អាហារ និងភេសជ្ជៈប្រចាំថ្ងៃដែលព្រះជាម្ចាស់រៀបចំឲ្យមនុស្សជាតិ

24-02-2021

អំបាញ់មិញនេះ យើងបាននិយាយអំពីផ្នែកមួយនៃបរិស្ថានបែបទូទៅ ជាពិសេស លក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្ស ដែលព្រះជាម្ចាស់បានរៀបចំនៅពេលទ្រង់បានបង្កើតពិភពលោក។ យើងបាននិយាយអំពីវត្ថុចំនួនប្រាំ ដែលជាធាតុចំនួនប្រាំនៃបរិស្ថាន។ ប្រធានបទបន្ទាប់ទៀតរបស់យើង ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតនៃរូបកាយរបស់មនុស្ស ហើយវាពាក់ព័ន្ធច្រើនទៅនឹងជីវិតនោះ និងការបំពេញលក្ខខណ្ឌចាំបាច់នានារបស់ជីវិតកាន់តែច្រើនជាងវត្ថុទាំងប្រាំពីមុន។ ពោលគឺ វាជាអាហារដែលមនុស្សបរិភោគ។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយដាក់ពួកគេនៅក្នុងបរិស្ថានដ៏សមស្របមួយសម្រាប់ជីវិត ក្រោយមក មនុស្សត្រូវការអាហារ និងទឹក។ មនុស្សមានតម្រូវការនេះ ដូច្នេះហើយព្រះជាម្ចាស់បានធ្វើការរៀបចំឲ្យត្រូវតាមពួកគេ។ ហេតុដូច្នេះហើយ រាល់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ និងរាល់វត្ថុដែលទ្រង់ធ្វើ មិនមែនជាព្រះបន្ទូលឥតខ្លឹមសារដែលកំពុងតែថ្លែងនោះទេ ប៉ុន្តែជាសកម្មភាពពិតជាក់ស្ដែងដែលកំពុងតែអនុវត្ត។ តើអាហារមិនចាំបាច់ខ្លាំងណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សទេឬ? តើអាហារសំខាន់ខ្លាំងជាងខ្យល់ដែរឬទេ? ពួកវាសំខាន់ដូចគ្នា។ ពួកវាទាំងពីរជាសារធាតុ និងលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិ និងសម្រាប់រក្សាការពារការបន្តជីវិតរបស់មនុស្ស។ តើមួយណាសំខាន់ជាង ខ្យល់ ឬក៏ ទឹក? សីតុណ្ហភាព ឬក៏ អាហារ? ពួកវាទាំងអស់សុទ្ធតែសំខាន់ដូចគ្នា។ មនុស្សមិនអាចជ្រើសយកតែវត្ថុណាមួយរវាងពួកវាបានទេ ព្រោះពួកគេមិនអាចរស់ដោយគ្មានវត្ថុណាមួយបានឡើយ។ នេះជាបញ្ហាពិតជាក់ស្ដែងមួយ មិនមែនគ្រាន់តែជាការជ្រើសរើសរបស់អ្នករវាងវត្ថុទាំងនេះប៉ុណ្ណោះទេ។ អ្នកមិនដឹងទេ តែព្រះជាម្ចាស់ដឹង។ ពេលអ្នកឃើញអាហារ អ្នកគិតថា «ខ្ញុំមិនអាចរស់ដោយគ្មានអាហារបានទេ!» ប៉ុន្តែកាលពីពេលដែលអ្នកទើបតែត្រូវបានបង្កើតមក តើអ្នកបានដឹងទេថា អ្នកត្រូវការអាហារ? អ្នកមិនបានដឹងទេ ប៉ុន្តែព្រះជាម្ចាស់ដឹង។ ទាល់តែដល់ពេលអ្នកឃ្លាន ហើយបានឃើញផ្លែឈើនៅលើដើមឈើ និងឃើញគ្រាប់ធញ្ញជាតិនៅលើដីសម្រាប់ឲ្យអ្នកបរិភោគ ទើបបានអ្នកដឹងថា អ្នកត្រូវការអាហារ។ ទាល់តែដល់ពេលអ្នកស្រេកទឹក ហើយបានឃើញទឹកចេញពីក្រោមដីមក និងទាល់តែអ្នកបានផឹក ទើបអ្នកបានដឹងថា អ្នកត្រូវការទឹក។ ព្រះជាម្ចាស់បានរៀបចំទឹកទុកជាមុនសម្រាប់មនុស្សជាតិ។ អាហារ ទោះជាអ្នកខ្លះបរិភោគក្នុងមួយថ្ងៃពីរពេល ឬបី ពេល ឬច្រើនជាងនេះទៀត ជារួមគឺថា ជាវត្ថុដែលមិនអាចខ្វះបានចំពោះមនុស្សនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ វាជាវត្ថុមួយដែលចាំបាច់ក្នុងការរក្សាការរស់រានធម្មតាជាបន្តរបស់រាងកាយមនុស្ស។ ដូច្នេះ តើអាហារភាគច្រើនបានមកពីណា? ដំបូង វាបានមកពីដី។ ព្រះជាម្ចាស់បានរៀបចំដីទុកជាមុនសម្រាប់មនុស្សជាតិ ហើយវាសមស្របសម្រាប់ការរស់រាននៃរុក្ខជាតិជាច្រើនប្រភេទ មិនមែនត្រឹមតែដើមឈើ ឬស្មៅប៉ុណ្ណោះទេ។ ព្រះជាម្ចាស់បានរៀបចំគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងគ្រាប់ពូជផ្សេងៗទៀតសម្រាប់មនុស្សជាតិ ហើយទ្រង់បានផ្ដល់ឲ្យមនុស្សនូវដីដ៏សមស្របសម្រាប់ការដាំដុះ និងដោយមានរបស់ទាំងនេះហើយ ទើបមនុស្សជាតិទទួលបានអាហារ។ តើអាហារដ៏ច្រើនប្រភេទនោះមានអ្វីខ្លះ? អ្នករាល់គ្នាប្រហែលជាដឹងរួចហើយ។ ទីមួយគឺ ធញ្ញជាតិផ្សេងៗ។ តើធញ្ញជាតិមានប្រភេទអ្វីខ្លះ? ស្រូវសាលី ស្រូវមីយេកន្ទុយកញ្ជ្រោង ស្រូវមីយេដំណើប ស្រូវមីយេទូទៅ និងធញ្ញជាតិមានសំបកផ្សេងៗទៀត។ ដូច្នេះគ្រាប់ធញ្ញជាតិមានគ្រប់ប្រភេទទាំងអស់ដែលមានពូជខុសៗគ្នាតាំងពីភាគខាងត្បូងដល់ភាគខាងជើង៖ ស្រូវបាឡេ ស្រូវសាលី ស្រូវអាវ័ន បាក់វីត​ ជាដើម។ល។ ប្រភេទផ្សេងគ្នាគឺសមស្របនឹងការដាំដុះនៅក្នុងតំបន់ផ្សេងគ្នា។ រីឯស្រូវវិញក៏មានច្រើនប្រភេទផងដែរ។ ភាគខាងត្បូងមានពូជដោយឡែករបស់ខ្លួន ដោយមានគ្រាប់វែងជាង និងសមស្របចំពោះមនុស្សមកពីភាគខាងត្បូង ព្រោះទីនោះមានអាកាសធាតុក្ដៅជាង មានន័យថា មនុស្សក្នុងតំបន់នោះត្រូវបរិភោគពូជស្រូវផ្សេងៗដូចជា ស្រូវឥណ្ឌីកាជាដើម ដែលមិនសូវស្អិត។ ស្រូវរបស់ពួកគេមិនអាចស្អិតខ្លាំងបានទេ បើមិនដូច្នោះទេ ពួកគេនឹងបាត់បង់ចំណង់បរិភោគ ហើយមិនអាចរំលាយវាបានឡើយ។ អ្នកនៅភាគខាងជើងបរិភោគស្រូវដែលស្អិតជាង ព្រោះភាគខាងជើងតែងតែត្រជាក់ ដូច្នេះមនុស្សនៅទីនោះត្រូវតែបរិភោគរបស់ដែលស្អិតៗ។ ក្រៅពីនេះ ក៏មានសណ្ដែកដែលដុះពីលើដី និងបន្លែយកមើមដែលដុះនៅក្រោមដីជាច្រើនប្រភេទផងដែរដូចជា ដំឡូងបារាំង ដំឡូងជ្វា ត្រាវ និងបន្លែយកមើមច្រើនទៀត។ ដំឡូងបារាំងដុះនៅភាគខាងជើង ជាកន្លែងដែលធ្វើឲ្យវាមានគុណភាពខ្ពស់ជាងគេ។ នៅពេលមនុស្សគ្មានធញ្ញជាតិបរិភោគ នោះដំឡូងបារាំងជាអាហារចម្បងដែលអាចឲ្យពួកគេបរិភោគបីពេលក្នុងមួយថ្ងៃបាន។ ដំឡូងបារាំងអាចប្រើធ្វើជាស្បៀងអាហារក៏បាន។ គុណភាពនៃដំឡូងជ្វាអន់ជាងដំឡូងបារាំងបន្តិច ប៉ុន្តែគេនៅតែអាចប្រើវាធ្វើជាអាហារចម្បងដើម្បីបំពេញការបរិភោគបីពេលជារាល់ថ្ងៃបាន។ នៅពេលធញ្ញជាតិពិបាករកបាន មនុស្សអាចបំបាត់ភាពស្រេកឃ្លានដោយប្រើដំឡូងជ្វាជាបណ្ដោះអាសន្នបាន។ ជាញឹកញាប់ ត្រាវត្រូវបានបរិភោគដោយមនុស្សនៅភាគខាងត្បូង គេអាចប្រើវាតាមរបៀបដូចគ្នា ហើយវាក៏អាចប្រើធ្វើជាអាហារចម្បងបានផងដែរ។ ទាំងនេះជាដំណាំផ្សេងៗគ្នាជាច្រើនមុខ ដែលសុទ្ធតែជាផ្នែកដ៏ចាំបាច់នៃអាហារ និងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សប្រើធញ្ញជាតិផ្សេងៗគ្នាដើម្បីធ្វើជា មី មីសួរ នំបញ្ចុក នំប៉ាវ បាយ និងគុយទាវជាដើម។ ព្រះជាម្ចាស់បានប្រទានធញ្ញជាតិទាំងនេះច្រើនប្រភេទដល់មនុស្សជាតិយ៉ាងបរិបូណ៌។ ហេតុដែលមានពូជច្រើនដូច្នេះគឺអាស្រ័យលើព្រះហឬទ័យរបស់ព្រះជាម្ចាស់៖ ពួកវាសមស្របសម្រាប់ការដាំដុះនៅលើដី និងអាកាសធាតុខុសៗគ្នានៅភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិច។ រីឯសមាសធាតុ និងធាតុផ្សំផ្សេងៗរបស់ពួកវា ក៏ត្រូវគ្នានឹងសមាសធាតុ និងធាតុផ្សំផ្សេងៗនៃរាងកាយមនុស្សផងដែរ។ ទាល់តែបរិភោគធញ្ញជាតិទាំងនេះទើបមនុស្សអាចរក្សាឲ្យមានសារធាតុចិញ្ចឹម និងសារធាតុផ្សេងៗតាមតម្រូវការរាងកាយរបស់ពួកគេបាន។ អាហារនៅភាគខាងជើង និងអាហារនៅភាគខាងត្បូង គឺខុសគ្នា តែយ៉ាងណាពួកវាមានភាពស្រដៀងគ្នាច្រើនជាងភាពខុសគ្នា។ ពួកវាទាំងពីរសុទ្ធតែអាចបំពេញតម្រូវការជាប្រចាំរបស់រាងកាយមនុស្ស និងទ្រទ្រង់ការរស់រានជាធម្មតារបស់រាងកាយបាន។ ដូច្នេះអាហារច្រើនប្រភេទយ៉ាងសម្បូរបែបត្រូវបានលូតលាស់នៅក្នុងតំបន់នីមួយៗ ពីព្រោះរូបកាយរបស់មនុស្សត្រូវការសារធាតុផ្សេងៗពីអាហារខុសៗគ្នាទាំងនេះ ពោលគឺរាងកាយត្រូវការការផ្គត់ផ្គង់ពីអាហារផ្សេងៗគ្នាទាំងនេះដែលដុះពីដី ដើម្បីទ្រទ្រង់អត្ថិភាពធម្មតារបស់រាងកាយ ដោយពួកវាអាចនាំឲ្យមនុស្សមានជីវិតជាធម្មតាបាន។ សរុបសេចក្ដីមក ព្រះជាម្ចាស់បានគិតគូរដល់មនុស្សជាតិខ្លាំងណាស់។ អាហារដ៏ច្រើនដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស គឺមិនផ្លាស់ប្ដូរនោះទេ ផ្ទុយទៅវិញ ពួកវាថែមទាំងត្រូវបានសម្រិតសម្រាំងជាខ្លាំង។ បើមនុស្សចង់បរិភោគធញ្ញជាតិ នោះពួកគេអាចបរិភោគធញ្ញជាតិបាន។ អ្នកខ្លះចូលចិត្តស្រូវជាងស្រូវសាលី ហើយមិនចូលចិត្តស្រូវសាលីទេ ដូច្នោះពួកគេអាចបរិភោគស្រូវបាន។ មានស្រូវគ្រប់ប្រភេទ ទាំងគ្រាប់វែងទាំងគ្រាប់ខ្លី ហើយប្រភេទនីមួយៗអាចបំពេញតាមចំណង់បរិភោគរបស់មនុស្សបាន។ ហេតុដូច្នេះហើយ បើមនុស្សបរិភោគធញ្ញជាតិទាំងនេះ (ដរាបណាពួកគេមិនរើសចំណីអាហារពេកទេ) នោះពួកគេនឹងមិនខ្វះអាហាររូបត្ថម្ភឡើយ ព្រមទាំងធានាបាននូវការរស់នៅប្រកបដោយសុខភាពល្អរហូតដល់ស្លាប់។ នោះហើយជាព្រះតម្រិះដែលព្រះជាម្ចាស់បានព្រះតម្រិះនៅពេលទ្រង់ប្រទានអាហារដល់មនុស្សជាតិ។ រាងកាយមនុស្សមិនអាចរស់ដោយគ្មានរបស់ទាំងនេះបានទេ តើនេះមិនមែនជាការពិតទេឬ? ទាំងនេះជាបញ្ហាជាក់ស្ដែងដែលមនុស្សមិនអាចដោះស្រាយដោយខ្លួនឯងបានទេ ប៉ុន្តែព្រះជាម្ចាស់បានរៀបចំឲ្យពួកគេរួចហើយ៖ ទ្រង់បានព្រះតម្រិះអំពីពួកវាជាមុន និងបានធ្វើការរៀបចំរួចជាស្រេចសម្រាប់មនុស្សជាតិ។

ប៉ុន្តែព្រះជាម្ចាស់មិនបានប្រទានដល់មនុស្សជាតិតែប៉ុណ្ណឹងនោះទេ ទ្រង់ក៏បានប្រទានបន្លែដល់មនុស្សផងដែរ! ប្រសិនបើអ្នកបរិភោគស្រូវតែម្យ៉ាងដោយគ្មានអ្វីផ្សេងទៀតទេ នោះអ្នកអាចនឹងមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ។ ម៉្យាងវិញទៀត ប្រសិនបើអ្នកឆាបន្លែតែបន្ដិច ឬញាំដើម្បីបរិភោគជាមួយអាហាររបស់អ្នក នោះវីតាមីនក្នុងបន្លែ និងធាតុចាំបាច់តិចតួចផ្សេងៗ ក៏ដូចជាសារធាតុចិញ្ចឹមផ្សេងទៀត នឹងអាចបំពេញតាមសេចក្ដីត្រូវការនៃរាងកាយអ្នកបានជាធម្មតា។ ហើយមនុស្សអាចបរិភោគផ្លែឈើបន្តិចបន្តួចនៅចន្លោះពេលអាហារចម្បងក៏បានដែរ ឬក៏មិនអាចទេ? ពេលខ្លះ មនុស្សត្រូវការថែមទៀតនូវជាតិទឹក ឬសារធាតុចិញ្ចឹមផ្សេងទៀត ឬរសជាតិផ្សេងៗ ហើយផ្លែឈើ និងបន្លែនេះឯងដែលបំពេញតម្រូវការទាំងនេះនោះ។ ដោយភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិច មានដីនិងអាកាសធាតុខុសគ្នា ទើបពួកវាមានបន្លែ និងផ្លែឈើជាច្រើនប្រភេទខុសៗគ្នា។ ដោយសារអាកាសធាតុនៅភាគខាងត្បូងក្ដៅខ្លាំងពេក ទើបមានផ្លែឈើ និងបន្លែប្រភេទត្រជាក់ច្រើនបំផុតដែលអាចធ្វើឲ្យភាពក្ដៅ និងត្រជាក់មានតុល្យភាពនៅក្នុងខ្លួនមនុស្សបាននៅពេលបរិភោគពួកវា។ ផ្ទុយទៅវិញ វាមានប្រភេទបន្លែ និងផ្លែឈើនៃភាគខាងជើងតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សក្នុងតំបន់បរិភោគបាន។ ទោះជាយ៉ាងនេះក្ដី ដោយសារការអភិវឌ្ឍក្នុងសង្គមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងអ្វីដែលគេហៅថាការរីកចម្រើនផ្នែកសង្គម ក៏ដូចជាភាពប្រសើរឡើងក្នុងការប្រាស្រ័យទាក់ទង និងការដឹកជញ្ជូនដែលតភ្ជាប់ភាគខាងជើង ខាងត្បូង ខាងកើត និងខាងលិចជាមួយគ្នា នាំឲ្យមនុស្សនៅភាគខាងជើងក៏អាចបរិភោគផ្លែឈើ និងបន្លែនៃភាគខាងត្បូង ឬកសិផលប្រចាំតំបន់មកពីភាគខាងត្បូងបានមួយចំនួនផងដែរ ហើយពួកគេអាចធ្វើដូច្នោះបាននៅគ្រប់ទាំងបួនរដូវ។ ទោះបីជានេះអាចបំពេញតាមចំណង់បរិភោគ និងចំណង់ខាងរូបធាតុរបស់មនុស្សក៏ដោយ ក៏រាងកាយរបស់ពួកគេត្រូវរងគ្រោះថ្នាក់ក្នុងកម្រិតផ្សេងៗទាំងមិនដឹងខ្លួន។ នេះក៏ព្រោះតែ ក្នុងចំណោមអាហារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ មានអាហារ ផ្លែឈើ និងបន្លែមួយចំនួន គឺសម្រាប់តែមនុស្សនៅភាគខាងត្បូងប៉ុណ្ណោះ ហើយអាហារ ផ្លែឈើ និងបន្លែខ្លះទៀត គឺសម្រាប់តែមនុស្សនៅភាគខាងជើងប៉ុណ្ណោះ។ និយាយឲ្យចំគឺថា ប្រសិនបើអ្នកបានកើតនៅភាគខាងត្បូង នោះអ្នកគួរតែបរិភោគអាហារដែលមកពីភាគខាងត្បូងទើបជាការសមស្រប។ ព្រះជាម្ចាស់បានរៀបចំយ៉ាងពិសេសនូវអាហារ ផ្លែឈើ និងបន្លែទាំងនេះអាស្រ័យតាមអាកាសធាតុពិសេសផ្ទាល់ខ្លួននៃភាគខាងត្បូង។ ភាគខាងជើងមានអាហារដែលចាំបាច់សម្រាប់រាងកាយរបស់មនុស្សនៅភាគខាងជើង។ ក៏ប៉ុន្ដែដោយសារមនុស្សល្មោភអាហារពេក ទើបពួកគេបានបណ្ដោយឲ្យខ្លួនឯងរងការអូសទាញនៅក្នុងជំនោរនៃនិន្នាការសង្គមថ្មីដោយពុំដឹងខ្លួន ហើយពួកគេបំពានច្បាប់ទាំងនេះទាំងមិនដឹងខ្លួន។ ទោះជាមនុស្សមានអារម្មណ៍ថា ជីវិតរបស់ពួកគេបានប្រសើរជាងមុនក្ដី តែវឌ្ឍនភាពប្រភេទនេះបង្កអន្តរាយដ៏គ្រោះថ្នាក់ដល់រាងកាយរបស់មនុស្សកាន់តែច្រើនឡើង។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់ឃើញនោះទេ ហើយវាមិនមែនជាអ្វីដែលទ្រង់បានគ្រោងទុកនៅពេលទ្រង់បានផ្គត់ផ្គង់អាហារ ផ្លែឈើ និងបន្លែទាំងនេះដល់មនុស្សជាតិឡើយ។ មនុស្សខ្លួនឯងបានបង្កើតស្ថានភាពបច្ចុប្បន្ននេះដោយបំពានច្បាប់នានារបស់ព្រះជាម្ចាស់។

សូម្បីតែក្រៅពីទាំងអស់នោះ រង្វាន់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិ គឺពិតជាសម្បូរហូរហៀរណាស់ ហើយកន្លែងនីមួយៗសុទ្ធតែមានផលិតផលប្រចាំតំបន់ផ្ទាល់ខ្លួន។ ឧទាហរណ៍ដូចជា កន្លែងខ្លះសម្បូរទៅដោយពុតទ្រាក្រហម កន្លែងខ្លះទៀតសម្បូរទៅដោយវ៉លណាត់ ហើយកន្លែងផ្សេងៗទៀតសម្បូរទៅដោយសណ្ដែកដី ឬឈើយកគ្រាប់ផ្សេងៗ វត្ថុខាងរូបធាតុទាំងនេះសុទ្ធតែផ្ដល់សារធាតុចិញ្ចឹមដែលរាងកាយមនុស្សត្រូវការ ប៉ុន្តែព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិនូវរបស់ទាំងនេះក្នុងបរិមាណដ៏ត្រឹមត្រូវ និងនៅពេលដ៏ត្រឹមត្រូវ អាស្រ័យតាមរដូវ និងពេលវេលានៃឆ្នាំ។ មនុស្សជាតិផ្គាប់តាមផ្នែករូបកាយ និងល្មោភស៊ី ដែលវាធ្វើឲ្យងាយនឹងបំពាន និងបំផ្លាញច្បាប់ធម្មជាតិនានាអំពីការលូតលាស់របស់មនុស្សដែលទ្រង់បានបង្កើតមក នៅពេលទ្រង់បង្កើតមនុស្សជាតិ។ ឥឡូវ យើងយក ឆឺរី ធ្វើជាឧទាហរណ៍។ ឆឺរី ទុំនៅក្នុងខែមិថុនា។ ក្រោមលក្ខខណ្ឌធម្មតា ដល់ខែសីហា គឺគ្មាន ឆឺរី នៅសល់ទេ។ ពួកវាអាចរក្សាឲ្យនៅស្រស់ក្នុងរយៈពេលតែពីរខែប៉ុណ្ណោះ ប៉ុន្តែដោយប្រើបច្ចេកទេសវិទ្យាសាស្ត្រ ឥឡូវនេះមនុស្សអាចពន្យាពេលរហូតដល់ដប់ពីរខែ ឬថែមទាំងដល់ផុតរដូវឆឺរីនាឆ្នាំបន្ទាប់ទៅទៀត។ នេះមានន័យថា មានឆឺរីពេញមួយឆ្នាំតែម្ដង។ តើនេះជាបាតុភូតធម្មតាឬទេ? (ទេ)។ អ៊ីចឹង តើការបរិភោគផ្លែឆឺរីនៅរដូវណាដែលល្អបំផុត? នោះគឺរយៈពេលចាប់ពីខែមិថុនាដល់ខែសីហា។ ផុតរយៈពេលនេះ មិនថាអ្នករក្សាពួកវាឲ្យនៅស្រស់យ៉ាងណានោះទេ ពួកវាមិនមានរសជាតិដូចគ្នាឡើយ ហើយក៏មិនផ្ដល់នូវអ្វីដែលរាងកាយមនុស្សត្រូវការដែរ។ នៅពេលកាលកំណត់បានកន្លងផុត មិនថាអ្នកប្រើជាតិគីមីអ្វីក៏ដោយ អ្នកនឹងមិនអាចបំពេញជំនួសនូវអ្វីៗដែលពួកវាមាននៅពេលលូតលាស់តាមធម្មជាតិបានឡើយ។ លើសពីនេះទៀត គ្រោះថ្នាក់ដែលជាតិគីមីបង្កដល់មនុស្ស គឺគ្មាននរណាម្នាក់អាចដោះស្រាយ ឬផ្លាស់ប្ដូរបានឡើយ មិនថាពួកគេព្យាយាមយ៉ាងណាក៏ដោយ។ ដូច្នេះ តើសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្ននាំអ្វីខ្លះមកឲ្យមនុស្ស? ការរស់នៅរបស់មនុស្សហាក់ដូចជាប្រសើរជាងមុន ការដឹកជញ្ជូនរវាងតំបន់នានាកាន់តែមានភាពងាយស្រួល ហើយមនុស្សអាចបរិភោគផ្លែឈើគ្រប់ប្រភេទគ្រប់ពេលវេលាក្នុងរដូវទាំងបួន។ មនុស្សនៅភាគខាងជើងអាចបរិភោគចេក ព្រមទាំងអាហារឆ្ងាញ់ៗប្រចាំតំបន់ដូចជា ផ្លែឈើ ឬអាហារដទៃទៀតពីភាគខាងត្បូងជាទៀងទាត់បាន។ ប៉ុន្តែនេះមិនមែនជាជីវិតដែលព្រះជាម្ចាស់ចង់ផ្ដល់ឲ្យមនុស្សជាតិឡើយ។ សេដ្ឋកិច្ចទីផ្សារប្រភេទនេះអាចនាំមកនូវផលប្រយោជន៍មួយចំនួនដល់ជីវិតរបស់មនុស្ស ប៉ុន្តែវាក៏អាចនាំមកនូវគ្រោះថ្នាក់ផងដែរ។ ដោយសារតែភាពសម្បូរបែបនៅក្នុងទីផ្សារ មនុស្សជាច្រើនបរិភោគដោយមិនខ្វល់ថា តើពួកគេកំពុងដាក់អ្វីចូលក្នុងមាត់របស់ពួកគេនោះទេ។ អាកប្បកិរិយានេះគឺជាការបំពានច្បាប់ធម្មជាតិ ហើយវាមានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស។ ដូច្នេះ សេដ្ឋកិច្ចទីផ្សារមិនអាចនាំមកឲ្យមនុស្សនូវសុភមង្គលពិតបាននោះទេ។ ចូរអ្នករាល់គ្នាពិនិត្យមើលចុះ។ តើផ្លែទំពាំងបាយជូរមិនមានលក់លើទីផ្សារនៅក្នុងរដូវទាំងបួនទេឬអ្វី? តាមពិតទៅ ផ្លែទំពាំងបាយជូរនៅស្រស់តែក្នុងរយៈពេលដ៏ខ្លីបំផុត ក្រោយពេលបេះ។ បើអ្នករក្សាទុកពួកវារហូតដល់ខែមិថុនាឆ្នាំក្រោយ តើពួកវានៅតែអាចឲ្យគេហៅថាជាទំពាំងបាយជូរទៀតបានដែរឬទេ? ឬហៅថា «សំរាម» វិញទើបជាឈ្មោះដែលល្អជាងសម្រាប់ពួកវា? ពួកវាមិនត្រឹមតែខ្វះនូវសារធាតុនៃទំពាំងបាយជូរស្រស់ប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពួកវាមានទាំងជាតិគីមីយ៉ាងច្រើនទៀតផង។ មួយឆ្នាំក្រោយមក ពួកវាលែងនៅស្រស់ទៀតហើយ ឯសារធាតុចិញ្ចឹមនានាដែលពួកវាមានក៏បាត់អស់ជាយូរហើយ។ នៅពេលមនុស្សបរិភោគផ្លែទំពាំងបាយជូរ ពួកគេមានអារម្មណ៍ដូចនេះថា៖ «យើងមានសំណាងអ្វីម្ល៉េះទេ! តើកាលពីសាមសិបឆ្នាំមុន យើងអាចបរិភោគផ្លែទំពាំងបាយជូរក្នុងរដូវនេះបានឬទេ? មិនអាចទេ ទោះបីជាចង់យ៉ាងណាក៏ដោយ! ជីវិតឥឡូវនេះល្អខ្លាំងណាស់!» តើនេះពិតជាសុភមង្គលមែនឬទេ? បើអ្នកចាប់អារម្មណ៍ អ្នកអាចធ្វើការស្រាវជ្រាវដោយខ្លួនអ្នកផ្ទាល់អំពីទំពាំងបាយជូរដែលត្រូវបានរក្សាទុកដោយជាតិគីមី ហើយមើលថា តើពួកវាធ្វើមកពីអ្វី តើសារធាតុទាំងនេះអាចមានប្រយោជន៍ដល់មនុស្សដែរឬទេ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ពេលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីប និងពេលកំពុងធ្វើដំណើរ ព្រះជាម្ចាស់បានប្រទានសត្វក្រួច និងនំម៉ាណាដល់ពួកគេ។ ប៉ុន្តែ តើព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សរក្សាទុកអាហារទាំងនេះដែរឬទេ? អ្នកខ្លះគិតខ្លី ហើយភ័យខ្លាចថា នឹងលែងមានទៀតនៅថ្ងៃបន្ទាប់ ដូច្នេះពួកគេបានរក្សាទុកខ្លះសម្រាប់ពេលក្រោយ។ បន្ទាប់មក តើមានអ្វីកើតឡើង? នៅថ្ងៃបន្ទាប់ វារលួយអស់។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យអ្នករក្សាទុកអាហារទាំងនេះឡើយ ត្បិតទ្រង់បានធ្វើការរៀបចំរួចហើយ ដែលធានាបានថា អ្នកនឹងមិនឃ្លានឡើយ។ ប៉ុន្តែមនុស្សជាតិមិនមានទំនុកចិត្តបែបនេះទេ ហើយក៏មិនមានជំនឿពិតប្រាកដលើព្រះជាម្ចាស់ផងដែរ។ ពួកគេតែងតែចង់ទុកបន្ទប់លាក់កលល្បិចរបស់ពួកគេ ហើយមិនដែលអាចមើលឃើញពីការយកចិត្តទុកដាក់ និងព្រះតម្រិះដែលនៅពីក្រោយការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិឡើយ។ ពួកគេមិនអាចដឹងបាន ដូច្នេះពួកគេមិនអាចមានជំនឿលើព្រះជាម្ចាស់ទាំងស្រុងបាន ដោយពួកគេគិតជានិច្ចថា៖ «សកម្មភាពរបស់ព្រះជាម្ចាស់មិនអាចទុកចិត្តបានទេ! តើអ្នកណាដឹងទៅថា ព្រះជាម្ចាស់មុខជាផ្ដល់ឲ្យយើងនូវអ្វីៗដែលយើងត្រូវការនោះ ឬ តើពេលណាទ្រង់នឹងផ្តល់ឲ្យយើងនោះ! បើពេលខ្ញុំឃ្លាន ហើយព្រះជាម្ចាស់មិនផ្ដល់ឲ្យ ពេលនោះតើខ្ញុំនឹងមិនដាក់ពោះស្លាប់ហើយទេឬអ្វី? តើខ្ញុំនឹងមិនខ្វះអាហារូបត្ថម្ភហើយទេឬអ្វី?» ចូរមើលពីទំនុកចិត្តរបស់មនុស្សខ្វះជំនឿចុះ!

ធញ្ញជាតិ ផ្លែឈើនិងបន្លែ និងគ្រាប់ផ្លែឈើគ្រប់ប្រភេទ ទាំងអស់នេះសុទ្ធតែជាអាហារបួស។ ពួកវាផ្ទុកនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់បំពេញតាមសេចក្ដីត្រូវការរបស់រាងកាយមនុស្ស ទោះបីជាពួកវាជាអាហារបួសក៏ដោយ។ តែទោះយ៉ាងនេះក្ដី ព្រះជាម្ចាស់មិនបានមានព្រះបន្ទូលថា៖ «អញនឹងប្រទានត្រឹមតែអាហារទាំងនេះប៉ុណ្ណោះដល់មនុស្សជាតិ។ ចូរពួកឯងបរិភោគតែរបស់ទាំងនេះបានហើយ!» ព្រះជាម្ចាស់មិនបានឈប់ត្រឹមនេះទេ ប៉ុន្តែទ្រង់បានបន្តរៀបចំឲ្យមនុស្សជាតិនូវអាហារជាច្រើនទៀតដែលរឹតតែមានរសជាតិឆ្ងាញ់ជាងមុន។ តើអាហារទាំងនេះមានអ្វីខ្លះ? ពួកវាមានសាច់ និងត្រីជាច្រើនប្រភេទដែលភាគច្រើនអ្នករាល់គ្នាអាចមើលឃើញ និងបរិភោគបាន។ ទ្រង់បានរៀបចំឲ្យមនុស្សនូវសាច់ និងត្រីច្រើនប្រភេទខ្លាំងណាស់។ ត្រីរស់នៅក្នុងទឹក ហើយសាច់របស់ត្រីក្នុងទឹកមានសារធាតុខុសប្លែកពីសាច់របស់សត្វដែលរស់នៅលើដី ហើយវាអាចផ្ដល់ឲ្យមនុស្សនូវសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ត្រីក៏មានលក្ខណៈសម្បត្តិដែលអាចគ្រប់គ្រងភាពក្ដៅ និងត្រជាក់នៅក្នុងខ្លួនមនុស្សបានដែរ នេះអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះមនុស្ស។ ប៉ុន្តែមិនត្រូវបរិភោគអាហារឆ្ងាញ់ៗឲ្យលើសនោះទេ។ ដូចដែលខ្ញុំបាននិយាយរួចមកហើយថា ព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិនូវបរិមាណដ៏ត្រឹមត្រូវនៅពេលដ៏ត្រឹមត្រូវដើម្បីឲ្យមនុស្សអាចរីករាយនឹងការប្រទានរបស់ទ្រង់បានល្អប្រសើរតាមរបៀបធម្មតា ហើយអាស្រ័យតាមរដូវ និងពេលវេលា។ ឥឡូវនេះ តើអាហារប្រភេទណាខ្លះដែលស្ថិតក្នុងប្រភេទបសុបក្សី? មាន់ ក្រួច ព្រាប ជាដើម។ល។ មនុស្សជាច្រើនក៏បរិភោគទា និងក្ងានផងដែរ។ ថ្វីបើព្រះជាម្ចាស់បានផ្ដល់សាច់គ្រប់ប្រភេទទាំងនេះក្ដី តែទ្រង់បានកំណត់លក្ខខណ្ឌតម្រូវមួយចំនួនដល់រាស្ត្រ​រើស​តាំង​របស់​ទ្រង់ និងដាក់កំហិតជាក់លាក់អំពីរបបអាហាររបស់ពួកគេនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សព្វថ្ងៃនេះ ការកំហិតទាំងនេះត្រូវបានផ្អែកលើរសនិយមរៀងខ្លួន និងការបកស្រាយផ្ទាល់ខ្លួន។ សាច់ច្រើនប្រភេទទាំងនេះផ្ដល់ឲ្យរាងកាយមនុស្សនូវសារធាតុចិញ្ចឹមចម្រុះមុខ ដើម្បីបង្គ្រប់ប្រូតេអ៊ីននិងជាតិដែក ជំនួយឈាម ពង្រឹងសាច់ដុំនិងឆ្អឹង និងបង្កើតកម្លាំងរាងកាយ។ មិនខ្វល់ថាមនុស្សចម្អិន និងបរិភោគពួកវាយ៉ាងណានោះទេ សាច់ទាំងនេះអាចជួយកែលម្អរសជាតិនៃអាហាររបស់មនុស្ស និងបង្កើនចំណង់បរិភោគរបស់ពួកគេ ព្រមទាំងបំពេញក្រពះរបស់ពួកគេផងដែរ។ សំខាន់បំផុតនោះគឺ អាហារទាំងនេះអាចផ្គត់ផ្គង់ដល់រាងកាយមនុស្សតាមតម្រូវការអាហារូបត្ថម្ភប្រចាំថ្ងៃ។ នេះហើយជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារសម្រាប់មនុស្សជាតិ។ មានបន្លែ មានសាច់ តើនេះមិនសម្បូរហូរហៀរទេឬ? ប៉ុន្តែមនុស្សគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានរៀបចំអាហារទាំងអស់សម្រាប់មនុស្សជាតិ។ តើវាដើម្បីឲ្យមនុស្សជាតិបរិភោគអាហារទាំងនេះហួសប្រមាណឬ? តើមានអ្វីកើតឡើងនៅពេលមនុស្សជាប់អន្ទាក់នៅក្នុងការប៉ុនប៉ងបំពេញចំណង់ខាងរូបធាតុទាំងនេះ? តើពួកគេមិនក្លាយជាទទួលទានលើសកម្រិតទេឬ? តើការទទួលទានច្រើនពេកមិនប៉ះពាល់ដល់រាងកាយមនុស្សច្រើនយ៉ាងទេឬ? (ប៉ះពាល់)។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានបែងចែកឲ្យមានបរិមាណដ៏ត្រឹមត្រូវនៅពេលដ៏ត្រឹមត្រូវ ហើយឲ្យមនុស្សរីករាយនឹងអាហារផ្សេងៗគ្នាអាស្រ័យតាមពេលវេលា និងរដូវកាលផ្សេងៗគ្នា។ ឧទាហរណ៍ដូចជា បន្ទាប់ពីរដូវក្ដៅដ៏សែនក្ដៅ មនុស្សកើនកម្ដៅច្រើននៅក្នុងខ្លួនពួកគេ ក៏ដូចជាមានភាពសើម និងភាពស្ងួតដែលអាចបង្កជំងឺបាន។ ពេលរដូវលំហើយមកដល់ ផ្លែឈើជាច្រើនប្រភេទបានទុំ ហើយពេលមនុស្សបរិភោគផ្លែឈើទាំងនេះ ភាពសើមនៅក្នុងខ្លួនរបស់ពួកគេត្រូវបានបណ្ដេញចេញ។ នៅពេលនេះ គោក្របីនិងចៀម ក៏លូតលាស់ខ្លាំងដែរ ដូច្នេះនេះជាពេលដែលមនុស្សគួរតែបរិភោគសាច់ជាអាហារឲ្យបានច្រើន។ តាមរយៈការបរិភោគសាច់ច្រើនប្រភេទ រាងកាយរបស់មនុស្សទទួលបានថាមពល និងកម្ដៅដើម្បីជួយពួកគេទប់ទល់នឹងភាពត្រជាក់នៃរដូវរងា ដូច្នោះហើយពួកគេអាចឆ្លងកាត់រដូវរងារបានដោយសុវត្ថិភាព និងមានសុខភាពល្អ។ ដោយមានការយកចិត្តទុកដាក់ និងភាពប្រុងប្រយ័ត្នបំផុត ទើបព្រះជាម្ចាស់គ្រប់គ្រង និងសម្របសម្រួលពេលវេលា និងអ្វីៗដែលត្រូវផ្ដល់ឲ្យមនុស្សជាតិ ក៏ដូចជាពេលវេលាដែលទ្រង់នឹងឲ្យវត្ថុផ្សេងៗដុះលូតលាស់ ចេញផ្លែ និង ទុំ។ នេះទាក់ទងនឹង «របៀបដែលព្រះជាម្ចាស់រៀបចំអាហារដែលមនុស្សត្រូវការក្នុងជីវិតប្រចាំថ្ងៃ»។ បន្ថែមពីលើអាហារដ៏ច្រើនប្រភេទនេះ ព្រះជាម្ចាស់ក៏ផ្ដល់ប្រភពទឹកដល់មនុស្សជាតិផងដែរ។ បន្ទាប់ពីបរិភោគរួចហើយ មនុស្សត្រូវការផឹកទឹកបន្ថែមទៀត។ តើផ្លែឈើតែម្យ៉ាងគ្រប់គ្រាន់ឬទេ? មនុស្សមិនអាចរស់ដោយសារផ្លែឈើតែម្យ៉ាងបានទេ ហើយក្រៅពីនេះ នៅរដូវខ្លះគ្មានផ្លែឈើនោះទេ។ ដូច្នេះ តើបញ្ហាទឹករបស់មនុស្សជាតិអាចដោះស្រាយបានយ៉ាងដូចម្តេច? ព្រះជាម្ចាស់បានដោះស្រាយបញ្ហានេះតាមរយៈការរៀបចំប្រភពទឹកជាច្រើននៅលើដី និងក្រោមដី ដូចជា បឹង ទន្លេ និងទឹកចេញពីក្រោមដី។ ប្រភពទឹកទាំងនេះសុទ្ធតែអាចផឹកបានឲ្យតែគ្មានការឆ្លងមេរោគ និងឲ្យតែមនុស្សមិនបានកេងចំណេញ ឬបំផ្លាញប្រភពទឹកទាំងនោះ។ ម៉្យាងទៀត បើនិយាយពីប្រភពអាហារដែលទ្រទ្រង់ជីវិតរបស់រូបកាយមនុស្សវិញ ព្រះជាម្ចាស់បានធ្វើការរៀបចំយ៉ាងច្បាស់លាស់ ត្រឹមត្រូវ និងសមស្របបំផុត ដើម្បីឲ្យជីវិតរបស់មនុស្សសម្បួរសប្បាយ និងមិនខ្វះអ្វីទាំងអស់។ នេះជាអ្វីដែលមនុស្សអាចដឹង និងមើលឃើញ។

លើសពីនេះទៅទៀត ក្នុងចំណោមរបស់សព្វសារពើ ព្រះជាម្ចាស់បានបង្កើតរុក្ខជាតិ សត្វមួយចំនួន និងរុក្ខជាតិស្លឹកផ្សេងៗដែលត្រូវបានប្រើជាពិសេសក្នុងការព្យាបាលរបួស ឬជំងឺនៅក្នុងខ្លួនមនុស្ស។ ឧទាហរណ៍ថា បើពួកគេរលាកភ្លើង ឬរលាកទឹកក្ដៅដោយចៃដន្យ តើពួកគេគួរតែធ្វើដូចម្ដេច? តើអ្នកអាចគ្រាន់តែលាងការរលាកជាមួយទឹកបានឬទេ? តើអ្នកអាចគ្រាន់តែរុំវាជាមួយកំណាត់ចាស់ៗបានឬទេ? បើអ្នកធ្វើដូច្នោះ មុខរបួសអាចនឹងមានសុទ្ធតែខ្ទុះ ឬក៏ឆ្លងមេរោគ។ ឧទាហរណ៍ថា បើមាននរណាម្នាក់ក្ដៅខ្លួន ឬគ្រុនផ្ដាសាយ រងរបួសក្នុងពេលកំពុងធ្វើការ កើតមានបញ្ហាជំងឺក្រពះដោយសារការបរិភោគមិនត្រឹមត្រូវ ឬកើតមានជំងឺមួយចំនួន ដែលបណ្ដាលមកពីកត្តានៃរបៀបរបៀបនៃការរស់នៅ ឬបញ្ហាផ្លូវចិត្ត រាប់បញ្ចូលទាំង ជំងឺសរសៃឈាម ជំងឺផ្លូវចិត្ត ឬជំងឺសរីរាង្គខាងក្នុងជាដើម នោះមានរុក្ខជាតិដែលត្រូវគ្នាដែលអាចព្យាបាលជំងឺរបស់ពួកគេបាន។ មានរុក្ខជាតិដែលសម្រួលចលនារបត់ឈាម និងកម្ចាត់ការស្ទះឈាម បំបាត់ការឈឺចាប់ ឃាត់ឈាម ធ្វើឲ្យសន្លប់/ស្ពឹក ជួយព្យាបាលស្បែកឲ្យត្រឡប់ទៅស្ថានភាពធម្មតាវិញ និងបំបែកឈាមកក និងបំបាត់ជាតិពុលចេញពីរាងកាយ សរុបសេចក្ដីមក រុក្ខជាតិទាំងនេះមានការប្រើប្រាស់រាល់ថ្ងៃក្នុងជីវិត។ មនុស្សអាចប្រើពួកវាបាន ហើយព្រះជាម្ចាស់បានរៀបចំពួកវាសម្រាប់រាងកាយមនុស្សក្នុងករណីមានតម្រូវការ។ ព្រះជាម្ចាស់បានអនុញ្ញាតឲ្យមនុស្សរក ឃើញពួកវាមួយចំនួនដោយគាប់ជួន រីឯមួយចំនួនផ្សេងទៀតត្រូវបានរកឃើញដោយមនុស្សដែលព្រះជាម្ចាស់បានរើសតាំងឲ្យធ្វើដូច្នោះ ឬដោយសារបាតុភូតពិសេសៗដែលទ្រង់បានចាត់ចែង។ ក្រោយការរកឃើញរុក្ខជាតិទាំងនេះ មនុស្សជាតិនឹងផ្ទេរបន្តឲ្យអ្នកជំនាន់ក្រោយ ហើយមនុស្សជាច្រើននឹងដឹងអំពីពួកវា។ ម្ល៉ោះហើយ ការបង្កើតរុក្ខជាតិទាំងនេះដោយព្រះជាម្ចាស់ ពិតជាមានតម្លៃ និងខ្លឹមសារមែន។ សរុបសេចក្ដីមក របស់ទាំងនេះសុទ្ធតែបានមកពីព្រះជាម្ចាស់ ដោយទ្រង់បានរៀបចំ និងដាំដុះនៅពេលទ្រង់បង្កើតបរិស្ថានរស់នៅរបស់មនុស្សជាតិ។ ពួកវាសុទ្ធតែសំខាន់។ តើព្រះតម្រិះរបស់ព្រះជាម្ចាស់មានដំណើរហ្មតចត់ជាងគំនិតរបស់មនុស្សជាតិដែរឬទេ? នៅពេលអ្នកមើលឃើញទង្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ តើអ្នកដឹងពីផ្នែកជាក់ស្តែងរបស់ព្រះជាម្ចាស់ឬទេ? ព្រះជាម្ចាស់ធ្វើការយ៉ាងសម្ងាត់។ ព្រះជាម្ចាស់បានបង្កើតរបស់ទាំងអស់នេះ តាំងពីពេលមនុស្សមិនទាន់លេចមុខមកក្នុងពិភពលោកនេះម្ល៉េះ ជាពេលដែលទ្រង់មិនមានទំនាក់ទំនងជាមួយមនុស្សជាតិនៅឡើយ។ អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដោយមានការគិតគូរដល់មនុស្សជាតិជានិច្ច សម្រាប់ជាប្រយោជន៍ដល់វត្តមានរបស់មនុស្ស និងដោយព្រះតម្រិះអំពីការរស់រានរបស់ពួកគេ ដើម្បីឲ្យមនុស្សជាតិអាចរស់នៅដោយសប្បាយរីករាយនៅក្នុងពិភពរូបធាតុដ៏សម្បូរបែបដែលព្រះជាម្ចាស់បានរៀបចំឲ្យពួកគេនេះ ដោយគ្មានការព្រួយបារម្ភអំពីអាហារ ឬសម្លៀកបំពាក់ ដែលមិនខ្វះអ្វីសោះឡើយ។ នៅក្នុងមជ្ឈដ្ឋានបែបនេះ មនុស្សជាតិអាចបន្តបង្កើតកូនចៅ និងរស់រានបាន។

ក្នុងចំណោមអំពើទាំងអស់របស់ព្រះជាម្ចាស់ ទាំងធំទាំងតូច តើមានអំពើណាមួយដែលគ្មានតម្លៃ ឬគ្មានខ្លឹមសារឬទេ? អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើសុទ្ធតែមានតម្លៃ និងមានខ្លឹមសារ។ តោះយើងចាប់ផ្ដើមពិភាក្សាគ្នាអំពីប្រធានបទដ៏ទូទៅមួយ។ គេតែងតែសួរថា៖ តើមាន់ និងស៊ុតមាន់ មួយណាមានមុន? (មាន់)។ មាន់មានមុន ប្រាកដណាស់! ហេតុអ្វីបានជាមាន់មានមុន? ហេតុអ្វីបានជាស៊ុតមាន់មិនអាចមានមុនបាន? តើមាន់មិនញាស់ពីស៊ុតមាន់ទេឬ? ម្ភៃមួយថ្ងៃក្រោយមក មាន់ក៏ញាស់ ហើយមាន់នោះក៏មានស៊ុតបន្ថែមទៀត បន្ទាប់មកមាន់ជាច្រើនទៀតក៏ញាស់ពីស៊ុតមាន់ទាំងនោះ។ ដូច្នេះ តើមាន់ ឬស៊ុតមាន់មានមុន? អ្នករាល់គ្នាឆ្លើយថា «មាន់» យ៉ាងប្រាកដប្រជា។ ប៉ុន្តែហេតុអ្វីបានជាអ្នករាល់គ្នាឆ្លើយដូចនេះ? (ព្រះគម្ពីរប្រាប់ថា ព្រះជាម្ចាស់បានបង្កើតបក្សាបក្សី និងសត្វនានា)។ ដូច្នេះចម្លើយរបស់អ្នករាល់គ្នា គឺផ្អែកលើព្រះគម្ពីរ។ ប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយអំពីការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចដឹងថា តើអ្នករាល់គ្នាមានចំណេះដឹងជាក់ស្ដែងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ឬទេ។ ឥឡូវនេះ តើអ្នករាល់គ្នាជឿជាក់លើចម្លើយរបស់អ្នករាល់គ្នាឬអត់? (ព្រះជាម្ចាស់បានបង្កើតមាន់ បន្ទាប់មកបានផ្ដល់ឲ្យវាមានសមត្ថភាពក្នុងការបន្តពូជ ដែលមានន័យថាជាសមត្ថភាពក្នុងការភ្ញាស់ស៊ុត)។ ការបកស្រាយនេះគឺត្រឹមត្រូវ មិនលើសមិនខ្វះឡើយ។ មាន់មានមុន បន្ទាប់មកគឺស៊ុតមាន់។ នេះពិតជាអ៊ីចឹង។ វាមិនមែនជាអាថ៌កំបាំងជ្រាលជ្រៅពិសេសអ្វីនោះទេ ប៉ុន្តែទោះជាយ៉ាងនេះក្ដី មនុស្សក្នុងពិភពលោកនេះពិចារណាដូចវាអស្ចារ្យណាស់អ៊ីចឹង ហើយព្យាយាមដោះស្រាយដោយប្រើទ្រឹស្ដីទស្សនវិជ្ជា ដោយមិនដែលឈានដល់ទីបញ្ចប់ឡើយ។ នេះគឺដូចពេលដែលមនុស្សមិនដឹងថា ព្រះជាម្ចាស់បានបង្កើតពួកគេអ៊ីចឹង។ ពួកគេមិនដឹងអំពីគោលការណ៍គ្រឹះនេះទេ ហើយក៏មិនមានគំនិតច្បាស់លាស់ថា តើស៊ុតមាន់ ឬមាន់គួរតែមានមុននោះដែរ។ ពួកគេមិនដឹងថា តើមួយណាគួរមានមុនគេនោះទេ ដូច្នេះពួកគេមិនដែលអាចស្វែងរកបានចម្លើយឡើយ។ វាពិតជាធម្មតាណាស់ដែលថាមាន់មានមុន។ ប្រសិនបើមានស៊ុតមាន់មុនពេលមានមាន់ នោះទើបមិនធម្មតា! វាជារឿងសាមញ្ញណាស់ ដែលថា មាន់ដាច់ខាតត្រូវតែមានមុន។ នេះមិនមែនជាចំណោទដែលត្រូវការចំណេះដឹងខ្ពង់ខ្ពស់អ្វីនោះទេ។ ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង ដោយមានបំណងព្រះហឫទ័យឲ្យមនុស្សបានរីករាយនឹងពួកវា។ នៅពេលមានមាន់ នោះស៊ុតមាន់នឹងមានតាមក្រោយជារឿងធម្មតា។ តើនេះមិនមែនជាដំណោះស្រាយស្រេចបាច់ទេឬ? ប្រសិនបើស៊ុតមាន់ត្រូវបានបង្កើតមុន តើវានឹងនៅតែត្រូវការមាន់ក្រាបភ្ញាស់ស៊ុតទៀតដែរឬទេ? ការបង្កើតមាន់មកតែម្ដង គឺជាដំណោះស្រាយស្រេចបាច់ល្អខ្លាំងជាង។ តាមវិធីនេះ មាន់អាចពង និងក្រាបភ្ញាស់កូនមាន់ដែលនៅក្នុងស៊ុតបាន ហើយមនុស្សអាចមានមាន់សម្រាប់បរិភោគបាន។ ងាយស្រួលម្ល៉េះ! របៀបដែលព្រះជាម្ចាស់ធ្វើអ្វីៗគឺរៀបរយល្អណាស់ មិនសាំញ៉ាំសោះឡើយ។ តើស៊ុតមាន់បានមកពីណា? វាបានមកពីមាន់។ បើគ្មានមាន់ទេ ស៊ុតក៏មិនមានដែរ។ អ្វីដែលព្រះជាម្ចាស់បានបង្កើតគឺជាវត្ថុមានជីវិត! មនុស្សជាតិល្ងីល្ងើគ្មានហេតុផល និងគួរឲ្យអស់សំណើច ដែលតែងតែក្លាយជាស្មុគស្មាញក្នុងរឿងដ៏សាមញ្ញបែបនេះ ហើយបញ្ចប់ដោយការយល់ខុសគ្មានហេតុផលយ៉ាងច្រើន។ មនុស្សអីក៏ផ្ដេសផ្ដាសម្ល៉េះ! ទំនាក់ទំនងរវាងស៊ុតមាន់ និងមាន់ច្បាស់ណាស់គឺ៖ មាន់មានមុន។ នេះជាការពន្យល់ដ៏ត្រឹមត្រូវបំផុត ជាវិធីដ៏ត្រឹមត្រូវបំផុតក្នុងការយល់ពីវា និងជាចម្លើយដ៏ត្រឹមត្រូវបំផុត។ វា​ពិតជា​ត្រឹមត្រូវ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ...

ព្រះជាម្ចាស់បង្កើត សោយរាជ្យ និងគ្រប់គ្រងលើរបស់សព្វសារពើសម្រាប់ជាការរស់រានរបស់មនុស្សជាតិ

រឿងទាំងពីរដែលខ្ញុំទើបតែនិទាននេះ ទោះជាមានខ្លឹមសារ និងលក្ខណៈបង្ហាញមិនធម្មតាបន្តិចក្ដី ព្រោះតែវាត្រូវបាននិទានតាមរបៀបដែលពិសេសបន្តិច...

Leave a Reply