មូលហេតុដែលគេនិយាយថា ការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់ សម្រេចនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែ ដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីអំពើបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីអំពើបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឲ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការ ក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។ ការយកកំណើតជាមនុស្សលើកទីពីរ នឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីលាងជម្រះអំពើបាបរបស់មនុស្ស ហើយប្រោសឲ្យគេបានបរិសុទ្ធយ៉ាងពេញលេញ។ ដូច្នេះ តាមរយៈការយកកំណើតជាមនុស្សលើកទីពីរ កិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវនាំទៅរកការបិទបញ្ចប់ ហើយភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏បានបញ្ចប់ដែរ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងបានមកដល់ទីបញ្ចប់ទាំងស្រុង។ ក្រោយការយកកំណើតជាមនុស្សលើកទីពីរ ទ្រង់នឹងមិនត្រលប់ជាសាច់ឈាមជាលើកទីបីសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ព្រោះការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយនឹងទទួលបានទាំងស្រុងនូវពួករាស្ត្រជ្រើសតាំងរបស់ទ្រង់ ហើយមនុស្សជាតិនៅក្នុងគ្រាចុងក្រោយនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្រ្គោះ ហើយក៏មិនយាងត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការណាមួយទៀតដែរ។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែល ព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រងនៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ទ្រង់មិនបានបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្សឡើយ ប៉ុន្តែ ទ្រង់គ្រាន់តែបានបង្ហើយជំហានទីមួយនៃកិច្ចការដែលព្រះជាម្ចាស់ចាំបាច់ ត្រូវធ្វើការនៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្ស ព្រះជាម្ចាស់បានយាងត្រឡប់មកខាងសាច់ឈាមម្ដងទៀត រស់នៅក្នុងភាពសាមញ្ញ និងការពិតនៃសាច់ឈាម ពោលគឺធ្វើឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដែងចេញនៅក្នុងសាច់ឈាមដ៏សាមញ្ញធម្មតាបំផុត ក្នុងគោលបំណងបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅក្នុងសាច់ឈាម។ ជាទូទៅ ការយកកំណើតខាងសាច់ឈាមជាលើកទីពីរ គឺដូចជាលើកទីមួយដែរ គ្រាន់តែវាមានលក្ខណៈពិតប្រាកដ និងសាមញ្ញជាងលើកទីមួយប៉ុណ្ណោះ។ ជាលទ្ធផល ទុក្ខវេទនាដែលសាច់ឈាមយកកំណើតលើកទីពីរត្រូវទទួលក៏មានទំហំធំជាងលើកទីមួយផងដែរ ប៉ុន្តែ ទុក្ខវេទនានេះគឺជាលទ្ធផលកើតចេញពីព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាម ដែលមានលក្ខណៈខុសពីទុក្ខវេទនារបស់មនុស្សដែលពុករលួយ។ វាក៏មានឫសគល់ចេញពីភាពសាមញ្ញ និងការពិតនៃសាច់ឈាមរបស់ទ្រង់ផងដែរ។ ដោយសារតែទ្រង់ ធ្វើព័ន្ធកិច្ចរបស់ទ្រង់ នៅក្នុងសាច់ឈាមសាមញ្ញ និងពិតប្រាកដទាំងស្រុង ដូច្នេះសាច់ឈាមត្រូវតែរងទុក្ខលំបាកយ៉ាងខ្លាំង។ បើសាច់ឈាមនេះ មានលក្ខណៈសាមញ្ញ និងពិតប្រាកដកាន់តែច្រើន នោះទ្រង់នឹងរងទុក្ខលំបាកនៅក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់កាន់តែខ្លាំង។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញនៅក្នុងសាច់ឈាមបែបសាមញ្ញបំផុត ជាសាច់ឈាមដែលមិនមានលក្ខណៈអធិធម្មជាតិទាល់តែសោះ។ ដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈសាមញ្ញ ហើយក៏ត្រូវរែកពន់កិច្ចការនៃការសង្រ្គោះមនុស្ស ផងនោះដូច្នេះទ្រង់ត្រូវតែរងទុក្ខនៅក្នុងកម្រិតកាន់តែធ្ងន់ជាងសាច់ឈាមបែបអធិធម្មជាតិហើយទុក្ខវេទនាទាំងអស់នេះមានប្រភពចេញពីការពិត និងភាពសាមញ្ញ នៃសាច់ឈាមរបស់ទ្រង់។ ខណៈពេលដែលព្រះអង្គទាំងពីរ កំពុងតែធ្វើព័ន្ធកិច្ចរបស់ទ្រង់មនុស្សអាចមើលឃើញអំពីសារជាតិ នៃសាច់ឈាមជាមនុស្ស តាមរយៈទុក្ខវេទនាដែលសាច់ឈាមយកកំណើតជាមនុស្សទាំងពីរបានរងទុក្ខ។ បើសាច់ឈាមកាន់តែមានលក្ខណៈសាមញ្ញ នោះទ្រង់ត្រូវតែរងទុក្ខលំបាកកាន់តែខ្លាំង ក្នុងពេលធ្វើកិច្ចការ។ បើសាច់ឈាមដែលធ្វើកិច្ចការមានលក្ខណៈកាន់តែពិត នោះមនុស្សនឹងមានសញ្ញាណកាន់តែឃោរឃៅ ហើយគ្រោះថ្នាក់ដែលទំនងជាធ្លាក់លើទ្រង់ ក៏កាន់តែច្រើនផងដែរ។ ប៉ុន្តែ បើសាច់ឈាមមានលក្ខណៈកាន់តែពិតច្រើន ហើយបើសាច់ឈាមមានតម្រូវការនិងការយល់ដឹងពេញលេញ អំពីមនុស្សលោកសាមញ្ញកាន់តែច្រើន នោះទ្រង់មានសមត្ថភាពក្នុងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមកាន់តែខ្លាំង។ គឺសាច់ឈាមរបស់ព្រះយេស៊ូវហើយ ដែលត្រូវបានដំដែកគោល ជាប់នឹងឈើឆ្កាងគឺជាសាច់ឈាមរបស់ទ្រង់ហើយ ដែលព្រះអង្គបានលះបង់ ជាតង្វាយលោះបាប។ គឺតាមរយៈមធ្យោបាយខាងសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះហើយ ដែលទ្រង់បានបំបាក់អារក្សសាតាំង និងសង្រ្គោះមនុស្សបានទាំងស្រុងពីឈើឆ្កាង។ ហើយវាក៏ជាសាច់ឈាមទាំងស្រុងនេះដែរ ដែលព្រះជាម្ចាស់ ធ្វើកិច្ចការនៃការច្បាំងយកជ័យ និងបង្រ្កាបអារក្សសាតាំង នៅក្នុងការយាងមកយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់។ មានតែសាច់ឈាមមួយដែលមានលក្ខណៈសាមញ្ញ និងពិតទាំងស្រុងប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនៃការច្បាំងយកជ័យនៅក្នុងភាពពេញលេញរបស់វានិងអាចធ្វើបន្ទាល់ដ៏ពេញដោយអនុភាពបាន។ មានន័យថា ជ័យជម្នះរបស់មនុស្សត្រូវបានធ្វើឲ្យមានប្រសិទ្ធភាព តាមរយៈការពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនតាមរយៈការអស្ចារ្យ និងការបើកសម្ដែងបែបអធិធម្មជាតិឡើយ។ ព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សនេះ គឺដើម្បីមានបន្ទូល ច្បាំងយកជ័យ និងធ្វើឲ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការនៃព្រះវិញ្ញាណត្រូវបានសម្រេចនៅក្នុងសាច់ឈាម ដែលជាភារកិច្ចរបស់សាច់ឈាមគឺដើម្បីមានបន្ទូល ក៏ដូចជាច្បាំងយកជ័យ បើកសម្ដែង ប្រោសឲ្យគ្រប់លក្ខណ៍ និងលុបបំបាត់មនុស្សទាំងស្រុង។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងត្រូវបានសម្រេចយ៉ាងពេញលេញ តាមរយៈកិច្ចការច្បាំងយកជ័យនេះហើយ។ កិច្ចការដំបូងនៃការប្រោសលោះ គឺគ្រាន់តែជាទីចាប់ផ្ដើមនៃកិច្ចការយកកំណើតជាមនុស្សប៉ុណ្ណោះ ប៉ុន្តែ សាច់ឈាមដែលធ្វើកិច្ចការច្បាំងយកជ័យ នឹងបង្ហើយកិច្ចការទាំងស្រុងនៃការយកកំណើតជាមនុស្ស។ ទាក់ទងនឹងភេទវិញ ម្នាក់ជាបុរស ហើយម្នាក់ទៀតជាស្ត្រី ដើម្បីបង្ហើយសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះ ជាម្ចាស់ផង និងដើម្បីលុបបំបាត់ចោលសញ្ញាណរបស់មនុស្ស អំពីព្រះជាម្ចាស់ផង៖ ព្រះជាម្ចាស់អាចក្លាយជាបុរសផង និងស្ត្រីផង ហើយជាទូទៅ ព្រះដែលយកកំណើតជាមនុស្សមិនមានភេទឡើយ។ ទ្រង់បានបង្កើតទាំងបុរស និងស្ត្រី ហើយចំពោះទ្រង់ គ្មានការបែងចែករវាងភេទឡើយ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនធ្វើទីសម្គាល់ និងឫទ្ធិបារមីឡើយ ដូច្នេះ កិច្ចការនឹងសម្រេចជាលទ្ធផល តាមរយៈមធ្យោបាយនៃការថ្លែងព្រះបន្ទូល។ លើសពីនេះទៅទៀត ហេតុផលសម្រាប់ការនេះ គឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ មិនមែនដើម្បីប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែ ដើម្បីយកឈ្នះមនុស្ស តាមរយៈការមានបន្ទូលវិញ មានន័យថា សមត្ថភាពដើមដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់នេះមាន គឺថ្លែងព្រះបន្ទូល និងយកឈ្នះមនុស្ស មិនមែនប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សឡើយ។ កិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញមិនមែនធ្វើការអស្ចារ្យ មិនមែនប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែគឺថ្លែងព្រះបន្ទូលដូច្នេះ មហាជនមើលឃើញថា សាច់ឈាមជាមនុស្ស លើកទីពីរហាក់ដូចជាមានលក្ខណៈ ជាមនុស្សសាមញ្ញ កាន់តែច្រើនជាងលើកទីមួយ របស់ទ្រង់។ មនុស្សមើលឃើញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីកុហកឡើយ ប៉ុន្តែ ព្រះដែលយកកំណើតជាមនុស្សលើកនេះ មានលក្ខណៈខុសប្លែកពីព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ហើយទោះបីព្រះទាំងពីរអង្គជាព្រះជាម្ចាស់យកកំណើតជាមនុស្សក៏ដោយ ប៉ុន្តែ ព្រះអង្គទាំងពីរមិនមានលក្ខណៈដូចគ្នាទាំងស្រុងឡើយ។ ព្រះយេស៊ូវមានភាពជាមនុស្សសាមញ្ញ ភាពជាមនុស្សធម្មតា ប៉ុន្តែ ទ្រង់ក៏មានអមមកជាមួយនូវទីសម្គាល់ និងឫទ្ធិបារមីជាច្រើនផងដែរ។ នៅក្នុងព្រះដែលយកកំណើតជាមនុស្សនេះ ភ្នែករបស់មនុស្សនឹងមើលមិនឃើញពីទីសម្គាល់ ឫទ្ធិបារមីការប្រោសអ្នកជំងឺឲ្យជា ការបណ្ដេញអារក្ស ការយាងដើរលើទឹក ឬការតមអាហាររយៈពេល សែសិបថ្ងៃនោះទេ...។ ជាទូទៅទ្រង់មិនធ្វើកិច្ចការដដែលដែលព្រះយេស៊ូវបានធ្វើនោះឡើយ មិនមែនដោយសារតែសាច់ឈាម របស់ទ្រង់មានលក្ខណៈខុសប្លែកពីសាច់ឈាមរបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែ គឺដោយសារតែការប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្ស មិនមែនជាព័ន្ធកិច្ចរបស់ទ្រង់ទេ។ ទ្រង់មិនបំផ្លាញកិច្ចការរបស់ទ្រង់ផ្ទាល់ ឬរំខានកិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ដោយសារតែទ្រង់ យកឈ្នះមនុស្ស តាមរយៈព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដូច្នេះវា មិនចាំបាច់អ្វី ដែលត្រូវយកឈ្នះលើគេ ដោយការអស្ចារ្យឡើយ ដ្បិតដំណាក់កាលនេះ គឺជាការបញ្ចប់កិច្ចការ នៃការយកកំណើតជាមនុស្ស។

(«សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដំណាក់កាលនីមួយៗ នៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈ សំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលសម័យមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់មានភេទជាបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទ្រង់មានភេទជាស្ត្រី។ តាមរយៈការណ៍នេះ អ្នកអាចមើលឃើញថា ព្រះជាម្ចាស់បានបង្កើតទាំងបុរស និងស្ត្រី សម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឲ្យទ្រង់បាន។ មិនថា សាច់ឈាមនោះជាបុរស ឬស្ត្រីឡើយ ដរាបណាវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ ដូច្នេះ វាអាចតំណាងឲ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក នៅក្នុងន័យម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ ដោយបុរសភេទវិញ ប៉ុន្តែ កិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេច នៅក្នុងដំណាក់កាលនីមួយៗមានសារៈសំខាន់ស្មើៗគ្នា ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើង ម្ដងទៀតឡើយ បើមិនដូច្នោះទេ វានឹងជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតមិនខាន។ នៅពេលនោះ កាលព្រះយេស៊ូវកំពុងធ្វើកិច្ចការ របស់ទ្រង់ គេហៅទ្រង់ថាព្រះរាជបុត្រាតែមួយ ហើយ «ព្រះរាជបុត្រា» នេះ គឺសំដៅទៅលើបុរសភេទ។ ហេតុអ្វីបានជាព្រះរាជបុត្រាតែមួយ មិនត្រូវបានលើកមកនិយាយនៅក្នុងដំណាក់កាលបច្ចុប្បន្ន? គឺដោយសារតែលក្ខខណ្ឌតម្រូវនៃកិច្ចការ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរភេទ ឲ្យខុសពីព្រះយេស៊ូវ។ ចំពោះព្រះជាម្ចាស់ គឺគ្មានភាពខុសគ្នានៃភេទនោះឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមតែទ្រង់ចង់ធ្វើ ហើយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់ ទ្រង់មិនចំណុះនៅក្រោមសេចក្តីរឹតត្បិតណាមួយឡើយ ប៉ុន្តែ ទ្រង់មានសេរីភាពជាពិសេសតែម្ដង។ ដោយឡែក គ្រប់ដំណាក់កាលនៃកិច្ចការ ទាំងអស់ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វា។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមចំនួនពីរលើក ហើយការនេះជាភ័ស្តុតាងស្រាប់បញ្ជាក់ថា ការយកកំណើតជាមនុស្សរបស់ទ្រង់ ក្នុងគ្រាគ្រាចុងក្រោយ គឺជាលើកចុងក្រោយ។ ទ្រង់បានយាងមក ដើម្បីធ្វើឲ្យមនុស្សលោកដឹងអំពីគ្រប់ទាំងទង្វើរបស់ទ្រង់។ ប្រសិនបើនៅក្នុងដំណាក់កាលនេះ ទ្រង់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដោយផ្ទាល់ ឲ្យមនុស្សមើល ឃើញផ្ទាល់ភ្នែក នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណដែលគិតថា ព្រះជាម្ចាស់ គឺជាបុរសតែប៉ុណ្ណោះ មិនមែនជាមនុស្សស្រីនោះឡើយ។ ...

ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវ ត្រូវបានសម្រេច ហើយមិនត្រូវបានបំពេញ បន្ថែមដោយកិច្ចការនៅក្នុងដំណាក់កាលនៃគ្រាចុងក្រោយនេះនោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណថា មានតែព្រះយេស៊ូវមួយប៉ុណ្ណោះ ទើបជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ពោលគឺ មនុស្សគិតថា ព្រះជាម្ចាស់មាន ព្រះរាជបុត្រាតែមួយគត់ និងគិតទៀតថា មនុស្សផ្សេងទៀតដែលមកតាមក្រោយ ដោយមាននាមផ្សេង នឹងមិនមែនជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ក៏រឹតតែមិនមែនជាព្រះជាម្ចាស់ផ្ទាល់នោះឡើយ។ មនុស្សមានសញ្ញាណថា អស់អ្នកណាដើរតួជាតង្វាយលោះបាប ឬដែលមានឫទ្ធានុភាពជំនួសឲ្យព្រះជាម្ចាស់ និងប្រោសលោះមនុស្សជាតិទាំងអស់ គឺជាព្រះរាជបុត្រាតែមួយគត់ របស់ព្រះជាម្ចាស់។ មានអ្នកខ្លះដែលជឿថា លុះត្រាតែព្រះដែលយាងមកនោះជាបុរស ទើបទ្រង់អាចត្រូវបាន ចាត់ទុកជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ និងជាអ្នកតំណាងរបស់ព្រះជាម្ចាស់។ មនុស្សខ្លះទៀតថែមទាំងនិយាយថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះយេហូវ៉ា ជាបុត្រាតែមួយគត់របស់ទ្រង់ទៀតផង។ តើសញ្ញាណបែបនេះមិនមែនជាការបំផ្លើសពេកទេឬអី? ប្រសិនបើដំណាក់កាលនៃកិច្ចការនេះមិនត្រូវបានសម្រេចនៅក្នុងដំណាក់កាលចុងក្រោយទេ នោះមនុស្សជាតិទាំងមូលនឹងត្រូវគ្របបាំង ក្រោមស្រមោលអន្ធការចំពោះព្រះជាម្ចាស់មិនខាន។ ប្រសិនបើវាបែបនេះ នោះមនុស្សប្រុសនឹងគិតថា ខ្លួនមានឋានៈខ្ពស់ជាងស្ត្រី ហើយស្ត្រីនឹងមិនអាចងើបក្បាលឡើងបានឡើយ ដូច្នេះ វានឹងគ្មានស្ត្រីណាម្នាក់អាចទទួលបានការសង្រ្គោះនោះឡើយ។ មនុស្សតែងតែជឿថា ព្រះជាម្ចាស់ជាបុរស ហើយលើសពីនេះទៅទៀត គេជឿថា ទ្រង់តែងតែស្អប់ខ្ពើមស្ត្រី ហើយមិនប្រទានសេចក្តីសង្រ្គោះដល់នាងឡើយ។ ប្រសិនបើបែបនេះមែន តើវាមិនមែនជាការពិតទេឬអីថា គ្រប់ស្ត្រីទាំងអស់ ដែលត្រូវបានបង្កើតមក ដោយព្រះ យេហូវ៉ា និងដែលត្រូវបាន ពុកខូចផងនោះ នឹងមិនមានឱកាសទទួលបាន នូវការសង្រ្គោះ? បើដូច្នេះ តើការដែលព្រះយេហូវ៉ាបានបង្កើតស្ត្រីមក ពោលគឺបានបង្កើតនាងអេវ៉ាមក មិនទៅជាឥតប្រយោជន៍ទេឬអី? ហើយតើស្ត្រីនឹងមិនត្រូវវិនាសអស់កល្បជានិច្ចទេឬអី?

(«ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គ្រាន់តែសម្រេចនូវសារជាតិអំពី «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់» ប៉ុណ្ណោះ៖ សេចក្តីពិតរបស់ព្រះជាម្ចាស់បានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណនៃព្រះបានគង់នៅជាមួយសាច់ឈាម និងមិនអាចដាច់ចេញពីសាច់ឈាមនោះឡើយ។ គឺថាសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្សបានគង់នៅជាមួយព្រះវិញ្ញាណនៃព្រះ ដែលជាភស្តុតាងកាន់តែសំខាន់ទៀតថា ព្រះយេស៊ូវដែលយកកំណើតជាមនុស្ស គឺជាការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការនេះសម្រេចនូវអត្ថន័យខាងក្នុងយ៉ាងច្បាស់ៗអំពី «ព្រះបន្ទូលត្រលប់ជាសាច់ឈាម» បានផ្ដល់ជាអត្ថន័យកាន់តែស៊ីជម្រៅចំពោះ «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលគឺជាព្រះជាម្ចាស់» ព្រមទាំងញ៉ាំងឲ្យអ្នកជឿយ៉ាងមុតមាំទៅលើព្រះបន្ទូលថា «កាលពីដើមឡើយ មានព្រះបន្ទូល» គឺអាចនិយាយបានថា នៅគ្រានៃការបង្កើតពិភពលោក ព្រះជាម្ចាស់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់បានគង់នៅជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ ហើយនៅយុគសម័យចុងក្រោយ ព្រះអង្គសម្ដែងកាន់តែច្បាស់ទៀតអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សមើលឃើញគ្រប់ទាំងផ្លូវរបស់ទ្រង់ ពោលគឺស្ដាប់ឮគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់។ នេះហើយជាកិច្ចការនៃយុគសម័យចុងក្រោយនោះ។ អ្នកត្រូវតែយល់ទាំងស្រុងអំពីសេចក្តីទាំងនេះ។ វាមិនមែនជាសំណួរអំពីការស្គាល់សាច់ឈាមទេ ប៉ុន្តែជាសំណួរទាក់ទងនឹងរបៀបដែលអ្នកយល់អំពីសាច់ឈាម និងព្រះបន្ទូល។ នេះគឺជាទីបន្ទាល់ដែលអ្នកត្រូវធ្វើ ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។ ដោយសារតែនេះគឺជាកិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីរ ព្រមទាំងជាលើកចុងក្រោយដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ដូច្នេះ វាសម្រេចបានយ៉ាងពេញលេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្ស វាអនុវត្តយ៉ាងហ្មត់ចត់ និងចេញមកពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយបិទបញ្ចប់យុគសម័យនៃការស្ថិតនៅក្នុងសាច់ឈាមរបស់ព្រះជាម្ចាស់។

(«ការអនុវត្ត (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលដើម្បីយកឈ្នះមនុស្សទាំងអស់ដែលជឿដល់ទ្រង់។ នេះហើយជា «ព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម»។ ព្រះជាម្ចាស់បានយាងមកនៅក្នុងគ្រាចុងក្រោយ ដើម្បីធ្វើកិច្ចការនេះ ពោលគឺទ្រង់បានយាងមកដើម្បីសម្រេចនូវសារៈសំខាន់ពិត នៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។ ព្រះអង្គគ្រាន់តែថ្លែងព្រះបន្ទូលប៉ុណ្ណោះ ហើយការមកដល់នៃការពិតក៏កម្រមានដែរ។ នេះគឺជាលក្ខណៈពិតបំផុតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម រួចកាលណាព្រះជាម្ចាស់ដែលយកកំណើត ថ្លែងព្រះបន្ទូលរបស់ទ្រង់ នេះគឺជាការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម និងជាព្រះបន្ទូលដែលយាងមកសណ្ឋិតនៅក្នុងសាច់ឈាម។ «ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម»។ ការនេះ (កិច្ចការនៃការលេចមកជាសាច់ឈាម) ជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេចឲ្យបាននៅគ្រាចុងក្រោយ ហើយក៏ជាជំពូកចុងក្រោយនៃផែនការគ្រប់គ្រងរបស់ទ្រង់ទាំងមូលដែរ ដូច្នេះហើយ ព្រះជាម្ចាស់ត្រូវតែយាងមកផែនដី ហើយសម្ដែងព្រះបន្ទូលទ្រង់ក្នុងសាច់ឈាម។ កិច្ចការដែលត្រូវធ្វើឲ្យរួចនៅថ្ងៃនេះ កិច្ចការដែលនឹងត្រូវធ្វើឲ្យរួចនៅថ្ងៃអនាគត កិច្ចការដែលព្រះជាម្ចាស់នឹងត្រូវសម្រេចឲ្យបាន គោលដៅចុងក្រោយរបស់មនុស្ស មនុស្សដែលនឹងត្រូវបានសង្គ្រោះ មនុស្សដែលនឹងត្រូវបំផ្លាញ ។ល។ កិច្ចការទាំងអស់ដែលគួរតែត្រូវសម្រេចឲ្យបាននៅទីបញ្ចប់ គឺត្រូវបានថ្លែងបញ្ជាក់យ៉ាងច្បាស់អស់ហើយ ហើយគ្រប់យ៉ាងក៏ដើម្បីសម្រេចឲ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាមដែរ។ បញ្ញត្តិរដ្ឋបាល និងក្រឹត្យវិន័យ ដែលត្រូវបានបញ្ចេញកាលពីគ្រាមុន មនុស្សដែលនឹងត្រូវបំផ្លាញ មនុស្សដែលនឹងត្រូវចូលទៅសម្រាក គឺព្រះបន្ទូលទាំងអស់នេះត្រូវតែសម្រេច។ នេះជាកិច្ចការដែលត្រូវសម្រេចឲ្យបានជាពិសេស ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយ។ ព្រះអង្គធ្វើឲ្យមនុស្សដឹងថា អស់អ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន គេនៅកន្លែងណា ហើយមនុស្សដែលព្រះជាម្ចាស់មិនបានកំណត់ទុកជាមុន គេនៅកន្លែងណា ដឹងពីវិធីបែងចែករាស្ត្ររបស់ទ្រង់ និងបុត្រាទាំងឡាយរបស់ទ្រង់ ដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះប្រទេសអ៊ីស្រាអែល និងដឹងអំពីអ្វីដែលនឹងត្រូវកើតឡើងចំពោះស្រុកអេស៊ីព្ទ ពោលគឺព្រះបន្ទូលគ្រប់ម៉ាត់នឹងត្រូវបានសម្រេចនាថ្ងៃអនាគត។ ល្បឿននៃកិច្ចការរបស់ព្រះជាម្ចាស់កំពុងតែស្ទុះឡើង។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាមធ្យោបាយសម្រាប់បើកសម្ដែងប្រាប់មនុស្សអំពីកិច្ចការដែលត្រូវធ្វើឲ្យរួចនៅក្នុងយុគសម័យនីមួយៗ កិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាសាច់ និងព័ន្ធកិច្ចដែលទ្រង់ត្រូវធ្វើ ហើយព្រះបន្ទូលទាំងអស់នេះ គឺសុទ្ធតែដើម្បីសម្រេចឲ្យបាននូវសារៈសំខាន់ពិតនៃព្រះបន្ទូលដែលកំពុងលេចមកជាសាច់ឈាម។

(«គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ហេតុអ្វីបានជាខ្ញុំនិយាយថា អត្ថន័យនៃការយកកំណើតជាមនុស្ស មិនត្រូវបានបង្គ្រប់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវ? គឺដោយសារតែព្រះបន្ទូលមិនបានក្លាយជាសាច់ឈាមទាំងស្រុងឡើយ។ អ្វីដែលព្រះយេស៊ូវបានធ្វើ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការប្រោសលោះ ហើយទ្រង់មិនបានធ្វើកិច្ចការនៃការទទួលបានមនុស្សទាំងស្រុងឡើយ។ ដោយសារតែហេតុផលនេះ ព្រះជាម្ចាស់បានក្លាយជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ។ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបានសម្រេចនៅក្នុងសាច់ឈាមសាមញ្ញផងដែរ។ កិច្ចការនេះត្រូវបានធ្វើ ដោយមនុស្សសាមញ្ញបំផុត ជាភាពជាមនុស្សរបស់បុគ្គលម្នាក់ដែលគ្មានភាពអធិធម្មជាតិសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានក្លាយជាមនុស្សទាំងស្រុង ហើយទ្រង់ជាមនុស្សម្នាក់ដែលមានអត្តសញ្ញាណមកពីព្រះជាម្ចាស់ ជាមនុស្សទាំងស្រុងជាសាច់ឈាមទាំងស្រុង និងជាព្រះដែលកំពុងតែធ្វើកិច្ចការ។ ភ្នែករបស់មនុស្សមើលឃើញរូបកាយខាងសាច់ឈាមមួយ ដែលគ្មានលក្ខណៈអធិធម្មជាតិសោះឡើយគឺជាមនុស្សសាមញ្ញបំផុត ដែលអាចនិយាយភាសាសា្ថនសួគ៌ មិនធ្វើទីសម្គាល់ មិនធ្វើការអស្ចារ្យ ក៏រឹតតែមិនបង្ហាញសេចក្តីពិតខាងក្នុងអំពីសាសនា នៅតាមសាលាប្រជុំធំៗផងដែរ។ ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបី នៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែ វាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយប៉ុន្តែ ត្រូវវិនិច្ឆ័យ ដោយកិច្ចការរបស់ព្រះ ដែលបានស្ដែងចេញ តាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយប៉ុន្តែ បើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឲ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឲ្យវាគ្រប់លក្ខណ៍គឺដើម្បីឲ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបភាពបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឲ្យមនុស្សមានចំណេះដឹងពេញ លេញអំពីទ្រង់ឡើយ ប៉ុន្តែ ដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែ ដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឲ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញ អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សទាំងពីរ មានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិនៃសាច់ឈាម និងប្រភពនៃកិច្ចការរបស់ពួកទ្រង់ មានលក្ខណៈដូចគ្នាដែរ។ អាចនិយាយបានថា ពួកទ្រង់យាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការពីរផ្សេងគ្នា ហើយលេចឡើងនៅក្នុងយុគសម័យពីរខុសគ្នា។ មិនថាបែបណានោះឡើយ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា និងប្រភពដើមដូចគ្នា។ នេះជាសេចក្តីពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។

(«សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលព្រះជាម្ចាស់មិនប្រើមនុស្សដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ប៉ុន្តែទ្រង់ក្លាយជាសាច់ឈាម និងធ្វើកិច្ចការនោះដោយផ្ទាល់ព្រះអង្គ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា...

ភាពខុសគ្នាជាមូលដ្ឋានរវាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអ្នកដែលព្រះជាម្ចាស់ប្រើ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាម...

មូលហេតុដែលគេនិយាយថា មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្រើនជាង

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់...

Leave a Reply