ព្រះអាទិករបង្ហាញអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស

22-02-2021

កិច្ចសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាសនេះ គឺជាការបង្ហាញចេញយ៉ាងច្បាស់អំពីអារម្មណ៍ដ៏ពិតរបស់ព្រះអាទិករចំពោះមនុស្ស។ នៅក្នុងន័យម្យ៉ាង វាប្រាប់មនុស្សអំពីការយល់ដឹងរបស់ព្រះអាទិករចំពោះការបង្កើតទាំងអស់ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ នេះជាអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូល៖ «ដូច្នេះ តើមិនគួរឲ្យអញទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?» អាចនិយាយម្យ៉ាងទៀតបានថា ការយល់ដឹងរបស់ព្រះជាម្ចាស់ចំពោះក្រុងនីនីវេ គឺជ្រាលជ្រៅខ្លាំងណាស់។ ទ្រង់មិនគ្រាន់តែជ្រាបដឹងពីចំនួននៃភាវៈមានជីវិតនៅក្នុងទីក្រុង (រួមទាំងមនុស្ស និងសត្វ) ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ជ្រាបដឹងអំពីចំនួនមនុស្សដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ព្រមទាំងជ្រាបដឹងអំពីចំនួនកុមារ និងយុវជនទៀតផង។ នេះគឺជាភស្តុតាងដ៏ច្បាស់លាស់អំពីការយល់ដឹងដ៏គ្រប់ជ្រុងជ្រោយរបស់ព្រះជាម្ចាស់អំពីមនុស្សជាតិ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចសន្ទនានេះប្រាប់ដល់មនុស្សអំពីឥរិយាបថរបស់ព្រះអាទិករដែលមានចំពោះមនុស្ស ដែលជាទម្ងន់របស់មនុស្សនៅក្នុងព្រះហឫទ័យរបស់ព្រះអាទិករ។ វាដូចជាព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ឯងបានអាល័យនឹងដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យអញទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ...?» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដើម្បីស្ដីប្រដៅដល់លោកយ៉ូណាស ប៉ុន្តែ ព្រះបន្ទូលនេះនៅតែជាសេចក្តីពិតដដែល។

ទោះបីជាលោកយ៉ូណាសបានទទួលកិច្ចការក្នុងការប្រកាសពីព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់ប្រជាជននៃក្រុងនីនីវេក៏ដោយ ក៏គាត់មិនបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយក៏មិនយល់អំពីការខ្វល់ខ្វាយ និងសេចក្តីរំពឹងទុករបស់ទ្រង់សម្រាប់ប្រជាជននៃទីក្រុងនេះនោះដែរ។ តាមរយៈការស្តីប្រដៅនេះ ព្រះជាម្ចាស់ចង់មានបន្ទូលប្រាប់គាត់ថា មនុស្សគឺជាលទ្ធផលចេញពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងចង់ប្រាប់ថា ទ្រង់បានបង្ហាញកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់ទៅលើមនុស្សម្នាក់ៗ ចង់ប្រាប់ថា មនុស្សម្នាក់ៗបានរ៉ាប់រងសេចក្តីរំពឹងទុករបស់ព្រះជាម្ចាស់ដាក់លើស្មារបស់គេ និងចង់ប្រាប់ថា មនុស្សម្នាក់ៗបានរីករាយនឹងការផ្គត់ផ្គង់នៃព្រះជន្មរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានបង់ថ្លៃនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់សម្រាប់មនុស្សម្នាក់ៗហើយ។ ការប្រៀនប្រដៅនេះក៏បានប្រាប់ដល់លោកយ៉ូណាសថា ព្រះជាម្ចាស់បានស្រលាញ់មនុស្សដែលជាស្នាព្រះហស្តរបស់ទ្រង់យ៉ាងខ្លាំង គឺខ្លាំងដូចជាលោកយ៉ូណាសស្រលាញ់វល្លិដូច្នោះដែរ។ ព្រះជាម្ចាស់គ្មានព្រះទ័យបោះបង់មនុស្សដោយស្រួលៗនោះឡើយ ឬទាល់តែដល់វិនាទីចុងក្រោយ ប៉ុន្តែ យ៉ាងហោចណាស់ ដោយសារតែមានកុមារជាច្រើន និងសត្វដ៏ស្លូតត្រង់ជាច្រើននៅក្នុងទីក្រុង។ នៅពេលដែលដោះស្រាយជាមួយនឹងការបង្កើតរបស់ព្រះជាម្ចាស់ដែលមានវ័យក្មេង និងល្ងង់ខ្លៅទាំងនេះ ដែលមិនទាំងចេះវែកញែករវាងដៃស្ដាំ និងដៃឆ្វេងរបស់គេផងនោះ វាកាន់តែស្រមៃមិនដល់ទៅទៀត ក្នុងការដែលព្រះជាម្ចាស់នឹងបញ្ចប់ជីវិតរបស់គេ ហើយកំណត់ពីលទ្ធផលរបស់គេនៅក្នុងរបៀបដ៏ប្រញាប់ប្រញាល់បែបនេះណាស់។ ព្រះជាម្ចាស់សង្ឃឹមចង់ឃើញពួកគេធំធាត់ឡើង។ ទ្រង់សង្ឃឹមថា ពួកគេនឹងមិនដើរតាមដានរបស់ពួកចាស់ទុំរបស់គេឡើយ។ ទ្រង់សង្ឃឹមថា ពួកគេនឹងមិនចាំបាច់ឮសេចក្តីព្រមានរបស់ព្រះយេហូវ៉ាតទៅទៀតឡើយ និងសង្ឃឹមទៀតថា ពួកគេនឹងធ្វើបន្ទាល់អំពីអតីតកាលរបស់ក្រុងនីនីវេ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់សង្ឃឹមចង់ឃើញក្រុងនីនីវេ ក្រោយគេបានប្រែចិត្តរួច ចង់ឃើញពីអនាគតដ៏ល្អរបស់ក្រុងនីនីវេ ក្រោយការប្រែចិត្តរបស់វា ហើយកាន់តែសំខាន់ទៀតនោះ គឺទ្រង់ចង់ឃើញអ្នកក្រុងនីនីវេរស់នៅក្រោមសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ កម្មវត្ថុនៃការបង្កើតទាំងនោះដែលមិនចេះវែកញែករវាងដៃស្ដាំ និងដៃឆ្វេង គឺជាអនាគតរបស់ក្រុងនីនីវេ។ ពួកគេនឹងរែកពន់អតីតកាលដ៏គួរឲ្យស្អប់របស់ក្រុងនីនីវេ ដូចជាពួកគេនឹងរែកពន់ភារកិច្ចដ៏សំខាន់នៃការធ្វើបន្ទាល់អំពីអតីតកាល និងអនាគតកាលនៃក្រុងនីនីវេ នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាដែរ។ នៅក្នុងសេចក្តីប្រកាសអំពីអារម្មណ៍ដ៏ពិតរបស់ទ្រង់នេះ ព្រះយេហូវ៉ាបានបង្ហាញពីសេចក្តីមេត្តាករុណារបស់ព្រះអាទិករចំពោះមនុស្សទាំងអស់។ វាបានបង្ហាញទៅកាន់មនុស្សថា «សេចក្តីមេត្តាករុណារបស់ព្រះអាទិករ» មិនមែនជាឃ្លាមួយដែលគ្មានន័យនោះឡើយ ហើយក៏មិនមែនជាព្រះបន្ទូលសន្យាខ្យល់នោះដែរ ប៉ុន្តែ វាមាននូវគោលការណ៍ វិធីសាស្ត្រ និងគោលបំណងដ៏រឹងមាំ។ ព្រះជាម្ចាស់ជាព្រះពិតប្រាកដ ហើយទ្រង់មិនដែលប្រើភាពខុសឆ្គង ឬការក្លែងបន្លំនោះឡើយ ហើយដូចគ្នានេះដែរ សេចក្តីមេត្តាករុណារបស់ទ្រង់ត្រូវបានប្រទានមកដល់មនុស្សមិនចេះចប់មិនចេះហើយនៅគ្រប់ពេលវេលា និងគ្រប់សម័យកាល។ យ៉ាងណាមិញ រហូតមកដល់សម័យបច្ចុប្បន្ននេះ កិច្ចសន្ទនារបស់ព្រះអាទិករជាមួយលោកយ៉ូណាស គឺជាសេចក្តីថ្លែងការណ៍ផ្ដាច់មុខតែមួយគត់របស់ទ្រង់អំពីហេតុផលដែលទ្រង់បង្ហាញសេចក្តីមេត្តាករុណាទៅកាន់មនុស្ស អំពីរបៀបដែលទ្រង់បង្ហាញសេចក្តីមេត្តាករុណាទៅកាន់មនុស្ស អំពីរបៀបដែលទ្រង់មានសេចក្តីអត់ឱនចំពោះមនុស្ស និងអំពីអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស។ ព្រះបន្ទូលដ៏ខ្លីតែខ្លឹមរបស់ព្រះយេហូវ៉ា ក្នុងអំឡុងពេលនៃកិច្ចសន្ទនានេះ បង្ហាញពីព្រះតម្រិះរបស់ទ្រង់ចំពោះមនុស្សទាំងមូល។ ព្រះបន្ទូលទាំងនេះជាការស្ដែងចេញដ៏ពិតអំពីឥរិយាបថនៃព្រះហឫទ័យរបស់ទ្រង់ដែលមានចំពោះមនុស្ស ហើយព្រះបន្ទូលទាំងនេះក៏ជាភស្តុតាងដ៏រឹងមាំមួយអំពីការប្រទានសេចក្តីមេត្តាករុណាដ៏ហូរហៀររបស់ទ្រង់ចំពោះមនុស្សដែរ។ សេចក្តីមេត្តាករុណារបស់ទ្រង់មិនគ្រាន់តែត្រូវបានប្រទានទៅដល់មនុស្សជំនាន់មុនៗប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានប្រទានដល់មនុស្សជំនាន់ក្រោយៗ ដូចជាសព្វមួយដងដែរ គឺពីជំនាន់មួយទៅជំនាន់មួយទៀត។ ទោះបីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់ទៅលើជ្រុងខ្លះ និងយុគសម័យខ្លះរបស់មនុស្សក៏ដោយ ក៏សេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មិនដែលឈប់នោះដែរ។ តាមរយៈសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះអង្គចង្អុលបង្ហាញ និងដឹកនាំការបង្កើតរបស់ទ្រង់ពីមួយជំនាន់ទៅមួយជំនាន់ទៀត ហើយផ្គត់ផ្គង់ និងចិញ្ចឹមការបង្កើតពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយសារតែអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្សនឹងមិនដែលប្រែប្រួលឡើយ។ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ដូច្នេះ តើមិនគួរឲ្យអញទុកជីវិតដល់ក្រុងនីនីវេ...?» ទ្រង់តែងតែឲ្យតម្លៃយ៉ាងខ្លាំងទៅលើការបង្កើតរបស់ទ្រង់។ នេះគឺជាសេចក្តីមេត្តាករុណាអំពីនិស្ស័យដ៏សុចរិតរបស់ព្រះអាទិករ ហើយវាក៏ជាភាពមានតែមួយគត់ដ៏ពេញលេញរបស់ព្រះអាទិករដែរ!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ គឺពិតប្រាកដ និងច្បាស់លាស់

សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនកម្រឡើយ ប៉ុន្តែ ជាការប្រែចិត្តដ៏ពិតរបស់មនុស្សវិញទេ ដែលកម្រនោះ...

ព្រះជាម្ចាស់ទតឃើញការប្រែចិត្តដ៏ស្មោះនៅក្នុងជម្រៅចិត្តរបស់អ្នកក្រុងនីនីវេ

ភាពខុសគ្នាទាំងស្រុងរវាងប្រតិកម្មរបស់ក្រុងនីនីវេ និងក្រុងសូដុម ចំពោះសេចក្តីព្រមានរបស់ព្រះយេហូវ៉ា តើការដែលត្រូវបំផ្លាញមានន័យដូចម្ដេច?...

អារម្មណ៍ដ៏ស្មោះរបស់ព្រះអាទិករចំពោះមនុស្សជាតិ

ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។...

សេចក្តីព្រមានរបស់ព្រះយេហូវ៉ាឮទៅដល់អ្នកក្រុងនីនីវេ

យ៉ូណាស ១:១-២ ព្រះ‌បន្ទូលនៃព្រះ‌យេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មី‌ថាយ ថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ...

Leave a Reply