មេរៀនដែលខ្ញុំបានរៀនពីការចាប់ខ្លួនកូនប្រុសខ្ញុំ

22-01-2026

នៅថ្ងៃមួយក្នុងខែធ្នូ ឆ្នាំ២០១៣ បងស្រីម្នាក់បានទូរសព្ទមកខ្ញុំ ហើយប្រាប់ថា កូនប្រុសរបស់ខ្ញុំត្រូវបានប៉ូលិសចាប់ខ្លួនយកទៅបាត់ហើយ។ ពេលខ្ញុំឮដំណឹងនេះ ខ្ញុំស្រឡាំងកាំង ហើយគិតថា៖ «កូនប្រុសខ្ញុំទើបតែជឿលើព្រះជាម្ចាស់មិនបានប៉ុន្មានផង ហើយគ្មានមូលដ្ឋានគ្រឹះអ្វីដែរ។ គេទើបតែឈប់ពីការងារ ហើយចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន។ ម៉េចក៏គេត្រូវចាប់ខ្លួនលឿនយ៉ាងនេះ?» កាលពីមុន ពេលដែលខ្ញុំត្រូវបានចាប់ខ្លួន ប៉ូលិសបានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើទារុណកម្មខ្ញុំ ក្នុងគោលបំណងបង្ខំខ្ញុំឲ្យក្បត់អ្នកដឹកនាំ និងប្រាក់កាសរបស់ពួកជំនុំ រហូតដល់ខ្ញុំមានអារម្មណ៍ថា ស្លាប់ទៅវិញប្រសើរជាង។ ប៉ូលិសម្នាក់ៗ សុទ្ធតែឃោរឃៅ ហើយគ្មានត្រាប្រណី។ ពួកគេគឺជាអារក្ស។ ពួកគេស្អប់យ៉ាងខ្លាំងចំពោះពួកយើងដែលជាអ្នកជឿលើព្រះជាម្ចាស់។ ពួកគេអាចវាយយើងដល់ស្លាប់ ដោយមិនមានទោសពៃរ៍អ្វីឡើយ។ ខ្ញុំបានបារម្ភ ហើយគិតថា៖ «កូនប្រុសខ្ញុំនៅក្មេងណាស់ ហើយមិនដែលឆ្លងកាត់ការរងទុក្ខបែបនេះទេ! បើគេមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មបាន ហើយក្លាយជាយូដាស ឱកាសនៃការសង្គ្រោះរបស់គេនឹងត្រូវបាត់បង់ទាំងស្រុង!» ការគិតអំពីរឿងនេះ ធ្វើឲ្យខ្ញុំនៅមិនសុខសោះឡើយ។ ប៉ុន្មានថ្ងៃបន្ទាប់មកនេះ ខ្ញុំបាយក៏មិនបាន គេងក៏មិនលក់។ វាដូចជាមានកាំបិតមួយមកចាក់ដោតក្នុងបេះដូងខ្ញុំអ៊ីចឹង។ ខ្ញុំបានត្រឹមតែប្រាថ្នាចង់រងទុក្ខជំនួសកូនប្រុសខ្ញុំប៉ុណ្ណោះ។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ឥតឈប់ឈរ សូមឲ្យទ្រង់មើលថែ និងការពារកូនប្រុសខ្ញុំ។ ខ្ញុំក៏មានចិត្តត្អូញត្អែរនៅក្នុងចិត្តដែរ ដោយគិតថា៖ «កូនប្រុសខ្ញុំបានចាកចេញពីផ្ទះ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន បន្ទាប់ពីជឿលើព្រះជាម្ចាស់បានមួយរយៈខ្លី។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនមើលថែ ហើយការពារគេផង? បើប៉ូលិសវាយគេឲ្យពិការ តើគេនឹងរស់នៅយ៉ាងម៉េចទៅថ្ងៃអនាគត? ហើយបើពួកគេវាយគេឲ្យស្លាប់ ខ្ញុំនឹងគ្មានថ្ងៃបានឃើញមុខគេទៀតឡើយ»។ ខ្ញុំកាន់តែគិត កាន់តែពិបាកចិត្ត ហើយចិត្តខ្ញុំក៏ធ្លាក់ចុះទៅក្នុងភាពងងឹត។ ខ្ញុំមិនអាចធ្វើចិត្តឲ្យស្ងប់បានទេ នៅពេលហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងចិត្ត ខ្ញុំថែមទាំងស្ដីបន្ទោសពួកអ្នកដឹកនាំ និងអ្នកធ្វើការ ដែលមិនបានចាត់តាំងនរណាម្នាក់ឲ្យទទួលបន្ទុកថែរក្សាបរិយាកាសសុវត្ថិភាព ទើបបណ្ដាលឲ្យកូនប្រុសខ្ញុំត្រូវបានចាប់ខ្លួនបែបនេះ។ នៅពេលនោះ ខ្ញុំជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អនៅក្នុងពួកជំនុំ ហើយខ្ញុំរវល់ខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំគ្មានអារម្មណ៍ផ្ដោតលើកិច្ចការឡើយ។ ក្នុងខួរក្បាលខ្ញុំគិតតែពីរឿងកូនប្រុសខ្ញុំប៉ុណ្ណោះ។

នៅក្នុងការឈឺចាប់ និងភាពអស់សង្ឃឹម ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ឥតឈប់ឈរ ដោយទូលសូមឲ្យទ្រង់មើលថែ និងការពារកូនប្រុសខ្ញុំ ដើម្បីកុំឲ្យគេក្លាយជាយូដាស ហើយក្បត់បងប្អូនប្រុសស្រី។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបាននឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឱ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធរបស់អ្នក)» (ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មែនហើយ រឿងរ៉ាវដែលកើតឡើងចំពោះយើងរាល់ថ្ងៃ មិនថាល្អ ឬអាក្រក់នោះទេ គឺសុទ្ធតែត្រូវបានរៀបចំឡើងដោយព្រះជាម្ចាស់ ហើយសុទ្ធតែបង្កប់នូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងនោះ។ នៅពេលដែលកូនប្រុសខ្ញុំត្រូវបានចាប់ខ្លួន ខ្ញុំបានពិចារណាពីរឿងនេះតាមទស្សនៈខាងសាច់ឈាម ដោយមិនចង់ឲ្យគេរងទុក្ខ។ ដូច្នេះហើយ ខ្ញុំមានអារម្មណ៍ថា ការចាប់ខ្លួនរបស់គេគឺជារឿងអាក្រក់មួយ ហើយថែមទាំងបានត្អូញត្អែរពីព្រះជាម្ចាស់ ដែលមិនបានការពារគេទៀតផង។ ខ្ញុំបាននឹកឃើញពីបទពិសោធរបស់យ៉ូប៖ នៅពេលដែលយ៉ូបបានបាត់បង់ទ្រព្យសម្បត្តិ ហើយកូនៗរបស់គាត់បានជួបនឹងគ្រោះមហន្តរាយ ហើយរូបកាយរបស់គាត់ពោរពេញទៅដោយដំបៅអាក្រក់ ប្រពន្ធរបស់គាត់បានចំអកឲ្យគាត់ ហើយចង់ឲ្យគាត់បោះបង់ចោលព្រះជាម្ចាស់ ប៉ុន្តែ យ៉ូបបានស្ដីបន្ទោសប្រពន្ធរបស់គាត់ ដោយនិយាយថា «អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:១០)។ យ៉ូបមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ទោះបីគាត់ទទួលបានរបស់ល្អ ឬរឿងអាក្រក់ក៏ដោយ ក៏គាត់តែងតែអាចទទួលយកវាពីព្រះជាម្ចាស់បានដែរ ដោយមិនបានត្អូញត្អែរ ឬប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ ហើយប្រមាថដល់ទ្រង់ឡើយ ហើយគាត់អាចចុះចូលនឹងព្រះជាម្ចាស់ និងលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ទ្រង់បាន។ ផ្ទុយទៅវិញ នៅពេលដែលខ្ញុំគ្រាន់តែឮដំណឹងថា កូនប្រុសខ្ញុំត្រូវបានចាប់ខ្លួន ហើយមិនមែនថាជីវិតរបស់គេកំពុងស្ថិតក្នុងគ្រោះថ្នាក់ផងនោះ ខ្ញុំបានចាប់ផ្ដើមត្អូញត្អែរ ហើយថែមទាំងបណ្ដោយឲ្យវារំខានដល់ភារកិច្ចរបស់ខ្ញុំទៀតផង។ ខ្ញុំពិតជាមិនស័ក្តិសមយកមកប្រៀបជាមួយយ៉ូបទេ! ខ្ញុំពិតជាអាម៉ាស់ណាស់! ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ កូនប្រុសរបស់ទូលបង្គំត្រូវបានចាប់ខ្លួន ពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយទូលបង្គំមិនដឹងថា គេសុខទុក្ខយ៉ាងណាទេឥឡូវនេះ។ ទូលបង្គំខ្លាចថា គេនឹងក្លាយជាយូដាស ហើយត្រូវទទួលទោសនៅថ្ងៃអនាគត។ ព្រះជាម្ចាស់អើយ ទូលបង្គំឈឺចាប់ក្នុងចិត្តណាស់ ហើយសភាពរបស់ទូលបង្គំក៏ត្រូវរំខានដែរ នៅពេលដែលទូលបង្គំបំពេញភារកិច្ច។ សូមទ្រង់ដឹកនាំទូលបង្គំឲ្យឆ្លុះបញ្ចាំង និងយល់ពីបញ្ហារបស់ទូលបង្គំផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ខ្ញុំមិនប្រទានឱកាសដល់មនុស្សដើម្បីបញ្ចេញមនោសញ្ចេតនារបស់ពួកគេនោះទេ ដោយសារតែខ្ញុំគ្មានមនោសញ្ចេតនាខាងសាច់ឈាម ហើយខ្ញុំកាន់តែស្អប់មនោសញ្ចេតនារបស់មនុស្សក្នុងកម្រិតខ្លាំងបំផុត។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេច្រានទុកមួយឡែក ដូច្នេះខ្ញុំបានក្លាយជា 'អ្នកដទៃ' ម្នាក់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេបំភ្លេច។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេឆក់យកឱកាសដើម្បីជ្រើសយក 'មនសិការ'។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេតែងតែស្អប់ការវាយផ្ចាលរបស់ខ្ញុំ។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេហៅខ្ញុំថា អយុត្តិធម៌ និងមិនស្មើភាព ហើយនិយាយថា ខ្ញុំធ្វេសប្រហែសចំពោះអារម្មណ៍របស់មនុស្ស នៅក្នុងការធ្វើការរបស់ខ្ញុំ។ តើខ្ញុំក៏មានសាច់ញាតិនៅលើផែនដីដែរឬ? តើនរណាធ្លាប់ធ្វើការទាំងយប់ទាំងថ្ងៃដូចខ្ញុំ ដោយគ្មានគិតពីអាហារ ឬដំណេក ដើម្បីប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំនោះ? ធ្វើដូចម្តេចទើបមនុស្សអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បាន? ធ្វើដូចម្តេចទើបមនុស្សអាចត្រូវគ្នានឹងព្រះជាម្ចាស់បាន?» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សជាតិទាំងអស់រស់នៅក្នុងស្ថានភាពនៃមនោសញ្ចេតនា ដូច្នេះហើយ ព្រះជាម្ចាស់មិនជៀសវាងសូម្បីតែមួយនាក់ក្នុងចំណោមពួកគេ ហើយបើកបង្ហាញអាថ៌កំបាំងដែលបានលាក់ទុកនៅក្នុងចិត្តរបស់មនុស្សជាតិទាំងអស់។ ហេតុអ្វីបានជាមនុស្សពិបាកនឹងបំបែកខ្លួនចេញពីមនោសញ្ចេតនារបស់ពួកគេម្ល៉េះ? តើការធ្វើបែបនោះ ហួសពីបទដ្ឋាននៃមនសិការឬ? តើមនសិការអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តើមនោសញ្ចេតនាអាចជួយមនុស្សឱ្យឆ្លងផុតគ្រាលំបាកឬទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនោសញ្ចេតនាគឺជាសត្រូវរបស់ទ្រង់ តើបញ្ហានេះមិនត្រូវបានលើកឡើងយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ?» (ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ព្រះជាម្ចាស់ស្អប់ខ្ពើមនៅពេលដែលមនុស្សរស់នៅតាមមនោសញ្ចេតនា។ នៅពេលដែលមនុស្សប្រព្រឹត្តតាមមនោសញ្ចេតនា ពួកគេគិតតែពីចំណងគ្រួសារ និងផលប្រយោជន៍ខាងសាច់ឈាមតែប៉ុណ្ណោះ ដោយមិនបានស្វែងរកសេចក្ដីពិត ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ខ្ញុំក៏អ៊ីចឹងដែរ។ នៅពេលដែលខ្ញុំដឹងថា កូនប្រុសខ្ញុំត្រូវបានចាប់ខ្លួន គំនិតដំបូងរបស់ខ្ញុំគឺថា ប៉ូលិសច្បាស់ជាវាយបង្ខំគេឲ្យបដិសេធព្រះជាម្ចាស់ និងក្បត់ពួកអ្នកដឹកនាំ និងអ្នកធ្វើការរបស់ពួកជំនុំមិនខាន។ ខ្ញុំបានគិតថា បើកូនប្រុសខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មបាន ហើយក្លាយជាយូដាស គេនឹងបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីសង្រ្គោះ ហើយមិនត្រឹមតែគេមិនអាចទទួលបានព្រះពរនៅថ្ងៃអនាគតប៉ុណ្ណោះទេ គេក៏នឹងត្រូវទទួលទោសនៅក្នុងស្ថាននរកផងដែរ។ ដោយសារកូនប្រុសខ្ញុំនៅក្មេង ខ្ញុំក៏បានឆ្ងល់ដែរថា តើគេនឹងរស់នៅយ៉ាងម៉េចទៅថ្ងៃអនាគត បើការវាយដំនោះធ្វើឲ្យគេពិការ។ ហើយបើគេត្រូវគេវាយឲ្យស្លាប់ ខ្ញុំនឹងបាត់បង់កូនប្រុសខ្ញុំជារៀងរហូត។ ដោយគិតពីផលវិបាកដ៏ធ្ងន់ធ្ងរទាំងនេះ ការត្អូញត្អែរចំពោះព្រះជាម្ចាស់ក៏បានកើតឡើងនៅក្នុងចិត្តខ្ញុំ ហើយខ្ញុំបានស្ដីបន្ទោសព្រះជាម្ចាស់ ដែលមិនបានមើលថែ និងការពារកូនប្រុសខ្ញុំ ថែមទាំងហ៊ានជជែកវែកញែក និងស្រែកតវ៉ាដាក់ទ្រង់ទៀតផង។ តើហេតុផលរបស់ខ្ញុំនៅឯណា? តើភាពជាមនុស្សរបស់ខ្ញុំនៅឯណា? ដោយបានឃើញថាមនុស្សដែលរស់នៅដោយពឹងផ្អែកលើមនោសញ្ចេតនា អាចប្រឆាំងនឹងព្រះជាម្ចាស់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទើបខ្ញុំយល់ពីមូលហេតុដែលព្រះជាម្ចាស់បានបើកសម្ដែងប្រាប់យើងថា «មនោសញ្ចេតនាគឺជាសត្រូវរបស់ទ្រង់»។

ក្នុងអំឡុងពេលនៃការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «វាគឺជាអារម្មណ៍ដែលខ្ញុំតែងតែមានដែលថាផ្លូវដែលព្រះជាម្ចាស់ដឹកនាំយើងឱ្យដើរគឺមិនទៅត្រង់ទេ ប៉ុន្តែគឺជាផ្លូវដែលបត់បែនពោរពេញដោយគ្រលុក ជាងនេះទៅទៀត ព្រះជាម្ចាស់មានព្រះបន្ទូលថា ផ្លូវដែលមានថ្មកាន់តែច្រើន វាកាន់តែអាចបង្ហាញពីដួងចិត្តដែលប្រកបដោយសេចក្តីស្រឡាញ់របស់យើង។ ប៉ុន្តែគ្មាននរណាម្នាក់នៃពួកយើងអាចបើកផ្លូវបែបនេះបានទេ។ តាមបទពិសោធរបស់ខ្ញុំ ខ្ញុំបានដើរលើផ្លូវដែលពិបាក និងមានគ្រោះថ្នាក់ជាច្រើន ហើយខ្ញុំបានស៊ូទ្រាំនឹងការរងទុក្ខជាខ្លាំង។ ពេលខ្លះខ្ញុំមានទុក្ខខ្លាំងណាស់រហូតខ្ញុំចង់ស្រែកយំ ប៉ុន្តែខ្ញុំបានដើរតាមផ្លូវនេះរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំជឿជាក់ថា នេះគឺជាផ្លូវដែលដឹកនាំដោយព្រះជាម្ចាស់ ដូច្នេះខ្ញុំស៊ូទ្រាំនឹងទារុណកម្មនៃរាល់ការរងទុក្ខទាំងអស់ ហើយបន្តដំណើរទៅមុខទៀត។ ដ្បិតនេះជាអ្វីដែលព្រះជាម្ចាស់បានកំណត់ ដូច្នេះតើអ្នកណាអាចរួចខ្លួនបាន? ខ្ញុំមិនស្នើសុំទទួលការប្រទានពរណាមួយឡើយ អ្វីដែលខ្ញុំស្នើសុំ គឺខ្ញុំអាចដើរតាមផ្លូវដែលខ្ញុំគួរដើរស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំមិនស្វះស្វែងធ្វើត្រាប់តាមអ្នកដទៃ ដើរតាមផ្លូវដែលពួកគេដើរនោះទេ។ អ្វីដែលខ្ញុំស្វះស្វែង គឺខ្ញុំអាចបំពេញនូវការប្រឹងប្រែងដោយស្មោះត្រង់របស់ខ្ញុំដើម្បីដើរតាមផ្លូវដែលបានកំណត់ឱ្យខ្ញុំរហូតដល់ទីបញ្ចប់។ ខ្ញុំមិនបានសុំជំនួយពីអ្នកដទៃទេ។ និយាយឱ្យត្រង់ទៅ ខ្ញុំក៏មិនអាចជួយអ្នកដទៃបានដែរ។ វាហាក់ដូចជាថាខ្ញុំងាយទទួលអារម្មណ៍ខ្លាំងណាស់លើបញ្ហានេះ។ ខ្ញុំមិនដឹងថាអ្នកដទៃគិតបែបណាទេ។ នេះក៏ព្រោះតែខ្ញុំតែងតែជឿជាក់ថា បរិមាណដែលបុគ្គលម្នាក់ៗត្រូវរងទុក្ខ និងចម្ងាយដែលពួកគេត្រូវដើរលើផ្លូវរបស់ពួកគេ គឺត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចជួយអ្នកដទៃបានពិតប្រាកដនោះទេ» (ដកស្រង់ពី «ផ្លូវ ... (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថាតើមនុស្សម្នាក់ត្រូវរងទុក្ខប៉ុនណា និងឆ្លងកាត់បរិយាកាសបែបណានៅក្នុងជីវិតរបស់ពួកគេនោះ គឺសុទ្ធតែត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរលង់ណាស់មកហើយ។ ខ្ញុំគួរតែប្រគល់កូនប្រុសរបស់ខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់។ នេះគឺជាហេតុផល និងការអនុវត្តដែលខ្ញុំគួរតែមាន។ កូនប្រុសរបស់ខ្ញុំជឿលើព្រះជាម្ចាស់មិនបានយូរប៉ុន្មានទេ ហើយគេគ្មានការវែកញែកដឹងខុសត្រូវចំពោះសារជាតិនៃនាគដ៏ធំមានសម្បុរក្រហម ដែលស្អប់ព្រះជាម្ចាស់ និងសេចក្ដីពិតនោះទេ។ ការដែលគេត្រូវបានចាប់ខ្លួននៅពេលនេះ ហើយនឹងត្រូវស៊ូទ្រាំនឹងការរងទុក្ខ គឺមានបំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់នៅក្នុងនោះ ហើយលើសពីនេះទៅទៀត វាក៏មានមេរៀនដែលកូនប្រុសខ្ញុំគួរតែរៀនផងដែរ។ ខ្ញុំបានគិតពីបងប្អូនប្រុសស្រីជាច្រើនដែលត្រូវបានចាប់ខ្លួន និងបៀតបៀនដោយនាគដ៏ធំមានសម្បុរក្រហម ហើយពួកគេទាំងអស់គ្នាបានរងទុក្ខយ៉ាងច្រើន ប៉ុន្តែ បទពិសោធទាំងនេះបានផ្ដល់ឲ្យពួកគេនូវជំនឿដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ នៅកណ្ដាលការឈឺចាប់ និងទុក្ខវេទនា ពួកគេសុខចិត្តជាប់គុកអស់មួយជីវិត ជាជាងក្បត់ព្រះជាម្ចាស់ ដោយបានយកឈ្នះលើសាច់ឈាមរបស់ពួកគេ និងលើសាតាំង ហើយនៅទីបំផុត បានធ្វើបន្ទាល់ដ៏ល្អ និងយ៉ាងខ្លាំងក្លាថ្វាយព្រះជាម្ចាស់។ ខ្ញុំក៏បានគិតពីបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំដែរ នៅពេលដែលត្រូវបានចាប់ខ្លួន។ ទោះបីជាសាច់ឈាមរបស់ខ្ញុំបានរងទុក្ខបន្តិចបន្តួចនៅពេលនោះក៏ដោយ ហើយទោះបីជាខ្ញុំមានចិត្តខ្លាច និងទន់ខ្សោយ នៅពេលឆ្លងកាត់ការធ្វើទារុណកម្មក៏ដោយ នៅពេលដែលខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ហើយត្រូវបានដឹកនាំដោយព្រះបន្ទូលរបស់ទ្រង់ ជំនឿរបស់ខ្ញុំចំពោះទ្រង់ក៏បានកើនឡើងដែរ។ តាមរយៈបទពិសោធនេះ ខ្ញុំមិនត្រឹមតែបានរៀនវែកញែកដឹងខុសត្រូវពីសារជាតិដ៏អាក្រក់របស់នាគដ៏ធំមានសម្បុរក្រហម ដែលប្រឆាំងនឹងព្រះជាម្ចាស់ប៉ុណ្ណោះទេ ខ្ញុំក៏ទទួលបានការយល់ដឹងខ្លះៗអំពីសព្វានុភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផងដែរ។ ដោយមានការយល់ដឹងនេះ ខ្ញុំសុខចិត្តប្រគល់កូនប្រុសរបស់ខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបណ្ដោយឲ្យព្រះជាម្ចាស់ចាត់ចែង និងរៀបចំអ្វីៗទាំងអស់។

មួយខែក្រោយមក កូនប្រុសរបស់ខ្ញុំបានត្រឡប់មកវិញ ដោយទឹកមុខស្លេកស្លាំង ហើយគ្មានស្មារតីល្អ។ ខ្នាតកម្ពស់កូនប្រុសរបស់ខ្ញុំនៅក្មេងខ្ចី ហើយគេមិនហ៊ានទទួលស្គាល់ថា គេជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ ដូច្នេះហើយ នៅទីបំផុត ពួកគេក៏បានដោះលែងគេវិញ។ បន្ទាប់ពីបានឆ្លងកាត់ការបរាជ័យនេះ កូនប្រុសរបស់ខ្ញុំបានរៀនមេរៀនខ្លះៗ ហើយក៏មានការវែកញែកដឹងខុសត្រូវកាន់តែខ្លាំងចំពោះនាគដ៏ធំមានសម្បុរក្រហម។ គេក៏បានឃើញដែរថា ខ្នាតកម្ពស់របស់គេនៅក្មេងខ្ចីពេក ហើយជំនឿរបស់គេចំពោះព្រះជាម្ចាស់មិនមែនជាជំនឿពិតប្រាកដទាល់តែសោះ។ ប្រាំមួយខែក្រោយមក គេក៏បានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនឡើងវិញ។

នៅថ្ងៃមួយក្នុងខែតុលា ឆ្នាំ២០២៣ ខ្ញុំបានទទួលសំបុត្រមួយពីពួកជំនុំ ដែលប្រាប់ថា កូនប្រុសរបស់ខ្ញុំត្រូវបានចាប់ខ្លួនម្ដងទៀត។ មនុស្សជាង ៣០ នាក់ត្រូវបានចាប់ខ្លួនពីពួកជំនុំរបស់កូនប្រុសខ្ញុំ ក្នុងនោះក៏មានទាំងពួកអ្នកដឹកនាំ និងអ្នកធ្វើការផងដែរ។ ខ្ញុំបានគិតពីការដែលកូនប្រុសខ្ញុំមានប្រវត្តិជាប់ចាប់ខ្លួនរួចហើយ ហើយថាបើប៉ូលិសដឹងថា គេធ្លាប់ធ្វើជាអ្នកដឹកនាំ ពួកគេច្បាស់ជាបង្ខំគេឲ្យក្បត់ប្រាក់កាសរបស់ពួកជំនុំ និងពួកអ្នកដឹកនាំ និងអ្នកធ្វើការជាមិនខាន ហើយបង្ខំឲ្យចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍បីច្បាប់ ដើម្បីបោះបង់ជំនឿរបស់គេ។ ឥឡូវនេះគឺជាពេលវេលាដែលព្រះជាម្ចាស់កំពុងបើកសម្ដែងពីមនុស្ស ហើយញែកពួកគេទៅតាមប្រភេទរបស់ពួកគេ។ បើកូនប្រុសរបស់ខ្ញុំត្រូវបានបក្សកុម្មុយនិស្តលាងខួរក្បាល ឬបើគេមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មបាន ហើយចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍បីច្បាប់ ហើយក្បត់ព្រះជាម្ចាស់ គេនឹងបើកទ្វារទៅកាន់ស្ថាននរក ហើយបាត់បង់ឱកាសដើម្បីបានសង្គ្រោះមិនខាន។ ដោយគិតពីរឿងនេះ ខ្ញុំមានអារម្មណ៍ដូចជាមានអ្វីមួយមកណែននៅក្នុងទ្រូងខ្ញុំ ហើយខ្ញុំក៏ចាប់ផ្ដើមព្រួយបារម្ភពីអនាគត និងជោគវាសនារបស់កូនប្រុសខ្ញុំ ហើយគ្មានអារម្មណ៍បំពេញភារកិច្ចរបស់ខ្លួនឡើយ។ នៅក្នុងចិត្តខ្ញុំ ខ្ញុំបានអធិស្ឋានឲ្យកូនប្រុសខ្ញុំឥតឈប់ឈរ ដោយទូលសូមឲ្យព្រះជាម្ចាស់បង្ហាញសេចក្ដីមេត្តាករុណា និងការពារកូនប្រុសខ្ញុំ ដើម្បីឲ្យគេអាចឆ្លងផុតគ្រាលំបាកនេះដោយសុវត្ថិភាព។ បងប្អូនប្រុសស្រីពីរបីនាក់បានឃើញថា ខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត ហើយដកដង្ហើមធំទាំងអស់សង្ឃឹមពេញមួយថ្ងៃ ហើយពួកគេបានប្រកបគ្នាជាមួយខ្ញុំអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏បានរកព្រះបន្ទូលទ្រង់ជាច្រើនដើម្បីជួយខ្ញុំផងដែរ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវបានមនោសញ្ចេតនារបស់ខ្ញុំដាក់កំហិតម្ដងទៀតហើយ ដូច្នេះហើយ ខ្ញុំក៏បានអធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ កូនប្រុសរបស់ទូលបង្គំត្រូវបានប៉ូលិសចាប់ខ្លួនយកទៅម្ដងទៀតហើយ។ ទូលបង្គំនៅតែគិតវិលវល់ពីរឿងនេះ ហើយកំពុងតែបារម្ភពីជីវិតរបស់គេ ព្រមទាំងអនាគត និងជោគវាសនារបស់គេ។ សូមទ្រង់ដឹកនាំទូលបង្គំឲ្យស្វែងរកសេចក្ដីពិត ហើយកុំឲ្យជាប់កំហិតនៅក្នុងរឿងនេះអី»។

ក្រោយមក ខ្ញុំបាននឹកឃើញពីការប្រកបគ្នារបស់ព្រះជាម្ចាស់ ស្តីពីការប្រលែងចោលនូវការរំពឹងទុករបស់ខ្លួនចំពោះកូនៗ ហើយខ្ញុំក៏បានរកឃើញព្រះបន្ទូលទាំងនោះ ហើយអានវា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឪពុកម្តាយខ្លះដែលល្ងង់ខ្លៅ មើលមិនធ្លុះពីជីវិត ឬជោគវាសនា មិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយងាយនឹងប្រព្រឹត្តរឿងល្ងង់ខ្លៅ នៅពេលដែលពាក់ព័ន្ធនឹងរឿងកូនៗរបស់ពួកគេ។ ឧទាហរណ៍ បន្ទាប់ពីកូនៗរបស់ពួកគេឯករាជ្យ ពួកគេអាចនឹងជួបប្រទះស្ថានភាពពិសេសៗ ការលំបាក ឬហេតុការណ៍ធំៗមួយចំនួន។ អ្នកខ្លះប្រឈមនឹងជំងឺ អ្នកខ្លះជាប់ពាក់ព័ន្ធនឹងបណ្តឹង អ្នកខ្លះលែងលះគ្នា អ្នកខ្លះត្រូវគេបោកប្រាស់ និងឆបោក ហើយអ្នកខ្លះទៀតត្រូវគេចាប់ជំរិត ធ្វើបាប វាយដំយ៉ាងធ្ងន់ធ្ងរ ឬប្រឈមមុខនឹងសេចក្តីស្លាប់។ ថែមទាំងមានអ្នកខ្លះធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនទៀតផង ជាដើម។ តើឪពុកម្តាយគួរធ្វើដូចម្តេចនៅក្នុងស្ថានភាពពិសេសៗ និងធ្ងន់ធ្ងរទាំងនេះ? តើប្រតិកម្មជាទូទៅរបស់ឪពុកម្តាយភាគច្រើនគឺជាអ្វីដែរ? ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដែលមានតួនាទីជាឪពុកម្តាយផងនោះ តើពួកគេធ្វើនូវអ្វីដែលខ្លួនគួរធ្វើដែរឬទេ? កម្រណាស់ដែលឪពុកម្តាយឮដំណឹងបែបនេះ ហើយមានប្រតិកម្មដូចជាពេលដែលរឿងនោះបានកើតឡើងចំពោះអ្នកដទៃ។ សក់របស់ឪពុកម្តាយភាគច្រើនប្រែជាស្កូវភ្លាមៗ ដោយសារតែការពិបាកចិត្ត ពួកគេគេងមិនលក់ពីមួយយប់ទៅមួយយប់ នៅពេលថ្ងៃក៏គ្មានចំណង់ចង់ញ៉ាំអាហារ ខ្វល់ខ្វាយគិតគ្រប់បែបយ៉ាង ហើយអ្នកខ្លះថែមទាំងយំសោកយ៉ាងជូរចត់ រហូតដល់ភ្នែកឡើងក្រហម និងគ្មានទឹកភ្នែកសល់ទៀតផង។ ពួកគេអធិដ្ឋានយ៉ាងក្លៀវក្លាទៅកាន់ព្រះជាម្ចាស់ សូមឱ្យព្រះជាម្ចាស់យោគយល់ដល់សេចក្តីជំនឿរបស់ខ្លួន ហើយការពារកូនៗរបស់ពួកគេ បង្ហាញព្រះគុណ និងប្រទានពរដល់ពួកគេ បង្ហាញសេចក្តីមេត្តាករុណា និងទុកជីវិតឱ្យពួកគេ។ ក្នុងនាមជាឪពុកម្តាយស្ថិតក្នុងស្ថានភាពបែបនេះ រាល់ភាពទន់ខ្សោយ ភាពទន់ជ្រាយ និងមនោសញ្ចេតនាជាមនុស្សរបស់ពួកគេចំពោះកូនៗរបស់ខ្លួន ត្រូវបានលាតត្រដាងទាំងអស់។ តើមានអ្វីផ្សេងទៀតដែលត្រូវបានបើកបង្ហាញ? គឺការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ពួកគេអង្វរករព្រះជាម្ចាស់ និងអធិដ្ឋានទៅកាន់ទ្រង់ ដោយទូលអង្វរទ្រង់ឱ្យការពារកូនៗរបស់ពួកគេពីគ្រោះមហន្តរាយ។ ទោះបីជាគ្រោះមហន្តរាយកើតឡើងក៏ដោយ ក៏ពួកគេអធិដ្ឋានសូមកុំឱ្យកូនៗរបស់ពួកគេស្លាប់ សូមឱ្យពួកគេអាចគេចផុតពីគ្រោះថ្នាក់ សូមកុំឱ្យពួកគេត្រូវមនុស្សអាក្រក់ធ្វើបាប សូមកុំឱ្យជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរ ប៉ុន្តែបានធូរស្បើយឡើងវិញ ជាដើម។ តើតាមពិតទៅ ពួកគេកំពុងអធិដ្ឋានសុំអ្វីដែរ? (ព្រះជាម្ចាស់អើយ ជាមួយនឹងការអធិដ្ឋានទាំងនេះ ពួកគេកំពុងតែទាមទារពីព្រះជាម្ចាស់ ដោយមានបង្កប់នូវការត្អូញត្អែរ។) ក្នុងទិដ្ឋភាពមួយ ពួកគេពិតជាមិនពេញចិត្តជាខ្លាំងចំពោះស្ថានភាពលំបាករបស់កូនៗពួកគេ ដោយត្អូញត្អែរថា ព្រះជាម្ចាស់មិនគួរអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងចំពោះកូនៗរបស់ពួកគេឡើយ។ ការមិនពេញចិត្តរបស់ពួកគេគឺលាយឡំជាមួយនឹងការត្អូញត្អែរ ហើយពួកគេទូលសូមឱ្យព្រះជាម្ចាស់ផ្លាស់ប្តូរព្រះតម្រិះរបស់ទ្រង់ និងកុំធ្វើបែបនេះ សូមទ្រង់រំដោះកូនៗរបស់ពួកគេចេញពីគ្រោះថ្នាក់ និងការពារពួកគេឱ្យមានសុវត្ថិភាព សូមទ្រង់ប្រោសជំងឺរបស់ពួកគេឱ្យជាសះស្បើយ សូមទ្រង់ជួយពួកគេឱ្យរួចផុតពីបណ្តឹង សូមទ្រង់បញ្ចៀសគ្រោះមហន្តរាយនៅពេលដែលវាកើតឡើង ជាដើម។ សរុបមក គឺដើម្បីឱ្យអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ តាមរយៈការអធិដ្ឋានបែបនេះ ក្នុងទិដ្ឋភាពមួយ ពួកគេកំពុងតែត្អូញត្អែរអំពីព្រះជាម្ចាស់ ហើយក្នុងទិដ្ឋភាពមួយទៀត ពួកគេកំពុងតែទាមទារពីទ្រង់។ តើនេះមិនមែនជាការបង្ហាញពីការបះបោរប្រឆាំងទេឬ? (មែនហើយ។) ពួកគេកំពុងនិយាយដោយប្រយោលថា អ្វីដែលព្រះជាម្ចាស់កំពុងធ្វើគឺមិនត្រឹមត្រូវ ឬមិនល្អ ហើយថាទ្រង់មិនគួរធ្វើបែបនេះឡើយ។ ដោយសារតែទាំងនេះគឺជាកូនៗរបស់ពួកគេ ហើយពួកគេជាអ្នកជឿ ពួកគេគិតថាព្រះជាម្ចាស់មិនគួរអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងចំពោះកូនៗរបស់ពួកគេឡើយ។ កូនៗរបស់ពួកគេគឺខុសពីអ្នកដទៃ។ ពួកគេគួរតែទទួលបានការប្រទានពរជាពិសេសពីព្រះជាម្ចាស់។ ដោយសារតែសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ទ្រង់គួរតែប្រទានពរដល់កូនៗរបស់ពួកគេ ហើយប្រសិនបើទ្រង់មិនធ្វើដូច្នោះទេ ពួកគេកើតទុក្ខ យំសោក បញ្ចេញកំហឹង ហើយលែងចង់ដើរតាមព្រះជាម្ចាស់ទៀតហើយ។ ប្រសិនបើកូនរបស់ពួកគេស្លាប់ ពួកគេមានអារម្មណ៍ថា ពួកគេក៏មិនអាចរស់នៅបន្តទៀតបានដែរ។ តើនោះជាមនោសញ្ចេតនាដែលពួកគេមាននៅក្នុងចិត្តមែនទេ? (មែនហើយ។) តើនេះមិនមែនជាទម្រង់នៃការតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? (មែនហើយ។) នេះគឺជាការតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់ហើយ។ ... នៅពេលដែលព្រះជាម្ចាស់ចាត់ចែង ឬគ្រប់គ្រងជោគវាសនារបស់អ្នកដទៃ អ្នកគិតថាវាមិនអីទេ ដរាបណាវាមិនពាក់ព័ន្ធនឹងអ្នក។ ប៉ុន្តែអ្នកគិតថា ទ្រង់មិនគួរគ្រប់គ្រងជោគវាសនាកូនៗរបស់អ្នកឡើយ មែនទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិទាំងអស់គឺស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចគេចផុតពីអធិបតេយ្យភាព និងការរៀបចំដែលបានកំណត់ដោយព្រះហស្តរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីបានជាកូនៗរបស់អ្នកត្រូវតែជាករណីលើកលែង? អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ត្រូវបានកំណត់ទុក និងរៀបចំផែនការដោយទ្រង់ផ្ទាល់។ តើវាត្រឹមត្រូវទេដែលអ្នកចង់ផ្លាស់ប្តូរវា? (ទេ មិនត្រឹមត្រូវទេ។) វាមិនត្រឹមត្រូវឡើយ។ ដូច្នេះ មនុស្សមិនត្រូវធ្វើរឿងល្ងង់ខ្លៅ ឬគ្មានហេតុផលឡើយ។ អ្វីក៏ដោយដែលព្រះជាម្ចាស់ធ្វើគឺផ្អែកលើហេតុនិងផលពីអតីតជាតិ តើការនោះពាក់ព័ន្ធអ្វីនឹងអ្នកទៅ? ប្រសិនបើអ្នកប្រឆាំងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះអ្នកកំពុងតែដើរទៅរកសេចក្ដីស្លាប់ហើយ។ ប្រសិនបើអ្នកមិនចង់ឱ្យកូនៗរបស់អ្នកជួបប្រទះរឿងទាំងនេះ នោះគឺកើតចេញពីមនោសញ្ចេតនា មិនមែនពីយុត្តិធម៌ សេចក្តីមេត្តាករុណា ឬសេចក្តីសប្បុរសនោះទេ ពោលគឺវាគ្រាន់តែជាឥទ្ធិពលនៃមនោសញ្ចេតនារបស់អ្នកប៉ុណ្ណោះ។ ... ទំនាក់ទំនងពិតប្រាកដដែលមានរវាងមនុស្ស មិនមែនផ្អែកលើចំណងសាច់ឈាមនោះទេ ប៉ុន្តែវាគឺជាទំនាក់ទំនងរវាងភាវៈមានជីវិតមួយ និងភាវៈមានជីវិតមួយទៀតដែលព្រះជាម្ចាស់បានបង្កើត។ ទំនាក់ទំនងប្រភេទនេះមិនមានចំណងសាច់ឈាមឡើយ។ វាគ្រាន់តែជាទំនាក់ទំនងរវាងភាវៈមានជីវិតឯករាជ្យពីរតែប៉ុណ្ណោះ។ ប្រសិនបើអ្នកគិតអំពីរឿងនេះចេញពីជ្រុងនេះ នោះក្នុងនាមជាឪពុកម្តាយ នៅពេលដែលកូនៗរបស់អ្នកអកុសលធ្លាក់ខ្លួនឈឺ ឬជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ អ្នកគួរតែប្រឈមមុខនឹងបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ។ អ្នកមិនគួរលះបង់ពេលវេលាដែលអ្នកនៅសល់ លះបង់មាគ៌ាដែលអ្នកគួរដើរ ឬទំនួលខុសត្រូវ និងកាតព្វកិច្ចដែលអ្នកគួរតែបំពេញ ដោយសារតែសំណាងអាក្រក់ ឬការបាត់បង់កូនៗរបស់អ្នកនោះឡើយ ពោលគឺអ្នកគួរតែប្រឈមមុខនឹងបញ្ហានេះឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកមានគំនិត និងទស្សនៈត្រឹមត្រូវ ហើយអាចមើលធ្លុះរឿងទាំងនេះបាន នោះអ្នកនឹងអាចយកឈ្នះលើភាពអស់សង្ឃឹម ទុក្ខសោក និងការនឹករឭកបានយ៉ាងឆាប់រហ័ស» (ដកស្រង់ពី «របៀបដេញតាមសេចក្ដីពិត (១៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ដើមឡើយ មនុស្សគឺជាភាវៈរស់ឯករាជ្យ ដែលគ្មានទំនាក់ទំនងអ្វីនឹងគ្នាទេ។ លុះត្រាតែព្រលឹងបានចាប់កំណើតឡើងវិញ ហើយចូលមកក្នុងពិភពរូបិយនេះ ទើបមនុស្សមានគ្រួសារ មានប្ដីប្រពន្ធ ឪពុកកូនប្រុស ម្ដាយកូនស្រី និងទំនាក់ទំនងផ្សេងៗទៀតបែបនេះ។ ប៉ុន្តែ នៅពេលនិយាយពីសារជាតិរបស់មនុស្សម្នាក់ គឺដើមឡើយគ្មានទំនាក់ទំនងអ្វីនឹងគ្នាទេ។ ប៉ុន្តែ មនុស្សមិនអាចមើលឃើញរឿងបែបនេះច្បាស់លាស់ទេ ដោយពួកគេបានដាក់ចំណងគ្រួសារខាងសាច់ឈាម និងទំនាក់ទំនងតាមខ្សែលោហិត ឲ្យខ្ពស់ជាងអ្វីៗទាំងអស់។ នៅពេលដែលកូនៗរបស់ពួកគេប្រឈមមុខនឹងគ្រោះមហន្តរាយ និងជំងឺឈឺថ្កាត់ ឬនៅពេលដែលជីវិតកូនៗរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ឪពុកម្ដាយរស់នៅក្នុងមនោសញ្ចេតនារបស់ពួកគេ ហើយឈឺចាប់យ៉ាងខ្លាំង រហូតដល់ពួកគេប្រាថ្នាចង់ស្លាប់ទៅវិញ។ តាមពិតទៅ តើមនុស្សដើរតាមផ្លូវមួយណា ហើយមានជោគវាសនាបែបណា គឺត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនតាំងពីយូរលង់ណាស់មកហើយ ហើយមិនមែនសម្រាប់ឲ្យឪពុកម្ដាយជាអ្នកសម្រេចនោះទេ។ ឧទាហរណ៍ ដូចជាអ្នកជិតខាងរបស់ខ្ញុំ។ ប្ដីប្រពន្ធមួយគូនេះបានរស់នៅយ៉ាងសន្សំសំចៃពេញមួយជីវិតរបស់ពួកគេ ដោយបានចំណាយលុយដែលរកបានដោយការខិតខំទាំងអស់ទៅលើកូនស្រីរបស់ពួកគេ។ ពួកគេបានបញ្ជូននាងទៅសាលាលំដាប់ខ្ពស់ ហើយផ្ដល់ការអប់រំល្អបំផុតដល់នាង ដោយសង្ឃឹមថា នាងអាចមានការងារដែលមានស្ថិរភាព និងមានសន្តិសុខផ្នែកហិរញ្ញវត្ថុនៅថ្ងៃអនាគត។ ប៉ុន្តែ កូនស្រីរបស់ពួកគេមិនបានដើរតាមផ្លូវត្រូវទេ ហើយបានចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀនតាំងពីនៅក្មេង។ នៅទីបំផុត នាងត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ។ ឪពុកម្ដាយរបស់នាងស្ទើរតែឆ្កួតទៅហើយ។ ហើយក៏មានបងស្រីវ័យក្មេងម្នាក់ ដែលឪពុកម្ដាយរបស់នាងបានទៅធ្វើការឆ្ងាយពីផ្ទះជាច្រើនឆ្នាំ ហើយបានផ្ញើឲ្យនាងរស់នៅជាមួយអ៊ំប្រុសរបស់នាង។ ឪពុកម្ដាយរបស់នាងមិនដែលបានយកចិត្តទុកដាក់នឹងការសិក្សារបស់នាងឡើយ ប៉ុន្តែ នៅទីបំផុត នាងបានប្រឡងជាប់ចូលសាកលវិទ្យាល័យ ហើយបានដើរតាមអ៊ំស្រី និងអ៊ំប្រុសរបស់នាងក្នុងការជឿលើព្រះជាម្ចាស់។ ឥឡូវនេះ បងស្រីម្នាក់នេះកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយដើរតាមផ្លូវដ៏ត្រឹមត្រូវនៅក្នុងជីវិត។ នេះបង្ហាញថា ផ្លូវដែលមនុស្សដើរមិនទាក់ទងទាល់តែសោះទៅនឹងរបៀបដែលឪពុកម្ដាយរបស់ពួកគេមើលថែ និងអប់រំពួកគេនោះទេ ហើយវាក៏មិនមែនជារឿងដែលឪពុកម្ដាយរបស់ពួកគេអាចផ្លាស់ប្ដូរបានដែរ។ ប៉ុន្តែ ខ្ញុំមិនអាចមើលឃើញរឿងទាំងនេះច្បាស់លាស់ទេ ដោយតែងតែព្រួយបារម្ភពីអនាគត និងជោគវាសនារបស់កូនប្រុសខ្ញុំ ហើយមិនអាចបំពេញភារកិច្ចរបស់ខ្លួនជាធម្មតាបាន។ សូម្បីតែការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់ខ្ញុំក៏ត្រូវបានរំខានដែរ។ ខ្ញុំគ្រាន់តែបារម្ភថា បើកូនប្រុសខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្មបាន ហើយក្បត់ព្រះជាម្ចាស់ ក្លាយជាយូដាស នោះគេនឹងបាត់បង់ឱកាសនៃការសង្គ្រោះមិនខាន។ ខ្ញុំថែមទាំងបានទាមទារឲ្យព្រះជាម្ចាស់ការពារគេពីភាពឃោរឃៅរបស់អារក្សទាំងនោះ ហើយធ្វើឲ្យប្រាកដថា គេបានឆ្លងផុតគ្រាលំបាកនោះដោយសុវត្ថិភាពទៀតផង។ តើខ្ញុំមានហេតុផលសូម្បីតែបន្តិចដែរទេ? ពេលខ្ញុំគិតពិចារណាឲ្យបានដិតដល់ទៅ នៅពេលដែលកូនប្រុសរបស់ខ្ញុំត្រូវបានចាប់ខ្លួនជាលើកដំបូង ខ្នាតកម្ពស់របស់គេនៅក្មេងខ្ចី ហើយគេមិនហ៊ានទទួលស្គាល់ថា គេជឿលើព្រះជាម្ចាស់ទេ។ គេគ្មានទីបន្ទាល់ទេ។ ដប់ឆ្នាំក្រោយមក គេត្រូវបានចាប់ខ្លួនម្ដងទៀត ហើយព្រះជាម្ចាស់ពិតជាបានអនុញ្ញាតឲ្យរឿងនេះកើតឡើងមែន។ ទ្រង់កំពុងតែផ្ដល់ឱកាសឲ្យកូនប្រុសខ្ញុំបានប្រែចិត្ត ទ្រង់កំពុងតែល្បងលគេ។ ប្រសិនបើកូនប្រុសរបស់ខ្ញុំអាចយកឈ្នះលើការដាក់កំហិតនៃឥទ្ធិពលនៃសេចក្ដីងងឹតរបស់នាគដ៏ធំមានសម្បុរក្រហម ហើយប្រថុយជីវិតដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនថ្វាយព្រះជាម្ចាស់បាន នោះការដែលគេត្រូវបានចាប់ខ្លួនលើកនេះ ពិតជាមានអត្ថន័យជ្រាលជ្រៅ និងជាផ្លូវមួយសម្រាប់គេដើម្បីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ប៉ុន្តែ ខ្ញុំបានមើលរឿងរ៉ាវទាំងឡាយដោយផ្អែកលើមនោសញ្ចេតនារបស់ខ្ញុំ ហើយមិនបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ដោយគិតថា បរិយាកាសដែលស្រណុកសុខស្រួលដោយគ្មានការរងទុក្ខខាងសាច់ឈាម គឺមានប្រយោជន៍សម្រាប់គេ។ របៀបមើលរឿងរ៉ាវរបស់ខ្ញុំមិនបានស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ។ វាពិតជាហួសហេតុពេកហើយ! ថាតើកូនប្រុសរបស់ខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់បន្ទាប់ពីត្រូវបានចាប់ខ្លួនលើកនេះ គឺអាស្រ័យលើសារជាតិរបស់គេ អ្វីដែលគេបានដេញតាមជាធម្មតា និងផ្លូវដែលគេបានដើរ។ ខ្ញុំមិនគួរព្រួយបារម្ភខ្លាំងពេកអំពីអនាគត និងជោគវាសនារបស់កូនប្រុសខ្ញុំ ដោយរស់នៅក្នុងការឈឺចាប់នោះទេ។ ពេលយល់ពីរឿងនេះ ចិត្តរបស់ខ្ញុំក៏មានអារម្មណ៍ធូរស្រាលបន្តិច។

ក្នុងអំឡុងពេលនៃការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ក្រៅពីការផ្ដល់កំណើត និងការចិញ្ចឹមបីបាច់ ទំនួលខុសត្រូវរបស់ឪពុកម្ដាយនៅក្នុងជីវិតកូនៗរបស់ពួកគេ គឺគ្រាន់តែផ្ដល់នូវបរិយាកាសខាងក្រៅមួយ ដើម្បីឲ្យពួកគេលូតលាស់ប៉ុណ្ណោះ ពោលគឺមានតែប៉ុណ្ណឹងឯង ព្រោះថាក្រៅពីការកំណត់ទុកជាមុនរបស់ព្រះអាទិករ គ្មានអ្វីមួយមានឥទ្ធិពលលើវាសនារបស់មនុស្សម្នាក់ឡើយ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងលើអនាគតបែបណាដែលមនុស្សម្នាក់នឹងមានឡើយ ពោលគឺវាត្រូវបានកំណត់ទុកជាមុនយូរមកហើយ ហើយសូម្បីតែឪពុកម្ដាយរបស់គេក៏មិនអាចផ្លាស់ប្ដូរវាសនារបស់គេបានដែរ។ ពាក់ព័ន្ធនឹងវាសនា មនុស្សគ្រប់គ្នាមានភាពឯករាជ្យ ហើយមនុស្សគ្រប់គ្នាមានវាសនារបស់ខ្លួន។ ដូច្នេះ គ្មានឪពុកម្ដាយណាម្នាក់អាចរារាំងវាសនានៅក្នុងជីវិតរបស់គេទាល់តែសោះ ហើយក៏គ្មានឪពុកម្ដាយណាម្នាក់អាចជួយជំរុញពួកគេសូម្បីតែបន្តិចបានដែរ នៅពេលនិយាយអំពីតួនាទីដែលពួកគេដើរតួនៅក្នុងជីវិត។ អាចនិយាយបានថា ទោះបីជាមនុស្សម្នាក់ត្រូវបានកំណត់ទុកជាមុនឱ្យកើតក្នុងគ្រួសារបែបណា និងលូតលាស់ក្នុងបរិយាកាសបែបណាក៏ដោយ ក៏អ្វីៗទាំងនេះគ្មានអ្វីក្រៅពីលក្ខខណ្ឌជាមុនសម្រាប់ការបំពេញបេសកកម្មរបស់ពួកគេនៅក្នុងជីវិតដែរ។ អ្វីៗទាំងនេះមិនបានកំណត់វាសនារបស់មនុស្សម្នាក់នៅក្នុងជីវិត ឬជោគវាសនាបែបណាដែលមនុស្សម្នាក់ត្រូវបំពេញបេសកកម្មរបស់ខ្លួនឡើយ។ ដូច្នេះហើយ គ្មានឪពុកម្ដាយណាម្នាក់អាចជួយពួកគេឱ្យសម្រេចបេសកកម្មរបស់ខ្លួននៅក្នុងជីវិតបានឡើយ ហើយដូចគ្នានេះដែរ ក៏គ្មានសាច់ញាតិណាម្នាក់អាចជួយពួកគេឱ្យបំពេញតួនាទីរបស់ខ្លួនក្នុងជីវិតបានល្អដែរ។ របៀបដែលមនុស្សម្នាក់សម្រេចបេសកកម្មរបស់ខ្លួន និងបរិយាកាសរស់នៅបែបណាដែលពួកគេបំពេញតួនាទីរបស់ខ្លួន គឺត្រូវបានកំណត់ទាំងស្រុងដោយវាសនារបស់ពួកគេនៅក្នុងជីវិត។ អាចនិយាយម្យ៉ាងទៀតបានថា គ្មានលក្ខខណ្ឌសត្យានុម័តណាមួយអាចមានឥទ្ធិពលលើបេសកកម្មរបស់មនុស្សម្នាក់ ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករនោះឡើយ។ មនុស្សទាំងអស់ធំពេញវ័យនៅក្នុងបរិយាកាសជាក់លាក់ដែលពួកគេលូតលាស់ឡើង រួចហើយបន្តិចម្ដងៗ និងមួយជំហានម្ដងៗ ពួកគេចាប់ផ្ដើមដើរនៅលើផ្លូវជីវិតរៀងៗខ្លួន និងសម្រេចវាសនាដែលព្រះអាទិករបានគ្រោងទុកសម្រាប់ពួកគេ។ តាមធម្មតាដោយមិនអាចចៀសបាន ពួកគេចូលទៅក្នុងសមុទ្រដ៏ធំល្វឹងល្វើយនៃភាពជាមនុស្ស និងទទួលយកតួនាទីរៀងៗខ្លួននៅក្នុងជីវិត ជាកន្លែងដែលពួកគេចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក ដើម្បីការកំណត់ទុកជាមុនរបស់ព្រះអាទិករ និងដើម្បីអធិបតេយ្យភាពរបស់ទ្រង់» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្បាស់លាស់អំពីទំនួលខុសត្រូវរបស់ឪពុកម្ដាយចំពោះកូនៗរបស់ពួកគេ។ ក្នុងនាមជាឪពុកម្ដាយ ទំនួលខុសត្រូវរបស់ខ្ញុំគឺចិញ្ចឹមបីបាច់កូនប្រុសរបស់ខ្ញុំឲ្យធំពេញវ័យ ធានាថាគេលូតលាស់ប្រកបដោយសុខភាពល្អ នាំគេមកនៅចំពោះព្រះជាម្ចាស់ ប្រាប់គេថាជីវិតរបស់គេគឺមកពីព្រះជាម្ចាស់ ហើយនាំគេឲ្យជឿលើព្រះជាម្ចាស់ និងដើរតាមផ្លូវដ៏ត្រឹមត្រូវ។ ទាំងនេះគឺជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាឪពុកម្ដាយ។ ប៉ុន្តែ ថាតើកូនប្រុសរបស់ខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់បន្ទាប់ពីត្រូវបានចាប់ខ្លួន ហើយថាតើលទ្ធផល និងគោលដៅនាពេលអនាគតរបស់គេនឹងទទួលបានព្រះពរ ឬត្រូវទទួលទោស គឺមិនមែនជារឿងដែលខ្ញុំអាចកំណត់បានទេ។ ក្នុងនាមជាភាវៈដែលទ្រង់បានបង្កើតម្នាក់ ខ្ញុំគួរតែទទួលយក ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ដោយមានហេតុផល។ មានតែការនេះទេដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពេលយល់ពីរឿងនេះ ចិត្តរបស់ខ្ញុំក៏បានធូរស្រាលទាំងស្រុង។ ថាតើកូនប្រុសរបស់ខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ ហើយថាតើគេនឹងទទួលបានព្រះពរ ឬគ្រោះកាចនៅថ្ងៃអនាគត ខ្ញុំក៏សុខចិត្តទទួលយក ហើយចុះចូលនឹងវាដែរ។

ឥឡូវនេះ នៅពេលដែលខ្ញុំនឹកឃើញដល់កូនប្រុសខ្ញុំ ខ្ញុំនៅតែមានចិត្តព្រួយបារម្ភបន្តិចបន្តួច ប៉ុន្តែ វាមិនបានជះឥទ្ធិពលដល់សភាពរបស់ខ្ញុំទេ ហើយខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំបានជាធម្មតា។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ចេញពីដួងចិត្តរបស់ខ្ញុំ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

បទពិសោធគ្រីស្ទបរិស័ទជនជាតិមីយ៉ាន់ម៉ា នៅស្ថាននរក បន្ទាប់ពីស្លាប់

អ្នកនិពន្ធ៖ ដានី, មីយ៉ាន់ម៉ា កាលពីក្មេង ខ្ញុំចាប់អារម្មណ៍លើសាសនាគ្រីស្ទ ប៉ុន្តែដោយសារគ្រួសារខ្ញុំជាពុទ្ធសាសនិក ដូច្នេះ...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...