ការបំពេញភារកិច្ច តម្រូវឱ្យមានការដេញតាមសេចក្តីពិត

07-08-2023

កាលពីរបីឆ្នាំមុន ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អ។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងពឹងអាងលើព្រះ ដើម្បីបំពេញភារកិច្ចខ្ញុំឱ្យបានល្អ។ ដូច្នេះ រាល់ថ្ងៃ ខ្ញុំបានចំណាយពេលច្រើនអានបន្ទូលព្រះ បំពាក់បំប៉នខ្លួនដោយសេចក្តីពិត និងរៀនគោលការណ៍នានា។ បើមិនយល់អ្វីមួយ ខ្ញុំសួរគេអំពីចំណុចនោះ។ មិនយូរប៉ុន្មាន ខ្ញុំអាចបំពេញភារកិច្ចបានដោយខ្លួនឯង ហើយខ្ញុំពិតជាដឹងគុណព្រះខ្លាំងណាស់។ នាអំឡុងពេលនោះ ខ្ញុំមានការជំរុញចិត្តយ៉ាងខ្លាំងនៅក្នុងភារកិច្ចខ្ញុំ ហើយខ្ញុំក៏ទទួលបានលទ្ធផលកាន់តែប្រសើរដែរ។ មួយរយៈក្រោយមក គេបានជ្រើសរើសខ្ញុំធ្វើជាប្រធានក្រុម។ ខ្ញុំសប្បាយចិត្តជាខ្លាំង រួចគិតថា៖ «ខ្ញុំត្រូវតែលះបង់ថែមបន្ថែម ប្រឹងធ្វើការទ្វេដង និងព្យាយាមនាំមនុស្សកាន់តែច្រើនឱ្យទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ។ មានតែបែបនេះទេ ទើបបង្ហាញថា ខ្ញុំទទួលខុសត្រូវ មានប្រសិទ្ធភាព និងថាខ្ញុំដេញតាមសេចក្តីពិត។ បែបនេះ បងប្អូនប្រុសស្រីនឹងពេញចិត្ត និងកោតសរសើរខ្ញុំមិនខាន»។

នាប៉ុន្មានខែនោះ ខ្ញុំរវល់បំពេញភារកិច្ច សឹងតែតាំងពីខ្ញុំភ្ញាក់ពីគេង។ ពេលខ្លះ ខ្ញុំថែមទាំងភ្លេចហូបបាយទៀតផង។ ខ្ញុំក៏មិនអើពើនឹងការថ្វាយបង្គំ និងការអានបន្ទូលព្រះដែរ។ ខ្ញុំយល់ថា ការថ្វាយបង្គំ និងការអានបន្ទូលព្រះ ត្រូវស៊ីពេលដែលខ្ញុំត្រូវការ ដើម្បីបំពេញភារកិច្ច វាប៉ះពាល់ដល់ប្រសិទ្ធភាពនៃភារកិច្ចខ្ញុំ។ នៅឯការប្រជុំ ពេលខ្ញុំស្ដាប់អ្នកដទៃអានបន្ទូលព្រះ និងប្រកបគ្នាពីបទពិសោធរបស់ពួកគេ ខ្ញុំបានគិតអំពីភារកិច្ចខ្ញុំ។ ខ្ញុំមិនអាចរម្ងាប់ចិត្ត ដើម្បីផ្តោតអារម្មណ៍សញ្ជឹងគិតលើបន្ទូលព្រះទេ ហើយក៏មិនអាចស្ដាប់គេចែកចាយបទពិសោធ និងការយល់ដឹងរបស់គេផងដែរ។ បន្តិចម្ដងៗ ខ្ញុំលែងស្គាល់និស្ស័យពុករលួយដែលខ្ញុំលាតត្រដាងរាល់ថ្ងៃ។ ខ្ញុំកាន់តែក្រអឺតក្រទម ហើយខ្ញុំធ្វើការមិនបានល្អជាមួយអ្នកដទៃនៅក្នុងភារកិច្ចខ្ញុំទេ។ នៅពេលខ្ញុំឃើញថា ដៃគូខ្ញុំធ្វើការមិនបានល្អ ខ្ញុំក៏មើលស្រាលគាត់។ ខ្ញុំយល់ថា គាត់ផ្សាយដំណឹងល្អពីរឆ្នាំហើយ តែគាត់ធ្វើមិនបានល្អដូចខ្ញុំ ដែលជាអ្នកថ្មោងថ្មីផង។ បើខ្ញុំនៅយូរជាងនេះ ខ្ញុំច្បាស់ជាប្រសើរជាងគាត់មិនខាន។ ជួនកាល នៅពេលខ្ញុំយល់ថា ខ្ញុំគិតត្រឹមត្រូវ ខ្ញុំចង់ធ្វើតាមគំនិតរបស់ខ្ញុំ ដូច្នេះ ខ្ញុំមិនចង់ពិភាក្សាការងារជាមួយគាត់ ឬក៏ជូនដំណឹងគាត់ឡើយ។ ពេលគាត់ចង់ដឹងពីវឌ្ឍនភាពការងារនៃការគ្រប់គ្រងរបស់ខ្ញុំ ខ្ញុំមិនចង់ប្រាប់គាត់ទេ។ ខ្ញុំគិតថា បើខ្ញុំប្រាប់គាត់ នៅពេលអ្នកដឹកនាំសួរនាំអំពីការងារ នោះគាត់នឹងក្លាយជាម្នាក់ដែលប្រាប់ពីវឌ្ឍនភាព និងសេចក្តីលម្អិតនៃការងារមិនខាន ហើយការនេះនឹងលួចមុខមាត់ខ្ញុំ។ ខ្ញុំក៏តែងនិយាយនៅមុខអ្នកដឹកនាំយើងដែរថា ដៃគូខ្ញុំមិនទទួលខុសត្រូវក្នុងភារកិច្ចគាត់ទេ។ ក្រោយមក ពេលអ្នកដឹកនាំបានដឹងអំពីសភាពខ្ញុំ ពួកគាត់បានប្រកបគ្នាជាមួយខ្ញុំអំពីការធ្វើការជាមួយគ្នាដោយចុះសម្រុង និងថា ខ្ញុំមិនបានពិភាក្សាការងារជាមួយអ្នកដទៃ មើលស្រាលដៃគូខ្លួន និងផ្តោតលើចំណុចខ្សោយរបស់អ្នកដទៃ ដែលនេះជាការបង្ហាញចេញនូវភាពក្រអឺតក្រទម។ តែខ្ញុំមិនបានស្គាល់ខ្លួនឯងសោះឡើយ។ ខ្ញុំនៅតែយល់ថា មូលហេតុដែលយើងធ្វើការជាមួយគ្នាមិនបានល្អ នោះព្រោះតែគាត់គ្មានការទទួលខុសត្រូវ ដូច្នេះហើយទើបខ្ញុំមើលស្រាលគាត់។ ក្រោយមក អ្នកដឹកនាំបានឃើញថា ខ្ញុំមិនរៀនមេរៀន នៅពេលមានរឿងកើតឡើងចំពោះខ្ញុំទេ ដូច្នេះ ពួកគាត់បានដោះស្រាយជាមួយខ្ញុំចំពោះភាពក្រអឺតក្រទម និងការគ្មានហេតុផលខ្លាំងពេក រួចថា ការនេះបានប៉ះពាល់ដល់ភារកិច្ចខ្ញុំ ដូច្នេះ ពួកគាត់បានសុំឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលនោះ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំគិតថា ខ្ញុំបំពេញភារកិច្ចដល់យប់ជ្រៅរាល់ថ្ងៃ ខ្ញុំអាចរងទុក្ខ លះបង់ និងបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។ ចុះហេតុអ្វីក៏វាសំខាន់ បើខ្ញុំលាតត្រដាងនិស្ស័យពុករលួយនោះ? ម៉េចក៏អ្នកដោះស្រាយជាមួយខ្ញុំបែបនេះ ក្នុងពេលដែលខ្ញុំបំពេញភារកិច្ចមានប្រសិទ្ធភាពខ្លាំង? ការទាំងនេះធ្វើឱ្យខ្ញុំពិបាកចិត្តណាស់ ដូច្នេះ ខ្ញុំបានអធិស្ឋាននៅចំពោះព្រះ ទូលសុំឱ្យទ្រង់ជួយណែនាំខ្ញុំឱ្យយល់ពីព្រះទ័យទ្រង់។

ថ្ងៃមួយ ក្នុងពេលថ្វាយបង្គំ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយនេះ «តើអ្នកគួរតែវាយតម្លៃដោយរបៀបណាថា បុគ្គលម្នាក់ដេញតាមសេចក្ដីពិត? ចំណុចចម្បងដែលត្រូវពិនិត្យមើល គឺជាអ្វីដែលគេលាតត្រដាង បង្ហាញចេញក្នុងការបំពេញភារកិច្ច និងសកម្មភាពរបស់គេ។ តាមរយៈចំណុចនេះ អ្នកអាចមើលឃើញពីនិស្ស័យរបស់មនុស្ស។ តាមរយៈនិស្ស័យរបស់ពួកគេ អ្នកអាចមើលឃើញថាតើពួកគេសម្រេចបានការផ្លាស់ប្ដូរ ឬក៏ទទួលបានច្រកចូលទៅក្នុងជីវិតណាមួយហើយឬនៅ។ នៅពេលពួកគេប្រព្រឹត្ត ប្រសិនបើបុគ្គលម្នាក់មិនលាតត្រដាងអ្វីក្រៅពីនិស្ស័យពុករលួយ ហើយគ្មានតថភាពនៃសេចក្តីពិតសោះ ច្បាស់ណាស់ គេមិនមែនជាបុគ្គលដែលដេញតាមសេចក្តីពិតឡើយ។ តើអស់អ្នកដែលមិនដេញតាមសេចក្តីពិត មានច្រកចូលទៅក្នុងជីវិតដែរឬទេ? គឺគ្មានឡើយ។ កិច្ចការដែលគេធ្វើរាល់ថ្ងៃ ការរវល់ចុះឡើងធ្វើកិច្ចការផ្សេងៗ ការលះបង់ ការរងទុក្ខ តម្លៃដែលគេលះបង់ មិនថាគេធ្វើអ្វីនោះឡើយ ទាំងអស់នេះគឺជាការបម្រើ ហើយគេគឺជាអ្នកស៊ីឈ្នួល។ មិនថាបុគ្គលម្នាក់បានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះទេ អ្វីដែលសំខាន់បំផុតនោះគឺ ថាតើគេស្រឡាញ់សេចក្តីពិតឬអត់។ គេអាចមើលឃើញអំពីអ្វីដែលបុគ្គលម្នាក់ស្រឡាញ់ និងដេញតាម តាមរយៈអ្វីដែលគេចូលចិត្តធ្វើខ្លាំងបំផុត។ ប្រសិនបើកិច្ចការភាគច្រើនដែលបុគ្គលនោះធ្វើ ស្របតាមគោលការណ៍នៃសេចក្តីពិត និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះបុគ្គលម្នាក់នេះគឺជាអ្នកដែលស្រឡាញ់ និងដេញតាមសេចក្តីពិតហើយ។ ប្រសិនបើគេអាចអនុវត្តសេចក្ដីពិតបាន ហើយកិច្ចការដែលគេធ្វើរាល់ថ្ងៃស្ថិតក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះគេមានច្រកចូលទៅក្នុងជីវិត និងមានតថភាពនៃសេចក្ដីពិតហើយ។ គេអាចមានទង្វើមិនត្រឹមត្រូវនៅក្នុងរឿងជាក់លាក់មួយចំនួន ឬគេអាចមិនយល់បានត្រឹមត្រូវពីគោលការណ៍នៃសេចក្តីពិត ឬគេអាចមានគំនិតអគតិ ឬពេលខ្លះ គេអាចក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ទទូចចង់ធ្វើតាមទស្សនៈរបស់ខ្លួន ហើយមិនទទួលយកសេចក្តីពិត ប៉ុន្តែក្រោយមក ប្រសិនបើគេអាចប្រែចិត្ត និងអនុវត្តសេចក្តីពិត ការនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គេមានច្រកចូលទៅក្នុងជីវិត និងដេញតាមសេចក្តីពិតហើយ។ ប្រសិនបើអ្វីមួយដែលបុគ្គលម្នាក់បង្ហាញចេញក្នុងពេលបំពេញភារកិច្ច នោះជានិស្ស័យពុករលួយហើយ ជាសម្តីកុហក ជាអាកប្បកិរិយាជិះជាន់ ជាការធ្វេសប្រហែស ជាភាពក្រអឺតក្រទមហួសហេតុ បង្ហាញថាខ្លួនគេនោះជាក្រឹត្យវិន័យ និងធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន មិនថាពួកគេជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំបែបណា ឬបានឮសេចក្តីអធិប្បាយច្រើនយ៉ាងណាទេ ប្រសិនបើនៅទីបំផុត គ្មានការផ្លាស់ប្ដូរសូម្បីតែបន្តិចនៅក្នុងនិស្ស័យពុករលួយទាំងនេះទេ នោះច្បាស់ណាស់ នេះជាបុគ្គលម្នាក់មិនដេញតាមសេចក្តីពិតឡើយ។ មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ដែលពីសម្បកក្រៅមិនមែនជាអ្នកធ្វើអាក្រក់ ហើយជាអ្នកដែលធ្វើអំពើល្អខ្លះដែរ។ ពួកគេជឿលើព្រះជាម្ចាស់ដោយចិត្តឆេះឆួលណាស់ ប៉ុន្តែនិស្ស័យនៃជីវិតរបស់ពួកគេមិនផ្លាស់ប្ដូរសោះឡើយ ហើយពួកគេគ្មានបទពិសោធ ឬទីបន្ទាល់សូម្បីតែបន្តិច ដើម្បីចែកចាយឡើយ។ តើមនុស្សបែបនេះមិនគួរឱ្យអាណិតទេឬអី? បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ សូម្បីតែបទពិសោធ និងទីបន្ទាល់តិចតួចបំផុត ក៏ពួកគេគ្មានផង។ នេះជាអ្នកស៊ីឈ្នួលសុទ្ធសាធតែម្ដង។ ពួកគេពិតជាគួរឱ្យអាណិតណាស់!» (ដកស្រង់ពី «មានតែការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបមានច្រកចូលទៅក្នុងជីវិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបើកសម្ដែងថា អ្នកដែលមិនដេញតាមសេចក្តីពិត គ្មានច្រកចូលទៅក្នុងជីវិតទេ។ រាល់ថ្ងៃ ពួកគេគ្មានលាតត្រដាងអ្វីក្រៅពីនិស្ស័យពុករលួយឡើយ។ ទោះបីពួកគេអាចខិតខំធ្វើការ រងទុក្ខ និងលះបង់ក៏ដោយ ក៏គ្រប់យ៉ាងដែលពួកគេធ្វើនោះ គឺជាការបម្រើប៉ុណ្ណោះ។ មនុស្សបែបនេះនឹងមិនផ្លាស់ប្ដូរឡើយ ទោះបីពួកគេជឿលើព្រះប៉ុន្មានឆ្នាំក៏ដោយ ហើយពួកគេបានត្រឹមជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ នៅពេលខ្ញុំឃើញព្រះមានបន្ទូលថា អ្នកដែលមិនដេញតាមសេចក្តីពិត គឺជាអ្នកស៊ីឈ្នួល ខ្ញុំពិបាកចិត្តខ្លាំងណាស់។ ខ្ញុំទប់ទឹកភ្នែកមិនបានឡើយ។ ខ្ញុំយល់ថា ខ្ញុំជាមនុស្សមួយប្រភេទ ដែលព្រះបានបើកសម្ដែង។ ខ្ញុំអាចរងទុក្ខ និងលះបង់ក្នុងភារកិច្ចបាន តែខ្ញុំមិនបានដេញតាមសេចក្តីពិត ឬផ្តោតលើការផ្លាស់ប្ដូរនិស្ស័យខ្ញុំទេ។ ខ្ញុំយល់ថា ការថ្វាយបង្គំ ការអានបន្ទូលព្រះ និងការចូលជិតព្រះ គឺជាការខ្ជះខ្ជាយពេល។ នៅឯការជួបជុំជាមួយបងប្អូនប្រុសស្រី ខ្ញុំមិនអាចរម្ងាប់ចិត្ត និងសញ្ជឹងគិតលើបន្ទូលព្រះបានទេ ហើយខ្ញុំក៏មិនស្ដាប់អ្នកដទៃចែកចាយបទពិសោធ និងការយល់ដឹងរបស់គេអំពីបន្ទូលព្រះដែរ។ ពេលខ្ញុំបង្ហាញនិស្ស័យក្រអឺតក្រទមនៅក្នុងភារកិច្ច ខ្ញុំមិនបានចូលមកចំពោះព្រះ ដើម្បីស្វែងរកសេចក្តីពិត និងដោះស្រាយវាទេ។ ផ្ទុយទៅវិញ ខ្ញុំបានសម្លឹងមើលដៃគូខ្ញុំ ផ្តោតលើចំណុចខ្វះខាតរបស់គាត់ និងមិនស្គាល់ខ្លួនឯងសោះឡើយ។ ពេលអ្នកដឹកនាំខ្ញុំលើកឡើងពីបញ្ហាខ្ញុំ ខ្ញុំបានប្រកែកការពារខ្លួន។ ខ្ញុំថែមទាំងយល់ថា ដោយសារខ្ញុំបានបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព បើខ្ញុំលាតត្រដាងនិស្ស័យពុករលួយ អ្នកដឹកនាំមិនគួរដោះស្រាយជាមួយខ្ញុំនោះទេ។ ពេលមើលទង្វើរបស់ខ្លួន ខ្ញុំមើលមិនឃើញការបង្ហាញចេញអំពីការដេញតាមសេចក្តីពិតទេ។ នៅពេលមានរឿងកើតឡើងចំពោះខ្ញុំ ខ្ញុំមិនបានរៀនមេរៀន ឬស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំទេ។ ទោះបីខ្ញុំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពក៏ដោយ ក៏នៅក្នុងព្រះនេត្រព្រះ ខ្ញុំគ្រាន់តែខំប្រឹងធ្វើការ និងបម្រើប៉ុណ្ណោះ។ ពីមុន ខ្ញុំគិតថា អ្នកណាដែលលះបង់ខ្ពស់បំផុត និងមានប្រសិទ្ធភាពបំផុតនៅក្នុងភារកិច្ច អ្នកនោះដេញតាមសេចក្តីពិត ហើយព្រះទ្រង់សព្វព្រះទ័យនឹងអ្នកនោះ។ ខ្ញុំមិនបានដឹងថា នេះគ្រាន់តែជាការគិតបែបប៉ងប្រាថ្នារបស់ខ្ញុំទេ។ ព្រះជំនុំជម្រះថា បុគ្គលម្នាក់ដេញតាមសេចក្តីពិតឬអត់ មិនអាស្រ័យលើការខិតខំ និងការលះបង់ពីសម្បកក្រៅរបស់ពួកគេទេ តែផ្ទុយទៅវិញថាតើពួកគេសម្រេចបានការផ្លាស់ប្ដូរក្នុងនិស្ស័យជីវិតរបស់ខ្លួនឬអត់ ថាតើពួកគេរស់នៅតាមបន្ទូលព្រះ និងប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិតឬអត់។ បើបន្តមិនដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ បើខ្ញុំនៅតែទាក់ទងជាមួយមនុស្ស តាមរយៈនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ និងបំពេញភារកិច្ច ដើម្បីដេញតាមតែកេរ្តិ៍ឈ្មោះ និងឋានៈទៀត ព្រះនឹងមិនសព្វព្រះទ័យនឹងទង្វើរបស់ខ្ញុំឡើយ។ ពេលដឹងបែបនេះ ខ្ញុំបានហូប និងផឹកផ្នែកខ្លះនៃបន្ទូលព្រះអំពីរបៀបដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ពីរបៀបសហការគ្នាដោយចុះសម្រុង និងរបៀបរួចផុតពីកេរ្តិ៍ឈ្មោះ និងឋានៈ។ តាមរយៈបន្ទូលព្រះ ចុងក្រោយ ខ្ញុំបានឃើញថា ខ្ញុំពិតជាមាននិស្ស័យក្រអឺតក្រទមមែន។ ខ្ញុំតែងប្រៀបធៀបចំណុចខ្លាំងខ្ញុំជាមួយចំណុចខ្សោយរបស់ដៃគូខ្ញុំ ដូច្នេះ ខ្ញុំតែងយល់ថា ខ្ញុំប្រសើរជាងគាត់ ហើយខ្ញុំមើលស្រាលគាត់។ ការដែលខ្ញុំគ្មានឆន្ទៈចង់ប្រាប់ដៃគូខ្ញុំអំពីវឌ្ឍនភាពការងារ និងការដែលខ្ញុំចូលចិត្តពិភាក្សាពីចំណុចខ្សោយរបស់គាត់នៅមុខអ្នកដឹកនាំយើង គឺជាវិធីដែលខ្ញុំប្រជែងជាមួយគាត់ ដើម្បីបានកេរ្តិ៍ឈ្មោះ និងឋានៈ។ ពេលដឹងបែបនេះ ខ្ញុំបានបើកចិត្តប្រាប់ដៃគូខ្ញុំអំពីសេចក្តីពុករលួយរបស់ខ្ញុំ។ បន្តិចម្ដងៗ ខ្ញុំ និងដៃគូខ្ញុំ អាចធ្វើការយ៉ាងចុះសម្រុងជាមួយគ្នា ហើយការងារយើងក៏ដំណើរការយ៉ាងរលូនដែរ។ ខ្ញុំក៏បានដឹងដែរថា ដោយមានការណែនាំពីព្រះ ទើបការងារយើងអាចមានប្រសិទ្ធភាពបែបនេះ។ ខ្ញុំមិនគួរទទួលកិត្តិយសនេះសម្រាប់តែខ្លួនឯង ដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនឡើយ។ ខ្ញុំគួរតែថ្វាយសិរីល្អនេះដល់ព្រះ។ បន្ទាប់ពីបទពិសោធនេះរួច ខ្ញុំដឹងគុណចំពោះព្រះខ្លាំងណាស់។ បើអ្នកដឹកនាំខ្ញុំមិនដោះស្រាយជាមួយខ្ញុំទេ ខ្ញុំនឹងមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងសោះឡើយ ហើយខ្ញុំក៏មិនបានដឹងពីផលវិបាកដ៏ធ្ងន់ធ្ងរ នៃការធ្វើការ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈ និងការមិនផ្តោតលើច្រកចូលទៅក្នុងជីវិតនោះដែរ។ បើខ្ញុំបន្តធ្វើបែបនេះទៀត ខ្ញុំនឹងក្រអឺតក្រទមកាន់តែខ្លាំងប៉ុណ្ណោះ។ ពេលខ្ញុំដឹងរឿងទាំងនេះ ខ្ញុំចាប់ផ្ដើមមានចេតនាផ្តោតលើច្រកចូលទៅក្នុងជីវិត កត់ត្រារាល់ថ្ងៃអំពីអ្វីដែលខ្ញុំបានបង្ហាញ និងគិតនៅក្នុងភារកិច្ចខ្ញុំ និងអានបន្ទូលព្រះអំពីប្រធានបទនោះ។ បន្ទាប់ពីអនុវត្តបែបនេះបានមួយរយៈ ខ្ញុំយល់ថា ទំនាក់ទំនងខ្ញុំជាមួយព្រះ កាន់តែជិតស្និទ្ធ ខ្ញុំរៀនបានអ្វីមួយរាល់ថ្ងៃនៅក្នុងភារកិច្ចខ្ញុំ ហើយខ្ញុំមានអារម្មណ៍ស្កប់ចិត្តខ្លាំងណាស់។

ក្រោយមក គេបានជ្រើសរើសខ្ញុំឱ្យធ្វើជាអ្នកដឹកនាំ។ ខ្ញុំដឹងថា ខ្ញុំមានចំណុចខ្វះខាតជាច្រើន មានការយល់ដឹងតិចតួចពីសេចក្តីពិត និងពីតថភាពនៃសេចក្តីពិត ដូច្នេះ ខ្ញុំខ្លាចថា ខ្ញុំមិនអាចប្រកបគ្នាពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាបានទេ ដែលការនេះអាចធ្វើឱ្យយឺតយ៉ាវដល់ច្រកចូលទៅក្នុងជីវិតរបស់អ្នកដទៃ។ ខ្ញុំតែងអធិស្ឋានទូលប្រាប់បញ្ហា និងការលំបាករបស់ខ្ញុំដល់ព្រះជាម្ចាស់ ស្វែងរកសេចក្តីពិត និងព្យាយាមដឹងពីនិស្ស័យពុករលួយរបស់ខ្ញុំ ហើយរកឃើញគោលការណ៍ដោះស្រាយបញ្ហាចេញពីបន្ទូលព្រះ។ ពេលនោះ ខ្ញុំយល់ថា ខ្ញុំទទួលបានយ៉ាងច្រើននៅក្នុងភារកិច្ច។ តែក្រោយមក ខ្ញុំរកឃើញថា អ្នកដឹកនាំ និងអ្នកធ្វើការខ្លះ ត្រូវបានគេដោះស្រាយយ៉ាងចាស់ដៃចំពោះការគ្មានទំនួលខុសត្រូវ និងការពន្យារពេលការងារ ហើយការបណ្ដេញចេញមិត្តរួមការងារ និងដៃគូខ្ញុំ ចេះតែបន្តមាន ព្រោះតែពួកគេមិនធ្វើការងារជាក់ស្ដែង ហើយពេលបណ្ដេញចេញនោះ គេតែងប្រាប់ជានិច្ចពីមូលហេតុនៃការបណ្ដេញចេញនោះ។ ខ្ញុំបារម្ភជាខ្លាំងថា នៅថ្ងៃណាមួយ បើខ្ញុំធ្វើការមិនបានល្អ បងប្អូនប្រុសស្រីនឹងបណ្ដេញ និងលាតត្រដាងខ្ញុំ ដូច្នេះ ពួកគេគ្រប់គ្នានឹងដឹងយ៉ាងច្បាស់ថា ខ្ញុំជាមនុស្សបែបណាមិនខាន។ នោះជារឿងដ៏អាម៉ាស់ណាស់! នៅថ្ងៃខាងមុខ តើខ្ញុំនឹងប្រឈមចំពោះបងប្អូនប្រុសស្រីបែបណាទៅ? ខ្ញុំមិនចង់រងភាពអាម៉ាស់ ដោយការបើកសម្ដែង និងការបណ្ដេញចេញនោះទេ។ ចាប់ពីពេលនោះមក ខ្ញុំដឹងថា ក្នុងនាមជាអ្នកដឹកនាំ ភ្នែករបស់បងប្អូនប្រុសស្រីតែងតែសម្លឹងមកកាន់អ្នក ហើយដៃគូរបស់អ្នកក៏កំពុងតាមដានអ្នកផងដែរ។ មានតែតាមរយៈការបំពេញភារកិច្ចដោយប្រសិទ្ធភាពប៉ុណ្ណោះ ទើបអ្នកអាចដឹកនាំគេបានយូរ និងទទួលបានការគាំទ្រ និងការពេញចិត្តពីមនុស្សគ្រប់គ្នា។ បើអ្នកគ្មានប្រសិទ្ធភាពទេ វាគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ អ្នកនឹងត្រូវគេបើកសម្ដែង និងដកចេញមិនខាន។ ដូច្នេះ ខ្ញុំកាន់តែខំប្រឹងបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលខ្ញុំក្រោកឡើងពេលព្រឹក ខ្ញុំនិយាយទៅបងប្អូនប្រុសស្រីអំពីការងាររបស់ពួកគេ។ ខ្ញុំបានតាមដានវឌ្ឍនភាពការងាររបស់ពួកគេ។ ខ្ញុំបានស្រាវជ្រាវរកបញ្ហា ឬការភ្លាំងភ្លាត់នៅក្នុងផ្នែកនីមួយៗនៃការងារ រកឃើញកន្លែងដែលមានវឌ្ឍនភាពយឺតយ៉ាវ រៀនពីរបៀបដោះស្រាយបញ្ហា ជាដើម។ បន្តិចម្ដងៗ ខ្ញុំបន្តអានបន្ទូលព្រះ ចូលទៅជិតព្រះ កត់ត្រាក្នុងពេលថ្វាយបង្គំ និងតែងតែឆ្លុះបញ្ចាំងពីនិស្ស័យពុករលួយរបស់ខ្ញុំរាល់ថ្ងៃ។ ពេលខ្លះ ខ្ញុំដឹងថា ខ្ញុំបានបើកសម្ដែងនិស្ស័យពុករលួយខ្លះ និងដឹងថា ខ្ញុំត្រូវចូលមកចំពោះព្រះ អានបន្ទូលព្រះ និងឆ្លុះបញ្ចាំងពីខ្លួនឯង តែខ្ញុំដឹងថា ការអានបន្ទូលព្រះ ការឆ្លុះបញ្ចាំង និងការសញ្ជឹងគិត នឹងត្រូវស៊ីពេល ដូច្នេះ ដើម្បីកម្សាន្តចិត្តខ្លួនឯង ខ្ញុំបានប្រាប់ខ្លួនឯងថា៖ «និស្ស័យពុករលួយត្រូវបានចាក់ឫសយ៉ាងជ្រៅ ហើយមិនអាចដោះស្រាយក្នុងពេលពីរបីថ្ងៃនោះទេ។ វាជាដំណើរការមួយយូរ។ ការមិនដោះស្រាយនិស្ស័យពុករលួយដែលខ្ញុំបានលាតត្រដាង នឹងមិនប៉ះពាល់ដល់ភារកិច្ចរបស់ខ្ញុំនាពេលនេះទេ។ ឥឡូវនេះ ការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ទើបជារឿងសំខាន់បំផុត។ កាលណាខ្ញុំមានពេល ខ្ញុំនឹងអានបន្ទូលព្រះ ដើម្បីដោះស្រាយបញ្ហានោះ។ ខ្ញុំមិនបាច់ប្រញាប់ដោះស្រាយនិស្ស័យពុករលួយភ្លាមឡើយ»។ ដូច្នេះ រាល់ថ្ងៃ ខ្ញុំរវល់ខ្លាំងណាស់ជាមួយការងារ រហូតដល់ខ្ញុំមិនសូវខ្វល់នឹងសេចក្តីតម្រូវពីដំណាក់របស់ព្រះ ដែលអ្នកដឹកនាំ និងអ្នកធ្វើការបានសុំសរសេរអត្ថបទទីបន្ទាល់។ ខ្ញុំយល់ថា វាមិនសំខាន់ទេ។ ខ្ញុំគ្រាន់តែធ្វើការងារខ្ញុំឱ្យបានល្អ និងមានប្រសិទ្ធភាពទៅ នោះជាទីបន្ទាល់មួយហើយ។ ក្រៅពីនេះ ខ្ញុំក៏រវល់ជាមួយភារកិច្ចខ្ញុំដែរ ហើយខ្ញុំគ្មានពេលសរសេរអត្ថបទទាំងនោះឡើយ។ ពេលនោះ ខ្ញុំដឹងថា ខ្ញុំមានសភាពមិនត្រឹមត្រូវទេ ខ្ញុំមិនគួររវល់នឹងការងារគ្រប់ពេល ហើយភ្លេចដេញតាមសេចក្តីពិត និងច្រកចូលទៅក្នុងជីវិតឡើយ។ បើខ្ញុំធ្វើការបានច្រើន តែគ្មានទទួលបានសេចក្តីពិត ឬគ្មានវឌ្ឍនភាពក្នុងច្រកចូលទៅក្នុងជីវិតទេ តើនោះមិនជារឿងដ៏អាម៉ាស់ទេឬ? ក្រោយមក ខ្ញុំមានថាមពលខ្លាំងឡើង ខ្ញុំបន្តការអនុវត្តខាងវិញ្ញាណតាមធម្មតាក្នុងរយៈពេលមួយ ហើយហូប និងផឹកព្រះបន្ទូល ដើម្បីដោះស្រាយសេចក្តីពុករលួយ និបញ្ហារបស់ខ្ញុំ។ តែបន្ទាប់ពីរយៈពេលនោះកន្លងផុតទៅ ពេលខ្ញុំឃើញថា ដៃគូខ្ញុំពីរនាក់ត្រូវបានបណ្ដេញចេញ ព្រោះតែការមិនធ្វើការជាក់ស្ដែង និងការស្រេកឃ្លានភាពសុខស្រួលខាងសាច់ឈាម ដួងចិត្តខ្ញុំស្រាប់តែលោតញាប់ម្ដងទៀត។ ភ្លាមនោះ ខ្ញុំចាប់ផ្ដើមធ្វើការ ១២០% តែម្ដង។ គ្រប់ពេលដែលខ្ញុំឃើញការភ្លាំងភ្លាត់ ឬការធ្វេសប្រហែសក្នុងភារកិច្ច ខ្ញុំចាប់ផ្ដើមធ្វើការឥតឈប់ឡើយ។ បែបនេះ ពេលថ្នាក់លើសួរនាំអំពីកិច្ចការផ្សេងៗ ខ្ញុំអាចឆ្លើយបានទាន់ពេល ហើយពួកគាត់នឹងឃើញថា ខ្ញុំធ្វើកិច្ចការជាក់ស្ដែង។

ព្រោះតែខ្ញុំរវល់ខ្លាំងពេកជាមួយការងារ ហើយមិនបានផ្តោតលើការត្រួតពិនិត្យ និងការដោះស្រាយនិស្ស័យពុករលួយខ្ញុំ ខ្ញុំកាន់តែក្រអឺតក្រទមខ្លាំងឡើង មិនបានស្វែងរកសេចក្តីពិត ពេលមានរឿងកើតឡើង និងធ្វើគ្រប់យ៉ាងតាមគំនិតផ្ទាល់ខ្លួន។ ប្រធានផ្នែកការងារផលិតវីដេអូ ដែលខ្ញុំទទួលខុសត្រូវ តែងពន្យារពេលការងារ និងប្រព្រឹត្តតាមអំពើចិត្ត ដូច្នេះ ថ្នាក់លើបានសុំឱ្យខ្ញុំបណ្ដេញគាត់ចេញស្របតាមគោលការណ៍។ តែខ្ញុំគិតថា គាត់មានអំណោយទាន និងគុណសម្បត្តិខ្លះដែរ ហើយការដកគាត់ចេញនោះ នឹងប៉ះពាល់ដល់វឌ្ឍនភាព និងលទ្ធផលនៃការងារវីដេអូ ដូច្នេះ ខ្ញុំបានអែអង់យ៉ាងយូរ មិនបានបណ្ដេញគាត់ចេញទេ។ ជាលទ្ធផល វីដេអូដែលគាត់ផលិត ត្រូវកែម្ដងហើយម្ដងទៀត ដែលធ្វើឱ្យការងារពួកជំនុំមានភាពយឺតយ៉ាវ។ ចុងក្រោយ ថ្នាក់លើខ្ញុំបានបណ្ដេញគាត់ចេញពីភារកិច្ចដោយផ្ទាល់។ ពេលខ្ញុំឃើញថា ភាពក្រអឺតក្រទម និងការធ្វើការតាមអំពើចិត្តរបស់ខ្ញុំ បានប៉ះពាល់ដោយផ្ទាល់ដល់កិច្ចការពួកជំនុំ ទីបំផុត ខ្ញុំមានការយល់ដឹងខ្លះ។ ហេតុអ្វីក៏ខ្ញុំអាចក្រអឺតក្រទម និងទទូចចង់ធ្វើតាមចិត្តខ្លួននៅក្នុងរឿងធំបែបនេះ? ហេតុអ្វីខ្ញុំមិនគិតចង់អធិស្ឋានទៅព្រះ និងស្វែងរកគោលការណ៍អ៊ីចឹង? ក្រោយមក ខ្ញុំបានគិតដល់សភាពខ្ញុំក្នុងអំឡុងពេលនោះ។ រាល់ថ្ងៃ ខ្ញុំរវល់ធ្វើការខ្លាំងពេក រហូតដល់មិនបានចូលជិតព្រះសោះឡើយ។ ខ្ញុំធ្វេសប្រហែស និងអានបន្ទូលព្រះឱ្យតែរួចពីដៃ។ ខ្ញុំបានលាតត្រដាងសេចក្តីពុករលួយ តែមិនបានស្វែងរកសេចក្តីពិត ឬដោះស្រាយវាឱ្យបានទាន់ពេលទេ ដូច្នេះ ពេលត្រូវដោះស្រាយបញ្ហាទាំងនោះ ខ្ញុំមិនបានគិតចង់អធិស្ឋានទៅព្រះសោះឡើយ តែបែរជាអាងទាំងស្រុងលើការវិនិច្ឆ័យផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហាទៅវិញ។

បន្ទាប់ពីដឹងសភាពខ្លួនបែបនេះ ខ្ញុំពិបាកចិត្តជាខ្លាំង តែខ្ញុំមិនដឹងថាត្រូវដោះស្រាយបែបណាទេ។ ថ្ងៃមួយ ខ្ញុំបានអានបន្ទូលព្រះថា៖ «ប្រាជ្ញាដ៏អស្ចារ្យបំផុត គឺជាការសម្លឹងទៅរកព្រះជាម្ចាស់ និងការពឹងអាងលើព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ» (ដកស្រង់ពី «ការជឿលើព្រះជាម្ចាស់ ត្រូវតែចាប់ផ្ដើមដោយការមើលធ្លុះពីនិន្នាការអាក្រក់របស់លោកីយ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពិតណាស់។ ខ្ញុំអាចអធិស្ឋានទៅព្រះ ពឹងអាងលើព្រះ និងទូលសុំឱ្យទ្រង់ជួយណែនាំខ្ញុំឱ្យស្គាល់ខ្លួនឯង។ ដូច្នេះ ខ្ញុំតែងអធិស្ឋានប្រាប់ព្រះជាម្ចាស់អំពីការលំបាករបស់ខ្ញុំ។ ខ្ញុំក៏ឆ្លុះបញ្ចាំង និងសញ្ជឹងគិតពីមូលហេតុដែលនាំឱ្យបញ្ហានេះមិនត្រូវបានដោះស្រាយផងដែរ។ ថ្ងៃមួយក្នុងពេលថ្វាយបង្គំ ខ្ញុំបានអានបន្ទូលព្រះថា៖ «នៅក្នុងបរិបទនៃកិច្ចការនាពេលសព្វថ្ងៃ មនុស្សនឹងនៅតែធ្វើកិច្ចការដដែល ដោយយកពាក្យ 'ព្រះវិហារប្រសើរជាងព្រះជាម្ចាស់' មកធ្វើជាតំណាង។ ឧទាហរណ៍ មនុស្សមើលឃើញការបំពេញភារកិច្ចរបស់ពួកគេ ជាការងាររបស់ពួកគេ។ ពួកគេមើលឃើញការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងប្រយុទ្ធទាស់នឹងនាគដ៏ធំមានសម្បុរក្រហម ជាចលនានយោបាយនៅក្នុងការការពារសិទ្ធិមនុស្ស សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ពួកគេយកភារកិច្ចរបស់ពួកគេ ដើម្បីប្រើជំនាញរបស់ពួកគេនៅក្នុងអាជីព ប៉ុន្តែពួកគេចាត់ទុកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ថាគ្មានន័យខ្លឹមសារ គឺគ្រាន់តែជាគោលលទ្ធិសាសនាមួយប៉ុណ្ណោះ។ តើឥរិយាបថទាំងនេះមិនមានសារៈសំខាន់ដូចគ្នាទៅនឹង 'ព្រះវិហារប្រសើរជាងព្រះជាម្ចាស់' ទេឬ? ភាពខុសគ្នាគឺនៅត្រង់ថា កាលពីពីរពាន់ឆ្នាំមុន មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហាររូបិយ ប៉ុន្តែសព្វថ្ងៃនេះវិញ មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហារអរូបិយ។ មនុស្សដែលឱ្យតម្លៃលើក្បួនច្បាប់ទាំងនោះ មើលឃើញក្បួនច្បាប់ថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់ឋានៈទាំងនោះ មើលឃើញឋានៈថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់អាជីពទាំងនោះ មើលឃើញអាជីពថាប្រសើរជាងព្រះជាម្ចាស់ជាដើម ដូច្នេះ រាល់ការសម្ដែងចេញរបស់ពួកគេ នាំឱ្យខ្ញុំនិយាយថា៖ 'មនុស្សសរសើរតម្កើងព្រះជាម្ចាស់ថាខ្ពង់ខ្ពស់បំផុត តាមរយៈពាក្យសម្ដីរបស់ពួកគេ ប៉ុន្តែនៅក្នុងភ្នែករបស់ពួកគេវិញ អ្វីៗគ្រប់យ៉ាងគឺប្រសើរជាងព្រះជាម្ចាស់ទៅទៀត'។ នោះគឺដោយសារតែពេលណាដែលមនុស្សមានឱកាសនៅលើដំណើរផ្លូវនៃការដើរតាមព្រះជាម្ចាស់ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ ឬអាចធ្វើជំនួញរកស៊ីបាន ឬចំណេញដល់អាជីពរបស់ពួកគេ នោះពួកគេនឹងដកខ្លួនចេញពីព្រះជាម្ចាស់ ហើយហក់ចូលទៅក្នុងអាជីពដ៏ជាទីស្រឡាញ់របស់ពួកគេមិនខាន។ ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ និងព្រះហឫទ័យរបស់ទ្រង់ គឺពួកគេបានបោះបង់ចោលតាំងពីយូរយារណាស់មកហើយ» (ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់បានថា ឫសគល់ដែលនាំឱ្យខ្ញុំរវល់ខ្លាំងពេកជាមួយការងារគឺថា ខ្ញុំកំពុងដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ។ ពេលខ្ញុំឃើញអ្នកដឹកនាំ និងអ្នកធ្វើការខ្លះត្រូវបានបណ្ដេញចេញ ព្រោះតែធ្វើការមិនជាក់ស្ដែង ខ្ញុំខ្លាចថា ខ្ញុំនឹងមានវាសនាដូចពួកគេ ហើយខ្ញុំមិនចង់ដើរតាមផ្លូវបរាជ័យដូចពួកគេទេ។ ខ្ញុំគិតថា ព្រោះតែពួកគេមិនធ្វើការជាក់ស្ដែង ខ្ញុំនឹងធ្វើការងារថែមទៀត។ បែបនេះ គេនឹងមិនបណ្ដេញខ្ញុំទេ។ ខ្ញុំអាចរក្សាតំណែងខ្ញុំជាអ្នកដឹកនាំបាន គេនឹងមិនលាតត្រដាង និងវិភាគមើលខ្ញុំទេ ហើយខ្ញុំក៏នឹងមិនរងភាពអាម៉ាស់នោះដែរ។ ខ្ញុំបានចាត់ទុកកេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំ សំខាន់ជាងការដេញតាមសេចក្តីពិតទៅទៀត ដូច្នេះ ខ្ញុំចង់បំពេញភារកិច្ច និងការងារកាន់តែច្រើន។ ឱ្យតែបងប្អូនប្រុសស្រីឃើញថា ខ្ញុំតាមដានការងារ និងដោះស្រាយបញ្ហាបាន និងឃើញថា ខ្ញុំជាអ្នកដឹកនាំដ៏ល្អដែលអាចធ្វើការបានជាក់ស្ដែង នោះគ្រប់គ្នានឹងប្រាកដជាគាំទ្រ និងពេញចិត្តនឹងខ្ញុំ ហើយខ្ញុំអាចមានកន្លែងមួយនៅក្នុងពួកជំនុំមិនខាន។ នៅពេលខ្ញុំឈ្លក់វង្វេងនឹងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ខ្ញុំបានភ្លេចពីសេចក្តីតម្រូវរបស់ព្រះ។ ព្រះតម្រូវឱ្យមនុស្សដេញតាមសេចក្តីពិត និងច្រកចូលទៅក្នុងជីវិត តែខ្ញុំមិនសូវយកចិត្តទុកដាក់ទេ។ ខ្ញុំយល់ថា គំនិតខ្ញុំត្រូវជានិច្ច ដូចជា «និស្ស័យពុករលួយត្រូវបានចាក់ឫសយ៉ាងជ្រៅ» «មិនបាច់ប្រញាប់ដោះស្រាយនិស្ស័យពុករលួយឡើយ» «សេចក្តីពុករលួយដ៏តូចនេះ នឹងមិនប៉ះពាល់ដល់ភារកិច្ចខ្ញុំទេ លទ្ធផលនៃការងារ គឺសំខាន់បំផុត» និង «ឥឡូវ ខ្ញុំរវល់ខ្លាំងណាស់ជាមួយភារកិច្ចខ្ញុំ ខ្ញុំគ្មានពេលទេ ខ្ញុំនឹងអានបន្ទូលព្រះ និងដេញតាមសេចក្តីពិត កាលណាខ្ញុំមានពេល»។ ខ្ញុំបានប្រើពាក្យទាំងនេះធ្វើជាលេស ដើម្បីមិនចង់ផ្តោតលើការដេញតាមច្រកចូលទៅក្នុងជីវិត និងធ្វើជាហេតុផល ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ។ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំ ខ្ញុំបានខិតខំប្រឹងប្រែង ក្រោមស្លាកនៃការបំពេញភារកិច្ច ហើយខ្ញុំបានចំណាយពេលពេញមួយថ្ងៃគិតពីការធ្វើការថែមទៀត និងការសម្រេចបានលទ្ធផលថែមទៀត។ ខ្ញុំចង់ប្រើវិធីសាស្ត្រនេះ ដើម្បីការពារឋានៈ និងផលប្រយោជន៍ខ្ញុំ និងបំពេញមហិច្ឆតា និងបំណងប្រាថ្នាខ្ញុំ។

ខ្ញុំពិតជាគួរឱ្យស្អប់ខ្ពើម និងអាម៉ាស់ណាស់! ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលពីរបីទៀត ដែលបានផ្ដល់ទស្សនទានខ្លះដល់ខ្ញុំឱ្យយល់ពីទស្សនៈខុសឆ្គងរបស់ខ្ញុំអំពីការដេញតាម។ ព្រះជាម្ចាស់មានបន្ទូលថា៖ «បន្ទាប់ពីប៉ុលមានបទពិសោធអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអស់រយៈពេលជាច្រើនឆ្នាំមក ស្ទើរតែគ្មានការបំផ្លាស់បំប្រែចំពោះគាត់ទាល់តែសោះ។ គាត់នៅតែបន្តស្ថិតក្នុងសភាពដើមរបស់គាត់ដដែល ហើយគាត់នៅតែជាប៉ុលដូចពីមុនដដែល។ គ្រាន់តែថា ក្រោយពេលដែលគាត់បានឆ្លងកាត់ទុក្ខលំបាកក្នុងកិច្ចការអស់រយៈពេលជាច្រើនឆ្នាំមក គាត់បានរៀនពីរបៀប 'ធ្វើការ' និងបានរៀនពីការតស៊ូអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែលក្ខណៈចាស់របស់គាត់ ដែលជាលក្ខណៈប្រកួតប្រជែងខ្ពស់ និងគិតតែពីប្រយោជន៍នោះ នៅតែមានដដែល។ បន្ទាប់ពីបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំមក គាត់មិនបានដឹងអំពីនិស្ស័យពុករលួយរបស់គាត់ឡើយ ហើយគាត់ក៏មិនបានរំដោះខ្លួនចេញពីនិស្ស័យចាស់របស់គាត់ដែរ ហើយគេនៅតែអាចមើលឃើញយ៉ាងច្បាស់អំពីនិស្ស័យនេះនៅក្នុងកិច្ចការរបស់គាត់ដដែល។ នៅក្នុងខ្លួនគាត់ គឺគ្រាន់តែមានបទពិសោធការងារច្រើនតែប៉ុណ្ណោះ ប៉ុន្តែបទពិសោធដ៏តិចតួចតែមួយមុខនេះ មិនអាចបំផ្លាស់បំប្រែគាត់បានឡើយ និងមិនអាចផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះអត្ថិភាព និងសារៈសំខាន់នៃការស្វែងរករបស់គាត់បានឡើយ។ ... មនុស្សអាចត្រូវបានសង្គ្រោះឬអត់នោះ ពុំស្ថិតនៅលើបរិមាណនៃកិច្ចការដែលគេធ្វើ ឬទំហំដែលគេបានលះបង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវកំណត់តាមរយៈថាតើគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ ថាតើគេអាចអនុវត្តតាមសេចក្ដីពិតបានដែរឬអត់ និងថាតើទស្សនៈរបស់គេចំពោះការស្វែងរកនោះ ស្របទៅតាមសេចក្ដីពិតដែរឬអត់» (ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើអ្នកធ្វើការងារច្រើន ហើយអ្នកដទៃទទួលបានការបង្រៀនរបស់អ្នក ប៉ុន្តែខ្លួនឯងមិនបានផ្លាស់ប្ដូរ និងមិនបានធ្វើទីបន្ទាល់ណាមួយ ឬមានបទពិសោធពិតប្រាកដនោះការងារបែបនេះនៅចុងបញ្ចប់នៃជីរិតរបស់អ្នក គឺនៅតែគ្មានអ្វីដែលអ្នកបានធ្វើដើម្បីជាទីបន្ទាល់ឡើយ ដូច្នេះ តើអ្នកជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរមែនទេ? តើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្តីពិតមែនទេ? នៅពេលមួយ ព្រះវិញ្ញាណបរិសុទ្ធបានប្រើអ្នក ប៉ុន្តែនៅពេលដែលទ្រង់បានប្រើអ្នក ទ្រង់បានប្រើចំណែករបស់អ្នកដែលអាចប្រើបានដើម្បីបំពេញកិច្ចការ ហើយទ្រង់មិនបានប្រើចំណែកនៃខ្លួនឯងដែលមិនអាចប្រើប្រាស់បាននោះទេ។ ប្រសិនបើអ្នកបានព្យាយាមដើម្បីផ្លាស់ប្ដូរ នោះអ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅចុងបំផុត ក្នុងអំឡុងពេលនៃដំណើរការនៃការប្រើប្រាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធមិនទទួលខុសត្រូវថាតើអ្នកនឹងត្រូវទទួលយកនៅចុងបំផុតទៅដែរឬអត់នោះទេ ហើយកិច្ចការនេះអាស្រ័យលើលក្ខណៈនៃការស្វែងរករបស់អ្នក។ ប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់អ្នកទេនោះ គឺដោយសារតែទស្សនៈនៃការស្វែងរករបស់អ្នកនោះមិនត្រឹមត្រូវ។ ប្រសិនបើអ្នកមិនត្រូវបានប្រទាននូវរង្វាន់អ្វីទេ នោះវាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ហើយដោយសារខ្លួនអ្នកមិនបានប្រតិបត្តិតាមសេចក្ដីពិត និងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ គ្មានអ្វីដែលសំខាន់ជាងបទពិសោធផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយគ្មានអ្វីដែលសំខាន់ជាងច្រកចូលផ្ទាល់ខ្លួនរបស់អ្នកឡើយ។ មនុស្សខ្លះនឹងនិយាយថា 'ខ្ញុំបានធ្វើកិច្ចការជាច្រើនសម្រាប់ទ្រង់ ហើយបើទោះបីជាខ្ញុំមិនអាចសម្រេចនូវសមិទ្ធផលដែលគួរសាទរក្ដី ក៏ខ្ញុំនៅតែបន្តមានការព្យាយាមនៅក្នុងកិច្ចការរបស់ខ្ញុំដដែល។ តើទ្រង់មិនអាចត្រឹមអនុញ្ញាតឱ្យខ្ញុំចូលទៅស្ថានសួគ៌ដើម្បីទទួលទានផ្លែឈើនៃជីវិតទេឬ?' អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឱ្យប្រឡូកប្រឡាក់ទីធ្លាដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!» (ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «រាប់ចាប់តាំងពីភាពខុសគ្នានៃសារជាតិរបស់ពេត្រុស និងប៉ុល អ្នកគប្បីយល់ថា អស់អ្នកដែលមិនស្វែងរកជីវិត នឹងធ្វើការដោយអសារឥតការ! អ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហេតុដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ អ្នកត្រូវតែកម្ចាត់ចោលនូវនិស្ស័យពុករលួយរបស់អ្នក អ្នកត្រូវតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការសម្រេចចិត្ត ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឱ្យបាននូវការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកត្រូវបានបង្កើតមក អ្នកគប្បីស្ដាប់បង្គាប់ព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកគ្មានអំណាចត្រួតត្រាលើខ្លួនឯង និងគ្មានសមត្ថភាពដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីស្វែងរកភាពបរិសុទ្ធ និងការផ្លាស់ប្ដូរ។ ដោយសារអ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នកគប្បីធ្វើតាមភារកិច្ចរបស់អ្នក និងត្រូវរក្សាទីកន្លែងរបស់អ្នក ហើយអ្នកមិនត្រូវប្រព្រឹត្តឱ្យហួសពីភារកិច្ចរបស់អ្នកឡើយ។ នេះគឺមិនមែនដើម្បីឃុំឃាំងអ្នក ឬដើម្បីគាបសង្កត់លើអ្នកតាមរយៈគោលលទ្ធិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាផ្លូវដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ហើយជាផ្លូវដែលអាចសម្រេចបាន (និងគប្បីសម្រេចឱ្យបាន) ដោយអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត» (ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការអានបន្ទូលព្រះ ទីបំផុត ខ្ញុំដឹងថា ទស្សនៈរបស់ខ្ញុំអំពីអ្វីដែលត្រូវដេញតាមនៅក្នុងជំនឿ គឺមិនត្រឹមត្រូវទេ។ ថាតើគេទទួលបានការសព្វព្រះទ័យពីព្រះឬអត់ នោះមិនអាស្រ័យលើចំនួនការងារដែលគេធ្វើ ឬថាគេមានឋានៈខ្ពស់បែបណានៅពួកជំនុំទេ។ វាអាស្រ័យលើថាតើគេដេញតាមសេចក្តីពិត និងសម្រេចបានការផ្លាស់ប្ដូរក្នុងនិស្ស័យជីវិតគេឬអត់។ បើអ្នកធ្វើការដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈ ទោះបើអ្នករក្សាបានឋានៈអ្នកបានមួយរយៈក្ដី បើគ្មានទីបន្ទាល់ពិតអំពីបទពិសោធជីវិតទេ ឋានៈនោះគ្មានថ្ងៃស្ថិតស្ថេរក្នុងដំណាក់ព្រះឡើយ។ មិនយូរមិនឆាប់ គេនឹងផាត់អ្នកចោលមិនខាន។ សាកគិតពីប៉ុលចុះ។ គាត់ធ្វើដំណើរ និងលះបង់ជាច្រើនឆ្នាំ រងទុក្ខយ៉ាងច្រើន ផ្សាយដំណឹងល្អ និងទទួលបានមនុស្សជាច្រើន តែការងារទាំងអស់របស់គាត់ គឺដើម្បីតែកេរ្តិ៍ឈ្មោះ ឋានៈ រង្វាន់ និងមកុដប៉ុណ្ណោះ។ គាត់មិនបានដេញតាមសេចក្តីពិតសោះឡើយ និស្ស័យពុករលួយរបស់គាត់មិនបានផ្លាស់ប្ដូរទេ ជារឿយៗ គាត់និយាយពីបទពិសោធនៃការរងទុក្ខ និងការជាប់គុករបស់គាត់ ដើម្បីលើកតម្កើងខ្លួន ហើយគាត់សរសេរសំបុត្រទៅពួកជំនុំនានា ដើម្បីសម្ញែង ពេលដែលគាត់ទទួលបានការបំភ្លឺតិចតួច។ គាត់ក៏ប្រកួតប្រជែងខ្លាំងផងដែរ ហើយមិនចុះចូលចំពោះពួកសាវ័កផ្សេងទៀតឡើយ។ គាត់តែងធ្វើបន្ទាល់ថា គាត់ខ្ពស់ជាងសាវ័កផ្សេងទៀត និងក្រអឺតក្រទមខ្លាំងរហូតដល់គាត់គ្មានហេតុផលសោះឡើយ។ ប៉ុលមិនដែលដេញតាមការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់គាត់ទេ ហើយគាត់ក៏គ្មានការយល់ដឹងណាមួយអំពីធម្មជាតិរបស់គាត់ដែលទាស់ទទឹងនឹងព្រះដែរ។ គាត់ក៏ចាត់ទុកការងារគាត់ជាដើមទុន ដើម្បីដោះដូរជាមួយព្រះដែរ។ គាត់កាន់តែក្រអឺតក្រទមខ្លាំងឡើង ហើយថែមទាំងធ្វើបន្ទាល់ថា គាត់រស់នៅជាព្រះគ្រីស្ទទៀតផង។ ប៉ុលបានដើរលើផ្លូវប្រឆាំងនឹងព្រះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចុងក្រោយ គាត់បានប្រមាថនិស្ស័យព្រះ ព្រះបានបញ្ជូនគាត់ទៅស្ថាននរក ដើម្បីទទួលការដាក់ទោសអស់កល្បជានិច្ច។ ខ្ញុំតែងតែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ហើយខ្ញុំមិនដែលផ្តោតលើការផ្លាស់ប្ដូរនិស្ស័យជីវិតខ្ញុំទេ។ តើខ្ញុំមិនកំពុងដើរលើផ្លូវដូចប៉ុលទេឬអី? ពេលខ្ញុំឃើញគេបណ្ដេញដៃគូខ្ញុំចេញម្ដងមួយៗ ខ្ញុំខ្លាចថា គេក៏នឹងបណ្ដេញខ្ញុំចេញផងដែរ ដូច្នេះ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈ ខ្ញុំខំធ្វើការកាន់តែខ្លាំង។ ពេលការងារខ្ញុំសម្រេចបានលទ្ធផលខ្លះ ខ្ញុំយល់ថា ខ្ញុំធ្វើបានល្អ និស្ស័យខ្ញុំកាន់តែក្រអឺតក្រទមខ្លាំង ហើយខ្ញុំបំពេញភារកិច្ច ដោយមិនបានស្វែងរកសេចក្តីពិត ឬគោលការណ៍ឡើយ។ ថ្នាក់លើបានសុំឱ្យខ្ញុំបណ្ដេញអ្នកគ្រប់គ្រងនោះស្របតាមគោលការណ៍ តែខ្ញុំយល់ថា គាត់នៅអាចរួមចំណែកបាន ដូច្នេះ ខ្ញុំមិនចង់បណ្ដេញគាត់ចេញទេ។ ជាលទ្ធផល ព្រោះតែបុគ្គលមិនស័ក្ដិសមម្នាក់នេះ បន្តរ៉ាប់រងការងារទៀត វីដេអូត្រូវបានកែម្ដងហើយម្ដងទៀត ដែលធ្វើឱ្យការងារមានភាពយឺតយ៉ាវ ហើយកិច្ចការពួកជំនុំ បានខូចខាត។ ខ្ញុំឃើញថា ភាពក្រអឺតក្រទម និងការទទូចចង់ធ្វើតាមទស្សនៈរបស់ខ្ញុំ ពាក់ព័ន្ធដោយផ្ទាល់នឹងការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ និងការមិនផ្តោតលើច្រកចូលទៅក្នុងជីវិត។ កាលណាខ្ញុំដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈកាន់តែខ្លាំង កន្លែងដែលខ្ញុំមានសម្រាប់ព្រះនៅក្នុងចិត្តខ្ញុំ ក៏មានកាន់តែតិចដែរ។ ខ្ញុំមិនបានស្វែងរកសេចក្តីពិតទេ ពេលមានរឿងកើតឡើង។ ខ្ញុំអាងលើខ្លួនឯងទាំងស្រុង។ ពីមុន ខ្ញុំគិតថា បើខ្ញុំធ្វើការកាន់តែច្រើន គេនឹងមិនបណ្ដេញខ្ញុំចេញទេ។ តែឥឡូវ ខ្ញុំដឹងហើយថា តាមរយៈការផ្តោតលើការងារ និងការការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំ ហើយមិនដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ ខ្ញុំមានតែក្រអឺតក្រទមខ្លាំងឡើង និងកាន់តែទាស់ទទឹងនឹងព្រះប៉ុណ្ណោះ។ បើខ្ញុំបន្តធ្វើដូចប៉ុលទៀត ព្រះនឹងបើកសម្ដែង និងផាត់ខ្ញុំចោលមិនខាន។ ព្រះប្រព្រឹត្តចំពោះគ្រប់គ្នាដោយយុត្តិធម៌ និងត្រឹមត្រូវ។ អ្នកដែលអាចចូលក្នុងនគរព្រះបាន ជាមនុស្សដែលដេញតាម និងអនុវត្តសេចក្ដីពិត ហើយផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ខ្លួន។ បើអ្នកជឿព្រះជាច្រើនឆ្នាំ ដោយគ្មានការផ្លាស់ប្ដូរសូម្បីតែបន្តិចនៅក្នុងនិស្ស័យជីវិត មិនទទួលបានចំណេះដឹងអំពីព្រះសូម្បីតែបន្តិច ឬទទួលបានទីបន្ទាល់នៃបទពិសោធជីវិតណាមួយ ហើយអាចបម្រើព្រះតែប៉ុណ្ណោះ មនុស្សបែបនេះមិនអាចចូលក្នុងនគរព្រះបានទេ។ ការនេះត្រូវបានកំណត់ដោយសេចក្តីសុចរិតរបស់ព្រះ។ ខ្ញុំចាំបានថា នៅពេលខ្ញុំផ្តោតលើតែការងារ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំ ជារឿយៗ ខ្ញុំរកហេតុផល និងការដោះសាសម្រាប់ការមិនដេញតាមសេចក្តីពិត ដូចជា «និស្ស័យពុករលួយត្រូវបានចាក់ឫសយ៉ាងជ្រៅ ហើយមិនអាចដោះស្រាយក្នុងពេលមួយយប់បានឡើយ» និង «សេចក្តីពុករលួយដ៏តូចនេះ នឹងមិនប៉ះពាល់ដល់ភារកិច្ចខ្ញុំទេ លទ្ធផលនៃការងារខ្ញុំ គឺសំខាន់បំផុត»។ គ្មានហេតុផលណាមួយ ស្របតាមសេចក្តីពិតទេ។ និស្ស័យពុករលួយត្រូវបានចាក់ឫសយ៉ាងជ្រៅ ហើយមិនអាចផ្លាស់ប្ដូរក្នុងពេលតែមួយមែន តែយើងត្រូវជីកវាចេញបន្តិចម្ដងៗ ដោយប្រើបន្ទូលព្រះ ដើម្បីវិភាគ ហើយក្រោយមក រកឃើញផ្លូវអនុវត្តន៍នៅក្នុងបន្ទូលព្រះ។ មានតែតាមរយៈបទពិសោធទេ ទើបយើងអាចទទួលបានសេចក្តីពិត និងដោះស្រាយសេចក្តីពុករលួយបាន។ បើមិនដោះស្រាយនិស្ស័យពុករលួយយើងទេ យើងអាចធ្វើរឿងដែលបង្អាក់ដល់កិច្ចការពួកជំនុំនៅគ្រប់វិនាទីបាន។ តើនិស្ស័យទាំងនោះមិនប៉ះពាល់ដល់ភារកិច្ចយើងម្ដេចកើតទៅ? ព្រោះតែភាពក្រអឺតក្រទម និងបំណងចង់បំពេញភារកិច្ចទៅតាមគំនិតផ្ទាល់ខ្លួន ការដែលខ្ញុំមិនបណ្ដេញអ្នកគ្រប់គ្រងឱ្យបានទាន់ពេល ជាអ្នកដែលមិនធ្វើការជាក់ស្ដែងនោះ បង្កឱ្យមានការខាតបង់ធំដល់ការងារ។ ផងដែរ ខ្ញុំក៏តែងប្រើភារកិច្ចជាការដោះសា មិនអានបន្ទូលព្រះ ឬចូលមកចំពោះព្រះ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯងដែរ តែលេសនេះមិនត្រឹមត្រូវសោះឡើយ។ ការបំពេញភារកិច្ចរបស់ខ្លួន តាមពិតទៅ គឺជាវិធីដ៏ល្អបំផុត ដើម្បីដកពិសោធកិច្ចការរបស់ព្រះ។ ច្រកចូលទៅក្នុងជីវិត ចាប់ផ្ដើមជាមួយការបំពេញភារកិច្ចរបស់ខ្លួន។ សភាពដែលបើកសម្ដែង នៅពេលអ្នកបំពេញភារកិច្ច ដែលជាគំនិត និងទស្សនៈនោះ អាចយកមកទូលប្រាប់ព្រះ ដើម្បីឆ្លុះបញ្ចាំង ស្វែងរកសេចក្តីពិត និងរៀនសូត្រមេរៀននានាបាន។ ខ្ញុំផ្តោតលើតែការងារ ដេញតាមតែកេរ្តិ៍ឈ្មោះ និងឋានៈ ហើយមិនដេញតាមច្រកចូលទៅក្នុងជីវិតឡើយ។ ខ្ញុំពិតជាខ្វាក់ភ្នែក និងល្ងីល្ងើមែន! ដូច្នេះ ខ្ញុំសូមស្បថចំពោះព្រះជាម្ចាស់ថា ខ្ញុំនឹងលែងធ្វើការ ដើម្បីតែកេរ្តិ៍ឈ្មោះ និងឋានៈទៀតហើយ ខ្ញុំនឹងដេញតាមសេចក្តីពិត និងច្រកចូលទៅក្នុងជីវិតថែមទៀត។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀត ហើយរកឃើញផ្លូវអនុវត្តន៍មួយចំនួន។ «នៅពេលនិយាយដល់សេចក្ដីជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់ ក្រៅពីការបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ចំណុចដ៏សំខាន់គឺត្រូវយល់ពីសេចក្តីពិត ចូលទៅក្នុងតថភាពនៃសេចក្តីពិត និងព្យាយាមចូលទៅក្នុងជីវិត។ មិនថាមានរឿងអ្វីកើតឡើងទេ មានមេរៀនដែលអាចរៀនបានជានិច្ច ដូច្នេះ កុំឱ្យមេរៀនទាំងនោះកន្លងផុតទៅដោយស្រួលៗឡើយ។ អ្នកគួរតែប្រកបគ្នាអំពីរឿងនោះជាមួយគ្នា ក្រោយមក ព្រះវិញ្ញាណបរិសុទ្ធនឹងជួយបំភ្លឺ និងស្រាយបំភ្លឺដល់អ្នក ហើយអ្នកនឹងអាចយល់ពីសេចក្តីពិត។ តាមរយៈការប្រកបគ្នា អ្នកនឹងមានផ្លូវអនុវត្តន៍មួយ និងដឹងពីរបៀបដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ ហើយបញ្ហាមួយចំនួនរបស់អ្នកនឹងត្រូវបានដោះស្រាយទាំងមិនដឹងខ្លួន វានឹងមានរឿងកាន់តែតិចទៅៗដែលអ្នកមើលឃើញមិនសូវច្បាស់ ហើយអ្នកនឹងយល់កាន់តែច្រើនទៅៗអំពីសេចក្តីពិត។ បែបនេះ កម្ពស់របស់អ្នកនឹងរីកចម្រើនទាំងមិនដឹងខ្លួន។ អ្នកត្រូវតែផ្តួចផ្ដើមខំស្វែងរកសេចក្តីពិត និងដាក់ចិត្តរបស់អ្នកទៅក្នុងសេចក្តីពិត។ ... អស់អ្នកដែលនិយាយពាក្យគោលលទ្ធិឥតខ្លឹមសារ អស់អ្នកដែលតែងតែសូត្រចាំមាត់នូវពាក្យស្លោក ពាក្យក្រអឺតក្រទម ធ្វើតាមក្រឹត្យវិន័យ ហើយមិនដែលផ្តោតលើការអនុវត្តសេចក្តីពិត អ្នកនោះគ្មានទទួលបានអ្វីឡើយ មិនថាពួកគេជឿលើព្រះជាម្ចាស់អស់រយៈពេលច្រើនឆ្នាំឡើយ។ តើនរណាជាមនុស្សដែលទទួលបានលទ្ធផល? អ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះ ហើយមានឆន្ទៈក្នុងការអនុវត្តសេចក្តីពិត ជាអ្នកដែលចាត់ទុកអ្វីដែលព្រះជាម្ចាស់បានផ្ញើទុកនឹងពួកគេថាជាបេសកកម្មរបស់ពួកគេ ជាអ្នកដែលចំណាយពេលពេញមួយជីវិតលះបង់ថ្វាយព្រះជាម្ចាស់ដោយក្ដីរីករាយ ហើយគ្មានគម្រោងចង់បានប្រយោជន៍ផ្ទាល់ខ្លួន ជាអ្នកដែលធ្វើកិច្ចការជាក់ស្ដែង និងអាចស្ដាប់បង្គាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់។ ពួកគេអាចយល់ពីគោលការណ៍នៃសេចក្តីពិត ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ហើយខិតខំធ្វើគ្រប់កិច្ចការឱ្យបានត្រឹមត្រូវ ដែលការនេះជួយឱ្យពួកគេសម្រេចបានលទ្ធផលនៃទីបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ នៅពេលពួកគេជួបការលំបាក ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេអធិស្ឋានទៅព្រះជាម្ចាស់ និងព្យាយាមឈ្វេងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ពួកគេអាចស្ដាប់បង្គាប់តាមការចាត់ចែង និងការរៀបចំដែលមកពីព្រះជាម្ចាស់ ហើយនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ពួកគេតែងស្វែងរក និងអនុវត្តសេចក្តីពិតជានិច្ច។ ពួកគេមិនសូត្រចាំមាត់នូវពាក្យស្លោក ឬពាក្យក្រអឺតក្រទមឡើយ ប៉ុន្តែពួកគេផ្តោតលើការធ្វើកិច្ចការជាក់ស្ដែង និងធ្វើតាមគោលការណ៍យ៉ាងហ្មត់ចត់តែប៉ុណ្ណោះ។ ពួកគេដាក់ចិត្តក្នុង គ្រប់កិច្ចការដែលពួកគេធ្វើ ហើយរៀនឈ្វេងយល់យ៉ាងអស់ពីចិត្តនូវអ្វីគ្រប់យ៉ាង ហើយនៅក្នុងរឿងជាច្រើន ពួកគេអាចអនុវត្តសេចក្តីពិតបាន បន្ទាប់ពីពួកគេទទួលបានចំណេះដឹង និងការយល់ដឹង ហើយពួកគេអាចរៀនមេរៀន និងទទួលបានលទ្ធផលយ៉ាងពិតប្រាកដ។ ហើយនៅពេលពួកគេមានគំនិតមិនត្រឹមត្រូវ ឬមានសភាពខុសឆ្គង ពួកគេអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ មិនថាពួកគេយល់ពីសេចក្តីពិតអ្វីនោះទេ ពួកគេមានការកោតសរសើរចំពោះសេចក្តីពិតទាំងនោះនៅក្នុងចិត្តរបស់ខ្លួន ហើយអាចនិយាយចេញពីបទពិសោធ និងទីបន្ទាល់របស់ខ្លួន។ នៅទីបំផុត មនុស្សបែបនេះទទួលបានសេចក្តីពិត» (ដកស្រង់ពី «នៅក្នុងជំនឿលើព្រះជាម្ចាស់ អ្វីដែលសំខាន់បំផុត គឺត្រូវអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅក្នុងបន្ទូលព្រះ ខ្ញុំរកឃើញផ្លូវអនុវត្តន៍ ដើម្បីដេញតាមសេចក្តីពិត។ ពេលមានរឿងកើតឡើង យើងត្រូវតែចូលមកអធិស្ឋាននៅចំពោះព្រះ ដើម្បីឆ្លុះបញ្ចាំង ស្វែងរកសេចក្តីពិត និងស្គាល់ខ្លួនឯង។ យើងត្រូវដោះស្រាយគ្រប់បញ្ហាដោយចិត្តស្មោះ ហើយរៀនសូត្រពីបញ្ហាទាំងនោះ។ ពេលនោះ ដំណាក់ព្រះបានសុំឱ្យអ្នកដឹកនាំ និងអ្នកធ្វើការអនុវត្តការសរសេរអត្ថបទ ដើម្បីឱ្យយើងអាចកែលម្អគុណសម្បត្តិ និងបំពាក់បំប៉នខ្លួនដោយសេចក្តីពិត។ បើយើងមិនអនុវត្តសរសេរអត្ថបទទេ នោះយើងមិនសមឱ្យព្រះប្រើឡើយ។ ទោះបីយើងមានឋានៈក៏ដោយ មិនយូរមិនឆាប់ គេនឹងផាត់យើងចោលមិនខាន។ ខ្ញុំយល់កាន់តែច្រើនពីព្រះទ័យព្រះ។ ដំណាក់ព្រះតម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការដេញតាមសេចក្តីពិត និងច្រកចូលទៅក្នុងជីវិត។ អ្នកដឹកនាំដែលមិនដេញតាមសេចក្តីពិត នៅមិនស្ថិតស្ថេរទេ ហើយមិនយូរមិនឆាប់នឹងត្រូវគេផាត់ចោលមិនខាន។ កាលពីមុន ខ្ញុំរវល់តែជាមួយការងារប៉ុណ្ណោះ មិនផ្តោតលើច្រកចូលទៅក្នុងជីវិតខ្ញុំទេ។ អស់ពេលជាច្រើនឆ្នាំ ខ្ញុំថែមទាំងមិនបានសរសេរអត្ថបទទីបន្ទាល់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៀតផង។ តាមពិតទៅ ខ្ញុំបានឆ្លងកាត់ឧបសគ្គ បរាជ័យ និងការភ្លាំងភ្លាត់ជាច្រើននៅក្នុងភារកិច្ច ខ្ញុំបានលាតត្រដាងនិស្ស័យពុករលួយជាច្រើន និងទទួលការលួសកាត់ និងការដោះស្រាយខ្លះដែរ។ បើខ្ញុំចង់ដេញតាមសេចក្តីពិត និងផ្តោតលើច្រកចូលទៅក្នុងជីវិត អ៊ីចឹង ខ្ញុំត្រូវតែចាប់ផ្ដើម ដោយសរសេរអត្ថបទ។ ដូច្នេះ ដំបូង ខ្ញុំបានជ្រើសរើសការលួសកាត់ និងការដោះស្រាយណា ដែលដក់ជាប់ក្នុងជម្រៅចិត្តខ្ញុំ ហើយឆ្លុះបញ្ចាំងពីមូលហេតុដែលខ្ញុំត្រូវគេលួសកាត់ និងដោះស្រាយ។ រាល់ថ្ងៃ ពេលខ្ញុំហូបបាយ បោកគក់ និងមុនពេលចូលគេង ខ្ញុំសញ្ជឹងគិតពីប្រវត្តិនៃអ្វីដែលបានកើតឡើងនាពេលនោះ និស្ស័យពុករលួយអ្វីខ្លះដែលខ្ញុំបានលាតត្រដាង ផ្នែកណាខ្លះនៃបន្ទូលព្រះដែលខ្ញុំបានហូប និងផឹក ផ្លូវអនុវត្តន៍អ្វីខ្លះដែលខ្ញុំរកឃើញនៅក្នុងបន្ទូលព្រះ គំនិត និងទស្សនៈខុសឆ្គងអ្វីខ្លះដែលខ្ញុំបានដឹង។ ពេលខ្ញុំគិតកាន់តែច្រើន បទពិសោធខ្ញុំកាន់តែច្បាស់ ដែលធ្វើឱ្យមេរៀនដែលខ្ញុំគួរតែរៀនចេញពីការលួសកាត់ និងការដោះស្រាយមានកាន់តែច្បាស់លាស់ ហើយតាមរយៈបន្ទូលព្រះ ខ្ញុំទទួលបានការយល់ដឹងកាន់តែច្រើនអំពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំក៏យល់ដែរថា តាមរយៈការសរសេរអត្ថបទ ខ្ញុំអាចរម្ងាប់ចិត្តខ្ញុំនៅចំពោះព្រះ និងសញ្ជឹងគិតពីសភាពខ្ញុំ គិតពីបន្ទូលព្រះ ហើយឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ការទាំងអស់នេះពិតជាមានប្រយោជន៍សម្រាប់ច្រកចូលទៅក្នុងជីវិតខ្ញុំ។ ខ្ញុំពិតជាល្ងីល្ងើមែន។ ខ្ញុំយល់ថា ការដេញតាមច្រកចូលទៅក្នុងជីវិត និងការសរសេរអត្ថបទ គឺជាការខ្ជះខ្ជាយពេល និងប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងភារកិច្ចខ្ញុំ។ ឥឡូវ ខ្ញុំយល់ថា វាមិនធ្វើឱ្យខ្ញុំគ្មានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ ពេលខ្ញុំសញ្ជឹងគិតពីសភាពខ្ញុំ និងឆ្លុះបញ្ចាំងពីខ្លួនឯងជាញឹកញាប់ ដោយប្រើបន្ទូលព្រះ វាជួយឱ្យខ្ញុំមើលឃើញពីបញ្ហាខ្ញុំកាន់តែច្បាស់វិញទេ។ ពីមុន ខ្ញុំតែងធ្វើការ ដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ តែងបារម្ភពីការបាត់បង់វា។ ខ្ញុំខ្លាចថា បើខ្ញុំធ្វើខុស អ្នកដឹកនាំនឹងគិតអគតិចំពោះខ្ញុំ។ បើមានការភ្លាំងភ្លាត់ និងកំហុសនៅក្នុងភារកិច្ច បន្ទាប់ពីអ្នកដឹកនាំលើកឡើងពីបញ្ហាខ្ញុំ ឬបានលួសកាត់ និងដោះស្រាយជាមួយខ្ញុំ ខ្ញុំទទួលស្គាល់ថា ការលួសកាត់ និងការដោះស្រាយ ត្រូវបានធ្វើឡើង ដើម្បីចង់ឱ្យខ្ញុំល្អ ដើម្បីជួយខ្ញុំ តែវាតែងតែធ្វើឱ្យខ្ញុំបាក់ទឹកចិត្តជានិច្ច ហើយខ្ញុំចេះតែសង្ស័យថា អ្នកដឹកនាំនឹងគិតថា ខ្ញុំគ្មានគុណសម្បត្តិ គ្មានសមត្ថភាពបំពេញការងារ និងគ្មានសមត្ថភាពធ្វើអ្វីដែលមានប្រយោជន៍ ឬបើអ្នកដឹកនាំរកឃើញមានបញ្ហាច្រើនពេក នោះភារកិច្ចខ្ញុំនឹងត្រូវចប់មិនខាន។ ខ្ញុំតែងមានអារម្មណ៍ថា ខ្ញុំកំពុងលីបន្ទុកដ៏ធ្ងន់មួយ។ ពេលខ្ញុំផ្តោតលើច្រកចូលទៅក្នុងជីវិត និងរៀនមេរៀនចេញពីមជ្ឈដ្ឋានខ្ញុំរាល់ថ្ងៃ ហើយពេលខ្លះ អ្នកដឹកនាំរកឃើញបញ្ហានៅក្នុងភារកិច្ចខ្ញុំ និងប្រកបគ្នាជាមួយខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំមិនបានធ្លាក់ទឹកចិត្តដូចមុនទេ ហើយខ្ញុំក៏មិនបារម្ភខ្លាំងពីរបៀបដែលអ្នកដឹកនាំមើលឃើញខ្ញុំនោះដែរ។ ខ្ញុំបានស្ដាយក្រោយចំពោះរឿងដែលខ្ញុំបានធ្វើខុស ឆ្លុះបញ្ចាំងពីមូលហេតុដែលខ្ញុំបានភ្លាំងភ្លាត់ និងថាមាននិស្ស័យពុករលួយ ឬទស្សនៈខុសឆ្គងណាខ្លះ ដែលបង្កឱ្យមានកំហុស ហើយពេលខ្ញុំយល់ពីបញ្ហាទាំងនោះ ខ្ញុំអាចស្វែងរកចម្លើយនៅក្នុងបន្ទូលព្រះ ដើម្បីប៉ះប៉ូវស្ថានការណ៍វិញបាន។ នៅពេលខ្ញុំអនុវត្តបែបនេះ ខ្ញុំបំពេញភារកិច្ចមិនសូវនឿយហត់ដូចមុនទេ។

ខ្ញុំក៏បានភ្លក់រសជាតិនៃការផ្តោតលើច្រកចូលទៅក្នុងជីវិតដែរ ដូច្នេះ ខ្ញុំបានអធិស្ឋាននៅចំពោះព្រះថា ខ្ញុំនឹងឆ្លុះបញ្ចាំងពីខ្លួនឯងផ្អែកលើបន្ទូលព្រះ និងដេញតាមសេចក្តីពិតកាន់តែច្រើន។ ជួនកាល ពេលភារកិច្ចខ្ញុំរវល់ខ្លាំង ហើយខ្ញុំគ្មានពេលអានបន្ទូលព្រះនៅពេលព្រឹក នៅពេលបាយ ឬមុនពេលចូលគេង ខ្ញុំសញ្ជឹងគិតពីសភាពដែលខ្ញុំមាននាពេលថ្មីៗ ថាមានសេចក្តីពុករលួយអ្វីខ្លះដែលខ្ញុំបានលាតត្រដាង ហើយផ្នែកណាខ្លះនៃបន្ទូលព្រះដែលខ្ញុំគួរតែអាន ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលខ្ញុំយល់រឿងទាំងនេះ ខ្ញុំបានអានផ្នែកពាក់ព័ន្ធនៃបន្ទូលព្រះ នៅពេលខ្ញុំមានពេល។ ខ្ញុំមិនគិតដូចមុនទៀតឡើយថា វាមិនសំខាន់ទេ បើនិស្ស័យពុករលួយរបស់ខ្ញុំមិនត្រូវបានដោះស្រាយនៅពេលនេះ និងថា ខ្ញុំអាចដោះស្រាយវាពេលក្រោយ នៅពេលខ្ញុំមានពេល។ មួយរយៈក្រោយមក ខ្ញុំកាន់តែមានភាពរសើបចំពោះគំនិតដែលខ្ញុំលាតត្រដាង ខ្ញុំបន្តមើលឃើញពីការភ្លាំងភ្លាត់ខ្លះដែលលេចចេញនៅក្នុងភារកិច្ចខ្ញុំ ហើយខ្ញុំអាចរកឃើញផ្លូវអនុវត្តន៍នៅក្នុងបន្ទូលព្រះ។ ជាងនេះទៅទៀត ខ្ញុំយល់ថា ការដេញតាមសេចក្តីពិត គឺសំខាន់នៅក្នុងជំនឿរបស់ខ្ញុំលើព្រះ។ ការបំពេញភារកិច្ចក្នុងរបៀបជាក់ស្ដែង ការស្វែងរកសេចក្តីពិត និងការប្រព្រឹត្តតាមគោលការណ៍ក្នុងគ្រប់កិច្ចការ ពិតជាសំខាន់ណាស់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះពរបានមកពីជំងឺ

ក្នុង ឆ្នាំ ២០១៤ បក្សកុម្មុយនីស្តបានចាប់ផ្តើមមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា តាមរយៈសំណុំរឿងរបស់ ចាវយាន កាលពីថ្ងៃ ទី ២៨ ខែ ឧសភា...

ការវិលត្រលប់ទៅរកផ្លូវត្រូវ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការសាមញ្ញនោះឡើយ។ អស់អ្នកដែលមាននិស្ស័យពុករលួយ និងមិនផ្លាស់ប្រែ...

ការស្វែងរក សេរីភាព ពី ឋានៈ

ដោយ ដុង អេន (បារាំង) ខ្ញុំបានក្លាយជាអ្នកដឹកនាំក្រុមជំនុំក្នុងឆ្នាំ ២០១៩។ ខ្ញុំបានធ្វើកិច្ចការដោយវិធីខ្លួនឯង...

Leave a Reply