តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?
ទាល់តែពេលដែលអ្នកយកនិស្ស័យដ៏ពុករលួយរបស់អ្នកចេញ និងសម្រេចបានការស្ដែងចេញភាពជាមនុស្សសាមញ្ញ តាមរយៈការរស់នៅប៉ុណ្ណោះ ទើបអ្នកនឹងអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បាន។ ទោះបីជាអ្នកនឹងមិនអាចថ្លែងបទទំនាយ ឬនិយាយពីអាថ៌កំបាំងណាមួយក៏ដោយ អ្នកនឹងរស់នៅ និងបើកសម្តែងនូវរូបភាពរបស់មនុស្ស។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែក្រោយមក មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះហើយទើបមនុស្សក្លាយជា «មនុស្សស្លាប់»។ ដូច្នេះ បន្ទាប់ពីអ្នកបានផ្លាស់ប្ដូរ អ្នកនឹងលែងដូច «មនុស្សស្លាប់» ទាំងនេះតទៅទៀតហើយ។ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលធ្វើឱ្យវិញ្ញាណរបស់មនុស្សបានភ្លឺឡើង និងបណ្តាលឱ្យពួកគេកើតសាជាថ្មី ហើយនៅពេលដែលវិញ្ញាណរបស់មនុស្សកើតសាជាថ្មី នោះពួកគេនឹងមានជីវិត។ នៅពេលដែលខ្ញុំនិយាយអំពី «មនុស្សស្លាប់» ខ្ញុំកំពុងសំដៅទៅលើសាកសពដែលគ្មានវិញ្ញាណ សំដៅលើមនុស្សដែលវិញ្ញាណរបស់ពួកគេបានស្លាប់នៅក្នុងពួកគេបាត់ទៅហើយ។ នៅពេលដែលវិញ្ញាណរបស់មនុស្សរស់ឡើងវិញ នោះមនុស្សនឹងបានចូលមកឯជីវិត។ ពួកបរិសុទ្ធដែលត្រូវបាននិយាយពីមុន សំដៅលើមនុស្សដែលចូលមកឯជីវិត គឺអស់អ្នកដែលធ្លាប់ស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ប៉ុន្តែបានយកឈ្នះសាតាំង។ រាស្ត្ររើសតាំងរបស់ប្រទេសចិន បានអត់ទ្រាំនឹងការបៀតបៀន និងល្បិចបោកបញ្ឆោតដ៏សាហាវយង់ឃ្នងរបស់នាគដ៏ធំមានសម្បុរក្រហម ដែលបន្សល់ទុកឱ្យពួកគេត្រូវខ្ទេចខ្ទាំខាងផ្លូវចិត្ត និងគ្មានភាពក្លាហានដើម្បីរស់នៅសូម្បីតែបន្តិច។ ដូច្នេះ ការភ្ញាក់រឭកនៃវិញ្ញាណរបស់ពួកគេ ត្រូវតែចាប់ផ្តើមដោយលក្ខណៈសំខាន់របស់ពួកគេ៖ នៅក្នុងលក្ខណៈសំខាន់របស់ពួកគេ វិញ្ញាណរបស់ពួកគេត្រូវតែបានដាស់ឱ្យភ្ញាក់រឭកបន្តិចម្តងៗ។ នៅថ្ងៃមួយ ពេលដែលពួកគេចូលមកឯជីវិត នោះនឹងគ្មានឧបសគ្គតទៅទៀតទេ ហើយគ្រប់យ៉ាងនឹងដំណើរការយ៉ាងរលូន។ នៅពេលបច្ចុប្បន្ន រឿងនេះនៅតែមិនអាចសម្រេចបានដដែល។ មនុស្សភាគច្រើនរស់នៅក្នុងរបៀបមួយ ដែលនាំមកនូវចរន្តមរណៈជាច្រើន។ ពួកគេត្រូវបានហ៊ុមព័ទ្ធដោយបរិយាកាសនៃសេចក្តីស្លាប់ ហើយពួកគេនៅខ្វះខាតច្រើនណាស់។ ពាក្យពេចន៍របស់មនុស្សមួយចំនួន បង្កប់ទៅដោយសេចក្តីស្លាប់ សកម្មភាពរបស់ពួកគេបង្កប់ក៏ទៅដោយសេចក្តីស្លាប់ ហើយសឹងតែគ្រប់យ៉ាងដែលពួកគេនាំយកមកនៅក្នុងរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែមានសេចក្តីស្លាប់។ សព្វថ្ងៃនេះ ប្រសិនបើមនុស្សធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ជាសាធារណៈ នោះពួកគេនឹងបរាជ័យក្នុងកិច្ចការនេះ ដោយសារតែពួកគេមិនទាន់មកឯជីវិតពេញលេញនៅឡើយ ហើយមានមនុស្សស្លាប់ជាច្រើននៅក្នុងចំណោមអ្នករាល់គ្នា។ សព្វថ្ងៃនេះ មនុស្សមួយចំនួនសួរមូលហេតុដែលព្រះជាម្ចាស់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីឱ្យទ្រង់អាចផ្សព្វផ្សាយកិច្ចការរបស់ទ្រង់បានយ៉ាងលឿននៅក្នុងចំណោមសាសន៍ដទៃ។ មនុស្សស្លាប់មិនអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ ដែលវាគឺជាកិច្ចការដែលមានតែមនុស្សមានជីវិតប៉ុណ្ណោះ ទើបអាចធ្វើបាន ប៉ុន្តែមនុស្សភាគច្រើនសព្វថ្ងៃនេះ គឺសុទ្ធតែជា «មនុស្សស្លាប់»។ មនុស្សជាច្រើនណាស់រស់នៅក្រោមការគ្របដណ្តប់របស់សេចក្តីស្លាប់ នៅក្រោមឥទ្ធិពលរបស់សាតាំង និងមិនអាចទទួលបានជ័យជម្នះ។ ដូច្នេះ ធ្វើដូចម្តេចទើបពួកគេអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បាន? ធ្វើដូចម្តេចទើបពួកគេអាចផ្សព្វផ្សាយកិច្ចការនៃដំណឹងល្អបាន?
អស់អ្នកដែលរស់នៅក្រោមឥទ្ធិពលនៃភាពងងឹត គឺជាមនុស្សដែលរស់នៅក្នុងសេចក្តីស្លាប់ គឺជាអស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង។ បើគ្មានការសង្គ្រោះពីព្រះជាម្ចាស់ និងត្រូវបានព្រះជាម្ចាស់ជំនុំជម្រះ ព្រមទាំងវាយផ្ចាលនោះទេ នោះមនុស្សមិនអាចគេចផុតពីឥទ្ធិពលរបស់សេចក្តីស្លាប់បានឡើយ។ ពួកគេមិនអាចក្លាយជាមនុស្សមានជីវិតបានទេ។ «មនុស្សស្លាប់» ទាំងនេះ មិនអាចធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ ហើយព្រះជាម្ចាស់ក៏មិនអាចប្រើពួកគេដែរ ជាងនេះទៅទៀត ពួកគេរឹតតែមិនអាចចូលទៅក្នុងនគរព្រះបានទៀតផង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានទីបន្ទាល់របស់មនុស្សដែលចូលមកឯជីវិត មិនមែនមនុស្សស្លាប់នោះទេ ហើយទ្រង់ស្នើឱ្យមនុស្សមានជីវិតធ្វើការសម្រាប់ទ្រង់ មិនមែនមនុស្សស្លាប់នោះទេ។ «មនុស្សស្លាប់» គឺអស់អ្នកដែលទាស់ទទឹង ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលស្ពឹកស្រពន់ខាងវិញ្ញាណ ហើយមិនយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលមិនយកសេចក្តីពិតទៅអនុវត្ត ហើយមិនមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់សូម្បីតែបន្តិច ហើយពួកគេគឺជាមនុស្សដែលរស់នៅក្រោមអំណាចរបស់សាតាំង និងត្រូវបានសាតាំងកេងប្រវ័ញ្ច។ មនុស្សស្លាប់ស្ដែងពីខ្លួនរបស់គេតាមរយៈការក្រោកឈរប្រឆាំងនឹងសេចក្តីពិត តាមរយៈការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងតាមរយៈភាពតូចទាប ភាពថោកទាប ភាពអាក្រក់ ភាពសាហាវឃោរឃៅ ការបោកប្រាស់ និងកលល្បិច។ ទោះបីជាមនុស្សបែបនេះបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅបានដែរ។ ទោះបីជាពួកគេមានជីវិតក៏ដោយ ក៏ពួកគេគ្រាន់តែជាសាកសពដែលដកដង្ហើម និងសាកសពដែលដើរប៉ុណ្ណោះ។ មនុស្សស្លាប់ពិតជាមិនអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបានឡើយ ជាងនេះទៅទៀត ពួកគេក៏កាន់តែមិនអាចចុះចូលនឹងទ្រង់ទាំងស្រុងទៅទៀត។ ពួកគេគ្រាន់តែអាចបោកបញ្ឆោតទ្រង់ ប្រមាថប្រឆាំងនឹងទ្រង់ និងក្បត់ទ្រង់ប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលពួកគេនាំមកតាមរយៈរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែបើកសម្តែងពីធម្មជាតិរបស់សាតាំង។ ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ពីព្រះជាម្ចាស់ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកគេសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបស្របនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើត គឺនៅមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឱ្យពួកគេរស់ឡើងវិញ ដើម្បីឱ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឱ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់ចុះចូលនឹងព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះចុះចូលនឹងព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។ ព្រះជាម្ចាស់សង្គ្រោះមនុស្សដែលអាចមកឯជីវិត ជាមនុស្សដែលអាចមើលឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់ ជាមនុស្សដែលអាចស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាមនុស្សសុខចិត្តស្វះស្វែងរកព្រះជាម្ចាស់។ ទ្រង់សង្គ្រោះអស់អ្នកដែលជឿលើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងជឿលើការលេចមករបស់ទ្រង់។ មនុស្សមួយចំនួនអាចចូលមកឯជីវិត ហើយមនុស្សមួយចំនួនមិនអាច។ រឿងនេះអាស្រ័យលើថា តើធម្មជាតិរបស់ពួកគេអាចត្រូវបានសង្គ្រោះ ឬអត់។ មនុស្សជាច្រើនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ប៉ុន្តែពួកគេមិនយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេនៅតែមិនអាចយកព្រះបន្ទូលទាំងនោះ ទៅអនុវត្តដដែល។ មនុស្សបែបនេះមិនអាចរស់នៅតាមសេចក្តីពិតណាមួយបានឡើយ ហើយក៏មានចេតនារំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេមិនអាចធ្វើកិច្ចការណាមួយសម្រាប់ព្រះជាម្ចាស់ឡើយ ពួកគេមិនអាចថ្វាយអ្វីមួយទៅទ្រង់ឡើយ ហើយពួកគេក៏ចំណាយលុយរបស់ក្រុមជំនុំជាសម្ងាត់ ព្រមទាំងទទួលទាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃផង។ មនុស្សទាំងនេះ គឺជាមនុស្សស្លាប់ ហើយពួកគេនឹងមិនត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់សង្គ្រោះអស់អ្នកដែលនៅក្នុងកិច្ចការរបស់ទ្រង់ ប៉ុន្តែមានមនុស្សមួយចំនួនដែលមិនអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ នេះដោយសារតែមនុស្សភាគច្រើនត្រូវបានធ្វើឱ្យពុករលួយយ៉ាងខ្លាំង និងបានក្លាយជាមនុស្សស្លាប់ ហើយពួកគេនៅហួសពីការសង្គ្រោះ។ ពួកគេត្រូវបានកេងប្រវ័ញ្ចដោយសាតាំងទាំងស្រុង ហើយធម្មជាតិរបស់ពួកគេអាក្រក់ខ្លាំងពេក។ មនុស្សមួយចំនួនតូចនោះ ក៏មិនអាចចុះចូលនឹងព្រះជាម្ចាស់យ៉ាងពេញលេញដែរ។ ពួកគេមិនមែនជាមនុស្សដែលស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់តាំងពីដើមរៀងមក ឬជាមនុស្សដែលមានសេចក្តីស្រឡាញបំផុតសម្រាប់ព្រះជាម្ចាស់តាំងពីដំបូងនោះទេ។ ផ្ទុយទៅវិញ ដោយសារតែកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ទើបពួកគេបានចុះចូលនឹងព្រះជាម្ចាស់ ដោយសារតែសេចក្តីស្រឡាញ់ដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ទើបពួកគេមើលឃើញព្រះជាម្ចាស់ ដោយសារតែនិស្ស័យសុច្ចរិតរបស់ព្រះជាម្ចាស់ ទើបពួកគេមានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ ហើយដោយសារតែកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលជាក់ស្តែងផង និងសាមញ្ញផង ទើបពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។ បើគ្មានកិច្ចការរបស់ព្រះជាម្ចាស់នេះទេ នោះមិនថាមនុស្សទាំងនេះល្អប៉ុនណានោះទេ ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់សាតាំង ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់សេចក្តីស្លាប់ ហើយពួកគេនឹងនៅតែស្លាប់ដដែល។ ការពិតដែលថា សព្វថ្ងៃនេះ មនុស្សទាំងនេះអាចទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់បាន គឺដោយសារតែពួកគេព្រមសហការជាមួយព្រះជាម្ចាស់។
ដោយសារតែភាពស្មោះត្រង់របស់ពួកគេចំពោះព្រះជាម្ចាស់ ទើបមនុស្សរស់នឹងត្រូវបានព្រះជាម្ចាស់ទទួលយក និងរស់នៅក្នុងសេចក្តីសន្យារបស់ទ្រង់ ហើយដោយសារតែការប្រឆាំងជំទាស់របស់ពួកគេចំពោះព្រះជាម្ចាស់ ទើបមនុស្សស្លាប់នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ហើយរស់នៅក្នុងការដាក់ទោស និងការដាក់បណ្តាសារបស់ទ្រង់។ នេះហើយជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនអាចផ្លាស់ប្តូរបានទេ។ ដោយសារតែការស្វះស្វែងរកផ្ទាល់ខ្លួនរបស់ពួកគេ ទើបមនុស្សទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ហើយរស់នៅក្នុងពន្លឺ។ ដោយសារតែការបោកបញ្ឆោតប្រកបដោយល្បិចកលរបស់ពួកគេ នោះទើបមនុស្សត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា ហើយធ្លាក់ចូលទៅក្នុងការដាក់ទោស។ ដោយសារតែទង្វើអាក្រក់របស់ពួកគេ ទើបមនុស្សត្រូវបានព្រះជាម្ចាស់ដាក់ទោស ហើយដោយសារតែការចង់បាន និងភាពស្មោះត្រង់របស់ពួកគេ ទើបមនុស្សទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ទ្រង់សុចរិត៖ ទ្រង់ប្រទានពរចំពោះមនុស្សមានជីវិត ហើយដាក់បណ្ដាសាមនុស្សស្លាប់ ដូច្នេះហើយទើបពួកគេតែងតែនៅក្នុងសេចក្តីស្លាប់ ហើយមិនដែលរស់នៅក្នុងពន្លឺរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់នឹងនាំយកមនុស្សមានជីវិតទៅក្នុងនគររបស់ទ្រង់ និងចូលទៅក្នុងព្រះពររបស់ទ្រង់ ដើម្បីនៅជាមួយទ្រង់ជារៀងរហូត។ ប៉ុន្តែសម្រាប់មនុស្សស្លាប់វិញ ទ្រង់នឹងប្រហារពួកគេ ហើយប្រគល់ពួកគេទៅក្នុងសេចក្តីស្លាប់អស់កល្បជានិច្ច។ ពួកគេគឺជាកម្មវត្ថុនៃការបំផ្លាញរបស់ទ្រង់ ហើយគេនឹងនៅតែជាកម្មសិទ្ធិរបស់សាតាំងជានិរន្តន៍។ ព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សណាម្នាក់ដោយអយុត្តិធម៌ឡើយ។ អស់អ្នកដែលពិតជាស្វះស្វែងរកព្រះជាម្ចាស់ នឹងនៅតែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់យ៉ាងជាក់ច្បាស់ ហើយអស់អ្នកណាដែលប៉ះបោរទាស់នឹងព្រះជាម្ចាស់ ព្រមទាំងមិនចុះសម្រុងជាមួយទ្រង់ នឹងរស់នៅក្នុងការដាក់ទោសរបស់ទ្រង់យ៉ាងជាក់ច្បាស់។ ប្រហែលជាអ្នកមិនប្រាកដអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមទេ ប៉ុន្តែថ្ងៃមួយ សាច់ឈាមរបស់ព្រះជាម្ចាស់នឹងមិនរៀបចំចាត់ចែងទីបញ្ចប់របស់មនុស្សដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ វិញ្ញាណរបស់ទ្រង់នឹងរៀបចំចាត់ចែងទិសដៅរបស់មនុស្ស ហើយនៅពេលនោះ មនុស្សនឹងដឹងថា សាច់ឈាមរបស់ព្រះជាម្ចាស់ និងវិញ្ញាណរបស់ទ្រង់គឺតែមួយ ដឹងថា សាច់ឈាមរបស់ទ្រង់មិនអាចប្រព្រឹត្តកំហុសបាន ហើយដឹងថា វិញ្ញាណរបស់ទ្រង់កាន់តែមិនអាចមានកំហុសបានទៀតផង។ ចុងបញ្ចប់ ទ្រង់នឹងទទួលយកអស់អ្នកដែលចូលមកឯជីវិតទៅក្នុងព្រះរាជ្យរបស់ទ្រង់ជាប្រាកដ មិនឱ្យលើស ហើយក៏មិនឱ្យខ្វះម្នាក់ណាឡើយ។ ចំពោះមនុស្សស្លាប់វិញ ដែលមិនបានចូលមកឯជីវិត នោះពួកគេនឹងត្រូវបោះទៅក្នុងទីជម្រករបស់សាតាំង។