ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

ឯងរាល់គ្នាម្នាក់ៗគួរពិនិត្យពិច័យម្ដងទៀតអំពីរបៀបដែលឯងរាល់គ្នាជឿលើព្រះជាម្ចាស់ក្នុងជីវិតរបស់ឯងពីដើមមក ដើម្បីឲ្យឯងរាល់គ្នាអាចមើលឃើញថា ឯងពិតជាបានយល់ ដឹង ពិតជាបានយល់ច្បាស់ និងពិតជាចាប់ផ្ដើមស្គាល់ព្រះជា ម្ចាស់មែន ឬមិនមែន នៅក្នុងដំណើរការដើរតាមព្រះជាម្ចាស់ មើលឃើញថា ឯងពិតជាស្គាល់ឥរិយាបទអ្វីខ្លះដែលព្រះជាម្ចាស់ ដាក់ក្នុងជំពូកមនុស្សខុសៗគ្នាមែន ឬមិនមែន មើលឃើញថា ឯងពិតជាយល់ពីកិច្ចការដែលព្រះជាម្ចាស់កំពុងធ្វើលើឯង ហើយពិតជាយល់អំពីវិធីដែលព្រះជាម្ចាស់កំណត់គ្រប់ទង្វើរបស់ឯងមែន ឬមិនមែន។ ព្រះជាម្ចាស់អង្គនេះ ជាព្រះដែលគង់នៅក្បែរឯង កំពុងតែដឹកនាំទិសដៅនៃការវិវឌ្ឍន៍របស់ឯង កំពុងគ្រប់គ្រងវាសនារបស់ឯង ហើយកំពុងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ឯង  តើឯងយល់ពីព្រះជាម្ចាស់អង្គនេះកម្រិតណា នៅពេលដែលគ្រប់យ៉ាងត្រូវបាននិយាយរួច ហើយត្រូវបានធ្វើរួច។ តើឯងពិតជាស្គាល់ព្រះជាម្ចាស់អង្គនេះកម្រិតណា? តើឯងស្គាល់កិច្ចការដែលទ្រង់ប្រគល់ឲ្យឯងរៀងរាល់ថ្ងៃនេះទេ? តើឯងស្គាល់គោលការណ៍ និងគោលបំណងនានាដែលទ្រង់ប្រើជាគ្រឹះនៃគ្រប់សកម្មភាពរបស់ទ្រង់ទេ? តើឯងដឹងពីរបៀបដែលទ្រង់ដឹកនាំឯងទេ? តើឯងដឹងពីមធ្យោបាយដែលទ្រង់ផ្គត់ផ្គង់សម្រាប់ឯងទេ? តើឯងស្គាល់ទ្រឹស្ដីដែលទ្រង់ដឹកនាំឯងទេ? តើឯងស្គាល់អ្វីដែលទ្រង់ចង់ទទួលបានពីឯង និងដឹងពីអ្វីដែលទ្រង់ចង់សម្រេចនៅក្នុងឯងទេ? តើឯងស្គាល់ឥរិយាបទដែលព្រះជាម្ចាស់ប្រកាន់ខ្ជាប់ចំពោះរបៀបនានាដែលឯងបញ្ចេញកិរិយាទេ? តើឯងដឹងថា ឯងជាមនុស្សម្នាក់ដែលទ្រង់សព្វព្រះទ័យមែន ឬមិនមែន? តើឯងដឹងអំពីប្រភពដើមនៃសេចក្ដីអំណរ ព្រះពិរោធ ទុក្ខសោក និងព្រះហឫទ័យដ៏រីករាយរបស់ទ្រង់ រួមទាំងព្រះតម្រិះ និងយោបល់ដែលនៅពីក្រោយលក្ខណៈទាំងអស់នេះ ព្រមទាំងឥរិយាបទពិតរបស់ទ្រង់ដែរឬទេ? ចុងក្រោយ តើឯងដឹងទេថា ព្រះជាម្ចាស់ដែលឯងជឿអង្គនេះ ជាព្រះជាម្ចាស់ប្រភេទណា? តើសំណួរទាំងនេះ និងសំណួរផ្សេងទៀត សុទ្ធតែជាសំណួរដែលឯងមិនធ្លាប់យល់ ឬមិនធ្លាប់គិតដល់មែនទេ? ក្នុងការព្យាយាមឲ្យបាននៅក្នុងជំនឿរបស់ឯងលើព្រះជាម្ចាស់ តើឯងបានកម្ចាត់ការយល់ខុសរបស់ឯងចំពោះទ្រង់ តាមរយៈការថ្លែងអំណរគុណពិតប្រាកដ និងតាមរយៈបទពិសោធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ឬទេ? បន្ទាប់ពីទទួលការដាក់វិន័យ និងការវាយផ្ចាលពីព្រះជាម្ចាស់ តើឯងទទួលបានការស្ដាប់បង្គាប់ និងការមើលថែដ៏ពិតហើយឬនៅ? ក្នុងគ្រាដែលកំពុងទទួលការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ តើឯងបានចាប់ផ្ដើមស្គាល់ ចរិតបះបោរ និងធម្មជាតិជាសាតាំងរបស់មនុស្ស និងទទួលបានការយល់ដឹងបន្តិចបន្តួចអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ហើយ ឬនៅ? ក្រោមការដឹកនាំ និងការបំភ្លឺនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើឯងបានចាប់ផ្ដើមមានទស្សនៈថ្មីចំពោះជីវិត ហើយឬនៅ? ក្នុងគ្រាកំពុងត្រូវឆ្លងកាត់នូវការល្បងលដែលព្រះជាម្ចាស់ចាត់ឲ្យមក តើឯងបានស្គាល់ពីការមិនលើលែងរបស់ទ្រង់ ចំពោះសេចក្ដីល្មើសរបស់មនុស្ស ក៏ដូចជាអ្វីដែលទ្រង់តម្រូវពីឯង និងរបៀបដែលទ្រង់កំពុងសង្គ្រោះឯងហើយឬនៅ? ប្រសិនបើឯងមិនដឹងថា ការយល់ខុសចំពោះព្រះជាម្ចាស់គឺជាអ្វី ឬមិនដឹងពីរបៀបបំបាត់ការយល់ខុសនេះ នោះគេអាចនិយាយបានថា ឯងមិនធ្លាប់មានទំនាក់ទំនងពិតជាមួយនឹងព្រះជាម្ចាស់ និងមិនធ្លាប់យល់ពីព្រះជាម្ចាស់ ឬយ៉ាងហោចណាស់ ក៏គេអាចនិយាយបានថា ឯងមិនដែលប្រាថ្នាចង់យល់អំពីព្រះអង្គឡើយ។ ប្រសិនឯងមិនដឹងថា អ្វីទៅជាការដាក់វិន័យ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ នោះឯងប្រាកដជាមិនស្គាល់អ្វីទៅជាការស្ដាប់បង្គាប់ ឬយ៉ាងហោចណាស់ក៏ឯងមិនធ្លាប់ស្ដាប់បង្គាប់ ឬខ្វល់ខ្វាយនឹងព្រះជាម្ចាស់ពិតប្រាកដឡើយ។ ប្រសិនបើឯងមិនធ្លាប់ឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ នោះឯងច្បាស់ជាមិនស្គាល់អ្វីទៅជាភាពបរិសុទ្ធរបស់ទ្រង់ ហើយឯងក៏រឹតតែមិនច្បាស់ពីអ្វីដែលជាការបះបោររបស់មនុស្សឡើយ។ ប្រសិនបើឯងមិនធ្លាប់មានទស្សនៈត្រឹមត្រូវចំពោះជីវិតដ៏ពិតប្រាកដ ឬគោលបំណងត្រឹមត្រូវមួយក្នុងជីវិត ប៉ុន្តែ ឯងនៅតែមានសភាពយល់ច្រឡំ និងអល់អែកចំពោះផ្លូវអនាគតរបស់ឯងក្នុងជីវិតដល់ថ្នាក់រារែកក្នុងការបន្តដំណើរទៅមុខ គឺច្បាស់ ណាស់ថា ឯងមិនធ្លាប់បានទទួលការបំភ្លឺ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ ក៏គ្មាននរណាអាចនិយាយបានថា ឯងមិនធ្លាប់ត្រូវបានផ្គត់ផ្គង់ ឬត្រូវបានបំពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើឯងមិនទាន់បាន ឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ទេ មិនចាំបាច់និយាយក៏ដឹងដែរថា ឯងច្បាស់ជាមិនស្គាល់ការមិនលើកលែងរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីល្មើសរបស់មនុស្សឡើយ ហើយឯងក៏មុខជាមិនយល់អ្វីដែលព្រះជាម្ចាស់តម្រូវពីឯងជាចុងក្រោយដែរ ហើយនៅទីបំផុត ឯងរឹតតែមិនយល់ថា អ្វីទៅជាកិច្ចការគ្រប់គ្រង និងកិច្ចការសង្គ្រោះមនុស្សរបស់ទ្រង់ឡើយ។ មិនថាបុគ្គលម្នាក់បានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយក៏ដោយ ប្រសិនបើពួកគេមិនធ្លាប់បានស្គាល់ ឬមិនដឹងអ្វីសោះអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេក៏ច្បាស់ជាមិនមែនកំពុងដើរតាមផ្លូវឆ្ពោះទៅរកសេចក្ដីសង្គ្រោះឡើយ សេចក្ដីជំនឿរបស់គេចំពោះព្រះជាម្ចាស់ ក៏ប្រាកដជាគ្មានខ្លឹមសារជាក់ស្ដែង ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ក៏ច្បាស់គ្មានដែរ ហើយមិនចាំបាច់ និយាយក៏ដឹងដែរថា ពួកគេមិនដឹងសោះថា អ្វីទៅគឺជាការគោរពកោតខ្លាចព្រះជាម្ចាស់។

កម្មសិទ្ធិ និងភាវៈរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ គឺសុទ្ធតែត្រូវបានបើកសម្ដែងឲ្យមនុស្សស្គាល់ តាមរយៈព្រះបន្ទូលរបស់ទ្រង់។ កាលណាមនុស្សស្គាល់ព្រះបន្ទូលរបស់ទ្រង់ គេនឹងចាប់ផ្ដើមយល់ពីគោលបំណងដែលនៅពីក្រោយព្រះបន្ទូល ដែលព្រះជាម្ចាស់ថ្លែង និងយល់ពីប្រភព ព្រមទាំងសាវតានៃព្រះ បន្ទូលរបស់ព្រះជាម្ចាស់ រួចយល់ និងអរគុណដល់ឥទ្ធិពល ដែលបានគ្រោងទុកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការយកព្រះបន្ទូលទាំងនេះទៅអនុវត្ត។ សម្រាប់មនុស្សទាំងអស់នេះជាសេចក្ដីគ្រប់យ៉ាងដែលមនុស្សត្រូវតែឆ្លងកាត់ ត្រូវតែយល់ និងត្រូវតែទទួលឲ្យបាន ដើម្បីទទួលបានសេចក្ដីពិត និងជីវិត យល់ពីបំណងរបស់ព្រះជាម្ចាស់ បានបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួន ហើយអាចស្ដាប់ បង្គាប់អធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នា មនុស្សដែលឆ្លងកាត់ យល់ ហើយទទួលបានសេចក្ដីទាំងនេះ នោះគេនឹងទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់បន្តិចម្ដងៗ ហើយនៅពេលនេះ គេក៏នឹងបានទទួលកម្រិតខុសគ្នានៃចំណេះដឹងអំពីព្រះអង្គដែរ។ ការយល់ដឹង និងចំណេះដឹងនេះ មិនមែនកើតចេញមកពីអ្វីម្យ៉ាងដែលមនុស្សធ្លាប់ស្រមៃ ឬប្រឌិតឡើងទេ ប៉ុន្តែកើតចេញពីអ្វីដែលគេឲ្យតម្លៃ គេឆ្លងកាត់ គេដឹង និងបញ្ជាក់ក្នុងខ្លួនគេផ្ទាល់។ លុះត្រាតែគេឲ្យតម្លៃ ស្គាល់ ដឹង និងបញ្ជាក់ពីសេចក្ដីទាំងនេះ ទើបចំណេះដឹងរបស់មនុស្សចំពោះព្រះជាម្ចាស់ ទទួលបាននូវខ្លឹមសារ។ មានតែចំណេះដឹងដែលមនុស្សម្នាក់នោះទទួលបាននៅពេលនេះប៉ុណ្ណោះ ទើបជាចំណេះដឹងជាក់ស្ដែង ពិតប្រាកដ និងត្រឹមត្រូវ ហើយដំណើរការនៃការទទួលបានការយល់ដឹង និងចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ តាមរយៈការឲ្យតម្លៃ ការឆ្លងកាត់ ការដឹង និងការបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់នេះ មិនមែនជាអ្វីផ្សេង ក្រៅពីសម្ពន្ធវង្សពិតប្រាកដរវាងមនុស្ស និងព្រះជាម្ចាស់នោះឡើយ។ ក្នុងទំនាក់ទំនងបែបនេះ មនុស្សគឺពិតជាដឹង និងចាប់ផ្ដើមយល់ពីចេតនារបស់ព្រះជាម្ចាស់ ពិតជាចាប់ផ្ដើមយល់ និងស្គាល់ពីកម្មសិទ្ធិ និងភាវៈរបស់ព្រះជាម្ចាស់ ពិតជាចាប់ផ្ដើមយល់ និងស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមយល់ និងស្គាល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឈានដល់ការជឿជាក់យ៉ាងពិតប្រាកដ ព្រមទាំង និយមន័យដ៏ត្រឹមត្រូវអំពីការពិតនៃអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់លើសត្តនិករទាំងអស់ និងទទួលបានការអត់ធ្មត់ដ៏សំខាន់ និងចំណេះដឹងពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទំនាក់ទំនងប្រភេទនេះ មនុស្សផ្លាស់ប្ដូរគំនិតរបស់គេចំពោះព្រះជាម្ចាស់ លែងស្រមៃពីទ្រង់ដោយពុំមានអ្វីសោះ ឬសង្ស័យចំពោះព្រះអង្គតាមទំនើងចិត្ត ឬយល់ខុសចំពោះទ្រង់ ឬថ្កោលទោសទ្រង់ ឬទិតៀនទ្រង់ ឬសង្ស័យ ទ្រង់បន្តិចម្ដងៗទៀតហើយ។ ដូច្នេះ មនុស្សនឹងមានការជំទាស់ជាមួយព្រះជាម្ចាស់រឹតតែតិចទៅៗ គេនឹងមានជម្លោះជាមួយនឹងព្រះជាម្ចាស់រឹតតែតិច ហើយឱកាសដែលមនុស្សបះបោរទាស់នឹងព្រះជាម្ចាស់ ក៏មានរឹតតែតិចទៅដែរ។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់របស់មនុស្ស និងការស្ដាប់បង្គាប់របស់គេចំពោះព្រះជាម្ចាស់ នឹងកើនឡើងកាន់តែខ្លាំង ហើយការកោតខ្លាច របស់គេចំពោះព្រះជាម្ចាស់ ក៏កាន់តែពិតប្រាកដ ហើយជ្រាលជ្រៅដែរ។ នៅក្នុងសម្ពន្ធវង្សបែបនេះ មនុស្សនឹងទទួលបានត្រឹមតែការផ្ដល់ជូននូវសេចក្ដីពិត និងពិធីបុណ្យជ្រមុជនៃជីវិតប៉ុណ្ណោះ ប៉ុន្តែ ក្នុងពេលជាមួយគ្នា គេក៏នឹងទទួលបាននូវចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ដែរ។ នៅក្នុងទំនាក់ទំនងបែបនេះ មនុស្សនឹងមិនត្រឹមតែបានបំផ្លាស់បំប្រែនិស្ស័យរបស់គេ ហើយទទួលបានសេចក្ដីសង្គ្រោះនោះទេ តែក្នុងពេលជាមួយគ្នា គេក៏ទទួលបាននូវការគោរពកោតខ្លាច និងការថ្វាយបង្គំដ៏ពិតប្រាកដដែលមនុស្សមានចំពោះព្រះជាម្ចាស់ដែរ។ ដោយសារការមានទំនាក់ទំនងបែបនេះ សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់នឹងលែងជាក្រដាសទទេ ឬជាសេចក្ដីសន្យាដែលផ្ដល់ជូនត្រឹមបបូរមាត់ ឬជាទម្រង់នៃការព្យាយាមឲ្យបាន និងការគោរពស្រឡាញ់ទាំងងងឹតងងុលទៀតហើយ។ មានតែទំនាក់ទំនងបែបនេះទេ ទើបជីវិតរបស់មនុស្សលូតលាស់ទៅរកភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានតែពេលនេះទេ ទើបនិស្ស័យរបស់គេនឹងត្រូវបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយសេចក្ដីជំនឿរបស់គេលើព្រះជាម្ចាស់ នឹងប្ដូរពីសេចក្ដីជំនឿដ៏ស្រពិចស្រពិល និងមិនច្បាស់លាស់ ទៅជាការស្ដាប់បង្គាប់ និងការយកចិត្តទុកដាក់ពិតប្រាកដ ទៅជាការគោរពកោតខ្លាចដ៏ពិតបន្តិចម្ដងៗ ហើយមនុស្សក៏នឹងវិវឌ្ឍពីជំហរអសកម្ម ទៅជាជំហរសកម្ម ពីជំហរអវិជ្ជមាន ទៅជាជំហរវិជ្ជមានសន្សឹមៗនៅក្នុងដំណើរការនៃការដើរតាមព្រះជាម្ចាស់។ គឺមានតែទំនាក់ទំនងបែបនេះទេ ទើបមនុស្សឈានដល់ការស្គាល់ និងការយល់ពីព្រះជាម្ចាស់ពិតប្រាកដ ជាចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់។ ដោយសារមនុស្សភាគច្រើនមិនធ្លាប់មានទំនាក់ទំនងពិតប្រាកដជាមួយព្រះជាម្ចាស់ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ឈប់ទ្រឹង ត្រឹមកម្រិតទ្រឹស្ដី គឺត្រឹមកម្រិតន័យពាក្យ និងគោលលទ្ធិ។ មានន័យថា មនុស្សមួយចំនួនធំ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ច្រើនឆ្នាំយ៉ាងណា ឲ្យតែនិយាយដល់ការស្គាល់ព្រះជាម្ចាស់ គឺនៅតែដដែលដូចពេលដែលគេចាប់ផ្ដើម គឺនៅទ្រឹងក្នុងដំណាក់កាលមូលដ្ឋាននៃការគោរពបែបប្រពៃណី ដោយប្រើអបិយជំនឿពីបុរាណ និងស្លាកស្នាមអណ្ដែតអណ្ដូង ដែលគេធ្លាប់មានពីមុនមក។ ចំណេះដឹងអំពីព្រះជាម្ចាស់របស់មនុស្សម្នាក់នោះ គួរតែនៅទ្រឹងត្រឹមចំណុចចាប់ផ្ដើមរបស់វា មានន័យថា តាមជាក់ស្ដែង ចំណេះដឹងនេះគឺគ្មានវត្តមានទេ។ ក្រៅពីការបញ្ជាក់របស់មនុស្សអំពីនិស្ស័យ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ សេចក្ដីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជាដ៏ស្រពិចស្រពិលដដែលដែរ។ ជាលទ្ធផល តើមនុស្សអាចប្រកាន់ខ្ជាប់ចំពោះការគោរពកោតខ្លាចដ៏ ពិតប្រាកដចំពោះព្រះជាម្ចាស់ បានប៉ុនណា?

ទោះបីជាឯងជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ខ្ជាប់ខ្ជួនយ៉ាងណា ក៏ជំនឿនេះមិនអាចជំនួសចំណេះដឹងរបស់ឯងអំពីព្រះជាម្ចាស់បានឡើយ ក៏មិនអាចជំនួសការគោរព ការកោតខ្លាចរបស់ឯងចំពោះព្រះជាម្ចាស់ដែរ។ ទោះបីជាឯងបានរីករាយនឹងអំណរ និងព្រះគុណរបស់ទ្រង់ប៉ុនណាក៏ដោយ ក៏ការ រីករាយនេះមិនអាចជំនួសចំណេះដឹងរបស់ឯងអំពព្រះជាម្ចាស់បានឡើយ។ ទោះបីជាឯងព្រមបូជាគ្រប់យ៉ាងដែលឯងមាន និងលះបង់គ្រប់យ៉ាងដែលឯងមានដោយយល់ដល់ព្រះនាមទ្រង់ក៏ដោយ ការនេះក៏មិនអាចជំនួសចំណេះដឹងរបស់ឯងអំពីព្រះជាម្ចាស់បានដែរ។ ប្រហែលជាឯងកាន់តែស្គាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង ឬឯងថែមទាំងចងចាំព្រះបន្ទូលទាំងនោះក្នុងចិត្ត ហើយអាចសូត្រយ៉ាងចាំមាត់ទៀតផង ប៉ុន្តែ ការនេះមិនអាចជំនួសចំណេះដឹងរបស់ឯងអំពីព្រះជាម្ចាស់បានឡើយ។ ទោះបីជាមនុស្សអាចនឹងកំពុងដើរតាមព្រះជាម្ចាស់ដោយចេតនាបែបណាក៏ដោយ ប្រសិនបើគេមិនដែលធ្លាប់មានទំនាក់ទំនងពិតជាមួយព្រះជាម្ចាស់ ឬមិនធ្លាប់មានបទពិសោធពិតអំពីព្រះបន្ទូលព្រះជាម្ចាស់ នោះចំណេះដឹងគេអំពីព្រះជាម្ចាស់ មុខជាចាក់គ្រឹះនៅក្នុងភាពទទេស្អាត ឬក្នុងគំនិតរវើរវាយដែលគ្មានទីបញ្ចប់ ដ្បិតអ្វីគ្រប់យ៉ាងដែលឯងប្រហែលជាមាន “បានទង្គិចស្មា” ជាមួយព្រះជាម្ចាស់ ក្នុងការឆ្លងកាត់គ្នា ឬជួបជាមួយទ្រង់មុខ និងមុខ ចំណេះដឹងរបស់ឯងចំពោះព្រះជាម្ចាស់នឹងនៅតែសូន្យទទេ ហើយការគោរពកោតខ្លាចរបស់ឯងចំពោះព្រះជាម្ចាស់ក៏គ្មានអ្វីលើសពីពាក្យសម្ដីដែលធ្វើឲ្យគេចាប់អារម្មណ៍ ឬជាទស្សនៈដែលត្រូវតាមឧត្ដមគតិប៉ុណ្ណោះ។

មនុស្សជាច្រើនកាន់ខ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអានរៀងរាល់ថ្ងៃ រហូតដល់ថ្នាក់តាំងចិត្តទន្ទេញអត្ថបទ ក្នុងព្រះបន្ទូលទាំងបុរាណនោះយ៉ាងយកចិត្តទុកដាក់ ដូចជាសម្បត្តដ៏មានតម្លៃបំផុតរបស់គេ ហើយជាងនេះទៅទៀត គេក៏ផ្សាយព្រះបន្ទូលទៅគ្រប់ទីកន្លែងទាំងផ្គត់ផ្គង់ និងជួយដល់អ្នកដទៃ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ ពួកគេគិតថា ការធ្វើបែបនេះគឺដើម្បីធ្វើបន្ទាល់ពីព្រះជាម្ចាស់ ធ្វើបន្ទាល់ពី ព្រះបន្ទូលរបស់ទ្រង់ គិតថាការធ្វើបែបនេះ គឺជាការដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ពួកគេគិតថា ការធ្វើបែបនេះ គឺជាការរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គិតថា ការធ្វើបែបនេះ គឺជាការនាំយកព្រះបន្ទូលរបស់ទ្រង់មកដាក់ក្នុងជីវិតរស់នៅផ្ទាល់របស់គេ គិតថាការធ្វើបែបនេះនឹងអាចឲ្យគេទទួលបានការសរសើរពីព្រះជាម្ចាស់ ហើយដើម្បីឲ្យបានសង្គ្រោះ និងបានប្រោសឲ្យគ្រប់លក្ខណ៍។ ប៉ុន្តែ សូម្បីតែពេលដែលពួកគេផ្សាយព្រះបន្ទូលព្រះជាម្ចាស់ ក៏ពួកគេមិនធ្លាប់ប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងការអនុវត្ត ឬព្យាយាមនាំខ្លួនឯងឲ្យបានស្របជាមួយនឹងអ្វីដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ ពួកគេប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលបាននូវការស្រឡាញ់ និងការទុកចិត្តអ្នកដទៃដោយប្រើល្បិច ដើម្បីចូលទៅក្នុងការគ្រប់គ្រងរបស់ពួកគេផ្ទាល់ និងដើម្បីបន្លំ និងលួចយកសិរីល្អរបស់ព្រះជាម្ចាស់ ។ ពួកគេសង្ឃឹមកេងយកឱកាសដែលបានមកពីការផ្សាយព្រះបន្ទូលទាំងមិនបានការ ដើម្បីឲ្យបានកិច្ចការរបស់ព្រះជាម្ចាស់ និងការសរសើររបស់ទ្រង់ជារង្វាន់។ ប៉ុន្មានឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ មនុស្សទាំងនេះមិនត្រឹមតែមិនអាចទទួលបានការសរសើររបស់ព្រះជាម្ចាស់នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនត្រឹមតែមិនអាចស្វែងរកផ្លូវដែលពួកគេគួរដើរតាមនៅក្នុងដំណើរការនៃការធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនបានជួយ ឬផ្គត់ផ្គង់សម្រាប់ខ្លួនឯងនៅក្នុងដំណើរការនៃការជួយ និងការផ្គត់ផ្គង់អ្នកដទៃដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេមិនត្រឹមតែមិនអាចស្គាល់ព្រះ ជាម្ចាស់ ឬដាស់ខ្លួនឯងឲ្យមានការគោរពកោតខ្លាចពិតប្រាកដចំពោះព្រះជាម្ចាស់នៅក្នុងដំណើរការនៃការធ្វើកិច្ចការទាំងអស់នេះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ការយល់ខុសរបស់គេចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រៅទៅៗ ការសង្ស័យរបស់គេក៏កាន់តែធ្ងន់ធ្ងរទៅៗ ហើយគំនិតរវើរវាយរបស់គេចំពោះទ្រង់ ក៏កាន់តែខុសឆ្ងាយពីការពិតទៅទៀតផង។ ដោយត្រូវបានផ្គត់ផ្គង់ ហើយដឹកនាំដោយទ្រឹស្ដីរបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេហាក់ដូចជាកំពុងប្រើជំនាញរបស់គេយ៉ាងងាយស្រួល ដោយមិនបាច់ប្រឹង ពួកគេហាក់ដូចជាបានរកឃើញគោលបំណង របស់គេក្នុងជីវិតបេសកកម្មរបស់គេ ហើយពួកគេក៏ហាក់ដូចជារកបានជីវិតថ្មី និងហាក់ដូចជាបានសង្គ្រោះដោយមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហូរចេញមកម៉ាត់ៗ តាមការរ៉ាយរ៉ាប់ដោយអណ្ដាតរបស់គេដែរ ពួកគេបានទទួលនូវសេចក្ដីពិត និង បានយល់ពីចេតនារបស់ព្រះជាម្ចាស់ ហើយហាក់ដូចជាបានរកឃើញផ្លូវឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់ នៅក្នុងដំណើរការនៃការផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេច្រើនតែមករកព្រះជាម្ចាស់ ដោយមុខទល់នឹងមុខ។ ពួកគេក៏ឧស្សាហ៍ត្រូវបាន “បណ្ដាលចិត្ត” ឲ្យដាក់វេនគ្នាយំ និងរមែងត្រូវបាននាំដោយ “ព្រះជាម្ចាស់” នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ហាក់ដូចជាកំពុងយល់ពីក្ដីកង្វល់ដ៏ស្មោះត្រង់ និងចេតនាដ៏សប្បុរសរបស់ទ្រង់ឥតឈប់ឈរដែរ ហើយក្នុងពេលជាមួយគ្នា គេហាក់ដូចជាបានយល់ពីសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិ និងការគ្រប់គ្រងរបស់ទ្រង់ ហាក់ដូចជាចាប់ផ្ដើមស្គាល់ពីសារជាតិរបស់ទ្រង់ និងហាក់ដូចជាបានយល់ពីនិស្ស័យសុចរិតរបស់ទ្រង់ដែរ។ ផ្អែកលើមូលដ្ឋានគ្រឹះនេះ ពួកគេហាក់ដូចជាជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់កាន់តែខ្លាំងជាងមុន កាន់តែដឹងអំពីសភាពរុងរឿងរបស់ទ្រង់ជាងមុន ព្រមទាំងដឹងអំពីភាពមហស្ចារ្យ និងឧត្ដមភាពរបស់ទ្រង់កាន់តែស៊ីជម្រៅ។ ដោយបានផុងជ្រៅក្នុងចំណេះដឹងលំៗរបស់គេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចជំនឿរបស់គេហាក់ដូចជាបានចម្រើនឡើង ការតាំងចិត្តរបស់គេក្នុងការទ្រាំទ្រនឹងទុក្ខលំបាក ក៏កាន់តែរឹងមាំ ហើយចំណេះ ដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏កាន់តែជ្រាលជ្រៅដែរ។ ពួកគេសឹងតែមិនដឹងសោះថា ចំណេះដឹងគ្រប់យ៉ាងរបស់គេអំពីព្រះជាម្ចាស់ និងគំនិតរបស់គេអំពីព្រះអង្គ គឺសុទ្ធតែកើតពីគំនិតរវើរវាយ និងការគិតស្មានរបស់គេផ្ទាល់តាមចិត្តដែលគេប្រាថ្នា។ សេចក្ដីជំនឿរបស់គេមុខជាមិនបានបង្ហាញថា បានឆ្លងកាត់នូវការល្បងលណាមួយពីព្រះជាម្ចាស់ ជីវិតខាងព្រលឹងវិញ្ញាណ និងឋានៈដែលគេអួតនោះ មុខជាមិនបង្ហាញថា បានឆ្លងកាត់នូវការល្បងល ឬការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ ហើយការតាំងចិត្តរបស់គេ គ្រាន់តែជាប្រាសាទដែលធ្វើពីដីខ្សាច់ ហើយចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ក៏គ្រាន់តែជាការប្រឌិតនៃគំនិតរវើរវាយរបស់គេប៉ុណ្ណោះ។ តាមពិត មនុស្សទាំងនេះ ធ្លាប់យកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនធ្លាប់បានដឹងសោះថា អ្វីទៅជាជំនឿពិត អ្វីទៅជាការស្ដាប់បង្គាប់ពិត អ្វីទៅជាការយកចិត្តទុកដាក់ពិត ឬក៏អ្វីទៅជាចំណេះដឹងពិតអំពីព្រះជាម្ចាស់។ ពួកគេយកទ្រឹស្ដី ការស្រមើស្រមៃ ចំណេះដឹង អំណោយទាន ប្រពៃណី អបិយជំនឿ ហើយនិងគុណតម្លៃសីលធម៌របស់មនុស្ស រួចក៏យកសេចក្ដីទាំងនេះមកធ្វើជា “មូលធន” និងជា “អាវុធ” សម្រាប់ការជឿលើ ព្រះជាម្ចាស់ និងការដើរតាមទ្រង់ ថែមទាំងធ្វើឲ្យសេចក្ដីទាំងនេះក្លាយជាគ្រឹះនៃជំនឿរបស់គេលើព្រះជាម្ចាស់ និងការដែលគេដើរតាមព្រះអង្គថែមទៀតផង។ នៅក្នុងពេលជាមួយគ្នា ពួកគេក៏យកមូលធន និងអាវុធនេះ មកប្រែក្លាយជាវត្ថុស័ក្ដិសិទ្ធមានវេទមន្ត ដែលធ្វើឲ្យគេស្គាល់ព្រះជាម្ចាស់ សម្រាប់ការប្រឈម និងការដោះស្រាយជាមួយការពិនិត្យពិច័យ ការល្បងល ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ នៅទីបញ្ចប់ ពួកគេមិនទទួលបានអ្វីសោះ ក្រៅតែពីការសន្និដ្ឋានចំពោះព្រះជាម្ចាស់ ដែលផុងជ្រៅក្នុងន័យលាក់កំបាំងខាងសាសនា ក្នុងអបិយជំនឿហួសសម័យ និងក្នុងអ្វីៗគ្រប់យ៉ាងដែលនាំឲ្យរំជួលចិត្ត ប្លែកក្នុងចិត្ត និងជាអាថ៌កំបាំង។ មាគ៌ានៃការស្គាល់ និងការដែលគេកំណត់និយមន័យព្រះជាម្ចាស់ ត្រូវបានដៅជាប់នៅក្នុងពុម្ពតែមួយ ជាមួយនឹងមនុស្សដែលជឿតែត្រឹមថា ស្ថានសួគ៌នៅខាងលើ ឬបុរសចំណាស់នៅលើមេឃ ខណៈដែលភាពពិតជាក់ស្ដែងរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ និស្ស័យរបស់ទ្រង់ កម្មសិទ្ធិ និងអត្ថិភាពរបស់ទ្រង់ ។ល។ និង ។ល។ គ្រប់យ៉ាងដែលទាក់ទងនឹងព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាសេចក្ដីដែលចំណេះដឹងរបស់គេយល់មិនដល់ ជាសេចក្ដីដែលចំណេះដឹងរបស់គេត្រូវបានផ្ដាច់ចេញស្រឡះ ហើយថែមទាំងនៅឆ្ងាយពីគ្នាស្រឡះ ដូចពីប៉ូលខាងជើងទៅប៉ូលខាងត្បូង។ តាមរបៀបនេះ ទោះបីជាមនុស្សទាំងអស់នេះរស់នៅក្រោមការផ្គត់ផ្គង់ និងការទំនុក បម្រុងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែមិនអាចដើរលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិតប្រាកដដែរ។ ហេតុផលពិតចំពោះរឿងនេះ គឺពួកគេមិនធ្លាប់បានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ហើយពួកគេក៏មិនធ្លាប់មានទំនាក់ទំនង ឬសម្ពន្ធវង្សជាមួយព្រះអង្គដែរ ដូច្នេះហើយ ពួកគេមិនអាចឈនដល់ការយោគយល់គ្នាទៅវិញទៅមកជាមួយនឹងព្រះជាម្ចាស់ ឬដាស់ជំនឿពិតដែលគេមានក្នុងខ្លួនពួកគេ ការដើរតាម ឬការថ្វាយបង្គំសម្រាប់ព្រះជាម្ចាស់ឡើយ។ ដែលពួកគេគួរគិតបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពួកគេគួរគិតបែបនេះចំពោះព្រះជាម្ចាស់ ទស្សនៈ និងឥរិយាបទនេះបានបំផ្លាញពួកគេឲ្យត្រឡប់ពីការប្រឹងប្រែងរបស់គេដោយដៃទទេ បានបំផ្លាញពួកគេមិនឲ្យពួកគេអាចដើរលើមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន រហូតអស់កល្បជានិច្ច។ គោលដៅដែលពួកគេកំពុងតម្រង់ឆ្ពោះ និងទិសដៅដែលគេកំពុងទៅ បង្ហាញថា ពួកគេជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់អស់កល្ប ជានិច្ច និងបញ្ជាក់ថាពួកគេនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះអស់កល្បជានិច្ចឡើយ។

ប្រសិនបើក្នុងករណីដែលបុគ្គលម្នាក់បានដើរតាមព្រះ ជាម្ចាស់ជាច្រើនឆ្នាំ ហើយបានអាស្រ័យផលពីការផ្គត់ផ្គង់នៃព្រះបន្ទូលទ្រង់ជាច្រើនឆ្នាំហើយ និយមន័យរបស់គេអំពីព្រះជាម្ចាស់ គឺដូចគ្នានឹងនិយមន័យរបស់មនុស្ស ដែលដាក់ខ្លួនក្រាបបង្គំចំពោះរូបព្រះខ្លាំងណាស់ ហើយសេចក្ដីនេះនឹងបញ្ជាក់បានថា បុគ្គលម្នាក់នេះមិនបានទទួលនូវតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ នេះគឺមកពីពួកគេមិនបានចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សោះតែម្ដង ហើយដោយព្រោះហេតុផលនេះ តថភាព សេចក្ដីពិត ចេតនា និងការទាមទារពីមនុស្ស គ្រប់យ៉ាងដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពុំមានពាក់ព័ន្ធអ្វីសោះនឹងបុគ្គលម្នាក់នោះ។ មានន័យថា ទោះបីជាបុគ្គលម្នាក់ខំប្រឹងរៀនអំពីផ្ទៃខាងក្រៅនៃអត្ថន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លាំងប៉ុនណាក៏ដោយ ក៏សេចក្ដីទាំងអស់នេះសុទ្ធតែឥតបានការដែរ ដ្បិតអ្វីដែលពួកគេព្យាយាមឲ្យបាន គឺត្រឹមតែជាពាក្យសម្ដី ហើយអ្វីដែលគេទទួលបាន ក៏ត្រឹមតែជាពាក្យសម្ដីចាំបាច់ដែរ។ ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឲ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឲ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវ គោលដៅ និងទិសដៅដែលគេត្រូវឆ្លងកាត់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឲ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ តថភាពនៃសេចក្ដីពិតទាក់ទងនឹងភាពជាមនុស្សធម្មតា ព្រោះមនុស្សជាតិដែលត្រូវបានបង្កើតមក បានស្ដែងចេញតាមរយៈការរស់នៅរបស់គេ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឲ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឲ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឲ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។ មានតែនៅក្នុងបទពិសោធន៍ជាក់ស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអាចប្រទានឲ្យមនុស្សមានសេចក្ដីពិត និងជីវិតបាន ហើយមានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សអាចចាប់ផ្ដើមយល់ថាអ្វីទៅជាភាពជាមនុស្សធម្មតា អ្វីទៅជាជីវិតដ៏មានន័យ អ្វីទៅជាមនុស្សពិត អ្វីទៅជាការស្ដាប់បង្គាប់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយមានតែនៅក្នុងព្រះបន្ទូលនេះទេទើបមនុស្សអាចចាបផ្ដើមយល់ពីវិធីដែលគេគួរយកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ យល់អំពីវិធីដែលគេគួរមានភាពដូចគ្នារបស់មនុស្សពិត មានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សអាចចាប់ផ្ដើមយល់ពីអត្ថន័យនៃសេចក្ដីជំនឿពិត និងការថ្វាយបង្គំពិត មានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សចាប់ផ្ដើមយល់ថានរណាជាអ្នកគ្រប់គ្រងស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើ មានតែនៅក្នុងព្រះបន្ទូលនេះទេ ទើបមនុស្សអាចយល់ពីមធ្យោបាយ ដែលព្រះដ៏ជាចៅហ្វាយលើសព្វសារពើ ទ្រង់គ្រប់គ្រង ដឹកនាំ និងផ្គត់ផ្គង់ដល់អ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក ហើយមានតែនៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ ទើបមនុស្សអាចចាប់ផ្ដើមដឹង និងយល់ពីមធ្យោបាយដែលព្រះដ៏ជាចៅហ្វាយលើរបស់ទាំងអស់ដែលទ្រង់បានបង្កើតមក មានអត្ថិភាព សម្ដែងអង្គទ្រង់ ហើយនិងធ្វើការ។ ដោយត្រូវបានកាត់ផ្ដាច់ពីបទពិសោធន៍ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សពុំមានចំណេះដឹងពិត ឬការយល់ដឹងជ្រៅជ្រះខាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតទេ។ មនុស្សបែបនេះ គឺជាសាកសពមានជីវិតដ៏ពិតប្រាកដ  ជាសម្បកស្នូកសុទ្ធសាធ ហើយចំណេះដឹងទាំងអស់ទាក់ទងនឹងព្រះអាទិករ គឺគ្មានអ្វីពាក់ព័ន្ធនឹងគេសោះ។ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សបែបនេះមិនបានជឿលើទ្រង់សោះឡើយ ក៏មិនធ្លាប់ដើរតាមព្រះអង្គដែរ ដូច្នេះហើយ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់គេថាជាអ្នកជឿលើព្រះអង្គ ឬជាអ្នកដើរតាមទ្រង់នោះដែរ រឹតតែមិនមែនជាភាវៈដែលទ្រង់បានបង្កើតពិតប្រាកដផង។

ភាវាៈដែលព្រះបានបង្កើតពិតប្រាកដ ត្រូវដឹងថា ព្រះអាទិករជានរណា មនុស្សកើតមកដើម្បីអ្វី ត្រូវបំពេញទំនួលខុសត្រូវជាមនុស្សដោយរបៀបណា ហើយត្រូវថ្វាយបង្គំព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក ត្រូវដឹង ត្រូវយល់ ត្រូវស្គាល់ និងយកចិត្តទុកដាក់ចំពោះចេតនា បំណងព្រះហឫទ័យ និងការ ទាមទាររបស់ព្រះអាទិករ ហើយត្រូវប្រព្រឹត្តស្របតាមផ្លូវរបស់ ព្រះអាទិករ គឺកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។

តើការកោតខ្លាចព្រះជាម្ចាស់គឺជាអ្វី? ហើយតើមនុស្ស អាចគេចពីសេចក្ដីអាក្រក់យ៉ាងដូចម្ដេច?

“ការកោតខ្លាចព្រះជាម្ចាស់” មិនមែនជាការភិតភ័យ និងរន្ធត់បែបអនាមិក ក៏មិនមែនជាការគេចចេញទៅឲ្យឆ្ងាយ ក៏មិនមែនជាការថ្វាយបង្គំរូបព្រះ ឬអបិយជំនឿនោះដែរ។ ផ្ទុយទៅវិញ វាគឺជាការស្ងើចសរសើរ ការគោរព ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុកដាក់ ការស្ដាប់បង្គាប់ ការញែកជាបរិសុទ្ធ ក្ដីស្រឡាញ់ ក៏ដូចជាការថ្វាយបង្គំ ការតបស្នង និងការចុះចូលឥតលក្ខខណ្ឌ ព្រមទាំងគ្មានការរអ៊ូរទាំ។ គ្មានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នោះមនុស្សក៏មិនមានការ ស្ងើចសរសើរ ការជឿទុកចិត្ត ការយល់ដឹង ការយកចិត្តទុក ដាក់ ឬការស្ដាប់បង្គាប់ដ៏ពិតប្រាកដដែរ មានតែការយល់ដឹង និងការគេចចេញគួរឲ្យខ្លាច មានតែការសង្ស័យ និងការគេចមុខប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការញែកជាបរិសុទ្ធ និងការតបស្នងពិតប្រាកដឡើយ។ បើគ្មានចំណេះពិតអំពីព្រះជាម្ចាស់ មនុស្សនឹងគ្មានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដឡើយ មានតែការថ្វាយបង្គំរូបព្រះ និងអបិយជំនឿដ៏ងងឹតងងុលប៉ុណ្ណោះ។ បើគ្មានចំណេះដឹងពិតអំពីព្រះជាម្ចាស់ មនុស្សមិនអាចប្រព្រឹត្តស្របទៅនឹងមាគ៌ារបស់ព្រះជាម្ចាស់ ឬកោតខ្លាចព្រះជាម្ចាស់ ឬគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ផ្ទុយទៅវិញ គ្រប់សកម្មភាព និងអាកប្បកិរិយាដែលមនុស្សពាក់ព័ន្ធនឹងពោរពេញទៅដោយការបះបោរ និងការរឹងទទឹង ពេញដោយការចោទប្រកាន់ដោយមួលបង្កាច់ និងការវិនិច្ឆ័យ អគតិចំពោះទ្រង់ និងពេញដោយកិរិយាអាក្រក់ ដែលកំពុងតែដំណើរការផ្ទុយនឹងសេចក្ដីពិត និងអត្ថន័យពិតនៃព្រះបន្ទូល របស់ព្រះជាម្ចាស់។

នៅពេលដែលមនុស្សមានទំនុកចិត្តពិតលើព្រះជាម្ចាស់ ពួកគេនឹងដើរតាមព្រះជាម្ចាស់ ហើយពឹងអាងលើទ្រង់ពិតប្រាកដ មានតែទំនុកចិត្ត និងការពឹងអាងពិតប្រាកដលើព្រះជាម្ចាស់ទេ ទើបមនុស្សអាចមានការយល់ដឹង និងការជ្រួតជ្រាបដ៏ពិតប្រាកដ។ ការជ្រួតជ្រាបពីព្រះជាម្ចាស់ពិតប្រាកដ មកជាមួយនឹងការយកចិត្តទុកដាក់ចំពោះព្រះអង្គពិតប្រាកដ។ ទាល់តែមានការយកចិត្តទុកដាក់ពិតប្រាកដចំពោះព្រះជាម្ចាស់ ទើបមនុស្សអាចមានការស្ដាប់បង្គាប់ពិតប្រាកដ។ ទាល់តែមានការស្ដាប់បង្គាប់ពិតប្រាកដ ទើបមនុស្សអាចមានការញែកជាបរិសុទ្ធពិតប្រាកដ។ ទាល់តែមានការញែកជាបរិសុទ្ធពិតប្រាកដ ទើបមនុស្សអាចមានការតបស្នងឥតលក្ខខណ្ឌ និងគ្មានការរអ៊ូរទាំ។ ទាល់តែមានការជឿទុកចិត្ត និងការពឹងអាងពិតប្រាកដ មានការយល់ដឹង និងការយកចិត្តទុកដាក់ពិតប្រាកដ មានការស្ដាប់បង្គាប់ពិតប្រាកដ មានការញែកជាបរិសុទ្ធ និងមាន ការតបស្នងពិតប្រាកដ ទើបមនុស្សអាចចាប់ផ្ដើមស្គាល់ពិតប្រាកដនូវអត្តសញ្ញាណរបស់ព្រះអាទិករ។ ទាល់តែពួក គេចាប់ផ្ដើមស្គាល់ព្រះអាទិករពិតប្រាកដ ទើបមនុស្សអាចបង្កើតឲ្យមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដនៅក្នុងខ្លួនគេផ្ទាល់បាន។ ទាល់តែមនុស្សមានការថ្វាយបង្គំ និងការចុះចូលពិតប្រាកដចំពោះព្រះអាទិករ ទើបពួកគេពិតជាអាចលះបង់ផ្លូវអាក្រក់របស់គេ ពោលគឺគេចចេញពីសេចក្ដីអាក្រក់។

ការនេះបង្កើតនូវតំណើរការទាំងមូលនៃ “ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់” ហើយក៏ជាខ្លឹមសារនៃភាពពេញលេញនៃដំណើរការនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរ។ នេះជាផ្លូវដែល ត្រូវតែឆ្លងកាត់ ដើម្បីទទួលបាននូវការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។

“ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់” និងការស្គាល់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់គ្នាឥតដាច់ដោយតំណជាច្រើន ហើយការផ្សារភ្ជាប់រវាងសេចក្ដីទាំងនេះ បញ្ជាក់ចេញមកយ៉ាងច្បាស់ ដោយមិនបាច់ពន្យល់។ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានការគេចចេញពីសេចក្ដីអាក្រក់ ដំបូងគេត្រូវមានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ដំបូងគេត្រូវតែមានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ដំបូងគេត្រូវឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ប្រសិនបើមនុស្សចង់ឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដំបូងគេត្រូវប្រឈមនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមុខទល់នឹងមុខ ប្រឈមនឹងព្រះជាម្ចាស់ដោយមុខទល់នឹងមុខ និងទូលសុំព្រះជាម្ចាស់ឲ្យប្រទានឱកាសឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់សណ្ឋាន គ្រប់ប្រភេទនៃបរិយាកាសទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុបំណង ហើយប្រសិនបើគេចង់ប្រឈមជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ដោយមុខទល់នឹងមុខ ដំបូងគេត្រូវមានចិត្តសាមញ្ញ និងស្មោះត្រង់ មានការត្រៀមខ្លួនទទួលសេចក្ដីពិត និងមានឆន្ទៈក្នុងការទ្រាំទ្រទុក្ខលំបាក មានការតាំងចិត្ត និងភាពក្លាហានក្នុងការគេចចេញពីសេចក្ដីអាក្រក់ និងមានមហិច្ឆតាចង់ក្លាយជាមនុស្សដែលត្រូវបានបង្កើតពិតប្រាកដ...។ តាមវិធីនេះ ឯងនឹងចូលទៅកៀកព្រះជាម្ចាស់ ដោយឆ្ពោះទៅមុខមួយជំហានម្ដងៗ ដួងចិត្តរបស់ឯងនឹងរឹតតែស្អាតបរិសុទ្ធ ហើយជីវិត និង គុណតម្លៃនៃការរស់រានរបស់ឯង នឹងកាន់តែមានន័យ ហើយកាន់តែធំភ្លឺថ្លាឡើង ជាមួយនឹងចំណេះដឹងរបស់ឯង អំពីព្រះជាម្ចាស់។ លុះដល់ថ្ងៃមួយ ឯងនឹងដឹងថា ព្រះ អាទិករលែងជាប្រស្នាទៀតហើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់បំពួនពីឯងឡើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់ព្រះភក្ត្រពីឯង ដឹងថាព្រះអាទិករនៅមិនឆ្ងាយពីឯង ដឹងថាព្រះអាទិករលែងជាព្រះដែលឯងចង់បានជាដរាប ក្នុងគំនិតរបស់ឯងទៀតហើយ ប៉ុន្តែ ជាព្រះដែលឯងមិនអាចឈោងដល់ដោយអារម្មណ៍របស់ឯង ដឹងថា ទ្រង់ពិតជា និងប្រាកដជាកំពុងឈរការពារឯងពីខាងឆ្វេង ដល់ខាងស្ដាំឯង ទាំងផ្គត់ផ្គង់ជីវិតឯង ហើយគ្រប់គ្រងជោគវាសនារបស់ឯងផង។ ទ្រង់មិនមែននៅជើងមេឃសន្លឹម ក៏មិនបានលាក់បំពួនអង្គទ្រង់យ៉ាងខ្ពស់នៅក្នុងពពកដែរ។ ទ្រង់នៅក្បែរឯងបង្កើយ ទ្រង់ជាអ្វីៗ គ្រប់យ៉ាងដែលឯងមាន ហើយទ្រង់ជារបស់តែមួយគត់ដែលឯងមាន។ ព្រះជាម្ចាស់បែបនេះ អនុញ្ញាតឲ្យឯងស្រឡាញ់ទ្រង់ ចេញពីចិត្ត ប្រតោងទ្រង់ឲ្យជាប់ ប្រទាញទ្រង់ឲ្យកៀក ស្ងើចសរសើរទ្រង់ ខ្លាចបាត់បង់ទ្រង់ ហើយមិនព្រមបោះបង់ទ្រង់តទៅទៀត លែងរឹងចចេសនឹងទ្រង់ ឬលែងគេចពីទ្រង់ ឬនៅឆ្ងាយពីទ្រង់។ គ្រប់យ៉ាងដែលឯងចង់បានគឺយកចិត្តទុកដាក់នឹងទ្រង់ តបស្នងគ្រប់យ៉ាងដែលទ្រង់ប្រទានឲ្យឯង ហើយ ចុះចូលនឹងអំណាចគ្រប់គ្រងរបស់ទ្រង់។ ឯងលែងបដិសេធមិនឲ្យទ្រង់ដឹងនាំ មិនឲ្យទ្រង់ផ្គត់ផ្គង់ មិនឲ្យទ្រង់ការពារ និងមិនឲ្យទ្រង់ថែរក្សា លែងបដិសេធនូវអ្វីដែលទ្រង់បង្គាប់ និងបញ្ជាឲ្យឯងធ្វើទៀតហើយ។ គ្រប់យ៉ាងដែលឯងចង់បានគឺដើរតាមទ្រង់ ដើរក្បែរទ្រង់ គ្រប់យ៉ាងដែលឯងចង់បានគឺទទួលទ្រង់ធ្វើជាជីវិតតែមួយគត់របស់ឯង ទទួលទ្រង់ធ្វើជាព្រះអម្ចាស់តែមួយគត់របស់ឯង និងជាព្រះជាម្ចាស់តែមួយគត់របស់ឯង។

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤

ខាង​ដើម៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ

បន្ទាប់៖ របៀបដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ