ជំពូកទី ២៦៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល
តើនរណាបានរស់នៅក្នុងដំណាក់របស់ខ្ញុំ? តើនរណាបានក្រោកឈរឡើងដើម្បីខ្ញុំ? តើនរណាបានរងទុក្ខជំនួសខ្ញុំ? តើនរណាបានសន្យាដោយសម្ដីរបស់គេនៅចំពោះខ្ញុំ? តើនរណាបានដើរតាមខ្ញុំមកទល់បច្ចុប្បន្ន ហើយនៅតែមិនទាន់មានចិត្តអើពើ? ហេតុអ្វីក៏មនុស្សទាំងអស់សោះកក្រោះ និងគ្មានមេត្តាបែបនេះ? ហេតុអ្វីបានជាមនុស្សលោកបោះបង់ខ្ញុំ? ហេតុអ្វីបានជាមនុស្សលោកធុញទ្រាន់នឹងខ្ញុំ? ហេតុអ្វីបានជាគ្មានភាពកក់ក្ដៅនៅក្នុងពិភពមនុស្សដូច្នេះ? កាលនៅក្រុងស៊ីយ៉ូន ខ្ញុំបានភ្លក់ភាពកក់ក្ដៅដែលនៅឯស្ថានសួគ៌ ហើយកាលនៅស៊ីយ៉ូន ខ្ញុំបានរីករាយនឹងព្រះពរដែលនៅឯស្ថានសួគ៌។ ខ្ញុំបានរស់នៅក្នុងចំណោមមនុស្សលោកម្ដងទៀត ខ្ញុំបានភ្លក់ភាពល្វីងជូរចត់នៃពិភពលោក ហើយខ្ញុំបានឃើញសភាពខុសៗគ្នាដែលមានក្នុងចំណោមមនុស្សលោក ដោយផ្ទាល់ព្រះនេត្ររបស់ខ្ញុំ។ មនុស្សបានផ្លាស់ប្ដូរទាំងមិនដឹងខ្លួន ដូចខ្ញុំបាន «ផ្លាស់ប្ដូរ» ដែរ ហើយមានតែតាមវិធីនេះទេ ទើបគេបានឈានមកដល់បច្ចុប្បន្ន។ ខ្ញុំមិនតម្រូវឱ្យមនុស្សអាចធ្វើអ្វីមួយសម្រាប់ជាប្រយោជន៍ដល់ខ្ញុំទេ ហើយខ្ញុំក៏មិនទាមទារឱ្យគេបង្កើនអ្វីមួយសម្រាប់ខ្ញុំដែរ។ ខ្ញុំគ្រាន់តែចង់ឱ្យគេអាចប្រព្រឹត្តតាមផែនការរបស់ខ្ញុំ មិនមែនមិនស្ដាប់បង្គាប់ខ្ញុំ ឬធ្វើជាសញ្ញាសម្គាល់នៃភាពអាម៉ាស់ដល់ខ្ញុំទេ តែធ្វើជាបន្ទាល់ខ្ទរខ្ទារឱ្យខ្ញុំវិញ។ ក្នុងចំណោមមនុស្សលោក ធ្លាប់មានមនុស្សដែលបានធ្វើបន្ទាល់ពីខ្ញុំ និងបានថ្វាយសិរីរុងរឿងដល់ព្រះនាមរបស់ខ្ញុំ ប៉ុន្តែតើការអនុវត្ត ឬចរិតមារយាទរបស់មនុស្សអាចធ្វើឱ្យចិត្តខ្ញុំស្កប់យ៉ាងដូចម្ដេច? តើគេអាចសម្របនឹងចិត្តរបស់ខ្ញុំ ឬផ្គាប់ព្រះទ័យរបស់ខ្ញុំបានយ៉ាងដូចម្ដេច? ទាំងភ្នំ និងប្រភពទឹកនានានៅលើផែនដី ព្រមទាំងផ្កា ស្មៅ និងដើមឈើនានានៅលើផែនដី ទាំងអស់នេះសុទ្ធតែបង្ហាញពីស្នាព្រះហស្តរបស់ខ្ញុំ គ្រប់យ៉ាងមានវត្តមានសម្រាប់ព្រះនាមរបស់ខ្ញុំ។ ប៉ុន្តែហេតុអ្វីក៏មនុស្សមិនអាចសម្រេចនូវបទដ្ឋាននៃសេចក្ដីបង្គាប់របស់ខ្ញុំបាន? តើនេះអាចមកពីភាពតូចតាចដ៏តោកយ៉ាករបស់គេដែរឬទេ? អាចមកពីការដែលខ្ញុំលើកតម្កើងគេដែរឬទេ? អាចមកពីខ្ញុំឃោរឃៅដាក់គេឬទេ? ហេតុអ្វីបានជាមនុស្សតែងតែភ័យខ្លាចសេចក្ដីបង្គាប់របស់ខ្ញុំ? សព្វថ្ងៃនេះ ក្នុងចំណោមបណ្ដាជនដែលនៅក្នុងនគរព្រះ ហេតុអ្វីបានជាអ្នកស្ដាប់តែសូរសៀងរបស់ខ្ញុំ តែមិនចង់ឃើញព្រះភ័ក្ត្ររបស់ខ្ញុំ? អ្នកសម្លឹងរកតែបន្ទូលរបស់ខ្ញុំដោយមិនផ្គូផ្គងបន្ទូលនោះទៅនឹងវិញ្ញាណរបស់ខ្ញុំ? ហេតុអ្វីក៏អ្នកញែកខ្ញុំទុកនៅឯស្ថានសួគ៌ខាងលើ និងនៅផែនដីខាងក្រោមដូច្នេះ? អាចមកពីកាលដែលខ្ញុំនៅផែនដី មិនដូចដែលខ្ញុំនៅស្ថានសួគ៌ឬ? អាចមកពីកាលនៅស្ថានសួគ៌ ខ្ញុំមិនអាចយាងចុះមកផែនដីឬ? អាចមកពីកាលនៅផែនដី ខ្ញុំមិនសមនឹងលើកឡើងទៅស្ថានសួគ៌ឬ? កាលនៅផែនដី ខ្ញុំដូចជាសត្តនិករដ៏តូចទាប កាលនៅស្ថានសួគ៌ ខ្ញុំប្រៀបដូចជាសភាវៈដែលត្រូវបានលើកតម្កើង ហើយហាក់ដូចជាមានអន្លង់ជ្រៅមួយនៅចន្លោះស្ថានសួគ៌ និងផែនដី ដែលមិនអាចឆ្លងកាត់បាន។ ដោយឡែក នៅក្នុងពិភពមនុស្ស ពួកគេហាក់មិនដឹងអំពីប្រភពដើមនៃរឿងទាំងនេះទេ ប៉ុន្តែពួកគេតែងតែរត់ទាស់នឹងខ្ញុំវិញ បន្ទូលរបស់ខ្ញុំហាក់មានតែសូរសៀង ហើយគ្មានន័យអ្វីឡើយ។ មនុស្សទាំងអស់ចំណាយការប្រឹងប្រែងរបស់គេលើព្រះបន្ទូលរបស់ខ្ញុំ ដោយដាក់ការសង្កេតរបស់គេផ្ទាល់លើអាការៈខាងក្រៅរបស់ខ្ញុំ ប៉ុន្តែពួកគេទាំងអស់គ្នាពើបប្រទះនឹងបរាជ័យ ការខិតខំរបស់គេគ្មានផលផ្លែសោះ ហើយផ្ទុយទៅវិញ ពួកគេត្រូវវាយឱ្យដួលដោយព្រះបន្ទូលរបស់ខ្ញុំ ហើយមិនហ៊ានក្រោកឡើងវិញម្ដងទៀតឡើយ។
ពេលខ្ញុំល្បងលសេចក្ដីជំនឿរបស់មនុស្សលោក គ្មានមនុស្សណាម្នាក់ធ្វើបន្ទាល់ពិតទេ គ្មានមនុស្សណាម្នាក់អាចថ្វាយគ្រប់យ៉ាងដែលគេមានទេ ផ្ទុយទៅវិញ មនុស្សនៅបន្តលាក់ខ្លួន ហើយបដិសេធមិនព្រមបើកចំហខ្លួនគេ ធ្វើហាក់ដូចជាខ្ញុំហៀបនឹងបំពានចិត្តរបស់គេអ៊ីចឹង។ សូម្បីតែយ៉ូប ក៏មិនធ្លាប់ឈរមាំនៅក្នុងការល្បងលរបស់លោកដែរ ក៏មិនបានបញ្ចេញនូវភាពផ្អែមល្ហែម នៅក្នុងគ្រាដែលកំពុងរងទុក្ខលំបាកដែរ។ មនុស្សទាំងអស់បង្កើតគន្លឹះកម្សោយនៃពណ៌បៃតង នៅក្នុងភាពកក់ក្ដៅនៃនិទាឃរដូវ ពួកគេមិនដែលនៅរក្សាពណ៌បៃតងនៅក្នុងខ្យល់ត្រជាក់នៃរដូវរងាទេ។ មនុស្សមិនអាចសម្រេចចេតនារបស់ខ្ញុំ ដោយប្រើកម្ពស់ដែលមានស្បែកដណ្ដប់ឆ្អឹងរបស់គេបានទេ។ ក្នុងចំណោមមនុស្សលោក គ្មាននរណាម្នាក់អាចធ្វើជាគំរូដល់អ្នកដទៃបានឡើយ ដ្បិតមនុស្សទាំងអស់ជាទូទៅគឺសុទ្ធតែដូចគ្នា និងមិនខុសគ្នានោះឡើយ ពួកគេមានលក្ខណៈខុសពីគ្នាតិចតួចណាស់។ ដោយព្រោះមូលហេតុនេះ សូម្បីមនុស្សសព្វថ្ងៃក៏នៅតែមិនអាចស្គាល់កិច្ចការរបស់ខ្ញុំទាំងអស់ដែរ។ លុះត្រាតែពេលដែលការវាយផ្ចាលរបស់ខ្ញុំធ្លាក់មកលើមនុស្សទាំងអស់ទាំងមិនដឹងខ្លួន ទើបពួកគេស្គាល់កិច្ចការរបស់ខ្ញុំ ហើយមនុស្សក៏ចាប់ផ្ដើមធ្វើ បន្ទាល់ពីកិច្ចការរបស់ខ្ញុំដោយគ្មានទង្វើរបស់ខ្ញុំ ឬបង្ខំនរណាម្នាក់សោះ។ នេះជាផែនការរបស់ខ្ញុំ វាជាចំណុចមួយនៃកិច្ចការរបស់ខ្ញុំ គឺសម្ដែងចេញមកឱ្យច្បាស់ ហើយវាជាអ្វីដែលមនុស្សគួរតែដឹង។ នៅក្នុងនគរនេះ របស់សព្វសារពើជាច្រើននៃសត្តនិករ ចាប់ផ្ដើមមានជីវិតឡើងវិញ និងទទួលបានអនុភាពជីវិតរបស់គេមកវិញដែរ។ ដោយសារតែការប្រែប្រួលសភាពនៃផែនដី ព្រំដែនរវាងទឹកដីមួយ និងទឹកដីមួយទៀត ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំបានថ្លែងទំនាយទុកថា នៅពេលដែនដីផ្ដាច់ចេញពីដែនដី ហើយដែនដីរួមគ្នាជាដែនដី នៅគ្រានោះខ្ញុំនឹងវាយកម្ទេចជាតិសាសន៍ទាំងអស់ឱ្យខ្ទេចខ្ទី។ នៅពេលនេះ ខ្ញុំនឹងធ្វើឱ្យសត្តនិករទាំងអស់ បានជាថ្មីឡើងវិញ ហើយបែងចែកសកលលោកទាំងមូលម្ដងទៀត ខ្ញុំធ្វើដូច្នេះ ដោយធ្វើឱ្យសកលលោកនេះមានសណ្ដាប់ធ្នាប់ និងផ្លាស់ប្ដូរអ្វីៗដែលចាស់ឱ្យក្លាយជាថ្មីវិញ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងអស់នេះក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នៅពេលជាតិសាសន៍ និងមនុស្សទាំងអស់លើផែនដី ត្រឡប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ នោះខ្ញុំនឹងយកភាពសម្បូរសប្បាយនៃស្ថានសួគ៌ ហើយយកមកដាក់នៅលើពិភពរបស់មនុស្ស ដើម្បីឱ្យគេអរព្រះគុណដល់ខ្ញុំ ដែលពិភពលោកនេះបានពេញដោយភាពសម្បូរសប្បាយគ្មានគូរប្រៀប។ តែដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖
ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។
នៅពេលដែលសូរសៀងរបស់ខ្ញុំលេចជ្រៅទៅក្នុងប្រពលភាព ខ្ញុំក៏សង្កេតមើលសភាពនៃសកលលោក។ សត្តនិករជាច្រើនអនេកក៏ត្រូវបានបង្កើតជាថ្មី តាមរយៈបន្ទូលរបស់ខ្ញុំ។ ផ្ទៃមេឃផ្លាស់ប្ដូរ រីឯផែនដីក៏ផ្លាស់ប្ដូរដែរ។ មនុស្សក៏សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួនសន្សឹមៗ រួចមនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសាររបស់គេវិញដោយមិនដឹងខ្លួន។ ការនេះធ្វើឱ្យខ្ញុំគាប់ព្រះហឫទ័យជាខ្លាំង។ ខ្ញុំមានសេរីភាពពីការរំខាន ចំណែកកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំវិញ ក៏បានសម្រេចដោយមិនដឹងខ្លួនគ្រប់យ៉ាងក្នុងសត្តនិករទាំងអស់ក៏ត្រូវបានបំផ្លាស់បំប្រែដែរ។ ពេលដែលខ្ញុំបង្កើតពិភពលោកនេះមក ខ្ញុំបង្កើតគ្រប់យ៉ាងតាមប្រភេទរបស់វា ដោយដាក់គ្រប់យ៉ាងទៅតាមសណ្ឋានព្រមគ្នានឹងប្រភេទរបស់វា។ នៅពេលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ កាន់តែខិតមកជិត ខ្ញុំនឹងស្ដារសណ្ឋានដើមនៃការបង្កើត ខ្ញុំនឹងស្ដារគ្រប់យ៉ាងឱ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាងទាំងស្រុង ដើម្បីឱ្យគ្រប់យ៉ាងត្រឡប់ទៅជិតស្និទ្ធនឹងផែនការរបស់ខ្ញុំវិញ។ ពេលវេលាដល់ហើយ! ដំណាក់កាលចុងក្រោយនៃផែនការរបស់ខ្ញុំ ជិតនឹងសម្រេចហើយ។ ឱពិភពលោកដ៏ស្មោកគ្រោក ចាស់គំរិលអើយ! អ្នកនឹងធ្លាក់ទៅក្រោមបន្ទូលរបស់ខ្ញុំ! អ្នកប្រាកដជាក្លាយជាភាពទទេ ដោយសារផែនការរបស់ខ្ញុំ! អ្នកគ្រប់គ្នានឹងទទួលបាននូវជីវិតថ្មីនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ អ្នកនឹងមានព្រះអម្ចាស់ដ៏មានអធិបតេយ្យភាព! ឱពិភពលោកថ្មីដ៏បរិសុទ្ធ និងឥតសៅហ្មងអើយ! អ្នកនឹងបានរស់ឡើងវិញជាប្រាកដនៅក្នុងសិរីរុងរឿងរបស់ខ្ញុំ! ឱភ្នំស៊ីយ៉ូនអើយ! ចូរកុំស្ងប់ស្ងាត់ទៀតអី ខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ! ខ្ញុំបានពិនិត្យពិច័យផែនដីទាំងមូល ពីក្នុងចំណោមសត្តនិករទាំងអស់។ នៅលើផែនដី មនុស្សលោកបានចាប់ផ្ដើមជីវិតថ្មីមួយ ហើយបានទទួលសេចក្ដីសង្ឃឹមថ្មី។ ឱរាស្ត្រខ្ញុំអើយ! ម្ដេចក៏អ្នកមិនត្រឡប់មកឯជីវិតនៅក្នុងពន្លឺរបស់ខ្ញុំ? ម្ដេចក៏អ្នកមិនលោតដោយអំណរ ក្រោមការដឹកនាំរបស់ខ្ញុំ? ដែនដីកំពុងតែស្រែកហ៊ោដោយភាពរីករាយ ទឹកខ្ជោលឡើងដោយសំណើចដ៏រីករាយ! ឱអ៊ីស្រាអែលដែលបានរស់ឡើងវិញអើយ! ម្ដេចក៏អ្នកមិនអាចមានអំនួតចំពោះរឿងរ៉ាវនៃការកំណត់ទុកជាមុនរបស់ខ្ញុំ? តើនរណាយំសោក? តើនរណាទ្រហោរយំ? អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែលសព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើងនៅក្នុងពិភពលោក និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្សទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវប្រភពនៃអត្ថិភាពតាមរយៈរាស្ត្ររបស់ខ្ញុំ! ឱអេស៊ីព្ទដ៏គួរឱ្យស្អប់អើយ! អ្នកច្បាស់ជាមិននៅក្រោកឈរទាស់នឹងខ្ញុំទេ មែនទេ? ម្ដេចក៏អ្នកអាចកេងចំណេញពីព្រះគុណរបស់ខ្ញុំ ហើយព្យាយាមគេចចេញពីការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុងការវាយផ្ចាលរបស់ខ្ញុំដូច្នេះ? អស់អ្នកណាដែលខ្ញុំស្រឡាញ់ នឹងរស់នៅអស់កល្បជានិច្ចជាប្រាកដ អស់អ្នកណាដែលឈរទាស់នឹងខ្ញុំនឹងត្រូវខ្ញុំវាយផ្ចាលអស់កល្បជានិច្ចយ៉ាងប្រាកដ។ ដ្បិតខ្ញុំគឺជាព្រះដែលប្រចណ្ឌ ហើយដោយព្រោះគ្រប់យ៉ាងដែលមនុស្សបានធ្វើ នោះខ្ញុំនឹងមិនលើកលែងឱ្យគេស្រួលៗឡើយ។ ខ្ញុំនឹងឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំនឹងបើកសម្ដែងពីអង្គខ្ញុំដល់មនុស្សជាច្រើន ដោយលេចមកនៅទិសខាងកើតនៃផែនដីដោយសេចក្ដីសុចរិត ឫទ្ធានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល!
ថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៩២