ជំពូកទី ៦

មនុស្សស្រឡាំងកាំងនៅពេលពួកគេអានព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពួកគេគិតថា ព្រះជាម្ចាស់បានធ្វើអំពើដ៏អស្ចារ្យនៅក្នុងពិភពខាងវិញ្ញាណ ដែលមនុស្សគ្មានសមត្ថភាពធ្វើបានទេ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គត្រូវតែទទួលជោគជ័យដោយព្រះអង្គឯងផ្ទាល់។ ដូច្នេះ ជាថ្មីម្ដងទៀត ព្រះជាម្ចាស់មានព្រះបន្ទូលអំពីសេចក្ដីត្រាប្រណីចំពោះមនុស្សជាតិ។ ពួកគេមានទំនាស់នៅក្នុងដួងចិត្តរបស់ពួកគេថា៖ «ព្រះជាម្ចាស់មិនមែនជាព្រះជាម្ចាស់នៃសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់ទេ ទ្រង់គឺជាព្រះជាម្ចាស់ដែលវាយទម្លាក់មនុស្សតែប៉ុណ្ណោះ។ ហេតុអ្វីបានជាទ្រង់ត្រាប្រណីចំពោះយើង? តើវាអាចទៅរួចទេដែលព្រះជាម្ចាស់បានប្ដូរទៅវិធីសាស្ត្រនេះម្ដងទៀតនោះ?» នៅពេលសញ្ញាណទាំងនេះ គំនិតទាំងនេះ ចូលទៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេព្យាយាមខ្លាំងបំផុតដើម្បីតស៊ូប្រឆាំងនឹងពួកវា។ ប៉ុន្តែបន្ទាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ដំណើរការអស់មួយរយៈ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដ៏អស្ចារ្យនៅក្នុងក្រុមជំនុំ ហើយមនុស្សគ្រប់គ្នាចាប់ផ្ដើមបំពេញមុខងាររបស់ខ្លួន មនុស្សទាំងអស់ចូលទៅក្នុងវិធីសាស្ត្ររបស់ព្រះជាម្ចាស់ ដ្បិតគ្មាននរណាម្នាក់ឃើញថាមានភាពមិនគ្រប់លក្ខណ៍នៅក្នុងអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើនោះទេ។ អំពីជំហានបន្ទាប់របស់ព្រះជាម្ចាស់ជាអ្វីឱ្យជាក់លាក់នោះ គ្មាននរណាម្នាក់មានប្រផ្នូលដឹងបន្តិចសោះ។ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «គ្រប់យ៉ាងនៅក្រោមស្ថានសួគ៌ តើអ្នកណាទៅដែលមិនស្ថិតក្នុងព្រះហស្តរបស់ខ្ញុំ? តើអ្នកណាទៅដែលមិនធ្វើតាមការណែនាំរបស់ខ្ញុំ?» ទោះយ៉ាងណា ខ្ញុំឱ្យដំបូន្មានខ្លះៗដល់អ្នកថា៖ ចំពោះបញ្ហាដែលអ្នកមិនច្បាស់ អ្នកម្នាក់ៗមិនត្រូវនិយាយ ឬធ្វើអ្វីមួយឡើយ។ ខ្ញុំមានព្រះបន្ទូលនេះមិនមែនដើម្បីបំបាក់នូវភាពរីករាយរបស់អ្នកទេ ប៉ុន្តែដើម្បីឱ្យអ្នកធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់អ្នក។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនគួរបាត់បង់ទឹកចិត្ត ឬក្លាយជាសង្ស័យដោយសារតែការលើកឡើងរបស់ខ្ញុំអំពី «ភាពមិនគ្រប់លក្ខណ៍» ឡើយ គោលបំណងរបស់ខ្ញុំជាចម្បងគឺរំឭកអ្នកឱ្យយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សស្រឡាំងកាំងម្ដងទៀតនៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «ចូរឆាប់យល់ដឹងចំពោះបញ្ហាខាងវិញ្ញាណ ចូរយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ ហើយចូរមានសមត្ថភាពពិតប្រាកដក្នុងការគោរពព្រះវិញ្ញាណរបស់ខ្ញុំ និងលក្ខណៈរបស់ខ្ញុំ ក៏ដូចជាព្រះបន្ទូលរបស់ខ្ញុំ និងលក្ខណៈរបស់ខ្ញុំ ជាលក្ខណៈទាំងមូលដែលមិនអាចញែកចេញពីគ្នាបាន ដើម្បីឱ្យមនុស្សទាំងអស់អាចបំពេញព្រះហឫទ័យរបស់ខ្ញុំនៅចំពោះព្រះភក្ត្ររបស់ខ្ញុំបាន»។ ម្សិលម៉ិញ ពួកគេបានអានព្រះបន្ទូលអំពីការព្រមាន ព្រះបន្ទូលអំពីសេចក្ដីត្រាប្រណីរបស់ព្រះជាម្ចាស់ ប៉ុន្តែថ្ងៃនេះ ព្រះជាម្ចាស់បែរជាមានព្រះបន្ទូលអំពីបញ្ហាខាងវិញ្ញាណទៅវិញ។ តើមានអ្វីកើតឡើង? ហេតុអ្វីបានជាព្រះជាម្ចាស់ចេះតែផ្លាស់ប្ដូរវិធីសាស្ត្រដែលទ្រង់មានព្រះបន្ទូលដូច្នេះ? ហេតុអ្វីបានជាទាំងអស់នេះត្រូវបានចាត់ទុកថាជាវត្ថុទាំងមូលដែលមិនអាចញែកចេញពីគ្នាបាន? តើវាអាចទៅរួចទេដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានលក្ខណៈជាក់ស្ដែង? បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់ គេរកឃើញថា នៅពេលសាច់ឈាមរបស់ព្រះជាម្ចាស់ និងព្រះវិញ្ញាណរបស់ទ្រង់ត្រូវបានញែកចេញពីគ្នា សាច់ឈាមក្លាយជារូបកាយដែលមានលក្ខណៈជាសាច់ឈាម ដែលមនុស្សហៅថាសាកសពដើរ។ សាច់ឈាមដែលយកកំណើតជាមនុស្សគឺមកពីព្រះវិញ្ញាណ៖ ទ្រង់គឺជាតំណាងនៃព្រះវិញ្ញាណ ព្រះបន្ទូលត្រឡប់ជាសាច់ឈាម។ អាចនិយាយម៉្យាងទៀតបានថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គរស់នៅក្នុង សាច់ឈាម។ នេះគឺជាភាពធ្ងន់ធ្ងរនៃការញែកព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចេញពីលក្ខណៈរបស់ទ្រង់។ ដោយហេតុនេះហើយ ទោះបីជាទ្រង់ត្រូវបានហៅថាជាមនុស្សក្ដី ក៏ទ្រង់មិនមែនជាមនុស្សជាតិដែរ។ ទ្រង់គ្មានគុណលក្ខណៈរបស់មនុស្សទេ ទ្រង់ជាលក្ខណៈរបស់ព្រះជាម្ចាស់ដែលព្រះជាម្ចាស់គ្រងជាសម្លៀកបំពាក់លើព្រះអង្គឯង ជាលក្ខណៈដែលព្រះជាម្ចាស់អនុម័ត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងដោយផ្ទាល់ក្នុងសាច់ឈាម ជាងនេះទៅទៀត ការនេះបង្ហាញថា ព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម និងជាព្រះដ៏ជាក់ស្ដែងជាង ដែលដូច្នេះបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ និងការបញ្ចប់យុគសម័យបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់។ ក្រោយពេលមានបន្ទូលប្រាប់មនុស្សអំពីផ្លូវទៅស្គាល់ព្រះជាម្ចាស់រួចមក ព្រះជាម្ចាស់ប្ដូរប្រធានបទម្ដងទៀត ដោយងាកទៅជ្រុងម្ខាងទៀតនៃបញ្ហា។

«ខ្ញុំបានដាក់ព្រះបាទលើរបស់សព្វសារពើដែលមាន ខ្ញុំបានឃ្លាំមើលទូទាំងសកលលោកដ៏ធំល្វឹងល្វើយនេះ ហើយខ្ញុំបានយាត្រានៅក្នុងចំណោមមនុស្សទាំងអស់ ដោយបានភ្លក់រស់ជាតិទាំងផ្អែមនិងល្វីងនៅក្នុងចំណោមមនុស្ស»។ ទោះបីជាសាមញ្ញ ប៉ុន្តែមនុស្សជាតិមិនងាយយល់ពីព្រះបន្ទូលទាំងនេះទេ។ ប្រធានបទបានផ្លាស់ប្ដូរ ប៉ុន្តែជារួម វានៅតែដដែល៖ វានៅតែអាចឱ្យមនុស្សស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់ បានភ្លក់រស់ជាតិទាំងផ្អែមនិងល្វីងនៅក្នុងចំណោមមនុស្ស? ហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលថា ទ្រង់បានយាត្រានៅក្នុងចំណោមមនុស្សទាំងអស់? ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណ ហើយទ្រង់ក៏ជាអង្គកាយដែលយកកំណើតជាមនុស្សផងដែរ។ ដោយមិនបាន ជាប់ក្នុងដែនកំណត់នៃលក្ខណៈដែលយកកំណើតជាមនុស្ស ព្រះវិញ្ញាណអាចបានដាក់ព្រះបាទលើរបស់សព្វសារពើដែលមាន ព្រះវិញ្ញាណអាចឃ្លាំមើលទូទាំងសកលលោកដ៏ធំល្វឹងល្វើយ ដែលបង្ហាញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំពេញចក្រវាឡទាំងអស់ ទ្រង់គ្របដណ្ដប់ផែនដីពីប៉ូលម្ខាងទៅប៉ូលម្ខាងទៀត គ្មានអ្វីដែលមិនស្ថិតក្រោមការរៀបចំដោយព្រះហស្តរបស់ព្រះជាម្ចាស់នោះទេ ហើយគ្មានកន្លែងណាដែលអាចមិនឃើញស្នាមព្រះបាទរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីជាព្រះវិញ្ញាណបានត្រឡប់ជាសាច់ឈាម និងបានកើតជាមនុស្សក៏ដោយ ក៏អត្ថិភាពនៃព្រះវិញ្ញាណមិនបដិសេធនូវសេចក្ដីត្រូវការទាំងអស់របស់មនុស្សឡើយ។ លក្ខណៈរបស់ព្រះជាម្ចាស់ សោយ គ្រងសម្លៀកបំពាក់ព្រះអង្គឯង ផ្ទំ និងរស់នៅដូចធម្មតា ហើយទ្រង់ធ្វើអ្វីដែលមនុស្សគួរតែធ្វើដូចធម្មតា។ ប៉ុន្តែ ដោយសារតែសារជាតិខាងក្នុងរបស់ទ្រង់ខុសគេ ទ្រង់មិនដូច «មនុស្ស» ដែលគេនិយាយនោះទេ។ ហើយទោះបីជាទ្រង់រងទុក្ខក្នុងចំណោមមនុស្សជាតិក៏ដោយ ក៏ទ្រង់មិនបោះបង់ចោលព្រះវិញ្ញាណដោយសារតែការរងទុក្ខនេះដែរ។ ទោះបីជាទ្រង់ទទួលបានព្រះពរក៏ដោយ ក៏ទ្រង់មិនភ្លេចព្រះវិញ្ញាណដោយសារតែព្រះពរទាំងនេះដែរ។ ព្រះវិញ្ញាណ និងលក្ខណៈរបស់ព្រះជាម្ចាស់ធ្វើការដោយសុខដុមស្ងៀមស្ងាត់។ ព្រះវិញ្ញាណ និងលក្ខណៈរបស់ព្រះជាម្ចាស់មិនអាចបែកបាក់គ្នាទេ ហើយក៏មិនដែលបែកបាក់គ្នាដែរ ដ្បិតលក្ខណៈរបស់ព្រះជាម្ចាស់គឺជាតំណាងនៃព្រះវិញ្ញាណ ទ្រង់មកពីព្រះវិញ្ញាណ ទើបព្រះវិញ្ញាណមានរូបអង្គ។ ដូច្នេះហើយ ភាពល្អលើសលប់មិនអាចទៅរួចទេសម្រាប់ព្រះវិញ្ញាណក្នុងភាពជាសាច់ឈាមនោះ ពោលគឺព្រះវិញ្ញាណគ្មានសមត្ថភាពដូចវត្ថុអធិធម្មជាតិនោះទេ និយាយឱ្យចំគឺថា ព្រះវិញ្ញាណមិនអាចចាកចេញពីរូបកាយបានឡើយ។ ប្រសិនបើទ្រង់ត្រូវចាកចេញពីរូបកាយសាច់ឈាម នោះការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងបាត់បង់អត្ថន័យទាំងអស់។ មានតែនៅពេលដែលព្រះវិញ្ញាណត្រូវបានសម្ដែងចេញទាំងស្រុងនៅក្នុងរូបកាយប៉ុណ្ណោះ ទើបមនុស្សអាចស្គាល់ព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គ ហើយមានតែពេលនោះទេទើបបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងសម្រេចបាន។ មានតែក្រោយពេលដែលណែនាំដាច់ដោយឡែកអំពីរូបកាយសាច់ឈាម និងព្រះវិញ្ញាណដល់មនុស្សទេ ទើបព្រះជាម្ចាស់ចង្អុលបង្ហាញនូវភាពខ្វាក់ និងការមិនស្ដាប់បង្គាប់របស់មនុស្ស៖ «ប៉ុន្តែគ្មានមនុស្សណាម្នាក់បានស្គាល់ខ្ញុំពិតប្រាកដឡើយ ហើយក៏គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នឹងខ្ញុំក្នុងអំឡុងពេលខ្ញុំធ្វើដំណើរដែរ»។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលថា ទ្រង់លាក់ព្រះកាយនៅក្នុងរូបកាយសាច់ឈាម មិនដែលធ្វើអ្វីមួយបែបអធិធម្មជាតិឱ្យមនុស្សឃើញទេ មួយវិញទៀត ទ្រង់ត្អូញត្អែរថា មនុស្សមិនស្គាល់ទ្រង់ទេ។ មិនមានភាពផ្ទុយគ្នានៅក្នុងរឿងនេះទេ។ តាមពិត តាមទស្សនៈដ៏លម្អិត វាមិនពិបាកទេក្នុងការមើលឃើញថា ព្រះជាម្ចាស់សម្រេចគោលបំណងរបស់ទ្រង់ពីជ្រុងទាំងពីរនេះ។ ប្រសិនបើព្រះជាម្ចាស់ត្រូវបង្ហាញទីសម្គាល់ និងការអស្ចារ្យបែបអធិធម្មជាតិ នោះទ្រង់នឹងមិនចាំបាច់ធ្វើកិច្ចការដ៏អស្ចារ្យនោះទេ។ ទ្រង់គ្រាន់តែដាក់បណ្ដាសាមនុស្សឱ្យស្លាប់ដោយព្រះឱស្ឋផ្ទាល់របស់ទ្រង់ នោះពួកគេនឹងស្លាប់ភ្លាម ដូច្នេះហើយមនុស្សទាំងអស់នឹងជឿជាក់ ប៉ុន្តែការនេះមិនសម្រេចបាននូវគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការត្រឡប់ជាសាច់ឈាមនោះទេ។ ប្រសិនបើព្រះជាម្ចាស់ពិតជាត្រូវធ្វើដូច្នេះមែន នោះមនុស្សនឹងមិនអាចជឿលើអត្ថិភាពរបស់ទ្រង់ប្រកបដោយសម្បជញ្ញៈឡើយ។ ពួកគេនឹងមិនអាចមានសេចក្ដីជំនឿពិតប្រាកដទេ ហើយជាងនេះទៅទៀត នឹងយល់ច្រឡំថា អារក្សជាព្រះជាម្ចាស់។ សំខាន់ជាងនេះទៅទៀត មនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ ហើយតើនេះមិនមែនជាផ្នែកមួយនៃសារៈសំខាន់នៃលក្ខណៈរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាមទេឬ? ប្រសិនបើមនុស្សគ្មានសមត្ថភាពស្គាល់ព្រះជាម្ចាស់ នោះព្រះដ៏ស្រពេចស្រពិល ព្រះជាម្ចាស់បែបអធិធម្មជាតិ នឹងមានឥទ្ធិពលលើមនុស្សជារៀងរហូត។ ហើយបែបនេះ តើមនុស្សនឹងមិនត្រូវបានកាន់កាប់ដោយសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេទេឬ? និយាយឱ្យងាយស្ដាប់ជាងនេះ តើវាមិនមែនជាសាំតាំង អារក្សទេឬដែលមានឥទ្ធិពលនោះ? «ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ខ្ញុំបានយកអំណាចមកវិញ? ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ការយកកំណើតជាមនុស្សមានសារៈសំខាន់ខ្លាំងណាស់?» ខណៈពេលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម គឺជាខណៈពេលដែលទ្រង់យកអំណាចត្រឡប់មកវិញ ហើយវាក៏ជាពេលដែលភាពជាព្រះរបស់ទ្រង់ចេញមកធ្វើសកម្មភាពដោយផ្ទាល់ផងដែរ។ មនុស្សទាំងអស់បែរមកស្គាល់ព្រះដ៏ជាក់ស្តែងបន្តិចម្ដងៗ ដូច្នេះហើយពួកគេលុបសាតាំងចោលទាំងស្រុងពីក្នុងដួងចិត្តរបស់ពួកគេ ដោយថ្វាយកន្លែងដ៏ជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេដល់ព្រះជាម្ចាស់។ កាលពីមុន មនុស្សឃើញព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេជារូបភាពរបស់សាតាំង ជាព្រះជាម្ចាស់មួយអង្គដែលគេមើលមិនឃើញ និងអរូបិយ ក៏ប៉ុន្តែពួកគេជឿថា ព្រះជាម្ចាស់អង្គនេះមិនត្រឹមតែមានអត្ថិភាពនោះទេ តែថែមទាំងអាចសម្ដែងទីសម្គាល់ និងការអស្ចារ្យគ្រប់បែបយ៉ាងបាន និងអាចបើកសម្ដែងអាថ៌កំបាំងជាច្រើន ដូចជាមុខមាត់ដ៏អាក្រក់របស់អស់អ្នកដែលអារក្សចូលជាដើម។ នេះបញ្ជាក់យ៉ាងគ្រប់គ្រាន់ថា ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្ស មិនមែនជារូបអង្គនៃព្រះជាម្ចាស់ទេ តែជារូបភាពនៃអ្វីផ្សេងក្រៅពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា ទ្រង់ចង់កាន់កាប់ ០.១ ភាគរយនៃដួងចិត្តរបស់មនុស្ស។ នេះគឺជាបទដ្ឋានខ្ពស់បំផុតដែលទ្រង់ទាមទារពីមនុស្ស។ ក្រៅពីអ្វីដែលនៅលើផ្ទៃខាងលើ ក៏មានផ្នែកជាក់ស្ដែងចំពោះព្រះបន្ទូលទាំងនេះផងដែរ។ ប្រសិនបើវាមិនត្រូវបានពន្យល់ដូច្នេះទេ មនុស្សនឹងគិតថា សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះពួកគេគឺទាបពេក ប្រៀបដូចជាព្រះជាម្ចាស់យល់ដឹងតិចតួចពេកអំពីពួកគេអ៊ីចឹង។ តើនេះមិនមែនជាផ្លូវចិត្តរបស់មនុស្សទេឬ?

ដោយរួមផ្សំគ្នានូវអ្វីដែលបានរៀបរាប់ខាងលើ និងគំរូរបស់ ពេត្រុស ខាងក្រោម គេនឹងឃើញថា ពេត្រុស ពិតជាស្គាល់ព្រះជាម្ចាស់ច្បាស់ជាងអ្នកណាៗទាំងអស់ ដ្បិតគាត់អាចបែរខ្នងដាក់ព្រះដ៏ស្រពេចស្រពិល និងតាមរកការស្គាល់ព្រះដ៏ជាក់ស្ដែងវិញ។ ហេតុអ្វីបានជាមានការលើកឡើងយ៉ាងពិសេសអំពីរបៀបដែលឪពុកម្ដាយរបស់គាត់ជាអារក្សដែលប្រឆាំងនឹងព្រះជាម្ចាស់? វាបញ្ជាក់ថា ពេត្រុស មិនបានតាមរកព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គាត់នោះទេ។ ឪពុកម្ដាយរបស់គាត់គឺជាតំណាងនៃព្រះដ៏ស្រពេចស្រពិល នេះគឺជាចំណុចដែលព្រះជាម្ចាស់ទ្រង់លើកឡើងអំពីពួកគេ។ មនុស្សភាគច្រើនមិនយកចិត្តទុកដាក់ខ្លាំងចំពោះការពិតនេះទេ។ ផ្ទុយទៅវិញ ពួកគេផ្ដោតទៅលើការអធិស្ឋានរបស់ពេត្រុស។ អ្នកខ្លះ ការអធិស្ឋានរបស់ ពេត្រុស នៅលើបបូរមាត់របស់ពួកគេជានិច្ច និងនៅលើចិត្តរបស់ពួកគេជាដរាប ប៉ុន្តែពួកគេមិនដែលប្រៀបធៀបព្រះដ៏ស្រពេចស្រពិល ជាមួយនឹងចំណេះដឹងរបស់ ពេត្រុស នោះទេ។ ហេតុអ្វីបានជា ពេត្រុស ត្រលប់ទៅប្រឆាំងនឹងឪពុកម្តាយរបស់គាត់ ហើយស្វះស្វែងរកការស្គាល់ព្រះជាម្ចាស់? ហេតុអ្វីបានជា ពេត្រុស ជំរុញខ្លួនឯងដោយប្រើមេរៀនរបស់ពួកអ្នកដែលបានបរាជ័យ? ហេតុអ្វីបានជាគាត់បញ្ជ្រាបសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អស់អ្នកដែលបានស្រឡាញ់ព្រះជាម្ចាស់ឆ្លងកាត់យុគសម័យនានា? ពេត្រុស បានដឹងថា របស់វិជ្ជមានទាំងអស់សុទ្ធតែមកពីព្រះជាម្ចាស់ ព្រមទាំងត្រូវបានចេញដោយផ្ទាល់ពីទ្រង់ដែលមិនត្រូវបានកែច្នៃដោយសាតាំងឡើយ។ នេះបង្ហាញថា ព្រះជាម្ចាស់ដែលគាត់ស្គាល់ គឺជាព្រះដ៏ជាក់ស្ដែង មិនមែនជាព្រះជាម្ចាស់បែបអធិធម្មជាតិទេ។ ហេតុអ្វីបានគេនិយាយថា ពេត្រុស ផ្ដោតលើការបញ្ជ្រាបសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អស់អ្នកដែលបានស្រឡាញ់ព្រះជាម្ចាស់ឆ្លងកាត់យុគសម័យនានា? តាមរយៈនេះ គេអាចនិយាយបានថា បរាជ័យនៃមនុស្សឆ្លងកាត់យុគសម័យនានា ភាគច្រើនគឺដោយសារពួកគេមានតែសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ប៉ុន្តែមិនអាចស្គាល់ព្រះដ៏ជាក់ស្ដែងបាន។ ដោយហេតុនេះហើយ សេចក្ដីជំនឿរបស់ពួកគេនៅតែស្រពេចស្រពិល។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងច្រើនអំពីសេចក្ដីជំនឿរបស់ យ៉ូប ដោយមិនមានព្រះបន្ទូលថា គាត់បានស្គាល់ព្រះជាម្ចាស់ ហើយហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលថា យ៉ូប មិនស្មើនឹង ពេត្រុស នោះទេ? ពាក្យសម្ដីរបស់យ៉ូប «ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ» បង្ហាញថា គាត់មានតែសេចក្ដីជំនឿប៉ុណ្ណោះ ប៉ុន្តែគ្មានចំណេះដឹងទេ។ ព្រះបន្ទូល «ការប្រឆាំងទាស់នឹងឪពុកម្ដាយរបស់ពេត្រុសបានធ្វើឱ្យគាត់ដឹងកាន់តែច្រើនអំពីក្ដីអាណិតស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ» តែងតែធ្វើឱ្យមានសំណួរជាច្រើនពីមនុស្សភាគច្រើន៖ ហេតុអ្វីបានជា ពេត្រុស ត្រូវការការប្រឆាំងទាស់ដើម្បីស្គាល់ព្រះជាម្ចាស់? ហេតុអ្វីបានជាគាត់មិនអាចស្គាល់ព្រះជាម្ចាស់ដោយផ្ទាល់បាន? ហេតុអ្វីបានជាគាត់ដឹងត្រឹមតែសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយព្រះជាម្ចាស់មិនបានមានព្រះបន្ទូលអ្វីផ្សេងទៀតនោះទេ? គេអាចស្វែងរកការស្គាល់ព្រះដ៏ជាក់ស្ដែងបាន បន្ទាប់ពីស្គាល់ភាពមិនពិតប្រាកដនៃព្រះដ៏ស្រពេចស្រពិល គោលបំណងនៃព្រះបន្ទូលទាំងនេះ គឺដើម្បីធ្វើឱ្យមនុស្សបណ្ដេញព្រះដ៏ស្រពេចស្រពិលចេញពីក្នុងចិត្តរបស់ពួកគេ។ ចាប់តាំងពីពេលបង្កើតរហូតមកដល់សព្វថ្ងៃនេះ ប្រសិនបើមនុស្សតែងតែស្គាល់ព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនអាចមានការវិនិច្ឆយវាងវៃនូវអំពើរបស់សាតាំងបានទេ ដ្បិតភាសិតទូទៅរបស់មនុស្សថា «គេមិនសម្គាល់ដឹងថាដីរាបស្មើទេ លុះត្រាតែគេបានឆ្លងភ្នំ» បង្ហាញពីគំនិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះ។ ដោយសារតែទ្រង់ចង់ឱ្យមនុស្សយល់ដឹងកាន់តែស៊ីជម្រៅអំពីសច្ចភាពនៃឧទាហរណ៍ដែលទ្រង់បានប្រទាន ព្រះជាម្ចាស់មានចេតនាសង្កត់ធ្ងន់លើសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់ ដោយបញ្ជាក់ថា យុគសម័យដែល ពេត្រុស បានរស់នៅ គឺជាយុគសម័យនៃព្រះគុណ។ តាមទស្សនៈមួយទៀត ការនេះបើកសម្ដែងឱ្យដឹងពីទឹកមុខគួរឱ្យខ្ពើមរបស់អារក្ស ដែលគ្មានធ្វើអ្វីក្រៅតែពីធ្វើបាប និងធ្វើឱ្យមនុស្សពុករលួយ ដែលថែមទាំងកាន់តែផ្ទុយស្រឡះពីសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់របស់ព្រះជាម្ចាស់នោះទេ។

ព្រះជាម្ចាស់ក៏គូសបញ្ជាក់ផងដែរអំពីការពិតនៃការល្បងលចំពោះ ពេត្រុស និងរៀបរាប់ពីកាលៈទេសៈជាក់ស្ដែងរបស់ពួកគេ ដែលចង្អុលបង្ហាញបន្ថែមទៀតដល់មនុស្សថា ព្រះជាម្ចាស់មិនត្រឹមតែមានសេចក្ដីមេត្តាករុណា និងក្តីអាណិតស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានឫទ្ធានុភាព និងសេចក្ដីក្រោធផងដែរ ហើយអស់អ្នកដែលរស់នៅជាសុខសាន្តហើយ មិនចាំបាច់រស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ក៏បាន។ ការប្រាប់មនុស្សអំពីបទពិសោធន៍របស់ ពេត្រុស បន្ទាប់ពីការល្បងលរបស់គាត់ គឺជាភ័ស្តុតាងកាន់តែច្បាស់អំពីសច្ចភាពនៃពាក្យសម្ដីរបស់ យ៉ូប ថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ដូច្នេះ វាបង្ហាញថា ការស្គាល់ព្រះជាម្ចាស់របស់ ពេត្រុស ពិតជាបានដល់ពិភពដែលពុំធ្លាប់មាន ជាពិភពដែលមិនធ្លាប់សម្រេចបានដោយមនុស្សនៅយុគសម័យមុនៗ ហើយក៏ជាផ្លែផ្កាដែលគាត់បញ្ជ្រាបសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់អស់អ្នកដែលបានស្រឡាញ់ព្រះជាម្ចាស់ឆ្លងកាត់យុគសម័យនានា និងការលើកទឹកចិត្តខ្លួនឯងរបស់គាត់ដោយប្រើមេរៀនរបស់មនុស្សដែលបានបរាជ័យកាលពីមុនដែរ។ ដោយហេតុនេះហើយ អស់អ្នកដែលស្គាល់ព្រះជាម្ចាស់ពិតប្រាកដ ត្រូវបានហៅថា «ផ្លែផ្កា» ហើយក្នុងនោះរួមទាំង ពេត្រុស ផង។ ការអធិស្ឋានរបស់ ពេត្រុស ដល់ព្រះជាម្ចាស់ បង្ហាញពីការស្គាល់ព្រះជាម្ចាស់ពិតប្រាកដរបស់គាត់ក្នុងអំឡុងពេលល្បងលរបស់គាត់។ ទោះយ៉ាងណា អ្វីដែលជាឧបសគ្គគឺថា គាត់មិនមានសមត្ថភាពយល់បានពេញលេញអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ហេតុដូច្នេះហើយទើបព្រះជាម្ចាស់ទាមទារត្រឹមតែ «កាន់កាប់ ០.១ ភាគរយនៃដួងចិត្តមនុស្ស» ដោយផ្អែកលើការស្គាល់ទ្រង់របស់ពេត្រុស។ សូម្បីតែពេត្រុសជាមនុស្សដែលបានស្គាល់ព្រះជាម្ចាស់ច្បាស់បំផុតក៏មិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានត្រឹមត្រូវដែរ ការនេះបង្ហាញថា មនុស្សខ្វះសមត្ថភាពក្នុងការស្គាល់ព្រះជាម្ចាស់ ដ្បិតពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយខ្លាំងណាស់ រឿងនេះធ្វើឱ្យមនុស្សទាំងអស់ដឹងពីសារជាតិរបស់មនុស្ស។ បុរេលក្ខខណ្ឌទាំងពីរនេះ ពោលគឺការខ្វះសមត្ថុភាពរបស់មនុស្សក្នុងការស្គាល់ព្រះជាម្ចាស់ និងការជ្រួតជ្រាបទាំងស្រុងដោយសាតាំង គឺជារឿងបន្ទាប់បន្សំសម្រាប់ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ធ្វើការដោយប្រើតែព្រះបន្ទូលប៉ុណ្ណោះ ទ្រង់មិនអនុវត្តគ្រោងការណ៍ណាមួយឡើយ ហេតុដូច្នេះហើយ ទើបទ្រង់មានកន្លែងជាក់លាក់មួយនៅក្នុងដួងចិត្តរបស់មនុស្ស។ ប៉ុន្តែតើហេតុអ្វីបានជាមនុស្សត្រូវការសម្រេចឱ្យបានត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ការនេះអាចយល់បានថា ព្រះជាម្ចាស់មិនបានបង្កើតសមត្ថភាពនេះក្នុងខ្លួនមនុស្សនោះទេ។ ក្នុងករណីសមត្ថភាពនេះអវត្តមាន ប្រសិនបើមនុស្សស្គាល់ព្រះជាម្ចាស់បាន ១០០ ភាគរយ នោះពួកគេនឹងដឹងរាល់ចលនារបស់ព្រះជាម្ចាស់ច្បាស់ដូចថ្ងៃ ហើយដោយគិតពីនិស្ស័យជាប់ខ្លួនរបស់មនុស្ស មនុស្សនឹងបះបោរទាស់នឹងព្រះជាម្ចាស់ភ្លាម ពួកគេនឹងក្រោកឈរប្រឆាំងនឹងទ្រង់ដោយបើកចំហ ដែលជារបៀបផ្ដួលរំលំរបស់សាតាំង។ ដូច្នេះ ព្រះជាម្ចាស់មិនដែលមើលងាយមនុស្សទេ ដោយហេតុថា ទ្រង់បានវះកាត់ពិនិត្យពួកគេយ៉ាងហ្មត់ចត់រួចហើយ និងដឹងរឿងគ្រប់យ៉ាងអំពីពួកគេយ៉ាងច្បាស់លាស់ ដឹងច្បាស់រហូតដល់សូម្បីតែបរិមាណទឹកនៅក្នុងឈាមរបស់ពួកគេឯណោះ។ ពេលនោះតើទ្រង់ស្គាល់និស្ស័យរបស់មនុស្សកាន់តែច្បាស់ខ្លាំងប៉ុនណា? ព្រះជាម្ចាស់មិនដែលធ្វើខុសទេ ហើយទ្រង់ជ្រើសរើសព្រះបន្ទូលពីព្រះសូរសៀងរបស់ទ្រង់ដោយភាពជាក់លាក់បំផុត។ ដូច្នេះ មិនមានទំនាស់រវាងការដែល ពេត្រុស មិនបានយល់ត្រឹមត្រូវពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការដែលគាត់ស្គាល់ព្រះជាម្ចាស់បានច្បាស់បំផុតឡើយ លើសពីនេះទៀត ការទាំងពីរនេះ មិនទាក់ទងគ្នាសោះឡើយ។ វាមិនមែនដើម្បីផ្ដោតការយកចិត្តទុកដាក់របស់មនុស្សលើ ពេត្រុស ទេ ដែលព្រះជាម្ចាស់បានលើកគាត់ជាឧទាហរណ៍នោះ។ ហេតុអ្វីបានជាមនុស្សដែលដូច យ៉ូប មិនអាចស្គាល់ព្រះជាម្ចាស់បាន លើកលែងតែដូច ពេត្រុស? ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សអាចសម្រេចការនេះបាន តែបែរជាមានព្រះបន្ទូលថា វាដោយសារតែព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ទៅវិញ? តើមនុស្សពិតជាល្អពីកំណើតមែនទេ? មនុស្សមិនងាយនឹងដឹងរឿងនេះទេ គ្មាននរណាម្នាក់នឹងដឹងពីសារៈសំខាន់ខាងក្នុងនៃរឿងនេះទេ ប្រសិនបើខ្ញុំមិនបានមានបន្ទូលពីវា។ គោលបំណងនៃព្រះបន្ទូលទាំងនេះគឺដើម្បីផ្ដល់ការយល់ធ្លុះមួយដល់មនុស្ស ដើម្បីឱ្យពួកគេមានសេចក្ដីជំនឿក្នុងការសហការជាមួយព្រះជាម្ចាស់។ មានតែពេលនោះទេទើបព្រះជាម្ចាស់អាចធ្វើការដោយសហការជាមួយមនុស្សបាន។ នេះគឺជាស្ថានភាពជាក់ស្ដែងនៅក្នុងពិភពខាងវិញ្ញាណ ហើយវាមិនអាចវាស់ស្ទង់បានសោះឡើយចំពោះមនុស្ស។ ការលុបបំបាត់កន្លែងរបស់សាតាំងនៅក្នុងដួងចិត្តរបស់មនុស្ស និងការផ្ដល់កន្លែងនោះថ្វាយព្រះជាម្ចាស់ជំនួសវិញ វាជាអ្វីដែលមានន័យថាជាការច្រានការវាយប្រហារយ៉ាងខ្លាំងរបស់សាតាំងចេញ ហើយមានតែដូច្នេះទេទើបគេអាចនិយាយបានថា ព្រះគ្រីស្ទបានយាងចុះមកផែនដី មានតែដូច្នេះទេទើបគេអាចនិយាយបានថា នគរព្រះនៅលើផែនដី បានក្លាយជានគររបស់ព្រះគ្រីស្ទ។

ត្រង់ចំណុចនេះ ការលើកឡើងអំពី ពេត្រុស ដែលបានធ្វើជាគំរូ និងជាឧទាហរណ៍គំរូរាប់ពាន់ឆ្នាំមកហើយ មិនមែនចេះតែនិយាយថា គាត់ជាគំរូ និងជាឧទាហរណ៍នោះទេ។ ព្រះបន្ទូលទាំងនេះគឺជាការឆ្លុះបញ្ចាំងអំពីចម្បាំងដែលកំពុងច្បាំងនៅក្នុងពិភពខាងវិញ្ញាណ។ សាតាំងបាន និងកំពុងធ្វើការក្នុងខ្លួនមនុស្សតែរហូតមក ដោយសង្ឃឹមយ៉ាងឥតប្រយោជន៍ថា នឹងបានត្របាក់ស៊ីមនុស្ស ហេតុនេះហើយទើបធ្វើឱ្យព្រះជាម្ចាស់បំផ្លាញពិភពលោក និងបាត់បង់បន្ទាល់ទាំងឡាយរបស់ទ្រង់។ ប៉ុន្តែព្រះជាម្ចាស់មានព្រះបន្ទូលថា «ជាដំបូងខ្ញុំនឹងបង្កើតមនុស្សគំរូសិន ដើម្បីឱ្យខ្ញុំអាចយកទីតាំងតូចបំផុតនៅក្នុងដួងចិត្តរបស់មនុស្ស។ នៅដំណាក់កាលនេះ មនុស្សមិនទាំងពេញចិត្ត ហើយក៏មិនស្គាល់ខ្ញុំពេញលេញដែរ ទោះយ៉ាងនេះក្ដី ដោយសារតែព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ មនុស្សនឹងក្លាយជាអាចចុះចូលនឹងខ្ញុំបានទាំងស្រុង ហើយឈប់បះបោរទាស់នឹងខ្ញុំ ហើយខ្ញុំនឹងប្រើឧទាហរណ៍នេះដើម្បីផ្ចាញ់សាតាំង។ និយាយឱ្យចំគឺថា ខ្ញុំនឹងប្រើ ០.១ ភាគរយនៃដួងចិត្តមនុស្សដែលខ្ញុំកាន់កាប់នោះ ដើម្បីបង្ក្រាបកម្លាំងទាំងអស់ដែលសាតាំងមានលើមនុស្ស»។ ដូច្នេះ សព្វថ្ងៃនេះ ព្រះជាម្ចាស់លើក ពេត្រុស ជាឧទាហរណ៍ ដើម្បីឱ្យគាត់អាចធ្វើជាពុម្ពគំរូសម្រាប់ឱ្យមនុស្សជាតិទាំងអស់ត្រាប់តាម និងអនុវត្ត។ ដោយបានរួមផ្សំជាមួយនឹងអត្ថបទព្រះគម្ពីរដំបូង ការនេះបង្ហាញពីសច្ចភាពនៃអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីស្ថានភាពនៅក្នុងពិភពខាងវិញ្ញាណ៖ «សព្វថ្ងៃនេះមិនដូចអតីតកាលទេ៖ ខ្ញុំនឹងធ្វើរឿងដែលមិនធ្លាប់ឃើញតាំងពីពេលបង្កើតមក ខ្ញុំនឹងសម្ដែងនូវព្រះបន្ទូលដែលមិនធ្លាប់ឮនៅក្នុងយុគសម័យនានា ត្បិតខ្ញុំសុំឱ្យ មនុស្សទាំងអស់បែរមកស្គាល់ខ្ញុំនៅក្នុងភាពជាសាច់ឈាម»។ តាមរយៈនេះ វាបញ្ជាក់ច្បាស់ថា សព្វថ្ងៃនេះ ព្រះជាម្ចាស់បានចាប់ផ្ដើមធ្វើសកម្មភាពតាមព្រះបន្ទូលរបស់ទ្រង់ហើយ។ មនុស្សអាចឃើញត្រឹមតែអ្វីៗដែលកំពុងកើតឡើងនៅខាងក្រៅប៉ុណ្ណោះ ពួកគេមិនអាចឃើញអ្វីៗដែលកំពុងកើតឡើងជាក់ស្ដែងនៅក្នុងពិភពខាងវិញ្ញាណទេ ដូច្នេះហើយព្រះជាម្ចាស់មានព្រះបន្ទូលដោយត្រង់ៗថា «ទាំងនេះជាជំហាននៃការគ្រប់គ្រងរបស់ខ្ញុំ ប៉ុន្តែមនុស្សគ្មានគំនិតសង្ស័យអ្វីបន្តិចសោះទេ។ ថ្វីបើខ្ញុំបានមានព្រះបន្ទូលយ៉ាងច្បាស់លាស់ក្ដី ក៏មនុស្សនៅតែច្រឡំ ព្រោះវាពិបាកក្នុងការទាក់ទងទៅពួកគេបាន។ តើនេះមិនមែនជាភាពតូចទាបរបស់មនុស្សទេឬ?» មានព្រះបន្ទូលនៅក្នុងព្រះបន្ទូលទាំងនេះ៖ ដែលពន្យល់ថា ចម្បាំងកំពុងកើតឡើងនៅក្នុងពិភពខាងវិញ្ញាណ ដូចដែលបានរៀបរាប់ខាងលើ។

បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងមិនបានសម្រេចទាំងស្រុងទេ បន្ទាប់ពីទ្រង់រៀបរាប់សង្ខេបអំពី ពេត្រុស ដូច្នេះព្រះជាម្ចាស់បានធ្វើការទាមទារដូចខាងក្រោមពីមនុស្សទាក់ទងនឹងបញ្ហារបស់ពេត្រុស «នៅទូទាំងចក្រវាឡ និងមេឃា ក្នុងចំណោមអ្វីគ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដី របស់សព្វសារពើនៅលើផែនដី និងនៅក្នុងស្ថានសួគ៌ថ្វាយការប្រឹងប្រែងគ្រប់យ៉ាងរបស់ពួកគេដល់ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ។ តើអ្នករាល់គ្នាប្រាកដជាមិនចង់ធ្វើជាអ្នកទស្សនា ដែលទទួលបញ្ជាទាំងបង្ខំពីសាតាំងមែនឬទេ?» មនុស្សទទួលបានការបំភ្លឺយ៉ាងជ្រាលជ្រៅ ក្រោយពេលអានអំពីចំណេះដឹងរបស់ ពេត្រុស ហើយដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រះជាម្ចាស់បង្ហាញមនុស្សនូវផលវិបាកនៃអបាយមុខ ភាពមិនអត់ធ្មត់ និងកង្វះការស្គាល់ព្រះជាម្ចាស់របស់ពួកគេ បន្ថែមពីលើនេះ ទ្រង់មានបន្ទូលប្រាប់មនុស្សជាថ្មីម្ដងទៀត និងកាន់តែច្បាស់លាស់ជាងមុន អំពីអ្វីៗដែលកំពុងកើតឡើងជាក់ស្ដែងនៅក្នុងចម្បាំងនៅពិភពខាងវិញ្ញាណ។ មានតែដូច្នេះទេទើបមនុស្សកាន់តែប្រុងប្រយ័ត្ននឹងការចាប់យកទៅដោយសាតាំង។ ជាងនេះទៅទៀត វាបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើមនុស្សដួលនៅពេលនេះ ពួកគេនឹងមិនត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ដូចពីមុននោះទេពេលនេះ។ ជារួម ការព្រមានទាំងនេះបង្កើនចំណាប់អារម្មណ៍របស់មនុស្សកាន់តែខ្លាំងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកវាធ្វើឱ្យមនុស្សកាន់តែឱ្យតម្លៃខ្លាំងទៅលើសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ហើយស្រឡាញ់ថ្នាក់ថ្នមព្រះបន្ទូលអំពីការព្រមានរបស់ព្រះជាម្ចាស់ ដើម្បីឱ្យគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិអាចនឹងសម្រេចបានយ៉ាងពិតប្រាកដ។

ខាង​ដើម៖ ជំពូកទី ៥

បន្ទាប់៖ ជីវិតពេត្រុស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ