រឿងទី ២ ភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ

24-02-2021

មានអូរតូចមួយដែលបត់បែនទៅមករហូតដល់ជើងភ្នំដ៏ធំមួយ។ ភ្នំនេះបានរាំងផ្លូវរបស់អូរដ៏តូចនេះ ដូច្នេះអូរក៏បាននិយាយទៅកាន់ភ្នំដោយសម្លេងខ្សោយតិចៗថា «សូមឲ្យខ្ញុំឆ្លងកាត់ផង។ បងអ្នកកំពុងតែឈរចំផ្លូវរបស់ខ្ញុំ ហើយរាំងផ្លូវខ្ញុំមិនឲ្យទៅមុខទៀត»។ «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ «ខ្ញុំកំពុងរកមើលផ្ទះរបស់ខ្ញុំ» អូរបានឆ្លើយ។ «មិនអីទេ ចូរទៅមុខដោយហូរពីលើខ្ញុំមកចុះ!» ប៉ុន្តែអូរដ៏តូចនេះខ្សោយពេក និងក្មេងពេក ដូច្នេះវាគ្មានផ្លូវនឹងហូរពីលើភ្នំដ៏ធំដូចនេះបាននោះទេ។ វាត្រឹមតែអាចបន្តហូរបុកជើងភ្នំនេះទៀតតែប៉ុណ្ណោះ...

ខ្យល់ដ៏ខ្លាំងមួយបានបោកបក់មក ដោយនាំយកទាំងខ្សាច់ និងកម្ទេចកម្ទីទៅកាន់ភ្នំនេះ។ ខ្យល់នេះគំហកដាក់ភ្នំថា «ឲ្យអញឆ្លងទៅ!» «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ «អញចង់ឆ្លងទៅម្ខាងទៀតនៃភ្នំអ្នក» ខ្យល់ឆ្លើយដោយសម្លុត។ «មិនអីទេ បើអ្នកអាចបំបែកឆ្លងចង្កេះខ្ញុំបាន នោះអ្នកអាចទៅបាន!» ខ្យល់ដ៏ខ្លាំងនេះបានបក់យ៉ាងសន្ធឹកម្ដងតាមនេះ ម្ដងតាមនោះ ប៉ុន្តែ ទោះបីជាវាបក់បោកខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនអាចបំបែកឆ្លងចង្កេះភ្នំបានដែរ។ ខ្យល់នេះបានកើតការនឿយហត់ ហើយក៏ឈប់សម្រាកទៅ រីឯនៅម្ខាងទៀតនៃភ្នំនេះ ខ្យល់រំភើយបានចាប់ផ្ដើមបក់ ដោយធ្វើឲ្យមនុស្សម្នានៅទីនោះបានរីករាយ។ នេះជាការស្វាគមន៍របស់ភ្នំចំពោះមនុស្ស...។

នៅឯឆ្នេរសមុទ្រ ទឹកសមុទ្រសាចបោកផ្ទប់ច្រាំងថ្មថ្នមៗ។ ភ្លាមៗនោះ រលកយក្សមួយបានកើតឡើង ហើយបានគ្រហឹមបក់បោកឆ្ពោះទៅភ្នំ។ «ចៀសចេញ!» រលកយក្សស្រែក។ «តើអ្នកកំពុងតែទៅណា?» ភ្នំបានសួរ។ ដោយមិនអាចបញ្ឈប់សន្ទុះរបស់វាបាន រលកនេះបានគំហកថា «អញកំពុងតែពង្រីកទឹកដីរបស់អញ! អញចង់សន្ធឹងដៃរបស់អញ!» «មិនអីទេ បើអ្នកអាចឆ្លងផុតកំពូលខ្ញុំបាន ខ្ញុំនឹងឲ្យអ្នកទៅ។» រលកដ៏អស្ចារ្យនេះដកថយបន្តិច បន្ទាប់មកក៏ខ្ជោលឡើងម្ដងទៀតសំដៅទៅកាន់ភ្នំ។ ប៉ុន្តែទោះបីជាវាព្យាយាមយ៉ាងណាក៏ដោយ ក៏វាមិនអាចឡើងផុតកំពូលភ្នំបានដែរ។ រលកនេះអាចត្រឹមតែរសាត់យឺតៗត្រឡប់ទៅសមុទ្រវិញប៉ុណ្ណោះ ...។

រាប់ពាន់ឆ្នាំមកហើយ អូរតូចនេះបានហូរតិចៗថ្នមៗក្បែរជើងភ្នំ។ ដោយធ្វើតាមការណែនាំរបស់ភ្នំ អូរតូចនេះក៏មានផ្លូវត្រឡប់ទៅផ្ទះវិញ ជាកន្លែងដែលវាបានជួបជាមួយទន្លេដែលបន្តទៅជួបជាមួយសមុទ្រ។ ក្រោមការថែទាំរបស់ភ្នំ អូរតូចនេះមិនដែលវង្វេងផ្លូវរបស់វាឡើយ។ អូរ និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

រាប់ពាន់ឆ្នាំមកហើយ ខ្យល់ខ្លាំងនេះបានបក់យ៉ាងសន្ធឹកតាមទម្លាប់របស់វា។ វានៅតែមក "ជួប" ភ្នំជារឿយៗ ជាមួយនឹងការកួចខ្សាច់យ៉ាងខ្លាំងដែលវិលចូលក្នុងកំសួលរបស់វា។ វាបានគំរាមកំហែងភ្នំ តែវាមិនដែលបំបែកឆ្លងចង្កេះភ្នំបានទេ។ ខ្យល់ និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

រាប់ពាន់ឆ្នាំមកហើយ រលកយក្សនេះមិនដែលឈប់សម្រាកទេ ហើយវាបានដើរទៅមុខដោយឥតបង្អង់ដៃដើម្បីបន្តពង្រីកទឹកដីរបស់វា។ វាបានគ្រហឹម និងកញ្ជ្រោលឡើងម្ដងហើយម្ដងទៀតឆ្ពោះទៅកាន់ភ្នំ តែភ្នំមិនដែលរំកិលចេញមួយអ៊ិន្ឈ៍ឡើយ។ ភ្នំបានមើលថែសមុទ្រ ហើយដោយបែបនេះ សត្វនានានៅក្នុងសមុទ្របានកើតកូនចៅច្រើនឡើង និងបានចម្រើនលូតលាស់។ រលក និងភ្នំបានពង្រឹងគ្នាទៅវិញទៅមក ហើយពឹងពាក់គ្នាទៅវិញទៅមក ពួកវាបានបន្ថែមកម្លាំងឲ្យគ្នាទៅវិញទៅមក ទប់ទល់គ្នាទៅវិញទៅមក ហើយមានអត្ថិភាពជាមួយគ្នា។

ដូច្នេះរឿងរបស់យើងចប់ហើយ។ ដំបូង ចូរប្រាប់ខ្ញុំមើលថា តើរឿងនេះនិយាយអំពីអ្វី? ជាការចាប់ផ្ដើម គឺមានភ្នំធំមួយ អូរតូចមួយ ខ្យល់ខ្លាំងមួយ និងរលកយក្សមួយ។ តើមានអ្វីកើតឡើងនៅក្នុងវគ្គទីមួយ ជាមួយអូរដ៏តូច និងភ្នំដ៏ធំ? ហេតុអ្វីបានជាខ្ញុំជ្រើសរើសនិយាយអំពីអូរ និងភ្នំ? (ក្រោមការថែទាំរបស់ភ្នំ អូរមិនដែលវង្វេងផ្លូវរបស់វាឡើយ។ ពួកវាពឹងផ្អែកគ្នាទៅវិញទៅមក)។ តើអ្នកនឹងនិយាយថា ភ្នំបានការពារ ឬរារាំងអូរតូចនេះ? (វាការពារអូរ)។ ប៉ុន្តែតើវាមិនបានរារាំងអូរទេឬ? វា និងអូរបានពិនិត្យមើលគ្នាទៅវិញទៅមក ភ្នំបានការពារអូរផង និងរារាំងអូរផង។ ភ្នំបានការពារអូរឲ្យបានទៅជួបជាមួយទន្លេ ប៉ុន្តែបានរារាំងវាមិនឲ្យហូរទៅកន្លែងដែលវានឹងហូរទៅដែលធ្វើឲ្យមានទឹកជំនន់ និងនាំមកនូវគ្រោះមហន្តរាយដល់មនុស្ស។ តើនេះមិនមែនជាខ្លឹមសារនៃវគ្គនេះទេឬ? តាមរយៈការការពារ និងទប់ស្កាត់អូរ ភ្នំបានរក្សាការពារផ្ទះរបស់មនុស្ស។ ក្រោយមក អូរតូចនេះបានជួបជាមួយទន្លេនៅឯជើងភ្នំ ហើយបានហូរបន្តទៅក្នុងសមុទ្រ។ តើនេះមិនមែនជាវិន័យដែលគ្រប់គ្រងអត្ថិភាពរបស់អូរទេឬ? តើអ្វីដែលធ្វើឲ្យអូរអាចជួបជាមួយទន្លេ និងសមុទ្របាន? តើវាមិនមែនជាភ្នំទេឬ? អូរបានពឹងផ្អែកលើកិច្ចការពារ និងការរារាំងរបស់ភ្នំ។ ដូច្នេះ តើនេះមិនមែនជាចំណុចសំខាន់ទេឬ? តើនៅក្នុងនេះអ្នកមើលឃើញពីសារៈសំខាន់របស់ភ្នំចំពោះទឹកឬទេ? តើក្នុងការបង្កើតភ្នំទាំងធំទាំងតូចនេះ ព្រះជាម្ចាស់មានគោលបំណងរបស់ទ្រង់ឬទេ? (មាន)។ វគ្គខ្លីនេះគ្មានអ្វីក្រៅពីអូរដ៏តូចមួយ និងភ្នំដ៏ធំមួយនោះទេ ចូរយើងមើលពីតម្លៃ និងសារៈសំខាន់នៃការបង្កើតវត្ថុទាំងពីរនេះដោយព្រះជាម្ចាស់ចុះ ហើយវាក៏បង្ហាញដល់យើងនូវប្រាជ្ញា និងគោលបំណងនៅក្នុងការគ្រប់គ្រងរបស់ទ្រង់លើពួកវាដែរ។ តើមិនដូច្នេះទេឬ?

តើវគ្គទីពីរនៃរឿងនេះនិយាយអំពីអ្វី? (ខ្យល់ខ្លាំងមួយ និងភ្នំធំមួយ)។ តើខ្យល់ជាវត្ថុល្អឬទេ?(ល្អ)។ តែមិនទាំងស្រុងទេ ពេលខ្លះខ្យល់ខ្លាំងពេក បង្កឲ្យមានគ្រោះមហន្តរាយ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើអ្នកត្រូវបានបង្កើតមកដើម្បីរារាំងខ្យល់ដ៏ខ្លាំង? វាអាស្រ័យលើកម្លាំងខ្យល់ ឬអត់ទេ? ប្រសិនបើវាជាខ្យល់កម្រិតបី ឬបួន គេនឹងអាចទ្រាំបាន។ ភាគច្រើន មនុស្សអាចនឹងពិបាកក្នុងការបើកភ្នែក។ ប៉ុន្តែប្រសិនបើខ្យល់បក់ខ្លាំង ហើយក្លាយជាព្យុះកំបុតត្បូង តើអ្នកនឹងអាចទប់ទល់វាបានទេ? អ្នកនឹងមិនអាចទប់ទល់ទេ។ ដូច្នេះ វាមិនត្រឹមត្រូវទេដែលមនុស្សដែលនិយាយថាខ្យល់ល្អជានិច្ច ឬថាវាអាក្រក់ជានិច្ច ព្រោះនេះអាស្រ័យលើកម្លាំងរបស់វា។ ឥឡូវនេះ តើភ្នំមានមុខងារអ្វីនៅទីនេះ? តើមុខងាររបស់វាមិនមែនជាការត្រងខ្យល់ទេឬ? តើភ្នំកាត់បន្ថយខ្យល់ដ៏ខ្លាំងទៅជាអ្វី? (ខ្យល់រំភើយ)។ ឥឡូវនេះ នៅក្នុងបរិស្ថានដែលមនុស្សរស់នៅ តើមនុស្សភាគច្រើនជួបប្រទះព្យុះសង្ឃរា ឬខ្យល់រំភើយ? (ខ្យល់រំភើយ)។ តើនេះមិនមែនជាគោលបំណងមួយរបស់ព្រះជាម្ចាស់ទេឬ ដែលជាបំណងព្រះហឫទ័យមួយរបស់ទ្រង់ក្នុងការបង្កើតភ្នំ? តើវានឹងទៅជាយ៉ាងណា ប្រសិនបើមនុស្សរស់នៅក្នុងបរិស្ថានមួយដែលមានខ្សាច់ហោះហើរខ្លាំងនៅក្នុងខ្យល់ ដោយគ្មានការរារាំង និងដោយគ្មានការត្រង? តើវានឹងអាចទេថា ដីដែលឡោមព័ទ្ធដោយខ្សាច់ និងថ្មប៉ើងហើរពាសពេញ នឹងមិនអាចរស់នៅបាន? ថ្មអាចនឹងបុកត្រូវមនុស្ស ហើយខ្សាច់អាចនឹងធ្វើឲ្យពួកគេខ្វាក់ភ្នែក។ ខ្យល់អាចនឹងបក់បោកមនុស្សហើបជើងផុតពីដី ឬនាំយកពួកគេទៅក្នុងអាកាស។ ផ្ទះអាចនឹងត្រូវបំផ្លាញ ហើយគ្រោះមហន្តរាយគ្រប់បែបយ៉ាងនឹងកើតឡើង។ ប៉ុន្តែ តើវាមានតម្លៃទេក្នុងការមានខ្យល់ខ្លាំង? ខ្ញុំបាននិយាយថា វាមិនល្អទេ ដូច្នេះគ្រប់គ្នាអាចមានអារម្មណ៍ថា វាគ្មានតម្លៃទេ ប៉ុន្តែតើវាអ៊ីចឹងមែនឬ? តើវាគ្មានតម្លៃទេឬ នៅពេលវាប្រែទៅជាខ្យល់រំភើយ? តើមនុស្សត្រូវការអ្វីច្រើនបំផុតនៅពេលអាកាសធាតុសើម ឬក្ដៅហប់ខ្លាំង? ពួកគេត្រូវការខ្យល់រំភើយតិចៗ បក់មកលើពួកគេថ្នមៗ ធ្វើឲ្យពួកគេស្រស់ស្រាយ និងសម្អាតខួរក្បាលរបស់ពួកគេ ធ្វើឲ្យការគិតរបស់ពួកគេមុតស្រួច ជួសជុល និងធ្វើឲ្យស្ថានភាពចិត្តគំនិតរបស់ពួកគេប្រសើរឡើង។ ឧទាហរណ៍ថា ឥឡូវនេះអ្នករាល់គ្នាអង្គុយក្នុងបន្ទប់មួយដែលមានមនុស្សច្រើន ហើយហប់ខ្យល់ តើអ្នកត្រូវការអ្វីបំផុត? (ខ្យល់រំភើយតិចៗ)។ ការទៅកាន់កន្លែងមួយដែលមានខ្យល់កខ្វក់ និងស្មោកគ្រោក អាចធ្វើឲ្យការគិតរបស់មនុស្សថយចុះ កាត់បន្ថយចរន្តឈាម និងបន្ថយភាពច្បាស់លាស់នៃចិត្តគំនិតរបស់មនុស្ស។ ប៉ុន្ដែទោះជាយ៉ាងណា ចលនា និងចរន្តខ្យល់តែបន្តិចធ្វើឲ្យខ្យល់ស្រស់ថ្លា ហើយមនុស្សមានអារម្មណ៍ខុសគ្នានៅក្នុងខ្យល់ស្រស់ថ្លា។ ទោះជាអូរតូចនេះអាចបង្កឲ្យមានគ្រោះមហន្តរាយក្ដី ទោះជាខ្យល់ខ្លាំងនេះអាចបង្កឲ្យមានគ្រោះមហន្តរាយក្ដី ដរាបណាមានភ្នំនៅទីនោះ វានឹងប្រែក្លាយគ្រោះថ្នាក់នោះទៅជាកម្លាំងដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សវិញ។ តើមិនអ៊ីចឹងទេឬ?

តើវគ្គទីបីនៃរឿងនេះនិយាយអំពីអ្វី? (ភ្នំធំ និងរលកយក្ស)។ ភ្នំធំ និងរលកយក្ស។ វគ្គនេះកើតហេតុនៅឯឆ្នេរសមុទ្រនាជើងភ្នំ។ យើងមើលឃើញភ្នំ ទឹកសមុទ្រសាច និងរលកដ៏ធំមួយ។ តើភ្នំជាអ្វីចំពោះរលកនៅក្នុងឧទាហរណ៍នេះ? (អ្នកការពារ និងរបាំង)។ វាជាអ្នកការពារផង និងជារបាំងផង។ ក្នុងនាមជាអ្នកការពារ វារក្សាសមុទ្រមិនឲ្យទៅបាត់ ដើម្បីឲ្យសត្វនានាដែលរស់នៅក្នុងនោះអាចកើតកូនចៅច្រើនឡើង និងចម្រើនលូតលាស់។ ក្នុងនាមជារបាំង ភ្នំការពារទឹកសមុទ្រមិនឲ្យហូរហៀរបង្កគ្រោះមហន្តរាយ មិនឲ្យបង្កគ្រោះថ្នាក់ និងបំផ្លាញផ្ទះរបស់មនុស្ស។ ដូច្នេះយើងអាចនិយាយបានថា ភ្នំនេះជាអ្នកការពារផង និងជារបាំងផង។

(Source: Depositphotos)

នេះជាសារៈសំខាន់នៃអន្តរទំនាក់ទំនងរវាងភ្នំដ៏ធំ និងអូរដ៏តូច ភ្នំដ៏ធំ និងខ្យល់ដ៏ខ្លាំង ភ្នំដ៏ធំ និងរលកយក្ស ហើយនេះជាសារៈសំខាន់នៃការពង្រឹង និងការទប់ទល់គ្នាទៅវិញទៅមករបស់ពួកវា និងសហត្ថិភាពរបស់ពួកវា។ វត្ថុដែលព្រះជាម្ចាស់បានបង្កើតទាំងនេះ ត្រូវបានគ្រប់គ្រងក្នុងអត្ថិភាពរបស់ពួកវាដោយវិន័យ និងច្បាប់។ ដូច្នេះ តើអ្នកមើលឃើញទង្វើអ្វីខ្លះរបស់ព្រះជាម្ចាស់នៅក្នុងរឿងនេះ? តើព្រះជាម្ចាស់ធ្លាប់ព្រងើយកន្តើយនឹងរបស់សព្វសារពើឬទេ ចាប់តាំងពីពេលទ្រង់បានបង្កើតពួកវាមក? តើទ្រង់បានបង្កើតវិន័យ និងរចនាបែបបទដំណើរការនៃរបស់សព្វសារពើ ដើម្បីតែទុកពួកវាចោលបន្ទាប់ពីបង្កើតហើយមែនទេ? តើវាកើតឡើងដូច្នោះមែនទេ? (ទេ)។ បន្ទាប់មកតើមានអ្វីកើតឡើង? ព្រះជាម្ចាស់នៅតែបន្តគ្រប់គ្រង។ ទ្រង់គ្រប់គ្រងទឹក ខ្យល់ និងរលក។ ទ្រង់មិនឲ្យពួកវារត់ផ្ដេសផ្ដាសទេ ហើយទ្រង់ក៏មិនឲ្យពួកវាបង្កអន្តរាយ ឬបំផ្លាញផ្ទះដែលមនុស្សរស់នៅដែរ។ ដោយហេតុនេះ មនុស្សអាចរស់នៅបាន ហើយកើតកូនកើតចៅច្រើនឡើង និងចម្រើនលូតលាស់នៅលើដី។ នេះមានន័យថា នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ ព្រះជាម្ចាស់បានរៀបចំវិន័យសម្រាប់អត្ថិភាពរបស់ពួកវារួចជាស្រេច។ នៅពេលព្រះជាម្ចាស់បានបង្កើតវត្ថុនីមួយៗ ទ្រង់បានធានាថា វានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិ ហើយទ្រង់បានគ្រប់គ្រងលើវា ដើម្បីកុំឲ្យវាអាចបង្កបញ្ហាដល់មនុស្សជាតិ ឬបង្កគ្រោះមហន្តរាយដល់ពួកគេ។ តើវាមិនមែនសម្រាប់ឲ្យព្រះជាម្ចាស់គ្រប់គ្រងទេឬ តើទឹកនឹងមិនហូរដោយគ្មានការទប់ស្កាត់ទេឬ? តើខ្យល់នឹងមិនបក់ដោយគ្មានការទប់ស្កាត់ទេឬ? តើទឹក និងខ្យល់ធ្វើតាមវិន័យដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិនបានគ្រប់គ្រងពួកវាទេ នោះនឹងគ្មានវិន័យណាមួយគ្រប់គ្រងលើពួកវាបានឡើយ ហើយខ្យល់នឹងបក់បោកយ៉ាងសន្ធឹក ឯទឹកនឹងគ្មានអ្វីទប់ស្កាត់ហើយបង្កជាទឹកជំនន់។ ប្រសិនបើរលកខ្ពស់ជាងភ្នំ តើសមុទ្រនឹងអាចមានទេ? វានឹងគ្មានទេ។ ប្រសិនបើភ្នំមិនខ្ពស់ស្មើរលក នោះសមុទ្រនឹងគ្មានទេ ហើយភ្នំនឹងបាត់បង់តម្លៃ និងសារៈសំខាន់របស់វា។

តើអ្នកមើលឃើញប្រាជ្ញានៃព្រះជាម្ចាស់នៅក្នុងរឿងទាំងពីរនេះទេ? ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព ហើយទ្រង់មានអំណាចត្រួតត្រាអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព ទ្រង់គ្រប់គ្រងរាល់អ្វីៗទាំងអស់ ហើយទ្រង់ធ្វើការផ្គត់ផ្គង់ដល់អ្វីៗទាំងអស់ រីឯនៅក្នុងរបស់សព្វសារពើ ទ្រង់ទតឃើញ និងពិនិត្យមើលគ្រប់ពាក្យ និងសកម្មភាពនៃអ្វីគ្រប់យ៉ាងដែលមានអត្ថិភាព។ ដូច្នេះហើយ ទើបព្រះជាម្ចាស់ទតឃើញ និងពិនិត្យមើលបានគ្រប់ជ្រុងជ្រោយនៃជីវិតមនុស្សផងដែរ។ ហេតុដូចនេះ ព្រះជាម្ចាស់ជ្រាបដឹងយ៉ាងលម្អិតនូវអ្វីគ្រប់យ៉ាងដែលមានអត្ថិភាពនៅក្នុងការបង្កើតរបស់ទ្រង់ ចាប់តាំងពីមុខងាររបស់វត្ថុនីមួយៗ លក្ខណៈរបស់វា និងវិន័យសម្រាប់រស់រានរបស់វា រហូតដល់សារៈសំខាន់នៃជីវិតរបស់វា និងតម្លៃនៃអត្ថិភាពរបស់វា អ្វីៗទាំងអស់នេះព្រះជាម្ចាស់ទ្រង់ជ្រាបដឹងគ្មានសល់។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តើអ្នករាល់គ្នាគិតថា ទ្រង់ត្រូវការសិក្សាពីវិន័យដែលគ្រប់គ្រងពួកវាឬទេ? តើព្រះជាម្ចាស់ត្រូវការសិក្សាពីវិទ្យាសាស្ត្រ ឬចំណេះដឹងរបស់មនុស្ស ដើម្បីរៀន និងស្វែងយល់អំពីពួកវាឬទេ? (ទេ)។ តើមាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិដែលមានការរៀនសូត្រ និងមានចំណេះវិជ្ជាជ្រៅជ្រះ ដើម្បីស្វែងយល់ពីរបស់សព្វសារពើដូចព្រះជាម្ចាស់ឬទេ? គ្មានទេ មែនទេ? តើមានតារាវិទូ ឬជីវវិទូណាម្នាក់ដែលយល់ពិតប្រាកដអំពីវិន័យដែលរបស់សព្វសារពើរស់នៅ និងដុះលូតលាស់តាមដែរឬទេ? តើពួកគេយល់ពិតប្រាកដអំពីតម្លៃនៃអត្ថិភាពរបស់វត្ថុនីមួយៗឬទេ? (ទេ ពួកគេមិនអាចទេ)។ នេះមកពីរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយមិនថាមនុស្សជាតិសិក្សាពីចំណេះដឹងនេះបានជ្រៅជ្រះប៉ុនណា ឬច្រើនយ៉ាងណា ឬក៏ពួកគេខំប្រឹងខ្នះខ្នែងរៀនពីវាយូរប៉ុនណានោះទេ ក៏ពួកគេនឹងមិនអាចវាស់ស្ទង់នូវអាថ៌កំបាំង ឬគោលបំណងដែលព្រះជាម្ចាស់បង្កើតរបស់សព្វសារពើមកបានដែរ។ តើមិនអ៊ីចឹងទេឬ? ឥឡូវនេះ តាមរយៈការពិភាក្សារបស់យើងមកទល់ពេលនេះ តើអ្នករាល់គ្នាមានអារម្មណ៍ថា បានទទួលការយល់ដឹងមួយផ្នែកអំពីអត្ថន័យពិតប្រាកដនៃឃ្លាដែលថា៖ «ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ» ហើយឬនៅ? (យល់)។ ខ្ញុំជ្រាបដឹងថា នៅពេលដែលខ្ញុំពិភាក្សាអំពីប្រធានបទនេះ (ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ) មនុស្សជាច្រើននឹងគិតភ្លាមដល់ឃ្លាមួយទៀតថា៖ «ព្រះជាម្ចាស់ជាសេចក្ដីពិត ហើយព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីផ្គត់ផ្គង់ដល់យើង» ហើយគ្មានអ្វីដែលហួសពីកម្រិតអត្ថន័យនៃប្រធានបទនេះនោះទេ។ អ្នកខ្លះថែមទាំងអាចមានអារម្មណ៍ថា ព្រះជាម្ចាស់ផ្គត់ផ្គង់ជីវិតមនុស្ស អាហារ និងភេសជ្ជៈប្រចាំថ្ងៃ ព្រមទាំងចាំបាច់ប្រចាំថ្ងៃ មិនរាប់ថាជាការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សនោះទេ។ តើគ្មានអ្នកដែលមានអារម្មណ៍បែបនេះទេឬ? ប៉ុន្តែ តើចេតនារបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតរបស់ទ្រង់ (ដើម្បីឲ្យមនុស្សជាតិមានអត្ថិភាព និងរស់នៅជាធម្មតា) មិនជាក់ស្ដែងទេឬ? ព្រះជាម្ចាស់ថែទាំបរិស្ថានដែលមនុស្សរស់នៅ ហើយទ្រង់ផ្គត់ផ្គង់គ្រប់អ្វីៗទាំងអស់ដែលមនុស្សជាតិត្រូវការសម្រាប់ការរស់រានរបស់ពួកគេ។ លើសពីនេះទៅទៀត ទ្រង់គ្រប់គ្រង និងរក្សាអធិបតេយ្យភាពលើរបស់សព្វសារពើ។ អ្វីៗទាំងអស់នេះអាចឲ្យមនុស្សជាតិរស់នៅ និងចម្រើនលូតលាស់ ព្រមទាំងកើតកូនចៅច្រើនឡើងជាធម្មតា នេះហើយជារបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់ស្នាព្រះហស្ដទាំងអស់ និងដល់មនុស្សជាតិ។ តើវាមិនពិតទេឬ ដែលថាមនុស្សត្រូវទទួលស្គាល់ និងយល់ពីអ្វីៗទាំងនេះ? ប្រហែលជាអ្នកខ្លះអាចនិយាយថា «ប្រធានបទនេះនៅឆ្ងាយពេកពីការដែលយើងស្គាល់ព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ ហើយយើងមិនចង់ដឹងអំពីរឿងនេះទេ ព្រោះយើងមិនមែនរស់ដោយសារនំប៉័ងតែមួយមុខនោះទេ ប៉ុន្តែផ្ទុយទៅវិញ យើងរស់ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ តើការយល់ឃើញនេះត្រឹមត្រូវឬទេ? (ទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? បើគ្រាន់តែស្គាល់នូវអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះ តើអ្នករាល់គ្នាអាចមានការយល់ដឹងពេញលេញអំពីព្រះជាម្ចាស់ទេ? បើគ្រាន់តែទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងទទួលស្គាល់ការជំនុំជម្រះ ព្រមទាំងការវាយផ្ចាលរបស់ព្រះជាម្ចាស់នោះ តើអ្នករាល់គ្នាអាចមានការយល់ដឹងពេញលេញអំពីព្រះជាម្ចាស់ទេ? បើគ្រាន់តែដឹងនូវផ្នែកតូចមួយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ផ្នែកតូចមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះ តើអ្នករាល់គ្នានឹងចាត់ទុកថា គ្រប់គ្រាន់ក្នុងការសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់ហើយមែនទេ? (ទេ)។ សកម្មភាពរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមដោយទ្រង់បង្កើតរបស់សព្វសារពើ ហើយពួកវាបន្តដល់សព្វថ្ងៃនេះ (សកម្មភាពរបស់ព្រះជាម្ចាស់សុទ្ធតែអាចមើលឃើញគ្រប់ពេលវេលា ពីមួយពេលទៅមួយពេល)។ បើមនុស្សម្នាក់ជឿថា ព្រះជាម្ចាស់មានមែន ដោយសារតែទ្រង់បានរើសតាំងរាស្ត្រមួយក្រុមឲ្យទៅសង្គ្រោះ និងបំពេញកិច្ចការរបស់ទ្រង់ ក្រៅពីនោះគ្មានអ្វីពាក់ព័ន្ធជាមួយព្រះជាម្ចាស់ឡើយ មិនថាសិទ្ធិអំណាចរបស់ទ្រង់ ឋានៈរបស់ទ្រង់ ឬក៏សកម្មភាពរបស់ទ្រង់នោះទេ ដូច្នេះតើគេអាចចាត់ទុកមនុស្សម្នាក់នេះថា ស្គាល់ព្រះជាម្ចាស់ពិតប្រាកដឬទេ? មនុស្សដែលគេហៅថា «ស្គាល់ព្រះជាម្ចាស់» បែរជាមានការយល់ដឹងត្រឹមតែមួយជ្រុងប៉ុណ្ណោះ យោងទៅតាមការដែលពួកគេកម្រិតទង្វើរបស់ទ្រង់ត្រឹមតែចំពោះមនុស្សមួយក្រុម។ តើនេះជាការស្គាល់ព្រះជាម្ចាស់ពិតប្រាកដឬទេ? តើមនុស្សដែលមានការស្គាល់ប្រភេទនេះ មិនបដិសេធការបង្កើតរបស់សព្វសារពើដោយព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់លើពួកគេទេឬ? មនុស្សមួយចំនួនមិនចង់ពាក់ព័ន្ធនឹងចំណុចនេះទេ ផ្ទុយទៅវិញ គេបែរជាគិតក្នុងចិត្តខ្លួនអ្នកថា៖ «ខ្ញុំមិនដែលឃើញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើនោះទេ។ គំនិតនេះខុសប្លែកណាស់ ហើយខ្ញុំមិនខ្វល់ក្នុងការយល់ដឹងពីវានោះទេ។ ព្រះជាម្ចាស់ធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ។ ខ្ញុំគ្រាន់តែទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចទទួលបានការសង្គ្រោះ និងភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ប៉ុណ្ណោះ។ គ្មានអ្វីទៀតដែលសំខាន់សម្រាប់ខ្ញុំទេ។ វិន័យដែលព្រះជាម្ចាស់បានបង្កើតនៅពេលដែលទ្រង់បង្កើតរបស់សព្វសារពើ និងអ្វីៗដែលទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើ និងដល់មនុស្សជាតិ គ្មានអ្វីពាក់ព័ន្ធជាមួយខ្ញុំទេ។» តើនេះជាពាក្យសម្ដីប្រភេទណាទៅវិញ? តើនេះមិនមែនជាអំពើបះបោរទេឬ? តើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានការយល់ឃើញបែបនេះឬទេ? ទោះបីជាអ្នករាល់គ្នាមិននិយាយដូច្នេះក៏ដោយ ក៏ខ្ញុំជ្រាបដឹងថា អ្នករាល់គ្នានៅទីនេះភាគច្រើនយល់ដូច្នោះដែរ។ តាមច្បាប់ មនុស្សបែបនេះមើលទៅអ្វីគ្រប់យ៉ាងតាមទស្សនៈ ''ខាងវិញ្ញាណ" ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចង់ដាក់ដែនកំណត់ព្រះជាម្ចាស់ឲ្យនៅត្រឹមតែក្នុងព្រះគម្ពីរប៉ុណ្ណោះ គឺដាក់ដែនកំណត់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលដែលទ្រង់បានសម្ដែង ឲ្យនៅត្រឹមតែអត្ថន័យដែលទាញចេញពីព្រះបន្ទូលដែលសរសេរត្រង់ៗប៉ុណ្ណោះ។ ពួកគេមិនចង់ស្គាល់ព្រះជាម្ចាស់ច្រើនជាងនេះទេ ហើយពួកគេមិនចង់ឲ្យព្រះជាម្ចាស់បំបែកការយកព្រះហឫទ័យទុកដាក់របស់ទ្រង់ទៅធ្វើការអ្វីផ្សេងទៀតទេ។ ការគិតរបៀបនេះគឺដូចកូនក្មេងអ៊ីចឹង ហើយវាក៏មានលក្ខណៈសាសនាហួសហេតុដែរ។ តើមនុស្សដែលមានទស្សនៈទាំងនេះអាចស្គាល់ព្រះជាម្ចាស់ឬទេ? ពួកគេនឹងពិបាកស្គាល់ព្រះជាម្ចាស់ខ្លាំងណាស់។ ថ្ងៃនេះ ខ្ញុំបាននិទានរឿងពីរ ដែលរឿងនីមួយៗនិយាយអំពីទិដ្ឋភាពខុសៗគ្នា។ នៅពេលដែលទើបតែស្ដាប់រឿងនេះ អ្នករាល់គ្នាអាចនឹងមានអារម្មណ៍ថា រឿងទាំងនេះជ្រាលជ្រៅ ឬអរូបីបន្តិច ពិបាកក្នុងការយល់ដឹង និងស្វែងយល់ណាស់។ វាអាចនឹងពិបាកក្នុងការផ្សារភ្ជាប់រឿងទាំងនេះជាមួយនឹងសកម្មភាពរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ និងអ្វីទាំងអស់ដែលទ្រង់បានធ្វើនៅក្នុងការបង្កើត និងក្នុងចំណោមមនុស្សជាតិ គួរតែត្រូវបានស្គាល់យ៉ាងច្បាស់ និងត្រឹមត្រូវ ដោយមនុស្សគ្រប់រូប និងគ្រប់គ្នាដែលប្រឹងប្រែងស្គាល់ព្រះជាម្ចាស់។ ការស្គាល់នេះនឹងផ្ដល់ឲ្យអ្នកនូវភាពប្រាកដប្រជានៅក្នុងជំនឿរបស់អ្នកចំពោះអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់។ វាក៏នឹងផ្ដល់ឲ្យអ្នកនូវការស្គាល់ច្បាស់នូវប្រាជ្ញាញាណនៃព្រះជាម្ចាស់ ព្រះចេស្ដារបស់ទ្រង់ និងបែបបទដែលទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើផងដែរ។ វានឹងអាចឲ្យអ្នកនឹកគិតយ៉ាងច្បាស់លាស់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ ហើយឃើញថា អត្ថិភាពរបស់ទ្រង់មិនមែនប្រឌិត មិនមែនជាទេវកថា មិនមែនស្រពិចស្រពិល មិនមែនជាទ្រឹស្ដី ហើយប្រាកដជាមិនមែនជាប្រភេទនៃការលួងលោមចិត្តខាងវិញ្ញាណទេ ប៉ុន្តែជាអត្ថិភាពពិត។ លើសពីនេះ វានឹងអាចឲ្យមនុស្សដឹងថា ព្រះជាម្ចាស់តែងតែផ្គត់ផ្គង់ដល់ការបង្កើតទាំងអស់ និងដល់មនុស្សជាតិ ហើយព្រះជាម្ចាស់ទ្រង់ធ្វើដូច្នេះតាមវិធីរបស់ព្រះអង្គផ្ទាល់ និងស្របតាមចង្វាក់ភ្លេងរបស់ព្រះអង្គផ្ទាល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងបានឲ្យពួកវានូវវិន័យដែលពួកវានីមួយៗ ស្ថិតក្រោមការកំណត់ទុកជាមុនរបស់ទ្រង់ អាចអនុវត្តភារកិច្ចដែលបានបែងចែកឲ្យពួកវា បំពេញការទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងអនុវត្តតួនាទីផ្ទាល់ខ្លួនរបស់ពួកវា ដោយស្ថិតក្រោមការកំណត់ទុកជាមុនរបស់ទ្រង់ វត្ថុនីមួយៗមានប្រយោជន៍រៀងខ្លួនក្នុងការបម្រើ មនុស្សជាតិ និងលំហ ព្រមទាំងបរិស្ថានដែលមនុស្សជាតិរស់នៅ។ បើព្រះជាម្ចាស់មិនបានធ្វើដូច្នេះទេ ហើយមនុស្សជាតិគ្មានបរិស្ថានបែបនេះដើម្បីរស់នៅទេ នោះការជឿលើព្រះជាម្ចាស់ ឬការធ្វើតាមទ្រង់នឹងមិនអាចធ្វើទៅរួចទេសម្រាប់មនុស្សជាតិ ហើយវានឹងស្មើត្រឹមតែជាសម្ដីគ្មានខ្លឹមសារទាំងអស់។ តើមិនអ៊ីចឹងទេឬ?

ចូរយើងក្រឡេកមើលឡើងវិញនូវរឿងភ្នំធំ និងអូរតូច។ តើភ្នំមានមុខងារអ្វី? របស់មានជីវិតធំលូតលាស់នៅលើភ្នំ ដូច្នេះហើយអត្ថិភាពរបស់វាមានតម្លៃជាប់មកជាមួយ ហើយវាក៏រារាំងអូរតូចមិនឲ្យហូរទៅកន្លែងដែលវានឹងទៅ ដែលនឹងនាំមកនូវមហន្តរាយដល់មនុស្សដែរ។ តើមិនអ៊ីចឹងទេឬ? ភ្នំមានអត្ថិភាពតាមរបៀបជាភាវៈផ្ទាល់ខ្លួនរបស់វា ដោយអាចឲ្យវត្ថុមានជីវិតច្រើនអនេកលូតលាស់នៅលើវា (ដើមឈើ និងស្មៅ ព្រមទាំងរុក្ខជាតិ និងសត្វផ្សេងទៀតទាំងអស់ដែលនៅលើភ្នំ)។ វាក៏តម្រង់ទិសលំហូរនៃអូរតូចនេះដែរ ដោយភ្នំប្រមូលផ្ដុំទឹកអូរ ហើយនាំផ្លូវទឹកអូរហូរតាមធម្មជាតិក្បែរជើងរបស់វា ដែលជាកន្លែងទឹកអូរអាចហូរចូលទៅក្នុងទន្លេ និងជាចុងក្រោយចូលទៅក្នុងសមុទ្រ។ វិន័យទាំងនេះមិនមែនកើតឡើងដោយធម្មជាតិទេ ប៉ុន្តែត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយព្រះជាម្ចាស់នៅសម័យកាលនៃការបង្កើត។ ចំណែកភ្នំធំ និងខ្យល់ខ្លាំង ភ្នំក៏ត្រូវការខ្យល់ដែរ។ ភ្នំត្រូវការខ្យល់ដើម្បីបបោសអង្អែលភាវៈមានជីវិតដែលរស់នៅលើវា ហើយនៅពេលជាមួយគ្នានោះដែរ វាទប់កម្លាំងរបស់ខ្យល់ខ្លាំងដើម្បីកុំឲ្យវាបក់បោកព្រៃផ្សៃពេក។ ក្នុងទិដ្ឋភាពជាក់លាក់មួយ វិន័យនេះតំណាងឲ្យករណីយកិច្ចរបស់ភ្នំធំ ដូច្នេះ តើវិន័យអំពីករណីយកិច្ចរបស់ភ្នំនេះមានរូបរាងឡើងដោយខ្លួនអ្នកមែនទេ? (ទេ)។ វាត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ ភ្នំធំនេះមានករណីយកិច្ចរបស់វា ឯខ្យល់ខ្លាំងវិញក៏មានករណីយកិច្ចរបស់វាដែរ។ ឥឡូវនេះ ចូរយើងងាកទៅមើលភ្នំធំ និងរលកធំ។ បើគ្មានអត្ថិភាពរបស់ភ្នំទេ តើទឹកអាចរកទិសហូរដោយខ្លួនអ្នកបានឬទេ? (ទេ)។ ទឹកនឹងជន់លិច។ ភ្នំមានតម្លៃអត្ថិភាពផ្ទាល់ខ្លួនរបស់វាក្នុងនាមជាភ្នំ ហើយសមុទ្រមានតម្លៃអត្ថិភាពផ្ទាល់ខ្លួនរបស់វាក្នុងនាមជាសមុទ្រ តែទោះជាយ៉ាងនេះក្ដី ក្រោមកាលៈទេសៈដែលពួកវាអាចមានអត្ថិភាពជាមួយគ្នាជាធម្មតា និងមិនជ្រៀតជ្រែកដល់គ្នាទៅវិញទៅមក ពួកវាក៏បង្ខាំងគ្នាទៅវិញទៅមកដែរ ដោយភ្នំធំបង្ខាំងសមុទ្រដើម្បីកុំឲ្យជន់លិច ហេតុនេះវាការពារផ្ទះរបស់មនុស្ស ហើយការបង្ខាំងសមុទ្រក៏អាចឲ្យសមុទ្រចិញ្ចឹមភាវៈមានជីវិតដែលរស់នៅក្នុងវាផងដែរ។ តើទេសភាពនេះកើតឡើងដោយខ្លួនអ្នកមែនទេ? (ទេ)។ វាក៏ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ដែរ។ តាមរូបភាពនេះយើងឃើញថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ទុកជាមុននូវកន្លែងដែលភ្នំនឹងស្ថិតនៅ កន្លែងដែលអូរនឹងហូរ ទិសដៅដែលខ្យល់ខ្លាំងនឹងចាប់ផ្ដើមបក់ពីណាទៅណា និងកម្ពស់ដែលរលកធំគួរនឹងមាន។ អ្វីៗទាំងអស់នេះផ្ទុកនូវគោលបំណង និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកវាជាទង្វើរបស់ព្រះជាម្ចាស់។ ឥឡូវនេះ តើអ្នករាល់គ្នាអាចមើលឃើញឬទេថាទង្វើរបស់ព្រះជាម្ចាស់មានវត្តមាននៅក្នុងរបស់សព្វសារពើ? (ឃើញ)។

តើគោលបំណងរបស់យើងនៅក្នុងការពិភាក្សាអំពីរឿងទាំងនេះគឺជាអ្វី? តើគឺដើម្បីឲ្យមនុស្សសិក្សាពីវិន័យដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមែនទេ? តើគឺដើម្បីលើកទឹកចិត្តឲ្យចាប់អារម្មណ៍លើផ្នែកតារាវិទ្យា និងភូមិវិទ្យាមែនទេ? (ទេ)។ អ៊ីចឹង តើវាជាអ្វី? គឺដើម្បីធ្វើឲ្យមនុស្សយល់ពីអំពើរបស់ព្រះជាម្ចាស់។ តាមរយៈសកម្មភាពរបស់ព្រះជាម្ចាស់ មនុស្សអាចបញ្ជាក់ និងផ្ទៀងផ្ទាត់បានថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ បើអ្នកអាចយល់ពីរឿងនេះបាន នោះអ្នកនឹងពិតជាអាចបញ្ជាក់អំពីកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកនឹងអាចបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ជាព្រះអាទិករនៃផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ដូច្នេះ តើវាមានប្រយោជន៍ចំពោះការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ឬទេ ក្នុងការស្គាល់ពីវិន័យនៃរបស់សព្វសារពើ និងស្គាល់ទង្វើរបស់ព្រះជាម្ចាស់? (មាន)។ តើវាមានប្រយោជន៍ដូចម្តេច? ជាបឋម នៅពេលដែលអ្នកបានយល់ពីទង្វើរបស់ព្រះជាម្ចាស់ហើយ តើអ្នកអាចនៅតែចាប់អារម្មណ៍លើផ្នែកតារាវិទ្យា និងភូមិវិទ្យាទៀតឬទេ? តើអ្នកនៅតែអាចមានដួងចិត្តជាមនុស្សប៉ិនសង្ស័យ និងមានមន្ទិលចំពោះព្រះជាម្ចាស់ជាព្រះអាទិករនៃរបស់សព្វសារពើ ទៀតដែរឬទេ? តើអ្នកនៅតែអាចមានដួងចិត្តជាអ្នកស្រាវជ្រាវ និងមានមន្ទិលចំពោះព្រះជាម្ចាស់ជាព្រះអាទិករនៃរបស់សព្វសារពើ ទៀតដែរឬទេ? (ទេ)។ នៅពេលដែលអ្នកបានបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះអាទិករនៃរបស់សព្វសារពើ និងបានយល់ពីវិន័យមួយចំនួននៃការបង្កើតរបស់ព្រះជាម្ចាស់ តើអ្នកពិតជានឹងជឿជាក់ក្នុងដួងចិត្តរបស់អ្នកដែរឬទេថា ព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ? (ជឿជាក់)។ តើ «ការផ្គង់ផ្គង់» នៅទីនេះមានសារៈសំខាន់ពិសេសមែនទេ ឬក៏ការប្រើប្រាស់វាសំដៅទៅលើកាលៈទេសៈជាក់លាក់មួយ? «ព្រះជាម្ចាស់ផ្គង់ផ្គង់ដល់របស់សព្វសារពើ» ជាឃ្លាមួយដែលមានវិសាលភាព និងសារៈសំខាន់ទូលំទូលាយណាស់។ ព្រះជាម្ចាស់មិនត្រឹមតែផ្គត់ផ្គង់ដល់មនុស្សនូវអាហារ និងភេសជ្ជៈប្រចាំថ្ងៃរបស់ពួកគេប៉ុណ្ណោះទេ ទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាតិនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ មានទាំងអ្វីគ្រប់យ៉ាងដែលមនុស្សអាចមើលឃើញ និងអ្វីៗដែលមិនអាចមើលឃើញផង។ ព្រះជាម្ចាស់គាំពារ គ្រប់គ្រង និងសោយរាជ្យលើបរិស្ថានរស់នៅនេះ ដែលចាំបាច់ដល់មនុស្សជាតិ។ និយាយឲ្យចំគឺថា បរិស្ថានអ្វីក៏ដោយដែលមនុស្សជាតិត្រូវការសម្រាប់រដូវកាលនីមួយៗ គឺព្រះជាម្ចាស់បានរៀបចំឲ្យទាំងអស់។ ព្រះជាម្ចាស់ក៏គ្រប់គ្រងប្រភេទខ្យល់ និងសីតុណ្ហភាពដើម្បីឲ្យពួកវាសមស្របសម្រាប់ការរស់រានរបស់មនុស្សដែរ។ វិន័យដែលគ្រប់គ្រងលើអ្វីៗទាំងនេះមិនមែនកើតឡើងដោយខ្លួនអ្នក ឬដោយចៃដន្យនោះទេ ពួកវាជាលទ្ធផលនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងទង្វើរបស់ទ្រង់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាប្រភពនៃវិន័យទាំងអស់នេះ និងជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ មិនខ្វល់ថា តើអ្នកជឿវាឬអត់ តើអ្នកអាចមើលឃើញវាឬអត់ ឬតើអ្នកអាចយល់ពីវាឬអត់នោះទេ ការនេះនៅតែជាការពិតដែលគេទទួលស្គាល់ និងមិនអាចបដិសេធបាន។

ខ្ញុំជ្រាបដឹងថា មនុស្សភាគច្រើនណាស់ដែលមានតែសេចក្ដីជំនឿលើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងព្រះគម្ពីរតែប៉ុណ្ណោះ។ សម្រាប់មនុស្សមួយចំនួនតូច ព្រះជាម្ចាស់បានបើកសម្ដែងឲ្យដឹងពីទង្វើរបស់ទ្រង់ និងបានអនុញ្ញាតឲ្យមនុស្សមើលឃើញពីតម្លៃនៃអត្ថិភាពរបស់ទ្រង់។ ទ្រង់ក៏បានឲ្យពួកគេមានការយល់ដឹងមួយចំនួនអំពីឋានៈរបស់ទ្រង់ ព្រមទាំងបានបញ្ជាក់នូវការពិតអំពីអត្ថិភាពរបស់ទ្រង់ដែរ។ តែទោះជាយ៉ាងនេះក្ដី សម្រាប់មនុស្សជាច្រើនទៀត ការពិតដែលថា ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើ ហាក់ដូចជាស្រពិចស្រពិល ឬមិនជាក់លាក់ មនុស្សបែបនេះអាចថែមទាំងរក្សានូវឥរិយាបថមានមន្ទិលទៀតផង។ ឥរិយាបថនេះបណ្ដាលឲ្យពួកគេជឿយ៉ាងជាប់លាប់ថា ច្បាប់នៃពិភពធម្មជាតិបានកើតឡើងដោយឯកអ្នក រីឯបាតុភូត ការផ្លាស់ប្តូរ ការប្រែប្រួលនៃធម្មជាតិ និងច្បាប់នានាដែលគ្រប់គ្រងវានោះ បានកើតចេញពីធម្មជាតិខ្លួនវា។ មនុស្សមិនអាចនឹកគិតឃើញនៅក្នុងចិត្តរបស់ពួកគេអំពីរបៀបដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ និងសោយរាជ្យលើពួកវានោះទេ ពួកគេមិនអាចយល់បានពីរបៀបដែលព្រះជាម្ចាស់គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើឡើយ។ ក្រោមដែនកំណត់នៃការសន្មត់នេះ មនុស្សមិនអាចជឿថា ព្រះជាម្ចាស់បានបង្កើត សោយរាជ្យលើ និងផ្គត់ផ្គង់ដល់របស់សព្វសារពើនោះទេ សូម្បីតែអស់អ្នកដែលជឿ ក៏ដាក់កម្រិតជំនឿរបស់ពួកគេត្រឹមតែយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះដែរ៖ ពួកគេជឿថា ទង្វើរបស់ព្រះជាម្ចាស់ និងការផ្គត់ផ្គង់របស់ទ្រង់ដល់មនុស្សជាតិ គឺសម្រាប់តែរាស្ត្រដែលទ្រង់បានរើសតាំងតែប៉ុណ្ណោះ។ នេះជាអ្វីដែលខ្ញុំស្ទាក់ស្ទើរក្នុងការទតមើលឃើញបំផុត ហើយជាអ្វីដែលបណ្ដាលឲ្យមានការឈឺចាប់យ៉ាងខ្លាំង ពីព្រោះសូម្បីតែមនុស្សជាតិដែលរីករាយនឹងអ្វីទាំងអស់ដែលព្រះជាម្ចាស់នាំមកឲ្យ ក៏ពួកគេបដិសេធអ្វីទាំងអស់ដែលទ្រង់ធ្វើ និងអ្វីទាំងអស់ដែលទ្រង់ផ្ដល់ឲ្យពួកគេដែរ។ មនុស្សជឿតែត្រឹមថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ត្រូវបានគ្រប់គ្រងដោយពួកវាខ្លួនអ្នកផ្ទាល់ វិន័យធម្មជាតិ និងពួកវាខ្លួនអ្នកផ្ទាល់ ច្បាប់ធម្មជាតិសម្រាប់ការរស់រាន ហើយជឿទៀតថា ពួកវាគ្មានមេដឹកនាំក្នុងការគ្រប់គ្រងពួកវា ឬមានអំណាចត្រួតត្រាក្នុងការផ្គត់ផ្គង់ដល់ពួកវា និងរក្សាពួកវានោះទេ។ ទោះបីជាអ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏អ្នកប្រហែលជាមិនជឿថា អ្វីទាំងអស់នេះជាអំពើរបស់ទ្រង់ដែរ មែនទែនទៅ នេះជារឿងមួយដែលច្រើនតែមិនត្រូវបានយកចិត្តទុកដាក់ដោយគ្រប់អ្នកជឿលើព្រះជាម្ចាស់ ទាំងអ្នកដែលទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលធ្វើតាមព្រះជាម្ចាស់។ ដូច្នេះ ពេលដែលខ្ញុំចាប់ផ្ដើមពិភាក្សាពីអ្វីមួយដែលមិនទាក់ទងនឹងព្រះគម្ពីរ ឬដែលគេហៅថាពាក្យខាងវិញ្ញាណភ្លាម អ្នកខ្លះក៏ធុញទ្រាន់ ឬនឿយណាយ ឬថែមទាំងមិនស្រួលចិត្តទៀតផង។ ពួកគេមានអារម្មណ៍ថា ព្រះបន្ទូលរបស់ខ្ញុំហាក់ដូចជាដាច់ចេញពីមនុស្សខាងវិញ្ញាណ និងរឿងរ៉ាវខាងវិញ្ញាណ។ នោះជារឿងអាក្រក់ណាស់។ ពេលនិយាយអំពីការស្គាល់ទង្វើរបស់ព្រះជាម្ចាស់ ទោះជាយើងមិនបាននិយាយអំពីផ្នែកតារាវិទ្យា ឬមិនបានស្រាវជ្រាវអំពីភូមិវិទ្យា ឬជីវវិទ្យាក៏ដោយ ក៏យើងត្រូវតែយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ យើងត្រូវតែដឹងអំពីការផ្គត់ផ្គង់របស់ទ្រង់ដល់របស់សព្វសារពើ ហើយដឹងថាទ្រង់ជាប្រភពនៃរបស់សព្វសារពើ។ នេះជាមេរៀនដ៏ចាំបាច់ និងជាមេរៀនមួយដែលត្រូវតែសិក្សា។ ខ្ញុំជឿថា អ្នករាល់គ្នាបានយល់ពីព្រះបន្ទូលរបស់ខ្ញុំហើយ!

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់គូសព្រំដែនសម្រាប់សត្វស្លាបផ្សេងៗ និងសត្វព្រៃ សត្វត្រី សត្វល្អិត និងរុក្ខជាតិទាំងអស់

ដោយសារតែព្រំដែនដែលព្រះជាម្ចាស់បានគូរទាំងនេះ ទើបលក្ខណៈភូមិសាស្ត្រនានាបានបង្កើតបរិស្ថានសម្រាប់ការរស់នៅផ្សេងៗគ្នា...

ព្រះជាម្ចាស់ ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព ដើម្បីប្រទានដល់មនុស្សជាតិនូវបរិស្ថានសម្រាប់ការរស់នៅប្រកបដោយស្ថិរភាព

ព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ ហើយនៅក្នុងចំណោមរបស់សព្វសារពើ ទ្រង់ត្រួតត្រា និងគ្រប់គ្រងបញ្ញត្តិនៃរបស់សព្វសារពើ។...