ដំណាក់កាលទីបួន៖ ជីវិតអាពាហ៍ពិពាហ៍
នៅពេលដែលមនុស្សម្នាក់មានអាយុកាន់តែច្រើន ហើយពេញវ័យ គេកាន់តែឃ្លាតឆ្ងាយចេញពីឪពុកម្ដាយ និងមជ្ឈដ្ឋានដែលគេបានកើត និងធំដឹងក្ដី ហើយផ្ទុយទៅវិញ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ក្រោយភាពមមាញឹក ភាពមួម៉ៅ និងភាពខកចិត្តជាច្រើន ក្រោយសេចក្តីអំណរ ទុក្ខព្រួយ និងការឡើងចុះជាច្រើន ក្រោយរយៈពេលជាច្រើនឆ្នាំដែលមិនអាចបំភ្លេចបាន ក្រោយមើលឃើញរដូវកាលផ្លាស់ប្ដូរម្ដងហើយម្ដងទៀត គេបានឆ្លងផុតដំណាក់កាលដ៏សំខាន់នៅក្នុងជីវិត ទាំងមិនដឹងខ្លួន ហើយមួយប៉ប្រិចភ្នែក គេក៏មកដល់ចុងបញ្ចប់នៃជីវិតរបស់គេ។ ពេលវេលាបានបន្សល់ទុកនូវស្លាកស្នាមជាច្រើន ដែលត្រូវបានបោះជាប់នៅលើរាងកាយទាំងមូលរបស់គេ៖ គេលែងអាចឈរត្រង់ខ្លួន សក់របស់គេប្រែក្លាយពីខ្មៅទៅជាស ភ្នែកដែលធ្លាប់ភ្លឺ និងមើលឃើញច្បាស់ ប្រែក្លាយជាស្រអាប់ និងមិនច្បាស់ ហើយស្បែកដែលធ្លាប់តែរលើបរលោងទន់ស្អាតនោះ ក៏ប្រែជាជ្រីវជ្រួញ និងមានអាចម៍រុយដែរ។ សមត្ថភាពស្ដាប់របស់គេក៏ចុះខ្សោយ ធ្មេញរបស់គេក៏របូតជ្រុះ ប្រតិកម្មរបស់គេក្លាយជាស្ពឹក ហើយចលនារបស់គេក៏យឺត...។ មកដល់ចំណុចនេះ គេត្រូវលាជាលើកចុងក្រោយទៅកាន់ឆ្នាំដ៏ឆេះឆួលនៃជីវិតជាយុវវ័យ ហើយបានចូលទៅក្នុងវ័យជ្រេនៃជីវិតរបស់គេ៖ វ័យចំណាស់។ បន្ទាប់មក គេនឹងត្រូវជួបសេចក្តីស្លាប់ ដែលជាដំណាក់កាលចុងក្រោយនៅក្នុងជីវិតរបស់មនុស្ស។
ប្រសិនបើកំណើតរបស់មនុស្សម្នាក់ត្រូវបានកំណត់ទុក ដោយជីវិតមុនរបស់គេ នោះការស្លាប់របស់គេគូសបញ្ជាក់អំពីចុងបញ្ចប់នៃវាសនានោះ។ ប្រសិនបើកំណើតរបស់មនុស្សម្នាក់គឺជាទីចាប់ផ្ដើមនៃបេសកកម្មរបស់គេនៅក្នុងជីវិតនេះ នោះសេចក្តីស្លាប់របស់គេគូសចំណាំពីទីបញ្ចប់នៃបេសកកម្មនោះ។ ដោយសារតែព្រះអាទិករបានកំណត់ទុកនូវបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់កំណើតរបស់មនុស្សម្នាក់ នោះវាអាចនិយាយបានថា ទ្រង់ក៏បានរៀបចំបណ្ដុំនៃកាលៈទេសៈថេរមួយសម្រាប់សេចក្តីស្លាប់របស់គេដែរ។ នៅក្នុងន័យម្យ៉ាងទៀតគឺ គ្មាននរណាម្នាក់កើតមកដោយចៃដន្យ ហើយក៏គ្មានមរណភាពរបស់នរណាម្នាក់មកដល់ភ្លាមៗដែរ ដ្បិតទាំងកំណើត និងមរណភាព ត្រូវបានផ្សារភ្ជាប់គ្នាជាមួយជីវិតមុន និងជីវិតបច្ចុប្បន្ននេះរបស់គេ។ កាលៈទេសៈនៃកំណើត និងមរណភាពរបស់គេ ត្រូវបានចារទុកជាមុនដោយព្រះអាទិករ ដូច្នេះ នេះគឺជាវាសនារបស់មនុស្ស។ ដោយសារតែមានសេចក្តីពន្យល់ជាច្រើនសម្រាប់កំណើតរបស់មនុស្សម្នាក់ នោះវាក៏ជាការពិតដែរដែលថា មរណភាពរបស់មនុស្សម្នាក់ក៏នឹងកើតឡើង ក្រោមបណ្ដុំនៃកាលៈទេសៈផ្សេងៗរបស់វាដែរ។ នេះជាហេតុផលដែលនាំឱ្យមនុស្សមានអាយុកាលផ្សេងៗគ្នា ហើយទទួលមរណភាព ដោយមានឥរិយាបថ និងពេលវេលាខុសៗគ្នា។ មនុស្សខ្លះមានសុខភាពល្អ និងរឹងមាំ ប៉ុន្តែបែរជាស្លាប់ទាំងវ័យក្មេង។ អ្នកផ្សេងទៀតមានកម្លាំងទន់ខ្សោយ ហើយឈឺនេះឈឺនោះមិនចេះចប់ ប៉ុន្តែបែរជារស់នៅដល់វ័យចាស់ ហើយចែកឋានទៅយ៉ាងស្ងប់សុខ។ អ្នកខ្លះស្លាប់ទៅដោយមូលហេតុខុសពីធម្មតា ឯអ្នកផ្សេងទៀតស្លាប់ទៅតាមបែបធម្មជាតិ។ អ្នកខ្លះបញ្ចប់ជីវិតរបស់ខ្លួននៅឆ្ងាយពីផ្ទះ ឯអ្នកផ្សេងទៀតស្លាប់បិទភ្នែកជិត ដោយមានមនុស្សជាទីស្រឡាញ់នៅក្បែរពួកគេ។ មនុស្សខ្លះស្លាប់នៅលើអាកាស ឯអ្នកផ្សេងទៀតស្លាប់នៅក្រោមដី។ អ្នកខ្លះលិចចូលទៅក្រោមទឹក ឯអ្នកផ្សេងទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយ។ អ្នកខ្លះស្លាប់ទៅនៅពេលព្រឹក ឯអ្នកផ្សេងទៀតស្លាប់ទៅនៅពេលយប់។ ... មនុស្សគ្រប់គ្នាចង់បានកំណើតដ៏ល្បីល្បាញ ជីវិតដ៏ត្រចះត្រចង់ និងការស្លាប់ដ៏រុងរឿង ប៉ុន្តែគ្មាននរណាម្នាក់អាចទៅហួសពីវាសនារបស់ខ្លួននោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចគេចផុតពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះដែរ។ នេះគឺជាវាសនារបស់មនុស្ស។ មនុស្សអាចធ្វើផែនការគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់គេ ប៉ុន្តែគ្មាននរណាម្នាក់អាចរៀបចំផែនការអំពីរបៀប និងម៉ោងពេលនៃកំណើត និងការចាកចេញរបស់គេពីពិភពលោកនេះបានឡើយ។ ទោះបីមនុស្សព្យាយាមធ្វើអស់ពីលទ្ធភាព ដើម្បីចៀសផុត ហើយប្រឆាំងនឹងការមកដល់នៃសេចក្តីស្លាប់ក៏ដោយ ក៏សេចក្តីស្លាប់ចូលមកជិតពួកគេស្ងាត់ៗដោយមិនបានដឹងខ្លួនដែរ។ គ្មាននរណាម្នាក់ដឹងពេលដែលពួកគេនឹងត្រូវវិនាស ឬរបៀប និងទីកន្លែងដែលវានឹងកើតឡើងនោះឡើយ។ ជាក់ស្ដែងណាស់ មិនមែនមនុស្សឡើយដែលក្តោបក្ដាប់អំណាចនៃជីវិត និងសេចក្ដីស្លាប់ ហើយក៏មិនមែនភាវៈខ្លះនៅក្នុងពិភពលោកខាងធម្មជាតិនេះដែរ ប៉ុន្តែជាព្រះអាទិករវិញទេតើដែលមានអំណាចមួយនោះ ដ្បិតសិទ្ធិអំណាចរបស់ទ្រង់មានលក្ខណៈវិសេសឯក។ ជីវិត និងសេចក្ដីស្លាប់របស់មនុស្សជាតិមិនមែនជាលទ្ធផលកើតចេញពីច្បាប់មួយចំនួននៃពិភពលោកខាងធម្មជាតិឡើយ ប៉ុន្តែជាលទ្ធផលចេញពីអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករវិញទេ។
នៅពេលដែលបុគ្គលម្នាក់ចូលដល់វ័យចំណាស់ បញ្ហាប្រឈមដែលគេត្រូវជួប មិនមែនជាការរកលុយចិញ្ចឹមគ្រួសារ ឬការបង្កើតនូវមហិច្ឆតាដ៏ធំមួយនៅក្នុងជីវិតរបស់គេឡើយ ប៉ុន្តែជារបៀបដែលគេត្រូវលាទៅកាន់ជីវិតរបស់គេ របៀបដែលគេជួបចុងបញ្ចប់នៃជីវិតរបស់គេ របៀបបិទបញ្ចប់ប្រយោគនៃជីវិតរបស់គេ។ ទោះបីនៅផ្ទៃខាងលើ វាហាក់ដូចជា មនុស្សមិនសូវជាយកចិត្តទុកដាក់ចំពោះសេចក្តីស្លាប់ក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់អាចចៀសផុតពីការសិក្សាអំពីប្រធានបទនេះឡើយ ដ្បិតគ្មាននរណាដឹងឡើយអំពីពិភពមួយដែលនៅជ្រុងម្ខាងទៀតនៃសេចក្តីស្លាប់ ជាពិភពមួយដែលមនុស្សមិនអាចយល់ ឬមានអារម្មណ៍ ហើយពួកគេមិនដឹងអ្វីសោះ។ ការនេះធ្វើឱ្យមនុស្សមានអារម្មណ៍ខ្លាចក្នុងការប្រឈមនឹងសេចក្តីស្លាប់មុខទល់នឹងមុខ ខ្លាចក្នុងការតទល់នឹងវា ផ្ទុយទៅវិញ ពួកគេខំប្រឹងប្រែងគេចវេះពីប្រធានបទនេះ។ ដូច្នេះ វាបានបំពេញមនុស្សគ្រប់រូបនូវអារម្មណ៍ភ័យខ្លាចចំពោះសេចក្តីស្លាប់ ហើយបន្ថែមស្បៃនៃសេចក្តីអាថ៌កំបាំងពីលើការពិតនៃជីវិតដែលមិនអាចចៀសផុតមួយនេះ ហើយមានស្រមោលតាមលងដួងចិត្តរបស់មនុស្សគ្រប់រូបមិនចេះចប់។
នៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថា រាងកាយរបស់គេកំពុងតែចុះទ្រុឌទ្រោម នៅពេលដែលគេដឹងថា គេកំពុងតែចូលកាន់តែជិតសេចក្តីស្លាប់ គេមានអារម្មណ៍ភ័យខ្លាចញាប់ញ័រ ដែលមិនអាចពណ៌នាបាន។ ការខ្លាចស្លាប់ធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍កាន់តែឯកោ និងកាន់តែតែលតោល ហើយពេលមកដល់ចំណុចនេះ គេសួរខ្លួនឯងថា៖ តើមនុស្សមានប្រភពមកពីកន្លែងណា? តើមនុស្សនឹងត្រូវទៅកន្លែងណា? តើនេះជារបៀបដែលមនុស្សត្រូវស្លាប់ឬ? តើនេះជាអំឡុងពេលមួយ ដែលគូសចំណាំពីចុងបញ្ចប់នៃជីវិតរបស់មនុស្សឬ? នៅចុងបញ្ចប់ តើអ្វីទៅជាអត្ថន័យនៃជីវិត? ចុងក្រោយ តើជីវិតមានតម្លៃអ្វីទៅ? តើជីវិតនេះសម្រាប់តែភាពល្បីល្បាញ និងទ្រព្យសម្បត្តិឬ? តើជីវិតនេះសម្រាប់តែការចិញ្ចឹមបីបាច់គ្រួសារឬ? ... មិនថាមនុស្សបានគិតអំពីសំណួរទាំងនេះឬក៏អត់ មិនថាមនុស្សមានអារម្មណ៍ខ្លាចស្លាប់ជ្រាលជ្រៅខ្លាំងប៉ុនណា ក៏នៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្សគ្រប់រូប តែងតែមានបំណងចិត្តចង់ស្វែងរកនូវសេចក្តីលាក់កំបាំង តែងតែមាននូវអារម្មណ៍នៃភាពមិនយល់អំពីជីវិត និងអារម្មណ៍ច្របូកច្របល់ជាមួយរឿងទាំងនេះ អារម្មណ៍មនោសញ្ចេតនាអំពីពិភពលោក និងភាពអល់អែកក្នុងការចាកចេញ។ ប្រហែលជាគ្មាននរណាម្នាក់អាចពន្យល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាចអំពីអ្វីដែលមនុស្សកំពុងតែស្វែងរក អ្វីដែលធ្វើឱ្យគេមានអារម្មណ៍មនោសញ្ចេតនា និងអ្វីដែលនាំឱ្យគេមានចិត្តអល់អែកក្នុងការចាកចេញនោះឡើយ ...
ដោយសារតែពួកគេខ្លាចស្លាប់ មនុស្សមានការខ្វល់ខ្វាយជាច្រើន។ ដោយសារតែពួកគេខ្លាចស្លាប់ មនុស្សមានរឿងជាច្រើន ដែលពួកគេមិនអាចលះបង់ចោលបាន។ នៅពេលដែលពួកគេហៀបនឹងស្លាប់ មនុស្សខ្លះកើតទុក្ខអំពីការនេះ ឬការនោះ។ ពួកគេបារម្ភអំពីកូនៗរបស់គេ បារម្ភអំពីមនុស្សជាទីស្រឡាញ់ និងទ្រព្យសម្បត្តិរបស់គេ ដូចជាតាមរយៈការព្រួយបារម្ភនោះ អាចជួយឱ្យពួកគេលុបបំបាត់ចោលទុក្ខវេទនា និងអារម្មណ៍ភ័យខ្លាចដែលកើតចេញពីសេចក្តីស្លាប់ និងដូចជាតាមរយៈការថែរក្សាភាពស្និទ្ធស្នាលជាមួយមនុស្សរស់ទាំងនោះ អាចជួយឱ្យពួកគេរួចផុតពីភាពតែលតោល និងអារម្មណ៍ឯកោ ដែលហែហមទៅជាមួយនឹងសេចក្តីស្លាប់អ៊ីចឹង។ នៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស មាននូវអារម្មណ៍ភ័យខ្លាចដ៏ស្រពេចស្រពិលមួយ ជាអារម្មណ៍ខ្លាចក្នុងការចាកចេញពីមនុស្សជាទីស្រឡាញ់របស់ខ្លួន ខ្លាចក្នុងការមិនបានឃើញមេឃដ៏ខៀវស្រងាត់ម្ដងទៀត ខ្លាចក្នុងការមិនបានសម្លឹងទៅកាន់ពិភពលោកម្ដងទៀត។ ដោយធ្លាប់តែមានមនុស្សជាទីស្រឡាញ់នៅជិតខ្លួន ព្រលឹងដ៏ឯកាមានការអល់អែកក្នុងការព្រលែងដៃរបស់ខ្លួន ហើយចាកចេញទៅតែម្នាក់ឯង ទៅរកពិភពលោកមួយដែលគេមិនធ្លាប់ដឹង និងមិនធ្លាប់ស្គាល់។
ដោយសារតែអធិបតេយ្យភាព និងការកំណត់ទុកជាមុនរបស់ព្រះអាទិករ ព្រលឹងដ៏ឯកាដែលចាប់ផ្ដើមដំបូងដោយខ្លួនទទេ ទទួលបានឪពុកម្ដាយ និងក្រុមគ្រួសារមួយ ទទួលបានឱកាសក្លាយជាសមាជិកនៃពូជសាសន៍មួយ ទទួលបានឱកាស ដើម្បីដកពិសោធន៍ជីវិតជាមនុស្ស និងមើលឃើញពិភពលោក។ ព្រលឹងនេះក៏ទទួលបានឱកាស ដើម្បីដកពិសោធន៍នូវអធិបតេយ្យភាពរបស់ព្រះអាទិករ ដឹងអំពីភាពអស្ចារ្យនៃការបង្កើតពិភពលោករបស់ព្រះអាទិករ ហើយលើសពីនេះ គឺដើម្បីស្គាល់ និងក្លាយជាចំណុះក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ។ ប៉ុន្តែ មនុស្សភាគច្រើនមិនចាប់យកឱកាសដ៏កម្រ និងដ៏ខ្លីនេះឡើយ។ គេបែរជាខំប្រើកម្លាំងពេញមួយជីវិតរបស់គេតតាំងនឹងវាសនា ចាយពេលទាំងអស់របស់គេមមាញឹក ខំប្រឹងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គេ ហើយប្រឹងប្រែងសម្រាប់តែទ្រព្យសម្បត្តិ និងបុណ្យសក្ដិប៉ុណ្ណោះ។ អ្វីៗដែលមនុស្សឱ្យតម្លៃ គឺជាក្រុមគ្រួសារ លុយកាក់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយពួកគេចាត់ទុករឿងទាំងប៉ុន្មាននេះជារបស់ដ៏មានតម្លៃបំផុតនៅក្នុងជីវិត។ មនុស្សទាំងអស់រអ៊ូរទាំអំពីវាសនារបស់គេ ប៉ុន្តែពួកគេនៅតែមិនគិត ពិនិត្យ និងព្យាយាមយល់អំពីរឿងដែលសំខាន់បំផុតនោះឡើយ៖ ហេតុផលដែលមនុស្សមានជីវិតរស់នៅ របៀបដែលមនុស្សគួរតែរស់នៅ គុណតម្លៃ និងអត្ថន័យនៃជីវិត។ មិនថាពួកគេរស់នៅបានយូរប៉ុនណាឡើយ ប៉ុន្តែពួកគេចំណាយពេលពេញមួយជីវិតរបស់គេគ្រាន់តែខំប្រឹងស្វែងរកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ រហូតដល់យុវវ័យរបស់គេបានកន្លងផុតទៅ ហើយសក់របស់គេប្រែជាស្កូវ និងមានមុខជ្រីវជ្រួញ។ ពួកគេរស់នៅក្នុងរបៀបនេះ រហូតដល់ពួកគេមើលឃើញថា កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិមិនអាចបញ្ឈប់ពួកគេទៅរកភាពចាស់វង្វេងវង្វាន់ មើលឃើញថា លុយមិនអាចបំពេញភាពទទេសូន្យនៃដួងចិត្ត មើលឃើញថា គ្មាននរណាម្នាក់អាចគេចផុតពីច្បាប់កើត ចាស់ ឈឺ និងស្លាប់ និងមើលឃើញទៀតថា គ្មាននរណាអាចរួចផុតពីអ្វីដែលវាសនាបានចារទុកនោះឡើយ។ មានតែពេលដែលពួកគេត្រូវបានបង្ខំឱ្យប្រឈមនឹងដំណាក់កាលចុងក្រោយនៃជីវិតទេ ទើបពួកគេយល់យ៉ាងពិតប្រាកដថា សូម្បីតែមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ទោះបីគេមានឯកសិទ្ធិ និងបុណ្យសក្ដិខ្ពង់ខ្ពស់បែបណាក៏ដោយ ក៏គេនៅតែមិនអាចចៀសផុតពីសេចក្តីស្លាប់ដដែល ហើយគេត្រូវត្រឡប់ទៅរកគោលជំហរដើមរបស់គេវិញ៖ ព្រលឹងដ៏ឯកា ដែលមានតែខ្លួនទទេ។ នៅពេលដែលមនុស្សមានឪពុកម្ដាយ គេជឿថា ឪពុកម្ដាយរបស់គេជាអ្វីៗគ្រប់យ៉ាង។ នៅពេលដែលមនុស្សមានទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែង គេគិតថា លុយកាក់គឺជាបន្ទាយដ៏រឹងមាំរបស់គេ ថាវាជាមធ្យោបាយមួយដែលគេត្រូវរស់នៅ។ នៅពេលដែលមនុស្សមានឋានៈបុណ្យសក្តិ ពួកគេខំស្រវាក្ដាប់វាយ៉ាងណែន ហើយហ៊ានប្រថុយជីវិតរបស់គេសម្រាប់តែបុណ្យសក្តិទាំងនោះ។ មានតែពេលដែលមនុស្សរៀបលាចាកពីលោកីយនេះប៉ុណ្ណោះ ទើបពួកគេទទួលស្គាល់ថា អ្វីៗដែលពួកគេខំចំណាយជីវិតរបស់គេដេញតាម គឺជាអ្វីដែលគ្មានតម្លៃ ជាអ្វីដែលពួកគេមិនអាចកាន់ជាប់ ជាអ្វីដែលគេមិនអាចយកទៅជាមួយបាន ជាអ្វីដែលមិនអាចធ្វើឱ្យគេរួចផុតពីសេចក្តីស្លាប់ ជាអ្វីដែលមិនអាចផ្ដល់ជាគ្នា ឬការកម្សាន្តទៅកាន់ព្រលឹងដ៏ឯកោនៅលើដំណើរត្រឡប់ទៅវិញរបស់គេ ហើយកាន់តែអាក្រក់បំផុតនោះគឺថា គ្មានអ្វីមួយដែលអាចសង្រ្គោះមនុស្ស និងជួយឱ្យពួកគេឆ្លងផុតសេចក្តីស្លាប់បានឡើយ។ ភាពល្បីល្បាញ និងទ្រព្យសម្បត្តិដែលមនុស្សម្នាក់ខំប្រឹងរកនៅក្នុងពិភពលោក ផ្ដល់ជាទីពេញចិត្តបណ្ដោះអាសន្ន ការសប្បាយភ្លើតភ្លើន អារម្មណ៍សុខស្រួលក្លែងក្លាយ ប៉ុន្តែនៅក្នុងដំណើរការនោះ របស់ទាំងអស់នេះក៏ធ្វើឱ្យមនុស្សម្នាក់បាត់បង់ផ្លូវរបស់គេដែរ។ ដូច្នេះ នៅពេលដែលមនុស្សខំប្រឹងរើបម្រះនៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃមនុស្ស ដោយស្រេកឃ្លានចង់បានសន្ដិភាព ភាពសុខស្រួល និងភាពស្ងប់សុខនៃដួងចិត្ត ពួកគេក៏ត្រូវបានហ៊ុមព័ទ្ធដោយរលកសមុទ្រមិនចេះចប់មិនចេះហើយដែរ។ នៅពេលដែលមនុស្សមិនទាន់ឆ្លើយសំណួរដ៏សំខាន់បំផុតដែលគេត្រូវយល់ ដូចជាកន្លែងដែលគេចេញមក ហេតុផលដែលគេមានជីវិតរស់នៅ កន្លែងដែលគេនឹងត្រូវទៅជាដើមទេនោះពួកគេត្រូវបានទាក់ចិត្តដោយកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ ពួកគេបានចាញ់បញ្ឆោត និងត្រូវបានគ្រប់គ្រងដោយរបស់ទាំងនេះ ហើយចុងបញ្ចប់ ពួកគេបានវង្វេងផ្លូវ។ ពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័ស ហើយរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅក្នុងពេលមួយប៉ប្រិចភ្នែក ហើយមុនពេលគេភ្ញាក់ខ្លួន គេបានខាតបង់ឆ្នាំដ៏ល្អបំផុតនៃជីវិតរបស់គេទៅហើយ។ នៅពេលដែលមនុស្សម្នាក់ត្រូវចាកចេញពីពិភពលោកក្នុងពេលឆាប់ៗ គេក៏ភ្ញាក់ខ្លួនថា អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកកំពុងតែរសាត់បាត់ទៅ ហើយថាមនុស្សលែងអាចគ្រប់គ្រងលើទ្រព្យសម្បត្តិ ដែលធ្លាប់ជារបស់គេទៀតហើយ។ នោះហើយជាពេលដែលគេមានអារម្មណ៍ដ៏ពិតថា គេប្រៀបដូចជាទារកម្នាក់ដែលកំពុងតែយំ ដែលទើបតែកើតចូលមកក្នុងពិភពលោកនេះដោយខ្លួនទទេទាំងមិនទាន់មានឈ្មោះនៅឡើយ។ នៅពេលដល់ចំណុចនេះ មនុស្សក៏ចាប់ផ្ដើមសញ្ជឹងគិតទៅលើអ្វីដែលខ្លួនបានធ្វើនៅក្នុងជីវិត អំពីតម្លៃនៃការរស់នៅរបស់គេ អំពីអត្ថន័យរបស់វា និងហេតុផលដែលគេបានកើតចូលមកក្នុងពិភពលោក។ គឺនៅចំណុចនេះហើយដែលគេចាប់ផ្ដើមចង់ដឹងកាន់តែខ្លាំងថាតើពិតជាមានជាតិក្រោយ ឬអត់ ថាតើស្ថានសួគ៌ពិតជាមានអត្ថិភាព ឬអត់ ថាតើពិតជាមានកម្មពៀរ ឬអត់...។ បើមនុស្សម្នាក់ខិតចូលកាន់តែជិតសេចក្តីស្លាប់ នោះគេក៏កាន់តែចង់យល់អំពីអត្ថន័យនៃជីវិតដែរ។ បើមនុស្សម្នាក់ខិតចូលកាន់តែជិតសេចក្តីស្លាប់ នោះដួងចិត្តរបស់គេនឹងកាន់តែទទេសូន្យ។ បើមនុស្សម្នាក់កាន់តែចូលជិតសេចក្តីស្លាប់ នោះគេកាន់តែមានអារម្មណ៍តែលតោល ហើយអារម្មណ៍ខ្លាចស្លាប់របស់គេក៏កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដែរ។ មានហេតុផលពីរយ៉ាង ដែលអារម្មណ៍បែបនេះស្ដែងចេញនៅក្នុងមនុស្ស នៅពេលដែលពួកគេខិតចូលទៅរកសេចក្តីស្លាប់៖ ទីមួយ ពួកគេជិតបាត់បង់កេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដែលពួកគេយកមកធ្វើជាពំនាក់នៅក្នុងជីវិត ពួកគេជិតចាកចោលអ្វីៗគ្រប់យ៉ាងដែលពួកគេមើលឃើញនៅក្នុងពិភពលោក ហើយទីពីរ ពួកគេហៀបនឹងប្រឈមតែម្នាក់ឯងនូវពិភពមួយដែលមិនស្គាល់ ជាពិភពដ៏អាថ៌កំបាំងមួយដែលពួកគេខ្លាចក្នុងការដាក់ជើង ជាកន្លែងដែលពួកគេគ្មានមនុស្សជាទីស្រឡាញ់នៅជាមួយ និងគ្មានមធ្យោបាយគាំទ្រ។ សម្រាប់ហេតុផលទាំងពីរនេះ វាធ្វើឱ្យមនុស្សគ្រប់គ្នាដែលប្រឈមនឹងសេចក្តីស្លាប់ មានអារម្មណ៍មិនស្រួល ស្លន់ស្លោ និងអារម្មណ៍តែលតោល ហើយពួកគេមិនដែលមានអារម្មណ៍បែបនេះសោះឡើយកាលពីមុន។ មានតែនៅពេលដែលមនុស្សម្នាក់បានមកដល់ចំណុចនេះទេ ទើបគេទទួលស្គាល់ថា នៅពេលដែលមនុស្សម្នាក់ដាក់ជើងនៅលើផែនដីនេះ កិច្ចការដំបូងដែលពួកគេត្រូវយល់ គឺជាកន្លែងដែលមនុស្សចេញមក ហេតុផលដែលមនុស្សមានជីវិតរស់នៅ អ្នកដែលគ្រប់គ្រងវាសនាមនុស្ស និងអ្នកដែលប្រទានឱ្យ ព្រមទាំងមានអធិបតេយ្យភាពលើអត្ថិភាពរបស់មនុស្ស។ ចំណេះដឹងនេះ គឺជាមធ្យោបាយពិតប្រាកដដែលមនុស្សត្រូវរស់នៅ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅរបស់មនុស្ស មិនមែនជាការរៀនពីរបៀបផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គេ ឬរបៀបទទួលបានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ មិនមែនជាការរៀនពីរបៀបមានភាពលេចធ្លោនៅក្នុងចំណោមបណ្ដាជន ឬរបៀបរស់នៅជីវិតដ៏សម្បូរសប្បាយ ហើយក៏មិនមែនជាការរៀនពីរបៀបឡើងខ្ពស់ និងប្រកួតប្រជែងចង់មានជោគជ័យលើអ្នកដទៃនោះដែរ។ ទោះបីពួកគេចំណាយពេលហ្វឹកហាត់ជំនាញរបស់គេមានភាពប៉ិនប្រសប់ ដើម្បីទទួលបានភាពសុខស្រួល និងសម្ភារៈប្រើប្រាស់យ៉ាងពេញបរិបូណ៌ក៏ដោយ ប៉ុន្តែជំនាញទាំងនោះមិនដែលនាំមកនូវសេចក្តីសុខសាន្ដ និងការលួងលោមចិត្តដ៏ពិតដល់ដួងចិត្តរបស់គេឡើយ ប៉ុន្តែផ្ទុយទៅវិញ វាបែរជាធ្វើឱ្យមនុស្សបាត់បង់ទិសដៅរបស់គេ មានការពិបាកក្នុងការគ្រប់គ្រងលើខ្លួនឯង និងខកខានគ្រប់ទាំងឱកាសដើម្បីរៀនអំពីអត្ថន័យជីវិតទៅវិញទេ។ បំនិនជីវិតទាំងនេះបង្កើតឱ្យមានអារម្មណ៍ថប់បារម្ភអំពីរបៀបប្រឈមនឹងសេចក្តីស្លាប់នៅក្នុងរបៀបដែលត្រឹមត្រូវ។ ជីវិតរបស់មនុស្សត្រូវបានបំផ្លាញតាមរបៀបនេះ។ ព្រះអាទិករប្រព្រឹត្តចំពោះមនុស្សគ្រប់រូបយ៉ាងត្រឹមត្រូវ ដោយប្រទានឱកាសដល់មនុស្សគ្រប់គ្នាពេញមួយជីវិត ដើម្បីដកពិសោធន៍ និងស្គាល់ពីអធិបតេយ្យភាពរបស់ទ្រង់ ប៉ុន្តែ ទាល់តែពេលដែលសេចក្តីស្លាប់ខិតជិតចូលមកដល់ ទាល់តែពេលដែលស្រមោលនៃសេចក្តីស្លាប់លេចចេញមក ទើបមនុស្សចាប់ផ្ដើមមើលឃើញពន្លឺ។ ប៉ុន្ដែដល់ពេលនោះ គឺយឺតពេលទៅហើយ!
មនុស្សចំណាយពេលពេញមួយជីវិតរបស់គេ ដេញតាមលុយ និងកេរ្តិ៍ឈ្មោះ។ ពួកគេខំស្រវាចាប់អ្វីៗទាំងនេះ ទាំងគិតថា វាជាមធ្យោបាយគាំទ្រតែមួយគត់ដើម្បីឱ្យគេអាចរួចផុតពីសេចក្តីស្លាប់ ហើយវាប្រៀបបីដូចជាការមានរបស់ទាំងនេះ ធ្វើឱ្យគេអាចមានជីវិតរស់នៅបន្តអ៊ីចឹង។ ប៉ុន្តែ មានតែនៅពេលដែលពួកគេជិតស្លាប់ប៉ុណ្ណោះ ទើបពួកគេដឹងថា របស់ទាំងនេះនៅឆ្ងាយពីពួកគេកម្រិតណា ដឹងថាពួកគេទន់ខ្សោយកម្រិតណាក្នុងការប្រឈមនឹងសេចក្តីស្លាប់ ដឹងថាពួកគេមានភាពផុយស្រួយប៉ុនណា និងដឹងទៀតថា ពួកគេមានអារម្មណ៍ឯកោ និងតែលតាលប៉ុនណា ដោយសារតែភាពទ័លច្រករបស់គេ។ ពួកគេទទួលស្គាល់ថា ជីវិតមិនអាចត្រូវបានទិញដូរដោយទឹកប្រាក់ ឬកេរ្តិ៍ឈ្មោះឡើយ មិនថាគេជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុនណា មិនថាពួកគេមានមុខតំណែងខ្ពង់ខ្ពស់យ៉ាងណា ទាំងអស់គ្នាសុទ្ធតែក្រីក្រ និងគ្មានសំខាន់សោះឡើយនៅចំពោះសេចក្តីស្លាប់។ ពួកគេទទួលស្គាល់ថា ទឹកប្រាក់មិនអាចទិញជីវិតបាន ភាពល្បីល្បាញមិនអាចលុបបំបាត់សេចក្តីស្លាប់ ហើយទឹកប្រាក់ និងកេរ្តិ៍ឈ្មោះមិនអាចពន្យារជីវិតរបស់គេបានឡើយ សូម្បីតែមួយនាទី ឬមួយវិនាទីក៏មិនបានផង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងស្រេកឃ្លានចង់បន្តរស់នៅកាន់តែខ្លាំង។ បើមនុស្សមានអារម្មណ៍បែបនេះកាន់តែច្រើន នោះពួកគេនឹងខ្លាចការមកដល់នៃសេចក្តីស្លាប់កាន់តែខ្លាំង។ មានតែមកដល់ចំណុចនេះទេ ទើបពួកគេទទួលស្គាល់ការពិតថា ជីវិតរបស់គេមិនមែនជាកម្មសិទ្ធិរបស់គេ និងមិនមែនសម្រាប់ឱ្យពួកគេត្រួតត្រា ហើយទទួលស្គាល់ថា គេគ្មានអំណាចអ្វីនឹងសម្រេចថាតើគេត្រូវមានជីវិតរស់នៅ ឬស្លាប់នោះឡើយ ដ្បិតការទាំងអស់នេះហួសពីដែនត្រួតត្រារបស់គេហើយ។
នៅពេលដែលមនុស្សម្នាក់កើតមក ព្រលឹងដ៏ឯកោរបស់គេចាប់ផ្ដើមដកពិសោធន៍ជីវិតរបស់ខ្លួននៅលើផែនដី និងដកពិសោធន៍អំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលព្រះអាទិករបានរៀបចំទុកសម្រាប់គេ។ ជាការពិត សម្រាប់មនុស្ស ឬព្រលឹងរបស់គេ នេះគឺជាឱកាសដ៏ល្អបំផុត ដើម្បីទទួលបានចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ចាប់ផ្ដើមស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ និងដកពិសោធន៍ដោយផ្ទាល់។ មនុស្សរស់នៅដោយប្រើជីវិតរបស់គេនៅក្នុងច្បាប់នៃវាសនាដែលព្រះអាទិករបានគូរវាសសម្រាប់គេ ហើយសម្រាប់មនុស្សដែលចេះត្រិះរិះពិចារណា និងមានមនសិការ អស់រយៈពេលជាច្រើនទសវត្សរ៍នៃជីវិតរបស់គេ ការរៀនទទួលស្គាល់នូវអធិបតេ្យភាពរបស់ព្រះអាទិករ និងការចាប់ផ្ដើមស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ មិនមែនជារឿងពិបាកធ្វើនោះឡើយ។ ដូច្នេះ តាមរយៈបទពិសោធរបស់គេប៉ុន្មានទសវត្សរ៍មកនេះ វាគួរតែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលស្គាល់ថា វាសនារបស់មនុស្សទាំងអស់ត្រូវបានកំណត់ទុកជាមុន ហើយវាគួរតែងាយស្រួលក្នុងការយល់ ឬសង្ខេបអំពីអត្ថន័យនៃការរស់រានមានជីវិត។ ពេលដែលមនុស្សម្នាក់ក្រសោបយកមេរៀនជីវិតទាំងនេះ នោះបន្តិចម្ដងៗ គេនឹងយល់អំពីទីកន្លែងដែលជីវិតចេញមក យល់អំពីអ្វីដែលដួងចិត្តពិតជាត្រូវការ អ្វីដែលនឹងនាំគេទៅកាន់ផ្លូវដ៏ពិតនៃជីវិត និងអ្វីដែលគួរតែជាបេសកកម្ម និងគោលដៅនៃជីវិតរបស់មនុស្ស។ បន្ដិចម្ដងៗ គេនឹងទទួលស្គាល់ថា ប្រសិនបើគេមិនថ្វាយបង្គំព្រះអាទិករ ប្រសិនបើគេមិនស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ទេ នោះនៅពេលដែលត្រូវប្រឈមនឹងសេចក្តីស្លាប់ នៅពេលដែលព្រលឹងរបស់គេហៀបនឹងជួបព្រះអាទិករម្ដងទៀត នោះដួងចិត្តរបស់គេនឹងពេញទៅដោយអារម្មណ៍ភ័យខ្លាច និងភាពច្របូកច្របល់យ៉ាងខ្លាំងមិនខាន។ ប្រសិនបើមនុស្សម្នាក់បានរស់នៅក្នុងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែ នៅមិនទាន់យល់ថាជីវិតរបស់មនុស្សចេញមកពីណា ឬទទួលស្គាល់ថា វាសនារបស់មនុស្សស្ថិតនៅក្នុងបាតព្រះហស្តរបស់នរណា នោះវាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ពួកគេនឹងមិនអាចប្រឈមនឹងសេចក្តីស្លាប់បានយ៉ាងស្ងប់ចិត្តនោះឡើយ។ តាមរយៈបទពិសោធន៍ជាច្រើនទសវត្សរ៍របស់គេអំពីជីវិតជាមនុស្ស មនុស្សម្នាក់ដែលបានទទួលចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គឺជាបុគ្គលម្នាក់ដែលមានការយល់ដឹងដ៏ត្រឹមត្រូវអំពីអត្ថន័យ និងគុណតម្លៃនៃជីវិត។ មនុស្សបែបនេះមានចំណេះដឹងដ៏ជ្រាលជ្រៅអំពីគោលបំណងនៃជីវិត មាននូវបទពិសោធ និងការយល់ដឹងដ៏ពិតអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយលើសពីនេះទៀត គេអាចចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះអាទិករថែមទៀតផង។ មនុស្សបែបនេះយល់អំពីអត្ថន័យនៃការបង្កើតមនុស្សជាតិរបស់ព្រះជាម្ចាស់ យល់ថាមនុស្សគួរតែថ្វាយបង្គំព្រះអាទិករ យល់ថាអ្វីៗគ្រប់យ៉ាងដែលមនុស្សមាន សុទ្ធតែមានប្រភពចេញមកពីព្រះអាទិករ ហើយគេនឹងត្រឡប់ទៅរកទ្រង់វិញនៅថ្ងៃណាមួយនាពេលអនាគតមិនខាន។ មនុស្សប្រភេទនេះយល់ថា ព្រះអាទិកររៀបចំកំណើតរបស់មនុស្ស ហើយទ្រង់មានអធិបតេយ្យភាពលើសេចក្តីស្លាប់របស់មនុស្ស និងយល់ទៀតថា ទាំងជីវិតនិងសេចក្តីស្លាប់សុទ្ធតែត្រូវបានកំណត់ទុកជាមុន ដោយសិទ្ធិអំណាចរបស់ព្រះអាទិករ។ ដូច្នេះ នៅពេលដែលមនុស្សម្នាក់ពិតជាយល់អំពីរឿងទាំងនេះ នោះគេនឹងអាចប្រឈមសេចក្តីស្លាប់ដោយស្ងប់ចិត្ត ហើយលះបង់ទ្រព្យសម្បត្តិខាងលោកីយ៍ទាំងអស់របស់គេយ៉ាងស្ងប់ចិត្ត ហើយព្រមទទួលយក និងចុះចូលយ៉ាងរីករាយចំពោះអ្វីៗគ្រប់យ៉ាងដែលនៅខាងមុខគេ ព្រមទាំងស្វាគមន៍ជីវិត ឬដំណាក់កាលចុងក្រោយដែលត្រូវបានរៀបចំទុកដោយព្រះអាទិករ ជាជាងមានអារម្មណ៍ភ័យខ្លាចទាំងងងឹតងងល់ចំពោះសេចក្តីស្លាប់ ហើយខំរើបម្រះទាស់នឹងវានោះ។ ប្រសិនបើមនុស្សម្នាក់មើលទៅកាន់ជីវិតថាជាឱកាសមួយដើម្បីដកពិសោធន៍នូវអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយចាប់ផ្ដើមស្គាល់ពីសិទ្ធិអំណាចរបស់ទ្រង់ ប្រសិនបើមនុស្សម្នាក់មើលឃើញជីវិតរបស់គេថាជាឱកាសក៏កម្រមួយដើម្បីបំពេញភារកិច្ចរបស់គេក្នុងនាមជាមនុស្ស និងដើម្បីសម្រេចបេសកកម្មរបស់គេ នោះគេប្រាកដនឹងជាមានទស្សនៈដ៏ត្រឹមត្រូវអំពីជីវិត គេប្រាកដជានឹងមានជីវិតមួយដែលទទួលព្រះពរ និងការដឹកនាំពីព្រះអាទិករ គេប្រាកដជានឹងដើរនៅក្នុងពន្លឺនៃព្រះអាទិករ គេប្រាកដជានឹងដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ គេប្រាកដជានឹងស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយគេប្រាកដជានឹងក្លាយជាបន្ទាល់មួយអំពីទង្វើដ៏អស្ចារ្យរបស់ទ្រង់ ជាបន្ទាល់មួយអំពីសិទ្ធិអំណាចរបស់ទ្រង់។ ជាការពិត ព្រះអាទិករប្រាកដជានឹងស្រឡាញ់ និងទទួលយកមនុស្សបែបនេះ ហើយមានតែមនុស្សបែបនេះប៉ុណ្ណោះដែលអាចរក្សាអាកប្បកិរិយាស្ងប់ស្ងាត់ចំពោះសេចក្តីស្លាប់ ហើយស្វាគមន៍ដំណាក់កាលចុងក្រោយនៃជីវិតរបស់គេដោយសេចក្តីអំណរ។ ជាក់ស្ដែង មនុស្សម្នាក់ដែលរក្សាបាននូវអាកប្បកិរិយាបែបនេះចំពោះសេចក្តីស្លាប់ គឺជាយ៉ូប។ យ៉ូបបានស្ថិតនៅក្នុងទីតាំងមួយដែលទទួលយកដំណាក់កាលចុងក្រោយនៃជីវិតដោយក្ដីរីករាយ ព្រមទាំងបាននាំដំណើរជីវិតរបស់គាត់មកដល់ទីបញ្ចប់ដ៏រលូន ហើយដោយបានបំពេញបេសកកម្មនៅក្នុងជីវិតរបស់គាត់ គាត់ក៏បានវិលត្រឡប់ទៅកាន់ព្រះអាទិករវិញ។
នៅក្នុងបទគម្ពីរដែលត្រូវបាននិពន្ធឡើងអំពីយ៉ូប៖ «ដូច្នេះ យ៉ូបក៏ស្លាប់ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង» (យ៉ូប ៤២:១៧)។ នេះមានន័យថា នៅពេលដែលលោកយ៉ូបបានចែកឋានទៅ គាត់គ្មានវិប្បដិសារី ហើយក៏គ្មានអារម្មណ៍ឈឺចាប់ដែរ ប៉ុន្តែគាត់បានចាកចេញតាមធម្មតាពីពិភពលោកនេះ។ ដូចជាគ្រប់គ្នាបានដឹងហើយថា យ៉ូបគឺជាបុរសម្នាក់ដែលបានកោតខ្លាចព្រះជាម្ចាស់ ហើយបានគេចចេញពីសេចក្ដីអាក្រក់ ខណៈពេលដែលគាត់មានជីវិតរស់នៅ។ ទង្វើរបស់គាត់ត្រូវបានព្រះជាម្ចាស់កោតសរសើរ និងត្រូវបានរំឭកឡើងដោយអ្នកដទៃ ហើយជីវិតរបស់គាត់អាចត្រូវបាននិយាយថាមានតម្លៃ និងមានសារៈសំខាន់លើសពីជីវិតរបស់អ្នកផ្សេងទៀតទាំងអស់។ យ៉ូបបានរីករាយនឹងព្រះពររបស់ព្រះជាម្ចាស់ ហើយត្រូវបានទ្រង់ហៅថាជាមនុស្សសុចរិតនៅលើផែនដី ហើយគាត់ក៏ត្រូវបានព្រះជាម្ចាស់សាកល្បង និងត្រូវបានអារក្សសាតាំងល្បងលដែរ។ គាត់បានឈរជាបន្ទាល់សម្រាប់ព្រះជាម្ចាស់ ហើយសក្ដិសមដែលត្រូវបានទ្រង់ហៅថាជាមនុស្សសុចរិត។ ក្នុងពេលប៉ុន្មានទសវត្សរ៍ ក្រោយពេលដែលគាត់ត្រូវបានព្រះជាម្ចាស់សាកល្បង គាត់បានរស់នៅក្នុងជីវិតមួយដែលកាន់តែមានតម្លៃ កាន់តែមានអត្ថន័យ កាន់តែជាមនុស្សនឹងន និងកាន់តែជាមនុស្សស្ងប់ចិត្តជាងពេលមុនៗ។ ដោយសារតែអំពើសុចរិតរបស់គាត់ ព្រះជាម្ចាស់បានសាកល្បងគាត់ ហើយដោយសារតែអំពើសុចរិតរបស់គាត់ ព្រះជាម្ចាស់ក៏បានលេចមកឱ្យគាត់ឃើញ និងបានមានបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ដូច្នេះ ប៉ុន្មានឆ្នាំក្រោយពេលដែលគាត់ត្រូវបានសាកល្បង យ៉ូបក៏បានយល់ និងស្ញប់ស្ញែងចំពោះគុណតម្លៃនៃជីវិតកាន់តែរឹងមាំជាងមុន បានទទួលនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ និងបានទទួលនូវចំណេះដឹងកាន់តែច្បាស់ និងកាន់តែមានន័យអំពីរបៀបដែលព្រះអាទិករប្រទាន និងដកហូតនូវព្រះពររបស់ទ្រង់វិញ។ កណ្ឌគម្ពីរយ៉ូបកត់ត្រាថា ព្រះយេហូវ៉ាបានប្រទានព្រះពរកាន់តែច្រើនដល់យ៉ូបជាងពេលមុនៗទៅទៀត ទាំងដាក់យ៉ូបនៅក្នុងមុខតំណែងមួយដែលកាន់តែប្រសើរ ដើម្បីស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយប្រឈមនឹងសេចក្តីស្លាប់យ៉ាងស្ងប់ចិត្ត។ ដូច្នេះ នៅពេលដែលគាត់មានវ័យចំណាស់ ហើយប្រឈមនឹងសេចក្តីស្លាប់ យ៉ូបប្រាកដជាគ្មានអារម្មណ៍ខ្វល់ខ្វាយអំពីទ្រព្យសម្បត្តិរបស់គាត់ឡើយ។ គាត់គ្មានការព្រួយបារម្ភ គ្មានវិប្បដិសារី ហើយក៏មិនខ្លាចស្លាប់ដែរ ដ្បិតគាត់បានចំណាយពេលវេលាពេញមួយជីវិតរបស់គាត់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ គាត់គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភអំពីចុងបញ្ចប់នៃជីវិតរបស់គាត់ឡើយ។ តើមនុស្សប៉ុន្មាននាក់នាពេលសព្វថ្ងៃអាចប្រព្រឹត្តដូចជាអ្វីដែលយ៉ូបបានធ្វើនៅពេលដែលគាត់បានប្រឈមនឹងសេចក្តីស្លាប់? ហេតុអ្វីបានជាគ្មាននរណាម្នាក់អាចមានឥរិយាបថដ៏សាមញ្ញបែបនេះ? មានហេតុផលតែមួយគត់គឺ៖ យ៉ូបបានរស់នៅក្នុងជីវិតរបស់គាត់ដោយការដេញតាមជំនឿ ការទទួលស្គាល់ និងការចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយដោយសារតែជំនឿ ការទទួលស្គាល់ និងការចុះចូលនេះហើយ ទើបគាត់បានឆ្លងផុតដំណាក់កាលដ៏សំខាន់នៅក្នុងជីវិត បានរស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយរបស់គាត់ ទាំងស្វាគមន៍ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់។ មិនថាយ៉ូបធ្លាប់មានបទពិសោធអ្វីនោះឡើយ ក៏ការដេញតាម និងគោលដៅជីវិតរបស់គាត់មិនមានការឈឺចាប់ឡើយ គឺមានតែការសប្បាយចិត្តវិញ។ គាត់បានសប្បាយចិត្ត មិនមែនដោយសារតែព្រះពរ ឬការស្ងើចសរសើរដែលព្រះអាទិករមានចំពោះគាត់នោះឡើយ ប៉ុន្តែអ្វីដែលសំខាន់ជាងនោះគឺ ដោយសារតែការដេញតាម និងគោលដៅជីវិតរបស់គាត់ ដោយសារតែការកើនឡើងនូវចំណេះដឹង និងការយល់ដឹងដ៏ពិតអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដែលគាត់ទទួលបានតាមរយៈការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយលើសពីនេះទៅទៀត គឺដោយសារតែបទពិសោធផ្ទាល់ខ្លួនរបស់គាត់ក្នុងនាមជាអ្នកដែលនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ នៅក្រោមទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងបទពិសោធ ព្រមទាំងអនុស្សាវរីយ៍ដ៏ផ្អែមល្អែមមិនអាចបំភ្លេចបាន និងសហត្ថិភាព ភាពស្និទ្ធស្នាល និងការយល់ពីគ្នាទៅវិញទៅមករវាងមនុស្សនិងព្រះជាម្ចាស់។ យ៉ូបបានរីករាយដោយសារតែការកម្សាន្តចិត្ត និងសេចក្តីអំណរ ដែលចេញមកពីការស្គាល់បំណងព្រះហឫទ័យរបស់ព្រះអាទិករ និងដោយសារតែការគោរពយ៉ាងជ្រាលជ្រៅដែលកើតចេញក្រោយបានឃើញថា ទ្រង់គឺជាព្រះដ៏ធំ អស្ចារ្យ គួរឱ្យស្រឡាញ់ និងស្មោះត្រង់។ យ៉ូបអាចប្រឈមនឹងសេចក្តីស្លាប់បានដោយគ្មានទុក្ខវេទនាណាមួយ គឺដោយសារតែគាត់បានដឹងថា ពេលស្លាប់ទៅ គាត់នឹងត្រឡប់ទៅក្បែរព្រះអាទិករវិញ។ គឺការដេញតាម និងការទទួលបាននៅក្នុងជីវិតរបស់គាត់នេះហើយ ដែលបានអនុញ្ញាតឱ្យគាត់ប្រឈមនឹងសេចក្តីស្លាប់យ៉ាងស្ងប់ចិត្ត អនុញ្ញាតឱ្យគាត់ប្រឈមនឹងទិដ្ឋភាពដែលព្រះអាទិករកំពុងដកជីវិតរបស់គាត់ទៅវិញយ៉ាងស្ងប់ចិត្ត ហើយលើសពីនេះ គឺបានអនុញ្ញាតឱ្យគាត់ឈរយ៉ាងបរិសុទ្ធ និងមិនខ្វល់ខ្វាយនៅមុខព្រះអាទិករ។ តើមនុស្សសព្វថ្ងៃអាចទទួលបានសេចក្តីសុខបែបនេះ ដែលយ៉ូបមានដែរឬទេ? តើអ្នករាល់គ្នាមានលក្ខខណ្ឌដ៏ចាំបាច់ដែរឬទេ? ដោយសារតែមនុស្សសព្វថ្ងៃមាននូវលក្ខខណ្ឌទាំងនេះ ហេតុអ្វីបានជាពួកគេមិនអាចរស់នៅយ៉ាងមានក្ដីសុខ ដូចជាយ៉ូបទៅ? ហេតុអ្វីបានជាពួកគេមិនអាចរួចខ្លួនពីទុក្ខវេទនានៃការខ្លាចស្លាប់ដូច្នេះ? នៅពេលដែលប្រឈមនឹងសេចក្តីស្លាប់ មនុស្សខ្លះលេចនោមទាំងមិនដឹងខ្លួន ឯអ្នកផ្សេងទៀតភ័យស្លន់ស្លោ ញាប់ញ័រ ស្លេកស្លាំង ហើយបែរជារិះគន់ស្ថានសួគ៌ និងមនុស្សទៅវិញ។ អ្នកខ្លះថែមទាំងទ្រហ៊ោយំទៀតផង។ ទាំងអស់នេះមិនមែនជាប្រតិកម្មពីធម្មជាតិដែលកើតឡើងភ្លាមៗ នៅពេលដែលសេចក្តីស្លាប់ខិតជិតចូលមកដល់នោះឡើយ។ មនុស្សប្រព្រឹត្តឥរិយាបថដ៏គួរឱ្យអាម៉ាស់បែបនេះ ជាចម្បងគឺដោយសារតែនៅក្នុងជម្រៅចិត្តរបស់គេ ពួកគេមានអារម្មណ៍ខ្លាចស្លាប់ ដោយសារតែពួកគេមិនមានចំណេះដឹង និងការយល់ដឹងដ៏ច្បាស់លាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់ ហើយគេក៏មិនចុះចូលចំពោះការរៀបចំទាំងនោះដែរ។ មនុស្សមានប្រតិកម្មបែបនេះ ដោយសារតែពួកគេមិនចង់បានអ្វីឡើយ ក្រៅពីចង់រៀបចំ និងគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ចង់ត្រួតត្រាលើវាសនា ជីវិត និងការស្លាប់របស់គេផ្ទាល់។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មនុស្សមិនអាចរួចផុតពីអារម្មណ៍ខ្លាចស្លាប់នោះទេ។
នៅពេលដែលមនុស្សម្នាក់មិនមានចំណេះដឹង និងបទពិសោធច្បាស់លាស់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអំពីការរៀបចំរបស់ទ្រង់ នោះចំណេះដឹងរបស់គេអំពីវាសនា និងអំពីសេចក្តីស្លាប់ ក៏នឹងស្រពេចស្រពិលទៅតាមនោះដែរ។ មនុស្សមិនអាចមើលឃើញយ៉ាងច្បាស់ថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងបាតព្រះហស្តរបស់ព្រះជាម្ចាស់ មិនដឹងថាអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការត្រួតត្រា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ មិនទទួលស្គាល់ថា មនុស្សមិនអាចច្រានចោល ឬគេចផុតពីអធិបតេយ្យភាពរបស់ទ្រង់នោះឡើយ។ សម្រាប់ហេតុផលនេះ នៅពេលដែលគេត្រូវប្រឈមនឹងសេចក្តីស្លាប់ ពួកគេនៅតែមានពាក្យសម្ដីចុងក្រោយមិនចេះចប់ ការព្រួយបារម្ភ និងវិប្បដិសារីជាច្រើនទៀត។ ពួកគេត្រូវបានសង្កត់សង្កិនដោយរបស់របរ ភាពអល់អែក និងការភាន់ច្រឡំជាច្រើន។ ការនេះធ្វើឱ្យពួកគេខ្លាចសេចក្តីស្លាប់។ សម្រាប់មនុស្សណាដែលកើតចូលមកក្នុងពិភពលោកនេះ កំណើតគឺជាអ្វីដែលចៀសមិនរួច ហើយសេចក្តីស្លាប់ក៏ជាអ្វីមួយដែលគេចមិនផុតដែរ ដូច្នេះ គ្មាននរណាម្នាក់អាចរួចខ្លួនពីដំណើរជីវិតនេះឡើយ។ ប្រសិនបើមនុស្សម្នាក់ចង់ចាកចេញពីពិភពលោកនេះដោយគ្មានការឈឺចាប់ ប្រសិនបើមនុស្សម្នាក់ចង់ប្រឈមនឹងដំណាក់កាលចុងក្រោយនៃជីវិតដោយគ្មានភាពអល់អែក ឬការព្រួយបារម្ភ ផ្លូវតែមួយគត់ គឺត្រូវចាកចេញទៅដោយគ្មានវិប្បដិសារី។ ហើយផ្លូវតែមួយគត់ក្នុងការចាកចេញដោយគ្មានវិប្បដិសារីនោះ គឺត្រូវស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដឹងអំពីសិទ្ធិអំណាចរបស់ទ្រង់ និងចុះចូលចំពោះការទាំងនោះ។ មានតែតាមរបៀបនេះទេ ទើបគេអាចនៅឆ្ងាយពីសេចក្តីវេទនារបស់មនុស្ស ពីការអាក្រក់ ពីចំណងរបស់អារក្សសាតាំង ហើយមានតែតាមរបៀបនេះទេ ទើបគេអាចរស់នៅក្នុងជីវិតដូចជាយ៉ូប ជាជីវិតមួយដែលត្រូវបានដឹកនាំ និងទទួលព្រះពរពីព្រះអាទិករ ជាជីវិតមួយដែលមានសេរីភាព ជាជីវិតមួយដែលមានតម្លៃ និងអត្ថន័យ ជាជីវិតមួយដែលទៀងត្រង់ និងសប្បុរស។ មានតែបែបនេះទេ ទើបគេអាចចុះចូលដូចជាលោកយ៉ូបចំពោះការក្តីល្បងល និងការដកហូតអស់ទៅវិញរបស់ព្រះអាទិករ ចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះអាទិករ។ មានតែបែបនេះទេ ទើបគេអាចថ្វាយបង្គំព្រះអាទិករពេញមួយជីវិតរបស់គេ ហើយទទួលបានការស្ងើចសរសើររបស់ទ្រង់ដូចជាយ៉ូប ហើយស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ និងមើលឃើញទ្រង់លេចមក។ មានតែបែបនេះទេ ទើបគេអាចរស់នៅ និងស្លាប់ទៅយ៉ាងរីករាយដូចយ៉ូប ដោយគ្មានការឈឺចាប់ គ្មានការព្រួយបារម្ភ និងគ្មានវិប្បដិសារី។ មានតែបែបនេះទេ ទើបគេអាចរស់នៅក្នុងពន្លឺដូចយ៉ូប ហើយឆ្លងកាត់ដំណាក់កាលជីវិតនីមួយៗនៅក្នុងពន្លឺ បញ្ចប់ដំណើររបស់គេនៅក្នុងពន្លឺយ៉ាងរលូន បង្ហើយបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ ដោយដកពិសោធន៍ រៀនសូត្រ និងស្គាល់អំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក ហើយស្លាប់ទៅវិញនៅក្នុងពន្លឺ ហើយបន្ទាប់ពីនោះមក ក៏ឈរនៅខាងព្រះអាទិករជារៀងរហូតក្នុងនាមជាមនុស្សដែលព្រះបានបង្កើតមក ដែលទទួលបានការសរសើរពីទ្រង់។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
នៅពេលដែលមនុស្សម្នាក់មានអាយុកាន់តែច្រើន ហើយពេញវ័យ គេកាន់តែឃ្លាតឆ្ងាយចេញពីឪពុកម្ដាយ និងមជ្ឈដ្ឋានដែលគេបានកើត និងធំដឹងក្ដី ហើយផ្ទុយទៅវិញ...
ទីកន្លែងកំណើត ក្រុមគ្រួសារដែលគេកើតមកជាមួយ ភេទ រូបរាង និងពេលវេលានៃការចាប់កំណើតរបស់គេ...
បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។ គេគ្មានសិទ្ធិសម្រេចចិត្តអំពីកូនចំនួនប៉ុន្មាននាក់...
ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត...