៧៦. តាមរយៈជំងឺ នោះបំណងចង់បានព្រះពររបស់ខ្ញុំត្រូវបានបើកសម្ដែង
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សព្យាយាមចង់បាន គឺឱ្យបានព្រះពរសម្រាប់អនាគត។ នេះហើយជាគោលបំណងរបស់ពួកគេនៅក្នុងសេចក្ដីជំនឿ។ មនុស្សទាំងអស់មានចេតនា និងក្ដីសង្ឃឹមបែបនេះ ប៉ុន្តែ ភាពពុករលួយនៅក្នុងនិស្ស័យរបស់ពួកគេ ត្រូវតែបានដោះស្រាយតាមរយៈការល្បងល។ នៅក្នុងកត្តាណាមួយដែលអ្នកមិនទាន់ត្រូវបានបន្សុទ្ធ អ្នកត្រូវតែបានបន្សុទ្ធនៅក្នុងកត្តាទាំងនោះហើយ នេះហើយគឺជាការរៀបចំរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បង្កើតបរិយាកាសមួយសម្រាប់អ្នករាល់គ្នា ដោយបង្ខំឱ្យអ្នករាល់គ្នាត្រូវបានបន្សុទ្ធ ដើម្បីឱ្យអ្នកអាចស្គាល់ពីភាពពុករលួយរបស់ខ្លួនឯងផ្ទាល់។ ទីបំផុត អ្នកឈានដល់ចំណុចមួយ ដែលអ្នកស៊ូស្លាប់ និងបោះបង់គ្រោងការណ៍ និងបំណងចិត្តរបស់ខ្លួនឯង ហើយចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើមនុស្សមិនចង់ប្រើពេលរាប់ឆ្នាំនៃការបន្សុទ្ធ ប្រសិនបើពួកគេមិនទ្រាំទ្រទុក្ខវេទនាមួយចំនួន នោះពួកគេនឹងមិនអាចរើខ្លួនឯងពីចំណងនៃភាពពុករលួយខាងសាច់ឈាម នៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេបានឡើយ។ ក្នុងកត្តាណាដែលអ្នកនៅតែជាប់ចំណងរបស់សាតាំង និងក្នុងកត្តាណាដែលអ្នកនៅតែមានបំណងចិត្ត និងការទាមទាររបស់ខ្លួនឯងផ្ទាល់ អ្នករាល់គ្នានឹងរងទុក្ខវេទនានៅក្នុងកត្តានោះហើយ។ មានតែតាមទុក្ខវេទនាទេ ទើបអាចរៀនមេរៀនទាំងនេះបាន ពោលគឺអាចទទួលសេចក្ដីពិត និងយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តាមការពិត សេចក្ដីពិតជាច្រើន ត្រូវបានឈ្វេងយល់តាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់។ គ្មាននរណាអាចយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់ឫទ្ធានុភាព និងប្រាជ្ញាញាណ ឬស្គាល់និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ពេលកំពុងស្ថិតក្នុងបរិយាកាសស្រណុក និងងាយស្រួល ឬពេលស្ថានការណ៍ប្រកបដោយក្ដីអនុគ្រោះ! ការនោះពិតជាមិនអាចទៅរួចមែន!» («របៀបដែលមនុស្សម្នាក់គួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ពេលស្ថិតក្នុងសេចក្ដីល្បងល» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានអត្ថបទព្រះបន្ទូលនេះ រំលឹកខ្ញុំពីបទពិសោធន៍នៃកាឆ្លងកាត់ជំងឺ។ នៅពេលនោះ មានការឈឺចាប់មួយចំនួន និងមានទឹកភ្នែកជាច្រើន ប៉ុន្តែខ្ញុំបានយល់ពីសេចក្ដីពិតមួយចំនួន ខ្ញុំឈប់ស្វែងរកព្រះពរខ្លាំងនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ហើយខ្ញុំទទួលបានមេរៀនមួយចំនួនពីការរងទុក្ខនេះ ព្រមទាំងមានអារម្មណ៍ថា នេះក៏ជាព្រះពរពីព្រះជាម្ចាស់ដែរ។
ខ្ញុំបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងឆ្នាំ ២០១០។ នៅពេលនោះ ខ្ញុំនៅរៀនវិទ្យាល័យនៅឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា មនុស្សត្រូវបានព្រះជាម្ចាស់បង្កើត ហើយថា ការជឿ និងការថ្វាយបង្គំព្រះជាម្ចាស់ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ជាមាគ៌ាដែលមានតម្លៃ និងមានន័យបំផុត។ ខ្ញុំចាប់ផ្ដើមចូលរួមការជួបជុំរបស់ក្រុមជំនុំ ហើយខ្ញុំមិនដែលខកខានម្ដងណាឡើយ មិនថាអាកាសធាតុបែបណាទេ។ ខ្ញុំក៏បានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីអធិប្បាយដំណឹងល្អទៅកាន់មិត្តភក្ដិ និងសាច់ញាតិរបស់ខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍ពេញចិត្តជារៀងរាល់ថ្ងៃ ហើយមានសន្ដិភាពខ្លាំងណាស់។
មួយឆ្នាំក្រោយមក ខ្ញុំបានទៅកាន់មន្ទីរពេទ្យមួយដើម្បីពិនិត្យសុខភាព ហើយរកឃើញថាខ្ញុំមានជំងឺថ្លើមប្រភេទ បេ។ លោកគ្រូពេទ្យបាននិយាយថា ជំងឺនេះពិបាកព្យាបាល ហើយថាវាអាចក្លាយជាមហារីក បើវាធ្ងន់ធ្ងរជាងនេះ។ ដោយបានឮដំណឹងភ្លាមៗពីជំងឺនេះ នោះខ្ញុំស្ពឹកទាំងស្រុងតែម្ដង។ មុខរបស់ខ្ញុំត្រជាក់ ហើយដៃរបស់ខ្ញុំញ័រ។ រំពេចនោះ អនាគតរបស់ខ្ញុំហាក់ដូចជាមិនច្បាស់លាស់ឡើយ។ នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ ខ្ញុំពិតជាបាក់ទឹកចិត្តយ៉ាងខ្លាំង។ ខ្ញុំចេះតែយំហើយយំទៀតជានិច្ច។ ខ្ញុំចេះតែសួរខ្លួនឯងថា «ម៉េចបានជាខ្ញុំមានជំងឺនេះអ៊ីចឹង? ម៉េចបានជាខ្ញុំមិនមានសុខភាពល្អដូចអ្នកផ្សេងអ៊ីចឹង?» ខ្ញុំធ្លាប់គិតថា បើខ្ញុំជឿលើព្រះជាម្ចាស់ នោះទ្រង់នឹងបង្ការខ្ញុំពីជំងឺ។ ការបំពេញភារកិច្ចរបស់ខ្ញុំដោយសន្ដិភាពក្នុងដំណាក់របស់ព្រះជាម្ចាស់ នឹងក្លាយជារឿងដ៏អស្ចារ្យ! ប៉ុន្តែពេលនេះ ខ្ញុំមានជំងឺ ដោយមិនដឹងថាធូរស្រាល ឬអត់ទេ ហើយបើវាកាន់តែធ្ងន់ធ្ងរ នោះខ្ញុំអាចបាត់បង់ជីវិតទៀតផង។ គំនិតទាំងនេះ បានធ្វើឱ្យខ្ញុំពិតជាពិបាកចិត្ត ហើយខ្ញុំបានទៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋានជាច្រើនលើក។ ខ្ញុំបានសុំព្រះជាម្ចាស់ឱ្យប្រទានសេចក្ដីជំនឿ និងកម្លាំង ឱ្យទ្រង់ដឹកនាំ និងបំភ្លឺខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ ដូច្នេះ ខ្ញុំនឹងស្គាល់ពីវិធីដើម្បីឆ្លងផុតពីស្ថានភាពនេះ។
នៅពេលដែលបងប្អូនបានដឹងពីរឿងនេះ នោះពួកគេមកគាំទ្រខ្ញុំ ហើយបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «នៅពេលដែលមានជំងឺកើតឡើង នេះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយច្បាស់ណាស់ថា បំណងព្រះហឫទ័យដ៏សប្បុរសរបស់ទ្រង់ គឺមាននៅក្នុងសេចក្ដីស្រឡាញ់នោះ។ ទោះបីជារូបកាយរបស់អ្នកអាចឆ្លងកាត់ការឈឺចាប់បន្តិចក៏ដោយ ក៏រូបកាយនេះមិនរីករាយនឹងយោបល់ពីសាតាំងដែរ។ ចូរសរសើរតម្កើងព្រះជាម្ចាស់ទោះកំពុងស្ថិតក្នុងស្ថានភាពមានជំងឺ ហើយរីករាយនឹងព្រះជាម្ចាស់នៅក្នុងការសរសើរតម្កើង។ ចូរកុំបាក់ទឹកចិត្តនៅពេលមានជំងឺឡើយ ចូរបន្តស្វែងរកម្ដងហើយម្ដងទៀត និងចូរកុំបោះបង់ ហើយព្រះជាម្ចាស់នឹងស្រាយបំភ្លឺអ្នកដោយពន្លឺរបស់ទ្រង់។ តើសេចក្ដីជំនឿរបស់យ៉ូបមានលក្ខណៈដូចម្ដេច? ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាគ្រូពេទ្យដ៏មានអំណាចគ្រប់យ៉ាង! ដើម្បីរស់នៅក្នុងជំងឺគឺត្រូវតែឈឺ ប៉ុន្តែដើម្បីរស់នៅក្នុងវិញ្ញាណ គឺត្រូវមានសុខភាពល្អ។ ដូច្នេះ ដរាបណាអ្នកនៅសល់មួយដង្ហើម នោះព្រះជាម្ចាស់នឹងមិនឱ្យអ្នកស្លាប់ឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការអានអត្ថបទព្រះបន្ទូលនេះ នោះខ្ញុំបានដឹងនៅក្នុងចិត្តថា មិនថាខ្ញុំកាន់តែធ្ងន់ធ្ងរ ឬអត់ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ត្រួតត្រាគ្រប់យ៉ាង! ការបារម្ភ និងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំទាំងអស់ គឺមិនសំខាន់ទាល់តែសោះ។ ពេលនេះ ដោយសារតែខ្ញុំមានជំងឺ នោះខ្ញុំត្រូវតែពឹងផ្អែក និងសម្លឹងទៅរកព្រះជាម្ចាស់។ មិនថាខ្ញុំធូរស្រាល ឬអត់នោះទេ គឺខ្ញុំមិនបន្ទោសព្រះជាម្ចាស់ឡើយ ប៉ុន្តែខ្ញុំត្រូវតែចុះចូលចំពោះការត្រួតត្រារបស់ទ្រង់។ ដូច្នេះ ចាប់ពីពេលនោះមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ជាច្រើនអំពីជំងឺរបស់ខ្ញុំ ហើយខ្ញុំក៏បានទៅឱ្យគេព្យាបាលផងដែរ។ ប្រាំមួយខែក្រោយមក ខ្ញុំបានទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យម្ដងទៀត។ លោកគ្រូពេទ្យបាននិយាយថា ស្ថានភាពរបស់ខ្ញុំបានប្រសើរហើយ ហើយថា ពេលនេះវាអាចគ្រប់គ្រងបាន ដូច្នេះ ខ្ញុំមិនត្រូវការព្យាបាលតទៅទៀតទេ។ ខ្ញុំមានអារម្មណ៍រំភើបដែលបានឮបែបនេះ ហើយខ្ញុំបន្តនិយាយថា «អរព្រះគុណព្រះជាម្ចាស់! អរព្រះគុណព្រះជាម្ចាស់!» ខ្ញុំពិតជាមិនដឹងថា ត្រូវនិយាយអ្វីទៅរកព្រះជាម្ចាស់ឡើយ ប៉ុន្តែខ្ញុំបានដឹងថា នេះគឺជាសេចក្ដីសប្បុរស និងព្រះពររបស់ទ្រង់!
ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យក្នុងឆ្នាំ ២០១២ ប៉ុន្តែខ្ញុំត្រូវបានគេរាយការណ៍ថា ចែកចាយដំណឹងល្អនៅសាកលវិទ្យាល័យ ដូច្នេះខ្ញុំក៏ត្រូវបានគេបណ្ដេញចេញ។ នោះគឺជាពេលវេលាដ៏តឹងតែងសម្រាប់ខ្ញុំ។ សរុបមក វាត្រូវការប្រឹងប្រែងសិក្សារយៈពេល ១២ ឆ្នាំ ដើម្បីចូលរៀននៅទីនោះ។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការដើម្បីសង្គ្រោះមនុស្ស ហើយពួកយើងអាចត្រូវបានសង្គ្រោះ លុះត្រាតែពួកយើងជឿលើព្រះជាម្ចាស់ និងតាមរកសេចក្ដីពិតប៉ុណ្ណោះ។ គ្រោះមហន្តរាយដ៏ធំៗ នឹងមកដល់ឆាប់ៗ ដូច្នេះខ្ញុំខ្លាចខ្ញុំត្រូវបានផាត់ទៅ បើខ្ញុំមិនបំពេញភារកិច្ចរបស់ខ្ញុំ និងប្រព្រឹត្តអំពើល្អទេនោះ។ ខ្ញុំបានគិតក្នុងចិត្តថា «បំភ្លេចសាកលវិទ្យាល័យចោលទៅ។ ខ្ញុំគ្រាន់តែប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីតាមរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមជំនុំប៉ុណ្ណោះ»។ ពីរបីថ្ងៃក្រោយមក ខ្ញុំបានចាកចេញពីផ្ទះ ហើយចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមជំនុំ។ មិនថា ខ្ញុំត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចអ្វីឡើយ ខ្ញុំបានទទួលយកទាំងសប្បាយចិត្ត ដោយគ្មានការរអ៊ូរទាំឡើយ។ ទោះបីជាប្រឈមនឹងការគាបសង្កត់ និងការចាប់ខ្លួនដ៏ឆ្កួតរបស់បក្សកុម្មុយនីស្ដចិន ហើយជិតត្រូវបានប៉ូលិសចាប់ខ្លួនពីរលើកក៏ដោយ ក៏ខ្ញុំមិនខ្លាចឡើយ ផ្ទុយទៅវិញ នៅតែបន្តផ្សព្វផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់នឹងការពារខ្ញុំ លុះត្រាតែខ្ញុំបន្តបំពេញភារកិច្ចរបស់ខ្ញុំប៉ុណ្ណោះ ហើយនោះជាផ្លូវតែមួយគត់ដើម្បីមានវាសនាដ៏ល្អមួយ។
នៅខែ កុម្ភៈ ឆ្នាំ ២០១៥ ខ្ញុំត្រូវបានផ្ទេរចេញពីក្រុង ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ថ្ងៃមួយ អ្នកដឹកនាំបានស្នើឱ្យខ្ញុំទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព ដោយការប្រុងប្រយ័ត្នទុកជាមុន ខ្លាចខ្ញុំចម្លងជំងឺនោះទៅអ្នកដទៃ។ នៅពេលដែលខ្ញុំបានឮគាត់និយាយបែបនេះ ខ្ញុំបានគិតក្នុងចិត្តថា «ចាប់តាំងពីការពិនិត្យចុងក្រោយរបស់ខ្ញុំមក គឺមានរយៈពេលជិតប្រាំឆ្នាំហើយ។ អំឡុងពេលនេះ ជំងឺរបស់ខ្ញុំអាចធ្ងន់ធ្ងរជាងនេះ។ បើវាពិតជាឆ្លង ឬក្លាយជាជំងឺមហារីកមែន នោះខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំតទៅទៀតឡើយ»។ គំនិតនេះ បានធ្វើឱ្យខ្ញុំពិតជាមិនសប្បាយចិត្តឡើយ។ ខ្ញុំក៏ភ័យខ្លាចផងដែរ ហើយដឹងថាខ្ញុំនឹងមិនអាចទទួលយកបានទេ។ ខ្ញុំបានទៅកាន់មន្ទីរពេទ្យនៅថ្ងៃបន្ទាប់ ប៉ុន្តែខ្ញុំព្រួយបារម្ភជាខ្លាំងណាស់នៅពេលដែលទៅដល់ទីនោះ។ ខ្ញុំបានគិតថា «បើពេលនេះ វាក្លាយជាមហារីក ឬពិតជាឆ្លងមែន តើពួកគេអាចព្យាបាលខ្ញុំនៅទីនេះទេ? បើពួកគេមិនអាចព្យាបាលបាន តើខ្ញុំនឹងធ្វើយ៉ាងម៉េច?» នៅពេលនោះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយបាននិយាយថាខ្ញុំនឹងស្ដាប់បង្គាប់ មិនថាមានរឿងអ្វីកើតឡើងឡើយ។ ប៉ុន្តែក្រោយមក លោកគ្រូពេទ្យបាននិយាយថា ខ្ញុំមានបញ្ហាពិបាកដកដង្ហើម ខ្ញុំពិតជាខ្វល់ខ្វាយម្ដងទៀត ដោយគិតថា «តើនេះ គឺជាសញ្ញានៃការកើតជំងឺឬ? ម៉េចបានជាខ្ញុំមានបញ្ហាពិបាកដកដង្ហើមអ៊ីចឹង?» ដោយមើលទឹកមុខដ៏ព្រួយបារម្ភរបស់លោកគ្រូពេទ្យយ៉ាងជិត នោះខ្ញុំដឹងថាអ្វីៗនឹងមិនល្អសម្រាប់ខ្ញុំឡើយ។ លោកគ្រូពេទ្យមិនបាននិយាយច្រើនទេ ប៉ុន្តែគ្រាន់តែយកឈាម និងប្រាប់ខ្ញុំឱ្យត្រឡប់ទៅផ្ទះ និងរង់ចាំលទ្ធផល។
ខណៈពេលដែលថ្ងៃទទួលយកលទ្ធផលរបស់ខ្ញុំកាន់តែកៀកមកដល់ នោះភាពខ្វល់ខ្វាយរបស់ខ្ញុំក៏បានត្រឡប់មកវិញ។ ខ្ញុំខ្លាចទទួលបានដំណឹងអាក្រក់ ហើយមិនមានអារម្មណ៍ថា ខ្ញុំអាចប្រឈមមុខនឹងវាបានទេ។ ខ្ញុំគ្រាន់តែចង់មានសុខភាពល្អម្ដងទៀតប៉ុណ្ណោះ។ មួយសប្ដាហ៍ក្រោយមក ខ្ញុំបានទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលយកលទ្ធផលរបស់ខ្ញុំ។ លោកគ្រូពេទ្យបាននិយាយថា ពេលនេះ ឈាមរបស់ខ្ញុំពេញដោយមេរោគរលាកថ្លើមប្រភេទ បេ ហើយវាបានក្លាយជាជំងឺរលាកថ្លើមដ៏ស្រួចស្រាវទៅហើយ។ គាត់បាននិយាយថា វាជាជំងឺឆ្លងខ្លាំងណាស់ ហើយខ្ញុំត្រូវតែព្យាបាលជាបន្ទាន់។ ខ្ញុំបានគិតក្នុងចិត្តថា «ចប់ហើយខ្ញុំ។ តើពេលនេះខ្ញុំនឹងអាចបំពេញភារកិច្ចរបស់ខ្ញុំបានទេ? តើខ្ញុំនឹងអាចចូលរួមការជួបជុំ និងរស់នៅក្នុងជីវិតបែបពួកជំនុំទេ?» នៅតាមផ្លូវត្រឡប់ទៅផ្ទះ គ្រប់យ៉ាងដែលខ្ញុំអាចគិតឃើញគឺជំងឺ ហើយខ្ញុំហត់នឿយនឹងជិះកង់ណាស់។ បន្ទាប់ពីទៅដល់ផ្ទះវិញ ដោយការស្រាវជ្រាវរកការព្យាបាលតាមអនឡាញ នោះខ្ញុំបានអានថា ជំងឺរលាកថ្លើមស្រួចស្រាវនោះអាចធ្វើឱ្យមនុស្សសន្លប់ ហើយក្រោយមកពួកគេស្លាប់ក្នុងរយៈពេលពីរបីថ្ងៃ។ ខ្ញុំភ័យខ្លាច ហើយបានគិតក្នុងចិត្តថា «តើរឿងនេះនឹងកើតឡើងចំពោះខ្ញុំទេ? បើខ្ញុំពិតជាស្លាប់ដូចនេះមែន តើនោះមិនមែនជាទីបញ្ចប់នៃសេចក្ដីជំនឿរបស់ខ្ញុំទេឬ? បងប្អូនទាំងអស់មានសុខភាពល្អណាស់។ ម៉េចបានជាខ្ញុំឈឺតែម្នាក់ឯងទៅវិញ? ម៉េចបានជាខ្ញុំត្រូវខុសពីអ្នកផ្សេង?» ខ្ញុំកាន់តែច្រណែនអ្នកដទៃ។ ពួកគេមិនមានបញ្ហាដោយសារជំងឺទេ ហើយអាចបំពេញភារកិច្ចរបស់ពួកគេដោយសន្ដិភាព។ ពួកគេកំពុងតែរៀបចំទង្វើល្អ និងអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះ។ ចំណែកខ្ញុំវិញ ខ្ញុំមានជំងឺ ដោយមិនដឹងថាខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំម្ដងទៀតបានឡើយ។ បើមិនអាចទេ តើខ្ញុំនឹងត្រូវបានបោះបង់ ហើយបោះទៅក្នុងគ្រោះមហន្តរាយឬទេ? ខ្ញុំត្រូវបានគេបណ្ដេញចេញពីសាកលវិទ្យាល័យដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ ហើយបានបោះបង់ចោលអនាគតរបស់ខ្ញុំនៅក្នុងលោកិយ។ ខ្ញុំមិនដែលមានសង្សារ ហើយបានចាកចេញពីផ្ទះដើម្បីភារកិច្ចរបស់ខ្ញុំ។ បើព្រះជាម្ចាស់បោះបង់ចោលខ្ញុំ ហើយលុបបំបាត់ខ្ញុំចោល តើនោះមិនមានន័យថា គ្រប់យ៉ាងដែលខ្ញុំបានផ្ដល់នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំប៉ុន្មានឆ្នាំមកនេះ មិនអសាបង់ទេឬ? ពេលនេះ បើខ្ញុំត្រឡប់ទៅផ្ទះវិញ នោះបក្សកុម្មុយនីស្ដចិននឹងចាប់ខ្ញុំ។ ខ្ញុំច្បាស់ជាត្រូវបានចាប់ខ្លួន ហើយជាប់គុកមិនខាន...។ គំនិតទាំងនេះ កាន់តែធ្វើឱ្យខ្ញុំពិបាកចិត្ត និងធុញថប់។ ខ្ញុំបានឆ្ងល់ថា «ព្រះជាម្ចាស់ តើទ្រង់កំពុងតែប្រើប្រាស់ជំងឺនេះ ដើម្បីលាតត្រដាង និងលុបបំបាត់ទូលបង្គំឬ?» ទឹកភ្នែករបស់ខ្ញុំចេះតែហូរមិនឈប់សោះ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាខ្សោយ ដោយមិនចង់បំពេញភារកិច្ចរបស់ខ្ញុំ ឬធ្វើអ្វីផ្សេងឡើយ។ សូម្បីតែទទួលទានក៏មិនចង់ផង។ ខ្ញុំហត់នឿយមែនទែន។ ខ្ញុំបានទៅចំពោះព្រះជាម្ចាស់ជាមួយនឹងការឈឺចាប់របស់ខ្ញុំ ហើយបានអធិស្ឋានថា «ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ ទូលបង្គំខ្សោយណាស់ ហើយទូលបង្គំមានការឈឺចាប់ណាស់ ទូលបង្គំមិនអាចឈប់គិតពីអនាគតរបស់ទូលបង្គំបានឡើយ។ ទូលបង្គំមានអារម្មណ៍ដូចជាទូលបង្គំមិនមានវាសនាតទៅទៀតអ៊ីចឹង។ ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថាទ្រង់បានអនុញ្ញាតឱ្យជំងឺនេះកើតឡើងចំពោះទូលបង្គំ។ សូមទ្រង់បំភ្លឺទូលបង្គំ និងដឹកនាំទូលបង្គំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។
បន្ទាប់មក ខ្ញុំបានគិតឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «សម្រាប់មនុស្សទាំងអស់ ការបន្សុទ្ធគឺមានលក្ខណៈធ្ងន់ធ្ងរ ហើយពិបាកនឹងទទួលយកខ្លាំងណាស់ ប៉ុន្តែគឺជាពេលនៃការបន្សុទ្ធនោះហើយ ដែលព្រះជាម្ចាស់បង្ហាញនិស្ស័យសប្បុរសរបស់ទ្រង់យ៉ាងច្បាស់ដល់មនុស្ស ហើយឲ្យមនុស្សដឹងពីតម្រូវការរបស់ទ្រង់ ផ្តល់ការបំភ្លឺកាន់តែច្រើន ហើយដោះស្រាយ និងកាត់តម្រឹមជាក់ស្តែងកាន់តែច្រើន។ តាមរយៈការប្រៀបធៀបរវាងហេតុការណ៍ពិត និងសេចក្តីពិត ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងអំពីខ្លួនអ្នក និងសេចក្តីពិតកាន់តែប្រសើរ ហើយប្រទានការយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែប្រសើរ ដូច្នេះហើយទើបធ្វើឲ្យមនុស្សមានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ និងកាន់តែពិតចំពោះព្រះជាម្ចាស់។ នេះជាគោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការបន្សុទ្ធ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺមានសារៈសំខាន់នឹងគោលបំណងទៅតាមកិច្ចការនីមួយៗនោះ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានន័យ ឬធ្វើកិច្ចការដែលគ្មានប្រយោជន៍ដល់មនុស្សនោះទេ។ ការបន្សុទ្ធ មិនសំដៅទៅលើការយកមនុស្សចេញពីព្រះភ័ក្រ្តព្រះជាម្ចាស់ ឬការបំផ្លាញពួកគេនៅក្នុងស្ថាននរកនោះទេ។ ប៉ុន្តែ វាសំដៅទៅលើការផ្លាស់ប្តូរនិស្ស័យរបស់នុស្សក្នុងពេលនៃការបន្សុទ្ធ ផ្លាស់ប្តូរគោលបំណង ទស្សនៈចាស់គំរិលរបស់ពួកគេ ផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូល» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយការសញ្ជឹងគិតព្រះបន្ទូលទាំងនេះ នោះខ្ញុំបានយល់ថាបំណងព្រះហឫទ័យល្អរបស់ព្រះជាម្ចាស់នឹងមាននៅក្នុងជំងឺនេះ។ ខ្ញុំបានគិតអំពីវិធីដែលព្រះជាម្ចាស់បានអនុញ្ញាតឱ្យការល្បងលទាំងនោះកើតឡើងចំពោះយ៉ូប។ ទោះបីជាគាត់បានរងទុក្ខដោយការឈឺចាប់ផ្នែករាងកាយក៏ដោយ ក៏ព្រះជាម្ចាស់មិនមែនកំពុងតែដាក់វាដើម្បីយកជីវិតរបស់គាត់ឡើយ ប៉ុន្តែដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់គាត់គ្រប់លក្ខណ៍ និងអនុញ្ញាតឱ្យយ៉ូបស្គាល់ព្រះជាម្ចាស់កាន់តែប្រសើរ។ ព្រះជាម្ចាស់អនុញ្ញាតឱ្យខ្ញុំមានជំងឺ មិនមែនដើម្បីលាតត្រដាង និងលុបបំបាត់ខ្ញុំចោលឡើយ ប៉ុន្តែដើម្បីសម្អាតចំណុចខូចខាតនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ហើយធ្វើឱ្យខ្ញុំពិតជាស្ដាប់បង្គាប់ទ្រង់។ ខ្ញុំមិនអាចស្ដីបន្ទោសព្រះជាម្ចាស់បានទេ ប៉ុន្តែខ្ញុំត្រូវតែត្រួតពិនិត្យបំណងចិត្តខុសឆ្គងដែលនៅពីក្រោយសេចក្ដីជំនឿរបស់ខ្ញុំ និងនៅក្នុងវិធីដែលខ្ញុំកំពុងតែមិនស្ដាប់បង្គាប់ និងតតាំងនឹងព្រះជាម្ចាស់។ ដោយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះខ្ញុំមានអារម្មណ៍វិជ្ជមានជាងមុន។ ខ្ញុំបានអធិស្ឋានម្ដងទៀតទៅកាន់ព្រះជាម្ចាស់ នៅស្ងៀមស្ងាត់ និងធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងដ៏សមស្រប។
នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យខ្ញុំប្រោសគេឲ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញ វិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ មនុស្សជាច្រើន ជឿលើខ្ញុំដើម្បីឲ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យបានរួចខ្លួន ពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឲ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំ សម្ដែងព្រះពិរោធ ទៅលើមនុស្ស ហើយដកហូតរាល់ទាំង សេចក្តីអំណរ និងសេចក្តីសុខ សាន្តដែលគេធ្លាប់មាន នោះមនុស្សចាប់ផ្ដើម មានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខ វេទនានៃស្ថាននរកឲ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ នោះសេចក្តីអាម៉ាស់របស់មនុស្សប្រែក្លាយជាកំហឹង។ ពេលមនុស្សទូលសុំឲ្យខ្ញុំប្រោសគេឲ្យជា ខ្ញុំមិនស្ដាប់ឡើយ ហើយមានអារម្មណ៍ស្អប់ខ្ពើមគេយ៉ាងខ្លាំងទៀតផង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថាមនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើនពេក ហើយពួកគេទទួលបានប្រយោជន៍ច្រើនពេក» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរ និងអ្នកប្រទានព្រះពរ។ និយាយឲ្យចំទៅ គឺវាស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឲ្យ។ សម្ពន្ធភាពមួយនេះ ទឹកចិត្តស្រឡាញ់គឺគ្មានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែទាន និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែល ត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន» («ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានដឹងថា ខ្ញុំមិនបានប្រព្រឹត្តចំពោះព្រះជាម្ចាស់ ជាព្រះជាម្ចាស់នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែគិតថាព្រះជាម្ចាស់គឺជាអ្នកបញ្ចេញព្រះពរប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលដែលខ្ញុំឈឺ នោះគំនិតដំបូងរបស់ខ្ញុំ គឺគិតអំពីអនាគតរបស់ខ្ញុំ និងគិតថាខ្ញុំនឹងធូរស្រាល ឬអត់ ហើយខ្ញុំបានស្រាវជ្រាវនៅតាមអនឡាញដើម្បីរកឱ្យឃើញជំងឺ និងវិធីព្យាបាលវា។ ខ្ញុំបានបាត់បង់ការចាប់អារម្មណ៍ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ នៅពេលដែលខ្ញុំកាន់តែធ្ងន់ធ្ងរ ខ្ញុំស្ដីបន្ទោសព្រះជាម្ចាស់ចំពោះភាពអយុត្តិធម៌ ចំពោះការមិនការពារខ្ញុំ ចំពោះការអនុញ្ញាតឱ្យខ្ញុំមានជំងឺ ហើយខ្ញុំថែមទាំងសោកស្ដាយដែលបានបោះបង់ចោលការសិក្សា គ្រួសារ និងភាពយុវវ័យរបស់ខ្ញុំ ដើម្បីបំពេញភារកិច្ចទៀតផង។ ដោយការឆ្លុះបញ្ចាំងពីខ្លួនឯង នោះខ្ញុំឆ្ងល់ថា «តើខ្ញុំអាចបោះបង់ចោលគ្រប់យ៉ាងដើម្បីបំពេញភារកិច្ចរបស់ខ្ញុំបានយ៉ាងដូចម្ដេចក្នុងប៉ុន្មានឆ្នាំនៃសេចក្ដីជំនឿនេះ?» ខ្ញុំបានដឹងថា គឺដោយសារតែខ្ញុំមានការយល់ឃើញខុស។ ខ្ញុំបានគិតថា ដរាបណាខ្ញុំលះបង់ដើម្បីព្រះជាម្ចាស់ ហើយបំពេញភារកិច្ចរបស់ខ្ញុំបានល្អ នោះព្រះជាម្ចាស់នឹងប្រទានពរខ្ញុំ ព្យាបាលជំងឺរបស់ខ្ញុំ និងមិនឱ្យខ្ញុំមានគ្រោះថ្នាក់ឡើយ។ ដូច្នេះ ខ្ញុំអាចគេចផុតពីគ្រោះមហន្តរាយ និងមិនស្លាប់ឡើយ ខ្ញុំនឹងមានជីវិត ហើយមានទីបញ្ចប់ និងវាសនាដ៏ល្អ។ នោះគឺជាហេតុផលតែមួយដែលខ្ញុំសុខចិត្តរងទុក្ខ និងបង់ថ្លៃ ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ។ ការជំរុញចិត្តរបស់ខ្ញុំសម្រាប់ការជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ គឺដើម្បីទទួលបានព្រះពរ។ នៅពេលដែលស្ថានភាពរបស់ខ្ញុំធ្ងន់ធ្ងរ នោះសេចក្ដីសង្ឃឹមរបស់ខ្ញុំក្នុងការទទួលបានព្រះពរត្រូវរសាយបាត់ ហើយការតាំងចិត្តរបស់ខ្ញុំក្នុងការតាមរកសេចក្ដីពិត និងការជំរុញចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ត្រូវបាត់បង់។ ខ្ញុំថែមទាំងឈ្លោះប្រកែកជាមួយព្រះជាម្ចាស់នៅក្នុងចិត្តទៀតផង។ ខ្ញុំបានដឹងថា ខ្ញុំគ្រាន់តែស្វែងរកព្រះពរប៉ុណ្ណោះ នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ នៅពេលដែលខ្ញុំឈឺ ខ្ញុំគ្រាន់តែគិតពីបំណងអនាគតផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយបានពិចារណាអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំមិនបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាល់តែសោះ ផ្ទុយទៅវិញ ខ្ញុំថែមទាំងស្ដីបន្ទោស យល់ច្រឡំ និងក្បត់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំអាត្មានិយម និងគួរឱ្យស្អប់ណាស់! គំនិតរបស់ខ្ញុំទាំងអស់នេះ ពិតជាបានធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់ និងខកព្រះហឫទ័យ។ តថភាពបានបង្ហាញខ្ញុំថា សេចក្ដីជំនឿរបស់ខ្ញុំ មិនមែនបំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមក ឬដើម្បីតាមរកសេចក្ដីពិតឡើយ។ វាគ្រាន់តែដើម្បីមានជីវិតដែលមានសន្ដិភាព និងដើម្បីមានទីបញ្ចប់ និងវាសនាល្អប៉ុណ្ណោះ។ ខ្ញុំចង់ដោះដូរការរងទុក្ខរបស់ខ្ញុំជាមួយព្រះជាម្ចាស់ ដើម្បីទទួលបានរង្វាន់ និងព្រះពរនៅថ្ងៃអនាគត។ តើខ្ញុំមិនមែនកំពុងតែប្រើប្រាស់ព្រះជាម្ចាស់ និងព្យាយាមលួចបន្លំទ្រង់ទេឬ? ប៉ុលបានធ្វើកិច្ចការអស់ជាច្រើនឆ្នាំ និងរងទុក្ខជាច្រើន ហើយទីបំផុតគាត់សុខចិត្តស្លាប់ ប៉ុន្តែគាត់មិនបានធ្វើកិច្ចការ ដើម្បីបំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមកឡើយ។ គាត់ធ្វើវាដើម្បីទទួលបានរង្វាន់ និងគ្រងរាជ្យ។ ទីបំផុត ខ្ញុំបានដឹងថា ខ្ញុំកំពុងតែដើរលើផ្លូវដូចប៉ុលអ៊ីចឹង។ ព្រះជាម្ចាស់បរិសុទ្ធ និងសុចរិត។ ធ្វើម៉េចទ្រង់អនុញ្ញាតឱ្យនរណាម្នាក់ដែលចង់តថ្លៃ និងចង់លួចបន្លំទ្រង់ដូចជាខ្ញុំ អាចចូលទៅក្នុងនគររបស់ទ្រង់បាន? ដោយការគិតពិចារណាអំពីបញ្ហានេះ នោះទីបំផុតខ្ញុំបានយល់ថា ជំងឺដែលខ្ញុំកំពុងតែឆ្លងកាត់នេះ គឺជាការលាតត្រដាងនូវការជំរុញចិត្តរបស់ខ្ញុំដែលចង់បានព្រះពរ។ បើគ្មានជំងឺនេះទេ នោះខ្ញុំនៅតែមិនដឹងពីបំណងចិត្ត និងចំណុចខូចខាតទាំងអស់របស់ខ្ញុំនៅក្នុងសេចក្ដីជំនឿឡើយ ហើយមិនដឹងថា ខ្ញុំកំពុងតែដើរលើផ្លូវរបស់ប៉ុលដែលជាផ្លូវត្រូវបានព្រះជាម្ចាស់ថ្កោលទោសឡើយ។ នៅត្រង់គំនិតនេះ ខ្ញុំមិនមានអារម្មណ៍ពិបាកចិត្តខ្លាំងអំពីការមានជំងឺនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចំពោះការលាតត្រដាង និងការសង្គ្រោះខ្ញុំតាមវិធីនេះ។ នៅខាងក្រៅ វាគឺជាជំងឺ ជារឿងអាក្រក់ ប៉ុន្តែសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះពិតរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ គឺបង្កប់នៅក្នុងជំងឺនេះ។ ព្រះជាម្ចាស់កំពុងតែដឹកនាំខ្ញុំឱ្យដើរលើមាគ៌ាដ៏ត្រឹមត្រូវនៃសេចក្ដីជំនឿ ដើម្បីជម្រះភាពខូចខាតទាំងអស់នៅក្នុងសេចក្ដីជំនឿ។
ខណៈពេលដែលខ្ញុំពិចារណាអំពីរឿងទាំងអស់នេះ នោះខ្ញុំបានគិតក្នុងចិត្តថា «ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស និងកំពុងតែសម្ដែងចេញនូវសេចក្ដីពិត ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្ស។ ទ្រង់ប្រទានជីវិតដល់ពួកយើងដោយមិនគិតពីអង្គទ្រង់ ហើយមិនបង្គាប់អ្វីត្រឡប់មកវិញឡើយ»។ ខ្ញុំមានអារម្មណ៍ថា ព្រះហឫទ័យរបស់ព្រះជាម្ចាស់ល្អ និងស្រស់ស្អាតម្ល៉េះ។ បន្ទាប់មក ខ្ញុំបានគិតក្នុងចិត្តថា ខ្ញុំរីករាយនឹងព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ រីករាយនឹងការត្រូវបានស្រោចស្រព និងទ្រទ្រង់យ៉ាងច្រើនដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្ដែខ្ញុំមិនត្រូវបានគិតថាត្រូវតបស្នងចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទេ បែរជាព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់នៅក្នុងភារកិច្ចរបស់ខ្ញុំទៅវិញ ហើយនៅពេលដែលខ្ញុំឈឺ ខ្ញុំបានស្ដីបន្ទោស និងយល់ច្រឡំលើព្រះជាម្ចាស់។ ខ្ញុំអាម៉ាស់ និងគួរឱ្យអាម៉ាស់ណាស់នៅត្រង់គំនិតនេះ។ ខ្ញុំស្អប់ខ្លួនឯង ដែលអាត្មានិយម និងគួរឱ្យស្អប់ខ្លាំង! ព្រះជាម្ចាស់ពិនិត្យពិច័យជានិច្ចអំពីគំនិតខាងក្នុងរបស់ខ្ញុំ ខណៈដែលសាតាំងកំពុងតែមើលពីវិធីដែលខ្ញុំប្រព្រឹត្ត។ ខ្ញុំមិនអាចក្លាយជាការលេងសើចរបស់សាតាំងបានឡើយ។ ខ្ញុំត្រូវតែឈរនៅខាងព្រះជាម្ចាស់ ចុះចូលចំពោះការរៀបចំរបស់ទ្រង់ ហើយទទួលយកមេរៀនឱ្យបានល្អ។ ក្រោយមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំចង់យកបំណងចិត្តដែលចង់បានព្រះពររបស់ទូលបង្គំចេញ ហើយមិនគិតពីអនាគតរបស់ទូលបង្គំទៀតឡើយ។ មិនថាទូលបង្គំធូរស្រាល ឬអត់ឡើយ ទូលបង្គំចង់ស្ដាប់បង្គាប់ទ្រង់ និងឈរធ្វើបន្ទាល់ថ្វាយទ្រង់ ដើម្បីបំបាក់មុខសាតាំង»។ ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ទាំងស្រុង បន្ទាប់ពីការអធិស្ឋានរបស់ខ្ញុំ ហើយមិនគិតច្រើនអំពីខ្លួនឯងទៀតឡើយ។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ព្រះជាម្ចាស់អនុញ្ញាតឱ្យពួកយើងរស់នៅ ដូច្នេះពួកយើងគួរតែបំពេញតួនាទីរបស់ពួកយើងឱ្យបានល្អ។ រាល់ថ្ងៃដែលពួកយើងរស់នៅ គឺជាភារកិច្ចប្រចាំថ្ងៃដែលពួកយើងត្រូវតែបំពេញ។ ពួកយើងគួរតែចាត់ទុកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាកិច្ចការចម្បងបំផុតរបស់ពួកយើង ហើយបំពេញភារកិច្ចរបស់ពួកយើង ដូចជាពួកវាជាបញ្ហាដ៏ធំបំផុតនៅក្នុងជីវិតរបស់ពួកយើងអ៊ីចឹង។ ទោះបីជាពួកយើងអាចមិនតាមរកភាពពេញលេញគ្រប់លក្ខណ៍នៃភារកិច្ចរបស់ពួកយើងក៏ដោយ ក៏ពួកយើងធ្វើសកម្មភាពស្របនឹងមនសិការរបស់ពួកយើង មិនឱ្យសាតាំងចោទប្រកាន់ពួកយើង និងដោយគ្មានកំហុសនៃមនសិការ យើងអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនមានការស្ដាយក្រោយទាល់តែសោះ។ នេះគឺជាអាកប្បកិរិយាដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ គួរតែចាត់ទុកជាភារកិច្ចរបស់ពួកគេ» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំមិនដឹងថា ខ្ញុំនឹងធូរស្រាល ឬអត់ឡើយ ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន គឺប្រកាន់ខ្ជាប់នឹងភារកិច្ចដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំ។ បន្ទាប់ពីនោះ ខ្ញុំមិនត្រូវបានជំងឺរបស់ខ្ញុំរារាំងឡើយ ហើយខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងអស់ពីចិត្ត។
ក្រោយមក ខ្ញុំបានធ្វើដំណើរត្រឡប់ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យពីស្ថានភាពនៃជំងឺរបស់ខ្ញុំ។ លោកគ្រូពេទ្យបាននិយាយថា ខ្ញុំមិនអីទេ ហើយតួនាទីថ្លើមរបស់ខ្ញុំគឺដំណើរការធម្មតា។ ឈាមរបស់ខ្ញុំ ត្រូវបានឆ្លងរោគក្នុងកម្រិតខ្ពស់ ប៉ុន្តែអ្វីៗផ្សេងទៀតមិនអីទេ។ គាត់ចង់ប្រាប់ខ្ញុំមិនឱ្យបារម្ភ ហើយថាខ្ញុំគ្រាន់តែត្រូវការការព្យាបាលតាមធម្មតាប៉ុណ្ណោះ។ នៅពេលដែលលោកគ្រូពេទ្យនិយាយបែបនេះ នោះខ្ញុំគ្មានអ្វីក្រៅពីអរព្រះគុណព្រះជាម្ចាស់នៅក្នុងចិត្តឡើយ! ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែអាណិតអាសូរចំពោះខ្ញុំ។ ខ្ញុំអាត្មានិយម និងកំណាញ់ ដោយស្វែងរកតែផលប្រយោជន៍ប៉ុណ្ណោះ ដោយចង់បានអ្វីមួយពីព្រះជាម្ចាស់ ជាការដោះដូរនឹងការបំពេញភារកិច្ចរបស់ខ្ញុំ លួចបន្លំព្រះជាម្ចាស់ និងស្អប់ទ្រង់ ប៉ុន្តែទ្រង់ទតរំលងការបះបោររបស់ខ្ញុំ ទ្រង់នៅតែប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ដើម្បីបំភ្លឺ និងដឹកនាំខ្ញុំឱ្យទទួលបានបទពិសោធន៍នៃកិច្ចការរបស់ទ្រង់ ដើម្បីឱ្យខ្ញុំស្គាល់ពីបំណងចិត្ត និងការយល់ឃើញខុសឆ្គងនៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំពិតជាមានអារម្មណ៍ថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់អស្ចារ្យណាស់! បន្ទាប់មក ខ្ញុំដាក់ចិត្តដាក់កាយដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានគិតថា ខ្ញុំបានរៀនមេរៀនមួយចំនួនតាមរយៈការឆ្លងកាត់ជំងឺនេះ ហើយថា កម្ពស់របស់ខ្ញុំបានលូតលាស់បន្តិច។ ដូច្នេះ ខ្ញុំភ្ញាក់ផ្អើល ដែលត្រូវបានលាតត្រដាងម្ដងទៀត នៅពេលដែលព្រះជាម្ចាស់រៀបចំការសាកល្បងសម្រាប់ខ្ញុំ។
មួយខែក្រោយមក អ្នកដឹកនាំរបស់ខ្ញុំបានស្នើឱ្យខ្ញុំទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យម្ដងទៀត។ គាត់បាននិយាយថា បើជំងឺរបស់ខ្ញុំមានកម្រិតនៃការឆ្លងខ្ពស់ នោះខ្ញុំត្រូវតែរស់នៅដោយខ្លួនឯងឱ្យឆ្ងាយពីអ្នកដទៃ។ ដោយបានឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំពិបាកចិត្ត ដូចមានដុំថ្មដ៏ធំកំពុងតែសង្កត់លើទ្រូងរបស់ខ្ញុំអ៊ីចឹង។ គំនិតរបស់ខ្ញុំចាប់ផ្ដើមប្រទាញប្រទង់៖ «បើខ្ញុំនៅឆ្ងាយពីអ្នកដទៃ នោះខ្ញុំមិនអាចទៅចូលរួមការជួបជុំ ឬរស់នៅជីវិតបែបពួកជំនុំបានឡើយ។ ដូច្នេះ តើខ្ញុំនឹងធ្វើដូចម្ដេច បើថ្ងៃមួយខ្ញុំឈឺធ្ងន់ ហើយគ្មាននរណាម្នាក់ដឹងនោះ? នៅពេលដែលគ្រោះមហន្តរាយដ៏ធំចូលមក បងប្អូនទាំងអស់អាចជួបជុំ និងប្រកបគ្នា ព្រមទាំងជួយ និងគាំទ្រគ្នាទៅវិញទៅមក។ ប៉ុន្តែខ្ញុំគ្រាន់តែពឹងពាក់លើខ្លួនឯងប៉ុណ្ណោះ។ តើខ្ញុំនឹងអាចឈរយ៉ាងរឹងមាំបានទេ?» នៅពេលដែលខ្ញុំគិតកាន់តែច្រើនអំពីរឿងនេះ នោះខ្ញុំកាន់តែពិបាកចិត្ត។ អ្នកដឹកនាំបានផ្ដល់ការប្រកបគ្នាដល់ខ្ញុំ និងបានប្រាប់ខ្ញុំឱ្យរៀនចុះចូលចំពោះការត្រួតត្រារបស់ព្រះជាម្ចាស់។ គាត់បាននិយាយថា ខ្ញុំត្រូវតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន នៅក្នុងស្ថានភាពនេះ ហើយត្រូវសរសើរតម្កើងព្រះជាម្ចាស់ដូចជាយ៉ូបអ៊ីចឹងដែរ មិនថាខ្ញុំជួបព្រះពរ ឬគ្រោះមហន្តរាយឡើយ។ ការបានស្ដាប់ឮការនិយាយបែបនេះ បានអង្រួនខ្ញុំ ហើយខ្ញុំបានចងចាំពីបទពិសោធន៍របស់ខ្ញុំកាលពីមុន។ ខ្ញុំបានដឹងថា បញ្ហានេះត្រូវបានព្រះជាម្ចាស់អនុញ្ញាតឱ្យកើតឡើង ហើយអ្វីដែលត្រូវធ្វើទីមួយ និងមុនគេគេបំផុតនោះគឺចុះចូល។ ក្រោយមក ខ្ញុំបានមើលខ្សែវីដេអូអំពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «លោកយ៉ូបមិនបានផ្ដោះផ្ដងពាក្យសម្ដីជាមួយព្រះជាម្ចាស់ឡើយ ហើយក៏មិនបានទូលសុំ ឬបង្គាប់បញ្ជាដល់ព្រះជាម្ចាស់នោះដែរ។ ការដែលលោកសរសើរព្រះនាមរបស់ព្រះជាម្ចាស់ គឺដោយសារតែព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចធំក្នុងការគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ ហើយមិនមែនអាស្រ័យលើថា តើលោកទទួលបានព្រះពរ ឬត្រូវវាយប្រហាដោយសេចក្ដីអន្តរាយនោះឡើយ។ លោកជឿថា ទោះបីជាព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស ឬក៏ប្រទានសេចក្ដីអន្តរាយដល់គេ ឬអត់ក៏ដោយ ក៏ព្រះចេស្តា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ ដូច្នេះហើយ ទោះបីជាមនុស្សជួបស្ថានភាពយ៉ាងណា ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរតែត្រូវបានសរសើរដែរ។ មនុស្សម្នាក់នោះបានទទួលព្រះពរពីព្រះជាម្ចាស់ ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលសេចក្ដីអន្តរាយកើតមានដល់មនុស្ស ក៏ដោយសារអធិតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ហើយការផ្លាស់ប្ដូរនៃជោគវាសនារបស់មនុស្ស គឺជាការបង្ហាញអំពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយទោះបីជាមនុស្សមានទស្សនៈយ៉ាងណាក៏ដោយ ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរត្រូវបានសរសើរដែរ។ នេះគឺជាអ្វីដែលយ៉ូបបានឆ្លងកាត់ និងចាប់ផ្ដើមស្គាល់ក្នុងគ្រាដែលយ៉ូបនៅមានជីវិត។ ទាំងគំនិត និងសកម្មភាពរបស់លោកយ៉ូប បានឮដល់ព្រះការណ៍របស់ព្រះជាម្ចាស់ និងបានមកនៅចំពោះព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ចាត់ទុកជាការសំខាន់។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងចំណេះដឹងរបស់យ៉ូបណាស់ ហើយឲ្យតម្លៃលោកយ៉ូបចំពោះការដែលមានដួងចិត្តដូច្នេះ។ ដួងចិត្តនេះរង់ចាំសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ជានិច្ច ហើយមិនថានៅពេលណា ឬកន្លែងណា ក៏ដួងចិត្តនេះទទួលស្វាគមន៍អ្វីៗគ្រប់យ៉ាង ដែលកើតឡើងចំពោះគេ និងនៅគ្រប់ទីកន្លែងទាំងអស់។ យ៉ូបមិនទាមទារអ្វីពីព្រះជាម្ចាស់ទេ។ អ្វីដែលលោកទាមទារពីខ្លួនអ្នក គឺរង់ចាំ ទទួលយក ប្រឈមមុខ និងស្ដាប់តាមការចាត់ចែងទាំងអស់ ដែលមកពីព្រះជាម្ចាស់ យ៉ូបជឿថា នេះជាភារកិច្ចរបស់លោក ហើយវាច្បាស់ជាអ្វីដែលព្រះជាម្ចាស់ចង់បាន» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ខណៈពេលដែលខ្ញុំមើលខ្សែវីដេអូនេះ ខ្ញុំមានអារម្មណ៍ពិតជាអាម៉ាស់ខ្លួនឯងណាស់។ យ៉ូប លើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ មិនមែនគ្រាន់តែជាពាក្យសម្ដីដែលឥតខ្លឹមសារឡើយ។ ការសរសើរតម្កើងរបស់គាត់ចេញពីជម្រៅចិត្តរបស់គាត់។ យ៉ូប បានដឹងថាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ភាពមានគ្រប់ព្រះចេស្ដា និងអធិបតេយ្យភាពរបស់ទ្រង់ ដូច្នេះគាត់កោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ ហើយអាចចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ដូច្នេះហើយគាត់មិនរអ៊ូរទាំ ឬធ្វើការទាមទារណាមួយឡើយ មិនថាអ្វីដែលព្រះជាម្ចាស់ចាត់ចែង និងរៀបចំឡើយ។ យ៉ូបមិនបានព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ឡើយ។ គាត់គ្រាន់តែស្ដាប់បង្គាប់ប៉ុណ្ណោះ មិនថាគាត់ទទួលបានព្រះពរ ឬគ្រោះមហន្តរាយឡើយ។ គាត់បានចាត់ទុកការស្ដាប់បង្គាប់ព្រះជាម្ចាស់ មានសារៈសំខាន់ជាងជីវិតខ្លួនឯង។ ខ្ញុំបានគិតអំពីខ្លួនឯងថា៖ ម៉េចបានជាខ្ញុំព្យាយាមតថ្លៃជាមួយព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយចចេសតាមរកព្រះពរអ៊ីចឹង? ដោយសារតែព្រះជាម្ចាស់មិនមានទីកន្លែងនៅក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំមិនកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្ត។ ខ្ញុំបានផ្ដល់សារៈសំខាន់ខ្លាំងពេកទៅលើអនាគតរបស់ខ្ញុំ និងការទទួលបានព្រះពរ ដូច្នេះហើយ ខ្ញុំមិនបានចុះចូលចំពោះព្រះជាម្ចាស់ទាល់តែសោះនៅពេលដែលខ្ញុំឈឺ។ ខ្ញុំអាចរីករាយនឹងព្រះពរមួយចំនួនដោយព្រះគុណរបស់ព្រះជាម្ចាស់ ហើយគឺជាការត្រួតត្រារបស់ព្រះជាម្ចាស់ដែលបាននាំយកជំងឺនេះមកដាក់ខ្ញុំ។ ព្រះជាម្ចាស់បានប្រទានគ្រប់យ៉ាងដែលខ្ញុំមាន ដូច្នេះបើទ្រង់យករបស់ទាំងអស់នោះទៅវិញ នោះគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ផងដែរ! តើអ្វីធ្វើឱ្យខ្ញុំដែលទាបជាងស្រម៉ោច ស័ក្ដិសមនឹងឈ្លោះប្រកែកជាមួយព្រះជាម្ចាស់នោះ? ដូច្នេះ ខ្ញុំបានតាំងចិត្តចំពោះព្រះជាម្ចាស់ថា ខ្ញុំនឹងសុខចិត្តចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់។ បើខ្ញុំត្រូវដាក់ឱ្យនៅដោយឡែកពីអ្នកដទៃ នោះឱ្យវាដូច្នោះចុះ។ ទីណាក៏ដោយដែលព្រះជាម្ចាស់ដាក់ខ្ញុំ ក៏ខ្ញុំមិនរអ៊ូរទាំឡើយ មិនថាគ្រោះមហន្ដរាយវាយប្រហារក៏ដោយ។ ទីណាក៏ដោយដែលខ្ញុំនៅ ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំបានទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ព្រួយបារម្ភបន្តិចដែរនៅតាមផ្លូវ។ ខ្ញុំបានបន្តអធិស្ឋានទៅព្រះជាម្ចាស់នៅក្នុងចិត្ត ហើយពិចារណាអំពីព្រះបន្ទូលរបស់ទ្រង់ ការជិះកង់ទៅកាន់មន្ទីរដូចជាងាយស្រួលណាស់។ នៅពេលដែលខ្ញុំទៅដល់មន្ទីរពេទ្យ នោះលោកគ្រូពេទ្យបាននិយាយថា «អបអរសាទរ! កាលពីខែមុន មានមេរោគចំនួន ១.៧ ប៊ីលាន ក្នុងឈាមរបស់អ្នកមួយមីលីលីត្រ។ ពេលនេះមានតែ ៥៦០ ពាន់ ប៉ុណ្ណោះ ហើយអ្នកមិនមានកម្រិតឆ្លងខ្លាំងទេ»។ គាត់ក៏បាននិយាយថា ពិតជាអស្ចារ្យណាស់ ដែលបានឃើញការថយចុះបែបនេះ ត្រឹមតែរយៈពេលមួយខែ។ ដោយបានឮបែបនេះ ខ្ញុំពេញដោយការដឹងគុណចំពោះព្រះជាម្ចាស់។ ។ ទ្រង់នៅក្បែរខ្ញុំ ត្រួតត្រា និងរៀបចំរបស់សព្វសារពើ។
ដោយការឆ្លងកាត់ជំងឺនេះ បានធ្វើឱ្យបំណងចិត្តចង់បានព្រះពររបស់ខ្ញុំ និងចេតនាដ៏គួរឱ្យស្អប់របស់ខ្ញុំច្បាស់ដូចថ្ងៃអ៊ីចឹង។ ខ្ញុំទទួលបានការយល់ដឹងមួយចំនួននៃទស្សនៈខុសឆ្គងអំពីការតាមរកដែលខ្ញុំមាន និងអំពីនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំក៏មានការកោតសរសើរជាក់ស្ដែងចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផងដែរ។ ទាំងអស់នេះ បានមកពីការមានបទពិសោធន៍នៃការជំនុំជម្រះ និងការវាយផ្ចាល។ ពេលនេះ ខ្ញុំមិនគិតអំពីពេលដែលខ្ញុំនឹងលែងមានជំងឺរលាកថ្លើមទៀតឡើយ។ ខ្ញុំគ្រាន់តែចង់ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អប៉ុណ្ណោះ ក្នុងស្ថានភាពនេះ។ អរព្រះគុណព្រះជាម្ចាស់!