៦. អ្នកនិយាយថា ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្តីពិត ដើម្បីជំនុំជម្រះ និងសម្អាតមនុស្សនៅគ្រាចុងក្រោយ។ ព្រះជាម្ចាស់មានបន្ទូលដោយជំនុំជម្រះមនុស្សជាតិទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ពោលគឺការជំនុំជម្រះរបស់ព្រះជាម្ចាស់មិនដែលចាកចេញពីមនុស្សនោះឡើយ។ តើអ្នកកំពុងតែនិយាយថា ព្រះបន្ទូលទាំងនេះមិនអាចជំនុំជម្រះ និងសម្អាតមនុស្សទេឬ? តើអ្វីទៅជាភាពខុសគ្នារវាងព្រះបន្ទូលនៃការជំនុំជម្រះដែលសម្ដែងចេញដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ពេលលើកឡើងនូវពាក្យថា «ជំនុំជម្រះ» មកនិយាយ អ្នកប្រហែលជាគិតដល់ពាក្យពេចន៍ដែលព្រះយេហូវ៉ាមានបន្ទូលបង្ហាត់បង្រៀនមនុស្សក្នុងគ្រប់តំបន់ និងពាក្យពេចន៍ដែលព្រះយេស៊ូវមានបន្ទូលស្ដីបន្ទោសទៅកាន់ពួកផារិស៊ី។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយ ក៏ពាក្យពេចន៍ទាំងនេះ មិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើមនុស្សលោកទេ ពាក្យពេចន៍ទាំងនេះ គឺគ្រាន់តែជាពាក្យពេចន៍ដែលព្រះជាម្ចាស់មានបន្ទូលក្នុងបរិយាកាសខុសៗគ្នា និងនៅក្នុងបរិបទផ្សេងគ្នាតែប៉ុណ្ណោះ។ ពាក្យពេចន៍ទាំងនេះខុសពីពាក្យពេចន៍ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយមានបន្ទូលពេលទ្រង់ជំនុំជម្រះមនុស្សលោក។ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដំណាក់កាលទីមួយ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា។ កិច្ចការរបស់ទ្រង់ គឺរៀបចំផ្លូវមួយសម្រាប់មនុស្ស ដើម្បីថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី។ វាជាកិច្ចការនៃទីចាប់ផ្ដើម ដើម្បីស្វែងរកប្រភពដើមសម្រាប់កិច្ចការនៅលើផែនដី។ នៅគ្រានោះ ព្រះយេហូវ៉ាបានបង្រៀនដល់ប្រជាជនអ៊ីស្រាអែលឱ្យកាន់តាមថ្ងៃសប្ប័ទ គោរពឪពុកម្ដាយរបស់ខ្លួន និងរស់នៅចុះសម្រុងគ្នា។ នេះគឺដោយសារតែមនុស្សនៅគ្រានោះ មិនបានយល់អំពីអ្វីដែលបានរួមផ្សំជាមនុស្ស ហើយក៏មិនយល់ពីរបៀបរស់នៅលើផែនដីដែរ។ នៅក្នុងដំណាក់កាលទីមួយនៃកិច្ចការ វាចាំបាច់ណាស់ដែលទ្រង់ត្រូវចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេ។ រាល់សេចក្តីដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ពួកគេ មនុស្សជាតិមិនធ្លាប់ដឹងឮ ឬមានចំណេះបែបនោះពីមុនមកឡើយ។ នៅគ្រានោះ ព្រះជាម្ចាស់បានរើសតាំងពួកហោរាជាច្រើននាក់ ដើម្បីថ្លែងទំនាយ ហើយពួកគេទាំងអស់បានធ្វើការនេះ ក្រោមការចង្អុលបង្ហាញរបស់ព្រះយេហូវ៉ា។ នេះគ្រាន់តែជាចំណុចមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងដំណាក់កាលទីមួយ ព្រះជាម្ចាស់មិនបានត្រលប់ជាសាច់ឈាមឡើយ ដូច្នេះ ទ្រង់បានបង្គាប់ដល់គ្រប់ពូជអំបូរ និងគ្រប់ប្រជាជាតិតាមរយៈពួកហោរា។ នៅពេលដែលព្រះយេស៊ូវបានធ្វើការនៅក្នុងសម័យរបស់ទ្រង់ ទ្រង់មិនបានមានបន្ទូលជាច្រើន ដូចនៅក្នុងសម័យបច្ចុប្បន្នឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះបន្ទូលនៅក្នុងគ្រាចុងក្រោយនេះ មិនធ្លាប់បានធ្វើនៅក្នុងយុគសម័យ និងជំនាន់មុនៗឡើយ។ ទោះបីអេសាយ ដានីយ៉ែល និងយ៉ូហានបានថ្លែងនូវសេចក្តីទំនាយជាច្រើនក៏ដោយ ក៏សេចក្តីទំនាយរបស់គេខុសគ្នាស្រឡះពីព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះដែរ។ អ្វីដែលពួកគេបានមានប្រសាសន៍ គឺគ្រាន់តែជាសេចក្តីទំនាយប៉ុណ្ណោះ ប៉ុន្តែព្រះបន្ទូលដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃនេះ មិនមែនជាសេចក្តីទំនាយឡើយ។ ប្រសិនបើខ្ញុំប្រែក្លាយគ្រប់ទាំងសេចក្តីដែលខ្ញុំមានបន្ទូលនាពេលនេះឱ្យក្លាយជាសេចក្តីទំនាយ តើអ្នករាល់គ្នានឹងអាចយល់ដែរឬទេ? ឧបមាថា អ្វីដែលខ្ញុំបានមានបន្ទូលនោះ គឺជាកិច្ចការនានាក្រោយពេលដែលខ្ញុំបានចេញទៅផុត តើអ្នកអាចទទួលបានការយល់ដឹងយ៉ាងដូចម្ដេចទៅ? កិច្ចការនៃព្រះបន្ទូលមិនត្រូវបានធ្វើនៅក្នុងសម័យរបស់ព្រះយេស៊ូវ ឬនៅក្នុងយុគសម័យនៃក្រឹត្យវិន័យឡើយ។ ប្រហែលជាអ្នកខ្លះនឹងនិយាយថា «តើព្រះយេហូវ៉ាមិនបានមានបន្ទូលនៅក្នុងពេលដែលទ្រង់ធ្វើការដែរទេឬអី? បន្ថែមពីលើការប្រោសជំងឺឱ្យជា ការបណ្ដេញអារក្ស និងការធ្វើទីសម្គាល់ និងការអស្ចារ្យ តើព្រះយេស៊ូវមិនបានមានបន្ទូលនៅគ្រាដែលទ្រង់កំពុងតែធ្វើការដែរទេឬអី?» វាមានភាពខុសគ្នារវាងរឿងរ៉ាវនានាដែលត្រូវបានថ្លែង។ តើអ្វីទៅជាលក្ខណៈសំខាន់នៃព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែង? ទ្រង់កំពុងតែចង្អុលបង្ហាញមនុស្សជាតិឱ្យចេះដឹកនាំជីវិតរបស់ពួកគេនៅលើផែនដី ហើយវាមិនបានប៉ះពាល់ដល់កិច្ចការនៅក្នុងជីវិតខាងវិញ្ញាណឡើយ។ ហេតុអ្វីបានជាគេនិយាយថា នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូល ទ្រង់បានបង្គាប់ទៅកាន់មនុស្សនៅគ្រប់ទីកន្លែង? ពាក្យថា «បង្គាប់» មានន័យថា ប្រាប់យ៉ាងជាក់ច្បាស់ និងបញ្ជាដោយត្រង់។ ទ្រង់មិនបានប្រទានជីវិតដល់មនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែកាន់ដៃមនុស្ស ហើយបង្រៀនពួកគេពីរបៀបគោរពស្រឡាញ់ទ្រង់ ដោយមិនបានផ្ដល់ជាប្រស្នាជាច្រើនឡើយ។ កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺមិនទាក់ទងនឹងការដោះស្រាយ ការប្រៀនប្រដៅមនុស្ស ឬការប្រទានការជំនុំជម្រះ និងការវាយផ្ចាលឡើយ ប៉ុន្តែវាជាការចង្អុលបង្ហាញពួកគេវិញ។ ព្រះយេហូវ៉ាបានបញ្ជាទៅកាន់ម៉ូសេឱ្យប្រាប់ប្រជារាស្ត្ររបស់ទ្រង់ ឱ្យដើរប្រមូលនំម៉ាណានៅឯវាលរហោស្ថាន។ រៀងរាល់ព្រឹក មុនពេលថ្ងៃរះ ពួកគេត្រូវចេញទៅប្រមូលនំម៉ាណា គឺមួយគ្រប់ល្មមសម្រាប់ពួកគេក្នុងការបរិភោគសម្រាប់ថ្ងៃនោះប៉ុណ្ណោះ។ នំម៉ាណាមិនអាចរក្សាទុករហូតដល់ថ្ងៃស្អែកបានឡើយ ព្រោះវានឹងដុះផ្សិតមិនខាន។ ទ្រង់មិនបានបង្រៀនមនុស្ស ឬលាតត្រដាងពីធម្មជាតិរបស់ពួកគេ ហើយក៏មិនបានបង្ហាញគំនិត និងយោបល់របស់ពួកគេដែរ។ ទ្រង់មិនបានផ្លាស់ប្ដុរមនុស្សឡើយ ផ្ទុយទៅវិញ ទ្រង់បានចង្អុលបង្ហាញដល់ពួកគេនៅក្នុងការដឹកនាំជីវិតរបស់ខ្លួនវិញ។ មនុស្សនៅគ្រានោះ ដូចជាកូនក្មេងអ៊ីចឹង ហើយពួកគេគ្មានយល់អ្វីឡើយ ក្រៅពីការដេកដើរឈរអង្គុយ ដូច្នេះ ព្រះយេហូវ៉ាគ្រាន់តែចេញក្រឹត្យវិន័យ ដើម្បីចង្អុលបង្ហាញដល់បណ្ដាជនប៉ុណ្ណោះ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖

ការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សនៅគ្រាចុងក្រោយ ជាចម្បងប្រើប្រាស់នូវពហុទិដ្ឋភាពនៃសេចក្តីពិត ដើម្បីដាស់តឿនមនុស្ស។ បើគ្មានទិដ្ឋភាពជាច្រើននៃសេចក្តីពិតទាំងនេះទេ វានឹងមិនមែនជាព្រះបន្ទូលនៃការជំនុំជម្រះឡើយ។ តើព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានបន្ទូលទៅគ្រប់ទីកន្លែង និងការស្ដីបន្ទោសរបស់ព្រះអម្ចាស់យេស៊ូវចំពោះពួកផារីស៊ីមាននូវពហុទិដ្ឋភាពនៃសេចក្តីពិតដែរឬទេ? តើព្រះបន្ទូលទាំងនោះផ្ដល់ឲ្យមនុស្សនូវមាគ៌ាក្នុងការអនុវត្តដែរឬទេ? តើព្រះបន្ទូលទាំងនោះបើកសម្ដែងពីសារជាតិធម្មជាតិរបស់មនុស្សដែរឬទេ? ព្រះបន្ទូលទាំងនោះមិនមានឡើយ ដូចនេះហើយបានជាព្រះបន្ទូលទាំងនោះមិនមែនជាការជំនុំជម្រះចំពោះមនុស្ស។ ព្រះបន្ទូលទាំងនោះគ្រាន់តែជាការស្ដីបន្ទោស និងការដាស់តឿនតែប៉ុណ្ណោះ។ ការស្ដីបន្ទោស និងការដាស់តឿនគឺជាការថ្កោលទោស និងការលុបបំបាត់ដោយផ្ទាល់ តាមពីក្រោយដោយការដាក់បណ្ដាសា។ ការជំនុំជម្រះ និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សក្នុងអំឡុងយុគសម័យនៃនគរព្រះ ជាចម្បងគឺជាការសម្ដែងចេញនូវសេចក្តីពិតជាច្រើន។ វាជាការប្រើប្រាស់នៃសេចក្តីពិត ដើម្បីដាស់តឿនមនុស្ស បើកសម្ដែងពីសារជាតិរបស់ពួកគេ និងពិនិត្យពិច័យលើពាក្យសម្ដី និងទង្វើរបស់ពួកគេ។ ព្រះបន្ទូលទាំងនេះមាននូវទិដ្ឋភាពជាច្រើននៃសេចក្តីពិត។ មានតែពេលដែលមានសេចក្តីពិតប៉ុណ្ណោះ ទើបវាមាននូវការជំនុំជម្រះ។ បើគ្មានសេចក្តីពិតទេ នោះវាគ្មាននូវការជំនុំជម្រះឡើយ។ ហេតុដូចនេះ វាមាននូវភាពខុសគ្នាដ៏ច្បាស់មួយរវាងព្រះបន្ទូលរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ និងព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលបានមានបន្ទូលទៅគ្រប់ទីកន្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រមទាំងការស្ដីបន្ទោសរបស់ព្រះអម្ចាស់យេស៊ូវចំពោះពួកផារីស៊ីនៅក្នុងយុគសម័យនៃព្រះគុណ។ ភាពខុសគ្នានេះជាចម្បងស្ថិតនៅក្នុងការប្រើប្រាស់ពហុទិដ្ឋភាពនៃសេចក្តីពិតរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដើម្បីដាស់តឿនមនុស្ស។ ព្រះជាម្ចាស់មិនបានសម្ដែងចេញនូវពហុទិដ្ឋភាពនៃសេចក្តីពិតក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ ជាងនេះទៅទៀត វាក៏មាននូវភាពខុសគ្នាមួយនៅក្នុងធម្មជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ការដាស់តឿន និងការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលប្រឆាំងនឹងទ្រង់ គឺជាការថ្កោលទោស និងការដាក់បណ្ដាសាដោយផ្ទាល់។ ព្រះជាម្ចាស់មិនបានសង្រ្គោះពួកគេទេ ហើយទ្រង់ក៏មិនមានសេចក្តីមេត្តាករុណាចំពោះពួកគេដែរ។ កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ក្នុងអំឡុងនៃគ្រាចុងក្រោយ គឺដើម្បីសង្រ្គោះ បន្សុទ្ធ និងប្រោសមនុស្សឲ្យគ្រប់លក្ខណ៍។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការប្រោសលោះ។ ព្រះអង្គបានប្រកាសអំពីផ្លូវនៃការប្រែចិត្ត និងបានធ្វើការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិបាដិហារិយ៍មួយចំនួន ហើយពួកផារីស៊ីបានវិនិច្ឆ័យ ថ្កោលទោស និងប្រឆាំងទ្រង់។ តបទៅនឹងសាវតារនេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនូវពាក្យស្ដីបន្ទោស និងការដាក់បណ្ដាសាមួយចំនួនទៅកាន់ពួកផារីស៊ី ជាពាក្យដែលគ្រាន់តែលាតត្រដាងពីសារជាតិនៃទង្វើ និងឥរិយាបថរបស់ពួកផារីស៊ីតែប៉ុណ្ណោះ។ ពាក្យទាំងនេះមិនបានលាតត្រដាងពីឫសគល់នៃការប្រឆាំងរបស់ពួកគេចំពោះព្រះជាម្ចាស់ឡើយ ហើយក៏មិនបានលាតត្រដាងពីសារជាតិធម្មជាតិរបស់ពួកគេផងដែរ។ ព្រះអង្គមិនបានសម្ដែងចេញនូវសេចក្តីពិតដែលពាក់ព័ន្ធណាមួយទេ។ ទ្រង់មិនបានមានបន្ទូលអំពីរបៀបដែលមនុស្សគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ អ្វីជាភារកិច្ចរបស់មនុស្ស ឬរបៀបដែលមនុស្សគួរតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ។ល។ ឡើយ ហេតុនេះហើយបានជាព្រះបន្ទូលទាំងនោះមិនអាចត្រូវបានហៅថាជាការជំនុំជម្រះនោះ។ ពួកគេបានស្អប់ខ្ពើមសេចក្តីពិត ពួកគេមិនបានទទួលយកទាល់តែសោះ ហើយពួកគេមិនស័ក្ដិសមតែម្ដងក្នុងការទទួលបានការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនបានធ្វើការជំនុំជម្រះចំពោះពួកគេទេ ដូច្នេះហើយបានជាព្រះអម្ចាស់យេស៊ូវគ្រាន់តែដាក់បណ្ដាសាពួកគេ តែទ្រង់មិនបានសង្រ្គោះពួកគេឡើយ។ មនុស្សមួយចំនួននិយាយថា «តើព្រះបន្ទូលដែលបានលាតត្រដាងពីសកម្មភាព និងឥរិយាបថរបស់ពួកផារីស៊ីមិនមែនជាសេចក្តីពិតទេឬ?» ព្រះបន្ទូលទាំងនេះក៏ជាសេចក្តីពិតដែរ ហើយបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់ដែលអត់ទ្រាំមិនបានចំពោះការប្រមាថរបស់មនុស្ស។ ប៉ុន្តែ ការជំនុំជម្រះមិនដូច ទៅនឹងការស្ដីបន្ទោស និងការថ្កោលទោសបែបសាមញ្ញៗឡើយ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើប្រាស់ពហុទិដ្ឋភាពនៃសេចក្តីពិត ដើម្បីដាស់តឿនមនុស្ស។ គ្រប់ពេលដែលទ្រង់សម្ដែងចេញនូវទិដ្ឋភាពនៃសេចក្តីពិត និស្ស័យពុករលួយ និងការបង្ហាញពីមនុស្សមួយចំនួនត្រូវបានបើកសម្ដែងមិនខាន។ ព្រះជាម្ចាស់ប្រើប្រាស់ការបើកសម្ដែងមុខមាត់ពិតនៃសេចក្តីពុករលួយរបស់មនុស្ស និងការពិនិត្យពិច័យលើពាក្យសម្ដី និងទង្វើរបស់មនុស្ស ដើម្បីសម្ដែងចេញនូវសេចក្តីពិត។ មានតែពេលដែលគ្រប់ទាំងសេចក្តីពិតដ៏ចាំបាច់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សត្រូវបានសម្ដែងចេញដោយផ្ទាល់ ដោយធ្វើឲ្យមនុស្សមានការយល់ដឹង មានបទពិសោធ ចេះដឹង និងត្រូវបានបន្សុទ្ធប៉ុណ្ណោះ ពោលគឺមានតែព្រះបន្ទូលដែលសម្រេចបានប្រសិទ្ធភាពបែបនេះទេ ទើបជាការជំនុំជម្រះដ៏ពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាព្រះបន្ទូលនៃការជំនុំជម្រះ។ បើមិនដូច្នោះទេ វាមិនមែនជាព្រះបន្ទូលនៃការជំនុំជម្រះឡើយ វាគ្រាន់តែជាពាក្យដែលត្រូវបានថ្លែងទៅកាន់មនុស្សជាក់លាក់នៅក្នុងបរិបទនៃកិច្ចការរបស់ព្រះជាម្ចាស់កាលគ្រានោះតែប៉ុណ្ណោះ។

(ដកស្រង់ពី សេចក្ដីអធិប្បាយ និងការប្រកបគ្នាអំពីច្រកចូលទៅក្នុងជីវិត)

ខាង​ដើម៖ ៥. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រលប់មកវិញ ដើម្បីធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ប៉ុន្តែព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ដ្បិតបើខ្ញុំមិនទៅទេ ព្រះដ៏កម្សាន្តចិត្តនឹងមិនយាងមករកអ្នកឡើយ។ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ទ្រង់ឲ្យមករកអ្នក។ ហើយកាលណាព្រះ‌អង្គយាងមក ទ្រង់នឹងស្ដីបន្ទោសពិភពលោកអំពីអំពើបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំ‌ជម្រះ» (យ៉ូហាន ១៦:៧-៨)។ យើងជឿថា ក្រោយការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ព្រះអម្ចាស់យេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកធ្វើការលើមនុស្សក្នុងអំឡុងពេលនៃថ្ងៃបុណ្យទីហាសិប ដោយស្ដីបន្ទោសមនុស្សអំពីអំពើបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។ ដរាបណាយើងសារភាពអំពើបាបរបស់យើង និងប្រែចិត្តទៅកាន់ព្រះអម្ចាស់ យើងនឹងទទួលការស្ដីបន្ទោស និងការប្រៀនប្រដៅពីព្រះវិញ្ញាណបរិសុទ្ធ ហើយនេះជាការជំនុំជម្រះរបស់យើងដោយព្រះអម្ចាស់។ តើវាមានភាពខុសគ្នាអ្វីខ្លះទៅរវាងកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយដែលអ្នកនិយាយ និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ?

បន្ទាប់៖ ៧. អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីសម្អាត និងសង្រ្គោះមនុស្សឲ្យបានទាំងស្រុង ប៉ុន្តែខ្ញុំបានអានព្រះបន្ទូលដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយព្រះបន្ទូលខ្លះហាក់ដូចជាមានលក្ខណៈធ្ងន់ៗ ពោលគឺព្រះបន្ទូលទាំងនោះថ្កោលទោស និងដាក់បណ្ដាសាមនុស្ស។ តើនេះមិនមែនជាការដាក់ទោសមនុស្សទេឬ? តើអាចត្រូវបានហៅថាជាការសម្អាត និងការសង្រ្គោះមនុស្សម្ដេចកើតទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ