សេចក្ដីជំនឿដែលមិនអាចបំបែកបាន

01-03-2022

ដោយ ម៉េង យ៉ុង (ចិន)

សេចក្ដីជំនឿដែលមិនអាចបំបែកបាន

នៅខែ ធ្នូ ឆ្នាំ ២០១២ ខ្ញុំ និងបងប្អូនប្រុសស្រីបីបួននាក់បានបើកបរទៅកាន់ទីកន្លែងមួយដើម្បីចែកចាយដំណឹងល្អ ហើយទីបំផុតត្រូវមនុស្សអាក្រក់រាយការណ៍។ មិនយូរប៉ុន្មាន រដ្ឋាភិបាលតំបន់បានដាក់ពង្រាយមន្ត្រីពីកងប៉ូលិសឧក្រិដ្ឋកម្ម កងកម្លាំងសន្តិសុខជាតិ កងកម្លាំងប្រឆាំងគ្រឿងញៀន កងកម្លាំងប៉ូលិសប្រដាប់ដោយអាវុធ និងស្ថានីយ៍ប៉ូលិសតំបន់ ចំនួនជាង ១០ រថយន្តប៉ូលិស ដើម្បីមកចាប់ខ្លួនពួកយើង។ នៅពេលខ្ញុំ និងបងប្រុសម្នាក់រៀបនឹងបើកបរចេញ ស្រាប់តែប៉ូលិសបួននាក់រត់មកយ៉ាងលឿន កាត់មុខរថយន្តរបស់ពួកយើង។ ម្នាក់ក្នុងចំណោមពួកគេបានដកយកសោរឡាន ហើយបានបញ្ជាពួកយើងឱ្យនៅក្នុងរថយន្ត និងមិនឱ្យកម្រើក។ នៅពេលនោះ ខ្ញុំបានឃើញប៉ូលីសប្រាំពីរ ឬប្រាំបីនាក់កាន់ដំបងកំពុងតែវាយបងប្រុសម្នាក់ទៀតយ៉ាងខឹងសម្បារ ហើយបងប្រុសនោះត្រូវបានវាយរហូតដល់មិនអាចកម្រើកខ្លួនបាន។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីពេញដោយការឈឺចិត្តដ៏សុចរិត ហើយប្រញាប់ចេញពីរថយន្ដ ដោយព្យាយាមឃាត់អំពើហិង្សារបស់ពួកគេ ប៉ុន្តែប៉ូលិសបានរារាំងខ្ញុំ។ ក្រោយមក ពួកគេបាននាំពួកយើងទៅកាន់ស្ថានីយ៍ប៉ូលិស ហើយរថយន្តរបស់ពួកយើងក៏ត្រូវបានរឹបអូសផងដែរ។

ម៉ោងប្រាំបួនជាងនៅយប់នោះ ប៉ូលិសឧក្រិដ្ឋកម្មពីរនាក់បានចូលមកសួរចម្លើយខ្ញុំ។ នៅពេលដែលពួកគេបានឃើញថា ពួកគេមិនអាចទទួលបានព័ត៌មានដែលមានប្រយោជន៍ចេញពីខ្ញុំ នោះពួកគេកាន់តែវង្វេងវង្វាន់ ហើយខឹងសម្បារ សង្កៀតធ្មេញដោយកំហឹង ខណៈដែលពួកគេជេរប្រទេចថា៖ «ចង្រៃយ៎ ពេលក្រោយឯងគង់តែដឹងទេ!» ក្រោយមក ពួកគេបានចាក់សោរខ្ញុំនៅក្នុងបន្ទប់រង់ចាំសួរចម្លើយ។ នៅម៉ោង ១១៖៣០ នាទីយប់ ពួកគេបាននាំខ្ញុំទៅក្នុងបន្ទប់មួយ ដោយគ្មានកាំម៉េរ៉ាសុវត្ថិភាពឡើយ។ ខ្ញុំមានអារម្មណ៍ថា ពួកគេនឹងប្រើអំពើហិង្សាដាក់ខ្ញុំ ដូច្នេះខ្ញុំបានចាប់ផ្ដើមអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀនៅក្នុងចិត្ត ដោយអង្វរឱ្យទ្រង់ការពារខ្ញុំ។ នៅពេលនោះ មន្ត្រីប៉ូលិសម្នាក់ដែលមានត្រកូល ចៀ បានចូលមកសួរចម្លើយខ្ញុំ៖ «តើពីរបីថ្ងៃចុងក្រោយនេះ ឯងបានទៅក្រុមហ៊ុន វ៉ូកស្វេហ្គិន ចេតាទេ?» ខ្ញុំបានឆ្លើយថា ទេ ហើយគាត់ស្រែកយ៉ាងខឹងសម្បារថា៖ «អ្នកផ្សេងបានឃើញឯងនៅទីនោះ តែឯងនៅតែបដិសេធទៀតឬ?» បន្ទាប់ពីនិយាយរួច គាត់បានទះកំផ្លៀងខ្ញុំយ៉ាងឃោរឃៅ។ គ្រប់យ៉ាងដែលខ្ញុំមានអារម្មណ៍ គឺឈឺចាប់ដ៏ក្ដៅនៅលើថ្ពាល់របស់ខ្ញុំ។ ក្រោយមកគាត់បានស្រែកយ៉ាងខ្លាំងថា៖ «ចាំមើលមើល៍ ឯងរឹងប៉ុនណា!» ខណៈដែលគាត់និយាយ គាត់បានរើសយកខ្សែក្រវាត់ដ៏ធំមួយ ហើយបន្តវាយមុខខ្ញុំ ខ្ញុំមិនដឹងថាគាត់វាយខ្ញុំប៉ុន្មានដងទេ ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីស្រែកដោយការឈឺចាប់ ម្ដងហើយម្ដងទៀតឡើយ។ ដោយឃើញបែបនេះ ពួកគេបានទាញខ្សែក្រវាត់រុំជុំវិញមាត់របស់ខ្ញុំ។ ក្រោយមក ប៉ូលិសពីរបីនាក់យកភួយមកគ្របរាងកាយខ្ញុំ មុនពេលដែលពួកគេវាយខ្ញុំនឹងដំបងរបស់ពួកគេយ៉ាងខឹងសម្បារ ដោយពួកគេឈប់នៅពេលដែលពួកគេហត់ប៉ុណ្ណោះ។ ពួកគេវាយខ្ញុំយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យខ្ញុំវិលមុខ ហើយរាងកាយរបស់ខ្ញុំឈឺចាប់ ដូចឆ្អឹងនីមួយៗបាក់អ៊ីចឹង។ នៅពេលនោះ ខ្ញុំមិនដឹងពីមូលហេតុដែលពួកគេវាយខ្ញុំបែបនេះឡើយ ប៉ុន្តែក្រោយមក ខ្ញុំរកឃើញថា ពួកគេបានគ្របភួយលើរាងកាយខ្ញុំ ដើម្បីកុំឱ្យវាយទៅមានស្លាកស្នាមនៅលើសាច់របស់ខ្ញុំ។ ដោយដាក់ខ្ញុំនៅក្នុងបន្ទប់គ្មានកាំម៉េរ៉ាសុវត្ថិភាព បិទមាត់ និងដណ្ដប់ភួយខ្ញុំ ទាំងអស់នេះសុទ្ធតែដោយសារពួកគេខ្លាចថា ទង្វើអាក្រក់របស់ពួកគេអាចត្រូវបានលាតត្រដាង។ ប៉ូលិសបក្សកុម្មុយនីស្ដចិនមានពុតត្បុត និងឃោរឃៅមែន! នៅពេលដែលពួកគេបួននាក់នឿយហត់ដោយសារវាយខ្ញុំ នោះពួកគេបានផ្លាស់ប្ដូរវិធីសាស្ដ្រផ្សេងដើម្បីធ្វើទារុណកម្មខ្ញុំ៖ ប៉ូលិសពីរនាក់ បានផ្អោបដៃខ្ញុំទៅក្រោយ ហើយទាញឡើងលើយ៉ាងបង្ខំ ខណៈដែលប៉ូលិសពីរនាក់ទៀតលើកដៃខ្ញុំម្ខាងទៀតដាក់លើស្មារខាងក្រោយ ហើយទាញចុះក្រោមយ៉ាងខ្លាំង។ (ពួកគេហៅវិធីសាស្ត្រធ្វើទារុណកម្មប្រភេទនេះថា «ស្ពាយដាវនៅខាងក្រោយខ្នង» ដែលមនុស្សធម្មថាមិនអាចអត់ទ្រាំបានឡើយ)។ ប៉ុន្តែដៃទាំងពីររបស់ខ្ញុំមិនអាចទាញទៅជាមួយគ្នាបានទេ មិនថាធ្វើយ៉ាងម៉េចក៏ដោយ ដូច្នេះពួកគេយកជង្គង់សង្កត់លើដៃរបស់ខ្ញុំ។ គ្រប់យ៉ាងដែលខ្ញុំឮគឺ «ក្រឹក» ហើយដៃទាំងពីររបស់ខ្ញុំមានអារម្មណ៍ដូចជាពួកវាដាច់ពីគ្នាអ៊ីចឹង។ វាឈឺខ្លាំងណាស់ រហូតដល់ខ្ញុំស្ទើរទ្រាំលែងបាន។ មិនយូរទេ ដៃខ្ញុំទាំងពីរលែងដឹងអី។ បែបនេះទៅហើយ ពួកគេនៅតែមិនព្រមឈប់ទៀត ដូច្នេះពួកគេបានបញ្ជាឱ្យខ្ញុំអង្គុយចោងហោងលើកម្រាលឥដ្ឋ ដើម្បីឱ្យរងទុក្ខបន្ថែមទៀត។ ខ្ញុំឈឺខ្លាំងណាស់ ដែលរាងកាយទាំងមូលរបស់ខ្ញុំចេញញើស ក្បាលរបស់ខ្ញុំហ៊ឹង ហើយស្មារតីរបស់ខ្ញុំចាប់ផ្ដើមស្រពិចស្រពិលបន្តិច។ ខ្ញុំបានគិតថា៖ «រយៈពេលប៉ុន្មានឆ្នាំក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលមានអារម្មណ៍មិនអាចគ្រប់គ្រងស្មារតីរបស់ខ្លួនឡើយ។ តើខ្ញុំនឹងស្លាប់ឬ?» ក្រោយមក ខ្ញុំពិតជាមិនអាចអត់ទ្រាំនឹងវាបានតទៅទៀតឡើយ ដូច្នេះខ្ញុំបានគិតអំពីការស្វែងរកការសម្រាកតាមរយៈសេចក្ដីស្លាប់។ នៅពេលនោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺខ្ញុំចេញពីក្នុង៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ...។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ!» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំភ្ញាក់ភ្លាមៗ ហើយដឹងថាវិធីនៃការគិតរបស់ខ្ញុំមិនស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយនឹងត្រឹមតែធ្វើឱ្យព្រះជាម្ចាស់ពិបាកព្រះហឫទ័យ និងខកព្រះហឫទ័យប៉ុណ្ណោះ។ ដោយសារតែស្ថិតនៅក្នុងការឈឺចាប់ និងសេចក្ដីទុក្ខនេះ នោះអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញគឺមិនមែនខ្ញុំស្វែងរកសេចក្ដីស្លាប់ឡើយ ប៉ុន្តែទ្រង់សព្វព្រះហឫទ័យចង់ឱ្យខ្ញុំពឹងពាក់លើការដឹកនាំរបស់ទ្រង់ដើម្បីតយុទ្ធនឹងសាតាំង ដើម្បីធ្វើជាស្មរបន្ទាល់ចំពោះព្រះជាម្ចាស់ ហើយធ្វើឱ្យសាតាំងអាម៉ាស់ និងបរាជ័យ។ ការស្វែងរកសេចក្ដីស្លាប់នឹងធ្លាក់ទៅក្នុងល្បិចកលរបស់សាតាំង ហើយវាមិនអាចត្រូវបានចាត់ទុកជាការធ្វើជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ វានឹងក្លាយជាសញ្ញាសម្គាល់នៃភាពអាម៉ាស់។ បន្ទាប់ពីយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ថា៖ «ឱព្រះជាម្ចាស់អើយ! ការពិតបានបង្ហាញថា ធម្មជាតិរបស់ទូលបង្គំទន់ខ្សោយណាស់។ ទូលបង្គំមិនមានបំណង និងភាពក្លាហានដើម្បីរងទុក្ខសម្រាប់ទ្រង់ឡើយ ហើយចង់ស្លាប់ដោយសារតែការឈឺចាប់ខាងរាងកាយបន្តិចបន្តួច។ ពេលនេះទូលបង្គំមិនចង់រត់គេចពីវាឡើយ ហើយទូលបង្គំត្រូវតែធ្វើជាស្មរបន្ទាល់ និងផ្គាប់ព្រះហឫទ័យទ្រង់ មិនថាទូលបង្គំត្រូវអត់ទ្រាំនឹងការរងទុក្ខច្រើនប៉ុនណាឡើយ។ ប៉ុន្តែនៅពេលនោះ រាងកាយរបស់ទូលបង្គំឈឺចាប់ និងទន់ខ្សោយខ្លាំងណាស់ ហើយទូលបង្គំដឹងថា វាជារឿងលំបាកក្នុងការយកឈ្នះដោយខ្លួនឯងចំពោះការវាយរបស់ពួកអារក្សទាំងនេះ។ សូមប្រទានភាពជឿជាក់ និងកម្លាំងដល់ទូលបង្គំបន្ថែមទៀត ដើម្បីឱ្យទូលបង្គំអាចពឹងពាក់លើទ្រង់ និងយកឈ្នះសាតាំង។ ទូលបង្គំស្បថដាក់ជីវិតថា ទូលបង្គំនឹងមិនក្បត់ទ្រង់ ឬក្បត់បងប្អូនប្រុសស្រីឡើយ»។ ខណៈពេលដែលខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត នោះចិត្តរបស់ខ្ញុំធូរស្រាលបន្តិចម្ដងៗ។ ប៉ូលិសអាក្រក់បានឃើញថា ខ្ញុំដកដង្ហើមពិបាក ហើយខ្លាចថាពួកគេនឹងត្រូវទទួលខុសត្រូវបើខ្ញុំស្លាប់ ដូច្នេះពួកគេមកដោះខ្នោះរបស់ខ្ញុំចេញ។ ប៉ុន្តែដៃរបស់ខ្ញុំរឹងរួចទៅហើយ ហើយខ្នោះតឹងណាស់ រហូតដល់ពួកគេពិបាកនឹងដោះ។ ប៉ូលិសបួននាក់ប្រើពេលពីរបីនាទី ដើម្បីដោះខ្នោះចេញ មុនពេលដែលពួកគេអូសខ្ញុំទៅកាន់បន្ទប់រង់ចាំសួរចម្លើយ។

នៅរសៀលបន្ទាប់ ប៉ូលិសមានចេតនាកំណត់ថា ខ្ញុំជា «បទល្មើសឧក្រិដ្ឋ» និងបាននាំខ្ញុំត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញដើម្បីឆ្មក់ចូល រួចបញ្ជូនខ្ញុំទៅកាន់មន្ទីរឃុំឃាំង។ ដរាបណាខ្ញុំបានចូលទៅក្នុងមន្ទីរឃុំឃាំង នោះមន្ត្រីកែប្រែបួននាក់បានរឹបអូសអាវរងារគូតុង ខោ ស្បែកជើង និងនាឡិការបស់ខ្ញុំ ព្រមទាំងលុយ ១.៣០០ យ័នដែលមាននៅជាប់ខ្លួនខ្ញុំ។ ពួកគេឱ្យខ្ញុំប្ដូរសម្លៀកបំពាក់ពន្ធនាគារតាមបទដ្ឋានរបស់ពួកគេ ហើយបង្ខំឱ្យខ្ញុំចំណាយលុយ ២០០ យ័ន ដើម្បីទិញភួយពីពួកគេ។ បន្ទាប់មក មន្ត្រីកែប្រែបានចាក់សោរខ្ញុំឱ្យនៅជាមួយចោរប្លន់ ឃាតករ អ្នករំលោភ និងអ្នកជួញដូរគ្រឿងញៀន។ នៅពេលដែលខ្ញុំចូលទៅក្នុងបន្ទប់របស់ខ្ញុំ នោះខ្ញុំបានឃើញអ្នកទោសក្បាលទំពែកដប់ពីរនាក់កំពុងតែសម្លឹងមកខ្ញុំដោយភាពសាហាវ។ បរិយាកាសគួរឱ្យស្រងូតស្រងាត់ និងគួរឱ្យខ្លាច ហើយខ្ញុំមានអារម្មណ៍ថា ភ្លាមៗនោះចិត្តរបស់ខ្ញុំពេញដោយភាពភ័យខ្លាច។ មេបន្ទប់ពីរនាក់បានដើរតម្រង់មកខ្ញុំ ហើយសួរថា៖ «ឯងមកទីនេះដោយសារអ្វី?» ខ្ញុំបាននិយាយថា៖« ដោយសារផ្សព្វផ្សាយដំណឹងល្អ»។ ដោយមិននិយាយអ្វីមួយម៉ាត់សោះ នោះម្នាក់ក្នុងចំណោមពួកគេបានទះកំផ្លៀងខ្ញុំពីរដៃ ហើយនិយាយថា៖ «ឯងជាប្រធានសាសនា មែនទេ?» អ្នកទោសផ្សេងទៀតទាំងអស់ ចាប់ផ្ដើមសើចខ្លាំង ហើយចំអកឱ្យខ្ញុំ ដោយសួរថា៖ «ម៉េចបានជាឯងមិនឱ្យព្រះជាម្ចាស់របស់ឯងសង្គ្រោះឯងចេញពីទីនេះទៅ?» ស្ថិតក្នុងការបង្អាប់ និងសើចចំអក នោះមេបន្ទប់បានទះកំផ្លៀងខ្ញុំពីរបីដងទៀត។ ចាប់ពីពេលនោះមក ពួកគេបានហៅខ្ញុំថា «មេសាសនា» ហើយតែងតែប្រមាថ និងសើចចំអកឱ្យខ្ញុំ។ មេបន្ទប់ម្នាក់ទៀតបានឃើញខ្ញុំពាក់ស្បែកជើងបន្ទាត់ ហើយស្រែកយ៉ាងក្រអឺតក្រទមថា៖ «ឯងមិនដឹងកន្លែងរបស់ឯងទាល់តែសោះ។ តើឯងមានតម្លៃក្នុងការពាក់ស្បែកជើងទេ? ដោះពួកវាចេញទៅ!» ខណៈពេលដែលគាត់និយាយ នោះគាត់បង្ខំឱ្យខ្ញុំដោះវាចេញ ហើយដូរជាមួយស្បែកជើងបន្ទាត់ដែលគេពាក់រួច។ គាត់ក៏បានយកភួយរបស់ខ្ញុំទៅឱ្យអ្នកទោសផ្សេងទៀត។ អ្នកទោសទាំងនោះបានដណ្ដើមគ្នា ហើយទីបំផុតខ្ញុំបានភួយដ៏កញ្ចាស់ដែលស្ដើង រហែក កខ្វក់ និងមានក្លិនស្អុយ។ ដោយត្រូវបានជំរុញពីមន្ត្រីកែប្រែ នោះអ្នកទោសទាំងនេះ បានយកខ្ញុំជាកម្មវត្ថុក្នុងការទទួលនូវការលំបាក និងទារុណកម្មគ្រប់ប្រភេទ។ នៅពេលយប់ ភ្លើងតែងបើកជានិច្ចនៅក្នុងបន្ទប់ ប៉ុន្តែមេបន្ទប់បាននិយាយមកខ្ញុំដោយការសម្លឹងដ៏អាក្រក់ថា៖ «បិទភ្លើងនោះឱ្យយើង»។ ខណៈដែលខ្ញុំមិនអាចបិទបាន (សូម្បីតែកន្លែងបិទ-បើកក៏គ្មានផង) នោះពួកគេចាប់ផ្ដើមសើចដាក់ខ្ញុំ ហើយចំអកឱ្យខ្ញុំម្ដងទៀត។ នៅថ្ងៃបន្ទាប់ អ្នកទោសជាយុវជនពីរបីនាក់បានបង្ខំឱ្យខ្ញុំឈរនៅជ្រុងមួយ ហើយឱ្យទន្ទេញច្បាប់វិន័យរបស់ពន្ធនាគារ ដោយគម្រាមថា៖ «ឯងនឹងទទួលវាមិនខាន បើឯងទន្ទេញមិនចាំក្នុងរយៈពេលពីរថ្ងៃទេនោះ!» ខ្ញុំគ្មានអ្វីក្រៅពីភ័យខ្លាចឡើយ ហើយពេលដែលខ្ញុំកាន់តែគិតអំពីអ្វីដែលខ្ញុំបានឆ្លងកាត់ពីរបីថ្ងៃកន្លងមក នោះខ្ញុំកាន់តែភ័យខ្លាច។ ដូច្នេះខ្ញុំបន្តស្រែកហៅទៅរកព្រះជាម្ចាស់ ហើយអង្វរឱ្យទ្រង់ការពារខ្ញុំ ដើម្បីឱ្យខ្ញុំអាចយកឈ្នះវាបាន។ នៅពេលនេះ ខ្ញុំបានគិតឃើញទំនុកសរសើរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលដែលការល្បងលកើតឡើង អ្នកអាចនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល។ មិនថាអ្នកជាប់ពន្ធនាគារ មានជំងឺ ទទួលការសើចចំអក ឬការមួលបង្កាច់ពីអ្នកដទៃ ឬហាក់ដូចជាគ្មានផ្លូវចេញក៏ដោយ ក៏អ្នកនៅតែអាចស្រឡាញ់ព្រះជាម្ចាស់ដែរ។ ការនេះមានន័យថា ដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ហើយ» («តើដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ហើយឬនៅ?» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានកម្លាំងដល់ខ្ញុំ ហើយបានចង្អុលបង្ហាញមាគ៌ាឱ្យខ្ញុំអនុវត្ត គឺការស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ និងបែរចិត្តទៅរកព្រះជាម្ចាស់! នៅពេលនោះ វាច្បាស់នៅក្នុងចិត្តរបស់ខ្ញុំភ្លាមៗថា៖ ព្រះជាម្ចាស់កំពុងតែអនុញ្ញាតឱ្យការរងទុក្ខនេះកើតឡើងចំពោះខ្ញុំ មិនមែនដើម្បីធ្វើទារុណកម្មខ្ញុំ ឬធ្វើឱ្យខ្ញុំរងទុក្ខដោយចេតនាឡើយ ប៉ុន្តែដើម្បីបង្វឹកខ្ញុំឱ្យបែរចិត្តរបស់ខ្ញុំទៅរកព្រះជាម្ចាស់ នៅក្នុងមជ្ឈដ្ឋានបែបនេះ ដើម្បីឱ្យខ្ញុំអាចតតាំងនឹងការត្រួតត្រានៃឥទ្ធិពលដ៏ងងឹតរបស់សាតាំង ដូច្នេះហើយចិត្តរបស់ខ្ញុំនៅតែអាចនៅកៀកនឹងព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ មិនដែលរអ៊ូរទាំ ហើយតែងតែទទួលយក ព្រមទាំងស្ដាប់បង្គាប់ការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ ដោយមានកត្តាទាំងនេះនៅក្នុងគំនិត នោះខ្ញុំលែងភ័យខ្លាចហើយ។ មិនថាប៉ូលិស ឬអ្នកទោសប្រព្រឹត្តចំពោះខ្ញុំបែបណាឡើយ គ្រប់យ៉ាងដែលខ្ញុំត្រូវខ្វល់ គឺថ្វាយខ្លួនទៅព្រះជាម្ចាស់។ ខ្ញុំនឹងមិនចុះញ៉មចំពោះសាតាំងឡើយ។

ជីវិតនៅក្នុងពន្ធនាគារ ជាក់ស្ដែងគឺជានរកនៅលើផែនដី។ អ្នកទោសត្រូវបានអ្នកយាមជំរុញឱ្យប្រើវិធីផ្សេងៗ ដើម្បីធ្វើទារុណកម្មខ្ញុំ៖ នៅពេលដែលខ្ញុំកំពុងតែដេកនៅពេលយប់ នោះពួកគេមកនៅជុំវិញខ្ញុំ ដើម្បីមិនឱ្យខ្ញុំប្រែខ្លួនរួច ហើយពួកគេឱ្យខ្ញុំដេកទល់នឹងបង្គន់។ បន្ទាប់ពីត្រូវបានចាប់ខ្លួន ខ្ញុំមិនបានដេកពីរបីថ្ងៃ ហើយងងុយដេកខ្លាំងណាស់ រហូតដល់ខ្ញុំមិនអាចអត់ទ្រាំបាន ហើយគេងលក់មួយស្របក់។ អ្នកទោសដែលកំពុងបំពេញភារកិច្ចយាម បានមកបំពានខ្ញុំ ដោយផ្ទាត់ក្បាលខ្ញុំដោយចេតនា រហូតដល់ខ្ញុំភ្ញាក់ មុនពេលដែលពួកគេចាកចេញ។ មានអ្នកទោសម្នាក់ដែលបានដាស់ខ្ញុំឡើងដោយចេតនា ហើយព្យាយាមយកខោស្នាប់ភ្លៅរបស់ខ្ញុំ។ បន្ទាប់ពីអាហារពេលព្រឹកនៅថ្ងៃបន្ទាប់ មេបន្ទប់បានទាមទារឱ្យខ្ញុំជូតកម្រាលឥដ្ឋជារៀងរាល់ថ្ងៃ។ អំឡុងពេលនោះ គឺជាពេលរងារបំផុតក្នុងឆ្នាំ ហើយគ្មានទឹកក្ដៅឡើយ ដូច្នេះខ្ញុំអាចត្រឹមតែប្រើប្រាស់ទឹកត្រជាក់សម្រាប់ក្រណាត់សម្អាតប៉ុណ្ណោះ។ ក្រោយមក អ្នកទោសដែលជាចោរប្លន់ពីរបីនាក់ឱ្យខ្ញុំទន្ទេញច្បាប់វិន័យរបស់ពន្ធនាគារ។ បើខ្ញុំមិនអាចទន្ទេញពួកវាចាំទេ នោះពួកគេនឹងដាល់ ព្រមទាំងទាត់ខ្ញុំ។ ការត្រូវបានទះកំផ្លៀងគឺជារឿងដែលកើតឡើងញឹកញាប់ជាងគេ។ ដោយប្រឈមមុខនឹងមជ្ឈដ្ឋានបែបនេះ នោះខ្ញុំមានអារម្មណ៍ទុក្ខព្រួយណាស់។ នៅពេលយប់ ខ្ញុំទាញភួយរបស់ខ្ញុំគ្របក្បាល ហើយអធិស្ឋានយ៉ាងស្ងៀមស្ងាត់ថា៖ «ឱព្រះជាម្ចាស់អើយ ទ្រង់បានអនុញ្ញាតឱ្យមជ្ឈដ្ឋាននេះកើតឡើងចំពោះទូលបង្គំ ដូច្នេះបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ត្រូវតែមាននៅក្នុងនេះ។ សូមទ្រង់បើកសម្ដែងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះទូលបង្គំផង»។ នៅពេលនោះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺខ្ញុំថា៖ «ខ្ញុំកោតសរសើរផ្កាលីលីដែលរីកនៅលើភ្នំ ផ្កា និងស្មៅលាតសន្ធឹងលើទីជម្រាល ប៉ុន្តែផ្កាលីលីបន្ថែមរស្មីដល់សិរីល្អរបស់ខ្ញុំនៅលើផែនដីមុនពេលនិទាឃរដូវមកដល់ តើមនុស្សអាចសម្រេចបាននូវរឿងបែបនេះឬទេ? តើពួកគេអាចធ្វើបន្ទាល់ថ្វាយដល់ខ្ញុំនៅលើផែនដីមុនពេលខ្ញុំត្រឡប់មកវិញបានឬទេ? តើពួកគេអាចថ្វាយខ្លួនសម្រាប់ជាប្រយោជន៍ដល់ព្រះនាមរបស់ខ្ញុំនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហមបានឬទេ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៣៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខណៈពេលដែលខ្ញុំកំពុងតែសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានគិតក្នុងចិត្តថា៖ «ផ្កា និងស្មៅ ព្រមទាំងខ្ញុំ គឺសុទ្ធតែជាការបង្កើតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតពួកយើង ដើម្បីបង្ហាញពីទ្រង់ ដើម្បីផ្ដល់សិរីល្អដល់ទ្រង់។ ផ្កាលីលី អាចបន្ថែមក្លិនដល់សិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី មុនពេលដែលនិទាឃរដូវចូលមកដល់ មានន័យថា ពួកវាបានបំពេញតួនាទីរបស់ពួកវាក្នុងនាមជាការបង្កើតមួយរបស់ព្រះជាម្ចាស់ និងដើម្បីធ្វើជាស្មរបន្ទាល់ថ្វាយព្រះជាម្ចាស់នៅចំពោះមុខសាតាំង។ ថ្ងៃនេះ ខ្ញុំត្រូវទទួលរងការធ្វើទុក្ខបុកម្នេញ និងការប្រមាថដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ ប៉ុន្តែនេះជាការរងទុក្ខដើម្បីផលប្រយោជន៍នៃសេចក្ដីសុចរិត ហើយវាជាសិរីល្អ។ សាតាំងកាន់តែប្រមាថខ្ញុំ នោះខ្ញុំកាន់តែឈរនៅខាងព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់។ តាមវិធីនោះ ព្រះជាម្ចាស់អាចទទួលបានសិរីល្អ ហើយខ្ញុំអាចបំពេញភារកិច្ចដែលខ្ញុំគួរតែបំពេញ។ ដរាបណាព្រះជាម្ចាស់សប្បាយព្រះហឫទ័យ និងសព្វព្រះហឫទ័យ នោះចិត្តរបស់ខ្ញុំក៏នឹងទទួលបានការលួងលោមផងដែរ។ ខ្ញុំសុខចិត្តអត់ទ្រាំនឹងការរងទុក្ខចុងក្រោយ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ នៅក្នុងរបស់សព្វសារពើ»។ នៅពេលដែលខ្ញុំបានចាប់ផ្ដើមគិតតាមវិធីនេះ នោះខ្ញុំមានអារម្មណ៍អង្រួននៅក្នុងចិត្តរបស់ខ្ញុំយ៉ាងពិសេស ហើយអាចគ្រប់គ្រងទឹកភ្នែករបស់ខ្ញុំម្ដងទៀត។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងស្ងៀមស្ងាត់ថា៖ «ឱព្រះជាម្ចាស់អើយ ទ្រង់ពិតជាមានតម្លៃនៃសេចក្ដីស្រឡាញ់! ទូលបង្គំបានដើរតាមទ្រង់អស់ជាច្រើនឆ្នាំ ប៉ុន្តែទូលបង្គំមិនដែលមានអារម្មណ៍អំពីសេចក្ដីស្រឡាញ់ដ៏ថ្នាក់ថ្នមរបស់ទ្រង់ ដូចដែលទូលបង្គំមាននៅថ្ងៃនេះ ឬមានអារម្មណ៍ជិតស្និទ្ធជាមួយទ្រង់ ដូចថ្ងៃនេះឡើយ»។ ខ្ញុំភ្លេចទាំងស្រុងនូវការរងទុក្ខរបស់ខ្ញុំ ហើយគ្របដណ្ដប់ដោយអារម្មណ៍អង្រួននេះអស់រយៈពេលជាយូរ...

សីតុណ្ហភាពទាបណាស់នៅថ្ងៃទីប្រាំមួយក្នុងមន្ទីរឃុំឃាំង។ ដោយសារតែប៉ូលិសអាក្រក់បានរឹបអូសយកអាវរងារគូតុងរបស់ខ្ញុំហើយ ដូច្នេះខ្ញុំគ្រាន់តែស្លៀកខោស្នាប់ភ្លៅ ហើយទីបំផុតខ្ញុំរងារ។ ខ្ញុំមានឡើងកម្ដៅខ្ពស់ ហើយក្អកមិនឈប់។ នៅពេលយប់ ខ្ញុំបានរុំខ្លួននឹងភួយចាស់ ដោយអត់ទ្រាំនឹងការធ្វើទារុណកម្មមនៃជំងឺ ស្របពេលដែលខ្ញុំកំពុងតែគិតអំពីការធ្វើបាប និងការរំលោភបំពានគ្មានទីបញ្ចប់របស់អ្នកទោសចំពោះខ្ញុំ។ ខ្ញុំមានអារម្មណ៍ក្រៀមក្រំ និងគ្មានទីពឹង។ គ្រាន់តែភាពទុក្ខព្រួយរបស់ខ្ញុំបានឈានដល់កម្រិតខ្ពស់ នោះខ្ញុំបានគិតដល់ការអធិស្ឋានដ៏ពិតប្រាកដ និងស្មោះត្រង់របស់ពេត្រុសនៅចំពោះព្រះជាម្ចាស់៖ «ប្រសិនបើទ្រង់ប្រទានឲ្យទូលបង្គំមានជំងឺ និងដកសេរីភាពរបស់ទូលបង្គំ ក៏ទូលបង្គំនៅតែអាចរស់នៅបានដដែល ប៉ុន្តែ ប្រសិនបើការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ត្រូវចាកចេញពីទូលបង្គំមែន នោះទូលបង្គំនឹងគ្មានផ្លូវត្រូវបន្តរស់នៅទៀតឡើយ។ ប្រសិនបើទូលបង្គំគ្មានការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ នោះទូលបង្គំនឹងបាត់បង់សេចក្ដីស្រឡាញ់របស់ទ្រង់ ជាសេចក្តីស្រឡាញ់មួយដ៏ជ្រាលជ្រៅ ដែលទូលបង្គំពិបាកនឹងបរិយាយណាស់។ បើគ្មានសេចក្តីស្រឡាញ់របស់ទ្រង់ទេ នោះទូលបង្គំនឹងរស់នៅក្រោមដែនត្រួតត្រារបស់អារក្សសាតាំង ហើយមិនអាចមើលឃើញពីព្រះគុណដ៏រុងរឿងរបស់ទ្រង់នោះឡើយ។ តើទូលបង្គំអាចបន្តរស់នៅបានយ៉ាងដូចម្ដេចទៅ?» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះ បានប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ ពេត្រុសមិនបានគិតដល់ការរងទុក្ខខាងរាងកាយឡើយ។ អ្វីដែលគាត់ផ្ដល់តម្លៃ អ្វីដែលគាត់ពិតជាបារម្ភ គឺជាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ អ្វីដែលគាត់តាមរក គឺដើម្បីដកបទពិសោធន៍ពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដូច្នេះគាត់អាចត្រូវបានបន្សុទ្ធ ហើយទីបំផុត គាត់សម្រេចបានការស្ដាប់បង្គាប់រហូតដល់សេចក្ដីស្លាប់ និងសេចក្ដីស្រឡាញ់ចុងក្រោយសម្រាប់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែជ្រើសយកការតាមរកដូចជាពេត្រុសដែរ ដឹងថាព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំត្រូវបានដាក់នៅក្នុងស្ថានភាពនោះ។ ទោះបីជាខ្ញុំបានឆ្លងកាត់ការរងទុក្ខខាងរាងកាយក៏ដោយ នោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលចូលមកចំពោះខ្ញុំ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើឱ្យសេចក្ដីជំនឿ និងការតាំងចិត្តរបស់ខ្ញុំគ្រប់លក្ខណ៍ នៅចំពោះមុខការរងទុក្ខ។ ខ្ញុំពិតជាត្រូវបានអង្រួនមែន នៅពេលដែលខ្ញុំបានយល់ពីបំណងព្រះហឫទ័យ ដ៏អស់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយខ្ញុំស្អប់ដែលខ្ញុំអាត្មានិយម និងទន់ជ្រាយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជំពាក់ព្រះជាម្ចាស់នូវបំណុលដ៏ធំធេង ដោយសារមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់ ហើយខ្ញុំបានស្បថថា មិនថាការរងទុក្ខរបស់ខ្ញុំធំធេងបែបណាឡើយ ខ្ញុំនឹងធ្វើជាស្មរបន្ទាល់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ នៅថ្ងៃបន្ទាប់ កម្ដៅដ៏ខ្ពស់របស់ខ្ញុំបានថយចុះយ៉ាងអស្ចារ្យ។ ខ្ញុំបានអរព្រះគុណដល់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំ។

នៅយប់មួយ អ្នកលក់ដូរម្នាក់បានទៅដល់បង្អួច ហើយមេបន្ទប់បានទិញសាច់ជ្រូកបីជាន់ សាច់ឆ្កែ ភ្លៅមាន់ និងរបស់របរជាច្រើន។ នៅទីបញ្ចប់ គាត់បញ្ជាឱ្យខ្ញុំចេញលុយ។ ខ្ញុំបាននិយាយថា ខ្ញុំគ្មានលុយទេ ដូច្នេះគាត់បាននិយាយយ៉ាងឃោរឃៅថា៖ «បើឯងគ្មានលុយ យើងនឹងធ្វើទារុណកម្មឯងបន្តិចម្ដងៗ!» នៅថ្ងៃបន្ទាប់ គាត់បានឱ្យខ្ញុំបោកកម្រាលគ្រែ សម្លៀកបំពាក់ និងស្រោមជើង។ មន្រ្តីកែប្រែនៅក្នុងបន្ទប់ឃុំឃាំងក៏បានឱ្យខ្ញុំបោកស្រោមជើងរបស់ពួកគេដែរ។ នៅក្នុងមន្ទីរឃុំឃាំង ខ្ញុំត្រូវតែអត់ទ្រាំនឹងការវាយរបស់ពួកគេស្ទើរតែរាល់ថ្ងៃ។ នៅពេលដែលខ្ញុំមិនអាចអត់ទ្រាំបានតទៅទៀត នោះខ្ញុំគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អំឡុងពេលដែលអ្នកមានជីវិតនៅលើផែនដី អ្នកត្រូវតែបំពេញភារកិច្ចចុងក្រោយរបស់អ្នកសម្រាប់ព្រះជាម្ចាស់។ កាលពីអតីតកាល ពេត្រុស ត្រូវបានគេឆ្កាងបញ្ច្រាសក្បាល ដើម្បីផលប្រយោជន៍របស់ព្រះជាម្ចាស់។ ប៉ុន្តែអ្នកត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនៅទីបញ្ចប់ ហើយបញ្ចេញថាមពលទាំងអស់របស់អ្នកដើម្បីផលប្រយោជន៍របស់ទ្រង់។ តើអ្វីដែលភាវៈត្រូវបានបង្កើតមកអាចធ្វើតំណាងឱ្យព្រះជាម្ចាស់? ដូច្នេះ អ្នកគួរតែថ្វាយខ្លួនរបស់អ្នកទៅព្រះជាម្ចាស់ កាន់តែឆាប់កាន់តែល្អ ដើម្បីឱ្យទ្រង់លះបង់អ្នកតាមតែទ្រង់សព្វព្រះទ័យ។ នៅពេលដែលវាធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ និងសព្វព្រះទ័យ នោះចូរឱ្យទ្រង់ធ្វើតាមតែទ្រង់នឹងសព្វព្រះទ័យជាមួយអ្នកចុះ។ តើមនុស្សមានសិទ្ធិអ្វីក្នុងការនិយាយពាក្យរអ៊ូរទាំ?» («ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានកម្លាំងដល់ខ្ញុំ។ ទោះបីពីពេលមួយទៅពេលមួយ ខ្ញុំនៅតែត្រូវទទួលរងការវាយប្រហារ ការរំលោភបំពាន ការថ្កោលទោស និងការវាយរបស់អ្នកទោសក៏ដោយ ដោយសារតែការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំត្រូវបានលួងលោមនៅក្នុងចិត្ត ហើយគ្មានអារម្មណ៍ឈឺចាប់ទៀតឡើយ។

ពេលមួយ មន្ត្រីកែប្រែបាននាំខ្ញុំទៅក្នុងការិយាល័យ។ ខ្ញុំបានឃើញមនុស្សជាងដប់នាក់សម្លឹងមកខ្ញុំដោយក្រសែភ្នែកចម្លែក។ មន្ត្រីកែប្រែម្នាក់បានកាន់កាំមេរ៉ាវីដេអូនៅខាងមុខខ្ញុំផ្នែកខាងឆ្វេង ខណៈពេលដែលម្នាក់ទៀតបានដើរតម្រង់មកខ្ញុំដោយកាន់មីក្រូហ្វូន សួរថា៖ «ហេតុអ្វីបានជាលោកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា?» នោះជាពេលដែលខ្ញុំបានដឹងថា នេះគឺជាការសម្ភាសន៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះខ្ញុំបានឆ្លើយដោយការបន្ទាបខ្លួនដ៏មានមោទនភាពថា៖ «ចាប់តាំងពីខ្ញុំនៅក្មេង ខ្ញុំតែងតែត្រូវទទួលរងការធ្វើបាប និងការមិនរាប់អានរបស់មនុស្ស ហើយខ្ញុំបានឃើញមនុស្សបោកបញ្ឆោតគ្នា និងកេងយកផលប្រយោជន៍គ្នា។ ខ្ញុំមានអារម្មណ៍ថា សង្គមនេះខ្មៅងងឹត និងគ្រោះថ្នាក់ពេក។ មនុស្សរស់នៅក្នុងជីវិតដែលឥតខ្លឹមសារ និងគ្មានទីពឹង ដោយគ្មានអ្វីត្រូវសម្លឹងទៅរក និងគ្មានគោលដៅជីវិតឡើយ។ ក្រោយមក នៅពេលដែលមនុស្សម្នាក់បានអធិប្បាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមកខ្ញុំ នោះខ្ញុំបានចាប់ផ្ដើមជឿ។ បន្ទាប់ពីជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា នោះខ្ញុំមានអារម្មណ៍ថា អ្នកជឿដទៃទៀតបានរាប់អានខ្ញុំដូចគ្រួសារ។ គ្មាននរណាម្នាក់នៅក្នុងក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រើល្បិចកលចំពោះខ្ញុំឡើយ។ គ្រប់គ្នាយោគយល់គ្នា និងបារម្ភពីគ្នាទៅវិញទៅមក។ ពួកគេថែរក្សាគ្នា ហើយមិនខ្លាចនិយាយអ្វីដែលមាននៅក្នុងគំនិតរបស់ពួកគេឡើយ។ នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានរកឃើញពីគោលបំណង និងគុណតម្លៃនៃជីវិត។ ខ្ញុំគិតថាការជឿលើព្រះជាម្ចាស់គឺជារឿងល្អណាស់»។ ក្រោយមក អ្នករាយការណ៍ព័ត៌មានបានសួរថា៖ «តើលោកដឹងពីមូលហេតុដែលលោកនៅទីនេះទេ?» ខ្ញុំបានតបថា៖ «ចាប់តាំងពីជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា នោះខ្ញុំបានឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាអាចសង្គ្រោះ និងបន្សុទ្ធមនុស្ស ហើយដឹកនាំពួកគេឱ្យដើរលើមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងជីវិត។ ដូច្នេះខ្ញុំបានសម្រេចចិត្តប្រាប់ពីដំណឹងល្អនេះទៅកាន់ប្រជាជនដទៃទៀត ប៉ុន្តែខ្ញុំមិនដែលដឹងថា ទង្វើដ៏ល្អបែបនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនឡើយ។ ដូច្នេះហើយខ្ញុំត្រូវបានចាប់ខ្លួន និងនាំមកទីនេះ»។ អ្នករាយការណ៍ព័ត៌មានបានឃើញថា ការឆ្លើយតបរបស់ខ្ញុំមិនមានប្រយោជន៍សម្រាប់ពួកគេទេ ដូច្នេះគាត់បានបញ្ឈប់ការសម្ភាសន៍ភ្លាមៗ ហើយបានចាកចេញទៅ។ នៅពេលនោះ អនុប្រធានកងសន្តិសុខជាតិខឹងខ្លាំងណាស់ រហូតធ្វើឱ្យគាត់តន្ត្រំជើងឥតឈប់។ គាត់សម្លក់ខ្ញុំយ៉ាងឃោរឃៅ និងសង្កៀតធ្មេញ ហើយនិយាយថា៖ «ឯងចាំតែមើល៍ទៅ!» ប៉ុន្តែខ្ញុំមិនខ្លាចការគំរាមកំហែង និងការបំភ័យរបស់គាត់ទាល់តែសោះ។ ផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថាមានកិត្តិយសដ៏ជ្រាលជ្រៅដែលអាចធ្វើជាស្មរបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងឱកាសបែបនេះ ហើយជាងនេះទៅទៀត ខ្ញុំថ្វាយសិរីល្អទៅព្រះជាម្ចាស់ចំពោះការលើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ និងភាពបរាជ័យរបស់សាតាំង។

ក្រោយមក មន្ត្រីប៉ូលិសដែលទទួលបន្ទុករឿងក្ដីរបស់ខ្ញុំ បានសួរចម្លើយខ្ញុំម្ដងទៀត។ នៅពេលនេះ គាត់មិនបានប្រើទារុណកម្មដើម្បីព្យាយាមបង្ខំឱ្យសារភាពទេ ផ្ទុយទៅវិញគាត់បានប្ដូរទៅប្រើទឹកមុខ «សប្បុរស» ដើម្បីសួរខ្ញុំ៖ «តើអ្នកដឹកនាំរបស់លោកជានរណា? ខ្ញុំនឹងផ្ដល់ឱកាសដល់លោកម្ដងទៀត។ បើលោកប្រាប់ពួកយើង នោះលោកនឹងគ្មានបញ្ហាឡើយ។ ខ្ញុំនឹងបង្ហាញលោកនូវការអត់ឱនដ៏ធំធេង។ តាមពិតលោកគ្មានទោសអ្វីទេ ប៉ុន្តែមនុស្សដទៃមិនស្មោះត្រង់ជាមួយលោក។ ដូច្នេះហេតុអ្វីត្រូវបិទបាំងសម្រាប់ពួកគេ? លោកហាក់ដូចជាបុគ្គលល្អមួយរូប។ ហេតុអ្វីបានជាលោកប្រគល់ជីវិតរបស់លោកទៅឱ្យពួកគេ? បើលោកប្រាប់ពួកយើងនោះលោកអាចទៅផ្ទះបាន។ ហេតុអ្វីបានជាលោកស្នាក់នៅទីនេះ ហើយរងទុក្ខ?» មនុស្សមានពុតត្បុតមុខពីរទាំងនេះបានឃើញថាវិធីសាស្រ្ដរឹងមិនបានការ ដូច្នេះពួកគេសម្រេចចិត្តប្រើវិធីសាស្ត្រទន់ភ្លន់វិញ។ ពួកគេពិតជាពេញដោយល្បិចកលបោកបញ្ឆោត និងជាអ្នកមានជំនាញនៃឧបាយកល និងប្រើកលល្បិចមែន! ទឹកមុខដ៏មានពុតត្បុតរបស់គាត់នោះ បានធ្វើឱ្យចិត្តខ្ញុំពេញដោយសេចក្ដីស្អប់ចំពោះក្រុមអារក្សនេះ។ ខ្ញុំបាននិយាយទៅកាន់គាត់ថា៖ «ខ្ញុំបានប្រាប់គ្រប់យ៉ាងនូវអ្វីដែលខ្ញុំបានដឹងរួចហើយ។ ខ្ញុំមិនដឹងអ្វីផ្សេងទៀតឡើយ»។ គាត់បានឃើញជំហរតាំងចិត្តរបស់ខ្ញុំ ហើយថាគាត់មិនអាចទទួលបានអ្វីពីខ្ញុំ។ គាត់បានដើរចេញទៅយ៉ាងខូចចិត្ត។

បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងអស់រយៈពេលកន្លះខែរួចមក នោះខ្ញុំត្រូវបានដោះលែង បន្ទាប់ពីប៉ូលិសបានបង្គាប់ឱ្យគ្រួសាររបស់ខ្ញុំបង់ប្រាក់ ៨.០០០ យ័ន។ ប៉ុន្តែពួកគេបានព្រមានខ្ញុំមិនឱ្យធ្វើដំណើរទៅណាឡើយ ហើយថាខ្ញុំត្រូវតែស្នាក់នៅផ្ទះ និងធានាថា អាចទាក់ទងបានគ្រប់ពេលវេលា។ ក្រោយមក ដោយត្រូវបានចោទប្រកាន់ដោយគ្មានភស្ដុតាងពីបទ «រំខានដល់សណ្ដាប់ធ្នាប់សង្គម» នោះបក្សកុម្មុយនីស្ដចិនបានកាត់ទោសឱ្យខ្ញុំជាប់ពន្ធនាគារមួយឆ្នាំដោយបានព្យួរទោសរយៈពេលពីរឆ្នាំ។

បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នៃការធ្វើទុក្ខបុកម្នេញ និងការរងទុក្ខនេះ ខ្ញុំមានការយល់ដឹង និងអាចវែកញែកមុខរបស់អារក្ស និងសារជាតិអាក្រក់របស់បក្សកុម្មុយនីស្ដចិនដែលប្រឆាំងនឹងព្រះ ហើយកើតមានសេចក្ដីស្អប់ដែលចាក់ឫសយ៉ាងជ្រៅចំពោះវា។ វាប្រើអំពើហិង្សា និងការភូតកុហកដើម្បីការពារតួនាទីគ្រប់គ្រងរបស់ខ្លួនឯង។ វាគាបសង្កត់ និងធ្វើទុក្ខបុកម្នេញយ៉ាងអាក្រក់ចំពោះមនុស្សដែលជឿលើព្រះជាម្ចាស់។ វាប្រើល្បិចកលគ្រប់យ៉ាងដែលមាននៅក្នុងសៀវភៅ ដើម្បីរារាំង និងរំខានកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី ហើយស្អប់សេចក្ដីពិតបំផុត។ វាគឺជាសត្រូវដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហើយក៏ជាសត្រូវរបស់អ្នកជឿដែរ។ បន្ទាប់ពីឆ្លងកាត់ការរងទុក្ខនេះ ខ្ញុំអាចឃើញថា មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំយកជីវិតមកឱ្យមនុស្ស។ នៅពេលដែលខ្ញុំអស់សង្ឃឹមបំផុត ឬជិតស្លាប់ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលផ្ដល់សេចក្ដីជំនឿ និងភាពក្លាហានដល់ខ្ញុំ ហើយអនុញ្ញាតឱ្យខ្ញុំបន្តមានជីវិតយ៉ាងតស៊ូ។ អរព្រះគុណព្រះជាម្ចាស់ចំពោះការការពារខ្ញុំតាមរយៈពេលវេលាដ៏លំបាកបំផុត និងងងឹតបំផុតប៉ុន្មានថ្ងៃទាំងនោះ។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំគឺធំធេងណាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

Leave a Reply