ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុក្បែរខ្លួន

ឥឡូវនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត អ្នកនោះត្រូវតែផ្តោតលើការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងឧស្សាហ៍ព្យាយាម និងចង់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ក៏ប៉ុន្តែ ដោយសារតែមនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ ហើយម្នាក់ៗមានការលំបាក និងចំណុចខ្វះខាតរៀងៗខ្លួន ពួកគេពិបាកបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អគ្រប់គ្រាន់ ដែលការនេះនឹងតម្រូវឱ្យពួកគេដេញតាម និងខំប្រព្រឹត្តតាមសេចក្តីពិត។ នៅពេលការលំបាកមកដល់ គ្រប់គ្នាគួរតែអធិស្ឋានជាមួយគ្នា និងស្វែងរកសេចក្តីពិត ដើម្បីរួមគ្នាដោះស្រាយបញ្ហារបស់ពួកគេ។ នេះជាការទទួលខុសត្រូវ និងភារកិច្ចរបស់បុគ្គលម្នាក់ៗ។ គ្រប់គ្នាមានការទទួលខុសត្រូវ និងកាតព្វកិច្ចក្នុងការបំពេញភារកិច្ចឱ្យបានល្អ។ នេះមិនមែនជាការទទួលខុសត្រូវរបស់បុគ្គលជាក់លាក់ណាម្នាក់ទេ ផ្ទុយទៅវិញ នេះជាការទទួលខុសត្រូវរួមរបស់មនុស្សគ្រប់គ្នា។ ដូច្នេះ គ្រប់គ្នាត្រូវតែខិតខំធ្វើការរួមគ្នា និងរៀនសហការគ្នាដោយភាពចុះសម្រុង។ ក្រៅពីបំពាក់បំប៉នខ្លួនជាមួយនឹងសេចក្តីពិត គ្រប់គ្នាក៏ត្រូវបំពាក់បំប៉នខ្លួនជាមួយនឹងចំណេះវិជ្ជាជីវៈ ប្រើចំណុចខ្លាំងរបស់ខ្លួន រៀនសូត្រពីរឿងជាក់ស្ដែង រៀនពីគ្នាទៅវិញទៅមក និងកែលម្អចំណុចខ្សោយរបស់ខ្លួន តាមរយៈការជួយគ្នាទៅវិញទៅមកផងដែរ។ ធ្វើបែបនេះ ពួកគេនឹងទទួលបានលទ្ធផលកាន់តែប្រសើរឡើងៗនៅក្នុងភារកិច្ចរបស់ខ្លួនមិនខាន។

ហេតុអ្វីបានជាអ្នករាល់គ្នាគិតថា អ្នកមិនជឿពិបាកខ្លាំងក្នុងការធ្វើបែបនេះ ហើយហេតុអ្វីបានជាពួកគេជួបឧបសគ្គច្រើនខ្លាំងខ្លាំងម្ល៉េះ? នោះព្រោះតែមនុស្សមានធម្មជាតិបែបសាតាំង។ ពួកគេសុទ្ធតែរស់នៅតាមនិស្ស័យពុករលួយ ចង់សម្ញែង ចង់សម្រេចចិត្តអារកាត់ និងមិនអាចសហការគ្នាដោយភាពចុះសម្រុងឡើយ។ ដូច្នេះហើយទើបពួកគេពិបាកខ្លាំងក្នុងការធ្វើអ្វីមួយឱ្យបានជោគជ័យនោះ។ ពេលធ្វើការបានពាក់កណ្ដាលទី ពួកគេចាប់ផ្ដើមបែកបាក់គ្នាព្រោះតែការខ្វែងគំនិត រួចក៏ចែកផ្លូវគ្នាទៅ។ អ្នកណាដែលមានភាពជាមនុស្សល្អ អ្នកនោះអាចបោះជំហានទៅមុខបានបន្តិចទៀត។ អ្នកណាដែលគ្មានសេចក្តីពិត មិនយូរមិនឆាប់ អ្នកនោះនឹងជំពប់ដួល។ ប្រសិនបើអ្នករាល់គ្នាអាចមើលឃើញច្បាស់អំពីចំណុចនេះ នោះអ្នកគួរតែរៀនទទួលយក និងចុះចូលនឹងសេចក្តីពិត ហើយសហការជាមួយអ្នកដទៃដោយភាពចុះសម្រុង។ ហេតុអ្វីបានជាមនុស្សមិនសហការគ្នាដោយភាពចុះសម្រុង? (ព្រោះតែមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត។ ពួកគេតែងតែគិតថា ខ្លួនឯងត្រឹមត្រូវជានិច្ច ហើយពួកគេមិនព្រមទទួលយកសំណើរបស់អ្នកដទៃទេ)។ ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត គឺជាផ្នែកមួយនៃនិស្ស័យពុករលួយ។ តើបញ្ហានេះងាយនឹងដោះស្រាយដែរឬទេ? តើនរណាអាចដោះស្រាយបញ្ហានេះបាន? អ្នកមិនជឿប្រាកដជាមិនអាចដោះស្រាយបញ្ហានេះបានទេ។ ហេតុអ្វី? ព្រោះតែពួកគេមិនទទួលយកសេចក្តីពិតឡើយ។ ពួកគេរស់នៅតាមទស្សនវិជ្ជាបែបសាតាំង តាមឆន្ទៈផ្ទាល់ខ្លួន កលល្បិច គម្រោងការអាក្រក់ ការបោកបញ្ឆោត និងនិស្ស័យបែបសាតាំងរបស់ខ្លួន។ ពួកគេមិនទទួលយកសេចក្តីពិត មិនអនុវត្តសេចក្តីពិត មិនព្យាយាមស្គាល់ខ្លួនឯង មិនបោះបង់ខ្លួនឯងចោល ឬចុះចូលតាមសេចក្តីពិតឡើយ។ ពួកគេមិននិយាយអ្វីដែលវិជ្ជមាន និងដើរលើផ្លូវត្រឹមត្រូវទេ។ ពួកគេមិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិតទេ ហើយក៏មិនដែលជឿលើទ្រង់នោះដែរ ដូច្នេះ មិនថាពួកគេប្រកបអាជីព និងធ្វើកិច្ចការអ្វីឡើយ ក៏ចុងក្រោយ ពួកគេបរាជ័យ និងនាំសេចក្តីវិនាសដាក់ខ្លួនដែរ។ នៅក្នុងដំណាក់ព្រះជាម្ចាស់ មានលក្ខណៈខុសពីនេះ។ នៅក្នុងដំណាក់ព្រះជាម្ចាស់ ព្រះជាម្ចាស់គឺជាព្រះដែលគ្រប់គ្រង។ ព្រះបន្ទូល និងសេចក្តីពិតរបស់ទ្រង់ គឺជាអ្នកគ្រប់គ្រង។ ជារៀងរាល់ថ្ងៃ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយប្រកបគ្នាពីសេចក្តីពិត។ ដួងចិត្តរបស់ពួកគេកាន់តែពេញដោយពន្លឺ ហើយពួកគេព្រមស្វះស្វែងរកសេចក្តីពិត និងទទួលយកសេចក្តីពិត។ ហេតុអ្វីបានជាបងប្អូនប្រុសស្រីធ្វើការជាមួយគ្នាមានប្រសិទ្ធភាពជាងអ្នកមិនជឿព្រះ? យ៉ាងហោចណាស់ ពួកគេមានមូលដ្ឋានគ្រឹះមួយ៖ ពួកគេសុទ្ធតែជាមនុស្សដែលជឿលើព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ហើយនៅក្នុងដំណាក់ព្រះជាម្ចាស់ ពួកគេរួមគិត និងរួមធ្វើ នៅពេលបំពេញភារកិច្ចរបស់ខ្លួន។ លើសពីនេះទៅទៀត ពួកគេមានសេចក្តីជំនឿដូចគ្នា មានគោលដៅដូចគ្នា ហើយវិញ្ញាណរបស់ពួកគេទៀតសោត ក៏មានការផ្សារភ្ជាប់គ្នាដែរ។ មិនថាពួកគេមកពីភាគខាងជើង ភាគខាងត្បូង ឬវាលទំនាបកណ្តាលនោះទេ ទោះបីជាគ្រាមភាសារបស់ពួកគេខុសគ្នាក៏ដោយ ក៏ពួកគេស្គាល់គ្នាយ៉ាងឆាប់រហ័ស នៅពេលដែលពួកគេប្រកបគ្នាពីសេចក្ដីជំនឿ និងពិភាក្សាគ្នាអំពីបទពិសោធរបស់ខ្លួន ធ្វើដូចពួកគេបានស្គាល់គ្នាតាំងពីយូរមកហើយអ៊ីចឹង។ ពួកគេមានអារម្មណ៍ដូចជាពួកគេជាសមាជិកនៃគ្រួសារតែមួយ។ ជាងនេះទៅទៀត អ្នកដែលមិនចេះដោះស្រាយបញ្ហាដោយភាពជាក់ស្ដែង តែងតែមានគម្រោងការអាក្រក់និងបោកបញ្ឆោត តែងតែលេងល្បិច តែងតែក្រអឺតក្រទមនិងរាប់ខ្លួនឯងជាសុចរិត ធ្វើតាមឆន្ទៈផ្ទាល់ខ្លួន និងមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិច អ្នកនោះមិនអាចឈរជើងរឹងមាំនៅក្នុងដំណាក់ព្រះជាម្ចាស់ឡើយ។ តាមធម្មតា ពួកគេត្រូវបានផាត់ចោល និងបណ្ដេញចេញ ព្រោះតែដំណាក់ព្រះជាម្ចាស់ត្រូវបានគ្រប់គ្រងដោយសេចក្តីពិត។ ចំណុចនេះសុទ្ធតែអាចមើលឃើញ និងបញ្ជាក់ថាជាការពិតរួចស្រេចទៅហើយ។ មិនថាអ្នកមានអាយុប៉ុន្មាន មានភេទអ្វី ឬថែមទាំងមានកម្រិតជំនាញបែបណានោះទេ បើអ្នកនិយាយថា៖ «ខ្ញុំយល់ពីឯកទេសរបស់ខ្ញុំ ដូច្នេះ អ្វីដែលខ្ញុំនិយាយ គឺត្រឹមត្រូវ។ ខ្ញុំនឹងមិនស្ដាប់តាមអ្នករាល់គ្នាទេ!» ពេលនោះ តើគ្រប់គ្នានឹងមានទស្សនៈបែបណាចំពោះអ្នកដែរ? តើពួកគេនឹងសរសើរមនុស្សបែបនេះឬទេ? (អត់ទេ ពួកគេនឹងមិនសរសើរឡើយ)។ តើមនុស្សបែបនេះអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ និងឈររឹងមាំដែរឬទេ? (អត់ទេ ពួកគេមិនអាចទេ)។ ពួកគេងាយនឹងត្រូវគេផាត់ចោលណាស់។ មនុស្សខ្លះពូកែនិយាយ ហើយសម្ដីរបស់ពួកគេទៀតសោត ក៏ពីរោះស្ដាប់ដែរ ប៉ុន្តែពួកគេមិនធ្វើកិច្ចការជាក់ស្ដែងអ្វីទេ។ ដំបូង មនុស្សនឹងមានអារម្មណ៍ល្អចំពោះពួកគេ ចុះក្រោយមក? គ្រប់គ្នានឹងមើលឃើញការពិតអំពីពួកគេ រួចនិយាយថា «ពីសម្បកក្រៅ បុគ្គលនេះនិយាយពីរោះ ប៉ុន្តែពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ។ នៅពេលមើលទៅកាន់ពួកគេ អ្នកអាចដឹងថា ពួកគេមិនស្រឡាញ់សេចក្តីពិតឡើយ។ ពួកគេពូកែធ្វើពុត និងបន្លំភ្នែកមនុស្សណាស់។ ពួកគេមិនដែលប្រកបគ្នាពីសេចក្តីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងទេ។ ពួកគេប្រៀបដូចជាអ្នកមិនជឿ ពោលគឺពួកគេជាអ្នកមិនជឿតែម្ដង»។ បន្ទាប់ពីឃើញបែបនេះ មនុស្សនឹងចាប់ផ្ដើមធុញទ្រាន់នឹងពួកគេ ដោយគិតថា ការនិយាយ ឬការធ្វើការជាមួយពួកគេ នឹងគ្មានលក្ខណៈស្ថាបនា ឬមានប្រយោជន៍អ្វីឡើយ។ មនុស្សបែបនេះធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនសប្បាយចិត្ត ហើយវិញ្ញាណរបស់ពួកគេគ្មានសេរីភាពទេ ហើយបន្តិចម្ដងៗ ពួកគេនឹងចាប់ផ្ដើមដកខ្លួនចេញពីមនុស្សបែបនេះ។ នៅពេលបុគ្គលនោះឃើញថា អ្នកដទៃបានបោះបង់ខ្លួន និងឃើញទៀតថា ពួកគេបានផ្ដាច់ខ្លួនចេញពីគាត់ ពេលនោះ គាត់នឹងចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។ ពេលនោះ ទើបពួកគេនឹងដឹងថា៖ «ការដែលមនុស្សមិនដេញតាមសេចក្តីពិត គឺជារឿងមិនអាចទទួលយកបានឡើយ។ ការពឹងអាងលើកលល្បិចកំប៉ិកកំប៉ុក ពឹងអាងលើគុណសម្បត្តិនិងអំណោយទាន ឬបទពិសោធផ្ទាល់ខ្លួន មេរៀន ទស្សនវិជ្ជាសម្រាប់ការរស់នៅ និងស្នៀតល្បិច នឹងប្រើការមិនបាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំត្រូវតែទទួលយក និងដេញតាមសេចក្តីពិត ដើម្បីចៀសផុតពីការផាត់ចោល!» ប្រសិនបើមនុស្សបែបនេះប្រែចិត្ត និងផ្លាស់ប្ដូរយ៉ាងពិតប្រាកដ នោះពួកគេអាចនៅមានសង្ឃឹមប៉ុនសរសៃសក់ ដើម្បីនឹងទទួលបានសេចក្តីសង្រ្គោះ។

នៅក្នុងដំណាក់ព្រះជាម្ចាស់ តើមនុស្សភាគច្រើនចូលចិត្តមនុស្សបែបណាដែរ? (ពួកគេចូលចិត្តមនុស្សណាដែលដេញតាមសេចក្តីពិត អាចទទួលយកសេចក្តីពិត និងមានតថភាពនៃសេចក្តីពិត)។ តើមនុស្សដែលមានតថភាពនៃសេចក្តីពិតបង្ហាញចេញដោយរបៀបណា? (ពួកគេជាមនុស្សស្មោះត្រង់ជាង)។ ពួកគេមានភាពជាមនុស្សស្មោះត្រង់។ មានអ្វីទៀតទេ? (ពួកគេមានភក្ដីភាពជាង)។ ពីសម្បកក្រៅ ពួកគេរស់នៅជីវិតដែលមានភក្ដីភាព និងត្រឹមត្រូវជាង ហើយអ្នកដទៃទទួលប្រយោជន៍ពីការមើលឃើញពួកគេ។ មានអ្វីទៀតទេ? (ពួកគេអាចអនុវត្តសេចក្តីពិត ហើយពួកគេប្រព្រឹត្តតាមគោលការណ៍)។ ទាំងនេះគឺជារបៀបជាក់ស្ដែងដែលពួកគេបង្ហាញចេញ។ តើការប្រព្រឹត្តតាមគោលការណ៍រួមមានចំណុចអ្វីខ្លះដែរ? តើមានព័ត៌មានលម្អិតអ្វីខ្លះ? ឧទាហរណ៍ នៅពេលទាក់ទងនឹងរបៀបប្រព្រឹត្តចំពោះមនុស្ស មិនថាពួកគេមានឋានៈឬគ្មានទេ មិនថាពួកគេជាបងប្អូនប្រុសស្រី ជាអ្នកដឹកនាំ ឬអ្នកធ្វើការទេ តើពួកគេគប្បីប្រកាន់ខ្ជាប់តាមគោលការណ៍អ្វីខ្លះ? ដោយគ្មានអ្វីដែលត្រូវសង្ស័យ ការដែលពួកគេត្រូវប្រព្រឹត្តតាមព្រះបន្ទូលព្រះជាម្ចាស់ និងសេចក្ដីពិត នោះគឺជារឿងត្រឹមត្រូវ និងសមហេតុផល។ អ្នកមិនអាចពឹងផ្អែកទាំងស្រុងលើអារម្មណ៍ ឬចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដោយចូលទៅកៀកម្ខាង ប៉ុន្តែងាកចេញពីម្ខាងទៀត ទាញប្រយោជន៍ពីអ្នកគ្មានកំហុស ប៉ុន្តែបណ្ដែតបណ្ដោយតាមមនុស្សដែលគួរឱ្យចាប់អារម្មណ៍ ឬបង្កើតក្រុម ដើម្បីបង្កជម្លោះបក្សពូកនោះទេ។ ជាងនេះទៅទៀត អ្នកមិនអាចវាយប្រហារ ឬរើសអើងចំពោះអ្នកដែលដេញតាមសេចក្តីពិត ឬបំពេញភារកិច្ចរបស់ពួកគេឡើយ។ អ្នកត្រូវតែប្រព្រឹត្តចំពោះមនុស្សស្របតាមគោលការណ៍នៃសេចក្តីពិត។ នោះគឺជាគោលការណ៍អំពីរបៀបប្រព្រឹត្តចំពោះមនុស្ស ហើយក៏ជាគោលការណ៍អំពីរបៀបចុះសម្រុងជាមួយអ្នកដទៃដែរ។ អ្នកណាដែលជឿលើព្រះជាម្ចាស់ អ្នកនោះត្រូវតែប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយយុត្តិធម៌។ ការបញ្ចុះបញ្ចូលឱ្យមនុស្សគាំទ្រដល់ខ្លួន នៅពេលពួកគេមានប្រយោជន៍ និងការរើសអើងចំពោះមនុស្សដែលគ្មានប្រយោជន៍ តើនេះជាគោលការណ៍ដែលអ្នកគួរតែប្រព្រឹត្តចំពោះមនុស្សដែរឬទេ? នេះជាទស្សនវិជ្ជាបែបលោកីយ៍របស់អ្នកមិនជឿ ជានិស្ស័យបែបសាតាំង និងតក្កវិជ្ជាបែបសាតាំង។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើរបៀបប្រព្រឹត្តចំពោះមនុស្ស មានគោលការណ៍អ្វីខ្លះ? អ្នកគួរប្រព្រឹត្តចំពោះ មនុស្សគ្រប់គ្នាស្របតាមគោលការណ៍នៃសេចក្ដីពិត ហើយអ្នកគួរប្រព្រឹត្តដាក់បងប្អូនប្រុសស្រីដោយយុត្តិធម៌។ តើត្រូវប្រព្រឹត្តដាក់ពួកគាត់ដោយយុត្តិធម៌ដោយរបៀបណា? ការនេះគឺត្រូវតែធ្វើឡើងផ្អែកតាមបន្ទូលព្រះជាម្ចាស់ ថាតើមនុស្សណាដែលព្រះជាម្ចាស់សង្គ្រោះ ហើយមនុស្សណាដែលព្រះអង្គផាត់ចោល មនុស្សណាដែលព្រះអង្គសព្វព្រះទ័យ ហើយមនុស្សណាដែលព្រះអង្គស្អប់។ ទាំងអស់នេះគឺជាគោលការណ៍នៃសេចក្ដីពិត។ គួរប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីដោយការជួយដោយក្ដីស្រឡាញ់ និងអាចទទួលយកបានរវាងគ្នានិងគ្នា និងដោយការអត់ធ្មត់។ ត្រូវកំណត់អត្តសញ្ញាណមនុស្សធ្វើអាក្រក់ និងអ្នកមិនជឿ រួចញែកពួកគេ និងដាក់ពួកគេមួយឡែក។ មានតែការធ្វើបែបនេះទេ ទើបអ្នកនឹងប្រព្រឹត្តចំពោះមនុស្សទៅតាមគោលការណ៍។ បងប្អូនប្រុសស្រីគ្រប់គ្នា មានចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន ហើយពួកគាត់សុទ្ធតែមាននិស្ស័យពុករលួយទាំងអស់ ដូច្នេះ នៅពេលពួកគេនៅជុំគ្នា ពួកគេគួរតែជួយគ្នាទៅវិញទៅមកដោយក្ដីស្រឡាញ់ ពួកគេគួរតែទទួកយក និងមានការអត់ធ្មត់ ហើយមិនគួរចាប់កំហុស ឬធ្វើដាក់គ្នាជ្រុលហួសហេតុពេកនោះទេ។ ជាពិសេស បងប្អូនប្រុសស្រីដែលមិនជឿលើព្រះជាម្ចាស់អស់រយៈពេលយូរ ឬអ្នកវ័យក្មេង គួរតែត្រូវបានមើលថែយ៉ាងពេញបរិបូរណ៌ និងទទួលបានការគាំទ្រដោយអំណត់។ ប្រសិនបើពួកគេបង្ហាញចេញសេចក្ដីពុករលួយ ពេលនោះ គួរតែប្រកបគ្នាជាមួយពួកគេដោយសេចក្តីពិត និងដាស់តឿនពួកគេដោយអំណត់។ ដាច់ខាតមិនត្រូវថ្កោលទោសពួកគេ ឬនិយាយបំផ្លើសពីបញ្ហារបស់ពួកគេឡើយ ព្រោះថាទង្វើបែបនេះគឺឃោរឃៅ។ ប្រសិនបើអ្នកខ្លាច ហើយលាក់បាំង នៅពេលអ្នករកឃើញអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងតែធ្វើអំពើអាក្រក់ ហើយអ្នកមិនហ៊ានបកអាក្រាតគេទេ ប៉ុន្តែនៅពេលអ្នកដឹងថា បងប្អូនប្រុសស្រីរបស់អ្នកបង្ហាញសេចក្តីពុករលួយខ្លះ អ្នកបែរជាចាប់កំហុសពួកគេ ហើយបង្កើតរឿងធំចេញពីរឿងកំប៉ិកកំប៉ុក តើនេះជាឥរិយាបថបែបណាដែរ? មនុស្សបែបនេះគួរឱ្យស្អប់ខ្ពើម និងកេងប្រវ័ញ្ចពីអ្នកដទៃ។ នេះមិនមែនជាវិធីដែលត្រឹមត្រូវក្នុងការប្រព្រឹត្តចំពោះអ្នកដទៃទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកកំពុងប្រព្រឹត្តតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនវិញទេ។ នេះជានិស្ស័យពុករលួយបែបសាតាំង ដែលជាសេចក្តីរំលង! ព្រះជាម្ចាស់ទតឃើញអ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ។ មិនថាអ្នកប្រព្រឹត្ត និងគិតបែបណានៅក្នុងចិត្តរបស់អ្នកទេ ព្រះជាម្ចាស់ទតឃើញទាំងអស់! មិនថាអ្នកធ្វើអ្វីទេ អ្នកត្រូវតែយល់ពីគោលការណ៍។ ដំបូង អ្នកត្រូវតែយល់ពីសេចក្តីពិត។ នៅពេលអ្នកយល់ពីសេចក្តីពិត អ្នកនឹងងាយយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកនឹងដឹងពីគោលការណ៍ដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រព្រឹត្តចំពោះអ្នកដទៃ។ អ្នកនឹងដឹងពីរបៀបប្រព្រឹត្តចំពោះមនុស្ស ហើយអ្នកនឹងអាចប្រព្រឹត្តចំពោះពួកគេស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនយល់ពីសេចក្តីពិតទេ នោះអ្នកនឹងប្រាកដជាមិនអាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងមិនប្រព្រឹត្តចំពោះអ្នកដទៃស្របតាមគោលការណ៍នោះដែរ។ របៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ត្រូវបានបង្ហាញចេញ ឬលេចមកឱ្យឃើញយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អាកប្បកិរិយាដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សជាតិ គឺជាអាកប្បកិរិយាដែលមនុស្សគួរតែប្រកាន់ខ្ជាប់នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះគ្នាទៅវិញទៅមក។ តើព្រះជាម្ចាស់ប្រព្រឹត្តបែបណាចំពោះមនុស្សគ្រប់គ្នា? មនុស្សខ្លះមានកម្ពស់មិនទាន់ចាស់ទុំ ឬក៏នៅក្មេងខ្ចី ឬទើបបានជឿលើព្រះជាម្ចាស់ត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ឬគ្មាននិស្ស័យ និងធម្មជាតិអាក្រក់ ឬមិនព្យាបាទនោះទេ គ្រាន់តែល្ងង់ខ្លៅបន្តិច ឬខ្វះគុណសម្បត្តិប៉ុណ្ណោះ។ ឬក៏ដោយសារពួកគេធ្លាក់ក្រោមការរឹតត្បិតច្រើនពេក ហើយមិនទាន់យល់ពីសេចក្តីពិតនៅឡើយ មិនទាន់បានចូលទៅក្នុងជីវិត ដូច្នេះហើយ វាពិបាកនឹងឃាត់ពួកគេមិនឱ្យធ្វើរឿងល្ងីល្ងើ ឬប្រព្រឹត្តទង្វើល្ងង់ខ្លៅមួយចំនួនណាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនកំណត់លើភាពល្ងង់ខ្លៅរបស់មនុស្សឡើយ។ ទ្រង់ទតមើលតែចិត្តពួកគេប៉ុណ្ណោះ។ ប្រសិនបើគេតាំងចិត្តដេញតាមសេចក្ដីពិត នោះពួកគេធ្វើត្រូវហើយ ហើយកាលណាពួកគេមានគោលបំណងបែបនេះ នោះព្រះជាម្ចាស់នឹងទតមើលពួកគេ ដោយរង់ចាំពួកគេ និងប្រទានពេលវេលា និងឱកាសផ្សេងៗដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេចូលទៅបាន។ ករណីព្រះជាម្ចាស់បណ្ដេញពួកគេព្រោះអំពើរំលងតែមួយ នោះមិនអាចទៅរួចទេ។ នេះជាទង្វើដែលមនុស្សតែងធ្វើជារឿយៗ។ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តចំពោះមនុស្សបែបនេះឡើយ។ បើព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សបែបនេះទេ ដូច្នេះហេតុអ្វីបានជាមនុស្សប្រព្រឹត្តចំពោះអ្នកដទៃបែបនេះទៅវិញ? តើនេះមិនបង្ហាញពីនិស្ស័យពុករលួយរបស់ពួកគេទេឬអី? នេះគឺជានិស្ស័យពុករលួយរបស់ពួកគេច្បាស់តែម្ដង។ អ្នកត្រូវតែមើលទៅកាន់របៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សល្ងង់ខ្លៅ និងល្ងីល្ងើ របៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលមានកម្ពស់មិនទាន់ចាស់ទុំ របៀបដែលទ្រង់ប្រព្រឹត្តចំពោះការសម្ដែងចេញធម្មតានៃនិស្ស័យពុករលួយរបស់មនុស្សជាតិ និងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះអស់អ្នកដែលព្យាបាទ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សផ្សេងៗគ្នាទៅតាមរបៀបខុសៗគ្នា ហើយទ្រង់ក៏មានរបៀបផ្សេងៗក្នុងការគ្រប់គ្រងស្ថានភាពដ៏ច្រើនអនេករបស់មនុស្សខុសៗគ្នាផងដែរ។ អ្នកត្រូវតែយល់ពីសេចក្តីពិតទាំងនេះ។ ពេលដែលអ្នកបានយល់ពីសេចក្តីពិតទាំងនេះហើយ នោះអ្នកនឹងដឹងអំពីរបៀបដកពិសោធន៍ក្នុងបញ្ហាផ្សេងៗ ហើយប្រព្រឹត្តដាក់មនុស្សស្របទៅតាមគោលការណ៍មិនខាន។

តើព្រះជាម្ចាស់កំណត់ថា មនុស្សម្នាក់នឹងទទួលបានសេចក្ដីសង្រ្គោះ ដោយផ្អែកលើកម្រិតនៃសេចក្តីពុករលួយរបស់ពួកគេឬ? តើទ្រង់កំណត់ថាត្រូវវិនិច្ឆ័យ និងវាយផ្ចាលពួកគេដោយផ្អែកលើទំហំនៃអំពើរំលងរបស់ពួកគេ ឬចំនួននៃសេចក្តីពុករលួយរបស់ពួកគេឬ? តើទ្រង់កំណត់ពីវាសនា និងលទ្ធផលចុងក្រោយរបស់ពួកគេ ដោយផ្អែកលើរូបសម្បត្តិ ប្រវត្តិគ្រួសារ កម្រិតនៃគុណសម្បត្តិ ឬទំហំដែលពួកគេបានរងទុក្ខឬ? ព្រះជាម្ចាស់មិនប្រើចំណុចទាំងនេះធ្វើជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តរបស់ទ្រង់ឡើយ។ ព្រះអង្គថែមទាំងមិនទតមើលចំណុចទាំងនេះទៀតផង។ ដូច្នេះ អ្នកត្រូវតែយល់ពីចំណុចនេះ ដោយសារតែព្រះជាម្ចាស់មិនវាស់វែងមនុស្សដោយផ្អែកលើចំណុចទាំងនេះទេ ហើយអ្នកក៏មិនគួរវាស់វែងមនុស្សដោយផ្អែកលើចំណុចទាំងនេះដែរ។ ឧបមាថា អ្នកឃើញមនុស្សម្នាក់មានរូបសម្បត្តិគួរឱ្យទាក់ទាញ និងមើលទៅដូចជាមនុស្សល្អ ដូច្នេះ អ្នកក៏ចាប់ផ្ដើមនិយាយកាន់តែច្រើនជាមួយបុគ្គលនោះ ចាប់ផ្ដើមទាក់ទងជាមួយពួកគេ ស្និទ្ធស្នាលជាមួយពួកគេ ហើយក្លាយជាមិត្តល្អនឹងគ្នា។ ពេលនោះ ឧបមាថា អ្នកឃើញមនុស្សម្នាក់ទៀតមិនគួរឱ្យទាក់ទាញ មិនគួរឱ្យចង់ស្ដាប់ មិនដឹងពីរបៀបទាក់ទងជាមួយអ្នកដទៃ និងមិនចូលចំណោមគេ ដូច្នេះ អ្នកមិនទទួលស្គាល់ពួកគេ ហើយពេលខ្លះទៀតថែមទាំងចង់ធ្វើបាបពួកគេ ឬនិយាយអាក្រក់ ដើម្បីគាបសង្កត់ពួកគេទៀតផង តើការប្រព្រឹត្តបែបនេះចំពោះមនុស្ស គឺជារបៀបអ្វីដែរ? រាល់ចំណុចទាំងនេះចេញមកពីនិស្ស័យពុករលួយបែបសាតាំង។ តើអ្នករាល់គ្នាព្រមរស់នៅជាមួយនិស្ស័យពុករលួយបែបសាតាំងនេះឬទេ? តើអ្នកព្រមឱ្យនិស្ស័យពុករលួយបែបសាតាំងរបស់អ្នកមករឹតត្បិត និងចងអ្នក ហើយឱ្យនិស្ស័យនេះដឹកនាំសកម្មភាពរបស់អ្នកដែរឬទេ? (អត់ទេ)។ យោងតាមបំណងប្រាថ្នាបែបអត្តនោម័តរបស់មនុស្ស គ្មាននរណាម្នាក់ព្រមធ្វើអ្វីមួយ ឬបំពេញភារកិច្ចរបស់ខ្លួន ដោយរស់នៅក្នុងនិស្ស័យពុករលួយរបស់សាតាំងឡើយ។ នៅក្នុងឆន្ទៈបែបអត្តនោម័តរបស់មនុស្ស ពួកគេមានបំណងចង់ធ្វើល្អ និងព្រមអនុវត្តសេចក្តីពិត ប៉ុន្តែប្រសិនបើមនុស្សមិនយល់ពីសេចក្តីពិត ឬដេញតាមសេចក្តីពិត មិនយកចិត្តទុកដាក់អំពីសេចក្តីពិត ឬមិនខំប្រឹងអនុវត្តសេចក្តីពិតទេ ពេលនោះ ពួកគេនឹងមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ។ ប្រសិនបើអ្នកមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតទេ ពេលនោះ អ្វីដែលអ្នករស់នៅ គោលការណ៍ដែលអ្នកប្រកាន់យកនៅក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ និងពាក្យសម្ដីដែលអ្នកនិយាយ នឹងមិនស្របតាមសេចក្តីពិតឡើយ ហើយអ្វីៗទាំងនេះនឹងគ្មានសេចក្តីពិតសោះឡើយ។ ប្រសិនបើមានទិដ្ឋភាពណាមួយនៃសេចក្តីពិតដែលអ្នកមិនយល់ ពេលនោះ អ្នកនឹងប្រាកដជាមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ ហើយប្រសិនបើអ្នកមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានទេ ពេលនោះ អ្នកនឹងគ្មានសេចក្តីពិតឡើយ។ តើមនុស្សដែលគ្មានសេចក្តីពិតមានភាពជាមនុស្សណាមួយដែរឬទេ? (អត់ទេ)។ គ្រប់យ៉ាងដែលមនុស្សបែបនេះរស់នៅ គឺជានិស្ស័យពុករលួយរបស់សាតាំង។ មនុស្សមិនអាចមានតថភាពនៃសេចក្តីពិត នៅពេលពួកគេចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ការបំពេញភារកិច្ចរបស់ខ្លួន គឺគ្រាន់តែជាវិធីសាស្ត្រ និងបណ្ដាញមួយដែលត្រូវធ្វើប៉ុណ្ណោះ។ នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ មនុស្សប្រើការដេញតាមសេចក្តីពិត ដើម្បីដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីយល់ និងទទួលយកបន្តិចម្ដងៗនូវសេចក្តីពិត ហើយក្រោយមក ដេញតាមសេចក្តីពិត។ បន្ទាប់មក ពួកគេឈានដល់សភាពមួយដែលពួកគេកម្ចាត់ចោលនិស្ស័យពុករលួយរបស់ខ្លួន ស្រាយចំណង និងការគ្រប់គ្រងនៃនិស្ស័យពុករលួយរបស់សាតាំង ដូច្នេះ ពួកគេក្លាយជាមនុស្សម្នាក់ដែលមានតថភាពនៃសេចក្តីពិត និងជាបុគ្គលម្នាក់ដែលមានភាពជាមនុស្សធម្មតា។ មានតែពេលដែលអ្នកមានភាពជាមនុស្សធម្មតាប៉ុណ្ណោះ ទើបការបំពេញភារកិច្ចរបស់អ្នក និងសកម្មភាពរបស់អ្នក នឹងក្លាយជាការស្អាងចិត្តដល់មនុស្ស និងជាទីគាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ ហើយមានតែពេលដែលមនុស្សទទួលបានការសរសើរពីព្រះជាម្ចាស់សម្រាប់ការបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេអាចក្លាយជាសត្តនិករជាទីគាប់ព្រះហឫទ័យចំពោះព្រះជាម្ចាស់។ ដូច្នេះ ទាក់ទងនឹងការបំពេញភារកិច្ចរបស់អ្នក ទោះបីឥឡូវនេះអ្នកអាចលះបង់ និងបង្ហាញភក្ដីភាពចេញជាជំនាញផ្សេងៗ ការរៀនសូត្រ និងចំណេះដឹងដែលអ្នករាល់គ្នាបានទទួលក៏ដោយ ក៏វាច្បាស់ណាស់ថា ចំណុចទាំងនេះដែលផ្ដល់ជាបណ្ដាញមួយតាមរយៈអ្វីដែលអ្នករាល់គ្នាអាចយល់ពីសេចក្តីពិត ក្នុងពេលកំពុងបំពេញភារកិច្ចរបស់អ្នក និងដឹងពីអត្ថន័យនៃការបំពេញភារកិច្ចរបស់អ្នក អត្ថន័យនៃការចូលមកចំពោះព្រះជាម្ចាស់ អត្ថន័យនៃការលះបង់យ៉ាងអស់ពីចិត្តសម្រាប់ព្រះជាម្ចាស់ដែរ។ តាមរយៈបណ្ដាញនេះ អ្នកនឹងដឹងពីរបៀបកម្ចាត់ចោលនិស្ស័យពុករលួយរបស់អ្នក និងរបៀបបោះបង់ខ្លួនឯង មិនក្រអឺតក្រទម និងមិនរាប់ខ្លួនឯងជាសុចរិត ហើយស្ដាប់បង្គាប់សេចក្តីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអ្នកអាចសម្រេចបានសេចក្តីសង្រ្គោះ។

ឥឡូវ ផ្នែកដ៏សំខាន់បំផុតនៃការបំពេញភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវរៀនចុះចូល ពោលគឺ រៀនចុះចូលចំពោះសេចក្តីពិត និងចំពោះអ្វីៗដែលមកពីព្រះជាម្ចាស់។ បែបនេះ នៅពេលអ្នករាល់គ្នាដើរតាមព្រះជាម្ចាស់ អ្នកនឹងអាចរៀនសូត្រមេរៀនរបស់អ្នក ហើយបន្តិចម្ដងៗ អ្នកនឹងអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបាន។ សូមប្រាប់ខ្ញុំមើល៍ តើមនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ បើពួកគេមិនយល់ពីអត្ថន័យនៃការអនុវត្តសេចក្តីពិត នៃការចុះចូលចំពោះសេចក្តីពិត ឬបើពួកគេមិនយល់ថាគោលការណ៍ណាខ្លះដែលពួកគេត្រូវប្រកាន់ខ្ជាប់ ដើម្បីបំពេញភារកិច្ចរបស់ខ្លួនផងនោះ? វានឹងប្រាកដជាលំបាកមិនខាន។ អ្នករាល់គ្នាក៏អាចយល់ផងដែរថា នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នកនៅក្នុងដំណាក់ព្រះជាម្ចាស់ បើអ្នកគ្មាន ឬមិនបានចូលទៅក្នុងតថភាពនៃសេចក្តីពិតសូម្បីតែបន្តិចផងនោះ ពេលនោះ អ្នកនឹងពិបាកខ្លាំងក្នុងការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អមិនខាន។ វានឹងពិបាកខ្លាំងក្នុងការបំពេញភារកិច្ចរបស់អ្នកនៅក្នុងបទដ្ឋានមួយដែលអាចទទួលយកបាន ឬក៏ឈររឹងមាំមិនខាន។ ឥឡូវ តើអ្នករាល់គ្នាធ្លាប់បានដកពិសោធន៍ថាវាពិបាកបែបណាក្នុងការដើរសូម្បីតែមួយជំហានទៅមុខ ដោយគ្មានសេចក្តីពិតហើយឬនៅ? (មានហើយ)។ តើអ្វីទៅដែលធ្វើឱ្យអ្នករាល់គ្នាដកពិសោធន៍យ៉ាងជ្រាលជ្រៅខ្លាំងបែបនេះ? (ជារឿយៗ តាមរយៈការលួសកាត់និងការដោះស្រាយ ការបរាជ័យនិងការជំពប់ដួល ដោយសារតែយើងមិនយល់ពីសេចក្តីពិត និងពឹងអាងលើនិស្ស័យពុករលួយ ដើម្បីបំពេញភារកិច្ចរបស់យើង)។ តើអ្នករាល់គ្នាបានឆ្លងកាត់បរាជ័យចំនួនប៉ុន្មានដងហើយ? (ពីរបីដង)។ នៅក្នុងដំណើរនៃការដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ មិនថាអ្នកបរាជ័យ ដួលចុះ ត្រូវបានលួសកាត់ ត្រូវបានដោះស្រាយ ឬត្រូវបានលាតត្រដាងប៉ុន្មានដងនោះទេ ទាំងអស់នេះមិនមែនជារឿងអាក្រក់ឡើយ។ មិនថាអ្នកត្រូវបានលួសកាត់ ឬដោះស្រាយដោយរបៀបណា ឬមិនថាដោយអ្នកដឹកនាំ អ្នកធ្វើការ ឬបងប្អូនប្រុសស្រីនោះទេ ទាំងអស់នេះសុទ្ធតែជារឿងល្អ។ អ្នកត្រូវតែចងចាំចំណុចនេះ៖ មិនថាអ្នករងទុក្ខលំបាកច្រើនបែបណា តាមពិត អ្នកកំពុងតែទទួលបានប្រយោជន៍ទៅវិញទេ។ អ្នកដែលមានបទពិសោធន៍ អាចបញ្ជាក់ពីការនេះបាន។ មិនថានោះជាការទទួលនូវការលួសកាត់ ការដោះស្រាយ ឬការលាតត្រដាងនោះទេ គឺតែងជារឿងល្អជានិច្ច។ វាមិនមែនជាការថ្កោលទោសនោះទេ តែជាសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ហើយក៏ជាឱកាសល្អបំផុតមួយសម្រាប់ឱ្យអ្នកបានស្គាល់ខ្លួនឯងផងដែរ។ វាអាចផ្លាស់ប្ដូរបទពិសោធជីវិតរបស់អ្នកទៅកាន់កម្រិតមួយថ្មី។ បើគ្មានកិច្ចការទាំងនេះទេ នោះអ្នកនឹងគ្មានឱកាស គ្មានលក្ខខណ្ឌ ក៏គ្មានបរិបទណា ដើម្បីបានសម្រេចនូវការយល់ដឹងអំពីការពិតនៃសេចក្តីពុករលួយរបស់អ្នកដែរ។ ប្រសិនបើអ្នកយល់ដឹងយ៉ាងពិតប្រាកដអំពីសេចក្តីពិត និងអាចរកឃើញសេចក្តីពុករលួយដែលកប់ទុកនៅក្នុងជម្រៅដួងចិត្តរបស់អ្នក បើអ្នកអាចបែងចែកអ្វីៗទាំងនោះបានច្បាស់លាស់ នោះវាជាការល្អហើយ ដ្បិតវាបានដោះស្រាយបញ្ហាធំមួយនៃច្រកចូលទៅក្នុងជីវិត ហើយក៏ជាប្រយោជន៍ដ៏ធំចំពោះការផ្លាស់ប្ដូរនិស្ស័យផងដែរ។ ការអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដគឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់អ្នក ដើម្បីប៉ះប៉ូវផ្លូវរបស់អ្នក និងក្លាយជាមនុស្សថ្មីម្នាក់ ហើយក៏ជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីទទួលបានជីវិតថ្មីដែរ។ នៅពេលដែលអ្នកស្គាល់ខ្លួនឯងយ៉ាងប្រាកដ នោះអ្នកនឹងអាចមើលឃើញថា នៅពេលដែលសេចក្តីពិតក្លាយជាជីវិតរបស់អ្នក នោះវាជារឿងប្រពៃមួយ ព្រោះអ្នកនឹងស្រេកឃ្លានសេចក្តីពិត អនុវត្តសេចក្តីពិត និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ នេះគឺជារឿងដ៏អស្ចារ្យណាស់! បើអ្នកអាចចាប់យកឱកាសនេះ និងឆ្លុះបញ្ចាំងយ៉ាងអស់ពីចិត្តចំពោះខ្លួនឯង ហើយទទួលបានចំណេះដឹងយ៉ាងពិតប្រាកដអំពីខ្លួនឯង នៅគ្រប់ពេលដែលអ្នកបរាជ័យ ឬជំពប់ដួល នោះនៅក្នុងចំណោមភាពអវិជ្ជមាន និងសេចក្ដីកម្សោយនោះ អ្នកនឹងអាចក្រោកឈរឡើងវិញមិនខាន។ នៅពេលដែលអ្នកបានឆ្លងផុតច្រកទ្វារនេះ នោះអ្នកនឹងអាចបោះជំហានដ៏ធំទៅមុខ ហើយចូលទៅក្នុងតថភាពនៃសេចក្តីពិតមិនខាន។

បើអ្នកជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះអ្នកក៏ត្រូវជឿដែរថា រាល់ហេតុការណ៍ប្រចាំថ្ងៃ មិនថាល្អឬអាក្រក់ឡើយ វាមិនមែនកើតឡើងដោយចៃដន្យទេ។ ការនេះមិនមែនមានន័យថា នរណាម្នាក់កំពុងតែមានចេតនាធ្វើបាបអ្នក ឬដាក់អ្នកជាផ្ទាំងស៊ីបនោះឡើយ។ ការទាំងអស់នេះត្រូវបានរៀបចំ និងចាត់ចែងដោយព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចាត់ចែងរឿងរ៉ាវទាំងអស់នេះ? គឺមិនមែនដើម្បីបើកសម្ដែងថាអ្នកជានរណា ឬដើម្បីលាតត្រដាង និងផាត់អ្នកចោលនោះឡើយ។ ការលាតត្រដាងអ្នកមិនមែនជាគោលដៅចុងក្រោយទេ។ គោលដៅគឺដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ និងសង្គ្រោះអ្នក។ តើព្រះជាម្ចាស់ប្រោសអ្នកឱ្យគ្រប់លក្ខណ៍ដោយរបៀបណា? ហើយតើទ្រង់សង្រ្គោះអ្នកដោយរបៀបណាទៅ? ព្រះអង្គចាប់ផ្ដើម ដោយធ្វើឱ្យអ្នកដឹងពីនិស្ស័យពុករលួយរបស់អ្នក និងធ្វើឱ្យអ្នកដឹងពីធម្មជាតិ និងសារជាតិរបស់អ្នក ដឹងពីចន្លោះប្រហោង ព្រមទាំងដឹងពីអ្វីដែលអ្នកខ្វះខាត។ មានតែតាមរយៈការស្គាល់រឿងទាំងនេះ និងការមានការយល់ដឹងច្បាស់លាស់អំពីការទាំងនេះទេ ទើបអ្នកអាចដេញតាមសេចក្តីពិត ហើយបន្ដិចម្ដងៗ អ្នកអាចកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់អ្នកបាន។ នេះគឺជាព្រះជាម្ចាស់ដែលកំពុងប្រទានឱកាសមួយដល់អ្នក។ នេះជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ អ្នកត្រូវតែដឹងពីរបៀបឆក់យកឱកាសនេះ។ អ្នកមិនគួរប្រឆាំង ទាស់ទទឹងនឹងព្រះជាម្ចាស់ ឬយល់ច្រឡំនឹងព្រះអង្គឡើយ។ ជាក់ស្ដែង នៅពេលដែលត្រូវបានប្រឈមជាមួយមនុស្ស រឿងរ៉ាវ និងវត្ថុដែលព្រះជាម្ចាស់ចាត់ចែងជុំវិញអ្នក ចូរកុំមានអារម្មណ៍ថា អ្វីៗដែលកើតឡើងនោះមិនស្របតាមការប៉ងប្រាថ្នារបស់អ្នកឡើយ។ កុំប្រាថ្នាចង់គេចវេះពីស្ថានភាពទាំងនោះ ឬតែងតែស្ដីបន្ទោស និងយល់ច្រឡំចំពោះព្រះជាម្ចាស់នោះឡើយ។ បើអ្នកកំពុងតែធ្វើបែបនេះ នោះអ្នកមិនមែនកំពុងដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយវាក៏នឹងពិបាកសម្រាប់អ្នកក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិតដែរ។ រាល់ហេតុការណ៍ដែលអ្នកជួបប្រទះ ហើយអ្នកមិនយល់ទាំងស្រុង នៅពេលដែលទុក្ខលំបាកមួយលេចឡើង អ្នកត្រូវតែរៀនចុះចូល។ អ្នកគួរតែចាប់ផ្ដើម ដោយចូលទៅចំពោះព្រះជាម្ចាស់ និងអធិស្ឋានកាន់តែច្រើន។ ដោយធ្វើបែបនេះ មុនពេលអ្នកដឹងខ្លួន ការផ្លាស់ប្ដូរមួយនឹងកើតឡើងនៅក្នុងសភាពខាងក្នុងរបស់អ្នក ហើយអ្នកនឹងអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់អ្នកមិនខាន។ បើដូច្នេះ អ្នកនឹងអាចដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលការនេះកើតឡើង តថភាពនៃសេចក្តីពិតនឹងត្រូវបានធ្វើការនៅក្នុងអ្នក ហើយនេះជារបៀបដែលអ្នកនឹងវិវឌ្ឍទៅមុខ និងទទួលបានការបំផ្លាស់បំប្រែនៃសភាពជីវិតរបស់អ្នក។ នៅពេលដែលអ្នកទទួលបានការផ្លាស់ប្ដូរ និងតថភាពនៃសេចក្តីពិតនេះ នោះអ្នកនឹងមានកម្ពស់ ហើយជាមួយនឹងកម្ពស់នេះ ក៏កើតមានជាជីវិតដែរ។ បើមនុស្សម្នាក់តែងតែរស់នៅផ្អែកលើនិស្ស័យដ៏ពុករលួយបែបសាតាំង នោះមិនថាពួកគេមានអារម្មណ៍រំជើបរំជួល ឬថាមពលច្រើនកម្រិតណាឡើយ ពួកគេនៅតែមិនអាចត្រូវបានចាត់ទុកថាមានកម្ពស់ ឬជីវិតឡើយ។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សម្នាក់ៗ ហើយមិនថាព្រះអង្គប្រើប្រាស់វិធីសាស្ត្រ មនុស្ស រឿងរ៉ាវ និងវត្ថុអ្វីនៅក្នុងការបម្រើរបស់ទ្រង់ ឬព្រះបន្ទូលរបស់ទ្រង់មានសំឡេងបែបណាឡើយ ព្រះអង្គមានគោលដៅចុងក្រោយតែមួយគត់ គឺសង្រ្គោះអ្នក។ ហើយតើព្រះអង្គសង្គ្រោះអ្នកដោយរបៀបណា? ព្រះអង្គបំផ្លាស់បំប្រែអ្នក។ ដូច្នេះ តើអ្នកអាចមិនរងទុក្ខបន្តិចបន្ដួចយ៉ាងដូចម្ដេចកើតទៅ? ទុក្ខវេទនានេះអាចរាប់បញ្ចូលនូវរឿងរ៉ាវជាច្រើន។ ដំបូង មនុស្សត្រូវតែរងទុក្ខ នៅពេលពួកគេទទួលយកការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះបន្ទូលព្រះជាម្ចាស់ចែងធ្ងន់ៗ និងចំៗខ្លាំងពេក ហើយមនុស្សយល់ច្រឡំពីព្រះជាម្ចាស់ រួមទាំងមានសញ្ញាណជាច្រើនទៀតផងនោះ ការនេះក៏អាចជាការឈឺចាប់ផងដែរ។ ពេលខ្លះ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសមួយជុំវិញមនុស្ស ដើម្បីលាតត្រដាងពីសេចក្តីពុករលួយរបស់ពួកគេ ធ្វើឱ្យពួកគេឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ពេលនោះ ពួកគេក៏នឹងរងទុក្ខបន្តិចផងដែរ។ ពេលខ្លះ នៅពេលដែលពួកគេត្រូវបានលួសកាត់ ដោះស្រាយ និងលាតត្រដាងដោយផ្ទាល់ មនុស្សត្រូវតែរងទុក្ខ។ ការនេះប្រៀបដូចពួកគេកំពុងឆ្លងកាត់នូវការវះកាត់អ៊ីចឹង ពោលគឺ បើគ្មានការរងទុក្ខទេ ក៏គ្មានបានផលនោះដែរ។ បើគ្រប់ពេលដែលអ្នកត្រូវបានលួសកាត់ និងត្រូវដោះស្រាយ ហើយគ្រប់ពេលអ្នកក៏ត្រូវបានលាតត្រដាងដោយបរិយាកាសជុំវិញ វាធ្វើឱ្យអ្នកមានអារម្មណ៍ខឹង និងលើកអ្នកឡើង នោះតាមរយៈដំណើរការនេះ អ្នកនឹងចូលក្នុងតថភាពនៃសេចក្តីពិត ហើយក៏នឹងមានកម្ពស់ផងដែរ។ បើគ្រប់ពេលដែលអ្នកត្រូវបានលួសកាត់ និងដោះស្រាយ ព្រមទាំងត្រូវបានលាតត្រដាងដោយបរិយាកាសមួយ អ្នកមិនមានអារម្មណ៍ឈឺចាប់ ឬមិនស្រួលក្នុងចិត្ត និងគ្មានអារម្មណ៍អ្វីសោះទេ ហើយបើអ្នកមិនចូលចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរកព្រះហឫទ័យរបស់ទ្រង់ មិនអធិស្ឋាន ឬស្វែងរកសេចក្តីពិតទេ នោះអ្នកជាមនុស្សស្ពឹកស្រពន់បំផុតហើយ! ព្រះជាម្ចាស់មិនធ្វើការនៅក្នុងអ្នកទេ នៅពេលដែលវិញ្ញាណរបស់អ្នកមិនមានអារម្មណ៍អ្វីសោះ នៅពេលដែលអារម្មណ៍របស់អ្នកមិនប្រតិកម្មឆ្លើយតបសោះ។ ព្រះអង្គនឹងមានបន្ទូលថា «បុគ្គលនេះស្ពឹកស្រពន់ពេកហើយ ហើយក៏ពុករលួយយ៉ាងជ្រាលជ្រៅពេកដែរ។ មិនថាខ្ញុំប្រៀនប្រដៅ ដោះស្រាយជាមួយគាត់តាមបែបណា ឬព្យាយាមពិនិត្យមើលគាត់ឡើយ ខ្ញុំនៅតែមិនអាចប៉ះពាល់ចិត្តគាត់ ឬដាស់វិញ្ញាណរបស់គាត់បានទៀត។ បុគ្គលនេះនឹងត្រូវជួបបញ្ហាមិនខាន ដ្បិតគាត់មិនងាយនឹងសង្រ្គោះឡើយ»។ បើព្រះជាម្ចាស់ចាត់ចែងបរិយាកាស មនុស្ស រឿងរ៉ាវ និងវត្ថុសម្រាប់អ្នក បើទ្រង់លួសកាត់ និងដោះស្រាយជាមួយអ្នក ហើយបើអ្នករៀនមេរៀនចេញពីការនេះ បើអ្នកបានរៀនចូលទៅចំពោះព្រះជាម្ចាស់ រៀនស្វែងរកសេចក្តីពិត ហើយត្រូវបានបំភ្លឺ និងស្រាយបំភ្លឺទាំងមិនដឹងខ្លួន ហើយទទួលបានសេចក្តីពិត បើអ្នកបានដកពិសោធន៍នូវការផ្លាស់ប្ដូរមួយនៅក្នុងបរិយាកាសទាំងនេះ បានទទួលរង្វាន់ ហើយមានវឌ្ឍនភាព បើអ្នកចាប់ផ្ដើមមានការយល់ដឹងបន្ដិចបន្ដួចអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកឈប់រអ៊ូរទាំតទៅទៀត នោះការទាំងអស់នេះនឹងមានន័យថា អ្នកបានឈររឹងមាំនៅក្នុងចំណោមការល្បងលនៃបរិយាកាសទាំងនេះ ព្រមទាំងបានធន់ទ្រាំនឹងការសាងល្បងហើយ។ បើបែបនេះ អ្នកនឹងបានឆ្លងផុតបទពិសោធន៍ដ៏អាក្រក់នេះមិនខាន។ តើព្រះជាម្ចាស់នឹងចាត់ទុកអស់អ្នកដែលស៊ូទ្រាំនឹងការល្បងលដោយរបៀបណាទៅ? ព្រះជាម្ចាស់នឹងមានបន្ទូលថា ពួកគេមានចិត្តស្មោះត្រង់ និងអាចស៊ូទ្រាំនឹងការរងទុក្ខប្រភេទនេះបាន ហើយទ្រង់មានបន្ទូលទៀតថា នៅក្នុងជម្រៅចិត្ត ពួកគេស្រឡាញ់សេចក្តីពិត និងចង់ទទួលបានសេចក្តីពិត។ ប្រសិនបើព្រះជាម្ចាស់មានការវាយតម្លៃបែបនេះចំពោះអ្នក ពេលនោះ តើអ្នកមិនក្លាយជាបុគ្គលម្នាក់ដែលមានកម្ពស់ទេឬអី? ពេលនោះ តើអ្នកមិនមានជីវិតទេឬអី? តើជីវិតបែបនេះសម្រេចបានដោយរបៀបណាទៅ? តើព្រះជាម្ចាស់ប្រទានជីវិតបែបនេះឬ? ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្នកទៅតាមរបៀបផ្សេងៗ និងប្រើប្រាស់មនុស្ស កិច្ចការ និងវត្ថុនានា ដើម្បីបង្វឹកអ្នក។ ការនេះគឺដូចជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ កំពុងតែប្រទានអាហារ និងភេសជ្ជៈដល់អ្នក ដោយប្រទាននូវម្ហូបអាហារផ្សេងៗដោយផ្ទាល់នៅចំពោះអ្នក ដើម្បីឱ្យអ្នករីករាយ និងបរិភោគដល់ឆ្អែតអ៊ីចឹងដែរ។ មានតែពេលនោះទេ ទើបអ្នកអាចលូតលាស់ និងរឹងមាំបាន។ នេះជារបៀបដែលអ្នកត្រូវដកពិសោធន៍ និងយល់ពីការទាំងនេះ។ នេះជារបៀបចុះចូលចំពោះអ្វីគ្រប់យ៉ាង ដែលមកពីព្រះជាម្ចាស់។ នេះជាផ្នត់គំនិត និងអាកប្បកិរិយាមួយប្រភេទ ដែលអ្នកត្រូវមាន ហើយអ្នកត្រូវរៀនស្វែងរកសេចក្តីពិត។ អ្នកមិនគួរបន្តស្វែងរកដើមហេតុពីខាងក្រៅ ឬស្ដីបន្ទោសអ្នកដទៃចំពោះបញ្ហារបស់ខ្លួន ឬចាប់កំហុសគេនោះទេ។ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់។ មើលពីខាងក្រៅ មនុស្សខ្លះអាចទំនងជាមានយោបល់អំពីអ្នក ឬមានបុរេវិនិច្ឆ័យទាស់នឹងអ្នក ប៉ុន្តែអ្នកមិនគួរមើលឃើញអ្វីៗបែបនោះទេ។ ប្រសិនបើអ្នកមើលឃើញអ្វីៗចេញពីទស្សនៈបែបនេះ រឿងតែមួយគត់ដែលអ្នកនឹងធ្វើ គឺជាការបង្កើតលេស ហើយអ្នកនឹងមិនអាចទទួលបានអ្វីមួយឡើយ។ អ្នកគួរតែមើលឃើញអ្វីៗបែបសត្យានុម័ត និងទទួលយកអ្វីគ្រប់យ៉ាងពីព្រះជាម្ចាស់។ នៅពេលដែលអ្នកមើលឃើញអ្វីៗបែបនេះ អ្នកនឹងងាយស្រួលស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងអាចស្វែងរកសេចក្តីពិត និងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់មិនខាន។ នៅពេលទស្សនៈ និងសភាពនៃគំនិតរបស់អ្នក ត្រូវបានកែតម្រូវ នោះអ្នកនឹងអាចទទួលបានសេចក្តីពិត។ ដូច្នេះ ហេតុអ្វីបានជាអ្នកមិនគ្រាន់តែធ្វើតាមទៅ? ហេតុអ្វីបានជាអ្នករឹងទទឹង? ប្រសិនបើអ្នកលែងរឹងទទឹង នោះអ្នកនឹងទទួលបានសេចក្តីពិត។ បើអ្នករឹងទទឹង នោះអ្នកនឹងមិនទទួលបានអ្វីឡើយ ហើយអ្នកក៏នឹងធ្វើឱ្យព្រះទ័យព្រះឈឺចាប់ និងឱ្យទ្រង់ខកព្រះទ័យផងដែរ។ ហេតុអ្វីបានជាព្រះជាម្ចាស់ខកព្រះទ័យ? នោះព្រោះតែអ្នកមិនទទួលយកសេចក្តីពិត អ្នកគ្មានសង្ឃឹមនឹងទទួលបានសេចក្តីសង្រ្គោះ ហើយព្រះជាម្ចាស់មិនអាចទទួលយកអ្នកបានឡើយ ដូច្នេះ តើទ្រង់អាចមិនខកព្រះទ័យម្ដេចនឹងកើតទៅ? នៅពេលដែលអ្នកមិនទទួលយកសេចក្តីពិត នោះស្មើនឹងការរុញច្រានម្ហូបអាហារ ដែលព្រះជាម្ចាស់បានប្រទានមកអ្នកដោយផ្ទាល់ចេញអ៊ីចឹង។ អ្នកនិយាយថា អ្នកមិនឃ្លាន និងថាអ្នកមិនត្រូវការអាហារទាំងនោះទេ។ ព្រះជាម្ចាស់ព្យាយាមលើកទឹកចិត្តអ្នកឱ្យបរិភោគម្ដងហើយម្ដងទៀត ប៉ុន្តែអ្នកនៅតែមិនចង់បរិភោគដដែល។ អ្នកសុខចិត្តនៅស្រេកឃ្លានវិញ។ អ្នកគិតថា អ្នកបានឆ្អែតហើយ តែការពិត អ្នកគ្មានអ្វីសោះឡើយ។ មនុស្សបែបនេះ ខ្វះនូវការយល់ដឹងច្រើនណាស់ និងរាប់ខ្លួនឯងថាសុចរិតខ្លាំងពេកហើយ។ តាមពិត ពួកគេមិនស្គាល់របស់ល្អ នៅពេលដែលពួកគេមើលឃើញរបស់នោះ ពួកគេជាមនុស្សដែលក្រីក្រ និងគួរឱ្យអាណិតបំផុត។

ដើម្បីចូលទៅក្នុងច្រកចូលនៃសេចក្តីពិត ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ដោយឆ្លុះបញ្ចាំងពីសេចក្តីលម្អិតនៃជីវិតរបស់អ្នក ហើយចាប់ផ្ដើមរៀនសូត្រនូវមេរៀនផ្សេងៗចេញពីមនុស្ស ពីព្រឹត្តិការណ៍ និងវត្ថុក្បែរខ្លួន។ ប្រសិនបើអ្នកអាចរៀនសូត្រពីរបៀបដែលមនុស្សជុំវិញអ្នកប្រព្រឹត្តចំពោះអ្នក ឬចេញពីរឿងរ៉ាវ និងកាលៈទេសៈដែលកើតឡើងចំពោះអ្នកជារៀងរាល់ថ្ងៃ ពោលគឺ អ្នកអាចស្វែងរកសេចក្តីពិត និងរៀនពីរបៀបប្រព្រឹត្តស្របតាមគោលការណ៍ ពេលនោះ អ្នកនឹងអាចយល់ពីសេចក្តីពិត ជីវិតរបស់អ្នកនឹងរីកចម្រើន ហើយអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានធម្មតាមិនខាន។ មនុស្សខ្លះតែងឈ្លោះប្រកែកជាញឹកញាប់ និងព្យាយាមការពារខ្លួនឯង នៅពេលពួកគេទទួលការលួសកាត់ និងការដោះស្រាយ។ ពួកគេតែងតែសង្កត់ធ្ងន់លើមូលហេតុនៃបញ្ហា និងដោះសាចំពោះបរាជ័យរបស់ខ្លួន ដែលនេះជាបញ្ហាដ៏ធំមួយ។ ពួកគេគ្មានអាកប្បកិរិយាដែលចុះចូល ឬអាកប្បកិរិយានៃការស្វែងរកសេចក្តីពិតទេ។ មនុស្សទាំងនេះមានគុណសម្បត្តិទាប ហើយពួកគេតែងតែរឹងរូសខ្លាំងជានិច្ច។ ពួកគេមិនយល់ពីពាក្យសម្ដីរបស់អ្នកដទៃ មិនអាចយល់ពីសេចក្តីពិត ហើយពួកគេរីកចម្រើនយឺតណាស់។ ហេតុអ្វីបានជាពួកគេរីកចម្រើនយឺត? នោះព្រោះតែពួកគេមិនស្វែងរកសេចក្តីពិត ហើយមិនថាមានកំហុសអ្វីកើតឡើងទេ ពួកគេតែងតែមើលទៅកាន់មនុស្សថាជាមូលហេតុ ដោយទម្លាក់ការទទួលខុសត្រូវទាំងស្រុងលើអ្នកដទៃជានិច្ច។ ពួកគេរស់នៅតាមទស្សនវិជ្ជាបែបលោកីយ៍ ហើយឱ្យតែពួកគេរស់នៅមានសុវត្ថិភាព និងសុខសប្បាយ នោះពួកគេពេញចិត្តខ្លាំងជាមួយខ្លួនឯង។ ពួកគេមិនដេញតាមសេចក្ដីពិតសោះឡើយ ហើយពួកគេគិតថា ការជឿលើព្រះជាម្ចាស់បែបនេះ គឺជាការល្អ។ អ្នកខ្លះទៀតថែមទាំងគិតថា៖ «មនុស្សតែងនិយាយច្រើនអំពីការដេញតាមសេចក្តីពិត និងការរៀនសូត្រនូវមេរៀន ប៉ុន្តែតើវាពិតជាមានមេរៀនជាច្រើនដែលត្រូវរៀនសូត្រដែរឬទេ? ការជឿលើព្រះជាម្ចាស់បែបនេះ ពិតជាពិបាកដល់ហើយ!» នៅពេលពួកគេឃើញអ្នកដទៃស្វែងរកសេចក្តីពិត និងរៀនសូត្រមេរៀន នៅពេលពួកគេជួបរឿងរ៉ាវផ្សេងៗ ពួកគេនិយាយថា៖ «តើអ្នករាល់គ្នាអាចរៀនសូត្រមេរៀនចេញពីអ្វីគ្រប់យ៉ាងបានដោយរបៀបណា? ហេតុអ្វីក៏ខ្ញុំមិនមានមេរៀនច្រើនដែលត្រូវរៀនដូច្នេះ? តើអ្នករាល់គ្នាល្ងីល្ងើដល់ថ្នាក់នោះផងឬ? តើអ្នកមិនធ្វើតាមក្បួនច្បាប់ទាំងងងឹតងងល់ទេឬអី?» តើអ្នកយល់ដូចម្ដេចដែរចំពោះទស្សនៈបែបនេះ? នេះគឺជាទស្សនៈរបស់អ្នកមិនជឿ។ តើអ្នកមិនជឿអាចទទួលយកសេចក្ដីពិតដែរឬទេ? មនុស្សបែបនេះពិតជាពិបាកណាស់ក្នុងការទទួលបានសេចក្តីពិត។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់រឿងធំៗប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនរំខានទ្រង់ជាមួយរឿងតូចៗឡើយ។ រាល់ថ្ងៃ ព្រះជាម្ចាស់មមាញឹកខ្លាំងណាស់ក្នុងការគ្រប់គ្រងរបស់សព្វសារពើនៅក្នុងចក្រវាល រវល់ខ្លាំងណាស់ក្នុងការគ្រប់គ្រងមនុស្សម្នាក់ៗ។ ពិតជានឿយហត់អ្វីម្ល៉េះទេ! ខ្ញុំមិនរំខានព្រះជាម្ចាស់ទេ ខ្ញុំគ្រាន់តែដោះស្រាយរឿងនេះដោយខ្លួនឯងទៅបានហើយ។ ឱ្យតែព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺគ្រប់គ្រាន់ហើយ។ ខ្ញុំមិនចង់ធ្វើឱ្យទ្រង់ព្រួយព្រះទ័យទេ»។ តើអ្នកយល់ដូចម្ដេចដែរចំពោះទស្សនៈនេះ? នេះក៏ជាទស្សនៈរបស់អ្នកមិនជឿ ជាការស្រមើស្រមៃរបស់មនុស្សដែរ។ មនុស្សគឺជាភាវៈដែលព្រះបង្កើតមក ថែមទាំងមានឋានៈទាបជាងសត្វស្រមោចទៀតផង។ តើពួកគេអាចមើលឃើញព្រះអាទិករបានច្បាស់ម្ដេចកើតទៅ? ព្រះជាម្ចាស់បានគ្រប់គ្រងរបស់សព្វសារពើនៅក្នុងចក្រវាលអស់រយៈពេលរាប់លានឆ្នាំ ឬអាចរាប់រយលានឆ្នាំផងមិនដឹង។ តើព្រះអង្គធ្លាប់មានបន្ទូលថា ព្រះអង្គនឿយហត់ដែរឬទេ? តើព្រះអង្គធ្លាប់មានបន្ទូលថា ទ្រង់មមាញឹកខ្លាំងដែរឬទេ? អត់ទេ ព្រះអង្គមិនដែលឡើយ។ មនុស្សនឹងមិនអាចមើលឃើញច្បាស់អំពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ឡើយ ហើយការដែលពួកគេនិយាយចេញពីសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួន គឺជារឿងល្ងីល្ងើខ្លាំងណាស់។ យោងតាមព្រះអាទិករ រាស្ត្ររើសតាំងម្នាក់ៗរបស់ព្រះជាម្ចាស់ និងរបស់សព្វសារពើដែលកើតឡើងជុំវិញពួកគេ ត្រូវបានរៀបចំឡើងដោយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ក្នុងនាមជាអ្នកជឿព្រះជាម្ចាស់ អ្នកគប្បីចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ស្វែងរកសេចក្តីពិត និងរៀនសូត្រមេរៀននៅក្នុងអ្វីៗគ្រប់យ៉ាង។ ការទទួលបានសេចក្តីពិត គឺជារឿងដ៏សំខាន់បំផុត។ ប្រសិនបើអ្នកចេះគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ពេលនោះ អ្នកគួរតែពឹងអាងលើទ្រង់ និងស្វះស្វែងរកសេចក្តីពិត ព្រោះថាការនេះធ្វើឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ។ នៅពេលអ្នកបានទទួលសេចក្តីពិត និងអាចប្រព្រឹត្តតាមគោលការណ៍ នោះព្រះជាម្ចាស់នឹងកាន់តែសព្វព្រះហឫទ័យ ប៉ុន្តែកាលណាអ្នកឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយ នោះព្រះអង្គនឹងពិបាកព្រះទ័យកាន់តែខ្លាំង។ តើអ្វីទៅធ្វើឱ្យព្រះជាម្ចាស់ពិបាកព្រះទ័យ? (ព្រះជាម្ចាស់បានរៀបចំកាលៈទេសៈ ដើម្បីឱ្យមនុស្សដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់ និងទទួលបានសេចក្តីពិត ប៉ុន្តែមនុស្សមិនយល់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់ទេ។ ពួកគេយល់ច្រឡំនឹងទ្រង់ ហើយការនេះធ្វើឱ្យព្រះជាម្ចាស់ពិបាកព្រះទ័យ)។ ត្រឹមត្រូវ។ ព្រះជាម្ចាស់បានបង់ថ្លៃដ៏ឈឺចាប់សម្រាប់មនុស្សម្នាក់ៗ ហើយក៏មានបំណងព្រះហឫទ័យសម្រាប់មនុស្សម្នាក់ៗដែរ។ ទ្រង់មានសេចក្តីរំពឹងទុកសម្រាប់ពួកគេ ហើយបានដាក់សេចក្តីសង្ឃឹមរបស់ទ្រង់លើពួកគេ។ ការខិតខំដ៏ឈឺចាប់របស់ទ្រង់ ត្រូវបានប្រទានមកដោយសេរី និងដោយស្ម័គ្រព្រះទ័យដល់មនុស្សគ្រប់គ្នា។ ការប្រទាននូវជីវិត និងសេចក្តីពិតរបស់ទ្រង់ ក៏ត្រូវបានប្រទានដល់មនុស្សគ្រប់គ្នាដោយស្ម័គ្រព្រះទ័យដែរ។ ប្រសិនបើមនុស្សអាចយល់ពីមូលហេតុដែលនាំឱ្យព្រះជាម្ចាស់ធ្វើបែបនេះ នោះទ្រង់នឹងសព្វព្រះហឫទ័យមិនខាន។ មិនថាព្រះជាម្ចាស់រៀបចំកាលៈទេសៈអ្វីសម្រាប់អ្នកទេ បើអ្នកអាចទទួលយកវាថាមកពីព្រះជាម្ចាស់ ចុះចូលចំពោះទ្រង់ ស្វែងរកសេចក្តីពិត និងរៀនសូត្រមេរៀនផ្សេងៗនៅក្នុងចំណោមកាលៈទេសៈទាំងនោះ នោះព្រះជាម្ចាស់នឹងមិនមានព្រះតម្រិះថា តម្លៃដ៏ឈឺចាប់ត្រូវបានបង់ថ្លៃដោយឥតប្រយោជន៍នោះឡើយ។ អ្នកនឹងមិនបានបរាជ័យក្នុងការរស់នៅតាមគ្រប់ព្រះតម្រិះ និងគ្រប់ការខិតខំដែលព្រះជាម្ចាស់បានបណ្ដាក់ទុន ឬតាមសេចក្តីរំពឹងទុករបស់ទ្រង់សម្រាប់អ្នកឡើយ។ នៅក្នុងគ្រប់កាលៈទេសៈដែលកើតមានចំពោះអ្នក អ្នកនឹងអាចរៀនសូត្រមេរៀន និងទទួលបានរង្វាន់។ បែបនេះ កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នក នឹងសម្រេចបានផលតាមការរំពឹងទុក ហើយព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យមិនខាន។ ប្រសិនបើអ្នកមិនអាចចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ បើអ្នកតែងតែទាស់ទទឹង តែងតែបដិសេធ និងប្រឆាំងចំពោះព្រះជាម្ចាស់ តើអ្នកគិតថា ព្រះជាម្ចាស់នឹងមិនខ្វល់ព្រះទ័យទេឬ? ព្រះជាម្ចាស់នឹងព្រួយបារម្ភ និងខ្វល់ព្រះទ័យថា៖ «ខ្ញុំបានរៀបចំកាលៈទេសៈជាច្រើនសម្រាប់អ្នក ដើម្បីរៀនសូត្រមេរៀន។ ចុះម្ដេចក៏គ្មានកាលៈទេសៈណាមួយមានឥទ្ធិពលលើអ្នកបែបនេះ?» ព្រះជាម្ចាស់នឹងពេញដោយទុក្ខព្រះទ័យ។ ព្រះជាម្ចាស់ពិបាកព្រះទ័យ ព្រោះតែអ្នកស្ពឹកស្រពន់ ល្ងង់ខ្លៅ យឺតយ៉ាវ និងចចេសរឹងរូស ព្រោះអ្នកមិនយល់ពីបំណងព្រះហឫទ័យទ្រង់ មិនទទួលយកសេចក្តីពិត មើលមិនឃើញអ្វីគ្រប់យ៉ាងដែលព្រះអង្គបាននិងកំពុងធ្វើសម្រាប់ជីវិតរបស់អ្នក មិនយល់ថា ព្រះអង្គបារម្ភ និងខ្វល់ខ្វាយចំពោះជីវិតអ្នក ហើយព្រោះតែអ្នកមិនស្ដាប់បង្គាប់ និងរអ៊ូរទាំអំពីទ្រង់។ សូមប្រាប់ខ្ញុំមើល៍ តើអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងមនុស្សមានប្រភពមកពីអ្នកណា? តើនរណាដែលរែកពុនបន្ទុកដ៏ធំបំផុតសម្រាប់ជីវិតរបស់មនុស្ស? (ព្រះជាម្ចាស់)។ មានតែព្រះជាម្ចាស់មួយអង្គគត់ ដែលស្រឡាញ់មនុស្សខ្លាំងបំផុត។ តើឪពុកម្ដាយ និងសាច់ញាតិបងប្អូនរបស់មនុស្សស្រឡាញ់ពួកគេយ៉ាងពិតប្រាកដឬទេ? តើសេចក្តីស្រឡាញ់ដែលពួកគេផ្ដល់នោះ ជាសេចក្តីស្រឡាញ់ពិតប្រាកដឬទេ? តើវាអាចសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំងបានដែរឬទេ? វាមិនអាចទេ។ មនុស្សស្ពឹកស្រពន់ និងល្ងង់ខ្លៅ មិនមើលធ្លុះរឿងទាំងនេះទេ ហើយពួកគេតែងនិយាយថា៖ «តើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំដោយរបៀបណាទៅ? ខ្ញុំគ្មានអារម្មណ៍ដឹងឡើយ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយខ្ញុំស្រឡាញ់ខ្ញុំខ្លាំងបំផុត។ ពួកគាត់បានបង់ថ្លៃសិក្សា និងឱ្យខ្ញុំរៀនជំនាញបច្ចេកទេស ដើម្បីឱ្យខ្ញុំអាចធ្វើអ្វីមួយដោយខ្លួនឯង នៅពេលខ្ញុំធំដឹងក្ដី ចង់ឱ្យខ្ញុំមានជោគជ័យ ក្លាយជាដួងតារាដែលមានភាពល្បីល្បាញ។ ឪពុកម្ដាយរបស់ខ្ញុំចំណាយលុយជាច្រើន ដើម្បីបណ្ដុះបណ្ដាលខ្ញុំ និងផ្គត់ផ្គង់ដល់ការអប់រំរបស់ខ្ញុំ តាមរយៈការរិះថាំ និងសន្សំសំចៃលើម្ហូបអាហារ។ ក្ដីស្រឡាញ់នេះពិតជាធំធេងពេកហើយ! ខ្ញុំគ្មានថ្ងៃអាចសងគុណពួកគាត់បានឡើយ!» តើអ្នករាល់គ្នាគិតថា នោះជាសេចក្តីស្រឡាញ់ដែរឬទេ? តើការដែលឪពុកម្ដាយរបស់អ្នកជួយអ្នកឱ្យទទួលបានភាពជោគជ័យ ក្លាយជាតារាល្បីល្បាញនៅក្នុងពិភពលោក មានការងារល្អ និងប្រឡូកក្នុងពិភពលោកនេះ មានផលវិបាកអ្វីខ្លះដែរ? ពួកគាត់ធ្វើឱ្យអ្នកដេញតាមឥតឈប់ឈរនូវភាពជោគជ័យ នាំកិត្តិយសដល់គ្រួសាររបស់អ្នក និងប្រឡូកក្នុងនិន្នាការអាក្រក់នៃលោកីយ៍ ដូច្នេះ នៅទីបំផុត អ្នកនឹងធ្លាក់ចូលទៅក្នុងភាពវិលវល់នៃអំពើបាប ទទួលការដាក់ទោស និងត្រូវវិនាស ដោយត្រូវសាតាំងលេបត្របាក់។ តើនេះជាសេចក្តីស្រឡាញ់ដែរឬទេ? នេះមិនមែនជាស្រឡាញ់អ្នកឡើយ នេះជាការធ្វើបាបអ្នក ជាការបំផ្លាញអ្នកវិញទេ។ នៅថ្ងៃណាមួយ អ្នកនឹងលិចលង់បន្តិចម្ដងៗរហូតដល់អ្នកនឹងមិនអាចប្រែចិត្តបាន លិចលង់បន្តិចម្ដងៗរហូតដល់អ្នកនឹងមិនអាចរំដោះខ្លួនចេញបាន ហើយអ្នកនឹងធ្លាក់នរកមិនខាន។ ពេលនោះ ទើបអ្នកដឹងថា៖ «អូ សេចក្តីស្រឡាញ់របស់ឪពុកម្ដាយ គឺជាសេចក្តីស្រឡាញ់នៃសាច់ឈាម។ សេចក្តីស្រឡាញ់បែបនេះគ្មានប្រយោជន៍ចំពោះការជឿលើព្រះជាម្ចាស់ ឬកាទទួលបានសេចក្តីពិតឡើយ ពោលគឺ វាមិនមែនជាសេចក្តីពិតពិតប្រាកដទេ!» អ្នករាល់គ្នាប្រហែលជាមិនទាន់ដឹងអំពីចំណុចនេះនៅឡើយទេ។ មនុស្សខ្លះនិយាយថា៖ «មិនថាព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងបែបណាទេ ក៏ខ្ញុំនៅតែគ្មានអារម្មណ៍ដឹងដែរ។ ខ្ញុំនៅតែយល់ថា ម្ដាយខ្ញុំស្រឡាញ់ខ្ញុំខ្លាំងបំផុត។ គាត់ជាមនុស្សស្និទ្ធស្នាលបំផុតចំពោះខ្ញុំនៅក្នុងលោកនេះ។ មានបទចម្រៀងមួយដែលមានចំណងជើងថា «ម៉ាក់គឺជាបុគ្គលដ៏អស្ចារ្យបំផុតនៅក្នុងលោកនេះ»។ ចំណងជើងនេះពិតជាស្របនឹងការពិត។ នេះជាការពិតប្រាកដណាស់!»។ នៅថ្ងៃណាមួយ នៅពេលអ្នកមានច្រកចូលទៅក្នុងជីវិតយ៉ាងពិតប្រាកដ ហើយនៅពេលអ្នកទទួលបានសេចក្តីពិត នោះអ្នកនឹងនិយាយថា៖ «ម្ដាយខ្ញុំមិនមែនជាបុគ្គលម្នាក់ដែលស្រឡាញ់ខ្ញុំខ្លាំងបំផុតឡើយ ហើយក៏មិនមែនជាឪពុកខ្ញុំនោះដែរ។ ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងបំផុត។ ព្រះអង្គគឺជាព្រះដែលខ្ញុំស្រឡាញ់បំផុត ព្រោះទ្រង់បានប្រទានជីវិតដល់ខ្ញុំ ហើយព្រះអង្គតែងតែដឹកនាំខ្ញុំ តែងតែផ្គត់ផ្គង់ខ្ញុំ និងសង្រ្គោះខ្ញុំពីឥទ្ធិពលរបស់សាតាំង។ មានតែព្រះជាម្ចាស់មួយអង្គគត់ គឺជាព្រះដែលអាចប្រទានជីវិតដល់មនុស្ស អាចដឹកនាំមនុស្ស និងគ្រប់គ្រងលើរបស់សព្វសារពើបាន»។ មានតែពេលដែលអ្នកយល់ពីសេចក្តីពិត និងបានទទួលសេចក្តីពិតទាំងស្រុងទេ ទើបអ្នកនឹងអាចយល់យ៉ាងស៊ីជម្រៅពីបន្ទូលទាំងនេះ។

ប្រសិនបើអ្នកចង់ទទួលបានសេចក្តីពិត តើអ្នកត្រូវចាប់ផ្ដើមពីកន្លែងណា? ត្រូវចាប់ផ្ដើមជាមួយមនុស្ស ព្រឹត្តិការណ៍ និងវត្ថុជុំវិញអ្នក ហើយរៀនពីរបៀបរៀនសូត្រនូវមេរៀន និងស្វែងរកសេចក្តីពិត។ គឺមានតែតាមរយៈការស្វែងរកសេចក្តីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុជុំវិញអ្នកទេ ទើបអ្នកនឹងអាចទទួលបានសេចក្តីពិត។ មនុស្សខ្លះមិនយកចិត្តទុកដាក់ ឬទទួលស្គាល់រឿងតូចៗឡើយ។ ពួកគេតែងតែគិតថា៖ «ហេតុអ្វីបានជាខ្ញុំមិនដែលជួបរឿងធំ? ហេតុអ្វីបានជាមិនដែលមានរឿងធំកើតមានចំពោះខ្ញុំ? បើមានរឿងធំខ្លាំងកើតឡើងមែន ពេលនោះ ខ្ញុំនឹងអាចរៀនសូត្រមេរៀនសំខាន់ៗ និងទទួលបានសេចក្តីពិតធំៗខ្លះ។ វានឹងអស្ចារ្យមិនខាន!» តើនេះជាការគិតបែបប្រាកដប្រជាដែរឬទេ? ពាក្យទាំងនេះធំសម្បើមពេកហើយ។ តើអ្នកចុះចូលចំពោះព្រះជាម្ចាស់ នៅពេលមានរឿងតូចៗកើតឡើងចំពោះអ្នកដែរឬទេ? តើអ្នកធ្លាប់បានរៀនសូត្រនូវមេរៀនរបស់អ្នកហើយឬនៅ? ប្រសិនបើមានការល្បងលធំមួយកើតមានចំពោះអ្នក តើអ្នកអាចនឹងប្រកាន់ខ្ជាប់ទីបន្ទាល់របស់អ្នកដែរឬទេ? ប្រសិនបើនាគដ៏ធំមានសម្បុរក្រហមចាប់ចងអ្នក តើអ្នកអាចនឹងធ្វើបន្ទាល់ដ៏លាន់កងរំពងដែរឬទេ? តើមនុស្សដែលនិយាយពាក្យទាំងនេះ មិនក្រអឺតក្រទមទេឬអី? តើអ្នកអាចនឹងទទួលបានសេចក្តីពិត ដោយប្រើវិធីដេញតាមបែបនេះឬទេ? (អត់ទេ)។ បើមិនប្រយ័ត្ន ក្នុងពេលកំពុងដើរ អ្នកអាចជំពប់ជើងដួលបាន ប៉ុន្តែអ្នកបែរជាគិតថា អ្នកត្រៀមខ្លួនហោះហើរទៅវិញ! អ្នកត្រូវតែរៀនស្វែងរកសេចក្តីពិត និងរៀនមេរៀននៅក្នុងកិច្ចការតូចៗដែលអ្នកជួបប្រទះ។ ប្រសិនបើអ្នកមិនអាចរៀនមេរៀនចេញពីកិច្ចការតូចៗទេ នោះអ្នកក៏នឹងមិនអាចរៀនមេរៀនចេញពីកិច្ចការធំៗបាននោះដែរ។ បើអ្នកមិនអាចរៀនមេរៀនរបស់អ្នកបានផង អ្នកនឹងមិនរីកចម្រើននៅក្នុងជីវិតទេ។ ការរីកចម្រើនក្នុងជីវិត អាចសម្រេចទៅបាន តាមរយៈការរៀនមេរៀននៅក្នុងកិច្ចការគ្រប់យ៉ាង។

ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៥

ខាង​ដើម៖ មានតែលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនចេញទេ ទើបមនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែង

បន្ទាប់៖ ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ