ចូរអត់ទោសប្រាំពីរចិតសិបដង និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

24-02-2021

៤. ចូរអត់ទោសប្រាំ​ពីរ​ចិតសិបដង

ម៉ាថាយ ១៨:២១-២២ ពេល​នោះ លោកពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ ព្រះ‌អម្ចាស់​អើយ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មានដងទៅចំពោះបងប្អូនរបស់ទូលបង្គំដែលចេះតែប្រព្រឹត្តអំពើបាបទាស់នឹងទូលបង្គំ? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ? ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូលតប​ទៅ​គាត់​ថា៖ ខ្ញុំសូមប្រាប់​អ្នក​ថា មិន​មែន​ប្រាំ​ពីរ​ដង​ឡើយ តែ​ចិត‌សិប​ដង​ប្រាំ​ពីរ​ដងវិញ។

៥. សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

ម៉ាថាយ ២២:៣៧-៣៩ ព្រះ‌យេស៊ូវបាន​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ អ្នកត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​ជាម្ចាស់របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក។ នេះ​ជា​បទ‌បញ្ជា​ទី​មួយ និង​សំខាន់​ជាង​គេ។ ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នាគឺ អ្នកត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នកឲ្យ​ដូចស្រឡាញ់​ខ្លួន​ឯង។

ចេញពីបទគម្ពីរទាំងពីរនេះ បទគម្ពីរមួយចែងអំពីការអត់ទោស ហើយបទគម្ពីរមួយទៀតចែងអំពីសេចក្តីស្រឡាញ់។ នេះគឺជាប្រធានបទចំនួនពីរដែលលើកឡើងអំពីកិច្ចការដែលព្រះអម្ចាស់យេស៊ូវចង់អនុវត្តនៅក្នុងយុគសម័យនៃព្រះគុណ។

នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បាននាំមកជាមួយទ្រង់នូវដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការជាក់លាក់ និងជានិស្ស័យដែលទ្រង់ចង់បង្ហាញនៅក្នុងយុគសម័យនេះ។ នៅក្នុងអំឡុងពេលនោះ អ្វីៗគ្រប់យ៉ាងដែលបុត្រមនុស្សបានធ្វើ ពាក់ព័ន្ធតែជាមួយកិច្ចការដែលព្រះជាម្ចាស់ចង់អនុវត្តនៅក្នុងយុគសម័យនេះប៉ុណ្ណោះ។ ទ្រង់នឹងមិនធ្វើលើសពីនេះ និងតិចជាងនេះឡើយ។ គ្រប់សេចក្តីដែលទ្រង់មានបន្ទូល និងគ្រប់កិច្ចការដែលទ្រង់បានអនុវត្ត សុទ្ធតែទាក់ទងនឹងយុគសម័យនេះទាំងអស់។ មិនថាទ្រង់បានបង្ហាញវានៅក្នុងរបៀបជាមនុស្ស ដោយ​ភាសារបស់មនុស្ស ឬតាមរយៈភាសារបស់ព្រះ ហើយទោះបីជា​ទ្រង់បានធ្វើវានៅក្នុងរបៀបណាមួយ ឬចេញពីទស្ស​នៈណាមួយក៏​ដោយ ក៏​គោលដៅរបស់ទ្រង់ គឺដើម្បីជួយមនុស្សឲ្យយល់អំពីអ្វីដែលទ្រង់ចង់ធ្វើ អ្វីដែលជាព្រះហឫទ័យរបស់ទ្រង់ និងអ្វីដែលជាសេចក្ដី​តម្រូវរបស់ទ្រង់ចំពោះមនុស្សដែរ។ ទ្រង់អាចប្រើមធ្យោបាយ និងទស្សនៈខុសៗគ្នា ដើម្បីជួយឲ្យមនុស្សយល់ និងដឹងអំពីព្រះហឫទ័យរបស់ទ្រង់ និងដើម្បីយល់អំពីកិច្ចការនៃការសង្រ្គោះមនុស្សជាតិរបស់ទ្រង់។ ដូច្នេះ នៅក្នុងយុគសម័យនៃព្រះគុណ យើងអាចមើលឃើញថា ភាគច្រើន ព្រះអម្ចាស់យេស៊ូវប្រើប្រាស់ភាសារបស់មនុស្ស ដើម្បីបង្ហាញអំពីអ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ប្រាស្រ័យទាក់ទងទៅកាន់មនុស្សជាតិ។ លើសពីនេះទៅទៀត យើងក៏មើលឃើញទ្រង់ចេញពីទស្សនៈ​របស់​មគ្គុទេសក៏ដ៏សាមញ្ញម្នាក់ដែល​​និយាយ​ជាមួយមនុស្ស ផ្គត់ផ្គង់ដល់តម្រូវការរបស់ពួក​គេ និងជួយបំពេញសំណើរបស់ពួកគេ។ របៀបនៃការធ្វើការនេះ មិនត្រូវបានមើលឃើញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែលកើតមុនយុគសម័យនៃព្រះគុណឡើយ។ ទ្រង់កាន់តែមានភាពស្និទ្ធស្នាល និងកាន់តែមានព្រះ​ទ័យ​ក្ដួល​អាណិត​ចំពោះមនុស្សជាតិ ក៏ដូចជាកាន់តែអាចសម្រេចបានលទ្ធផលជាក់ស្ដែងទាំងនៅក្នុងទម្រង់ និងឥរិយាបថដែរ។ សាច់រឿងប្រៀបធៀបអំពីការអត់ទោសមនុស្សប្រាំពីរ​ចិតសិបដងនេះ ពិតជាបញ្ជាក់អំពីចំណុចនេះ។ គោលបំណងដែលត្រូវសម្រេច ដោយចំនួនដងនៅក្នុងសាច់រឿងប្រៀបធៀបនេះ គឺដើម្បីជួយឲ្យមនុស្សយល់អំពីបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រាដែលទ្រង់បានមានបន្ទូលនេះ។ បំណងព្រះហឫទ័យរបស់ទ្រង់គឺថា មនុស្សគួរតែអត់ទោសឲ្យអ្នកដទៃ មិនមែនម្ដង ឬពីរដងឡើយ ហើយក៏មិនមែនប្រាំពីរដង​ដែរ ប៉ុន្តែ គឺប្រាំពីរ​ចិតសិបដងវិញ។ តើទស្សនៈ «ប្រាំ​ពីរ​ចិតសិបដង» នេះមានបង្កប់នូវអត្ថន័យដូចម្ដេចទៅ? នេះគឺដើម្បីនាំមនុស្សឲ្យយកការអត់ទោសជាការទទួលខុសត្រូវរបស់ពួក​គេ ជាអ្វីមួយដែលពួកគេត្រូវតែរៀនសូត្រ និងជា «ផ្លូវ» មួយដែលពួកគេត្រូវប្រកាន់ខ្ជាប់។ ទោះបីវាគ្រាន់តែជារឿងប្រៀបធៀបក៏ដោយ ប៉ុន្តែ រឿងនេះបានបង្ហាញនូវចំណុចដ៏សំខាន់។ វាបានជួយឲ្យមនុស្សយល់ដឹងយ៉ាងជ្រាលជ្រៅអំពីអ្វីដែលទ្រង់ចង់មានអត្ថន័យ និងឲ្យគេរកផ្លូវអនុវត្ត និងគោលការណ៍ ព្រមទាំងបទដ្ឋាននៃការអនុវត្តដ៏ត្រឹមត្រូវ។ រឿងប្រៀបធៀបនេះបានជួយឲ្យមនុស្សយល់យ៉ាងច្បាស់ និងបានផ្ដល់ឲ្យពួកគេនូវគោលគំនិតដ៏ត្រឹមត្រូវ ថាពួកគេគួរតែរៀនអំពីការអត់ទោស ហើយអត់ទោសនៅគ្រប់ពេល ដោយគ្មានលក្ខខណ្ឌឡើយ ប៉ុន្តែ អត់ទោសដោយមានឥរិយាបថ​នៃ​ការ​អត់ឱន និងការយល់ចិត្តរបស់អ្នកដទៃ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអំពីការនេះ តើអ្វីទៅដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ទ្រង់? តើទ្រង់ពិតជាកំពុងតែព្រះ​តម្រិះ​អំពីតួលេខ «ប្រាំពីរ​ចិតសិបដង» ឬ? អត់ទេ ទ្រង់មិនបានព្រះ​តម្រិះ​បែបនេះឡើយ។ តើមានចំនួនដងដែលព្រះជាម្ចាស់នឹងអត់ទោសដល់មនុស្សឬ? មានមនុស្សជាច្រើនដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ «ចំនួនដង» ដែលបានលើកឡើងនៅត្រង់នេះ ជាអ្នកដែលចង់យល់អំពីប្រភពដើម និងអត្ថន័យនៃតួលេខនេះ។ ពួកគេចង់យល់អំពីហេតុផលដែលនាំឲ្យព្រះអម្ចាស់យេស៊ូវលើកឡើងអំពីតួលេខនេះ ដ្បិតពួកគេជឿថា តួលេខនេះមានបង្កប់អត្ថន័យដ៏ស៊ីជម្រៅ។ ប៉ុន្តែ ជាក់ស្ដែង វាគ្រាន់តែភាសាប្រៀបធៀបរបស់​មនុស្ស ដែលព្រះជាម្ចាស់បានប្រើប៉ុណ្ណោះ។ រាល់ន័យធៀប ឬអត្ថន័យណាមួយ ត្រូវតែយកមកពិចារណាជាមួយសេចក្ដី​តម្រូវរបស់ព្រះអម្ចាស់យេស៊ូវសម្រាប់មនុស្សជាតិ​។ នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាម មនុស្សមិនបានយល់ច្រើនឡើយអំពីអ្វីដែលទ្រង់បានមានបន្ទូល ដោយសារតែព្រះបន្ទូលរបស់ទ្រង់បានចេញមកពីភាពជាព្រះទាំងស្រុង។ ទស្សនៈ និងបរិបទនៃអ្វីដែលទ្រង់បានមានបន្ទូល គឺមនុស្សជាតិមិនអាចមើលឃើញ និងពាល់បានឡើយ ហើយវាត្រូវបានស្ដែងឡើងចេញពីពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ​។ សម្រាប់មនុស្សដែលបានរស់នៅក្នុងសាច់ឈាម ពួកគេមិនអាចឆ្លងកាត់ពិភពខាងវិញ្ញាណបានឡើយ។ ប៉ុន្តែ ក្រោយពេលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បានមានបន្ទូលទៅកាន់មនុស្សជាតិចេញពីទស្សនៈ​នៃភាពជាមនុស្ស ហើយទ្រង់បានយាងចេញពីពិភពខាងវិញ្ញាណ និងយាងហួសវិសាលភាពនៃពិភពនេះទៅទៀត។ ទ្រង់អាចបង្ហាញនិស្ស័យជាព្រះ ព្រះហឫទ័យ និងឥរិយាបថ​របស់ទ្រង់ តាមរយៈអ្វីៗដែលមនុស្សអាចស្រមៃឃើញ អ្វីដែលពួកគេមើលឃើញ និងជួបប្រទះនៅក្នុងជីវិតរបស់ពួក​គេ ហើយប្រើប្រាស់វិធីសាស្ត្រដែលមនុស្សអាចទទួលយក នៅក្នុងភាសាមួយដែលពួកគេអាចយល់ និងជាមួយចំណេះដឹងមួយដែលពួកគេអាចចាប់បាន ដើម្បីជួយឲ្យមនុស្សជាតិអាចយល់ និងដឹងអំពីព្រះជាម្ចាស់ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងបទដ្ឋានតម្រូវរបស់ទ្រង់ដែលស្ថិតនៅក្នុងវិសាលភាពនៃសមត្ថភាពរបស់ពួក​គេ និងនៅកម្រិតមួយដែលពួកគេអាចធ្វើបាន។ នេះគឺជាវិធីសាស្ត្រ និងគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្ស។ ទោះបីរបៀបរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃការធ្វើការរបស់ទ្រង់នៅក្នុងសាច់ឈាម ត្រូវបានសម្រេចភាគច្រើន ដោយមធ្យោបាយ ឬតាមរយៈភាពជាមនុស្សក៏ដោយ ប៉ុន្តែ វាពិតជាបានសម្រេចលទ្ធផល ដែលមិនអាចសម្រេចបាន តាមរយៈការធ្វើការដោយផ្ទាល់នៅក្នុងភាពជាព្រះនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្សមានលក្ខណៈច្បាស់លាស់ ពិតត្រង់ និងចំគោលដៅជាង ហើយវិធីសាស្ត្រមានភាពបត់បែនជាង និងស្ថិតនៅក្នុងទម្រង់មួយដែលហួសពីកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។

បន្ទាប់មក ចូរយើងនិយាយអំពីការស្រឡាញ់ព្រះអម្ចាស់ និងការស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង។ តើនេះជាអ្វីមួយដែលត្រូវបានសម្ដែងចេញដោយផ្ទាល់នៅក្នុងភាពជាព្រះឬ? អត់ទេ វាមិនបែបនេះឡើយ! នេះគឺជារឿងដែលបុត្រមនុស្សបានមានបន្ទូលនៅក្នុងភាពជាមនុស្ស ហើយមានតែមនុស្សប៉ុណ្ណោះដែលអាចនិយាយអ្វីមួយបែបនេះ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចស្រឡាញ់ខ្លួនឯង។ ចូរស្រឡាញ់អ្នកដទៃ ដូចអ្នកស្រឡាញ់ជីវិតរបស់ខ្លួន»។ ការនិយាយបែបនេះគឺជាការនិយាយស្ដីបែបមនុស្សសុទ្ធសាធ។ ព្រះជាម្ចាស់មិនដែលមានបន្ទូលបែបនេះឡើយ។ យ៉ាងហោចណាស់ ព្រះជាម្ចាស់មិនមានភាសាបែបនេះនៅក្នុងភាពជាព្រះរបស់ទ្រង់ឡើយ ដោយសារតែទ្រង់មិនត្រូវការគោលការណ៍បែបនេះ «ចូរស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង» ដើម្បីកំណត់នូវសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិឡើយ ព្រោះថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺជាការបើកសម្ដែងពីធម្មជាតិមួយអំពីកម្ម​សិទ្ធិ​និងលក្ខណៈរបស់ទ្រង់។ តើអ្នករាល់គ្នាធ្លាប់ឮព្រះជាម្ចាស់មានបន្ទូលថា៖ «អញស្រឡាញ់មនុស្សជាតិ ដូចអញស្រឡាញ់អង្គអញ» ដែរឬទេ? អ្នកមិនធ្លាប់ឮឡើយ ដោយសារតែសេចក្តីស្រឡាញ់គឺស្ថិតនៅក្នុងសារជាតិរបស់ព្រះជាម្ចាស់ និងនៅក្នុងកម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងឥរិយាបថ​របស់ទ្រង់ ព្រមទាំងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស គឺជាការសម្ដែងចេញពីធម្មជាតិ និងជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ទ្រង់មិនចាំបាច់ធ្វើកិច្ចការនេះនៅក្នុងរបៀបជាក់លាក់មួយ ឬធ្វើតាមវិធីសាស្ត្រ ឬក្រមសីលធម៌ណាមួយ ដើម្បីឲ្យទ្រង់អាចស្រឡាញ់អ្នកជិតខាងទ្រង់ដូចស្រឡាញ់អង្គទ្រង់នោះឡើយ ព្រោះថាទ្រង់មានសារជាតិនេះរួចទៅហើយ។ តើអ្នកមើលឃើញអ្វីខ្លះអំពីចំណុចនេះ? នៅពេលដែលព្រះជាម្ចាស់បានធ្វើការនៅក្នុងភាពជាមនុស្ស មានវិធីសាស្ត្រ ព្រះបន្ទូល និងសេចក្តីពិតរបស់ទ្រង់ជាច្រើនត្រូវបានស្ដែងចេញនៅក្នុងរបៀបជាមនុស្ស។ ប៉ុន្តែ ក្នុងពេលដូចគ្នានោះ និស្ស័យរបស់ព្រះជាម្ចាស់ កម្ម​សិទ្ធិ​ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងព្រះហឫទ័យរបស់ទ្រង់ត្រូវបានស្ដែងចេញឲ្យមនុស្សដឹង និងយល់។ អ្វីដែលពួកគេបានដឹង និងយល់នោះ គឺជាសារជាតិរបស់ទ្រង់ ព្រមទាំងជាកម្ម​សិទ្ធិ​និងលក្ខណៈរបស់ទ្រង់តែម្ដង ដែលតំណាងឲ្យអត្តសញ្ញាណដើម និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​។ គឺអាចនិយាយបានថា បុត្រមនុស្សនៅក្នុងសាច់ឈាមបានបង្ហាញនិស្ស័យ និងសារជាតិដើមរបស់ព្រះជាម្ចាស់នៅកម្រិតដ៏ខ្ពស់ និងសុក្រឹត្យបំផុតតាមដែលអាចធ្វើទៅបាន​។ ភាពជាមនុស្សរបស់បុត្រមនុស្សមិនគ្រាន់តែមិនក្លាយជារនាំង ឬឧបសគ្គចំពោះការប្រាស្រ័យទាក់ទង និងអន្តរកម្មរបស់មនុស្សជាមួយព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែ តាមពិតទៅ វាជាបណ្ដាញ និងជាស្ពានតែមួយគត់សម្រាប់មនុស្សជាតិ ដើម្បីផ្សារភ្ជាប់ជាមួយព្រះអម្ចាស់នៃរបស់សព្វសារពើ។ ឥឡូវ មកដល់ត្រង់នេះ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា វាមានភាពស្រដៀងគ្នាជាច្រើនរវាងធម្មជាតិ និងវិធីសាស្ត្រនៃកិច្ចការដែលត្រូវបានធ្វើ ដោយព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការទេឬ? ដំណាក់កាលបច្ចុប្បន្ននៃកិច្ចការនេះក៏ប្រើប្រាស់ភាសាមនុស្សជាច្រើនដែរ ដើម្បីបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងភាសា និងវិធីសាស្ត្រជាច្រើនចេញពីជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិ និងចំណេះដឹងរបស់មនុស្ស ដើម្បីបង្ហាញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​។ នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទោះបីទ្រង់កំពុងតែមានបន្ទូលចេញពីទស្សនៈ​របស់​មនុស្ស ឬទស្សនៈ​របស់​ព្រះក៏ដោយ ក៏ភាសា និងវិធីសាស្ត្ររបស់ទ្រង់ជាច្រើនចេញមកតាមរយៈមធ្យោបាយជាភាសា និងវិធីសាស្ត្ររបស់​មនុស្សដែរ។ ព្រោះថានៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នេះជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីមើលឃើញពីសព្វានុភាពរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រមទាំងដើម្បីដឹងអំពីគ្រប់ទិដ្ឋភាពដ៏ពិតរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ខណៈពេលដែលទ្រង់កំពុងតែលូតលាស់ឡើង ទ្រង់បានចាប់ផ្ដើមយល់ រៀនសូត្រ មានចំណេះដឹង សុភនិច្ឆ័យ ភាសា និងវិធីសាស្ត្ររបស់មនុស្សជាតិអំពី​ការ​បង្ហាញ​ចេញ​នៅក្នុងភាពជាមនុស្ស។ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស មានចំណុចទាំងអស់​នេះដែលចេញមកពីមនុស្សដែលទ្រង់បានបង្កើតមក។ វាបានក្លាយជាឧបករណ៍របស់ព្រះជាម្ចាស់​នៅ​ក្នុងសាច់ឈាម ដើម្បីបង្ហាញពីនិស្ស័យ និងភាពជាព្រះរបស់ទ្រង់ ព្រមទាំងជួយឲ្យទ្រង់ធ្វើកិច្ច​ការរបស់ទ្រង់កាន់តែសមហេតុផល កាន់តែពិតច្បាស់ និងកាន់តែសុក្រឹត្យ នៅពេលដែលទ្រង់កំពុងតែធ្វើការនៅកណ្ដាលចំណោមមនុស្សជាតិ ដោយចេញពីទស្សនៈ​របស់​មនុស្ស និងប្រើប្រាស់ភាសាមនុស្ស។ ការនេះបានធ្វើឲ្យមនុស្សកាន់តែទទួលបាន និងកាន់តែយល់អំពីកិច្ចការរបស់ទ្រង់ ហើយវាសម្រេចបានលទ្ធផលដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់បាន។ តើការដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមបែបនេះមិនកាន់តែជាក់ស្ដែងទេឬអី? តើនេះមិនមែនជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេឬ? នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចរ៉ាប់រងកិច្ចការដែលទ្រង់សព្វ​ព្រះ​ហឫទ័យចង់អនុវត្ត នោះជាពេលដែលទ្រង់នឹងបង្ហាញពីនិស្ស័យ និងកិច្ចការរបស់ទ្រង់ ហើយនោះក៏ជាពេលដែលទ្រង់គួរតែចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ក្នុងនាមជាបុត្រមនុស្សដែរ។ នេះមានន័យថា វាលែងមាន «គម្លាតជំនាន់» រវាងព្រះជាម្ចាស់ និងមនុស្សទៀត​ហើយ មានន័យថា ក្នុងពេល​ឆាប់​ៗ ព្រះជាម្ចាស់នឹងបញ្ចប់ការប្រាស្រ័យទាក់ទងរបស់ទ្រង់ តាមរយៈអ្នកនាំសារ និងមានន័យទៀតថា ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គអាចបង្ហាញគ្រប់ទាំងព្រះបន្ទូល និងកិច្ចការដោយផ្ទាល់នៅក្នុងសាច់ឈាមដែលទ្រង់សព្វ​ព្រះ​ហឫទ័យចង់ធ្វើ។ វាក៏មានន័យថា មនុស្សដែលព្រះជាម្ចាស់សង្រ្គោះ កាន់តែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់ មានន័យថា កិច្ចការគ្រប់គ្រងរបស់ទ្រង់បានចូលក្នុងដែនដីថ្មី និងមានន័យទៀតថា មនុស្សជាតិទាំងអស់ជិតជួបជាមួយយុគសម័យថ្មីហើយ។

មនុស្សគ្រប់គ្នាដែលបានអានព្រះគម្ពីរ សុទ្ធតែដឹងថា ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក។ ព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត គឺជាពេលមួយដែលទ្រង់ត្រូវបានស្ដេចរបស់អារក្សតាមប្រមាញ់។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់បំផុត ដ្បិតកុមារទាំង​អស់​នៅ​ក្នុងទីក្រុងដែលមានអាយុចាប់ពីពីរឆ្នាំចុះ ត្រូវបានគេសម្លាប់។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់បានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការត្រលប់ជាសាច់ឈាមនៅក្នុងចំណោមមនុស្ស ព្រោះថាតម្លៃដ៏ធំបំផុតដែលទ្រង់បានបង់ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ទ្រង់ក្នុង​ការសង្រ្គោះមនុស្សជាតិ ក៏ស្ដែងឲ្យឃើញយ៉ាងច្បាស់ដែរ។ សេចក្ដីសង្ឃឹមដ៏ធំដែលព្រះជាម្ចាស់មានសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិនៅក្នុងសាច់ឈាម ក៏ត្រូវបានស្ដែងចេញឲ្យឃើញដែរ។ នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចរ៉ាប់រងកិច្ចការនៅក្នុងចំណោមមនុស្សជាតិបាន តើទ្រង់មានអារម្មណ៍យ៉ាងដូចម្ដេចដែរ? មនុស្សគួរតែមានការយល់ដឹងនៅកម្រិតណាមួយហើយ មែនទេ? យ៉ាងហោចណាស់ ព្រះជាម្ចាស់មានព្រះទ័យរីករាយ ដោយសារតែទ្រង់អាចចាប់ផ្ដើមអនុវត្តកិច្ចការថ្មីរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវត្រូវបានជ្រមុជទឹក និងចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មានអំណរយ៉ាងខ្លាំង ដោយសារតែក្រោយការរង់ចាំ និងការត្រៀមខ្លួនជាច្រើនឆ្នាំមក នៅទីបំផុត ទ្រង់អាចពាក់សាច់ឈាមជាមនុស្សធម្មតា ហើយចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់នៅក្នុងទម្រង់ជាមនុស្សដែល​មាន​សាច់ និងឈាម ជាអ្នកដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បាន។ នៅទីបំផុត ទ្រង់អាចមានបន្ទូលមុខទល់នឹងមុខ ព្រមទាំងចិត្តទល់នឹងចិត្តជាមួយមនុស្ស តាមរយៈអត្តសញ្ញាណជាមនុស្ស។ នៅទីបំផុត ព្រះជាម្ចាស់អាចយាងមកមុខទល់នឹងមុខជាមួយមនុស្សជាតិ តាមរបៀប និងភាសារបស់មនុស្ស។ ទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សជាតិ បំភ្លឺដល់ពួកគេ និងជួយពួកគេឲ្យប្រើប្រាស់ភាសារបស់មនុស្ស ហើយទ្រង់អាចបរិភោគនៅលើតុតែមួយ និងរស់នៅកន្លែងតែមួយជាមួយពួកគេ។ ទ្រង់ក៏អាចទតមើលឃើញមនុស្ស ទតមើលឃើញរបស់របរ និងទតមើលឃើញអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដែលមនុស្សមើលឃើញ និងសូម្បីតែ​តាមរយៈភ្នែករបស់ពួកគេទៀតផង។ គឺអាចនិយាយបានដែរថា វាជាការសម្រេចនៃកិច្ចការដ៏ធំមួយ ហើយជាការពិត វាជាអ្វីមួយដែលព្រះជាម្ចាស់បានមានព្រះទ័យរីករាយបំផុត។ ដោយចាប់ផ្ដើមពីចំណុចនេះ ជាលើកដំបូង ព្រះជាម្ចាស់បានមានអារម្មណ៍កម្សាន្តចិត្តនៅក្នុងកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលបានលេចជារូបរាង សុទ្ធតែមានលក្ខណៈជាក់ស្ដែង និងធម្មជាតិ ហើយការកម្សាន្តចិត្តដែលព្រះជាម្ចាស់មាននោះ គឺជាការពិត។ សម្រាប់មនុស្សជាតិ គ្រប់ពេលដែលដំណាក់កាលថ្មីនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ហើយគ្រប់ពេលដែលព្រះជាម្ចាស់មានអារម្មណ៍ស្កប់ព្រះទ័យ នោះហើយជាពេលដែលមនុស្សជាតិអាចចូលកាន់តែជិតព្រះជាម្ចាស់ និងសេចក្តីសង្រ្គោះ។ ចំពោះព្រះជាម្ចាស់ នេះក៏ជាការចាប់ផ្ដើមនៃកិច្ចការថ្មីរបស់ទ្រង់ ជាការបោះជំហានទៅមុខនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ ហើយលើសពីនេះ ក៏ជាពេលដែលបំណង​ព្រះហឫទ័យរបស់ទ្រង់ត្រូវបានសម្រេចទាំងស្រុងដែរ។ សម្រាប់មនុស្សជាតិ ការមកដល់នៃឱកាសនេះគឺជាសំណាង និងល្អប្រពៃណាស់ ព្រោះថាសម្រាប់មនុស្សទាំងអស់ដែលរង់ចាំសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នេះជាដំណឹងដ៏សំខាន់ និងរីករាយបំផុត។ នៅពេលដែលព្រះជាម្ចាស់អនុវត្តដំណាក់កាលថ្មីនៃកិច្ចការ នោះទ្រង់មានទីចាប់ផ្ដើមថ្មី ហើយនៅពេលដែលកិច្ចការថ្មី និងទីចាប់ផ្ដើមថ្មីនេះត្រូវបានដំណើរ​ការ និងណែនាំឲ្យ​ស្គាល់នៅក្នុងចំណោមមនុស្សជាតិ នោះជាពេលដែលលទ្ធផលនៃដំណាក់កាលនៃកិច្ចការនេះត្រូវបានកំណត់ទុក និងសម្រេច ហើយព្រះជាម្ចាស់បានទតឃើញអំពីលទ្ធផល និងផលផ្លែចុងក្រោយរួចស្រេចទៅហើយ។ នេះជាពេលដែលលទ្ធផលទាំងនេះធ្វើឲ្យព្រះជាម្ចាស់មានអារម្មណ៍ស្កប់ព្រះទ័យ ហើយជាការពិត វាក៏ជាពេលដែលព្រះហឫទ័យរបស់ទ្រង់រីករាយដែរ។ ព្រះជាម្ចាស់មានអារម្មណ៍ជឿជាក់ជាថ្មី ដោយសារតែនៅក្នុងព្រះនេត្ររបស់ទ្រង់ ទ្រង់បានទតឃើញ និងកំណត់យកមនុស្សដែលទ្រង់កំពុងតែស្វែងរក ហើយបានទទួលយកមនុស្សក្រុមនេះរួចហើយ ជាក្រុមមួយដែលអាចធ្វើឲ្យកិច្ចការរបស់ទ្រង់ទទួលបានជោគជ័យ និងនាំឲ្យទ្រង់មានសេចក្តីស្កប់ចិត្ត។ ដូចនេះ ទ្រង់ឈប់ព្រួយបារម្ភ ហើយទ្រង់មានព្រះទ័យរីករាយឡើង​វិញ។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចយាងនៅលើកិច្ចការថ្មីនៅក្នុងចំណោមមនុស្ស ហើយដោយគ្មានការបង្អាក់ ទ្រង់ក៏​ចាប់ផ្ដើមធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ហើយនៅពេលដែលទ្រង់មានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចហើយ នោះសម្រាប់ទ្រង់ ទ្រង់ទតឃើញចុងផ្លូវរួចស្រេចទៅហើយ។ ដោយសារតែការនេះ ទ្រង់បានស្កប់ព្រះទ័យ ហើយព្រះហឫទ័យរបស់ទ្រង់មានភាពរីករាយ។ តើព្រះហឫទ័យរីករាយរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញដោយរបៀបណាទៅ? តើអ្នករាល់គ្នាអាចស្រមៃឃើញចម្លើយនេះដែរឬទេ? តើព្រះជាម្ចាស់អាចព្រះកន្សែងដែរឬទេ? តើព្រះជាម្ចាស់ព្រះកន្សែងដែរឬ? តើព្រះជាម្ចាស់អាចទះព្រះហស្តឬទេ? តើព្រះជាម្ចាស់អាចរាំឬទេ? តើព្រះជាម្ចាស់អាចច្រៀងឬទេ? បើដូច្នេះ តើទ្រង់នឹងច្រៀងអំពីអ្វីទៅ? ជាការពិត ព្រះជាម្ចាស់អាចច្រៀងបទចម្រៀងមួយដ៏ពីរោះរំជួលចិត្ត ជាបទមួយដែលអាចបង្ហាញនូវសេចក្តីអំណរ និងសេច​ក្តីសុខដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់អាចច្រៀងឲ្យមនុស្សជាតិស្ដាប់ ច្រៀងតែអង្គទ្រង់ និងសម្រាប់អ្វីៗសព្វសារពើ។ សេចក្តីសុខរបស់ព្រះជាម្ចាស់អាចត្រូវបានសម្ដែងចេញនៅក្នុងរបៀបណាមួយ ហើយវាជារឿងធម្មតា ដោយសារតែព្រះជាម្ចាស់មានសេចក្តីអំណរ និងទុក្ខព្រួយ ហើយអារម្មណ៍របស់ទ្រង់អាចបង្ហាញចេញនៅក្នុងរបៀបខុសៗគ្នាដែរ។ នេះជាសិទ្ធិរបស់ទ្រង់ ហើយវាជារឿងធម្មតា និងសមគួរទេ។ មនុស្សមិនគួរគិតអ្វីផ្សេងនោះឡើយ។ អ្នករាល់គ្នាមិនគួរព្យាយាមប្រើ «មន្តអាគមកងរឹតក្បាល [ស៊ុនអ៊ូខុង]»[ក] ទៅលើព្រះជាម្ចាស់ ដោយប្រាប់ទ្រង់ថា ទ្រង់មិនគួរធ្វើការនេះ ឬការនោះ ទ្រង់មិនគួរប្រព្រឹត្តបែបនេះ ឬបែបនោះឡើយ ព្រោះថាការធ្វើបែបនេះដាក់ដែនកំណត់ដល់សេចក្តីសុខរបស់ទ្រង់ ឬកម្រិតនូវអារម្មណ៍ដែលទ្រង់អាចមាន។ នៅក្នុងដួងចិត្តរបស់មនុស្ស ព្រះជាម្ចាស់មិនអាចរីករាយ មិនអាចស្រក់ទឹកភ្នែក មិនអាចព្រះ​កន្សែងទេ គឺទ្រង់មិនអាចសម្ដែងអារម្មណ៍ណាមួយបានឡើយ។ តាមរយៈអ្វីដែលយើងបានប្រាស្រ័យទាក់​ទងក្នុងអំឡុងការប្រកបគ្នាទាំងពីរនេះ ខ្ញុំជឿថា អ្នករាល់គ្នានឹងលែងមើលឃើញព្រះជាម្ចាស់តាមបែបនេះទៀតហើយ ប៉ុន្តែ វានឹងជួយឲ្យព្រះជាម្ចាស់មានសេរីភាពក្នុងការបញ្ចេញអារម្មណ៍របស់ទ្រង់វិញ។ នេះគឺជារឿងដ៏ល្អណាស់។ ទៅថ្ងៃអនាគត ប្រសិនបើអ្នករាល់គ្នាអាចមានអារម្មណ៍ដឹងអំពីទុក្ខព្រួយរបស់ព្រះជាម្ចាស់ នៅពេលដែលអ្នកឮថា ទ្រង់មានព្រះទ័យសោកសៅ ហើយអ្នករាល់គ្នាអាចមានអារម្មណ៍ដឹងអំពីសេចក្តីសុខរបស់ទ្រង់ នៅពេលដែលអ្នកឮថា ទ្រង់កំពុងតែរីករាយ នោះយ៉ាងហោចណាស់ អ្នកនឹងអាចដឹង និងយល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឲ្យទ្រង់រីករាយ និងអ្វីដែលធ្វើឲ្យទ្រង់សោកសៅ។ នៅពេលដែលអ្នកមានអារម្មណ៍សោកសៅ ដោយសារតែព្រះជាម្ចាស់មានព្រះទ័យ​សោកសៅ និងមានអារម្មណ៍រីករាយ នៅពេលដែលព្រះជាម្ចាស់មានព្រះទ័យ​រីករាយ នោះទ្រង់នឹងទទួលបានដួងចិត្តរបស់អ្នកទាំងស្រុង ហើយវានឹងលែងមានរនាំងណាមួយនៅចន្លោះអ្នក និងទ្រង់ទៀតហើយ។ អ្នកនឹងលែងព្យាយាមរឹតត្បិតព្រះជាម្ចាស់ជាមួយការស្រមើស្រមៃ សញ្ញាណ និងចំណេះដឹងរបស់មនុស្សទៀតហើយ។ ក្នុងពេលដូចគ្នានោះ ព្រះជាម្ចាស់នឹងមានព្រះជន្មរស់ នៅក្នុងដួងចិត្តរបស់អ្នក។ ទ្រង់នឹងក្លាយជាព្រះជាម្ចាស់នៃជីវិតរបស់អ្នក និងជាម្ចាស់នៃអ្វីៗគ្រប់យ៉ាងអំពីអ្នក។ តើអ្នករាល់គ្នាមានសេចក្តីប្រាថ្នាប្រភេទនេះឬទេ? តើអ្នកជឿជាក់ថា អ្នកអាចសម្រេចសេចក្ដីប្រាថ្នានេះបានដែរឬទេ?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

លេខយោង៖

ក. «មន្តអាគមនៃកងរឹតក្បាល [ស៊ុនអ៊ូខុង]» គឺជាមន្តអាគមមួយដែលត្រូវបានសង្ឃថាងចេងប្រើនៅក្នុងខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា ដំណើរផ្សង​ពេ្រង​របស់​លោក​គ្រូ​ថាង​ចេង។ គាត់បានប្រើមន្តអាគមនេះ ដើម្បីគ្រប់គ្រងស៊ុនអ៊ូខុង ដោយរឹតក្បាលធ្វើឲ្យអ៊ុខុងឈឺក្បាលយ៉ាងខ្លាំង ហើយជាលទ្ធផល គាត់ក៏ព្រមចុះចូលចំពោះថាងចេង។ វាបានក្លាយជារឿងប្រៀបធៀបមួយ ដើម្បីពណ៌នាអំពីអ្វីមួយដែលចងមនុស្សម្នាក់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់...

ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់ពួក​សិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ

យ៉ូហាន ២០:២៦-២៩ ហើយប្រាំបី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​របស់ទ្រង់​បានជុំគ្នានៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ កាល​នោះ...

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...