ជំពូកទី ៥
នៅពេលព្រះជាម្ចាស់ធ្វើការទាមទារពីមនុស្សដែលពួកគេពិបាកពន្យល់ និងនៅពេលព្រះបន្ទូលរបស់ទ្រង់ចាក់ចូលក្នុងដួងចិត្តមនុស្សដោយផ្ទាល់ ហើយមនុស្សថ្វាយដួងចិត្តដ៏ស្មោះត្រង់របស់ពួកគេជូនទ្រង់ឱ្យបានរីករាយ នោះព្រះជាម្ចាស់ប្រទានឱកាសឱ្យពួកគេសញ្ជឹងគិត ធ្វើសេចក្ដីតាំងចិត្ត និងស្វែងរកផ្លូវសម្រាប់អនុវត្ត។ តាមវិធីនេះ អស់អ្នកដែលជារាស្ត្ររបស់ទ្រង់ ជាថ្មីម្ដងទៀតនឹងក្ដាប់ដៃប្ដេជ្ញាចិត្តថ្វាយខ្លួនទាំងមូលដល់ព្រះជាម្ចាស់។ អ្នកខ្លះប្រហែលជាអាចរៀបចំផែនការ និងបង្កើតកាលវិភាគប្រចាំថ្ងៃ នៅពេលពួកគេត្រៀមប្រមូលផ្ដុំគ្នាខិតខំធ្វើការ ដោយលះបង់កម្លាំងរបស់ពួកគេបន្តិចសម្រាប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីនាំមកនូវសិរីល្អ និងធ្វើឱ្យផែនការទ្រង់ឆាប់ដល់ទីបញ្ចប់។ គ្រាន់តែពេលមនុស្សកំពុងលាក់ពួនចិត្តគំនិតនេះ ដោយទុករឿងទាំងនេះនៅជាប់ក្នុងគំនិតរបស់ពួកគេ នៅពេលពួកគេធ្វើកិច្ចការកំប៉ិកកំប៉ុករបស់ពួកគេ នៅពេលពួកគេនិយាយ និងពេលពួកគេធ្វើការ ព្រះជាម្ចាស់ចាប់ផ្ដើមមានព្រះបន្ទូលម្ដងទៀតថា៖ «ព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ខ្ញុំគឺជាការបង្ហាញពីនិស្ស័យទាំងមូលរបស់ខ្ញុំ។ តើអ្នករាល់គ្នាយល់ឬទេ?» មនុស្សដែលមានការប្ដេជ្ញាចិត្តកាន់តែខ្លាំង ពួកគេនឹងចង់យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយពួកគេនឹងចង់ឱ្យព្រះជាម្ចាស់ធ្វើការទាមទារពីពួកគេកាន់តែស្មោះអស់ពីចិត្ត។ ដោយហេតុនេះហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យមនុស្សនូវអ្វីដែលពួកគេចង់បាន ដោយឆ្លៀតយកឱកាសនេះដើម្បីបញ្ចូលព្រះបន្ទូលរបស់ទ្រង់ដែលបានត្រៀមរួចជាស្រេចជាយូរមកហើយ ទៅដល់ក្រហូងដែលលាក់បាំងជ្រៅបំផុតនៃខ្លួនរបស់ពួកគេ។ ទោះបីជាព្រះបន្ទូលទាំងនេះហាក់ដូចជាគ្រោតគ្រាត ឬគម្រោះគម្រើយបន្តិចក៏ដោយ តែចំពោះមនុស្ស ព្រះបន្ទូលទាំងនេះស្ដាប់ទៅផ្អែមល្ហែមគ្មានអ្វីប្រៀបផ្ទឹមបាន។ ភ្លាមៗនោះ ដួងចិត្តរបស់ពួកគេចម្រើនដោយសេចក្ដីអំណរ ហាក់ដូចជាពួកគេនៅក្នុងស្ថានសួគ៌ ឬក៏ត្រូវបានដឹកទៅកាន់ពិភពមួយទៀត ដែលជាស្ថានសួគ៌ពិតនៅក្នុងការស្រមើស្រមៃ ជាកន្លែងដែលការងារនៃពិភពលោកខាងក្រៅលែងមានឥទ្ធិពលលើមនុស្ស។ ដើម្បីចៀសវាងព្រឹត្តិការណ៍ជាយថាហេតុដែលមនុស្សនឹងនិយាយពីខាងក្រៅ និងធ្វើពីខាងក្រៅ ដូចដែលពួកគេមានទម្លាប់ធ្វើកាលពីមុន ដូច្នេះហើយមិនអាចចាក់ឫសបានត្រឹមត្រូវ នៅពេលសម្រេចបាននូវអ្វីដែលមនុស្សប្រាថ្នាចង់បាននៅក្នុងដួងចិត្តរបស់ពួកគេ ហើយលើសពីនេះ នៅពេលពួកគេរៀបចំទៅធ្វើការដោយភាពរីករាយខ្លាំងនោះ ព្រះជាម្ចាស់នៅតែសម្របសម្រួលរបៀបថ្លែងព្រះបន្ទូលរបស់ទ្រង់ចំពោះផ្លូវចិត្តរបស់ពួកគេ ហើយជាសង្ខេប និងដោយគ្មានការលាក់ទុក ទ្រង់ឆ្លើយបដិសេធរាល់ពិធីអរសប្បាយ និងពិធីសាសនាដែលពួកគេប្រកាន់ទុកនៅក្នុងដួងចិត្តរបស់ពួកគេ។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលថា «តើអ្នករាល់គ្នាពិតជាបានឃើញសារៈសំខាន់ដែលមាននៅក្នុងនេះឬទេ?» មិនថាមុនពេល ឬក្រោយពេលមនុស្សកំណត់ការតាំងចិត្តរបស់ពួកគេទៅលើអ្វីមួយនោះទេ ពួកគេមិនផ្ដល់សារៈសំខាន់ខ្លាំងទៅលើការស្គាល់ព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ទ្រង់ ឬព្រះបន្ទូលរបស់ទ្រង់ឡើយ ប៉ុន្តែចេះតែពិចារណាលើសំណួរទៅវិញ «តើខ្ញុំអាចធ្វើអ្វីខ្លះបានសម្រាប់ព្រះជាម្ចាស់? នេះគឺជាបញ្ហាសំខាន់!» នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មានព្រះបន្ទូលថា «ហើយអ្នករាល់គ្នាថ្លើមធំហ៊ានហៅខ្លួនឯងថាជារាស្ត្ររបស់ខ្ញុំនៅចំពោះមុខខ្ញុំ អ្នករាល់គ្នាមិនទាំងចេះខ្មាសអៀនផង កុំថាឡើយដល់ទៅមានញាណអ្វីនោះ!» នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលទាំងនេះភ្លាម មនុស្សបែរជាដឹងភ្លាម ហើយហាក់ដូចជាត្រូវខ្សែភ្លើងឆក់ ពួកគេប្រញាប់ដកដៃរបស់ពួកគេទៅរកកន្លែងមានសុវត្ថិភាពលើដើមទ្រូងរបស់ពួកគេ ដោយភ័យខ្លាចខ្លាំងថា នឹងធ្វើឱ្យព្រះជាម្ចាស់ក្រោធជាលើកទីពីរ។ បន្ថែមពីលើនេះ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលផងដែរថា «មិនយូរមិនឆាប់ មនុស្សដូចអ្នករាល់គ្នានឹងត្រូវផាត់ចោលពីព្រះដំណាក់របស់ខ្ញុំ! កុំប្រើល្បិចទាហានចាស់ជាមួយខ្ញុំ ដោយស្មានថាអ្នករាល់គ្នាបានប្រកាន់ខ្ជាប់នូវទីបន្ទាល់សម្រាប់ខ្ញុំ!» ស្ដាប់ឮព្រះបន្ទូលដូចនេះ មនុស្សកាន់តែខ្លាច ហាក់ដូចជាពួកគេបានជួបតោអ៊ីចឹង។ ពួកគេដឹងច្បាស់ណាស់ក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេមិនចង់ឱ្យសត្វតោស៊ីពួកគេទេ រីឯម្យ៉ាងវិញទៀត ពួកគេមិនដឹងថា ត្រូវរត់គេចយ៉ាងដូចម្ដេចទេ។ នៅចំពេលនេះ ផែនការនៅខាងក្នុងដួងចិត្តរបស់មនុស្សបាត់គ្មានសល់ដានអ្វីទាល់តែសោះ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ហាក់ដូចជាខ្ញុំអាចមើលឃើញគ្រប់ទិដ្ឋភាពនីមួយៗនៃភាពអាម៉ាស់របស់មនុស្ស៖ ក្បាលឱនចុះ និងអាកប្បកិរិយាអឹមអៀន ដូចជាបេក្ខជនដែលបានធ្លាក់ការប្រលងចូលមហាវិទ្យាល័យ ដោយមានឧត្តមគតិខ្ពស់ គ្រួសាររីករាយ អនាគតភ្លឺស្វាងបែបនេះ ជាដើម ។ល។ រួមជាមួយទំនើបកម្មទាំងបួនត្រឹមឆ្នាំ ២ ០០០ ទាំងអស់បានប្រែក្លាយទៅជាសម្ដីដែលគ្មានខ្លឹមសារតែប៉ុណ្ណោះ ដែលបង្កើតបានជាសេណារីយ៉ូស្រមើស្រមៃនៅក្នុងរឿងប្រឌិតបែបវិទ្យាសាស្ត្រ។ នេះគឺដើម្បីផ្លាស់ប្ដូរធាតុអកម្មទៅជាធាតុសកម្ម ដែលធ្វើឱ្យមនុស្សស្ថិតក្នុងភាពអកម្មរបស់ពួកគេក្រោកឈរឡើងនៅក្នុងតំណែងដែលព្រះជាម្ចាស់បានកំណត់ឱ្យពួកគេ។ អ្វីដែលសំខាន់មិនធម្មតានោះគឺថា ការពិតមនុស្សភ័យខ្លាចបាត់បង់តំណែងនេះយ៉ាងខ្លាំង។ ដូចនេះ ពួកគេប្រកាន់ខ្ជាប់ស្លាកសម្គាល់ការងារផ្ទាល់ខ្លួនរបស់ពួកគេដើម្បីរក្សាជីវិត ដោយភ័យខ្លាចយ៉ាងខ្លាំងថា មាននរណាម្នាក់អាចនឹងព្យាយាមដកយកពួកវាទៅ។ នៅពេលមនុស្សស្ថិតនៅក្នុងគំនិតបែបនេះ ព្រះជាម្ចាស់មិនបារម្ភថា មនុស្សនឹងក្លាយជាអកម្មទេ ដូច្នេះទ្រង់ផ្លាស់ប្ដូរព្រះបន្ទូលជំនុំជម្រះទៅជាព្រះបន្ទូលចោទសួរវិញ។ ទ្រង់មិនត្រឹមតែប្រទានឱកាសឱ្យមនុស្សសម្រាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ប្រទានឱកាសឱ្យពួកគេទទួលសេចក្ដីប្រាថ្នាដែលពួកគេមានមុនពេលនេះ ព្រមទាំងតម្រៀបពួកវាសម្រាប់ជាសេចក្ដីសំអាងនាពេលអនាគតផងដែរ៖ អ្វីមួយដែលមិនសមស្របអាចត្រូវបានកែប្រែ។ នេះក៏ព្រោះតែព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅឡើយ នេះគឺជាចំណែកមួយនៃជោគវាសនាល្អនៅក្នុងគ្រោះកាចដ៏ខ្លាំងក្លា ហើយលើសពីនេះ ទ្រង់មិនផ្ដន្ទាទោសពួកគេទេ។ ដូច្នេះខ្ញុំសូមបន្តថ្វាយភក្ដីភាពទាំងអស់របស់ខ្ញុំដល់ទ្រង់!
បន្ទាប់មកទៀត អ្នកមិនត្រូវទុកចោលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសារតែការភ័យខ្លាចរបស់អ្នកឡើយ។ សូមក្រឡេកមើលចុះ តើព្រះជាម្ចាស់មានការទាមទារថ្មីឬអត់។ ប្រាកដណាស់ អ្នកនឹងរកឃើញការទាមទារមួយដូចនេះ៖ «ចាប់ពីពេលនេះតទៅ នៅក្នុងរបស់សព្វសារពើ អ្នកត្រូវតែចូលទៅក្នុងភាពជាក់ស្តែងនៃការអនុវត្ត បើគ្រាន់តែនិយាយខ្ជិលៗដូចដែលអ្នកបានធ្វើកាលពីមុន នោះអ្នកនឹងលែងទៅរួចទៀតហើយ»។ ត្រង់នេះនៅតែបង្ហាញឱ្យឃើញនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់តែងតែការពារបន្ទាល់របស់ទ្រង់ផ្ទាល់ ហើយនៅពេលការពិតនៃព្រះបន្ទូលកាលពីមុនបានមកដល់ទីបញ្ចប់ហើយ គ្មាននរណាម្នាក់អាចវាស់ស្ទង់ចំណេះដឹងអំពី «ភាពជាក់ស្តែងនៃការអនុវត្ត» ឡើយ។ នេះគឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ពីសេចក្ដីពិតនៃអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូល៖ «ខ្ញុំធ្វើកិច្ចការនេះដោយអង្គខ្ញុំ»។ វាមានទាក់ទងជាមួយអត្ថន័យពិតនៃកិច្ចការក្នុងភាពជាព្រះ និងជាមួយមូលហេតុដែលថា មនុស្សជាតិ បន្ទាប់ពីបានឈានដល់ចំណុចចាប់ផ្ដើមថ្មីមួយ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចវាស់ស្ទង់អត្ថន័យពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដដែល។ នេះក៏ព្រោះតែ កាលពីមុន មនុស្សភាគច្រើនខ្លាំងណាស់បានប្រកាន់ខ្ជាប់នឹងភាពជាក់ស្តែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈដែលសព្វថ្ងៃនេះ ពួកគេមិនមានតម្រុយណាមួយអំពីភាពជាក់ស្ដែងនៃការអនុវត្តនោះទេ គ្រាន់តែយល់ដឹងពីទិដ្ឋភាពខាងក្រៅនៃព្រះបន្ទូលទាំងនេះប៉ុណ្ណោះ ប៉ុន្ដែមិនមែនជាសារជាតិនៃព្រះបន្ទូលនោះទេ។ សំខាន់ជាងនេះទៅទៀតនោះគឺ ដោយសារតែសព្វថ្ងៃនេះ នៅក្នុងការកសាងនគរព្រះ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យបង្កការរំខានឡើយ ក្រៅតែពីធ្វើតាមព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ដូចជាមនុស្សយន្តប៉ុណ្ណោះ។ ចូរចងចាំចំណុចនេះឱ្យបានល្អ! រាល់ពេលដែលព្រះជាម្ចាស់លើកពីរឿងអតីតកាល ទ្រង់ចាប់ផ្ដើមមានព្រះបន្ទូលអំពីស្ថានភាពជាក់ស្ដែងនាពេលសព្វថ្ងៃនេះ។ នេះគឺជាទម្រង់នៃការថ្លែងព្រះបន្ទូលដែលបង្កើតភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងអ្វីដែលមកមុន និងអ្វីដែលមកក្រោយ ហើយដោយហេតុនេះហើយ ទើបអាចទទួលបានផ្លែផ្កាកាន់តែច្រើន ដែលធ្វើឱ្យមនុស្សអាចប្រៀបធៀបគ្នារវាងបច្ចុប្បន្នកាល និងអតីតកាល ហើយតាមវិធីនេះ ចៀសវាងបាននូវការយល់ច្រឡំរវាងរឿងទាំងពីរកាល។ នេះគឺជាផ្នែកមួយនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងដែលមានគោលបំណងសម្រេចបានផ្លែផ្កាពីកិច្ចការ។ បន្ទាប់ពីនេះ ព្រះជាម្ចាស់បើកសម្ដែងឱ្យដឹងជាថ្មីម្ដងទៀតអំពីភាពអាក្រក់របស់មនុស្ស ដើម្បីឱ្យមនុស្សកុំភ្លេចហូប និងផឹកព្រះបន្ទូលរបស់ទ្រង់រៀងរាល់ថ្ងៃ ហើយសំខាន់ជាងនេះទៅទៀតនោះគឺ ដើម្បីឱ្យពួកគេស្គាល់ខ្លួនឯង និងយករឿងនេះជាមេរៀនដែលពួកគេត្រូវរៀនរាល់ថ្ងៃ។
បន្ទាប់ពីមានព្រះបន្ទូលទាំងនេះហើយ ព្រះជាម្ចាស់សម្រេចបានផលតាមគោលបំណងដើមរបស់ទ្រង់។ ដូច្នេះហើយ ដោយមិនខ្វល់ច្រើនទៀតថាតើមនុស្សបានយល់ពីទ្រង់ឬអត់នោះទេ ទ្រង់ក៏សង្ខេបរឿងនេះត្រឹមពីរបីប្រយោគ ដោយសារកិច្ចការរបស់សាតាំងគ្មានអ្វីពាក់ព័ន្ធជាមួយមនុស្ស ទើបមនុស្សគ្មានតម្រុយអំពីការនេះឡើយ។ ឥឡូវនេះ ដោយទុកចោលពិភពនៃវិញ្ញាណសិន សូមពិនិត្យមើលបន្ថែមទៀតអំពីរបៀបដែលព្រះជាម្ចាស់ធ្វើការទាមទារពីមនុស្ស៖ «ខ្ញុំសម្រាកក្នុងទីលំនៅរបស់ខ្ញុំ ហើយឃ្លាំមើលយ៉ាងដិតដល់៖ មនុស្សទាំងអស់នៅលើផែនដីញាប់ដៃញាប់ជើង 'ធ្វើដំណើរជុំវិញពិភពលោក' និងប្រញាប់ប្រញាល់ទៅមក សុទ្ធតែសម្រាប់ជាប្រយោជន៍ដល់ជោគវាសនា និងអនាគតរបស់ពួកគេ។ តែទោះយ៉ាងនេះក្ដី គ្មានឡើយ សូម្បីតែមួយនាក់ដែលមានថាមពលអាចប្រើបានសម្រាប់កសាងនគររបស់ខ្ញុំ ហើយសូម្បីតែការប្រឹងប្រែងក្នុងការដកដង្ហើមក៏មិនមានស្មើដែរ»។ បន្ទាប់ពីផ្លាស់ប្ដូរការកំប្លែងទាំងនេះជាមួយមនុស្សហើយ ព្រះជាម្ចាស់នៅតែព្រងើយកន្តើយដាក់ពួកគេ ប៉ុន្តែបន្តមានព្រះបន្ទូលចេញពីទស្សនៈរបស់ព្រះវិញ្ញាណ ហើយតាមរយៈព្រះបន្ទូលទាំងនេះ បើកសម្ដែងឱ្យដឹងពីស្ថានភាពទូទៅនៃជីវិតរបស់ពូជមនុស្សទាំងអស់។ តាមរយៈការ «ធ្វើដំណើរជុំវិញពិភពលោក» និងការ «ប្រញាប់ប្រញាល់ទៅមក» គេឃើញច្បាស់ថា ជីវិតមនុស្សគ្មានខ្លឹមសារអ្វីទាល់តែសោះ។ បើមិនដោយសារសេចក្ដីសង្គ្រោះដ៏មានសព្វានុភាពរបស់ព្រះជាម្ចាស់ទេ ហើយជាពិសេសបើមិនដោយសារអស់អ្នកដែលបានកើតមកក្នុងគ្រួសារធំដែលកំពុងរួញតូចទៅនៃខ្សែស្រឡាយអធិរាជនៃប្រទេសចិនទេនោះ ម្ល៉េះសមប្រជាជននឹងកាន់តែងាយរស់នៅពេញមួយជីវិតដោយឥតប្រយោជន៍ ហើយពួកគេមុខជាធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង ឬនរក ជាជាងមកកាន់ពិភពលោកនេះ។ នៅក្រោមការត្រួតត្រារបស់នាគដ៏ធំមានសម្បុរក្រហម ពួកគេបានប្រមាថព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហេតុដូច្នេះហើយ ជាធម្មជាតិ ពួកគេបានធ្លាក់ក្រោមការវាយផ្ចាលរបស់ព្រះជាម្ចាស់ដោយពុំដឹងខ្លួន។ ដោយហេតុនេះហើយទើបព្រះជាម្ចាស់យកពាក្យ «បានរំដោះ» និងពាក្យ «អកតញ្ញូ» មកដាក់ទល់មុខគ្នាដើម្បីឱ្យមនុស្សអាចនឹងស្គាល់ខ្លួនឯងច្បាស់ជាងមុន ដោយកើតចេញពីការនេះនូវរបស់បន្ទាប់បន្សំតបនឹងព្រះគុណរបស់ទ្រង់ក្នុងការសង្គ្រោះ។ តើនេះមិនបង្កើតបានជាលទ្ធផលដែលកាន់តែមានប្រសិទ្ធភាពទេឬ? ពិតមែនហើយ វាដំណើរការទៅដោយមិនចាំបាច់ឱ្យខ្ញុំត្រូវនិយាយច្បាស់ៗទេថា តាមរយៈខ្លឹមសារនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ មនុស្សអាចសន្និដ្ឋានបានថាមានធាតុនៃការស្ដីបន្ទោស ធាតុនៃសេចក្ដីសង្គ្រោះ និងសេចក្ដីអំពាវនាវ រួមទាំងការបង្ហាញភាពសោកសៅតិចតួច។ ដោយអានព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមមានអារម្មណ៍ភិតភ័យដោយមិនដឹងខ្លួន និងមិនអាចជួយអ្វីបានក្រៅតែពីស្រក់ទឹកភ្នែកប៉ុណ្ណោះ...។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នឹងមិនត្រូវបានទប់ស្កាត់ដោយសារអារម្មណ៍ទុក្ខព្រួយបន្តិចបន្តួច ហើយទ្រង់ក៏នឹងមិនបោះបង់ចោលកិច្ចការរបស់ទ្រង់ក្នុងការប្រៀនប្រដៅរាស្ត្ររបស់ទ្រង់ និងធ្វើការទាមទារពីពួកគេ ដោយសារតែសេចក្ដីពុករលួយរបស់ពូជមនុស្សទាំងមូលនោះដែរ។ ដោយហេតុនេះ ប្រធានបទរបស់ទ្រង់ប៉ះជាប់ភ្លាមនឹងស្ថានភាពដូចសព្វថ្ងៃនេះ ហើយលើសពីនេះទៀត ទ្រង់ប្រកាសប្រាប់មនុស្សអំពីឫទ្ធានុភាពនៃបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ ដើម្បីឱ្យផែនការរបស់ទ្រង់នឹងបន្តរីកចម្រើន។ ដូច្នេះហើយ ដោយស្វែងយល់បន្ថែមអំពីការនេះជាមួយនឹងល្បឿនខ្ពស់បំផុត និងការដំដែកស្របពេលដែលដែកនៅក្ដៅ ព្រះជាម្ចាស់នៅដំណាក់កាលដ៏សំខាន់នេះប្រកាសឱ្យប្រើធម្មនុញ្ញសម្រាប់សម័យកាលនានា ជាធម្មនុញ្ញមួយដែលមនុស្សត្រូវតែអានដោយយកចិត្តទុកដាក់លើរាល់ខនីមួយៗ មុនពេលពួកគេអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មិនចាំបាច់ស្វែងយល់ពីរឿងនេះឱ្យជ្រៅជាងនេះទេ ឥឡូវនេះ មនុស្សគ្រាន់តែអានដោយយកចិត្តទុកដាក់ទៅបានហើយ។
សព្វថ្ងៃនេះ មានតែអ្នករាល់គ្នា ជាក្រុមមនុស្សដែលនៅទីនេះ ប៉ុណ្ណោះ គឺជាអ្នកដែលអាចមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដ។ ទោះបីជាដូច្នេះក្ដី ចំពោះការស្គាល់ព្រះជាម្ចាស់ មនុស្សនាពេលសព្វថ្ងៃនេះអន់ជាងមនុស្សរាល់គ្នានៅក្នុងយុគសម័យមុនៗឆ្ងាយណាស់។ ការនេះបញ្ជាក់បានច្បាស់គ្រប់គ្រាន់អំពីការប្រឹងប្រែងរបស់សាតាំងទៅលើមនុស្សអស់ពេលរាប់ពាន់ឆ្នាំមកនេះ ក៏ដូចជាកម្រិតដែលវាបានធ្វើឱ្យមនុស្សពុករលួយ ជាកម្រិតមួយដ៏ច្រើនដែលទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលច្រើនយ៉ាងណាក៏ដោយ ក៏មនុស្សនៅតែមិនយល់ និងមិនស្គាល់ទ្រង់ដែរ ប៉ុន្តែផ្ទុយទៅវិញ បែរជាហ៊ានក្រោកឡើងប្រឆាំងនឹងទ្រង់ជាសាធារណៈទៀតផង។ ដូច្នេះហើយ ព្រះជាម្ចាស់ជាញឹកញាប់លើកឡើងពីមនុស្សនៅយុគសម័យមុនៗជាការប្រៀបធៀបសម្រាប់មនុស្សនាពេលសព្វថ្ងៃនេះ ដើម្បីផ្ដល់ឱ្យមនុស្សជាន់ក្រោយ ដែលមិនដឹងខ្យល់ និងល្ងង់ដូចពួកគេនេះ នូវចំណុចសំអាងជាក់ស្តែង។ ដោយសារតែមនុស្សមិនស្គាល់ព្រះជាម្ចាស់ និងដោយសារតែពួកគេខ្វះសេចក្ដីជំនឿពិតប្រាកដលើទ្រង់ ទើបព្រះជាម្ចាស់បានកាត់សេចក្ដីថា មនុស្សខ្វះគុណសម្បត្តិ និងហេតុផល។ ហេតុដូច្នេះហើយ ទើបទ្រង់បង្ហាញសេចក្ដីត្រាប្រណី និងផ្ដល់សេចក្ដីសង្គ្រោះដល់ពួកគេម្ដងហើយម្ដងទៀត។ ចម្បាំងមួយត្រូវបានប្រយុទ្ធនៅតាមខ្សែបន្ទាត់ទាំងនេះក្នុងពិភពនៃវិញ្ញាណ៖ វាជាក្ដីសង្ឃឹមឥតប្រយោជន៍របស់សាតាំងក្នុងការធ្វើឱ្យមនុស្សពុករលួយដល់កម្រិតជាក់លាក់មួយ ធ្វើឱ្យពិភពលោកស្អុយ និងអាក្រក់ ហើយអូសមនុស្សចុះទៅក្នុងភក់ជាមួយវា និងបំផ្លាញផែនការរបស់ព្រះជាម្ចាស់។ តែទោះជាយ៉ាងណា ផែនការរបស់ព្រះជាម្ចាស់មិនមែនដើម្បីធ្វើឱ្យមនុស្សទាំងអស់ទៅជាមនុស្សដែលស្គាល់ទ្រង់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការជ្រើសរើសមួយផ្នែកដើម្បីតំណាងឱ្យទាំងអស់ ដោយទុកឱ្យអ្នកផ្សេងទៀតធ្វើជាផលិតផលសំណល់ ជាទំនិញខូចគុណភាពដែលត្រូវបោះចោលទៅលើគំនរសំរាម។ ដូច្នេះ ទោះបីជាតាមទស្សនៈរបស់សាតាំង ការកាន់កាប់មនុស្សពីរបីនាក់អាចហាក់ដូចជាឱកាសដ៏ល្អឥតខ្ចោះក្នុងការបំផ្លាញផែនការរបស់ព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែតើមនុស្សល្ងីល្ងើដូចសាតាំងនេះអាចដឹងអ្វីខ្លះពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅ? នេះជាហេតុផលដែលព្រះជាម្ចាស់មានព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា «ខ្ញុំបានគ្របបាំងមុខរបស់ខ្ញុំដើម្បីចៀសពីការមើលពិភពលោកនេះ»។ យើងដឹងតិចតួចអំពីរឿងនេះ ហើយព្រះជាម្ចាស់មិនទាមទារឱ្យមនុស្សអាចធ្វើបានគ្រប់យ៉ាងនោះទេ ផ្ទុយទៅវិញ ទ្រង់ចង់ឱ្យពួកគេដឹងថា អ្វីៗដែលទ្រង់ធ្វើមានលក្ខណៈអស្ចារ្យ និងមិនអាចវាស់ស្ទង់បាន ហើយឱ្យពួកគេគោរពទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ បើដូចមនុស្សស្រមៃថា ព្រះជាម្ចាស់នឹងវាយផ្ចាលពួកគេដោយមិនខ្វល់ពីកាលៈទេសៈ នោះពិភពលោកទាំងមូលនឹងត្រូវវិនាសតាំងពីយូរណាស់មកហើយ។ តើនេះនឹងមិនស្មើការធ្លាក់ចូលទៅក្នុងអន្ទាក់របស់សាតាំងទេឬ? ដូច្នេះហើយ ព្រះជាម្ចាស់គ្រាន់តែប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីទទួលបានផ្លែផ្កាដែលទ្រង់មាននៅក្នុងព្រះហឫទ័យប៉ុណ្ណោះ ប៉ុន្តែកម្រមានការមកដល់នៃការពិតណាស់។ តើនេះមិនមែនជាឧទាហរណ៍អំពីព្រះបន្ទូលរបស់ទ្រង់ទេឬ «ប្រសិនបើខ្ញុំមិនបានយោគយល់ដល់ការខ្វះលក្ខណៈសម្បត្តិ ហេតុផល និងការយល់ដឹងជ្រៅជ្រះរបស់អ្នករាល់គ្នាទេ នោះអ្នកទាំងអស់គ្នានឹងវិនាសនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ដោយត្រូវលប់ចេញពីអត្ថិភាពបាត់អស់ទៅហើយ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងនៅតែអត់ឱនដល់មនុស្សជាតិរហូតដល់ពេលកិច្ចការរបស់ខ្ញុំនៅលើផែនដីត្រូវបានបញ្ចប់»?