ដ្បិតបុត្រ​មនុស្ស​ជាព្រះអ​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ (ផ្នែកទីមួយ)

24-02-2021

១​. ម៉ាថាយ ១២:១ នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​បានយាង​កាត់ចម្ការពោត​នៅ​ថ្ងៃ​សប្ប័ទ ហើយពួក​សិស្ស​របស់​ទ្រង់បាន​ឃ្លាន ហើយ​គេ​ចាប់​ផ្ដើមកាច់ផ្លែពោតមក​បរិ‌ភោគ​​​។

២. ម៉ាថាយ ១២:៦-៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃសេចក្តីដែលចែងទុកមកថា អញមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តា‌ករុណាវិញ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ។

ជាដំបូង ចូរយើងពិនិត្យមើលបទគម្ពីរនេះ៖ «នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​បានយាង​កាត់ចម្ការពោត​នៅ​ថ្ងៃ​សប្ប័ទ ហើយពួក​សិស្ស​របស់​ទ្រង់បាន​ឃ្លាន ហើយ​គេ​ចាប់​ផ្ដើមកាច់ផ្លែពោតមក​បរិ‌ភោគ​​»។

ហេតុអ្វីបានជាខ្ញុំជ្រើសរើសបទគម្ពីរនេះ? តើបទគម្ពីរនេះមានទំនាក់ទំនងអ្វីជាមួយនិស្ស័យរបស់ព្រះជាម្ចាស់ទៅ?​នៅក្នុងបទគម្ពីរនេះ ចំណុចទីមួយដែលយើងដឹងនោះគឺថា វាជាថ្ងៃសប្ប័ទ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវបានយាងចេញខាងក្រៅ ហើយដឹកនាំសិស្សរបស់ទ្រង់ដើរកាត់ចម្ការពោត។ អ្វីដែលកាន់តែ «គ្រោះថ្នាក់» ទៀតនោះគឺថា ពួកគេថែមទាំង «កាច់ផ្លែពោតមកបរិភោគ» ទៀត​ផង។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដ៏ជាព្រះបានចែងថា មនុស្សមិនអាចចេញទៅខាងក្រៅ ឬចូលរួមសកម្មភាពណាមួយនៅថ្ងៃសប្ប័ទឡើយ ហើយមានកិច្ចការជាច្រើនដែលពួកគេមិនអាចធ្វើបាននៅថ្ងៃសប្ប័ទ។ សកម្មភាពដែលព្រះអម្ចាស់យេស៊ូវធ្វើនេះ កំពុងតែធ្វើឲ្យមនុស្សដែលរស់នៅក្រោមក្រឹត្យវិន័យអស់​រយៈ​ពេលជាយូរឆ្នាំមកនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ហើយទង្វើនេះថែមទាំងបង្កឲ្យ​មានការរិះគន់យ៉ាងខ្លាំងទៀតផង។ ចំពោះការភាន់ច្រឡំរបស់ពួក​គេ និងរបៀបដែលពួកគេបាននិយាយអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ ឥឡូវនេះ យើងនឹងទុកវានៅម្ដុំសិន ហើយជាដំបូង យើងនឹងពិភាក្សាអំពីហេតុផលដែលនាំឲ្យព្រះអម្ចាស់​យេស៊ូវជ្រើសរើសធ្វើកិច្ចការនេះនៅថ្ងៃសប្ប័ទនៅក្នុងចំណោមថ្ងៃទាំងអស់ និងអ្វីដែលទ្រង់ចង់ប្រាស្រ័យទាក់ទងទៅកាន់មនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ តាមរយៈទង្វើនេះ។ នេះគឺជាទំនាក់ទំនងរវាងបទគម្ពីរនេះ និងនិស្ស័យរបស់ព្រះជាម្ចាស់ដែលខ្ញុំចង់និយាយ។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមក ទ្រង់បានប្រើសកម្មភាពជាក់ស្ដែងរបស់ទ្រង់ ដើម្បីប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានចាកចេញពីយុគសម័យនៃក្រឹត្យវិន័យ ហើយបានចាប់ផ្ដើមកិច្ចការថ្មី និងចង់ប្រាប់ទៀតថា កិច្ចការថ្មីនេះមិនតម្រូវឲ្យមានការកាន់តាមថ្ងៃសប្ប័ទនោះឡើយ។ ការយាងចេញរបស់ព្រះជាម្ចាស់ពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ គ្រាន់តែជាការភ្លក់ជាមុនអំពីកិច្ចការថ្មីរបស់ទ្រង់ប៉ុណ្ណោះ ព្រោះថាកិច្ចការដ៏ពិត និងអស្ចារ្យនោះគឺនៅខាងមុខនៅឡើយទេ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ព្រះអង្គបានបោះចោល «ច្រវាក់» នៅយុគសម័យនៃក្រឹត្យវិន័យ ហើយទ្រង់បានកាត់ផ្ដាច់បទបញ្ញត្តិ និងគោលការណ៍នៃយុគសម័យនោះ។ នៅក្នុងទ្រង់ គ្មានដាននៃអ្វីមួយដែលទាក់ទងនឹងក្រឹត្យវិន័យឡើយ​។ ទ្រង់បានបោះចោលទាំងស្រុង និងលែងកាន់តាមវាទៀតហើយ ព្រមទាំងលែងតម្រូវឲ្យមនុស្សជាតិកាន់តាមក្រឹត្យវិន័យទៀតដែរ។ ដូច្នេះ នៅត្រង់នេះ អ្នកមើលឃើញព្រះអម្ចាស់យេស៊ូវបានយាងកាត់ចម្ការពោតនៅថ្ងៃសប្ប័ទ និងឃើញទៀតថា ព្រះអម្ចាស់មិនបានសម្រាកឡើយ។ ទ្រង់បានធ្វើការនៅខាងក្រៅ ដោយមិនសម្រាកឡើយ។ ទង្វើរបស់ទ្រង់នេះបានធ្វើឲ្យសញ្ញាណរបស់មនុស្សមានភាពតក់ស្លុត ហើយវាបានប្រាស្រ័យទាក់ទងទៅកាន់ពួកគេថា ទ្រង់លែងរស់នៅក្រោមក្រឹត្យវិន័យទៀតហើយ។ ទង្វើនេះក៏ប្រាប់ទៀតថា ទ្រង់បានយាងចេញពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ ហើយបានបង្ហាញអង្គទ្រង់នៅចំពោះមនុស្សជាតិ និងនៅកណ្ដាលចំណោមពួកគេក្នុងរូបភាពមួយថ្មី រួមជាមួយរបៀបធ្វើការមួយថ្មីដែរ។ សកម្មភាពរបស់ទ្រង់នេះបានប្រាប់ដល់មនុស្សថា ទ្រង់បាននាំមកជាមួយទ្រង់នូវកិច្ចការមួយថ្មី ដែលបានចាប់ផ្ដើមដោយ​ការ​ងើប​ចេញពីការ​ស្ថិត​នៅ​ក្រោមក្រឹត្យវិន័យ ហើយកំពុងតែចាកចេញពីថ្ងៃសប្ប័ទ។ នៅពេលដែលព្រះជាម្ចាស់បានអនុវត្តកិច្ចការថ្មីរបស់ទ្រង់ ព្រះអង្គលែងប្រកាន់ខ្ជាប់នឹងអតីតកាល ហើយទ្រង់ក៏លែងខ្វល់ខ្វាយអំពីបទបញ្ញត្តិនៅយុគសម័យនៃក្រឹត្យវិន័យទៀតដែរ។ ទ្រង់មិនបានរងឥទ្ធិពលដោយកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យមុនឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានធ្វើការនៅថ្ងៃសប្ប័ទ ដូចជាទ្រង់បានធ្វើការនៅថ្ងៃផ្សេងទៀតដែរ ហើយនៅពេលដែលពួកសិស្សរបស់ទ្រង់បានឃ្លាននៅថ្ងៃសប្ប័ទ ពួកគេអាចបេះផ្លែពោត ដើម្បីបរិភោគបាន។ នេះគឺជារឿងធម្មតានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ សម្រាប់ព្រះជាម្ចាស់ ទ្រង់អាចមានទីចាប់ផ្ដើមថ្មីសម្រាប់កិច្ចការថ្មីភាគច្រើនដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើ និងព្រះបន្ទូលថ្មីៗដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់មានបន្ទូល​។ នៅពេលដែលទ្រង់ចាប់ផ្ដើមអ្វីមួយថ្មី ទ្រង់មិនលើកឡើងអំពីកិច្ចការចាស់របស់ទ្រង់ ហើយក៏មិនបន្តអនុវត្តវាទៀត​ដែរ។ ដោយសារតែព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ចាប់ផ្ដើមកិច្ចការថ្មី នោះជាពេលដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់នាំមនុស្សជាតិចូលទៅក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ ហើយវាក៏ជាពេលដែលកិច្ចការរបស់ទ្រង់នឹងចូលទៅកាន់ដំណាក់កាលកាន់តែខ្ពស់ដែរ។ ប្រសិនបើមនុស្សបន្តប្រព្រឹត្តតាមពាក្យស្លោក ឬបទបញ្ញត្តិចាស់ៗ ឬបន្តប្រកាន់ខ្ជាប់តាមការទាំងនេះ នោះទ្រង់នឹងមិននឹកចាំ ឬយល់ព្រមនោះឡើយ។ នោះគឺដោយសារតែទ្រង់បាននាំមកនូវកិច្ចការថ្មី និងបានចូលក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់រួចទៅហើយ។ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការថ្មី ទ្រង់លេច​មក​ឲ្យមនុស្សជាតិ​ឃើញជាមួយរូបអង្គ​មួយថ្មីទាំងស្រុង ចេញពីជ្រុងថ្មីទាំង​ស្រុង និងនៅក្នុងរបៀបមួយថ្មីទាំងស្រុង ដើម្បីឲ្យមនុស្សអាចមើលឃើញទិដ្ឋភាពផ្សេងៗនៃនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់​។ នេះជាគោលដៅមួយរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងរឿងចាស់ៗ ឬដើរនៅលើផ្លូវដ៏ពេញនិយមឡើយ។ នៅពេលដែលទ្រង់ធ្វើការ និងមានបន្ទូល ទ្រង់មិនហួសហេតុដូចអ្វីដែលមនុស្សស្រមៃនោះឡើយ​។ នៅក្នុងព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងមានឥស្សរភាព និងសេរីភាព ហើយគ្មានការហាមប្រាម ឬការរឹតត្បិតឡើយ គឺថាអ្វីដែលទ្រង់នាំទៅកាន់មនុស្សជាតិ គឺជាឥស្សរភាព និងសេរីភាព។ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់យ៉ាងពិតប្រាកដមែន។ ទ្រង់មិនមែនជារូបអាយ៉ង ឬជារូបសំណាកធ្វើពីដីឥដ្ឋឡើយ ហើយទ្រង់មានលក្ខណៈខុសគ្នាស្រឡះពីរូបសំណាកដែលមនុស្សដាក់តម្កល់ និងថ្វាយបង្គំ។ ទ្រង់មានព្រះជន្មរស់ ហើយអ្វីដែលព្រះបន្ទូល និងកិច្ចការរបស់ទ្រង់នាំមកកាន់មនុស្សជាតិ គឺជាជីវិត និងពន្លឺ ជាឥស្សរភាព និងសេរីភាព ដោយសារតែទ្រង់ជាសេចក្តីពិត ជា​ជីវិត និងជា​ផ្លូវ ព្រោះថាទ្រង់មិនត្រូវបានកម្រិតដោយអ្វីមួយនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ​។ មិនថាមនុស្សនិយាយអ្វី ហើយមិនថាពួកគេមើលឃើញ ឬវាយតម្លៃកិច្ចការថ្មីរបស់ទ្រង់បែបណានោះ​ទេ គឺ​ទ្រង់នឹងអនុវត្តតាមកិច្ចការរបស់ទ្រង់ ដោយមិនខ្វល់ខ្វាយអំពីអ្វីសោះឡើយ។ ទ្រង់នឹងមិនខ្វល់ខ្វាយអំពីសញ្ញាណ ឬការចោទប្រកាន់របស់នរណាម្នាក់ទាក់ទងនឹងកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ឬថែមទាំងមិនខ្វល់អំពីការប្រឆាំង និងការជំទាស់ដ៏ខ្លាំងរបស់គេចំពោះកិច្ចការថ្មីរបស់ទ្រង់ឡើយ​។ គ្មាននរណាម្នាក់នៅក្នុងចំណោមការ​បង្កើត​ទាំង​អស់​អាចប្រើការត្រិះរិះពិចារណារបស់មនុស្ស ឬការស្រមើស្រមៃ ប្រើចំណេះដឹង ឬក្រមសីលធម៌របស់មនុស្ស ដើម្បីវាស់វែង ឬកំណត់នូវអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីបង្ខូច បង្អាក់ ឬរាំងស្ទះដល់កិច្ចការរបស់ទ្រង់នោះឡើយ​។ វាគ្មានការហាមប្រាមនៅក្នុងកិច្ចការរបស់ទ្រង់ និងអ្វីដែលទ្រង់ធ្វើឡើយ ហើយវាក៏នឹងមិនត្រូវបានរឹតត្បិតដោយមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុណាមួយ ព្រមទាំងមិនត្រូវបានបង្អាក់ដោយកម្លាំងប្រឆាំងណាមួយឡើយ​​។ ចំពោះកិច្ចការថ្មីរបស់ទ្រង់ ទ្រង់ជាព្រះមហាក្សត្រដ៏មានជ័យជម្នះ ហើយគ្រប់ទាំងកម្លាំងប្រឆាំង អញ្ញមតិ និងជំនឿខុសឆ្គងទាំងអស់របស់មនុស្សត្រូវដួលរលំនៅក្រោមព្រះបាទារបស់ទ្រង់។ ទោះបីទ្រង់កំពុងតែអនុវត្តដំណាក់កាលថ្មីណាមួយនៃកិច្ចការរបស់ទ្រង់ក៏ដោយ ក៏កិច្ចការនោះនឹងត្រូវវិវឌ្ឍទៅមុខ និងពង្រីកធំឡើងនៅក្នុងចំណោមមនុស្សជាតិ ហើយត្រូវបានអនុវត្តយ៉ាងរលូននៅទូទាំងចក្រវាល រហូតដល់កិច្ចការដ៏ធំរបស់ទ្រង់ត្រូវបានបញ្ចប់ដែរ។ នេះគឺជាព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ជាសិទ្ធិអំណាច និងឫទ្ធានុភាពរបស់ទ្រង់។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវអាចយាងចេញទៅខាងក្រៅ ហើយធ្វើការដោយចំហនៅថ្ងៃសប្ប័ទបាន ដោយសារតែនៅក្នុងព្រះហឫទ័យរបស់ទ្រង់ វាគ្មានក្បួនច្បាប់ គ្មានចំណេះដឹង ឬគោលលទ្ធិណាមួយដែលមានប្រភពចេញមកពីមនុស្សជាតិឡើយ។ អ្វីដែលទ្រង់មាន គឺជាកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាផ្លូវដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ទ្រង់ គឺជាផ្លូវដ៏ពិត ដើម្បីរំដោះមនុស្សជាតិឲ្យមានសេរីភាព ដើម្បីស្រាយចំណងមនុស្ស ហើយអនុញ្ញាតឲ្យពួកគេមានជីវិតរស់នៅក្នុងពន្លឺ។ ក្នុងពេលឥឡូវនេះ អស់អ្នកដែលថ្វាយបង្គំរូបសំណាក ឬព្រះក្លែងក្លាយ រស់នៅក្នុង​ជីវិតរបស់គេរាល់ថ្ងៃ ដោយជាប់ចំណងរបស់​អារក្សសាតាំង ត្រូវបានរឹតត្បិតដោយក្បួនច្បាប់ និងបម្រាមគ្រប់យ៉ាង ពោល​គឺ​នៅថ្ងៃនេះ គេហាមមិនឲ្យធ្វើរឿងមួយ ហើយថ្ងៃស្អែក គេហាមមិនឲ្យធ្វើរឿងនោះ ដូច្នេះ ពួកគេគ្មានសេរីភាពនៅក្នុងជីវិតរបស់គេឡើយ។ ពួកគេប្រៀប​ដូចជាអ្នកទោសដែលជាប់ច្រវាក់ ដែលកំពុងតែរស់នៅដោយគ្មានអំណរក្នុងការនិយាយស្ដីអ៊ីចឹង។ តើ «ការហាមប្រាម» តំណាងឲ្យអ្វីទៅ? វាតំណាងឲ្យការរឹតត្បិត ចំណង និងការអាក្រក់។ នៅពេលណាដែលមនុស្សម្នាក់ថ្វាយបង្គំរូបសំណាក គឺពួកគេកំពុងតែថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាវិញ្ញាណអាក្រក់ហើយ​។ ការហាមប្រាមលេចចេញឡើង នៅពេលដែលសកម្មភាពបែបនេះត្រូវបានពាក់ព័ន្ធ។ អ្នកមិនអាចបរិភោគរបស់នេះ ឬរបស់នោះ នៅថ្ងៃនេះអ្នកមិនអាចចេញក្រៅបានឡើយ ថ្ងៃស្អែកអ្នកមិនអាចចម្អិនម្ហូបបានទេ នៅថ្ងៃបន្ទាប់អ្នកមិនអាចរើទៅនៅផ្ទះថ្មីបានឡើយ គេអាចរៀបមង្គលការ និងធ្វើពិធីបុណ្យសពតែនៅថ្ងៃជាក់លាក់ណាមួយ និងរួមទាំងការសម្រាលកូនដែរ។ តើការនេះត្រូវបានហៅថាជាអ្វីទៅ? វាត្រូវបានហៅថាជាការហាមប្រាម។ វាជាចំណងរបស់មនុស្សជាតិ ហើយវាជាច្រវាក់របស់សាតាំង និងពួកវិញ្ញាណអាក្រក់ ដែលកំពុងតែត្រួតត្រាលើមនុស្ស និងកំពុងរឹតត្បិតដួងចិត្ត និងរូបកាយរបស់ពួកគេ។ តើការហាមប្រាមទាំងនេះប្រើជាមួយព្រះជាម្ចាស់ឬទេ? នៅពេលដែលនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកគួរតែគិតអំពីការនេះ៖ ជាមួយព្រះជាម្ចាស់ គឺគ្មានការហាមប្រាមឡើយ។ ព្រះជាម្ចាស់ប្រើគោលការណ៍ដែលមានចែងនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ប៉ុន្តែ វាគ្មានការហាមប្រាមឡើយ ដោយសារតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ជាសេចក្តីពិត ជាផ្លូវ និងជាជីវិត​។

ឥឡូវនេះ ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ «ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃសេចក្តីដែលចែងទុកមកថា អញមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តា‌ករុណាវិញ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ» (ម៉ាថាយ ១២:៦-៨)។ តើពាក្យថា «ព្រះវិហារ» នៅត្រង់នេះសំដៅលើអ្វីទៅ? ជារួមមក វាសំដៅលើអគារដ៏ខ្ពស់ស្កឹមស្កៃ ហើយនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះវិហារគឺជាកន្លែងមួយដែលពួកសង្ឃថ្វាយបង្គំព្រះជាម្ចាស់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត» តើពាក្យថា «បុគ្គលម្នាក់នេះ» សំដៅលើនរណាទៅ? ច្បាស់ណាស់ «បុគ្គលម្នាក់នេះ» គឺជាព្រះអម្ចាស់យេស៊ូវនៅក្នុងសាច់ឈាម ព្រោះថាមានតែទ្រង់ម្នាក់ប៉ុណ្ណោះដែលប្រសើរជាងព្រះវិហារនោះ។ តើពាក្យទាំងនោះប្រាប់មនុស្សអំពីអ្វីខ្លះទៅ? ពាក្យទាំងនោះប្រាប់មនុស្សឲ្យចេញពីព្រះវិហារ ដ្បិតព្រះជាម្ចាស់បានចាកចេញពីព្រះវិហាររួចហើយ ហើយទ្រង់ក៏លែងធ្វើការនៅក្នុងព្រះវិហារទៀតដែរ ដូច្នេះ មនុស្សគួរតែស្វែងរកដានព្រះបាទារបស់ព្រះជាម្ចាស់ដែលនៅខាងក្រៅព្រះវិហារ ហើយដើរតាមជំហានរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់វិញ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ វាមានសេចក្តីសន្និដ្ឋានមួយនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ដែលស្ថិតនៅក្រោមក្រឹត្យវិន័យ គឺថាមនុស្សមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរជាងព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ទៅទៀត។ ដោយសារតែមនុស្សបានថ្វាយបង្គំព្រះវិហារ ជាជាងថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានព្រមានពួកគេមិនឲ្យថ្វាយបង្គំរូបសំណាកឡើយ ប៉ុន្តែ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតទ្រង់ជាព្រះដ៏ឧត្តុង្គ​ឧត្តម។ ដូច្នេះ ទ្រង់បានមានបន្ទូលថា «អញមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បាន​សេចក្តី​មេត្តា‌ករុណាវិញ»។ នេះសបញ្ជាក់ឲ្យឃើញថា នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់យេស៊ូវ មនុស្សភាគច្រើនដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ លែងថ្វាយបង្គំព្រះយេហូវ៉ាទៀតហើយ ប៉ុន្តែ ពួកគេគ្រាន់តែធ្វើតាមទម្លាប់នៃការថ្វាយយញ្ញបូជាប៉ុណ្ណោះ ហើយព្រះអម្ចាស់យេស៊ូវបានកំណត់ថា ទង្វើនេះជាការថ្វាយបង្គំរូបសំណាក។ អ្នកថ្វាយបង្គំរូបសំណាកទាំងនេះបានមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរ និងខ្ពស់ជាងព្រះជាម្ចាស់ទៅទៀត។ នៅក្នុងដួងចិត្តរបស់ពួក​គេ មានតែព្រះវិហារប៉ុណ្ណោះ គឺគ្មានព្រះជាម្ចាស់ឡើយ ហើយបើពួកគេត្រូវបាត់បង់ព្រះវិហារ នោះពួកគេនឹងដូចជាបាត់បង់ទីលំនៅរបស់ពួក​គេអ៊ីចឹង។ បើគ្មានព្រះវិហារទេ នោះពួកគេនឹងគ្មានកន្លែងថ្វាយបង្គំ ហើយគេមិនអាចប្រតិបត្តិការថ្វាយយញ្ញបូជារបស់ពួក​គេបានឡើយ។ «ទីលំនៅ» របស់ពួក​គេគឺជាកន្លែងដែលពួកគេប្រើ ដើម្បីធ្វើពុតក្លែងជាថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីបន្តនៅក្នុងព្រះវិហារ និងប្រតិបត្តិកិច្ចការផ្ទាល់​របស់ពួក​គេ។ «ការថ្វាយយញ្ញបូជា» របស់ពួក​គេគឺជាការដែលពួកគេអនុវត្តការដោះដូរដ៏គួរឲ្យអាម៉ាស់របស់ពួក​គេ នៅក្រោមការក្លែងបន្លំនៃការបម្រើ​របស់ពួក​គេនៅក្នុងព្រះវិហារ។ នេះគឺជាហេតុផលដែលមនុស្សនៅសម័យនោះបានមើលឃើញព្រះវិហារប្រសើរជាងព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទាំងនេះ ជាពាក្យព្រមានទៅកាន់មនុស្ស ដោយសារតែពួកគេកំពុងតែប្រើព្រះវិហារមកធ្វើជាលេស ហើយប្រើយញ្ញបូជាធ្វើ​ជារបាំងមុខ ដើម្បីបោកបញ្ឆោតមនុស្ស និងបោកបញ្ឆោតព្រះជាម្ចាស់។ ប្រសិនបើអ្នកអនុវត្តតាមព្រះបន្ទូលទាំងនេះនៅក្នុងពេលបច្ចុប្បន្ន ព្រះបន្ទូលនេះនៅតែមានសុពលភាព និងសមហេតុផលដដែល។ ទោះបីមនុស្សនាពេលសព្វថ្ងៃបានដកពិសោធន៍កិច្ចការផ្សេងៗរបស់ព្រះជាម្ចាស់ ខ្លាំងជាងមនុស្សនៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ប៉ុន្តែ សារជាតិនៃធម្ម​ជាតិ​របស់ពួក​គេគឺនៅដដែល។ នៅក្នុងបរិបទនៃកិច្ចការនាពេលសព្វថ្ងៃ មនុស្សនឹងនៅតែធ្វើកិច្ចការដដែល ដោយយកពាក្យ «ព្រះវិហារប្រសើរជាងព្រះជាម្ចាស់» មកធ្វើជាតំណាង។ ឧទាហរណ៍ មនុស្សមើលឃើញការបំពេញភារកិច្ចរបស់ពួក​គេ ជាការងាររបស់ពួក​គេ។ ពួកគេមើលឃើញការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងប្រយុទ្ធទាស់នឹងសត្វនាគដ៏ធំសម្បុរក្រហម ជាចលនានយោបាយនៅក្នុងការការពារសិទ្ធិមនុស្ស សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ពួកគេយកភារកិច្ចរបស់ពួក​គេ ដើម្បីប្រើជំនាញរបស់ពួក​គេនៅក្នុងអាជីព ប៉ុន្តែ ពួកគេចាត់ទុកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដី​អាក្រក់ថាគ្មានន័យខ្លឹមសារ គឺគ្រាន់តែជាគោលលទ្ធិសាសនាមួយប៉ុណ្ណោះ។ តើអាកប្ប​កិរិយា​ទាំងនេះមិនមានសារៈ​សំខាន់​ដូចគ្នាទៅនឹង «ព្រះវិហារប្រសើរជាងព្រះជាម្ចាស់» ទេឬ? ភាពខុសគ្នាគឺនៅត្រង់ថា កាលពីពីរពាន់ឆ្នាំមុន មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហាររូបិយ ប៉ុន្តែ សព្វថ្ងៃនេះវិញ មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហារអរូបិយ។ មនុស្សដែលឲ្យតម្លៃលើក្បួនច្បាប់ទាំងនោះ មើលឃើញក្បួនច្បាប់ថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់ឋានៈទាំងនោះ មើលឃើញឋានៈថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់អាជីពទាំងនោះ មើលឃើញអាជីពថាប្រសើរជាងព្រះជាម្ចាស់ជាដើម ដូច្នេះ រាល់ការសម្ដែងចេញរបស់ពួក​គេ នាំឲ្យខ្ញុំនិយាយថា៖«មនុស្សសរសើរតម្កើងព្រះជាម្ចាស់ថាខ្ពង់ខ្ពស់បំផុត តាមរយៈពាក្យសម្ដីរបស់ពួក​គេ ប៉ុន្តែ នៅក្នុងភ្នែករបស់ពួក​គេវិញ អ្វីៗគ្រប់យ៉ាងគឺប្រសើរជាងព្រះជាម្ចាស់ទៅទៀត»។ នោះគឺដោយសារតែពេលណាដែលមនុស្សមានឱកាសនៅលើដំណើរផ្លូវនៃការដើរតាមព្រះជាម្ចាស់ ដើម្បីបង្ហាញពីទេពកោសល្យរបស់ពួក​គេ ឬអាចធ្វើជំនួញរកស៊ីបាន ឬចំណេញដល់អាជីពរបស់ពួក​គេ នោះពួកគេនឹងដកខ្លួនចេញពីព្រះជាម្ចាស់ ហើយហក់ចូលទៅក្នុងអាជីពដ៏ជាទីស្រឡាញ់របស់ពួក​គេមិនខាន។ ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ និងព្រះហឫទ័យរបស់ទ្រង់ គឺពួកគេបានបោះបង់ចោលតាំងពីយូរយារណាស់មកហើយ។ តើអ្វីទៅជាភាពខុសគ្នារវាងសភាពរបស់មនុស្សទាំងនេះ និងមនុស្សដែលបានធ្វើជំនួញរកស៊ីនៅក្នុងព្រះវិហារ កាលពីពីរពាន់ឆ្នាំមុនទៅ?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...

ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់...

ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

១០. ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិ​របស់ទ្រង់បាន​ឮដំណឹងនេះ ពួកគេ​បានចេញ​ទៅចាប់​ព្រះ‌អង្គមកវិញ...