៧៣. សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់

ដោយ យីឈិន (ចិន)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធន៍អំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានអត្ថបទព្រះបន្ទូលនេះហើយ ខ្ញុំមិនអាចទ្រាំមិនគិតពីភាពក្រអឺតក្រទមដែលខ្ញុំធ្លាប់មានកាលពីមុនបានទេ។ ខ្ញុំធ្លាប់មានបំណងចិត្តដែលមិនអាចហាមឃាត់បាន តែងតែស្វែងរកកេរ្តិ៍ឈ្មោះនិងឋានៈ ប្រជែងជាមួយគេ និងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ខ្ញុំបានរស់នៅដោយគ្មានលក្ខណៈជាមនុស្សទេ។ បន្ទាប់ពីបានជួបប្រទះការជំនុំជម្រះ ការវាយផ្ចាល និងការប្រៀនប្រដៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មក ខ្ញុំចាប់ផ្ដើមយល់ពីធម្មជាតិជាសាតាំងរបស់ខ្ញុំបានបន្តិចបន្ដួច។ ខ្ញុំប្រែជាសោកស្ដាយ និងស្អប់ខ្លួនឯង ហើយក្លាយជាស្មោះត្រង់ និងចេះបន្ទាបខ្លួនជាងមុនបន្តិច។ ខ្ញុំពិតជាមានអារម្មណ៍ថា ការជំនុំជម្រះ និងវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិមែន។

ក្នុង ឆ្នាំ ២០០៥ ជាងមួយឆ្នាំបន្ទាប់ពីបានទទួលជឿលើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ។ ពេលត្រូវបានព្រះជាម្ចាស់លើកតម្កើង និងត្រូវបានបងប្អូនប្រុសស្រីទុកចិត្ត ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយតាំងចិត្តបំពេញភារកិច្ចឱ្យបានល្អដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ទ្រង់។ មិនយូរប៉ុន្មាន ខ្ញុំបានចូលរួមក្នុងកិច្ចការពួកជំនុំ។ នៅពេលអ្នកដទៃធ្លាក់ចូលក្នុងសភាពណាមួយ ឬជួបការលំបាកដទៃទៀត ខ្ញុំតែងស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីជួយដោះស្រាយឱ្យពួកគេ និងបានគិតថា បើទោះអ្វីដែលខ្ញុំបានប្រកបគ្នានៅរាក់កំភែលនៅឡើយ តែខ្ញុំនៅតែអាចមានលទ្ធផលខ្លះៗដដែល។ បងប្អូនប្រុសស្រីបាននិយាយថាការប្រកបគ្នារបស់ខ្ញុំបានជួយពួកគេខ្លះដែរ។ ដោយសារខ្ញុំបានជោគជ័យខ្លះក្នុងភារកិច្ចរបស់ខ្ញុំ អ្នកដឹកនាំម្នាក់បានឱ្យខ្ញុំធ្វើការឱ្យពួកជំនុំជាច្រើនទៀត។ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ជាពិសេស នៅពេលខ្ញុំបានឃើញថាខ្ញុំចាប់យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់លឿនជាងបងស្រីដែលខ្ញុំធ្វើការជាមួយ ហើយអ្នកដឹកនាំឱ្យតម្លៃខ្ញុំខ្ពស់ ខ្ញុំពិតជាសប្បាយចិត្តនឹងខ្លួនឯងណាស់។ ខ្ញុំបានគិតថា អ្នកដឹកនាំគិតថាខ្ញុំជាមនុស្សម្នាក់ដែលមានសក្តានុពលពិតប្រាកដ ជាមនុស្សមានទេពកោសល្យមិនអាចខ្វះបានក្នុងក្រុមជំនុំ។ យូរៗទៅ ខ្ញុំកាន់តែក្រអឺតក្រទមឡើងៗ ហើយបានគិតថា ពេលនេះខ្ញុំមានតថភាពនៃសេចក្ដីពិតបន្តិចបន្ដួចហើយ។ ខ្ញុំឈប់ផ្ដោតសំខាន់លើការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ ហើយខ្ញុំមិនស្វែងរកសេចក្ដីពិតទេនៅពេលខ្ញុំជួបប្រទះបញ្ហាអ្វីនោះ។ ខ្ញុំតែងតែពេញចិត្តនឹងខ្លួនឯង ឆ្មើងឆ្មៃ និងមើលងាយបងប្អូនប្រុសស្រី។ នៅពេលខ្ញុំឃើញពួកគេខ្លះជាប់ជំពាក់ទៅដោយនិស្ស័យពុករលួយរបស់ពួកគេ និងមិនអាចបំពេញភារកិច្ចរបស់ពួកគេបានល្អ ខ្ញុំឈប់ប្រកបគ្នាអំពីសេចក្ដីពិតដើម្បីជួយពួកគេដោយសេចក្ដីស្រឡាញ់ទៀតហើយ ប៉ុន្តែបែរជាស្ដីបន្ទោសពួកគេទាំងកំបុតកំបុយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ចំណុចនេះហើយ ប៉ុន្តែបងប្អូននៅតែអរសប្បាយនឹងខាងសាច់ឈាមដោយការលោភលន់ទៀត។ តើបងប្អូនមិនបារម្ភថា បងប្អូននឹងត្រូវធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ និងត្រូវទទួលការដាក់ទោសទេឬ? ប្រសិនបើបងប្អូនមិនចាប់ផ្ដើមបំពេញភារកិច្ចរបស់បងប្អូនឱ្យបានល្អទេ នោះបងប្អូននឹងត្រូវបោះបង់ចោលមិនខាន»។ ខ្ញុំបានឃើញថា ពួកគេកំពុងរងគំនាប និងមិនចង់ជួបខ្ញុំឡើយ ប៉ុន្តែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ តែបែរជារអ៊ូរទាំដែលពួកគេមិនបានស្វែងរកសេចក្ដីពិត។

មិនយូរប៉ុន្មាន អ្នកដឹកនាំបានមកចូលរួមការជួបជុំគ្នារបស់យើង។ ខ្ញុំបានគិតថា គឺដើម្បីមកដំឡើងតំណែងខ្ញុំ។ ពិតជាភ្ញាក់ផ្អើលណាស់ គាត់បាននិយាយថា ច្រកចូលទៅក្នុងជីវិតរបស់ខ្ញុំរាក់កំភែល ថាការប្រកបគ្នារបស់ខ្ញុំមិនអាចដោះស្រាយបញ្ហាបានទេ ហើយថាខ្ញុំមិនស័ក្តិសមនឹងនៅទទួលខុសត្រូវលើការងាររបស់ពួកជំនុំច្រើនទេ។ ពេលស្ដាប់ឮបែបនេះ ខ្ញុំស្រឡាំងកាំង គំនិតរបស់ខ្ញុំទទេស្អាតទាំងស្រុង។ ខ្ញុំមិនទាំងដឹងថាបានមកដល់ផ្ទះដោយបែបណាទេ បន្ទាប់ពីប្រជុំចប់។ ខ្ញុំគ្រាន់តែចាំថាបានយំតាមផ្លូវមករហូត ដោយគិតថា៖ «ខ្ញុំបានខំបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងខ្លាំង គួរតែបានរីកចម្រើនទៅមុខ តែខ្ញុំបែរជាដាំក្បាលចុះទៅវិញ។ តើបងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំ? ហាក់ដូចជាខ្ញុំមិនអាចទទួលខុសត្រូវលើទំហំការងារធំបែបនេះបានទេ ប៉ុន្តែតើខ្ញុំអាចលាលែងពីតំណែងរបស់ខ្ញុំទៅធ្វើភារកិច្ចតូចតាចយ៉ាងម៉េចបានទៅ?» ខ្ញុំមិនអាចញ៉ាំ ឬគេងលក់អស់ពេលជាច្រើនថ្ងៃ និងបានធ្លាក់ចូលទៅក្នុងទុក្ខភ័យ។ ខ្ញុំបានត្រឹមអធិស្ឋានទៅព្រះជាម្ចាស់ដោយទូលសុំទ្រង់ឱ្យបំភ្លឺ និងណែនាំខ្ញុំ ដើម្បីឱ្យខ្ញុំអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តបន្ទាប់ពីបានអធិស្ឋានរួច ហើយខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ៖ «នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ ... អ្នករាល់គ្នា ឥឡូវនេះជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នក ឱ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកស្វែងរកបានល្អ ប៉ុន្តែ នៅពេលដែលឋានៈអ្នកទាប អ្នកនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចំលើយមិនកើតមាន ដោយសារតែការរំពឹងទុកមិនគាប់ប្រសើរទេឬ? ... បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែមធ្យ័ត ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នា បន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ?» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ បន្ទាប់ពីខ្ញុំបានអានព្រះបន្ទូលនេះ។ ទ្រង់បានបង្កើតស្ថានការណ៍នោះដើម្បីដោះស្រាយបំណងចិត្តចង់បានឋានៈរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង និងដើរលើផ្លូវត្រូវក្នុងការស្វែងរកសេចក្ដីពិត។ ខ្ញុំបានគិតថាតើការស្វែងរក និងការលះបង់ក្នុងសេចក្ដីជំនឿរបស់ខ្ញុំពិតជាដើម្បីស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចជាសត្តនិករដែលបានបង្កើតមកមែន ឬអត់។ ការពិតនោះគឺថា ខ្ញុំគ្រាន់តែធ្វើដើម្បីបំពេញមហិច្ចតារបស់ខ្ញុំ ដើម្បីឱ្យបានពូកែលើសគេប៉ុណ្ណោះ ហើយពុំបានស្វែងរកសេចក្ដីពិតទាល់តែសោះ! ដូច្នេះ នៅពេលខ្ញុំមានតួនាទី ខ្ញុំពិតជាពេញចិត្តនឹងខ្លួនឯងណាស់ និងមិនបានព្យាយាមឱ្យបានរីកចម្រើនទៅមុខទេ។ នៅពេលខ្ញុំត្រូវគេបណ្ដេញចេញ មិនត្រឹមតែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ប៉ុន្តែខ្ញុំប្រែជាអវិជ្ជមាន និងទន់ខ្សោយ ព្រមទាំងបានស្ដីបន្ទោសព្រះជាម្ចាស់ថែមទៀត។ ខ្ញុំថែមទាំងបានគិតចង់លះបង់ភារកិច្ច និងផិតក្បត់ចំពោះព្រះជាម្ចាស់ទៀតផង។ ខ្ញុំពិតជាខ្វះសតិសម្បជញ្ញៈ និងហេតុផល អាត្មានិយម និងគួរឱ្យស្អប់ខ្លាំងណាស់។ ការត្រូវបណ្ដេញចេញនេះគឺព្រះជាម្ចាស់ការពារខ្ញុំទេ។ ខ្ញុំមិនគួរក្លាយជាអវិជ្ជមាន និងមិនយល់ពីព្រះជាម្ចាស់សោះ តែគួរបានស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសេចក្ដីពុករលួយរបស់ខ្ញុំ។ នៅពេលខ្ញុំបានដឹងរឿងនោះ ខ្ញុំបានមកអធិស្ឋានចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំមិនចង់ស្វែងរកឋានៈអីទៀតនោះ ទេ។ ទូលបង្គំប្រាថ្នាចង់ចុះចូលនឹងការដឹកនាំ និងការរៀបចំរបស់ទ្រង់ ស្វែងរកសេចក្ដីពិតដោយប្រាកដ និងបំពេញភារកិច្ចដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់»។ នៅប៉ុន្មានថ្ងៃបន្ទាប់ ខ្ញុំបានផ្ដោតសំខាន់លើការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឆ្លុះបញ្ចាំងពីខ្លួនឯង ហើយនៅពេលខ្ញុំបានបើកសម្ដែងពីនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំជាថ្មី ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ និងបានលះបង់ខ្លួន។ ខ្ញុំមានអារម្មណ៍កាន់តែប្រសើរជាងមុនក្រោយពីបានអនុវត្តវិធីនេះមួយរយៈ ហើយខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីបានយ៉ាងល្អ។

បន្ទាប់ពីបានធ្វើបែបនេះជាច្រើនឆ្នាំមក ខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំជាថ្មីម្ដងទៀត។ មិនយូរប៉ុន្មានបន្ទាប់ពីនោះមក ក្រុមជំនុំខ្ញុំត្រូវបានបញ្ចូលគ្នាជាមួយក្រុមជំនុំមួយទៀត ដូច្នេះយើងត្រូវរៀបចំបោះឆ្នោតរកអ្នកដឹកនាំសាជាថ្មី។ បំណងចិត្តចង់បានឋានៈបុរបស់ខ្ញុំលេចក្បាលជាថ្មីដោយសារបញ្ហានេះ ហើយខ្ញុំពិតជាខ្លាចបាត់បង់តួនាទីរបស់ខ្ញុំណាស់។ ក្នុងការប្រជុំគ្នាជាមួយអ្នកដឹកនាំមកពីក្រុមជំនុំដទៃ ខ្ញុំបានឃើញថាការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលព្រះជាម្ចាស់ និងការប្រកបគ្នាអំពីសេចក្ដីពិតគ្មានអ្វីពិសេសអស្ចារ្យណាស់ណាទេ ដូច្នេះខ្ញុំបានគិតថាការត្រូវបានជ្រើសរើសជាអ្នកដឹកនាំគឺប្រាកដជាធ្លាក់មកលើខ្ញុំ។ ដើម្បីរក្សាតំណែងរបស់ខ្ញុំ និងឱ្យមនុស្សកាន់តែច្រើនបានឃើញពីសមត្ថភាពរបស់ខ្ញុំ ខ្ញុំបានទៅជួយដោះស្រាយបញ្ហាមួយចំនួននៅក្នុងក្រុមជំនុំដែលទន់ខ្សោយ ដោយសន្យាដោះស្រាយបញ្ហានោះឱ្យបានឆាប់។ ខ្ញុំបានធ្វើឱ្យខ្លួនឯងរវល់ក្នុងការប្រកបគ្នាជារៀងរាល់ថ្ងៃ ដោយប្រកបគ្នានិងដោះស្រាយបញ្ហានានា ហើយក្នុងការប្រកបគ្នារបស់ខ្ញុំ ខ្ញុំមានចេតនានិយាយអំពីការងារដែលខ្ញុំបានបំពេញពីមុនមក សមិទ្ធិផលដ៏អស្ចារ្យដែលខ្ញុំអាចសម្រេចបាន និងការដែលត្រូវអ្នកដឹកនាំឱ្យតម្លៃខ្ញុំ។ ខ្ញុំក៏មានចេតនានិយាយអំពីកំហុស និងភាពវៀចវេរក្នុងកិច្ចការរបស់អ្នកដឹកនាំក្រុមជំនុំដទៃផងដែរ ដើម្បីលើកខ្លួនឯងឱ្យខ្ពស់ និងបន្ទាបអ្នកដទៃ។ ប៉ុន្តែព្រះជាម្ចាស់ទតឃើញពីដួងចិត្ត និងគំនិតរបស់ខ្ញុំ ហើយដោយសារគំនិតក្នុងភារកិច្ចរបស់ខ្ញុំមិនត្រឹមត្រូវ ព្រះជាម្ចាស់បានពួនព្រះអង្គទ្រង់ចេញពីខ្ញុំ។ ក្នុងអំឡុងពេលនោះ បើទោះបីជាខ្ញុំមានការរវល់ឥតឈប់ក្ដី ក៏ខ្ញុំមិនបានសម្រេចផលអ្វីពីកិច្ចការរបស់ខ្ញុំបានដែរ។ មាត់របស់ខ្ញុំចាប់ផ្ដើមចេញដំបៅ ហើយគ្រាន់តែផឹកទឹកក៏ឈឺដែរ។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ហើយខ្ញុំបានគិតថា តាំងពីខ្ញុំមកដល់ទីនេះ ខ្ញុំមិនបានដោះស្រាយអ្វីទេ ហើយការងាររបស់ខ្ញុំក៏មិនបានសម្រេចលទ្ធផលអ្វីដែរ។ ខ្ញុំឆ្ងល់ថាអ្នកដឹកនាំនឹងយល់ឃើញបែបណាចំពោះខ្ញុំ ថាតើពួកគេគិតថា ខ្ញុំគ្មានសមត្ថភាពមែនទេ។ ចុះបើខ្ញុំត្រូវគេបណ្ដេញចេញនៅមុនការបោះឆ្នោតនោះ? ពិតជាអាម៉ាសខ្លាំងណាស់! នៅពេលមានគំនិតបែបនេះ ខ្ញុំចង់តែដោះស្រាយបញ្ហាទាំងអស់ឱ្យរួចភ្លាមៗទេ ប៉ុន្តែមិនថាខ្ញុំបានប្រកបគ្នាដោយបែបណាទេ បញ្ហានៅតែបន្តកើតមានដូចមុនដដែល។ ខ្ញុំមានអារម្មណ៍កើតទុក្ខជាខ្លាំង ដូច្នេះខ្ញុំបានមករកព្រះជាម្ចាស់ និងបានអធិស្ឋានទៅកាន់ទ្រង់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំបានធ្លាក់ចូលទៅក្នុងភាពងងឹត ហើយទូលបង្គំពុំបានយល់ពីបញ្ហាអ្វីឡើយ។ ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំច្បាស់ជាទាស់ទទឹងនឹងព្រះជាម្ចាស់ហើយ ដូច្នេះ ទូលបង្គំទូលសុំទ្រង់ឱ្យណែនាំទូលបង្គំផង។ ទូលបង្គំសុខចិត្តឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តចំពោះទ្រង់»។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឲ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខយើងដើម្បីដណ្ដើមឋានៈកិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា យើងកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខយើង គឺយើងបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់យើង និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់យើង ប៉ុន្ដែយើងមិនដែលគេចចេញពីពាក្យសម្ដីនិងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ យើងសព្វព្រះហឫទ័យឲ្យពាក្យសម្ដីនិងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់យើង ប្រយោជន៍ឲ្យយើងអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់យើង ហើយការជំនុំជម្រះរបស់យើងមិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ» («កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះនិងការបើកសម្ដែងបានធ្វើឱ្យខ្ញុំភ័យញាប់ញ័រ! ខ្ញុំបានគិតត្រឡប់មកវិញថាតើខ្ញុំបានគិត និងបានធ្វើការដោយបែបណា។ ដើម្បីធានាពីតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំ និងឱ្យមនុស្សជាច្រើនកោតសរសើរខ្ញុំ ខ្ញុំបានបង្ហាញពីការដោះស្រាយបញ្ហាតាមរយៈការប្រកបគ្នាដើម្បីបញ្ជាក់ពីខ្លួនឯង និងទាក់ទាញចិត្តគេឱ្យបាន ដោយលើកតម្កើងខ្លួនឯង និងមើលស្រាលអ្នកដទៃគ្រប់យ៉ាង។ ខ្ញុំចាត់ទុកបងប្អូនប្រុសស្រីដូចជាគូប្រជែង ដោយប្រើកលល្បិច និងល្បិចស្នៀតជាច្រើន។ ខ្ញុំគ្មានលក្ខណៈដូចគ្នានឹងមនុស្សដែលជឿសោះ គ្មានភាពជាមនុស្សទេ។ តើខ្ញុំមានអីខុសគ្នាពីសត្វដែលប្រខាំគ្នាដណ្ដើមបាយទៅ? ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្លាំងណាស់! ខ្ញុំកំពុងធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ដោយកិច្ចការរបស់ខ្ញុំ និងបានប្រមាថនិស្ស័យរបស់ទ្រង់ជាយូរមកហើយ។ ការរងទុក្ខលំបាកដោយចេញដំបៅ និងការដែលពុំបានសម្រេចអ្វីក្នុងការងាររបស់ខ្ញុំ នោះគឺព្រះជាម្ចាស់វាយផ្ចាល និងប្រៀនប្រដៅខ្ញុំ។ បំណងព្រះហឫទ័យរបស់ទ្រង់គឺដើម្បីឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង ដើម្បីប្រែចិត្ត និងបំផ្លាស់បំប្រែ។ ខ្ញុំបានគិតថាហេតុអ្វីបានជាខ្ញុំតែងតែស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈដោយគិតថាវាសំខាន់ជាងអ្វីទាំងអស់បែបនេះ។ អ្វីៗសុទ្ធតែដោយសារសាតាំងបោកបញ្ឆោត និងធ្វើឱ្យពុករលួយ។ វាបានប្រើឥទ្ធិពលការអប់រំ និងឥទ្ធិពលសង្គមដើម្បីឱ្យដួងចិត្តរបស់ខ្ញុំលិចលង់ដោយថ្នាំពុល និងទស្សនវិជ្ជាទាំងអស់នេះ ដូចជាថា «អ្នកណាដែលធ្វើការប្រើគំនិតគ្រប់គ្រងអ្នកដទៃ ហើយអ្នកណាដែលធ្វើការដោយប្រើដៃ ត្រូវបានអ្នកដទៃគ្រប់គ្រង» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក»។ ទស្សនវិជ្ជារបស់សាតាំងទាំងអស់នេះបានចាក់ឫសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ខ្ញុំ និងបានក្លាយជាធម្មជាតិរបស់ខ្ញុំ។ ខ្ញុំកំពុងរស់នៅក្នុងថ្នាំពុលទាំងអស់នេះ ដោយកាន់តែក្រអឺតក្រទម និងបោកបញ្ឆោតខ្លាំងឡើង ដោយថ្វាយបង្គំកេរ្តិ៍ឈ្មោះ និងឋានៈ តែងតែចង់បានល្អលើសគេ និងពូកែជាងអ្នកដទៃ។ ដោយសារខ្ញុំមិនបានដើរលើផ្លូវត្រូវ តែកំពុងរស់នៅក្នុងនិស្ស័យជាសាតាំងដែលពុករលួយ ខ្ញុំពិតជាខ្វាក់ភ្នែក និងមិនអាចមើលឃើញពីឫសគល់នៃបញ្ហានេះទេ ខ្ញុំក៏មិនអាចដោះស្រាយបញ្ហារបស់អ្នកដទៃបាន ហើយខ្ញុំក៏បានពន្យារកិច្ចការពួកជំនុំផងដែរ។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ តែខ្ញុំកំពុងធ្វើអំពើអាក្រក់! ខ្ញុំបានក្រាបខ្លួនចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ និងបានប្រែចិត្តចំពោះទ្រង់៖ «ព្រះជាម្ចាស់ ទូលបង្គំបានព្រងើយកន្តើយនឹងភារកិច្ចរបស់ខ្លួន ដើម្បីតែកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ដោយព្យាយាមបោកប្រាស់ និងឆបោកព្រះអង្គ។ ទូលបង្គំគួរត្រូវបណ្ដាសា! ឱ ព្រះជាម្ចាស់អើយ! ទូលបង្គំមិនចង់ធ្វើបែបនេះទៀតទេ។ ទូលបង្គំចង់ប្រែចិត្តចំពោះទ្រង់»។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ៖ «ដោយសារអ្នកជាសត្ដនិកររបស់ព្រះជាម្ចាស់ អ្នកត្រូវតែបំពេញកាព្វកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីអ្នករាល់គ្នាទេ។ នេះជារបៀបដែលអ្នករាល់គ្នាគប្បីអធិស្ឋាន៖ 'ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈ ឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ... ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់ មិនធ្វើឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ'» («អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់នូវផ្លូវអនុវត្តមួយដល់ខ្ញុំ។ មិនថាខ្ញុំត្រូវគេប្ដូរចេញ ឬខ្ញុំមានឋានៈអ្វីនោះទេ ខ្ញុំនៅតែត្រូវស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អដដែល ហើយផ្ដោតសំខាន់លើការអនុវត្តសេចក្ដីពិតក្នុងភារកិច្ចរបស់ខ្ញុំ និងបណ្ដេញនិស្ស័យជាសាតាំងរបស់ខ្ញុំចេញ។ បន្ទាប់ពីនោះមក ខ្ញុំបានកែប្រែគំនិតក្នុងភារកិច្ចរបស់ខ្ញុំ និងបានផ្ដោតសំខាន់លើការធ្វើឱ្យខ្លួនឯងស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ ដើម្បីអានព្រះបន្ទូលរបស់ទ្រង់ និងអធិស្ឋាន។ ខ្ញុំបានដាក់បញ្ហារបស់ពួកជំនុំក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងឱ្យទ្រង់ជួយដោះស្រាយ ហើយខ្ញុំបានស្វែងរកសេចក្ដីពិតជាមួយបងប្អូនប្រុសស្រី។ បញ្ហាទាំងអស់នៅក្នុងក្រុមជំនុំត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ ខ្ញុំពិតជាពោរពេញទៅដោយការដឹងគុណចំពោះព្រះជាម្ចាស់ណាស់។ ព្រះជាម្ចាស់គឺជាក់ស្ដែងណាស់ គួរឱ្យស្រឡាញ់ណាស់ ហើយទ្រង់នៅខាងខ្ញុំ ដោយបង្កើតអ្វីៗដើម្បីបន្សុទ្ធ និងបំផ្លាស់បំប្រែខ្ញុំ។ ខ្ញុំក៏បានដឹងថា ការស្វែងរកសេចក្ដីពិត និងការផ្លាស់ប្ដូរនិស្ស័យនៅក្នុងសេចក្ដីជំនឿសំខាន់ប៉ុនណាហើយ។

ប្រាំមួយខែក្រោយមក ខ្ញុំបានទទួលខុសត្រូវលើការងារពួកជំនុំមួយចំនួនទៀត។ ដោយដឹងថាបំណងចិត្តចង់បានឋានៈរបស់ខ្ញុំខ្លាំងប៉ុនណា ហើយនិស្ស័យរបស់ខ្ញុំក្រអឺតក្រទមប៉ុនណានោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ដោយអស់ពីចិត្ត ដើម្បីឱ្យខ្ញុំអាចកែប្រែគំនិតរបស់ខ្ញុំ និងបំពេញភារកិច្ចឱ្យបានល្អ។ នៅពេលនោះ ខ្ញុំត្រូវបានគេរៀបចំឱ្យធ្វើការជាមួយបងស្រី វ៉ាង ដែលមានទស្សនៈវិស័យច្បាស់លាស់ចំពោះបញ្ហានានា និងមានភាពចាស់ទុំក្នុងការដោះស្រាយបញ្ហា។ ខ្ញុំបានសុំយោបល់ពីគាត់ជាញឹកញាប់ និងបានរៀនសូត្រពីចំណុចខ្លាំងរបស់គាត់។ បន្ទាប់ពីបានធ្វើបែបនេះជាច្រើនខែមក ខ្ញុំបានរីកចម្រើនជាខ្លាំងក្នុងការប្រកបគ្នាអំពីសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា និងបានបំពេញកិច្ចការពួកជំនុំជាច្រើន។ បងប្អូនប្រុសស្រីក៏កោតសរសើរខ្ញុំផងដែរ។ ពេលខ្ញុំបានដឹងបែបនេះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាថ្មី ដោយគិតថា បើទោះបីជាខ្ញុំមានសេចក្ដីជំនឿថ្មី ក៏ការប្រកបគ្នារបស់ខ្ញុំល្អដូចជាងបងស្រី វ៉ាង ដែរ ហើយខ្ញុំបានធំធាត់ខាងសមត្ថភាពរបស់ខ្ញុំក្នុងការដោះស្រាយបញ្ហា។ ខ្ញុំបានគិតថាកម្ពស់របស់ខ្ញុំបានធំធាត់ហើយ។ ខ្ញុំមិនបានដឹងថាភាពក្រអឺតក្ទមរបស់ខ្ញុំកំពុងបង្ហាញចេញមកនៅគ្រប់ជ្រុងទេ ហើយបំណងចិត្តចង់បានកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំបានត្រឡប់ជាខ្លាំងលើសមុន។ ខ្ញុំចង់ឱ្យបងស្រី វ៉ាង ស្ដាប់ខ្ញុំគ្រប់រឿងទាំងអស់។ ខ្ញុំមិនអាចទ្រាំមើលអ្នកដទៃទទួលយកការប្រកបគ្នារបស់គាត់បានទេ ឬមិនចង់ឱ្យគាត់នាំមុខក្នុងកិច្ចការពួកជំនុំឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានអនុវត្តការងារខ្លះៗ និងបានទទួលបទពិសោធន៍ជាច្រើនដែរ ខ្ញុំមិនមែនជាអ្នកថ្មីដែលគ្មានដឹងអ្វីនោះទេ ហើយគុណសម្បត្តិរបស់ខ្ញុំក៏ស្មើនឹងគាត់ដែរ។ យើងទាំងពីរនាក់គឺសុទ្ធតែជាអ្នកដឹកនាំ ដូច្នេះតើហេតុអ្វីបានជាគាត់តែងតែនាំមុខជានិច្ចបែបនេះ? តើហេតុអ្វីបានជាខ្ញុំគួរស្ដាប់គាត់? ប្រសិនបើបន្តដូច្នេះទៀត តើខ្ញុំមិនមែនជាអ្នកដឹកនាំដែលមានតែឈ្មោះទេឬ? តាំងពីពេលនោះមក ខ្ញុំបានចាប់ផ្ដើមខំធ្វើការខ្លាំងជាងមុន និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកដាក់ក្នុងខ្លួនដើម្បីឱ្យខ្ញុំធ្វើបានល្អជាងគាត់ ហើយក្នុងអំឡុងពេលពិភាក្សាកិច្ចការពួកជំនុំក្នុងកិច្ចប្រជុំក្រុមការងារ នៅពេលគាត់បានសម្ដែងចេញពីគំនិតរបស់គាត់ ខ្ញុំមានចេតនាចាប់កំហុស និងដេញដោលកំហុសជាមួយពួកគាត់។ បន្ទាប់មក ខ្ញុំតែងចែករំលែក «គំនិតល្អ» ដើម្បីទាញទម្លាក់គាត់ចុះ និងលើកខ្លួនឯងឡើង។ មួយរយៈក្រោយមក នៅពេលពិភាក្សាការងារពួកជំនុំ អ្នកធ្វើការរួមគ្នាមួយចំនួនពេញចិត្តនឹងគំនិតរបស់ខ្ញុំ ហើយនៅពេលពួកគេមានបញ្ហា ពួកគេបានចាប់ផ្ដើមមករកខ្ញុំ និងស្ដាប់យោបល់របស់ខ្ញុំ។ ខ្ញុំចូលចិត្តពេលឃើញគេមករោមជុំវិញខ្ញុំ។ ក្រោយមក បងស្រី វ៉ាង មិនអាចចេញមកបំពេញភារកិច្ចរបស់គាត់បានទេ ដោយសារពួកបក្សកុម្មុយនីស្ដចិន កំពុងតាមដានគាត់ ដូច្នេះក្នុងពេលនោះ ខ្ញុំបានទទួលខុសត្រូវលើកិច្ចការពួកជំនុំតែម្នាក់ឯង។ ខ្ញុំមិនមានអារម្មណ៍ថាធ្វើការច្រើនហួសហេតុទេ ប៉ុន្តែពិតជាមានអារម្មណ៍ស្ងប់ចិត្តណាស់ និងបានគិតថា ចុងក្រោយ ខ្ញុំអាចសម្រេចចិត្តលើគ្រប់កិច្ចការទាំងអស់បានហើយ។ ពេលនោះ ខ្ញុំបានដឹងថាវិធីក្នុងការគិតរបស់ខ្ញុំ មិនត្រឹមត្រូវនោះទេ ប៉ុន្តែខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯង ឬយកចិត្តទុកដាក់អ្វីបន្តិចសោះ។

ថ្ងៃមួយ អ្នកដឹកនាំម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំត្រូវចូលរួមការប្រជុំនៅក្នុងតំបន់មួយទៀត។ ខ្ញុំបានដឹងថាមានមនុស្សតែ 10 នាក់ប៉ុណ្ណោះដែលត្រូវជ្រើសរើសពីតំបន់ដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំក៏បានឮមកថា គេបានដំឡើងឋានៈរបស់ខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំជាមនុស្សមានតម្លៃ ថាខ្ញុំគឺជាគ្រាប់ពូជល្អនៅក្នុងតំបន់របស់យើង។ ខ្ញុំបានឡើងជិះរថភ្លើងជាមួយបងប្អូនស្រីៗបួននាក់ទៀតដោយស្មារតីមុះមុត ប៉ុន្តែរឿងមិនស្មានដល់បានកើតឡើងនៅតាមផ្លូវ។ យើងត្រូវបានប៉ូលីសកុម្មុយនីស្ដចិន តាមដាន និងចាប់ខ្លួន។ ការសួរចម្លើយរបស់ពួកគេគ្មានបានផលអ្វីទេ ដូច្នេះពួកគេបានកាត់ទោសខ្ញុំឱ្យធ្វើការងារធ្ងន់រយៈពេលពីរឆ្នាំ ដោយចោទពី «ការរៀបចំ និងការប្រើប្រាស់អង្គការ ស៊ី ចាវ ដើម្បីមើលស្រាលដល់ការអនុវត្តច្បាប់»។ ខ្ញុំបានឆ្លងកាត់ពេលវេលានៃការល្បងលក្រោយពីទទួលការកាត់ទោស។ ការយល់ខុស និងក្ដីសង្ស័យចំពោះព្រះជាម្ចាស់បានផុសឡើងក្នុងចិត្តរបស់ខ្ញុំ៖ «តើហេតុអ្វីខ្ញុំត្រូវចាប់ខ្លួន និងបោះចូលទៅក្នុងគុកនៅពេលខ្ញុំហៀបនឹងត្រូវគេដំឡើងឋានៈ? តើព្រះជាម្ចាស់រារាំងខ្ញុំ ដោយប្រើប្រាស់រឿងនេះ ដើម្បីលាតត្រដាង និងលុបបំបាត់ខ្ញុំចោលឬ? តើខ្ញុំបាត់បង់ឱកាសក្នុងការបំពេញភារកិច្ច និងការត្រូវបានសង្គ្រោះឬ?» ខ្ញុំពិតជាស្ថិតក្នុងការឈឺចាប់ ហើយខ្ញុំពិតជាខាតបង់ណាស់។ ខ្ញុំបានទួញយំ និងអធិស្ឋានទៅព្រះជាម្ចាស់ជាច្រើនលើកច្រើនសាថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំមិនយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ទេក្នុងពេលនេះ។ ទូលបង្គំមានអារម្មណ៍ដូចជាទ្រង់កំពុងបដិសេធទូលបង្គំ ថាទ្រង់មិនចង់បានទូលបង្គំទេ។ ព្រះជាម្ចាស់ ទូលបង្គំទូលសុំឱ្យទ្រង់បំភ្លឺ និងណែនាំទូលបង្គំឱ្យបានយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីឱ្យទូលបង្គំអាចដឹងថាតើត្រូវចូលទៅក្នុងសេចក្ដីពិតក្នុងស្ថានភាពនេះដោយបែបណា»។ អរព្រះគុណព្រះជាម្ចាស់ដែលស្ដាប់ឮពាក្យអធិស្ឋានរបស់ខ្ញុំ។ ថ្ងៃមួយ ប្អូនស្រីម្នាក់ដែលជាប់ក្នុងបន្ទប់ឃុំឃាំងជាមួយគ្នាបានលួចហុចក្រដាសតូចមួយដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគាត់បានចម្លងចេញមក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល។ ការបន្សុទ្ធគឺជាការធ្វើតេស្តសាកល្បងដ៏ពិតមួយរបស់មនុស្ស ហើយវាជាទម្រង់នៃការបណ្តុះបណ្តាលដ៏ពិតមួយ ហើយមានតែអំឡុងពេលនៃការបន្សុទ្ធនោះទេ ទើបសេចក្តីស្រឡាញ់របស់ពួកគេអាចបំពេញតាមតួនាទីរបស់វាបាន» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដួងចិត្តរបស់ខ្ញុំបានបំភ្លឺភ្លាមៗ។ ស្ថានការណ៍នេះគឺជាការល្បងលរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ នោះមិនមែនជាបំណងព្រះហឫទ័យរបស់ទ្រង់ដើម្បីលុបបំបាត់ខ្ញុំចោលទេ ប៉ុន្តែដើម្បីឱ្យខ្ញុំបានប្រសើរជាងមុន ដើម្បីឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង និងចូលទៅក្នុងសេចក្ដីពិត។ ខ្ញុំបានដឹងថា ខ្ញុំមិនអាចអវិជ្ជមាន និងទន់ខ្សោយទៀតទេ ហើយខ្ញុំពិតជាមិនអាចធ្វើតាមសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំ និងស្មានពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំគួរឱ្យខ្លួនស្ងប់ស្ងៀម និងស្វែងរកសេចក្ដីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯងដោយស្មោះត្រង់។

យប់មួយ ខ្ញុំគេងមិនលក់សោះ បើទោះបីជាខ្ញុំមិនចង់គិតក៏ដោយ ក៏ខ្ញុំនៅតែឆ្ងល់ថាហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឱ្យរឿងនេះកើតមកលើខ្ញុំដែរ។ បន្ទាប់មក ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះបានផុសក្នុងចិត្តគំនិត៖ «តើអ្នករាល់គ្នាពិតជាស្អប់នាគដ៏ធំមានសម្បុរក្រហមមែនទ? តើអ្នកពិតជាស្អប់វាមែនទេ? ហេតុអ្វីបានជាខ្ញុំសួរអ្នករាល់គ្នាជាច្រើនលើកច្រើនសារនោះ? ហេតុអ្វីបានជាខ្ញុំចេះតែសួរសំណួរនេះដល់អ្នកម្តងហើយម្តងទៀត?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានសួរខ្លួនឯងម្ដងហើយម្ដងទៀតថា៖ «តើខ្ញុំពិតជាស្អប់នាគដ៏ធំមានសម្បុរក្រហមមែនទេ? តើខ្ញុំពិតជាស្អប់វាពិតប្រាកដដែរទេ?» បន្ទាប់មក ខ្ញុំបានគិតពីអត្ថបទព្រះបន្ទូលនេះ ដែលដកស្រង់ពីសេចក្ដីអធិប្បាយ និងការប្រកបគ្នាអំពីច្រកចូលទៅក្នុងជីវិត៖ «មនុស្សខ្លះនិយាយបែបនេះ 'ខ្ញុំស្អប់នាគដ៏ធំមានសម្បុរក្រហមជាងអ្វីៗទាំងអស់។ វាបានជិះជាន់ និងតាមប្រមាញ់ខ្ញុំ ហើយខ្ញុំបានឃើញពីមុខមាត់ដ៏អាក្រក់របស់វា តាំងពីយូរមកហើយ។ ខ្ញុំបានងាកបែរចេញពីវា។' អ្នកនិយាយថា អ្នកបានបែរខ្នងរបស់អ្នកដាក់វា តើនេះមានន័យថា អ្នកចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ឬ? តើអ្នកមានក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឬទេ? វាត្រូវតែមានភស្តុតាងច្បាស់លាស់មួយចំនួន ដើម្បីបង្ហាញអំពីការលះចោលនាគដ៏ធំមានសម្បុរក្រហម។ បើអ្នកនៅតែពេញដោយសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយអ្នកនៅតែវិនិច្ឆ័យអ្វីៗស្របតាមទស្សនៈរបស់វាទៀត ការនេះបង្ហាញថា អ្នកមិនបានបោះបង់វាយ៉ាងពិតប្រាកដនៅឡើយទេ។ មិនថាអ្នកស្អប់វាខ្លាំងយ៉ាងណាឡើយ បើអ្នកនៅតែខ្វះការឈ្វេងយល់អំពីការគិត និងទស្សនៈរបស់វា អំពីសេចក្តីប្រាសចាក និងសេចក្តីខុសឆ្គងរបស់វា ហើយបើទស្សនៈ និងសកម្មភាពរបស់អ្នកនៅតែត្រូវបានត្រួតត្រាដោយសារជាតិពិសពុលរបស់វាទៀត ដូច្នេះ តើអ្នកអាចនិយាយដូចម្ដេចកើតទៅថា អ្នកបានងាកបែរចេញពីនាគដ៏ធំមានសម្បុរក្រហម? គំនិត ការយល់ឃើញពីជីវិត ទស្សនៈរបស់អ្នក គឺដូចគ្នាទាំងស្រុងទៅនឹងនាគដ៏ធំសម្បុរក្រហម ពោលគឺទាំងអស់នោះសុទ្ធតែជាកម្មសិទ្ធិរបស់វា ហើយនេះជាហេតុផលដែលអ្នកនៅតែកំពុងរស់នៅក្រោមមេដៃរបស់សាតាំងនោះ។ ... ដើម្បីឲ្យបានរួចផុតពីឥទ្ធិពលរបស់សាតាំងយ៉ាងពិតប្រាកដ យើងត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ យើងត្រូវតែលុបចោល និងសម្អាតទាំងស្រុងនូវគ្រប់ទាំងសារជាតិពិសពុលបែបសាតាំងដែលមាននៅខាងក្នុងយើង។ យើងត្រូវតែអាចស្រឡាញ់ និងចុះចូលចំពោះព្រះជាម្ចាស់ ចេញពីជម្រៅចិត្តរបស់យើង។ មានតែបែបនេះទេ ទើបជាការលះចោលនាគដ៏ធំមានសម្បុរក្រហមយ៉ាងពិតប្រាកដ។ ពេលដែលវាជាសេចក្តីពិត ពេលដែលវាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគ្រប់គ្រងនៅក្នុងដួងចិត្តរបស់យើង ពេលដែលយើងលើកតម្កើងព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ ហើយយើងមានការចុះចូល និងការថ្វាយបង្គំជាអមតៈចំពោះព្រះជាម្ចាស់ ព្រមទាំងលែងជាចំណុះនឹងការបោកបញ្ឆោត ការរឹតត្បិត និងការពុករលួយរបស់នាគដ៏ធំមានសម្បុរក្រហមតទៅទៀត នោះទើបយើងអាចនិយាយបានថា យើងបានរួចផុតពីឥទ្ធិពលរបស់សាតាំងយ៉ាងពិតប្រាកដមែន។» បើពិចារណាពីព្រះបន្ទូលទាំងនេះ ខ្ញុំបានដឹងថា ខ្ញុំគ្រាន់តែស្អប់នាគដ៏ធំមានសម្បុរក្រហមដោយចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញបងប្អូនប្រុសស្រី និងបង្អាក់ ហើយបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែនោះមិនមែនជាការស្អប់ខ្ពើម និងលះបង់វាដោយពិតប្រាកដទេ។ ការស្អប់ និងការលះបង់ខ្លួនដោយពិតប្រាកដអាចកើតឡើងតែដោយការមើលឃើញពីសារជាតិអាក្រក់ និងប្រតិកិរិយាពេញលេញរបស់វាប៉ុណ្ណោះ ដូច្នេះយើងអាចស្អប់វាដោយពិតប្រាកដចេញពីខួរឆ្អឹងរបស់យើង និងបដិសេធថ្នាំពុលរបស់វានៅក្នុងខ្លួនយើងបាន។ តាមរយៈការជួបប្រទះការចាប់ខ្លួន ការធ្វើទុក្ខបុកម្នេញ និងការរងទារុណកម្មដោយខ្លួនឯងពីនាគដ៏ធំមានសម្បុរក្រហម និងត្រូវបង្ខំឱ្យទទួលការអប់រំផ្នែកគោលលទ្ធិ ខ្ញុំពិតជាបានឃើញថា វាគឺជាអារក្សមួយ ដែលស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់។ ខ្ញុំបានឃើញថាវាគឺជាអ្នកបោកបញ្ឆោត និងជាអ្នកធ្វើឱ្យមនុស្សពុករលួយ។ វាគាំទ្រចំពោះទស្សនៈមិនជឿលើព្រះ និងសម្ភារនិយម ដោយតាំងចិត្តបដិសេធព្រះវត្តមានរបស់ព្រះជាម្ចាស់ និងធ្វើអ្វីគ្រប់យ៉ាងដែលវាអាចធ្វើបានដើម្បីលើកសរសើរ និងអួតអាងពីអ្វីដែល «អស្ចារ្យ ប្រកបដោយសិរីល្អ និងត្រឹមត្រូវ»។ វាសរសើរខ្លួនវាថាជាអ្នកសង្គ្រោះមនុស្ស និងចង់ឱ្យមនុស្សគ្រប់គ្នាថ្វាយបង្គំវា និងជឿលើវា ហាក់ដូចជាវាជាព្រះជាម្ចាស់អ៊ីចឹង ដោយសង្ឃឹមឥតប្រយោជន៍ថាជំនួសព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្ស។ នាគដ៏ធំមានសម្បុរក្រហមគួរឱ្យស្អប់ អាក្រក់ និងគ្មានការអៀនខ្មាសសោះ។ ហើយខ្ញុំបានដឹងថា សារជាតិរបស់ខ្ញុំគឺពិតជាស្មើនឹងសារជាតិរបស់វាមែន។ ព្រះជាម្ចាស់បានលើកតម្កើងខ្ញុំ ដោយឱ្យខ្ញុំបំពេញភារកិច្ចជាអ្នកដឹកនាំ និងបានរៀនសូត្រថាតើត្រូវដោះស្រាយបញ្ហានោះតាមរយៈការប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីឱ្យអ្នកដទៃអាចដឹង និងចុះចូលចំពោះព្រះជាម្ចាស់បានដោយរបៀបណា ប៉ុន្តែខ្ញុំបានប្រើឱកាសនេះដើម្បីអួតពីខ្លួនឯងឱ្យបានច្រើន ដោយគ្រាន់តែចង់ឱ្យអ្នកដទៃកោតសរសើរខ្ញុំ និងធ្វើអ្វីតាមដែលខ្ញុំបាននិយាយ។ តើខ្ញុំមិនមែនកំពុងទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬដែលធ្វើបែបនេះ? ខ្ញុំច្រណែននឹងបងស្រី វ៉ាង ហើយខ្ញុំក៏មិនរាប់រកគាត់ដែរ ដោយតែងតែរិះគន់លើកំហុសរបស់គាត់ និងមើលស្រាលគាត់។ ខ្ញុំថែមទាំងចង់ឱ្យគេដកគាត់ចេញ ដើម្បីឱ្យខ្ញុំអាចធ្វើការសម្រេចចិត្តនៅក្នុងក្រុមជំនុំបានទៀតផង។ តើខ្ញុំមិនធ្វើដូចជាអ្នកដឹកនាំផ្ដាច់ការទេ? តើខ្ញុំមិនមែនកំពុងត្រូវបានគ្រប់គ្រងដោយថ្នាំពុលរបស់នាគដ៏ធំមានសម្បុរក្រហម ដូចជាថា «ភ្នំមួយមិនអាចមានខ្លាពីរបានទេ» និង «នៅក្នុងសកលលោកទាំងមូល មានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលសោយរាជ្យខ្ពស់ឧត្តម»? បញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ» («បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលមើលត្រឡប់ទៅគ្រប់យ៉ាងដែលខ្ញុំបានធ្វើ តើនោះអាចហៅថាការបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចបាន? ខ្ញុំកំពុងធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់! សកម្មភាពរបស់ខ្ញុំបានបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ជាយូរមកហើយ ហើយប្រសិនបើព្រះជាម្ចាស់មិនបានប្រៀនប្រដៅខ្ញុំទេ ប្រសិនបើទ្រង់មិនបានប្រើប្រាស់ស្ថានភាពនោះដើម្បីរារាំងខ្ញុំមិនឱ្យដើរលើផ្លូវអាក្រក់ទេ ប្រសិន បើខ្ញុំបានបន្តធ្វើតាមធម្មជាតិ និងមហិច្ចតាផ្ទាល់ខ្លួនរបស់ខ្ញុំ នោះខ្ញុំប្រាកដថា ខ្ញុំនឹងឈប់ចង់បានអ្វីក្រៅពីកេរ្តិ៍ឈ្មោះ និងឋានៈទៀតហើយ រហូតដល់ចុងក្រោយ ខ្ញុំបានធ្វើអាក្រក់ជាខ្លាំង និងត្រូវបានព្រះជាម្ចាស់ដាក់ទោស។ ដោយដឹងថា នេះគឺជាការព្រមានមកលើខ្ញុំ។ ខ្ញុំបានឈានចូលដល់ចំណុចគ្រោះថ្នាក់មួយ ប៉ុន្តែគ្មានចាប់ភ្លឹកអ្វីទាំងអស់។ បើគ្មានអារក្សដែលជានាគដ៏ធំមានសម្បុរក្រហម ជារឿងបន្ទាប់បន្សំទេ នោះខ្ញុំប្រហែលជានឹងមិនបានឃើញថាថ្នាំពុលរបស់វានៅក្នុងខ្លួនខ្ញុំច្រើនប៉ុនណាឡើយ ថាខ្ញុំពិតជាមនុស្សរបស់វាទេ។ ខ្ញុំពិតជានឹងមិនអាចលះបង់វាដោយពិតប្រាកដ និងព្យាយាមឱ្យបានរួចខ្លួនពីថ្នាំពុលរបស់វាទេ។ ខ្ញុំបានឃើញថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើគឺដើម្បីបន្សុទ្ធខ្ញុំ ហើយខ្ញុំសូមអរព្រះគុណទ្រង់អស់ពីដួងចិត្តខ្ញុំចំពោះការសង្គ្រោះខ្ញុំ។

ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងយ៉ាងច្រើនពេលនៅក្នុងគុក ហើយខ្ញុំមានការស្ដាយក្រោយយ៉ាងខ្លាំងដែលខ្ញុំមិនបានឱ្យតម្លៃលើឱកាសរបស់ខ្ញុំដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ប៉ុន្ដែផ្ទុយទៅវិញ បែរជាទទូចចង់ស្វែងរកកេរ្តិ៍ឈ្មោះ និងឋានៈ ព្រមទាំងបានរស់នៅដោយថ្នាំពុលរបស់សាតាំង។ ខ្ញុំបានធ្វើអ្វីជាច្រើនដែលប្រឆាំងនឹងសេចក្ដីពិត ហើយដែលធ្វើឱ្យបងប្អូនប្រុសស្រីឈឺចាប់ ហើយខ្ញុំបានរារាំងនិងបង្អាក់ដល់ការងាររបស់ពួកជំនុំ។ ខ្ញុំបានធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ជាខ្លាំង។ ខ្ញុំបានជំពាក់បំណុលជាច្រើន និងពោរពេញដោយការស្ដាយក្រោយ។ មានតែពេលនោះប៉ុណ្ណោះដែលខ្ញុំមានបំណងចិត្តដ៏ជ្រាលជ្រៅក្នុងការស្វែងរកសេចក្ដីពិត ហើយឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដូច្នេះមិនយូរប៉ុន្មាន ខ្ញុំអាចរួចផុតពីថ្នាំពុល និងរស់នៅក្នុងលក្ខណៈជាមនុស្សបាន។ ខ្ញុំបានបន្តភារកិច្ចរបស់ខ្ញុំក្រោយពីបានចេញពីគុក ហើយនៅពេលដែលខ្ញុំត្រូវបានជ្រើសរើសជាអ្នកដឹកនាំសាជាថ្មី ខ្ញុំមិនមានអារម្មណ៍សប្បាយចិត្ត និងសាទរចំពោះខ្លួនឯងដូចកាលពីមុនឡើយ។ តែផ្ទុយទៅវិញ ខ្ញុំមានអារម្មណ៍ថាមានទំនួលខុសត្រូវយ៉ាងធំ ថាវាគឺជាព្រះរាជបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ ដែលខ្ញុំគួរឱ្យតម្លៃ ហើយថាខ្ញុំគួរខំប្រឹងប្រែងឱ្យបានខ្លាំងបំផុតដើម្បីស្វែងរកសេចក្ដីពិត និងអនុវត្តភារកិច្ចរបស់ខ្ញុំ។ ការត្រូវបានវាយផ្ចាល និងប្រៀនប្រដៅម្ដងហើយម្ដងទៀត ចុងក្រោយដាស់ព្រលឹងរបស់ខ្ញុំដែលត្រូវបានសាតាំងបំភាន់ជាយូរនោះឱ្យភ្ញាក់ដឹងខ្លួនវិញ។ ខ្ញុំបានទទួលស្គាល់ថាមានតែការស្វែងរកសេចក្ដីពិត ការស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ខ្ញុំ និងការបំពេញភារកិច្ចរបស់សត្តនិករដែលត្រូវបានបង្កើតមកឱ្យបានល្អប៉ុណ្ណោះ ទើបជាការស្វែងរកដោយពិតប្រាកដ! បំណងចិត្តរបស់ខ្ញុំដែលចង់បានកេរ្តិ៍ឈ្មោះ និងឋានៈគឺលែងខ្លាំងក្លាដូចមុនទៀតហើយ ហើយខ្ញុំកាន់តែក្រអឺតក្រទមតិចជាងមុន។ ខ្ញុំអាចធ្វើការបានល្អជាមួយបងប្អូនប្រុសស្រី និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ ហើយពេលនេះ ខ្ញុំរស់នៅក្នុងលក្ខណៈជាមនុស្ស។ ខ្ញុំមានអារម្មណ៍ថា ការផ្លាស់ប្ដូរសូម្បីតែបន្តិចក៏មិនមែនបានមកដោយងាយដែរ។ ទាំងនេះគឺអាចសម្រេចទៅបានដោយសារការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំសូមអរព្រះគុណចំពោះសេចក្ដីសង្គ្រោះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាចំពោះខ្ញុំ!

ខាង​ដើម៖ ៧២. ការប្រែចិត្តរបស់មនុស្សពុតត្បុត

បន្ទាប់៖ ៧៤. ការរៀនចុះចូលតាមរយៈភាពលំបាក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ