ព្រះជាម្ចាស់ ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព ដើម្បីប្រទានដល់មនុស្សជាតិនូវបរិស្ថានសម្រាប់ការរស់នៅប្រកបដោយស្ថិរភាព

24-02-2021

ព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ ហើយនៅក្នុងចំណោមរបស់សព្វសារពើ ទ្រង់ត្រួតត្រា និងគ្រប់គ្រងបញ្ញត្តិនៃរបស់សព្វសារពើ។ យើងទើបតែនិយាយអំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាបញ្ញត្តិនៃរបស់សព្វសារពើ ក៏ដូចជាវិធីដែលទ្រង់ប្រទាន និងចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់ នៅក្រោមបញ្ញត្តិទាំងនោះ។ នេះគឺជាទិដ្ឋភាពមួយ។ ជាបន្ត យើងនឹងនិយាយអំពីទិដ្ឋភាពមួយផ្សេងទៀត ដែលជាវិធីមួយដែលព្រះជាម្ចាស់ប្រើប្រាស់ដើម្បីត្រួតត្រាលើអ្វីៗគ្រប់យ៉ាង។ ខ្ញុំនឹងនិយាយអំពីវិធីដែលព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព បន្ទាប់ពីការបង្កើតពួកវា។ នេះក៏ជាប្រធានបទទូលាយបន្តិចដែរសម្រាប់អ្នករាល់គ្នា។ ការធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព តើនេះជាអ្វីមួយដែលមនុស្សអាចសម្រេចបានឬទេ? ទេ មនុស្សមិនមានសម្ថភាពចំពោះស្នាដៃបែបនេះទេ។ មនុស្សអាចមានសមត្ថភាពចំពោះការបំផ្លាញប៉ុណ្ណោះ។ ពួកគេមិនអាចធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាពបានទេ។ ពួកគេមិនអាចគ្រប់គ្រងពួកវា ហើយសិទ្ធិអំណាចដ៏អស្ចារ្យបែបនេះ គឺហួសពីកណ្តាប់ដៃរបស់មនុស្សជាតិ។ មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះ មានអំណាចដើម្បីធ្វើរឿងប្រភេទនេះ។ ប៉ុន្តែ តើអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការបែបនេះ តើធ្វើកិច្ចការនេះដើម្បីអ្វី? កិច្ចការនេះ ក៏ទាក់ទងទៅនឹងការរស់នៅរបស់មនុស្សជាតិផងដែរ។ កិច្ចការនីមួយៗដែលព្រះជាម្ចាស់ចង់ធ្វើគឺមានភាពចាំបាច់ មិនមានអ្វីមួយដែលទ្រង់អាចធ្វើ ឬអាចមិនធ្វើនោះទេ។ ដើម្បីឲ្យទ្រង់ការពារការរស់នៅរបស់មនុស្សជាតិ និងប្រទានបរិស្ថានសម្រាប់ការរស់នៅប្រកបដោយអំណោយផលមួយដល់មនុស្ស គឺមានរឿងសំខាន់ និងមិនអាចជៀសរួចមួយចំនួន ដែលទ្រង់ត្រូវតែធ្វើ។

ចេញពីអត្ថន័យតាមន័យពាក្យនៃឃ្លា «ព្រះជាម្ចាស់ធ្វើឲ្យរបស់សព្វសារពើមានតុល្យភាព» វាហាក់ដូចជាប្រធានបទដែលក្តោបន័យទាំងមូលអ៊ីចឹង។ ដំបូង វាផ្តល់ដល់មនុស្សនូវគំនិត ដែល «ការធ្វើឲ្យរបស់សព្វសារពើមានតុល្យភាព» ក៏សំដៅទៅលើ អំណាចរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើផងដែរ។ តើពាក្យ «ធ្វើឲ្យមានតុល្យភាព» មានន័យដូចម្តេច? ទីមួយ «ធ្វើឲ្យមានតុល្យភាព» សំដៅលើការមិនអនុញ្ញាតឲ្យអ្វីមួយធ្លាក់ចេញពីលំនឹង។ វាដូចជាការប្រើប្រាស់ជញ្ជីងដើម្បីថ្ងឹងវត្ថុអ៊ីចឹង។ ដើម្បីធ្វើឲ្យជញ្ជីងមានតុល្យភាព ទម្ងន់នៅលើជញ្ជីងទាំងសងខាងត្រូវតែដូចគ្នា។ ព្រះជាម្ចាស់បានបង្កើតវត្ថុខុសៗគ្នាជាច្រើនប្រភេទ៖ វត្ថុដែលបានកំណត់ឲ្យនៅក្នុងកន្លែងរបស់ពួកវា វត្ថុដែលផ្លាស់ទី វត្ថុដែលមានជីវិត វត្ថុដែលដកដង្ហើម ក៏ដូចជាវត្ថុដែលមិនដកដង្ហើម។ តើវាមានភាពងាយស្រួលទេសម្រាប់វត្ថុទាំងនេះក្នុងការសម្រេចបានទំនាក់ទំនងនៃការពឹងពាក់គ្នាទៅវិញទៅមក និងការភ្ជាប់គ្នាទៅវិញទៅមក ដែលពួកវាទាំងពីរអាចពង្រឹងគ្នាទៅវិញទៅមក និងត្រួតពិនិត្យគ្នាទៅវិញទៅមកនោះ? គឺពិតជាមានគោលការណ៍នៅក្នុងវត្ថុទាំងអស់នេះ ប៉ុន្តែពួកវាមានភាពស្មុគស្មាញខ្លាំងណាស់ តើមែនទេ? វាមិនមានការលំបាកសម្រាប់ព្រះជាម្ចាស់នោះទេ ប៉ុន្តែសម្រាប់មនុស្ស វាគឺជាបញ្ហាស្មុកស្មាញខ្លាំងណាស់ដើម្បីសិក្សា។ ពាក្យ «ការធ្វើឲ្យមានតុល្យភាព» គឺជាពាក្យសាមញ្ញណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សនឹងសិក្សាពីវា ហើយប្រសិនបើមនុស្សត្រូវការបង្កើតតុល្យភាពរវាងពួកគេ នោះសូម្បីតែអ្នកសិក្សាគ្រប់ប្រភេទកំពុងតែស្រាវជ្រាវពីវា មានដូចជាជីវវិទូអំពីមនុស្ស តារាវិទូ រូបវិទូ គីមីវិទូ និងសូម្បីតែប្រវត្តិវិទូក៏ដោយ តើលទ្ធផលនៃការស្រាវជ្រាវនោះនឹងជាអ្វី? លទ្ធផលរបស់វាគឺគ្មានទទួលបានអ្វីនោះទេ។ នេះដោយសារតែការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់ គឺអស្ចារ្យខ្លាំងពេក ហើយមនុស្សជាតិនឹងមិនដែលគាស់កកាយអាថ៌កំបាំងរបស់វានោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានបង្កើតគោលការណ៍រវាងពួកគេ ទ្រង់បានបង្កើតវិធីសម្រាប់ការរស់នៅផ្សេងៗគ្នា សម្រាប់ការទប់ទល់ ការបំពេញ និងការទ្រទ្រង់គ្នាទៅវិញទៅមក។ វិធីសាស្ត្រផ្សេងៗគ្នាទាំងនេះ គឺមានលក្ខណៈសាំញ៉ាំខ្លាំងណាស់ ហើយពួកវាពិតជាមិនសាមញ្ញ ឬត្រង់ៗនោះទេ។ នៅពេលដែលមនុស្សប្រើប្រាស់គំនិតរបស់ពួកគេ ចំណេះដឹងដែលពួកគេបានទទួល និងបាតុភូតដែលពួកគេបានសង្កេត ដើម្បីបញ្ជាក់ និងសិក្សាពីគោលការណ៍នៅពីក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ រឿងទាំងនេះគឺពិបាកខ្លាំងណាស់ក្នុងការស្រាវជ្រាវ ហើយវាក៏លំបាកណាស់ដើម្បីទទួលបានលទ្ធផលណាមួយដែរ។ វាមានការលំបាកសម្រាប់មនុស្សដើម្បីទទួលបានលទ្ធផលណាមួយ។ វាលំបាកណាស់សម្រាប់មនុស្សក្នុងការរក្សាតុល្យភាពរបស់ពួកគេ នៅពេលដែលពឹងផ្អែកលើការគិត និងចំណេះដឹងរបស់មនុស្ស ដើម្បីគ្រប់គ្រងរបស់សព្វសារពើនៃការបង្កើតរបស់ព្រះជាម្ចាស់។ នេះដោយសារ ប្រសិនបើមនុស្សមិនដឹងពីគោលការណ៍រស់នៅនៃរបស់សព្វសារពើទេ នោះពួកគេនឹងមិនដឹងពីវិធីដើម្បីការពារតុល្យភាពប្រភេទនេះនោះទេ។ ដូច្នេះ ប្រសិនបើមនុស្សនឹងចាត់ចែង និងគ្រប់គ្រងរបស់សព្វសារពើ ពួកគេអាចនឹងបំផ្លាញតុល្យភាពនេះ។ នៅពេលដែលតុល្យភាពត្រូវបានបំផ្លាញ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបំផ្លាញដែរ ហើយនៅពេលដែលរឿងនេះកើតឡើង នោះវិបត្តិនៃការរស់នៅរបស់មនុស្សនឹងកើតឡើងតាមក្រោយ។ វានឹងនាំគ្រោះមហន្តរាយមួយ។ ប្រសិនបើមនុស្សជាតិកំពុងតែរស់នៅក្នុងគ្រោះមហន្តរាយ តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា? លទ្ធផលនឹងពិបាកក្នុងការវាយតម្លៃ ហើយមិនអាចទស្សន៍ទាយឲ្យច្បាស់លាស់បានទេ។

ដូច្នេះ តើព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាពយ៉ាងដូចម្តេច? ទីមួយ មានទីកន្លែងមួយចំនួននៅក្នុងពិភពលោកដែលគ្របដណ្តប់ដោយទឹកកក និងព្រឹលពេញមួយឆ្នាំ ខណៈពេលដែលនៅតាមទីកន្លែងមួយចំនួនទៀត រដូវទាំងបួន ប្រៀបដូចជារដូវផ្ការីក និងមិនដែលមានរដូវរងារឡើយ ហើយនៅក្នុងទីកន្លែងបែបនេះ អ្នកនឹងមិនឃើញដុំទឹកកកច្រើន ឬគ្រាប់ព្រឹលមួយគ្រាប់នោះទេ។ នៅទីនេះ យើងកំពុងតែនិយាយអំពីអាកាសធាតុដែលទូលាយជាង ហើយឧទាហរណ៍នេះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដែលព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព។ វិធីទីពីរគឺ៖ ជួរភ្នំជាច្រើនគឺគ្របដណ្តប់ដោយរុក្ខជាតិពណ៌ខៀវស្រងាត់ ជាមួយនឹងរុក្ខជាតិគ្រប់ប្រភេទក្រាលគ្របនៅលើដី ហើយកម្រាស់នៃព្រៃឈើណែនណាន់តាន់តាប់ ដែលនៅពេលអ្នកដើរឆ្លងកាត់ពួកវា អ្នកមិនអាចសូម្បីតែមើលឃើញព្រះអាទិត្យនៅខាងលើ។ ប៉ុន្តែ បើក្រឡេកមើលទៅជួរភ្នំមួយទៀត គឺពុំមានសូម្បីតែស្មៅមួយទងដុះផង គឺមានតែស្រទាប់ភ្នំដែលមិនល្អ និងឥតជីជាតិប៉ុណ្ណោះ។ នៅក្នុងរូបរាងខាងក្រៅ ប្រភេទភ្នំទាំងពីរនេះមានគំនរធូលីជាច្រើនគរលើគ្នាបង្កើតបានជាភ្នំ ប៉ុន្តែភ្នំមួយគ្របដណ្តប់ទៅដោយព្រៃឈើយ៉ាងណែនណាន់តាន់តាប់ ខណៈពេលដែលភ្នំមួយទៀតគឺគ្មានការលូតលាស់ សូម្បីតែស្មៅមួយទងក៏គ្មានផង។ នេះគឺជាវិធីទីពីរដែលព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព។ វិធីទីបីគឺ៖ នៅពេលក្រឡេកមើលទីម្ខាង អ្នកអាចមើលឃើញវាលស្មៅដ៏វែងដាច់កន្ទុយភ្នែក គឺជាវាលដែលមានពណ៌ខៀវខ្ចីកំពុងបក់រវិច។ នៅពេលក្រឡេកមើលទៅម្ខាងទៀត អ្នកអាចមើលឃើញវាលខ្សាច់វែងដាច់កន្ទុយភ្នែក គ្មានជីជាតិ គ្មានវត្ថុមានជីវិតមួយនៅក្នុងខ្សាច់ដែលបក់ផាត់ដោយខ្សល់ឮសូរវូៗ និងមិនមានប្រភពទឹកច្រើនទេ។ វិធីទីបួនគឺ៖ នៅពេលក្រឡេកមើលទៅម្ខាង អ្វីៗគ្រប់យ៉ាងគឺលិចនៅក្រោមបាតសមុទ្រ ដែលជាសណ្ឋានទឹកដ៏ធំ ខណៈពេលដែលក្រឡេកមើលទៅម្ខាងទៀត អ្នកពិបាកក្នុងការស្វែងរកសូម្បីតែទឹកបរិសុទ្ធមួយតំណក់។ វិធីទីប្រាំគឺ៖ នៅក្នុងដីនៅទីនេះ ភ្លៀងស្រិចៗកើតមានជារឿយៗ ហើយអាកាសធាតុគឺសើម និងមានចុះអ័ព្ទ ខណៈដែលដីនៅទីនោះ តែងតែឃើញពន្លឺថ្ងៃដ៏ក្តៅ ហើយកម្រនឹងមានភ្លៀងធ្លាក់មួយដំណក់ណាស់។ វិធីទីប្រាំមួយគឺ៖ នៅទីកន្លែងមួយមានតំបន់ខ្ពង់រាបមួយ ជាកន្លែងដែលមានខ្យល់តិច ហើយវាមានការលំបាកសម្រាប់មនុស្សក្នុងការដកដង្ហើម ខណៈដែលកន្លែងមួយផ្សេងទៀត មានវាលភក់ និងដីទំនាប ដែលផ្តល់ជាទីលំនៅសម្រាប់បក្សាបក្សីដែលផ្លាស់ទីជាច្រើនប្រភេទ។ ទាំងអស់នេះគឺជាប្រភេទអាកាសធាតុខុសៗគ្នា ឬពួកវាជាអាកាសធាតុ ឬបរិស្ថានដែលអាចសម្របខ្លួនទៅតាមបរិស្ថានភូមិសាស្ត្រខុសៗគ្នា។ អាចនិយាយបានថា ព្រះជាម្ចាស់ធ្វើឲ្យបរិស្ថានសម្រាប់ការរស់នៅជាមូលដ្ឋានរបស់មនុស្សជាតិមានតុល្យភាព ទាក់ទងទៅនឹងបរិស្ថានដែលមានទំហំធំទូលាយ ចាប់ពីអាកាសធាតុរហូតដល់បរិស្ថានភូមិសាស្ត្រ និងចាប់ពីសមាសធាតុផ្សំផ្សេងៗគ្នានៃដី រហូតដល់ចំនួននៃប្រភពទឹក ដែលទាំងអស់នេះគឺដើម្បីសម្រេចបាននូវតុល្យភាពនៅក្នុងខ្សល់ សីតុណ្ហភាព និងសំណើមនៃបរិស្ថានដែលមនុស្សរស់នៅ។ ដោយសារតែបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នាទាំងនេះ ទើបមនុស្សមានខ្យល់ដ៏មានលំនឹង ហើយសីតុណ្ហភាព និងសំណើមនៃរដូវខុសៗគ្នានៅតែមានលំនឹង។ ស្ថានភាពបែបនេះ អនុញ្ញាតឲ្យមនុស្សបន្តរស់នៅក្នុងបរិស្ថានសម្រាប់ការរស់នៅប្រភេទនោះ ដូចដែលពួកគេតែងតែមានអ៊ីចឹង។ ទីមួយ បរិស្ថានដែលមានទំហំធំទូលាយ ត្រូវតែមានតុល្យភាព។ កិច្ចការនេះ អាចសម្រេចបានតាមរយៈការប្រើប្រាស់ទម្រង់ និងទីតាំងភូមិសាស្ត្រផ្សេងៗគ្នា ក៏ដូចជាការផ្លាស់ប្តូររវាងអាកាសធាតុផ្សេងៗគ្នា ដែលអនុញ្ញាតឲ្យពួកវាកំណត់ និងត្រួតពិនិត្យគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវតុល្យភាពដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន និងដែលមនុស្សជាតិត្រូវការ។ នេះគឺជាការនិយាយចេញពីទស្សនៈនៃបរិស្ថានដែលមានទំហំធំទូលាយ។

ពេលនេះ យើងនឹងនិយាយអំពីភាពលម្អិតដែលប្រសើរជាងនេះ ដូចជារុក្ខជាតិជាដើម។ តើពួកវាទទួលបានតុល្យភាពយ៉ាងដូចម្តេច? អាចនិយាយថា ធ្វើដូចម្តេចទើបរុក្ខជាតិអាចបន្តរស់នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏មានតុល្យភាពមួយបាន? ចម្លើយគឺ តាមរយៈការគ្រប់គ្រងវដ្ដនៃជីវិត អត្រានៃការលូតលាស់ និងអត្រានៃការបង្កកំណើតនៃរុក្ខជាតិប្រភេទនានា ដើម្បីការពារបរិស្ថានសម្រាប់ការរស់នៅរបស់ពួកវា។ ចូរយើងយកស្មៅដ៏តូចមួយធ្វើជាឧទាហរណ៍។ មានពន្លកនៅរដូវផ្ការីក ចេញផ្កានៅរដូវក្តៅ និងមានផ្លែនៅរដូវស្លឹកឈើជ្រុះ។ ផ្លែជ្រុះទៅលើដី។ ឆ្នាំបន្ទាប់មក គ្រាប់ដែលចេញពីផ្លែនោះ ចេញជាពន្លក ហើយក៏បន្តទៅមុខទៀតទៅតាមបញ្ញត្តិដដែល។ វដ្តិនៃជីវិតរបស់ស្មៅគឺខ្លីណាស់ហើយរាល់គ្រាប់ដែលធ្លាក់ទៅលើដី ដុះចេញជាឫស និងចេញពន្លក ចេញផ្កា ព្រមទាំងចេញផ្លែ ហើយដំណើរការទាំងមូលគឺបញ្ចប់ទៅបន្ទាប់ពីបីរដូវប៉ុណ្ណោះ គឺរដូវផ្ការីក រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។ ដើមឈើគ្រប់ប្រភេទក៏មានវដ្តិនៃជីវិតរបស់ពួកវាដែរ ហើយមានពេលវេលាខុសៗគ្នាក្នុងការចេញពន្លក និងចេញផ្លែ។ ដើមឈើខ្លះងាប់បន្ទាប់ពី ៣០ ទៅ ៥០ ឆ្នាំ នេះគឺជាវដ្តិនៃជីវិតរបស់ពួកវា។ ប៉ុន្តែផ្លែរបស់ពួកវាធ្លាក់មកលើដី ដែលក្រោយមកដុះចេញជាឫស និងពន្លក ចេញផ្កា និងចេញផ្លែ ហើយរស់នៅបាន ៣០ ទៅ ៥០ ទៀត។ នេះគឺជាអត្រានៃការកើតឡើងវិញរបស់វា។ ដើមឈើចាស់មួយដើមងាប់ ហើយដើមឈើខ្ចីមួយដើមលូតលាស់។ នេះគឺជាមូលហេតុដែលអ្នកតែងតែឃើញដើមឈើលូតលាស់នៅក្នុងព្រៃ។ ប៉ុន្តែពួកវាក៏មានវដ្តិ និងដំណើរការធម្មតានៃការកើត និងការស្លាប់របស់ពួកវាដែរ។ ដើមឈើខ្លះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ហើយដើមឈើខ្លះអាចរស់នៅបានរហូតដល់បីពាន់ឆ្នាំ។ និយាយជាទូទៅ មិនថារុក្ខជាតិប្រភេទណា ឬវដ្តិនៃជីវិតរបស់វាវែងប៉ុណ្ណានោះទេ គឺព្រះជាម្ចាស់គ្រប់គ្រងតុល្យភាពរបស់វា ដោយផ្អែកលើរយៈពេលដែលវារស់នៅ សម្ថភាពរបស់វាក្នុងការបន្តពូជ ព្រមទាំងល្បឿន និងភាពញឹកញាប់នៃការបន្តពូជរបស់វា ក៏ដូចជាចំនួននៃកូនដែលវាបង្កើតដែរ។ បែបនេះ គឺអនុញ្ញាតឲ្យរុក្ខជាតិរាប់តាំងពីស្មៅដល់ដើមឈើ អាចបន្តលូតលាស់ និងរីកចម្រើននៅក្នុងបរិស្ថានធម្មជាតិដ៏មានតុល្យភាពមួយ។ ដូច្នេះ នៅពេលដែលអ្នកសម្លឹងមើលព្រៃឈើនៅលើផែនដី អ្វីៗគ្រប់យ៉ាងដែលដុះនៅក្នុងព្រៃ ដូចជាស្មៅ និងដើមឈើ គឺទាំងពីរនេះបន្តបង្កើតកូនចៅ និងដុះដាល ស្របទៅតាមបញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវា។ ពួកវាមិនត្រូវការកម្លាំងពលកម្មបន្ថែមណាមួយ ឬជំនួយណាមួយពីមនុស្សជាតិនោះទេ។ គឺដោយសារតែពួកវាមានតុល្យភាពប្រភេទនេះប៉ុណ្ណោះ ទើបពួកវាអាចរក្សាបាននូវបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា។ គឺដោយសារតែពួកវាមានបរិស្ថានសម្រាប់ការរស់នៅសមស្របមួយប៉ុណ្ណោះ ទើបព្រៃឈើ និងវាលស្មៅរបស់ពិភពលោកអាចបន្តរស់នៅលើផែនដីបាន។ វត្តមានរបស់ពួកវា ចិញ្ចឹមបីបាច់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ក៏ដូចជាចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទពីជំនាន់មួយទៅជំនាន់មួយ ដែលមានទីជម្រកនៅក្នុងព្រៃ និងនៅវាលស្មៅ ដូចជាបក្សាបក្សី និងសត្វ សត្វល្អិត និងវត្ថុមានជីវិតដ៏តូចៗគ្រប់ប្រភេទ។

ព្រះជាម្ចាស់ក៏គ្រប់គ្រងតុល្យភាពរវាងសត្វគ្រប់ប្រភេទដែរ។ តើទ្រង់គ្រប់គ្រង់តុល្យភាពនេះដោយរបៀបណា? វាស្រដៀងនឹងរុក្ខជាតិដែរ គឺទ្រង់គ្រប់គ្រងតុល្យភាពរបស់ពួកវា ហើយកំណត់ចំនួនរបស់ពួកវាផ្អែកលើសមត្ថភាពបន្តពូជរបស់ពួកវា ចំនួន និងភាពញឹកញាប់នៃការបន្តពូជរបស់ពួកវា ព្រមទាំងតួនាទីដែលពួកវាបំពេញនៅក្នុងពិភពសត្វដែរ។ ឧទាហរណ៍ សត្វតោស៊ីសត្វសេះបង្កង់ ដូច្នេះ ប្រសិនបើចំនួននៃសត្វតោលើសពីចំនួននៃសត្វសេះបង្កង់ តើជោគវាសនារបស់សត្វសេះបង្កង់នឹងអាចទៅជាយ៉ាងណា? ពួកវានឹងវិនាសផុតពូជ។ ហើយប្រសិនបើសត្វសេះបង្កង់បង្កើតកូនបានតិចជាងសត្វតោខ្លាំងពេក តើជោគវាសនារបស់ពួកវានឹងទៅជាយ៉ាងណា? ពួកវាក៏នឹងវិនាសផុតពូជដែរ។ ដូច្នេះ ចំនួននៃសត្វសេះបង្កង់ត្រូវតែច្រើនជាងឆ្ងាយពីចំនួនសត្វតោ។ នេះដោយសារតែសត្វសេះបង្កង់មិនមានវត្តមានសម្រាប់តែខ្លួនវាប៉ុណ្ណោះទេ ពួកវាថែមទាំងមានវត្តមានសម្រាប់សត្វតោទៀតផង។ អ្នកអាចគិតតាមវិធីនេះ៖ សត្វសេះបង្កង់នីមួយៗគឺជាផ្នែកមួយនៃសត្វសេះបង្កង់ទាំងអស់ ប៉ុន្តែវាក៏ជាអាហារសម្រាប់មាត់របស់សត្វតោដែរ។ ល្បឿននៃការបន្តពូជរបស់សត្វតោ មិនអាចលឿនជាងល្បឿននៃការបន្តពូជរបស់សត្វសេះបង្កង់នោះទេ ដូច្នេះចំនួនរបស់ពួកវា ក៏មិនអាចច្រើនជាងចំនួនរបស់សត្វសេះបង្កង់បានដែរ។ មានតែតាមវិធីនេះទេ ទើបប្រភពអាហាររបស់សត្វតោ អាចត្រូវបានធានា។ ដូច្នេះ ទោះបីជាសត្វតោគឺជាសត្រូវធម្មជាតិរបស់សត្វសេះបង្កង់ក៏ដោយ ជារឿយៗមនុស្សមើលឃើញសត្វទាំងពីរប្រភេទនេះសម្រាកនៅក្នុងតំបន់តែមួយ។ សត្វសេះបង្កង់នឹងមិនដែលកាត់បន្ថយចំនួន ឬវិនាសផុតពូជដោយសារតែសត្វតោប្រមាញ់ ឬស៊ីនោះទេ ហើយសត្វតោនឹងមិនដែលបង្កើនចំនួនរបស់ពួកវា ដោយសារតែឋានៈជា «ស្តេច» របស់ពួកវាដែរ។ តុល្យភាពនេះ គឺជាអ្វីម៉្យាងដែលព្រះជាម្ចាស់បានបង្កើតជាយូរមកហើយ។ មានន័យថា ព្រះជាម្ចាស់បានបង្កើតបញ្ញត្តិនៃតុល្យភាពរវាងសត្វទាំងអស់ ដូច្នេះហើយបានជាពួកវាអាចសម្រេចបានតុល្យភាពប្រភេទនេះ ហើយនេះគឺជាអ្វីមួយដែលមនុស្សមើលឃើញជារឿយៗ។ តើសត្វតោ គឺជាសត្រូវធម្មជាតិតែមួយរបស់សត្វសេះបង្កង់មែនទេ? ទេ មិនមែនទេ សត្វក្រពើក៏ស៊ីសត្វសេះបង្កង់ដែរ។ សត្វសេះបង្កង់ហាក់ដូចជាប្រភេទសត្វដែលគ្មានទីពឹងទន់ខ្សោយណាស់។ ពួកវាមិនអាចមានភាពកាចសាហាវរបស់សត្វតោបានទេ ហើយនៅពេលប្រឈមមុខនឹងសត្វតោ ដែលជាសត្រូវមិនអាចជៀសរួច នោះពួកវាមិនអាចធ្វើអ្វីបានក្រៅពីរត់នោះទេ។ ពួកវាគ្មានអំណាចសូម្បីតែទប់ទល់។ នៅពេលដែលពួកវាមិនអាចរត់គេចពីសត្វតោបាន ពួកវាអាចត្រឹមតែអនុញ្ញាតឲ្យសត្វតោស៊ីប៉ុណ្ណោះ។ យើងអាចឃើញហេតុការណ៍នេះជាញឹកញាប់នៅក្នុងពិភពសត្វ។ តើអ្នកមានអារម្មណ៍ និងការគិតដូចម្តេចនៅពេលដែលអ្នករាល់គ្នាឃើញរឿងរ៉ាវប្រភេទនេះ? តើអ្នកមានអារម្មណ៍អាណិតចំពោះសត្វសេះបង្កង់ទេ? តើអ្នកស្អប់សត្វតោទេ? សត្វសេះបង្កង់មើលទៅស្អាតណាស់! ប៉ុន្តែសត្វតោតែងតែសម្លឹងពួកវាដោយក្រសែភ្នែកយ៉ាងលោភលន់។ ហើយដោយភាពល្ងង់ខ្លៅ សត្វសេះបង្កង់មិនរត់ទៅឆ្ងាយនោះទេ។ ពួកវាមើលឃើញសត្វតោដែលកំពុងរង់ចាំពួកវានៅទីនោះ នៅក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើមួយដើម។ សត្វតោអាចមក និងស៊ីពួកវាគ្រប់ពេល។ ពួកវាដឹងរឿងនេះនៅក្នុងចិត្តរបស់ពួកវា ប៉ុន្តែពួកវានៅតែមិនអាចចាកចេញពីដីមួយកន្លែងនោះ។ នេះគឺជារឿងរ៉ាវដ៏អស្ចារ្យមួយ ជារឿងរ៉ាវដ៏អស្ចារ្យដែលបង្ហាញពីការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ និងការត្រួតត្រារបស់ទ្រង់។ អ្នកមានអារម្មណ៍អាណិតសត្វសេះបង្កង់ ប៉ុន្តែអ្នកមិនអាចសង្គ្រោះវាបានទេ ហើយអ្នកស្អប់សត្វតោ ប៉ុន្តែអ្នកមិនអាចបំផ្លាញវាបានទេ។ សត្វសេះបង្កង់គឺជាអាហារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់សត្វតោ ប៉ុន្តែមិនថាសត្វតោស៊ីអស់ប៉ុន្មានក្បាលនោះទេ ក៏សត្វសេះបង្កង់នៅតែមិនត្រូវបានបំផ្លាញទាំងស្រុងនោះដែរ។ ចំនួននៃកូនដែលសត្វតោបង្កើតគឺតិចតួចណាស់ ហើយពួកវាបង្កើតកូនយឺតណាស់ ដូច្នេះ មិនថាពួកវាស៊ីសត្វសេះបង្កង់ប៉ុន្មានក្បាលនោះទេ ចំនួនរបស់ពួកវានឹងមិនដែលលើសពីចំនួនរបស់សត្វសេះបង្កង់ឡើយ។ នៅក្នុងនេះ គឺមានតុល្យភាព។

តើអ្វីជាគោលដៅរបស់ព្រះជាម្ចាស់ក្នុងការរក្សាតុល្យភាពប្រភេទនេះ? រឿងនេះពាក់ព័ន្ធនឹងបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្ស ក៏ដូចជាការរស់នៅរបស់មនុស្សជាតិដែរ។ ប្រសិនបើសត្វសេះបង្កង់ ឬចំណីដែលស្រដៀងណាមួយរបស់សត្វតោ ដូចជាសត្វក្តាន់ ឬក៏សត្វដទៃទៀត បន្តពូជយឺតពេក ហើយចំនួននៃសត្វតោកើនឡើងយ៉ាងលឿន តើមនុស្សនឹងប្រឈមមុខនឹងគ្រោះថ្នាក់ប្រភេទណា? សត្វតោស៊ីចំណីរបស់ពួកវា គឺជាបាតុភូតធម្មតាមួយ ប៉ុន្តែសត្វតោស៊ីមនុស្ស គឺជាសោកនាដកម្មមួយ។ សោកនាដកម្មនេះ មិនមែនជាអ្វីមួយដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននោះទេ វាមិនមែនជាអ្វីមួយដែលកើតឡើងនៅក្រោមការត្រួតត្រារបស់ទ្រង់នោះទេ មិនមែនជាអ្វីមួយដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិនោះទេ។ ផ្ទុយទៅវិញ វាគឺជាអ្វីមួយដែលមនុស្សនាំមកដាក់ខ្លួនឯង។ ដូច្នេះ ដូចដែលព្រះជាម្ចាស់ទតឃើញវាដែរ គឺតុល្យភាពរវាងរបស់សព្វសារពើ គឺមានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្សជាតិ។ មិនថាវាជារុក្ខជាតិ ឬសត្វនោះទេ គឺគ្មានអ្វីអាចបាត់បង់តុល្យភាពសមស្របរបស់វាបានឡើង។ រុក្ខជាតិ សត្វ ភ្នំ និងបឹងបួ គឺបរិស្ថានធម្មជាតិប្រក្រតីមួយដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ។ មានតែនៅពេលដែលមនុស្សមានបរិស្ថានធម្មជាតិ ដែលមានតុល្យភាពប្រភេទនេះប៉ុណ្ណោះ ទើបការរស់នៅរបស់ពួកវាមានការធានា។ ប្រសិនបើដើមឈើ ឬស្មៅមានសមត្ថភាពទាបក្នុងការបន្តពូជ ឬល្បឿននៃការបន្តពូជរបស់ពួកវាយឺតពេក តើដីនឹងមិនបាត់បង់ជាតិសំណើមរបស់វាទេឬ? ប្រសិនបើដីបាត់បង់ជាតិសំណើម តើវានៅតែមានសុខភាពល្អទេ? ប្រសិនបើដីបាត់បង់រុក្ខជាតិ និងសំណើមរបស់វា វានឹងសឹករិចរិលយ៉ាងលឿន ហើយខ្សាច់នឹងកើតឡើង។ នៅពេលដែលដីកាន់តែអាក្រក់ទៅៗ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សក៏នឹងត្រូវបំផ្លាញដែរ។ គ្រោះមហន្តរាយជាច្រើននឹងកើតឡើងព្រមជាមួយនឹងការបំផ្លាញនេះ។ បើគ្មានតុល្យភាពធម្មជាតិប្រភេទនេះទេ បើគ្មានបរិស្ថានធម្មជាតិប្រភេទនេះទេ នោះមនុស្សនឹងទទួលរងគ្រោះពីគ្រោះមហន្តរាយជាញឹកញាប់ ដោយសារអតុល្យភាពរវាងរបស់សព្វសារពើ។ ឧទាហរណ៍ នៅពេលដែលមានអតុល្យភាពបរិស្ថានមួយ ដែលនាំទៅរកការបំផ្លាញនៃបរិស្ថានធម្មជាតិរបស់សត្វកង្កែប នោះពួកវានឹងប្រមូលផ្តុំគ្នា ហើយចំនួនរបស់ពួកវានឹងកើនឡើងយ៉ាងលឿន ហើយមនុស្សអាចឃើញសត្វកង្កែបយ៉ាងច្រើនឆ្លងកាត់ផ្លូវនៅក្នុងទីក្រុង។ ប្រសិនបើសត្វកង្កែបយ៉ាងច្រើនបានកាន់កាប់បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្ស តើហេតុការណ៍បែបនោះអាចហៅថាជាអ្វី? គឺជាគ្រោះមហន្តរាយមួយ។ ហេតុអ្វីបានជាវាត្រូវបានហៅថាជាគ្រោះមហន្តរាយមួយទៅវិញ? សត្វតូចទាំងនេះដែលមានប្រយោជន៍សម្រាប់មនុស្សជាតិ គឺមានប្រយោជន៍សម្រាប់មនុស្សនៅពេលដែលពួកវាស្ថិតនៅកន្លែងដែលសមស្របសម្រាប់ពួកវា។ ពួកវាអាចរក្សាតុល្យភាពរបស់បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្ស។ ប៉ុន្តែ ប្រសិនបើពួកវាក្លាយជាគ្រោះមហន្តរាយមួយ ពួកវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃជីវិតរបស់មនុស្ស។ គ្រប់យ៉ាង និងគ្រប់សមាសធាតុដែលសត្វកង្កែបនាំមកជាមួយនៅលើរាងកាយរបស់ពួកវា អាចបង្កផលប៉ះពាល់ដល់គុណភាពនៃជីវិតរបស់មនុស្ស។ ពួកវាក៏អាចបណ្តាលឲ្យសរីរាង្គខាងរាងកាយរបស់មនុស្សត្រូវបានវាយប្រហារដែរ នេះគឺជាប្រភេទមួយក្នុងចំណោមប្រភេទគ្រោះមហន្តរាយនានា។ ប្រភេទមួយទៀតនៃគ្រោះមហន្តរាយ ដែលមនុស្សធ្លាប់មានបទពិសោធន៍ជារឿយៗនោះគឺ ការលេចឡើងនូវចំនួនកណ្តូបយ៉ាងច្រើន។ តើនេះមិនមែនជាគ្រោះមហន្តរាយទេឬ? ពិតណាស់ វាពិតជាគ្រោះមហន្តរាយដែលគួរឲ្យភ័យខ្លាចមួយ។ មិនថាមនុស្សអាចមានសមត្ថភាពប៉ុណ្ណា មិនថាមនុស្សអាចធ្វើយន្តហោះ អាចធ្វើកាំភ្លើង និងគ្រាប់បែកប៉ារ៉ាម៉ាណូនោះទេ នៅពេលដែលសត្វកណ្តូបចូលមកលុកលុយ តើមនុស្សជាតិមានដំណោះស្រាយបែបណា? តើពួកគេអាចប្រើកាំភ្លើងលើពួកវាបានទេ? តើពួកគេអាចបាញ់ពួកវាដោយប្រើកាំភ្លើងយន្ដបានទេ? ទេ ពួកគេមិនអាចទេ។ បន្ទាប់មក តើពួកគេអាចបាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីបណ្តេញពួកវាចេញបានទេ? វាក៏មិនមែនជារឿងងាយស្រួលដែរ។ តើសត្វកណ្តូបដែលមានរូបរាងតូចនោះមកធ្វើអ្វី? ពួកវាស៊ីដំណាំ និងធញ្ញជាតិជាចម្បង។ ទីណាដែលសត្វកណ្តូបទៅដល់ នោះដំណាំនឹងត្រូវបំផ្លាញទាំងស្រុង។ ក្នុងពេលនៃការលុកលុយរបស់សត្វកណ្តូប នោះអាហារទាំងអស់ដែលកសិករពឹងពាក់សម្រាប់រយៈពេលពេញមួយឆ្នាំ អាចនឹងត្រូវបានស៊ីដោយសត្វកណ្តូបក្នុងមួយប៉ប្រិចភ្នែក។ សម្រាប់មនុស្ស ការមកដល់នៃសត្វកណ្តូប មិនត្រឹមតែជាការធ្វើឲ្យមួម៉ៅប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រោះមហន្តរាយមួយ។ ដូច្នេះ យើងដឹងថា ការលេចឡើងនៃសត្វកណ្តូបដ៏ច្រើន គឺជាប្រភេទមួយនៃគ្រោះមហន្តរាយ ប៉ុន្តែចុះសត្វកណ្តុរវិញយ៉ាងម៉េចដែរ? ប្រសិនបើគ្មានបក្សាបក្សីដែលស៊ីសត្វកណ្តុរទេ ពេលនោះពួកវានឹងបង្កើនចំនួនយ៉ាងឆាប់រហ័ស គឺលឿនជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត។ ហើយប្រសិនបើសត្វកណ្តុរកើនឡើងដោយគ្មានការត្រួតពិនិត្យនោះទេ តើមនុស្សអាចដឹកនាំជីវិតដ៏ល្អប្រសើរបានទេ? តើស្ថានភាពប្រភេទណាដែលមនុស្សអាចនឹងប្រឈម? (គឺជំងឺរាតត្បាត)។ ប៉ុន្តែ តើអ្នកគិតថា ជំងឺរាតត្បាតគឺជាលទ្ធផលតែមួយមុខទេឬ? សត្វកណ្តុរនឹងទំពារគ្រប់យ៉ាង ហើយពួកវានឹងខាំកកេរឈើទៀតផង។ ប្រសិនបើមានត្រឹមតែសត្វកណ្តុរពីរក្បាលនៅក្នុងផ្ទះមួយ ពួកវានឹងក្លាយជាការរំខានដល់គ្រប់គ្នាដែលរស់នៅទីនោះ។ ពេលខ្លះពួកវាលួចប្រេង ហើយស៊ីវា ហើយពេលខ្លះពួកវាស៊ីនំប៉័ង ឬគ្រាប់ធញ្ញជាតិ។ ហើយរបស់ដែលពួកវាមិនអាចស៊ីបាន ពួកវាគ្រាន់តែទំពារ ហើយធ្វើឲ្យរបស់ទាំងនោះរញ៉េរញ៉ៃគ្មានសល់។ ពួកវាទំពារសម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម ពោលគឺពួកវាទំពាររបស់គ្រប់យ៉ាង។ ពេលខ្លះ ពួកវានឹងឡើងទៅលើទូដាក់ចាន តើចានទាំងនោះនៅតែអាចប្រើបានឬទេ បន្ទាប់ពីសត្វកណ្តុរវារលើពួកវាហើយនោះ? ទោះបីជាអ្នកសម្លាប់មេរោគចានទាំងនោះក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថាមិនស្រួលដែរ ដូច្នេះ អ្នកគ្រវែងពួកវាចោល។ ទាំងនេះគឺជាការរំខានដែលសត្វកណ្តុរនាំមកឲ្យមនុស្ស។ ទោះបីជាសត្វកណ្តុរគឺជាសត្វតូចក៏ដោយ ក៏មនុស្សពុំមានមធ្យោបាយសម្រាប់ដោះស្រាយជាមួយពួកវាដែរ ផ្ទុយទៅវិញ បានត្រឹមតែអត់ទ្រាំជាមួយការបំផ្លិចបំផ្លាញរបស់ពួកវាប៉ុណ្ណោះ។ ត្រឹមតែសត្វកណ្តុរមួយគូគឺគ្រប់គ្រាន់ដើម្បីនឹងបង្កការរំខានទៅហើយ ចុះទម្រាហ្វូងដ៏ធំរបស់ពួកវា។ ប្រសិនបើចំនួនរបស់ពួកវាកើនឡើង ហើយពួកវាក្លាយជាគ្រោះមហន្តរាយមួយ នោះលទ្ធផលនឹងមិនអាចស្មានដល់ឡើយ។ សូម្បីតែសត្វមានជីវិតដែលតូចល្អិតដូចសត្វស្រមោច ក៏អាចក្លាយជាគ្រោះមហន្តរាយមួយបានដែរ។ ប្រសិនបើរឿងនោះកើតឡើង នោះការបំផ្លាញដែលពួកគេអាចនឹងធ្វើចំពោះមនុស្សជាតិ ក៏នឹងមិនអាចមើលស្រាលបានដែរ។ សត្វស្រមោចអាចបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើនដល់ផ្ទះសម្បែងដែលពួកវាធ្វើសំបុក។ មិនត្រូវមើលរំលងកម្លាំងរបស់ពួកវានោះទេ។ តើវាមិនមែនជារឿងគួរឲ្យភ័យខ្លាចទេឬ ប្រសិនបើបក្សាបក្សីជាច្រើប្រភេទផ្សេងៗគ្នា បានបង្កើតគ្រោះមហន្តរាយមួយនោះ? (មែនហើយ)។ អាចនិយាយមួយបែបទៀតបានថា ពេលណាក៏ដោយដែលសត្វ ឬវត្ថុមានជីវិតបាត់បង់តុល្យភាពរបស់ពួកវា មិនថាជាសត្វ ឬវត្ថុប្រភេទណានោះទេ គឺពួកវានឹងរីកចម្រើន បន្តពូជ និងរស់នៅក្នុងទំហំដែលចម្លែកមួយ គឺទំហំមិនធម្មតាមួយ។ ការនោះអាចនាំលទ្ធផលដែលមិនអាចស្មានបានមកដល់មនុស្សជាតិ។ នោះមិនត្រឹមតែបង្កផលប៉ះពាល់ដល់ការរស់នៅ និងជីវិតរបស់មនុស្សនោះទេ វាថែមទាំងនាំយកគ្រោះមហន្តរាយដល់មនុស្សជាតិទៀតផង អាចមានកម្រិតដែលធ្វើឲ្យមនុស្សទទួលរងជោគវាសនានៃការវិនាសសាបសូន្យ និងការផុតពូជក៏ថាបាន។

នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានប្រើវិធីសាស្ត្រ និងមធ្យោបាយគ្រប់ប្រភេទដើម្បីធ្វើឲ្យពួកវាមានតុល្យភាព ដើម្បីធ្វើឲ្យស្ថានភាពភ្នំ និងបឹងបួ រុក្ខជាតិ និងសត្វ បក្សាបក្សី និងសត្វល្អិតគ្រប់ប្រភេទមានតុល្យភាព។ គោលដៅរបស់ទ្រង់គឺអនុញ្ញាតឲ្យភាវៈមានជីវិតគ្រប់ប្រភេទទាំងអស់រស់នៅ និងបង្កើនចំនួននៅក្រោមបញ្ញត្តិដែលទ្រង់បានបង្កើត។ គ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក អាចចេញក្រៅពីបញ្ញត្តិទាំងនេះបានទេ ហើយបញ្ញត្តិទាំងនេះក៏មិនអាចត្រូវរំលោភបំពានបានដែរ។ មានតែនៅក្នុងបរិស្ថានជាមូលដ្ឋានប្រភេទនេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ និងបង្កើនចំនួនដោយសុវត្ថិភាពពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើសត្វមានជីវិតណាមួយលើសពីចំនួន និងទំហំដែលព្រះជាម្ចាស់បានបង្កើត ឬប្រសិនបើវាលើសពីអត្រាកំណើន ភាពញឹកញាប់នៃការបន្តពូជ ឬក៏លើសពីចំនួនដែលទ្រង់បានកំណត់ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិ នឹងទទួលរងនូវការបំផ្លាញក្នុងកម្រិតផ្សេងៗគ្នា។ ហើយស្របពេលជាមួយគ្នានេះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែង។ ប្រសិនបើសត្វមានជីវិតមួយប្រភេទ មានចំនួនច្រើនពេក វានឹងប្លន់អាហារពីមនុស្ស វានឹងបំផ្លាញប្រភពទឹករបស់មនុស្ស ហើយវានឹងបំផ្លាញកន្លែងកំណើតរបស់ពួកគេ។ តាមរយៈវិធីនោះ ការបន្តពូជរបស់មនុស្សជាតិ ឬសភាពនៃការរស់នៅនឹងទទួលរងឥទ្ធពលភ្លាមៗ។ ឧទាហរណ៍ ទឹកគឺមានសារៈសំខាន់សម្រាប់របស់សព្វសារពើ។ ប្រសិនមានសត្វកណ្តុរ សត្វស្រមោច សត្វកណ្តូប សត្វកង្កែប ឬសត្វប្រភេទណាមួយច្រើនពេក ពួកវានឹងផឹកទឹកច្រើនជាងមុន។ ពេលដែលចំនួនទឹកដែលពួកវាផឹកកើនឡើង នោះទឹកសម្រាប់ពិសារបស់មនុស្ស និងប្រភពទឹកដែលនៅក្នុងទំហំកំណត់នៃប្រភពទឹកពិសា និងតំបន់ដែលមានទឹកនានានឹងត្រូវបានកាត់បន្ថយ ហើយពួកគេនឹងជួបប្រទះនូវការខ្វះខាតទឹក។ ប្រសិនបើទឹកពិសារបស់មនុស្សត្រូវបានបំផ្លាញ ត្រូវបានធ្វើឲ្យកខ្វក់ ឬត្រូវបានកាត់ផ្តាច់ដោយសារតែសត្វគ្រប់ប្រភេទមានចំនួនកើនឡើង ហើយស្ថិតក្រោមបរិស្ថានសម្រាប់ការរស់នៅដ៏អាក្រក់ប្រភេទនោះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើត្រឹមតែវត្ថុមានជីវិតមួយប្រភេទ ឬច្រើនប្រភេទកើនហួសពីចំនួនសមស្របរបស់ពួកវា នោះខ្យល់ សីតុណ្ហភាព សំណើម និងសូម្បីតែសមាសធាតុផ្សំនៃខ្យល់នៅក្នុងទីតាំងសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបំពុល និងបំផ្លាញនៅក្នុងកម្រិតផ្សេងៗ។ ស្ថិតក្រោមស្ថានភាពបែបនេះ ការរស់នៅ និងជោគវាសនារបស់មនុស្សនឹងទទួលរងនូវការគម្រាមកំហែង ដែលបង្កឡើងដោយកត្តាធម្មជាតិទាំងនេះ។ ដូច្នេះ ប្រសិនបើតុល្យភាពទាំងនេះត្រូវបាត់បង់ នោះខ្យល់ដែលមនុស្សដកដង្ហើមនឹងត្រូវខូច ទឹកដែលពួកគេផឹកនឹងកខ្វក់ ហើយសីតុណ្ហភាពដែលពួកគេត្រូវការក៏នឹងផ្លាស់ប្តូរដែរ ហើយនឹងត្រូវរងផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ប្រសិនបើរឿងនោះកើតឡើង នោះបរិស្ថានសម្រាប់ការរស់នៅដែលជាកម្មសិទ្ធកេរ្ត៍តំណែលរបស់មនុស្សជាតិ នឹងទទួលរងផលប៉ះពាល់ និងជួបបញ្ហាប្រឈមជាច្រើន។ នៅក្នុងសេនារីយោដែលបរិស្ថានសម្រាប់ការរស់នៅជាមូលដ្ឋានរបស់មនុស្សត្រូវបានបំផ្លាញប្រភេទនេះ តើជោគវាសនា និងក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាអ្វី? នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ! ដោយសារតែព្រះជាម្ចាស់ទ្រង់ជ្រាបពីហេតុផលនៃអត្ថិភាពរបស់វត្ថុនីមួយៗដែលទ្រង់បានបង្កើតមក គឺដើម្បីផលប្រយោជន៍របស់មនុស្សជាតិ ទ្រង់ជ្រាបពីតួនាទីរបស់វត្ថុគ្រប់ប្រភេទដែលទ្រង់បានបង្កើត ទ្រង់ជ្រាបពីផលប៉ះពាល់ដែលវត្ថុនីមួយៗមានចំពោះមនុស្សជាតិ និងកម្រិតនៃផលប្រយោជន៍ដែលវាផ្តល់សម្រាប់មនុស្សជាតិ ហើយដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានផែនការមួយសម្រាប់វត្ថុទាំងអស់នេះ ហើយទ្រង់គ្រប់គ្រងទិដ្ឋភាពនីមួយៗនៃរបស់សព្វសារពើដែលទ្រង់បានបង្កើត ដូច្នេះហើយទើបកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺមានសារៈសំខាន់ ហើយចាំបាច់សម្រាប់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ ចាប់ពីពេលនេះតទៅ នៅពេលដែលអ្នកសង្កេតពិនិត្យទៅលើបរិស្ថានធម្មជាតិនៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ឬសង្កេតពិនិត្យច្បាប់ធម្មជាតិមួយចំនួនដែលកំពុងប្រើប្រាស់នៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក នោះអ្នកនឹងលែងឆ្ងល់ពីភាពចាំបាច់នៃវត្ថុនីមួយៗដែលព្រះជាម្ចាស់បង្កើតតទៅទៀតហើយ។ អ្នកនឹងលែងប្រើប្រាស់ពាក្យសម្តីដែលមិនដឹងអី ដើម្បីធ្វើការកាត់សេចក្តីដោយរំលោភបំពានទៅលើការរៀបចំរបស់សព្វសារពើរបស់ព្រះជាម្ចាស់ និងវិធីនៃការផ្គត់ផ្គង់នានារបស់ទ្រង់សម្រាប់មនុស្សតទៅទៀតហើយ ហើយអ្នកក៏នឹងលែងសន្និដ្នានដោយរំលោភបំពានទៅលើបញ្ញត្តិរបស់ព្រះជាម្ចាស់ សម្រាប់របស់សព្វសារពើដែលទ្រង់បានបង្កើតមកតទៅទៀតដែរ។ តើមិនមែនបែបនេះទេឬ?

តើទាំងអស់ដែលយើងទើបតែនិយាយនេះគឺជាអ្វី? ចូរចំណាយពេលគិតអំពីវាបន្តិច។ ព្រះជាម្ចាស់ទ្រង់មានបំណងព្រះហឫទ័យផ្ទាល់របស់ទ្រង់នៅក្នុងគ្រប់យ៉ាងដែលទ្រង់ធ្វើ។ ទោះបីជាបំណងព្រះហឫទ័យរបស់ទ្រង់មិនអាចធ្វើឲ្យមនុស្សគិតដល់ក៏ដោយ ក៏វាតែងតែទាក់ទងយ៉ាងស្អិតរមួត និងយ៉ាងមានថាមពលទៅនឹងការរស់នៅរបស់មនុស្សជាតិដែរ។ វាពិតជាមានសារៈសំខាន់ដោយមិនអាចខ្វះបាន។ នេះគឺដោយសារព្រះជាម្ចាស់មិនដែលធ្វើអ្វីមួយដែលឥតប្រយោជន៍នោះទេ។ គោលការណ៍នៅពីក្រោយកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺត្រូវបានបញ្ចូលជាមួយផែនការរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ គោលដៅ និងគោលបំណងនៅពីក្រោយផែនការនោះគឺសម្រាប់ការពារមនុស្សជាតិ ដើម្បីជួយមនុស្សជាតិចៀសផុតពីគ្រោះមហន្តរាយ ចៀសផុតពីការបំផ្លិចបំផ្លាញរបស់ភាវៈមានជីវិតដទៃទៀត និងគ្រោះថ្នាក់នានាចំពោះមនុស្ស ដែលបណ្តាលមកពីវត្ថុណាមួយដែលព្រះជាម្ចាស់បានបង្កើតមក។ ដូច្នេះ តើអាចនិយាយបានទេថា ទង្វើរបស់ព្រះជាម្ចាស់ដែលយើងបានឃើញនៅក្នុងប្រធានបទនេះ បង្កើតជាវិធីមួយផ្សេងទៀតដែលព្រះជាម្ចាស់ប្រទានសម្រាប់មនុស្សជាតិ? តើយើងអាចនិយាយថា តាមរយៈទង្វើទាំងនេះ ព្រះជាម្ចាស់កំពុងតែចិញ្ចឹម និងឃ្វាលមនុស្សបានទេ? (បាន)។ តើមានទំនាក់ទំនងយ៉ាងខ្លាំងឬទេរវាងប្រធានបទនេះ និងប្រធានរឿងនៃការប្រកបគ្នារបស់យើង៖ «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ»? (មាន)។ មានទំនាក់ទំនងយ៉ាងខ្លាំងមួយ ហើយប្រធានបទនេះគឺជាទិដ្ឋភាពមួយនៃទំនាក់ទំនងនោះ។ មុនពេលដែលនិយាយអំពីប្រធានបទទាំងនេះ មនុស្សគ្រាន់តែមានការស្រមៃគិតបែបស្រពិចស្រពិលអំពីព្រះជាម្ចាស់ អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងទង្វើរបស់ទ្រង់ប៉ុណ្ណោះ គឺពួកគេខ្វះការយល់ដឹងដ៏ពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សត្រូវបានគេប្រាប់អំពីទង្វើរបស់ទ្រង់ និងកិច្ចការដែលទ្រង់បានធ្វើ នោះពួកគេអាចយល់ និងជ្រាបអំពីគោលការណ៍នៃអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយពួកគេអាចទទួលបានការយល់ដឹងអំពីកិច្ចការនោះ ហើយចូលមកកាន់តែជិតកិច្ចការនោះ តើមិនមែនបែបហ្នឹងទេឬ? ទោះបីជានៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានទ្រឹស្តី គោលការណ៍ និងក្រឹត្យវិន័យដ៏ស្មុគស្មាញគ្រប់ប្រភេទក៏ដោយ នៅពេលដែលទ្រង់ធ្វើអ្វីមួយ ដូចជាការបង្កើត និងការត្រួតត្រាលើរបស់សព្វសារពើក្ដី តើវាមិនអាចទៅរួចសម្រាប់អ្នកទេឬអី ក្នុងការទទួលបានការយល់ដឹងនៅក្នុងចិត្តរបស់អ្នករាល់គ្នាថា ទាំងនេះគឺជាទង្វើរបស់ព្រះជាម្ចាស់ ហើយទង្វើទាំងនេះគឺជាការពិត ដោយគ្រាន់តែតាមរយៈការឲ្យអ្នករាល់គ្នាសិក្សាផ្នែកមួយរបស់វានៅក្នុងការប្រកបគ្នានោះ? (ត្រូវហើយ)។ បន្ទាប់មក តើការយល់ដឹងបច្ចុប្បន្នរបស់អ្នកអំពីព្រះជាម្ចាស់ខុសពីមុនយ៉ាងដូចម្តេច? វាខុសគ្នានៅក្នុងសារជាតិរបស់វា។ ពីមុន ការយល់ដឹងរបស់អ្នកគឺប្រហោងធ្លុង ហើយស្រពិចស្រពិលណាស់ ប៉ុន្តែពេលនេះ ការយល់ដឹងរបស់អ្នកមានតម្លៃនៃភស្តុតាងដ៏រឹងមាំមួយ ដើម្បីផ្គូរផ្គងជាមួយទង្វើរបស់ព្រះជាម្ចាស់ ដើម្បីផ្គូរផ្គងជាមួយកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ និងអ្វីជាទ្រង់។ ដូច្នេះហើយ គ្រប់យ៉ាងដែលខ្ញុំបាននិយាយគឺជាសម្ភារៈអប់រំដ៏អស្ចារ្យសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់បង្កើត សោយរាជ្យ និងគ្រប់គ្រងលើរបស់សព្វសារពើសម្រាប់ជាការរស់រានរបស់មនុស្សជាតិ

រឿងទាំងពីរដែលខ្ញុំទើបតែនិទាននេះ ទោះជាមានខ្លឹមសារ និងលក្ខណៈបង្ហាញមិនធម្មតាបន្តិចក្ដី ព្រោះតែវាត្រូវបាននិទានតាមរបៀបដែលពិសេសបន្តិច...

ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ...

ព្រះជាម្ចាស់គូសព្រំដែនសម្រាប់សត្វស្លាបផ្សេងៗ និងសត្វព្រៃ សត្វត្រី សត្វល្អិត និងរុក្ខជាតិទាំងអស់

ដោយសារតែព្រំដែនដែលព្រះជាម្ចាស់បានគូរទាំងនេះ ទើបលក្ខណៈភូមិសាស្ត្រនានាបានបង្កើតបរិស្ថានសម្រាប់ការរស់នៅផ្សេងៗគ្នា...

Leave a Reply