ចូរកុំខកខានឱកាសក្នុងការស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ

24-02-2021

ជាច្រើនទសវត្សរ៍នៃជីវិតរបស់មនុស្ស អាចមានរយៈពេលវែង ឬខ្លី។ រយៈពេលម្ភៃប្លាយឆ្នាំរវាងកំណើត និងការពេញវ័យ កន្លងផុតតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ហើយទោះបីនៅចំណុចនៃជីវិតនេះ មនុស្សត្រូវបានចាត់ទុកថាជាមនុស្សពេញវ័យក៏ដោយ ក៏មនុស្សនៅក្នុងក្រុមវ័យនេះ មិនដឹងអ្វីសោះអំពីជីវិតមនុស្ស និងជោគវាសនារបស់មនុស្ស។ នៅពេលដែលគេទទួលបានបទពិសោធន៍កាន់តែច្រើន ពួកគេបោះជំហានបន្ដិចម្ដងៗចូលទៅក្នុងមជ្ឈិមវ័យ។ មនុស្សនៅក្នុងវ័យសាមសិបឆ្នាំ និងវ័យសែសិបឆ្នាំ ទទួលបាននូវបទពិសោធន៍ក្មេងខ្ចីអំពីជីវិត និងអំពីជោគវាសនា ប៉ុន្តែ គំនិតរបស់គេអំពីរឿងទាំងនេះនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ។ រហូតចូលដល់វ័យសែសិបឆ្នាំ ទើបមនុស្សខ្លះចាប់ផ្ដើមយល់អំពីមនុស្សជាតិ និងចក្រវាឡ ដែលព្រះជាម្ចាស់បានបង្កើតមក និងយល់អំពីអត្ថន័យនៃជីវិតរបស់មនុស្ស ព្រមទាំងអ្វីដែលជាជោគវាសនារបស់មនុស្ស។ ទោះបីពួកគេបានក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ជាយូរឆ្នាំ ហើយឥឡូវនេះ ពួកគេបានចូលក្នុងមជ្ឈិមវ័យក៏ដោយ ក៏មនុស្សខ្លះនៅតែមិនអាចមានចំណេះដឹង និងនិយមន័យដ៏សុក្រឹត្យត្រឹមត្រូវអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនមានការចុះចូលដ៏ពិតដដែល។ មនុស្សខ្លះគ្មានខ្វល់អ្វីឡើយ ក្រៅពីការស្វែងរកទទួលព្រះពរ ហើយទោះបីជាគេបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយ ក៏គេមិនដឹង ឬមិនយល់សូម្បីតែបន្ដិចអំពីអធិបតេយ្យភាពរបស់ព្រះអាទិករទៅលើជោគវាសនារបស់មនុស្ស និងមិនបានបោះជំហានសូម្បីតែបន្ដិចចូលទៅក្នុងមេរៀនជាក់ស្ដែងនៃការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះពិតជាល្ងីល្ងើបំផុត ហើយជីវិតរបស់គេក៏ត្រូវបានរស់នៅដោយឥតន័យខ្លឹមសារដែរ។

ប្រសិនបើអំឡុងពេលនៃជីវិតរបស់មនុស្សត្រូវបានបែងចែក ស្របតាមទៅកម្រិតនៃបទពិសោធន៍ជីវិតរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីជោគវាសនារបស់មនុស្សបាន នោះពួកគេទំនងជាអាចបែងចែកជាដំណាក់កាលចំនួនបី។ ដំណាក់កាលទីមួយ គឺជាយុវវ័យ ដែលជាឆ្នាំនៅចន្លោះកំណើត និងមជ្ឈឹមវ័យ ឬចាប់ពីកំណើតរហូតដល់វ័យសាបសិប។ ដំណាក់កាលទីពីរ គឺជាភាពចាស់ទុំ ចាប់ពីមជ្ឈិមវ័យដល់វ័យចំណាស់ ឬចាប់ពីវ័យ សាមសិបរហូតដល់វ័យហុកសិប។ ហើយដំណាក់កាលទីបី គឺជាអំឡុងពេលដែលមនុស្សម្នាក់មានវ័យជរា ដែលចាប់ផ្ដើមនៅវ័យហុកសិបឆ្នាំរហូតដល់គេចាកចេញពីពិភពលោកនេះ។ អាចនិយាយម្យ៉ាងទៀតបានថា ចាប់ពីកំណើតដល់មជ្ឈិមវ័យ ចំណេះដឹងរបស់មនុស្សភាគច្រើនអំពីជោគវាសនា និងអំពីជីវិត គឺនៅមានកម្រិត ដោយគេគ្រាន់តែចម្លងយកគំនិតរបស់អ្នកដទៃ ហើយវាសឹងតែគ្មានខ្លឹមសារជាក់ស្ដែង និងពិតប្រាកដឡើយ។ ក្នុងអំឡុងពេលនេះ ទស្សនៈជីវិតរបស់គេ និងរបៀបដែលគេរស់នៅក្នុងពិភពលោក គឺនៅក្មេងខ្ចី និងរាក់កំផែល។ នេះជាអំឡុងពេលយុវភាពរបស់គេ។ មានតែក្រោយពេលដែលគេបានភ្លក់គ្រប់ទាំងអំណរ និងទុក្ខព្រួយនៃជីវិតប៉ុណ្ណោះ ទើបគេទទួលបានការយល់ដឹងដ៏ពិតអំពីជោគវាសនា ហើយនៅក្នុងជម្រៅនៃដួងចិត្តរបស់គេ គឺគេចាប់ផ្ដើមយល់បន្ដិចម្ដងៗដោយមិនដឹងខ្លួន អំពីភាពមិនអាចត្រឡប់ក្រោយនៃជោគវាសនា ហើយគេក៏ទទួលស្គាល់ថា អធិបតេយ្យភាពរបស់ព្រះអាទិករទៅលើជោគវាសនារបស់មនុស្សពិតជាមានមែន។ នេះគឺជាអំឡុងពេលនៃភាពពេញវ័យរបស់មនុស្សម្នាក់។ មនុស្សម្នាក់ចូលទៅក្នុងអំឡុងពេលពេញវ័យ នៅពេលដែលគេឈប់តយុទ្ធប្រឆាំងនឹងជោគវាសនា និងនៅពេលដែលគេលែងចង់ឈ្លោះប្រកែក ហើយផ្ទុយទៅវិញ គេដឹងអំពីជោគវាសនារបស់គេនៅក្នុងជីវិត ចុះចូលចំពោះបំណងរបស់ស្ថានសួគ៌ សង្ខេបសមិទ្ធផល និងកំហុសរបស់គេនៅក្នុងជីវិត ហើយរង់ចាំការជំនុំជម្រះរបស់ព្រះអាទិករចំពោះជីវិតរបស់គេ។ ការពិចារណាអំពីបទពិសោធន៍ផ្សេងៗ និងអ្វីៗដែលមនុស្សទទួលបានក្នុងអំឡុងពេលទាំងបីនេះស្ថិតនៅក្រោមកាលៈទេសៈធម្មតា ទ្វារនៃឱកាសរបស់មនុស្សម្នាក់ក្នុងការដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករមិនបើកចំហធំឡើយ។ ប្រសិនបើមនុស្សម្នាក់រស់នៅដល់វ័យហុកសិបឆ្នាំ គេនៅសល់ពេលតែសាមសិបឆ្នាំប៉ុណ្ណោះក្នុងការស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ប្រសិនបើគេចង់បានអំឡុងពេលយូរជាងនេះទៀត វាអាចទៅរួចបាន លុះត្រាតែជីវិតរបស់គេមានរយៈពេលយូរគ្រប់គ្រាន់អាចរស់នៅបានមួយសតវត្សរ៍។ ដូច្នេះ ខ្ញុំសូមនិយាយ បើស្របតាមច្បាប់ធម្មតានៃអតិ្ថភាពរបស់មនុស្ស ទោះបីវាជាដំណើរការដ៏វែងឆ្ងាយមួយ ចាប់តាំងពីពេលដែលមនុស្សម្នាក់ជួបនូវប្រធានបទនៃការស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ជាលើកដំបូង រហូតដល់ពេលដែលគេអាចទទួលស្គាល់ការពិតនៃអធិបតេយ្យភាពនោះ ហើយចាប់ពីពេលនោះ រហូតដល់ចំណុចមួយដែលគេអាចចុះចូលចំពោះអធិបតេយ្យភាពនោះបាន ហើយប្រសិនបើគេរាប់ចំនួនឆ្នាំទាំងនោះ គឺគេមានពេលមិនលើសពីសាមសិបឆ្នាំ ឬសែសិបឆ្នាំឡើយ ក្នុងអំឡុងពេលដែលគេមានឱកាសដើម្បីទទួលបានរង្វាន់ទាំងនេះ។ ហើយជារឿយៗ មនុស្សបានបែកឆ្វេងទៅតាមបំណងប្រាថ្នា និងមហិច្ឆតារបស់គេ ដើម្បីចង់ទទួលបានព្រះពរ ដូច្នេះ គេមិនអាចឈ្វេងយល់ដឹងអំពីកន្លែងដែលនាំឲ្យជីវិតមនុស្សមានន័យខ្លឹមសារ ហើយក៏មិនយល់អំពីសារៈសំខាន់នៃការស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ មនុស្សបែបនេះមិនរីករាយនឹងឱកាសដ៏មានតម្លៃ ដើម្បីចូលទៅក្នុងពិភពលោករបស់មនុស្ស ដកពិសោធន៍នូវជីវិតជាមនុស្ស និងអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ ហើយគេក៏មិនទទួលស្គាល់ពីតម្លៃក្នុងនាមជាមនុស្ស ដែលទទួលបានការដឹកនាំដោយផ្ទាល់របស់ព្រះអាទិករដែរ។ ដូចនេះ ខ្ញុំសូមនិយាយថា មនុស្សទាំងឡាយណាដែលចង់ឲ្យកិច្ចការរបស់ព្រះជាម្ចាស់ចប់ក្នុងពេលឆាប់ៗ ដែលចង់ឲ្យព្រះជាម្ចាស់រៀបចំចុងបញ្ចប់របស់មនុស្សឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យគេអាចមើលឃើញពីអង្គដ៏ពិតរបស់ទ្រង់ភ្លាមៗ និងចង់ទទួលបានព្រះពរឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាននោះ ពួកគេមានទោសដ៏អាក្រក់បំផុតចំពោះការមិនស្ដាប់បង្គាប់ ហើយពួកគេគឺជាមនុស្សល្ងីល្ងើបំផុត។ ក្នុងពេលនេះ មនុស្សដែលមានប្រាជ្ញា អស់អ្នកដែលមានបញ្ញាដ៏ឈ្លាសវៃបំផុត គឺជាមនុស្សដែលចង់យល់អំពីឱកាសដ៏វិសេសនេះ ដើម្បីយល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករក្នុងអំឡុងពេលដ៏មានកម្រិតរបស់គេ។ បំណងប្រាថ្នាផ្សេងគ្នាទាំងពីរនេះ បង្ហាញឲ្យឃើញពីទស្សនៈ និងការដេញតាមចំនួនពីរដែលផ្ទុយគ្នាស្រឡះ៖ អស់អ្នកដែលស្វែងរកព្រះពរ គឺជាមនុស្សអាត្មានិយម និងថោកទាប ហើយគ្មានការពិចារណាទៅលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនដែលព្យាយាមចង់ដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងមិនដែលមានបំណងចង់ចុះចូលចំពោះអធិបតេយ្យភាពនោះឡើយ ប៉ុន្តែ គេគ្រាន់តែចង់រស់នៅតាមទំនើងចិត្តរបស់គេប៉ុណ្ណោះ។ ពួកគេជាមនុស្សថោកទាប ហើយគឺមនុស្សប្រភេទនេះឯងដែលនឹងត្រូវបំផ្លាញចោលនោះ។ អស់អ្នកដែលស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ អាចបោះចោលបំណងប្រាថ្នារបស់គេ និងព្រមចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយពួកគេព្យាយាមក្លាយជាប្រភេទមនុស្សដែលចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះរស់នៅក្នុងពន្លឺ និងនៅក្នុងចំណោមព្រះពររបស់ព្រះជាម្ចាស់ ហើយពួកគេនឹងប្រាកដជាទទួលបានការស្ងើចសរសើរពីព្រះជាម្ចាស់មិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ ជម្រើសរបស់មនុស្សគឺគ្មានប្រយោជន៍ឡើយ ហើយមនុស្សមិនមានសិទ្ធិសម្រេចអំពីរយៈពេលដែលកិច្ចការរបស់ព្រះជាម្ចាស់នឹងមាននោះឡើយ។ វាប្រសើរជាងដែលមនុស្សដាក់ខ្លួននៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយចុះចូលចំពោះអធិបតេយ្យភាពរបស់ទ្រង់។ ប្រសិនបើអ្នកមិនចង់ដាក់ខ្លួននៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ទេ តើអ្នកអាចធ្វើអ្វីបានខ្លះទៅ? ជាលទ្ធផល តើព្រះជាម្ចាស់ជាអ្នកដែលនឹងខាតបង់ឬ? ប្រសិនបើអ្នកមិនដាក់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ប៉ុន្តែ បែរជាព្យាយាមត្រួតត្រាដោយខ្លួនឯង នោះអ្នកកំពុងតែធ្វើការជ្រើសរើសដ៏ល្ងីល្ងើ ហើយចុងបញ្ចប់ អ្នកនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលត្រូវខាតបង់។ ប្រសិនបើមនុស្សសហការជាមួយព្រះជាម្ចាស់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ប្រសិនបើពួកគេប្រញាប់ប្រញាប់ទទួលយកការចាត់ចែងរបស់ទ្រង់ ស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ និងយល់គ្រប់ទាំងកិច្ចការដែលទ្រង់បានធ្វើសម្រាប់ពួកគេ នោះពួកគេនឹងមានសង្ឃឹមមិនខាន។ មានតែបែបនេះទេ ទើបជីវិតរបស់គេនឹងមិនត្រូវបានរស់នៅដោយឥតន័យខ្លឹមសារ ហើយពួកគេនឹងទទួលបានសេចក្តីសង្រ្គោះមិនខាន។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការយល់ដឹង និងការឈ្វេងយល់ពីការពិតអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស

គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្សបានឡើយ...

ការទទួលយកព្រះជាម្ចាស់ ធ្វើជាម្ចាស់តែមួយគត់របស់អ្នក គឺជាជំហានដំបូងនៅក្នុងការទទួលបានសេចក្តីសង្រ្គោះ

សេចក្ដីពិតទាក់ទងនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមនុស្សគ្រប់រូបត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ ត្រូវតែដកពិសោធន៍...