មូលហេតុដែលខ្ញុំមិនហ៊ានមើលការខុសត្រូវការងារ

07-08-2023

ពីរឆ្នាំមុន នៅពេលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកដឹកនាំពួកជំនុំ មានដៃគូខ្ញុំជាច្រើននាក់ដែលបានជឿព្រះយូរជាងខ្ញុំ។ ខ្ញុំគិតថា ពួកគាត់យល់ពីសេចក្ដីពិត និងមានបទពិសោធច្រើនជាងខ្ញុំ ដូច្នេះ ខ្ញុំមិនហ៊ានសួរនាំអ្វីច្រើនពីកិច្ចការពួកជំនុំទេ។ ខ្ញុំខ្លាចពួកគាត់នឹងថា ខ្ញុំទើបតែធ្វើជាអ្នកដឹកនាំសោះ មកជ្រៀតជ្រែកការងារគ្រប់យ៉ាង ហើយព្យាយាមប្រឡូកខ្លួនទាំងដែលខ្លួនឯងមិនចេះអ្វីសោះ។ ចំពោះបញ្ហាគោលការណ៍ខ្លះ ខ្ញុំមិនហ៊ានប្រកាន់តាមទស្សនៈ និងគំនិតផ្ទាល់ខ្លួនទេ ខ្ញុំខ្លាចអ្នកដទៃថា ខ្ញុំក្រអឺតក្រទមខ្លាំង និងមិនស្គាល់ខ្លួនឯង ដូច្នេះ ខ្ញុំតែងបំពេញភារកិច្ចទាំងរួញរា។

ពេលនោះ ខ្ញុំបានឃើញថា ការងារពួកជំនុំខ្លះរីកចម្រើនទៅមុខយឺត បងប្អូនប្រុសស្រីបំពេញភារកិច្ចខ្លួនទាំងមិនយល់ពីគោលការណ៍ ហើយវឌ្ឍនភាពការងារត្រូវយឺតយ៉ាវដោយសារពួកគាត់តែងជាប់គាំងនឹងរឿងកំប៉ិចកំប៉ុក។ បង អាប៊ីហ្គេល មើលការខុសត្រូវការងារនេះជិតពីរឆ្នាំមកហើយ តែនៅមិនយល់ពីការងារនេះទៀត ហើយមិនចេះដោះស្រាយបញ្ហា។ គាត់មិនសមធ្វើជាអ្នកដឹកនាំទេ។ ដោយសារបងអាប៊ីហ្គេលស្ថិតក្រោមការគ្រប់គ្រងរបស់បងស៊ីនឌី ដូច្នេះ ខ្ញុំក៏រាយការណ៍បញ្ហានេះទៅបងស៊ីនឌី និងផ្ដល់យោបល់ឱ្យបណ្ដេញបងអាប៊ីហ្គេលចេញ ប៉ុន្តែគាត់និយាយថា ពេលនេះទុក អាប៊ីហ្គេល ឱ្យធ្វើការខ្លះសិន គាត់នៅមិនទាន់អាចរកមនុស្សណាសមស្របជំនួសគាត់ឃើញទេ ដូច្នេះ គាត់ចង់ទុកគាត់សិនពេលនេះ។ ពេលខ្ញុំឮបងស៊ីនឌីនិយាយបែបនេះ ក្នុងចិត្ត ខ្ញុំប្រកែកថា៖ «បង អាប៊ីហ្គេល ធ្វើជាអ្នកដឹកនាំនេះជិតពីរឆ្នាំមកហើយ តែសូម្បីបញ្ហាតូចតាច គាត់ដោះស្រាយមិនចេញផង ដែលធ្វើឱ្យវឌ្ឍនភាពការងារយឺតយ៉ាវ។ តើបងឱ្យគាត់បន្តនៅទៀតយ៉ាងម៉េចកើត? យើងសុទ្ធតែដឹងហើយថាគាត់មិនស័ក្តិសមនឹងការងារនេះ យើងគួរតែឈប់ប្រើគាត់ និងបណ្ដុះអ្នកណាដែលមានគុណសម្បត្តិល្អវិញ»។ ខ្ញុំចង់ប្រាប់បងស៊ីនឌីថា យើងត្រូវធ្វើតាមគោលការណ៍ តែពេលនោះ ខ្ញុំគិតថា «គាត់បាននិយាយហើយថា ពេលនេះ គាត់រកអ្នកជំនួសដែលស័ក្តិសមមិនទាន់បាន។ បើខ្ញុំនៅបន្តសុំឱ្យគាត់ផ្ទេរបង អាប៊ីហ្គេល ចេញទៀត តើគាត់នឹងយល់ថា ខ្ញុំលូកដៃជ្រុល និងជ្រៀតជ្រែកការងារគាត់ដែរទេ? ខ្ញុំទើបចាប់ផ្ដើមធ្វើការនៅក្រុមជំនុំនេះ បើខ្ញុំធ្វើឱ្យបងស៊ីនឌីគិតមកលើខ្ញុំបែបនេះ តើបន្ទាប់ទៅ យើងចាប់ដៃគូនឹងគ្នាយ៉ាងម៉េចកើត? កុំខ្វល់អី ខ្ញុំគួរទុករឿងនេះមួយឡែកចុះ»។

ក្រោយមក ខ្ញុំឃើញថា បងដេណា ដែលមើលខុសត្រូវការងារវីដេអូ ពុំធ្វើការពិតប្រាកដទេ។ រយៈពេលបីខែមកនេះ គម្រោងវីដេអូដែលគាត់កាន់កាប់ ពុំបានផលិតវីដេអូត្រូវតាមស្ដង់ដាទេ។ គាត់ពុំបានដឹងពីសភាពមនុស្សនៅក្នុងក្រុមគាត់ទេ ក៏ពុំដឹងពីបញ្ហានិងការលំបាកដែលពួកគេជួបប្រទះក្នុងការផលិតវីដេអូដែរ ហើយក្នុងអំឡុងពេលនោះ ពួកគាត់តែងត្រូវធ្វើវីដេអូឡើងវិញជារឿយៗ ធ្វើឱ្យការងារយឺតយ៉ាវ។ ខ្ញុំបានពិភាក្សាជាមួយសហការីអំពីរបៀបដោះស្រាយបញ្ហានេះ។ ពួកគាត់សុទ្ធតែគិតថា បងដេណា មានភាពជាមនុស្សល្អ ហើយថាគាត់កាន់ការងារវីដេអូនេះមួយរយៈហើយ ព្រមទាំងស្គាល់ការងារនេះផង ដូច្នេះ ដោយសារគ្មានបេក្ខជនណាស័ក្តិសម គាត់អាចបន្តកាន់ការងារនេះទៀត។ ពេលឮបែបនេះ ខ្ញុំមិនយល់ស្របទេ គិតថា «ម៉េចនឹងអាចទុកគាត់ ព្រោះគាត់មានភាពជាមនុស្សល្អ ព្រោះគាត់ស្គាល់ការងារនេះបានទៅ។ អ្វីដែលសំខាន់គឺថាតើគាត់ធ្វើការពិតប្រាកដ និងដោះស្រាយបញ្ហាជាក់ស្ដែងឬអត់។ បងដេណាដោះស្រាយបញ្ហាការងារវីដេអូមិនបានទាល់តែសោះ។ ទុកគាត់ឱ្យកាន់តួនាទីនេះ មិនសមនោះទេ។ គួរតែប្ដូរគាត់ចេញទើបបាន។» ខ្ញុំបារម្ភខ្លាច៖ «បងជែកគីដែលទទួលខុសត្រូវធំលើការងារវីដេអូ ហើយពួកគាត់សុទ្ធតែយល់ថា បងដេណា ស័ក្តិសម ដូច្នេះ បើខ្ញុំមិនយល់ស្រប តើពួកគាត់នឹងយល់ថា ខ្ញុំគ្រប់គ្រងខ្លាំងជ្រុលពេកទេដឹង? ពីមុន ខ្ញុំចង់ផ្ទេរបងអាប៊ីហ្គេលចេញ ហើយឥឡូវ ខ្ញុំចង់បណ្ដេញបងដេណាចេញទៀត។ តើសហការីខ្ញុំនឹងគិតថាខ្ញុំក្រអឺតក្រទមខ្លាំង ថាខ្ញុំចង់ប្ដូរអ្នកដែលខ្ញុំយល់ថាមិនស័ក្តិសមចេញ ទាំងមិនផ្ដល់ឱកាសឱ្យគេប្រែចិត្ត ហើយថាខ្ញុំគ្មានចិត្តទាល់តែសោះ ដែរទេ?» អ៊ីចឹងបានជាពេលខ្ញុំហៀបនឹងនិយាយចេញមក ខ្ញុំក៏ទ្រាំលេបទុកវិញ។

ជាងមួយខែក្រោយមក ទាំងបងអាប៊ីហ្គេលនិងបងដេណា ត្រូវបានគេបណ្ដេញចិត្ត ព្រោះមិនធ្វើការពិតប្រាកដ។ ក្នុងពេលនោះដែរ អ្នកដឹកនាំថ្នាក់លើខ្ញុំ បានដឹងថា ខ្ញុំគឺជាអ្នកដឹកនាំខ្វះទំនួលខុសត្រូវ ដោយសារខ្ញុំមិនបានប្ដូរអ្នកដឹកនាំដែលមិនស័ក្តិសមចេញឱ្យទាន់ពេល ដែលធ្វើឱ្យការងារពួកជំនុំយឺតយ៉ាវ។ ពួកគាត់ដោះស្រាយជាមួយខ្ញុំខ្លាំងៗ ថាខ្ញុំមិនធ្វើការពិតប្រាកដ ហើយថា ខ្ញុំរស់នៅតាមទស្សនវិជ្ជាបែបសាតាំង ជាមនុស្សផ្គាប់ចិត្តគេ ពុំអនុវត្តសេចក្ដីពិត ពុំការពារកិច្ចការពួកជំនុំ។ ពួកគាត់ថា ខ្ញុំមិនសមធ្វើជាអ្នកដឹកនាំទេ រួចក៏បណ្ដេញខ្ញុំចេញ។ ការលួសកាត់ និងការដោះស្រាយពីសំណាក់អ្នកដឹកនាំខ្ញុំ ដូចជាត្រូវព្រនង់សំពងចំក្បាលអ៊ីចឹង។ ខ្ញុំមិនដែលគិតថា បញ្ហាខ្ញុំធ្ងន់ធ្ងរដល់ថ្នាក់ត្រូវគេបណ្ដេញចេញទេ។ រឿងនេះខ្ញុំមិនសប្បាយចិត្តសោះ។ ខ្ញុំយល់ថា អ្វីដែលបន្សល់ទុកពីភារកិច្ចខ្ញុំ គឺការសោកស្ដាយ និងការជំពាក់ព្រះ។ ខ្ញុំពិតជាស្អប់ខ្លួនឯងខ្លាំងណាស់។ ម៉េចក៏ខ្ញុំអនុវត្តសេចក្ដីពិត និងការពារកិច្ចការពួកជំនុំមិនបានអ៊ីចឹង? ម៉េចបានខ្ញុំតែងរស់នៅតាមទស្សនវិជ្ជាបែបសាតាំងជាប់ជានិច្ចបែបនេះ? ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសូមព្រះឱ្យណែនាំខ្ញុំឱ្យបានយល់ពីបញ្ហាខ្លួនឯង។

ក្រោយមក ខ្ញុំអានអត្ថបទបន្ទូលព្រះមួយចំនួន៖ «នៅពេលដែលមនុស្សគ្មានការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ធ្វើការបែបធ្វេសប្រហែស និងឱ្យតែរួចពីដៃ ធ្វើជាមនុស្សល្អតែសម្បកក្រៅ ហើយមិនការពារប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ តើនេះជានិស្ស័យអ្វីដែរ? នេះជាការបោកបញ្ឆោត ដែលជានិស្ស័យមួយរបស់សាតាំង។ ទស្សនៈដ៏ជាប់ជំពាក់បំផុតមួយនៅក្នុងទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅ គឺជាការបោកបញ្ឆោត។ មនុស្សគិតថា ប្រសិនបើពួកគេគ្មានការបោកបញ្ឆោត នោះពួកគេទំនងជានឹងប្រមាថអ្នកដទៃ ហើយមិនអាចការពារខ្លួនបានឡើយ។ ពួកគេគិតថា ខ្លួនត្រូវតែបោកបញ្ឆោតឱ្យល្មមបានហើយ ដើម្បីកុំធ្វើឱ្យនរណាម្នាក់ឈឺចាប់ ឬរងការប្រមាថ ដែលជាហេតុនាំឱ្យពួកគេមានសុវត្ថិភាព ការពារដល់ជីវភាពរបស់ពួកគេ ហើយទទួលបានកន្លែងឈរជើងមួយរឹងមាំនៅក្នុងចំណោមមហាជន។ ពួកអ្នកមិនជឿព្រះ សុទ្ធតែរស់នៅតាមទស្សនវិជ្ជារបស់សាតាំង។ ពួកគេសុទ្ធតែជាមនុស្សល្អតែសម្បកក្រៅ ហើយមិនប្រមាថនរណាម្នាក់ឡើយ។ អ្នកបានចូលមកក្នុងដំណាក់ព្រះជាម្ចាស់ អានព្រះបន្ទូលព្រះជាម្ចាស់ និងស្ដាប់សេចក្តីអធិប្បាយនៃដំណាក់ព្រះជាម្ចាស់។ ចុះហេតុអ្វីក៏អ្នកមិនអាចអនុវត្តសេចក្តីពិត និយាយចេញពីចិត្ត និងធ្វើជាមនុស្សស្មោះត្រង់បានដូច្នេះ? ហេតុអ្វីបានជាអ្នកតែងតែធ្វើជាមនុស្សល្អតែសម្បកក្រៅ? មនុស្សល្អតែសម្បកក្រៅការពារតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ មិនការពារដល់ប្រយោជន៍ពួកជំនុំឡើយ។ នៅពេលពួកគេឃើញនរណាម្នាក់ធ្វើអាក្រក់ និងធ្វើឱ្យខូចដល់ប្រយោជន៍ពួកជំនុំ ពួកគេមិនយកចិត្តទុកដាក់ឡើយ។ ពួកគេចូលចិត្តធ្វើជាមនុស្សល្អតែសម្បកក្រៅ ហើយមិនប្រមាថនរណាម្នាក់ឡើយ។ នេះជាការមិនទទួលខុសត្រូវ ហើយមនុស្សបែបនេះបោកបញ្ឆោតខ្លាំងណាស់ ហើយមិនគួរឱ្យទុកចិត្តបានឡើយ។ ដើម្បីការពារអំនួតហួសហតុ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អ និងឋានៈរបស់ខ្លួន មនុស្សមួយចំនួនរីករាយនឹងជួយអ្នកដទៃ និងព្រមលះបង់សម្រាប់មិត្តភក្ដិរបស់ខ្លួន មិនថាក្នុងតម្លៃណានោះឡើយ។ ប៉ុន្តែនៅពេលពួកគេត្រូវការពារដល់ប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ការពារដល់សេចក្តីពិត និងយុត្តិធម៌ ពួកគេគ្មានចេតនាល្អបែបនេះទេ ពោលគឺ ពួកគេគ្មានទាល់តែសោះតែម្ដង។ នៅពេលពួកគេគួរអនុវត្តសេចក្ដីពិត ពួកគេមិនអនុវត្តទេ។ តើមានអ្វីកំពុងកើតឡើងទៅ? ដើម្បីការពារសេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ខ្លួន ពួកគេអាចលះបង់ និងរងទុក្ខគ្រប់បែបយ៉ាងបាន។ ប៉ុន្តែ នៅពេលពួកគេត្រូវធ្វើកិច្ចការជាក់ស្ដែង ការពារអ្វីដែលវិជ្ជមាន ព្រមទាំងការពារ និងផ្គត់ផ្គង់ដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ចុះហេតុអ្វីបានជាពួកគេលែងមានកម្លាំងក្នុងការលះបង់ និងរងទុក្ខបែបនេះ? រឿងនោះនឹកស្មានមិនដល់សោះ។ តាមពិតទៅ ពួកគេមាននិស្ស័យមួយប្រភេទ ដែលនឿយណាយនឹងសេចក្តីពិត។ ហេតុអ្វីបានជានិយាយថា ពួកគេមាននិស្ស័យនឿយណាយនឹងសេចក្តីពិត? ព្រោះគ្រប់ពេលដែលមានអ្វីមួយពាក់ព័ន្ធនឹងការធ្វើបន្ទាល់ពីព្រះជាម្ចាស់ ការអនុវត្តសេចក្តីពិត ការការពារដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ការប្រឆាំងតបនឹងការបោកបញ្ឆោតរបស់សាតាំង ឬការការពារដល់អ្វីៗដែលវិជ្ជមាន ពួកគេបែរជារត់គេច និងលាក់ខ្លួន ហើយមិនធ្វើអ្វីដែលត្រឹមត្រូវនោះឡើយ» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «កាលណាអ្នករាល់គ្នាឃើញបញ្ហាមួយ តែមិនធ្វើអ្វីម្យ៉ាង ដើម្បីទប់ស្កាត់ មិនប្រកបគ្នា និងមិនព្យាយាមគ្រប់គ្រងបញ្ហានោះទេ ហើយជាងនេះទៀត អ្នកមិនរាយការណ៍បញ្ហានោះប្រាប់ថ្នាក់លើរបស់អ្នក តែបែរជាដើរតួជា 'មនុស្សល្អ' តើនេះជាសញ្ញានៃភាពមិនស្មោះត្រង់ឬ? តើមនុស្សល្អបែបនេះស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? គឺគ្មានភាពស្មោះត្រង់សូម្បីតែបន្តិចឡើយ។ មនុស្សបែបនេះមិនត្រឹមតែមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ គេក៏កំពុងធ្វើជាគ្នីគ្នារបស់សាតាំង ជាខ្ញុំបម្រើ និងអ្នកដើរតាមសាតាំងផងដែរ។ គេគ្មានភាពស្មោះត្រង់នៅក្នុងភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឡើយ ប៉ុន្តែចំពោះសាតាំងវិញ គេស្មោះត្រង់ខ្លាំងណាស់។ សារជាតិនៃបញ្ហា គឺនៅត្រង់នេះឯង» (ដកស្រង់ពី «ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះបើកសម្ដែងថា មនុស្សបោកបញ្ឆោត ធ្វើគ្រប់យ៉ាងដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន។ ដើម្បីការពារកេរ្តិ៍ឈ្មោះខ្លួនឯង ពួកគេធ្វើតាមទស្សនវិជ្ជាបែបសាតាំង ហើយមិនធ្វើឱ្យប៉ះពាលដល់អ្នកដទៃ។ បើពួកគេត្រូវអនុវត្តសេចក្ដីពិតដើម្បីការពារកិច្ចការពួកជំនុំ ពួកគេបែរជារួញរា។ ខ្ញុំពិតជាមនុស្សបោកបញ្ឆោតមែន។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ ខ្ញុំឃើញសហការីដែលជឿព្រះយូរជាងខ្ញុំ និងមានបទពិសោធច្រើនជាងខ្ញុំ ដូច្នេះ ខ្ញុំយល់ថា ខ្ញុំត្រូវតែស្គាល់ខ្លួនឯង។ បើមិនមែនជាការងារខ្ញុំទេ ខ្ញុំមិនចាំបាច់ខ្វល់ ឬសួរនាំអ្វីទេ ដើម្បីកុំឱ្យគេគិតថា ខ្ញុំជាមនុស្សចេះដឹងការងារគេជ្រុល និងធ្វើឱ្យគិតមិនល្អមកលើខ្ញុំ។ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយសហការីខ្ញុំ ដើម្បីបន្តមានមូលដ្ឋានឈរជើងរឹងមាំក្នុងចំណោមពួកគាត់ ខ្ញុំប្រែជាមានល្បិចកល និងបោកបញ្ឆោត ហើយតែងធ្វើជាមនុស្សផ្គាប់ចិត្តគេ។ ខ្ញុំមិនបានបណ្ដេញអ្នកដឹកនាំក្លែងក្លាយនៅក្នុងក្រុមជំនុំចេញឱ្យបានទាន់ពេល។ សូម្បីនៅក្នុងដែនទំនួលខុសត្រូវរបស់ខ្ញុំ ក៏ខ្ញុំមិនហ៊ានសួរនាំអ្វីច្រើនដែរ។ ខ្ញុំខ្លាចធ្វើច្រើនពេកនឹងនាំឱ្យអ្នកដទៃគេថា ខ្ញុំធ្វើហួសព្រំដែន។ ខ្ញុំរស់នៅតាមទស្សនៈថា «មិត្តល្អមិននិយាយពីកំហុសមិត្តខ្លួនឯងឡើយ» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» «អឹមអៀមស្ងៀមជាងស្រដី» «ដើម្បីការពារខ្លួន កុំធ្វើអ្វីឱ្យខុស» និងគំនិតបែបសាតាំងផ្សេងទៀត។ គ្រប់យ៉ាង គឺខ្ញុំរក្សាទំនាក់ទំនងខ្ញុំនឹងអ្នកដទៃ រក្សាមុខមាត់ខ្ញុំក្នុងភ្នែកសហការី។ ខ្ញុំធ្វើតាម និងថាតាមទស្សនៈរបស់ពួកគេ ដោយពុំពិចារណាថា តើប៉ះពាល់ដល់កិច្ចការពួកជំនុំឬអត់នោះទេ។ ខ្ញុំឃើញមានបញ្ហា តែមិនហ៊ាននិយាយចេញមកទេ។ ខ្ញុំដឹងថា ខ្ញុំគួរអនុវត្តសេចក្ដីពិត តែខ្ញុំបែរជាការពារខ្លួន និងធ្វើតាមគេតាមឯងទៅវិញ។ ខ្ញុំមិនត្រឹមតែមានល្បិចកល និងបោកបញ្ឆោតប៉ុណ្ណោះទេ ខ្ញុំក៏នឿយណាយនឹងសេចក្ដីពិតដែរ។ ខ្ញុំគិតថា ការមិននិយាយពីកំហុសអ្នកដទៃ គឺជារឿងឆ្លាតវៃ។ បែបនេះ ខ្ញុំអាចរក្សាទំនាក់ទំនងរវាងខ្ញុំ និងសហការីខ្ញុំបាន និងមានមូលដ្ឋានឈរជើងរឹងមាំក្នុងចំណោមអ្នកដឹកនាំ និងអ្នកធ្វើការ។ ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងត្រូវគេបើកសម្ដែង និងបណ្ដេញចេញឆាប់បែបនេះទេ។ ខ្ញុំបានឃើញអ្នកដឹកនាំដែលមិនស័ក្តិសម តែខ្ញុំមិនហ៊ានធ្វើតាមគោលការណ៍ និងបណ្ដេញពួកគេចេញឱ្យទាន់ពេលទេ។ ផ្ទុយទៅវិញ ខ្ញុំបណ្ដោយឱ្យពួកគេបន្តធ្វើឱ្យកិច្ចការពួកជំនុំយឺតយ៉ាវ និងរងការប៉ះពាល់។ ខ្ញុំកំពុងការពារអ្នកដឹកនាំក្លែងក្លាយ តាមសារជាតិនេះ គឺខ្ញុំកំពុងធ្វើជាបាវបម្រើរបស់សាតាំងហើយ។ ខ្ញុំកំពុងធ្វើអាក្រក់ ហើយទាស់ទទឹងនឹងព្រះ។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយ។ ប្រសិនបើខ្ញុំប្រកាន់តាមគោលការណ៍ ហើយបណ្ដេញចេញអ្នកដឹកនាំក្លែងក្លាយទាំងពីរចេញឱ្យបានឆាប់ នោះក៏មិនធ្វើឱ្យកិច្ចការពួកជំនុំយឺតយ៉ាវយូរបែបនេះដែរ។

ខ្ញុំក៏បានឆ្លុះបញ្ចាំងពីខ្លួនឯង។ ម៉េចបានខ្ញុំចេះតែយល់ថា ការបញ្ចេញមតិផ្ទាល់ខ្លួនច្រើន ឬធ្វើការងារច្រើន គឺលូកដៃចូលជ្រុលទៅវិញ? ពេលអានបន្ទូលព្រះអំពីនិយមន័យភារកិច្ច ខ្ញុំក៏បានដឹងថា ទស្សនៈនេះខុសទាំងស្រុង។ បន្ទូលព្រះចែងថា៖ «តើភារកិច្ចជាអ្វី? វាជាបញ្ជាបេសកកម្មមួយ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ជាផ្នែកមួយនៃកិច្ចការនៅដំណាក់ព្រះជាម្ចាស់ ហើយជាការទទួលខុសត្រូវ និងកាតព្វកិច្ច ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ម្នាក់ៗគួរតែរ៉ាប់រង។ តើភារកិច្ចជាកិច្ចខិតខំប្រឹងប្រែងមួយឬ? តើវាជាបញ្ហាគ្រួសារផ្ទាល់ខ្លួនឬ? ការដែលនិយាយថា នៅពេលអ្នកបានទទួលភារកិច្ចណាមួយ ភារកិច្ចនោះក្លាយជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក តើត្រឹមត្រូវដែរឬទេ? វាមិនត្រឹមត្រូវជាដាច់ខាត។ ដូច្នេះ តើអ្នកគួរបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? គឺដោយប្រព្រឹត្តតាមសេចក្តីតម្រូវ តាមព្រះបន្ទូល តាមបទដ្ឋានរបស់ព្រះជាម្ចាស់ និងដោយផ្អែកតាមឥរិយាបថស្របតាមគោលការណ៍នៃសេចក្តីពិត ដោយមិនផ្អែកតាមបំណងប្រាថ្នាបែបអត្តនោម័តរបស់មនុស្សឡើយ។ អ្នកខ្លះនិយាយថា៖ 'នៅពេលខ្ញុំទទួលបានភារកិច្ចមួយ តើភារកិច្ចនោះមិនមែនជាអាជីវកម្មរបស់ខ្ញុំទេឬអី? ភារកិច្ចខ្ញុំជាបន្ទុករបស់ខ្ញុំ ដូច្នេះ តើអ្វីដែលខ្ញុំរ៉ាប់រង មិនមែនជាអាជីវកម្មរបស់ខ្ញុំទេឬអី? ប្រសិនបើខ្ញុំចាត់ទុកភារកិច្ចជាអាជីវកម្មរបស់ខ្ញុំ តើនោះមិនមានន័យថា ខ្ញុំនឹងបំពេញវាឱ្យបានត្រឹមត្រូវទេឬអី? បើខ្ញុំមិនចាត់ទុកភារកិច្ចជាអាជីវកម្មរបស់ខ្ញុំ តើខ្ញុំនឹងបំពេញភារកិច្ចនោះបានល្អឬទេ?' តើពាក្យសម្តីទាំងនេះត្រូវ ឬក៏ខុស? ពាក្យសម្តីទាំងនេះខុសហើយ។ ពាក្យសម្តីទាំងនេះផ្ទុយនឹងសេចក្តីពិត។ ភារកិច្ចមិនមែនជាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទេ។ ភារកិច្ចជាអាជីវកម្មរបស់ព្រះជាម្ចាស់ ជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែធ្វើតាមអ្វីដែលព្រះជាម្ចាស់ត្រាស់បង្គាប់។ មានតែតាមរយៈការបំពេញភារកិច្ចរបស់អ្នកដោយដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ទេ ទើបអ្នកអាចបំពេញតាមបទដ្ឋានបាន។ ប្រសិនបើអ្នកតែងតែបំពេញភារកិច្ចរបស់អ្នកស្របតាមសញ្ញាណ ការស្រមើស្រមៃរបស់អ្នក និងស្របតាមទំនោរចិត្តរបស់អ្នក នោះអ្នកនឹងគ្មានថ្ងៃបំពេញតាមបទដ្ឋាននេះបានឡើយ។ ការគ្រាន់តែបំពេញភារកិច្ចរបស់អ្នកតាមការចង់បានរបស់ខ្លួន មិនមែនជាការបំពេញភារកិច្ចរបស់អ្នកនោះទេ ព្រោះអ្វីដែលអ្នកកំពុងតែធ្វើនោះ មិនស្ថិតនៅក្នុងវិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ទំនោរចិត្តមិនមែនជាកិច្ចការនៃដំណាក់ព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ អ្នកកំពុងតែមានប្រតិបត្តិការផ្ទាល់ខ្លួន កំពុងអនុវត្តកិច្ចការរបស់អ្នកផ្ទាល់ ដូច្នេះ ព្រះជាម្ចាស់មិននឹកចាំពីកិច្ចការនេះឡើយ» (ដកស្រង់ពី «មានតែតាមរយៈការស្វែងរកគោលការណ៍នៃសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចបំពញភារកិច្ចរបស់ខ្លួនបានល្អ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះពន្យល់យ៉ាងច្បាស់ពីនិយមន័យភារកិច្ច។ ភារកិច្ច គឺជាការផ្ទុកផ្ដាក់ និងបញ្ជាបេសកកម្មពីព្រះចំពោះមនុស្ស។ នៅពេលយើងទទួលយកភារកិច្ចណាមួយ យើងទទួលយកទំនួលខុសត្រូវ និងកាតព្វកិច្ច។ ក្នុងពេលបំពេញភារកិច្ចយើង យើងគួរស្វែងរកបំណងព្រះហឫទ័យព្រះ និងបំពេញភារកិច្ចយើងស្របតាមគោលការណ៍នៃសេចក្ដីពិត។ មានតែបែបនេះទេ ទើបយើងធ្វើតាមបំណងព្រះហឫទ័យព្រះ។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ កិច្ចការពួកជំនុំគ្រប់ទិដ្ឋភាព រួមទាំងការរៀបចំ ឬការផ្ទេរបុគ្គលិក ការតាមដាន និងការដោះស្រាយបញ្ហាការងារផ្សេងៗ និងការមើលការខុសត្រូវការងាររបស់សហការីផ្សេងទៀតផង គឺស្ថិតក្រោមមុខព្រួញទទួលខុសត្រូវរបស់ខ្ញុំ ហើយជារឿងដែលខ្ញុំគួរតែធ្វើ។ ប៉ុន្តែខ្ញុំយល់ថា ការធ្វើការងារខ្លួនឱ្យល្អ ជាការលូកដៃជ្រុលទៅវិញ។ ខ្ញុំគិតថា ការយកចិត្តទុកដាក់លើការងារខ្លួនឯង និងរ៉ាប់រងទំនួលខុសត្រូវច្រើន គឺធ្វើការច្រើនជ្រុល ធ្វើឱ្យប៉ះពាល់អ្នកដទៃ ហើយអាចប៉ះពាល់ទំនាក់ទំនងខ្ញុំជាមួយសហការី។ ខ្ញុំមិនបានយល់ថា ការបំពេញភារកិច្ចខ្លួន និងការអនុវត្តសេចក្ដីពិតជារឿងវិជ្ជមានទេ។ ផ្ទុយទៅវិញ ខ្ញុំយល់ថា ពេលអនុវត្តសេចក្ដីពិត ខ្ញុំនឹងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ខ្លួនឯងទៅវិញ។ គំនិតខ្ញុំពិតជាគួរឱ្យអស់សំណើចមែន។ ខ្ញុំស្ថិតក្រោមឥទ្ធិពលទស្សនៈខុសឆ្គងនេះ មានអាកប្បកិរិយាមិនត្រឹមត្រូវចំពោះភារកិច្ចខ្លួន ហើយមិនគិតពីបំណងព្រះហឫទ័យព្រះទាល់តែសោះ។ ពេលខ្ញុំឃើញអ្នកដឹកនាំក្លែងក្លាយនៅក្នុងក្រុមជំនុំ ខ្ញុំមិនហ៊ាននិយាយ ឬលើកឡើងទេ ហើយខ្ញុំមិនហ៊ានតាមដានការងារដែលខ្ញុំគួរតែតាមដានឡើយ។ ខ្ញុំកំពុងរក្សាទំនាក់ទំនងខ្ញុំជាមួយសហការី និងរក្សាតំណែងខ្ញុំជាអ្នកដឹកនាំ។ ខ្ញុំមិនបានបំពេញភារកិច្ចខ្លួនឯងទាល់តែសោះ។ ដោយសារខ្ញុំមានចេតនាមិនត្រឹមត្រូវក្នុងភារកិច្ចខ្លួន ទើបខ្ញុំគិតថា ការអនុវត្តសេចក្ដីពិត គឺជាការលូកដៃជ្រុល ហើយខ្ញុំប្រើរឿងនេះធ្វើជាលេស មិនព្រមធ្វើការងារពិតប្រាកដ។ ខ្ញុំពិតជាមានល្បិចកលមែន!

ខ្ញុំក៏ដឹងដែរថា ពេលវិនិច្ឆ័យថា តើបងដេណាសមធ្វើជាអ្នកមើលការខុសត្រូវឬអត់នោះ ខ្ញុំបារម្ភថា បើខ្ញុំស្នើបណ្ដេញគាត់ចេញ សហការីខ្ញុំនឹងគិតថា ខ្ញុំក្រអឺតក្រទមខ្លាំង ថាខ្ញុំចង់ប្ដូរអ្នកណាដែលខ្ញុំយល់ថាមិនស័ក្តិសមចេញ ទាំងមិនផ្ដល់ឱកាសឱ្យគេប្រែចិត្ត។ ក្នុងបញ្ហានេះ ខ្ញុំមិនត្រឹមតែរស់នៅតាមទស្សនវិជ្ជាបែបសាតាំងប៉ុណ្ណោះទេ ខ្ញុំថែមទាំងមិនចេះបែងចែងរវាងភាពក្រអឺតក្រទម និងការធ្វើតាមគោលការណ៍នៃសេចក្ដីពិតទៀតផង។ ខ្ញុំអានបន្ទូលព្រះថា «កាលណាអ្នកមានគំនិត ឬយោបល់មួយ ប្រសិនបើអ្នកអះអាងទាំងងងឹតងងល់ថា គំនិតនោះត្រឹមត្រូវ ហើយអ្នកត្រូវតែធ្វើតាមគំនិតនោះ ពេលនោះ អ្នកជាមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតហើយ។ ប្រសិនបើអ្នកមានគំនិត ឬយោបល់មួយដែលអ្នកយល់ថាត្រឹមត្រូវ ប៉ុន្តែអ្នកមិនមានទំនុកចិត្តទាំងស្រុងលើខ្លួនឯង ហើយអ្នកអាចប្រាកដចិត្តបាន តាមរយៈការស្វែងរក និងការប្រកបគ្នា ពេលនោះ នេះមិនមែនជាការរាប់ខ្លួនឯងជាសុចរិតទេ។ ការទទួលបានការឯកភាព និងការយល់ព្រមពីមនុស្សគ្រប់គ្នា មុនពេលអនុវត្តតាមគំនិតនោះ គឺជាវិធីសមហេតុផលដែលត្រូវប្រព្រឹត្ត» (ដកស្រង់ពី «មានតែតាមរយៈការរស់នៅចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ប៉ុណ្ណោះ ទើបមនុស្សអាចមានទំនាក់ទំនងធម្មតាជាមួយទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើអ្នកប្រាកដចិត្តថា អ្វីដែលអ្នករកឃើញ គឺជាបញ្ហា ហើយយល់ថា ការលើកឡើងពីរឿងនោះ នឹងផ្ដល់ប្រយោជន៍ដល់ការងារ តែអ្នកមិនហ៊ានប្រកាន់ខ្ជាប់តាមគោលការណ៍ តើវានឹងបង្កបញ្ហាអ្វីខ្លះទៅ? ប្រសិនបើអ្នកយល់ថាអ្វីមួយជាបញ្ហា ហេតុអ្វីក៏អ្នកខ្លាចក្នុងការប្រកាន់ខ្ជាប់តាមគោលការណ៍? នេះជាបញ្ហាដ៏ធ្ងន់ធ្ងរនៃអត្តចរិត ហើយវាទាក់ទងនឹងថាតើអ្នកស្រឡាញ់សេចក្តីពិតឬអត់ និងថាតើអ្នកមានស្មារតីនៃសេចក្តីសុចរិតឬអត់។ អ្នកគួរតែបញ្ចេញយោបល់របស់អ្នក ទោះបីជាអ្នកមិនដឹងថាយោបល់នោះត្រឹមត្រូវឬអត់ក៏ដោយចុះ។ ប្រសិនបើអ្នកមានយោបល់ ឬគំនិតមួយ អ្នកគួរតែនិយាយពីគំនិតនោះ រួចទុកឱ្យអ្នកដទៃជាអ្នកវាយតម្លៃវិញ។ ការធ្វើបែបនេះ នឹងមានប្រយោជន៍សម្រាប់អ្នក ហើយវាក៏នឹងបើកផ្លូវទៅរកការដោះស្រាយបញ្ហាផងដែរ។ ប្រសិនបើអ្នកគិតក្នុងចិត្តថា៖ 'ខ្ញុំនឹងមិនពាក់ព័ន្ធទេ។ បើអ្វីដែលខ្ញុំនិយាយគឺត្រឹមត្រូវ ខ្ញុំនឹងមិនទទួលបានកិត្តិយសទេ ហើយបើខ្ញុំនិយាយខុសវិញ គេនឹងដោះស្រាយជាមួយខ្ញុំមិនខាន។ វាមិនស័ក្ដិសមនឹងធ្វើឡើយ'។ តើគំនិតរបស់អ្នកនេះមិនអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬ? មនុស្សតែងតែគិតគូរពីផលប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច និងមិនអាចអនុវត្តសេចក្តីពិតបានឡើយ។ នោះជាស្ថានភាពលំបាកបំផុតអំពីមនុស្ស។ តើអ្នករាល់គ្នាមិនមានទស្សនវិជ្ជាសម្រាប់ការរស់នៅ និងផែនការដ៏ច្រើនបែបនេះនៅក្នុងចិត្តអ្នករាល់គ្នាទេឬអី? នៅក្នុងចិត្តអ្នករាល់គ្នា មានទស្សនវិជ្ជាមួយចំនួនរបស់សាតាំង ហើយទស្សនវិជ្ជាទាំងនោះបានត្រួតត្រាលើជីវិតអ្នកតាំងពីយូរណាស់មកហើយ។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សស្ដាប់សេចក្តីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនយល់អំពីសេចក្តីពិត រីឯច្រកចូលរបស់ពួកគេទៅក្នុងតថភាពនៃសេចក្តីពិតមានភាពយឺតយ៉ាវ ហើយកម្ពស់របស់ពួកគេវិញ ក៏បន្តនៅទាបខ្លាំងដដែល។ ហេតុផលនោះគឺថា សេចក្ដីពុករលួយបែបនេះ កំពុងតែរារាំង និងរំខានដល់ពួកគេ។ តើមនុស្សរស់នៅដោយសារអ្វីទៅ នៅពេលពួកគេអនុវត្តសេចក្តីពិតបែបនេះ? ពួកគេរស់នៅតាមនិស្ស័យពុករលួយទាំងនេះ រស់នៅតាមសញ្ញាណ ការស្រមើស្រមៃ និងទស្សនវិជ្ជាសម្រាប់ការរស់នៅ ក៏ដូចជាតាមអំណោយទាន។ ការរស់នៅតាមស្ថានភាពទាំងនេះ ពិតជាពិបាកណាស់សម្រាប់មនុស្សក្នុងការចូលមកចំពោះព្រះជាម្ចាស់ ដ្បិតពួកគេមានបន្ទុកធំពេក ហើយនឹមរបស់ពួកគេទៀតសោត ក៏ធ្ងន់ពេកផងដែរ។ ការរស់នៅរបស់មនុស្សតាមស្ថានភាពទាំងនេះ គឺនៅដាច់ឆ្ងាយពីសេចក្តីពិតពេកហើយ។ ស្ថានភាពទាំងនេះរារាំងអ្នកមិនឱ្យយល់ពីសេចក្តីពិត និងការអនុវត្តសេចក្តីពិតឡើយ។ ប្រសិនបើអ្នកមិនយល់ពីសេចក្តីពិតទេ នោះសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ នឹងប្រាកដជាមិនរីកចម្រើនទេ ហើយចំណេះដឹងរបស់អ្នកអំពីទ្រង់ក៏មិនទៅណាឆ្ងាយនោះដែរ។ នេះជារឿងដ៏សោកសៅ និងគួឱ្យអាណោចអាធ័មណាស់» (ដកស្រង់ពី «តើមនុស្សត្រូវពឹងអាងលើអ្វីឱ្យប្រាកដ ដើម្បីរស់នៅ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈបន្ទូលព្រះ ខ្ញុំយល់ថា បើយើងមានគំនិត ឬទស្សនៈណាមួយ តែមិនស្វែងរកគោលការណ៍នៃសេចក្ដីពិត មិនប្រកបគ្នា និងពិភាក្សាគ្នាជាមួយនរណា សម្រេចថាគំនិតយើងត្រូវទាំងងងឹតងងុល ហើយចង់ឱ្យគេស្ដាប់តាមយើង នេះទើបជាការក្រអឺតក្រទម។ ប្រសិនបើទស្សនៈដែលយើងប្រកាន់យកពុំត្រឹមត្រូវ ខុសទំនង ហើយមិនស្របតាមគោលការណ៍នៃសេចក្ដីពិត តែយើងតែងគិតថា យើងត្រូវ ហើយពុំស្ដាប់យោបល់របស់អ្នកផ្សេងទៀត នោះក៏រាប់ថាក្រអឺតក្រទមដែរ។ ប៉ុន្តែ បើយើងស្វែងរកសេចក្ដីពិត ហើយកំណត់ថា ទស្សនៈ និងទង្វើរបស់យើងស្របតាមសេចក្ដីពិត ហើយយើងកំពុងការពារកិច្ចការរបស់ពួកជំនុំ បើយើងអាចប្រកាន់តាមគោលការណ៍ មិនរងគំនាបពីអ្នកដទៃ នេះគឺជាការបង្ហាញពីស្មារតីយុត្តិធម៌ និងភក្ដីភាពចំពោះព្រះ។ នេះមិនរាប់ថាក្រអឺតក្រទមទេ។ ដូចគ្នានេះដែរ បើយើងមិនច្បាស់ថាតើគំនិតយើងត្រូវឬខុសនោះ ក៏មានគោលការណ៍អនុវត្តន៍មួយដែរ គឺយើងគិតអ្វី ត្រូវនិយាយដូច្នោះ ដើម្បីឱ្យគេអាចប្រកបគ្នា អាចយល់ និងអាចរកវិធីបំពេញកិច្ចការឱ្យបានត្រឹមត្រូវ។ បងអាប៊ីហ្គេល និងបងដេណា មិនមែនជាអ្នកដឹកនាំថ្មី ដែលមានការភ្លាំងភ្លាត់តិចតួច ដែលស័ក្តិសមនឹងផ្ដល់ឱកាសឱ្យ សមនឹងជួយ និងគាំទ្រនោះទេ។ ពួកគាត់បានធ្វើជាអ្នកដឹកនាំយូរមកហើយ។ ជាងនេះទៅទៀត គុណសម្បត្តិពួកគាត់ក៏មិនល្អ ពួកគាត់មិនធ្វើការងារពិតប្រាកដ ហើយពួកគាត់មិនអាចដោះស្រាយបញ្ហាក្នុងការងារបាន។ មនុស្សបែបនេះ ជាអ្នកដឹកនាំក្លែងក្លាយ។ ការកំណត់អ្នកដឹកនាំក្លែងក្លាយ និងប្ដូរពួកគេចេញឱ្យទាន់ពេល គឺជាការការពារកិច្ចការពួកជំនុំ និងការធ្វើតាមគោលការណ៍។ វាមិនមែនជាភាពក្រអឺតក្រទម ក៏មិនមែនជាការគ្មានចិត្តមិនផ្ដល់ឱកាសដល់ពួកគេនោះដែរ។ ខ្ញុំឃើញច្បាស់ថា បងទាំងពីរមានបញ្ហា តែដោយសារខ្ញុំខ្លាចសហការីគិតថា ខ្ញុំក្រអឺតក្រទម ទើបខ្ញុំមិនហានប្រកាន់យកទស្សនៈផ្ទាល់ខ្លួន។ ខ្ញុំរស់នៅតាមទស្សនវិជ្ជាបែបសាតាំង ជាមនុស្សផ្គាប់ចិត្តគេ ពុំអនុវត្តសេចក្ដីពិត បានត្រឹមឈរមើលការងារត្រូវយឺតយ៉ាវ ទាំងមិនបានធ្វើអ្វីសោះ។ ខ្ញុំមានឈ្មោះជាអ្នកដឹកនាំ តែមិនធ្វើការពិតប្រាកដ។ ខ្ញុំគឺជាអ្នកដឹកនាំក្លែងក្លាយច្បាស់ណាស់។ ព្រះស្អប់ខ្ពើមទង្វើរបស់ខ្ញុំជាខ្លាំង។ ការត្រូវគេបណ្ដេញចេញនេះ គឺជាសេចក្ដីសុចរិតនៃព្រះ ហើយក៏ជាសេចក្ដីសង្គ្រោះរបស់ព្រះចំពោះខ្ញុំដែរ។ ខ្ញុំពិតជាដឹងគុណព្រះ និងស្ដាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើខ្លាំងណាស់។ ខ្ញុំបានអធិស្ឋានទៅព្រះថា «ព្រះអង្គ ខ្ញុំម្ចាស់ធ្លាប់រស់នៅតាមទស្សនវិជ្ជាបែបសាតាំង។ ខ្ញុំម្ចាស់ក្បត់សេចក្ដីពិតម្ដងហើយម្ដងទៀត ហើយខ្ញុំម្ចាស់មិនបានរស់នៅតាមបំណងព្រះហឫទ័យទ្រង់ទេ។ ខ្ញុំម្ចាស់ចង់ប្រែចិត្ត។ សូមដឹកនាំខ្ញុំម្ចាស់អនុវត្តសេចក្ដីពិត និងការពារកិច្ចការពួកជំនុំផង»។ មិននឹកស្មានថា ពេលខ្ញុំប្ដូរអាកប្បកិរិយា បងប្អូនក៏ជ្រើសតាំងខ្ញុំជាអ្នកដឹកនាំម្ដងទៀត ហើយលើកទឹកចិត្តខ្ញុំឱ្យបំពេញភារកិច្ចឱ្យបានល្អ។ ខ្ញុំពិតជារំជួលចិត្តណាស់ ហើយខ្ញុំដឹងគុណព្រះដែលប្រទានឱកាសដល់ខ្ញុំម្ដងទៀត។

ក្រោយមក ខ្ញុំបានស្រាវជ្រាវរកផ្លូវអនុវត្តចំពោះបញ្ហាខ្ញុំផ្ទាល់ ហើយខ្ញុំបានអានអត្ថបទបន្ទូលព្រះមួយនេះ៖ «ប្រសិនបើអ្នកមានការជំរុញចិត្ត និងទស្សនៈយល់ឃើញអំពី 'មនុស្សល្អ' ពេលនោះ អ្នកនឹងមិនអាចអនុវត្តសេចក្តីពិត និងប្រកាន់ខ្ជាប់តាមគោលការណ៍នៅក្នុងគ្រប់កិច្ចការបានឡើយ ហើយអ្នកនឹងបរាជ័យ និងដួលចុះជានិច្ចមិនខាន។ ប្រសិនបើអ្នកមិនភ្ញាក់រឭក និងមិនស្វែងរកសេចក្តីពិតទេ នោះអ្នកគឺជាអ្នកមិនជឿ ហើយអ្នកនឹងមិនដែលទទួលបានសេចក្តីពិត និងជីវិតឡើយ។ ពេលនោះ តើអ្នកគួរតែធ្វើយ៉ាងម៉េចទៅ? នៅពេលជួបរឿងបែបនេះ អ្នកត្រូវតែអំពាវនាវរកព្រះជាម្ចាស់ ដោយការអធិស្ឋាន ការអង្វរសុំសេចក្តីសង្រ្គោះ និងការទូលសុំឱ្យព្រះជាម្ចាស់ប្រទានសេចក្តីជំនឿ និងកម្លាំងថែមទៀតដល់អ្នក ដើម្បីឱ្យអ្នកអាចប្រកាន់ខ្ជាប់តាមគោលការណ៍ ធ្វើអ្វីដែលអ្នកគួរធ្វើ ដោះស្រាយអ្វីៗស្របតាមគោលការណ៍ រក្សាជំហររបស់អ្នក ការពារដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ និងទប់ស្កាត់កុំឱ្យមានការខាតបង់ណាមួយដល់កិច្ចការនៃដំណាក់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួន កេរ្តិ៍ឈ្មោះ និងទស្សនៈអំពី 'មនុស្សល្អ' បានទេ ហើយប្រសិនបើអ្នកធ្វើអ្វីដែលគួរធ្វើដោយភាពស្មោះត្រង់ ដោយគ្មានចិត្តងាករេ នោះអ្នកនឹងយកឈ្នះលើសាតាំង ហើយនឹងទទួលបានទិដ្ឋភាពនៃសេចក្ដីពិតនេះ។ ប្រសិនបើអ្នកតែងតែរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ដោយថែរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកដទៃ និងមិនដែលអនុវត្តសេចក្តីពិត មិនហ៊ានប្រកាន់ខ្ជាប់តាមគោលការណ៍ ពេលនោះ តើអ្នកនឹងអាចអនុវត្តសេចក្តីពិតនៅក្នុងរឿងរ៉ាវផ្សេងទៀតបានដែរឬទេ? អ្នកនឹងគ្មានសេចក្តីជំនឿ គ្មានកម្លាំងឡើយ។ ប្រសិនបើអ្នកមិនអាចស្វែងរក ឬទទួលយកសេចក្តីពិតបានទេ ពេលនោះ តើសេចក្តីជំនឿលើព្រះជាម្ចាស់បែបនេះ នឹងអនុញ្ញាតឱ្យអ្នកអាចទទួលបានសេចក្តីពិតដែរឬទេ? (គឺអត់ទេ)។ ចុះប្រសិនបើអ្នកមិនអាចទទួលបានសេចក្តីពិតទេ តើអ្នកអាចបានសេចក្តីសង្រ្គោះដែរឬទេ? អ្នកមិនអាចឡើយ។ ប្រសិនបើអ្នករស់នៅតាមទស្សនវិជ្ជារបស់សាតាំងជានិច្ច ដោយគ្មានតថភាពនៃសេចក្តីពិតសោះ ពេលនោះ អ្នកមិនអាចទទួលបានសេចក្ដីសង្រ្គោះឡើយ។ អ្នកគួរតែដឹងច្បាស់ថា ការទទួលបានសេចក្តីពិត គឺជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់សេចក្តីសង្រ្គោះ។ អ៊ីចឹង តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានសេចក្តីពិត? ប្រសិនបើអ្នកអាចអនុវត្តសេចក្តីពិត បើអ្នកអាចរស់នៅតាមសេចក្តីពិត ហើយសេចក្តីពិតក្លាយជាមូលដ្ឋាននៃជីវិតរបស់អ្នក ពេលនោះ អ្នកនឹងទទួលបានសេចក្តីពិត និងមានជីវិត ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលទទួលបានសេចក្តីសង្រ្គោះមិនខាន» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមបន្ទូលរបស់ព្រះ ខ្ញុំយល់ថា ការធ្វើជាមនុស្សផ្គាប់ចិត្តគេ ដើម្បីការពារទំនាក់ទំនង ហើយមិនហ៊ានធ្វើតាមគោលការណ៍នៃសេចក្ដីពិត មិនការពារកិច្ចការពួកជំនុំ សារជាតិនៃទង្វើរបស់ខ្ញុំគឺ កំពុងការពារប្រយោជន៍ផ្ទាល់ខ្លួន ដោយលះបង់ប្រយោជន៍ពួកជំនុំ។ នេះគឺជាការប្រមាថដល់ព្រះ និងជាការក្បត់ព្រះ។ បើខ្ញុំមិនប្រែចិត្ត មិនស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហាខ្ញុំទេ ខ្ញុំមុខជាត្រូវព្រះផាត់ចោលមិនខាន។ ក្នុងពេលនោះ ខ្ញុំក៏រកឃើញផ្លូវអនុវត្តន៍មួយផងដែរ។ ពេលមានរឿងកើតឡើង ហើយយើងចង់ការពារប្រយោជន៍ផ្ទាល់ខ្លួន យើងគួរអធិស្ឋាន និងពឹងលើព្រះ ទូលសូមទ្រង់ឱ្យប្រទានកម្លាំង លះបង់សាច់ឈាម និងប្រកាន់យកគោលការណ៍នៃសេចក្ដីពិត និងផ្ដោតសំខាន់លើប្រយោជន៍ពួកជំនុំ។ ពេលអនុវត្តបែបនេះ និងដោយមានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធផងនោះ យើងនឹងយល់ពីសេចក្ដីពិតបានច្រើន ការតាំងចិត្តអនុវត្តសេចក្ដីពិតរបស់យើង ក៏នឹងកើនឡើងដែរ ហើយនិស្ស័យពុករលួយយើង មិនអាចចងរឹតយើងជាប់ទេ ដូច្នេះ យើងអាចរស់នៅមានសេរីភាពជាងមុន។ ខ្ញុំបានសម្រេចចិត្តថា ចាប់ពីពេលនេះតទៅ ក្នុងភារកិច្ចខ្ញុំ ខ្ញុំលែងរក្សាទំនាក់ទំនងជាមួយអ្នកដទៃទៀតហើយ ហើយចំពោះបញ្ហាគោលការណ៍វិញ ខ្ញុំត្រូវតែអនុវត្តសេចក្ដីពិតដើម្បីការពារកិច្ចការពួកជំនុំ។

មួយរយៈក្រោយមក ខ្ញុំក៏ឃើញថា ការងារស្រោចស្រពនៅក្រុមជំនុំដែលបងរ៉ូបឺតាមើលខុសត្រូវ មានលទ្ធផលមិនល្អទេ ហើយការចូលរួមជួបជុំរបស់អ្នកជឿថ្មីជាច្រើន ក៏មិនសូវទៀងទាត់ដែរ។ ខ្ញុំបានដឹងថា បងរ៉ូបឺតា ពុំបានធ្វើការងារពិតប្រាកដទេ។ គាត់កម្រដោះស្រាយបញ្ហា និងការលំបាករបស់អ្នកជឿថ្មីណាស់ ហើយគាត់ក៏កម្រតាមដានការងារ និងស្វែងយល់ពីការងារបុគ្គលិកស្រោចស្រពដែរ។ បុគ្គលិកស្រោចស្រពពីរបីនាក់ទៀត ក៏មានភាពជាមនុស្សមិនល្អដូចគ្នា ដែលមានទម្លាប់ធ្វើការឱ្យតែរួចពីដៃ លេងល្បិច និងបោកបញ្ឆោតនៅក្នុងភារកិច្ចពួកគេ ហើយគាត់មិនបានបណ្ដេញពួកនោះចេញឱ្យទាន់ពេលនោះទេ។ ខ្ញុំដឹងច្បាស់ថា បងរ៉ូបឺតាមិនអាចធ្វើជាអ្នកមើលខុសត្រូវទៀតឡើយ។ តែពេលនោះ ខ្ញុំគិតថា៖ «បងរ៉ូបឺតាធ្លាប់ធ្វើជាដៃគូខ្ញុំ។ បើគាត់ដឹងថា ខ្ញុំស៊ើបអង្កេតគាត់ ហើយចង់បណ្ដេញគាត់ចេញ តើគាត់នឹងគិតបែបណាចំពោះខ្ញុំ? តើគាត់នឹងគិតថា ខ្ញុំធ្វើអ្វីអត់ចិត្តសោះដែរទេ?» ខ្ញុំដឹងខ្លួនថា ខ្ញុំចង់រក្សាទំនាក់ទំនងជាមួយគេទៀតហើយ។ ខ្ញុំក៏អធិស្ឋានទៅព្រះ ដោយទូលសូមទ្រង់ឱ្យប្រទានកម្លាំងដល់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចប្រកាន់យកគោលការណ៍នៃសេចក្ដីពិត និងការពារកិច្ចការពួកជំនុំ។ បន្ទាប់ពីនោះ ខ្ញុំបានប្រាប់សហការីអំពីគំនិតដែលខ្ញុំចង់បណ្ដេញបងរ៉ូបឺតាចេញ។ បងជែកគីនិយាយថា៖ «បងរ៉បឺតាបានមើលខុសត្រូវការងារស្រោចស្រពមួយរយៈហើយ ព្រមទាំងមានបទពិសោធការងារខ្លះផង។ បើប្អូនបណ្ដេញគាត់ចេញ មុខជាពិបាករកអ្នកជំនួសបានភ្លាមៗណាស់»។ ប៉ុន្តែពេលនេះ ខ្ញុំប្រកាន់តាមទស្សនៈខ្លួនឯង មិនព្រមចុះញ៉មឡើយ។ ក្នុងពេលនោះដែរ ខ្ញុំបានរាយការណ៍បញ្ហានេះទៅអ្នកដឹកនាំថ្នាក់លើ ហើយបន្ទាប់ពីពួកគាត់ប្រកបគ្នា និងវិភាគរួច ពួកគាត់ក៏បណ្ដេញបងរ៉ូបឺតាចេញ។ តាមរយៈបទពិសោធនេះ ខ្ញុំដឹងថា អ្នកដែលរស់នៅតាមទស្សនវិជ្ជាបែបសាតាំង អាចត្រឹមក្លាយជាមនុស្សគួរឱ្យស្អប់ និងថោកទាបប៉ុណ្ណោះ។ ពួកគេមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិច្ចការពួកជំនុំទេ តែក៏ធ្វើឱ្យព្រះស្អប់ខ្ពើមពួកគេផងដែរ។ ការអនុវត្តសេចក្ដីពិត និងបន្ទូលព្រះ អាចនាំយើងឱ្យមានការដោះលែងនិងសេរីភាពខាងវិញ្ញាណ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តាមរយៈជំងឺ នោះបំណងចង់បានព្រះពររបស់ខ្ញុំត្រូវបានបើកសម្ដែង

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សព្យាយាមចង់បាន គឺឱ្យបានព្រះពរសម្រាប់អនាគត។...

ការរំដោះខ្លួនពីខ្នោះនៃចំណង

ដោយ ជូ យ័ន (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល...

សមរភូមិខាងវិញ្ញាណ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។...

Leave a Reply