បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—ពន្លឺ

24-02-2021

វត្ថុទីបួនទាក់ទងនឹងភ្នែករបស់មនុស្ស៖ ពន្លឺ។ នេះក៏សំខាន់ណាស់ផងដែរ។ នៅពេលអ្នកឃើញពន្លឺភ្លឺ ហើយនៅពេលដែលភាពភ្លឺរបស់វាឡើងដល់កម្រិតខ្លាំងជាក់លាក់មួយ នោះវាអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់បាន។ យ៉ាងណាមិញ ភ្នែករបស់មនុស្ស គឺជាភ្នែកខាងសាច់ឈាម។ ពួកគេមិនអាចទ្រាំទ្រនឹងការរលាកបានទេ។ តើមានអ្នកណាហ៊ានសម្លឹងចំព្រះអាទិត្យដោយផ្ទាល់ទេ? មនុស្សមួយចំនួនបានសាកល្បងមើល ហើយប្រសិនបើពួកគេពាក់វ៉ែនតាការពារពន្លឺថ្លៃ នោះវាមិនអីទេ តែនេះគឺត្រូវប្រើឧបករណ៍។ បើគ្មានឧបករណ៍ទេ ភ្នែកទទេរបស់មនុស្សគ្មានសមត្ថភាពប្រឈម និងសម្លឹងចំព្រះអាទិត្យដោយផ្ទាល់ឡើយ។ តែទោះយ៉ាងណា ព្រះជាម្ចាស់បានបង្កើតព្រះអាទិត្យដើម្បីនាំពន្លឺមកឲ្យមនុស្សជាតិ ហើយពន្លឺនេះក៏ជារបស់ដែលទ្រង់បានថែរក្សាផងដែរ។ ព្រះជាម្ចាស់មិនមែនគ្រាន់តែបង្កើតព្រះអាទិត្យរួចហើយ ក៏ទុកវាចោលនៅកន្លែងមួយ ហើយបន្ទាប់មកមិនអើពើនឹងវានោះទេ។ នោះមិនមែនជារបៀបធ្វើការរបស់ព្រះជាម្ចាស់នោះទេ។ ទ្រង់មានការប្រុងប្រយ័ត្នខ្លាំងណាស់ចំពោះសកម្មភាពរបស់ទ្រង់ ហើយទ្រង់ព្រះតម្រិះយ៉ាងហ្មត់ចត់អំពីពួកវា។ ព្រះជាម្ចាស់បានបង្កើតភ្នែកឲ្យមនុស្សជាតិដើម្បីឲ្យពួកគេអាចមើលឃើញ ហើយទ្រង់ក៏បានកំណត់ជាមុនផងដែរនូវកម្រិតនៃពន្លឺដែលមនុស្សមើលឃើញ។ វាមិនល្អទេប្រសិនបើពន្លឺភ្លឺតិចពេក។ នៅពេលវាងងឹតខ្លាំងដល់ថ្នាក់មនុស្សមិនអាចមើលឃើញម្រាមដៃរបស់ខ្លួននៅពីមុខពួកគេបាន នោះភ្នែករបស់ពួកគេនឹងបាត់បង់មុខងាររបស់ខ្លួន ហើយប្រើការលែងកើត។ ប៉ុន្តែពន្លឺដែលភ្លឺខ្លាំងពេក ក៏ធ្វើឲ្យភ្នែករបស់មនុស្សមិនអាចមើលឃើញដូចគ្នា ព្រោះភាពភ្លឺធ្វើឲ្យភ្នែកមិនអាចទ្រាំបាន។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានប្រទានបរិស្ថានសម្រាប់វត្ដមានរបស់មនុស្សជាតិដោយមានកម្រិតពន្លឺសមល្មមសម្រាប់ភ្នែកមនុស្ស ជាកម្រិតដែលនឹងមិនធ្វើឲ្យគ្រោះថ្នាក់ ឬអន្តរាយដល់ភ្នែកមនុស្សទេ កុំថាឡើយដល់ទៅធ្វើឲ្យពួកវាបាត់បង់មុខងារនោះ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបន្ថែមស្រទាប់ពពកនៅជុំវិញព្រះអាទិត្យ និងផែនដី ហើយក៏ជាមូលហេតុដែលរបាយខ្យល់អាចច្រោះយកប្រភេទពន្លឺដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នែក ឬស្បែករបស់មនុស្សចេញបានយ៉ាងត្រឹមត្រូវផងដែរ ទាំងនេះមានលក្ខណៈសមស្របគ្នា។ លើសពីនេះទៀត ពណ៌នៃផែនដីដែលព្រះជាម្ចាស់បានបង្កើត ចាំងពន្លឺព្រះអាទិត្យ និងពន្លឺគ្រប់ប្រភេទផ្សេងទៀត ហើយអាចកម្ចាត់ប្រភេទពន្លឺដែលភ្លឺពេកសម្រាប់ភ្នែកមនុស្សសម្របខ្លួន។ ម្ល៉ោះហើយ មនុស្សអាចដើរនៅខាងក្រៅបាន និងដឹកនាំជីវិតរបស់ពួកគេដោយមិនចាំបាច់ពាក់វ៉ែនតាការពារពន្លឺថ្លៃដ៏ខ្មៅងងឹតជាប្រចាំនោះទេ។ នៅក្រោមលក្ខខណ្ឌធម្មតា ភ្នែកមនុស្សអាចមើលឃើញអ្វីៗនៅក្នុងដែនគំហើញរបស់ពួកវាដោយគ្មានការរំខានពីពន្លឺ។ និយាយឲ្យចំគឺថា វាមិនល្អទេ ប្រសិនបើពន្លឺភ្លឺខ្លាំងពេក ឬបើវាភ្លឺតិចពេក។ ប្រសិនបើវាភ្លឺតិចពេក នោះភ្នែករបស់មនុស្សនឹងត្រូវរងគ្រោះ ហើយក្រោយពេលប្រើបានមួយភ្លែតមក វាក៏នឹងត្រូវបំផ្លាញ។ ប្រសិនបើវាភ្លឺខ្លាំងពេក ភ្នែករបស់មនុស្សនឹងមិនអាចទ្រាំទ្របានទេ។ ពន្លឺដែលមនុស្សទទួលរងនេះ ត្រូវតែសមស្របសម្រាប់ឲ្យភ្នែកមនុស្សមើលឃើញ ហើយព្រះជាម្ចាស់បានប្រើវិធីសាស្ត្រផ្សេងៗដើម្បីកាត់បន្ថយការបំផ្លាញដែលកើតមានដល់ភ្នែកមនុស្សដោយសារពន្លឺ ហើយទោះបីជាពន្លឺនេះអាចផ្ដល់អត្ថប្រយោជន៍ ឬប៉ះពាល់ដល់ភ្នែកមនុស្សក៏ដោយ ក៏វាគ្រប់គ្រាន់នឹងឲ្យមនុស្សអាចប្រើប្រាស់ភ្នែករបស់ពួកគេរហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ។ តើព្រះជាម្ចាស់មិនហ្មត់ចត់ក្នុងព្រះតម្រិះអំពីរឿងនេះទេឬ? រីឯអារក្សសាតាំងវិញ ធ្វើសកម្មភាពដោយមិនគិតពិចារណាបែបនេះទេ សូម្បីតែយកចិត្តទៅគិតតែបន្តិចក៏គ្មានផង។ ចំពោះសាតាំងវិញ ពន្លឺម្ដងភ្លឺខ្លាំងពេក ម្ដងភ្លឺតិចពេកជានិច្ច។ នេះហើយជារបៀបធ្វើការរបស់សាតាំង។

ព្រះជាម្ចាស់បានធ្វើការទាំងនេះសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយមនុស្សដូចជា ការមើលឃើញ ការស្ដាប់ឮ ការដឹងរសជាតិ ការដកដង្ហើម ការដឹងអារម្មណ៍ជាដើម ដើម្បីបង្កើនលទ្ធភាពសម្របខ្លួនក្នុងការរស់រានរបស់មនុស្សជាតិ ដូច្នេះពួកគេអាចរស់នៅបានជាធម្មតា និងជាដរាប។ និយាយម៉្យាងទៀតគឺថា បរិស្ថានសម្រាប់ជីវិតបច្ចុប្បន្ន ដែលព្រះជាម្ចាស់បានបង្កើតមក គឺជាបរិស្ថានដែលសមស្រប និងមានប្រយោជន៍បំផុតសម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សមួយចំនួនអាចនឹងគិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ វាសុទ្ធតែជារឿងសាមញ្ញខ្លាំងណាស់។ សំឡេង ពន្លឺ និងខ្យល់ សុទ្ធតែជាវត្ថុដែលមនុស្សយល់ថាជាសិទ្ធិមានពីកំណើតរបស់ពួកគេ ដែលពួកគេមានតាំងពីពេលពួកគេកើតភ្លាមមកម្ល៉េះ។ ប៉ុន្តែនៅពីក្រោយវត្ថុដែលអ្នកអាចទទួលបានទាំងនេះ ព្រះជាម្ចាស់បាន និងកំពុងធ្វើការឥតឈប់ឈរ នេះហើយជាអ្វីដែលមនុស្សត្រូវយល់ និងជាអ្វីដែលពួកគេត្រូវដឹង។ ទោះបីជាអ្នកគិតថា វាមិនចាំបាច់ក្នុងការយល់ ឬដឹងពីរឿងទាំងនេះក៏ដោយ និយាយឲ្យខ្លីគឺថា នៅពេលព្រះជាម្ចាស់បានបង្កើតពួកវាមក ទ្រង់បានគិតគូរយ៉ាងច្រើនអំពីពួកវា ទ្រង់មានផែនការ ហើយទ្រង់មានព្រះតម្រិះជាក់លាក់។ ទ្រង់មិនមែនចេះតែដាក់ ឬគ្រាន់តែដាក់មនុស្សជាតិឲ្យរស់នៅក្នុងបរិស្ថានបែបនេះ ដោយគ្មានការគិតគូរបន្ថែមទៀតនោះទេ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំបាននិយាយអស្ចារ្យពេកអំពីវត្ថុតូចតាចនីមួយៗទាំងនេះ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ វត្ថុនីមួយៗដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សជាតិ គឺសុទ្ធតែចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស។ ហើយមានសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងនោះ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ...

ព្រំដែនបានលេចឡើង ដោយសាររបៀបរស់នៅខុសៗគ្នារបស់មនុស្សជាតិ

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់បានបង្កើតព្រំដែនសម្រាប់ពួកគេ។ ក្នុងចំណោមនោះ ទ្រង់បានចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទ។...

ព្រះជាម្ចាស់ ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព ដើម្បីប្រទានដល់មនុស្សជាតិនូវបរិស្ថានសម្រាប់ការរស់នៅប្រកបដោយស្ថិរភាព

ព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ ហើយនៅក្នុងចំណោមរបស់សព្វសារពើ ទ្រង់ត្រួតត្រា និងគ្រប់គ្រងបញ្ញត្តិនៃរបស់សព្វសារពើ។...