រឿងទី ១ គ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស

24-02-2021

ថ្ងៃនេះ ខ្ញុំនឹងប្រកបអំពីប្រធានបទថ្មីជាមួយអ្នករាល់គ្នា។ តើប្រធានបទនេះនិយាយអំពីអ្វី? ចំណងជើងរបស់វាគឺ៖ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។» តើប្រធានបទនេះស្ដាប់ទៅរាងធំបន្តិចហើយមែនទេ? តើមានអារម្មណ៍ថា ហួសសមត្ថភាពរបស់អ្នករាល់គ្នាមែនទេ? «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ប្រធានបទនេះអាចធ្វើឲ្យមនុស្សចាប់អារម្មណ៍ថា ដូចជាឆ្ងាយបន្តិចហើយ ប៉ុន្តែអស់អ្នកដែលដើរតាមព្រះជាម្ចាស់ ត្រូវតែយល់ ពីព្រោះវាត្រូវបានផ្សារភ្ជាប់ដោយមិនអាចកាត់ផ្ដាច់បានទៅនឹងការស្គាល់ព្រះជាម្ចាស់របស់មនុស្សម្នាក់ៗ និងលក្ខណៈរបស់ពួកគេ ដែលអាចបំពេញព្រះហឫទ័យ និងគោរពព្រះជាម្ចាស់បាន។ ដូច្នោះហើយទើបខ្ញុំនឹងប្រកបអំពីប្រធានបទនេះ។ វាពិតជាអាចទៅរួចដែលថា មនុស្សមានការយល់ដឹងសាមញ្ញជាមុនទៅហើយអំពីប្រធានបទនេះ ឬក៏ប្រហែលជាពួកគេបានដឹងអំពីប្រធានបទនេះក្នុងកម្រិតណាមួយ។ នៅក្នុងចិត្តគំនិតរបស់មនុស្សមួយចំនួន ចំណេះដឹង ឬការដឹងនេះ អាចអមមកជាមួយនូវការយល់ដឹងសាមញ្ញ ឬក្នុងកម្រិតសើៗ។ អ្នកផ្សេងទៀតអាចមានបទពិសោនធន៍ពិសេសមួយចំនួននៅក្នុងដួងចិត្តរបស់ពួកគេ ដែលបាននាំពួកគេទៅរកការប្រឈមមុខដោយផ្ទាល់ និងស៊ីជម្រៅជាមួយនឹងប្រធានបទនេះ។ ប៉ុន្តែចំណេះដឹងពីមុនបែបនេះ មិនថាជ្រៅជ្រះ ឬស្ដួចស្ដើងនោះទេ វាមានលក្ខណៈតែម្ខាង ហើយគ្មានលក្ខណៈជាក់លាក់គ្រប់គ្រាន់ទេ។ ដូច្នេះ នេះហើយជាមូលហេតុដែលខ្ញុំបានជ្រើសរើសប្រធានបទនេះសម្រាប់ការប្រកបគ្នា៖ ដើម្បីជួយអ្នករាល់គ្នាឲ្យទៅដល់កម្រិតយល់ដឹងដែលកាន់តែស៊ីជម្រៅ និងកាន់តែជាក់លាក់។ ខ្ញុំនឹងប្រើវិធីសាស្ត្រពិសេសមួយដើម្បីប្រកបជាមួយអ្នករាល់គ្នាអំពីប្រធានបទនេះ ជាវិធីសាស្ត្រដែលយើងមិនធ្លាប់ប្រើពីមុនមកទេ ជាវិធីសាស្ត្រមួយដែលអ្នករាល់គ្នាអាចនឹងយល់ថាចម្លែកបន្តិច ឬមិនសូវស្រួល។ អ្នករាល់គ្នានឹងដឹងពីអ្វីដែលខ្ញុំចង់និយាយនៅពេលបន្ទាប់ទៀត។ តើអ្នករាល់គ្នាចូលចិត្តរឿងនិទានទេ? (យើងចូលចិត្ត)។ ល្អ ប្រហែលជាការនិទានរឿងជាជម្រើសដ៏ល្អរបស់ខ្ញុំ ដោយសារអ្នករាល់គ្នាសុទ្ធតែចូលចិត្តរឿងខ្លាំងណាស់។ ឥឡូវនេះ ចូរយើងចាប់ផ្តើម។ អ្នករាល់គ្នាមិនចាំបាច់កត់ទុកនោះទេ។ ខ្ញុំសូមឲ្យអ្នករាល់គ្នាស្ងប់ស្ងាត់ និងកុំឆ្លេឆ្លា។ អ្នករាល់គ្នាអាចបិទភ្នែកបានបើសិនជាអ្នកខ្លាចបែកអារម្មណ៍ដោយសារអ្វីៗដែលនៅជុំវិញ ឬមនុស្សដែលនៅជុំវិញអ្នក។ ខ្ញុំមានរឿងដ៏អស្ចារ្យមួយប្រាប់ដល់អ្នករាល់គ្នា។ នេះជារឿងអំពីគ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស។ តើអ្នកណាខ្លះជាតួអង្គសំខាន់ៗនៃរឿងនេះ? (គ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សី និងមនុស្ស)។ តើព្រះជាម្ចាស់ស្ថិតនៅក្នុងចំណោមពួកគេឬទេ? (ទេ)។ ទោះជាដូច្នេះក្ដី ខ្ញុំប្រាកដថា អ្នករាល់គ្នានឹងមានអារម្មណ៍ស្រស់ស្រាយ និងពេញចិត្តភ្លាមនៅពេលដែលអ្នករាល់គ្នាបានស្ដាប់រឿងនេះ។ ឥឡូវ សូមស្ដាប់ដោយស្ងៀមស្ងាត់។

រឿងទី ១ គ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស

មានគ្រាប់ពូជតូចមួយបានធ្លាក់ទៅលើផែនដី។ ភ្លៀងមួយមេយ៉ាងធំបានធ្លាក់ចុះមក ហើយគ្រាប់ពូជនោះក៏ដុះពន្លកខ្ចីចេញមក ឯឫសរបស់វាក៏ចាក់ចូលសន្សឹមៗទៅក្នុងដីខាងក្រោម។ ពន្លកក៏បានដុះខ្ពស់ឡើងៗតាមពេលវេលា ដោយបានស៊ូទ្រាំនឹងខ្យល់កំណាច និងភ្លៀងខ្លាំងនានា ដោយបានឆ្លងកាត់ការផ្លាស់ប្ដូររដូវនានាដូចដំណើរព្រះច័ន្ទម្ដងខ្នើតម្ដងរនោច។ នៅរដូវក្តៅ ផែនដីនាំយកទឹកមកជាអំណោយ ដើម្បីឲ្យពន្លកអាចស៊ូទ្រាំនឹងកម្ដៅរោលរាលនៃរដូវនេះបាន។ ហើយដោយសារតែផែនដី កម្ដៅផ្ចាញ់ពន្លកមិនបានទេ ដូច្នេះហើយកម្ដៅដ៏អាក្រក់បំផុតនៃរដូវក្ដៅនេះក៏បានកន្លងផុតទៅ។ នៅពេលរដូវរងារមកដល់ ផែនដីបានហ៊ុមព័ទ្ធពន្លកនៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់ខ្លួន ហើយផែនដី និងពន្លកបានកាន់ដៃគ្នាទៅវិញទៅមកយ៉ាងជាប់។ ផែនដីបានផ្ដល់កម្ដៅឲ្យពន្លក ដូច្នេះហើយវាបានរួចជីវិតពីភាពត្រជាក់យ៉ាងខ្លាំងនៃរដូវនេះ និងមិនរងគ្រោះដោយសារព្យុះព្រិល និងព្យុះនៃរដូវរងារ។ ដោយបានទទួលជម្រកពីផែនដី ពន្លកនេះបានដុះលូតលាស់យ៉ាងអង់អាច និងរីករាយ ហើយដោយបានផែនដីចិញ្ចឹមបីបាច់ដោយមិនគិតពីខ្លួនអ្នក ពន្លកនេះក៏បានដុះលូតលាស់យ៉ាងល្អ និងរឹងមាំ។ វាបានដុះឡើងយ៉ាងរីករាយ ដោយច្រៀងក្នុងពេលភ្លៀង ហើយរាំ និងយោលយោគតាមខ្យល់។ ពន្លក និងផែនដីពឹងផ្អែកគ្នាទៅវិញទៅមក...

(Source: Fotolia)

ច្រើនឆ្នាំកន្លងផុតទៅ ពន្លកបានដុះទៅជាដើមឈើដ៏ខ្ពស់ត្រដែតមួយ។ វាឈរយ៉ាងរឹងមាំនៅលើផែនដី ដោយមានមែកមាំ និងស្លឹករាប់មិនអស់នៅតាមចុងមែក។ ឫសរបស់ដើមឈើនេះនៅតែចាក់ចូលក្នុងផែនដីដូចពីមុន ហើយឥឡូវនេះ ពួកវាបានចាក់ចូលយ៉ាងជ្រៅទៅក្នុងដីខាងក្រោម។ ផែនដីដែលធ្លាប់ការពារពន្លកដ៏តូចមួយ ឥឡូវនេះគឺជាគ្រឹះសម្រាប់ដើមឈើដ៏ធំសម្បើមមួយ។

កាំរស្មីព្រះអាទិត្យបានចាំងមកលើដើមឈើនេះ។ ដើមឈើនេះបានយោលយោគខ្លួនរបស់វា ហើយសន្ធឹងដៃរបស់វាចេញយ៉ាងធំ រួចដកដង្ហើមវែងៗស្រូបយកខ្យល់ដែលទទួលពន្លឺពីព្រះអាទិត្យ។ ដីនៅខាងក្រោមបានដកដង្ហើមស្របពេលជាមួយនឹងដើមឈើ ហើយផែនដីមានអារម្មណ៍ល្អឡើងវិញ។ ស្រាប់តែពេលនោះ ខ្យល់រំភើយបរិសុទ្ធបានបក់ចេញពីមែកឈើ ហើយដើមឈើញាប់ញ័រក្នុងក្ដីរីករាយ ដោយរេរាំប្រកបដោយថាមពល។ ដើមឈើ និងពន្លឺព្រះអាទិត្យពឹងផ្អែកគ្នាទៅវិញទៅមក...

មនុស្សបានអង្គុយក្រោមម្លប់ដ៏ត្រជាក់របស់ដើមឈើ ហើយរីករាយទទួលនូវខ្យល់ដ៏ត្រជាក់ និងក្រអូប។ ខ្យល់បានសម្អាតបេះដូង និងសួតរបស់ពួកគេ ហើយវាបានសម្អាតឈាមនៅក្នុងខ្លួនពួកគេ រីឯរាងកាយរបស់ពួកគេលែងស្រយុតស្រយង់ ឬតឹងតែងទៀតហើយ។ មនុស្ស និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក...

ហ្វូងបក្សាបក្សីតូចៗយំចេចចាចបានចុះទំលើមែកឈើនោះ។ ប្រហែលជាពួកវាបានទំនៅទីនោះដើម្បីគេចពីសត្វរំពា ឬដើម្បីបង្កាត់ពូជ និងចិញ្ចឹមកូនៗរបស់ពួកវា ឬប្រហែលជាពួកវាកំពុងតែសម្រាកមួយរយៈ។ បក្សាបក្សី និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក...

ឫសរបស់ដើមឈើរមួល និងប្រទាក់គ្នា ហើយចាក់ជ្រៅចូលទៅក្នុងផែនដី។ តាមរយៈដើមរបស់វា វាបានការពារផែនដីពីខ្យល់ និងភ្លៀង ហើយវាបានសន្ធឹងជើងរបស់វាដើម្បីការពារផែនដីដែលនៅក្រោមបាតជើងរបស់វា។ ដើមឈើធ្វើដូច្នេះ ពីព្រោះផែនដីគឺជាម្ដាយរបស់វា។ ពួកវាពង្រឹងគ្នាទៅវិញទៅមក និងពឹងអាស្រ័យគ្នាទៅវិញទៅមក ហើយពួកវានឹងមិនបែកពីគ្នាឡើយ...

ហើយដូច្នេះ រឿងនេះចប់ហើយ។ រឿងដែលខ្ញុំបាននិទាននេះនិយាយអំពីគ្រាប់ពូជ ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស។ វាមានត្រឹមតែពីរបីឈុតឆាកប៉ុណ្ណោះ។ តើវាបន្សល់ទុកឲ្យអ្នករាល់គ្នានូវអារម្មណ៍ដូចម្ដេច? នៅពេលខ្ញុំមានបន្ទូលបែបនេះ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំកំពុងមានបន្ទូលឬទេ? (យើងយល់)។ សូមនិយាយអំពីអារម្មណ៍របស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្តេច បន្ទាប់ពីបានស្ដាប់រឿងនេះ? ដំបូង ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា តួអង្គទាំងអស់នៅក្នុងរឿងនេះគឺយើងអាចមើលឃើញ និងប៉ះបាន ព្រោះជាអ្វីដែលមានពិត មិនមែនជាការប្រៀបធៀបទេ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាពិចារណានូវអ្វីដែលខ្ញុំបានមានបន្ទូល។ មិនមានអ្វីដែលពិបាកយល់នៅក្នុងរឿងរបស់ខ្ញុំទេ ហើយចំណុចសំខាន់ៗរបស់វាអាចត្រូវបានបង្ហាញដោយពីរបីល្បះចេញពីរឿងនេះ។ (រឿងដែលយើងបានស្ដាប់គូរចេញជារូបភាពដ៏ស្រស់ស្អាតមួយ៖ គ្រាប់ពូជមួយប្រែជាមានជីវិត ហើយពេលវាលូតលាស់ វាឆ្លងកាត់រដូវកាលទាំងបួននៃឆ្នាំ៖ រដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ។ ផែនដីចិញ្ចឹមបីបាច់គ្រាប់ពូជដែលកំពុងដុះពន្លកប្រៀបដូចជាម្ដាយម្នាក់។ វាផ្ដល់ភាពកក់ក្ដៅដល់ពន្លកនៅក្នុងរដូវរងារ ដើម្បីឲ្យពន្លកអាចរួចជីវិតពីភាពត្រជាក់។ បន្ទាប់ពីពន្លកបានដុះទៅជាដើមឈើ កាំរស្មីព្រះអាទិត្យក៏ប៉ះមែករបស់វា ដែលធ្វើឲ្យវារីករាយយ៉ាងខ្លាំង។ ខ្ញុំឃើញថា ក្នុងចំណោមការបង្កើតដ៏ច្រើនអនេករបស់ព្រះជាម្ចាស់ ផែនដីក៏មានជីវិតដែរ ហើយវា និងដើមឈើពឹងផ្អែកគ្នាទៅវិញទៅមក។ ខ្ញុំក៏ឃើញពីភាពកក់ក្ដៅដ៏អស្ចារ្យដែលពន្លឺព្រះអាទិត្យផ្ដល់ឲ្យដើមឈើ ហើយខ្ញុំឃើញបក្សាបក្សី ទោះជាពួកវាជាសត្វធម្មតាក្ដី ក៏ពួកវាមករួមគ្នាជាមួយដើមឈើ និងមនុស្សក្នុងរូបភាពនៃភាពសុខដុមដ៏ល្អឥតខ្ចោះមួយ។ ទាំងនេះជាអារម្មណ៍ដែលខ្ញុំមាននៅក្នុងដួងចិត្តរបស់ខ្ញុំនៅពេលខ្ញុំបានស្ដាប់រឿងនេះ ខ្ញុំដឹងថា ភាវៈទាំងអស់នេះពិតជាមានជីវិតមែន)។ និយាយបានល្អ! តើមានអ្នកណាមានអ្វីទៀតបន្ថែមទេ? (នៅក្នុងរឿងដែលនិយាយអំពីគ្រាប់ពូជដែលដុះពន្លក និងលូតលាស់ទៅជាដើមឈើដ៏ខ្ពស់ត្រដែតមួយនេះ ខ្ញុំឃើញពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់។ ខ្ញុំឃើញថា ព្រះជាម្ចាស់ធ្វើឲ្យរបស់សព្វសារពើពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមក ហើយឃើញថា របស់សព្វសារពើផ្សារភ្ជាប់គ្នា និងបម្រើគ្នាទៅវិញទៅមក។ ខ្ញុំឃើញប្រាជ្ញានៃព្រះជាម្ចាស់ ភាពអស្ចារ្យរបស់ទ្រង់ ហើយខ្ញុំឃើញថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ)។

អ្វីគ្រប់យ៉ាងដែលខ្ញុំទើបតែមានបន្ទូល ជាអ្វីមួយដែលអ្នករាល់គ្នាធ្លាប់ឃើញពីមុនមក។ ឧទាហរណ៍ គ្រាប់ពូជ ពួកវាដុះទៅជាដើមឈើ ហើយទោះបីជាអ្នកមិនអាចឃើញដំណើរការនេះបានលម្អិតគ្រប់យ៉ាងក្ដី ក៏អ្នកដឹងថាវាកើតឡើងមែនដែរ មែនទេ? អ្នកក៏ដឹងដែរអំពីផែនដី និងពន្លឺព្រះអាទិត្យ។ រូបភាពបក្សាបក្សីទំលើដើមឈើជាអ្វីដែលគ្រប់គ្នាធ្លាប់ឃើញហើយ មែនទេ? ហើយរូបភាពអំពីមនុស្សជ្រកក្រោមម្លប់នៃដើមឈើ ជាអ្វីដែលអ្នករាល់គ្នាសុទ្ធតែធ្លាប់ឃើញ មែនទេ? (មែន)។ ដូច្នេះ នៅពេលដែលភាវៈទាំងអស់នេះស្ថិតនៅក្នុងរូបភាពតែមួយ តើរូបភាពនោះបង្កើតឲ្យមានអារម្មណ៍ដូចម្តេច? (អារម្មណ៍នៃភាពសុខដុម)។ តើវត្ថុនីមួយៗនៅក្នុងរូពភាពនេះបានមកពីព្រះជាម្ចាស់មែនទេ? (មែន)។ ដោយសារទាំងនេះសុទ្ធតែចេញមកពីព្រះជាម្ចាស់ ព្រះជាម្ចាស់ជ្រាបដឹងអំពីតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់ផែនដីចំពោះភាវៈទាំងអស់នេះ។ នៅពេលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានធ្វើផែនការ និងបានបង្កើតភាវៈនីមួយៗមក គឺទ្រង់បានធ្វើដូច្នេះដោយមានចេតនា ហើយនៅពេលដែលទ្រង់បានបង្កើតភាវៈទាំងនោះ ភាវៈនីមួយៗពោរពេញទៅដោយជីវិត។ បរិស្ថានដែលទ្រង់បានបង្កើតសម្រាប់អត្ថិភាពនៃមនុស្សជាតិ ដូចទើបបានរៀបរាប់នៅក្នុងរឿងរបស់យើង ជាកន្លែងមួយដែលគ្រាប់ពូជ និងផែនដីពឹងផ្អែកគ្នាទៅវិញទៅមក ដែលផែនដីអាចចិញ្ចឹមបីបាច់គ្រាប់ពូជ ហើយគ្រាប់ពូជត្រូវបានចងសម្ព័ន្ធជាមួយនឹងផែនដី។ ទំនាក់ទំនងនេះត្រូវបានកំណត់វាសនាដោយព្រះជាម្ចាស់តាំងតែពីដើមដំបូងនៃការបង្កើតរបស់ទ្រង់។ ឈុតឆាកអំពីដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស ជាការពណ៌នាអំពីបរិស្ថានមានជីវិតដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មមនុស្សជាតិ។ ជាបឋម ដើមឈើមិនអាចចាកចេញពីផែនដីបានឡើយ ហើយវាក៏មិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានដែរ។ ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតដើមឈើ? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែផែនដី? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែបក្សាបក្សី? តើយើងអាចនិយាយបានទេថា វាមានន័យសម្រាប់តែមនុស្ស? (ទេ)។ តើអ្វីជាទំនាក់ទំនងរវាងរបស់ទាំងអស់នេះ? ទំនាក់ទំនងរវាងពួកវាជាទំនាក់ទំនងមួយក្នុងចំណោមការពង្រឹងគ្នាទៅវិញទៅមក ពឹងពាក់គ្នាទៅវិញទៅមក និងភាពមិនអាចផ្ដាច់ចេញពីគ្នាបាន។ និយាយឲ្យចំគឺថា ផែនដី ដើមឈើ ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្ស ពឹងអាស្រ័យគ្នាទៅវិញទៅមកដើម្បីអត្ថិភាព និងចិញ្ចឹមបីបាច់គ្នាទៅវិញទៅមក។ ដើមឈើការពារផែនដី ហើយផែនដីចិញ្ចឹមបីបាច់ដើមឈើ ឯពន្លឺព្រះអាទិត្យផ្គត់ផ្គង់ដល់ដើមឈើ ខណៈដើមឈើទទួលខ្យល់បរិសុទ្ធពីពន្លឺព្រះអាទិត្យ និងបន្ថយកម្ដៅរោលរាលនៃព្រះអាទិត្យមកលើផែនដី។ តើចុងក្រោយអ្នកណាទទួលអត្ថប្រយោជន៍ពីការនេះ? គឺមនុស្សជាតិ មែនទេ? នេះជាគោលការណ៍មួយដែលជាមូលដ្ឋាននៃបរិស្ថានដែលមនុស្សជាតិរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតមក នេះហើយជារបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានតាំងតែពីដំបូង។ ទោះបីជារូបភាពនេះជារូបភាពដ៏សាមញ្ញមួយក្ដី ក៏យើងអាចមើលឃើញប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងនេះដែរ។ មនុស្សជាតិមិនអាចរស់នៅដោយគ្មានផែនដី ឬដោយគ្មានដើមឈើបានទេ ហើយរឹតតែមិនអាចគ្មានបក្សាបក្សី និងពន្លឺព្រះអាទិត្យទៅទៀត។ តើមិនអ៊ីចឹងទេឬ? ទោះបីនេះគ្រាន់តែជារឿងមួយក៏ដោយ ក៏អ្វីៗដែលវាពណ៌នាគឺជាអតិសុខុមលោកនៃការបង្កើតរបស់ព្រះជាម្ចាស់នូវផ្ទៃមេឃ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងបរិស្ថានដែលជាអំណោយរបស់ទ្រង់សម្រាប់មនុស្សជាតិអាចរស់នៅបាន។

ផ្ទែមេឃ និងផែនដី និងរបស់សព្វសារពើ ព្រមទាំងបរិស្ថាន សុទ្ធតែត្រូវបានព្រះជាម្ចាស់បង្កើតឡើងសម្រាប់ឲ្យមនុស្សជាតិរស់នៅ។ ជាបឋម ចំណុចសំខាន់នៃរឿងរបស់យើងបានបង្ហាញពីការពង្រឹងគ្នាទៅវិញទៅមក ការពឹងពាក់គ្នាទៅវិញទៅមក និងសហត្ថិភាពនៃរបស់សព្វសារពើ។ ក្រោមគោលការណ៍នេះ បរិស្ថានសម្រាប់អត្ថិភាពរបស់មនុស្សត្រូវបានការពារ វាអាចមានអត្ថិភាព និងស្ថិតស្ថេរ។ ដោយហេតុនេះហើយទើបមនុស្សជាតិអាចចម្រើនលូតលាស់ និងបង្កើតកូនចៅបាន។ រូបភាពដែលយើងបានឃើញជារូបភាពនៃដើមឈើ ផែនដី ពន្លឺព្រះអាទិត្យ បក្សាបក្សី និងមនុស្សរួមជាមួយគ្នា។ តើព្រះជាម្ចាស់នៅក្នុងរូបភាពនេះឬទេ? គ្មានអ្នកណាឃើញទ្រង់ទេ ត្រូវទេ? ប៉ុន្តែគ្រប់គ្នាបានឃើញវិន័យនៃការពង្រឹងគ្នាទៅវិញទៅមក និងការពឹងពាក់គ្នាទៅវិញទៅមករវាងអ្វីៗនៅក្នុងឈុតឆាកនេះ ហើយនៅក្នុងវិន័យនេះ គ្រប់គ្នាអាចឃើញអត្ថិភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើគោលការណ៍បែបនេះ និងវិន័យបែបនេះដើម្បីរក្សាជីវិត និងអត្ថិភាពនៃរបស់សព្វសារពើ។ តាមរបៀបនេះ ទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើ និងដល់មនុស្សជាតិ។ តើរឿងនេះបានផ្សារភ្ជាប់ទៅនឹងប្រធានរឿងចម្បងរបស់យើងដែរឬទេ? មើលពីក្រៅ វាហាក់ដូចជាមិនមែន ប៉ុន្តែក្នុងភាពភាពជាក់ស្ដែង វិន័យដែលព្រះជាម្ចាស់បានបង្កើតឲ្យមានជាមួយរបស់សព្វសារពើ និងភាពជាម្ចាស់របស់ទ្រង់លើរបស់សព្វសារពើ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងលក្ខណៈរបស់ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ ការពិតទាំងនេះមិនអាចផ្ដាច់ចេញពីគ្នាបានឡើយ។ ឥឡូវនេះអ្នករាល់គ្នាកំពុងតែចាប់ផ្ដើមរៀនអំពីអ្វីមួយហើយ!

ព្រះជាម្ចាស់ចេញវិន័យដែលគ្រប់គ្រងការប្រព្រឹត្តទៅនៃរបស់សព្វសារពើ ទ្រង់ចេញវិន័យដែលគ្រប់គ្រងការរស់រាននៃរបស់សព្វសារពើ ទ្រង់គ្រប់គ្រងរបស់សព្វសារពើ ហើយកំណត់ឲ្យពួកវាពង្រឹងគ្នា និងពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីកុំឲ្យពួកវាវិនាស ឬបាត់បង់ទៅ។ មានតែដូច្នេះទេ ទើបមនុស្សជាតិអាចរស់នៅបាន មានតែដូច្នេះទេ ទើបពួកគេអាចរស់នៅក្រោមការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងបរិស្ថានបែបនេះ។ ព្រះជាម្ចាស់គឺជាម្ចាស់នៃវិន័យនៃការប្រព្រឹត្តទៅទាំងនេះ ហើយគ្មាននរណាម្នាក់អាចបង្អាក់ ឬអាចផ្លាស់ប្ដូរវិន័យទាំងនេះបានទេ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលជ្រាបដឹងអំពីវិន័យទាំងនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេដែលគ្រប់គ្រងលើពួកវា។ ពេលណាដែលដើមឈើនឹងដុះពន្លក ពេលណាដែលវានឹងភ្លៀង ទឹក និងសារធាតុចិញ្ចឹមប៉ុន្មានដែលផែនដីនឹងផ្ដល់ឲ្យដើមឈើ រដូវណាដែលស្លឹកឈើនឹងជ្រុះ រដូវណាដែលដើមឈើនឹងមានផ្លែ សារធាតុចិញ្ចឹមប៉ុន្មានដែលពន្លឺព្រះអាទិត្យនឹងផ្ដល់ឲ្យដើមឈើ អ្វីដែលដើមឈើដកដង្ហើមបញ្ចេញក្រោយពេលទទួលការចិញ្ចឹមពីពន្លឺព្រះអាទិត្យ អ្វីៗទាំងអស់នេះសុទ្ធតែត្រូវបានកំណត់ជាមុនដោយព្រះជាម្ចាស់នៅពេលដែលព្រះអង្គបង្កើតរបស់សព្វសារពើ ពោលគឺជាវិន័យដែលគ្មានអ្នកណាអាចរំលោភបានឡើយ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើត មិនថាមានជីវិត ឬគ្មានជីវិតនៅក្នុងកែវភ្នែករបស់មនុស្ស សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ទ្រង់ ជាកន្លែងដែលទ្រង់គ្រប់គ្រងពួកវា និងសោយរាជ្យលើពួកវា។ គ្មាននរណាអាចផ្លាស់ប្ដូរ ឬរំលោភវិន័យទាំងនេះបានឡើយ។ និយាយឲ្យចំគឺថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុនថា បើគ្មានផែនដីទេ ដើមឈើមិនអាចចាក់ឫស ដុះពន្លក និងលូតលាស់បានឡើយ ហើយថា បើផែនដីគ្មានដើមឈើទេ នោះវានឹងស្ងួតហែង ព្រមទាំងថា ដើមឈើគួរតែក្លាយជាផ្ទះរបស់បក្សាបក្សី និងជាកន្លែងដែលពួកវាអាចជ្រកគេចពីខ្យល់បាន។ តើដើមឈើអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យបានទេ? (ទេ)។ ហើយវាក៏មិនអាចរស់នៅជាមួយតែផែនដីបានដែរ។ អ្វីៗទាំងអស់នេះគឺសុទ្ធតែសម្រាប់មនុស្សជាតិ សម្រាប់ការរស់រានរបស់មនុស្សជាតិ។ មនុស្សទទួលខ្យល់បរិសុទ្ធពីដើមឈើ ហើយមនុស្សរស់នៅលើផែនដី ដែលត្រូវបានការពារដោយដើមឈើ។ មនុស្សមិនអាចរស់នៅដោយគ្មានពន្លឺព្រះអាទិត្យ ឬភាវរស់ផ្សេងៗបានទេ។ ទោះបីជាទំនាក់ទំនងទាំងនេះស្មុគស្មាញក៏ដោយ ក៏អ្នកត្រូវតែចាំថា ព្រះជាម្ចាស់បានបង្កើតវិន័យដែលគ្រប់គ្រង់លើរបស់សព្វសារពើដើម្បីឲ្យពួកវាអាចពង្រឹងគ្នាទៅវិញទៅមក ពឹងផ្អែកគ្នាទៅវិញទៅមក និងមានអត្ថិភាពជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា រាល់ភាវៈនីមួយៗដែលទ្រង់បានបង្កើតគឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់។ បើព្រះជាម្ចាស់បានបង្កើតអ្វីមួយដែលគ្មានសារៈសំខាន់ នោះព្រះជាម្ចាស់នឹងធ្វើឲ្យវាបាត់បង់ទៅវិញ។ នេះជាវិធីសាស្ត្រមួយដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ។ តើពាក្យ «ផ្គត់ផ្គង់ដល់» សំដៅទៅលើអ្វីនៅក្នុងរឿងនេះ? តើព្រះជាម្ចាស់ស្រោចទឹកឲ្យដើមឈើរាល់ថ្ងៃឬទេ? តើដើមឈើត្រូវការជំនួយពីព្រះជាម្ចាស់ដើម្បីដកដង្ហើមឬទេ? (ទេ)។ «ផ្គត់ផ្គង់ដល់» នៅទីនេះសំដៅទៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើក្រោយពេលបង្កើតពួកវា ហើយវាសមល្មមសម្រាប់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងពួកវា បន្ទាប់ពីបានបង្កើតវិន័យដែលត្រួតត្រាពួកវា។ នៅពេលដែលគ្រាប់ពូជត្រូវបានដាំនៅលើផែនដី ដើមឈើដុះដោយខ្លួនអ្នក។ លក្ខខណ្ឌសម្រាប់ការដុះលូតលាស់របស់វាត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ទាំងអស់។ ព្រះជាម្ចាស់បានបង្កើតពន្លឺព្រះអាទិត្យ ទឹក ដី ខ្យល់ និងបរិស្ថានជុំវិញ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ សន្សើម ព្រិល និងភ្លៀង ព្រមទាំងរដូវកាលទាំងបួន។ ទាំងនេះជាលក្ខខណ្ឌដែលដើមឈើត្រូវការដើម្បីដុះលូតលាស់ ហើយទាំងនេះជាអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឡើង។ ដូច្នេះ តើព្រះជាម្ចាស់ជាប្រភពនៃបរិស្ថានរស់នៅនេះមែនឬទេ? (មែន)។ តើព្រះជាម្ចាស់ត្រូវរាប់ស្លឹកឈើនីមួយៗនៅលើដើមឈើរាល់ថ្ងៃឬទេ? ទេ! ហើយព្រះជាម្ចាស់ក៏មិនចាំបាច់ជួយដើមឈើក្នុងការដកដង្ហើម ឬដាស់ពន្លឺព្រះអាទិត្យរាល់ថ្ងៃ ដោយមានបន្ទូលថា «ដល់ពេលបញ្ចេញពន្លឺទៅលើដើមឈើហើយ» នោះដែរ។ ទ្រង់មិនចាំបាច់ធ្វើដូច្នោះទេ។ ពន្លឺព្រះអាទិត្យបញ្ចេញពន្លឺដោយខ្លួនអ្នកនៅពេលដល់ពេលវាបញ្ចេញពន្លឺ ស្របតាមវិន័យ ហើយវាលេចមក និងបញ្ចេញពន្លឺមកលើដើមឈើ ឯដើមឈើស្រូបយកពន្លឺព្រះអាទិត្យនៅពេលវាត្រូវការ ហើយនៅពេលវាមិនត្រូវការ ដើមឈើនៅតែរស់នៅតាមវិន័យដដែល។ អ្នករាល់គ្នាប្រហែលជាមិនអាចពន្យល់ពីបាតុភូតនេះឲ្យបានច្បាស់លាស់ទេ ប៉ុន្តែទោះយ៉ាងណា វាជាការពិតដែលគ្រប់គ្នាអាចមើលឃើញ និងទទួលស្គាល់។ អ្វីដែលអ្នកត្រូវធ្វើគឺទទួលស្គាល់ថា វិន័យដែលគ្រប់គ្រងអត្ថិភាពនៃរបស់សព្វសារពើបានមកពីព្រះជាម្ចាស់ ហើយដឹងថា ព្រះជាម្ចាស់មានអំណាចត្រួតត្រាលើការលូតលាស់ និងការរស់រាននៃរបស់សព្វសារពើ។

ឥឡូវនេះ តើរឿងនេះមានអ្វីដែលមនុស្សសំដៅទៅលើ ជា «ពាក្យប្រៀបធៀប» ឬទេ? តើវាជាបដិរូបកម្មឬ? (ទេ)។ ខ្ញុំបាននិទានប្រាប់នូវរឿងពិត។ ភាវៈមានជីវិតគ្រប់ប្រភេទ អ្វីគ្រប់យ៉ាងដែលមានជីវិត ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ ហើយភាវៈមានជីវិតនីមួយៗត្រូវបានព្រះជាម្ចាស់បំពេញទៅដោយជីវិតនៅពេលវាត្រូវបានបង្កើតឡើង ដូច្នេះជីវិតនៃរបស់សព្វសារពើដែលមានជីវិត សុទ្ធតែបានមកពីព្រះជាម្ចាស់ ហើយធ្វើដំណើរតាមគន្លង និងច្បាប់ដែលដឹកនាំវា។ វាមិនត្រូវការឲ្យមនុស្សកែប្រែវាទេ ហើយក៏មិនត្រូវការជំនួយពីមនុស្សដែរ វាជាផ្លូវមួយដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ។ អ្នកយល់ហើយ មែនទេ? តើអ្នករាល់គ្នាគិតថា មនុស្សចាំបាច់ទទួលស្គាល់ការនេះឬទេ? (ចាំបាច់)។ ដូច្នេះតើរឿងនេះមានអ្វីទាក់ទងនឹងជីវវិទ្យាឬទេ? តើវាទាក់ទងតាមរៀបណាមួយទៅនឹងវិស័យណាមួយនៃចំណេះដឹង ឬមែកធាងណាមួយនៃការសិក្សាឬទេ? យើងមិនមែនកំពុងពិភាក្សាគ្នាអំពីជីវវិទ្យាទេ ហើយយើងពិតជាមិនមែនកំពុងធ្វើការស្រាវជ្រាវខាងជីវវិទ្យានោះដែរ។ តើអ្វីជាគំនិតសំខាន់នៃការពិភាក្សារបស់យើង? (ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ)។ តើអ្នករាល់គ្នាបានឃើញអ្វីខ្លះនៅក្នុងការបង្កើត? តើអ្នកបានឃើញដើមឈើទេ? តើអ្នកបានឃើញផែនដីទេ? (ឃើញ)។ អ្នកបានឃើញពន្លឺព្រះអាទិត្យ មែនទេ? តើអ្នកបានឃើញបក្សាបក្សីទំលើដើមឈើទេ? (យើងបានឃើញ)។ តើមនុស្សជាតិរីករាយនឹងរស់នៅក្នុងបរិស្ថានបែបនោះឬទេ? (រីករាយ)។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ប្រើរបស់សព្វសារពើ (អ្វីៗដែលទ្រង់បានបង្កើត) ដើម្បីរក្សា និងការពារផ្ទះរបស់មនុស្សជាតិ និងបរិស្ថានជីវិតរបស់ពួកគេ។ តាមរបៀបនេះ ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិ និងដល់របស់សព្វសារពើ។

តើអ្នករាល់គ្នាចូលចិត្តដូចម្ដេចដែរចំពោះរបៀបនៃការពិភាក្សានេះ ឬវិធីដែលខ្ញុំកំពុងធ្វើការប្រកបនេះ? (វាងាយស្រួលយល់ទេ ហើយមានឧទារហ៍ក្នុងជីវិតជាក់ស្ដែងជាច្រើន)។ ខ្ញុំមិនមែននិយាយពាក្យឥតខ្លឹមសារទេ មែនទេ? តើមនុស្សត្រូវការរឿងនេះដើម្បីយល់ថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើឬទេ? (ត្រូវការ)។ បើដូច្នេះ ចូរយើងបន្តទៅរឿងបន្ទាប់របស់យើងទៀត។ រឿងបន្ទាប់មានខ្លឹមសារខុសគ្នាបន្តិច ហើយការផ្ដោតក៏ខុសគ្នាបន្តិចដែរ។ អ្វីគ្រប់យ៉ាងដែលមាននៅក្នុងរឿងនេះជាអ្វីដែលមនុស្សអាចមើលឃើញដោយភ្នែករបស់ពួកគេចំពោះការបង្កើតរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ខ្ញុំនឹងចាប់ផ្ដើមការនិទានរឿងបន្ទាប់របស់ខ្ញុំ។ សូមស្ដាប់ដោយស្ងៀមស្ងាត់ ហើយគិតមើលថាតើអ្នករាល់គ្នាអាចរកឃើញអត្ថន័យរបស់ខ្ញុំឬអត់។ ពេលនិទានចប់ ខ្ញុំនឹងសួរសំណួរមួយចំនួនទៅអ្នករាល់គ្នាដើម្បីដឹងថាតើអ្នករាល់គ្នារៀនបានអ្វីខ្លះ។ តួអង្គនៅក្នុងរឿងនេះគឺ ភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់បង្កើត សោយរាជ្យ និងគ្រប់គ្រងលើរបស់សព្វសារពើសម្រាប់ជាការរស់រានរបស់មនុស្សជាតិ

រឿងទាំងពីរដែលខ្ញុំទើបតែនិទាននេះ ទោះជាមានខ្លឹមសារ និងលក្ខណៈបង្ហាញមិនធម្មតាបន្តិចក្ដី ព្រោះតែវាត្រូវបាននិទានតាមរបៀបដែលពិសេសបន្តិច...

ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ...

ព្រះជាម្ចាស់ ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព ដើម្បីប្រទានដល់មនុស្សជាតិនូវបរិស្ថានសម្រាប់ការរស់នៅប្រកបដោយស្ថិរភាព

ព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ ហើយនៅក្នុងចំណោមរបស់សព្វសារពើ ទ្រង់ត្រួតត្រា និងគ្រប់គ្រងបញ្ញត្តិនៃរបស់សព្វសារពើ។...

បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—ខ្យល់

ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឲ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាសារធាតុដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន...