ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

24-02-2021

១០. ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ

ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិ​របស់ទ្រង់បាន​ឮដំណឹងនេះ ពួកគេ​បានចេញ​ទៅចាប់​ព្រះ‌អង្គមកវិញ ព្រោះពួក​គេបាននិយាយ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។ ហើយពួក​អាចារ្យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «ទ្រង់​មាន​អារក្ស​បេលសេ‌ប៊ូល​ចូល ហើយទ្រង់​ដេញ​អារក្សបាន ដោយ​សារ​មេ​អារក្ស​នោះ»។

១១. ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

ម៉ាថាយ ១២:៣១-៣២ ហេតុដូច្នេះបានជាខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នក​ណាដែល​ពោល​ពាក្យប្រឆាំង​នឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឲ្យ​បាន ប៉ុន្តែ​អ្នក​ណាដែល​ពោល​ពាក្យប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ អ្នកនោះ​នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅ​ក្នុងលោក​នេះ ឬ​លោកខាងមុខ​ក៏​ដោយ។

ម៉ាថាយ ២៣:១៣-១៥ ប៉ុន្តែ ​ពួក​អាចារ្យ និង​ពួក​ផារីស៊ីដ៏​មាន​ពុត​អើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះ​អ្នក​រាល់​គ្នា​បិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។​អ្នក​រាល់​គ្នា​មិន​ព្រម​ចូលខ្លួនឯង​ហើយ ថែមទាំង​រាំងស្ទះ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ មិនឲ្យចូល​ទៀត។ ពួក​អាចារ្យ និង​ពួក​ផារីស៊ីដ៏​មាន​ពុត​អើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះ​អ្នក​រាល់​គ្នា​​បំផ្លាញផ្ទះរបស់​ស្រ្ដី​មេម៉ាយ ហើយ​ធ្វើ​ពុត​ជា​អធិស្ឋាន​យូរ។ បើដូច្នេះ​អ្នក​រាល់​គ្នាមុខជា​ទទួល​ទោស​កាន់តែធ្ងន់មិនខាន។ ពួក​អាចារ្យ និង​ពួក​ផារីស៊ីដ៏​មាន​ពុត​អើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះ​អ្នក​រាល់​គ្នាខំ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​ផ្លូវ​គោក ដើម្បី​បាន​មនុស្ស​ម្នាក់​ចូល​សាសនា តែកាលណាគេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​បែរជាធ្វើ​ឲ្យ​គេ​អាក្រក់សម​នឹង​ធ្លាក់​នរក ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។

មាតិការនៃបទគម្ពីរទាំងពីរខាងលើនេះមានលក្ខណៈខុសគ្នា។ ជាដំបូង ចូរយើងពិនិត្យមើលបទគម្ពីរទីមួយ៖ ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ។

នៅក្នុងព្រះគម្ពីរ ការវាយតម្លៃរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវផ្ទាល់ព្រះ​អង្គ​និងកិច្ចការដែលទ្រង់បានធ្វើគឺ៖ «ពួក​គេបាននិយាយ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី... ទ្រង់​មាន​អារក្ស​បេលសេ‌ប៊ូល​ចូល ហើយទ្រង់​ដេញ​អារក្សបាន ដោយ​សារ​មេ​អារក្ស​នោះ» (ម៉ាកុស ៣:២១-២២)។ ការវិនិច្ឆ័យរបស់ពួកអាចារ្យ និងពួកផារីស៊ីទៅលើព្រះអម្ចាស់យេស៊ូវ គឺមិនមែនពួកគេគ្រាន់តែយកតម្រាប់តាមពាក្យរបស់អ្នកដទៃឡើយ ហើយក៏មិនមែនជាការសន្និដ្ឋានដែលគ្មានមូលដ្ឋាននោះដែរ ប៉ុន្តែវាជាការសន្និដ្ឋានមួយដែលពួកគេមានអំពីព្រះអម្ចាស់យេស៊ូវ ចេញពីអ្វីដែលពួកគេបានឃើញ និងបានស្ដាប់ឮ តាមរយៈទង្វើរបស់ទ្រង់។ ទោះបីជាសេចក្តីសន្និដ្ឋានរបស់ពួក​គេត្រូវបានធ្វើឡើងដោយអួតក្អេងក្អាងនៅក្នុងនាមសេចក្តីយុត្តិធម៌ ហើយមនុស្សមើលទៅហាក់ដូចជាសមហេតុផលក៏ដោយ ប៉ុន្តែ ការដែលពួកគេបានវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវទាំងភាពក្រអឺតក្រទមនោះ ពិតជាពិបាកសម្រាប់ពួកគេក្នុងការទប់ស្កាត់ណាស់។ ថាមពលដ៏ក្ដៅនៃចិត្តស្អប់របស់ពួក​គេដែលមានចំពោះព្រះអម្ចាស់យេស៊ូវ បានបង្ហាញចេញពីមហិច្ឆតាដ៏ព្រៃផ្សៃ និងទឹកមុខដ៏អាក្រក់បែបសាតាំងរបស់ពួកគេ ក៏ដូចជានិស្ស័យព្យាបាទរបស់ពួក​គេដែលនាំឲ្យពួកគេប្រឆាំងនឹងព្រះជាម្ចាស់។ អ្វីៗដែលពួកគេបាននិយាយនៅក្នុងការវិនិច្ឆ័យរបស់ពួក​គេចំពោះព្រះអម្ចាស់យេស៊ូវ ត្រូវបានជំរុញចេញមកពីមហិច្ឆតាដ៏ព្រៃផ្សៃ ចិត្តឈ្នានីស និស្ស័យដ៏អាក្រក់ និងព្យាបាទនៃការប្រឆាំងរបស់ពួក​គេចំពោះព្រះជាម្ចាស់ និងសេចក្តីពិត។ ពួកគេមិនបានស៊ើបអង្កេតរកមើលប្រភពនៃសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏មិនបានស៊ើបរកមើលសារជាតិនៃអ្វីដែលទ្រង់បានមានបន្ទូល ឬបានធ្វើនោះដែរ។ ផ្ទុយទៅវិញ ដោយភាពងងឹតងងុល នៅក្នុងសភាពនៃអារម្មណ៍ដ៏ឆ្កួតឡប់ និងដោយចិត្តព្យាបាទផងនោះ ពួកគេបានវាយប្រហារ និងនិយាយមើលងាយដល់កិច្ចការដែលទ្រង់បានធ្វើ។ ពួកគេបានថែមទាំងនិយាយបង្កាច់បង្ខូចដល់ព្រះវិញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណបរិសុទ្ធ និងជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៀតផង។ នេះជាអ្វីដែលពួកគេចង់មានន័យ នៅពេលដែលពួកគបាននិយាយថា៖ «ព្រះ‌អង្គ​វង្វេង​ស្មារតី» «​អារក្ស​បេលសេ‌ប៊ូល» និង «ដោយ​សារ​មេ​អារក្ស​»។ គឺអាចនិយាយបានថា ពួកគេបាននិយាយថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាអារក្សបេលសេប៊ូល និងជាមេអារក្ស។ ពួកគេបានចាត់ថ្នាក់កិច្ចការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានពាក់អង្គទ្រង់នៅក្នុងរូបសាច់នោះថាជាដំណើរឆ្កួតលីលា។ ពួកគេមិនគ្រាន់តែប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថាជាអារក្សបេលសេប៊ូល និងជាមេអារក្សប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរ។ សារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់គេ គឺដូចទាំងស្រុងទៅនឹងសារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់សាតាំង និងពួកអារក្សដែរ។ ពួកគេមិនគ្រាន់តែតំណាងឲ្យមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាតំណាងឲ្យសាតាំងដែរ។ ពួកគេជាបណ្ដាញរបស់អារក្សសាតាំងនៅក្នុងចំណោមមនុស្សជាតិ ហើយពួកគេជាអ្នកសមគំនិត និងបាវបម្រើរបស់អារក្សសាតាំង​។ សារជាតិនៃការប្រមាថ និងការនិយាយបង្កាច់បង្ខូចរបស់ពួកគេចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាការប្រយុទ្ធរបស់ពួក​គេទាស់នឹងព្រះជាម្ចាស់ ដើម្បីចង់បានឋានៈ ការប្រកួតប្រជែងរបស់ពួក​គេជាមួយព្រះជាម្ចាស់ និងការល្បងលមិនចេះចប់មិនចេះហើយរបស់ពួក​គេជាមួយព្រះជាម្ចាស់​។ សារជាតិនៃការប្រឆាំងរបស់ពួក​គេចំពោះព្រះជាម្ចាស់ និងឥរិយាបថប្រឆាំងរបស់ពួក​គេចំពោះទ្រង់ ក៏ដូចជាពាក្យសម្ដី ព្រមទាំងគំនិតដែលពួក​គេបានប្រមាថដោយផ្ទាល់ដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងធ្វើឲ្យទ្រង់ខ្ញាល់យ៉ាងខ្លាំង​។ ដូច្នេះ ព្រះជាម្ចាស់បានសម្រេចនូវការជំនុំជម្រះដ៏សមហេតុផលមួយ ដោយផ្អែកលើអ្វីដែលពួកគេបាននិយាយ និងបានធ្វើ ហើយព្រះជាម្ចាស់បានកំណត់ថា ទង្វើរបស់ពួក​គេជាអំពើបាបនៃការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ អំពើបាបនេះមិនអាចអត់ទោសឲ្យបានឡើយ ទាំងនៅក្នុងលោកនេះ និងលោកខាងមុខ ដ្បិតនេះជាអ្វីដែលមានចែងទុកនៅក្នុងបទគម្ពីរខាងក្រោម៖ «មនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ» ហើយ «​អ្នក​ណាដែល​ពោល​ពាក្យប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ អ្នកនោះ​នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅ​ក្នុងលោក​នេះ ឬ​លោកខាងមុខ​ក៏​ដោយ»។ នៅថ្ងៃនេះ ចូរយើងជជែកគ្នាអំពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «អ្នកនោះ​នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅ​ក្នុងលោក​នេះ ឬ​លោកខាងមុខ​ក៏​ដោយ​»។ ដូច្នេះ ចូរយើងពន្យល់ពីរបៀបដែលព្រះជាម្ចាស់សម្រេចតាមព្រះបន្ទូលថា៖ «អ្នកនោះ​នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅ​ក្នុងលោក​នេះ ឬ​លោកខាងមុខ​ក៏​ដោយ​»។

អ្វីៗគ្រប់យ៉ាងដែលយើងបានជជែកគ្នានេះ សុទ្ធតែទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ និងឥរិយាបថ​ដែលទ្រង់មានចំពោះមនុស្ស ព្រឹត្តិការណ៍ និងវត្ថុ​។ តាមធម្មតា អត្ថ​បទគម្ពីរទាំងពីរខាងលើនេះ គឺគ្មានការលើកលែងឡើយ។ តើអ្នករាល់គ្នាបានកត់សម្គាល់អ្វីមួយនៅក្នុងអត្ថ​បទគម្ពីរទាំងពីរនេះទេ? អ្នកខ្លះនិយាយថា ពួកគេមើលឃើញព្រះពិរោធរបស់ព្រះជាម្ចាស់នៅក្នុងអត្ថបទគម្ពីរទាំងនេះ។ អ្នកខ្លះនិយាយថា ពួកគេមើលឃើញជ្រុងមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអត់ឱនចំពោះការបំពានរបស់មនុស្សជាតិ ហើយនិយាយទៀតថា ប្រសិនបើមនុស្សធ្វើអ្វីមួយដែលប្រមាថចំពោះព្រះជាម្ចាស់ នោះពួកគេនឹងមិនទទួលបានការអត់ទោសរបស់ទ្រង់ឡើយ។ ក្រៅពីការពិតដែលមនុស្សមើលឃើញ និងយល់ឃើញអំពីព្រះពិរោធ និងការមិនអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពានរបស់មនុស្សជាតិនៅក្នុងអត្ថបទគម្ពីរទាំងពីរនេះ ពួកគេនៅតែមិនទាន់យល់អំពីឥរិយាបថរបស់ទ្រង់នៅឡើយទេ។ នៅក្នុងអត្ថ​បទគម្ពីរទាំងពីរនេះ មានបង្កប់ន័យអំពីឥរិយាបថដ៏ពិតរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្ររបស់ទ្រង់ដែលត្រូវធ្វើចំពោះមនុស្សដែលប្រមាថ និងធ្វើឲ្យទ្រង់ខ្ញាល់។ ឥរិយាបថ និងវិធីសាស្ត្ររបស់ទ្រង់បង្ហាញអំពីអត្ថន័យដ៏ពិតនៃបទគម្ពីរខាងក្រោម៖ «​អ្នក​ណាដែល​ពោល​ពាក្យប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ អ្នកនោះ​នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅ​ក្នុងលោក​នេះ ឬ​លោកខាងមុខ​ក៏​ដោយ»។ នៅពេលដែលមនុស្សប្រមាថព្រះជាម្ចាស់ និងនៅពេលដែលពួកគេធ្វើឲ្យទ្រង់ខ្ញាល់ ទ្រង់ចេញសាលក្រមមួយ ហើយសាលក្រមនេះគឺជាលទ្ធផលដែលទ្រង់បានសម្រេច។ វាត្រូវបានពណ៌នាតាមបែបនេះនៅក្នុងព្រះគម្ពីរ៖ «ហេតុដូច្នេះបានជាខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ​» (ម៉ាថាយ ១២:៣១)។ និង «ប៉ុន្តែ ​ពួក​អាចារ្យ និង​ពួក​ផារីស៊ីដ៏​មាន​ពុត​អើយ អ្នករាល់គ្នាត្រូវវេទនាហើយ!» (ម៉ាថាយ ២៣:១៣)។ យ៉ាងណាក៏ដោយ តើនៅក្នុងព្រះគម្ពីរមានកត់ត្រាទុកដែរឬទេអំពីលទ្ធផលរបស់ពួកអាចារ្យ និងពួកផារីស៊ី ព្រមទាំងមនុស្សដែលបាននិយាយថា ព្រះអម្ចាស់យេស៊ូវឆ្កួតឡប់ ក្រោយពេលដែលទ្រង់បានមានបន្ទូលទាំងនេះ? តើមានកត់ត្រាទុកដែរឬទេថា ពួកគេបានទទួលទារុណកម្មណាមួយ? យើងអាចនិយាយយ៉ាងច្បាស់ថា គឺអត់ទេ។ ការនិយាយថា «អត់ទេ» នៅត្រង់នេះ មិនមែនមានន័យថា វាគ្មានការកត់ត្រាបែបនេះឡើយ ប៉ុន្តែវាគ្រាន់តែមានន័យថា នៅចំពោះភ្នែករបស់មនុស្ស គឺគេមិនអាចមើលឃើញលទ្ធផលនោះឡើយ។ ការនិយាយថា «វាមិនត្រូវបានកត់ត្រាទុក» ចង់បង្ហាញអំពីឥរិយាបថ និងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការដោះស្រាយកិច្ចការផ្សេងៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបានប្រោសឲ្យជាភ្នែកដែលខ្វាក់ ឬត្រចៀកដែលថ្លង់របស់មនុស្សដែលប្រមាថ ឬប្រឆាំងនឹងទ្រង់ ឬមនុស្សដែលនិយាយបង្កាច់បង្ខូចទ្រង់ ជាមនុស្សដែលមានបំណងវាយប្រហារ និយាយបង្កាច់បង្ខូច និងជេរប្រទេចផ្ដាសាទ្រង់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់មានឥរិយាបថដ៏ច្បាស់លាស់មួយចំពោះពួកគេ។ ទ្រង់ស្អប់ខ្ពើមមនុស្សទាំងនេះ ហើយទ្រង់ថ្កោលទោសពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់ថែមទាំងប្រកាសដោយចំហអំពីលទ្ធផលដែលពួកគេនឹងទទួលបាន ដើម្បីឲ្យមនុស្សដឹងថា ទ្រង់មានឥរិយាបថ​ដ៏ច្បាស់លាស់មួយចំពោះមនុស្សដែលប្រមាថទ្រង់ និងដើម្បីឲ្យពួកគេដឹងអំពីរបៀបដែលទ្រង់នឹងកំណត់លទ្ធផលរបស់ពួក​គេ។ យ៉ាងណាមិញ ក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលរឿងទាំងនេះរួច មនុស្សសឹងតែមិនអាចមើលឃើញពីសេចក្តីពិតអំពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយជាមួយមនុស្សទាំងនោះ ហើយពួកគេក៏មិនអាចយល់អំពីគោលការណ៍ដែលនៅពីក្រោយលទ្ធផល និងសាលក្រមដែលព្រះជាម្ចាស់បានចេញចំពោះពួកគេដែរ។ គឺអាចនិយាយបានថា មនុស្សមិនអាចមើលឃើញវិធីសាស្ត្រ និងរបៀបដ៏ជាក់ស្ដែងដែលព្រះជាម្ចាស់មានក្នុងការដោះស្រាយជាមួយពួកគេឡើយ។ ការនេះត្រូវពាក់ព័ន្ធនឹងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីដោះស្រាយជាមួយទង្វើអាក្រក់របស់មនុស្សមួយ​ចំនួន។ នេះមានន័យថា ទ្រង់មិនប្រកាសពីអំពើបាបរបស់ពួកគេ ហើយមិនកំណត់ពីលទ្ធផលរបស់ពួក​គេឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីប្រទានជាទោសទណ្ឌ និងការដាក់ទោសដល់ពួកគេ។ នៅពេលដែលការពិតទាំងនេះកើតឡើង គឺសាច់ឈាមរបស់មនុស្សដែលរងទោសទណ្ឌ ហើយទោសទណ្ឌនេះ មានន័យថាជាអ្វីមួយដែលភ្នែកមនុស្សអាចមើលឃើញ។ នៅពេលដែលដោះស្រាយជាមួយអាកប្ប​កិរិយា​អាក្រក់របស់មនុស្ស ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលដាក់បណ្ដាសាពួកគេ ហើយព្រះពិរោធរបស់ទ្រង់ក៏ធ្លាក់លើពួកគេដែរ ប៉ុន្តែទោសទណ្ឌដែលពួកគេទទួលនោះ គឺជាអ្វីមួយដែលមនុស្សមើលមិនឃើញឡើយ​។ យ៉ាង​ណាមិញ លទ្ធផលប្រភេទនេះអាចមានកម្រិតធ្ងន់ធ្ងរជាងលទ្ធផលដែលមនុស្សអាចមើលឃើញ ដូចជាការរងទារុណកម្ម ឬត្រូវគេសម្លាប់ទៅទៀត។ នោះគឺដោយសារតែនៅក្រោមកាលៈទេសៈដែលព្រះជាម្ចាស់បានកំណត់នោះ មិនបានសង្រ្គោះមនុស្សបែបនេះ លែងបង្ហាញសេចក្តីមេត្តាករុណា ឬលែងមានការអត់ឱនចំពោះពួកគេ និងប្រទានឱកាសដល់​ពួក​គេទៀតហើយ ដូច្នេះ ឥរិយាបថដែលទ្រង់មានចំពោះពួកគេ គឺជាការបោះបង់ពួកគេចោល។ តើអ្វីទៅជាអត្ថន័យនៃ «ការទុកនៅ​ដោយ​ឡែក»? អត្ថន័យមូលដ្ឋាននៃពាក្យនេះ គឺជា «ការទុកពួកគេនៅដោយ​ឡែក ឬលែងយកចិត្តទុកដាក់ចំពោះពួក​គេតទៅទៀត»។ ប៉ុន្តែនៅត្រង់នេះ នៅពេលដែលព្រះជាម្ចាស់ «ទុកមនុស្សណា​ម្នាក់នៅ​ដោយ​ឡែក» វាមានសេចក្តីពន្យល់ពីរខុសគ្នាអំពីអត្ថន័យរបស់វា៖ សេចក្តីពន្យល់ទីមួយគឺថា ទ្រង់បានប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងរបស់បុគ្គលនោះទៅឲ្យសាតាំង ហើយព្រះជាម្ចាស់នឹងលែងទទួលខុសត្រូវ និងគ្រប់គ្រងលើបុគ្គលនោះទៀតហើយ។ មិនថាបុគ្គលនោះឆ្កួត ឬល្ងង់ខ្លៅ ឬមិនថាពួកគេស្លាប់ ឬរស់ ឬប្រសិនបើពួកគេធ្លាក់ទៅក្នុងស្ថាននរកសម្រាប់ទារុណកម្មរបស់ពួក​គេក៏ដោយ ក៏វាគ្មានពាក់ព័ន្ធអ្វីជាមួយព្រះជាម្ចាស់នោះដែរ។ នោះមានន័យថា សត្ត​និករបែបនេះនឹងគ្មានទំនាក់ទំនងអ្វីជាមួយព្រះអាទិករឡើយ។ សេចក្តីពន្យល់ទីពីរគឺថា ព្រះជាម្ចាស់បានសម្រេចថា ទ្រង់ផ្ទាល់ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យចង់ធ្វើអ្វីមួយជាមួយបុគ្គលនេះ ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ ទ្រង់អាចនឹងប្រើការបម្រើរបស់បុគ្គលនេះ ឬទ្រង់អាចនឹងប្រើពួកគេជារបស់​ឥត​បានការ។ ទ្រង់អាចនឹងមានរបៀបដ៏ពិសេសមួយក្នុង​ការដោះស្រាយជាមួយបុគ្គលប្រភេទនេះ ជារបៀបដ៏ពិសេសមួយក្នុង​ការប្រព្រឹត្តចំពោះពួកគេ ឧទាហរណ៍ ដូចជាលោកប៉ុល​។ នេះគឺជាគោលការណ៍ និងឥរិយាបថដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានសម្រេច ដើម្បីដោះស្រាយជាមួយមនុស្សប្រភេទនេះ។ ដូច្នេះ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ និយាយបង្កាច់បង្ខូច និងប្រមាថទ្រង់ ប្រសិនបើពួកគេធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ ឬប្រសិនបើពួកគេធ្វើហួសដែនកំណត់នៃការអត់ឱនរបស់ទ្រង់ នោះផលវិបាកនឹងហួសពីការគិតរបស់គេទៅទៀត។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតគឺថា ព្រះជាម្ចាស់ប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងអំពីពួកគេទៅឲ្យសាតាំងតែម្ដងជាសម្រេច។ ពួកគេនឹងមិនទទួលបានការអត់ទោសអស់កល្បជានិច្ច។ នេះមានន័យថា បុគ្គលនេះបានក្លាយជាអាហារនៅក្នុងមាត់របស់សាតាំង ជារបស់លេងនៅក្នុងដៃរបស់វា ហើយបន្ទាប់មក ព្រះជាម្ចាស់គ្មានពាក់ព័ន្ធអ្វីទៀតជាមួយពួកគេឡើយ។ តើអ្នករាល់គ្នាអាចស្រមៃឃើញពីទុក្ខវេទនារបស់លោក​យ៉ូប នៅពេលដែលសាតាំងបានល្បួងគាត់ដែរឬទេ? ទោះបីស្ថិតនៅក្រោមលក្ខខណ្ឌដែលថា សាតាំងមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ជីវិតរបស់លោកយ៉ូបក៏ដោយ ក៏លោកយ៉ូបនៅតែរងទុក្ខវេទនាយ៉ាងខ្លាំងដដែល។ តើវាមិនកាន់តែពិបាកស្រមើស្រមៃអំពីទុក្ខវេទនាដែលសាតាំងនឹងធ្វើទៅលើមនុស្សម្នាក់ដែលព្រះជាម្ចាស់បានប្រគល់ទៅក្នុងដៃរបស់សាតាំង ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់វាទាំងស្រុង ដែលបានបាត់បង់ការយកចិត្តទុកដាក់ និងសេចក្តីមេត្តាករុណាទាំងស្រុងរបស់ព្រះជាម្ចាស់ ដែលលែងស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដែលត្រូវបានដកហូតសិទ្ធិក្នុងការថ្វាយបង្គំទ្រង់ និងសិទ្ធិក្នុងការក្លាយជាសត្តនិករម្នាក់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ហើយបានកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយព្រះអម្ចាស់នៃសត្តនិករនោះ? ការបៀតបៀនរបស់សាតាំងចំពោះលោកយ៉ូប គឺជាអ្វីមួយដែលភ្នែករបស់មនុស្សអាចមើលឃើញ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់ប្រគល់ជីវិតរបស់មនុស្សទៅឲ្យសាតាំងវិញ នោះផលវិបាកនឹងហួសពីការស្រមើស្រមៃរបស់មនុស្សទៅទៀត។ ឧទាហរណ៍ មនុស្សខ្លះអាចកើតម្ដងទៀតជាសត្វគោ ឬសត្វលា ខណៈពេលដែលអ្នកខ្លះទៀតអាចត្រូវបានគ្រប់គ្រង និងកាន់កាប់ដោយពួកវិញ្ញាណអាក្រក់ ឬពួកវិញ្ញាណមិនបរិសុទ្ធជាដើម។ ទាំងនេះគឺជាលទ្ធផលរបស់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានប្រគល់ទៅឲ្យសាតាំង។ បើមើលពីខាងក្រៅ វាហាក់ដូចជាមនុស្សដែលចំអក និយាយបង្កាច់បង្ខួច ថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវទាំងនោះ មិនទទួលរងផលវិបាកណាមួយឡើយ។ ប៉ុន្ដែ ការពិតនោះគឺថា ព្រះជាម្ចាស់មានវិធីសាស្ត្រមួយក្នុងការដោះស្រាយជាមួយអ្វីៗទាំងអស់។ ទ្រង់មិនអាចប្រើភាសាច្បាស់លាស់ ដើម្បីមាន​បន្ទូល​ប្រាប់មនុស្សអំពីលទ្ធផលនៃរបៀបដែលទ្រង់ដោះស្រាយជាមួយមនុស្សគ្រប់ប្រភេទនោះឡើយ។ ពេលខ្លះ ទ្រង់មិនមានបន្ទូលដោយផ្ទាល់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បែរជាធ្វើដោយផ្ទាល់វិញ។ ការដែលទ្រង់មិនមានបន្ទូលនោះ មិនមែនមានន័យថា វាគ្មានលទ្ធផលនោះឡើយ ប៉ុន្តែនៅក្នុងករណីនេះ លទ្ធផលអាចនឹងមានកម្រិតកាន់តែធ្ងន់ធ្ងរផង។ បើមើលពីខាងក្រៅ វាអាចមានមនុស្សខ្លះដែលព្រះជាម្ចាស់មិនមានបន្ទូលច្បាស់ៗប្រាប់អំពីឥរិយាបថ​របស់ទ្រង់ឡើយ នោះគឺដោយសារតែព្រះជាម្ចាស់លែងគិតគូរអំពីពួកគេតាំងពីយូរណាស់មកហើយ។ ទ្រង់លែងចង់ឃើញពួកគេទៀតហើយ។ ដោយសាតែអ្វីដែលពួកគេបានធ្វើ និងអាកប្ប​កិរិយារបស់ពួក​គេ ដោយសារតែនិស្ស័យ និងសារជាតិរបស់ពួក​គេ ព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់ឲ្យពួកគេរលាយបាត់ពីព្រះនេត្ររបស់ទ្រង់តែម្ដង ទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ប្រគល់ពួកគេដោយផ្ទាល់ទៅឲ្យសាតាំង ចង់ប្រទានវិញ្ញាណ ព្រលឹង និងរូបកាយរបស់ពួកគេទៅឲ្យសាតាំង និងបើកដៃឲ្យសាតាំងធ្វើអ្វីតាមអំពើចិត្តរបស់វាជាមួយពួកគេ។ វាស្ដែងចេញឲ្យឃើញយ៉ាងច្បាស់អំពីកម្រិតដែលព្រះជាម្ចាស់ស្អប់ពួកគេ ឃើញពីកម្រិតដែលទ្រង់បានខ្ពើមរអើមពួកគេ។ ប្រសិនបើមនុស្សម្នាក់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ដល់កម្រិតមួយដែលព្រះជាម្ចាស់មិនចង់ឃើញពួកគេតទៅទៀត ហើយត្រៀមបោះបង់ពួកគេចោលទាំងស្រុង ដល់កម្រិតមួយដែលទ្រង់លែងចង់ពាក់ព័ន្ធជាមួយពួកគេទៀត ហើយប្រសិនបើវាដល់កម្រិតមួយដែលទ្រង់នឹងប្រគល់ពួកគេទៅឲ្យសាតាំងធ្វើតាមអំពើចិត្តរបស់វា បើកដៃឲ្យសាតាំងត្រួតត្រា ស៊ីបំផ្លាញ និងប្រព្រឹត្តចំពោះពួកគេតាមទំនើងចិត្តរបស់វាទៅហើយ បុគ្គលនេះត្រូវចប់ទាំងស្រុងមិនខាន។ សិទ្ធិរបស់ពួក​គេក្នុ​ងការ​ធ្វើ​ជាមនុស្ស ត្រូវបានដកហូតជាអចិន្ត្រៃយ៍ ហើយសិទ្ធិរបស់ពួក​គេក្នុងការ​ធ្វើជាសត្ត​និករ​មួយនៃការ​បង្កើតរបស់ព្រះជាម្ចាស់នោះ ក៏បានមកដល់ទីបញ្ចប់ដែរ។ តើនេះមិនមែនជាទារុណកម្មដ៏ធ្ងន់ធ្ងរបំផុតទេឬអី?

សេចក្ដីពន្យល់ទាំងអស់ខាងលើ គឺជាសេចក្តីពន្យល់ដ៏ពេញលេញសម្រាប់ព្រះបន្ទូលដែលថា៖ «អ្នកនោះ​នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅ​ក្នុងលោក​នេះ ឬ​លោកខាងមុខ​ក៏​ដោយ​»។ ហើយវាក៏បម្រើជាស័ព្ទវចនាធិប្បាយដ៏សាមញ្ញមួយអំពីបទគម្ពីរទាំងនេះដែរ។ ខ្ញុំជឿថា ឥឡូវនេះ អ្នករាល់គ្នាមានការយល់ដឹងអំពីអត្ថន័យរបស់វាហើយ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ចូរអត់ទោសប្រាំពីរចិតសិបដង និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

៤. ចូរអត់ទោសប្រាំ​ពីរ​ចិតសិបដង ម៉ាថាយ ១៨:២១-២២ ពេល​នោះ លោកពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ ព្រះ‌អម្ចាស់​អើយ...

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់...

Leave a Reply