ជំពូកទី ៨៣
អ្នកមិនដឹងទេថា ខ្ញុំជាព្រះដ៏មានគ្រប់ចេស្ដា ហើយអ្នកមិនដឹងទេថា គ្រប់ទាំងព្រឹត្តិការណ៍ និងអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការត្រួតត្រារបស់ខ្ញុំ! តើការដែលអ្វីៗទាំងអស់ត្រូវបានបង្កើតឡើង និងត្រូវបានបញ្ចប់ដោយខ្ញុំមានន័យដូចម្ដេចទៅ? ព្រះពរ ឬភាពអកុសលរបស់មនុស្សគ្រប់រូបគឺអាស្រ័យលើការចាក់បំពេញរបស់ខ្ញុំ ហើយក៏អាស្រ័យលើសកម្មភាពរបស់ខ្ញុំផងដែរ។ តើមនុស្សអាចធ្វើអ្វីបាន? តើមនុស្សអាចសម្រេចបានអ្វីខ្លះដោយការគិតទៅ? នៅក្នុងយុគសម័យចុងក្រោយនេះ នៅក្នុងយុគសម័យដ៏អាក្រក់នេះ នៅក្នុងលោកីយ៍ដ៏ខ្មៅងងឹតដែលសាតាំងបានធ្វើឱ្យពុករលួយដល់កម្រិតជាក់លាក់មួយនេះ តើមានមនុស្សតិចតួចប៉ុន្មាននាក់ទៅដែលអាចស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ? មិនថាវាជាថ្ងៃនេះ ថ្ងៃម្សិលមិញ ឬថ្ងៃអនាគតដ៏ខ្លីខាងមុខឡើយ ជីវិតរបស់មនុស្សទាំងអស់ត្រូវបានកំណត់ទុកដោយខ្ញុំរួចស្រេចទៅហើយ។ មិនថាពួកគេទទួលបានព្រះពរ ឬរងទុក្ខនូវភាពអកុសលឡើយ ហើយមិនថាពួកគេត្រូវបានស្រឡាញ់ ឬស្អប់ដោយខ្ញុំនោះទេ អ្វីៗគ្រប់យ៉ាងត្រូវបានខ្ញុំកំណត់ទុកយ៉ាងជាក់ច្បាស់ទាំងស្រុង។ នៅក្នុងចំណោមអ្នករាល់គ្នា តើនរណាហ៊ានអះអាងថា ជំហានរបស់អ្នកត្រូវបានកំណត់ទុកដោយខ្លួនឯង និងថា វាសនារបស់អ្នកស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកទៅ? តើនរណាហ៊ាននិយាយបែបនេះ? តើនរណាហ៊ានរឹងទទឹងបែបនេះ? តើនរណាមិនកោតខ្លាចខ្ញុំនោះ? តើនរណាមានដួងចិត្តដែលមិនស្ដាប់បង្គាប់ខ្ញុំ? តើនរណាហ៊ានធ្វើតាមអំពើចិត្តរបស់ពួកគេនោះ? ខ្ញុំនឹងវាយផ្ចាលពួកគេនៅនឹងកន្លែង ហើយខ្ញុំនឹងគ្មានសេចក្តីមេត្តាករុណាតទៅទៀតចំពោះមនុស្សជាតិ ឬប្រទានសេចក្តីសង្រ្គោះបន្ថែមទៀតឡើយ។ ពេលនេះ គឺនៅវិនាទីដែលអ្នករាល់គ្នាបានទទួលយកព្រះនាមរបស់ខ្ញុំ គឺជាពេលវេលាចុងក្រោយដែលខ្ញុំនឹងបង្ហាញសេចក្តីអត់ឱនចំពោះមនុស្សជាតិ។ គឺអាចនិយាយបានថា ខ្ញុំបានជ្រើសរើសបំណែកមួយនៃមនុស្សជាតិ ដែលបានរីករាយនឹងចំណែកដ៏ល្អនៃព្រះគុណរបស់ខ្ញុំ ទោះបើព្រះពររបស់ពួកគេអាចមិនមានភាពអស់កល្បជានិច្ចក៏ដោយ។ ដូច្នេះ ទោះបីជាវាមិនត្រូវបានកំណត់ទុកជាមុនមកថា អ្នកនឹងទទួលបានព្រះពរអស់កល្បជានិច្ចក៏ដោយ ក៏ក្រោយមក អ្នកនឹងមិនត្រូវគេធ្វើបាបនោះដែរ ហើយអ្នកប្រសើរឆ្ងាយជាងអស់អ្នកដែលនឹងជួបភាពអកុសលដោយផ្ទាល់ទៅទៀត។
ពិតណាស់ ការជំនុំជម្រះរបស់ខ្ញុំបានឈានដល់ចំណុចកំពូលរួចហើយ ហើយក៏កំពុងតែចូលដល់ដែនដីដែលមិនធ្លាប់បានចូលពីមុនមកដែរ។ ការជំនុំជម្រះរបស់ខ្ញុំកើតមានចំពោះមនុស្សគ្រប់រូប ហើយឥឡូវនេះ វាគឺជាការជំនុំជម្រះមួយដែលពេញដោយសេចក្តីក្រោធ។ កាលពីអតីតកាល វាជាការជំនុំជម្រះនៃឫទ្ធានុភាព ប៉ុន្តែសព្វថ្ងៃនេះ វាខុសពីមុនហើយ។ កាលពីអតីតកាល មនុស្សមិនមានអារម្មណ៍កោតខ្លាចសូម្បីតែបន្ដិចឡើយ រហូតដល់ពួកគេបានជួបនូវការជំនុំជម្រះដែលខ្ញុំដាក់ចេញ។ សព្វថ្ងៃនេះ គ្រាន់តែពួកគេឮអំពីព្រះបន្ទូលតែមួយម៉ាត់ ក៏ពួកគេភិតភ័យយ៉ាងខ្លាំងបាត់ទៅហើយ។ អ្នកខ្លះថែមទាំងខ្លាច នៅពេលដែលខ្ញុំគ្រាន់តែបើកព្រះឱស្ឋរបស់ខ្ញុំទៀតផង។ ប្រសិនបើព្រះសូរសៀងរបស់ខ្ញុំគ្រាន់តែថ្លែងចេញ នៅពេលដែលខ្ញុំចាប់ផ្ដើមមានបន្ទូល នោះពួកគេមានអារម្មណ៍ខ្លាចយ៉ាងខ្លាំង រហូតដល់ពួកគេមិនដឹងជាត្រូវធ្វើអ្វី ដោយគិតចង់តែលាក់ខ្លួននាពេលនោះនៅក្នុងរូងក្រោមដី ឬបន្តលាក់ខ្លួននៅកាច់ជ្រុងនៃទីងងឹតបំផុតប៉ុណ្ណោះ។ មនុស្សបែបនេះមិនអាចត្រូវបានសង្រ្គោះឡើយ ដោយសារតែពួកគេត្រូវបានកាន់កាប់ដោយពួកវិញ្ញាណអាក្រក់។ នៅពេលដែលខ្ញុំជំនុំជម្រះនាគដ៏ធំមានសម្បុរក្រហម និងសត្វពស់បុរាណ ពួកគេកាន់តែភិតភ័យ ហើយថែមទាំងខ្លាចមិនចង់ឱ្យគេមើលឃើញទៀតផង។ ពិតណាស់ ពួកគេជាពូជពង្សរបស់សាតាំង ដែលកើតមកនៅក្នុងសេចក្តីងងឹត។
ជារឿយៗ ខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលអំពី «ការកំណត់ទុកជាមុន និងការជ្រើសរើស។» តើពាក្យទាំងនេះមានអត្ថន័យដូចម្ដេចទៅ? តើខ្ញុំកំណត់ទុកជាមុន និងជ្រើសរើសដោយរបៀបណាទៅ? ហេតុអ្វីបានជាមនុស្សម្នាក់មិនស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានកំណត់ទុកជាមុន និងមនុស្សរើសតាំង? តើអ្នកអាចយល់អំពីការនេះយ៉ាងដូចម្ដេច? រឿងទាំងនេះតម្រូវឱ្យមានសេចក្តីពន្យល់ដ៏ច្បាស់លាស់មួយចំនួនពីខ្ញុំ ហើយវាក៏ចាំបាច់ឱ្យខ្ញុំមានបន្ទូលដោយផ្ទាល់ទៅកាន់អ្នកផងដែរ។ បើខ្ញុំបានបើកសម្ដែងរឿងទាំងនេះនៅក្នុងអ្នករាល់គ្នា នោះមនុស្សល្ងង់នឹងច្រឡំជឿថា វាជាគំនិតមួយដែលត្រូវបានសាតាំងផ្ដល់មកមិនខាន! គេនឹងមួលបង្កាច់ខ្ញុំដោយអយុត្តិធម៌! ឥឡូវនេះ ខ្ញុំនឹងមានបន្ទូលត្រង់ៗ និងមិនលាក់បាំងអ្វីឡើយ៖ នៅពេលដែលខ្ញុំបានបង្កើតរបស់សព្វសារពើ ដំបូង ខ្ញុំបានបង្កើតអ្វីៗដែលបម្រើដល់មនុស្សជាតិ (ផ្កា ស្មៅ ដើមឈើ ព្រៃឈើ ភ្នំ ទន្លេ បឹងបួរ ដីគោក និងមហាសមុទ្រ គ្រប់ទាំងសត្វល្អិត សត្វស្លាប និងសត្វលើដី។ របស់ខ្លះគឺដើម្បីឱ្យមនុស្សជាតិបរិភោគ ហើយរបស់ខ្លះទៀតគឺដើម្បីឱ្យមនុស្សជាតិមើលថែរក្សា)។ ប្រភេទគ្រាប់ធញ្ញជាតិខុសៗគ្នាត្រូវបានបង្កើតមកសម្រាប់មនុស្សជាតិស្របតាមភាពខុសៗគ្នារវាងតំបន់ផ្សេងៗ។ ក្រោយពេលបង្កើតរបស់ទាំងអស់នេះរួចមក ទើបខ្ញុំចាប់ផ្ដើមបង្កើតមនុស្ស។ មានមនុស្សចំនួនពីរប្រភេទ៖ ទីមួយគឺជាមនុស្សដែលខ្ញុំបានរើសតាំង និងបានកំណត់ទុកជាមុន។ ហើយទីពីរគឺជាមនុស្សដែលមានលក្ខណៈរបស់សាតាំង ហើយមនុស្សប្រភេទនេះត្រូវបានបង្កើតមក មុនពេលខ្ញុំបានបង្កើតពិភពលោកទៅទៀត ប៉ុន្តែដោយសារតែពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយទាំងស្រុង ដូច្នេះ ខ្ញុំក៏បានបោះបង់ពួកគេចោល។ បន្ទាប់មក ខ្ញុំបានបង្កើតមនុស្សមួយប្រភេទដែលខ្ញុំបានរើសតាំង និងបានកំណត់ទុកជាមុន ដែលម្នាក់ៗមានគុណសម្បត្តិរបស់ខ្ញុំទៅតាមកម្រិតខុសៗគ្នា។ ដូច្នេះ អស់អ្នកដែលខ្ញុំបានរើសតាំងនាពេលសព្វថ្ងៃ ម្នាក់ៗមាននូវគុណសម្បត្តិរបស់ខ្ញុំនៅកម្រិតខុសៗគ្នា។ ទោះបីជាពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយក៏ដោយ ក៏ពួកគេនៅតែជាកម្មសិទ្ធិរបស់ខ្ញុំដដែល។ ជំហាននីមួយៗគឺជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ មនុស្សទៀងត្រង់សោយរាជ្យនៅក្នុងនគររបស់ខ្ញុំ ដោយសារតែការនេះត្រូវបានគ្រោងទុកជាមុនដោយខ្ញុំ។ អស់អ្នកដែលវៀចវេរ និងបោកបញ្ឆោតមិនអាចក្លាយជាមនុស្សទៀងត្រង់បានឡើយ ដោយសារតែពួកគេជាពូជរបស់សាតាំង និងត្រូវបានកាន់កាប់ដោយសាតាំង។ ពួកគេជាខ្ញុំបម្រើរបស់វា ហើយក៏ស្ថិតនៅក្រោមបញ្ជារបស់វា តាំងពីដើមដល់ទីបញ្ចប់ផងដែរ។ យ៉ាងណាមិញ គោលបំណងនៃការទាំងអស់នេះគឺដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់បែបនេះ ដើម្បីលុបបំបាត់ការប៉ាន់ស្មានរបស់អ្នករាល់គ្នា។ អស់អ្នកដែលខ្ញុំប្រោសឱ្យគ្រប់លក្ខណ៍ ខ្ញុំនឹងមើលថែ និងការពារ។ ចំពោះអស់អ្នកដែលខ្ញុំស្អប់ខ្ពើមវិញ ពេលដែលការបម្រើរបស់ពួកគេបានមកដល់ទីបញ្ចប់ ពួកគេនឹងត្រូវចេញពីទីន្លែងរបស់ខ្ញុំ។ នៅពេលដែលនិយាយដល់មនុស្សទាំងនេះ ខ្ញុំក្រេវក្រោធភ្លាម។ នៅពេលដែលលើកឡើងអំពីពួកគេ ខ្ញុំមានបំណងចង់ចាត់ការជាមួយពួកគេភ្លាមៗតែម្ដង។ យ៉ាងណាមិញ ខ្ញុំខំទប់ទង្វើរបស់ខ្ញុំ។ ខ្ញុំមានការប្រយ័ត្នប្រយែងនៅក្នុងសកម្មភាព និងព្រះបន្ទូលរបស់ខ្ញុំ។ ដោយសេចក្តីក្រោធ ខ្ញុំអាចគាបសង្កត់ពិភពលោកបាន ប៉ុន្តែអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន ត្រូវបានលើកលែង។ ក្រោយពេលបន្ធូរអារម្មណ៍ ខ្ញុំអាចដាក់ពិភពលោកនៅក្នុងបាតព្រះហស្តរបស់ខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់។ នៅពេលដែលខ្ញុំទតឃើញថា ពិភពលោកត្រូវបានពុករលួយដល់កម្រិតមួយដែលមនុស្សមិនអាចទ្រាំទ្របាន នោះខ្ញុំនឹងបំផ្លាញវាភ្លាមៗមិនខាន។ តើខ្ញុំមិនអាចគ្រាន់តែបំផ្លាញវាដោយសូរសៀងនៃព្រះបន្ទូលតែមួយម៉ាត់ទេឬ?
ខ្ញុំជាព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គ។ ខ្ញុំមិនធ្វើទីសម្គាល់ ឬការអស្ចារ្យបែបអធិធម្មជាតិឡើយ ប៉ុន្តែកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំមាននៅគ្រប់ទីកន្លែង។ ផ្លូវដែលនៅខាងមុខនឹងកាន់តែភ្លឺត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ការបើកសម្ដែងរបស់ខ្ញុំអំពីជំហាននីមួយៗគឺជាផ្លូវមួយដែលខ្ញុំចង្អុលបង្ហាញដល់អ្នករាល់គ្នា ហើយវាក៏ជាផែនការគ្រប់គ្រងរបស់ខ្ញុំផងដែរ។ គឺអាចនិយាយបានថា នៅក្នុងពេលអនាគត ការបើកសម្ដែងទាំងនេះនឹងមានចំនួនកាន់តែច្រើន ហើយក៏កាន់តែច្បាស់ឡើងៗផងដែរ។ សូម្បីតែនៅក្នុងរាជ្យមួយពាន់ឆ្នាំនាពេលអនាគតដ៏ខ្លីក្ដី ក៏អ្នករាល់គ្នាត្រូវតែលូតលាស់ស្របតាមការបើកសម្ដែងរបស់ខ្ញុំ និងដើរតាមជំហានរបស់ខ្ញុំដែរ។ គ្រប់យ៉ាងបានចេញជារូបរាង ហើយគ្រប់យ៉ាងត្រូវបានរៀបចំទុក។ ព្រះពរដ៏អស់កល្បជានិច្ចរង់ចាំអ្នករាល់គ្នាដែលស្ថិតនៅក្នុងចំណោមមនុស្សដ៏មានពរ រីឯអ្នកទទួលទោសវិញ មានការវាយផ្ចាលអស់កល្បជានិច្ចកំពុងតែរង់ចាំពួកគេ។ សេចក្តីអាថ៌កំបាំងរបស់ខ្ញុំគឺមានចំនួនច្រើនណាស់សម្រាប់អ្នករាល់គ្នា។ អ្វីដែលជាព្រះបន្ទូលដ៏សាមញ្ញបំផុតសម្រាប់ខ្ញុំ គឺជាព្រះបន្ទូលដ៏ពិបាកបំផុតសម្រាប់អ្នករាល់គ្នា។ ដូច្នេះ ខ្ញុំថ្លែងព្រះបន្ទូលកាន់តែច្រើនឡើងៗ ដ្បិតអ្នករាល់គ្នាយល់បានតិចតួចណាស់ ហើយក៏ត្រូវការឱ្យខ្ញុំពន្យល់គ្រប់ទាំងព្រះបន្ទូលនីមួយៗផងដែរ។ យ៉ាងណាមិញ កុំបារម្ភខ្លាំងពេកអី! ខ្ញុំនឹងមានបន្ទូលទៅកាន់អ្នករាល់គ្នាស្របតាមកិច្ចការរបស់ខ្ញុំ។