ជីវិតពេត្រុស
ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។ ហេតុអ្វីបានជាព្រះជាម្ចាស់លើកមនុស្សម្នាក់ដែលគេមិនចាប់អារម្មណ៍មកធ្វើជាគំរូ ហើយត្រូវបានមនុស្សជំនាន់ក្រោយៗទៀតសរសើរដូច្នេះ? វាច្បាស់ណាស់ថា សេចក្ដីនេះគឺដោយសារតែការសម្ដែងចេញនូវក្ដីស្រលាញ់របស់លោកចំពោះព្រះជាម្ចាស់ និងការតាំងចិត្ដស្រលាញ់ព្រះជាម្ចាស់ ដែលមិនអាចបំបែកចេញបានឡើយ។ សម្រាប់ដួងចិត្ដនៃសេចក្ដីស្រលាញ់របស់ពេត្រុសចំពោះព្រះជាម្ចាស់ដែលត្រូវបានបើកបង្ហាញ និងស្ដែងនូវអ្វីដែលជាបទពិសោធជីវិតរបស់លោក នោះយើងត្រូវត្រលប់ទៅរកសម័យព្រះគុណដើម្បីមើលម្ដងទៀតអំពីទំនៀមទម្លាប់នៃពេលវេលា និងសង្កេតមើលពេត្រុសនៅជំនាន់នោះ។
ពេត្រុសបានកើតមកក្នុងត្រកូលកសិករជនជាតិយូដាធម្មតាម្នាក់។ ឪពុកម្ដាយលោកផ្គត់ផ្គង់គ្រួសារទាំងមូលដោយការធ្វើកសិកម្ម ហើយលោកជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីចំនួនបួននាក់។ ជាការពិតណាស់ នេះមិនមែនជាផ្នែកចម្បងនៃសាច់រឿងរបស់យើងទេ។ ពេត្រុសគឺជាតួអង្គសំខាន់។ ឪពុកម្ដាយរបស់ពេត្រុសចាប់ផ្ដើមបង្រៀនលោកឱ្យចេះអាន នៅពេលលោកមានអាយុប្រាំឆ្នាំ។ នៅជំនាន់នោះ ប្រជាជនយូដាមានចំណេះដឹងជ្រៅជ្រះណាស់ ហើយមានការជឿនលឿនយ៉ាងពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មទៀតផង។ ជាលទ្ធផលនៃមជ្ឈដ្ឋានសង្គមរបស់ពួកគេ ឪពុកម្ដាយទាំងពីររបស់ពេត្រុសទទួលបានការអប់រំខ្ពង់ខ្ពស់។ ថ្វីបើរស់នៅតំបន់ជនបទក៏ដោយ ក៏ពួកគេមានការអប់រំខ្ពស់ ហើយអាចប្រៀបបាននឹងនិស្សិតនៅកម្រិតសាកលវិទ្យាល័យនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែង ពេត្រុសពិតជាមានពរណាស់ដែលបានកើតមកក្នុងលក្ខខណ្ឌសង្គមគួរឱ្យពេញចិត្ដបែបនេះ។ ដោយភាពវ័យឆ្លាត និងឆាប់យល់ការ ទើបលោកមានគំនិតថ្មីៗ។ ក្រោយពីបានចាប់ផ្ដើមសិក្សា លោកក៏មានការឆាប់យល់មេរៀនដែលលោកកំពុងរៀនជាខ្លាំង។ ឪពុកម្ដាយលោកមានមោទនភាពណាស់ដែលមានកូនប្រុសដ៏ឆ្លាតវ័យបែបនេះ ហើយពួកគេក៏ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីឱ្យលោកបានចូលសាលា ដោយសង្ឃឹមថាលោកនឹងអាចធ្វើឱ្យខ្លួនបានខ្ពង់ខ្ពស់ ហើយមានតួនាទីផ្លូវការក្នុងសង្គម។ ពេត្រុសមានចំណាប់អារម្មណ៍អំពីព្រះជាម្ចាស់ដោយមិនដឹងខ្លួន ដែលជាលទ្ធផល នៅពេលលោកមានអាយុដប់បួនឆ្នាំ ក្នុងគ្រាដែលលោកកំពុងសិក្សានៅថ្នាក់វិទ្យាល័យ លោកបានធុញទ្រាន់នឹងការរៀនក្នុងកម្មវិធីសិក្សានៃវប្បធម៌របស់ក្រិចបុរាណ ជាពិសេសគឺសិក្សាទាក់ទិននឹងមនុស្សប្រឌិត និងព្រឹត្ដិការណ៍ដែលត្រូវបង្កើតឡើងនៅក្នុងប្រវត្ដិសាស្ដ្រក្រិចបុរាណ។ ចាប់ពីពេលនោះមក ពេត្រុសដែលទើបតែចូលក្នុងភាពវ័យជំទង់ ក៏បានចាប់ផ្ដើមព្យាយាមស្វែងរកការយល់ដឹងបន្ថែមអំពីជីវិតមនុស្ស និងពិភពលោកដ៏ធំធេង។ មនសិការរបស់លោកមិនបានធ្វើឱ្យលោកតបស្នងនូវការឈឺចាប់របស់ឪពុកម្ដាយលោកទេ ព្រោះលោកបានឃើញយ៉ាងច្បាស់ថា មនុស្សទាំងអស់រស់នៅក្នុងសភាពនៃការបោកបញ្ឆោតខ្លួនឯង ពួកគេទាំងអស់រស់នៅក្នុងជីវិតដែលគ្មានន័យ ដោយបំផ្លាញជីវិតខ្លួនឯងឱ្យនៅជាប់វ័ណ្ឌកនឹងទ្រព្យសម្បត្ដិ ព្រមទាំងកិត្ដិយស។ ការយល់ដឹងរបស់លោក មានភាពទូលំទូលាយដែលមានភាពទាក់ទងនឹងមជ្ឈដ្ឋានសង្គមដែលលោករស់នៅ។ កាលណាមនុស្សមានចំណេះដឹងកាន់តែច្រើន នោះទំនាក់ទំនងអន្តរបុគ្គល និងពិភពលោកខាងក្នុងក៏កាន់តែស្មុគស្មាញដែរ ហើយដូចនេះ ពួកគេក៏រស់នៅដោយគ្មានខ្លឹមសារ។ ដោយស្ថិតក្នុងកាលៈទេសៈនេះ ពេត្រុសបានចំណាយពេលទំនេររបស់លោកសម្រាប់ធ្វើការចុះពិនិត្យមើលក្នុងទ្រង់ទ្រាយធំ ដែលភាគច្រើនលោកទៅមើលផ្នែកសាសនា។ នៅក្នុងដួងចិត្ដរបស់លោក ហាក់មានអារម្មណ៍ស្រពេចស្រពិលថា សាសនាប្រហែលជាអាចពន្យល់ហេតុផលសម្រាប់អ្វីៗទាំងអស់ដែលមិនអាចពន្យល់បានក្នុងពិភពមនុស្ស ហើយដូច្នេះ លោកតែងតែទៅក្បែរសាលាប្រជុំដើម្បីចូលរួមកម្មវិធី។ ឪពុកម្ដាយរបស់លោកមិនបានដឹងពីការនេះទេ ហើយមិនយូរប៉ុន្មាន ពេត្រុសដែលតែងតែមានអត្ដចរិតល្អ និងជាបញ្ញវ័ន្ដដ៏ល្អនោះ ក៏បានចាប់ផ្ដើមស្អប់ការទៅសាលារៀន។ ស្ថិតក្រោមការគ្រប់គ្រងពីឪពុកម្ដាយរបស់លោក លោកបានបញ្ចប់ត្រឹមថ្នាក់វិទ្យាល័យទាំងត្រដរ។ ដោយការខិតខំហែលពីច្រាំងសមុទ្រនៃចំណេះដឹង លោកបានដកដង្ហើមយ៉ាងធំ។ តាំងពីពេលនោះមក គ្មាននរណាម្នាក់ធ្វើការអប់រំ ឬដាក់កំហិតដល់លោកបានទៀតឡើយ។
ក្រោយពីបញ្ចប់ការសិក្សាមក លោកបានចាប់ផ្ដើមអានសៀវភៅគ្រប់ប្រភេទ ប៉ុន្ដែនៅអាយុដប់ប្រាំពីរឆ្នាំ លោកនៅតែមិនមានបទពិសោធច្រើនពីពិភពលោកដ៏ធំធេងនេះឡើយ។ ក្រោយពីបញ្ចប់ការសិក្សា លោកចិញ្ចឹមជីវិតដោយការធ្វើកសិកម្ម ទន្ទឹមនឹងនេះ លោកក៏ប្រឹងប្រែងឆ្លៀតពេលអានសៀវភៅ តាមតែអាចធ្វើទៅបាន និងចូលរួមក្នុងកម្មវិធីសាសនាផងដែរ។ ឪពុកម្ដាយរបស់លោក ដែលធ្លាប់មានក្ដីសង្ឃឹមខ្ពស់អំពីលោក តែងដាក់បណ្ដាសាស្ថានសួគ៌ទាក់ទងនឹង «កូនប្រុសដែលប្រឆាំងជំទាស់» របស់ពួកគេ ប៉ុន្ដែទោះបីបែបនេះក្ដី វាមិនអាចបញ្ឈប់លោកពីការស្រេកឃ្លានចង់បានសេចក្ដីសុចរិតឡើយ។ ពេត្រុសរងទុក្ខមិនតិចទេពីបទពិសោធរបស់គាត់ពីមុន ប៉ុន្ដែលោកមានដួងចិត្ដដែលស្រេកឃ្លានចង់ចេះចង់ដឹងឥតឈប់ឈរ ហើយលោកមានការលូតលាស់យ៉ាងប្រសើរដូចស្មៅត្រូវទឹកភ្លៀង។ មិនយូរប៉ុន្មាន លោកមាន «ភ័ព្វសំណាង» គ្រប់គ្រាន់ក្នុងការជួបនឹងរៀមច្បងនៅក្នុងពិភពសាសនា ហើយដោយសារតែការចង់ចេះចង់ដឹងយ៉ាងខ្លាំងរបស់លោក លោកក៏បានចាប់ផ្ដើមប្រាស្រ័យទាក់ទងជាមួយពួកគេកាន់តែញឹកញាប់ រហូតដល់លោកចំណាយពេលរបស់លោកស្ទើរតែទាំងស្រុងជាមួយនឹងពួកគេ។ ដោយមានភាពស្កប់ស្កល់នឹងសុភមង្គលដែលមាន លោកក៏ដឹងថា មនុស្សទាំងនេះភាគច្រើន ជឿតែលើបបូរមាត់របស់ពួកគេ ហើយពួកគេមិនទាន់បានថ្វាយដួងចិត្ដរបស់គេទៅលើជំនឿរបស់ខ្លួនឡើយ។ តើពេត្រុសដែលមានព្រលឹងវិញ្ញាណឥតវៀចវេរ និងបរិសុទ្ធនោះ អាចអត់ទ្រាំនឹងការបំប៉ោងនេះយ៉ាងដូចម្ដេចបាន? លោកដឹងថា មនុស្សស្ទើរតែទាំងអស់ដែលលោកបានប្រាស្រ័យទាក់ទងជាមួយ គឺជាសត្វសាហាវដែលពាក់ស្បែកមនុស្ស ពួកគេជាសត្វដែលមានទឹកមុខដូចមនុស្ស។ ក្នុងគ្រានោះ ពេត្រុសជាមនុស្សដែលឆាប់ជឿគេ ហើយលោកបានព្យាយាមទទូចអង្វរពួកគេដោយនិយាយចេញពីចិត្ដអស់ជាច្រើនដង។ ប៉ុន្ដែតើបុគ្គលសាសនាដែលមានឧបាយកល និងកំហូចទាំងនេះអាចស្ដាប់ពាក្យទទូចអង្វររបស់បុរសវ័យក្មេងដែលមានចិត្ដឆេះឆួលនេះដោយរបៀបណា? គឺនៅពេលនោះហើយដែលពេត្រុសមានអារម្មណ៍យល់ដឹងពីភាពទទេសូន្យនៃជីវិតរបស់មនុស្ស៖ ក្នុងជំហានដំបូងក្នុងដំណាក់កាលទីមួយនៃជីវិត លោកបានបរាជ័យ...។ មួយឆ្នាំក្រោយមក លោកបានផ្លាស់ទីចេញពីសាលប្រជុំ ហើយបានចាប់ផ្ដើមរស់នៅដោយឯករាជ្យ។
អ្វីៗដែលបានឆ្លងកាត់ បានធ្វើឱ្យពេត្រុសដែលមានអាយុ១៨ឆ្នាំម្នាក់នេះមានភាពចាស់ទុំជាងមុន និងមានការយល់ដឹងពីពិភពលោកបានច្រើន។ លោកមិនមានការឆាប់ជឿគេដូចក្នុងភាពវ័យជំទង់របស់លោកទេ អ្វីៗក្នុងអតីតកាលដែលលោកបានរងទុក្ខ បានបង្ក្រាបនូវភាពគ្មានកំហុស និងភាពមិនឈ្លាសវៃដែលលោកមានពីក្មេង ហើយលោកបានចាប់ផ្ដើមជីវិតជាអ្នកនេសាទត្រីម្នាក់។ ក្រោយមកទៀត គេឃើញមានមនុស្សស្ដាប់លោកបង្រៀនដោយលោកអធិប្បាយចេញពីលើទូករបស់លោក។ ដោយសារលោកចិញ្ចឹមជីវិតដោយការនេសាទ លោកតែងបង្រៀននៅកន្លែងណាដែលលោកទៅដល់ ហើយអ្វីដែលលោកបានអធិប្បាយនោះ គឺមានមនុស្សយកចិត្ដទុកដាក់លើសេចក្ដីបង្រៀនរបស់លោកយ៉ាងខ្លាំង ដ្បិតអ្វីដែលលោកបង្រៀនបានដក់នៅជាប់ក្នុងដួងចិត្ដរបស់មនុស្សទូទៅ ហើយពួកគេមានការប៉ះពាល់ចិត្ដដោយភាពស្មោះត្រង់របស់លោក។ លោកតែងតែបង្រៀនមនុស្សឱ្យប្រព្រឹត្ដចំពោះអ្នកដទៃចេញពីចិត្ដ ដើម្បីអំពាវនាវដល់ស្ដេចដ៏ខ្ពង់បំផុតនៅលើស្ថានសួគ៌ និងផែនដី និងគ្រប់ទាំងរបស់សព្វសារពើ ហើយមិនបំភ្លេចចោលនូវមនសិការរបស់ខ្លួន និងធ្វើរឿងដែលគួរឱ្យអាម៉ាស់ឡើយ ក្នុងគ្រប់ទាំងកិច្ចការទាំងអស់គឺដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលពួកគេស្រលាញ់ចេញពីចិត្ដ...។ មនុស្សម្នាតែងមានការប៉ះពាល់ចិត្ដក្រោយពីបានស្ដាប់សេចក្ដីបង្រៀនរបស់លោក ដោយសារលោក ពួកគេមានការជំរុញចិត្ដ រហូតមានការស្រក់ទឹកភ្នែកជាញឹកញាប់។ ក្នុងពេលនោះ អ្នកដែលដើរតាមលោកទាំងអស់ ដែលជាជនទីទាល់ និងរស់នៅតាមសាមាអាជីវោក្នុងសង្គមនាជំនាន់នោះ មានការស្ងើចសរសើរចំពោះលោកយ៉ាងខ្លាំង។ ពេត្រុសក៏ត្រូវពួកសាសនានៃសង្គមបានធ្វើទុក្ខដល់លោកក្នុងគ្រានោះដែរ។ ជាលទ្ធផលក្នុងរយៈពេលពីរឆ្នាំ លោកបានប្ដូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយ ហើយលោករស់នៅក្នុងជីវិតដែលឯកោនៅតែម្នាក់ឯង។ ក្នុងអំឡុងពេលពីរឆ្នាំនៃបទពិសោធមិនធម្មតានេះ លោកទទួលបានការយល់ដឹងជាច្រើន និងបានរៀនពីរឿងជាច្រើនដែលលោកមិនស្គាល់ពីមុនមក ដោយការនេះ លោកមិនដូចខ្លួនឯងកាលពីនៅវ័យ១៤ឆ្នាំឡើយ ដ្បិតពេលនេះលោកហាក់មិនមានអ្វីដូចគ្នាទៀតទេ។ ក្នុងរយៈពេលពីរឆ្នាំនេះ លោកបានជួបមនុស្សគ្រប់ប្រភេទ និងបានឃើញសេចក្ដីពិតគ្រប់យ៉ាងពីសង្គម ជាលទ្ធផលដែលធ្វើឱ្យលោកចាប់ផ្ដើមដកខ្លួនចេញពីឥរិយាបថនៃពិធីរបស់ពិភពនៃសាសនា។ លោកក៏ទទួលឥទ្ធិពលយ៉ាងខ្លាំងពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពេលនោះដែរ ដែលពេលនោះព្រះយេស៊ូវបានកំពុងធ្វើការអស់ជាច្រើនឆ្នាំ ដូចនេះកិច្ចការរបស់ពេត្រុសក៏ទទួលឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធដែរក្នុងពេលនោះ ទោះបីលោកមិនទាន់បានជួបនឹងព្រះយេស៊ូវក៏ដោយ។ ដោយមូលហេតុនេះ នៅពេលពេត្រុសកំពុងបង្រៀន លោកទទួលបានយ៉ាងច្រើនដែលពួកបរិសុទ្ធជំនាន់មុនៗមិនដែលមាន។ ជាការពិតណាស់ ក្នុងពេលនោះលោកបានដឹងតិចតួចអំពីព្រះយេស៊ូវ ប៉ុន្ដែលោកមិនទាន់មានឱកាសជួបជាមួយទ្រង់ទល់មុខគ្នាឡើយ។ លោកបានត្រឹមសង្ឃឹម និងទន្ទឹងចង់ឃើញថា ព្រះនៃស្ថានសួគ៌ប្រសូត្រចេញពីព្រះវិញ្ញាណបរិសុទ្ធមក។
ក្នុងពេលល្ងាចមួយ ពេត្រុសកំពុងតែនេសាទនៅលើទូករបស់លោក (នៅក្បែរច្រាំង ដែលពេលនោះគេស្គាល់ថាជាសមុទ្រកាលីឡេ)។ លោកមានសំណាញ់ចាប់ត្រីនៅក្នុងដៃ ប៉ុន្ដែនៅក្នុងគំនិតរបស់លោកក៏មានអ្វីផ្សេងក្រៅពីនេះ។ ពន្លឺព្រះអាទិត្យបានចាំងបំភ្លឺផ្ទៃទឹកដូចជាសមុទ្រឈាមដ៏ធំ។ ពន្លឺបានចាំងមកប៉ះពេត្រុសដែលកំពុងមានទឹកមុខស្ងៀមស្ងាត់ ឥតអន្ទះសា លោកហាក់ដូចជាកំពុងគិតអ្វីម្យ៉ាង។ គ្រានោះ ខ្យល់បក់រសៀកៗមកប៉ះខ្លួនរបស់លោក ហើយរំពេចនោះលោកក៏មានអារម្មណ៍ថាជីវិតលោកពោរពេញដោយភាពឯកោ ដែលភ្លាមនោះបានធ្វើឱ្យលោកមានចិត្ដក្រៀមក្រំ។ នៅពេលទឹករលកសមុទ្រចាំងក្នុងពន្លឺ វាបង្ហាញច្បាស់ថាលោកគ្មានអារម្មណ៍នេសាទត្រីទេ។ ពេលដែលលោកហាក់ភ្លេចខ្លួន ស្រាប់តែលោកបានឮសម្លេងនរណាម្នាក់ស្រែកហៅលោកពីខាងក្រោយ «ស៊ីម៉ូនកូនសាសន៍យូដាអើយ ជីវិតរបស់អ្នកសព្វថ្ងៃនេះឯកោណាស់។ តើអ្នកនឹងមកតាមខ្ញុំដែរឬទេ?» ដោយភ្ញាក់ផ្អើលជាពន់ពេក លោកក៏បានធ្វើឱ្យសំណាញ់ចាប់ត្រីដែលលោកកាន់នៅនឹងដៃនោះរបូត វាក៏លិចចូលដល់បាតសមុទ្រយ៉ាងលឿន។ ពេត្រុសក៏ប្រញាប់ងាកមកមើលបុរសម្នាក់ដែលកំពុងឈរនៅលើទូករបស់លោក។ លោកសម្លឹងមើលពីលើចុះក្រោម៖ សក់របស់បុរសនេះ ធ្លាក់ដល់ស្មា មានពណ៌លឿងមាសចាំងនឹងពន្លឺព្រះអាទិត្យ លោកស្លៀកពាក់ពណ៌ប្រផេះ មានកម្ពស់មធ្យម ហើយស្លៀកពាក់ជិតពីក្បាលដក់ចុងជើងក្នុងសណ្ឋានជាសាសន៍យូដា។ ដោយស្រមោលពន្លឺ សម្លៀកបំពាក់ពណ៌ប្រផេះរបស់លោកហាក់មានពណ៌ខ្មៅស្រាល ហើយទឹកមុខរបស់គាត់មានភាពភ្លឺថ្លា។ ពេត្រុសបានព្យាយាមស្វែងរកជួបព្រះយេស៊ូវជាច្រើនដង តែមិនដែលបានសម្រេចម្ដងណាទេ។ ក្នុងពេលនោះ ពេត្រុសជឿអស់ពីដួងព្រលឹងរបស់លោកថា បុរសម្នាក់នេះច្បាស់ជាព្រះអង្គដ៏បរិសុទ្ធដែលឋិតក្នុងដួងចិត្ដលោកនោះជាមិនខាន ហើយលោកក៏ក្រាបថ្វាយបង្គំនៅលើទូករបស់លោក ហើយពោលថា «តើព្រះអង្គជាព្រះអម្ចាស់ដែលបានយាងមកបង្រៀនអំពីដំណឹងល្អនៃនគរស្ថានសួគ៌មែនឬ? ទូលបង្គំធ្លាប់បានឮពីបទពិសោធរបស់ព្រះអង្គ ប៉ុន្ដែទូលបង្គំមិនដែលបានឃើញព្រះអង្គសោះឡើយ។ ទូលបង្គំចង់ដើរតាមព្រះអង្គ ប៉ុន្ដែទូលបង្គំរកព្រះអង្គមិនឃើញសោះ»។ តាំងពីពេលនោះមក ព្រះយេស៊ូវបានយាងទៅក្បាលទូក ដោយព្រះអង្គយាងគង់នៅទីនោះយ៉ាងស្ងប់ស្ងៀម។ ព្រះអង្គមានបន្ទូលថា «ចូរក្រោកឡើង មកអង្គុយក្បែរខ្ញុំមក! ខ្ញុំយាងមកទីនេះជាពិសេស ដើម្បីផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ហើយខ្ញុំនឹងធ្វើដំណើរទូទាំងដែនដីនេះ ដើម្បីស្វែងរកអស់អ្នកដែលមានចិត្តគំនិតតែមួយនឹងខ្ញុំ។ តើអ្នកសុខចិត្ដទេ?» ពេត្រុសឆ្លើយថា៖ «ទូលបង្គំត្រូវតែដើរតាមអ្នកដែលព្រះវរបិតានៃនគរស្ថានសួគ៌បញ្ជូនមក។ ទូលបង្គំត្រូវតែទទួលស្គាល់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធជ្រើសតាំង។ ដ្បិតទូលបង្គំស្រលាញ់ព្រះវរបិតាដែលគង់នៅនគរស្ថានសួគ៌ខ្លាំងណាស់ តើមិនឱ្យទូលបង្គំដើរតាមព្រះអង្គដូចម្ដេចបាន?» ទោះបីជាពាក្យសម្ដីរបស់ពេត្រុសសម្បូរណ៍ទៅដោយការយល់ឃើញបែបសាសនាក្ដី ព្រះយេស៊ូវញញឹម រួចងក់ព្រះកេសទ្រង់ដោយការពេញព្រះទ័យ។ ពេលនោះ អារម្មណ៍នៃសេចក្ដីស្រលាញ់ក្នុងនាមជាឪពុកដែលមានចំពោះពេត្រុស ក៏កើតមាននៅក្នុងអង្គទ្រង់។
ពេត្រុសបានដើរតាមព្រះយេស៊ូវអស់ពេលច្រើនឆ្នាំ ហើយក៏បានឃើញអ្វីនៅក្នុងទ្រង់ដែលគ្មាននរណាដូចទ្រង់ឡើយ។ ក្រោយពេលដើរតាមព្រះអង្គបានមួយឆ្នាំ ពេត្រុសត្រូវបានព្រះយេស៊ូវជ្រើសរើសចេញពីក្នុងចំណោមសាវ័កទាំងដប់ពីរ។ (ជាការពិតណាស់ ព្រះយេស៊ូវមិនបានមានបន្ទូលច្បាស់ពីចំណុចនេះទេ ហើយអ្នកផ្សេងទៀតក៏មិនបានដឹងពីការនេះដែរ)។ នៅក្នុងជីវិត ពេត្រុសបានវាស់វែងខ្លួនឯងដោយការគ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើ។ អ្វីដែលគួរកត់សម្គាល់ភាគច្រើន គឺមេរៀនដែលព្រះយេស៊ូវបានបង្រៀននោះ បានឆ្លាក់ជាប់នៅក្នុងដួងចិត្ដរបស់លោក។ លោកមានការលះបង់ និងមានភក្ដីភាពចំពោះព្រះយេស៊ូវ ហើយលោកមិនដែលពោលពាក្យសោកសៅទាស់ប្រឆាំងនឹងព្រះអង្គឡើយ។ ជាលទ្ធផល លោកបានក្លាយជាអ្នករួមដំណើរដ៏ស្មោះត្រង់របស់ព្រះយេស៊ូវទៅគ្រប់ទីកន្លែងដែលព្រះអង្គយាងទៅដល់។ ពេត្រុសសង្កេតមើលពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ព្រះបន្ទូលដ៏សុភាពទន់ភ្លន់របស់ព្រះអង្គ អ្វីដែលព្រះអង្គយកមកធ្វើជាអាហារ សំលៀកបំពាក់របស់ទ្រង់ ជម្រករបស់ទ្រង់ និងរបៀបដែលព្រះអង្គធ្វើដំណើរ។ លោកបានយកតម្រាប់តាមព្រះយេស៊ូវគ្រប់ការទាំងអស់។ លោកមិនដែលរាប់ខ្លួនជាសុចរិតទេ ប៉ុន្ដែលោកបានកំចាត់ចោលនូវអ្វីដែលចាស់គំរិល ដោយលោកយកគំរូព្រះយេស៊ូវទាំងផ្នែកពាក្យសម្ដី និងទង្វើរបស់ព្រះអង្គ។ នៅពេលនោះ ពេត្រុសមានអារម្មណ៍ថា ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើស្ថិតក្នុងព្រះហស្ដនៃព្រះដ៏មានគ្រប់ចេស្ដា ហើយដោយហេតុនេះ លោកគ្មានការជ្រើសរើសសម្រាប់ខ្លួនឯងទេ។ ពេត្រុសក៏បានធ្វើឱ្យដូចទៅនឹងគ្រប់យ៉ាងដែលព្រះយេស៊ូវបានមាន ហើយបានប្រើវាធ្វើជាគំរូ។ ជីវិតរបស់ព្រះយេស៊ូវបង្ហាញថា ព្រះអង្គមិនស្វែងរកសុចរិតចំពោះអ្វីដែលទ្រង់ធ្វើទេ ផ្ទុយពីការអួតអាងពីខ្លួនឯង ព្រះអង្គផ្លាស់ប្ដូរមនុស្សដោយសេចក្ដីស្រលាញ់។ រឿងជាច្រើនបានបង្ហាញថាព្រះយេស៊ូវជាអ្វី ហើយដោយបុព្វហេតុនេះ ពេត្រុសបានត្រាប់តាមព្រះអង្គគ្រប់យ៉ាង។ បទពិសោធរបស់ពេត្រុសបានផ្ដល់ឱ្យលោកនូវការយល់ដឹងច្រើនជាងមុនអំពីភាពមានសេចក្ដីស្រលាញ់របស់ព្រះយេស៊ូវ ហើយលោកពោលយ៉ាងដូច្នេះថា «ខ្ញុំបានស្វែងរកព្រះដ៏មានគ្រប់ចេស្ដាពាសពេញសាកលលោក ហើយខ្ញុំបានរកឃើញនូវភាពអស្ចារ្យនៃស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើផង ហើយខ្ញុំបានទទួលនូវការយល់ដឹងយ៉ាងសន្ធឹកសន្ធាប់អំពីសេចក្ដីស្រលាញ់នៃព្រះដ៏មានគ្រប់ចេស្ដា។ យ៉ាងណាក្ដី ខ្ញុំមិនដែលមានសេចក្ដីស្រលាញ់ដ៏ពិតនៅក្នុងដួងចិត្ដខ្លួនឯងឡើយ ហើយខ្ញុំមិនដែលបានឃើញភាពដែលមានសេចក្ដីស្រលាញ់នៅក្នុងព្រះដ៏មានគ្រប់ចេស្ដាដោយផ្ទាល់ភ្នែករបស់ខ្ញុំដែរ។ ថ្ងៃនេះ នៅក្នុងព្រះនេត្រនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះអង្គបានទតមើលមកកាន់ខ្ញុំដោយសព្វព្រះទ័យ ហើយទីបំផុត ខ្ញុំបានទទួលអារម្មណ៍នៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ហើយ។ ទីបំផុតខ្ញុំរកឃើញថា វាមិនគ្រាន់តែជាការដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើដែលធ្វើឱ្យមនុស្សស្រលាញ់ព្រះអង្គទេ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំ ខ្ញុំបានរកឃើញនូវសេចក្ដីស្រលាញ់របស់ព្រះអង្គដែលឥតព្រំដែន។ តើវាអាចមានដែនកំណត់ចំពោះអ្វីដែលអាចមើលឃើញក្នុងពេលនេះបានយ៉ាងដូចម្ដេច?» ពេលវេលាចេះតែកន្លងផុតទៅ សេចក្ដីស្រលាញ់ជាច្រើនក៏បានជ្រាបចូលខ្លួនពេត្រុស។ លោកក្លាយជាអ្នកស្ដាប់បង្គាប់យ៉ាងខ្លាំងចំពោះព្រះយេស៊ូវ ហើយជាការពិតណាស់ លោកក៏បានរងទុក្ខពីអតីតកាលមួយចំនួនដែរ។ នៅពេលដែលព្រះយេស៊ូវនាំលោកទៅជាមួយក្នុងពេលដែលព្រះអង្គបង្រៀននៅតំបន់ផ្សេងៗនោះ ពេត្រុសក៏តែងតែបន្ទាបខ្លួន និងស្ដាប់នូវសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ។ លោកមិនដែលក្រអឺតក្រទមដោយសារតែលោកបានដើរតាមព្រះយេស៊ូវច្រើនឆ្នាំនោះទេ។ ក្រោយពេលព្រះយេស៊ូវមានបន្ទូលប្រាប់ថា មូលហេតុដែលទ្រង់យាងមកគឺដើម្បីសុគតលើឈើឆ្កាង ដើម្បីឱ្យទ្រង់អាចបញ្ចប់កិច្ចការរបស់ព្រះអង្គ ពេត្រុសតែងមានអារម្មណ៍តានតឹងនៅក្នុងដួងចិត្ដ ហើយលោកតែងលួចសម្រក់ទឹកភ្នែកតែម្នាក់ឯង។ យ៉ាងណាក៏ដោយ ថ្ងៃ «ដ៏អកុសល» នោះក៏បានមកដល់។ ក្រោយពេលព្រះយេស៊ូវត្រូវចាប់ខ្លួន ពេត្រុសសម្រក់ទឹកភ្នែកម្នាក់ឯងនៅលើទូករបស់លោក ហើយលោកបានអធិស្ឋានយ៉ាងច្រើនអំពីសេចក្ដីនេះ។ ប៉ុន្ដែនៅក្នុងចិត្ដរបស់លោក លោកបានដឹងថា នេះជាបំណងព្រះហឫទ័យរបស់ព្រះវរបិតា ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ។ លោកនៅតែតានតឹងក្នុងចិត្ដ និងសម្រក់ទឹកភ្នែកតែម្នាក់ឯង ដោយសារតែសេចក្ដីស្រលាញ់របស់លោក។ ជាការពិតណាស់ នេះជាភាពកំសោយរបស់មនុស្ស។ ដូចនេះ នៅពេលលោកដឹងថាព្រះយេស៊ូវនឹងត្រូវគេបោះដែកគោលនៅលើឈើឆ្កាង លោកសួរព្រះយេស៊ូវថា «ក្រោយពេលព្រះអង្គចាកចេញទៅ តើព្រះអង្គនឹងយាងត្រលប់មករកពួកយើង និងមើលថែពួកយើងដែរឬទេ? តើពួកយើងនៅតែអាចឃើញព្រះអង្គដែរឬទេ?» ទោះបីជាពាក្យទាំងនេះហាក់ដូចជាឆោតល្ងង់ និងពោរពេញដោយគំនិតមនុស្សក្ដី ព្រះយេស៊ូវជ្រាបពីភាពល្វីងជូរចត់នៃការឈឺចាប់របស់ពេត្រុស ដូច្នេះ តាមរយៈសេចក្ដីស្រលាញ់របស់ព្រះអង្គ ទ្រង់គិតដល់ចំណុចខ្សោយរបស់ពេត្រុស៖ «ពេត្រុសអើយ ខ្ញុំបានស្រលាញ់អ្នក។ តើអ្នកដឹងទេ? ទោះបីគ្មានមូលហេតុនៅក្រោយអ្វីដែលអ្នកនិយាយក៏ដោយ ក៏ព្រះបិតាបានសន្យាថាក្រោយពេលខ្ញុំមានព្រះជន្មរស់ឡើងវិញ ខ្ញុំនឹងលេចឡើងនៅចំពោះបណ្ដាជនរយៈពេល៤០ថ្ងៃ។ តើអ្នកមិនជឿថាវិញ្ញាណរបស់យើងនឹងផ្ដល់ព្រះគុណដល់អ្នករាល់គ្នាជាញឹកញាប់ទេឬ?» ទោះបីពេត្រុសមានអារម្មណ៍កក់ក្ដៅដោយព្រះបន្ទូលទាំងនេះក្ដី ក៏លោកនៅតែមានអារម្មណ៍ថាមាននរណាម្នាក់បានបាត់បង់ទៅ ហើយក្រោយពេលព្រះយេស៊ូវរស់ឡើងវិញ ព្រះអង្គបានលេចមកនៅចំពោះមុខលោកដោយបើកចំហជាលើកដំបូង។ យ៉ាងណាក្ដី ដើម្បីការពារពេត្រុសពីការបន្ដប្រកាន់ខ្ជាប់នូវគំនិតរបស់គាត់ ព្រះយេស៊ូវបានបដិសេធអាហារដ៏មានតម្លៃដែលពេត្រុសបានរៀបចំសម្រាប់ព្រះអង្គ ហើយព្រះអង្គបានបាត់ព្រះកាយទៅវិញមួយរំពេច។ ចាប់ពីពេលនោះមក ពេត្រុសមានការយល់ដឹងស៊ីជម្រៅជាងមុនអំពីព្រះអម្ចាស់យេស៊ូវ ហើយលោកស្រលាញ់ទ្រង់កាន់តែខ្លាំងឡើង។ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកនៅចំពោះមុខពេត្រុសជាញឹកញាប់។ ព្រះអង្គបានលេចមកនៅចំពោះមុខពេត្រុសបានបីដងបន្ថែមទៀត ក្រោយរយៈពេលសែសិបថ្ងៃបានមកដល់ ហើយទ្រង់ក៏បានយាងទៅនគរស្ថានសួគ៌។ ការលេចចេញមកម្ដងៗ គឺនៅពេលដែលកិច្ចការព្រះវិញ្ញាណបរិសុទ្ធជិតបានបញ្ចប់ ហើយកិច្ចការថ្មីរៀបនឹងចាប់ផ្ដើម។
ពេញមួយជីវិតរបស់ពេត្រុស លោកនេសាទត្រីសម្រាប់ចិញ្ចឹមជីវិត លើសពីនេះទៅទៀត លោករស់នៅដើម្បីប្រកាសប្រាប់។ ក្នុងអាយុចុងក្រោយរបស់លោក លោកបានសរសេរកណ្ឌគម្ពីរ ពេត្រុសទី១ និងទី២ ក៏ដូចជាសេចក្ដីសំបុត្រមួយចំនួនទៅកាន់ក្រុមជំនុំនៅក្រុងភីឡាដិលភាក្នុងជំនាន់នោះ។ មនុស្សក្នុងអំឡុងពេលនេះ មានការពាល់ចិត្តជាខ្លាំងតាមរយៈលោក។ ជំនួសឱ្យការបង្រៀនពួកគេដោយប្រើប្រាស់នូវសាររបស់ខ្លួន លោកបានបង្រៀនពួកគេនូវមេរៀនដែលអាចរកមកអនុវត្ដក្នុងជីវិតបាន។ លោកមិនដែលភ្លេចពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវមុនពេលដែលទ្រង់បានចាកចេញឡើយ ហើយសេចក្ដីបង្រៀនរបស់ព្រះអង្គក៏បានជំរុញលោកពេញមួយជីវិត។ ខណៈពេលដែលកំពុងដើរតាមព្រះយេស៊ូវ លោកបានតាំងចិត្ដតបស្នងសេចក្ដីស្រលាញ់របស់ព្រះអម្ចាស់ដោយការស្លាប់របស់លោក និងដើរតាមគំរូរបស់ព្រះអង្គលើគ្រប់កិច្ចការទាំងអស់។ ព្រះយេស៊ូវយល់ស្របនឹងការនេះ ដូច្នេះពេលពេត្រុសមានអាយុ៥៣ឆ្នាំ (ក្រោយពេលព្រះយេស៊ូវចាកចេញទៅអស់ជាង២០ឆ្នាំ) ព្រះយេស៊ូវក៏បានលេចឡើងនៅចំពោះលោក ដើម្បីជួយបំពេញសេចក្ដីប្រាថ្នារបស់លោក។ រយៈពេលប្រាំពីរឆ្នាំក្រោយពីពេលនោះមក ពេត្រុសបានចំណាយពេលក្នុងជីវិតរបស់លោកដើម្បីស្គាល់ខ្លួនឯង។ ថ្ងៃមួយ នៅពេលចុងក្រោយនៃរយៈពេលប្រាំពីរឆ្នាំនេះ លោកត្រូវបានគេឆ្កាងដាក់ក្បាលចុះក្រោម ដែលនាំឱ្យជីវិតមិនធម្មតារបស់លោកបានមកដល់ទីបញ្ចប់។