លោកយ៉ូប ក្រោយពេលដែលត្រូវល្បងលរួច

24-02-2021

យ៉ូប ៤២:៧-៩ ក្រោយពេលព្រះយេហូវ៉ាបានថ្លែងព្រះបន្ទូលទាំងនេះដល់យ៉ូបហើយ ព្រះអង្គក៏មានបន្ទូលទៅអេលីផាស ជាសាសន៍ថេម៉ានថា សេចក្ដីក្រោធរបស់អញឆេះទាស់នឹងឯង ព្រមទាំងសម្លាញ់ពីរនាក់របស់ឯងផង៖ ដ្បិតឯងមិនបាននិយាយត្រឹមត្រូវពីអញ ដូចយ៉ូបដែលជាអ្នកបម្រើអញទេ។ ដូច្នេះ ចូរឯងយកគោឈ្មោលប្រាំពីរក្បាល និងយកចៀមឈ្មោលប្រាំពីរក្បាលទៅឲ្យយ៉ូបជាអ្នកបម្រើអញ រួចថ្វាយជាតង្វាយដុតសម្រាប់ខ្លួនឯងរាល់គ្នា ហើយឲ្យយ៉ូប ជាអ្នកបម្រើអញអធិស្ឋានឲ្យឯងរាល់គ្នា ដ្បិតអញនឹងទទួលពាក្យគាត់ មិនដូច្នោះទេ អញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមសេចក្ដីលេលារបស់ឯងរាល់គ្នា ដ្បិតឯងរាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីអញ ដូចយ៉ូបដែលជាអ្នកបម្រើអញ។ ហេតុនោះ អេលីផាស់ ដែល ជាសាសន៍ថេម៉ាន និងប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ចេញទៅ ហើយបានធ្វើតាមដែលព្រះយេហូវ៉ាបានបង្គាប់ដល់ពួកគេ៖ ព្រះយេហូវ៉ាក៏បានទទួលតាមពាក្យយ៉ូបដែរ។

យ៉ូប ៤២:១០ ព្រះយេហូវ៉ាបានប្រោសយ៉ូបឲ្យរួចពីចំណង កាលលោកអធិស្ឋានឲ្យសម្លាញ់របស់លោក៖ ព្រះយេហូវ៉ាក៏បានប្រទានឲ្យលោកមានលើសដើមទ្វេដងវិញ។

យ៉ូប ៤២:១២ ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រា​ដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មាន​គោ​មួយពាន់នឹម និងលាញីមួយពាន់ក្បាល។

យ៉ូប ៤២:១៧ ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់​ស្កល់​នឹងជីវិតផង។

មនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ត្រូវបានព្រះជាម្ចាស់​ទត​មើលដោយព្រះទ័យសោមនស្ស រីឯមនុស្សដែលល្ងីល្ងើ ត្រូវបានព្រះជាម្ចាស់ចាត់​ទុកជា​មនុស្ស​ថោក​ទាប

នៅក្នុងគម្ពីរយ៉ូប ៤២:៧-៩ ព្រះជាម្ចាស់មានបន្ទូលថា លោកយ៉ូបជាអ្នកបម្រើរបស់ទ្រង់។ ការដែលទ្រង់ប្រើពាក្យថា «អ្នកបម្រើ» សំដៅលើលោកយ៉ូប បង្ហាញអំពីសារៈសំខាន់របស់​លោក​យ៉ូបនៅក្នុងព្រះទ័យរបស់ទ្រង់ ទោះបីជាព្រះជាម្ចាស់ពុំបាន ហៅលោកយ៉ូបដោយងារដែល​មាន​តម្លៃ​ជាងនេះ ក៏ងារនេះគ្មានឥទ្ធិពលចំពោះសារៈសំខាន់របស់លោកយ៉ូប នៅក្នុងព្រះទ័យរបស់​ព្រះ​ជាម្ចាស់ដែរ។ ងារថា «អ្នកបម្រើ» នៅត្រង់នេះ ជាសម្មតិនាម (ឈ្មោះហៅក្រៅ) ដែលព្រះជាម្ចាស់​ដាក់​ឲ្យលោកយ៉ូប។ ការដែលព្រះជាម្ចាស់លើកឡើងជាច្រើនដងថា «យ៉ូបជាអ្នកបម្រើខ្ញុំ» បង្ហាញ​អំពីទំហំនៃការដែលព្រះអង្គសព្វព្រះទ័យនឹងលោក ហើយទោះបីជាព្រះជាម្ចាស់មិនបាន មានព្រះ​បន្ទូល​អំពីអត្ថន័យនៃពាក្យថា «អ្នកបម្រើ» ក៏ជាការកំណត់និយមន័យរបស់ព្រះជាម្ចាស់ចំពោះ​ពាក្យ​ថា «អ្នកបម្រើ» អាចត្រូវបានគេមើលឃើញនៅក្នុងអត្ថបទគម្ពីរនេះដែរ។ ជាដំបូង ព្រះជាម្ចាស់មាន​បន្ទូល​ទៅកាន់​អេលីផាស ជាសាសន៍ថេម៉ានថា៖ «សេចក្ដីក្រោធរបស់អញឆេះទាស់នឹងឯង ព្រមទាំងសម្លាញ់ពីរនាក់របស់ឯងផង៖ ដ្បិតឯងមិនបាននិយាយត្រឹមត្រូវពីអញ ដូចយ៉ូបដែលជាអ្នកបម្រើអញទេ»។ ព្រះបន្ទូលនេះគឺជាលើកទីមួយដែលព្រះជាម្ចាស់ថ្លែងប្រាប់មនុស្សជាចំហថា ព្រះ​អង្គទទួលយកគ្រប់យ៉ាងដែលលោកនិយាយ និងប្រព្រឹត្ត ក្រោយពេលដែលព្រះជាម្ចាស់ល្បងល​គាត់រួច ហើយក៏ជាលើកទីមួយដែលព្រះអង្គបញ្ជាក់ជាចំហអំពីសុក្រឹត្យភាព និងភាពត្រឹមត្រូវ​នៃអ្វីៗ​គ្រប់យ៉ាងដែលលោកយ៉ូបបានធ្វើ និងនិយាយដែរ។ ព្រះជាម្ចាស់ខ្ញាល់នឹងអេលីផាស និងគូកន ដោយសារតែការនិយាយស្ដីមិនត្រឹមត្រូវ និងមិនសមហេតុផលរបស់គេ ដ្បិតពួកគេមិនអាចមើល​ឃើញការលេចមករបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលដែលព្រះអង្គថ្លែងនៅក្នុងជីវិតរបស់ពួកគេ ដូចជាលោកយ៉ូបទេ ដោយឡែក លោកយ៉ូបមានចំណេះដឹងអំពីព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ ចំណែក​ឯ​ពួកគេ គឺបានត្រឹមតែគិតស្មានអំពីព្រះជាម្ចាស់ទាំងងងឹតងងុល ទាំងប្រព្រឹត្តល្មើសនឹង​ព្រះ​ហឫទ័យ របស់ព្រះជាម្ចាស់ ហើយល្បងលការអត់ធ្មត់របស់ទ្រង់ ក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ។ ដូច្នេះ ក្នុងពេលដែលព្រះជាម្ចាស់កំពុងទទួលយកគ្រប់យ៉ាងដែលលោកយ៉ូបប្រព្រឹត្ត និងនិយាយ ព្រះអង្គ​ក៏​កាន់​តែមានសេចក្ដីក្រោធនឹងអ្នកដទៃដែរ ដ្បិតនៅក្នុងពួកគេ ព្រះអង្គមិនត្រឹមតែមិនអាចទតឃើញ​ភាពជាក់ស្ដែងណាមួយនៃការកោតខ្លាចព្រះជាម្ចាស់ឡើយ ប៉ុន្តែ ទ្រង់ក៏ទតមិនឃើញ​ការកោត​ខ្លាច​ព្រះជាម្ចាស់អ្វីបន្តិចសោះ នៅក្នុងពាក្យពេចន៍ដែលគេនិយាយស្ដី។ ហេតុនេះ ក្រោយមកទៀត ព្រះជាម្ចាស់ក៏បានបង្គាប់ពួកគេដោយមានព្រះបន្ទូលដូចតទៅថា៖ ដូច្នេះ «ចូរឯងយកគោឈ្មោលប្រាំពីរក្បាល និងយកចៀមឈ្មោលប្រាំពីរក្បាលទៅឲ្យយ៉ូបជាអ្នកបម្រើអញ រួចថ្វាយជាតង្វាយដុតសម្រាប់ខ្លួនឯងរាល់គ្នា ហើយឲ្យយ៉ូប ជាអ្នកបម្រើអញអធិស្ឋានឲ្យឯងរាល់គ្នា ដ្បិតអញនឹងទទួលពាក្យគាត់ មិនដូច្នោះទេ អញនឹងប្រព្រឹត្តនឹងឯងរាល់គ្នា តាមសេចក្ដីលេលារបស់»។ នៅក្នុង​អត្ថ​បទ​គម្ពីរនេះ ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលប្រាប់អេលីផាស និងគូកន ឲ្យធ្វើកិច្ចការដែលនឹងលោះ​អំពើ​បាបរបស់គេ ដ្បិតភាពលេលារបស់គេ គឺជាអំពើបាបទាស់នឹងព្រះយេហូវ៉ាដ៏ជាព្រះ ហេតុនេះ ពួកគេត្រូវតែថ្វាយតង្វាយដុត ដើម្បីលុបលាងកំហុសរបស់គេ។ តង្វាយដុត ត្រូវតែថ្វាយទៅ​ព្រះ​ជាម្ចាស់ជានិច្ច ប៉ុន្តែ អ្វីដែលមិនប្រក្រតីអំពីតង្វាយដុតនេះគឺ តង្វាយដុតនេះត្រូវប្រគល់ឲ្យទៅលោក យ៉ូប។ លោកយ៉ូបត្រូវបានព្រះជាម្ចាស់ទទួលយក ដ្បិតលោកបានធ្វើទីបន្ទាល់ក្នុងគ្រាដែលលោក​ត្រូវល្បងល។ ចំណែកសម្លាញ់របស់យ៉ូបប៉ុន្មាននាក់នេះ ត្រូវបានលាតត្រដាងក្នុងគ្រាដែលលោក​ត្រូវ​ល្បងលវិញ ដោយសារតែភាពលេលារបស់ពួកគេ ទើបពួកគេត្រូវព្រះជាម្ចាស់ដាក់ទណ្ឌកម្ម ហើយ​ពួកគេបានបញ្ឆេះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងគួរតែត្រូវវិនាសដោយសារ​ព្រះ​ជាម្ចាស់ គឺវិនាសទៅតាមតង្វាយដុតនៅនឹងមុខលោកយ៉ូប បន្ទាប់ពីថ្វាយរួច លោកយ៉ូបក៏អធិដ្ឋាន​ឲ្យពួកគេ ដើម្បីបំបាត់ទណ្ឌកម្ម និងសេចក្ដីក្រោធដែលព្រះជាម្ចាស់មានចំពោះពួកគេ។ ចេតនា​របស់ព្រះជាម្ចាស់ គឺនាំយកភាពអាម៉ាស់មកដាក់លើពួកគេ ដ្បិតពួកគេមិនមែន​ជា​មនុស្ស​​ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ទេ ហើយពួកគេបាន​ថ្កោល​ទោសសច្ចភាព​របស់លោកយ៉ូប។ ក្នុងន័យមួយគឺ ព្រះជាម្ចាស់កំពុងមាន​បន្ទូល​ប្រាប់គេថា ព្រះ​អង្គ​មិន​ទទួលយកទង្វើរបស់គេទេ ប៉ុន្តែ ទ្រង់ទទួលយក ហើយសព្វព្រះទ័យនឹងលោកយ៉ូបណាស់​។ ក្នុង​ន័យមួយទៀតគឺ ព្រះជាម្ចាស់កំពុង​មាន​បន្ទូល​តែប្រាប់គេថា ការដែលត្រូវបានព្រះជាម្ចាស់​ទទួល​យក ជួយ​លើក​តម្កើងមនុស្សនៅចំពោះព្រះជាម្ចាស់ ប្រាប់ថាមនុស្សត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ហើយ​ក្លាយ​ជា​មនុស្សអន់ថយ និងថោកទាបនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ដោយសារតែភាព​លេលារបស់គេ ព្រមទាំងធ្វើឲ្យព្រះអង្គថ្នាំងថ្នាក់ព្រះទ័យដោយសារភាពលេលានេះដែរ។ ទាំងអស់​នេះហើយគឺជានិយមន័យនៃមនុស្សពីរប្រភេទដែលព្រះជាម្ចាស់កំណត់ឲ្យ និយមន័យនេះគឺជា​ឥរិយាបទដែលព្រះជាម្ចាស់មានចំពោះមនុស្សពីរប្រភេទនេះ ហើយក៏ជាសន្ធិយោគរបស់​ព្រះជា​ម្ចាស់ចំពោះតម្លៃ និងឋានៈរបស់មនុស្សទាំងពីរប្រភេទនេះដែរ។ ទោះបីព្រះជាម្ចាស់ហៅលោក​យ៉ូបថាជាអ្នកបម្រើរបស់ទ្រង់ ក៏នៅក្នុងព្រះនេត្ររបស់ទ្រង់ អ្នកបម្រើម្នាក់គឺជាមនុស្សសំណព្វ និង​ត្រូវបានប្រទាននូវសិទ្ធិអំណាចសម្រាប់អធិដ្ឋានឲ្យអ្នកដទៃ និងអត់ទោសពួកគេឲ្យរួចពីទោស​កំហុសរបស់ពួកគេផង។ អ្នកបម្រើម្នាក់នេះអាចទូលទៅព្រះជាម្ចាស់ដោយផ្ទាល់ និងអាចចូលទៅ​ចំពោះព្រះជាម្ចាស់ដោយផ្ទាល់ ហើយឋានៈរបស់គាត់ក៏ខ្ពង់ខ្ពស់ និងមានកិត្តិយសជាងអ្នកដទៃ​ដែរ​។ លោកយ៉ូប ត្រូវបានប្រទាននូវកិត្តិយសដ៏ពិសេសនេះ ដោយសារតែការកោតខ្លាចរបស់លោក​ចំពោះព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ចំណែកមូលហេតុដែលអ្នកដទៃមិនត្រូវព្រះជាម្ចាស់​ហៅថាជាអ្នកបម្រើ គឺមកពីពួកគេមិនកោតខ្លាចប្រះជាម្ចាស់ និងមិនគេចចេញពីសេចក្ដីអាក្រក់។ ឥរិយាបទខុសគ្នាស្រឡះទាំងពីរនេះរបស់ព្រះជាម្ចាស់ គឺជាឥរិយាបទដែលទ្រង់មានចំពោះមនុស្ស​ពីរ​ប្រភេទ៖ អស់អ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ត្រូវបាន​ព្រះជាម្ចាស់ទទួលយក ហើយចាត់ទុកថាមានតម្លៃនៅក្នុងក្រសែព្រះនេត្ររបស់ទ្រង់ ចំណែកឯ​មនុស្ស​ដែលលេលា មិនកោតខ្លាចព្រះជាម្ចាស់ មិនអាចគេចចេញពីសេចក្ដីអាក្រក់ ហើយមិនអាច​ទទួលយកការអនុគ្រោះពីព្រះជាម្ចាស់ ពួកគេត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងដាក់ទណ្ឌកម្មជារៀង រហូត ហើយជាមនុស្សថោកទាបនៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់ប្រទានសិទ្ធិអំណាដល់លោកយ៉ូប

លោកយ៉ូបបានអធិដ្ឋានឲ្យសម្លាញ់របស់លោក រួចក្រោយមក ដោយសារតែការអធិដ្ឋានរបស់​លោកយ៉ូប ព្រះជាម្ចាស់មិនបានដោះស្រាយជាមួយពួកគេ ឲ្យសមនឹងភាពលេលារបស់​ពួកគេ​ឡើយ គឺទ្រង់មិនបានដាក់ទណ្ឌកម្មពួកគេ ឬសង​សឹក​នឹងពួកគេនោះឡើយ។ ហេតុអ្វីក៏ទៅជាបែប​នេះ? នោះគឺមកពីសេចក្ដីអធិដ្ឋានដែលបានធ្វើឡើងសម្រាប់ពួកគេពីសំណាក់លោកយ៉ូប​ជាអ្នក​បម្រើ​របស់ព្រះជាម្ចាស់នោះ បានឮដល់ព្រះការណ៍របស់ទ្រង់។ ព្រះជាម្ចាស់ក៏អត់ទោសឲ្យពួកគេ ដោយ​សារ​ទ្រង់ទទួលយកសេចក្ដីអធិដ្ឋានរបស់លោកយ៉ូប។ ដូច្នេះ តើយើងមើលឃើញអ្វីខ្លះក្នុងរឿង​នេះ? នៅពេលដែលព្រះជាម្ចាស់ប្រទានពរឲ្យនរណាម្នាក់ ព្រះអង្គប្រទានឲ្យពួកគេនូវរង្វាន់ជាច្រើន ហើយមិនមែនត្រឹមតែជារង្វាន់រូបវ័ន្តនោះទេ៖ ព្រះជាម្ចាស់ក៏ប្រទានឲ្យពួកគេនូវសិទ្ធអំណាច ប្រគល់​សិទ្ធិឲ្យគេអធិដ្ឋានឲ្យអ្នកដទៃ រួចព្រះជាម្ចាស់ក៏បំភ្លេច និងទតរំលងអំពើរំលងរបស់មនុស្ស ដោយ​សារ​តែទ្រង់សណ្ដាប់ឮសេចក្ដីអធិដ្ឋានទាំងអស់នេះ។ នេះហើយជាសិទ្ធិអំណាចដែលព្រះជាម្ចាស់​បានប្រទានឲ្យលោកយ៉ូប។ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បាននាំយកសេចក្ដីអាម៉ាស់មកដាក់លើ​មនុស្ស​ល្ងី​ល្ងើ​ទាំងនេះ​តាមរយៈសេចក្ដីអធិដ្ឋានរបស់លោកយ៉ូប ដែលទូលសុំបញ្ឈប់ការ​​ថ្កោល​ទោស​ពួកគេ ហើយពិតណាស់ នេះគឺជាទណ្ឌកម្មដ៏ពិសេសរបស់ទ្រង់ សម្រាប់អេលីផាស និងអ្នកដទៃទៀត។

លោកយ៉ូបត្រូវព្រះជាម្ចាស់ប្រទានព្រះពរឲ្យសាជាថ្មី និងមិនដែលត្រូវសាតាំងចោទប្រកាន់​ម្ដង​ទៀតឡើយ

ក្នុងចំណោមព្រះបន្ទូលដែលព្រះយេហូវ៉ាដ៏ជាព្រះថ្លែងមក មានព្រះបន្ទូលដែលថ្លែងថា «ឯងរាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីអញ ដូចយ៉ូបដែលជាអ្នកបម្រើអញ»។ តើលោកយ៉ូបបាននិយាយ​អ្វីខ្លះ? សម្ដីនោះគឺជាអ្វីដែលយើងបាននិយាយពីខាងដើម ក៏ដូចជាពាក្យសម្ដីច្រើនទំព័រទៀត នៅក្នុង​កណ្ឌគម្ពីរយ៉ូប ដែលត្រូវបានកត់ត្រាទុកថា​ជាសម្ដីដែលលោកយ៉ូបបាននិយាយ។ នៅក្នុងពាក្យសម្ដី​ជា​ច្រើនទំព័រនេះ លោកយ៉ូបពុំដែលមានពាក្យត្អូញត្អែរ ឬការសង្ស័យចំពោះព្រះជាម្ចាស់នោះ​ឡើយ​។ លោករង់ចាំតែលទ្ធផលប៉ុណ្ណោះ។ ការរង់ចាំនេះហើយជាឥរិយាបថនៃការស្ដាប់បង្គាប់របស់គាត់ ជាលទ្ធផលដែលនាំឲ្យគាត់ត្រូវបានព្រះជាម្ចាស់ទទួលយក ហើយជាលទ្ធផលនៃសម្ដីដែលលោក​ទូលទៅកាន់ព្រះជាម្ចាស់។ នៅពេលដែល​លោកយ៉ូបទ្រាំទ្រនឹងការល្បងល ហើយទទួលរងភាព​វេទនា ព្រះជាម្ចាស់ក៏គង់នៅក្បែរគាត់ ហើយទោះបីជាភាពវេទនារបស់លោកមិនត្រូវបាន​បន្ធូរ​បន្ថយ ដោយសារព្រះវត្តមានរបស់ព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់ទតឃើញអ្វីដែលព្រះអង្គសព្វ​ព្រះ​ហរទ័យ​ចង់​ឃើញ ហើយបានសណ្ដាប់ឮអ្វីដែលព្រះអង្គសព្វ​ព្រះ​ហ​ឫទ័យ​ចង់ឮដែរ។ គ្រប់ទាំងសកម្មភាព និងពាក្យសម្ដីរបស់លោកយ៉ូប បានឮដល់ព្រះការណ៍ និងដល់ព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជា​ម្ចាស់​បានសណ្ដាប់ឮ ហើយទ្រង់បានទតឃើញ នេះគឺជាការពិត។ ចំណេះដឹងរបស់លោកយ៉ូប អំពី​ព្រះជាម្ចាស់ និងការដែលគាត់នឹកគិតអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់នៅពេលនោះ ក្នុង​សម័យ​នោះ គឺពិតជាមិនជាក់លាក់ដូចជាមនុស្សសព្វថ្ងៃនេះទេ តែក្នុងបរិបទនៃសម័យកាលនោះ ព្រះ​ជា​ម្ចាស់​​នៅតែទទួលស្គាល់គ្រប់យ៉ាងដែលគាត់បាននិយាយ ដ្បិតអាកប្បកិរិយារបស់គាត់ និងគំនិត ក្នុង​​ចិត្តរបស់គាត់ ព្រមទាំអ្វីដែលគាត់បានបង្ហាញ និងសម្ដែងចេញមក សមល្មមនឹងសេចក្ដី​តម្រូវ​របស់ព្រះជាម្ចាស់។ នៅក្នុងគ្រាដែលលោកយ៉ូបត្រូវដាក់ឲ្យនៅក្រោមការល្បងល សេចក្ដីដែល​គាត់​គិតនៅក្នុងចិត្តរបស់គាត់ និងកិច្ចការដែលគាត់តាំងចិត្តធ្វើ បានបង្ហាញឲ្យព្រះជាម្ចាស់ទតឃើញ​លទ្ធ​ផល​មួយ ជាលទ្ធផលដែលបណ្ដាលឲ្យព្រះជាម្ចាស់ស្កប់ព្រះទ័យ ហើយបន្ទាប់ពីនេះ ព្រះជាម្ចាស់ក៏​ដក​ការល្បងលចំពោះលោកយ៉ូបចេញវិញ លោកយ៉ូបក៏ងើបរួចពីសេចក្ដីទុក្ខព្រួយរបស់លោក ហើយ​ការល្បងលរបស់លោកក៏កន្លងទៅបាត់ និងមិនដែលកើតឡើងចំពោះលោក ម្ដងទៀត​ឡើយ​។ ដោយសារតែលោកយ៉ូប ត្រូវបានដាក់ឲ្យស្ថិតក្រោមការល្បងលជាច្រើនហើយ ហើយលោកក៏បាន​ឈរមាំក្នុងការល្បងលទាំងអស់នេះ និងបានឈ្នះលើសាតាំងទាំងស្រុង ទើបព្រះជាម្ចាស់ប្រទាន​ឲ្យ​គាត់នូវព្រះពរដែលលោកសមនឹងទទួលបានពេញច្បាប់។ លោកយ៉ូបត្រូវបានប្រទានពរម្ដងទៀត និងត្រូវបានប្រទានពរច្រើនជាងគ្រាដែលគាត់បានទទួលលើកទីមួយ ដូចដែលបានកត់ត្រាក្នុង​គម្ពីរ​យ៉ូប ៤២:១០ ថែមទៀតផង។ នៅពេលនេះ សាតាំងបានដកថយ ហើយលែងនិយាយ ឬធ្វើអ្វីទៀត​ដែរ រួចចាប់តាំងពីពេលនោះមក លោកយ៉ូបក៏លែងត្រូវសាតាំងជ្រៀតជ្រែក ឬវាយប្រហារទៀត​ហើយ ហើយសាតាំងក៏លែងធ្វើការចោទប្រកាន់ទាស់នឹងព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យទៅ​លោក​​យ៉ូបទៀតដែរ។

លោកយ៉ូបចំណាយពេលពាក់កណ្ដាលជីវិតចុងក្រោយរបស់លោក នៅក្នុងព្រះពររបស់ព្រះ​ជាម្ចាស់

ទោះបីជាព្រះពររបស់ទ្រង់នៅសម័យនោះ ត្រូវបានកំហិតត្រឹមហ្វូងចៀម ហ្វូងគោ ហ្វូងអូដ្ឋ សម្បត្តិ​រូបវ័ន្ត។ល។ និង។ល។ ក៏ព្រះពរដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់ប្រទានឲ្យ​លោក​យ៉ូប នៅក្នុងព្រះទ័យរបស់ទ្រង់ គឺច្រើនជាងនេះទៅទៀត។ ពេលនេះ តើមានសេចក្ដីសន្យាដ៏អស់​កល្ប​​ជា​និច្ច​ប្រភេទ​ណាខ្លះដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យចង់ប្រទានឲ្យលោកយ៉ូប ត្រូវបានកត់ត្រា​ទុក? ក្នុងការដែលព្រះជាម្ចាស់ប្រទានពរឲ្យលោកយ៉ូប ព្រះអង្គមិនបានមានបន្ទូល ឬជជែក​អំពី​ទី​បញ្ចប់របស់លោកឡើយ ហើយទោះបីជាលោកយ៉ូបមានសារៈសំខាន់យ៉ាងណា ឬមានឋានៈអ្វីនៅ​ក្នុង​ព្រះទ័យរបស់ព្រះជាម្ចាស់ក៏​ដោយ និយាយជារួម គឺ​ព្រះជាម្ចាស់មានខ្នាត​រង្វាស់ច្បាស់​លាស់​ណាស់ក្នុង​ការ​ប្រទានពររបស់ទ្រង់។ ព្រះជាម្ចាស់មិនបានប្រកាសអំពីទីបញ្ចប់របស់លោកយ៉ូបទេ។ តើនេះមានន័យយ៉ាងដូចម្ដេច? នៅវេលានោះ នៅពេលដែល​ផែនការរបស់ព្រះជាម្ចាស់​មិនទាន់​ឈាន​ដល់ចំណុច ដែលត្រូវប្រកាសអំពីទីបញ្ចប់របស់មនុស្ស នោះផែនការនោះក៏មិនទាន់​ចូល​ទៅដល់ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដែរ ហើយព្រះជាម្ចាស់មិនបានមានបន្ទូលអំពី ទីបញ្ចប់ទេ ទ្រង់មានបន្ទូលត្រឹមតែអំពីការដែលទ្រង់ប្រទាននូវព្រះពរជាសម្បត្តិរូបវ័ន្តដល់មនុស្សតែ​ប៉ុណ្ណោះ។ អត្ថន័យនៃពាក្យនេះគឺ ពាក់កណ្ដាលជីវិតចុងក្រោយរបស់លោកយ៉ូប ឆ្លងកាត់ជោគជ័យ​នៅក្នុងការប្រទានពររបស់ព្រះជាម្ចាស់ នេះហើយជាអ្វីដែលធ្វើឲ្យលោកយ៉ូបខុសប្លែកពីមនុស្សដទៃ​ទៀត ប៉ុន្តែ លោកក៏​ចាស់ដូចពួកគេដែរ ហើយដល់ថ្ងៃមួយ លោកក៏ត្រូវលាពីលោកិយនេះដូច​​មនុស្ស​ធម្មតាដែរ។ ហេតុនេះទើបមានសេចក្ដីចែងទុកថា «ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេល​ដែល​លោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង» (យ៉ូប ៤២:១៧)។ តើពាក្យថា «ស្លាប់ក្នុង​ពេល​ដែលលោកមានអាយុវែង» ក្នុងបទគម្ពីរនេះ មានន័យដូចម្ដេច? ក្នុងសម័យនោះ មុនពេលដែល ព្រះជាម្ចាស់ប្រកាសអំពីទីបញ្ចប់របស់មនុស្ស ព្រះជាម្ចាស់បានកំណត់អាយុកាលនៃជីវិតសម្រាប់​លោក​យ៉ូប​រួចហើយ ហើយនៅពេលដែលអាយុកាលនោះមកដល់ ទ្រង់​ក៏បានអនុញ្ញាត​ឲ្យ​លោក​យ៉ូបលាចាកពីលោកិយនេះទៅតាមសម្រួល។ ចាប់តាំងពីការទទួលព្រះពរលើកទីពីររបស់​លោក​យ៉ូប រហូតដល់មរណភាពរបស់គាត់ ព្រះជាម្ចាស់ពុំបានបន្ថែមទុក្ខលំបាកដល់គាត់ទៀតទេ។ ចំពោះ​ព្រះជាម្ចាស់ មរណភាពរបស់លោកយ៉ូប គឺជារឿងធម្មតា ហើយក៏ជារឿងចាំបាច់ដែរ។ នេះគឺជារឿង ធម្មតាបំផុត ហើយក៏ពុំមែនជាការជំនុំជម្រះ ឬជាការថ្កោល​ទោស​នោះដែរ។ នៅ​ពេល​ដែលគាត់នៅមានជីវិតនៅ​ឡើយ លោកយ៉ូបថ្វាយបង្គំ និងកោតខ្លាចព្រះជាម្ចាស់ រីឯ​ទាក់ទងនឹង​ទីបញ្ចប់​បែប​ណាដែលនឹងត្រូវកើតឡើងក្រោយមរណភាពរបស់គាត់ គឺព្រះជាម្ចាស់គ្មានបន្ទូល​អ្វី​សោះ ហើយក៏មិនមានការអត្ថាធិប្បាយអំពីរឿងនេះដែរ។ ព្រះជាម្ចាស់ជ្រាបច្បាស់អំពីភាពសមគួរ ក្នុងសេចក្ដីដែលទ្រង់មានព្រះបន្ទូល និងកិច្ចការដែលទ្រង់ធ្វើ ចំណែកខ្លឹមសារ និងគោលការណ៍នៃ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ក៏ស្របគ្នានឹងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ហើយនិងគ្រា​ដែល​ទ្រង់កំពុងធ្វើការដែរ។ តើមនុស្សដូចជាលោកយ៉ូបនេះ មានទីបញ្ចប់បែបណានៅក្នុងព្រះទ័យ​របស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់ពុំទាន់មានការសម្រេចព្រះទ័យក្នុងព្រះទ័យរបស់ទ្រង់ទេឬអី? ប្រាកដណាស់ថា ព្រះអង្គបាន​សម្រេច​ព្រះ​ទ័យ​ហើយ! គ្រាន់តែថាមនុស្សមិនដឹងអំពីរឿងនេះ​ប៉ុណ្ណោះ ព្រះជាម្ចាស់មិនចង់ប្រាប់មនុស្សទេ ទ្រង់ក៏ពុំមានចេតនានឹងប្រាប់មនុស្សដែរ។ ដូច្នេះ និយាយ​ឲ្យស្រួលស្ដាប់ លោកយ៉ូបស្លាប់ក្នុងពេលដែលលោកមានអាយុយឺនយូរ នោះហើយគឺជា​ជីវិត​របស់លោកយ៉ូប។

តម្លៃដែលលោកយ៉ូបសម្រេចបានក្នុងគ្រាដែលគាត់នៅមានជីវិត

តើលោកយ៉ូបបានរស់នៅក្នុងជីវិតដ៏មានគុណតម្លៃដែរឬទេ? តើគុណតម្លៃមាននៅត្រង់ណា? ហេតុអ្វីក៏គេនិយាយថា លោកបានរស់នៅក្នុងជីវិតដ៏មានគុណតម្លៃ? ចំពោះមនុស្ស តើអ្វីជា​គុណតម្លៃរបស់គាត់? តាមទស្សនៈរបស់មនុស្ស លោកតំណាងឲ្យមនុស្សជាតិ​ដែលព្រះជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់សង្គ្រោះ ក្នុងការធ្វើបន្ទាល់ដ៏ខ្ទរខ្ទារថ្វាយព្រះជាម្ចាស់ នៅចំពោះសាតាំង និង​ចំពោះ​មនុស្សនៅក្នុងពិភពលោក។ លោកបានបំពេញកាតព្វកិច្ច ដែលគួរតែត្រូវបានបំពេញ​ដោយ​សត្ដ​និករ​របស់​ព្រះ​ជា​ម្ចាស់ លោកធ្វើជាឧទាហរណ៍ ហើយដើរតួជា​គំរូ សម្រាប់មនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់ចង់សង្គ្រោះ ដោយអនុញ្ញាតិឲ្យមនុស្សមើលឃើញថា ការ​យកជ័យ​ជម្នះលើសាតាំង គឺអាចធ្វើទៅបានទាំងស្រុង តាមរយៈការពឹងអាងលើព្រះជាម្ចាស់។ តើអ្វី​ជាគុណតម្លៃរបស់គាត់ចំពោះព្រះជាម្ចាស់? ចំពោះព្រះជាម្ចាស់ គុណតម្លៃនៃជីវិតរបស់លោកយ៉ូប ស្ថិតលើសមត្ថភាពរបស់គាត់ក្នុងការកោតខ្លាចព្រះជាម្ចាស់ ថ្វាយបង្គំព្រះជាម្ចាស់ ធ្វើបន្ទាល់អំពី​ស្នា​ព្រះហស្តរបស់ព្រះជាម្ចាស់ និងសរសើរតម្កើងស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដោយនាំយកនូវ​​​ការ​កម្សាន្តចិត្ត និងសេចក្ដីដែលនាំឲ្យរីករាយថ្វាយព្រះជាម្ចាស់ ហើយ​ចំពោះ​ព្រះជាម្ចាស់ គុណតម្លៃនៃ​ជីវិត​របស់​លោកយ៉ូបក៏ស្ថិតក្នុងរបៀបដែលលោកយ៉ូបបានឆ្លង​កាត់​ការល្បងល និងបានយកឈ្នះលើសាតាំង ហើយបានធ្វើទីបន្ទាល់ខ្ទរខ្ទារថ្វាយព្រះជាម្ចាស់នៅ ចំពោះ​សាតាំង និងមនុស្សនៅក្នុងពិភពលោក មុនពេលដែលគាត់ស្លាប់ ទាំងថ្វាយសិរីល្អដល់ព្រះ​ជាម្ចាស់ ធ្វើឲ្យព្រះជាម្ចាស់ក្សាន្តព្រះទ័យ និងអនុញ្ញាតឲ្យព្រះទ័យដ៏អន្ទះសារបស់ព្រះជាម្ចាស់ ​មើល​ឃើញលទ្ធផល និងមើលឃើញសេចក្ដីសង្ឃឹម។ ទីបន្ទាល់របស់លោកបានកំណត់គំរូមួយ សម្រាប់សមត្ថភាពក្នុងការឈរមាំក្នុងទីបន្ទាល់របស់មនុស្សចំពោះព្រះជាម្ចាស់ និងសម្រាប់ការ​ដែល​អាចជំនួសមុខឲ្យព្រះជាម្ចាស់ក្នុង​ការធ្វើឲ្យសាតាំងអាម៉ាស់ នៅក្នុងកិច្ចការគ្រប់​គ្រងមនុស្សជាតិ​របស់​ព្រះជាម្ចាស់។ តើនេះមិនមែនជាគុណតម្លៃនៃជីវិតរបស់លោកយ៉ូបទេឬអី? លោកយ៉ូបបាននាំ​យកការ​កំសាន្ដ​ចិត្ត​ដល់ព្រះទ័យរបស់ព្រះជាម្ចាស់ លោកបានថ្វាយព្រះជាម្ចាស់​នូវគំរូរសជាតិ​នៃអំណរ​ដែល​ត្រូវបានគេថ្វាយសិរីល្អ និងបានផ្ដល់នូវការចាប់ផ្ដើមដ៏អស្ចារ្យ​សម្រាប់ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចាប់ផ្ដើមពីចំណុចនេះ ឈ្មោះរបស់លោកយ៉ូប​ក៏បានក្លាយ​ជា​និមិត្តរូប​សម្រាប់ការថ្វាយសិរីល្អរបស់ព្រះជាម្ចាស់ និងជាទីសម្គាល់នៃជ័យជម្នះរបស់មនុស្សជាតិ លើសាតាំង។ អ្វីដែលលោកយ៉ូបសម្រេចបានក្នុងគ្រាដែលគាត់មានជីវិតរស់ ក៏ដូចជាជ័យជម្នះ​ដ៏​អស្ចារ្យរបស់គាត់លើសាតាំង នឹងត្រូវបាន​ព្រះជាម្ចាស់សព្វព្រះទ័យ ហើយភាពគ្រប់លក្ខណ៍ ភាព​ទៀងត្រង់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ នឹងត្រូវបានមនុស្សជំនាន់ក្រោយគោរព និងត្រាប់តាមទៀតផង។ លោកនឹងត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ដូចជាគុជដ៏ភ្លឺល្អឥតខ្ចោះ ហើយសមនឹងមនុស្សឲ្យតម្លៃមែន!

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទោះបីព្រះជាម្ចាស់ត្រូវលាក់​បំពួនអង្គ​ទ្រង់​ពីមនុស្ស ក៏ទង្វើរបស់ព្រះអង្គក្នុងរបស់សព្វ សារពើ ល្មមនឹងឲ្យមនុស្សស្គាល់ទ្រង់ហើយ

លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូល​ដែលថ្លែងដោយព្រះជាម្ចាស់ដែរ...

ការយល់ច្រឡំរបស់មនុស្សជាច្រើន ចំពោះលោកយ៉ូប

ការលំបាកដែលលោកយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែល​ព្រះ​ជា​ម្ចាស់​ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយផ្ទាល់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។...

ប្រសិនបើចិត្តរបស់មនុស្សមានភាពជាសត្រូវនឹងព្រះជាម្ចាស់ តើធ្វើម្ដេចមនុស្សអាចកោតខ្លាច​ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន?

ដោយសារមនុស្សសព្វថ្ងៃគ្មានភាពជាមនុស្សដូចជាលោកយ៉ូប តើអ្វីជាសារជាតិនៃចរិត​លក្ខណៈ​​របស់ពួក​គេ និងឥរិយាបទរបស់ពួក​គេចំពោះព្រះជាម្ចាស់?...

អំពីលោកយ៉ូប (ផ្នែកទីពីរ)

វិចារណញាណរបស់លោកយ៉ូប បទពិសោធន៍ជាក់ស្ដែងរបស់លោកយ៉ូប និងភាពជាមនុស្សដ៏ទៀងត្រង់ ហើយស្មោះ​ត្រង់​របស់​លោក មានន័យថា លោកបានធ្វើការវិនិច្ឆ័យ...

Leave a Reply