ទាក់ទងនឹងព្រះគម្ពីរ (១)
នៅក្នុងជំនឿលើព្រះជាម្ចាស់ តើគួរចាត់ទុកព្រះគម្ពីរយ៉ាងដូចម្តេច? នេះគឺជាសំណួរទាក់ទងនឹងគោលការណ៍។ ហេតុអ្វីបានជាយើងលើកឡើងទាក់ទងនឹងសំណួរនេះ? ពីព្រោះនៅពេលអនាគត អ្នកនឹងផ្សាយដំណឹងល្អ និងពង្រីកនូវកិច្ចការអំពីយុគសម័យនៃនគរព្រះ ហើយវាមិនគ្រប់គ្រាន់ទេក្នុងការដែលអាចនិយាយអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ។ ដើម្បីពង្រីកនូវកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលសំខាន់ជាងគឺថា អ្នកអាចដោះស្រាយនូវសញ្ញាណចាស់ៗអំពីសាសនា និងរបៀបនៃជំនឿពីមុនរបស់មនុស្ស ហើយធ្វើឱ្យពួកគេជឿជាក់ទាំងស្រុង ហើយដើម្បីឈានដល់ចំណុចនោះបាន ត្រូវរួមបញ្ចូលនូវព្រះគម្ពីរ។ អស់រយៈពេលជាច្រើនឆ្នាំ មធ្យោបាយនៃជំនឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ ជាសាសនាមួយក្នុងចំណោមសាសនាធំៗទាំងបីនៅលើពិភពលោក) គឺជាការអានព្រះគម្ពីរ។ ការបែរចេញពីព្រះគម្ពីរ មិនមែនជាជំនឿលើព្រះអម្ចាស់ទេ ការបែរចេញពីព្រះគម្ពីរ គឺជាជំនឿខុសឆ្គង និងជាជំនឿឃ្លាតចាកពីសេចក្ដីពិត។ ហើយសូម្បីតែនៅពេលមនុស្សអានសៀវភៅផ្សេងៗទៀតក៏ដោយ ក៏គ្រឹះនៃសៀវភៅទាំងនេះ ត្រូវតែជាសេចក្ដីពន្យល់ចេញពីព្រះគម្ពីរដែរ។ ដែលអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែអានព្រះគម្ពីរ ហើយក្រៅពីព្រះគម្ពីរ អ្នកមិនត្រូវថ្វាយបង្គំចំពោះសៀវភៅណាដែលមិនពាក់ព័ន្ធនឹងព្រះគម្ពីរនោះឡើយ។ ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកកំពុងតែក្បត់ព្រះជាម្ចាស់ហើយ។ តាំងពីពេលដែលមានព្រះគម្ពីរមក ជំនឿរបស់មនុស្សលើព្រះអម្ចាស់ គឺជាជំនឿនៅក្នុងព្រះគម្ពីរ។ ជាជាងការនិយាយថាមនុស្សជឿលើព្រះអម្ចាស់ វាជាការប្រសើរជាងក្នុងការដែលនិយាយថា ពួកគេជឿលើព្រះគម្ពីរ។ ជាជាងការនិយាយថាពួកគេបានចាប់ផ្តើមអានព្រះគម្ពីរ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានចាប់ផ្តើមជឿព្រះគម្ពីរ។ ហើយជាជាងការនិយាយថា ពួកគេបានត្រឡប់មករកព្រះអម្ចាស់វិញ វាជាការប្រសើរជាងក្នុងការនិយាយថាពួកគេបានវិលត្រឡប់មករកព្រះគម្ពីរ។ តាមរបៀបនេះ មនុស្សថ្វាយបង្គំដល់ព្រះគម្ពីរ គឺហាក់ដូចជាព្រះគម្ពីរជាព្រះជាម្ចាស់ ហាក់ដូចជាព្រះគម្ពីរជារបស់ដែលសំខាន់បំផុតរបស់ពួកគេ ហើយការបាត់បង់ព្រះគម្ពីរ គឺដូចគ្នានឹងការបាត់បង់អាយុជីវិតរបស់ពួកគេដែរ។ មនុស្សមើលឃើញថាព្រះគម្ពីរខ្ពស់ដូចជាព្រះជាម្ចាស់ ហើយក៏មានអ្នកដែលមើលឃើញថាព្រះគម្ពីរខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយទោះបើពួកគេមិនមានអារម្មណ៍ដឹងថាមានព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេអាចបន្តការរស់នៅបានដែរ ប៉ុន្តែនៅពេលណាពួកគេបាត់បង់នូវព្រះគម្ពីរ ឬបាត់បង់នូវជំពូក និងបាត់បង់នូវព្រះបន្ទូលចេញពីព្រះគម្ពីរ នោះវាហាក់ដូចជាពួកគេបានបាត់បង់នូវជីវិតរបស់ខ្លួនអ៊ីចឹង។ ដូច្នេះហើយ នៅពេលណាមនុស្សជឿលើព្រះអម្ចាស់ ពួកគេចាប់ផ្តើមអានព្រះគម្ពីរ និងទន្ទេញចាំនូវខគម្ពីរ ហើយបើពួកគេអាចទន្ទេញចាំខគម្ពីរបានកាន់តែច្រើន នេះកាន់តែបញ្ជាក់ថាពួកគេស្រឡាញ់ព្រះជាម្ចាស់ និងមានសេចក្ដីជំនឿកាន់តែខ្លាំង។ អស់អ្នកដែលបានអានព្រះគម្ពីរ ហើយអាចថ្លែងពីព្រះគម្ពីរទៅកាន់អ្នកដទៃបាន អ្នកទាំងអស់នោះជាបងប្អូនប្រុសស្រីដ៏ល្អ។ ដ្បិតប៉ុន្មានឆ្នាំមកនេះ សេចក្ដីជំនឿ និងភាពស្មោះត្រង់របស់មនុស្សចំពោះព្រះអម្ចាស់ ត្រូវបានវាស់វែងទៅតាមទំហំនៃការយល់ដឹងរបស់ពួកគេអំពីព្រះគម្ពីរ។ មនុស្សភាគច្រើនពិតជាមិនយល់ពីមូលហេតុដែលពួកគេគប្បីជឿលើព្រះជាម្ចាស់ ហើយក៏មិនយល់ពីរបៀបក្នុងការជឿលើព្រះជាម្ចាស់ដែរ ហើយក៏មិនធ្វើអ្វីសោះ តែបែរទៅជាស្វែងរកនូវតម្រុយដ៏ងងឹតងងល់ ដើម្បីឱ្យបានយល់ពីអត្ថន័យនៃជំពូកនានានៅក្នុងព្រះគម្ពីរទៅវិញ។ មនុស្សមិនដែលស្វែងរកការណែនាំអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ គ្រប់ពេលទាំងអស់ ពួកគេមិនធ្វើអ្វីសោះក្រៅពីខំប្រឹងសិក្សា និងស៊ើបអង្កេតអំពីព្រះគម្ពីរ ហើយគ្មាននរណាម្នាក់ធ្លាប់បានរកឃើញនូវកិច្ចការថ្មីអំពីព្រះវិញ្ញាណបរិសុទ្ធនៅខាងក្រៅព្រះគម្ពីរនោះទេ។ គ្មាននរណាម្នាក់ធ្លាប់បានបែរចេញពីព្រះគម្ពីរ ហើយពួកគេក៏មិនដែលហ៊ានធ្វើដូច្នោះដែរ។ មនុស្សបានសិក្សាព្រះគម្ពីរអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេដាក់ចេញជាការពន្យល់ជាច្រើន ហើយបានបង្កើតកិច្ចការជាច្រើនផង។ ពួកគេក៏មានមតិខុសៗគ្នាជាច្រើនអំពីព្រះគម្ពីរ ដែលពួកគេជជែកវែកញែកដោយគ្មានទីបញ្ចប់ ហេតុដូច្នេះហើយ ទើបបានជាសព្វថ្ងៃនេះមាននិកាយជាងពីរពាន់ផ្សេងគ្នា ត្រូវបានបង្កើតឡើង។ ពួកគេទាំងអស់គ្នាចង់ស្វែងរកសេចក្ដីពន្យល់ជាពិសេសមួយចំនួន ឬអាថ៌កំបាំងដ៏ជ្រាលជ្រៅជាងនេះនៅក្នុងព្រះគម្ពីរ ពួកគេចង់ស្វែងយល់អំពីព្រះគម្ពីរ ហើយចង់ស្វែងយល់ពីប្រវត្ដិនៃកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ឬប្រវត្ដិនៃកិច្ចការរបស់ព្រះយេស៊ូវនៅស្រុកយូដា ឬអាថ៌កំបាំងផ្សេងទៀតដែលគ្មាននរណាម្នាក់ដឹង។ វិធីសាស្រ្តរបស់មនុស្សក្នុងការឈោងទៅកាន់ព្រះគម្ពីរ គឺជាសេចក្ដីគិតមមៃ និងសេចក្ដីជំនឿ ហើយគ្មាននរណាម្នាក់អាចយល់ច្បាស់ទាំងស្រុងអំពីសាច់រឿង ឬខ្លឹមសារនៅក្នុងព្រះគម្ពីរបានទេ។ ដូច្នេះ សព្វថ្ងៃនេះ មនុស្សនៅតែមានញាណនៃការអស្ចារ្យដែលមិនអាចពិពណ៌នាបាន នៅពេលនិយាយដល់ព្រះគម្ពីរ ហើយពួកគេថែមទាំងគិតខ្វល់កាន់តែខ្លាំងពីព្រះគម្ពីរ ហើយថែមទាំងមានសេចក្ដីជំនឿលើព្រះគម្ពីរកាន់តែខ្លាំងទៀត។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចង់ស្វែងរកនូវទំនាយនៃកិច្ចការអំពីគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ ដោយពួកគេចង់រកឃើញនូវកិច្ចការអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើនៅគ្រាចុងក្រោយ និងទីសំគាល់អ្វីដែលនឹងកើតមាននៅថ្ងៃចុងបំផុត។ តាមវិធីនេះ ការថ្វាយបង្គំរបស់ពួកគេចំពោះព្រះគម្ពីរ មានលក្ខណៈកាន់តែក្លៀវក្លា ហើយនៅពេលកាន់តែខិតជិតមកដល់គ្រាចុងក្រោយ នោះពួកគេកាន់តែជឿដោយងងឹតងងល់ទៅលើទំនាយរបស់ពួកគេអំពីព្រះគម្ពីរ ជាពិសេសទំនាយអំពីថ្ងៃចុងបំផុត។ ជាមួយនឹងសេចក្ដីជំនឿដោយងងឹតងងល់បែបនេះនៅក្នុងព្រះគម្ពីរ ជាមួយនឹងការទុកចិត្តបែបនេះលើព្រះគម្ពីរ ពួកគេមិនមានបំណងស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថាមានតែព្រះគម្ពីរប៉ុណ្ណោះ ដែលអាចនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលពួកគេអាចរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ មានតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះ ដែលបានលាក់ទុកនូវអាថ៌កំបាំងអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែព្រះគម្ពីរទេមិនមែនជាសៀវភៅ ឬមនុស្សផ្សេងទៀតទេ ដែលអាចបញ្ជាក់អំពីអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ និងកិច្ចការទាំងមូលរបស់ទ្រង់។ ព្រះគម្ពីរអាចនាំយកកិច្ចការនៃស្ថានសួគ៌មកផែនដី ហើយព្រះគម្ពីរអាចទាំងចាប់ផ្តើម និងបញ្ចប់នូវយុគសម័យបាន។ ជាមួយនឹងសញ្ញាណទាំងនេះ មនុស្សមិនមានទំនោរក្នុងការស្វែងរកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ដូច្នេះមិនថាពេលកន្លងមក ព្រះគម្ពីរបានជួយដល់មនុស្សច្រើនប៉ុនណានោះទេ វាបានក្លាយជាឧបសគ្គដល់កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់រួចទៅហើយ។ ដោយគ្មានព្រះគម្ពីរ មនុស្សអាចស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅកន្លែងផ្សេងទៀត តែសព្វថ្ងៃនេះ ស្នាមព្រះបាទារបស់ទ្រង់ត្រូវបានផ្ទុកដោយព្រះគម្ពីរ ហើយការពង្រីកនូវកិច្ចការចុងក្រោយរបស់ទ្រង់បានក្លាយជាការពិបាកទ្វេដង និងនៅជាប់គាំងក្រៃលែង។ ការទាំងនេះ គឺដោយសារតែជំពូក និងព្រះបន្ទូលល្បីៗពីព្រះគម្ពីរ ក៏ដូចជាទំនាយផ្សេងៗអំពីព្រះគម្ពីរផងដែរ។ ព្រះគម្ពីរបានត្រឡប់ជារូបព្រះនៅក្នុងគំនិតរបស់មនុស្ស វាបានធ្វើឱ្យចិត្ដគំនិតរបស់ពួកគេវង្វេងវង្វាន់ ហើយពួកគេមិនមានសមត្ថភាពជឿថាព្រះជាម្ចាស់អាចធ្វើកិច្ចការក្រៅពីព្រះគម្ពីរបាន ពួកគេមិនមានសមត្ថភាពជឿថាមនុស្សអាចរកឃើញព្រះជាម្ចាស់នៅខាងក្រៅព្រះគម្ពីរបាននោះទេ ពួកគេកាន់តែមិនអាចជឿថាព្រះជាម្ចាស់អាចចាកចេញពីព្រះគម្ពីរ ក្នុងកំឡុងពេលនៃកិច្ចការចុងក្រោយ ហើយចាប់ផ្តើមជាថ្មី។ នេះជារឿងដែលមិនអាចគិតស្មានដល់ចំពោះមនុស្ស ពួកគេមិនអាចជឿលើការនេះបាន ហើយពួកគេក៏មិនអាចស្រមៃគិតដល់ដែរ។ ព្រះគម្ពីរបានក្លាយជាឧបសគ្គដ៏ធំមួយ ចំពោះការទទួលយករបស់មនុស្សអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាការពិបាកមួយចំពោះការពង្រីកកិច្ចការថ្មីនេះរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ប្រសិនបើអ្នករាល់គ្នាមិនយល់ពីរឿងរ៉ាវខាងក្នុងអំពីព្រះគម្ពីរទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានជោគជ័យក្នុងការផ្សាយដំណឹងល្អបានឡើយ ហើយអ្នកក៏មិនអាចធ្វើបន្ទាល់អំពីកិច្ចការថ្មីបានដែរ។ ថ្វីបើសព្វថ្ងៃនេះ អ្នករាល់គ្នាមិនអានព្រះគម្ពីរក៏ដោយ អ្នករាល់គ្នានៅតែមានការគោរពយ៉ាងខ្លាំងចំពោះព្រះគម្ពីរ ដែលអាចនិយាយបានថា ព្រះគម្ពីរអាចមិនស្ថិតនៅក្នុងដៃរបស់អ្នករាល់គ្នាទេ ប៉ុន្តែសញ្ញាណជាច្រើនរបស់អ្នករាល់គ្នា គឺចេញពីព្រះគម្ពីរមក។ អ្នករាល់គ្នាមិនយល់ពីដើមកំណើតនៃព្រះគម្ពីរ ឬរឿងរ៉ាវនៅខាងក្នុងនៃកិច្ចការពីរដំណាក់កាលមុនរបស់ព្រះជាម្ចាស់នោះទេ។ ទោះបីអ្នករាល់គ្នាមិនសូវអានព្រះគម្ពីរញឹកញាប់ក៏ដោយ អ្នករាល់គ្នាត្រូវតែយល់អំពីព្រះគម្ពីរ អ្នកត្រូវតែសម្រេចបាននូវចំណេះដឹងដ៏ត្រឹមត្រូវអំពីព្រះគម្ពីរ ហើយមានតែវិធីនេះទេទើបអ្នករាល់គ្នាអាចដឹងថាតើផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់មានអ្វីខ្លះ។ អ្នកនឹងប្រើរឿងរ៉ាវទាំងនេះ ដើម្បីយកឈ្នះលើមនុស្សដើម្បីធ្វើឱ្យពួកគេទទួលស្គាល់ថា លំហូរនេះគឺជាវិធីដ៏ពិត ដើម្បីធ្វើឱ្យពួកគេទទួលស្គាល់ថាផ្លូវដែលអ្នកដើរសព្វថ្ងៃនេះ គឺជាផ្លូវនៃសេចក្តីពិត ដែលវាត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនត្រូវបានធ្វើឡើងដោយមនុស្សណាម្នាក់ឡើយ។
បន្ទាប់ពីព្រះជាម្ចាស់បានធ្វើកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ គម្ពីរសញ្ញាចាស់ត្រូវបានបង្កើតឡើង ហើយពេលនោះដែលមនុស្សបានចាប់ផ្តើមអានព្រះគម្ពីរ។ បន្ទាប់ពីព្រះយេស៊ូវបានយាងមក ទ្រង់បានធ្វើកិច្ចការអំពីយុគសម័យនៃព្រះគុណ ហើយពួកសាវ័ករបស់ទ្រង់បានសរសេរនូវសញ្ញាថ្មី។ ដូច្នេះ សញ្ញាចាស់ និងសញ្ញាថ្មីនៃព្រះគម្ពីរ ត្រូវបានបង្កើតឡើង ហើយមានរហូតមកដល់សព្វថ្ងៃនេះ សម្រាប់អស់អ្នកដែលជឿលើព្រះជាម្ចាស់ បានអាននូវព្រះគម្ពីរនេះ។ ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្រ្ត។ ពិតណាស់ ព្រះគម្ពីរក៏មានចែងទុកនូវទំនាយខ្លះៗរបស់ពួកហោរាដែរ ហើយទំនាយបែបនេះ មិនមែនជាប្រវត្តិសាស្ត្រទេ។ ព្រះគម្ពីររួមបញ្ចូលផ្នែកខ្លះៗ ដែលមិនគ្រាន់តែជាទំនាយ ឬក៏គ្រាន់តែជាកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ហើយក៏មិនមែនមានតែសំបុត្ររបស់ប៉ុលដែរ។ អ្នកត្រូវតែដឹងថាព្រះគម្ពីរមានប៉ុន្មានផ្នែក គម្ពីរសញ្ញាចាស់មាន លោកុប្បត្តិ និក្ខមនំ... ហើយក៏មានសៀវភៅគម្ពីរថ្លែងអំពីទំនាយដែលពួកហោរាបានសរសេរផងដែរ។ នៅចុងបញ្ចប់ គម្ពីរសញ្ញាចាស់បញ្ចប់ដោយសៀវភៅម៉ាឡាគី។ ផ្នែកទីមួយនេះកត់ទុកនូវកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ ដែលបានដឹកនាំដោយព្រះយេហូវ៉ា។ ចាប់តាំងពីគម្ពីរលោកុប្បត្តិរហូតដល់សៀវភៅម៉ាឡាគី វាគឺជាកំណត់ត្រាដ៏ទូលំទូលាយអំពីគ្រប់ទាំងកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ។ ដែលអាចនិយាយបានថា គម្ពីរសញ្ញាចាស់កត់ត្រានូវគ្រប់ទាំងបទពិសោធទាំងអស់របស់មនុស្ស ដែលត្រូវបានដឹកនាំដោយព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃជំនាន់គម្ពីរសញ្ញាចាស់ដែលជាយុគសម័យនៃក្រឹត្យវិន័យ មានហោរាជាច្រើនដែលព្រះយេហូវ៉ាបានលើកឡើងបានថ្លែងនូវទំនាយអំពីទ្រង់ ដោយពួកគេបានបង្ហាត់បង្ហាញដល់ពួកកុលសម្ព័ន្ធ និងប្រជាជាតិផ្សេងៗ ហើយបានថ្លែងទំនាយអំពីកិច្ចការដែលព្រះយេហូវ៉ានឹងត្រូវធ្វើ។ មនុស្សទាំងនេះដែលព្រះយេហូវ៉ាបានលើកពួកគេឡើង សុទ្ធតែបានប្រទាននូវព្រះវិញ្ញាណនៃការថ្លែងទំនាយពីព្រះយេហូវ៉ា៖ ពួកគេអាចមើលឃើញនូវនិមិត្តពីព្រះយេហូវ៉ា ហើយឮព្រះសូរសៀងរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវបានទ្រង់បណ្ដាល ហើយបានសរសេរនូវសេចក្ដីទំនាយ។ កិច្ចការដែលពួកគេបានធ្វើ គឺជាការសម្ដែងចេញនូវព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាការសម្ដែងចេញនូវសេចក្ដីទំនាយរបស់ព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះយេហូវ៉ានៅគ្រានោះ គឺគ្រាន់តែណែនាំមនុស្សដោយប្រើព្រះវិញ្ញាណ គឺទ្រង់មិនបានត្រឡប់ជាសាច់ទេ ហើយមនុស្សក៏មិនបានឃើញព្រះភក្រ្តទ្រង់សោះឡើយ។ ដូច្នេះ ទ្រង់បានបណ្ដាលឱ្យមានពួកហោរាជាច្រើនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយបានឱ្យពួកគេថ្លែងនូវទំនាយ ដែលពួកគេបានទាយទៅគ្រប់ពូជអំបូរ និងអំបូរអ៊ីស្រាអែលផងដែរ។ កិច្ចការរបស់ពួកគេ គឺត្រូវនិយាយពីទំនាយ ហើយពួកគេខ្លះ បានសរសេរអំពីការបង្ហាត់បង្ហាញរបស់ព្រះយេហូវ៉ាដល់ពួកគេ ដើម្បីបើកសម្ដែងដល់អ្នកដទៃ។ ព្រះយេហូវ៉ាបានលើកមនុស្សទាំងនេះឱ្យបានខ្ពង់ខ្ពស់ឡើង ដើម្បីថ្លែងអំពីសេចក្ដីទំនាយ ប្រាប់អំពីកិច្ចការនាពេលអនាគត ឬកិច្ចការដែលត្រូវធ្វើនៅគ្រានោះ ដើម្បីឱ្យមនុស្សអាចឃើញភាពអស្ចារ្យ និងព្រះប្រាជ្ញារបស់ព្រះយេហូវ៉ា។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសួរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានបណ្ដាលឱ្យមាននោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមនំ មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន។ ពួកហោរានៅសម័យនោះ ត្រូវបានបណ្ដាលដោយព្រះយេហូវ៉ា ហើយបានថ្លែងនូវទំនាយខ្លះៗ ពួកគេបានថ្លែងនូវព្រះបន្ទូលជាច្រើន ហើយពួកគេបានទាយនូវទំនាយអំពីរឿងរ៉ាវនៃយុគសម័យព្រះគុណ និងការបំផ្លាញពិភពលោកនៅគ្រាចុងក្រោយ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានគ្រោងនឹងធ្វើ។ សៀវភៅគម្ពីរឯទៀតៗ កត់ទាំងអស់អំពីកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ ដូច្នេះ ពេលអ្នកអានព្រះគម្ពីរ អ្នកកំពុងតែអានភាគច្រើនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ សញ្ញាចាស់ បានកត់ទុកជាចម្បងទៅលើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងការនាំផ្លូវប្រជារាស្រ្តអ៊ីស្រាអែល ការដែលទ្រង់ប្រើម៉ូសេដើម្បីនាំប្រជារាស្រ្តអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ដែលបាននាំពួកគេចេញពីនឹមរបស់ស្តេចផារ៉ោន និងយកពួកគេចេញទៅក្នុងទីរហោស្ថាន បន្ទាប់ពីនោះពួកគេបានចូលទៅកាន់ស្រុកកាណាន ហើយអ្វីៗបន្ទាប់ពីនេះ គឺជាជីវិតរបស់ពួកគេនៅស្រុកកាណាន។ អ្វីៗក្រៅពីនេះ គឺត្រូវបានកត់ត្រាទុកអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេញទូទាំងអ៊ីស្រាអែល។ អ្វីៗគ្រប់យ៉ាងដែលបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល វាគឺជាកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងទឹកដីដែលទ្រង់បានបង្កើតអ័ដាម និងអេវ៉ា។ ចាប់ពីពេលដែលព្រះជាម្ចាស់បានចាប់ផ្តើមជាផ្លូវការក្នុងការដឹកនាំមនុស្សនៅលើផែនដីបន្ទាប់ពីណូអេ អ្វីទាំងអស់ដែលបានកត់ទុកក្នុងសញ្ញាចាស់ គឺជាកិច្ចការរបស់អ៊ីស្រាអែល។ ហើយហេតុអ្វីបានជាមិនមានការកត់ត្រាទុកអំពីកិច្ចការណាក្រៅពីអ៊ីស្រាអែលអ៊ីចឹង? ពីព្រោះទឹកដីអ៊ីស្រាអែលជាទីកំណើតរបស់មនុស្ស។ កាលពីដើមដំបូងឡើយ មិនមានប្រទេសណាក្រៅពីប្រទេសអ៊ីស្រាអែលទេ ហើយព្រះយេហូវ៉ាមិនបានធ្វើកិច្ចការនៅកន្លែងផ្សេងដែរ។ តាមវិធីនេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាចាស់ គឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់នៅអ៊ីស្រាអែលក្នុងពេលនោះ។ ព្រះបន្ទូលដែលថ្លែងដោយពួកហោរា ដោយអេសាយ ដានីយ៉ែល យេរេមា និងអេសេគាល...ពាក្យរបស់ពួកគេដែលបានទាយទុកអំពី កិច្ចការផ្សេងទៀតរបស់ទ្រង់នៅលើផែនដី គឺពួកគេបានទាយពីកិច្ចការរបស់ព្រះយេហូវ៉ាដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រៅពីសៀវភៅគម្ពីរព្យាការីទាំងនេះ ចំពោះសៀវភៅគម្ពីរផ្សេងៗទៀត គឺជាការកត់ត្រាទុកនូវបទពិសោធរបស់មនុស្សអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ។
កិច្ចការអំពីការបង្កើតបានកើតឡើងមុនពេលមានមនុស្ស ប៉ុន្តែសៀវភៅគម្ពីរលោកុប្បត្តិ បានកើតមានឡើងបន្ទាប់ពីមានវត្ដមានមនុស្សប៉ុណ្ណោះ។ វាជាគម្ពីរដែលម៉ូសេបានសរសេរក្នុងយុគសម័យនៃក្រឹត្យវិន័យ។ វាដូចជារឿងរ៉ាវដែលកើតឡើងក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃនេះអ៊ីចឹង៖ បន្ទាប់ពីមានរឿងរ៉ាវកើតឡើង អ្នករាល់គ្នាសរសេររឿងរ៉ាវទាំងនោះទុក ដើម្បីបង្ហាញដល់មនុស្សក្នុងពេលអនាគត និងសម្រាប់មនុស្សគ្រាខាងមុខ ហើយអ្វីដែលអ្នកបានកត់ទុកគឺជារឿងរ៉ាវដែលបានកើតឡើងនៅអតីតកាល រឿងរ៉ាវទាំងនោះមិនមានអ្វីក្រៅពីប្រវត្តិសាស្រ្តទេ។ រឿងរ៉ាវដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ហើយអ្វីដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ។ ពួកគេបានចងក្រងទុកនូវកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យពីរផ្សេងគ្នា។ គម្ពីរសញ្ញាចាស់ ចងក្រងទុកនូវកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ ដូច្នេះហើយគម្ពីរសញ្ញាចាស់ គឺជាសៀវភៅប្រវត្តិសាស្ត្រ ខណៈដែលគម្ពីរសញ្ញាថ្មី គឺជាសមិទ្ធិផលនៃកិច្ចការរបស់យុគសម័យព្រះគុណ។ នៅពេលដែលកិច្ចការថ្មីបានចាប់ផ្តើម គម្ពីរសញ្ញាថ្មីក៏ទៅជាហួសសម័យផងដែរ ដូច្នេះហើយ គម្ពីរសញ្ញាថ្មី ក៏ជាសៀវភៅប្រវត្តិសាស្ត្រមួយផងដែរ។ ជាការពិត គម្ពីរសញ្ញាថ្មី មិនមែនមានលក្ខណៈជាប្រព័ន្ធដូចទៅនឹងគម្ពីរសញ្ញាចាស់ទេ ហើយក៏មិនមានការកត់ត្រាទុកនូវរឿងរ៉ាវជាច្រើនដែរ។ គ្រប់ព្រះបន្ទូលជាច្រើនដែលព្រះយេហូវ៉ាបានមានបន្ទូល ត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ ចំណែកឯព្រះបន្ទូលខ្លះៗរបស់ព្រះយេស៊ូវ ត្រូវបានកត់ទុកនៅក្នុងសៀវភៅដំណឹងល្អទាំងបួន។ ជាការពិត ព្រះយេស៊ូវក៏បានធ្វើនូវកិច្ចការជាច្រើនផងដែរ ប៉ុន្តែមិនត្រូវបានកត់ទុកជាលម្អិតនោះទេ។ មានការកត់ត្រាតិចតួចនៅក្នុងគម្ពីរសញ្ញាថ្មី ដោយព្រោះតែចំនួននៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺបរិមាណនៃកិច្ចការដែលទ្រង់បានធ្វើក្នុងកំឡុងពេលបីឆ្នាំកន្លះនៅលើផែនដី និងកិច្ចការរបស់ពួកសាវ័ក គឺនៅតិចជាងកិច្ចការរបស់ព្រះយេហូវ៉ាឆ្ងាយណាស់។ ដូច្នេះហើយ បានជាសៀវភៅនៅគម្ពីរសញ្ញាថ្មី មានតិចជាងសៀវភៅនៅក្នុងគម្ពីរសញ្ញាចាស់។
តើសៀវភៅប្រភេទណាជាព្រះគម្ពីរ? គម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ បានកត់ទុកនូវរាល់កិច្ចការរបស់ព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យវិន័យ និងកិច្ចការនៃការបង្កើតពិភពផែនដីរបស់ទ្រង់។ គ្រប់យ៉ាងកត់ទុកនូវគ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ ហើយទីបំផុត បញ្ចប់នូវកំណត់ហេតុអំពីកិច្ចការរបស់ព្រះយេហូវ៉ាដោយសៀវភៅម៉ាឡាគី។ គម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការពីរផ្នែកដែលព្រះជាម្ចាស់បានបំពេញ៖ ទីមួយ គឺជាកិច្ចការនៃការបង្កើតពិភពផែនដី ហើយមួយទៀតគឺជាបញ្ញត្តិនៃក្រឹត្យវិន័យ។ កិច្ចការទាំងពីរគឺជាកិច្ចការដែលបានធ្វើឡើងដោយព្រះយេហូវ៉ា។ យុគសម័យនៃក្រឹត្យវិន័យ តំណាងឱ្យកិច្ចការនៅក្រោមព្រះនាមនៃព្រះយេហូវ៉ា វាជាកិច្ចការទាំងមូលដែលត្រូវបានធ្វើជាចម្បងក្នុងព្រះនាមនៃព្រះយេហូវ៉ា។ ដូច្នេះ គម្ពីរសញ្ញាចាស់កត់ត្រាទុកនូវកិច្ចការរបស់ព្រះយេហូវ៉ា ហើយគម្ពីរសញ្ញាថ្មីកត់ត្រាទុកនូវកិច្ចការរបស់ព្រះយេស៊ូវ ជាកិច្ចការដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមព្រះយេស៊ូវ។ ភាពសំខាន់នៃព្រះនាមព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ ភាគច្រើនត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាថ្មី។ ក្នុងអំឡុងនៃគម្ពីរសញ្ញាចាស់ ដែលជាយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានសង់ព្រះវិហារ និងអាសនៈនៅអ៊ីស្រាអែល។ ទ្រង់បានដឹកនាំអំពីរបៀបរស់នៅរបស់ជនជាតិអ៊ីស្រាអែលនៅលើផែនដី ដោយបង្ហាញថា ពួកគេជារាស្ដ្ររើសតាំងរបស់ទ្រង់ ជាក្រុមមនុស្សដំបូងដែលទ្រង់បានជ្រើសរើសនៅលើផែនដី ហើយជាអ្នកដែលដើរតាមព្រះហឫទ័យទ្រង់ផ្ទាល់ ហើយក្រុមមនុស្សដំបូងដែលទ្រង់បានដឹកនាំដោយផ្ទាល់។ កុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ជាពូជអំបូរដែលព្រះយេហូវ៉ាបានជ្រើសរើសដំបូង ដូច្នេះហើយទ្រង់តែងតែធ្វើកិច្ចការជាមួយពួកគេជានិច្ច រហូតដល់ពេលកិច្ចការរបស់ព្រះយេហូវ៉ា ដែលជាកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យត្រូវបានបញ្ចប់។ ដំណាក់កាលទីពីរនៃកិច្ចការ គឺជាកិច្ចការនៃយុគសម័យនៃព្រះគុណនៃគម្ពីរសញ្ញាថ្មី ហើយត្រូវបានអនុវត្តក្នុងចំណោមជនជាតិយូដា ដែលជាពូជអំបូរមួយក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល។ ទំហំនៃកិច្ចការនេះ គឺតូចជាងមុន ពីព្រោះព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកនិស្ស័យជាសាច់ឈាម។ ព្រះយេស៊ូវបានធ្វើការតែនៅពាសពេញស្រុកយូដាតែប៉ុណ្ណោះ ហើយបានធ្វើកិច្ចការតែរយៈពេលបីឆ្នាំកន្លះប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលបានកត់ទុកនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺខុសគ្នាឆ្ងាយ ដែលមិនអាចលើសចំនួននៃកិច្ចការដែលបានកត់ទុកនៅក្នុងសញ្ញាចាស់នោះឡើយ។ កិច្ចការរបស់ព្រះយេស៊ូវនៃយុគសម័យនៃព្រះគុណ ត្រូវបានកត់ទុកជាចម្បងនៅក្នុងសៀវភៅដំណឹងល្អទាំងបួន។ ផ្លូវដែលបានដើរដោយមនុស្សនៅយុគសម័យនៃព្រះគុណ គឺថាជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងនិស្ស័យនៃរបៀបរស់នៅរបស់ពួកគេ ដែលភាគច្រើនត្រូវបានកត់ទុកនៅក្នុងសំបុត្រ។ សេចក្ដីសំបុត្របង្ហាញពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅពេលនោះ។ (ជាការពិត មិនថាប៉ុលត្រូវបានវាញផ្ចាល ឬរងទុក្ខដោយភាពអកុសល នៅក្នុងកិច្ចការដែលគាត់បានធ្វើ ដែលត្រូវបានចង្អុលបង្ហាញពីព្រះវិញ្ញាណបរិសុទ្ធ គឺគាត់ជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ នៅពេលនោះ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានប្រើពេត្រុសផងដែរ ប៉ុន្តែគាត់មិនបានធ្វើកិច្ចការច្រើនដូចប៉ុលទេ។ ទោះបីកិច្ចការរបស់ប៉ុលមានភាពមិនបរិសុទ្ធរបស់មនុស្សក៏ដោយ តាមរយៈសេចក្ដីសំបុត្រដែលបានសរសេរដោយប៉ុល គឺយើងអាចឃើញអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការនៅពេលនោះ។ ផ្លូវដែលប៉ុលបានដឹកនាំ គឺជាផ្លូវដ៏ត្រឹមត្រូវ គឺវាត្រឹមត្រូវ ហើយវាជាផ្លូវរបស់ព្រះវិញ្ញាណបរិសុទ្ធ)។
ប្រសិនបើអ្នកចង់ឃើញកិច្ចការយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះអ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៃគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការអំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី និងធ្វើកិច្ចការក្រៅពីអ៊ីស្រាអែល ដែលលើសពីវិសាលភាពនៃព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា នោះគឺជាកិច្ចការថ្មីនិងអស្ចារ្យនៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឱ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែបែបនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែបែបនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឱ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលម្អិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។ អ្នកត្រូវតែដឹងអំពីភាពខុសគ្នារវាងកិច្ចការចាស់និងថ្មី ហើយទោះបីជាអ្នកមិនបានអានព្រះគម្ពីរក៏ដោយ ក៏អ្នកត្រូវតែវិភាគឱ្យបានល្អិតល្អន់ដែរ។ បើមិនដូច្នោះទេ អ្នកនឹងនៅតែថ្វាយបង្គំព្រះគម្ពីរ ហើយវានឹងពិបាកសម្រាប់អ្នកក្នុងការចូលធ្វើកិច្ចការថ្មី ហើយឆ្លងកាត់នូវការផ្លាស់ប្តូរថ្មីនោះ។ ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះសូរសៀងថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងបញ្ចេញព្រះសូរសៀងថ្មីអាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វាគ្រាន់តែជាប្រវត្តិសាស្ត្រនៃការមើលទៅគ្រាមុនរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
អ្នករាល់គ្នាត្រូវតែយល់ពីព្រះគម្ពីរ កិច្ចការនេះគឺចាំបាច់ខ្លាំងណាស់! នៅថ្ងៃនេះ អ្នកមិនចាំបាច់អានព្រះគម្ពីរទេ ដ្បិតមិនមានអ្វីថ្មីនៅក្នុងព្រះគម្ពីរទេ វាចាស់ហើយ។ ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្ត្រ ហើយប្រសិនបើអ្នកបានហូប និងផឹកនូវសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ ប្រសិនបើអ្នកបានអនុវត្តនូវអ្វីដែលត្រូវបានតម្រូវនៅក្នុងសម័យសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវនឹងបដិសេធអ្នក ព្រមទាំងថ្កោលទោសអ្នក។ ប្រសិនបើអ្នកបានអនុវត្តនូវសញ្ញាចាស់អំពីកិច្ចការរបស់ព្រះយេស៊ូវ នោះអ្នកនឹងត្រឡប់ជាពួកផារិស៊ីម្នាក់។ ប្រសិនបើថ្ងៃនេះ អ្នកដាក់គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីជាមួយគ្នា ដើម្បីហូបនិងផឹក ហើយអនុវត្ត នោះព្រះជាម្ចាស់នាពេលបច្ចុប្បន្ននឹងថ្កោលទោសអ្នក អ្នកនឹងដេញតាមមិនទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះទេ! ប្រសិនបើអ្នកហូបនិងផឹកគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី នោះអ្នកស្ថិតនៅខាងក្រៅលំហូរនៃព្រះវិញ្ញាណបរិសុទ្ធហើយ! ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកព្រះទ័យទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងព្រះចេស្ដារបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើគម្ពីរសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ និងអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺនិងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឱ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែត្រូវបានអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវអនុវត្តថ្ងៃសប្ប័ទ ហើយធ្វើតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងពិសាស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងថា មួយណាកើតមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់នៃថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃព្រះគម្ពីរទេឬអី?
កិច្ចការដែលព្រះយេស៊ូវបានធ្វើក្នុងជំនាន់នៃគម្ពីរសញ្ញាថ្មី បានចាប់ផ្តើមនូវកិច្ចការថ្មី៖ ទ្រង់មិនបានធ្វើកិច្ចការស្របតាមកិច្ចការនៃគម្ពីរសញ្ញាចាស់ទេ ហើយក៏មិនបានអនុវត្តទៅតាមព្រះបន្ទូល ដែលបានមានបន្ទូលដោយព្រះយេហូវ៉ានៃគម្ពីរសញ្ញាចាស់ដែរ។ ទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយបានធ្វើកិច្ចការថ្មីជាង និងកិច្ចការដែលខ្ពស់ជាងក្រឹត្យវិន័យ។ ដូច្នេះទ្រង់បានមានព្រះបន្ទូលថា៖ «កុំគិតស្មានថា ខ្ញុំមកបំផ្លាញក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ៖ ខ្ញុំមិនបានមកដើម្បីបំផ្លាញឡើយ តែមកដើម្បីឱ្យបានសម្រេចវិញ»។ ដូច្នេះស្របតាមអ្វីដែលទ្រង់សម្រេចបាន គោលលទ្ធិជាច្រើនត្រូវបានបំបែក។ នៅថ្ងៃសប្ប័ទ នៅពេលដែលទ្រង់នាំពួកសិស្សទៅច្រូតចម្រូតនៅវាលស្រែ ពួកគេរើស និងបរិភោគគ្រាប់ស្រូវ តែទ្រង់មិនបានរក្សាថ្ងៃសប្ប័ទទេ ហើយមានបន្ទូលថា «បុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ»។ នៅពេលនោះ តាមច្បាប់របស់សាសន៍អ៊ីស្រាអែល អ្នកណាដែលមិនគោរពថ្ងៃសប្ប័ទ នឹងត្រូវគប់នឹងដុំថ្មដល់ស្លាប់។ ទោះយ៉ាងណា ព្រះយេស៊ូវមិនបានចូលព្រះវិហារ ឬរក្សាថ្ងៃសប្ប័ទទេ ហើយកិច្ចការរបស់ទ្រង់មិនទាន់បានធ្វើដោយព្រះយេហូវ៉ាក្នុងជំនាន់នៃគម្ពីរសញ្ញាចាស់។ ដូច្នេះ កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺលើសពីក្រឹត្យវិន័យនៃសញ្ញាចាស់ទៅទៀត កិច្ចការរបស់ទ្រង់ខ្ពស់ជាងក្រឹត្យវិន័យ ហើយកិច្ចការរបស់ទ្រង់ក៏មិនស្របនឹងក្រឹត្យវិន័យដែរ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវមិនបានធ្វើកិច្ចការតាមក្រឹត្យវិន័យនៃសញ្ញាចាស់ទេ ហើយបានបំបែករួចទៅហើយនូវគោលលទ្ធិទាំងនោះ។ ប៉ុន្តែសាសន៍អ៊ីស្រាអែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះព្រះគម្ពីរ និងថ្កោលទោសព្រះយេស៊ូវ តើនេះមិនមែនបដិសេធកិច្ចការរបស់ព្រះយេស៊ូវទេឬ? សព្វថ្ងៃនេះ ពិភពសាសនាក៏បានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅលើព្រះគម្ពីរដែរ ហើយមានអ្នកខ្លះបាននិយាយថា «ព្រះគម្ពីរជាសៀវភៅដ៏បរិសុទ្ធ ហើយយើងត្រូវតែអាន» មនុស្សខ្លះនិយាយថា «កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែទទួលបានការប្រកាន់ខ្ជាប់ជារៀងរហូត។ គម្ពីរសញ្ញាចាស់គឺជាសេចក្ដីសញ្ញារបស់ព្រះជាម្ចាស់ជាមួយសាសន៍អ៊ីស្រាអែល ហើយមិនត្រូវបំបែកចេញទេ ហើយត្រូវតែរក្សាថ្ងៃសប្ប័ទជានិច្ច!» តើពួកគេមិនគួរឱ្យអស់សំណើចទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទ? តើទ្រង់បានប្រព្រឹត្តអំពើបាបទេ? តើអ្នកណាអាចយល់រឿងរ៉ាវទាំងនេះឱ្យបានស៊ីជម្រៅទៅ? មិនថាមនុស្សអានព្រះគម្ពីរយ៉ាងដូចម្ដេចក៏ដោយ ក៏គេមិនអាចដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយប្រើសមត្ថភាពយល់ដឹងរបស់ពួកគេបានឡើយ។ ពួកគេមិនត្រឹមតែមិនទទួលបានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែសញ្ញាណរបស់ពួកគេក៏កាន់តែលេចធ្លោឡើងដែរ ដូច្នេះ ពួកគេនឹងចាប់ផ្តើមទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវាមិនមែនសម្រាប់ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់សព្វថ្ងៃនេះទេ នោះមនុស្សនឹងត្រូវបំផ្លាញដោយសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេនឹងត្រូវស្លាប់ពេលទទួលការវាយផ្ចាលពីព្រះជាម្ចាស់។