មូលហេតុដែលព្រះជាម្ចាស់មិនប្រើមនុស្សដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ទ្រង់ ប៉ុន្តែទ្រង់ក្លាយជាសាច់ឈាម និងធ្វើកិច្ចការនោះដោយផ្ទាល់ព្រះអង្គ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឲ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីបង្ក្រាបមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺនៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិត ដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឲ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នា ដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ហើយអ្នកបានក្លាយដូចជាសត្វជ្រូក ដែលបានកើតមកនៅកាច់ជ្រុងដ៏កខ្វក់បំផុតនៃពិភពលោក ដូច្នេះ ព្រោះតែបែបនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះនេះ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គអាចបើកសម្ដែងនិស្ស័យដ៏សុចរិតរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញការបះបោររបស់មនុស្ស និងដោយសារតែទ្រង់អាចបើកសម្ដែងភាពបរិសុទ្ធរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញសេចក្តីស្មោកគ្រោករបស់មនុស្ស ទើបវាគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ បើមនុស្សម្នាក់ត្រូវជំនុំជម្រះបុគ្គលម្នាក់ទៀត តើវាមិនដូចជាពួកគេកំពុងតែទះកំផ្លៀងខ្លួនឯងទេឬអី? តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះអំពើបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសអំពើបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអំពើបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? នៅពេលដែលនិស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកសម្ដែង ព្រះជាម្ចាស់មានបន្ទូល ដើម្បីជំនុំជម្រះមនុស្ស ហើយមានតែបែបនេះទេ ទើបមនុស្សមើលឃើញថា ព្រះអង្គបរិសុទ្ធ។

(«របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឲ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឲ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិត របស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចទៅបាន តែតាមរយៈសាច់ឈាម ដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាម រយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឲ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែលញ៉ាំងឲ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សតម្រូវឲ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបភាពអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេតម្រូវឲ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបភាពព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបាននូវលទ្ធផលដ៏សមរម្យឡើយ។ រូបភាពនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបភាពដែលចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សស្គាល់ពីរូបភាពទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុណ្ណោះ ដែលអាចជួយបាន។ សញ្ញាណរបស់មនុស្ស ត្រូវបានលាតត្រដាងឲ្យឃើញ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពីព្រោះភាពសាមញ្ញ និងតថភាពពិតនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជាគ្រឿងបន្ទាប់បន្សំទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញឡើយ។ គ្មាននរណាម្នាក់ មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្ស មានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញរូបភាព និងរូបអង្គរបស់ទ្រង់ឲ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។

(«មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ច្បាស់ណាស់ គឺដោយសារសាតាំងបានធ្វើឲ្យខាងសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សគឺជាអ្នកដែលព្រះជាម្ចាស់មានបំណងព្រះហឫ ទ័យចង់សង្គ្រោះ ហេតុនេះ ព្រះជាម្ចាស់ត្រូវត្រលប់ជាសាច់ឈាម ដើម្បីធ្វើចម្បាំងជាមួយសាតាំង និងដើម្បីឃ្វាលលមនុស្សដោយផ្ទាល់ព្រះអង្គទ្រង់។ មានតែចំណុចនេះទេ ទើបមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ បានកើតមានឡើងចំនួនពីរលើកដើម្បីយកឈ្នះលើសាតាំងនិងដើម្បីសង្គ្រោះមនុស្សឲ្យបានប្រសើរជាងមុនផងដែរ។ នេះគឺដោយសារអ្នកដែលធ្វើចម្បាំងជាមួយសាតាំង គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះទេ។ សរុបមក ពួកទេវតាមិនអាចធ្វើចម្បាំងជាមួយសាតាំងបានឡើយ ហើយមនុស្សកាន់តែមិនអាចធ្វើចម្បាំងជាមួយវាបាន ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយទៅហើយ។ ពួកទេវតាគ្មានឬទ្ធិអំណាចក្នុងការធ្វើចម្បាំងមួយនេះទេ ហើយមនុស្សកាន់តែគ្មានអំណាចថែមទៀតហើយ។ ដូចនេះ ប្រសិនបើព្រះជាម្ចាស់ចង់កែខៃជីវិតរបស់មនុស្ស ប្រសិន បើទ្រង់ចង់យាងត្រឡប់មកកាន់ផែនដីនេះដោយផ្ទាល់ព្រះអង្គដើម្បីសង្គ្រោះមនុស្ស គឺទ្រង់ត្រូវតែត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គ ពោលគឺទ្រង់ត្រូវតែយក កំណើតជាមនុស្សដោយផ្ទាល់ យាងមកក្នុងចំណោមមនុស្ស និងសង្គ្រោះមនុស្សដោយផ្ទាល់ព្រះអង្គទ្រង់ តាមរយៈអត្តសញ្ញាណពីកំណើតរបស់ទ្រង់ និងកិច្ចការដែលទ្រង់ត្រូវបំពេញ។ ប្រសិនបើមិនដូច្នេះទេ ប្រសិនបើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬមនុស្សជាអ្នកធ្វើកិច្ចការនេះវិញ នោះចម្បាំងនេះ នឹងគ្មានលេចចេញជាផលផ្លែអ្វីឡើយហើយវានឹងមិនអាចបញ្ចប់ទៅវិញបានទេ។ មានតែពេលដែលព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដើម្បីទៅធ្វើចម្បាំងដោយផ្ទាល់ព្រះអង្គទ្រង់ជាមួយសាតាំងប៉ុណ្ណោះ ទើបមនុស្សមានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ បន្ថែមលើនេះ មានតែពេលនោះទេ ដែលសាតាំងរងការអាម៉ាស់ និងត្រូវចាកចេញដោយគ្មានឱកាសបំផ្លាញ ឬមានផែនការត្រូវធ្វើទៀតនោះទេ។ កិច្ចការដែលបានបំពេញ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនអាចសម្រេចទៅបានតាមរយៈ ព្រះវិញ្ញាណ នៃព្រះជា ម្ចាស់បានឡើយ ហើយកិច្ចការនឹងកាន់តែមិនអាចឲ្យមនុស្សខាងសាច់ឈាមណាម្នាក់បំពេញជំនួសព្រះជាម្ចាស់បានឡើយ ដ្បិតកិច្ចការដែលទ្រង់ធ្វើ គឺដើម្បីជីវិតរបស់មនុស្ស និងដើម្បីបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើមនុស្សត្រូវចូលរួមក្នុងចម្បាំងនេះពិតមែន គេនឹងរត់ចោលជួរទាំងច្របូកច្របល់យ៉ាងសែនវេទនា ហើយនឹងមិនអាចបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់គេបានឡើយ។ ទ្រង់នឹងមិនអាចសង្គ្រោះមនុស្សតាមរយៈឈើឆ្កាង ឬយកឈ្នះលើមនុស្សជាតិ ដែលបះបោរទាំងអស់បានទេ ប៉ុន្តែអាចត្រឹមធ្វើកិច្ចការចាស់ៗបន្តិចបន្តួច ដោយមិនទៅឆ្ងាយពីគោលការណ៍ផ្សេងៗឡើយ ឬបើពុំដូច្នោះទេ អាចធ្វើត្រឹមកិច្ចការផ្សេងដែលមិនពាក់ព័ន្ធនឹងការយកឈ្នះលើសាតាំងប៉ុណ្ណោះ។ ដូច្នេះ ហេតុអ្វីចាំបាច់ត្រូវខ្វាយខ្វល់? តើកិច្ចការដែលមិនអាចទទួលបានមនុស្ស និងមិនអាចយកឈ្នះលើសាតាំងបាននោះ មានសារៈសំខាន់អ្វីទៅ? ហេតុដូច្នេះ ចម្បាំងជាមួយសាតាំង មានតែព្រះជាម្ចាស់ផ្ទាល់អង្គទ្រង់ប៉ុណ្ណោះដែលអាចធ្វើបាន ហើយមនុស្សមិនអាចធ្វើសង្គ្រាមនេះបានឡើយ។ ភារកិច្ចរបស់មនុស្ស គឺត្រូវស្ដាប់បង្គាប់ និងដើរតាម ដ្បិតមនុស្សមិនអាចធ្វើកិច្ចការស្រដៀងគ្នានឹងការង្កើតផ្ទៃមេឃ និងផែនដីបានឡើយ ហើយបន្ថែមលើនេះ គេមិនអាចបំពេញកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំងបានឡើយ។ មនុស្សអាចត្រឹមផ្គាប់ព្រះហឫទ័យព្រះអាទិករ ស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ប៉ុណ្ណោះ ដែលតាមរយៈការនេះ សាតាំងត្រូវបានយកឈ្នះ។ នេះគឺជារឿងតែមួយគត់ ដែលមនុស្សអាចធ្វើបាន។ ហេតុដូចនេះ គ្រប់ពេលដែលចាប់ផ្ដើមធ្វើចម្បាំងថ្មីមួយ ពោលគឺគ្រប់ពេលដែលកិច្ចការនៃសម័យថ្មីចាប់ផ្ដើម កិច្ចការនេះត្រូវព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គទ្រង់តែម្ដង ដែលតាមរយៈនេះ ទ្រង់ត្រូវដឹកនាំសម័យកាលទាំងមូល និងចាប់ផ្ដើមផ្លូវថ្មីសម្រាប់មនុស្សជាតិទាំងមូល។

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ គឺត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំណាក់កាលដំបូង (ដំណាក់កាលនៃការបង្កើតពិភព លោកនេះ) ត្រូវបានព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គទ្រង់ ហើយប្រសិនបើមិនដូច្នេះទេ នោះគ្មាននរណាម្នាក់អាចមានសមត្ថភាពក្នុងការបង្កើតមនុស្សជាតិបានឡើយ។ ដំណាក់កាលទីពីរ គឺជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងមូល ហើយព្រះជាម្ចាស់ក៏បានបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គទ្រង់ដែរ។ ដំណាក់កាលទីបី គឺកាន់តែជាក់ស្ដែងថែមទៀត៖ មានតម្រូវការកាន់តែច្រើនជាងមុនផងដែរ ដើម្បីឲ្យព្រះជាម្ចាស់បានបំពេញកិច្ចការនៅទីចុងបញ្ចប់ដោយផ្ទាល់ព្រះអង្គទ្រង់។ កិច្ចការនៃការប្រោសលោះ ការយកឈ្នះ ការទទួលបាន និងការធ្វើឲ្យមនុស្សជាតិទាំងមូលបានគ្រប់លក្ខណ៍ គឺជាកិច្ចការដែលត្រូវបំពេញ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទ្រង់ទេ នោះមនុស្សមិនអាចជំនួសអត្តសញ្ញាណរបស់ទ្រង់បានឡើយ ហើយមនុស្សក៏មិនអាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ដើម្បីយកឈ្នះលើសាតាំង ដើម្បីទទួលបានមនុស្ស និងដើម្បីប្រទានឲ្យមនុស្សនូវជីវិតសាមញ្ញធម្មតានៅលើផែនដី ទ្រង់ត្រូវដឹកនាំមនុស្សដោយផ្ទាល់ និងបំពេញកិច្ចការក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយសម្រាប់ជា ប្រយោជន៍ដល់កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់ និងសម្រាប់គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺទ្រង់ត្រូវតែបំពេញកិច្ចការទាំងនោះដោយផ្ទាល់ព្រះអង្គទ្រង់។ ប្រសិនបើមនុស្សគ្រាន់តែជឿថា ព្រះជាម្ចាស់បានយាងមកដើម្បីឲ្យមនុស្សអាចឃើញទ្រង់បាន គឺគ្រាន់តែដើម្បីឲ្យមនុស្សបានសប្បាយចិត្ត នោះជំនឿបែបនេះ គឺគ្មានតម្លៃ គ្មានសារៈសំខាន់អ្វីឡើយ។ ការយល់ដឹងរបស់មនុស្ស គឺនៅរាក់កំភែលខ្លាំងណាស់! មានតែការអនុវត្តកិច្ចការដោយផ្ទាល់ព្រះអង្គទ្រង់ប៉ុណ្ណោះ ទើបព្រះជាម្ចាស់បំពេញកិច្ចការដោយហ្មត់ចត់ និងពេញលេញបាន។ មនុស្សគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការជំនួសព្រះជាម្ចាស់បាននោះឡើយ។ ដោយសារមនុស្សពុំមានអត្តសញ្ញាណ របស់ព្រះជាម្ចាស់ ឬលក្ខណៈរបស់ទ្រង់ នោះគេមិនអាចបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ហើយបើទោះបីជាមនុស្សធ្វើការនេះមែនក្ដី ក៏វានឹងគ្មានបានផលអ្វីដែរ។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម គឺដើម្បីសេចក្ដីប្រោសលោះ ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ឲ្យរួចពីអំពើបាប ដើម្បីឲ្យមនុស្សអាចទទួលបានការសម្អាត និងអាចអត់ទោសចំពោះអំពើបាបរបស់គេ។ កិច្ចការនៃការយកឈ្នះ ក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ក្នុងចំណោមមនុស្សដែរ។ ប្រសិនបើក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលពីសេចក្ដីទំនាយ នោះពួកហោរា ឬអ្នកណាម្នាក់ដែលមានអំណោយទាន ក៏អាចជំនួសទ្រង់បានដែរ។ ប្រសិនបើវាគ្រាន់តែជាការមានព្រះបន្ទូលអំពីសេចក្ដីទំនាយ នោះមនុស្សអាចជំនួសព្រះជាម្ចាស់បានហើយ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សព្យាយាមបំពេញកិច្ចរបស់ព្រះជា ម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ដោយខ្លួនឯង និងព្យាយាមកែខៃជីវិតរបស់មនុស្ស នោះមនុស្សមិនអាចធ្វើកិច្ចការនេះបានឡើយ។ កិច្ចការនេះ ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្ដង។ ព្រះជាម្ចាស់ ត្រូវត្រឡប់មកជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការនេះ។ នៅក្នុងយុគសម័យព្រះបន្ទូល ប្រសិនបើមានគេនិយាយពីសេចក្ដីទំនាយនោះអេសាយ ឬអេលីយ៉ា ដែលជាពួកហោរា អាចបំពេញកិច្ចការនេះបាន ហើយពុំចាំបាច់ឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ បំពេញកិច្ចការនេះ ដោយផ្ទាល់ឡើយ។ ដោយសារកិច្ចការដែលបានធ្វើនៅដំណាក់កាលនេះ គឺមិនគ្រាន់តែជាការនិយាយអំពីសេចក្ដីទំនាយប៉ុណ្ណោះទេ ហើយដោយសារកិច្ចការនេះមានសារៈសំខាន់ខ្លាំងជាងមុនដែលត្រូវប្រើកិច្ចការនៃព្រះបន្ទូល ដើម្បីយកឈ្នះលើមនុស្ស និងយកឈ្នះលើសាតាំងគឺមនុស្សមិនអាចឲ្យធ្វើកិច្ចការនេះបានឡើយ ហើយព្រះជាម្ចាស់ត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គទ្រង់។ នៅក្នុងយុគសម័យក្រឹត្យវិន័យ ព្រះយេហូវ៉ាបានបំពេញផ្នែកនៃកិច្ចការរបស់ទ្រង់ ក្រោយពីទ្រង់បានបានមានព្រះបន្ទូលមួយចំនួន និងបានបំពេញកិច្ចការខ្លះៗតាមរយៈពួកពួកហោរា។ នេះគឺដោយសារមនុស្ស អាចជំនួសព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់បាន ហើយអ្នកដែលបានមើលឃើញ អាចនិយាយប្រាប់អំពីរឿងរ៉ាវ និងកាត់ស្រាយអំពីសុបិន្តមួយចំនួនជំនួសទ្រង់បាន។ កិច្ចការដែលត្រូវធ្វើនៅដើមដំបូង មិនមែនជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សដោយផ្ទាល់នោះទេ ក៏គ្មានពាក់ព័ន្ធនឹងអំពើបាបរបស់មនុស្សឡើយ ហើយមនុស្សគ្រាន់តម្រូវឲ្យគោរពតាមក្រឹត្យវិន័យតែប៉ុណ្ណោះ។ ដូចនេះ ព្រះយេហូវ៉ា មិនបានត្រឡប់មកជាសាច់ឈាម និងបើកសម្ដែងអង្គទ្រង់ដល់មនុស្សឡើយ។ តែផ្ទុយទៅវិញ ទ្រង់បានមានព្រះបន្ទូលដោយផ្ទាល់ជាមួយម៉ូសេ និងអ្នកដទៃទៀត ដោយបានឲ្យពួកគេនិយាយ និងធ្វើកិច្ចការជំនួសទ្រង់ ហើយឲ្យពួកគេធ្វើការដោយផ្ទាល់ក្នុងចំណោមមនុស្សជាតិ។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការដឹកនាំមនុស្ស។ វាជាការចាប់ផ្ដើមនូវចម្បាំងជាមួយសាតាំង ប៉ុន្តែចម្បាំងនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយទេ។ ចម្បាំងផ្លូវការជាមួយសាតាំង បានចាប់ផ្ដើមដោយការយកកំណើតជាមនុស្សលើកដំបូងរបស់ព្រះជាម្ចាស់ ហើយវាបានបន្តរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ចម្បាំងដំបូងនៃសង្គ្រាមនេះ គឺនៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេបោះដែកគោលភ្ជាប់ទៅនឹងឈើឆ្កាង។ ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានយកឈ្នះលើសាតាំង ហើយវាគឺជាដំណាក់កាលជោគជ័យលើកដំបូងនៅក្នុងសង្គ្រាមនេះ។ នៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមកែខៃជីវិតមនុស្សដោយផ្ទាល់ នេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃកិច្ចការទទួលបានមនុស្សយកមក ហើយដោយសារវាគឺជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស នោះវាគឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ដំណាក់កាលនៃកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅដើមដំបូង គឺគ្រាន់តែជាការដឹកនាំជីវិតមនុស្សនៅលើផែនដីប៉ុណ្ណោះ។ វាគឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាវាមិនមានពាក់ព័ន្ធនឹងចម្បាំងណាមួយ ឬពាក់ព័ន្ធនឹងកិច្ចការណាមួយក្ដី ក៏ប៉ុន្តែវាបានចាក់គ្រឹះសម្រាប់កិច្ចការនៃចម្បាំងនៅពេលខាងមុខ។ ក្រោយមកទៀត ដំណាក់កាលទីពីរនៃកិច្ចការក្នុងអំឡុងពេលនៃយុគសម័យព្រះគុណ ពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ដែលមានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ ធ្វើការកែប្រែជីវិតរបស់មនុស្ស។ កិច្ចការនេះ ត្រូវបំពេញដោយព្រះជាម្ចាស់ដោយផ្ទាល់៖ កិច្ចការនេះ តម្រូវឲ្យព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាម ដោយផ្ទាល់។ ប្រសិនបើទ្រង់មិនបានត្រឡប់មកជាសាច់ឈាមទេ នោះគ្មាននរណាម្នាក់ផ្សេងទៀតដែលអាចជំនួសទ្រង់នៅក្នុងដំណាក់កាលនៃកិច្ចការនេះបានឡើយ ដ្បិតវាតំណាងឲ្យកិច្ចការនៃការធ្វើចម្បាំងជាមួយនឹងសាតាំង។ ប្រសិនបើមនុស្សបានបំពេញកិច្ចការនេះជំនួសឲ្យព្រះជាម្ចាស់ នៅពេលដែលមនុស្សឈរនៅចំពោះមុខសាតាំង នោះសាតាំងនឹងមិនបានចុះចាញ់ឡើយ ហើយវានឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយដែលបានយាងមកយកឈ្នះលើវា ដ្បិតលក្ខណៈនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនៅតែជាព្រះជាម្ចាស់ដដែល ទ្រង់គឺនៅតែជាជីវិតរបស់មនុស្ស ហើយទ្រង់គឺនៅតែជាព្រះអាទិករដដែល។ មិនថាមានអ្វីកើតឡើងនោះទេ អត្តសញ្ញាណ និងលក្ខណៈរបស់ទ្រង់ នឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះ ទ្រង់បានត្រលប់ជាសាច់ឈាម និងបំពេញកិច្ចការនេះដើម្បីឲ្យសាតាំងបានចុះចាញ់ទាំងស្រុង។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ និងត្រូវឲ្យនិយាយពីព្រះបន្ទូលដោយផ្ទាល់ នោះគេនឹងមិនអាចនិយាយព្រះបន្ទូលបានឡើយ ហើយប្រសិនបើត្រូវនិយាយពីសេចក្ដីទំនាយ នោះសេចក្ដីទំនាយនេះ នឹងមិនអាចយកឈ្នះ លើមនុស្សបានឡើយ។ តាមរយៈការត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់យាងមកដើម្បីយកឈ្នះលើសាតាំង និងធ្វើឲ្យវាចុះចាញ់ទាំងស្រុង។ នៅពេលទ្រង់យកឈ្នះលើសាតាំងបានទាំងស្រុងហើយ បានយកឈ្នះលើមនុស្សទាំងអស់ហើយ និងទទួលបានមនុស្សទាំងមូលហើយនោះដំណាក់កាលនេះនឹងអាចបញ្ចប់ ហើយសម្រេចជោគជ័យបាន។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មនុស្សមិនអាចជំនួស ព្រះជាម្ចាស់បានឡើយ។ ជាពិសេស កិច្ចការនៃការដឹកនាំយុគសម័យ និងការចាប់ផ្ដើមកិច្ចការថ្មី គឺមានតម្រូវការកាន់តែច្រើន ឲ្យព្រះជាម្ចាស់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទ្រង់។ ការប្រទាននូវការបើកសម្ដែង និងសេចក្ដីទំនាយដល់មនុស្ស អាចឲ្យមនុស្សធ្វើបាន ប៉ុន្តែប្រសិនបើវាជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ ជាកិច្ចការនៃចម្បាំងរវាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាមួយនឹងសាតាំង នោះកិច្ចការនេះមិនអាចឲ្យមនុស្សធ្វើបានឡើយ។ ក្នុងអំឡុងដំណាក់កាលទីមួយនៃកិច្ចការនេះ នៅពេលដែលគ្មានចម្បាំងជាមួយសាតាំង ព្រះយេហូវ៉ា បានដឹកនាំសាសន៍អ៊ីស្រាអែលដោយផ្ទាល់ ដោយប្រើសេចក្ដីទំនាយដែលពួកហោរាបានថ្លែង។ បន្ទាប់ពីនោះមក ដំណាក់កាលទីពីរនៃកិច្ចការនេះ គឺជាចម្បាំងជាមួយសាតាំង ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ បានត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ និងបានត្រឡប់មកជាសាច់ឈាមដើម្បីបំពេញកិច្ចការនេះ។ អ្វីៗដែលពាក់ព័ន្ធនឹងចម្បាំងជាមួយនឹងសាតាំង ក៏មានពាក់ព័ន្ធនឹងការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ ដែលមានន័យថា ចម្បាំងនេះ មិនអាចឲ្យមនុស្សប្រកាសធ្វើចម្បាំងបានឡើយ។ ប្រសិនបើមនុស្សត្រូវធ្វើចម្បាំងមែន គេនឹងគ្មានសមត្ថភាពយកឈ្នះលើសាតាំងឡើយ។ តើគេអាចមានកម្លាំងឯណាដើម្បីច្បាំងជាមួយវាបាន នៅពេលដែលមនុស្សស្ថិតនៅក្រោម ដែនត្រួតត្រារបស់វានៅឡើយ? មនុស្សគឺស្ថិតនៅចំកណ្ដាល៖ ប្រសិនបើអ្នកលូនក្រាបទៅរកសាតាំង នោះអ្នកជាកម្មសិទ្ធិរបស់សាតាំង ប៉ុន្តែប្រសិនបើអ្នកគាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះអ្នកជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សល្បងល និងជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការនៃចម្បាំងមួយនេះ តើមនុស្សអាចធ្វើបានដែរឬទេ? ប្រសិនបើមនុស្សធ្វើបែបនេះ តើគេនឹងមិនត្រូវវិនាសជាយូរណាស់មកហើយទេឬអី? តើគេនឹងមិនបានចូលទៅក្នុងពិភពអន់ថយជាយូរមកហើយទេឬអី? ដូច្នេះ មនុស្សគឺមិនអាចជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ ដែលមានន័យថា មនុស្សគឺមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើអ្នកធ្វើចម្បាំងជាមួយសាតាំង អ្នកនឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ មនុស្សអាចគ្រាន់តែ ធ្វើកិច្ចការខ្លះប៉ុណ្ណោះ។ គេអាចយកឈ្នះលើមនុស្សមួយចំនួនបាន ប៉ុន្តែគេមិនអាច ជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់បានឡើយ។ តើមនុស្សអាចធ្វើចម្បាំងជាមួយសាតាំងបានដោយរបៀបណា? សាតាំងនឹងចាប់អ្នក ធ្វើជាឈ្លើយ ទាំងមុនពេលដែលអ្នកបានចាប់ផ្ដើមទៅទៀត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់ប៉ុណ្ណោះ ដែលអាចធ្វើចម្បាំងជាមួយសាតាំងបាន ហើយមនុស្សត្រូវដើរតាម និងស្ដាប់បង្គាប់តាមលំអាននេះ ទើបមនុស្សអាចត្រូវព្រះជាម្ចាស់ទទួលបាន និងរួចផុតពីចំណងរបស់សាតាំង។ រឿងដែលមនុស្សអាចសម្រេចទៅបានតាមប្រាជ្ញា និងសមត្ថភាពរបស់គេ គឺនៅមានកម្រិតនៅឡើយ។ គេមិនមានសមត្ថភាពក្នុងការធ្វើឲ្យមនុស្សបានពេញខ្នាត ដឹកនាំមនុស្ស និងយកឈ្នះលើសាតាំងបានឡើយ។ ភាពឈ្លាសវៃ និងប្រាជ្ញារបស់មនុស្ស មិនអាចប្រឆាំងនឹងគ្រោងការរបស់សាតាំងបានឡើយ តើមនុស្សអាចតយុទ្ធនឹងវាបានយ៉ាងដូចម្ដេច?

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើម និងជាទីបញ្ចប់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ចាប់ផ្ដើមដំណើរការ ដូច្នេះហើយ អ្នកដែលបញ្ចប់យុគសម័យចាស់ក៏ត្រូវតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នោះគឺជាភ័ស្តុតាងពីការដែលទ្រង់យកឈ្នះសាតាំង និងការដែលទ្រង់យកឈ្នះលោកីយ៍។ រាល់ពេលដែលព្រះជាម្ចាស់ផ្ទាល់ធ្វើការនៅក្នុងចំណោមមនុស្សលោក នោះហើយគឺជាចាប់ផ្ដើមសង្គ្រាមមួយថ្មី។ គ្មានការចាប់ផ្ដើមកិច្ចការថ្មី តាមធម្មតាក៏គ្មានការបញ្ចប់សង្គ្រាមចាស់ដែរ។ ហើយកាលណាគ្មានការបញ្ចប់សង្គ្រាមចាស់ នេះក៏ជាភស្តុតាងបញ្ជាក់ថា សង្គ្រាមជាមួយសាតាំង ក៏មិនទាន់ដល់ទីបញ្ចប់ដែរ។ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ទ្រង់យាងមក ហើយអនុវត្តកិច្ចការថ្មីក្នុងចំណោមមនុស្សលោក ទើបមនុស្សអាចរួចខ្លួនទាំងស្រុងពីការគ្រប់គ្រងរបស់សាតាំង ហើយទទួលបាននូវជីវិតថ្មី និងការចាប់ផ្ដើមថ្មីមួយ។ ពុំនោះទេ មនុស្សនឹងរស់នៅក្នុងយុគសម័យចាស់ជានិរន្ត ហើយរស់នៅក្រោមឥទ្ធិពលចាស់របស់សាតាំងជារៀងរហូត។ ក្នុងគ្រប់យុគសម័យដែលត្រូវបានដឹកនាំដោយព្រះជាម្ចាស់ មនុស្សបានរួចខ្លួនមួយចំណែក ដូច្នេះហើយ មនុស្សអាចវិវឌ្ឍទៅមុខព្រមជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឈានទៅរកយុគសម័យថ្មី។ ជ័យជម្នះរបស់ព្រះជាម្ចាស់គឺជាជ័យជម្នះរបស់មនុស្សទាំងអស់ដែលដើរតាមទ្រង់។ ប្រសិនបើការរត់ប្រណាំងរបស់មនុស្ស ត្រូវបានដាក់បន្ទុកដោយសារបញ្ចប់យុគសម័យ នោះទោះបីជាតាមទស្សនៈរបស់មនុស្ស ឬសាតាំង ក៏ការរត់ប្រណាំងនេះ គ្មានអ្វីក្រៅតែពីទង្វើទាស់ប្រឆាំង ឬក្បត់ព្រះជាម្ចាស់តែប៉ុណ្ណោះ មិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការរបស់មនុស្សនឹងក្លាយជាឧបករណ៍ប្រើប្រាស់សម្រាប់សាតាំងវិញ។ ទាល់តែមនុស្សស្ដាប់បង្គាប់ និងធ្វើតាមព្រះជាម្ចាស់ នៅក្នុងយុគសម័យដែលចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ទាំងស្រុង ទើបសាតាំងអាចជឿទាំងស្រុងបាន ដ្បិតនោះហើយគឺជាកាតព្វកិច្ចរបស់មនុស្ស។ ហេតុនេះ ខ្ញុំនិយាយថា អ្នករាល់គ្នាត្រូវតែធ្វើតាម និងស្ដាប់បង្គាប់ប៉ុណ្ណោះគឺបានហើយ គ្មានអ្វីតម្រូវពីអ្នករាល់គ្នាទៀតទេ។ នេះហើយគឺជាអត្ថន័យថាឲ្យមនុស្សម្នាក់ៗប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ហើយឲ្យម្នាក់ៗបំពេញមុខងាររបស់ខ្លួនឯងរៀងៗខ្លួន។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយមនុស្សពុំចាំបាច់មកធ្វើកិច្ចការជំនួសទ្រង់ទេ ហើយទ្រង់ក៏មិនរួមចំណែកក្នុងកិច្ចការរបស់មនុស្សលោកដែរ។ មនុស្សបំពេញកាតព្វកិច្ចរបស់គេ ហើយក៏មិនរួមចំណែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ នេះទើបជាការស្ដាប់បង្គាប់ និងជាភស្តុតាងបញ្ជាក់ពីភាពបរាជ័យរបស់សាតាំង។ បន្ទាប់ពីព្រះជាម្ចាស់ផ្ទាល់ បានបញ្ចប់ការចាប់ផ្ដើមយុគសម័យថ្មី ទ្រង់លែងយាងចុះមកធ្វើកិច្ចការនៅក្នុងចំណោមមនុស្សជាតិ ដោយអង្គអ្នកទៀតហើយ។ លុះត្រាតែដល់បែបនោះ ទើបមនុស្សឈានចូលទៅក្នុងយុគសម័យថ្មីជាផ្លូវការ ដើម្បីបំពេញកាតព្វកិច្ចរបស់គេ និងអនុវត្តបេសកកម្មរបស់គេ ក្នុងភាពជាមនុស្សលោក។ ទាំងអស់នេះ គឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ ជាគោលការណ៍ដែលគ្មាននរណាម្នាក់អាចប្រព្រឹត្តរំលងបាន។ ទាល់តែធ្វើការតាមរបៀបនេះ ទើបមានសុភវិនិច្ឆ័យ និងសមហេតុផល។ កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឲ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល»។ គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាអ្នកគ្រប់គ្រងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មូលហេតុដែលគេនិយាយថា ការយកកំណើតជាមនុស្សទាំងពីររបស់ព្រះជាម្ចាស់ សម្រេចនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីអំពើបាប...

មូលហេតុដែលគេនិយាយថា មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្រើនជាង

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់...

គោលបំណង និងសារៈសំខាន់នៃការយកកំណើតរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីធ្វើកិច្ចការនៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ...

Leave a Reply