សេចក្តីផ្ដើម
(ដកស្រង់ចេញពី ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា)
មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលខ្ញុំត្រូវសម្រេចបាននៅក្នុងកិច្ចការនេះ មុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយខ្ញុំរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់ខ្ញុំទៀត នោះតើពួកគេមិនមែនដើរជាមួយខ្ញុំដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមខ្ញុំ នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ខ្ញុំនៅតែបន្ដបំពេញកិច្ចការរបស់ខ្ញុំតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់ខ្ញុំក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាខ្ញុំពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលខ្ញុំធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឱ្យដំណឹងល្អរបស់ខ្ញុំ កាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះខ្ញុំនៅតែបន្ដធ្វើកិច្ចការរបស់ខ្ញុំតទៅទៀតដែរ គឺខ្ញុំបន្ដកិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលខ្ញុំមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ ព្រោះគោលបំណងនៃកិច្ចការរបស់ខ្ញុំ មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់ខ្ញុំក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីជួយឱ្យមនុស្សកាន់តែស្ដាប់បង្គាប់ខ្ញុំ ហើយមុខងារនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សផ្លាស់ប្ដូរកាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលខ្ញុំធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះខ្ញុំសព្វព្រះហឫទ័យចង់ឱ្យជាតិសាសន៍ទាំងអស់ក្រៅពីអ៊ីស្រាអែលស្ដាប់បង្គាប់ខ្ញុំ ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឱ្យខ្ញុំអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់ខ្ញុំ។ វាជាកិច្ចការដែលខ្ញុំកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត ហើយនិងទិសដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាខ្ញុំមានបន្ទូលអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលខ្ញុំធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើទិសដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថានៅពេលដែលកិច្ចការរបស់ខ្ញុំរីកចម្រើន នោះខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំ បានផ្សព្វផ្សាយទៅពាសពេញលើផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំបានរីកសុះសាយទៅដល់សាសន៍ដទៃ ដើម្បីឱ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមខ្ញុំ ហើយដើម្បីឱ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់ បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់ខ្ញុំ ព្រមទាំងហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់ខ្ញុំ ហើយព្រះបន្ទូលរបស់ខ្ញុំនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះជាម្ចាស់របស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលខ្ញុំបានដាក់បណ្ដាសាផង។ ខ្ញុំនឹងឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។
(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើអ្នកអាចនិយាយប្រាប់ពីនិស្ស័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនីមួយៗឱ្យបានច្បាស់លាស់ ដោយប្រើភាសាសមស្របដែលអាចពន្យល់ពីសារៈសំខាន់នៃយុគសម័យនោះបានដែរទេ? ដោយបានដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ តើអ្នកអាចពិពណ៌នាពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឱ្យបានពិស្តារបានដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបានដែរឬទេ? តើអ្នកនឹងបន្តប្រាប់អ្វីដែលបានឃើញនិងបានដកពិសោធន៍នោះទៅដល់អ្នកកាន់សាសនាដែលជឿស៊ប់ ទុរគត និងគួរឱ្យអាណិត ដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេនោះយ៉ាងដូចម្តេច? តើមនុស្សជំពូកណាដែលកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចនឹកស្រមៃឃើញទេ? តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងធ្វើខ្លួនឱ្យស័ក្តិសមជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើអ្នកនឹងពន្យល់ពីម្ចាស់នៃរបស់សព្វសារពើយ៉ាងដូចម្តេច? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹតសួរថា តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ ដើម្បីបណ្តេញអំណាចនៃភាពអន្ធការ ដែលបានគ្របបាំងមនុស្សអស់ពេលរាប់សិបឆ្នាំមកហើយ។ តើមានអ្នកណាដែលអាចដឹងពីទំហំនៃក្ដីសង្ឃឹមយ៉ាងអន្ទះសារបស់ពួកគេ ដែលចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ដែរឬទេ? សូម្បីនៅថ្ងៃណាមួយដែលមានពន្លឺចាំងជះទៅផុតហើយក្ដី ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ពួកគេមិនដែលបានសម្រាកឡើយ ហើយពួកគេត្រូវជាប់នៅក្នុងសភាពបែបនេះជាយូរមកហើយ ដោយត្រូវជាប់ចំណងដែលគ្មានក្ដីមេត្តាករុណា និងជាប់ក្នុងប្រវត្តិសាស្ត្រដែលមិនចេះផ្លាស់ប្តូរ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានគិតគូរពីសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលមិនដឹងអ្វីសោះ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ រងទណ្ឌកម្មបែបនេះយ៉ាងដូចម្តេចទៅ? ចុងក្រោយ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងនេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? បន្ទាប់ពីបានគិតនិងបានធ្វើគ្រប់យ៉ាងហើយ តើអ្នកនឹងបកស្រាយពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះយ៉ាងដូចម្តេចវិញ? តើអ្នកពិតជាមានការតាំងចិត្ត និងជំនឿចិត្ត ដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ជាបុគ្គលដែលស្មោះត្រង់ និងបម្រើព្រះជាម្ចាស់មែនទេ?
(ដកស្រង់ពី «តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្វីដែលអ្នករាល់គ្នាបានពិសោធនិងបានឃើញ គឺប្រសើរជាងពួកបរិសុទ្ធ និងពួកហោរាពីគ្រប់សម័យកាលទៅទៀត ប៉ុន្តែតើអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ឱ្យបានប្រសើរជាងពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឱ្យអ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំក៏សុំឱ្យទីបន្ទាល់របស់អ្នករាល់គ្នាល្អលើសម៉ូសេ ហើយសុំឱ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំគឺជាព្រះមួយអង្គដែលប្រទានជីវិតដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ចដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ តាមត្រូវ អ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកយូរណាស់មកហើយ។ សំណាងល្អហើយដែលខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយគ្រាន់តែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុត គឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាងពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នាយល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដូចជាយុគសម័យនៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែលពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបានយល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូបអង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើលឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំងទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដែរ ហើយបានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និងសេចក្ដីក្រោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំសេចក្តីក្រោធរបស់ខ្ញុំមកលើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីក្រោធនេះបានមកដល់អ្នក រាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើន ជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឱ្យ ស្រឡាញ់ និងភាពគួរឱ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាងអ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំងច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពីនិស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ប៉ុន្តែអ្នកក៏មានការយល់ដឹងបែបចាស់គំរិលពីអតីតកាល ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេកឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញរឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់របស់ខ្ញុំ។
(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែអ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកមានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នកដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វាចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការវាយផ្ចាលរបស់ខ្ញុំ? ខ្ញុំវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការវាយផ្ចាលនាពេលសព្វថ្ងៃ គឺដើម្បីបើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិនត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឱ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការរបស់ខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពីសារៈសំខាន់នៃបទពិសោធរបស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងដូចម្ដេច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាចបំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមកដើម្បីបញ្ចប់យុគសម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែលើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយអ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិនមែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅកាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឱ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ទន្ទឹងឱ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។
(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវព្រះសូរសៀងរបស់ខ្ញុំយកឈ្នះ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ «ភ្នំដើមអូលីវ» ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!
(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)