ការសម្ដែងចេញនូវលក្ខណៈជាមនុស្សនៅទីបំផុត

01-03-2022

ដោយ ជូ ហុង (ចិន)

នៅពេលដែលខ្ញុំបានក្លាយជាអ្នកដឹកនាំពួកជំនុំនៅឆ្នាំ ២០១៨ ខ្ញុំបានស្គាល់បងស្រីម្នាក់ឈ្មោះ យ៉ាង ដែលមានគុណសម្បត្តិល្អ និងស្វែងរកនូវសេចក្ដីពិត។ ខ្ញុំបានគិតក្នុងចិត្តថា «ប្រសិនបើខ្ញុំអាចបណ្តុះបណ្តាលគាត់បានល្អ វានឹងធ្វើឱ្យជីវិតរបស់ខ្ញុំកាន់តែមានភាពងាយស្រួល ហើយការងាររបស់យើងនឹងប្រសើរឡើង ហើយអ្នកដឹកនាំរបស់ខ្ញុំក៏សរសើរខ្ញុំដែរ។» ដូច្នេះខ្ញុំបានដាក់ចិត្តក្នុងការបង្ហាត់បង្រៀនគាត់។ ខ្ញុំធ្វើការប្រកបជាមួយគាត់រាល់ពេលគាត់ជួបប្រទះបញ្ហាណាមួយ ហើយខ្ញុំបានតែងតាំងឱ្យគាត់ធ្វើជាអ្នកដឹកនាំក្រុម។ គាត់មានការវិវត្តិទៅមុខយ៉ាងឆាប់រហ័ស ហើយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងភារកិច្ចរបស់ខ្លួន។ ក្នុងពេលដ៏ខ្លី ការងាររបស់ក្រុមយើងបានរីកចម្រើនប្រសើរឡើង។ ខ្ញុំបានគិតថា៖ «បើខ្ញុំមានមនុស្សពីរបីនាក់ទៀតដូចជាបងស្រី យ៉ាង នោះកិច្ចការពួកជំនុំរបស់យើងទាំងអស់ច្បាស់ជាប្រសើរឡើងគួរឱ្យកត់សម្គាល់មិនខាន។ ខ្ញុំក៏មានពេលសម្រាកខ្លះ ហើយយើងក៏ទទួលបានលទ្ធផលល្អប្រសើរជាងមុន ហើយអ្នករាល់គ្នានឹងនិយាយថា ខ្ញុំធ្វើការងារនេះបានល្អ។» នៅថ្ងៃមួយ យើងត្រូវការមនុស្សម្នាក់ជាបន្ទាន់ដើម្បីរៀបចំចងក្រងឯកសារស្តីពីការសំអាត និងបណ្តេញពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកប្រព្រឹត្តអំពើអាក្រក់ចេញ។ ដៃគូរបស់ខ្ញុំ និងខ្ញុំបានសម្រេចថា បងស្រី យ៉ាង គួរតែរ៉ាប់រងភារកិច្ចនេះ។ គួរឱ្យផ្អើលណាស់ គាត់យល់ច្បាស់ពីគោលការណ៍បានយ៉ាងលឿន ហើយបានចងក្រងឯកសារស្របតាមការចង់បាន និងសុក្រឹត្យ។ ជារឿយៗ ក្នុងអំឡុងពេលនេះ អ្នកដឹកនាំរបស់ខ្ញុំសួរថាតើមាននរណាដែលពូកែរៀបចំចងក្រងឯកសារចូលគ្នាទេ ហើយខ្ញុំដឹងច្បាស់ថាបងស្រី យ៉ាង គឺស័ក្ដសមនឹងការងារនេះ។ ប៉ុន្តែនៅពេលដែលខ្ញុំគិតពីការផ្ទេរកិច្ចការរបស់គាត់ និងផលប៉ះពាល់ដែលវានឹងមានទៅលើកិច្ចការរបស់យើង ខ្ញុំមិនចង់ឱ្យគាត់ទៅទេ ហើយក៏មិនបានណែនាំគាត់ទៅកាន់អ្នកដឹកនាំឡើយ។

ក្នុងការជួបជុំនៅថ្ងៃមួយ អ្នកដឹកនាំបាននិយាយថាពួកគេត្រូវការ មនុស្សម្នាក់ដើម្បីរៀបចំចងក្រងឯកសារស្តីពីការសំអាត និងបណ្តេញពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកប្រព្រឹត្តអំពើអាក្រក់ចេញ ហើយបានសួរយើងថាតើយើងអាចផ្តល់នរណាម្នាក់បានទេ។ ខ្ញុំបានគិតថា៖ «បងស្រី យ៉ាង ស័ក្ដិសមសម្រាប់កិច្ចការនេះ ប៉ុន្តែបើខ្ញុំឱ្យគាត់ទៅ ខ្ញុំនឹងត្រូវបណ្តុះបណ្តាលអ្នកផ្សេងទៀតមិនខាន។ វាត្រូវការចំណាយកម្លាំងច្រើនណាស់។ តើអ្នកដឹកនាំរបស់ខ្ញុំនឹងគិតយ៉ាងណាចំពោះខ្ញុំ បើកិច្ចការរបស់យើងចាប់ផ្តើមធ្លាក់ចុះ? បងស្រីតាំងក៏ពូកែក្នុងការចងក្រងឯកសារដែរ ប៉ុន្តែគាត់មានភាពអសកម្មបន្ដិចក្នុងភារកិច្ចរបស់គាត់ ហើយភាគច្រើនគាត់តែងត្រូវការជំនួយជាច្រើន។ ខ្ញុំនឹងណែនាំគាត់ជំនួសវិញ។ ធ្វើដូចនេះ ខ្ញុំនឹងបានផ្តល់មនុស្សម្នាក់សម្រាប់ការងារនោះ ហើយបងស្រី យ៉ាង អាចនៅបន្ដដដែល។ កិច្ចការរបស់យើងនឹងមិនរងផលប៉ះពាល់ឡើយ»។ ដូច្នេះខ្ញុំបានណែនាំបងស្រីតាំង ហើយបាននិយាយពីចំណុចខ្លាំងរបស់គាត់ និងមានបំណងធ្វើឱ្យបងស្រី យ៉ាង ស្ដាប់ទៅជាបុគ្គលមិនសូវល្អ។ ពីរបីថ្ងៃក្រោយមក បងស្រីតាំងត្រូវបានជ្រើសរើសសម្រាប់កិច្ចការនោះ។ ក្រោយមក ខ្ញុំបានដឹងថា បងស្រី តាំង មិនអាចធ្វើវាបានតែម្នាក់ឯងបានទេ។ ខ្ញុំបានគិតថា «បងស្រី យ៉ាង ច្បាស់ជាអាចធ្វើវាបានដោយគ្មានបញ្ហាឡើយ។ ប៉ុន្តែខ្ញុំមិនចង់ឱ្យគាត់ទៅទេ។ គាត់បំពេញភារកិច្ចរបស់ខ្លួនបានល្អណាស់ តើកិច្ចការរបស់ពួកយើងនឹងទៅជាយ៉ាងណាប្រសិនបើគាត់ចាកចេញទៅ?» ដូច្នេះខ្ញុំបានសម្រេចម្តងទៀតថាមិនណែនាំបងស្រី យ៉ាង ទេ។ ពីរបីថ្ងៃបន្ទាប់មកទៀត អ្នកដឹកនាំរបស់ខ្ញុំបានស្នើជាពិសេសសម្រាប់បងស្រី យ៉ាង ហើយបានប្រាប់យើងឱ្យរកនរណាម្នាក់ដើម្បីជំនួសគាត់ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ ខ្ញុំពិតជាមិនយល់ស្របជាមួយគំនិតនេះទេ។ ខ្ញុំបានគិតថា «ប្រសិនបើបងស្រី យ៉ាង ចាកចេញទៅ តើនឹងបានអ្នកណាចងក្រងឯកសារពួកជំនុំរបស់យើង? ទោះបីជាយើងអាចរកនរណាម្នាក់សមរម្យក៏ដោយ ក៏ពួកគេនៅតែជាអ្នកថ្មីដែលមិនស្គាល់គោលការណ៍នៅឡើយ។ ពួកគេនឹងត្រូវការការបណ្តុះបណ្តាល។ មិនត្រឹមតែកិច្ចការរបស់ពួកយើងទេដែលទទួលរងគ្រោះនោះ ខ្ញុំក៏ត្រូវមានការងារ និងចំណាយកម្លាំងច្រើនផងដែរ។» ខ្ញុំដឹងថាខ្ញុំខុសដែលគិតរឿងនេះ ប៉ុន្តែខ្ញុំនៅតែបន្តបង្កើតលេសសម្រាប់ខ្លួនឯង៖ «ខ្ញុំបានបណ្តុះបណ្តាលបងស្រី យ៉ាង ដោយផ្ទាល់ដៃ។ ប្រសិនបើគាត់ចាកចេញទៅ ពួកយើងនឹងមិនមាននរណាម្នាក់នៅក្នុងក្រុមរបស់យើងដែលអាចធ្វើកិច្ចការរបស់គាត់បានទេ។ តើកិច្ចការនោះអាចនឹងសម្រេចបានយ៉ាងដូចម្តេច? ទេ ខ្ញុំត្រូវតែពិភាក្សាវាជាមួយដៃគូការងាររបស់ខ្ញុំ ហើយសរសេរទៅកាន់ថ្នាក់ដឹកនាំ ដោយស្នើសុំឱ្យបងស្រី យ៉ាង នៅបន្ដពីរបីខែទៀតរហូតដល់យើងបានបណ្តុះបណ្តាលអ្នកផ្សេងរួចរាល់។» នៅពេលដែលខ្ញុំចែករំលែករឿងនេះជាមួយដៃគូការងាររបស់ខ្ញុំទាំងពីរនាក់ ពួកគេបានស្តីបន្ទោសខ្ញុំដោយនិយាយថា «ពួកយើងបណ្ដុះបណ្ដាលមនុស្សឱ្យធ្វើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដែលបងស្រី យ៉ាង ទៅបាត់ យើងអាចបណ្តុះបណ្តាលអ្នកផ្សេងបាន។ តើអ្នកមិនអាត្មានិយមទេឬ ដែលព្យាយាមបញ្ឈប់បងស្រី យ៉ាង មិនឱ្យចាកចេញទៅ?» ប៉ុន្តែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ហើយផ្ទុយទៅវិញបានគិតថា «អ្នកពិតជាមានចិត្តល្អណាស់។ តើអ្នកគិតថាការបណ្តុះបណ្តាលមនុស្សមានភាពងាយស្រួលណាស់ឬ?» ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត និងរឹងទទឹងកាន់តែខ្លាំងឡើងៗ ហើយខ្ញុំអាក់អន់ចិត្តជាមួយនឹងដៃគូការងាររបស់ខ្ញុំដែលមិនយល់ចិត្តខ្ញុំ។ ក្រោយពីនោះមិនយូរប៉ុន្មាន ខ្ញុំចាប់ផ្តើមមានអារម្មណ៍ក្ដៅក្រហាយ ហាក់ដូចភ្លើងកំពុងឆាប់ឆេះរូបខ្ញុំ ហើយខ្ញុំមានអារម្មណ៍ខ្សោយពេញខ្លួន។ ខ្ញុំបានគិតថា «អាកាសធាតុល្អធម្មតាទេ ហើយខ្ញុំក៏មិនមានជំងឺផ្តាសាយទេ។ នេះពិតជាចម្លែកណាស់។» ខ្ញុំបានដឹងថា នេះគឺព្រះជាម្ចាស់កំពុងវាយផ្ចាល និងប្រៀនប្រដៅខ្ញុំ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បច្ចុប្បន្ននេះ កាលខ្ញុំកំពុងធ្វើការក្នុងចំណោមអ្នករាល់គ្នា អ្នករាល់គ្នាមានកិរិយាបែបនេះ ប្រសិនបើថ្ងៃនោះមកដល់ ពេលគ្មាននរណាឃ្លាំមើលអ្នករាល់គ្នា តើអ្នករាល់គ្នាមិនប្រៀបបានទៅនឹងចោរ ដែលបានប្រកាសថា ខ្លួនឯងជាស្ដេចទៅហើយទេឬអី?» («បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំភាំងស្មារតីពេលដឹងថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកឱ្យដឹងនូវសភាពរបស់ខ្ញុំ។ ខ្ញុំបានចាត់ទុកបងស្រី យ៉ាង ហាក់ដូចគាត់ជាទ្រព្យសម្បត្តិរបស់ខ្ញុំ។ ខ្ញុំបានគិតថាពីព្រោះខ្ញុំជាអ្នកបណ្តុះបណ្តាលគាត់ គាត់គួរតែជារបស់ខ្ញុំ ហើយគាត់គួរតែនៅក្នុងពួកជំនុំរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំមានមុខមាត់ល្អ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់យកបាននាងទេ។ ជាក់ស្ដែង បងប្អូនប្រុសស្រីទាំងអស់បំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយបញ្ជាបេសកកម្មរបស់ពួកគេសុទ្ធតែបានមកពីព្រះជាម្ចាស់។ ពួកគេបំពេញភារកិច្ចរបស់ខ្លួនទោះនៅពេលណា ឬនៅកន្លែងណាក៏ដោយ ឱ្យតែដំណាក់របស់ព្រះជាម្ចាស់ត្រូវការពួកគេ ហើយដូចអ្វីដែលព្រះជាម្ចាស់បានរៀបចំ។ ផ្ទុយទៅវិញ ខ្ញុំបានបញ្ឆោត និងបោកប្រាស់អ្នកដទៃដើម្បីជាប្រយោជន៍ដល់កិត្យានុភាព និងឋានៈរបស់ខ្ញុំ ធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីទុកបងស្រី យ៉ាង សម្រាប់ខ្លួនឯង។ តើខ្ញុំមិនដូចជា «ចោរដែលបានប្រកាសថា ខ្លួនឯងជាស្ដេចទៅហើយទេឬអី» ទេឬ? ខ្ញុំបានព្យាយាមគ្រប់គ្រងបងស្រី យ៉ាង ហើយទាញយកគាត់ចេញពីព្រះជាម្ចាស់។ នេះជាទង្វើដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ហើយវាគឺជាមាគ៌ាមួយទៅកាន់សេចក្ដីហិនហោច។ ពេលបានដឹងរឿងនេះហើយ ខ្ញុំមានវិប្បដិសារីជាខ្លាំង។ ខ្ញុំមានភាពក្រអឺតក្រទម និងអាត្មានិយម។

បន្ទាប់មកខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់អ្នក អ្នកមានទីបន្ទាល់នៃការយកសេចក្តីពិតទៅអនុវត្ត ព្រមទាំងមានទីបន្ទាល់នៃការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬបើអ្នកមិនរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ អ្នកជាមនុស្សទុច្ចរិតហើយ» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើនរណាម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ទ្រង់ មិនទទួលស្គាល់សេចក្ដីពិត ឬមិនចុះចូលនឹងការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេគ្រាន់តែបង្ហាញពីឥរិយាបថល្អ ប៉ុន្តែមិនអាចលះបង់ចោលសាច់ឈាម និងមិនលះបង់មោទនភាព ឬផលប្រយោជន៍របស់ពួកគេបានទេ បើទោះបីជាពួកគេបានបំពេញភារៈកិច្ចរបស់ពួកគេក្ដី ប្រសិនបើពួកគេនៅតែរស់នៅតាមនិស្ស័យជាសាតាំងរបស់ពួកគេដដែល ហើយពួកគេមិនបានលះបង់ចោលនូវទស្សនវិជ្ជា និងមធ្យោបាយដែលមានវត្តមានរបស់សាតាំងនោះ ហើយពុំបានផ្លាស់ប្ដូរវា ដូច្នេះតើពួកគេអាចជឿលើព្រះជាម្ចាស់បានដោយរបៀបណា? នោះហើយគឺជាការជឿលើសាសនា។ មនុស្សបែបនេះលះបង់របស់អ្វីៗ និងលះបង់ខ្លួនដោយរាក់កំភែលតែប៉ុណ្ណោះ ប៉ុន្តែមាគ៌ាដែលពួកគេដើរ និងប្រភព និងសន្ទុះចិត្តនៃអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ មិនបានពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេបន្តធ្វើទៅតាមការស្រមើស្រមៃ បំណងចិត្ត និងការសន្និដ្ឋានផ្ទាល់របស់ពួកគេ ហើយទស្សនវិជ្ជា និងនិស្ស័យជាសាតាំង នៅតែជាមូលដ្ឋាននៃអត្ថិភាព និងការប្រព្រឹត្តរបស់ពួកគេដដែល។ ក្នុងករណីដែលពួកគេពុំបានយល់ពីសេចក្ដីពិត ពួកគេពុំស្វែងរកនោះទេ។ ក្នុងករណីដែលពួកគេបានយល់ពីសេចក្ដីពិត ពួកគេពុំអនុវត្តវាឡើយ ពុំបានសរសើរតម្កើងព្រះជាម្ចាស់ថាអស្ចារ្យ ឬចាត់ទុកសេចក្ដីពិតជារតនសម្បត្តិឡើយ។ បើទោះបីជាពួកគេមានឈ្មោះជាអ្នកដើរតាមព្រះជាម្ចាស់ក្ដី ក៏វាគ្រាន់តែជាឈ្មោះតែប៉ុណ្ណោះ។ សារជាតិនៃទង្វើរបស់ពួកគេ គឺគ្មានអ្វីផ្សេងក្រៅពីការសម្ដែងចេញនូវនិស្ស័យពុករលួយរបស់ពួកគេឡើយ។ ពុំមានទីសម្គាល់ណាដែលបញ្ជាក់ថា ចេតនា និងបំណងរបស់ពួកគេ គឺដើម្បីអនុវត្តសេចក្ដីពិត និងប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សដែលគិតពីផលប្រយោជន៍របស់ខ្លួនច្រើនជាងអ្វីផ្សេងទៀត អ្នកដែលបំពេញចំណង់ និងបំណងរបស់ខ្លួនមុនអ្វីផ្សេងទៀត តើមនុស្សទាំងនេះជាអ្នកដើរតាមព្រះជាម្ចាស់មែនទេ? (មិនមែនទេ)។ ហើយតើមនុស្សដែលមិនដើរតាមព្រះជាម្ចាស់អាចនាំឱ្យមានការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេដែរឬទេ? (អត់ទេ)។ ហើយប្រសិនបើពួកគេមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបានទេ តើពួកគេមិនគួរឱ្យអាណិតទេឬអី?» («ការជឿលើសាសនានឹងមិននាំទៅរកសេចក្ដីសង្គ្រោះឡើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងលើឥរិយាបថរបស់ខ្ញុំ។ មើលទៅហាក់ដូចជាខ្ញុំបានលះបង់សម្រាប់ព្រះជាម្ចាស់ ប៉ុន្តែការជំរុញក្នុងភារកិច្ចរបស់ខ្ញុំគឺដើម្បីបំពេញតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ នៅពេលដែលអ្នកដឹកនាំរបស់ខ្ញុំបានស្នើសុំមនុស្សម្នាក់ដែលអាចចងក្រងឯកសារចូលគ្នាបាន ខ្ញុំដឹងថាបងស្រី យ៉ាង គឺល្អបំផុតសម្រាប់កិច្ចការនេះ។ ប៉ុន្តែខ្ញុំបានកុហក និងបញ្ឆោតដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានណែនាំបងស្រី តាំង ជំនួសវិញ។ សូម្បីតែពេលខ្ញុំបានឃើញបងស្រី តាំង មានការពិបាកជាមួយនឹងការងារនោះ ហើយដឹងថាគាត់នឹងធ្វើឱ្យការងារយឺតយ៉ាវ ខ្ញុំនៅតែមិនណែនាំបងស្រី យ៉ាង ដដែល។ ខ្ញុំមិនបានគិតដល់ដំណាក់របស់ព្រះជាម្ចាស់ ឬគិតអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានប្រើបងប្អូនប្រុសស្រីជាឧបករណ៍ដើម្បីការពារកិត្យានុភាព និងឋានៈផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាអាក្រក់ មានភាពអាត្មានិយម និងកំណាញ់ណាស់។ ខ្ញុំបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែរាល់គំនិត និងទស្សនៈរបស់ខ្ញុំទាំងអស់គឺផ្អែកលើនិស្ស័យបែបសាតាំងទេ និងយុទ្ធសាស្រ្តរស់រានរបស់សាតាំង។ ខ្ញុំមិនបានធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអនុវត្តសេចក្តីពិតទេ។ ខ្ញុំជាអ្នកមិនជឿ គឺដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់បានពិពណ៌នាអ៊ីចឹង។ ខ្ញុំមិនអាចបន្ដមានភាពអាត្មានិយមទៀតទេ។ ខ្ញុំត្រូវតែផ្ដល់នរណាម្នាក់ដែលមានទេពកោសល្យ ហើយបន្ទាប់មកបណ្ដុះបណ្ដាលមនុស្សបន្ថែមទៀតសម្រាប់ពួកជំនុំរបស់យើង។ ពួកយើងបានចាត់ឱ្យនរណាម្នាក់ធ្វើកិច្ចការរបស់បងស្រី យ៉ាង នៅក្នុងក្រុមជំនុំរបស់យើង ហើយគាត់ក៏ត្រូវបានផ្ទេរទៅ។ ក្រោយមក ខ្ញុំបានដឹងថាបងស្រី យ៉ាង បានចងក្រងឯកសារស្តីពីការសំអាត និងបណ្តេញមនុស្សបានយ៉ាងលឿន។ ខ្ញុំមានអារម្មណ៍មិនល្អទេពេលខ្ញុំបានឮរឿងនេះ។ បើខ្ញុំបានណែនាំគាត់ឆាប់ជាងនេះ ហើយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន កិច្ចការនេះច្បាស់ជាមិនពន្យារពេលយូរដូចនេះទេ។ រឿងនេះបានកើតឡើងដោយសារតែភាពអាត្មានិយមរបស់ខ្ញុំ។ ខ្ញុំបានបំពាន និងប្រព្រឹត្តអំពើអាក្រក់។ ខ្ញុំចាត់ទុករឿងនេះជាការព្រមាន ឱ្យឈប់ចាត់ទុកប្រយោជន៍ផ្ទាល់ខ្លួនធំជាងដំណាក់របស់ព្រះជាម្ចាស់ទៀត។

ខ្ញុំគិតថាបទពិសោធន៍នេះបានផ្លាស់ប្តូរខ្ញុំបន្តិច ប៉ុន្តែបញ្ហាចាស់ដដែលនេះ គឺគ្រាន់តែនៅរង់ចាំស្ថានភាពត្រឹមត្រូវដើម្បីលេចឡើងជាថ្មីម្តងទៀតប៉ុណ្ណោះ។ មិនយូរប៉ុន្មាន អ្នកដឹកនាំរបស់ខ្ញុំបានសួរខ្ញុំអំពីបងស្រី លីវ។ គាត់ចង់ឱ្យបងស្រី លីវ ទៅជួយក្នុងការស្រោចស្រពអ្នកជឿថ្មីនៅពួកជំនុំក្បែរនោះ។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរខ្លះៗដែរ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំមិនគួរមានភាពអាត្មានិយមទេ ហើយខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវកិច្ចការរបស់ពួកជំនុំ ហើយខ្ញុំនៅតែអាចបណ្តុះបណ្តាលនរណាម្នាក់ផ្សេងទៀត។ ខ្ញុំបានយល់ព្រមឱ្យបងស្រី លីវ ទៅ។ ប៉ុន្តែក្រោយមកគាត់បាននិយាយថាបងស្រី លី ដែលទទួលបន្ទុកចងក្រងឯកសារត្រូវបានតម្លើងតំណែង ហើយបានស្នើឱ្យខ្ញុំសរសេរការវាយតម្លៃមួយ។ នេះគឺច្រើនជ្រុលពេកសម្រាប់ខ្ញុំ។ ប្រសិនបើបងស្រី លី ចាកចេញ តើនឹងបានអ្នកណាទទួលបន្ទុកចងក្រងឯកសារទៅ? ខ្ញុំមិនចង់ឱ្យបងស្រី លី ទៅទេ ដូច្នេះខ្ញុំបានពន្យារពេលសរសេរការវាយតម្លៃរបស់គាត់។ ខ្ញុំចង់ពន្យារការចាកចេញរបស់គាត់ពីរបីថ្ងៃ ដើម្បីឱ្យអ្នកដឹកនាំរបស់ខ្ញុំអាចរកអ្នកថ្មី ហើយទុកឱ្យបងស្រី លី នៅ។ ដៃគូការងាររបស់ខ្ញុំកត់សម្គាល់ឃើញថាខ្ញុំមិនបានសរសេរការវាយតម្លៃ រួចក៏បានទទូចខ្ញុំឱ្យធ្វើវា។ ខ្ញុំបានកុហកគាត់ ហើយនិយាយថាខ្ញុំនឹងធ្វើឆាប់ៗនេះ ប៉ុន្តែខ្ញុំនៅតែមិនសរសេរវា។ ប្រហែល១០ ថ្ងៃក្រោយមក ដៃគូការងាររបស់ខ្ញុំបាននិយាយថា «អ្នកដឹកនាំរបស់យើងបានផ្ទេរបងស្រី លី ក្រោយពេលដែលបានដឹងអំពីគាត់តាមរយៈអ្នកដទៃ»។ រឿងនេះពិបាកទទួលយកណាស់ចំពោះខ្ញុំ។ រឿងនេះបានកើតឡើងលឿនពេកហើយ! អស់អ្នកដែលមានគុណសម្បត្តិល្អៗត្រូវបានយកទៅអស់។ យើងនឹងមិនអាចសម្រេចកិច្ចការអ្វីក្នុងពួកជំនុំបានឡើយនៅពេលនេះ។ គំនិតទាំងនេះស្ថិតនៅពេញក្នុងចិត្តរបស់ខ្ញុំស្ទើរតែផ្ទុះទៅហើយ។ ខ្ញុំមានអារម្មណ៍ថាមានទម្ងន់ធ្ងន់មួយសង្កត់លើបេះដូងរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំលែងឃ្លានអាហារអស់ប៉ុន្មានថ្ងៃ។ ខ្ញុំបានគិតពីការទៅស្វែងរកមនុស្ស និងសម្ពាធដែលវាមានមកលើរូបខ្ញុំ។ វានឹងត្រូវការចំណាយកម្លាំងច្រើនណាស់។ ពេលខ្ញុំកាន់តែគិតពីវា ខ្ញុំកាន់តែមានការព្រួយបារម្មណ៍ច្រើនឡើង ហើយខ្ញុំហត់នឿយណាស់។

ថ្ងៃមួយ ពេលខ្ញុំកំពុងចុះជណ្តើរ ខ្ញុំបានរអិលជើង។ ខ្ញុំបានឮសំឡេងមួយពីជើងរបស់ខ្ញុំ ដូចជាសំឡេងឆ្អឹងបាក់។ ខ្ញុំបានគិតថា «ខ្ញុំចប់ហើយ។ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំដោយជើងកំពុងតែបាក់បានទេ។ ខ្ញុំបានដឹងថានេះគឺព្រះជាម្ចាស់កំពុងប្រៀនប្រដៅខ្ញុំ។ ខ្ញុំបានគិតដល់ពេលដែលខ្ញុំបានឃើញមនុស្សត្រូវបានផ្ទេរចេញម្តងមួយៗ និងការដែលខ្ញុំបានឈ្លោះប្រកែកជាមួយព្រះជាម្ចាស់ក្នុងចិត្តខ្ញុំ និងប្រឆាំងទាស់នូវអ្វីគ្រប់យ៉ាង។ អាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្លួនច្បាស់ជាធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម ដូច្នេះហើយទើបទ្រង់បានដកយកភារកិច្ចពីខ្ញុំ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងចំពោះគំនិតនេះ។ ជើងរបស់ខ្ញុំក៏មានការឈឺចាប់ខ្លាំងដែរ។ ខ្ញុំបន្ដអធិដ្ឋានទៅព្រះជាម្ចាស់ ហើយសុខចិត្តកែប្រែចិត្ត។ គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីពេលអាហារថ្ងៃត្រង់នៅថ្ងៃនោះ ជើងរបស់ខ្ញុំឈប់ឈឺភ្លាមៗមួយរំពេច ហាក់ដូចខ្ញុំមិនធ្លាប់មានរបួសទាល់តែសោះ។ ខ្ញុំដឹងក្នុងចិត្ត ថានេះជាការព្រមានរបស់ព្រះជាម្ចាស់ ដើម្បីឱ្យខ្ញុំអាចឆ្លុះបញ្ចាំងលើវា និងស្គាល់ខ្លួនឯង។ ខ្ញុំឆ្ងល់ថា «ហេតុអ្វីបានជាខ្ញុំតែងតែយកផលប្រយោជន៍ផ្ទាល់ខ្លួនជាធំដូចនេះ?»

ក្រោយមកខ្ញុំបានមើលវីដេអូមួយពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងថា បន្ទាប់ពីមនុស្សលោកត្រូវបានសាតាំងធ្វើឱ្យពុករលួយហើយ រាល់សារធាតុពិសពុលបែបសាតាំងគ្រប់ប្រភេទត្រូវបានដាំជាប់នៅក្នុងចិត្តរបស់យើង ហើយបានក្លាយជាធម្មជាតិរបស់យើង។ ចូរយក «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» ធ្វើជាឧទាហរណ៍។ មនុស្សគ្រប់គ្នារស់នៅជាមួយសារជាតិពិសពុលបែបសាតាំងនេះ អ្វីគ្រប់យ៉ាងដែលយើងធ្វើគឺសម្រាប់ការចំណេញផ្ទាល់ខ្លួន ហើយយើងគិតថាវាគឺត្រឹមត្រូវ និងសមស្រប ដូច្នេះយើងក៏កាន់តែមានភាពអាត្មានិយម និងបញ្ឆោតទៀត។ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង។ នៅពេលដែលអ្នកដឹកនាំផ្ទេរមនុស្សចេញពីពួកជំនុំរបស់ខ្ញុំ ខ្ញុំបានប្រឆាំងទាស់ និងព្យាយាមរារាំងរហូតឈានដល់ការបោកបញ្ឆោតទៀត។ ខ្ញុំបានចាត់ទុកមនុស្សជាកម្មសិទ្ធរបស់ខ្ញុំ ហើយបដិសេធមិនឱ្យដំណាក់របស់ព្រះជាម្ចាស់ទទួលបានពួកគេ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមណាស់ដែលវាមិនសមហេតុផលទាល់តែសោះ។ ខ្ញុំបានរារាំងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់! នៅពេលដែលព្រះអម្ចាស់យេស៊ូវមកបំពេញកិច្ចការ ពួកផារីស៊ីបានព្យាយាមការពារឋានៈ និងជីវភាពផ្ទាល់ខ្លួនរបស់ពួកគេ ដោយបញ្ឈប់មនុស្សមិនឱ្យដើរតាមទ្រង់។ ពួកគេចាត់ទុកអ្នកជឿជាកម្មសិទ្ធិរបស់គេ ហើយប្រជែងជាមួយព្រះអម្ចាស់។ នៅចុងបញ្ចប់ ពួកគេបានប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទ្រង់បានដាក់ទោសពួកគេ។ តើអាកប្បកិរិយារបស់ខ្ញុំមានត្រង់ណាខុសគ្នាពីពួកផារិស៊ីទៅ? បងប្អូនប្រុសស្រីគឺជាកូនចៀមរបស់ព្រះជាម្ចាស់ ហើយដំណាក់របស់ព្រះជាម្ចាស់មានសិទ្ធិចាត់ចែងពួកគេតាមការចង់បាន។ ខ្ញុំគ្មានសិទ្ធិជ្រៀតជ្រែកទេ។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំម្នាក់ ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យស្របនឹងតម្រូវការនៃដំណាក់របស់ព្រះជាម្ចាស់ និងស្របតាមគោលការណ៍ ប្រកបលើសេចក្តីពិតដើម្បីដោះស្រាយបញ្ហា និងបណ្តុះបណ្តាលមនុស្ស។ នេះគឺជាភារកិច្ច និងទំនួលខុសត្រូវរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនបានពិចារណាអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬចាត់ចែងមនុស្សឱ្យស្របតាមគោលការណ៍នោះទេ។ ខ្ញុំគ្មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងបណ្តុះបណ្តាលមនុស្សបន្ថែមទេ។ ខ្ញុំមិនបានណែនាំអ្នកដែលខ្ញុំដឹងថាមានទេពកោសល្យនោះទេ ប៉ុន្តែបែរជាព្យាយាមទុកពួកគេឱ្យនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ឱ្យពួកគេធ្វើកិច្ចការ និងបម្រើដល់កិត្យានុភាពផ្ទាល់ខ្លួនរបស់ខ្ញុំ។ តើខ្ញុំមិនកំពុងធ្វើរឿងដែលប្រឆាំងនឹងដំណាក់របស់ព្រះជាម្ចាស់ទេឬ? ខ្ញុំបានប្រឆាំងនឹងព្រះជាម្ចាស់ និងដើរតាមមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ខ្ញុំភ័យខ្លាចនឹងគំនិតនេះ ហើយខ្ញុំបានអរគុណដល់ព្រះជាម្ចាស់ចំពោះការប្រៀនប្រដៅខ្ញុំ និងបញ្ឈប់ខ្ញុំមិនឱ្យធ្វើអំពើអាក្រក់ថែមទៀត។

ក្រោយមកខ្ញុំបានមើលវីដេអូពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អារម្មណ៍របស់មនុស្សជាតិ គឺជាអារម្មណ៍អាត្មានិយម ហើយជាកម្មសិទ្ធនៃពិភពងងឹត។ អារម្មណ៍ទាំងនេះមិនមែនកើតឡើងដើម្បីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ក៏រឹតតែមិនមែនដើម្បីផែនការបស់ព្រះជាម្ចាស់ដែរ ហេតុនេះហើយ មនុស្ស និងព្រះជាម្ចាស់ មិនអាចយកសម្ដីពីខ្យល់ដង្ហើមតែមួយមកនិយាយឲ្យយល់បាននោះឡើយ។ ព្រះជាម្ចាស់ទ្រង់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត។ នេះគឺមកពីព្រះជាម្ចាស់ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូតចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឲ្យមនុស្សជាតិមានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ។ ការប្រឹងប្រែងរបស់មនុស្សខ្សោយណាស់ មិនអាចធន់នឹងការវាយប្រហារបាន សូម្បីតែមួយលើកបើទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឲ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់។ ព្រះជាម្ចាស់ពុំធ្លាប់កែប្រែលក្ខណៈសំខាន់នៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង» («ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឱ្យខ្ញុំដឹងថាព្រះជាម្ចាស់មិនគិតពីខ្លួនឯង។ អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើគឺដើម្បីជួយសង្រ្គោះយើង ហើយសុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់យើង។ ដំណាក់របស់ព្រះជាម្ចាស់ជួយលើកស្ទួយ និងបណ្តុះបណ្ដាលមនុស្ស ដើម្បីឱ្យអ្នកស្វែងរកសេចក្ដីពិតដែលមានគុណសម្បត្តិល្អ អាចទទួលការអនុវត្តន៍បានច្រើន និងទីបំផុតអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ វាផ្តល់អត្ថប្រយោជន៍ដល់បងប្អូនប្រុសស្រី ព្រមទាំងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ សម្រាប់ខ្ញុំ ខ្ញុំទទួលបានការស្រោចស្រព និងការចិញ្ចឹមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបណ្តុះបណ្ដាលពីដំណាក់របស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ ប៉ុន្តែខ្ញុំមិនបានគិតពីការបំពេញភារកិច្ចរបស់ខ្ញុំដើម្បីតងស្នងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទេ។ ខ្ញុំបានគិតតែវិធីសម្រាប់រក្សាទុកមនុស្សឱ្យនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ។ សម្រាប់កិត្យានុភាព និងឋានៈរបស់ខ្ញុំ ខ្ញុំមិនស្ទាក់ស្ទើររារាំងការបណ្តុះបណ្តាលមនុស្សក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ដែលធ្វើឱ្យពន្យាពេលកិច្ចការ។ ខ្ញុំពិតជាអាត្មានិយម និងព្យាបាទ មិនស័ក្ដិសមនៅចំពោះព្រះភ័ក្រ្ដព្រះជាម្ចាស់ឡើយ។ ខ្ញុំដឹងថាខ្ញុំមិនអាចបន្ដតាមមាគ៌ានោះទៀតទេ។ ខ្ញុំត្រូវតែផ្តល់ដល់ដំណាក់របស់ព្រះជាម្ចាស់នូវមនុស្សដែលមានទេពកោសល្យ ដើម្បីឱ្យបងប្អូនប្រុសស្រីច្រើននាក់ទៀតអាចបំពេញភារកិច្ចដែលពួកគេត្រូវធ្វើនៅកន្លែងដែលស័ក្ដិសម។ នៅពេលដែលខ្ញុំរៀបចំគំនិតបានត្រឹមត្រូវហើយ ខ្ញុំបានរកឃើញមនុស្សម្នាក់សម្រាប់មកជំនួសកិច្ចការរបស់បងស្រី លី ហើយខ្ញុំបានអរព្រះគុណដល់ព្រះជាម្ចាស់។ ទោះបីជាអ្នកថ្មីមិនដឹងពីគោលការណ៍ ហើយខ្ញុំត្រូវធ្វើការងារច្រើនជាងមុនក៏ដោយ ខ្ញុំបានសន្ដិភាព និងធូរស្រាលអារម្មណ៍។ ខ្ញុំសុខចិត្តធ្វើការលះបង់ដោយធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន និងអធិស្ឋាន ជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ ដើម្បីឱ្យកិច្ចការរបស់ពួកជំនុំយើងបានល្អ។

ពីរសប្តាហ៍ក្រោយមក អ្នកដឹកនាំខ្ញុំបាននិយាយថា «យើងចង់ផ្ទេរបងស្រី ចាវ ដែលកែសម្រួលឯកសារ ទៅកាន់ពួកជំនុំមួយផ្សេងទៀតដើម្បីបំពេញភារកិច្ចរបស់គាត់»។ បានស្ដាប់ឮរឿងនេះហើយ ខ្ញុំបានគិតថា «ខ្ញុំត្រូវតែពិចារណានូវកិច្ចការទូទៅនៃដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំមិនអាចអាត្មានិយមទៀតទេ។ តែជាថ្មីម្តងទៀត ពួកយើងទើបតែចាប់ផ្តើមបណ្ដុះបណ្ដាលបងស្រីម្នាក់ទៀតឱ្យធ្វើការងារនេះ ហើយគាត់មិនស្គាល់គោលការណ៍នៅឡើយទេ។ កិច្ចការរបស់យើងនឹងរងការប៉ះពាល់។ វាប្រសើរជាងបើបងស្រី ចាវ បន្ដនៅកន្លែងដដែល។» ខ្ញុំដឹងថាខ្ញុំកំពុងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ។ ខ្ញុំបានគិតពីការដើរលើមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ រំខានដល់ពួកជំនុំម្ដងហើយម្ដងទៀត និងប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់។ ខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន។ បើអ្នកមានគុណសម្បត្តិអន់ បទពិសោធន៍របស់អ្នកនៅរាក់ ឬអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះមួយចំនួនមិនខាន ហើយលទ្ធផលដែលទទួលបានអាចមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកនឹងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់អ្នក។ នៅពេលដែលអ្នកមិនគិតអំពីសេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយមរបសខ្លួន ឬមិនពិចារណាចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងកិច្ចការដែលអ្នកធ្វើ តែផ្ទុយទៅវិញ តែងតែគិតគូរដល់កិច្ចការនៃព្រះដំណាក់របស់ព្រះជាម្ចាស់ ដោយនឹកចាំក្នុងចិត្តនូវផលប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយតាមរយៈការបំពេញភារកិច្ចរបស់អ្នកបានល្អ នោះអ្នកកំពុងតែប្រមូលអំពើល្អនៅចំពោះព្រះជាម្ចាស់មិនខាន។ មនុស្សដែលធ្វើអំពើល្អទាំងនេះគឺជាអ្នកដែលមានតថភាពនៃសេចក្តីពិត ហើយដោយបានធ្វើបែបនេះ ពួកគេបានធ្វើទីបន្ទាល់» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញផ្លូវត្រូវអនុវត្តដល់ខ្ញុំ។ ខ្ញុំត្រូវតែគិតឱ្យដិតដល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងកិច្ចការពួកជំនុំ។ ខ្ញុំមិនអាចអាត្មានិយម ហើយព្យាយាមទុកមនុស្សមានទេពកោសល្យសម្រាប់តែខ្លួនឯងទេ។ ដូច្នេះខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមានចិត្តអាត្មានិយម និងអាក្រក់ណាស់ តែងតែរារាំងដំណាក់របស់ព្រះជាម្ចាស់មិនឱ្យជួយលើកស្ទួយមនុស្ស និងប៉ះពាល់ដល់កិច្ចការព្រះវិហារ។ ទូលបង្គំមិនចង់ប្រឆាំងនឹងទ្រង់ទៀតទេ។ សូមទ្រង់ណែនាំទូលបង្គំឱ្យលះបង់ចោលសាច់ឈាម និងអនុវត្តនូវសេចក្ដីពិត។» បន្ទាប់ពីអធិស្ឋានរូច ខ្ញុំបានទៅនិយាយជាមួយបងស្រី ចាវ ពីការផ្ទេររបស់នាង។ ទោះបីជាគាត់បានផ្ទេរទៅក៏ដោយ ខ្ញុំមិនមានអារម្មណ៍តូចចិត្តដូចខ្ញុំធ្លាប់មានពីមុនទេ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថាគឺជាសេចក្តីសប្បុរស និងព្រះពររបស់ព្រះជាម្ចាស់ដែលធ្វើឱ្យខ្ញុំអាចផ្ដល់មនុស្សមានទេពកោសល្យបែបនេះដល់ដំណាក់របស់ព្រះជាម្ចាស់។ ខ្ញុំក៏បានបំពេញភារកិច្ចរបស់ខ្ញុំដែរ ហើយក្នុងចិត្តរបស់ខ្ញុំពោរពេញដោយសន្ដិភាព និងភាពរីករាយ។ សូមអរគុណដល់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

កាលខ្ញុំនៅតូច គេតែងនិយាយថា ខ្ញុំជាក្មេងដឹងខុសត្រូវ មានឥរិយាបថល្អ និយាយរួម គឺជាក្មេងល្អ។ ខ្ញុំកម្រនឹងខឹងអ្នកដទៃណាស់...

Leave a Reply