រឿងរបស់អេនជែល

07-08-2023

កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ ថាទ្រង់បានសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ គាត់ក៏បានប្រាប់ខ្ញុំពីទំនាយដែលព្រះអង្គបំពេញកិច្ចការជំនុំជម្រះនេះផងដែរ៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ ពេលអានខគម្ពីរនេះ និងស្ដាប់ការប្រកបគ្នារបស់បង អ៊ី ស៊ាង រួច ខ្ញុំយល់ថា ព្រះអម្ចាស់យេស៊ូវធ្វើត្រឹមកិច្ចការប្រោសលោះប៉ុណ្ណោះ។ ទោះបីអំពើបាបរបស់មនុស្សស្មោះត្រង់ ត្រូវបានអត់ទោសហើយក៏ដោយ ក៏ធម្មជាតិមានបាបរបស់យើងនៅមិនទាន់បានដោះស្រាយរួចនៅឡើយទេ។ ទោះបីយើងទៅព្រះវិហារ អធិស្ឋាន និងលន់តួបាបក៏ដោយ ក៏យើងនៅបន្តកុហក ប្រព្រឹត្តបាប និងមិនអាចគេចផុតពីចំណងនៃអំពើបាបបានដដែល។ យើងត្រូវការឱ្យព្រះបំពេញកិច្ចការជំនុំជម្រះ និងការបន្សុទ្ធ ដើម្បីឱ្យយើងអាចរួចផុតពីចំណងទាំងនេះ និងចូលទៅក្នុងនគរព្រះ។ ការប្រកបគ្នារបស់បង អ៊ី ស៊ាង ពិតជាមានការបំភ្លឺមែន។ គាត់បានប្រាប់ខ្ញុំពីរឿងដែលខ្ញុំមិនធ្លាប់បានឮនៅក្នុងពួកជំនុំពីមុនមកទេ។ ខ្ញុំចង់ស៊ើបសួរឱ្យដឹងការពិត។

ដំបូង មានបងប្រុសពីរនាក់មកផ្សាយដំណឹងល្អនៅក្នុងភូមិយើង។ ខ្ញុំបានទទួលពួកគាត់។ ម្ដងនោះ មានអ្នកភូមិជាងម្ភៃនាក់ បានមកស្ដាប់ពួកគាត់អធិប្បាយនៅផ្ទះខ្ញុំ។ ពួកអ្នកភូមិយល់ថា បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមានការទ្រទ្រង់ ហើយក៏ពេញចិត្ត ពួកគាត់ចង់ដឹងថែមទៀត។ ក្រោយមក នៅថ្ងៃបន្ទាប់ គ្រូគង្វាល និងពួកចាស់ទុំបានឮរឿងនេះ ក៏នាំគ្នាមកផ្ទះខ្ញុំ ដើម្បីហាមខ្ញុំ។ មកដល់ទ្វារ លោកគ្រូ ធាន សួរភ្លាមថា៖ «អ្នកណាគេមកផ្សាយដំណឹងល្អនៅផ្ទះប្អូនឯង?» ពេលឃើញទឹកមុខពួកគាត់មាំខ្លាំង ខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំបារម្ភថា បើគ្រូគង្វាលស្គាល់បងប្រុសទាំងពីរដែលមកផ្សាយដំណឹងល្អ នោះនឹងបង្កបញ្ហាដល់ពួកគាត់មិនខាន។ ដូច្នេះ ខ្ញុំឆ្លើយថា៖ «ពួកគាត់គ្រាន់តែជាមិត្តភក្តិដែលខ្ញុំស្គាល់តាមអនឡាញប៉ុណ្ណោះ»។ លោកគ្រូ ចិន ថា៖ «យើងឮថា ពួកគេមកផ្សាយដំណឹងល្អ។ ប្អូនឯងមិនត្រូវទទួលពួកគេម្ដងទៀតឡើយ! បើខ្ញុំដឹងថាប្អូនទទួលពួកគេទៀត ខ្ញុំនឹងប្រាប់ប្ដីប្អូនឯងថា ប្អូនឯងទទួលប្រុសឱ្យនៅផ្ទះ»។ ពេលឮគាត់និយាយអ៊ីចឹង ខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំគ្រាន់តែទទួលពួកគាត់ ពេលពួកគាត់ផ្សាយដំណឹងល្អទៅអ្នកភូមិប៉ុណ្ណោះ។ ខ្ញុំមិនបានធ្វើរឿងលួចលាក់អីទេ។ តែគ្រូគង្វាលនេះចង់គំរាមខ្ញុំ។ គ្រូគង្វាល ធាន ថា៖ «កុំជឿដំណឹងល្អរបស់ពួកគេអី។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ 'ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលណ៎! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច' (ម៉ាថាយ ២៤:២៣-២៤)។ ប្អូនដឹងទេ ព្រះគ្រីស្ទក្លែងក្លាយនឹងលេចមកនៅគ្រាចុងក្រោយ។ អ្នកណាដែលនិយាយថា ព្រះអម្ចាស់បានយាងមក អ្នកនោះក្លែងក្លាយទេ។ កុំចាញ់បញ្ឆោតពួកគេឱ្យសោះ។ ខ្ញុំនិយាយនេះ ដើម្បីការពារប្អូនទេ។ ប្អូនឯងអាចចាញ់បញ្ឆោតគេបាន»។ ពេលនោះ ខ្ញុំមិនយល់ពីសម្ដីគាត់ទេ។ ខ្ញុំគិតថា ពួកគាត់ជឿព្រះយូរឆ្នាំហើយ ក៏មានការចេះដឹងច្រើនដែរ ហើយអ្វីដែលពួកគាត់និយាយ គឺស្របតាមព្រះគម្ពីរ។ ចុះបើសម្ដីគ្រូគង្វាលត្រឹមត្រូវ ហើយខ្ញុំត្រូវគេនាំឱ្យវង្វេងមែន តើខ្ញុំធ្វើយ៉ាងម៉េច? ដូច្នេះ ខ្ញុំក៏ជឿតាមសម្ដីគ្រូគង្វាល។ សមាជិកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានរកខ្ញុំដើម្បីជួបជុំ តែខ្ញុំបដិសេធ និងរកលេសដោះសា។ ខ្ញុំថែមទាំងប្ដូរ Facebook ទៀតផង ហើយខ្ញុំព្យាយាមផ្ដាច់ទំនាក់ទំនងទាំងអស់។

បន្ទាប់ពីនោះមក ខ្ញុំខានជួបជុំប្រហែលពីរអាទិត្យ។ ខ្ញុំបានចំណាយពេលជជែកលេងជាមួយមិត្តភក្ដិតាមអនឡាញ ឬក៏មើលវីដេអូលេងនៅផ្ទះ។ ខ្ញុំធុញខ្លាំងណាស់។ ខ្ញុំគិតឡើងវិញពីពេលវេលាជួបជុំជាមួយពួកអ្នកជឿព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពេលនោះ ចិត្តខ្ញុំពេញដោយក្ដីរីករាយ។ តែឥឡូវ ខ្ញុំព្រួយចិត្តរឹតតែខ្លាំង។ ខ្ញុំគិតថា៖ «បើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញមែន តើខ្ញុំអាចខកឱកាសទទួលបានសេចក្តីសង្រ្គោះពីទ្រង់ដែរឬទេ? តែគ្រូគង្វាលថា ព្រះគ្រីស្ទក្លែងក្លាយនឹងលេចមកនៅគ្រាចុងក្រោយ។ អ្នកដែលផ្សាយពីការយាងមកវិញរបស់ព្រះអម្ចាស់ គឺក្លែងក្លាយទេ។ ចុះបើខ្ញុំចាញ់បញ្ឆោតគេមែន គិតយ៉ាងម៉េច?» ខ្ញុំច្របូកច្របល់ក្នុងចិត្តខ្លាំងណាស់។ ដូច្នេះពេលនោះ ខ្ញុំក៏អធិស្ឋានទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់យេស៊ូវអើយ! ខ្ញុំម្ចាស់មិនយល់ពីរឿងនេះទេ។ ខ្ញុំម្ចាស់មិនដឹងថាត្រូវស្ដាប់អ្នកណានោះទេ។ សូមជួយខ្ញុំម្ចាស់កុំឱ្យបាត់បង់សេចក្តីសង្រ្គោះទ្រង់ និងបានស្គាល់ព្រះទ័យទ្រង់ផង»។ អធិស្ឋានរួច ខ្ញុំដឹងថា ខ្ញុំមិនអាចគេចវេះ មិនស្វែងរកការពិតនោះទេ។ ខ្ញុំត្រូវតែរកសមាជិកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីដោះស្រាយបញ្ហាទាំងនេះ។ គួរឱ្យភ្ញាក់ផ្អើលមែន ទើបជួបជុំគ្នាបានពីរដង គ្រូគង្វាលក៏បានដឹងរឿងនេះ។ ពួកគាត់បានហៅយើងឱ្យទៅប្រជុំគ្នានៅផ្ទះលោកគ្រូ ធាន។ ខ្ញុំភ័យខ្លាំងណាស់។ ខ្ញុំមិនដឹងថា គ្រូគង្វាលនឹងធ្វើអ្វីនោះទេ។ យប់នោះ យើងក៏បានទៅផ្ទះលោកគ្រូ ធាន។ គ្រូគង្វាល និងពួកចាស់ទុំផ្សេងទៀត ក៏នៅទីនោះដែរ។ ពេលនោះ លោកគ្រូ ធាន គាត់ថា៖ «ខ្ញុំឮថា ថ្មីៗនេះ ប្អូនបានចូលរួមស្ដាប់ការអធិប្បាយតាមអនឡាញ។ ម៉េចបានស្ដាប់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ម៉េចក៏មិនស្ដាប់ការអធិប្បាយរបស់ពួកយើង? បើប្អូនមកព្រះវិហារ ស្ដាប់ការអធិប្បាយរបស់យើង និងលន់តួទៅព្រះអម្ចាស់ នោះព្រះនឹងមិនចាំពីរឿងនេះទេ។ ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងនាំយើងគ្រប់គ្នាទៅស្ថានសួគ៌»។ ខ្ញុំគិតថា៖ «ពួកអ្នកជឿ គួរតែស្ដាប់បន្ទូលព្រះ។ គ្រូគង្វាល និងពួកចាស់ទុំ តែងតែចង់ឱ្យយើងស្ដាប់ពួកគាត់។ តើពួកគាត់មិនមែនកំពុងនាំយើងមកចំពោះមុខពួកគាត់ ជាជាងចំពោះព្រះ ទេឬអី?» ខ្ញុំមិនយល់ស្របតាមសម្ដីគាត់ទេ តែខ្ញុំហ៊ានមិនបដិសេធ។ ក្រោយមក លោកគ្រូ ធាន បានហុចសៀវភៅសរសេរមួយក្បាលឱ្យពួកយើង រួចស្រែកថា៖ «តើពួកប្អូននឹងនៅបន្តជ្រើសជឿលើព្រះផ្សេងទៀតដែរទេ? សម្រេចចិត្តឥឡូវទៅ។ បើប្អូនណាជ្រើសយកព្រះដ៏មានគ្រប់ព្រះចេស្ដា គូសខ្វែងត្រង់នេះ។ បើអត់ទេ គូសធីកនៅក្បែរឈ្មោះរបស់ប្អូនចុះ។ បើពួកប្អូននៅបន្តជឿលើព្រះផ្សេងទៀត ពួកប្អូននឹងមានបញ្ហាច្រើនមិនខាន។ យើងនឹងលែងជួយពួកប្អូនទៀតហើយ ពេលមានមង្គលការ បុណ្យសព ឬសង់ផ្ទះជាដើម។ យើងនឹងមិនជួយអ្វីដល់គ្រួសារពួកប្អូនឡើយ»។ នៅតំបន់ដែលខ្ញុំរស់នៅ យើងឱ្យតម្លៃលើរឿងទាំងនេះខ្លាំងណាស់។ បើគ្មានជំនួយពីគ្រូគង្វាលទេ អ្នកភូមិផ្សេងទៀត នឹងមិនជួយយើងឡើយ។ កាលនោះ ខ្ញុំមិនសូវរឹងមាំទេ។ ខ្ញុំគិតថា៖ «គ្រួសារខ្ញុំចង់សាងសង់ផ្ទះ។ តាមទំនៀមទម្លាប់ គ្រូគង្វាល និងពួកចាស់ទុំ ត្រូវមើលការខុសត្រូវ។ តែបើពួកគាត់មិនយល់ស្របទេ នោះគ្មាននរណាមកជួយយើងទេ។ បើខ្ញុំបន្តចូលរួមការជួបជុំតាមអនឡាញទាំងនេះទៀត ពេលមានរឿងអ្វីកើតឡើងនៅផ្ទះ មុខជាពិបាកមិនខាន។ តែព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហាក់ដូចជាព្រះសូរសៀងរបស់ព្រះអម្ចាស់អ៊ីចឹង។ ព្រះដ៏មានគ្រប់ព្រះចេស្ដា អាចជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ដូច្នេះ បើខ្ញុំបោះបង់ព្រះដ៏មានគ្រប់ព្រះចេស្ដាតាមការចង់បានរបស់គ្រូគង្វាល តើខ្ញុំនឹងមិនទាស់ទទឹងនឹងព្រះទៅហើយទេ?» គិតបែបនេះ ពេលឃើញឈ្មោះខ្លួនឯង ខ្ញុំក៏គូសសញ្ញាខ្វែង។ អ្នកផ្សេងទៀតក៏គូសសញ្ញាខ្វែងដែរ លើកលែងតែម្នាក់ប៉ុណ្ណោះ។ គ្រូគង្វាលខឹងខ្លាំងណាស់ រួចគាត់ថា៖ «ឥឡូវ ពេលពួកឯងមានបញ្ហា អ្នកភូមិនឹងមិនជួយពួកឯងទេ។ ហើយពួកយើងក៏នឹងមិនអធិស្ឋានឱ្យពួកឯងដែរ។ ពួកយើងចប់គ្នាហើយ។ យើងនឹងដើរផ្លូវរៀងខ្លួន»។

ខ្ញុំខឹងផង ច្របូកច្របល់ក្នុងចិត្តផង។ ចុះព្រះគ្រីស្ទក្លែងក្លាយ ដែលគ្រូគង្វាលបាននិយាយនោះ យ៉ាងម៉េចវិញ? ខ្ញុំបានសួរបងស្រីពីរនាក់ ដែលខ្ញុំបានជួបជុំគ្នាជាមួយពួកគាត់។ បងស្រីម្នាក់បានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យខ្ញុំស្ដាប់។ «ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន» (ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយមក គាត់បានប្រកបគ្នាជាមួយខ្ញុំថា៖ «តើធ្វើដូចម្ដេច ទើបយើងអាចបែងចែករវាងព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយបាន? ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណនៃព្រះដែលត្រលប់ជាសាច់ឈាម និងយាងមកកាន់ផែនដីជាមនុស្ស។ ព្រះអង្គ គឺជាតំណាងនៃសេចក្តីពិត និងជាព្រះសង្រ្គោះ។ ព្រះគ្រីស្ទអាចពន្យល់ប្រាប់ពីអាថ៌កំបាំង អាចសម្ដែងចេញសេចក្តីពិតបាន។ ទ្រង់អាចបន្សុទ្ធ និងសង្រ្គោះមនុស្ស និងអាចបំពេញកិច្ចការរបស់ព្រះបាន។ តែព្រះគ្រីស្ទក្លែងក្លាយវិញ មានសារជាតិជាអារក្ស។ មិនថាពួកគេអះអាងថាខ្លួនគេជាព្រះច្រើនប៉ុនណាទេ ពួកគេមិនអាចសម្ដែងចេញសេចក្តីពិត ឬបំពេញកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះបានឡើយ។ ពួកគេអាចត្រឹមអធិប្បាយគោលលទ្ធិ ឬធ្វើកិច្ចការអស្ចារ្យខ្លះ ដើម្បីបញ្ឆោតមនុស្សប៉ុណ្ណោះ»។ បន្ទាប់មក គាត់ក៏ផ្ដល់ការប្រៀបធៀបនេះ។ ឧបមាថា មានមនុស្សដប់នាក់ពាក់ឈុតគ្រូពេទ្យ កាន់ឧបករណ៍ស្ដេតូ រួចអះអាងថាខ្លួនជាវេជ្ជបណ្ឌិត។ ប៉ុន្តែ ក្នុងនោះ មានតែម្នាក់គត់ដែលជាវេជ្ជបណ្ឌិតពិត។ តើយើងត្រូវធ្វើដូចម្ដេច ដើម្បីដឹងថា នរណាជាវេជ្ជបណ្ឌិតពិត? យើងមិនអាចមើលត្រឹមឫកពា ឬរបៀបស្លៀកពាក់របស់ពួកគេបានឡើយ។ ចំណុចសំខាន់គឺ តើនរណាអាចព្យាបាលជំងឺបាន។ អ្នកដែលអាចព្យាបាលជំងឺបាន គឺវេជ្ជបណ្ឌិត។ ពេលបែងចែកព្រះគ្រីស្ទ យើងមិនអាចមើលតែរូបរាងខាងក្រៅបានទេ។ យើងត្រូវសម្រេចចិត្តផ្អែកលើកិច្ចការ ព្រះបន្ទូល និងនិស្ស័យដែលទ្រង់បើកសម្ដែង។ បើទ្រង់អាចសម្ដែងចេញសេចក្តីពិត និងអាចធ្វើកិច្ចការសង្រ្គោះមនុស្សជាតិបាន នោះទ្រង់ជាព្រះគ្រីស្ទហើយ។ បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា បង្ហាញយើងថា បន្ទូលទ្រង់គឺជាសេចក្តីពិត មានព្រះចេស្ដា និងសិទ្ធិអំណាច។ ទ្រង់បើកសម្ដែងពីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះ ពីកិច្ចការទាំងបីដំណាក់កាល ពីការយកកំណើតជាមនុស្ស និងពីព្រះនាមទ្រង់ ព្រមទាំងរឿងពិតអំពីព្រះគម្ពីរផង។ ទ្រង់បើកសម្ដែងពីការពិតដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ និងប្រភពនៃការទាស់ទទឹងរបស់មនុស្សចំពោះព្រះ។ ការនេះជួយឱ្យយើងបានស្គាល់ពីនិស្ស័យពុករលួយខ្លួនយើង។ ទ្រង់ក៏ប្រាប់យើងពីរឿងផ្សេងទៀត ដូចជា តើមនុស្សបែបណាដែលព្រះសព្វព្រះទ័យ មនុស្សបែបណាដែលព្រះស្អប់ មនុស្សបែបណាដែលអាចចូលក្នុងនគរព្រះ ហើយមនុស្សបែបណាដែលនឹងត្រូវដាក់ទោស។ ទ្រង់ក៏បើកសម្ដែងពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនអាចប្រមាថបានផងដែរ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលមនុស្សជាតិពុករលួយត្រូវការ ដើម្បីបានសេចក្តីសង្រ្គោះ ហើយទ្រង់កំពុងធ្វើកិច្ចការជំនុំជម្រះ។ តាមរយៈអ្វីទាំងអស់នេះ យើងអាចប្រាកដចិត្តបានថា៖ ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ និងជាព្រះដែលយកកំណើតជាមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយ មិនអាចសម្ដែងចេញសេចក្តីពិត ឬបំពេញកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះបានទេ ក៏មិនអាចដោះស្រាយសេចក្តីពុករលួយរបស់មនុស្សបានដែរ។ មិនថាពួកគេអះអាងថាខ្លួនគេជាព្រះច្រើនប៉ុនណាទេ ក៏ពួកគេក្លែងក្លាយដែរ។ ពួកគេជាវិញ្ញាណអាក្រក់ ហើយពួកគេនឹងដួលមិនខាន។

បន្ទាប់ពីគាត់បានប្រកបគ្នារួច ចិត្តខ្ញុំក៏បានភ្លឺស្វាងជាងមុន។ ខ្ញុំយល់ថា បើខ្ញុំចង់ស្គាល់ព្រះគ្រីស្ទពិត ខ្ញុំមិនអាចធ្វើតាមសម្ដីគ្រូគង្វាលបានទេ។ ចំណុចសំខាន់គឺត្រូវមើលថាតើទ្រង់អាចសម្ដែងចេញសេចក្តីពិត និងបំពេញកិច្ចការសង្រ្គោះមនុស្សជាតិបានឬអត់។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញសេចក្តីពិតជាច្រើន បានបើកសម្ដែងអាថ៌កំបាំងនៃព្រះគម្ពីរ និងបានធ្វើកិច្ចការជំនុំជម្រះ និងបន្សុទ្ធមនុស្ស។ គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការទាំងនេះបានទេ។ ខ្ញុំជឿថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ក្រោយមក ខ្ញុំបានជួបជុំគ្នាជាមួយបងប្អូនប្រុសស្រីនៅក្នុងភូមិខ្ញុំជាញឹកញាប់។

ក្នុងខែមេសា ឆ្នាំ២០២១ ជំងឺចាស់ប្ដីខ្ញុំបានរើឡើង ហើយជាអកុសល គាត់បានស្លាប់ ក្នុងពេលកំពុងព្យាបាល។ សាច់ញាតិបងប្អូនខ្ញុំ ចង់ឱ្យគ្រូគង្វាលជួយរៀបចំពិធីបុណ្យសព។ តែគ្រូគង្វាល និងពួកចាស់ទុំ បានចំអកឱ្យខ្ញុំ។ ពួកគាត់បានប្រើឱកាសនេះ ដើម្បីព្យាយាមធ្វើឱ្យខ្ញុំបោះបង់សេចក្ដីជំនឿ។ មេភូមិក៏ធ្វើបែបនេះដែរ។ គាត់បានស្ដីបន្ទោសខ្ញុំដែលមិនស្ដាប់ពួកគាត់ ហើយបានហាមអ្នកភូមិមិនឱ្យជួយខ្ញុំទេ។ គាត់ថា៖ «បើឯងសារភាពកំហុសទៅអ្នករាល់គ្នា ហើយសន្យាបោះបង់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងមកព្រះវិហារយើងវិញ នោះពួកយើងនឹងជួយបញ្ចុះសពប្ដីឯង»។ ខ្ញុំមិនដែលគិតថា ពួកគាត់នឹងប្រើការបញ្ចុះសពប្ដីខ្ញុំ មកបង្ខំឱ្យខ្ញុំឈប់ជឿព្រះបែបនេះទេ។ ពិតជាគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់។ ខ្ញុំគ្មានហេតុផលអ្វីត្រូវសារភាពកំហុសទៅពួកគេទេ។ ពេលនោះ ខ្ញុំយំបណ្ដើរ បីកូនតូចបណ្ដើរ។ ក្រោយមក ពេលខ្ញុំមិនឆ្លើយតបអ្វីសោះ ពួកគាត់បានឱ្យគ្រួសារខ្ញុំបង្ខំខ្ញុំឱ្យនិយាយថា ខ្ញុំខុស។ នៅទីនោះ គ្មាននរណាម្នាក់ហ៊ាននិយាយការពារខ្ញុំទេ។ ខ្ញុំញ័រខ្លួនទទ្រើក និងមានអារម្មណ៍ឯកាខ្លាំងណាស់។ ខ្ញុំគិតថា៖ «បើខ្ញុំមិននិយាយថា ខ្ញុំខុសទេ ពួកគាត់មុខជាមិនជួយបញ្ចុះសពប្ដីខ្ញុំទេ តែបើខ្ញុំនិយាយ ខ្ញុំនឹងបដិសេធ និងក្បត់ព្រះជាម្ចាស់មិនខាន។ តើខ្ញុំគួរធ្វើបែបណាទៅ?» ក្រោយមក ខ្ញុំអំពាវនាវរកព្រះទាំងការឈឺចាប់ ថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំម្ចាស់ជឿថា ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះអាទិករតែមួយអង្គគត់នៃរបស់សព្វសារពើ ជាព្រះដ៏មានគ្រប់ព្រះចេស្ដានៃពលបរិវារ ហើយគ្រប់យ៉ាងស្ថិតក្នុងព្រះហស្តទ្រង់។ ខ្ញុំម្ចាស់នឹងចុះចូលតាមការរៀបចំរបស់ទ្រង់»។ ក្រោយមក ខ្ញុំក៏នឹកចាំពីព្រះបន្ទូលខ្លះដែលខ្ញុំបានអាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាទង្វើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក អ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ។ ... នៅពេលព្រះជាម្ចាស់ និងសាតាំង ច្បាំងគ្នានៅក្នុងពិភពខាងវិញ្ញាណ តើអ្នកគួរតែបំពេញព្រះហឫទ័យព្រះជាម្ចាស់យ៉ាងដូចម្តេច ហើយតើអ្នកគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីទ្រង់យ៉ាងដូចម្តេច? អ្នកគួរតែដឹងថា អ្វីគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក គឺជាការល្បងលដ៏ធំ និងជាពេលដែលព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើនូវបន្ទាល់» (ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំយល់ថា ទោះបីមើលទៅគ្រូគង្វាល និងមេភូមិ ហាក់កំពុងរារាំងខ្ញុំក៏ដោយ តែតាមពិត គ្រប់យ៉ាងជាការបង្អាក់ពីសាតាំងប៉ុណ្ណោះ។ ទោះបីពួកគេថា គឺដើម្បីឱ្យខ្ញុំល្អក៏ដោយ តែតាមពិត ពួកគេកំពុងប្រើទំនៀមទម្លាប់ក្នុងភូមិ ដូចជាពិធីបុណ្យសព មង្គលការ ការសម្រាលកូន និងការសាងសង់ផ្ទះជាដើម ដើម្បីបង្ខំអ្នកភូមិឱ្យបោះបង់ខ្ញុំចោល និងបង្ខំខ្ញុំឱ្យក្បត់ព្រះជាម្ចាស់។ ពួកគេចង់ទាញឱ្យខ្ញុំត្រឡប់ទៅក្នុងសាសនាពួកគេវិញ បន្តដើរតាម និងស្ដាប់បង្គាប់ពួកគេ។ ព្រះបានបោះបង់ពួកជំនុំនៅយុគសម័យនៃព្រះគុណ ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ខ្ញុំដឹងថា បើខ្ញុំស្ដាប់តាមពួកគេ ដោយចូលរួមពួកជំនុំពួកគេវិញ នោះខ្ញុំនឹងបាត់បង់ឱកាសឱ្យព្រះសង្រ្គោះមិនខាន។ ហើយខ្ញុំក៏នឹងត្រូវធ្លាក់នរក និងទទួលទោសជាមួយពួកគេដែរ។ នោះជាបំណងអាក្រក់របស់សាតាំង។ មិនថាពួកគេគ្រប់គ្នារារាំងផ្លូវខ្ញុំបែបណាទេ ក៏ខ្ញុំមិនអាចស្ដាប់ពួកគេបានឡើយ។ ខ្ញុំត្រូវតែអធិស្ឋាន ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន និងបំបាក់មុខសាតាំង។ តែខ្ញុំនៅតែត្រូវការគេជួយរៀបចំពិធីបុណ្យសពប្ដីខ្ញុំដដែល។ នេះជាបញ្ហាជាក់ស្ដែង។ ព្រោះទាំងអ្នកភូមិ ទាំងគ្រួសារខ្ញុំ សុទ្ធតែស្ដាប់តាមគ្រូគង្វាលទាំងនោះ។ ពួកគេមិនព្រមជួយទេ។ ដូច្នេះ ឱ្យខ្ញុំធ្វើយ៉ាងម៉េច? ពេលនោះ ខ្ញុំចេះតែអំពាវនាវរកព្រះថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា ទោះមាននរណាជួយបញ្ចុះសពប្ដីខ្ញុំម្ចាស់ឬអត់ គ្រប់យ៉ាង សូមទ្រង់សម្រេចចុះ។ ពេលនេះ ខ្ញុំម្ចាស់ទុកចិត្តលើទ្រង់ហើយ។ គ្រប់យ៉ាងស្ថិតក្នុងព្រះហស្តទ្រង់។ ទោះមានរឿងអ្វីក៏ដោយ ក៏ខ្ញុំនឹងមិនក្បត់ទ្រង់ដែរ។ ខ្ញុំម្ចាស់នឹងចុះចូល»។ ក្រោយមក ខ្ញុំបានធូរចិត្តបន្តិច និងមិនសូវឈឺចាប់ទេ។ ពេលនោះ ខ្ញុំឮពូខ្ញុំនៅខាងក្រៅ និយាយជាមួយមនុស្សម្នាក់ថា៖ «ខ្ញុំសូមអង្វរចុះ។ ខ្ញុំសុំទោសជំនួសក្មួយស្រីខ្ញុំផង»។ មេភូមិថា៖ «នាងត្រូវតែសុំទោសដោយខ្លួនឯង»។ ខ្ញុំគិតថា៖ «ពួកគេនឹងធ្វើគ្រប់យ៉ាង ដើម្បីឱ្យខ្ញុំក្បត់ព្រះ។ តែពួកគេកាន់តែបង្ខំ ខ្ញុំកាន់តែត្រូវប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនខ្លាំងឡើង»។ ពេលនោះ ម្ដាយខ្ញុំស្រាប់តែទូរស័ព្ទមក មិននឹកស្មានសោះ គាត់ថា៖ «កុំពិបាកចិត្តអី គ្រប់យ៉ាងមិនអីទេ។ ពួកទាហានជាមិត្តភក្ដិប្ដីកូនឯង នឹងមកជួយបញ្ចុះសព។ ពួកគេកំពុងធ្វើដំណើរមកតាមផ្លូវហើយ»។ ពេលនោះ... ខ្ញុំរំជួលចិត្តខ្លាំងណាស់។ ពេលជួបបញ្ហាដែលខ្ញុំតែលតោលបំផុត ព្រះបានចាត់មនុស្សមកជួយខ្ញុំ។ ពេលនោះ ខ្ញុំនឹកចាំពីព្រះបន្ទូលទាំងនេះ។ «អ្នកដឹងថា អ្វីៗទាំងអស់នៅក្នុងបរិយាកាសដែលព័ទ្ធជុំវិញអ្នក គឺនៅមាន ដោយសារការអនុញ្ញាតពីខ្ញុំ ដែលខ្ញុំបានគ្រោងទុក។ ចូរមើលឱ្យច្បាស់ ហើយបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងបរិយាកាសដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាច ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាដែលរៀបចំចាត់ចែងច្បាស់ជានឹងគង់នៅជាមួយអ្នក។ ទ្រង់ឈរនៅពីក្រោយអ្នករាល់គ្នា ហើយទ្រង់គឺជាខែលរបស់អ្នក» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំឃើញថា គ្រប់យ៉ាងស្ថិតក្នុងព្រះហស្តព្រះ។ ឱ្យតែយើងពឹងលើព្រះ នោះទ្រង់នឹងរៀបចំផ្លូវសម្រាប់យើង។ ទោះបីពួកគេនៅបន្តបៀតបៀនខ្ញុំក៏ដោយ ក៏ខ្ញុំបានឃើញពីការណែនាំរបស់ព្រះដែរ។ ពេលនោះ ដួងចិត្តខ្ញុំកាន់តែរឹងមាំឡើង។ ខ្ញុំមិនបានអវិជ្ជមាន ក៏មិនទន់ជ្រាយដែរ។

ពេលរៀបចំបុណ្យសពរួចរាល់អស់ហើយ ម្ដាយក្មេកខ្ញុំតែងស្ដីបន្ទោសខ្ញុំជារឿយៗ។ គាត់ថា អ្នកភូមិផ្សេងទៀតចេះតែគេចមុខពីពួកយើង ព្រោះពួកគេគិតថា ខ្ញុំបានក្បត់ព្រះអម្ចាស់យេស៊ូវ។ សាច់ញាតិបងប្អូនខ្ញុំក៏ថា ខ្ញុំជឿព្រះខុសដែរ។ ហើយគ្រួសារម្ដាយបង្កើតខ្ញុំក៏មិនហ៊ានមកក្បែរខ្ញុំដែរ។ មានតែម្ដាយខ្ញុំម្នាក់ប៉ុណ្ណោះ ដែលមកលេងខ្ញុំ។ តែគាត់តែងនិយាយជារឿយៗថា៖ «ម៉េចក៏កូនមិនស្ដាប់តាមគ្រូគង្វាល ឬមេភូមិ អ៊ីចឹង? មើលខ្លួនឯងចុះ លែងមានប្ដីសីទៀតហើយ។ បើគ្មានពួកនោះទេ គ្មានសាច់ថ្លៃកូនឯងទេ តើនរណាអាចជួយកូនឯងបានទៅ? កូនរបស់ឯង នៅតូចណាស់។ សារភាពទៅ ហើយឈប់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀត។» សព្វថ្ងៃនេះ មិនថាខ្ញុំទៅណាទេ អ្នកភូមិតែងនិយាយដើមខ្ញុំពីក្រោយខ្នងរហូត។ ពួកគេតែងនិយាយដើមពីសេចក្ដីជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំគិតថា ពីមុនមក យើងធ្លាប់មានទំនាក់ទំនងល្អនឹងគ្នាណាស់។ តែឥឡូវ ដោយសារខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេបៀតបៀន និងនៅឆ្ងាយពីខ្ញុំ។ ខ្ញុំឈឺចាប់ និងពិបាកចិត្តណាស់។ ពេលនោះ នៅមីយ៉ាន់ម៉ាដាច់អ៊ីនធឺណិត។ ដូច្នេះ ខ្ញុំមិនអាចស្ដាប់ការអធិប្បាយតាមអនឡាញបានទេ។ ហើយសមាជិកដទៃមិនហ៊ានមកផ្ទះខ្ញុំ ដើម្បីប្រកបគ្នាជាមួយខ្ញុំទេ។ ខ្ញុំមានអារម្មណ៍ដូចធ្លាក់ក្នុងភាពងងឹត មើលមិនឃើញពន្លឺអ៊ីចឹង។ ខ្ញុំបានត្រឹមអធិស្ឋានទៅព្រះ ទូលសុំទ្រង់ឱ្យណែនាំខ្ញុំឱ្យចេញពីគ្រាដ៏ខ្មៅងងឹតនេះប៉ុណ្ណោះ។ ថ្ងៃមួយ ខ្ញុំបានទទួលសារមួយ ដែលមានព្រះបន្ទូលមួយចំនួនក្នុងនោះ។ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងប្រាប់ឱ្យអ្នកដឹងរឿងច្បាស់ៗតែម្ដង។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ។ គ្មានអ្វីសាមញ្ញម្ល៉ឹងទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំនូវកាលៈទេសៈតូចៗក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់វាដែរ។ វាគ្រាន់ថា ទុក្ខលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតប៉ុណ្ណោះ។ ការល្បងលគឺជាព្រះពរមកពីខ្ញុំ ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មាននាក់ដែលចូលមកចំពោះខ្ញុំជាញឹកញាប់ ហើយលុតជង្គង់អង្វរសុំព្រះពររបស់ខ្ញុំទៅ? ឱក្មេងដ៏ឆ្កួតលេលាអើយ! អ្នកតែងតែគិតថា ពាក្យសម្ដីល្អៗពីរបីម៉ាត់អាចរាប់ជាព្រះពររបស់ខ្ញុំបាន តែអ្នកមិនទទួលស្គាល់ថា ភាពជូរចត់ក៏ជាព្រះពរមួយរបស់ខ្ញុំដែរនោះឡើយ» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំរំជួលចិត្តណាស់ ពេលបានអានព្រះបន្ទូលទាំងនេះរួច។ គឺដូចជាឈឺយូរហើយ ស្រាប់តែបានលេបថ្នាំកម្លាំងអ៊ីចឹង។ ពេលនោះ ខ្ញុំមានកម្លាំង និងពេញដោយទំនុកចិត្ត។ ពេលសញ្ជឹងគិតពីបន្ទូលព្រះ ខ្ញុំយល់ថា ជីវិតដើរតាមព្រះ មិនងាយស្រួលទេ។ គ្រប់គ្នាត្រូវតែឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាក។ ទោះបីរាងកាយខ្ញុំរងទុក្ខក៏ដោយ ក៏ការនេះអាចជំរុញខ្ញុំឱ្យពឹងលើព្រះ និងអធិស្ឋានកាន់តែច្រើនដែរ។ ពេលខ្ញុំរងទុក្ខកាន់តែច្រើន ខ្ញុំកាន់តែមានការជំរុញចិត្តចង់ស្វែងរកសេចក្តីពិតខ្លាំងឡើង។ ខ្ញុំក៏បានយល់ដឹងខ្លះពីអធិបតេយ្យភាពរបស់ព្រះ ទាំងមិនដឹងខ្លួន។ ទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះ បានប្រសើរឡើង ហើយខ្ញុំក៏បានតាំងចិត្តដើរតាមទ្រង់។ បងដឹងទេ ខ្ញុំជឿលើព្រះតាំងពីក្មេងមកម្ល៉េះ តែខ្ញុំដឹងត្រឹមសោយសុខនឹងព្រះគុណ និងសេចក្តីសុខដែលទ្រង់ប្រទានមកខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនដែលបានឆ្លងកាត់ការឈឺចាប់ ឬការល្បងលនោះទេ។ កាលពីមុន ខ្ញុំមិនបានដឹងអ្វីច្រើនពីព្រះអម្ចាស់ឡើយ ក៏មិនស្គាល់មនុស្សដែរ។ តែឥឡូវ តាមរយៈទុក្ខលំបាកទាំងនេះ ក្នុងនាមជាអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានរងទុក្ខបន្តិចមែន តែខ្ញុំក៏បានស្គាល់មនុស្សដែរ។ ខ្ញុំបានឃើញពីមុខមាត់អាក្រក់របស់គ្រូគង្វាល និងពួកចាស់ទុំ ដែលបោកបញ្ឆោត ទាស់នឹងព្រះ។ ពីមុន ខ្ញុំយល់ថា គ្រូគង្វាលអាចពន្យល់ព្រះគម្ពីរ និងអធិស្ឋានឱ្យពួកយើងបាន ដូច្នេះ ខ្ញុំគិតថា ពួកគាត់ខ្វល់ខ្វាយពីយើង ថាពួកគាត់ចេះព្រះគម្ពីរ និងស្គាល់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពេលពួកគាត់ឮថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ពួកគាត់មិនបានស្វែងរក ឬស៊ើបសួរការពិតទេ។ កាន់តែអាក្រក់ទៀតនោះ គឺពួកគាត់បានរារាំងពួកអ្នកជឿមិនឱ្យស៊ើបសួរពីកិច្ចការរបស់ព្រះទេ។ ពួកគាត់ក៏បានប្រើទំនៀមទម្លាប់ក្នុងភូមិ និងប្រើអ្នកភូមិមកវាយប្រហារខ្ញុំផងដែរ ដើម្បីធ្វើឱ្យខ្ញុំបោះបង់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំដឹងថា ពួកគាត់ជាពួកផារិស៊ីដែលមានពុតត្បុត។ ខ្ញុំបានបដិសេធពួកគាត់ទាំងស្រុង។ គិតឡើងវិញពីកាលនោះ គ្រប់ទាំងការឈឺចាប់ និងទុក្ខព្រួយក្នុងចិត្ត បើគ្មានការណែនាំពីបន្ទូលព្រះទេ ខ្ញុំប្រហែលជាត្រូវពួកអារក្សទាំងនោះធ្វើឱ្យខ្ញុំឆ្កួតបាត់ហើយ។ ដោយបានបន្ទូលព្រះនេះហើយ ទើបខ្ញុំអាចឆ្លងផុតការលំបាកទាំងអម្បាលម៉ាននេះបាន។ ខ្ញុំពិតជាដឹងគុណព្រះដ៏មានគ្រប់ព្រះចេស្ដាខ្លាំងណាស់។ មួយរយៈក្រោយមក នៅមីយ៉ាន់ម៉ា ក៏មានអ៊ីនធឺណិតវិញ។ ខ្ញុំបានទាក់ទងសមាជិកផ្សេងទៀត ហើយបានចូលរួមជួបជុំជាមួយពួកគាត់។ តែពេលនោះ គ្រូគង្វាល និងមេភូមិ បៀតបៀនខ្ញុំកាន់តែខ្លាំងឡើងៗ។

កាលនោះ ក្នុងខែមករា ឆ្នាំ២០២២ ពួកគាត់បានកោះហៅមនុស្សទាំងអស់នៅក្នុងភូមិ មកប្រជុំ។ មានមនុស្សប្រហែលបីរយនាក់។ គេឱ្យពួកយើង ១៤ នាក់ ជាបងប្អូនប្រុសស្រីរួមជំនឿ អង្គុយច្រហោងនៅកណ្ដាលថ្ងៃ។ មេភូមិថា៖ «នៅភូមិនេះ មិនអនុញ្ញាតឱ្យមានជំនឿពីរឡើយ។ ខ្ញុំកោះប្រជុំនេះ គឺដើម្បីឱ្យបងប្អូនដែលដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា អាចធ្វើការសម្រេចចិត្តបាន។ ជំនួសមុខឱ្យអ្នកភូមិទាំងមូល ខ្ញុំសូមសួរថា តើបងប្អូននឹងនៅបន្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតទេ? ឬក៏បងប្អូននឹងត្រលប់មកព្រះវិហារវិញ?» ពេលនោះ ពួកគេបានហៅសាច់ញាតិបងប្អូនពួកយើង ម្នាក់ម្ដងៗ ក្នុងចេតនាដើម្បីបញ្ចុះបញ្ចូលពួកយើង។ ឪពុកបងប្រុស អៃវ៉ាង ជាមេភូមិម្នាក់ដែរ។ គាត់បានបង្ខំឱ្យកូនប្រុសគាត់លុតជង្គង់ សារភាព។ បងអៃវ៉ាង មិនព្រមលុតជង្គង់ទេ គាត់ថា «ការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គ្មានអ្វីខុសទេ»។ ឪពុកគាត់និយាយទាំងខឹងថា៖ «ឪម៉ែឯងជឿអី ឯងគួរតែជឿហ្នឹងដែរ ទើបត្រូវ។ ឯងមិនស្ដាប់តាមម៉ែឪ បោះបង់ម៉ែឪ ទៅជ្រើសរើសព្រះដ៏មានគ្រប់ព្រះចេស្ដា វិញ»។ បងអៃវ៉ាង ថា៖ «ខ្ញុំជឿលើព្រះមែន តែពេលណាទៅ ដែលខ្ញុំថា ខ្ញុំចង់បោះបង់ប៉ានោះ? ខ្ញុំស្រឡាញ់ម៉ែឪខ្ញុំ តែខ្ញុំរឹតតែស្រឡាញ់ព្រះខ្លាំងជាងនេះទៀត»។ សម្ដីនេះធ្វើឱ្យឪពុកគាត់ខឹងកាន់តែខ្លាំង។ ពេលនោះ គាត់ស្រែកថា៖ «ហែងជាកូនអញ! រឿងគ្រប់យ៉ាងរបស់អ្ហែង អញជាអ្នកសម្រេច! អញមិនឱ្យអ្ហែងនិយាយរកអញបែបនេះទេ!» ខ្ញុំមើលយូរទៅ ខ្ញុំកាន់តែឃើញច្បាស់ថា ពួកគាត់ក្រអឺតក្រទមខ្លាំងណាស់។ ពួកគាត់ជឿព្រះអម្ចាស់មែន តែពួកគាត់មិនគោរព ឬលើកតម្កើងទ្រង់ទាល់តែសោះ។ ពេលនោះ មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា៖ «ប្រទេសចិនហាមមិនឱ្យជឿព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ហើយគេចាប់ខ្លួនពួកអ្នកជឿ។ យើងនឹងស៊ើបអង្កេតរឿងនេះដោយខ្លួនឯង។ តើអ្នកណានាំពួកឯងឱ្យជឿ? នរណាជាមេកើយពួកឯង?» ពួកយើងនិយាយថា ពួកយើងគ្មានមេកើយអ្វីទេ។ បន្ទាប់ មន្ត្រីម្នាក់ទៀតចេះតែឈ្លេចសួរយើង តែពួកយើងបន្តនិយាយថា ពួកយើងគ្មានមេកើយអ្វីទេ។ ពេលនោះ មន្ត្រីថ្នាក់ស្រុកម្នាក់បានសួរយើងថា «ស្អីគេទៅ ព្រះដ៏មានគ្រប់ព្រះចេស្ដា ហ្នឹង?» ខ្ញុំក៏តបថា៖ «លោកអត់ដឹងមែន ហ៏? ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដែលបង្កើតរូបលោកនេះឯង ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ»។ ពេលឮបែបនេះ គាត់ខឹងដាច់ក្បាលដាច់កន្ទុយ រួចឱ្យពួកយើងធ្វើការជ្រើសរើស។ «បើអ្នកណាជ្រើសរើសជឿព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវនិយាយថា 'បន្តជឿ'។ បើអ្នកណាជ្រើសរើសឈប់ជឿ ត្រូវនិយាយថា 'ឈប់ជឿ'»។ បើយើងជ្រើសរើស «បន្តជឿ» គេនឹងរាយការណ៍ពួកយើងទៅថ្នាក់លើដើម្បីដោះស្រាយបន្ត។ ហើយមេភូមិក៏បាននិយាយទៀតថា អ្នកណាដែលជ្រើសរើស «បន្តជឿ» អ្នកនោះត្រូវចាកចេញពីភូមិនេះ។ អ្នកដែលជ្រើសរើស «ឈប់ជឿ» អាចបន្តនៅទីនេះ និងត្រលប់ទៅព្រះវិហារវិញបាន។ ដូច្នេះពេលនោះ ពួកគេបានបង្ខំពួកយើងឱ្យបញ្ជាក់ពីការសម្រេចចិត្តរបស់ពួកយើង។ បងស្រីបីនាក់នៅខាងមុខខ្ញុំ សុទ្ធតែនិយាយថា «ឈប់ជឿ»។ ខ្ញុំគិតថា ពួកគាត់ខ្លាចរងការបៀតបៀន។ ពេលដល់វេនខ្ញុំ ម្ដាយខ្ញុំ ដែលកំពុងពរកូនខ្ញុំ បានស្រែកប្រាប់ខ្ញុំថា ឈប់ជឿទៅ។ ពេលសម្លឹងទៅម្ដាយនិងកូនខ្ញុំ ខ្ញុំឈឺចាប់ណាស់។ ខ្ញុំគិតថា បើគេចាប់ខ្លួនខ្ញុំ តើនឹងទៅជាយ៉ាងណា? ម្ដាយខ្ញុំមុខជាត្រូវពិបាកមើលថែកូនខ្ញុំហើយ។ ខ្ញុំក៏អធិស្ឋាន ទូលសូមព្រះឱ្យប្រទានទំនុកចិត្តដល់ខ្ញុំ។ ខ្ញុំនៅចាំបន្ទូលព្រះអម្ចាស់យេស៊ូវថា៖ «អ្នកណាដែលស្រឡាញ់ឪពុកឬម្តាយខ្លាំងជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិ‌សមនឹងខ្ញុំដែរ។ អ្នកណាដែលមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិ‌សមនឹងខ្ញុំឡើយ» (ម៉ាថាយ ១០:៣៧-៣៨)។ «មានពរហើយអ្នកដែលត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារតែសេចក្ដីសុចរិត៖ ដ្បិតនគរស្ថានសួគ៌គឺជារបស់ពួកគេទាំងនោះ» (ម៉ាថាយ ៥:១០)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់មានបន្ទូលថា 'ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតរបស់មនុស្ស'។ តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? ព្រះបន្ទូលទាំងនេះចង់ឱ្យមនុស្សទាំងអស់ដឹងអំពីចំណុចនេះ៖ ជីវិត និងវិញ្ញាណរបស់យើងមកពីព្រះជាម្ចាស់។ ជីវិត និងវិញ្ញាណរបស់យើងត្រូវបានព្រះជាម្ចាស់បង្កើតមក។ វាមិនមែនមកពីឪពុកម្ដាយរបស់យើង ហើយក៏មិនមែនមកពីធម្មជាតិនោះដែរ។ ជីវិត និងវិញ្ញាណរបស់យើងត្រូវបានព្រះជាម្ចាស់ប្រទានដល់យើង។ មានតែសាច់ឈាមរបស់យើងប៉ុណ្ណោះ ដែលកើតចេញពីឪពុកម្ដាយរបស់យើង ប៉ុន្តែសូម្បីតែសាច់ឈាមរបស់យើងក៏កើតចេញពីការរៀបចំរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ហើយព្រះអង្គក៏បានបង្កើតដូនតារបស់មនុស្សមកដែរ ដូច្នេះហើយ ទើបគ្មានអ្វីដែលត្រូវសង្ស័យឡើយថា ឪពុកម្ដាយរបស់យើងក៏ត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយមិនកើតចេញពីធម្មជាតិនោះដែរ។ វាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការដែលយើងអាចជឿលើព្រះជាម្ចាស់ គឺជាឱកាសមួយដែលព្រះអង្គបានប្រទានមកយើង។ វាត្រូវបានតែងតាំងដោយទ្រង់ ហើយវាជាព្រះគុណរបស់ទ្រង់។ ដូច្នេះហើយ អ្នកមិនមានកាតព្វកិច្ចត្រូវបំពេញកាតព្វកិច្ច ឬការទទួលខុសត្រូវចំពោះបុគ្គលផ្សេងម្នាក់ឡើយ។ កាតព្វកិច្ចតែមួយរបស់អ្នក គឺត្រូវបំពេញភារកិច្ចថ្វាយព្រះជាម្ចាស់ ក្នុងនាមជាភាវៈដែលព្រះបង្កើតមកគួរតែបំពេញ។ នេះគឺជាអ្វីដែលមនុស្សត្រូវធ្វើជាចាំបាច់បំផុត ហើយនៅក្នុងបញ្ហាធំៗទាំងអស់ក្នុងជីវិតរបស់បុគ្គលម្នាក់ វាគឺជាអ្វីមួយដែលពួកគេគួរតែបំពេញបំផុត។ នេះជាកិច្ចការដ៏សំខាន់នៃជីវិតរបស់មនុស្ស» (ដកស្រង់ពី «មានតែការទទួលស្គាល់ទស្សនៈខុសឆ្គងរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំបានដឹងថា វាសនារបស់យើង ស្ថិតក្នុងព្រះហស្តព្រះ។ កន្លែងដែលយើងកើត និងធំដឹងក្ដី គ្រួសារយើង ការលំបាកដែលយើងជួបប្រទះក្នុងជីវិត សុទ្ធតែត្រូវព្រះកំណត់ទុកមកទាំងអស់។ ទោះបីខ្ញុំផ្ដល់កំណើតឱ្យកូនប្រុសខ្ញុំក៏ដោយ ក៏គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានសម្រាប់គាត់ គឺត្រឹមបំពេញភារកិច្ចជាម្ដាយប៉ុណ្ណោះ។ ខ្ញុំអាចផ្ដល់កំណើត និងចិញ្ចឹមគាត់បាន។ តែក្នុងនាមជាម្ដាយ អ្វីដែលខ្ញុំមិនអាចផ្លាស់ប្ដូរបាន គឺជាវាសនា និងរឿងរ៉ាវដែលកើតឡើងចំពោះគាត់។ ក្មេងខ្លះកំព្រាឪពុកម្ដាយតាំងពីក្មេង តែពួកគេនៅតែធំពេញវ័យដដែល។ ដូចខ្ញុំអ៊ីចឹង ឪពុកម្ដាយខ្ញុំលែងលះគ្នាតាំងខ្ញុំនៅតូច។ ខ្ញុំគ្មានឪពុកនៅក្បែរដូចក្មេងឯទៀតទេ តែខ្ញុំនៅតែធំដឹងក្ដី មានសុខភាពល្អដដែល។ វាសនាកូនខ្ញុំ ព្រះបានកំណត់ទុករួចស្រេចហើយ។ ម្ដាយខ្ញុំក៏នៅក្មេង។ បើខ្ញុំមិននៅ គាត់មុខជាអាចមើលថែកូនខ្ញុំបាន។ ខ្ញុំត្រូវថ្វាយអ្នកទាំងពីរទៅព្រះ ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ ខ្ញុំកាន់តែយល់ថា ខ្ញុំគួរតែជ្រើសរើសជឿ និងដើរតាមព្រះ ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ និងបំបាក់មុខសាតាំង។ ដូច្នេះពេលនោះ ខ្ញុំក៏ក្រោកឈរ រួចថា៖ «បន្តជឿ»។ មេភូមិថា៖ «ប្អូនឯងសម្រេចចិត្តខុសហើយ»។ តែខ្ញុំតបថា៖ «ខ្ញុំតែងដើរតាមព្រះ និងធ្វើតាមបន្ទូលទ្រង់ជានិច្ច។ នេះមិនខុសនោះទេ»។ មន្ត្រីម្នាក់បានស្រែកជេរខ្ញុំទាំងខឹងសម្បា។ គាត់ហៅខ្ញុំថា ជនក្បត់សាសនា និងក្បត់ព្រះអម្ចាស់។ តែក្នុងចិត្តខ្ញុំ ខ្ញុំដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្ដែងចេញសេចក្តីពិតជាច្រើន និងបានធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ព្រះអង្គជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ខ្ញុំបានទទួលសេចក្តីសង្រ្គោះពីព្រះ និងបានឮព្រះសូរសៀងទ្រង់។ ខ្ញុំកំពុងដើរតាមដានព្រះបាទានៃកូនចៀម។ តើនោះជាការក្បត់ព្រះអម្ចាស់យ៉ាងម៉េចកើតទៅ? ខ្ញុំចង់តវ៉ាជាមួយពួកគេណាស់។ តែពួកគេបានអះអាងបែបនេះ ហើយខ្ញុំគ្មានឱកាសប្រកែកទេ។ ចាស់ទុំ លី ហៅខ្ញុំថាមនុស្សអាក្រក់រមិលគុណ។ គាត់បានរើសបន្ទះក្ដារបម្រុងវាយខ្ញុំ។ ខ្ញុំខ្លាចខ្លាំងណាស់។ ខ្ញុំក៏បានអធិស្ឋានស្ងាត់ៗទៅព្រះ។ តែពេលនោះ ម្ដាយក្មេកខ្ញុំ បានចេញមកឃាត់គាត់។ នោះជាការការពារពីព្រះហើយ។ ក្រោយមក សមាជិកប្រាំនាក់ទៀត បាននិយាយថា «បន្តជឿ»។ ពេលឃើញពួកយើងមិនចុះញ៉ម ពួកគេបន្តឈ្លេចសួររកមេកើយយើង។ ពួកយើងមិនឆ្លើយអ្វីទាំងអស់។ គិតមកដល់ពេលនោះ យើងបានអង្គុយច្រហោងនៅកណ្ដាលថ្ងៃយូរហើយ។ ជាងប្រាំបួនម៉ោងហើយ ចាប់តាំងពីម៉ោងប្រាំបួនកន្លះព្រឹក ដល់ម៉ោងប្រាំល្ងាច ដាច់បាយ ដាច់ទឹក។ ដោយសារបែបនេះ បងប្រុសម្នាក់ដែលមានសម្ពាធឈាមទាប ក៏បានដួលសន្លប់។ គ្រួសារគាត់បានមកជួយ តែមេភូមិឃាត់មិនឱ្យជួយ។ គាត់ថា៖ «បើព្រះពួកឯងជាព្រះដ៏ពិតមែន ម៉េចក៏អាមួយនេះសន្លប់អ៊ីចឹង?» ក្រោយមក មេភូមិប្រាប់ពួកយើងឱ្យយកគ្រួសារ សត្វចិញ្ចឹម ទ្រព្យសម្បត្តិ និងរបស់របរយើង រួចចាកចេញពីភូមិនៅយប់នោះ។ គាត់ថា ពេលយើងចាកចេញហើយ ពួកគេនឹងដុតផ្ទះយើងចោល។ មន្ត្រីថ្នាក់ស្រុកម្នាក់បាននិយាយថា៖ «កុំខាតពេលជាមួយពួកនេះអី។ ពួកវាសុខចិត្តងាប់ ក៏មិនប្រាប់ថានរណាជាមេវាដែរ។ ឱ្យពួកវាទៅផ្ទះសិនទៅ។ ចាំស្អែក ខ្ញុំនឹងរាយការណ៍ពួកនេះទៅរដ្ឋាភិបាល។ ទុកឱ្យថ្នាក់លើចាត់ការរឿងនេះចុះ។ ពួកវាគង់តែខ្លាចទេ»។ តែខ្ញុំពិតជាមិនខ្លាចពិតមែន។ ខ្ញុំដឹងថា គ្រប់យ៉ាងស្ថិតក្នុងព្រះហស្តព្រះ។ ទោះបីពួកមន្ត្រីមកចាប់ខ្លួនពួកយើងគ្រប់គ្នាក៏ដោយ ក៏វាជាការរៀបចំពីព្រះដែរ។ គ្រប់យ៉ាងស្ថិតក្នុងព្រះហស្តទ្រង់។

ក្រោយមក នៅថ្ងៃទីបី រដ្ឋាភិបាលបានកោះប្រជុំក្នុងភូមិ មានមនុស្ស ៤០០នាក់។ ខ្ញុំខ្លាចថា ពួកគេនឹងឱ្យពួកយើងប្រមាថព្រះ ឱ្យពួកយើងបោះបង់ជំនឿយើងទៀត។ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះ ទូលសុំការការពារ ដើម្បីឱ្យយើងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់ពួកយើងបាន។ ពេលពួកយើងទៅដល់ទីនោះ ចៅហ្វាយស្រុកបាននិយាយមកកាន់ពួកយើងថា៖ «ពួកប្អូនរាល់គ្នានៅក្មេងណាស់ មិនទាន់យល់អ្វីទេ។ ថ្ងៃនេះ ខ្ញុំមិនឱ្យពួកប្អូនទទួលខុសត្រូវអីទេ។ ពីថ្ងៃនេះទៅ ត្រូវស្ដាប់បង្គាប់ឪពុកម្ដាយ និងខំប្រឹងធ្វើការ។ ឈប់អានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងឈប់ផ្សាយដំណឹងល្អអំពីទ្រង់ទៀត។ បើមិនអ៊ីចឹងទេ មេភូមិនឹងចាប់ខ្លួនពួកប្អូនប្រគល់ឱ្យរដ្ឋាភិបាលហើយ»។ មន្ត្រីម្នាក់ក្នុងជួរគណៈគ្រប់គ្រង បាននិយាយទៅអ្នកភូមិគ្រប់គ្នាថា៖ «យើងនឹងធ្វើដាក់អ្នកដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ដូចដែលបក្សកុម្មុយនីស្តចិនធ្វើដែរ។ បក្សកុម្មុយនីស្តចិនតាមប្រមាញ់ និងចាប់ខ្លួនពួកអ្នកជឿ ហើយអាចវាយពួកគេដល់ស្លាប់ ដោយគ្មានទោសពៃរ៍អ្វីទេ។ នៅរដ្ឋវ៉ានេះ យើងនឹងធ្វើដូចគ្នា។ អ្នកជឿទាំងអស់ នឹងត្រូវចាប់ខ្លួន។ មិនថាពួកគេធ្វើរឿងអ្វីនោះទេ ឬមិនថាពួកគេជាជនស្លូតត្រង់ឬអត់នោះទេ យើងនឹងវាយពួកគេដល់ស្លាប់ ដោយគ្មានទោសពៃរ៍អ្វីទេ។ ហើយមិនអនុញ្ញាតឱ្យអ្នកណានិយាយថា អ្នកជឿទាំងនេះ មិនបានធ្វើអ្វីខុសឡើយ។ នេះជាបទបញ្ជារបស់រដ្ឋាភិបាល។ បងប្អូនមិនអាចប្រឆាំងបានទេ។ បើមាននរណាម្នាក់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវរាយការណ៍ពីអ្នកនោះ»។ បន្ទាប់មក គាត់បានចង្អុលមកពួកយើង ដែលជាបងប្អូនរួមជំនឿ ហើយនិយាយទៅគ្រប់គ្នាថា៖ «មើលមុខពួកនេះឱ្យច្បាស់ ហើយត្រូវចំណាំមុខពួកគេ។ ពួកនេះជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ បើឃើញពួកនេះជួបជុំគ្នា ឬផ្សាយដំណឹងល្អ ត្រូវរាយការណ៍ពីពួកគេ»។ ក្រោយមក ស្មៀនស្រុក ក៏បានអានអត្ថបទប្រមាថព្រះឱ្យគ្រប់គ្នាស្ដាប់។ ពាក្យសម្ដីរបស់រដ្ឋាភិបាលអាក្រក់ស្ដាប់ណាស់ និងបោកបញ្ឆោតគ្រប់គ្នា។ អ្នកខ្លះបានសម្លឹងមើលមកពួកយើងដោយស្អប់ខ្ពើម។ សម្ដីពួកគេនិយាយ ធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់។ ខ្ញុំដឹងថា រដ្ឋាភិបាលកំពុងបៀតបៀនពួកអ្នកជឿដូចជាយើង ដោយព្យាយាមធ្វើឱ្យយើងបោះបង់សេចក្តីជំនឿយើង។ ពួកគេចង់ធ្វើឱ្យមនុស្សញញើត និងភ័យខ្លាច ដើម្បីកុំឱ្យមនុស្សស៊ើបសួរពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឱ្យពួកគេបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះ។ រឿងនេះធ្វើឱ្យខ្ញុំស្អប់ពួកអារក្សទាំងនោះខ្លាំងណាស់។ ក្រោយមក រដ្ឋាភិបាលបានឱ្យយើងទៅផ្ទះវិញ។ មកដល់ផ្ទះ ខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។ «មិនថាសាតាំង 'ខ្លាំង' ប៉ុនណា មិនថាវាអង់អាច និងអស្ចារ្យប៉ុនណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុនណាក្នុងការបង្កឱ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឱ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុនណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុនណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្កវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹងនៅលើភ្នំទៅទៀត តូចជាងបក្សាបក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុនណា និងមិនថាសារជាតិរបស់វាអាក្រក់ប៉ុនណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់។ នេះគឺជាសារជាតិ និងតួនាទីរបស់សាតាំង។ សារជាតិរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ពេលអានបន្ទូលព្រះរួច ធ្វើឱ្យខ្ញុំមានទំនុកចិត្ត។ គ្រូគង្វាល អាចដាក់សម្ពាធយើងបាន រដ្ឋាភិបាលអាចបៀតបៀន និងចាប់ខ្លួនយើងបាន។ ពួកគេអាចប្រើគ្រួសារយើង ដើម្បីបង្ខំយើងឱ្យបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដាបាន។ ប៉ុន្តែ មិនថាពួកគេនិយាយ ឬធ្វើអ្វីទេ ក៏ពួកគេមិនអាចធ្វើអ្វីដោយគ្មានការអនុញ្ញាតពីព្រះបានឡើយ។ ដូចចាស់ទុំលីប៉ុនប៉ងវាយខ្ញុំអ៊ីចឹង តែពេលនោះ បានម្ដាយក្មេកខ្ញុំឃាត់គាត់។ គាត់បានការពារខ្ញុំ ទាំងដែលគាត់មិនចូលចិត្តខ្ញុំ។ ទាំងអស់នេះ គឺដោយសារការរៀបចំពីព្រះ។ ខ្ញុំបានដឹងពីអធិបតេយ្យភាពរបស់ព្រះលើរបស់សព្វសារពើ។ ខ្ញុំយល់ថា ព្រះពិតជាឃុំគ្រងលើខ្ញុំពិតមែន។ ព្រះរៀបចំស្ថានភាព ស្របតាមកម្ពស់របស់យើង។ ទ្រង់បានប្រទានស្ថានភាពដល់ខ្ញុំតាមដែលខ្ញុំអាចទ្រាំទ្របាន។ តាមរយៈបទពិសោធនេះ ខ្ញុំទុកចិត្តព្រះកាន់តែខ្លាំង ហើយខ្ញុំយល់ថា គ្រប់យ៉ាងដែលព្រះធ្វើ សុទ្ធតែល្អ។ ខ្ញុំអរព្រះគុណព្រះខ្លាំងណាស់។ ហើយតាមរយៈបទពិសោធនេះ ឥឡូវ ខ្ញុំឃើញច្បាស់ពីធម្មជាតិទាស់ទទឹងនឹងព្រះរបស់គ្រូគង្វាល និងពួកចាស់ទុំហើយ។ បន្ទូលព្រះចែងថា៖ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់។ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារារាំងផ្លូវអ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?» (ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គ្រូគង្វាល និងពួកចាស់ទុំទាំងនោះ មិនយល់ពីព្រះគម្ពីរទេ។ ពួកគាត់គ្រាន់តែបង្រៀនពាក្យពេចន៍ និងគោលលទ្ធិនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ។ ហើយពួកគាត់មិនបានស្វាគមន៍ព្រះអម្ចាស់ ក៏មិនបានស្វែងរកសេចក្តីពិតដែរ។ ពេលជួបកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ពួកគាត់មិនព្យាយាមស្វែងរក ឬស៊ើបសួរការពិតនោះទេ។ ពួកគាត់បកស្រាយព្រះបន្ទូលខុស ផ្សព្វផ្សាយសញ្ញាណដើម្បីបំភាន់អ្នកជឿ ដោយថ្កោលទោសអ្នកដែលផ្សាយពីការយាងមកវិញរបស់ព្រះអម្ចាស់ ដោយព្យាយាមរារាំងមនុស្សស្មោះត្រង់មិនឱ្យស្វាគមន៍ព្រះអម្ចាស់។ ពួកគាត់បានអះអាងថា ពួកគាត់កំពុងការពារមនុស្សស្មោះត្រង់។ តែតាមពិត ពួកគាត់ខ្លាចយើងដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា មិនដើរតាមពួកគាត់។ ពួកគាត់ខ្លាចប៉ះពាល់ឋានៈ និងប្រាក់ចំណូលរបស់ខ្លួន។ ហេតុនេះហើយទើបពួកគាត់ចង់ឱ្យយើងបោះបង់ព្រះ។ ពួកគាត់បានធ្វើជ្រុលដល់ថ្នាក់ប្រើពិធីបុណ្យសព មង្គលការ ការសម្រាលកូន និងការសាងសង់ផ្ទះ មកគំរាម និងបង្ខំខ្ញុំ ឱ្យបោះបង់ជំនឿរបស់ខ្ញុំទៀតផង។ ពួកគាត់បានប្រើបុណ្យសពប្ដីខ្ញុំ ដើម្បីឱ្យខ្ញុំបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំមិនធ្វើតាម ដូច្នេះ ពួកគាត់ក៏ប្រើរដ្ឋាភិបាល រៀបចំការប្រជុំក្នុងភូមិ ដើម្បីធ្វើបាបខ្ញុំ។ ពួកគេបានប្រើគ្រួសារខ្ញុំ ដោយសង្ឃឹមថា ខ្ញុំនឹងក្បត់ព្រះ។ បន្ទាប់មកទៀត ពួកគាត់ចង់បណ្ដេញពួកយើងចេញ ដុតផ្ទះយើងចោល រួចប្រគល់យើងទៅឱ្យមន្ត្រីថ្នាក់លើ។ ពួកគេបៀតបៀនពួកអ្នកជឿដូចពួកយើងឥតឈប់ឡើយ។ ពួកគេចង់ឱ្យយើងក្បត់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីបាត់ឱកាសចូលទៅក្នុងនគរព្រះ។ គ្រូគង្វាលទាំងនោះ ពិតជាសាហាវ និងឃោរឃៅណាស់។ ខ្ញុំនឹកចាំពីព្រះបន្ទូលខ្លះ ដែលព្រះអម្ចាស់យេស៊ូវធ្លាប់បានមានបន្ទូល។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត។ ... ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៣, ១៥)។ ក្រោមលេសការពារពួកយើង គ្រូគង្វាលទាំងនោះបានរារាំងពួកយើងមិនឱ្យទទួលយកកិច្ចការថ្មីរបស់ព្រះ។ ពួកគាត់បានធ្វើឱ្យមនុស្សវង្វេងទាស់ទទឹងនឹងព្រះ។ ចុងក្រោយ ពួកគាត់នឹងនាំអ្នកទាំងនោះធ្លាក់នរក។ ពួកគាត់ជាអារក្ស ហើយរារាំងមនុស្សមិនឱ្យចូលទៅក្នុងនគរព្រះទេ។ ពួកគាត់ជាពួកទាស់ទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងបំផ្លាញមនុស្សយ៉ាងពិតប្រាកដ។ ខ្ញុំឃើញយ៉ាងច្បាស់ពីសារជាតិរបស់ពួកគាត់ ដែលស្អប់សេចក្តីពិត និងស្អប់ព្រះ ហើយខ្ញុំកាន់តែទំនុកចិត្តរឹងមាំឡើង។ មិនថាពួកគាត់ព្យាយាមរារាំងខ្ញុំបែបណាទេ ខ្ញុំនឹងមិនបោះបង់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ ខ្ញុំអធិស្ឋានទៅព្រះថា ខ្ញុំនឹងបំពេញភារកិច្ចឱ្យបានល្អ និងនាំមនុស្សជាច្រើន ដែលស្រេកឃ្លានការយាងមករបស់ទ្រង់ ឱ្យមកចំពោះទ្រង់ ដើម្បីទទួលយកសេចក្តីសង្រ្គោះ។ ពួកគាត់ព្យាយាមរារាំងពួកយើងមិនឱ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា មិនឱ្យជួបជុំគ្នាតាមអនឡាញ។ ដូច្នេះ រៀងរាល់បីថ្ងៃម្ដង មេភូមិបានឱ្យពួកមន្ត្រីមកឆែកទូរស័ព្ទយើង។ បើយើងមាន Facebook ពួកគេនឹងលុបចេញពីទូរស័ព្ទយើង។ ដើម្បីគេចពីការឃ្លាំមើលរបស់ពួកគាត់ និងពីរដ្ឋាភិបាល ពួកយើងបានយកឧបករណ៍ធ្វើស្រែចម្ការរបស់យើងឡើងលើភ្នំ ធ្វើដូចយើងទៅធ្វើស្រែចម្ការ តែពួកយើងទៅជួបជុំគ្នាទេ។ ពេលត្រលប់មកភូមិវិញ ពួកយើងមិនហ៊ាននិយាយពីសេចក្ដីជំនឿយើងដោយបើកចំហទេ។ ទោះបីពួកគេព្យាយាមរារាំងពួកយើងក៏ដោយ ក៏ពួកយើងពឹងលើព្រះ និងបន្តផ្សាយដំណឹងល្អនៅកន្លែងផ្សេងបានដដែល។ យូរៗទៅ មនុស្សកាន់តែច្រើនបានទទួលយកដំណឹងល្អនេះ។ ប៉ុន្តែមានម្ដងនោះ មេភូមិបានដឹងថា ខ្ញុំកំពុងផ្សាយដំណឹងល្អ។ គាត់ឈ្លេចសួរឱ្យខ្ញុំប្រាប់ថាមាននរណាខ្លះដែលបានមកស្ដាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនបាននិយាយអ្វីទាំងអស់។ គាត់បានគំរាមខ្ញុំ ប្រាប់ឱ្យខ្ញុំបោះបង់ជំនឿខ្ញុំ ហើយត្រលប់ទៅព្រះវិហារវិញ។ គាត់ថា បើមិនធ្វើតាមទេ គាត់នឹងឱ្យគេចាប់ខ្លួនខ្ញុំ។ ដូច្នេះ ដើម្បីអាចផ្សាយដំណឹងល្អបានធម្មតា និងមិនឱ្យគេចាប់ខ្លួនខ្ញុំបាន ខ្ញុំក៏រត់ចេញពីប្រទេសមីយ៉ាន់ម៉ា ទៅក្រៅប្រទេស។ ពេលនេះ ខ្ញុំរស់នៅជាមួយបងប្អូនប្រុសស្រីផ្សេងទៀត។ យើងធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះ ប្រកបគ្នា និងផ្សាយដំណឹងល្អ។ ខ្ញុំពេញចិត្តខ្លាំងណាស់។ ខ្ញុំបានរងការឈឺចាប់ និងឆ្លងកាត់ការបៀតបៀនជាច្រើន។ តែខ្ញុំក៏បានស្គាល់ពីគ្រូគង្វាល និងពួកចាស់ទុំដែរ។ ឥឡូវ ខ្ញុំឃើញកាន់តែច្បាស់ពីសេចក្ដីអាក្រក់របស់រដ្ឋាភិបាល។ ខ្ញុំលែងត្រូវពួកគេរឹតត្បិតទៀតហើយ។ ខ្ញុំក៏ដឹងកាន់តែច្រើនពីអធិបតេយ្យភាពរបស់ព្រះដែរ។ ទំនុកចិត្តខ្ញុំលើទ្រង់ក៏បានធំធាត់។ ក្នុងមជ្ឈដ្ឋានសុវត្ថិភាព ខ្ញុំមុខជាមិនអាចទទួលបានបទពិសោធទាំងអស់នេះឡើយ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរស់នៅ នៅចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ...

ខ្ញុំបានឃើញសេចក្ដីពិត នៃការក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស

ខ្ញុំធ្លាប់បានខិតខំយ៉ាងខ្លាំងដើម្បីរក្សាទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជិតខាង។...

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...

Leave a Reply