វីៗទាំងអស់នេះ គឺមនុស្សជាតិមិនបានដឹងឡើយ​។ មានមនុស្សជាច្រើនចង់រកភស្តុតាង ដើម្បីឆ្លើយសំណួរទាំងនេះអំពីព្រះអម្ចាស់យេស៊ូវ និងចង់ដឹងអំពីសេចក្តីពិត។ តើព្រះជាម្ចាស់អាចធ្វើអ្វីមួយ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ដែរឬទេ? សម្រាប់ព្រះជាម្ចាស់ នេះជារឿងងាយស្រួលបំផុត គឺស្រួលដូចជាបកចេកអ៊ីចឹង។ ទ្រង់អាចធ្វើអ្វីមួយនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ ប៉ុន្តែព្រះជាម្ចាស់មានរបៀបនៃការធ្វើការរបស់ទ្រង់ គឺទ្រង់មានផែនការ និងជំហាននៃការធ្វើការរបស់ ទ្រង់​។ ទ្រង់មិនធ្វើកិច្ចការតាមការនឹកឃើញឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់រកមើលពេលវេលា និងឱកាសដ៏ត្រឹមត្រូវ ដើម្បីធ្វើអ្វីមួយដែលនឹងជួយឲ្យមនុស្សមើលឃើញ ជាអ្វីមួយដែលជ្រួតជ្រាបពេញដោយអត្ថន័យ។ តាម​របៀប​នេះ ទ្រង់បានបញ្ជាក់ពីសិទ្ធិអំណាច និងអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ តើការរស់ឡើងវិញរបស់ឡាសារអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវបានដែរឬទេ? ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ «កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទាំងនេះរួច ទ្រង់ក៏​បន្លឺ​ព្រះ​សូរសៀង​ខ្លាំងៗ​ថា៖ 'ឡាសារ​អើយ ចូរចេញ​មក!' ហើយមនុស្ស​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក...» នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនេះ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុចគត់៖ «ឡាសារអើយ ចូរចេញមក!» បន្ទាប់មក ឡាសារក៏បានចេញពីផ្នូររបស់គាត់ ហើយការនេះបានសម្រេច ដោយសារតែព្រះបន្ទូលពីរបីម៉ាត់ដែលព្រះអម្ចាស់បានថ្លែងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ព្រះអម្ចាស់យេស៊ូវមិនបានរៀប​ចំ​អាសនាមួយ​ ហើយទ្រង់មិនបានធ្វើសកម្មភាពណាផ្សេងឡើយ។ ទ្រង់គ្រាន់តែមានបន្ទូលតែមួយចំណុច​គត់។ តើនេះគួរតែហៅថាជាការឫទ្ធិ​បារមី ឬក៏ជាការបញ្ជា? ឬក៏វាជាប្រភេទនៃវេទមន្តអ្វីមួយ? បើមើលសើៗ វាហាក់ដូចជាអាចហៅថាជាការឫទ្ធិ​បារមី ហើយប្រសិនបើអ្នកពិនិត្យមើលរឿងនេះចេញពីទស្សនៈ​មួយ​នៅ​សម័យទំនើប ពិតណាស់ អ្នកនៅតែអាចហៅការនេះថាជាការឫទ្ធិ​បារមី​ដដែល។ យ៉ាងណាមិញ វាមិនអាចត្រូវបានចាត់ទុកជាប្រភេទនៃមន្តអាគមណាមួយ ដែលអាចហៅព្រលឹងមនុស្សឲ្យរស់ពី​ស្លាប់​ឡើងវិញនោះឡើយ ហើយវាក៏មិនមែនជាវេទមន្តអ្វីនោះដែរ។ វាជារឿងត្រឹមត្រូវក្នុងការនិយាយថា ការឫទ្ធិ​បារមី​នេះគឺជាការសម្ដែងចេញដ៏តិចតួច និងធម្មតាបំផុតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិអំណាចក្នុងការឲ្យមនុស្សម្នាក់ស្លាប់ ឲ្យវិញ្ញាណរបស់គេចាកចេញពីរាងកាយ ហើយត្រលប់ទៅកាន់ស្ថានឃុំព្រលឹង ឬទៅកាន់កន្លែងណាដែលវាគួរតែទៅ។ ពេលកំណត់នៃសេចក្តីស្លាប់របស់មនុស្សម្នាក់ និងទីកន្លែងដែលពួកគេនឹងត្រូវទៅក្រោយសេចក្តីស្លាប់ គឺត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់។ ទ្រង់អាចធ្វើការសម្រេចព្រះ​ទ័យ​ទាំងនេះនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនត្រូវបានកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ វត្ថុ លំហ ឬភូមិសាស្ត្រឡើយ។ ប្រសិនបើទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើវា ទ្រង់អាចធ្វើបាន ដោយសារតែរបស់សព្វសារពើ និងភាវៈមានជីវិតស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយអ្វីៗសព្វសារពើបង្កើតកូនចៅ មានជីវិតរស់ និងវិនាសទៅវិញ ក៏ដោយសារតែព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់ដែរ​។ ទ្រង់អាចប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ហើយការនេះក៏ជាអ្វីមួយដែលទ្រង់អាចធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ នេះគឺជាសិទ្ធិអំណាចដែលមានតែព្រះអាទិករមួយអង្គ​ប៉ុណ្ណោះដែលមាន។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការ ដូចជាការប្រោសឲ្យឡាសារបានរស់ពី​ស្លាប់​ឡើងវិញ គោលដៅរបស់ទ្រង់ គឺដើម្បីប្រទានភស្តុតាង​ដល់មនុស្ស និងឲ្យអារក្សសាតាំងមើលឃើញ ហើយក៏ជួយឲ្យមនុស្ស និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ សុទ្ធតែត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់ ហើយទោះបីជាទ្រង់បានត្រលប់ជាសាច់ឈាមក៏ដោយ ក៏ទ្រង់បានបន្តគ្រប់គ្រងលើពិភពខាងសាច់​ឈាម ដែលអាចមើលឃើញ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញដែរ។ ការនេះគឺត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សជាតិ និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់សាតាំងឡើយ។ នេះគឺជាការបើកសម្ដែង និងការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយវាក៏ជារបៀបមួយដែលព្រះជាម្ចាស់បញ្ជូនសារទៅកាន់របស់សព្វសារពើថា ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឲ្យរស់ពី​ស្លាប់ឡើង គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលព្រះអាទិករសព្វ​ព្រះ​ហឫទ័យ​ចង់បង្រៀន និងណែនាំទៅកាន់មនុស្សជាតិ។ វាជាសកម្មភាពដ៏ច្បាស់លាស់មួយដែលទ្រង់បានប្រើព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីណែនាំ និងប្រទានដល់មនុស្សជាតិ។ នេះ​ជារបៀបមួយដែលព្រះអាទិករអនុញ្ញាត​ឲ្យមនុស្សជាតិ​មើលឃើញពីសេចក្តីពិតថា ទ្រង់គ្រប់គ្រងលើរបស់​សព្វសារពើ ដោយ​មិន​ចាំ​បាច់​ប្រើ​ព្រះ​បន្ទូល​។ វាជារបៀបមួយដែលទ្រង់​មាន​បន្ទូល​ប្រាប់មនុស្សជាតិ តាមរយៈសកម្មភាពជាក់ស្ដែងថា ក្រៅពីតាមរយៈទ្រង់ គឺគ្មានសេចក្តីសង្រ្គោះណាផ្សេងទៀតឡើយ។ វិធីសាស្ត្រដ៏ស្ងប់ស្ងាត់ដែលទ្រង់បានប្រើដើម្បីណែនាំដល់មនុស្សជាតិនេះ គឺជាវិធីសាស្ត្រដ៏អស់កល្បជានិច្ច និង​មិនសាបសូន្យ ដែលនាំឲ្យមនុស្សរន្ធត់ចិត្ត និងប្រទាននូវការបំភ្លឺដែលមិនអាចរលាយបាត់នោះឡើយ។ ការរស់ពី​ស្លាប់​ឡើងវិញរបស់ឡាសារបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ ការនេះជះឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ។ វាធ្វើឲ្យមនុស្សម្នាក់ៗដែលមើលឃើញហេតុការណ៍នេះ ទទួលបាននូវការយល់ដឹង ព្រមទាំងនិមិត្តថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ​។ ទោះបីព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ហើយទោះបីទ្រង់បានផ្ញើសារអំពីអធិបតេយ្យភាពរបស់ទ្រង់ដែលមានទៅលើជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ​ តាមរយៈការរស់ពី​ស្លាប់​ឡើងវិញរបស់ឡាសារក៏ដោយ ក៏នេះមិនមែនជាកិច្ចការចម្បងរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការអ្វីមួយ ដោយគ្មានអត្ថន័យនោះឡើយ។ ​គ្រប់កិច្ចការដែលទ្រង់ធ្វើ មានតម្លៃដ៏ធំធេង ហើយប្រៀបដូចជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតនៅក្នុងឃ្លាំងកំណប់ទ្រព្យអ៊ីចឹង។ ប្រាកដ​ណាស់ ទ្រង់នឹងមិនដាក់ «ការប្រោសមនុស្សម្នាក់ចេញពីផ្នូរ» ជាគោលដៅ ឬរឿង​រ៉ាវចម្បង ឬតែមួយនៃកិច្ចការរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់មិនធ្វើអ្វីមួយដែលគ្មានន័យនោះឡើយ។ ការរស់ពី​ស្លាប់​ឡើងវិញរបស់ឡាសារ ដែលជាព្រឹត្តិការណ៍តែមួយនេះ គឺគ្រប់គ្រាន់ ដើម្បីបង្ហាញពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវមិនបានធ្វើការឫទ្ធិ​បារមី​ប្រភេទ​នេះម្ដងទៀត។ ព្រះជាម្ចាស់ធ្វើកិច្ចការស្របតាមគោលការណ៍របស់ទ្រង់ផ្ទាល់។ នៅក្នុងភាសារបស់មនុស្ស គឺគេអាចនិយាយបានថា នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺមានតែបញ្ហាសំខាន់​ៗប៉ុណ្ណោះ។ នេះមានន័យថា នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការអ្វីមួយ ទ្រង់មិនឃ្លាតចាកពីគោលបំណងនៃកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់ជ្រាបដឹងអំពីកិច្ចការអ្វីដែលទ្រង់ត្រូវអនុវត្តនៅក្នុងដំណាក់កាលនេះ អ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់សម្រេច ហើយទ្រង់នឹងធ្វើការយ៉ាងម៉ឺងម៉ាត់ស្របតាមផែនការរបស់ទ្រង់។ ប្រសិនបើមនុស្សដ៏ពុករលួយមានសមត្ថភាពបែបនេះ នោះគេនឹងគ្រាន់តែគិតអំពីរបៀប ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ ដើម្បីឲ្យអ្នកដទៃដឹងថាគេអស្ចារ្យយ៉ាងណាប៉ុណ្ណោះ ដូច្នេះ អ្នកទាំងនោះនឹងក្រាបគោរពគេ ហើយគេអាចត្រួតត្រា និងបំផ្លាញពួកគេបាន។ នេះជាសេចក្តីអាក្រក់ដែលចេញមកពីអារក្សសាតាំង ដែលមានឈ្មោះថាសេចក្តីពុករលួយ។ ព្រះជាម្ចាស់មិនមាននិស្ស័យបែបនេះឡើយ ហើយទ្រង់ក៏មិនមានសារជាតិបែបនេះដែរ។ គោលបំណងរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងនេះ គឺមិនមែនដើម្បីសម្ញែងអង្គទ្រង់ឡើយ ប៉ុន្តែ ដើម្បីប្រទានឲ្យមនុស្សជាតិនូវការបើកសម្ដែង និងការចង្អុលបង្ហាញកាន់តែច្រើនវិញ ហើយនេះជាហេតុផលដែលមនុស្សឃើញមាន​ឧទាហរណ៍តិចតួចណាស់នៅក្នុងព្រះគម្ពីរអំពីព្រឹត្តិការណ៍បែបនេះ។ ការនេះមិនមែនមានន័យថា ព្រះចេស្ដារបស់ព្រះអម្ចាស់យេស៊ូវមានកម្រិត ឬមានន័យថា ទ្រង់គ្មានសមត្ថភាពធ្វើការទាំងនេះនោះឡើយ។ វាគ្រាន់តែមានន័យថា ព្រះជាម្ចាស់មិនសព្វ​ព្រះ​ហឫទ័យចង់ធ្វើវាប៉ុណ្ណោះ ព្រោះការដែលព្រះអម្ចាស់យេស៊ូវប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញ មាននូវភាពសំខាន់ជាក់ស្ដែង ហើយក៏ដោយសារតែកិច្ចការចម្បងរបស់ព្រះជាម្ចាស់ក្នុងការត្រលប់ជាសាច់ឈាម មិនមែនដើម្បីធ្វើការឫទ្ធិ​បារមី មិនមែនដើម្បីប្រោសមនុស្សឲ្យរស់ពី​ស្លាប់ឡើងវិញនោះឡើយ ប៉ុន្តែ ជាកិច្ចការនៃការប្រោសលោះសម្រាប់​មនុស្សជាតិ​វិញ។ ដូច្នេះ កិច្ចការភាគច្រើនដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺជាការបង្រៀនមនុស្ស ការផ្គត់ផ្គង់ដល់តម្រូវការរបស់ពួក​គេ និងការជួយដល់ពួកគេ ហើយព្រឹត្តិការណ៍ដូចជាការប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញ គឺគ្រាន់តែជាផ្នែកដ៏តូចមួយនៃព័ន្ធកិច្ចដែលព្រះអម្ចាស់យេស៊ូវបានអនុវត្តប៉ុណ្ណោះ។ លើសពីនេះទៅទៀត អ្នកអាចនិយាយថា «ការសម្ញែង» មិនមែនជាផ្នែកមួយនៃសារជាតិរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ ព្រះអម្ចាស់យេស៊ូវគ្មានបំណងអ្វីចង់ដាក់កម្រិត តាមរយៈការមិនបង្ហាញការឫទ្ធិ​បារមីថែមទៀត ឬដោយសារតែដែនកំណត់ខាងបរិយាកាស ព្រមទាំងដោយសារតែទ្រង់ខ្វះនូវព្រះចេស្ដានោះឡើយ។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញ ទ្រង់បានប្រើតែព្រះបន្ទូលពីរបីម៉ាត់ប៉ុណ្ណោះ៖ «ឡាសារអើយ ចូរចេញមក!» ទ្រង់មិនបានមានបន្ទូលណាផ្សេងពីនេះឡើយ។ ដូច្នេះ តើព្រះបន្ទូលទាំងនេះបង្ហាញអំពីអ្វីទៅ? ព្រះបន្ទូលនេះបង្ហាញថា ព្រះជាម្ចាស់អាចសម្រេចអ្វីៗក៏បាន ដោយការមានបន្ទូល ដោយរួមទាំងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានបង្កើតពិភពលោក ទ្រង់ក៏បានធ្វើដោយមានព្រះបន្ទូលដែរ ជាព្រះបន្ទូលនៃការបង្គាប់បញ្ជា ព្រះបន្ទូលប្រកបដោយសិទ្ធិអំណាច ហើយតាម​របៀបនេះ របស់​សព្វ​សារពើ​ក៏​ត្រូវបានបង្កើតមក និងបានសម្រេចឡើង។ ព្រះបន្ទូលតែពីរបីម៉ាត់ ដែលព្រះអម្ចាស់យេស៊ូវបានថ្លែងនោះ គឺដូចជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដែរ នៅពេលដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ ដូចគ្នានេះដែរ ព្រះបន្ទូលរបស់ទ្រង់ក៏​មាននូវសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះអាទិករដែរ។ របស់សព្វសារពើត្រូវបានបង្កើតឡើង និងបន្តនៅស្ថិតស្ថេរ ដោយសារតែព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយដូចគ្នានេះ​ដែរ ឡាសារបានដើរចេញពីផ្នូររបស់គាត់មក​ដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្ហាញ និងបានសម្រេចជាការពិតនៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ សិទ្ធិអំណាច និងសមត្ថភាពបែបនេះជាកម្មសិទ្ធិរបស់ព្រះអាទិករ និងរបស់បុត្រមនុស្សដែលព្រះអាទិករបានស្ដែងចេញនៅក្នុងអង្គទ្រង់​។ ការដែលព្រះជាម្ចាស់ប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញនេះ គឺជាការយល់ដឹងមួយដែលទ្រង់ចង់បង្រៀនដល់មនុស្សជាតិ។ ឥឡូវនេះ យើងនឹងបញ្ចប់កិច្ចពិភាក្សារបស់យើងអំពីប្រធានបទនេះ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់...

ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេល​ដែល​ព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ

១៣. ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេល​ដែល​ព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ។ លូកា ២៤:៣០-៣២ លុះដល់ពេលជប់លាង...

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...