ឥឡូវនេះ ខ្ញុំអាចប្រឈមមុខនឹងភាពខ្វះខាតរបស់ខ្ញុំបានត្រឹមត្រូវ

25-03-2026

ដោយ ឈិន កាង មកពីប្រទេសចិន

កាលខ្ញុំនៅក្មេង ពួកមនុស្សធំតែងតែចំអកឱ្យខ្ញុំ ពេលខ្ញុំនិយាយស្ដី។ នៅក្នុងវ័យដែលមិនទាន់ដឹងក្ដីនោះ ខ្ញុំមិនយល់ថាមានរឿងអ្វីកើតឡើងទេ ហើយទាល់តែខ្ញុំធំឡើង ទើបខ្ញុំដឹងថាខ្ញុំជាមនុស្សនិយាយត្រដិត។ ខ្ញុំព្យាយាមកែវា ប៉ុន្តែខ្ញុំនៅតែធ្វើមិនបាន ដូច្នេះ វាពិតជារំខានចិត្តខ្ញុំណាស់។ ដោយសារតែភាពខ្វះខាតមួយនេះ ខ្ញុំតែងតែត្រូវអ្នកដទៃសើចចំអក និងមើលងាយ ហើយយូរៗទៅ ខ្ញុំក្លាយជាមនុស្សមិនសូវមាត់ក និងមិនចង់ជួបមនុស្សម្នាឡើយ ដោយចូលចិត្តនៅម្នាក់ឯងវិញ។ កាលខ្ញុំនៅជាសិស្សសាលា ខ្ញុំមិនដែលទៅចូលរួមពិធីជប់លៀងរបស់មិត្តរួមថ្នាក់ទេ ហើយក្នុងអំឡុងពេលវិស្សមកាលរដូវរងា និងរដូវក្ដៅ ខ្ញុំមិនចង់ចេញទៅក្រៅ ឬទៅលេងសាច់ញាតិឡើយ។ ខ្ញុំក្លាយជាមនុស្សចូលចិត្តនៅម្នាក់ឯង និងមានការឱ្យតម្លៃលើខ្លួនឯងទាបណាស់។ ពេលខ្លះនៅផ្ទះ ពេលម៉ាក់ខ្ញុំឮខ្ញុំនិយាយត្រដិត គាត់តែងតែរអ៊ូដាក់ខ្ញុំថា «កូនឯងនិយាយយឺតៗមិនបានទេអី? កុំប្រញាប់ពេក! បើកូននៅតែបែបនេះទៀត កូននឹងរកប្រពន្ធមិនបានទេពេលធំឡើង!» ក្រោយពេលខ្ញុំចាប់ផ្ដើមធ្វើការ មានពេលមួយ មិត្តរួមការងារម្នាក់បានឮខ្ញុំនិយាយត្រដិត ហើយបាននិយាយបង្អាប់ខ្ញុំថា «ហេតុអីបានជាអ្នកនិយាយត្រដិតអ៊ីចឹង? អ្នកពិតជាគួរឱ្យអស់សំណើចមែន!» ទោះបីជាវាជាការនិយាយលេងសើចក៏ដោយ តែខ្ញុំខ្មាសគេឡើងក្រហមមុខ ហើយខ្ញុំស្អប់ខ្លួនឯង ដែលមិនអាចកែបញ្ហានិយាយត្រដិតនេះបាន។

នៅក្នុងខែកញ្ញា ឆ្នាំ ២០០៨ ខ្ញុំបានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពេលបងប្អូនប្រុសស្រីកត់សម្គាល់ឃើញថាខ្ញុំនិយាយត្រដិត ពួកគេមិនបានសើចចំអក ឬមើលងាយខ្ញុំទេ តែបែរជាលើកទឹកចិត្ត និងជួយខ្ញុំទៅវិញ។ ពេលខ្លះ ពេលខ្ញុំជួបបងប្អូនប្រុសស្រីដែលមិនសូវស្គាល់គ្នានៅក្នុងពេលប្រជុំ ខ្ញុំមានអារម្មណ៍ភ័យ។ ពេលខ្ញុំអានបន្ទូលរបស់ព្រះជាម្ចាស់ទាក់ៗ បងប្អូនប្រុសស្រីបានជួយអានជាមួយខ្ញុំ ហើយពួកគេបានលើកទឹកចិត្តខ្ញុំកុំឱ្យមានអារម្មណ៍ទើសទាល់។ ខ្ញុំមានអារម្មណ៍កក់ក្ដៅជាពិសេសនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ បីឆ្នាំក្រោយមក បងប្អូនប្រុសស្រីបានបោះឆ្នោតជ្រើសរើសខ្ញុំជាអ្នកដឹកនាំពួកជំនុំ ហើយខ្ញុំដឹងថា នេះគឺជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ ប៉ុន្តែ ការបំពេញភារកិច្ចជាអ្នកដឹកនាំ គឺទាមទារឱ្យមានការប្រកបសេចក្ដីពិត និងដោះស្រាយបញ្ហា ហើយត្រូវជួបជុំជាមួយបងប្អូនប្រុសស្រីជាញឹកញាប់ ជាពិសេស នៅក្នុងការប្រជុំធំៗ ខ្ញុំមានអារម្មណ៍រងការរឹតត្បិតជាខ្លាំងដោយសារការនិយាយត្រដិតរបស់ខ្ញុំ ហើយភ័យខ្លាំងណាស់ ដោយខ្លាចថា បើខ្ញុំនិយាយទាក់ៗពេលកំពុងប្រកបគ្នា ខ្ញុំនឹងធ្វើឱ្យខ្លួនឯងអាម៉ាស់មុខ ហើយបងប្អូនប្រុសស្រីនឹងសើចចំអកឱ្យខ្ញុំ។ ខ្ញុំចាំបានថា នៅក្នុងការប្រជុំមួយ ខ្ញុំបានឃើញបងស្រីម្នាក់ដែលខ្ញុំមិនសូវស្គាល់ច្បាស់ ហើយខ្ញុំបារម្ភថា គាត់នឹងគិតយ៉ាងណាចំពោះខ្ញុំ បើខ្ញុំប្រកបគ្នាមិនបានល្អ។ ជាលទ្ធផល ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់ទាំងត្រដិតយ៉ាងខ្លាំង។ បងស្រីនោះទ្រាំមិនបាន ហើយក៏សើចចេញមកយ៉ាងខ្លាំង។ រឿងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការឱ្យតម្លៃខ្លួនឯងរបស់ខ្ញុំ។ ទោះបីជាបងស្រីនោះបានសូមទោសខ្ញុំដោយស្មោះក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ឈឺចាប់ក្នុងចិត្តខ្លាំងណាស់ ហើយខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនតូចទាប ដូច្នេះ ខ្ញុំតែងតែត្អូញត្អែរថា «ហេតុអីបានជាខ្ញុំមានភាពខ្វះខាតនេះ? ហេតុអីខ្ញុំកែវាមិនបាន?» ក្រោយមក ពេលប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រី ខ្ញុំក្លាយជាមនុស្សដែលគិតច្រើន ហើយរាល់ពេលអានបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នារួច ខ្ញុំតែងតែសង្កេតមើលទឹកមុខរបស់បងប្អូនប្រុសស្រីយ៉ាងយកចិត្តទុកដាក់ ហើយពេលខ្ញុំឃើញកាយវិការមិនប្រក្រតីណាមួយ ខ្ញុំតែងតែគិតថា «តើពួកគេកំពុងសើចចំអកឱ្យខ្ញុំមែនទេ?» រឿងនេះធ្វើឱ្យខ្ញុំកាន់តែភ័យខ្លាំងឡើង ហើយពេលខ្លះ ខ្ញុំភ័យរហូតដល់បែកញើសដៃ។ ចុងក្រោយ ខ្ញុំក្លាយជាមានអារម្មណ៍ខ្លាចការប្រជុំ ហើយជាពិសេសនៅក្នុងការប្រជុំធំៗ ខ្ញុំតែងតែប្រគល់ការទទួលខុសត្រូវទៅឱ្យបងប្អូនប្រុសដែលជាដៃគូរបស់ខ្ញុំវិញ។ ខ្ញុំរស់នៅក្នុងសភាពដ៏ឈឺចាប់ និងធុញថប់នេះជាយូរមកហើយ ហើយទីបំផុត ខ្ញុំទ្រាំនឹងសម្ពាធលែងបាន ដូច្នេះខ្ញុំក៏លាលែងពីតំណែង។ ក្រោយពេលលាលែង ខ្ញុំបានទទួលយកភារកិច្ចផ្នែកអត្ថបទ ដោយចំណាយពេលរាល់ថ្ងៃជ្រើសរើសអត្ថបទ និងមិនចាំបាច់និយាយ ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដូច្នេះ ខ្ញុំលែងមានអារម្មណ៍ទើសទាល់ដោយសារការនិយាយត្រដិតរបស់ខ្ញុំទៀតហើយ។

នៅក្នុងខែកញ្ញា ឆ្នាំ ២០២០ ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំម្ដងទៀត ប៉ុន្តែដោយសារសម្ពាធការងារខ្លាំង និងការប្រាស្រ័យទាក់ទងញឹកញាប់ជាមួយបងប្អូនប្រុសស្រីដែលមិនសូវស្គាល់ បញ្ហានិយាយត្រដិតរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរទៅ។ ពេលដល់ម៉ោងប្រជុំ ខ្ញុំបារម្ភយ៉ាងខ្លាំងថាអ្នកដទៃមើលមកខ្ញុំបែបណា ហើយខ្ញុំមានអារម្មណ៍ទើសទាល់ខ្លាំងណាស់ រហូតដល់ខ្ញុំមិនដឹងធ្វើយ៉ាងណា មានតែនឹកដល់ថ្ងៃដែលខ្ញុំបំពេញភារកិច្ចផ្នែកអត្ថបទ ដែលកាលនោះ ខ្ញុំមិនចាំបាច់ប្រាស្រ័យទាក់ទងមនុស្សច្រើនពេក ហើយសម្ពាធក៏តិចជាង។ ខ្ញុំសង្ឃឹមថានឹងបានត្រឡប់ទៅបំពេញភារកិច្ចផ្នែកអត្ថបទវិញ។ ដោយមិននឹកស្មានដល់ នៅក្នុងខែកក្កដា ឆ្នាំ ២០២១ បងប្អូនប្រុសស្រីបានស្នើឈ្មោះខ្ញុំជាអ្នកផ្សាយ។ ខ្ញុំគិតក្នុងចិត្តថា «តើធ្វើម៉េចនឹងកើតទៅ? ការធ្វើជាអ្នកដឹកនាំពួកជំនុំ មានសម្ពាធខ្លាំងណាស់ទៅហើយ ខ្ញុំមិនហ៊ានសង្ឃឹមថានឹងត្រូវបានដំឡើងតំណែងទៀតទេ»។ ប៉ុន្តែដោយផ្អែកតាមហេតុផល ខ្ញុំនៅតែទៅចូលរួមការបោះឆ្នោតដដែល។ នៅក្នុងការប្រជុំបោះឆ្នោត ខ្ញុំបានគិតថា អ្នកផ្សាយត្រូវទាក់ទងមនុស្សច្រើនប៉ុនណា ហើយទទួលខុសត្រូវពួកជំនុំច្រើនប៉ុនណា ហើយបានគិតថា ការងាររបស់គេគឺត្រូវប្រកបសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហា។ ខ្ញុំឆ្ងល់ថា៖ ដោយសារខ្ញុំនិយាយត្រដិតធ្ងន់ធ្ងរបែបនេះ តើខ្ញុំអាចប្រកបគ្នាបានច្បាស់លាស់ដែរឬទេ? បើបងប្អូនប្រុសស្រីសើចចំអកឱ្យខ្ញុំម្ដងទៀត តើខ្ញុំមិនបាក់មុខអស់រលីងទេឬអី? ទីបំផុត ខ្ញុំបានដកខ្លួនចេញ។ បន្ទាប់ពីនោះមក មានការបោះឆ្នោតពីរបីលើកទៀត។ ខ្ញុំដឹងថា ក្រោយពីជឿព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកនេះ ខ្ញុំគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់ ហើយទទួលខុសត្រូវបន្ថែមទៀត។ ប៉ុន្តែ គ្រាន់តែនឹកឃើញដល់បញ្ហារបស់ខ្ញុំភ្លាម ខ្ញុំក៏រួញរា ហើយដកខ្លួនចេញគ្រប់ពេល។

នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីថ្នាក់ដឹកនាំ ដែលនិយាយថា បងប្អូនប្រុសស្រីបានស្នើឈ្មោះខ្ញុំជាអ្នកដឹកនាំប្រចាំស្រុក ហើយចង់ឱ្យខ្ញុំចូលរួមការបោះឆ្នោត។ ខ្ញុំគិតក្នុងចិត្តថា «ដោយសារភាពខ្វះខាតរបស់ខ្ញុំ ខ្ញុំមិនស័ក្តិសមនឹងចូលរួមសោះឡើយ ហើយទោះបីជាខ្ញុំជាប់ឆ្នោត ក៏ខ្ញុំមិនអាចរ៉ាប់រងការទទួលខុសត្រូវនេះបានដែរ។ តើខ្ញុំគួរធ្វើដូចម្ដេច?» បើខ្ញុំដកខ្លួន ខ្ញុំខ្លាចថាវាមិនមែនជាការជួយជ្រោមជ្រែងកិច្ចការរបស់ពួកជំនុំ តែបើខ្ញុំចូលរួម ខ្ញុំមានអារម្មណ៍ថាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ខ្ញុំមានអារម្មណ៍ថាពិបាកសម្រេចចិត្តយ៉ាងខ្លាំង។ នៅក្នុងកិច្ចចំណាយពេលខាងវិញ្ញាណជាមួយព្រះមួយ ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ៖ «អំពីការនិយាយត្រដិត និងការនិយាយរដិបរដុបនៅពេលនិយាយវិញម្ដង តើនេះជាបញ្ហាប្រភេទណា? (ជាលក្ខណៈពីកំណើត។) នេះគឺជាលក្ខណៈពីកំណើត ហើយក៏ជាប្រភេទនៃភាពខ្វះខាតខាងរាងកាយដែរ។ ជាការពិតណាស់ ទម្រង់នៃការនិយាយត្រដិតគឺខុសៗគ្នា។ អ្នកនិយាយត្រដិតខ្លះអូសព្យាង្គតែមួយវែងៗ ចំណែកឯអ្នកខ្លះទៀតចេះតែនិយាយព្យាង្គមួយដដែលៗ រហូតអស់ពេញមួយថ្ងៃហើយ ក៏មិនអាចនិយាយឲ្យបានប្រយោគពេញលេញមួយដែរ។ សរុបមក នេះគឺជាលក្ខណៈពីកំណើត ហើយជាការពិតណាស់ វាក៏ជាប្រភេទនៃភាពខ្វះខាតខាងរាងកាយមួយដែរ។ តើរឿងនេះពាក់ព័ន្ធនឹងនិស្ស័យពុករលួយដែរឬទេ? (ទេ។) វាមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយឡើយ។ ប្រសិនបើមាននរណាម្នាក់និយាយថា៖ 'ពេលអ្នកនិយាយ អ្នកនិយាយរដិបរដុប អ្នកពិតជាមានល្បិចច្រើនណាស់!' ឬ 'អ្នកនិយាយត្រដិតសោះ ពេលអ្នកនិយាយ ហេតុអ្វីបានជាអ្នកក្រអឺតក្រទមម្ល៉េះ?' តើការនិយាយបែបនេះត្រឹមត្រូវដែរឬទេ? (ទេ។) ការនិយាយត្រដិត ដែលជាភាពខ្វះខាត ឬជាគុណវិបត្តិមួយ មិនទាក់ទងទៅនឹងទិដ្ឋភាពណាមួយនៃនិស្ស័យពុករលួយរបស់មនុស្សឡើយ។ ហេតុដូច្នេះហើយ ការនិយាយត្រដិត គឺជាលក្ខណៈពីកំណើត និងជាប្រភេទនៃភាពខ្វះខាតខាងរាងកាយ។ ច្បាស់ណាស់ វាមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយរបស់មនុស្សទេ ហើយក៏គ្មានទំនាក់ទំនងអ្វីទាល់តែសោះជាមួយនិស្ស័យទាំងនោះដែរ» («របៀបដេញតាមសេចក្ដីពិត (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ «មានបញ្ហាខ្លះដែលមនុស្សមិនអាចដោះស្រាយបាន។ ឧទាហរណ៍ អ្នកអាចនឹងងាយមានអារម្មណ៍ភ័យ នៅពេលនិយាយទៅកាន់អ្នកដទៃ។ នៅពេលអ្នកប្រឈមមុខនឹងស្ថានភាពនានា អ្នកអាចមានគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែមិនអាចនិយាយរៀបរាប់វាឱ្យបានច្បាស់ឡើយ។ អ្នកមានអារម្មណ៍ភ័យខ្លាំងជាពិសេស នៅពេលដែលមានមនុស្សច្រើន អ្នកនិយាយច្របូកច្របល់ ហើយមាត់របស់អ្នកញ័រ។ មនុស្សខ្លះថែមទាំងនិយាយត្រដិតទៀតផង ចំពោះអ្នកខ្លះទៀត ប្រសិនបើមានមនុស្សភេទផ្ទុយគ្នានៅទីនោះ ពួកគេកាន់តែនិយាយស្ដាប់មិនបានតែម្ដង ដោយមិនដឹងថាត្រូវនិយាយអ្វី ឬត្រូវធ្វើអ្វីឡើយ។ តើរឿងនេះងាយស្រួលនឹងយកឈ្នះដែរឬទេ? (ទេ។) យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី វាមិនងាយស្រួលទេសម្រាប់អ្នកក្នុងការយកឈ្នះលើគុណវិបត្តិនេះ ពីព្រោះវាគឺជាផ្នែកមួយនៃលក្ខណៈពីកំណើតរបស់អ្នក។ ... ហេតុដូច្នេះហើយ ប្រសិនបើអ្នកអាចយកឈ្នះលើភាពខ្វះខាតនេះ គុណវិបត្តិនេះក្នុងរយៈពេលខ្លីបាន ចូរធ្វើវាចុះ។ ប្រសិនបើវាពិបាកនឹងយកឈ្នះ នោះកុំខ្វល់ពីវាអី កុំតតាំងជាមួយវា ហើយកុំបង្ខំខ្លួនឯងអី។ ជាការពិតណាស់ ប្រសិនបើអ្នកមិនអាចយកឈ្នះវាបានទេ អ្នកមិនគួរមានអារម្មណ៍អវិជ្ជមានឡើយ។ ទោះបីជាអ្នកមិនអាចយកឈ្នះវាបានសោះក្នុងមួយជីវិតរបស់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនថ្កោលទោសអ្នកដែរ ដ្បិតនេះមិនមែនជានិស្ស័យពុករលួយរបស់អ្នកឡើយ។ ការភ័យខ្លាចចំពោះមុខគេឯងរបស់អ្នក ការភ័យ និងការខ្លាចរបស់អ្នក ពោលការបង្ហាញចេញទាំងនេះមិនឆ្លុះបញ្ចាំងពីនិស្ស័យពុករលួយរបស់អ្នកឡើយ មិនថាវាជារឿងពីកំណើត ឬបណ្តាលមកពីបរិយាកាសក្នុងជីវិតនៅពេលក្រោយមកក៏ដោយ យ៉ាងច្រើនបំផុត ពួកវាគឺជាភាពខ្វះខាតមួយ គុណវិបត្តិមួយនៃភាពជាមនុស្សរបស់អ្នកប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចកែប្រែវាបានក្នុងរយៈពេលយូរ ឬសូម្បីតែក្នុងមួយជីវិតរបស់អ្នកក៏ដោយ កុំទុកដាក់វានៅក្នុងចិត្តអី កុំឱ្យវារឹតត្បិតអ្នក ហើយអ្នកក៏មិនគួរក្លាយជាអវិជ្ជមានដោយសារតែវាដែរ ដ្បិតនេះមិនមែនជានិស្ស័យពុករលួយរបស់អ្នកឡើយ គ្មានប្រយោជន៍អ្វីទេក្នុងការព្យាយាមកែប្រែវា ឬតតាំងជាមួយវា។ ប្រសិនបើអ្នកមិនអាចកែប្រែវាបានទេ នោះចូរទទួលយកវា ទុកឱ្យវាមានចុះ ហើយប្រព្រឹត្តចំពោះវាឱ្យបានត្រឹមត្រូវ ពីព្រោះអ្នកអាចរស់នៅជាមួយភាពខ្វះខាតនេះ គុណវិបត្តិនេះបាន ការដែលអ្នកមានវា មិនប៉ះពាល់ដល់ការដើរតាមព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់អ្នកឡើយ។ ឱ្យតែអ្នកអាចទទួលយកសេចក្ដីពិត និងបំពេញភារកិច្ចរបស់អ្នកឱ្យអស់ពីសមត្ថភាពរបស់អ្នក អ្នកនៅតែអាចត្រូវបានសង្គ្រោះដដែល វាមិនប៉ះពាល់ដល់ការទទួលយកសេចក្ដីពិតរបស់អ្នកឡើយ ហើយក៏មិនប៉ះពាល់ដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់អ្នកដែរ។ ហេតុដូច្នេះហើយ អ្នកមិនគួរត្រូវបានរឹតត្បិតដោយភាពខ្វះខាត ឬគុណវិបត្តិណាមួយនៅក្នុងភាពជាមនុស្សរបស់អ្នកជារឿយៗឡើយ ហើយអ្នកក៏មិនគួរក្លាយជាអវិជ្ជមាន និងបាក់ទឹកចិត្តជារឿយៗ ឬសូម្បីតែបោះបង់ភារកិច្ចរបស់អ្នក និងបោះបង់ការដេញតាមសេចក្ដីពិត ដែលបណ្តាលឱ្យខកខានឱកាសដើម្បីត្រូវបានសង្គ្រោះ ដោយសារតែហេតុផលដដែលនេះដែរ។ វាពិតជាមិនសមតម្លៃសោះឡើយ នោះគឺជាអ្វីដែលមនុស្សល្ងង់ខ្លៅ និងមិនចេះដឹងនឹងធ្វើ» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ការនិយាយត្រដិត និងការនិយាយទាក់ៗគឺជាលក្ខណៈពីកំណើត ជាភាពខ្វះខាតនៃរាងកាយ ហើយមិនមែនជានិស្ស័យពុករលួយ ឬជាអ្វីមួយដែលព្រះជាម្ចាស់ថ្កោលទោសនោះទេ។ វាមិនប៉ះពាល់ដល់ការស្វែងរកសេចក្ដីពិត ឬការស្វែងរកសេចក្ដីសង្គ្រោះរបស់ខ្ញុំឡើយ។ ខ្ញុំមិនគួរមានអារម្មណ៍ទើសទាល់ដោយសារតែភាពខ្វះខាតរបស់ខ្ញុំទេ។ បើសិនជាដោយសារតែភាពខ្វះខាតនៃរាងកាយ ហើយខ្ញុំបោះបង់ការដេញតាមសេចក្ដីពិត និងឱកាសដែលត្រូវបានឡើងតំណែង និងបណ្ដុះបណ្ដាល ហើយពន្យារពេលរឿងដ៏សំខាន់នៃសេចក្ដីសង្គ្រោះ តើនេះមិនមែនជាការបោះបង់របស់ធំទៅយករបស់តូចទេឬ? តើវាមិនមែនជាភាពល្ងង់ខ្លៅ និងមិនស័ក្តិសមដ៏ពិតប្រាកដទេឬ? ដោយអានបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ ខ្ញុំពិតជាមានអារម្មណ៍ធូរស្បើយចិត្តណាស់។ ពេលគិតត្រឡប់ក្រោយវិញ ខ្ញុំតែងតែយកចិត្តទុកដាក់ខ្លាំងពេកទៅលើភាពខ្វះខាតខាងការនិយាយស្ដីរបស់ខ្ញុំតាំងពីកុមារភាពមក ដោយជឿថា វាតែងតែបង្កការលំបាក និងប៉ះពាល់ដល់រូបខ្ញុំ នៅក្នុងជីវិត ការងារ និងភារកិច្ចរបស់ខ្ញុំ ធ្វើឱ្យខ្ញុំមិនសូវមាត់ក និងគេចពីអ្នកដទៃ ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ឱ្យតម្លៃលើខ្លួនឯងទាបណាស់ ដែលមានន័យថា ខ្ញុំគ្មានទំនុកចិត្ត ឬកម្លាំងចិត្តក្នុងការធ្វើអ្វីទាំងអស់។ នៅក្នុងការប្រជុំ ពេលដែលបងប្អូនប្រុសស្រីប្រកបគ្នាដោយបើកចំហអំពីការយល់ដឹងតាមរយៈបទពិសោធរបស់ពួកគេទៅវិញទៅមក វាគួរតែនាំមកនូវសេរីភាព និងសេចក្ដីរំដោះ ព្រមទាំងងាយស្រួលក្នុងការទទួលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមរយៈការប្រកបគ្នាផងដែរ ប៉ុន្តែដោយសារតែការនិយាយត្រដិតរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ធុញថប់ និងមិនអាចរកឃើញភាពធូរស្រាលនៅក្នុងការប្រជុំឡើយ ថែមទាំងខ្លាចការប្រជុំ ហើយគេចវេសរាល់ពេលដែលអាចធ្វើទៅបាន ដែលមានន័យថា ខ្ញុំបានបាត់បង់ឱកាសជាច្រើនដើម្បីទទួលបានសេចក្ដីពិត។ ពេលប្រឈមមុខនឹងការបោះឆ្នោតពួកជំនុំ ខ្ញុំតែងតែបោះបង់ឱកាសចូលរួម ហើយពេលកិច្ចការពួកជំនុំត្រូវការមនុស្សជាបន្ទាន់ដើម្បីសហការ ខ្ញុំមិនអាចទទួលខុសត្រូវ និងមិនបានគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានឃើញថា ខ្ញុំតែងតែត្រូវបានចងរឹត និងមានអារម្មណ៍ទើសទាល់ដោយសារការនិយាយត្រដិតរបស់ខ្ញុំ ដោយរស់នៅក្នុងសភាពឈឺចាប់ និងធុញថប់ ហើយទាំងអស់នេះបណ្តាលមកពីអសមត្ថភាពខ្ញុំក្នុងការមើលឃើញភាពខ្វះខាតរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ខ្ញុំមិនយល់ពីសេចក្ដីពិត ហើយខ្ញុំមិនដឹងពីរបៀបមើលមនុស្ស និងរឿងរ៉ាវនានាស្របតាមបន្ទូលរបស់ព្រះជាម្ចាស់។ រឿងនេះមិនត្រឹមតែចងរឹត និងធ្វើឱ្យខ្ញុំទើសទាល់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្ញុំបដិសេធភារកិច្ចរបស់ខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំថែមទាំងដាក់កម្រិតខ្លួនឯង ដោយជឿថា ដោយសារការនិយាយត្រដិតរបស់ខ្ញុំ ខ្ញុំមិនស័ក្តិសមធ្វើជាអ្នកដឹកនាំឡើយ ដែលធ្វើឱ្យខ្ញុំយល់ច្រឡំ និងដាក់គម្លាតខ្លួនឯងពីព្រះជាម្ចាស់ ពោលគឺ ខ្ញុំពិតជាល្ងង់ខ្លៅណាស់! ខ្ញុំមិនអាចបន្តមានភាពអវិជ្ជមានបែបនេះទៀតទេ ខ្ញុំត្រូវតែប្រព្រឹត្តចំពោះភាពខ្វះខាតរបស់ខ្ញុំឱ្យបានត្រឹមត្រូវ និងប្រឈមមុខនឹងការបោះឆ្នោតនេះដោយចិត្តស្ងប់។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានដឹងថា បងស្រីពីរនាក់មិនអាចចូលរួមក្នុងការបោះឆ្នោតបានទេ ដោយសារហេតុផលពិសេស។ ខ្ញុំគិតក្នុងចិត្តថា «បងស្រីទាំងពីរនាក់នេះទំនងជានឹងជាប់ឆ្នោតជាងគេ ដូច្នេះ បើពួកគាត់មិនអាចចូលរួម តើឱកាសជាប់ឆ្នោតរបស់ខ្ញុំមិនកាន់តែច្រើនទេឬ?» ពេលគិតដល់បញ្ហានិយាយរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធខ្លាំងភ្លាមៗ។ ការបាក់មុខនៅក្នុងពួកជំនុំជារឿងមួយ ប៉ុន្តែបើខ្ញុំក្លាយជាអ្នកដឹកនាំប្រចាំស្រុក ភាពអាម៉ាស់មុខនោះនឹងកាន់តែធំជាងនេះទៅទៀត។ ខ្ញុំបានបើកចំហសភាពរបស់ខ្ញុំប្រាប់បងស្រីម្នាក់ ហើយគាត់បានចង្អុលបង្ហាញថា ខ្ញុំខ្វល់ខ្លាំងពេកថាអ្នកដទៃមើលមកខ្ញុំយ៉ាងណា និងផ្ដោតសំខាន់ពេកលើមោទនភាព និងភាពចង់បានមុខមាត់។ ដោយមានការក្រើនរំលឹកពីបងស្រីនោះ ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «មនុស្សគ្រប់រូបមានសភាពមិនត្រឹមត្រូវមួយចំនួននៅក្នុងខ្លួនពួកគេ ដូចជា ភាពអវិជ្ជមាន ភាពទន់ខ្សោយ ការអស់កម្លាំងចិត្ត និងភាពផុយស្រួយជាដើម។ ឬមួយក៏ពួកគេមានគោលបំណងថោកទាប ឬមួយក៏ពួកគេត្រូវបានញាំញីដោយអំនួត បំណងប្រាថ្នាអាត្មានិយម និងផលប្រយោជន៍ខ្លួនឯងរបស់ពួកគេឥតឈប់។ ឬមួយក៏ពួកគេគិតថា ខ្លួនគេមានគុណសម្បត្តិអន់ ទើបពួកគេជួបប្រទះសភាពអវិជ្ជមានខ្លះ។ អ្នកមុខជាពិបាកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធណាស់ ប្រសិនបើអ្នកតែងតែរស់នៅក្នុងសភាពទាំងនេះ។ ប្រសិនបើអ្នកពិបាកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះធាតុវិជ្ជមាននៅក្នុងខ្លួនអ្នកនឹងមានតិចតួច ហើយធាតុអវិជ្ជមាននឹងលេចចេញមក ហើយរំខានដល់អ្នកមិនខាន។ មនុស្សតែងតែពឹងទៅលើឆន្ទៈផ្ទាល់ខ្លួន ដើម្បីខំទប់សភាពអវិជ្ជមានទាំងនោះ ប៉ុន្តែមិនថាពួកគេខំទប់យ៉ាងណាទេ ពួកគេមិនអាចដោះខ្លួនចេញពីសភាពទាំងនោះបានឡើយ។ មូលហេតុចម្បងនៃបញ្ហានេះគឺថា មនុស្សមិនអាចសម្គាល់ឱ្យបានល្អិតល្អន់អំពីរបស់អវិជ្ជមានទាំងនេះបាន។ ពួកគេមិនអាចមើលឃើញពីសារជាតិរបស់វាឱ្យបានច្បាស់។ ការណ៍នេះធ្វើឱ្យពួកគេពិបាកនឹងបះបោរទាស់នឹងសាច់ឈាមនិងសាតាំងបានណាស់។ ជាងនេះទៅទៀត មនុស្សតែងជាប់គាំងនៅក្នុងសភាពអវិជ្ជមាន ធ្លាក់ទឹកចិត្ត និងអន់ថយ ហើយពួកគេពុំបានអធិដ្ឋាន ឬផ្ដោតចិត្តសម្លឹងទៅរកព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ ពួកគេគ្រាន់តែបណ្តែតបណ្តោយតាមសភាពទាំងនោះហ្នឹងឯង។ ហេតុនេះ ទើបព្រះវិញ្ញាណបរិសុទ្ធពុំធ្វើកិច្ចការនៅក្នុងពួកគេហើយដូច្នេះ ពួកគេក៏មិនអាចយល់ពីសេចក្ដីពិតបាន ពួកគេខ្វះផ្លូវក្នុងការបំពេញកិច្ចការគ្រប់យ៉ាង ហើយពួកគេមិនអាចមើលឃើញបញ្ហាណាមួយឱ្យបានច្បាស់លាស់នោះទេ។ នៅក្នុងខ្លួនអ្នកមានរបស់អវិជ្ជមានជាច្រើនពេក ហើយរបស់ទាំងនោះមានពេញនៅក្នុងចិត្តអ្នក ដូច្នេះ ជារឿយៗ អ្នកមានសភាពអវិជ្ជមាន និងធ្លាក់ទឹកចិត្តនៅក្នុងវិញ្ញាណ ហើយអ្នកកាន់តែឃ្លាតឆ្ងាយទៅៗពីព្រះជាម្ចាស់ និងកាន់តែខ្សោយទៅៗ។ ប្រសិនបើអ្នកមិនអាចទទួលបានការបំភ្លឺនិងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះអ្នកនឹងមិនអាចគេចពីសភាពទាំងនេះបានឡើយ ហើយសភាពអវិជ្ជមានរបស់អ្នកនឹងមិនផ្លាស់ប្ដូរទេ ដោយសារប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើកិច្ចការនៅក្នុងអ្នកទេ នោះអ្នកក៏មិនអាចរកផ្លូវឃើញដែរ។ ដោយសារហេតុផលទាំងពីរនេះហើយ ទើបអ្នកពិបាកបោះបង់សភាពអវិជ្ជមានរបស់អ្នក និងចូលទៅក្នុងសភាពធម្មតាបាននោះ។ ទោះបីជានៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នកក្នុងពេលនេះ អ្នកស៊ូទ្រាំនឹងការលំបាក ខិតខំធ្វើការងារ ប្រឹងប្រែងយ៉ាងខ្លាំង ហើយអ្នកអាចលះបង់គ្រួសារនិងការងាររបស់អ្នក និងអាចលះបង់គ្រប់យ៉ាងបានក៏ពិតមែន ក៏ប៉ុន្តែ សភាពអវិជ្ជមាននៅក្នុងខ្លួនអ្នកនៅតែមិនទាន់បានផ្លាស់ប្ដូរពិតប្រាកដនៅឡើយទេ។ មានការជាប់ជំពាក់ជាច្រើនដែលចងរឹតអ្នករាល់គ្នាជាប់មិនឱ្យដេញតាម និងអនុវត្តសេចក្ដីពិត ដូចជា សញ្ញាណ ការស្រមើស្រមៃ ចំណេះដឹង ទស្សនៈវិជ្ជាសម្រាប់ការរស់នៅ បំណងប្រាថ្នាអាត្មានិយម និងនិស្ស័យពុករលួយរបស់អ្នកជាដើម។ របស់អវិជ្ជមានទាំងនេះ មានពេញប្រៀបនៅក្នុងចិត្តរបស់អ្នករាល់គ្នា» («មានតែបោះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំតែងតែមានភាពអសកម្មចំពោះការបោះឆ្នោត មិនត្រឹមតែដោយសារខ្ញុំមានអារម្មណ៍ទើសទាល់នឹងការនិយាយត្រដិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែចំណងនៃភាពចង់បានមុខមាត់ និងមោទនភាពផងដែរ។ ខ្ញុំគិតថា «ការទទួលខុសត្រូវកាន់តែច្រើន ខ្ញុំត្រូវប្រាស្រ័យទាក់ទងបងប្អូនប្រុសស្រីកាន់តែច្រើន ហើយក្នុងនាមជាអ្នកដឹកនាំ ខ្ញុំនឹងត្រូវប្រកបសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ហើយបើខ្ញុំនិយាយត្រដិតពេលកំពុងប្រកបគ្នានៅក្នុងការប្រជុំ មនុស្សកាន់តែច្រើននឹងដឹងថាខ្ញុំនិយាយត្រដិត។ តើនោះមិនធ្វើឱ្យកេរ្តិ៍ឈ្មោះខ្ញុំប្រឡាក់ប្រឡូសទេឬ?» ដោយមានគំនិតទាំងនេះក្នុងចិត្ត ខ្ញុំក្លាយជាខ្លាចមិនហ៊ានចូលរួមការបោះឆ្នោត ហើយខ្ញុំមិនចង់ត្រូវដំឡើងតំណែង ឬបណ្ដុះបណ្ដាលឡើយ។ ខ្ញុំរស់នៅក្រោមពិសរបស់សាតាំងដែលថា «ដូចជាដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់» ហើយតែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីបិទបាំងភាពខ្វះខាតរបស់ខ្ញុំ ដើម្បីកុំឱ្យអ្នកដទៃឃើញចំណុចខ្សោយរបស់ខ្ញុំ។ ខ្ញុំមិនបានគិតដល់តម្រូវការនៃកិច្ចការពួកជំនុំទេ ហើយបានបោះបង់ឱកាសឈរឈ្មោះបោះឆ្នោតម្ដងហើយម្ដងទៀត។ សូម្បីតែពេលកិច្ចការពួកជំនុំត្រូវការការសហការពីមនុស្សជាបន្ទាន់ក៏ដោយ ក៏ខ្ញុំនៅតែឈរមើល ហើយដកខ្លួនចេញដែរ។ ខ្ញុំពិតជាអាត្មានិយម និងថោកទាបណាស់! ពួកជំនុំបានស្រោចស្រព និងបណ្ដុះបណ្ដាលខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ហើយខ្ញុំគួរតែរ៉ាប់រងកិច្ចការរបស់ពួកជំនុំ។ នេះក៏ជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាមនុស្សលោកដែលត្រូវបានបង្កើតមកម្នាក់ដែរ ហើយខ្ញុំគួរតែទទួលយក និងចុះចូលដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែដើម្បីរក្សាមុខមាត់ ខ្ញុំបានគេចវេស និងបដិសេធមិនឈរឈ្មោះបោះឆ្នោត ដោយមិនចង់ទទួលបន្ទុកសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ និងមិនបានមើលឃើញពីកិត្តិយសនេះសោះឡើយ។ នេះជាអ្វីដែលព្រះជាម្ចាស់មានព្រះទ័យស្អប់ និងខ្ពើមរអើម។ ពេលនោះហើយទើបខ្ញុំយល់ថា ជីវិតដែលពោរពេញដោយភាពធុញថប់ និងការឈឺចាប់របស់ខ្ញុំ គឺបណ្តាលមកពីការផ្ដោតខ្លាំងពេកទៅលើភាពចង់បានមុខមាត់ និងមោទនភាព និងការខ្វល់ខ្វាយហួសហេតុអំពីគំនិតរបស់អ្នកដទៃ។ ក្នុងពេលជាមួយគ្នា ខ្ញុំបានទទួលអារម្មណ៍ដឹងពីបំណងព្រះហឫទ័យដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមានព្រះទ័យមើលងាយខ្ញុំដោយសារភាពខ្វះខាតរបស់ខ្ញុំទេ តែបែរជាប្រទានឱកាសឱ្យខ្ញុំត្រូវបានដំឡើងតំណែង និងបណ្ដុះបណ្ដាលម្ដងហើយម្ដងទៀតទៅវិញ។ ពេលខ្ញុំមានអារម្មណ៍ទើសទាល់ និងត្រូវបានចងរឹតដោយភាពខ្វះខាត និងនិស្ស័យពុករលួយរបស់ខ្ញុំ ដោយប្រែជាអស់សង្ឃឹម និងរួញរា ព្រះជាម្ចាស់បានប្រោសប្រទានបន្ទូលរបស់ទ្រង់ដើម្បីបំភ្លឺ និងស្រាយបំភ្លឺខ្ញុំ ជួយឱ្យខ្ញុំយល់ពីសេចក្ដីពិត និងរើបម្រះចេញពីចំណងនៃអារម្មណ៍អវិជ្ជមាន។ ខ្ញុំបានឃើញថា ក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាពិតប្រាកដណាស់ ហើយខ្ញុំដឹងថា ខ្ញុំមិនគួរនៅតែបន្តអសកម្ម និងអស់សង្ឃឹមទៀតទេ ប៉ុន្តែខ្ញុំត្រូវតែបោះបង់ចេតនាខុសឆ្គងរបស់ខ្ញុំ ហើយសហការ និងចូលរួមក្នុងការបោះឆ្នោតឱ្យបានត្រឹមត្រូវ។

ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «ប្រសិនបើវិចារណញ្ញាណនៃភាពជាមនុស្សរបស់អ្នកគឺធម្មតា អ្នកគួរតែប្រឈមមុខនឹងភាពខ្វះខាត និងគុណវិបត្តិរបស់អ្នកតាមរបៀបដ៏ត្រឹមត្រូវ អ្នកគួរតែទទួលស្គាល់ និងទទួលយកពួកវា។ នេះមានគុណប្រយោជន៍សម្រាប់អ្នក។ ការទទួលយកពួកវាមិនមែនមានន័យថា ត្រូវបានរឹតត្បិតដោយពួកវាឡើយ ហើយក៏មិនមែនមានន័យថា ត្រូវមានភាពអវិជ្ជមានជារឿយៗដោយសារតែពួកវាដែរ ផ្ទុយទៅវិញ វាមានន័យថា មិនត្រូវបានរឹតត្បិតដោយពួកវា ដោយទទួលស្គាល់ថា អ្នកគ្រាន់តែជាសមាជិកសាមញ្ញម្នាក់នៃមនុស្សជាតិពុករលួយ ដែលមានគុណវិបត្តិ និងភាពខ្វះខាតផ្ទាល់ខ្លួន ដោយគ្មានអ្វីត្រូវអួតអាងឡើយ ថាគឺព្រះជាម្ចាស់ដែលលើកតម្កើងមនុស្សឱ្យបំពេញភារកិច្ចរបស់ខ្លួន ហើយថាព្រះជាម្ចាស់មានព្រះរាជបំណងបញ្ជ្រាបព្រះបន្ទូលរបស់ព្រះអង្គ និងជីវិតទៅក្នុងពួកគេ ដោយអនុញ្ញាតឱ្យពួកគេទទួលបានសេចក្ដីសង្គ្រោះ និងគេចផុតពីឥទ្ធិពលរបស់សាតាំង នេះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងមនុស្សសុទ្ធសាធ។ មនុស្សគ្រប់រូបសុទ្ធតែមានគុណវិបត្តិ និងភាពខ្វះខាតនានា។ អ្នកគួរតែអនុញ្ញាតឱ្យគុណវិបត្តិ និងភាពខ្វះខាតរបស់អ្នករស់នៅរួមគ្នាជាមួយអ្នកចុះ កុំគេចវេះពីពួកវា ឬបិទបាំងពួកវាឡើយ ហើយកុំមានអារម្មណ៍តឹងទ្រូងនៅខាងក្នុងជារឿយៗ ឬសូម្បីតែមានអារម្មណ៍ថាអន់ជាងគេជានិច្ចដោយសារតែពួកវាឡើយ។ អ្នកមិនអន់ជាងគេឡើយ ប្រសិនបើអ្នកអាចបំពេញភារកិច្ចរបស់អ្នកអស់ពីចិត្ត អស់ពីកម្លាំង និងអស់ពីគំនិតរបស់អ្នក ឱ្យអស់ពីសមត្ថភាពរបស់អ្នក ហើយអ្នកមានចិត្តស្មោះត្រង់ នោះអ្នកមានតម្លៃដូចជាមាសអីចឹងនៅចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចលះបង់ និងខ្វះភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់អ្នក នោះទោះបីជាលក្ខណៈពីកំណើតរបស់អ្នកប្រសើរជាងមនុស្សធម្មតាទូទៅក៏ដោយ ក៏អ្នកមិនមានតម្លៃនៅចំពោះព្រះជាម្ចាស់ដែរ អ្នកមិនសូម្បីតែមានតម្លៃស្មើនឹងគ្រាប់ខ្សាច់មួយគ្រាប់ផង» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ព្រះជាម្ចាស់ទ្រង់មិនទាមទារហួសហេតុពីមនុស្សឡើយ ប៉ុន្តែប្រោសឱ្យពួកគេអនុវត្តស្របតាមសមត្ថភាពរបស់ខ្លួន។ ពេលពួកគេអនុវត្តស្របតាមគុណសម្បត្តិ និងសមត្ថភាពការងាររបស់ខ្លួន ប្រើប្រាស់សក្ដានុពលរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដោយផ្អែកលើលក្ខខណ្ឌពីកំណើត និងសហការជាមួយទ្រង់យ៉ាងអស់ពីចិត្ត និងអស់ពីសមត្ថភាព នោះព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យ។ ព្រះជាម្ចាស់មិនមានព្រះទ័យចង់ឱ្យមនុស្សក្លែងបន្លំឡើយ ប៉ុន្តែសព្វព្រះហឫទ័យឱ្យពួកគេបំពេញភារកិច្ចដោយចិត្តស្មោះត្រង់។ ខ្ញុំបានឆ្លុះបញ្ចាំងថា ការនិយាយត្រដិតរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ឱ្យតម្លៃខ្លួនឯងទាប និងធ្វើឱ្យខ្ញុំធ្លាក់ទឹកចិត្ត គិតច្រើន និងផុយស្រួយយ៉ាងណា និងខ្ញុំខ្វល់ខ្វាយខ្លាំងប៉ុនណាអំពីគំនិតរបស់អ្នកដទៃ និងជាលទ្ធផល ខ្ញុំចេះតែបដិសេធមិនចូលរួមក្នុងការបោះឆ្នោត ហើយមិនស្ម័គ្រចិត្តទទួលខុសត្រូវកិច្ចការធ្ងន់ៗ។ ឥឡូវនេះ ខ្ញុំបានយល់ថា ការនិយាយត្រដិតរបស់ខ្ញុំគឺជាភាពខ្វះខាតដែលពិបាកនឹងយកឈ្នះ ហើយខ្ញុំត្រូវតែរៀនទទួលយកវា និងមើលវាឱ្យបានត្រឹមត្រូវ។ នៅពេលចាំបាច់ ខ្ញុំគួរតែបើកចំហអំពីភាពខ្វះខាតរបស់ខ្ញុំប្រាប់បងប្អូនប្រុសស្រី ដោយមិនក្លែងខ្លួន ឬបិទបាំងវាឡើយ។ នេះគឺជាអាកប្បកិរិយាដែលខ្ញុំគួរមានចំពោះភាពខ្វះខាតរបស់ខ្ញុំ។

ប៉ុន្មានថ្ងៃក្រោយមក លទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស ហើយខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំប្រចាំស្រុក។ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ហើយខ្ញុំបានអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ថា «ព្រះជាម្ចាស់អើយ ការជាប់ឆ្នោតជាអ្នកដឹកនាំ គឺជាការប្រទានលើកតម្កើងរបស់ទ្រង់។ ទូលបង្គំនឹងឱ្យតម្លៃចំពោះឱកាសបំពេញភារកិច្ចនេះ ហើយទូលបង្គំពេញចិត្តនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើវាឱ្យបានល្អ ដើម្បីតបស្នងក្ដីស្រឡាញ់របស់ទ្រង់»។ បន្ទាប់មក ខ្ញុំឆ្ងល់ថា «តើខ្ញុំអាចបំពេញភារកិច្ចឱ្យបានល្អដោយរបៀបណា ទោះបីជាខ្ញុំមានភាពខ្វះខាតបែបនេះ?» ថ្ងៃមួយ ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ ដែលធ្វើឱ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង និងបានចង្អុលបង្ហាញផ្លូវនៃការអនុវត្តសម្រាប់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «កុំព្យាយាមកែប្រែបុគ្គលិកលក្ខណៈរបស់អ្នក ដោយសារតែអ្នកកំពុងបំពេញភារកិច្ចខ្លះ ឬកំពុងបម្រើជាអ្នកមើលការខុសត្រូវលើកិច្ចការណាមួយឡើយ នេះគឺជាគំនិតខុសឆ្គង។ ចុះតើអ្នកគួរធ្វើអ្វីវិញ? មិនថាបុគ្គលិកលក្ខណៈ ឬលក្ខណៈពីកំណើតរបស់អ្នកបែបណានោះទេ អ្នកគួរតែប្រកាន់ខ្ជាប់ និងអនុវត្តតាមគោលការណ៍សេចក្ដីពិត។ នៅទីបំផុត ព្រះជាម្ចាស់មិនវាស់វែងថា តើអ្នកដើរតាមមាគ៌ារបស់ទ្រង់ ឬអាចទទួលបានសេចក្ដីសង្គ្រោះ ដោយផ្អែកលើបុគ្គលិកលក្ខណៈរបស់អ្នក ឬផ្អែកលើគុណសម្បត្តិពីកំណើត ជំនាញ សមត្ថភាព អំណោយទាន ឬទេពកោសល្យអ្វីដែលអ្នកមាននោះទេ ហើយជាការពិតណាស់ ទ្រង់ក៏មិនទតមើលថា តើអ្នកបានទប់ចិត្តចំពោះសភាវគតិ និងតម្រូវការខាងរាងកាយរបស់អ្នកបានកម្រិតណាដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ទតមើលថា តើនៅពេលដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់អ្នក អ្នកកំពុងអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់ដែរឬទេ ថាតើអ្នកមានឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការដេញតាមសេចក្ដីពិតដែរឬទេ ហើយនៅទីបំផុត ថាតើអ្នកសម្រេចបាននូវការអនុវត្តសេចក្ដីពិត និងការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ដែរឬទេ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ទតមើល» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ «ការដេញតាមសេចក្ដីពិត គឺជារឿងសំខាន់បំផុត មិនថាអ្នកមើលវាមកពីជ្រុងណានោះទេ។ អ្នកអាចជៀសវាងភាពខ្វះខាត និងភាពខ្វះចន្លោះនៃភាពជាមនុស្សបាន ប៉ុន្តែអ្នកមិនអាចគេចចេញពីផ្លូវនៃការដេញតាមសេចក្ដីពិតបានឡើយ។ មិនថាភាពជាមនុស្សរបស់អ្នកល្អឥតខ្ចោះ ឬថ្លៃថ្នូរប៉ុនណានោះទេ ឬទោះបីជាអ្នកមានគុណវិបត្តិ និងភាពខ្វះខាតតិចជាង ហើយមានចំណុចខ្លាំងច្រើនជាងអ្នកដទៃក៏ដោយ ក៏វាមិនបញ្ជាក់ថា អ្នកយល់ពីសេចក្ដីពិតនោះដែរ ហើយវាក៏មិនអាចជំនួសការដេញតាមសេចក្ដីពិតរបស់អ្នកបានដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកដេញតាមសេចក្ដីពិត យល់សេចក្ដីពិតបានច្រើន ហើយមានការយល់ដឹងស៊ីជម្រៅ និងជាក់ស្ដែងអំពីសេចក្ដីពិត នោះវានឹងជួយប៉ះប៉ូវដល់ភាពខ្វះខាត និងបញ្ហាជាច្រើននៅក្នុងភាពជាមនុស្សរបស់អ្នក។ ឧទាហរណ៍ ថាអ្នកជាមនុស្សខ្លាចច្រើន និងមិនសូវមាត់ក អ្នកនិយាយត្រដិត ហើយអ្នកមិនសូវមានការអប់រំខ្ពស់ ពោលគឺអ្នកមានភាពខ្វះខាត និងភាពខ្វះចន្លោះជាច្រើន ប៉ុន្តែអ្នកមានបទពិសោធជាក់ស្ដែង ហើយទោះបីជាអ្នកនិយាយត្រដិតនៅពេលអ្នកនិយាយក៏ដោយ ក៏អ្នកអាចប្រកបសេចក្ដីពិតបានច្បាស់លាស់ ហើយការប្រកបនេះបណ្តុះវិញ្ញាណគ្រប់គ្នានៅពេលដែលពួកគេស្ដាប់ឮ ដោះស្រាយបញ្ហា ធ្វើឱ្យមនុស្សអាចចេញពីភាពអវិជ្ជមាន និងលុបបំបាត់ការត្អូញត្អែរ និងការយល់ខុសរបស់ពួកគេចំពោះព្រះជាម្ចាស់។ ឃើញទេ ទោះបីជាអ្នកនិយាយពាក្យសម្តីត្រដិតៗក៏ដោយ ក៏ពាក្យសម្ដីរបស់អ្នកអាចដោះស្រាយបញ្ហាបានដែរ តើពាក្យសម្ដីទាំងនេះសំខាន់យ៉ាងណាទៅ! នៅពេលដែលអ្នកមិនជំនាញបានឮពាក្យទាំងនេះ ពួកគេនិយាយថា អ្នកគឺជាមនុស្សគ្មានការអប់រំ ហើយអ្នកនិយាយមិនត្រូវតាមវេយ្យាករណ៍ទេ ហើយជួនកាលពាក្យដែលអ្នកប្រើក៏មិនសូវសមដែរ។ វាអាចថា អ្នកប្រើភាសាតំបន់ ឬភាសានិយាយប្រចាំថ្ងៃ ហើយពាក្យសម្ដីរបស់អ្នកខ្វះភាពថ្លៃថ្នូរ និងរចនាប័ទ្មដូចអ្នកដែលមានការអប់រំខ្ពស់ ដែលនិយាយយ៉ាងមានវោហារ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកបរបស់អ្នកមានតថភាពនៃសេចក្ដីពិត វាអាចដោះស្រាយការលំបាករបស់មនុស្សបាន ហើយបន្ទាប់ពីមនុស្សបានស្ដាប់ឮវាហើយ នោះពពកខ្មៅទាំងអស់ដែលនៅជុំវិញពួកគេក៏រលាយបាត់អស់ ហើយបញ្ហារបស់ពួកគេទាំងអស់ត្រូវបានដោះស្រាយ។ អ្នកឃើញទេ តើការយល់សេចក្ដីពិតមិនសំខាន់ទេឬអី? (សំខាន់។) ឧបមាថា អ្នកមិនយល់សេចក្ដីពិត ហើយទោះបីជាអ្នកមានចំណេះដឹងផ្នែកការសិក្សាខ្លះៗ ហើយអ្នកនិយាយយ៉ាងមានវោហារក៏ដោយ នៅពេលដែលមនុស្សគ្រប់គ្នាស្ដាប់ឮអ្នកនិយាយ ពួកគេគិតថា៖ 'ពាក្យសម្ដីរបស់អ្នកគ្រាន់តែជាគោលលទ្ធិប៉ុណ្ណោះ គ្មានតថភាពនៃសេចក្ដីពិតសូម្បីបន្តិចនៅក្នុងពាក្យសម្តីទាំងនោះ ហើយវាមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទាល់តែសោះ ដូច្នេះ តើពាក្យសម្ដីរបស់អ្នកទាំងនេះមិនមែនសុទ្ធតែជាពាក្យទទេទេឬអី? អ្នកមិនយល់សេចក្ដីពិតទេ។ តើអ្នកមិនមែនគ្រាន់តែជាផារិស៊ីទេឬអី?' ទោះបីជាអ្នកបាននិយាយគោលលទ្ធិជាច្រើនក៏ដោយ ក៏បញ្ហានៅតែមិនត្រូវបានដោះស្រាយដដែល ហើយអ្នកគិតក្នុងចិត្តថា៖ 'ខ្ញុំបាននិយាយយ៉ាងស្មោះអស់ពីចិត្ត និងយ៉ាងស្មោះត្រង់។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពីអ្វីដែលខ្ញុំបាននិយាយ?' អ្នកបាននិយាយគោលលទ្ធិមួយគំនរ ប៉ុន្តែអ្នកដែលមានភាពអវិជ្ជមាន នៅតែមានភាពអវិជ្ជមានដដែល ហើយអ្នកដែលមានការយល់ខុសចំពោះព្រះជាម្ចាស់នៅតែមានការយល់ខុសដដែល ហើយគ្មានការលំបាកណាមួយដែលមាននៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ត្រូវបានដោះស្រាយឡើយ នេះមានន័យថា ពាក្យដែលអ្នកបាននិយាយ គ្រាន់តែជាសម្តីឥតបានការប៉ុណ្ណោះ។ មិនថាមានភាពខ្វះខាត និងគុណវិបត្តិប៉ុន្មាននៅក្នុងភាពជាមនុស្សរបស់អ្នកនោះទេ ប្រសិនបើពាក្យសម្តីដែលអ្នកនិយាយមានតថភាពនៃសេចក្ដីពិត នោះការប្រកបរបស់អ្នកអាចដោះស្រាយបញ្ហាបាន ប៉ុន្តែប្រសិនបើពាក្យសម្តីដែលអ្នកនិយាយគឺជាគោលលទ្ធិ ហើយគ្មានចំណេះដឹងជាក់ស្ដែងសូម្បីបន្តិច នោះមិនថាអ្នកនិយាយច្រើនប៉ុនណានោះទេ អ្នកនឹងមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់មនុស្សបានឡើយ។ មិនថាមនុស្សមើលមកអ្នកបែបណានោះទេ ឱ្យតែអ្វីដែលអ្នកនិយាយមិនស្របតាមសេចក្ដីពិត ហើយវាមិនអាចដោះស្រាយសភាពរបស់មនុស្ស ឬដោះស្រាយការលំបាករបស់មនុស្សបានទេ នោះមនុស្សនឹងមិនចង់ស្ដាប់ឡើយ។ ដូច្នេះ តើមួយណាសំខាន់ជាង៖ សេចក្ដីពិត ឬលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្ស? (សេចក្ដីពិតសំខាន់ជាង។) ការដេញតាមសេចក្ដីពិត និងការយល់សេចក្ដីពិត គឺជារឿងសំខាន់បំផុត។ ដូច្នេះ មិនថាអ្នកមានភាពខ្វះខាតអ្វីនៅក្នុងភាពជាមនុស្សរបស់អ្នក ឬលក្ខណៈពីកំណើតរបស់អ្នកនោះទេ អ្នកមិនត្រូវរឹតត្បិតដោយភាពខ្វះខាតទាំងនោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែដេញតាមសេចក្ដីពិត ហើយប៉ះប៉ូវដល់ភាពខ្វះខាតផ្សេងៗរបស់អ្នកដោយការយល់សេចក្ដីពិត ហើយប្រសិនបើអ្នករកឃើញចំណុចខ្វះខាតនៅក្នុងខ្លួនអ្នក អ្នកគួរតែប្រញាប់កែតម្រូវពួកវា។ មនុស្សខ្លះមិនផ្ដោតលើការដេញតាមសេចក្ដីពិតទេ តែបែរជាតែងតែផ្ដោតលើការដោះស្រាយការលំបាក គុណវិបត្តិនិងភាពខ្វះខាតនៅក្នុងភាពជាមនុស្សរបស់ពួកគេ និងកែតម្រូវបញ្ហាជាមួយនឹងភាពជាមនុស្សរបស់ពួកគេទៅវិញ ហើយលទ្ធផលគឺពួកគេបានខិតខំអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនទទួលបានលទ្ធផលច្បាស់លាស់ឡើយ ហើយជាលទ្ធផល ពួកគេមានអារម្មណ៍ខកចិត្តជាមួយខ្លួនឯង ហើយគិតថា ភាពជាមនុស្សរបស់ពួកគេអន់ខ្លាំងណាស់ ហើយថាពួកគេគឺមិនអាចប្រោសលោះបានឡើយ។ តើនេះមិនមែនល្ងង់ខ្លៅខ្លាំងទេឬអី?» («របៀបដេញតាមសេចក្ដីពិត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៧៖ អំពីការដេញតាមសេចក្តីពិត)។ បន្ទូលរបស់ព្រះជាម្ចាស់បានប៉ះដួងចិត្តខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំឃើញថា ព្រះជាម្ចាស់ទ្រង់ពិតជាបង្ហាញផ្លូវដល់យើងយ៉ាងជាក់ស្ដែង។ ក្នុងការបំពេញភារកិច្ច យើងមិនគួរមានអារម្មណ៍ទើសទាល់ដោយសារបុគ្គលិកលក្ខណៈ គុណសម្បត្តិ ឬអាយុឡើយ។ ព្រះជាម្ចាស់ទ្រង់វាស់វែងថាតើមនុស្សម្នាក់បំពេញភារកិច្ចត្រូវតាមស្ដង់ដាឬអត់ គឺមិនផ្អែកលើថាតើបុគ្គលនោះមានចរិតចូលចិត្តនៅស្ងៀមស្ងាត់ ឬចូលចិត្តរាប់អានគេ លើកម្រិតឋានៈរបស់គេ ហើយក៏មិនផ្អែកលើគុណសម្បត្តិ ឬអាយុរបស់គេឡើយ ហើយរឹតតែមិនផ្អែកលើថាតើពួកគេមានភាពខ្វះខាត ឬបញ្ហារាំងស្ទះអ្វីឡើយ ប៉ុន្តែគឺផ្អែកលើថាតើពួកគេអាចអនុវត្តសេចក្ដីពិត និងបំពេញភារកិច្ចស្របតាមគោលការណ៍សេចក្ដីពិតឬអត់ និងផ្អែកលើថា តើពួកគេជាអ្នកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ឬអត់។ ឧទាហរណ៍ នៅក្នុងភារកិច្ចជាអ្នកដឹកនាំ អ្វីដែលសំខាន់គឺត្រូវដោះស្រាយបញ្ហានៅក្នុងការចូលទៅក្នុងជីវិត និងភារកិច្ចរបស់បងប្អូនប្រុសស្រី។ ឱ្យតែខ្ញុំផ្ដោតលើការបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិត និងអនុវត្តវា មានតថភាព និងមានការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការប្រកបសេចក្ដីពិតរបស់ខ្ញុំ ហើយអាចដោះស្រាយបញ្ហារបស់បងប្អូនប្រុសស្រី និងចង្អុលបង្ហាញផ្លូវនៃការអនុវត្ត នោះទោះបីជាខ្ញុំនិយាយទាក់ៗក៏ដោយ ក៏បងប្អូនប្រុសស្រីនៅតែទទួលបានប្រយោជន៍ពីវាដែរ។ ប្រសិនបើខ្ញុំមិនខិតខំដេញតាមសេចក្ដីពិតទេ នោះទោះបីជាខ្ញុំនិយាយយ៉ាងរលូន និងពូកែវោហារយ៉ាងណាក៏ដោយ បើខ្ញុំមិនអាចប្រកបសេចក្ដីពិត ឬដោះស្រាយបញ្ហាជាក់ស្ដែងបានទេ ខ្ញុំនឹងមិនអាចធ្វើការងារដឹកនាំបានឡើយ។ ពីមុនខ្ញុំតែងតែគិតថា ដើម្បីបំពេញភារកិច្ចជាអ្នកដឹកនាំ យ៉ាងហោចណាស់មនុស្សត្រូវមានជំនាញនិយាយល្អ និងពូកែនិយាយស្ដី ហើយថាមនុស្សដូចខ្ញុំ ដែលនិយាយត្រដិត និងនិយាយទាក់ៗ មិនស័ក្តិសមនឹងភារកិច្ចដឹកនាំឡើយ ដូច្នេះ ខ្ញុំចេះតែបដិសេធមិនឈរឈ្មោះជាអ្នកដឹកនាំ។ ប៉ុន្តែតាមពិតទៅ ស្ដង់ដាររបស់ខ្ញុំសម្រាប់ការជ្រើសរើសអ្នកដឹកនាំគឺខុសហើយ។ ការជ្រើសរើសអ្នកដឹកនាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺផ្អែកលើគោលការណ៍ មិនមែនផ្អែកលើរូបរាងខាងក្រៅរបស់មនុស្សបែបណា ហើយក៏មិនផ្អែកថា តើម្នាក់នោះមានភាពខ្វះខាតពីកំណើតអ្វីនោះទេ ប៉ុន្តែគឺផ្អែកលើថាតើបុគ្គលនោះដេញតាមសេចក្ដីពិតឬអត់ និងផ្អែកលើភាពជាមនុស្ស និងគុណសម្បត្តិរបស់គេ។ ខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែយល់ ថាភាពខ្វះខាត និងបញ្ហាពីកំណើតរបស់ខ្ញុំមិនមែនជាឧបសគ្គ ឬការរាំងស្ទះដល់ការបំពេញភារកិច្ចរបស់ខ្ញុំឡើយ ហើយវាមិនអាចយកមកធ្វើជាលេសដើម្បីបដិសេធភារកិច្ចរបស់ខ្ញុំបានទេ។ ការយល់ពីសេចក្ដីពិត និងការអនុវត្តស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ គឺជាគន្លឹះក្នុងការបំពេញភារកិច្ចឱ្យបានល្អ! ខ្ញុំទទួលបានផ្លូវនៃការអនុវត្តដើម្បីបន្តទៅមុខ ហើយទោះបីជាខ្ញុំនិយាយត្រដិត និងនិយាយទាក់ៗក៏ដោយ ក៏ខ្ញុំពេញចិត្តនឹងបំពេញភារកិច្ចស្របតាមតម្រូវការរបស់ព្រះជាម្ចាស់ ផ្ដោតលើការបំពាក់បំប៉នខ្លួនឯងដោយគោលការណ៍សេចក្ដីពិត ទុកភាពចង់បានមុខមាត់ និងមោទនភាពរបស់ខ្ញុំនៅមួយឡែក ហើយមានភាពជាក់ស្ដែង និងប្រាកដប្រជានៅក្នុងការប្រព្រឹត្ត និងការធ្វើកិច្ចការរបស់ខ្ញុំ។ ឥឡូវនេះ ពេលខ្ញុំប្រកបគ្នានៅក្នុងការប្រជុំ ឬអានបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំនៅតែនិយាយត្រដិត ប៉ុន្តែខ្ញុំអាចប្រព្រឹត្តចំពោះរឿងនេះបានត្រឹមត្រូវ ហើយចិត្តគំនិតរបស់ខ្ញុំប្រែជាស្ងប់ជាងមុនច្រើន។ ពេលខ្លះ ខ្ញុំខិតខំដោយមានចេតនាដើម្បីយកឈ្នះវា ហើយខ្ញុំនឹកឃើញកាលដែលបងប្អូនប្រុសស្រីធ្លាប់រំលឹកខ្ញុំថា «អ្នកនិយាយលឿនបន្តិច ដែលធ្វើឱ្យងាយនឹងនិយាយត្រដិត បើអ្នកនិយាយយឺតជាងហ្នឹងបន្តិច វានឹងល្អជាង» និង «ពេលអ្នកនិយាយទាក់ អ្នកអាចអូសសម្លេងព្យាង្គចុងក្រោយឱ្យវែង ធ្វើបែបនេះ អ្នកនឹងមិនសូវនិយាយត្រដិតទេ»។ ពេលប្រកបគ្នានៅក្នុងការប្រជុំ ខ្ញុំព្យាយាមនិយាយឱ្យយឺត និងអូសសម្លេងពាក្យតាមការចាំបាច់ ដោយមានចេតនាខិតខំសហការ។ ខ្ញុំលែងមានអារម្មណ៍ភ័យដូចមុនទៀតហើយ ដែលធ្វើឱ្យខ្ញុំកាន់តែមានភាពធូរស្រាលនៅក្នុងការប្រជុំ។ មានពេលមួយ ខ្ញុំបានទៅជួបអ្នកមើលការខុសត្រូវកិច្ចការផ្នែកអត្ថបទដើម្បីពិភាក្សាការងារ ប៉ុន្តែខ្ញុំបារម្ភបន្តិច ដោយគិតថា «គាត់យល់ពីគោលការណ៍ច្បាស់ជាងខ្ញុំ។ ចុះបើខ្ញុំភ័យ ហើយនិយាយត្រដិតខ្លាំង? តើគាត់នឹងគិតយ៉ាងណាចំពោះខ្ញុំ?» ប៉ុន្តែបន្ទាប់មក ខ្ញុំគិតថាការងារកំពុងជួបប្រទះការលំបាក ហើយសំបុត្រពីមុនមិនទទួលបានលទ្ធផលល្អទេ ដូច្នេះចាំបាច់ត្រូវជួបផ្ទាល់ដើម្បីពិភាក្សា និងដោះស្រាយបញ្ហា។ ខ្ញុំមិនអាចបណ្ដោយឱ្យការនិយាយត្រដិតមករារាំងខ្ញុំមិនឱ្យដោះស្រាយបញ្ហាបានទេ ព្រោះវានឹងធ្វើឱ្យការងារយឺតយ៉ាវ។ ពេលខ្ញុំគិតបែបនេះ ខ្ញុំលែងមានអារម្មណ៍ទើសទាល់ទៀតហើយ ដូច្នេះ ខ្ញុំក៏រៀបចំការប្រជុំជាមួយអ្នកមើលការខុសត្រូវដើម្បីពិភាក្សាការងារ។

ពេលក្រឡេកមើលទៅក្រោយពីកាលដែលខ្ញុំបដិសេធភារកិច្ចម្ដងហើយម្ដងទៀតបែបណា ដោយសារតែការនិយាយត្រដិតរបស់ខ្ញុំ រហូតដល់ទីបំផុតអាចទទួលយកភារកិច្ចដោយចិត្តស្ងប់ ដោយមិនមានអារម្មណ៍ទើសទាល់នឹងការនិយាយត្រដិត ខ្ញុំឃើញថា ខ្ញុំទទួលបានការលួងលោមចិត្ត លើកទឹកចិត្ត និងដឹកនាំដោយបន្ទូលរបស់ព្រះជាម្ចាស់ពេញមួយដំណើរនេះ។ ទូលបង្គំសូមអរព្រះគុណព្រះជាម្ចាស់យ៉ាងស្មោះអស់ពីដួងចិត្ត!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរស់នៅ នៅចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ...

មេរៀនដែលខ្ញុំបានរៀនពីការចាប់ខ្លួនកូនប្រុសខ្ញុំ

នៅថ្ងៃមួយក្នុងខែធ្នូ ឆ្នាំ២០១៣ បងស្រីម្នាក់បានទូរសព្ទមកខ្ញុំ ហើយប្រាប់ថា កូនប្រុសរបស់ខ្ញុំត្រូវបានប៉ូលិសចាប់ខ្លួនយកទៅបាត់ហើយ។...

Leave a Reply