ភាពខុសគ្នាជាមូលដ្ឋានរវាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអ្នកដែលព្រះជាម្ចាស់ប្រើ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាម ដែលត្រូវបានបំពាក់ដោយព្រះវិញ្ញាណនៃព្រះផងដែរ។ សាច់ឈាមនេះមិនដូចមនុស្សណាផ្សេងដែលកើតចេញពីសាច់ឈាមទេ។ ភាពខុសគ្នាគឺថា ព្រះគ្រីស្ទមិនបានប្រសូត្រមកពីសាច់ និងឈាមឡើយ ប៉ុន្តែ ទ្រង់គឺជាការយកកំណើតរបស់ព្រះវិញ្ញាណវិញ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់មិនត្រូវបានកាន់កាប់ដោយមនុស្សណាម្នាក់ឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ជួយទ្រទ្រង់នូវសកម្មភាពសាមញ្ញទាំងអស់របស់ទ្រង់នៅក្នុងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ ជួយប្រតិបត្តិកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គនៅក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងតែចុះចូលតាមព្រះហឫទ័យ របស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណដែលជាភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនអាចធ្វើអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ឬក៏នឹងមានបន្ទូលអ្វីមួយដែលទាស់ប្រឆាំងនឹងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ឡើយ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់ទេ។ នេះជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។

(«សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ ដូច្នេះ ទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វី ក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់ គឺពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងណាស់ សម្រាប់ឲ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានការពិបាកយល់អំពីសារជាតិដ៏ពិតរបស់ព្រះដែលយកកំណើតជាមនុស្សខ្លាំងបំផុត។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះងាយយល់ណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ ជាព្រះជាម្ចាស់ផ្ទាល់ដែលគង់នៅលើផែនដី។

(«សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលទ្រង់បានយាងមកក្លាយជាសាច់ឈាម បើព្រះជាម្ចាស់ធ្វើតែកិច្ចការនៃភាពជាព្រះ ហើយគ្មានមនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ធ្វើការរួមជាមួយទ្រង់ទេ នោះមនុស្សនឹងគ្មានសមត្ថភាពយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់ត្រូវតែប្រើប្រាស់មនុស្សសាមញ្ញ ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ក្នុងការសម្រេចកិច្ចការនេះ ដែលជាមើលថែ និងឃ្វាលដល់ពួកជំនុំ ដើម្បីឲ្យកម្រិតនៃការយល់ដឹងរបស់មនុស្សអាចស្រមើស្រមៃឃើញ ហើយខួរក្បាលរបស់គេអាចយល់បាន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើប្រាស់មនុស្សមួយក្រុមតូច ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បី «បកស្រាយ» កិច្ចការដែលទ្រង់ធ្វើនៅក្នុងភាពជាព្រះរបស់ទ្រង់ ដើម្បីឲ្យមនុស្សអាចយល់អំពីកិច្ចការរបស់ទ្រង់ ដើម្បីបំផ្លាស់បំប្រែភាសារបស់ព្រះឲ្យក្លាយជាភាសារបស់មនុស្ស ដើម្បីឲ្យមនុស្សអាចស្វែងយល់ និងយល់ដឹងពីកិច្ចការរបស់ទ្រង់បាន។ បើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះនឹងគ្មាននរណាម្នាក់យល់ភាសារបស់ព្រះជាម្ចាស់ឡើយ ដោយសារតែមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះ គឺជាចំនួនមនុស្សមួយក្រុមតូច ហើយសមត្ថភាពរបស់មនុស្សក្នុងការយល់ភាសារបស់ព្រះ ក៏នៅខ្សោយទៀត។ នោះជាហេតុផលដែលព្រះជាម្ចាស់ជ្រើសរើសវិធីសាស្ត្រនេះ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាមជាមនុស្សតែប៉ុណ្ណោះ។ បើមានតែកិច្ចការនៃព្រះ នោះវានឹងគ្មានផ្លូវដែលមនុស្សអាចដឹង ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់បានឡើយ ដោយសារតែមនុស្សមិនយល់ភាសារបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចយល់ភាសានេះបាន លុះត្រាតែតាមរយៈភ្នាក់ងារនៃមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលធ្វើការបកស្រាយបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់។ យ៉ាងណាមិញ បើមានតែមនុស្សបែបនេះធ្វើការនៅក្នុងភាពជាមនុស្ស វាអាចបន្តនៅក្នុងជីវិតសាមញ្ញរបស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចមានទីចាប់ផ្ដើមថ្មីទេ ហើយវានឹងមានតែរបៀបចាស់ៗដដែលៗ គួរឲ្យធុញទ្រាន់ប៉ុណ្ណោះ។ មានតែតាមរយៈភ្នាក់ងារនៃព្រះដែលយកកំណើតជាមនុស្ស ដែលមានបន្ទូលនូវអ្វីៗគ្រប់យ៉ាងដែលត្រូវថ្លែង និងធ្វើអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ទ្រង់ ហើយក្រោយមក មនុស្សធ្វើការ និងដកពិសោធន៍ ស្របតាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបនិស្ស័យរបស់ពួកគេនឹងអាចផ្លាស់ប្រែ និងអាចហូរទៅតាមពេលវេលា។ ព្រះអង្គដែលធ្វើការនៅក្នុងភាពជាព្រះ តំណាងឲ្យព្រះជាម្ចាស់ ចំណែកឯអ្នកដែលធ្វើការនៅក្នុងភាពជាមនុស្ស គឺជាមនុស្សដែលព្រះជាម្ចាស់ត្រាស់បង្គាប់។ គឺអាចនិយាយបានថា ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធន៍ជីវិតរបស់គេផងដែរ។

(«ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការដែលត្រូវបានអនុវត្តដោយមនុស្សដែលព្រះជាម្ចាស់ប្រើ គឺធ្វើឡើងដើម្បីសហការជាមួយកិច្ចការរបស់ព្រះគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធ។ ព្រះលើកមនុស្សនេះឡើង នៅក្នុងចំណោមមនុស្សដទៃទៀត គេនៅទីនោះ ដើម្បីដឹកនាំមនុស្សដែលព្រះបានជ្រើសរើស ហើយព្រះក៏លើកគេឡើង ដើម្បីធ្វើកិច្ចការទំនាក់ទំនងរបស់មនុស្ស។ ដោយមានមនុស្សដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្ស នៅជាមួយបែបនេះ នោះសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវពីមនុស្សលោក និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើនៅក្នុងចំណោមមនុស្សលោក អាចនឹងសម្រេចបានកាន់តែច្រើន ដោយសារបុគ្គលម្នាក់នេះ។ និយាយមួយបែបទៀតគឺថា បំណងព្រះហឫទ័យរបស់ព្រះក្នុងការប្រើមនុស្ស គឺដើម្បីឲ្យមនុស្សដែលដើរតាមព្រះ អាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់កាន់តែប្រសើរ ហើយអាចសម្រេចបាននូវសេចក្ដីដែលទ្រង់តម្រូវបានកាន់តែច្រើន។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ដឹងព្រះបន្ទូលព្រះ ឬបំណងព្រះហឫទ័យព្រះដោយផ្ទាល់ ទើបព្រះបានលើកមនុស្សម្នាក់ឡើងមកប្រើ ដើម្បីអនុវត្តកិច្ចការបែបនេះ។ មនុស្សដែលព្រះប្រើនេះ ក៏អាចហៅថាជាឧបករណ៍ដែលព្រះប្រើ សម្រាប់ដឹកនាំមនុស្សលោក គឺជាអ្នក «ប្រែសម្រួល» ដែលទំនាក់ ទំនងរវាងព្រះ និងមនុស្ស។ ដូច្នេះ មនុស្សប្រភេទនេះមិនដូចមនុស្សផ្សេងទៀតដែលធ្វើកិច្ចការក្នុងដំណាក់ព្រះ ឬដូចជាសាវ័កទ្រង់ឡើយ។ មនុស្សដូចជាពួកគាត់ គេអាចចាត់ទុកគាត់ជាអ្នកបម្រើព្រះ ប៉ុន្តែ នៅក្នុងខ្លឹមសារការងាររបស់គាត់ និងប្រវត្តិនៃការដែលព្រះប្រើគាត់ គឺគាត់ខុសពីអ្នកធ្វើកិច្ចការផ្សេង និងសាវ័កដទៃទៀតខ្លាំងណាស់។ ចំពោះខ្លឹមសារការងារ និងប្រវត្តិនៃការដែលព្រះប្រើប្រាស់គាត់ មនុស្សដែលព្រះប្រើ គឺទ្រង់ជាអ្នកលើកគាត់ឡើង ក៏បម្រុងគាត់ទុកសម្រាប់កិច្ចការរបស់ព្រះអង្គ ហើយគេទំនាក់ទំនងក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់តែម្ដង។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់គាត់ជំនួសគាត់បានឡើយ នេះគឺជាការទំនាក់ទំនងរបស់មនុស្សដែលសំខាន់ចំពោះកិច្ចការរបស់ព្រះ។ ជាមួយគ្នានេះ កិច្ចការដែលអនុវត្តដោយអ្នកបម្រើការ ឬសាវ័កដទៃៗទៀតគឺថា គ្រាន់តែជាការផ្ទេរ និងអនុវត្តចំណុចជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងសម័យកាលនីមួយៗ ពុំនោះទេកិច្ចការនោះ គ្រាន់តែជាកិច្ចការនៃការផ្ដល់ជីវិតយ៉ាងសាមញ្ញដើម្បីរក្សាជីវិតពួកជំនុំ។ អ្នកបម្រើការ និងពួកសាវ័កទាំងនេះមិនត្រូវបានចាក់ប្រេងតាំងដោយព្រះឡើយ រឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើនោះឡើយ។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលក្នុងរយៈពេលណាមួយហើយ មនុស្សដែលសក្តិសមនឹងត្រូវរក្សាទុក រីឯមនុស្សដែលមិនសក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានធ្វើការអាក្រក់ៗជាច្រើន ហើយចុងក្រោយក៏ត្រូវបានបណ្តេញចេញ។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះប្រើ គឺជាមនុស្សដែលព្រះរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ គាត់ត្រូវបានរៀបចំ និងកែច្នៃឲ្យគ្រប់លក្ខណ៍ជាមុន ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបានដឹកនាំទាំងស្រុងដោយព្រះវិញ្ញាណបរិសុទ្ធ ជាពិសេស នៅពេលកិច្ចការរបស់គាត់មកដល់ គាត់ត្រូវបានដឹកនាំ និងបង្គាប់ដោយព្រះវិញ្ញាណបរិសុទ្ធ។ ជាលទ្ធផលនៃកិច្ចការនេះ នៅលើផ្លូវនៃការដឹកនាំរបស់មនុស្សដែលព្រះជ្រើសរើស គ្មានការងាករេបែរចេញឡើយ ដ្បិតព្រះជាម្ចាស់ ទ្រង់ពិតជាទទួលខុសត្រូវចំពោះកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះអង្គធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់គ្រប់ពេលវេលា។

(«អំពីការដែលព្រះជាម្ចាស់ប្រើមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ធ្វើតែកិច្ចការណាដែលស្ថិតនៅក្នុងភាពជាព្រះប៉ុណ្ណោះ ហើយនោះជាអ្វីដែលព្រះវិញ្ញាណនៃស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ព្រះដែលយកកំណើតជាមនុស្ស។ នៅពេលដែលទ្រង់យាងមក ទ្រង់គ្រាន់តែប្រកាសព្រះបន្ទូលនៅទូទាំងទឹកដី ដើម្បីថ្លែងព្រះសូរសៀងរបស់ទ្រង់ តាមរយៈមធ្យោបាយផ្សេងៗ និងចេញពីទិដ្ឋភាពផ្សេងៗប៉ុណ្ណោះ។ ទ្រង់យកការផ្គត់ផ្គត់តម្រូវការរបស់មនុស្ស និងការបង្រៀនមនុស្ស ជាគោលដៅ និងជាគោលការណ៍ការងាររបស់ទ្រង់ ហើយទ្រង់មិនខ្វល់ជាមួយកិច្ចការផ្សេងទៀត ដូចជា ទំនាក់ទំនងអន្តរបុគ្គល ឬសេចក្តីលម្អិតនៃជីវិតរបស់មនុស្សឡើយ។ ព័ន្ធកិច្ចចម្បងរបស់ទ្រង់ គឺជាការប្រកាសព្រះបន្ទូល ជំនួសឲ្យព្រះវិញ្ញាណ។ នៅពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងសាច់ឈាម ទ្រង់គ្រាន់តែបំពេញដល់តម្រូវការនៃជីវិតរបស់មនុស្ស និងប្រកាសនូវសេចក្តីពិតប៉ុណ្ណោះ។ ទ្រង់មិនបានពាក់ព័ន្ធនៅក្នុងកិច្ចការរបស់មនុស្សឡើយ គឺអាចនិយាយបានថា ទ្រង់មិនចូលរួមនៅក្នុងកិច្ចការក្នុងភាពជាមនុស្សទេទេ។ មនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះ ហើយព្រះជាម្ចាស់មិនពាក់ព័ន្ធក្នុងកិច្ចការរបស់មនុស្ស។ ប៉ុន្មានឆ្នាំដោយចាប់តាំងពីព្រះជាម្ចាស់បានយាងមកផែនដី ដើម្បីធ្វើនូវកិច្ចការរបស់ទ្រង់ ព្រះអង្គតែងតែធ្វើវាតាមរយៈមនុស្ស។ យ៉ាងណាមិញ មនុស្សទាំងនេះមិនអាចត្រូវបានចាត់ទុកដូចជាព្រះដែលយកកំណើតជាមនុស្សឡើយ គឺគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ប៉ុណ្ណោះ។ នៅគ្រាដដែលនោះ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នអាចមានបន្ទូលដោយផ្ទាល់ចេញពីទិដ្ឋភាពនៃភាពជាព្រះ ដោយប្រកាសអំពីព្រះសូរសៀង និងការធ្វើការជំនួសឲ្យព្រះវិញ្ញាណ។ អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល គឺដូចជាឧទាហរណ៍នៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការនៅក្នុងរូបកាយខាងសាច់ឈាមដូច្នេះដែរ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់ទៅ? ប៉ុន្តែ ព្រះជាម្ចាស់នាពេលបច្ចុប្បន្នក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាមផងដែរ ហើយព្រះយេស៊ូវក៏ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាមផងដែរ ដូច្នេះ ព្រះអង្គទាំងពីរក៏ត្រូវបានហៅថាជាព្រះជាម្ចាស់ផងដែរ។ តើវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចទៅ? មនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់នៅទូទាំងយុគសម័យកាល សុទ្ធតែមានសមត្ថភាពចេះគិត និងត្រិះរិះពិចារណាតាមធម្មតា។ ពួកគេទាំងអស់គ្នាបានយល់អំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្ស។ ពួកគេមានគំនិតជាមនុស្សសាមញ្ញ ហើយក៏មានអ្វីៗគ្រប់យ៉ាងដែលមនុស្សសាមញ្ញគួរតែមានផងដែរ។ ពួកគេភាគច្រើនមាននូវទេពកោសល្យ និងបញ្ញាវាងវៃអស្ចារ្យ។ ដើម្បីធ្វើឲ្យមនុស្សទាំងនេះគ្រប់លក្ខណ៍ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់នូវទេពកោសល្យរបស់គេ ដែលជាព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប្រើប្រាស់ទេពកោសល្យរបស់គេ ប្រើប្រាស់ចំណុចខ្លាំងរបស់គេ ដើម្បីបម្រើព្រះជាម្ចាស់។ ប៉ុន្តែ សារជាតិរបស់ព្រះជាម្ចាស់មិនមាននូវគំនិត ឬយោបល់នោះទេ ដោយមិនមានលាយឡំនូវចេតនារបស់មនុស្ស ហើយថែមទាំងខ្វះនូវអ្វីដែលមនុស្សសាមញ្ញមានទៀតផង។ គឺអាចនិយាយបានថា ទ្រង់មិនធ្លាប់ស្គាល់គោលការណ៍នៃការប្រព្រឹត្តិរបស់មនុស្សឡើយ។ នេះជាលក្ខណៈរបស់ទ្រង់ នៅពេលដែលព្រះជាម្ចាស់នាពេលបច្ចុប្បន្នយាងមកកាន់ផែនដី។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ មិនមានលាយឡំជាមួយចេតនា ឬគំនិតរបស់មនុស្សទេ ប៉ុន្តែវាជាការស្ដែងចេញដោយផ្ទាល់អំពីចេតនារបស់ព្រះវិញ្ញាណ ហើយទ្រង់ធ្វើការដោយផ្ទាល់ ជំនួសឲ្យព្រះជាម្ចាស់។ នេះមានន័យថា ព្រះវិញ្ញាណមានបន្ទូលដោយផ្ទាល់ និងមានន័យថា ភាពជាព្រះធ្វើកិច្ចការដោយផ្ទាល់ ដោយគ្មានលាយឡំជាមួយចេតនារបស់មនុស្ស សូម្បីតែបន្តិចនោះឡើយ។ ម្យ៉ាងទៀត ព្រះដែលយកកំណើតជាមនុស្សតំណាងដោយផ្ទាល់នូវភាពជាព្រះ ដោយគ្មានគំនិត ឬយោបល់របស់មនុស្សឡើយ ហើយក៏គ្មានការយល់ដឹងអំពីគោលការណ៍នៃការប្រព្រឹត្តរបស់មនុស្សផងដែរ។ បើសិនជាមានតែភាពជាព្រះជាអ្នកធ្វើការ (មានន័យថា បើសិនជាមានតែព្រះជាម្ចាស់ផ្ទាល់ជាអ្នកធ្វើការ) នោះវានឹងគ្មានផ្លូវឲ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅលើផែនដីនោះឡើយ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ត្រូវតែមានមនុស្សមួយក្រុមតូចដែលទ្រង់អាចត្រាស់បង្គាប់ ដើម្បីធ្វើការនៅក្នុងភាពជាមនុស្ស ទន្ទឹមជាមួយកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងភាពជាព្រះ។ ម្យ៉ាងទៀត ទ្រង់ប្រើប្រាស់កិច្ចការរបស់មនុស្ស ដើម្បីគាំទ្រដល់កិច្ចការជាព្រះរបស់ទ្រង់។ បើមិនដូច្នេះទេ វានឹងគ្មានផ្លូវដែលមនុស្សអាចធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់បានឡើយ។ នេះជាលក្ខណៈនៃការធ្វើការរបស់ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់។ ក្នុងពេលដែលទ្រង់គង់នៅក្នុងពិភពលោក ព្រះយេស៊ូវបានលុបបំបាត់ចោលក្រឹត្យវិន័យចាស់ៗ ហើយបង្កើតនូវបទបញ្ញត្តិថ្មីៗ។ ទ្រង់ក៏មានបន្ទូលជាច្រើនផងដែរ។ គ្រប់កិច្ចការទាំងអស់នេះត្រូវបានសម្រេចនៅក្នុងភាពជាព្រះ។ ឯមនុស្សផ្សេងទៀត ដូចជា ពេត្រុស ប៉ុល និងយ៉ូហាន សុទ្ធតែសង់កិច្ចការជាបន្តបន្ទាប់របស់ពួកគេពីលើគ្រឹះនៃព្រះបន្ទូលរបស់ព្រះយេស៊ូវប៉ុណ្ណោះ។ គឺអាចនិយាយបានថា ព្រះជាម្ចាស់បានចាប់ផ្ដើមនូវកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនោះ ដោយបង្ហាញនូវទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ។ ទ្រង់បាននាំមកនូវយុគសម័យមួយថ្មី លុបបំបាត់អ្វីដែលចាស់ ហើយក៏សម្រេចតាមព្រះបន្ទូលដែលចែងថា «ព្រះជាម្ចាស់ជាដើមដំបូង និងជាទីបញ្ចប់»។ ម្យ៉ាងទៀត មនុស្សត្រូវតែធ្វើកិច្ចការរបស់មនុស្សនៅពីលើគ្រឹះនៃកិច្ចការរបស់ព្រះ។ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលគ្រប់យ៉ាងដែលទ្រង់ត្រូវមានបន្ទូល និងបានបង្ហើយកិច្ចការរបស់ទ្រង់នៅលើផែនដីរួចហើយ ទ្រង់ក៏បានចាកចេញពីមនុស្ស។ ក្រោយមក មនុស្សទាំងអស់ធ្វើការស្របតាមគោលការណ៍ដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ និងបានអនុវត្តស្របទៅតាមសេចក្តីពិតដែលទ្រង់បានមានបន្ទូល។ មនុស្សទាំងអស់នេះបានធ្វើការសម្រាប់ព្រះយេស៊ូវ។ ប្រសិនបើព្រះយេស៊ូវធ្វើការនេះតែអង្គទ្រង់ នោះទោះបីទ្រង់មានបន្ទូលច្រើនប៉ុនណា ក៏មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះបន្ទូលរបស់ទ្រង់នោះដែរ ដោយសារតែទ្រង់កំពុងតែធ្វើការនៅក្នុងភាពជាព្រះ ហើយអាចមានបន្ទូលនៃភាពជាព្រះប៉ុណ្ណោះ ហើយទ្រង់មិនអាចពន្យល់ដល់ចំណុចមួយដែលមនុស្សសាមញ្ញអាចយល់ព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ដូច្នេះហើយបានជាទ្រង់ត្រូវមានពួកសាវ័ក និងពួកហោរា ដែលបានមកតាមក្រោយទ្រង់ ដើម្បីជួយបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ នេះជាគោលការណ៍អំពីរបៀបដែលព្រះដែលយកកំណើតជាមនុស្សធ្វើកិច្ចការរបស់ទ្រង់ ដោយប្រើប្រាស់សាច់ឈាមជាមនុស្ស ដើម្បីមានបន្ទូល និងធ្វើការឲ្យសម្រេចកិច្ចការនៃភាពជាព្រះ ហើយបន្ទាប់មក ប្រើប្រាស់មនុស្សពីរបីនាក់ ឬប្រហែលច្រើននាក់ ដែលជាមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីបំពេញបន្ថែមដល់កិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ត្រាស់បង្គាប់មនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បីធ្វើកិច្ចការនៃការគង្វាល និងការផ្ដល់ទឹកនៅក្នុងភាពជាមនុស្ស ដើម្បីឲ្យពួកជ្រើសតាំងរបស់ព្រះជាម្ចាស់អាចយល់អំពីតថភាពនៃសេចក្តីពិត។

(«ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

យ៉ូហានបានត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ ក្នុងយុគសម័យនៃព្រះគុណ។ យ៉ូហានមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានទេ ប៉ុន្តែបានត្រឹមតែអាចបំពេញកាតព្វកិច្ចរបស់មនុស្សតែប៉ុណ្ណោះ។ ទោះបីយ៉ូហាន គឺជាអ្នកដើរមុនព្រះអម្ចាស់ ក៏លោកមិនអាចតំណាងព្រះជាម្ចាស់បានដែរ។ លោកគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់តែប៉ុណ្ណោះ។ បន្ទាប់ពីព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹករួច ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប។ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។ នោះហើយជាហេតុផលដែលព្រះអង្គចាប់ផ្ដើមមានអត្តសញ្ញាណជាព្រះជាម្ចាស់ ដ្បិតទ្រង់យាងមកពីព្រះជាម្ចាស់។ ទោះបីកាលពីមុន សេចក្ដីជំនឿរបស់ទ្រង់មានលក្ខណៈបែបណាក៏ដោយ អាចថា ពេលខ្លះខ្សោយ ឬពេលខ្លះរឹងមាំ ក៏សេចក្ដីជំនឿទាំងអស់នោះ សុទ្ធតែជាកម្មសិទ្ធិនៃជីវិតដែលទ្រង់ជាមនុស្សធម្មតា មុនពេលទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់។ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក (គឺបន្ទាប់ពីត្រូវបានចាក់ប្រេងតាំង) ព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក៏មកសណ្ឋិតនឹងទ្រង់ភ្លាម ហើយព្រះអង្គក៏បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ដែរ។ ព្រះអង្គអាចធ្វើទីសម្គាល់ និងការអស្ចារ្យ ទាំងធ្វើការឫទ្ធិបារមីនានា ហើយទ្រង់មានទាំងព្រះចេស្ដា និងសិទ្ធិអំណាច ដ្បិតទ្រង់កំពុងធ្វើការជំនួសមុខឲ្យព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះអង្គកំពុងធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជំនួសទ្រង់ ព្រមទាំងបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណផង។ ដូច្នេះ ព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នេះគឺជារឿងដែលមិនអាចប្រកែកបាន។ យ៉ូហាន គឺជាមនុស្សម្នាក់ ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ លោកមិនអាចតំណាងឲ្យព្រះជាម្ចាស់បានទេ ហើយការតំណាងឲ្យព្រះជាម្ចាស់ ក៏ជារឿងដែលមិនអាចទៅរួចសម្រាប់លោកដែរ។ ប្រសិនបើលោកចង់ធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធ ក៏មុខជាមិនអនុញ្ញាតដែរ ដ្បិតលោកមិនអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់សម្រេចបាននោះដែរ។ ប្រហែលជានៅក្នុងលោក មាននូវឆន្ទះរបស់មនុស្សច្រើនពេក ឬមានអ្វីម្យ៉ាងដែលខុសឆ្គង។ ក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកមិនអាចតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់បានដែរ។ កំហុស និងភាពឆ្គាំឆ្គងរបស់លោក តំណាងឲ្យតែខ្លួនលោកផ្ទាល់ប៉ុណ្ណោះ តែកិច្ចការរបស់លោកគឺជាតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក អ្នកមិនអាចនិយាយថា ជីវិតលោកទាំងមូល តំណាងឲ្យព្រះជាម្ចាស់នោះទេ។ តើគម្លាត និងភាពឆ្គាំឆ្គងរបស់ទ្រង់ អាចតំណាងឲ្យព្រះជាម្ចាស់បានដែរឬទេ? សេចក្ដីឆ្គាំឆ្គងក្នុងការតំណាងឲ្យមនុស្ស គឺជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើមនុស្សខុសឆ្គងក្នុងការតំណាងឲ្យព្រះជាម្ចាស់ តើនោះមិនបន្ថោកដល់ព្រះជាម្ចាស់ទេឬអី? តើនោះមិនមែនជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឲ្យមនុស្សជំនួសតំណែងរបស់ព្រះជាម្ចាស់ ដោយធ្វេសប្រហែសឡើយ បើទោះបីគេត្រូវបានអ្នកដទៃលើកសរសើរក៏ដោយ។ ប្រសិនបើគេពុំមែនជាព្រះជាម្ចាស់ គេមុខជាមិនអាចឈរមាំនៅទីបញ្ចប់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឲ្យមនុស្សតំណាងឲ្យព្រះជាម្ចាស់ ស្រេចតែមនុស្សចង់ធ្វើនោះឡើយ! ឧទាហរណ៍ គឺព្រះវិញ្ញាណបរិសុទ្ធហើយដែលបានធ្វើបន្ទាល់ពីយ៉ូហាន ហើយព្រះវិញ្ញាណក៏ជាអ្នកបើកសម្ដែងថា លោកគឺជាមនុស្សម្នាក់ដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះលោក ត្រូវបានវាស់ស្ទង់យ៉ាងច្បាស់លាស់។ អស់ទាំងសេចក្ដីដែលត្រូវបានបង្គាប់ពីយ៉ូហាន គឺឲ្យលោកធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ គឺដើម្បីរៀបចំផ្លូវថ្វាយទ្រង់។ មានន័យថា ព្រះវិញ្ញាណបរិសុទ្ធរក្សាតែកិច្ចការរបស់លោក ក្នុងការត្រួសត្រាយផ្លូវ និងអនុញ្ញាតឲ្យលោកធ្វើតែកិច្ចការនេះប៉ុណ្ណោះ គឺលោកមិនត្រូវបានអនុញ្ញាតឲ្យធ្វើកិច្ចការផ្សេងពីនេះឡើយ។ យ៉ូហានតំណាងឲ្យលោកអេលីយ៉ា ហើយលោកតំណាងឲ្យហោរាម្នាក់ដែលត្រួសត្រាយផ្លូវ។ ព្រះវិញ្ញាណបរិសុទ្ធបានរក្សាលោកទុកក្នុងរឿងនេះ ដរាបណាកិច្ចការរបស់លោក គឺជាការត្រួសត្រាយផ្លូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងរក្សាលោករហូត។ យ៉ាងណាមិញ ប្រសិនបើលោកអះអាងថា លោកជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយនិយាយថា លោកមកនេះដើម្បីបង្ហើយកិច្ចការនៃការប្រោសលោះ នោះព្រះវិញ្ញាណបរិសុទ្ធមុខជាត្រូវដាក់វិន័យលោកមិនខាន។ ទោះបីកិច្ចការរបស់យ៉ូហានអស្ចារ្យយ៉ាងណា ហើយទោះបីជាកិច្ចការរបស់លោកត្រូវរក្សាទុកដោយព្រះវិញ្ញាណបរិសុទ្ធ ក៏កិច្ចការនោះពុំមែនជាកិច្ចការដែលគ្មានព្រំដែនកំណត់នោះដែរ។ ដោយសំអាងថា ព្រះវិញ្ញាណបរិសុទ្ធពិតជារក្សាកិច្ចការរបស់លោកមែន ក៏អំណាចដែលត្រូវបានប្រទានឲ្យលោកនៅពេលនោះ គឺកំណត់ត្រឹមតែការត្រួសត្រាយផ្លូវរបស់លោកប៉ុណ្ណោះ។ លោកមិនអាចធ្វើកិច្ចការណាផ្សេងទាល់តែសោះ ដ្បិតលោកគ្រាន់តែជាយ៉ូហាន ដែលត្រួសត្រាយផ្លូវតែប៉ុណ្ណោះ គឺពុំមែនជាព្រះយេស៊ូវទេ។ ដូច្នេះ ទីបន្ទាល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះសំខាន់ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឲ្យមនុស្សធ្វើ គឺរឹតតែសំខាន់ជាងទៅទៀត។ តើយ៉ូហានមិនបានទទួលនូវសក្ខីភាពដ៏ល្បីរន្ទឺនៅពេលនោះទេឬអី? តើកិច្ចការរបស់លោក មិនអស្ចារ្យដែរទេឬអី? ប៉ុន្តែ កិច្ចការដែលលោកបានធ្វើ មិនអាចលើសកិច្ចការរបស់ព្រះយេស៊ូវឡើយ ដ្បិតលោកគ្រាន់តែជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ និងមិនអាចតំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ ដូច្នេះហើយ កិច្ចការដែលលោកបានធ្វើក៏មានកម្រិត។ បន្ទាប់ពីលោកបានបញ្ចប់កិច្ចការត្រួសត្រាយផ្លូវរួចហើយ ព្រះវិញ្ញាណបរិសុទ្ធលែងរក្សាទីបន្ទាល់របស់លោកទៀតហើយ ក្រោយមកទៀត លោកក៏គ្មានកិច្ចការអ្វីថ្មីដែរ ហើយលោកបានចាកចេញទៅ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានចាប់ផ្ដើម។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឲ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលនៃព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឲ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្ស នូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឲ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។

(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ បើទោះបីជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ឬក៏ជាកិច្ចការដែលទ្រង់ប្រើមនុស្សឲ្យធ្វើ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺព្រះអង្គផ្ទាល់ជាវិញ្ញាណដែលអាចហៅថា ព្រះវិញ្ញាណ បរិសុទ្ធ ឬវិញ្ញាណដ៏ខ្លាំងក្លាទាំងប្រាំពីរ។ ជារួមទាំងអស់នេះសុទ្ធតែជាព្រះវិញ្ញាណនៃព្រះ បើទោះបីជាព្រះវិញ្ញាណនៃព្រះជាម្ចាស់មានឈ្មោះផ្សេងៗពីគ្នា ក្នុងយុគសម័យខុសៗគ្នាក៏ដោយ។ លក្ខណៈពិតរបស់ព្រះវិញ្ញាណទាំងនេះ គឺដូចគ្នាដដែល។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ក៏ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ចំណែកឯកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ក៏មិនខុសព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងធ្វើការនោះដែរ។ កិច្ចការរបស់មនុស្សដែលព្រះជាម្ចាស់ប្រើ ក៏ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ដោយឡែកកិច្ចការរបស់ព្រះជាម្ចាស់ ជាការស្ដែងបង្ហាញចេញមកទាំងស្រុងរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកឯកិច្ចការរបស់មនុស្សដែលព្រះជាម្ចាស់កំពុងប្រើវិញ មានចម្រុះទាំងកិច្ចការរបស់មនុស្ស និងពុំមែនជាការបង្ហាញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ក៏រឹតតែមិនមែនជាការបង្ហាញចេញមកទាំងអស់របស់ទ្រង់ដែរ នេះជាការពិតទាំងស្រុង។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពខុសគ្នា និងមិនត្រូវបានកំណត់ ដោយលក្ខខណ្ឌណាទាំងអស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពខុសគ្នា នៅក្នុងមនុស្សខុសៗគ្នា។ លក្ខណៈនេះស្ដែងចេញនូវលក្ខណៈពិតខុសគ្នាខុសពីគ្នាទៅតាមសម័យកាលនិងខុសគ្នាទៅតាមប្រទេស។ ពិតណាស់ បើទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមវិធីខុសៗគ្នាជាច្រើន និងយោងទៅតាមគោលការណ៍ច្រើនក្ដី មិនថាកិច្ចការនោះត្រូវបានធ្វើឡើងដោយវិធីណា ឬធ្វើទៅលើមនុស្សបែបណាក៏ដោយ ក៏ខ្លឹមសារនៃកិច្ចការនេះខុសៗគ្នាជានិច្ចដែរ។ កិច្ចការទាំងអស់ដែលបានធ្វើចំពោះមនុស្សខុសៗគ្នា សុទ្ធតែមានគោលការណ៍របស់វា ហើយគោលការណ៍ទាំងអស់នោះគឺសុទ្ធតែអាចតំណាងឲ្យខ្លឹមសារនៃគោលបំណងកិច្ចការនោះ។ ដោយសារកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាកិច្ចការដែលមានវិសាលភាព ជាក់លាក់ ហើយមានវិធានការច្រើនគួរសម។ កិច្ចការ ដែលត្រូវបានធ្វើឡើងនៅក្នុងរូបកាយសាច់ឈាមរបស់ព្រះដែលយកកំណើតជាមនុស្ស មិនដូចគ្នានឹងកិច្ចការដែលត្រូវបានធ្វើចំពោះមនុស្សឡើយ ហើយកិច្ចការនេះក៏ខុសគ្នាតាមគុណសម្បត្ដិនៃមនុស្សដែលកិច្ចការនេះបានធ្វើចំពោះ។ កិច្ចការដែលត្រូវបានធ្វើនៅក្នុងរូបកាយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស មិនត្រូវបានធ្វើចំពោះមនុស្សទេ ហើយក៏មិនដូចគ្នានឹងកិច្ចការដែលត្រូវបានធ្វើចំពោះមនុស្សដែរ។ និយាយឲ្យខ្លី ទោះបីជាកិច្ចការនោះត្រូវបានធ្វើឡើងច្រើនប៉ុនណាក៏កិច្ចការដែលត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សេងគ្នា មិនដូចគ្នាសោះ ហើយគោលការណ៍ដែលព្រះអង្គធ្វើការ ក៏ខុសគ្នាតាមសភាព និងលក្ខណៈខុសៗគ្នានៃមនុស្សដែលទទួលនូវឥទ្ធិពលពីកិច្ចការនោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការចំពោះមនុស្សខុសគ្នា ផ្អែកលើចរិតពិតពីកំណើតរបស់គេ និងមិនតម្រូវឲ្យគេមានលើសពីចរិតពិតឡើយ ហើយទ្រង់ក៏មិនធ្វើការចំពោះគេ លើសើលក្ខណៈនៃកិរិយាពីកំណើតរបស់គេដែរ។ ហេតុនេះកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះមនុស្ស ជួយឲ្យពួកគេអាចមើលឃើញពីខ្លឹមសារ នៃគោលបំណងកិច្ចការនោះ។ លក្ខណៈពិតពីកំណើតរបស់មនុស្សមិនប្រែប្រូលឡើយ។ លក្ខណៈពិត ពីកំណើតរបស់គេ មានកម្រិត។ ព្រះវិញ្ញាណបរិសុទ្ធប្រើមនុស្ស ឬធ្វើការចំពោះពួកគេ ស្របទៅតាមការកំណត់នៃលក្ខណៈរបស់គេ ដើម្បីឲ្យពួកគេអាចទទួលបាននូវអត្ថប្រយោជន៍ពីការនេះ។ ពេលព្រះវិញ្ញាណបរិសុទ្ធ ធ្វើការលើមនុស្សដែលព្រះកំពុងប្រើទេពកោសល្យ ហើយនិងលក្ខណៈពិតពីកំណើតរបស់គេក៏ត្រូវបញ្ចេញមកឲ្យឃើញមិនមែនត្រូវបង្ខាំងទុកនោះឡើយ។ លក្ខណៈពីកំណើតរបស់គេត្រូវបានប្រើប្រាស់ក្នុងការបម្រើនូវកិច្ចការរបស់ព្រះ។ អាចនិយាយបានថាព្រះអង្គប្រើប្រាស់ចំណែកដែលអាចប្រើបានរបស់មនុស្សលោក នៅក្នុងកិច្ចការរបស់ទ្រង់ ដើម្បីសម្រេចនូវលទ្ធផលនៅក្នុងកិច្ចការនោះ។ ផ្ទុយមកវិញ កិច្ចការដែលបានធ្វើរួច នៅក្នុងរូបកាយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស បង្ហាញឲ្យឃើញពីកិច្ចការនៃព្រះវិញ្ញាណដោយផ្ទាល់ ហើយមិនត្រូវបានបង្អាក់ដោយគំនិតនិងតម្រិះរបស់មនុស្សលោកនោះឡើយ ក៏ពុំមានអំណោយទាន បទពិសោធន៍ ឬនិស្ស័យកំណើតរបស់មនុស្ស អាចឈានទៅសម្រេចកិច្ចការនោះបានដែរ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្ដីរបស់ខ្ញុំតំណាងឲ្យលក្ខណៈ របស់ខ្ញុំ ប៉ុន្តែ អ្វីដែលខ្ញុំនិយាយ វាហួសពីគំនិតគិតដល់ របស់មនុស្ស។ អ្វីដែលខ្ញុំនិយាយ មិនមែនជារឿងដែល មនុស្សមានពិសោធន៍នោះទេ ហើយក៏មិនមែនជាអ្វីដែល មនុស្សអាចមើលឃើញនោះដែរ ហើយវាក៏មិនមែនជា របស់ដែលមនុស្សអាចពាល់បានដែរ តែវាគឺជាលក្ខណៈ របស់ខ្ញុំ។ មនុស្សខ្លះទទួលស្គាល់តែត្រឹមថា អ្វីដែលខ្ញុំ និយាយប្រាប់ គឺជាអ្វីដែលខ្ញុំមានពិសោធន៍ ប៉ុន្តែ ពួកគេ មិនទទួលស្គាល់ថា វាគឺជាការសម្ដែងចេញដោយផ្ទាល់ របស់ព្រះវិញ្ញាណ។ ប្រាកដណាស់ អ្វីដែលខ្ញុំនិយាយគឺជាអ្វីដែលខ្ញុំមានពិសោធន៍។ ខ្ញុំនេះហើយ ជាអ្នកដែលបានធ្វើការងារគ្រប់គ្រង អស់រយៈពេលប្រាំមួយពាន់ឆ្នាំ មកនេះ។ ខ្ញុំបានមានពិសោធន៍នូវអ្វីៗគ្រប់យ៉ាង តាំងតែពីដើមកំណើតរបស់មនុស្សលោក មកទល់នឹងបច្ចុប្បន្ននេះ។ ម្ដេចក៏ខ្ញុំមិនអាចពិភាក្សាអំពីរឿងនេះបាន? កាលណានិយាយអំពីសន្ដានកំណើតរបស់មនុស្ស ខ្ញុំបានឃើញច្បាស់ណាស់ ដ្បិតខ្ញុំបានសង្កេតតាំងពីយូរណាស់មក ហើយ។ ម្ដេចក៏ខ្ញុំមិនអាចជជែកអំពីរឿងនេះ ឲ្យច្បាស់ លាស់បាន? ដោយសារតែខ្ញុំបានមើលឃើញលក្ខណៈរបស់មនុស្សច្បាស់ ខ្ញុំក៏មានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងដាក់ទោសមនុស្ស ហើយជំនុំជម្រះគេផង ពីព្រោះមនុស្សលោកទាំងអស់ កើតពីខ្ញុំមក ប៉ុន្តែគេត្រូវបង្ខូចឲ្យទៅជាអាក្រក់ ដោយសារសាតាំង។ ពិតណាស់ ខ្ញុំក៏មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដើម្បីនឹងវាយតម្លៃកិច្ចការដែលខ្ញុំបានធ្វើដែរ។ បើទោះបីជាកិច្ចការនេះ ពុំមែនត្រូវបានធ្វើឡើងដោយសាច់ឈាមរបស់ខ្ញុំមែន តែវាគឺជាការស្ដែងចេញដោយផ្ទាល់ពីព្រះវិញ្ញា ហើយនេះគឺជាលក្ខណៈ និងជា លក្ខណៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញ និងធ្វើកិច្ចការដែលខ្ញុំគួរធ្វើ។ អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធន៍។ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាច ជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយរូបកាយ សាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធន៍ ឬមើលឃើញ ប៉ុន្តែទ្រង់នៅ តែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ច ការនេះ ជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ ដោយ។ បន្ទាប់ពីការយក កំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឲ្យមនុស្សស្គាល់លក្ខណៈ របស់ព្រះជាម្ចាស់ ឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់ អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធន៍ នូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗ សម្រាប់មនុស្សលោក និងដើម្បីបង្ហាញឲ្យមនុស្សស្គាល់ ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឲ្យគេអាចស្គាល់និស្ស័យរបស់ ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់មិនប្រើមនុស្សដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ប៉ុន្តែទ្រង់ក្លាយជាសាច់ឈាម និងធ្វើកិច្ចការនោះដោយផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

មូលហេតុដែលគេនិយាយថា មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្រើនជាង

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់...

មូលហេតុដែលគេនិយាយថា ការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់ សម្រេចនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប...

Leave a Reply