ប្រស្នាអំពីចៀមដែលបាត់

24-02-2021

ម៉ាថាយ ១៨:១២-១៤ តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើមនុស្សម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់ តើមិនគួរឲ្យគាត់ទុកចៀមកៅ‌សិបប្រាំបួនក្បាល ហើយទៅតាមភ្នំតាមរកចៀមមួយក្បាលដែលវង្វេងបាត់នោះទេឬ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ថា បើគាត់រកឃើញចៀមមួយនោះ គាត់ប្រាកដជាអរសប្បាយចំពោះចៀមនោះ ខ្លាំងជាងចៀមកៅ‌សិបប្រាំបួន ដែលមិនវង្វេងបាត់ទៅទៀត។ ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ។

បទគម្ពីរនេះជាប្រស្នាមួយ។ តើប្រស្នានេះធ្វើឲ្យមនុស្សមានអារម្មណ៍ដូចម្ដេចទៅ? ប្រស្នានេះគឺជាន័យធៀបនៅក្នុងភាសារបស់មនុស្ស ហើយវាក៏ស្ថិតនៅក្នុងវិសាលភាពនៃចំណេះដឹងរបស់មនុស្សដែរ។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលអ្វីមួយស្រដៀងគ្នានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងមានអារម្មណ៍ថា ព្រះបន្ទូលបែបនោះមិនស្របគ្នាជាមួយអត្ត​សញ្ញាណ​របស់ព្រះជាម្ចាស់ជានរណានោះឡើយ ប៉ុន្តែ នៅពេលដែលបុត្រមនុស្សមានបន្ទូលទាំងនេះនៅក្នុងយុគសម័យនៃព្រះគុណ វាបានធ្វើឲ្យមនុស្សមានអារម្មណ៍កម្សាន្តចិត្ត កក់ក្ដៅ និងស្និទ្ធស្នាល។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នៅពេលដែលទ្រង់បានលេច​មក​នៅក្នុងទម្រង់ជាមនុស្ស ទ្រង់បានប្រើនូវប្រស្នាដ៏សមគួរមួយដែលចេញមកពីភាពជាមនុស្សរបស់ទ្រង់ ដើម្បីសម្ដែងចេញនូវព្រះសូរសៀងអំពីព្រះហឫទ័យរបស់ទ្រង់។ ព្រះសូរសៀងនេះតំណាងឲ្យព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងកិច្ចការដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើនៅក្នុងយុគសម័យនោះ។ វាក៏តំណាងឲ្យឥរិយាបថ​ដែលព្រះជាម្ចាស់មានចំពោះមនុស្សនៅក្នុងយុគសម័យ​នៃព្រះគុណដែរ។ បើមើលចេញពីទស្សននៃឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សវិញ ទ្រង់បានប្រៀបធៀបមនុស្សម្នាក់ៗទៅនឹងចៀមមួយក្បាល។ ប្រសិនបើចៀមនោះវង្វេងបាត់ នោះទ្រង់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរកចៀមនោះឲ្យឃើញ។ ការនេះបានតំណាងឲ្យគោលការណ៍នៃការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិនៅគ្រានោះ កាលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះជាម្ចាស់បានប្រើប្រស្នានេះ ដើម្បីពណ៌នាអំពីការតាំងចិត្ត និងឥរិយាបថ​របស់ទ្រង់នៅក្នុងកិច្ចការនោះ។ នេះគឺជាគុណប្រយោជន៍មួយនៃការដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម៖ ទ្រង់អាចទាញប្រយោជន៍ចេញពីចំណេះដឹងរបស់មនុស្សជាតិ ហើយប្រើប្រាស់ភាសារបស់មនុស្ស ដើម្បីមានបន្ទូលទៅកាន់មនុស្ស និងដើម្បីសម្ដែងអំពីព្រះហឫទ័យរបស់ទ្រង់​។ ទ្រង់បានពន្យល់ ឬ «បកស្រាយ» ទៅកាន់មនុស្សអំពីភាសាជាព្រះដ៏ជ្រាលជ្រៅរបស់ទ្រង់ដែលមនុស្សពិបាកនឹងយល់នៅក្នុងភាសារបស់មនុស្ស ព្រមទាំងនៅក្នុងរបៀបរបស់មនុស្ស។ ការនេះបានជួយឲ្យមនុស្សយល់អំពីព្រះហឫទ័យរបស់ទ្រង់ និងដឹងអំពីអ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ធ្វើ។ ទ្រង់ក៏អាចមានកិច្ចសន្ទនាជាមួយមនុស្សចេញពីទស្សនៈរបស់មនុស្ស ដោយប្រើប្រាស់ភាសារបស់មនុស្ស និងប្រាស្រ័យទាក់ទងជាមួយមនុស្សនៅក្នុងរបៀបមួយដែលពួកគេអាចយល់បានដែរ។ ទ្រង់ថែមទាំងអាចមានបន្ទូល និងធ្វើការ ដោយប្រើប្រាស់ភាសា និងចំណេះដឹងរបស់មនុស្ស ដើម្បីឲ្យមនុស្សអាចមានអារម្មណ៍ដឹងអំពីសេចក្តីសប្បុរស និងភាពស្និទ្ធស្នាលរបស់ព្រះជាម្ចាស់ ហើយឲ្យពួកគេអាចមើលឃើញពីព្រះហឫទ័យរបស់ទ្រង់ទៀត​ផង។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះទៅនៅក្នុងការនេះ? តើមានបម្រាមណាមួយនៅក្នុងព្រះបន្ទូល និងទង្វើរបស់ព្រះជាម្ចាស់ដែរឬទេ? របៀបដែលមនុស្សមើលឃើញនោះគឺថា គ្មានផ្លូវណាមួយដែលព្រះជាម្ចាស់អាចប្រើប្រាស់ចំណេះដឹង ភាសា ឬរបៀបនិយាយបែបមនុស្ស ដើម្បីនិយាយអំពីអ្វីដែលព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ចង់មានបន្ទូល កិច្ចការដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​​ចង់ធ្វើ ឬបង្ហាញពីព្រះហឫទ័យរបស់ទ្រង់នោះឡើយ​ប៉ុន្តែ នេះជាគំនិតភាន់ច្រឡំហើយ។ ព្រះជាម្ចាស់បានប្រើប្រស្នានេះ ដើម្បីឲ្យមនុស្សអាចមានអារម្មណ៍ដឹងពីភាពពិត និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ព្រមទាំងដើម្បីឲ្យមើលឃើញពីឥរិយាបថ​របស់ទ្រង់ដែលមានចំពោះមនុស្សក្នុងអំឡុងពេលនោះ។ ប្រស្នានេះបានជួយដាស់ស្មារតីមនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យអស់រយៈពេលជាយូរ ហើយវាក៏បានជួយបណ្ដាលចិត្តមនុស្សដែលបានរស់នៅក្នុងយុគសម័យនៃព្រះគុណពីមួយជំនាន់ទៅមួយជំនាន់ដែរ។ តាមរយៈការអានបទគម្ពីរអំពីប្រស្នានេះ មនុស្សដឹងអំពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងការសង្រ្គោះមនុស្សជាតិ និងយល់អំពីទម្ងន់ និងសារៈសំខាន់របស់មនុស្សជាតិនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ចូរយើងពិនិត្យមើលឃ្លាចុងក្រោយនៅក្នុងបទគម្ពីរនេះ៖ «ដូចគ្នាផងដែរ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណាម​អ្នក​តូច‌តាច​ទាំង​នេះ ត្រូវ​វិនាស​​ឡើយ»។ តើនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ឬក៏ជាព្រះបន្ទូលរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌? បើមើលសើរៗ វាដូចជាព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូល ប៉ុន្តែ ព្រះហឫទ័យរបស់ទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ ដូច្នេះហើយបានជាទ្រង់មានបន្ទូលថា៖ «ដូចគ្នាផងដែរ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណាម​អ្នក​តូច‌តាច​ទាំង​នេះ ត្រូវ​វិនាស​​ឡើយ»។ មនុស្សនៅគ្រានោះទទួលស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ថាជាព្រះជាម្ចាស់តែមួយអង្គ​ប៉ុណ្ណោះ ហើយគេជឿថា បុគ្គលដែលពួកគេបានឃើញនៅមុខគេនេះ គ្រាន់តែជាបុគ្គលម្នាក់ដែលទ្រង់បានបញ្ជូនមកប៉ុណ្ណោះ ហើយគាត់មិនអាចតំណាងឲ្យព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានឡើយ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវបានបន្ថែមឃ្លានេះនៅចុងនៃប្រស្នា ដើម្បីឲ្យមនុស្សអាចមានអារម្មណ៍ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងមានអារម្មណ៍ដឹងពីភាពពិតប្រាកដ និងភាពសុក្រឹត្យអំពីសេចក្តីដែលទ្រង់បានមានបន្ទូល​។ ទោះបីឃ្លានេះងាយស្រួលនិយាយក៏ដោយ ប៉ុន្តែ វាត្រូវបានថ្លែងចេញដោយមានការយកចិត្តទុកដាក់ និងដោយ​សេចក្តីស្រឡាញ់ ហើយវាបានបើកសម្ដែងពីការបន្ទាបអង្គ​ទ្រង់ និងការលាក់កំបាំងរបស់ព្រះអម្ចាស់យេស៊ូវ។ ទោះបីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ឬថាតើទ្រង់បានធ្វើការនៅក្នុងពិភពខាងវិញ្ញាណក៏ដោយ ក៏ទ្រង់បានជ្រាបយ៉ាងច្បាស់អំពីដួងចិត្តរបស់មនុស្ស និងយល់យ៉ាងច្បាស់អំពីអ្វីដែលមនុស្សត្រូវការ អ្វីដែលមនុស្សព្រួយបារម្ភ និងអ្វីដែលធ្វើឲ្យពួកគេច្របូកច្របល់ដែរ នេះហើយ​ជាហេតុផលដែលនាំឲ្យទ្រង់បានបន្ថែមឃ្លានេះ។ ឃ្លានេះបានបង្ហាញចេញនូវបញ្ហាមួយដែលកប់ទុកនៅក្នុងមនុស្សជាតិ៖ មនុស្សមានមន្ទិលសង្ស័យអំពីអ្វីដែលបុត្រមនុស្សបានមានបន្ទូល គឺអាចនិយាយបានថា នៅពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូលអំពីសេចក្តីដែលទ្រង់បានបន្ថែម៖ «ដូចគ្នាផងដែរ ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណាម​អ្នក​តូច‌តាច​ទាំង​នេះ ត្រូវ​វិនាស​​ឡើយ» ហើយមានតែអាងលើសេចក្តីនេះទេ ទើបព្រះបន្ទូលរបស់ទ្រង់អាចបង្កើតផលផ្លែ ធ្វើឲ្យមនុស្សជឿលើភាពសុក្រឹត្យនៃព្រះបន្ទូលនេះ ហើយបង្កើនភាពគួរឲ្យជឿទុកចិត្តរបស់ពួក​គេ។ ការនេះបង្ហាញថា នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាបុត្រមនុស្សធម្មតាម្នាក់ ព្រះជាម្ចាស់ និងមនុស្សជាតិបានមានទំនាក់ទំនងមិនល្អ និងបង្ហាញទៀតថា ស្ថានភាពរបស់បុត្រមនុស្សពិតជាគួរឲ្យអាម៉ាស់ណាស់។ វាក៏បង្ហាញដែរ អំពីភាពមិនសំខាន់នៃឋានៈរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងចំណោ​មនុស្ស​​កាលនៅគ្រានោះ។ នៅពេលដែលទ្រង់បានមានបន្ទូលសេចក្តីនេះ តាមពិតទៅ វាជាការប្រាប់មនុស្សថា៖ អ្នករាល់គ្នាអាចប្រាកដចិត្តបានថា ព្រះបន្ទូលទាំងនេះមិនតំណាងឲ្យអ្វីដែលមាននៅក្នុងដួងចិត្តរបស់ខ្ញុំឡើយ ប៉ុន្តែវាជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាវិញ។ សម្រាប់មនុស្សជាតិ តើនេះមិនមែនជារឿងឡេះឡោះទេឬ? ទោះបីព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាម មានគុណប្រយោជន៍ជាច្រើនដែលទ្រង់មិនមាននៅក្នុងអង្គរបស់ទ្រង់ក៏ដោយ ប៉ុន្តែ ទ្រង់ត្រូវតែអត់ទ្រាំនឹងភាពសង្ស័យ និងការបដិសេធរបស់ពួក​គេ ក៏ដូចជាភាពស្ពឹកស្រពន់ និងភាពគួរឲ្យធុញទ្រាន់របស់ពួក​គេដែរ។ គឺអាចនិយាយបានថា ដំណើរការនៃកិច្ចការរបស់បុត្រមនុស្ស គឺជាដំណើរការនៃការទទួលការបដិសេធរបស់មនុស្សជាតិ និងការទទួលការប្រឆាំងរបស់ពួក​គេចំពោះទ្រង់។ លើសពីនេះទៅទៀត វាគឺជាដំណើរការនៃការបន្តយកឈ្នះ ដើម្បីទទួលបានការទុកចិត្តរបស់មនុស្ស និងយកឈ្នះលើ​មនុស្សជាតិ តាមរយៈកម្ម​សិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងតាមរយៈនិស្ស័យរបស់ទ្រង់។ នេះមិនមែនមានន័យថា ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សកំពុងតែធ្វើសង្រ្គាមនៅលើដីទាស់នឹងអារក្សសាតាំងឡើយ ប៉ុន្តែវាមានន័យថា ព្រះជាម្ចាស់បានត្រលប់ជាមនុស្សធម្មតា ហើយបានចាប់ផ្ដើមតយុទ្ធជាមួយអស់អ្នកដែលដើរតាមទ្រង់ ហើយនៅក្នុងការតយុទ្ធនេះ បុត្រមនុស្សបានសម្រេចកិច្ចការរបស់ទ្រង់ ដោយការបន្ទាបអង្គ​ទ្រង់ ជាមួយកម្ម​សិទ្ធិ និងលក្ខណៈ​របស់ទ្រង់ ព្រមទាំងជាមួយសេចក្តីស្រឡាញ់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់បានទទួលមនុស្សដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់បាន ទទួលបានអត្តសញ្ញាណ និង ឋានៈដែលទ្រង់សមនឹងទទួល ហើយ «បានយាង​ត្រលប់» ទៅកាន់បល្ល័ង្ករបស់ទ្រង់វិញ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេល​ដែល​ព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ

១៣. ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេល​ដែល​ព្រះអង្គមានព្រះជន្មរស់ពី​សុគតឡើងវិញ។ លូកា ២៤:៣០-៣២ លុះដល់ពេលជប់លាង...

សេចក្តីអធិប្បាយនៅលើភ្នំ ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ និងបទបញ្ញត្តិ

៦. សេចក្តីអធិប្បាយនៅលើភ្នំ ពរ​ដ៏​ពិត​ប្រាកដ (ម៉ាថាយ ៥:៣-១២) អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦) ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០) កំហឹង (ម៉ាថាយ...

ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

១០. ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិ​របស់ទ្រង់បាន​ឮដំណឹងនេះ ពួកគេ​បានចេញ​ទៅចាប់​ព្រះ‌អង្គមកវិញ...