ភាពខុសគ្នារវាងជិវិតជាពួកជំនុំនៅក្នុងយុគសម័យនៃព្រះគុណ និងនៅក្នុងយុគសម័យនៃនគរព្រះ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលព្រះជាម្ចាស់បានយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបីវិញ តាមពិតទៅ កិច្ចការនៃការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់បានចូលមកដល់ផ្នែកចុងក្រោយរបស់វាហើយ។ អ្វីដែលនៅសេសសល់លើផែនដី គឺជាឈើឆ្កាងដែលព្រះយេស៊ូវបានលីនៅលើខ្នងរបស់ទ្រង់ ជាក្រណាត់ទេសឯកដែលគេបានរុំឲ្យព្រះយេស៊ូវ ព្រមទាំងមកុដធ្វើពីបន្លា និងព្រះពស្ដពណ៌ក្រហមដែលព្រះយេស៊ូវបានពាក់ (ទាំងនេះគឺជាវត្ថុដែលពួកយូដាប្រើ ដើម្បីចំអកទ្រង់)។ ក្រោយពេលកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចមក ទើបអ្វីៗបានស្ងប់ជាថ្មីម្ដងទៀត។ ចាប់ពីពេលនោះមក សិស្សរបស់ព្រះយេស៊ូវបានចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ មើលថែ និងស្រោចទឹកពួកជំនុំនៅគ្រប់ទីកន្លែង។ ខ្លឹមសារនៃកិច្ចការរបស់គេមានដូចខាងក្រោម៖ ពួកគេបានសុំឲ្យមនុស្សគ្រប់គ្នាប្រែចិត្ត លន់តួបាបរបស់ខ្លួន ហើយធ្វើបុណ្យជ្រមុជទឹក។ ពួកសាវ័កទាំងអស់បានចេញដំណើរទៅផ្សព្វផ្សាយអំពីសាច់រឿងដ៏សាមញ្ញអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីឲ្យមនុស្សគ្រប់គ្នាមិនអាចធ្វើអ្វី ក្រៅពីក្រាបថ្វាយបង្គំនៅមុខព្រះយេស៊ូវ ហើយលន់តួបាបរបស់គេ។ លើសពីនេះទៅទៀត ពួក សាវ័កបានចេញទៅគ្រប់ទីកន្លែង ដើម្បីបញ្ជូនសារដែលព្រះយេស៊ូវបានថ្លែង។ អំណឹះពីនេះតទៅ ចាប់ផ្ដើមមានការសង់អគារពួកជំនុំនៅក្នុងយុគសម័យនៃព្រះគុណ។

(«កិច្ចការ និងការចូលទៅក្នុង (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កាលពីអតីតកាល ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏ពិសេស ឬការប្រជុំធំៗដែលត្រូវធ្វើឡើងនៅតាមទីកន្លែងផ្សេងៗ វាមានតែទិដ្ឋភាពមួយអំពីមាគ៌ានៃការអនុវត្តប៉ុណ្ណោះដែលត្រូវបានលើកឡើង។ ការអនុវត្តបែបនេះ គឺជាកិច្ចការដែលត្រូវយកទៅអនុវត្ត នៅក្នុងអំឡុងយុគសម័យនៃព្រះគុណ ហើយកម្រមានការពាក់ព័ន្ធនឹងចំណេះដឹងអំពីព្រះជាម្ចាស់ណាស់ ព្រោះថានិមិត្តអំពីយុគសម័យនៃព្រះគុណ គ្រាន់តែជានិមិត្តអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះ ហើយវាគ្មាននិមិត្តអ្វីដែលធំអស្ចារ្យជាងនេះទៀតឡើយ។ មនុស្សគួរតែមានចំណេះដឹងលើសពីកិច្ចការប្រោសលោះមនុស្សជាតិរបស់ទ្រង់តាមរយៈការជាប់ឆ្កាង ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ វាគ្មាននិមិត្តអ្វីផ្សេងដែលមនុស្សត្រូវដឹងនោះឡើយ។ បើបែបនេះ មនុស្សមានចំណេះដឹងមិនគ្រប់គ្រាន់អំពីព្រះជាម្ចាស់នោះទេ ហើយក្រៅពីចំណេះដឹងអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ វាមាននូវរឿងដ៏សាមញ្ញៗ និងគួរឲ្យអាណិតតិចតួចបំផុតដែលមនុស្សអាចយកទៅអនុវត្ត ហើយក៏មានលក្ខណៈខុសប្លែកឆ្ងាយពីពេលបច្ចុប្បន្ននេះដែរ។ កាលពីអតីតកាល មិនថាពួកជំនុំដែលគេចូលរួមមានទម្រង់បែបណា ក៏មនុស្សគ្មានសមត្ថភាពក្នុងការនិយាយអំពីចំណេះដឹងជាក់ស្ដែងទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ ហើយក៏គ្មាននរណាម្នាក់អាចនិយាយច្បាស់ៗអំពីផ្លូវនៃការអនុវត្តដ៏សក្តិសមបំផុតសម្រាប់មនុស្ស ដើម្បីចាប់ផ្ដើមនោះដែរ។ មនុស្សគ្រាន់តែបន្ថែមសេចក្ដីលម្អិតដ៏សាមញ្ញចំនួនពីរបីទៅក្នុងគ្រឹះមូលដ្ឋាននៃការអត់ទ្រាំនិងការអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែ វាគ្មាននូវការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់នៃការ អនុវត្តរបស់គេទេ ព្រោះថានៅក្នុងយុគសម័យដដែលនោះ ព្រះជាម្ចាស់មិនបានធ្វើកិច្ចការថ្មីៗនោះឡើយ ហើយសេចក្ដីតម្រូវតែមួយគត់របស់ទ្រង់សម្រាប់មនុស្ស គឺជាការអត់ទ្រាំ និងការអត់ធ្មត់ ឬការលីឈើឆ្កាង។ ក្រៅពីការអនុវត្តទាំងនេះ វាគ្មាននិមិត្តណាមួយដែលខ្ពស់ជាងការជាប់ឆ្កាង របស់ព្រះយេស៊ូវឡើយ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឲ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបទំនើបដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមអ្វីដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាច្បាប់ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងអោយមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យនិងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់ទ្រង់មិនប្រកាន់នូវច្បាប់ទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គទ្រង់ធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារដែលជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនអ្នកក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅដោយលើកតម្កើងច្បាប់ ហើយឲ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយច្បាប់ និងសញ្ញាណរបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

(«ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងដំណើរនៃការចូលទៅក្នុងរបស់មនុស្ស ជីវិតរស់នៅរបស់មនុស្សតែងតែគួរឲ្យធុញទ្រាន់ ពេញដោយសមាសធាតុដដែលៗនៃជីវិតខាងវិញ្ញាណ ដូចជា ការអធិស្ឋាន ការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការបង្កើតជាក្រុមជួបជុំ ហើយមនុស្សតែងតែមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់មិនបាននាំមកនូវសេចក្តីរីករាយដ៏ធំឡើយ។ សកម្មភាពខាងវិញ្ញាណបែបនេះតែងតែត្រូវបានអនុវត្តនៅលើមូលដ្ឋាននៃនិស្ស័យដើមរបស់មនុស្ស ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ទោះបីពេលខ្លះមនុស្សអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ការគិត និស្ស័យ របៀបរស់នៅ និងទម្លាប់របស់គេនៅតែចាក់ឫសខាងក្នុង ដូច្នេះ ធម្មជាតិរបស់គេនៅតែមិនផ្លាស់ប្ដូរដដែល។ ... ជាការពិត នៅពេលដែលដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់បានបំផ្លាញឧបករណ៍ និងស្ទីលនៃគ្រានោះរួចហើយ ដោយគ្មានបន្សល់ដានអ្វីឡើយ។ យ៉ាងណាមិញ «អ្នកជឿដ៏ស្មោះត្រង់» បន្តថ្វាយបង្គំវត្ថុរូបិយទាំងនោះ ហើយក្នុងគ្រាដដែលនោះ ពួកគេលាក់ទុកអ្វីដែលព្រះជាម្ចាស់មាននៅខាងក្រោយនៃគំនិតរបស់គេ លែងសិក្សាតទៅទៀត ធ្វើខ្លួនដូចជាពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅពេលដែលជាក់ស្ដែង ពួកគេបានបណ្ដេញទ្រង់ចេញពីផ្ទះរបស់គេ តាំងពីយូរយារ ហើយបានដាក់អារក្សសាតាំងនៅលើតុ ដើម្បីថ្វាយបង្គំ។ រូបព្រះយេស៊ូវ រូបឈើឆ្កាង រូបនាងម៉ារា រូបបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ និងពិធីលៀងព្រះអម្ចាស់ មនុស្សគោរពសក្ការៈរូបទាំងនេះទុកដូចជាព្រះអម្ចាស់នៃស្ថានសួគ៌ ក្នុងពេលដែលគេបន្តស្រែកឡើងដដែលៗថា «ឱ ព្រះអម្ចាស់ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌»។ តើទាំងអស់នេះមិនមែនជារឿងកំប្លែងទេឬ? មកដល់សព្វថ្ងៃនេះ មានពាក្យស្លោក និងការប្រណិប័តន៍ស្រដៀងគ្នាជាច្រើនដែលត្រូវបានផ្ទេរបន្តនៅក្នុងចំណោមមនុស្ស គឺជារឿងដ៏គួរឲ្យស្អប់ចំពោះព្រះជាម្ចាស់ ដ្បិតវាពិតជាបង្អាក់ដល់ផ្លូវខាងមុខសម្រាប់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត វាបង្កើតជាឧបសគ្គដ៏ធំចំពោះការចូលទៅក្នុងរបស់មនុស្ស។ ដោយព្រងើយកន្តើយចំពោះកម្រិតដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយ ផ្នែកខាងក្នុងរបស់មនុស្សត្រូវបានពេញពោរទាំងស្រុងដោយអ្វីៗ ដូចជា ក្រឹត្យវិន័យរបស់លោក វីតនេស លី (Witness Lee) បទពិសោធន៍របស់លោក ឡូរិនស៍ (Lawrence) ការស្ទង់មតិ ដោយលោក វ៉ូចមែន នី (Watchman Nee) និងកិច្ចការរបស់លោកប៉ុល។ ព្រះជាម្ចាស់គ្មានផ្លូវក្នុងការធ្វើការពីលើមនុស្សលោកឡើយ ដោយសារតែនៅក្នុងគំនិតរបស់គេ មានពោរពេញទៅដោយភាពបុគ្គលនិយម ក្រឹត្យវិន័យ ក្បួនច្បាប់ បទបញ្ញត្តិ ប្រព័ន្ធ ជាដើម ហើយដោយបន្ថែមពីលើទំនោរអបិយជំនឿដ៏ចាស់គំរឹលរបស់មនុស្ស រឿងទាំងនេះបានធ្វើឲ្យមនុស្សងប់ងុល និងវក់វីយ៉ាងខ្លាំង។ គឺវាប្រៀបបីដូចជាគំនិតរបស់មនុស្ស ជាខ្សែភាពយន្តដ៏គួរឲ្យចាប់អារម្មណ៍ ដែលចាក់បញ្ចាំងអំពីរឿងព្រេងនិទាននៅក្នុងភាពចម្រុះពណ៌ ហើយមានតួអង្គដ៏អស្ចារ្យកំពុងតែជិះលើពពក ពេញដោយការស្រមើស្រមៃ ដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើល ភាំងស្មារតី និងលែងមាត់ក។ និយាយការពិត កិច្ចការដែលព្រះជាម្ចាស់យាងមកធ្វើនៅថ្ងៃនេះ គឺផ្ដោតជាចម្បងទៅលើការដោះស្រាយ និងការលុបបំបាត់គំនិតអបិយជំនឿរបស់មនុស្សលោក ហើយបំផ្លាស់បំប្រែទស្សនៈរបស់គេទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់មិនបានស្ថិតស្ថេរ រហូតមកដល់ពេលសព្វថ្ងៃ ដោយសារតែកេរមរតកដែលត្រូវបានផ្ទេរបន្តដល់មនុស្សជំនាន់ក្រោយៗ ដោយមនុស្សឡើយ ប៉ុន្តែ វាជាកិច្ចការដែលទ្រង់បានផ្ដួចផ្ដើមឡើងដោយអង្គទ្រង់ ហើយបញ្ចប់ដោយអង្គទ្រង់ ដោយគ្មានតម្រូវការទទួលបានកេរដំណែលរបស់បុគ្គលខាងវិញ្ញាណដ៏អស្ចារ្យណាម្នាក់ ឬស្នងមរតកកិច្ចការណាមួយនៃធម្មជាតិតំណាងណាមួយដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យណាមួយឡើយ។ មនុស្សលោកមិនចាំបាច់មានកង្វល់ជាមួយរឿងទាំងនេះឡើយ។ ព្រះជាម្ចាស់នាពេលសព្វថ្ងៃមានរបៀបនៃការថ្លែងបន្ទូល និងរបៀបនៃការធ្វើការមួយបែបទៀត ដូច្នេះ ហេតុអ្វីបានជាមនុស្សលោកគួរតែយកចិត្តទុកដាក់ទៅ? ប្រសិនបើមនុស្សដើរនៅលើផ្លូវនាពេលសព្វថ្ងៃនៅក្នុងចរន្តបច្ចុប្បន្ន ខណៈពេលបន្តកេរដំណែលនៃ «បុព្វបុរស» របស់គេ នោះពួកគេនឹងមិនទៅដល់វាសនារបស់គេឡើយ។ ព្រះជាម្ចាស់មានអារម្មណ៍ស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះឥរិយាបថរបស់មនុស្សបែបនេះ គឺដូចជាទ្រង់ស្អប់ខ្ពើមថ្ងៃ ខែ ឆ្នាំនៃពិភពរបស់មនុស្សអ៊ីចឹងដែរ។

(«កិច្ចការ និងការចូលទៅក្នុង (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការសរសើរបានមកដល់ភ្នំស៊ីយ៉ូន ហើយព្រះដំណាក់របស់ព្រះជាម្ចាស់ក៏បានលេចមកដែរ។ ព្រះនាមដ៏បរិសុទ្ធពេញដោយសិរីល្អ ដែលមនុស្សទាំងអស់លើកសរសើរនោះ រីកសាយភាយ។ ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ព្រះសិរសានៃចក្រវាឡ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់គឺជាព្រះអាទិត្យដ៏ចាំងចែង ដែលបានរះឡើងនៅលើភ្នំស៊ីយ៉ូន ដែលលេចត្រដែតឡើងដោយឫទ្ធានុភាព និងអំណាចដ៏ថ្កុំថ្កើងទៅលើចក្រវាឡទាំងមូល ...

ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! យើងអំពាវនាវរកទ្រង់ក្នុងសេចក្តីរីករាយយ៉ាងខ្លាំង ហើយយើងរាំច្រៀង។ ទ្រង់ជាព្រះប្រោសលោះដ៏ពិតរបស់យើង ជាស្ដេចដ៏ធំធេងនៃចក្រវាឡ! ទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុម ហើយបានសម្រេចផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់នឹងហូរទៅរកភ្នំនេះ។ មនុស្សទាំងអស់នឹងលុតជង្គង់នៅមុខបល្ល័ង្ក! ទ្រង់ជាព្រះដ៏ពិតតែមួយប៉ុណ្ណោះ ហើយទ្រង់សក្ដិសមទទួលសិរីល្អ និងការលើកតម្កើង។ សូមថ្វាយគ្រប់ទាំងសិរីល្អ ការសរសើរតម្កើង និងសិទ្ធិអំណាច ដល់បល្ល័ង្កនៃទ្រង់! ប្រភពទឹកនៃជីវិតហូរចេញមកពីបល្ល័ង្កទ្រង់ ស្រោចស្រព និងចម្អែតដល់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដ៏ច្រើនសន្ធឹកសន្ធាប់។ ជីវិតផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ហើយពន្លឺ និងការបើកសម្ដែងថ្មីតាមពីក្រោយយើង ដែលតែងតែផ្ដល់ដល់យើងនូវគតិជ្រៅជ្រះថ្មីៗអំពីព្រះជាម្ចាស់។ នៅក្នុងបទពិសោធន៍ផ្សេងៗ យើងចាប់ផ្ដើមមានភាពច្បាស់លាស់ទាំងស្រុងអំពីព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញជានិច្ចនៅក្នុងចំណោមមនុស្សសុចរិត។ យើងពិតជាមានពរខ្លាំងណាស់! ដោយជួបជាមួយព្រះជាម្ចាស់មុខទល់នឹងមុខរាល់ថ្ងៃ ប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ហើយផ្ដល់ឲ្យព្រះជាម្ចាស់នូវអធិបតេយ្យភាពលើអ្វីៗទាំងអស់។ យើងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងប្រុងប្រយ័ត្ន ដួងចិត្តរបស់យើងសម្រាកយ៉ាងស្ងប់ស្ងាត់នៅក្នុងព្រះជាម្ចាស់ ហើយយើងក៏មកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ដែរ ជាកន្លែងដែលយើងទទួលបានពន្លឺរបស់ទ្រង់។ រាល់ថ្ងៃ នៅក្នុងជីវិត ទង្វើ ពាក្យសម្ដី គំនិត និងយោបល់របស់យើង យើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយស្គាល់ខុស ស្គាល់ត្រូវគ្រប់ពេលវេលា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវនៃជីវិត ហើយដោយមិនបានរំពឹងទុក រឿងលាក់កំបាំងខាងក្នុងចិត្តយើង ត្រូវបានលេចចេញមកនៅក្នុងពន្លឺម្ដងមួយៗ។ ការប្រកបគ្នាជាមួយព្រះជាម្ចាស់ត្រូវធ្វើឡើង ដោយគ្មានការពន្យារពេលឡើយ ហើយរាល់គំនិត និងយោបល់របស់យើងត្រូវបានព្រះជាម្ចាស់លាតត្រដាងឲ្យឃើញទាំងអស់។ យើងកំពុងតែរស់នៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទគ្រប់ពេលវេលា ដ្បិតនៅទីនោះជាកន្លែងដែលយើងត្រូវទទួលការជំនុំជម្រះ។ សាតាំងនៅបន្ដកាន់កាប់គ្រប់កន្លែងនៅក្នុងរូបកាយរបស់យើង។ នៅថ្ងៃនេះ ដើម្បីស្តារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើងវិញ ព្រះវិហាររបស់ទ្រង់ត្រូវតែលាងជម្រះឲ្យស្អាតសិន។ ដើម្បីឲ្យព្រះជាម្ចាស់កាន់កាប់ទាំងស្រុង យើងត្រូវតែចូលរួមនៅក្នុងការប្រយុទ្ធស្លាប់រស់មួយនេះ។ មានតែនៅពេលដែលជីវិតចាស់របស់យើងត្រូវបានជាប់ឆ្កាងប៉ុណ្ណោះ ទើបជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទ អាចសោយរាជ្យដល់កម្រិតកំពូលបាន។

ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែចាត់ចែងគ្រប់គ្រងលើគ្រប់ផ្នែកនៃជីវិតរបស់យើង ដើម្បីចូលរួមប្រយុទ្ធសម្រាប់ការស្ដារឡើងវិញរបស់យើង! ដរាបណាយើងត្រៀមខ្លួនជាស្រេច ដើម្បីបដិសេធខ្លួនឯង ហើយព្រមសហការជាមួយព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រាកដជាបំភ្លឺ និងបន្សុទ្ធចិត្តរបស់យើងគ្រប់ពេលវេលា ហើយទាមទារមកវិញនូវអ្វីដែលសាតាំងបានកាន់កាប់ ដើម្បីឲ្យយើងអាចត្រូវបានប្រោសឲ្យពេញខ្នាត ដោយព្រះជាម្ចាស់កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ចូរកុំខ្ជះខ្ជាយពេលវេលាឡើយ។ ចូររស់នៅគ្រប់វិនាទីនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរស្អាងឡើងជាមួយពួកបរិសុទ្ធ ហើយត្រូវបាននាំចូលទៅក្នុងនគរព្រះ ព្រមទាំងចូលទៅក្នុងសិរីល្អជាមួយព្រះជាម្ចាស់។

(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅថ្ងៃនេះ ទ្រង់បានធ្វើឲ្យពួកជំនុំទាំងអស់ពេញខ្នាត ដូចជា ពួកជំនុំនៃក្រុងភីឡាដិលភា ហើយទ្រង់បានសម្រេចផែនការគ្រប់គ្រងរយៈពេល៦,០០០ឆ្នាំរបស់ទ្រង់។ ពួកបរិសុទ្ធអាចចុះចូលដោយបន្ទាបខ្លួននៅចំពោះទ្រង់ ផ្សារភ្ជាប់ខាងវិញ្ញាណ និងការដើរតាមនៅក្នុងសេចក្តីស្រឡាញ់ ដោយចូលរួមទៅនឹងប្រភពទឹក។ ទឹកដ៏រស់នៃជីវិតហូរឥតឈប់ ដោយលាងជម្រះ និងកម្ចាត់ចោលរាល់ភក់ជ្រាំ និងទឹកស្មោកគ្រោកដែលមាននៅក្នុងពួកជំនុំ ដើម្បីបន្សុទ្ធព្រះវិហាររបស់ទ្រង់ម្ដងទៀត។ យើងបានស្គាល់ព្រះដ៏ពិតជាក់ស្ដែង បានដើរនៅក្នុងព្រះបន្ទូលរបស់ទ្រង់ បានទទួលស្គាល់មុខងារ និងភារកិច្ចរបស់យើង ហើយបានធ្វើអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលះបង់ខ្លួនយើងសម្រាប់ជាប្រយោជន៍ដល់ពួកជំនុំ។ ដោយនៅស្ងប់ស្ងៀមចំពោះទ្រង់ យើងត្រូវតែយកចិត្តទុកដាក់មើលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកុំឲ្យព្រះហឫទ័យរបស់ទ្រង់ត្រូវបានរាំងស្ទះនៅក្នុងយើង។ នៅក្នុងចំណោមពួកបរិសុទ្ធនៅក្រុងនោះ ពួកគេមាននូវសេចក្តីស្រឡាញ់ចំពោះគ្នា ហើយចំណុចខ្លាំងរបស់អ្នកខ្លះនឹងជួយបំពេញបន្ថែមដល់ចំណុចខ្វះខាតរបស់អ្នកផ្សេងទៀត។ ពួកគេអាចដើរដោយវិញ្ញាណគ្រប់ពេល ដោយទទួលបានការស្រាយបំភ្លឺ និងការពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេអនុវត្តតាមសេចក្តីពិតភ្លាមៗនៅពេលដែលពួកគេយល់។ ពួកគេបន្តដើរតាមឲ្យទាន់ពន្លឺថ្មី និងដើរតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់។

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយការអនុញ្ញាតឲ្យទ្រង់ត្រួតត្រា គឺជាការដើរជាមួយទ្រង់។ គ្រប់ទាំងគំនិត សញ្ញាណ យោបល់ និងការជាប់ជំពាក់ខាងលោកីយ៍ ត្រូវរលាយបាត់ទៅក្នុងខ្យល់ ដូចជាផ្សែង។ យើងអនុញ្ញាតឲ្យព្រះជាម្ចាស់សោយរាជ្យដ៏ខ្ពង់ខ្ពស់នៅក្នុងវិញ្ញាណរបស់យើង ដើរជាមួយទ្រង់ និងទទួលបានភាពខ្ពង់ខ្ពស់ យកឈ្នះលើលោកីយ៍ ហើយវិញ្ញាណរបស់យើងមានសេរីភាពហោះហើរដោយសេរី និងទទួលបានការដោះលែង៖ នេះគឺជាលទ្ធផល នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាក្លាយជាស្ដេច។ តើយើងអាចមិនរាំច្រៀងនៅក្នុងការសរសើរតម្កើង ដោយថ្វាយការសរសើរតម្កើងរបស់យើង និងច្រៀងបទទំនុកថ្មីយ៉ាងដូចម្ដេច?

មានផ្លូវដ៏ពិតជាច្រើន ដើម្បីសរសើរព្រះជាម្ចាស់៖ ការអំពាវនាវរកព្រះនាមទ្រង់ ការចូលទៅជិតទ្រង់ ការគិតអំពីទ្រង់ ការអានសេចក្តីអធិស្ឋាន ការចូលរួមនៅក្នុងការប្រកបគ្នា ការសញ្ជឹងគិត ការអធិស្ឋាន និងបទចម្រៀងនៃការសរសើរតម្កើង។ នៅក្នុងប្រភេទនៃការសរសើរទាំងនេះ មាននូវសេចក្តីរីករាយ និងមាននូវការចាក់ប្រេងតាំង ហើយមានអំណាចនៅក្នុងការសរសើរតម្កើង ហើយក៏មាននូវបន្ទុកមួយដែរ។ មាននូវសេចក្តីជំនឿនៅក្នុងការសរសើរតម្កើង ហើយក៏មានគតិជ្រៅជ្រះថ្មីដែរ។

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម ហើយសម្របសម្រួលនៅក្នុងការបម្រើ និងមានចិត្តតែមួយ ចូរសម្រេចបំណងព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រញាប់ក្លាយជារូបកាយខាងវិញ្ញាណដ៏បរិសុទ្ធមួយ យកឈ្នះលើសាតាំង ហើយបញ្ចប់នូវជោគវាសនារបស់សាតាំង។ ពួកជំនុំភីឡាដិលភាត្រូវបានលើកឡើងទៅលើពពកចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្ហាញចេញយ៉ាងច្បាស់នៅក្នុងសិរីល្អរបស់ទ្រង់។

(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ជាតិសាសន៍ទាំងអស់កំពុងតែអបអរសាទរ មនុស្សទាំងអស់កំពុងតែច្រៀង ភ្នំស៊ីយ៉ូនកំពុងតែសើចយ៉ាងក្អាកក្អាយ ហើយសិរីល្អរបស់ព្រះជាម្ចាស់បានកើតឡើង! ខ្ញុំមិនធ្លាប់ស្រមៃថា ខ្ញុំអាចមើលឃើញព្រះភក្ដ្ររបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែ ថ្ងៃនេះ ខ្ញុំបានឃើញហើយ។ ដោយនៅផ្ទាល់ជាមួយទ្រង់ជារៀងរាល់ថ្ងៃ នោះខ្ញុំបានប្រគល់ចិត្តទាំងមូលដល់ទ្រង់។ ទ្រង់ប្រទានអាហារ និងភេសជ្ជៈយ៉ាងច្រើនក្រៃលែង។ ពន្លឺដ៏រុងរឿងរបស់ទ្រង់បំភ្លឺគ្រប់ទាំងជីវិត ពាក្យពេចន៍ សកម្មភាព គំនិត យោបល់។ ទ្រង់ដឹកនាំរាល់ជំហាននីមួយៗនៃវិធី ហើយការជំនុំជម្រះរបស់ទ្រង់កើតឡើងភ្លាមៗចំពោះចិត្តដ៏បះបោរ។

ការទទួលទាន ការស្នាក់នៅជាមួយគ្នា និងការរស់នៅជាមួយព្រះជាម្ចាស់ ការនៅរួមគ្នាជាមួយទ្រង់ ដើរជាមួយគ្នា រីករាយជាមួយគ្នា ទទួលបានសិរីល្អ និងព្រះពរជាមួយគ្នា ចែករំលែកភាពជាស្ដេចជាមួយទ្រង់ ហើយមានវត្តមានជាមួយគ្នានៅក្នុងនគរព្រះ ឱ! ពិតជារីករាយម្ល៉េះទេ! ឱ! ពិតជាផ្អែមល្ហែមម៉្លេះទេ! យើងនៅផ្ទាល់ជាមួយទ្រង់មុខទល់នឹងមុខជារៀងរាល់ថ្ងៃ និយាយជាមួយទ្រង់ជារៀងរាល់ថ្ងៃ ហើយជជែកគ្នាជានិច្ច ព្រមទាំងទទួលបានការបំភ្លឺថ្មី និងគំនិតថ្មីជារៀងរាល់ថ្ងៃ។ ភ្នែកខាងវិញ្ញាណរបស់យើងបានបើក ហើយយើងមើលឃើញអ្វីៗគ្រប់យ៉ាង។ គ្រប់អាថ៌កំបាំងទាំងអស់នៃវិញ្ញាណត្រូវបានបើកសម្ដែងដល់យើង។ ជីវិតដ៏បរិសុទ្ធ គឺពិតជាគ្មានសេចក្តីខ្វល់ខ្វាយឡើយ។ ចូររត់យ៉ាងលឿន និងកុំឈប់ឲ្យសោះ ព្រមទាំងបោះជំហានទៅមុខឥតឈប់ ព្រោះមានជីវិតដ៏អស្ចារ្យជាងនេះនៅខាងមុខ។ ចូរកុំពេញចិត្តត្រឹមតែរសជាតិផ្អែមឲ្យសោះ ចូរស្វែងរកឥតឈប់ឈរដើម្បីចូលទៅក្នុងព្រះជាម្ចាស់។ ទ្រង់គឺជាគ្រប់យ៉ាង ដែលបរិបូរណ៍ និងច្រើនក្រៃលែង ហើយទ្រង់មានអ្វីៗគ្រប់ប្រភេទដែលយើងខ្វះខាត។ ចូរសហការយ៉ាងសកម្ម និងចូលទៅក្នុងទ្រង់ ហើយគ្មានអ្វីដែលនឹងដូចពីមុនម្ដងទៀតឡើយ។ ជីវិតរបស់យើងនឹងវិសេសវិសាល ហើយគ្មានបុគ្គលណា បញ្ហាណា ឬអ្វីមួយអាចនឹងរំខានយើងបានឡើយ។

ភាពវិសេសវិសាល! ភាពវិសេសវិសាល! ភាពវិសេសវិសាលដ៏ពិត! ជីវិតដែលវិសេសវិសាលរបស់ព្រះជាម្ចាស់គឺនៅខាងក្នុង ហើយរបស់សព្វសារពើបានស្រាកស្រាន្ដយ៉ាងពិតប្រាកដ! យើងវិសេសលើសពិភពលោក និងវត្ថុនៃលោកិយ ដោយគ្មានអារម្មណ៍ជាប់ជំពាក់ជាមួយស្វាមី ឬកូនៗឡើយ។ យើងវិសេសលើសការត្រួតត្រានៃជំងឺ និងបរិស្ថានទាំងឡាយ។ សាតាំងមិនហ៊ានរំខានយើងឡើយ។ យើងពិតជាវិសេសលើសគ្រោះមហន្តរាយទាំងស្រុង។ ការនេះកំពុងតែអនុញ្ញាតឲ្យព្រះជាម្ចាស់កាន់កាប់ភាពជាស្ដេច! យើងជាន់ឈ្លីសាតាំងនៅក្រោមព្រះបាទ ឈរជាទីបន្ទាល់សម្រាប់ក្រុមជំនុំ ហើយបើកបង្ហាញយ៉ាងលម្អិតអំពីមុខមាត់ដ៏អាក្រក់របស់សាតាំង។ ការកសាងក្រុមជំនុំគឺស្ថិតនៅក្នុងព្រះគ្រីស្ទ ហើយរាងកាយដ៏រុងរឿងបានលេចចេញមក នេះគឺជាការរស់នៅក្នុងការលើកឡើង!

(«ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការចូលក្នុងការបង្វឹកបង្វឺននៃនគរព្រះមានន័យថា ជាការចាប់ផ្ដើមជីវិតជារាស្ដ្ររបស់ព្រះជាម្ចាស់ តើអ្នកសុខចិត្ដទទួលយកការបង្វឹកបង្វឺននេះដែរឬទេ? តើអ្នកសុខចិត្ដស្ថិតក្រោមការបង្គាប់បញ្ជាដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការវាយផ្ចាលពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកសុខចិត្ដរស់នៅក្រោមការស្ដីបន្ទោសរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាក់បង្ហូរលើអ្នក និងល្បងលអ្នក តើអ្នកនឹងប្រតិបត្ដិបែបណាដែរ? ហើយនៅពេលដែលអ្នកប្រឈមមុខនឹងការពិតគ្រប់បែបគ្រប់សណ្ឋាន តើអ្នកនឹងធ្វើអ្វី? កាលពីដើមឡើយ អ្នកមិនបានផ្ចង់ចិត្ដលើជីវិតឡើយ ថ្ងៃនេះអ្នកត្រូវចូលក្នុងភាពពិតប្រាកដនៃជីវិត ហើយស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់អ្នក។ នេះជាអ្វីដែលរាស្ដ្រនៃនគរព្រះត្រូវតែទទួលបាន។ អស់អ្នកណាដែលជារាស្ដ្ររបស់ព្រះជាម្ចាស់ ត្រូវតែមាននូវជីវិត ពួកគេត្រូវតែទទួលយកការបង្វឹកបង្វឺននៃនគរព្រះ ហើយស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យនៃជីវិតរបស់ខ្លួន។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវសម្រាប់រាស្ដ្រនៃនគរព្រះ។

សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់រាស្ដ្រនៃនគរព្រះមានដូចខាងក្រោម៖

១. ពួកគេត្រូវតែទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គឺមានន័យថា ពួកគេត្រូវតែទទួលយកនូវព្រះបន្ទូលទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

២. ពួកគេត្រូវតែចូលទៅកាន់ការបង្វឹកបង្វឺននៃនគរព្រះ។

៣. ពួកគេត្រូវតែ ស្វែងរកនូវដួងចិត្តរបស់គេ ដែលព្រះជាម្ចាស់បានប៉ះពាល់។ នៅពេលដែលដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកមានជីវិតខាងព្រលឹងវិញ្ញាណមួយដែលធម្មតា នោះអ្នកនឹងរស់នៅក្នុងអាណាចក្រដែលមានសេរីភាព មានន័យថា អ្នកនឹងរស់នៅក្រោមការថែរក្សា និងការការពារនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់។

៤. ព្រះជាម្ចាស់ត្រូវតែទទួលបានពួកគេ។

៥. ពួកគេត្រូវតែក្លាយជាការសម្ដែងចេញនូវសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។

ចំណុចទាំង៥នេះ គឺជាបញ្ជាបេសកកម្មរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ព្រះបន្ទូលរបស់ខ្ញុំថ្លែងមកចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយប្រសិនជាអ្នកមិនចង់ទទួលយកបញ្ជាបេសកកម្មទាំងនេះទេ ខ្ញុំក៏មិនបង្ខំអ្នកដែរ ប៉ុន្តែប្រសិនបើអ្នកទទួលយកបញ្ជាបេសកកម្មទាំងនេះដោយពិតប្រាកដ នោះអ្នកនឹងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ អ្នករាល់គ្នាចាប់ផ្តើមទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយចង់ឲ្យក្លាយខ្លួនជារាស្ត្រនៃនគរព្រះ និងទទួលបាននូវបទដ្ឋានដែលតម្រូវឲ្យក្លាយជារាស្ត្រនៃនគរព្រះ។ ជាជំហានដំបូងនៃការចូលទៅរកការបង្វឹកបង្វឺន។ ប្រសិនបើអ្នកចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឲ្យបានពេញលេញ នោះអ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មទាំង៥នេះ ហើយប្រសិនបើអ្នកអាចសម្រេចបញ្ជាបេសកកម្មទាំងនេះបាន នោះអ្នកនឹងបានថ្វាយដួងចិត្តទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រាកដជានឹងប្រើប្រាស់អ្នកយ៉ាងល្អបំផុត។ អ្វីដែលសំខាន់សម្រាប់ថ្ងៃនេះ គឺជាការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ។ ការចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ គឺពាក់ព័ន្ធទៅនឹងជីវិតផ្នែកព្រលឹងវិញ្ញាណ។ កាលពីមុន មិនមានការនិយាយអំពីជីវិតផ្នែកព្រលឹងវិញ្ញាណទេ ប៉ុន្តែសព្វថ្ងៃនេះនៅពេលដែលអ្នកចាប់ផ្តើមចូលទៅក្នុងការបង្វឹកបង្វឺននៃនគរព្រះ នោះអ្នកបានចូលក្នុងជីវិតផ្នែកព្រលឹងវិញ្ញាណជាផ្លូវការហើយ។

(«ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូល ទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថា តើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់ បានក្លាយជាតថភាពជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះនៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភព នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយបកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូលតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការ ដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅ ដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ។ ទ្រង់គ្រប់គ្រងមនុស្ស តាមរយៈព្រះបន្ទូល ដើម្បីឲ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឲ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធនិងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លានស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាអាហាររបស់មនុស្សនិងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែ នេះមិនមែនជាករណីនៅសព្វថ្ងៃនេះទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះនិងការប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយហូបនិងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

(«យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឥឡូវនេះ ជំនឿលើព្រះជាម្ចាស់បានចូលទៅក្នុង សម័យកាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ បើនិយាយឲ្យចំទៅមនុស្សលែង អធិស្ឋានច្រើនដូចកាលពីមុនហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបញ្ចេញឲ្យគេដឹងយ៉ាងច្បាស់លាស់នៅគ្រប់ផ្នែកទាំងអស់នៃសេចក្តីពិត និងរបៀបរបបនៃទំនៀមទម្លាប់ ហេតុដូច្នេះ មនុស្សលែងចាំបាច់ដើរស្វែងរក និងរាវរកទៀតហើយ។ នៅក្នុងជីវិតនៃយុគនៃនគរព្រះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវមនុស្ស ហើយព្រះបន្ទូលជាជីវិតដែលធ្វើឲ្យអ្វីៗទាំងអស់បានភ្លឺច្បាស់នៅចំពោះភ្នែកគេ ត្បិតព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់ចេញមកយ៉ាងច្បាស់លាស់ ដើម្បីកុំឲ្យមនុស្សវង្វេងចេញពីផ្លូវជីវិតរបស់ខ្លួន។ ទាក់ទងនឹងអាពាហ៍ពិពាហ៍ កិច្ចការខាងលោកីយ៍ ជីវិត ម្ហូបអាហារ សម្លៀកបំពាក់ និងទីជម្រក ការទំនាក់ទំនងរវាងបុគ្គល របៀបដែលមនុស្សអាចបម្រើ ដើម្បីគាប់បំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ របៀបដែលមនុស្សអាចលះបង់និស្ស័យសាច់ឈាមខ្លួន និងអ្វីៗផ្សេងទៀត ។ល។ តើរឿងណាមួយក្នុងចំណោមរឿងទាំងអស់នេះ ដែលព្រះជាម្ចាស់មិនបានពន្យល់ប្រាប់ដល់អ្នករាល់គ្នា? តើអ្នកនៅតែចាំបាច់ត្រូវអធិស្ឋាន និងស្វែងរកដែរឬទេ? ពិតជាមិនចាំបាច់នោះទេ! ប្រសិនបើអ្នកនៅតែធ្វើរឿងទាំងនេះ អ្នកកំពុងធ្វើរឿងឥតប្រយោជន៍ហើយ។ វាគឺជាភាពល្ងង់ខ្លៅ និងល្ងីល្ងើ ព្រមទាំងមិនចាំបាច់ទាំងស្រុង! ... ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺច្បាស់ដូចជាកែវមុក្តា ជាពិសេស ចំពោះអ្នកដែលប្រកាសពីបំណងព្រះហឫទ័យរបស់ព្រះអង្គ និស្ស័យរបស់ព្រះអង្គ និងរបៀបដែលព្រះអង្គប្រព្រឹត្ដចំពោះមនុស្សផ្សេងៗគ្នា។ ប្រសិនបើ អ្នកមិនយល់ពីសេចក្តីពិតទេ អ្នកគួរតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើន លទ្ធផលនៃការធ្វើបែបនេះ ប្រសើរជាងការអធិស្ឋាន និងការស្វែងរកដោយងងឹតងងុលទៅទៀត។ មានករណីជាច្រើនទៀត ដែលការស្វែងរក និងការអធិស្ឋានត្រូវបានជំនួសដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើន និងការប្រកបគ្នានៅក្នុងសេចក្តីពិត។ ការធ្វើបែបនេះ គឺមានប្រយោជន៍ច្រើនណាស់សម្រាប់ការរីកចម្រើន នៅក្នុងជីវិតរបស់អ្នក។ ប្រសិនបើឥឡូវនេះ អ្នកនៅតែស្វែងរក ដោយការងើបភ្នែកឡើងទៅលើមេឃដដែល តើនេះមិនបង្ហាញថា អ្នកកំពុងតែជឿលើព្រះជាម្ចាស់ដែលស្រពិចស្រពិលទេឬអី? កាលពីមុន អ្នកបានឃើញលទ្ធផលពីការស្វែងរក និងការអធិស្ឋានរបស់អ្នករួចហើយ គឺព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរវិញ្ញាណរបស់អ្នក ដោយព្រោះតែនោះគឺជាយុគសម័យនៃព្រះគុណ។ អ្នកមិនអាចមើលឃើញព្រះជាម្ចាស់បានទេ ដូច្នេះអ្នកគ្មានជំរើសក្រៅពីការផ្តោតអារម្មណ៍អ្នក ហើយស្វែងរកព្រះអង្គតាមរបៀបនោះឡើយ។ ឥឡូវនេះ ព្រះជាម្ចាស់បានយាងមកក្នុងចំណោមមនុស្ស ព្រះបន្ទូល បានត្រឡប់ជាសាច់ឈាម ហើយអ្នកអាចមើលឃើញព្រះអង្គបាន។ ដូច្នេះព្រះវិញ្ញាណបរិសុទ្ធលែងធ្វើកិច្ចការដូចពីមុនទៀតហើយ។ សម័យកាលត្រូវបានផ្លាស់ប្តូរ ហើយរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក៏បែបដូច្នេះដែរ។ ទោះបីជាមនុស្សប្រហែលជាមិនអធិស្ឋានច្រើនដូចដែលពួកគេធ្លាប់ធ្វើក៏ដោយ តែដោយព្រោះព្រះជាម្ចាស់គង់នៅលើផែនដី ឥឡូវនេះ មនុស្សមានឱកាសស្រឡាញ់ព្រះជាម្ចាស់បាន។ មនុស្សជាតិបានឈានចូលដល់យុគសម័យនៃការស្រឡាញ់ព្រះជាម្ចាស់ ហើយជាធម្មតាពួកគេអាចចូលកាន់តែជិតព្រះជាម្ចាស់ដោយខ្លួនគេបាន៖ «ឱ! ព្រះជាម្ចាស់អើយ! ព្រះអង្គ ទ្រង់ពិតជាល្អណាស់ ហើយទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់!» ជាមួយនឹងពាក្យពេចន៍ដ៏ច្បាស់ និងសាមញ្ញបែបនេះ បានផ្តល់នូវសូរសៀងនៃសេចក្តីស្រឡាញ់ដល់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្សបាត់ទៅហើយ ការអធិស្ឋានបែបនេះ ត្រូវបានធ្វើឡើង តែដើម្បីជាប្រយោជន៍នៃសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅរវាងមនុស្សនិងព្រះជាម្ចាស់តែប៉ុណ្ណោះ។ ពេលខ្លះអ្នកអាចឃើញខ្លួនឯងកំពុងបង្ហាញការបះបោរមួយចំនួន ទាំងពោលថា៖ «ឱព្រះជាម្ចាស់អើយ! ហេតុអ្វីបានជាទូលបង្គំអាក្រក់ម្ល៉េះ?» អ្នកទទួលអារម្មណ៍ជម្រុញយ៉ាងខ្លាំង ដូចជាកំពុងវាយខ្លួនឯងពីរបីដងអ៊ីចឹង ហើយទឹកភ្នែករបស់អ្នកក៏ស្រក់ចុះមក។ នៅពេលបែបនេះ អ្នកមានអារម្មណ៍សោកស្តាយ និងឈឺចាប់នៅក្នុងចិត្តរបស់អ្នក ក៏ប៉ុន្តែអ្នកមិនដឹងថា គួរបង្ហាញអារម្មណ៍ទាំងនេះតាមរបៀបណាឡើយ។ នេះគឺជាកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ប៉ុន្តែ គឺមានតែអ្នកដែលស្វែងរកជីវិតប៉ុណ្ណោះ ទើបអាចទទួលបានការបែបនេះ។ អ្នកមានអារម្មណ៍ថាព្រះជាម្ចាស់មានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះអ្នក ហើយអ្នកមានអារម្មណ៍យ៉ាងពិសេស។ ទោះបីជាអ្នកមិនមានពាក្យអធិស្ឋានយ៉ាងច្បាស់ក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺមានជំរៅជ្រៅដូចជាមហាសមុទ្រអ៊ីចឹង។ គ្មានពាក្យសមរម្យណាមួយដើម្បីយកមកបង្ហាញពីស្ថានភាពនេះបានឡើយ ហើយជារឿយៗ នេះគឺជាកាលៈទេសៈមួយដែលកើតឡើងនៅខាងក្នុងវិញ្ញាណ។ ការអធិស្ឋាន និងការប្រកបគ្នាដែលមានគោលបំណងដើម្បីនាំនរណាម្នាក់ឲ្យចូលទៅកាន់តែជិតព្រះជាម្ចាស់នៅក្នុងចិត្តរបស់គេ បែបនេះគឺជារឿងធម្មតាទេ។

ទោះបីជាពេលវេលាដែលមនុស្សត្រូវរាវរក និងស្វែងរកនៅពេលនេះបានកន្លងហួសទៅហើយក៏ដោយ ក៏នោះមិនមានន័យថាពួកគេមិនចាំបាច់ត្រូវអធិស្ឋាន និងស្វែងរកទៀតនោះឡើយ ហើយវាក៏មិនមែនជាករណីដែលមនុស្សមិនចាំបាច់រង់ចាំព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យដឹងពីកិច្ចការដែលនឹងកើតឡើងនោះដែរ ទាំងអស់នេះគឺជាការយល់ខុសស្រឡះរបស់មនុស្សប៉ុណ្ណោះ។ ព្រះជាម្ចាស់ បានយាងមកក្នុងចំណោមមនុស្ស ដើម្បីរស់នៅជាមួយពួកគេ ធ្វើជាពន្លឺ ជាជីវិត និងជាផ្លូវរបស់ពួកគេ។ នេះគឺជាសេចក្តីពិត។ ជាការពិតណាស់ នៅពេលដែលព្រះជាម្ចាស់យាងមកលើផែនដី ព្រះអង្គពិតជាបានប្រទានផ្លូវដល់មនុស្ស និងរបៀបរស់នៅដែលសមនឹងឋានៈរបស់ពួកគេ ដើម្បីឲ្យពួកគេរីករាយជាមួយនឹងជីវិតនោះ ព្រះជាម្ចាស់មិនបានយាងមកបំបែកទំនៀមទម្លាប់នៃការអនុវត្តរបស់មនុស្សឡើយ។ មនុស្សលែងរស់នៅដោយការរាវរក និងស្វែងរកទៀតហើយ ដ្បិតទាំងនេះត្រូវបានជំនួសដោយការយាងមករបស់ព្រះជាម្ចាស់នៅលើផែនដី ដើម្បីធ្វើកិច្ចការ និងថ្លែងព្រះបន្ទូលរបស់ទ្រង់។ ព្រះអង្គបានយាងមកដើម្បីដោះមនុស្សឲ្យមានសេរីភាពពីជីវិតខ្មៅងងឹត និងគ្មានរស្មី ទៅកាន់ជីវិតដែលពោរពេញទៅដោយពន្លឺវិញ។ កិច្ចការរបស់ព្រះអង្គ គឺចង្អុលបង្ហាញ មានបន្ទូលរំលឹកដាក់តឿន កែតម្រង់ ពន្យល់បង្ហាញអ្វីទាំងអស់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យមនុស្សអាចយកអ្វីៗទាំងនេះទៅប្រព្រឹត្តតាម ប្រៀបដូចដែលព្រះយេហូវ៉ា ដែលបានដឹកនាំជនជាតិអ៊ីស្រាអែល មានបន្ទូលប្រាប់ពួកគេ ពីរបៀបថ្វាយយញ្ញបូជា និងរបៀបសាងសង់ព្រះវិហារយ៉ាងដូច្នោះដែរ។ ហេតុដូច្នេះហើយ អ្នកមិនចាំបាច់រស់នៅក្នុងការស្វែងរកអស់ពីចិត្ត ដូចអ្នកធ្លាប់ធ្វើ បន្ទាប់ពីព្រះយេស៊ូបានចាកចេញទៅនោះទេ។ តើអ្នករាល់គ្នាគួរតែចាប់អារម្មណ៍ទៅលើផ្លូវរបស់អ្នក តាមរយៈការងារផ្សព្វផ្សាយដំណឹងល្អនាពេលខាងមុខដែរឬទេ? តើអ្នករាល់គ្នា គួរតែខំព្យាយាមស្វះស្វែង និងរិះរកបៀបរស់នៅឲ្យត្រឹមត្រូវមួយដែរឬទេ? តើអ្នករាល់គ្នាចាំបាច់ត្រូវតែស្វះស្វែងរករបៀបដែលអ្នកគួរបំពេញភារកិច្ចរបស់អ្នកដែរឬទេ? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាឬទេ ដែលត្រូវលុតក្រាបខ្លួនឯងទៅលើដី ហើយស្វែងរក ដើម្បីឲ្យដឹងថាអ្នករាល់គ្នាគួរធ្វើបន្ទាល់ដោយរបៀបណា? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាទេ ដែលត្រូវតម និងអធិស្ឋាន ដើម្បីដឹងពីរបៀបដែលអ្នករាល់គ្នាគួរស្លៀកពាក់ ឬរស់នៅយ៉ាងដូចម្តេច? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាឬទេ ដែលត្រូវអធិស្ឋានដោយឥតឈប់ឈរទៅកាន់ព្រះជាម្ចាស់ដែលគង់នៅនគរស្ថានសួគ៌ ដើម្បីដឹងពីរបៀបដែលអ្នកគួរទទួលយកការយកឈ្នះដោយព្រះជាម្ចាស់យ៉ាងដូចម្តេច? តើវាចាំបាច់សម្រាប់អ្នករាល់គ្នាឬទេ ដែលត្រូវអធិស្ឋានឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ដើម្បីដឹងពីរបៀបដែលអ្នកគួរស្តាប់បង្គាប់តាមព្រះជាម្ចាស់? មានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ដែលនិយាយថាខ្លួនមិនអាចអនុវត្តបានដោយសារតែខ្លួនមិនយល់។ ជាធម្មតា នៅសព្វថ្ងៃនេះមនុស្សមិនបានយកចិត្តទុកដាក់នឹងកិច្ចការរបស់ព្រះជាម្ចាស់ទេ! មានព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងជាយូរមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលយកចិត្តទុកដាក់ ក្នុងការអានវានោះទេ ដូច្នេះគ្មានអ្វីគួរឲ្យឆ្ងល់ទេ ដែលអ្នករាល់គ្នាមិនដឹងពីរបៀបអនុវត្តតាមនោះ។ ជាការពិតណាស់ នៅក្នុងសម័យកាលបច្ចុប្បន្ននេះ ព្រះវិញ្ញាណបរិសុទ្ធនៅតែជំរុញមនុស្ស ដើម្បីឲ្យពួកគេមានអារម្មណ៍រីករាយ ហើយព្រះអង្គ ទ្រង់គង់នៅជាមួយពួកគេទាំងអស់គ្នា។ នេះគឺជាប្រភពនៃអារម្មណ៍ដ៏ពិសេស[ក] និងរីករាយ ដែលជារឿយៗកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ជួនកាល នៅថ្ងៃខ្លះ អ្នកទទួលអារម្មណ៍ថាព្រះជាម្ចាស់ពិតជាគួរឲ្យស្រឡាញ់ណាស់ ហើយអ្នកមិនអាចធ្វើអ្វីបានឡើយ គឺមានតែអធិស្ឋានទៅកាន់ព្រះអង្គថា៖ «ឱ! ព្រះជាម្ចាស់អើយ សេចក្ដីស្រឡាញ់របស់ព្រះអង្គពិតជាស្រស់ស្អាតណាស់ ហើយរូបអង្គរបស់ទ្រង់ គឺអស្ចារ្យណាស់។ ទូលបង្គំចង់ស្រឡាញ់ព្រះអង្គឲ្យកាន់តែជ្រាលជ្រៅជាងនេះទៅទៀត។ ទូលបង្គំសូមថ្វាយខ្លួនទូលបង្គំទាំងស្រុង ដើម្បីបំរើព្រះអង្គពេញមួយជីវិតទូលបង្គំ។ ទូលបង្គំសូមថ្វាយអ្វីៗគ្រប់យ៉ាងដល់ព្រះអង្គ ដ្បិតអ្វីទាំងអស់ជារបស់ទ្រង់ ដើម្បីឲ្យទូលបង្គំកាន់តែស្រឡាញ់ព្រះអង្គឡើង...»។ នេះគឺជាអារម្មណ៍រីករាយដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់អ្នក។ វាមិនមែនជាការបំភ្លឺ ក៏មិនមែនជាការស្រាយបំភ្លឺដែរ តែវាជាបទពិសោធន៍នៃការផ្លាស់ប្តូរ។ បទពិសោធន៍ដែលស្រដៀងនឹងការនេះ មិនយូរមិនឆាប់នឹងកើតឡើងជាមិនខាន ដ្បិតមានពេលខ្លះ នៅពេលដែលអ្នកកំពុងធ្វើដំណើរទៅធ្វើការ អ្នកអធិស្ឋាន ហើយចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ភ្លាមនោះអ្នកត្រូវបានផ្លាស់ប្ដូរទៅដល់ចំណុចមួយដែលធ្វើឲ្យអ្នកយំ លែងគ្រប់គ្រងលើខ្លួនឯងបាន ហើយអ្នកនឹងអន្ទះសាចង់រកកន្លែងសមរម្យមួយដែលអ្នកអាចបង្ហាញពីអារម្មណ៍ពុះកញ្ជ្រោលនៅក្នុងចិត្តរបស់អ្នកទាំងអស់...។ ជាច្រើនដងនៅពេលដែលអ្នកនៅទីសាធារណៈ ហើយអ្នកទទួលអារម្មណ៍ថា អ្នករីករាយនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាខ្លាំង ហើយថាអ្វីៗគ្រប់យ៉ាងដែលជារបស់អ្នកនោះ គឺគ្មានអ្វីក្រៅតែពីជារបស់ធម្មតានោះទេ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺថា អ្នកកំពុងរស់នៅក្នុងជីវិតដ៏មានន័យជាងអ្នកដទៃផ្សេងទៀត។ អ្នកនឹងដឹងយ៉ាងច្បាស់ថាព្រះជាម្ចាស់បានលើកតម្កើងអ្នក ហើយនេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះអ្នក។ នៅក្នុងជំរៅចិត្តដ៏ជ្រៅរបស់អ្នក អ្នកនឹងមានអារម្មណ៍ថា មានសេចក្ដីស្រឡាញ់មួយប្រភេទនៅក្នុងព្រះជាម្ចាស់ ដែលមិនអាចបរិយាយ និងវាស់ស្ទង់បានសម្រាប់មនុស្ស ហើយទោះបើអ្នកដឹងក៏ដោយ ក៏គ្មានវិធីណាដើម្បីពិពណ៌នាបានដែរ សេចក្តីស្រឡាញ់នេះ តែងតែផ្តល់ឲ្យអ្នកនូវគំនិតគិត ប៉ុន្តែធ្វើឲ្យអ្នកមិនអាចបង្ហាញបានទាំងស្រុងឡើយ។ ក្នុងពេលដូចនេះ អ្នកនឹងភ្លេចថា អ្នកមកពីកន្លែងណា ហើយអ្នកនឹងស្រែកហៅរកជំនួយថា៖ «ឱ! ព្រះជាម្ចាស់អើយ! ត្បិតគ្មាននរណាអាចវាស់ស្ទង់ព្រះអង្គបានឡើយ ទ្រង់គួរជាទីស្រឡាញ់ណាស់!» រឿងនេះនឹងធ្វើឲ្យមនុស្សមានការងឿងឆ្ងល់ ហើយរឿងទាំងអស់នេះកើតឡើងជាញឹកញាប់ណាស់។ អ្នករាល់គ្នាធ្លាប់ឆ្លងកាត់រឿងបែបនេះច្រើនដងមកហើយ។ នេះគឺជាជីវិតដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់អ្នកនៅថ្ងៃនេះ ហើយជាជីវិតដែលអ្នកគួរតែរស់នៅក្នុងពេលឥឡូវនេះដែរ។ នេះមិនមែនដើម្បីបញ្ឈប់អ្នកពីការរស់នៅក្នុងជីវិតនេះទេ តែផ្ទុយទៅវិញ គឺដើម្បីផ្លាស់ប្តូររបៀបដែលអ្នករស់នៅវិញ។ វាជាអារម្មណ៍ដែលមិនអាចពិពណ៌នា ឬសម្តែងចេញបានទេ។ ហើយវាក៏ជាអារម្មណ៍ពិតមួយដែរសម្រាប់មនុស្ស ហើយជាងនេះទៅទៀត គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកប្រហែលជាយល់ពីចំណុចនេះនៅក្នុងចិត្តរបស់អ្នក ក៏ប៉ុន្តែអ្នកមិនដឹងថាត្រូវបង្ហាញវាយ៉ាងណា ឲ្យច្បាស់ទៅកាន់នរណាម្នាក់បានទាល់តែសោះ។ នេះមិនមែនដោយសារតែអ្នកមិនពូកែនិយាយ ឬដោយសារអ្នកនិយាយត្រដិតនោះទេ ក៏ប៉ុន្តែដោយសារតែវាជាអារម្មណ៍ម្យ៉ាងដែលមិនអាចពិពណ៌នាបានតាមរយៈពាក្យសំដី។ អ្នកត្រូវបានអនុញ្ញាតឲ្យរីករាយនឹងការទាំងអស់នេះនៅថ្ងៃនេះ ហើយនេះគឺជាជីវិតដែលអ្នកគួរតែរស់នៅ។ ពិតណាស់ ទិដ្ឋភាពផ្សេងៗទៀតនៃជីវិតរបស់អ្នកគឺមិនបានបាត់បង់ទៅណាទេ គ្រាន់តែថាបទពិសោធន៏នៃការផ្លាស់ប្តូរមួយនេះ បានក្លាយជាសេចក្តីរីករាយនៅក្នុងជីវិតរបស់អ្នក ហើយការដែលធ្វើឲ្យអ្នកមានឆន្ទៈរីករាយនឹងមានបទពិសោធន៍បែបនេះ គឺមកពីព្រះវិញ្ញាណបរិសុទ្ធ។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា ការផ្លាស់ប្តូរតាមរបៀបនេះ មិនមែនកើតឡើងដើម្បីធ្វើឲ្យអ្នកប្រែពីសាច់ឈាម ទៅកាន់ស្ថានសួគ៌ជាន់ទីបី ឬក៏ធ្វើដំណើរជុំវិញពិភពលោកនោះទេ។ តែផ្ទុយទៅវិញ អ្នកអាចទទួលអារម្មណ៍ និងភ្លក់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ដែលអ្នករីករាយថ្ងៃនេះ ព្រមទាំងទទួលយកបទពិសោធន៍នៃកិច្ចការដ៏សំខាន់របស់ព្រះជាម្ចាស់ ក៏ដូចជាស្គាល់ខ្លួនឯងឡើងវិញជាមួយនឹងការយកព្រះហឫទ័យទុកដាក់ ហើយនិងការការពាររបស់ព្រះជាម្ចាស់នៅសព្វថ្ងៃនេះដែរ។ របស់ទាំងអស់នេះគឺដើម្បីជួយអ្នកឲ្យមានចំណេះដឹងកាន់តែច្រើនអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើសព្វថ្ងៃនេះ ហើយនេះជាគោលដៅរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការទាំងនេះ។

ការស្វែងរក និងការរាវរក គឺជារបៀបរស់នៅ មុនការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នៅពេលនោះ មនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ ហេតុដូច្នេះ គ្មានជម្រើសអ្វីក្រៅពីស្វែងរក និងរាវរកនោះទេ។ សព្វថ្ងៃនេះ អ្នកបានមើលឃើញព្រះជាម្ចាស់ ហើយព្រះអង្គបានមានបន្ទូលប្រាប់អ្នកដោយផ្ទាល់នូវរបៀបដែលអ្នកគួរប្រព្រឹត្តតាម នេះជាមូលហេតុដែលអ្នកមិនចាំបាច់ស្វែងរក ឬរាវរកនោះឡើយ។ មាគ៌ាដែលព្រះអង្គដឹកនាំមនុស្ស គឺជាមាគ៌ានៃសេចក្តីពិត ហើយអ្វីៗដែលព្រះអង្គមានបន្ទូលទៅកាន់មនុស្ស និងអ្វីដែលមនុស្សបានទទួល គឺជាជីវិត និងសេចក្តីពិត។ អ្នកមានផ្លូវ ជីវិត និងសេចក្តីពិត តើចាំបាច់ត្រូវទៅស្វែងរកនៅទីកន្លែងណាទៀត? ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការពីរដំណាក់កាលក្នុងពេលដំណាលគ្នាទេ។ ប្រសិនបើនៅពេលដែលខ្ញុំបញ្ចប់ការថ្លែងព្រះបន្ទូលរបស់ខ្ញុំ ហើយមនុស្សមិនបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ និងស្វែងរកសេចក្តីពិតឲ្យបានត្រឹមត្រូវទេ ហើយនៅតែធ្វើទង្វើដូចដែលពួកគេបានធ្វើនៅយុគសម័យនៃព្រះគុណ នៅតែរាវរកដូចជាមនុស្សខ្វាក់ ព្រមទាំងនៅតែអធិស្ឋានស្វែរកឥតឈប់ឈរ តើនោះមិនមានន័យថាដំណាក់កាលនៃកិច្ចការរបស់ខ្ញុំដែលជាកិច្ចការនៃព្រះបន្ទូល បានទៅជាឥតប្រយោជន៍ទេឬអី? ទោះបីជាខ្ញុំ បានបញ្ចប់ការថ្លែងព្រះបន្ទូលរបស់ខ្ញុំក៏ដោយ ក៏មនុស្សនៅតែមិនទាន់យល់ច្បាស់ដដែល ហើយនេះក៏ដោយសារតែពួកគេខ្វះសមត្ថភាព។ បញ្ហានេះអាចដោះស្រាយបាន តាមរយៈការរស់នៅបែបជីវិតក្រុមជំនុំ និងតាមរយៈការប្រកបគ្នាទៅវិញទៅមក។ ពីមុន នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាព្រះជាម្ចាស់បានយកកំណើតជាមនុស្សក៏ដោយ ក៏ព្រះអង្គមិនបានធ្វើកិច្ចការនៃព្រះបន្ទូលដែរ នេះហើយជាមូលហេតុដែលនៅពេលនោះព្រះវិញ្ញាណបរិសុទ្ធបានធ្វើការតាមរបៀបនេះ ដើម្បីរក្សាកិច្ចការនោះ។ នៅគ្រានោះ គឺព្រះវិញ្ញាណបរិសុទ្ធទេ ដែលបានធ្វើកិច្ចការនេះ ក៏ប៉ុន្តែឥឡូវនេះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលបានយកកំណើតជាមនុស្ស ដែលកំពុងធ្វើកិច្ចការនេះវិញ ដោយជំនួសកន្លែងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលពីមុន ដរាបណាមនុស្សបានអធិស្ឋានកាន់តែញឹកញាប់ នោះពួកគេនឹងទទួលបានសន្តិភាព និងអំណរ តែត្រូវមានការអត់ធ្មត់ ក៏ដូចជាវិន័យដែរ។ ទាំងអស់នេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មកទល់ពេលនេះ ករណីទាំងនេះ គឺមានតិចតួចណាស់ ហើយក៏នៅឆ្ងាយពីគ្នាដែរ។ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើកិច្ចការតែម្យ៉ាងគត់ នៅក្នុងគ្រប់យុគសម័យនីមួយៗ។ ប្រសិនបើព្រះអង្គ ទ្រង់បំពេញកិច្ចការពីរយ៉ាងនៅក្នុងពេលដំណាលគ្នា គឺសាច់ឈាមធ្វើកិច្ចការមួយ ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការមួយផ្សេងទៀតនៅក្នុងមនុស្ស ហើយចុះប្រសិនបើអ្វីដែលសាច់ឈាមធ្វើអត់រាប់ រាប់តែកិច្ចការខាងវិញ្ញាណតែមួយប៉ុណ្ណោះ បើដូច្នេះមែន នោះព្រះគ្រីស្ទនឹងលែងមានសេចក្តីពិត ផ្លូវ ឬជីវិត ដែលត្រូវលើកមកមានបន្ទូលទៀតឡើយ។ នេះអាចជាការនិយាយផ្ទុយស្រឡះពីខ្លួនឯងទៅវិញ។ តើព្រះវិញ្ញាណបរិសុទ្ធ អាចធ្វើការដូចនេះបានទេ? ព្រះជាម្ចាស់ ជាព្រះដ៏មានគ្រប់ចេស្ដា និងមានប្រាជ្ញាញាណវាងវៃ ជាព្រះដ៏សុចរិត ហើយស្មោះត្រង់ គឺព្រះអង្គ ទ្រង់មិនដែលធ្វើកំហុសទាល់តែសោះ។

(«ការអនុវត្ត (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងគ្រានៃការជឿលើព្រះយេស៊ូវ មនុស្សបានធ្វើនូវកិច្ចការជាច្រើនដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារតែពួកគេមិនបានយល់អំពីសេចក្តីពិត តែព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា ដោយបាននាំមនុស្សឲ្យមកដល់កម្រិតនេះ ហើយទោះបីជាមនុស្សមិនដឹងខ្យល់អ្វីសោះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែអនុញ្ញាតឲ្យគេដើរតាមទ្រង់ដែរ ហើយលើសពីនេះទៅទៀត ទ្រង់បានដឹកនាំមនុស្សឲ្យចូលមកក្នុងគ្រាសព្វថ្ងៃ។ តើនេះមិនមែនជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ទេឬ? សេចក្តីដែលត្រូវបានបើកបង្ហាញនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនេះជារឿងត្រឹមត្រូវទាំងស្រុង! នៅពេលដែលការសាងសង់ពួកជំនុំបានឡើងដល់កម្រិតកំពូល ព្រះជាម្ចាស់បានធ្វើជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល ហើយបានបោះមនុស្សឲ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ព្រះបន្ទូលនាសម័យរបស់ពួកអ្នកស៊ីឈ្នួលសុទ្ធតែជាការដាក់បណ្ដាសា៖ ការដាក់បណ្ដាសាលើសាច់ឈាមរបស់អ្នក ការដាក់បណ្ដាសាលើនិស្ស័យបែបសាតាំងដ៏ពុករលួយរបស់អ្នក និងការដាក់បណ្ដាសាលើអ្វីៗអំពីអ្នក ដែលមិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងជំហាននោះត្រូវបានសម្ដែងចេញជាឫទ្ធានុភាព បន្តិចក្រោយពេលព្រះជាម្ចាស់បានអនុវត្តជំហាននៃកិច្ចការវាយផ្ចាល ហើយនៅទីនោះ ក៏មកដល់ការល្បងលនៃសេចក្តីស្លាប់ដែរ។ នៅក្នុងកិច្ចការបែបនេះ មនុស្សបានឃើញសេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ប៉ុន្តែ គេក៏បានឃើញព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ។ គ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងគ្រប់សេចក្ដីដែលត្រូវបានសម្ដែងចេញជានិស្ស័យ របស់ទ្រង់ គឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺសុទ្ធសឹងតែដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ព្រះអង្គបានធ្វើកិច្ចការនេះ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់បានផ្គត់ផ្គង់ដល់មនុស្សស្របតាមកម្ពស់របស់គេ។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពចូលមកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ឡើយ ហើយគេក៏គ្មានផ្លូវស្គាល់ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់នោះដែរ។ ចាប់តាំងពីពេលដែលមនុស្សបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង រហូតដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់មនុស្សបន្តិចម្ដងៗស្របតាមកម្ពស់របស់គេ ដើម្បីឲ្យគេស្គាល់ទ្រង់ពីក្នុងជម្រៅចិត្តបន្ដិចម្ដងៗ។ មានតែតាមរយៈការបានមកដល់សព្វថ្ងៃនេះទេ ទើបមនុស្សទទួលស្គាល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យ។ ជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួល គឺជាហេតុការណ៍លើកដំបូងនៃកិច្ចការដាក់បណ្ដាសា ចាប់តាំងពីកំណើតពិភពលោក រហូតមកដល់ពេលបច្ចុប្បន្ននេះ។ មនុស្សបានត្រូវបណ្ដាសាឲ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ប្រសិនបើព្រះជាម្ចាស់មិនបានធ្វើកិច្ចការនោះទេ ម្ល៉េះសព្វថ្ងៃនេះ មនុស្សនឹងគ្មានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ឡើយ ហើយមានតែតាមរយៈការដាក់បណ្ដាសារបស់ព្រះជាម្ចាស់ទេ ទើបមនុស្សបានជួបជាផ្លូវការនូវនិស្ស័យរបស់ទ្រង់។ មនុស្សត្រូវបានបើកសម្ដែងតាមរយៈការល្បងលរបស់ពួកអ្នកស៊ីឈ្នួល។ គេបានឃើញថា ចិត្តស្វាមីភក្តិរបស់គេមិនត្រូវបានទទួលយក ឃើញថាកម្ពស់របស់គេនៅទាបពេក ឃើញថាគេគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឃើញទៀតថា ការអះអាងរបស់គេអំពីការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ពេលនោះ គឺគ្រាន់តែជាសម្ដីខ្យល់ប៉ុណ្ណោះ។ ទោះបីជាព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្សនៅក្នុងជំហាននៃកិច្ចការរបស់ពួកអ្នកស៊ីឈ្នួលក៏ដោយ ក៏ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នោះជារឿងអស្ចារ្យដដែល នេះបើក្រឡេកមើលក្រោយពីពេលនេះ៖ ដ្បិតកិច្ចការនេះបាននាំឲ្យមានចំណុចបកក្រោយដ៏សំខាន់មួយសម្រាប់មនុស្ស ហើយក៏បាននាំឲ្យមានការផ្លាស់ប្ដូរដ៏ធំមួយនៅក្នុងនិស្ស័យជីវិតរបស់គេដែរ។ មុនសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល មនុស្សមិនបានដឹងអ្វីសោះឡើយអំពីការស្វះស្វែងរកជីវិត អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ឬអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ ហើយគេក៏មិនបានយល់ថា កិច្ចការរបស់ព្រះជាម្ចាស់អាចល្បងលមនុស្សបាននោះដែរ។ ចាប់តាំងពីសម័យកាលរបស់ពួកអ្នកស៊ីឈ្នួល រហូតដល់សម័យកាលសព្វថ្ងៃ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយកិច្ចការរបស់ទ្រង់ទៀតសោត មនុស្សមិនអាចវាស់ស្ទង់បានឡើយ។ មនុស្សមិនអាចស្រមៃឃើញអំពីរបៀបដែលព្រះជាម្ចាស់ធ្វើការ ដោយប្រើខួរក្បាលរបស់ខ្លួនឡើយ ហើយគេមើលឃើញពីកម្ពស់ដ៏តូចទាបរបស់ខ្លួន ព្រមទាំងមើលឃើញទៀតថា ភាគច្រើននៃជីវិតរបស់គេគឺជាការមិនស្ដាប់បង្គាប់។ នៅពេលដែលព្រះជាម្ចាស់បានដាក់បណ្ដាសាមនុស្ស ទ្រង់ធ្វើបែបនេះ ដើម្បីចង់សម្រេចឲ្យបានប្រសិទ្ធភាព ហើយទ្រង់មិនបានកាត់ទោសប្រហារជីវិតមនុស្សឡើយ។ ទោះបីជាព្រះអង្គបានដាក់បណ្ដាសាមនុស្សក៏ដោយ ក៏ទ្រង់បានធ្វើតាមរយៈព្រះបន្ទូលប៉ុណ្ណោះ ហើយការដាក់បណ្ដាសារបស់ទ្រង់នោះទៀតសោត តាមពិតទៅមិនបានធ្លាក់ទៅលើមនុស្សឡើយ ដ្បិតអ្វីដែលព្រះជាម្ចាស់បានដាក់បណ្ដាសានោះ គឺជាការមិនស្ដាប់បង្គាប់របស់មនុស្សទេ ដូច្នេះ ព្រះបន្ទូលនៃការដាក់បណ្ដាសារបស់ទ្រង់ក៏ត្រូវបានថ្លែងឡើង ដើម្បីប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ មិនថាព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ឬក៏ដាក់បណ្ដាសាមនុស្សឡើយ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើង ដើម្បីប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ៖ កិច្ចការទាំងពីរនេះត្រូវបានធ្វើ ដើម្បីប្រោសឲ្យគ្រប់លក្ខណ៍នូវផ្នែកមិនបរិសុទ្ធដែលមាននៅខាងក្នុងមនុស្ស។ តាមរយៈមធ្យោបាយនេះ មនុស្សត្រូវបានបន្សុទ្ធ ហើយអ្វីដែលកំពុងតែខ្វះខាតនៅក្នុងមនុស្ស ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តាមរយៈព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ មិនថាជាការថ្លែងព្រះបន្ទូលដ៏គំរោះគំរើយ មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលនោះឡើយ សុទ្ធតែត្រូវបានធ្វើឡើងក្នុងគោលបំណងប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយនេះជាកិច្ចការដ៏ត្រឹមត្រូវបំផុត។ នៅគ្រប់យុគសម័យ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការបែបនេះពីមុនមកឡើយ គឺមានតែពេលសព្វថ្ងៃនេះប៉ុណ្ណោះ ដែលព្រះអង្គបានធ្វើការនៅក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នកយល់អំពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទោះបីជាអ្នកបានរងការឈឺចាប់មួយចំនួននៅក្នុងអ្នករាល់គ្នាក៏ដោយ ក៏ដួងចិត្តរបស់អ្នកមានភាពខ្ជាប់ខ្ជួន និងមានសន្ដិភាពដែរ។ គឺព្រះពររបស់អ្នកនេះហើយដែលអាចរីករាយបាននៅក្នុងដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់មួយនេះ។ មិនថាអ្នកអាចទទួលបានបែបណានៅពេលអនាគតឡើយ គ្រប់យ៉ាងដែលអ្នកមើលឃើញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នករាល់គ្នានាពេលសព្វថ្ងៃនេះ គឺជាសេចក្តីស្រឡាញ់។ ប្រសិនបើមនុស្សមិនមានបទពិសោធន៍អំពីការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ទេ នោះសកម្មភាព និងសេចក្តីក្លៀវក្លារបស់គេនឹងបន្តនៅកម្រិតសើៗជានិច្ច ហើយនិស្ស័យរបស់គេក៏នឹងបន្តមិនផ្លាស់ប្ដូរដដែល។ តើការនេះរាប់ថាត្រូវបានព្រះជាម្ចាស់ទទួលយកដែរឬ? សព្វថ្ងៃនេះ ទោះបីជាមានភាពក្រអឺតក្រទម និងភាពក្អេងក្អាងជាច្រើនទៀតនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏និស្ស័យរបស់មនុស្ស នៅមានស្ថិរភាពខ្លាំងជាងពេលមុនៗដែរ។ ការដោះស្រាយរបស់ព្រះជាម្ចាស់ជាមួយអ្នកត្រូវបានធ្វើឡើង ដើម្បីសង្រ្គោះដល់អ្នក ហើយទោះបីជាពេលខ្លះ អ្នកអាចមានអារម្មណ៍ឈឺចាប់ខ្លះក៏ដោយ ក៏ថ្ងៃមួយនឹងមកដល់ដែរ ជាថ្ងៃដែលមានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់អ្នក។ នៅពេលនោះ អ្នកនឹងក្រឡេកក្រោយ ហើយមើលឃើញពីភាពប្រកបដោយព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលនោះ អ្នកនឹងអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

(«មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការដែលមនុស្សអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងអាចមកដល់ឆ្ងាយកម្រិតនេះ នៅក្នុងទិដ្ឋភាពមួយគឺដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយនៅក្នុងទិដ្ឋភាពមួយទៀតគឺដោយសារតែសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត វាក៏ដោយសារតែការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលដែលព្រះជាម្ចាស់បានអនុវត្តនៅក្នុងមនុស្សដែរ។ ប្រសិនបើមនុស្សគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការល្បងលរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើព្រះជាម្ចាស់មិនបានធ្វើឲ្យអ្នករាល់គ្នារងទុក្ខទេ នោះនិយាយឲ្យចំទៅ អ្នករាល់គ្នាមិនស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ បើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សមានកាន់តែធំ ហើយបើសិនទុក្ខលំបាករបស់មនុស្សមានកាន់តែខ្លាំង នោះវាស្ដែងចេញឲ្យឃើញកាន់តែច្បាស់ថា កិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានអត្ថន័យ ហើយដួងចិត្តរបស់មនុស្សកាន់តែអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ តើអ្នករៀនពីរបៀបស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? បើគ្មានការដាក់ទោស និងការបន្សុទ្ធ បើគ្មានការល្បងលដ៏ឈឺចាប់ទេ ហើយលើសពីនេះទៅទៀត បើគ្រប់កិច្ចការដែលព្រះជាម្ចាស់បានប្រទានមកដល់មនុស្សមានត្រឹមតែជាព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណ តើអ្នកនឹងអាចឡើងទៅដល់កម្រិតមួយនៃការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដដោយរបៀបណាទៅ? នៅក្នុងន័យម្យ៉ាង ក្នុងអំឡុងពេលនៃការល្បងលរបស់ព្រះជាម្ចាស់ មនុស្សចាប់ផ្ដើមដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន មើលឃើញថា គេជាមនុស្សមិនសំខាន់ គួរឲ្យស្អប់ខ្ពើម និងទន់ទាប និងមើលឃើញទៀតថា គេមិនមានអ្វី គឺគ្មានអ្វីសោះតែម្ដង។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងពេលនៃការល្បងលរបស់ទ្រង់ ព្រះជាម្ចាស់បង្កើតនូវបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដើម្បីឲ្យគេកាន់តែអាចមានបទពិសោធន៍អំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះបីជាការឈឺចាប់មានកម្រិតខ្លាំង ហើយពេលខ្លះ ពុំអាចជម្នះបាន ឬអាចដល់កម្រិតនៃភាពតានតឹងចិត្តខ្លាំងចេញពីការល្បងលនោះក៏ដោយ ក៏មនុស្សមើលឃើញពីភាពគួរឲ្យស្រឡាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សដែរ ហើយមានតែតាមរយៈការឈរលើគ្រឹះនេះទេ ទើបមនុស្សកើតមានចិត្តស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ មនុស្សមើលឃើញថា ដោយមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់តែម្យ៉ាង គេគ្មានសមត្ថភាពស្គាល់ខ្លួនអ្នកយ៉ាងពិតប្រាកដ ហើយក៏មិនអាចស្គាល់ពីនិស្ស័យរបស់មនុស្សដែរ។ មានតែតាមរយៈការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រមទាំងស្ថិតក្នុងអំឡុងពេលនៃដំណើរការបន្ទុទ្សដោយផ្ទាល់ទេ ទើបមនុស្សអាចដឹងអំពីសេចក្តីកម្សោយរបស់ខ្លួន ហើយដឹងទៀតថា គេគ្មានអ្វីសោះឡើយ។ ហេតុដូចនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានសង់ពីលើគ្រឹះនៃការបន្សុទ្ធ និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ គ្រាន់តែមានជីវិតគ្រួសារដ៏សុខសប្បាយ ឬគ្រាន់តែមានព្រះពរខាងសម្ភារៈ នោះអ្នកមិនទទួលបានព្រះជាម្ចាស់ឡើយ ហើយជំនឿរបស់អ្នកលើព្រះជាម្ចាស់ក៏មិនអាចត្រូវបានចាត់ទុកថាមានជោគជ័យនោះដែរ។ ព្រះជាម្ចាស់បានអនុវត្តរួចហើយនូវដំណាក់កាលមួយនៃកិច្ចការអំពីព្រះគុណនៅក្នុងសាច់ឈាម ហើយព្រះអង្គក៏បានប្រទានព្រះពរខាងសម្ភារៈដល់មនុស្សរួចហើយដែរ ប៉ុន្តែមនុស្សមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ជាមួយព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាតែម្យ៉ាងនោះឡើយ។ នៅក្នុងបទពិសោធន៍របស់មនុស្ស គេមានបទពិសោធន៍ខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយក៏មើលឃើញសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ដោយបានមានបទពិសោធន៍ក្នុងរយៈពេលមួយ ដូច្នេះ គេមើលឃើញថា ព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មិនអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ មិនអាចបើកសម្ដែងអំពីសេចក្តីពុករលួយដែលមាននៅខាងក្នុងមនុស្ស និងមិនអាចជួយឲ្យមនុស្សយកឈ្នះលើនិស្ស័យដ៏ពុករលួយរបស់គេ ព្រមទាំងធ្វើឲ្យសេចក្តីស្រឡាញ់ និងសេចក្តីជំនឿរបស់គេបានគ្រប់លក្ខណ៍នោះឡើយ។ កិច្ចការនៃព្រះគុណរបស់ព្រះជាម្ចាស់ គឺជាកិច្ចការនៃអំឡុងពេលមួយ ហើយមនុស្សមិនអាចពឹងអាងលើការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះជាម្ចាស់បានឡើយ។

(«មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

ក. អត្ថបទដើមសរសេរថា «ទាំងនេះគឺខ្លះៗ»។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ភាពខុសគ្នាជាមូលដ្ឋានរវាងសេចក្ដីសង្គ្រោះនៅក្នុងយុគសម័យនៃព្រះគុណ និងសេចក្ដីសង្គ្រោះនៅក្នុងយុគសម័យនៃនគរព្រះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។...

ភាពខុសគ្នារវាងវិធីនៃការប្រែចិត្តនៅក្នុងយុគសម័យនៃព្រះគុណ និងវិធីនៃជិវិតអស់កល្បនៅគ្រាចុងក្រោយ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ដំណឹងល្អនៃការប្រែចិត្ត ត្រូវបានប្រៀនប្រដៅនៅក្នុងយុគសម័យនៃព្រះគុណ ហើយបើមនុស្សបានជឿ...