អំពីលោកយ៉ូប (ផ្នែកទីមួយ)

24-02-2021

បន្ទាប់ពីបានដឹងពីរបៀបដែលលោកយ៉ូបបានឆ្លងកាត់ការល្បងលរួចហើយ អ្នករាល់គ្នា​ភាគ​​ច្រើនមុខជាចង់ដឹងលម្អិតបន្ថែមអំពីលោកយ៉ូបផ្ទាល់ ជាពិសេស ទាក់ទងនឹងអាថ៌កំបាំងអំពី​ការ​ដែលលោកទទួលបានការសរសើរពីព្រះជាម្ចាស់ ដូច្នេះ ថ្ងៃនេះយើងនឹងជជែកអំពីលោកយ៉ូប!

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកយ៉ូប យើងមើលឃើញភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោក

ប្រសិនបើយើងត្រូវពិភាក្សាអំពីលោកយ៉ូប នោះយើងត្រូវចាប់ផ្ដើមពីការវាយតម្លៃចំពោះ​លោក ដែលថ្លែងចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ផ្ទាល់ថា៖ «ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង»។

ជាដំបូង ចូរយើងសិក្សាអំពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូបជាមុនសិន​។

តើអ្នករាល់គ្នាយល់ថា ពាក្យ «គ្រប់លក្ខណ៍» និង «ទៀងត្រង់» មានន័យយ៉ាងដូចម្ដេចខ្លះ? តើអ្នកជឿថា លោកយ៉ូបគឺជាមនុស្សឥតខុសសោះ ជឿថាលោកគឺជាមនុស្សមានកិត្តិយស​ដែរ​ឬ​ទេ​? ប្រាកដណាស់ នេះគឺច្បាស់ជាការបកស្រាយ និងជាការយល់ដឹងបែបន័យត្រង់ ចំពោះពាក្យថា «គ្រប់លក្ខណ៍» និង «ទៀងត្រង់»។ ប៉ុន្តែ បរិបទនៃជីវិតពិត គឺជាចំណុចសំខាន់ចំពោះការយល់ដឹង​អំពី​លោកយ៉ូប ព្រោះ​ពាក្យសម្ដី សៀវភៅ និងទ្រឹស្ដី តែប៉ុននេះមិនផ្ដល់ចម្លើយអ្វីទាំងអស់។ យើងនឹង​ចាប់ផ្ដើមដោយការសម្លឹងមើលជីវិតរស់នៅក្នុងគ្រួសាររបស់លោកយ៉ូប សម្លឹងមើលថាទម្លាប់​ធម្មតារបស់លោកក្នុងគ្រាដែលលោកនៅរស់ មានអ្វីខ្លះ។ ការនេះនឹងប្រាប់យើងអំពីគោលការណ៍ និង​គោលបំណងនៅក្នុងជីវិតរបស់លោក ក៏ដូចជាប្រាប់អំពីបុគ្គលិកលក្ខណៈ និងការព្យាយាម​ឲ្យ​បាន​របស់លោកដែរ។ ពេលនេះ ចូរយើងអានសម្ដីចុងក្រោយ នៅក្នុងគម្ពីរ យ៉ូប ១:៣ «បុរសម្នាក់​នេះ គឺជាមនុស្សអស្ចារ្យជាងគេក្នុងចំណោមមនុស្សទាំងអស់នៅស្រុកខាងកើត»។ អត្ថន័យនៃពាក្យ​នេះ​គឺ ឋានៈ និងតួនាទីរបស់លោកយ៉ូបខ្ពង់ខ្ពស់ណាស់ ហើយទោះបីជាគ្មានគេប្រាប់យើង​ពីមូល​ហេតុ​​ដែលលោកគឺជាមនុស្សអស្ចារ្យជាងគេទាំងអស់នៅស្រុកខាងកើត គឺមកពីទ្រព្យសម្បត្តិ​គាត់​ច្រើន ឬក៏មកពីគាត់ជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ និងកោតខ្លាចព្រះជាម្ចាស់ ហើយគេច​ចេញ​ពី​សេចក្ដីអាក្រក់ មែន ឬមិនមែនក៏ដោយ ក៏ជាទូទៅ យើងដឹងថា ឋានៈ និងតួនាទីរបស់លោក​យ៉ូប គឺជារង្វាន់ដែលគាត់ទទួលបាន។ តាមដែលព្រះគម្ពីរបានកត់ត្រា ចំណាប់អារម្មណ៍​ដំបូង​របស់​មនុស្ស ចំពោះលោកយ៉ូបគឺ លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ គាត់កោតខ្លាចព្រះជាម្ចាស់​ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយគាត់មានទ្រព្យសម្បត្តិច្រើនសន្ធឹក និងមានឋានៈគួរ​ឲ្យ​គោរព​ផង។ ចំពោះមនុស្សធម្មតា ដែលកំពុងរស់នៅក្នុងបរិយាកាសបែបនេះ ហើយស្ថិតនៅក្នុងសភាព​បែបនេះ របបអាហាររបស់លោកយ៉ូប គុណភាពនៃជីវិត និងកត្តាផ្សេងទៀតនៅក្នុងជីវិតផ្ទាល់ខ្លួន របស់លោក នឹងក្លាយជាចំណុចផ្ដោតដែលមនុស្សភាគច្រើនយកចិត្តទុកដាក់ ដូច្នេះ យើនត្រូវបន្ត​អាន​បទគម្ពីរដែលចែងថា «ហើយកូនប្រុសទាំងអស់របស់គាត់ក៏ចេញទៅ ហើយជប់លៀងតាមផ្ទះរបស់គេ តាមវេនមួយថ្ងៃម្នាក់ រួចក៏ចាត់ឲ្យគេទៅហៅប្អូនស្រីទាំងបីរបស់គេ មកស៊ីផឹកជាមួយគេផង។ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនអញប្រហែលជាបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់» (យ៉ូប ១:៤-៥)។ អត្ថបទគម្ពីរ ប្រាប់យើងអំពីរឿងពីរយ៉ាង៖ ទីមួយគឺ កូន​ប្រុស និងកូនស្រីរបស់លោកយ៉ូបជប់លៀងជាប្រចាំ ដោយមានការផឹកស៊ីយ៉ាងហូរហៀរ ទីពីរគឺ លោក​យ៉ូប​តែងតែថ្វាយតង្វាយដុត ពីព្រោះលោកតែងបារម្ភនឹងកូនប្រុសកូនស្រីរបស់លោក ខ្លាចក្រែងពួក​គេ​ប្រព្រឹត្តបាប ខ្លាចថានៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានបោះបង់ចោលព្រះជាម្ចាស់។ នៅក្នុង​នេះ មានរៀបរាប់ពីជីវិតមនុស្សពីរប្រភេទ។ ប្រភេទទីមួយ កូនប្រុសកូនស្រីរបស់លោកយ៉ូប ដែល​តែងតែជប់លៀងដោយសារតែទ្រព្យសម្បត្តិដ៏ហូរហៀររបស់ពួកគេ ទាំងរស់នៅយ៉ាងខ្ជះខ្ជាយ គឺផឹក ស៊ីទាល់តែគេស្កប់ចិត្ត ហើយរីករាយនឹងគុណភាពនៃជីវិតដ៏ឧត្ដុង្គឧត្ដម ដែលបានមកពីភោគទ្រព្យ​រូបវន្ត។ ការរស់ក្នុងជីវិតបែបនេះ ពួកគេមុខជាឧស្សាហ៍ប្រព្រឹត្តអំពើបាប ហើយទាស់នឹងព្រះ​ជា​ម្ចាស់ ដោយគេចមិនផុតទេ ប៉ុន្តែ ពួកគេមិនបានសម្អាតខ្លួនគេជាបរិសុទ្ធ ឬថ្វាយតង្វាយដុតនោះទេ។ ដូច្នេះ អ្នកអាចឃើញហើយថា ព្រះជាម្ចាស់ពុំមានកន្លែងគង់នៅក្នុងចិត្តរបស់ពួក​គេទេ ពួកគេពុំបាន​គិតគូរដល់ព្រះគុណរបស់ព្រះជាម្ចាស់ទេ ក៏មិនភ័យខ្លាចចំពោះការប្រព្រឹត្តទាស់នឹងព្រះជាម្ចាស់ ហើយ​កាន់តែមិនខ្លាចនឹងបោះបង់ចោលព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួក​គេដែរ។ ពិតណាស់ ចំណុច​ផ្ដោតរបស់យើង គឺមិនមែន​ទៅលើកូនៗរបស់លោកយ៉ូបទេ ប៉ុន្តែ ផ្ដោតទៅលើអ្វីដែល​លោក​យ៉ូប​បានធ្វើនៅពេលដែលប្រឈមនឹងរឿងរ៉ាវទាំងអស់នេះ នេះជាបញ្ហាផ្សេងទៀតដែលរៀបរាប់​នៅក្នុងអត្ថបទនេះ ជារឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់លោកយ៉ូប ហើយនិងសារជាតិនៃភាព​ជា​មនុស្ស​របស់លោកផង។ ត្រង់កន្លែងដែលរៀបរាប់ពីការជប់លៀងរបស់កូនប្រុសកូនស្រីរបស់​លោក​យ៉ូប ពុំមាននិយាយអំពីលោកយ៉ូបនោះទេ គ្រាន់តែនិយាយថាកូនប្រុសកូនស្រីរបស់លោក​យ៉ូប រមែងផឹកស៊ីជាមួយគ្នា។ អាច​និយាយ​ម្យ៉ាងទៀតបាន​ថា លោកមិនជប់លៀងទេ ហើយគាត់ក៏មិនបានចូលរួមជាមួយកូនប្រុសកូនស្រីរបស់លោកក្នុងការផឹកស៊ីយ៉ាងខ្ជះខ្ជាយដូច្នេះ​ដែរ។ ទោះបីជាលោកយ៉ូបមានទ្រព្យសម្បត្តិហូរហៀរ និងមានអ្នកបម្រើច្រើនយ៉ាងណា ក៏ជីវិត​របស់​លោកយ៉ូបពុំមែនជាជីវិតខ្ជះខ្ជាយនោះឡើយ។ លោកមិនចាញ់បញ្ឆោតបរិយាកាស​រស់នៅ​ដ៏​ល្អ​លើសគេនេះឡើយ ហើយគាត់ក៏មិនចម្អែតខ្លួនហួសហេតុ ជាមួយនឹងភាពសប្បាយរីករាយនៃ សាច់ឈាម ឬភ្លេចថ្វាយតង្វាយដុត ហើយជីវិតបែបនេះកាន់តែមិនធ្វើឲ្យលោកគេចចេញពី​ព្រះ​ជា​ម្ចាស់​បន្តិចម្ដងៗ នៅក្នុងចិត្តរបស់លោកដែរ។ ជាក់ស្ដែង លោកយ៉ូបគឺជាមនុស្សមានវិន័យ ក្នុង​របៀប​របបរស់នៅរបស់លោក មិនមែនជាមនុស្សលោភលន់ ឬជាមនុស្សដែលត្រេកត្រអាលដោយ​សារតែ​ព្រះពរដែលព្រះជាម្ចាស់ប្រទានមកឲ្យលោក ហើយលោកក៏មិនបានផ្ដោតសំខាន់លើ​គុណ​ភាព​នៃជីវិតដែរ។ ផ្ទុយទៅវិញ លោកជាមនុស្សដាក់ខ្លួន និងជាមនុស្សរមទម លោកមិនបណ្ដោយ​តាម​ភាពក្អេងក្អាង ហើយលោកតែងប្រុង និងប្រយ័ត្នចំពោះព្រះជាម្ចាស់រហូត។ លោកតែងតែគិត​អំពីព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ហើយកោតខ្លាចព្រះជាម្ចាស់ជាបន្តបន្ទាប់។ នៅក្នុងជីវិត​ប្រចាំ​ថ្ងៃ​របស់​លោកយ៉ូប លោកតែងតែភ្ញាក់ពីព្រហាម ដើម្បីថ្វាយតង្វាយដុតសម្រាប់កូនប្រុស និង​កូន​ស្រីរបស់លោក។ ក្នុងន័យមួយវិញទៀត លោកយ៉ូបមិនត្រឹមតែកោតខ្លាចព្រះជាម្ចាស់​តែ​ខ្លួន​លោក​ប៉ុណ្ណោះទេ តែលោកសង្ឃឹមថា កូនៗរបស់លោកក៏មុខជាកោតខ្លាចព្រះជាម្ចាស់ និងមិន​ប្រព្រឹត្ត​បាបទាស់នឹងព្រះជាម្ចាស់ដូចគាត់ដែរ។ សម្បត្តិរូបវន្តរបស់លោកយ៉ូប ពុំមានឋានៈអ្វី នៅ​ក្នុង​ចិត្តរបស់លោកទេ វាក៏មិនជំនួសតំណែងដែលគ្រងដោយព្រះជាម្ចាស់ដែរ។ សកម្មភាពប្រចាំថ្ងៃ​របស់លោកយ៉ូបសុទ្ធតែពាក់ព័ន្ធនឹងការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ មិនថា ដើម្បីខ្លួនលោកផ្ទាល់ ឬដើម្បីកូនៗរបស់លោកនោះឡើយ។ ការកោតខ្លាចរបស់លោក ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ មិនមែនមាននៅតែត្រឹមបបូរមាត់របស់លោកឡើយ ប៉ុន្តែក៏ជាអ្វីម្យ៉ាង​ដែល​លោកយកទៅអនុវត្ត ហើយសញ្ជឹងគិតក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់លោកដែរ។ ចរិតពិតជាក់ស្ដែងរបស់លោកយ៉ូបនេះ ក៏បង្ហាញឲ្យយើងឃើញថា លោកគឺជាមនុស្សស្មោះត្រង់ ហើយជាមនុស្សដែលមានសារជាតិស្រឡាញ់សេចក្ដី​យុត្តិធម៌ និងអ្វីៗដែលវិជ្ជមាន។ ដែល​លោក​យ៉ូបតែងតែចាត់គេឲ្យទៅ ហើយសម្អាតកូនប្រុសកូនស្រីរបស់គាត់ឲ្យបានបរិសុទ្ធ គឺ​មាន​ន័យថា លោកមិនបានសរសើរ ឬយល់ស្របនឹងអាកប្បកិរិយាកូនៗរបស់គាត់ឡើយ ផ្ទុយទៅ វិញ នៅក្នុងចិត្តរបស់លោក លោកតប់ប្រមល់នឹងអាកប្បកិរិយារបស់ពួក​គេ ហើយថ្កោល ទោស​ពួក​គេ​​ផង។ លោកបានសន្និដ្ឋានថា អាកប្បកិរិយាកូនប្រុស និងកូនស្រីរបស់លោក មិនគាប់​ព្រះ​ហឫទ័យ​ដល់​ព្រះយេហូវ៉ាដ៏ជាព្រះនោះទេ ដូច្នេះហើយទើបលោកអំពាវនាវចូលទៅចំពោះព្រះ​យេហូវ៉ា​ដ៏ជាព្រះ ហើយលន់តួបាបរបស់ពួក​គេ។ ទង្វើរបស់លោកយ៉ូបបង្ហាញឲ្យយើងឃើញចរិត​មួយ​ទៀតនៃភាពជាមនុស្សរបស់លោក ជាចរិតមួយដែលបង្ហាញ​ថា​លោកមិនដើរជាមួយ​នឹងអស់​អ្នក​​ដែលតែងតែប្រព្រឹត្តអំពើបាប ហើយប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់ តែគេចចេញ ហើយចៀសឆ្ងាយ​ពីពួកគេវិញ។ ទោះបីមនុស្សទាំងនោះគឺជាកូនប្រុស និងកូនស្រីរបស់លោកក៏ដោយ ក៏លោកមិន​បោះ​បង់គោលការណ៍នៃកិរិយាផ្ទាល់ខ្លួនរបស់លោក ដោយសារពួកគេជាកូនចៅ​របស់​លោកផ្ទាល់នោះឡើយ លោកក៏មិនទំយើរអំពើបាបរបស់ពួក​គេ ដោយសារតែមនោសញ្ចេតនាផ្ទាល់​ខ្លួន​របស់លោកដែរ។ ផ្ទុយទៅវិញ លោកជំរុញពួកគេឲ្យលន់តួបាប និងទទួលបាននូវការលើកលែង​របស់​ព្រះយេហូវ៉ាដ៏ជាព្រះ ហើយលោកបានដាស់តឿនពួកគេមិនឲ្យបោះបង់ព្រះជាម្ចាស់ ដើម្បី​ប្រយោជន៍​នៃភាពរីករាយដ៏ល្មោភរបស់ពួកគេនោះទេ។ គោលការណ៍នៃរបៀប​ដែលលោកយ៉ូប​ប្រព្រឹត្ត​ចំពោះអ្នកដទៃ មិនអាចកាត់ផ្ដាច់ពីគោលការណ៍នៃការកោតខ្លាចរបស់លោកចំពោះ​ព្រះ​ជា​ម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ លោកស្រឡាញ់ពេញចិត្តចំពោះសេចក្ដី​ដែលព្រះ​ជាម្ចាស់​ទទួលយក ហើយស្អប់សេចក្ដីដែលព្រះជាម្ចាស់បដិសេធ។ លោកស្រឡាញ់មនុស្ស​ដែល​កោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួក​គេ ហើយស្អប់មនុស្សដែលប្រព្រឹត្តសេចក្ដីអាក្រក់ ឬ​ប្រព្រឹត្ត​អំពើបាបទាស់នឹងព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់បែបនេះត្រូវបាន​បង្ហាញ​​នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក ហើយភាពទៀងត្រង់ដ៏ពិតជាក់ស្ដែងរបស់លោក ក៏ត្រូវបាន​ទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ តាមធម្មតា នេះក៏ជាការបង្ហាញចេញ និងសម្រេច​បាននូវភាពជាមនុស្សពិតប្រាកដរបស់លោកយ៉ូប នៅក្នុងសម្ពន្ធភាពរបស់លោកជាមួយ​នឹង​មនុស្ស​ដទៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក គឺជាមេរៀនដែលយើងត្រូវតែរៀនសូត្រ។

ការបង្ហាញឲ្យឃើញពីភាពជាមនុស្សរបស់លោកយ៉ូប ក្នុងគ្រាដែលលោកកំពុងត្រូវល្បងល (ការយល់ដឹងពីភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេច​ចេញ​ពីសេចក្ដីអាក្រក់ក្នុងគ្រាដែលលោកកំពុងត្រូវល្បងល)

អ្វីដែលយើងបានចែករំលែកពីខាងដើម គឺជាចំណុចផ្សេងៗពាក់ព័ន្ធនឹងភាពជាមនុស្សរបស់​លោកយ៉ូប ដែលត្រូវបានបង្ហាញឲ្យដឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក មុនពេលដែលលោក​ត្រូវ​ល្បងល។ ការបង្ហាញឲ្យឃើញផ្សេងៗទាំងអស់នេះ ផ្ដល់នូវចំណេះដឹង និងការយល់ដឹងដំបូងៗ ស្ដីអំពីភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប ហើយក៏ផ្ដល់នូវការអះអាងជាធម្មតាដែរ។ មូលហេតុដែលខ្ញុំនិយាយថា «ដំបូង» គឺមកពីមនុស្សភាគ​ច្រើន​នៅតែគ្មានការយល់ដឹងពិតស្ដីអំពីបុគ្គលិកលក្ខណៈរបស់លោកយ៉ូប និងកម្រិតនៃការដែលោក ព្យាយាមឲ្យបានផ្លូវនៃការស្ដាប់បង្គាប់ និងការកោតខ្លាចព្រះជាម្ចាស់នោះឡើយ។ មានន័យថា ការ​យល់ដឹងរបស់មនុស្សភាគច្រើនចំពោះលោកយ៉ូប គឺមិនស៊ីជម្រៅលើសពីចំណាប់អារម្មណ៍បន្តិច​បន្តួច​ដែលគេពេញចិត្តផ្ដល់ឲ្យគាត់តាមរយៈអត្ថបទពីរនៅក្នុងព្រះគម្ពីរ ដែលមានចែងមកថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ និងថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ដូច្នេះ មានតម្រូវការធំមួយ ឲ្យយើងយល់ដឹងអំពីរបៀបដែលលោក​យ៉ូប​សម្រេច​បាន​​ភាពជាមនុស្សរបស់លោក នៅពេលដែលលោកបានទទួលការល្បងលពីព្រះជាម្ចាស់ ហើយតាមរបៀប​នេះ ភាពជាមនុស្សពិតរបស់លោកយ៉ូបនឹងត្រូវបានសម្ដែងចេញមកឲ្យមនុស្សទាំងអស់បាន​ឃើញ​ទាំ​ងស្រុង។

នៅពេលដែលលោ​កយ៉ូបបានឮថា ទ្រព្យសម្បត្តិរបស់លោកត្រូវគេលួច ឮថាកូនប្រុស និងកូន​ស្រី​បាត់បង់ជីវិតរបស់គេ និងឮថា អ្នកបម្រើរបស់លោកត្រូវគេសម្លាប់ លោកបានប្រតិកម្មដូចតទៅ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ» (យ៉ូប ១:២០)។ ពាក្យសម្ដីនេះប្រាប់យើងនូវការពិតមួយថា៖ បន្ទាប់ពីបានឮដំណឹងនេះ លោកយ៉ូបមិន​បាន​ស្លន់​ស្លោរ​ទេ លោកមិនបានទ្រហោយំ ឬស្ដីបន្ទោសដល់អ្នកបម្រើដែល​បាននាំដំណឹង​មកប្រាប់​លោក​នោះទេ លោករឹតតែមិនបានពិនិត្យកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេត និងបញ្ជាក់នូវព័ត៌មាន លម្អិត ហើយឈ្វេងយល់អំពីហេតុការណ៍ដែលបានកើតឡើងពិតប្រាកដនោះដែរ។ លោកមិនបាន​បង្ហាញ​នូវការឈឺចាប់ ឬការសោកស្ដាយចំពោះការបាត់ទ្រព្យសម្បត្តិរបស់លោក លោកក៏មិនបាន​សម្រក់ទឹកភ្នែកដោយសារការបាត់បង់កូនៗ និងមនុស្សជាទីស្រឡាញ់របស់លោកនោះដែរ។ ផ្ទុយ​ទៅ​វិញ លោកបែរជាហែកសម្លៀកបំពាក់របស់លោក រួចកោរសក់របស់លោក លុតក្រាបដល់ដី​ថ្វាយ​បង្គំវិញ។ ទង្វើរបស់លោកយ៉ូប គឺមិនដូចគ្នានឹងមនុស្សទូទៅនោះឡើយ។ ទង្វើរបស់លោក​បាន​ធ្វើឲ្យមនុស្សជាច្រើនភ័ន្តច្រឡំ ហើយធ្វើឲ្យគេបន្ទោសលោកយ៉ូបនៅក្នុងចិត្តរបស់គេ ព្រោះតែ «ភាពជាមនុស្សឈាមត្រជាក់» របស់លោក។ នៅក្នុងការបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ ភ្លាមមួយ​រំពេច មនុស្សទូទៅមុខជាបង្ហាញការខូចចិត្ត ឬភាពអស់សង្ឃឹម ចំពោះករណីខ្លះ ពួកគេប្រហែលជា​លង់​ក្នុងជំងឺបាក់ទឹកចិត្តយ៉ាង​ខ្លាំងទៀតផង។ នោះមកពីនៅក្នុងចិត្តរបស់មនុស្ស ទ្រព្យសម្បត្តិ​របស់​គេតំណាងឲ្យការខិតខំប្រឹងប្រែងមួយជីវិត វាជាគ្រឹះដែលគេពឹងអាងជីវិតរស់នៅរបស់គេ វាគឺជា​សេច​ក្ដី​សង្ឃឹមដែលរក្សាគេឲ្យរស់រាន​ ការបាត់បង់ទ្រព្យសម្បត្តិរបស់គេមានន័យថា ការខិតខំ​របស់គេ ឥតប្រយោជន៍ មានន័យថា គេគ្មានសង្ឃឹម ហើយថែមទាំងមានន័យថា គេគ្មានអនាគតទៀតផង។ នេះជាឥរិយាបថដែលមនុស្សធម្មតាម្នាក់មានចំពោះទ្រព្យសម្បត្តិរបស់គេ និងជាសម្ពន្ធ ភាពដ៏​ជិត​ស្និទ​ដែលគេមានចំពោះវា ហើយនេះក៏ជាសារៈសំខាន់នៃទ្រព្យសម្បត្តិនៅក្នុងក្រសែភ្នែករបស់​មនុស្ស​​ដែរ។ ដូច្នេះ ទើបមនុស្សភាគច្រើនភ័ន្តច្រឡំនឹងឥរិយាបថមិនអើពើដែលលោកយ៉ូបមាន ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់លោក។ ថ្ងៃនេះ យើងនឹងបំបាត់ចោលនូវ​ការភ័ន្តច្រឡំ​ដែល​មនុស្ស​ទាំងអស់នេះមាន ដោយពន្យល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងដួងចិត្តរបស់លោកយ៉ូប។

បន្ទាប់ពីព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិដ៏ហូរហៀរ សុភវិនិច្ឆ័យបញ្ជាថា លោកយ៉ូប​គួរ​តែ​មានអារម្មណ៍ខ្មាសអៀនចំពោះព្រះជាម្ចាស់ ដោយព្រោះការបាត់បង់ទ្រព្យសម្បត្តិទាំងនេះ ដ្បិតលោកមិនបានថែទាំ ឬថែរក្សាទ្រព្យសម្បត្តិទាំងអស់នេះឲ្យបានល្អ លោកមិនបានរក្សាទុក​ទ្រព្យ​សម្បត្តិដែលព្រះជាម្ចាស់បានប្រទានឲ្យនោះទេ។ ដូច្នេះ នៅពេលដែលលោកឮថា ទ្រព្យ​សម្បត្តិ​របស់លោកត្រូវគេលួច ប្រតិកម្មដំបូងរបស់លោក គឺគួរតែទៅមើលកន្លែងកើតហេតុ និងធ្វើ​បញ្ជី​សារពើភណ្ឌទ្រព្យសម្បត្តិគ្រប់យ៉ាងដែលបានបាត់បង់ រួចលន់តួទៅព្រះជាម្ចាស់ ដើម្បីឲ្យ​លោក​អាច​ទទួលបានព្រះពរពីព្រះជាម្ចាស់ម្ដងទៀត។ យ៉ាងណាមិញ លោកយ៉ូបពុំបានធ្វើបែបនេះឡើយ ហើយជាធម្មតា លោកមានហេតុផលផ្ទាល់ខ្លួនចំពោះការដែលលោកមិនធ្វើដូច្នេះ។ នៅក្នុងចិត្ត​របស់​លោកយ៉ូប លោកជឿពិតថា គ្រប់យ៉ាងដែលលោកមាន គឺព្រះជាម្ចាស់ជាអ្នកប្រទានឲ្យគាត់ និងមិនមែនជាផលនៃកម្លាំងពលកម្មរបស់គាត់ផ្ទាល់ឡើយ។ ដូច្នេះ លោកមើលមិនឃើញថា ព្រះពរ​ទាំង​នេះជាផលដែលបានមកដោយចំណេញនោះឡើយ តែផ្ទុយទៅវិញ គាត់ពឹងលើគោលការណ៍​នៃ​ការ​រក្សាជីវិតរបស់លោក នៅក្នុងការទ្រាំទ្រនឹងរបៀបដែលគួររក្សាឲ្យបាន ដោយកម្លាំងទាំងអស់​ដែល​គាត់មាន។ គាត់ពេញចិត្តនឹងព្រះពររបស់ព្រះជាម្ចាស់ ហើយគាត់បានអរព្រះគុណចំពោះ​ព្រះ​ពរទាំងអស់នេះ ប៉ុន្តែ គាត់មិនងប់នឹងព្រះពរទាំងនេះទេ ហើយក៏មិនស្វែងរកព្រះពរទាំងអស់​នេះ​​ថែមទៀតដែរ។ នេះហើយជាឥរិយាបថរបស់គាត់ចំពោះទ្រព្យសម្បត្តិ។ គាត់មិនធ្វើកិច្ចការដែល​ជា​ប្រយោជន៍ដល់ការទទួលបានព្រះពរនោះទេ ក៏មិនបារម្ភ ឬព្រួយខ្វល់ដោយសារតែកង្វះខាត ឬ​ការ​បាត់បង់ព្រះពររបស់ព្រះជាម្ចាស់នោះដែរ គាត់ក៏មិនកញ្ជ្រោលសប្បាយ ត្រេកអរហួសហេតុ ដោយ​សារតែព្រះពររបស់ព្រះជាម្ចាស់ ឬមិនអើពើនឹងផ្លូវរបស់ព្រះជាម្ចាស់ ឬក៏ភ្លេចព្រះគុណ​របស់​ព្រះជាម្ចាស់ ដោយសារតែព្រះពរដែលគាត់បានអាស្រ័យផលជារឿយៗនោះដែរ។ ឥរិយាបថរបស់​លោកយ៉ូបចំពោះទ្រព្យសម្បត្តិរបស់លោក បង្ហាញឲ្យមនុស្សឃើញអំពីភាពជាមនុស្សពិតរបស់ លោក៖ ទីមួយ លោកយ៉ូបមិនមែនជាមនុស្សលោភលន់ ហើយជាមនុស្សដែលស្កប់ ស្កល់នឹង​ជីវិត​រូបវន្តរបស់គាត់។ ទីពីរ លោកយ៉ូបមិនដែលខ្វល់ ឬខ្លាចថាព្រះជាម្ចាស់នឹងដកយកគ្រប់យ៉ាង ដែល​គាត់​មាននោះឡើយ មានន័យថា លោកពុំដែលទាមទារ ឬត្អួញត្អែរអំពីពេលវេលា ឬពីការដែល​ព្រះ​ជាម្ចាស់ដកយកពីគាត់ ឬក៏អត់នោះឡើយ ហើយគាត់ក៏មិនសួររកហេតុផលដែរ គឺមានតែព្យាយាម​ស្ដាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នោះហើយគឺឥរិយាបថ​នៃការស្ដាប់បង្គាប់​ព្រះ​ជា​ម្ចាស់នៅក្នុងចិត្តរបស់គាត់។ ទីបី លោកមិនដែលជឿថា ទ្រព្យសម្បត្តិរបស់លោកបានមក​ពីកម្លាំង​ពលកម្មរបស់លលោកផ្ទាល់នោះឡើយ ប៉ុន្តែ វាត្រូវបានព្រះជាម្ចាស់ប្រទានមកឲ្យលោកវិញ។ នេះ​គឺជាសេចក្ដីជំនឿរបស់លោកយ៉ូប ចំពោះព្រះជាម្ចាស់ ហើយក៏ជាការប្រាប់ឲ្យដឹង ពីភាពជឿជាក់​របស់លោកដែរ។ តើភាពជាមនុស្សរបស់លោកយ៉ូប និងការព្យាយាមឲ្យបានដ៏ពិតរាល់ថ្ងៃ​របស់​លោក ត្រូវបានបញ្ជាក់ច្បាស់នៅក្នុងចំណុចសង្ខេបទាំងបីអំពីលោកដែរឬទេ? ភាពជាមនុស្ស និង​ការ​ព្យាយាមឲ្យបានរបស់លោកយ៉ូប សំខាន់ចំពោះកិរិយាត្រជាក់ចិត្តរបស់លោក នៅពេលដែល​ប្រឈមជាមួយនឹងការដែលលោកបាត់បង់ទ្រព្យសម្បត្តិ។ ប្រាកដណាស់ មកពីការព្យាយាមឲ្យបាន​រាល់ថ្ងៃរបស់គាត់នេះហើយ ទើបលោកយ៉ូបមានកិត្តិយស និងជឿជាក់ហ៊ាននិយាយថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ក្នុងគ្រាត្រូវល្បងលពីព្រះជាម្ចាស់។ ពាក្យ​សម្ដី ទាំងអស់នេះ មិនមែនបានមកភ្លាមៗនោះទេ ក៏ពុំមែនសុខៗស្រាប់តែលេចឡើងនៅ ក្នុងគំនិតរបស់​លោកយ៉ូបដែរ។ វាគឺជាសេចក្ដីដែលលោកបានឃើញ និងទទួលបាននៅក្នុងបទពិសោធន៍​ជីវិតរាប់​សិបឆ្នាំរបស់លោក។ ប្រៀបធៀបនឹងមនុស្សទាំងអស់ដែលស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ពួក​មនុស្សដែលខ្លាចថា ព្រះជាម្ចាស់នឹងដកយកពីពួកគេវិញ និងអ្នកដែលស្អប់រឿងនេះ ហើយ​ត្អូញ​ត្អែរ​ពីរឿងនេះ តើការស្ដាប់បង្គាប់របស់លោកយ៉ូប មិនមែនជាការស្ដាប់បង្គាប់ពិតទេឬអី? ធៀបទៅនឹង​អស់អ្នកដែលជឿថា មានព្រះជាម្ចាស់មួយអង្គ ប៉ុន្តែមិនដែលជឿថា ព្រះជាម្ចាស់គ្រប់គ្រងលើសព្វ សារពើ តើលោកយ៉ូបគ្មានភាពស្មោះត្រង់ និងភាពទៀងត្រង់អស្ចារ្យទេឬអី?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការ​របស់ព្រះជាម្ចាស់

ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយ​ទៀង​ត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់...

ពុំមានការសង្ស័យចំពោះការល្បងលរបស់ព្រះជាម្ចាស់

ក្រោយពេលដែលទទួលបានទីបន្ទាល់ពីលោកយ៉ូប បន្ទាប់​ពី​ការ ល្បង​លរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចលោក​យ៉ូប...

សាតាំងល្បួងលោកយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់លោកយ៉ូប)

ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ យ៉ូប ២:៣ រួចព្រះ‌យេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ?...

លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះ​ជាម្ចាស់

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យ​សម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ...

Leave a Reply