របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

08-09-2021

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយក៏ជារបៀបចូលទៅកៀកនឹងព្រះជាម្ចាស់ដោយផ្ទាល់បំផុតដែរ។ យើងទាំងអស់គ្នាសង្ឃឹមថាព្រះអម្ចាស់ស្ដាប់ឮសេចក្ដីអធិស្ឋានរបស់ពួកយើង ប៉ុន្តែជាញឹកញាប់យើងមិនបានទទួលនូវការឆ្លើយតបពីព្រះជាម្ចាស់ ឬមានអារម្មណ៍ដឹងពីព្រះវត្តមានរបស់ទ្រង់ ដោយទុកឱ្យយើងនៅនឹកឆ្ងល់៖ ហេតុដូចម្ដេចបានជាដូច្នេះ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនស្ដាប់សេចក្ដីអធិស្ឋានរបស់យើង? តើសេចក្ដីអធិស្ឋានប្រភេទណាទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ថ្ងៃនេះចូរយើងពិភាក្សាអំពីចំណុចនេះ ហើយតាមរយៈការដោះស្រាយបញ្ហានេះ នោះសេចក្ដីអធិស្ឋានរបស់យើង នោះព្រះជាម្ចាស់អាចនឹងស្ដាប់ឮ។

១. នៅក្នុងសេចក្ដីអធិស្ឋាន តើអ្នកនិយាយទៅកាន់ព្រះជាម្ចាស់ដោយបើកចំហ ដោយគំនិតពិតប្រាកដរបស់អ្នកជឿជាក់លើទ្រង់ដែរឬទេ?

ភាគច្រើន យើងយកចិត្តទុកដាក់ចំពោះព័ត៌មានដូចជារយៈពេលនៃសេចក្ដីអធិស្ឋានរបស់យើង ឬពាក្យពេចន៍របស់យើង ឬយើងថែមទាំងបានព្យាយាមបង្ហាញពីការតាំងចិត្តរបស់យើងចំពោះព្រះតាមរយៈពាក្យពេចន៍ល្អៗពីរោះស្ដាប់ ប៉ុន្តែយើងកម្របើកដួងចិត្តរបស់ខ្លួនឯងទៅកាន់ព្រះជាម្ចាស់ដោយបើកចំហណាស់។ ជាឧទាហរណ៍ យើងតែងពោលឡើងជាធម្មតាថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំនឹងស្រលាញ់ទ្រង់ នឹងធ្វើដើម្បីទ្រង់ ហើយមិនថាមានគ្រោះថ្នាក់ប៉ុនណា ឬត្រូវរងទុក្ខលំបាកប៉ុនណានោះទេ ក៏ទូលបង្គំនឹងមិនបោះបង់ឡើយ។ ទូលបង្គំនឹងដើរតាមព្រះអង្គអស់មួយជីវិត!» ឬពោលថា «ព្រះជាម្ចាស់អើយ បន្ទូលរបស់ព្រះអង្គជាចង្កៀងនាំមុខទូលបង្គំ ជាពន្លឺនាំផ្លូវទូលបង្គំ ទូលបង្គំនឹងនៅជាប់នឹងព្រះបន្ទូលរបស់់ទ្រង់ចំពោះអ្វីៗគ្រប់យ៉ាងដែលទូលបង្គំធ្វើ ហើយទូលបង្គំនឹងធ្វើតាមបំណងរបស់ព្រះអង្គ!» យ៉ាងណាក្ដី ពេលបានជួបនូវទុក្ខលំបាក និងការរារែក ឬភាពលំបាកដែលកើតឡើងនៅផ្ទះ ជារឿយៗយើងមិនអាចយកព្រះបន្ទូលរបស់ព្រះមកអនុវត្ត ហើយយើងខ្វះនូវបំណងចិត្តដើម្បីបំពេញតាមការចង់បានរបស់ទ្រង់។ យើងថែមទាំងយល់ខុសចំពោះព្រះជាម្ចាស់ទៀតផង យើងរអ៊ូរទាំអំពីព្រះជាម្ចាស់ មានការបាក់ទឹកចិត្ត ក៏ដូចជាក្បត់ និងដើរចេញពីទ្រង់ផង។ ការដែលយើងប្រព្រឹត្តក្នុងរបៀបនេះក្នុងស្ថានភាពជាក់លាក់ផ្សេងៗគឺបានបញ្ជាក់ពីកង្វះខាតភាពស្មោះត្រង់នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងចំពោះព្រះ តែផ្ទុយទៅវិញបានត្រឹមតែអួតបំប៉ោង និងឥតន័យ និយាយពាក្យដែលពីរោះស្ដាប់ដោយគ្រាន់ចង់ឱ្យព្រះជាម្ចាស់សព្វព្រះទ័យប៉ុណ្ណោះ។ វាក៏ជាការឱ្យអ្នកដទៃបានគិតថាខ្លួនយើងប្រសើរខ្ពង់ខ្ពស់ ដើម្បីឱ្យព្រះជាម្ចាស់ និងអ្នកដទៃមើលឃើញថាយើងស្រលាញ់ព្រះជាម្ចាស់ និងស្មោះត្រង់ចំពោះទ្រង់ ប៉ុន្តែធាតុពិត សេចក្ដីអធិស្ឋានរបស់យើងពេញដោយភាពពុតត្បុត និងការបញ្ឆោតប៉ុណ្ណោះ។ ក្នុងខ្លឹមសារនេះ ពួកវាជាការប៉ុនប៉ងចង់បោកប្រាស់ និងបញ្ឆោតព្រះជាម្ចាស់។ តើយើងអាចរំពឹងឱ្យព្រះជាម្ចាស់ស្ដាប់សេចក្ដីអធិស្ឋានប្រភេទទាំងនេះដូចម្ដេចទៅ? ព្រះយេស៊ូវធ្លាប់បានមានបន្ទូលពីប្រស្នាមួយថា៖ «មានបុរសពីរនាក់បានចូលទៅឯព្រះវិហារដើម្បីអធិស្ឋាន។ មានម្នាក់ជាពួកផារិស៊ី ហើយម្នាក់ទៀតជាអ្នកទារពន្ធ។ បុរសខាងផារិស៊ីបានឈរអធិស្ឋានថា៖ ព្រះជាម្ចាស់អើយ ទូលបង្គំអរព្រះគុណទ្រង់ ដែលទូលបង្គំមិនមែនជាពួកមនុស្សឯទៀតៗ ដែលជាអ្នកជំរិតទារប្រាក់ ជាមនុស្សទុច្ចរិត ជាមនុស្សផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ។ ទូលបង្គំតមអាហារមួយសប្ដាហ៍ពីរដង ទូលបង្គំថ្វាយដង្វាយមួយភាគដប់នៃអ្វីដែលទូលបង្គំមាន។ ចំណែកឯអ្នកទារពន្ធឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខសម្លឹងទៅមេឃផង គាត់គក់ទ្រូង ដោយពោលថា៖ ឱព្រះជាម្ចាស់អើយ សូមមានសេចក្ដីមេត្តាចំពោះទូលបង្គំជាមនុស្សបាបផង។ ខ្ញុំសុំប្រាប់អ្នកថា បុរសនេះត្រឡប់ទៅផ្ទះវិញដោយបានសុចរិតជាងបុរសម្នាក់ទៀត៖ ដ្បិតអ្នកណាតម្កើងខ្លួនឯង អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ» (លូកា ១៨:១០-១៤)។ វាមិនលំបាកទេក្នុងការមើលថា ផារិស៊ីបានអធិស្ឋានតាមឥរិយាបថខ្ពង់ខ្ពស់ ដោយហាក់មិនដឹងពីអំពើបាបរបស់ខ្លួនឡើយ ដោយបានអបអរខ្លួនឯងដែលស្ថិតក្រោមការយល់ថាខ្លួនមានឥរិយាបថល្អ។ គេជួយតែខ្លួនឯងដោយបានអួតពីភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដោយបង្ហាញខ្លួនឯងនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ខណៈពេលដែលខ្លួនមើលងាយអ្នកទារភាស៊ី (អ្នកទារពន្ធ)។ ការអធិស្ឋានបែបលាក់ពុតមិនអាចមានការពេញព្រះទ័យពីព្រះជាម្ចាស់នោះឡើយ។ សេចក្ដីអធិស្ឋានរបស់អ្នកទារភាស៊ីមានភាពស្មោះត្រង់ ដោយបានសារភាពពីអំពើបាបរបស់ខ្លួនដោយបើកចំហទៅកាន់ព្រះជាម្ចាស់ ដោយបានទទួលស្គាល់ថា គាត់ជាមនុស្សមានបាប ហើយមានការបង្ហាញនូវវិប្បដិសារី។ គាត់ក៏បានបង្ហាញពីការមានបំណងចិត្តលន់តួបាបទៅកាន់ព្រះជាម្ចាស់ និងបានទូលសុំសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ការឃើញមានភាពស្មោះត្រង់នៅក្នុងសេចក្ដីអធិស្ឋាននោះ ព្រះយេស៊ូវក៏បានសរសើរនូវសេចក្ដីអធិស្ឋានរបស់អ្នកទារភាស៊ី។

រឿងប្រស្នារបស់ព្រះយេស៊ូវបាមបង្ហាញប្រាប់ដល់យើងថា ព្រះជាម្ចាស់ស្អប់ការប្រើប្រាស់ពាក្យអួតអាង ពាក្យឥតខ្លឹមសារ ឬពាក្យដែលស្ដាប់ទៅពីរោះត្រចៀកដើម្បីតែផ្គាប់ចិត្តខ្លួនឯងជាមួយនឹងព្រះ ឬបញ្ឆោតទ្រង់ឡើយ។ ព្រះជាម្ចាស់ចង់ឱ្យយើងលាតត្រដាងដួងចិត្តខ្លួនឯងឱ្យស្អាតបាត និងនិយាយចេញពីគំនិតខ្លួនឯងពិតប្រាកដ ដោយនិយាយសេចក្ដីពិត ធ្វើការទំនាក់ទំនងនឹងព្រះជាម្ចាស់ដោយស្មោះត្រង់។ ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា «នោះអ្នកថ្វាយបង្គំដ៏ពិតប្រាកដនឹងថ្វាយបង្គំព្រះវរបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះវរបិតាសព្វព្រះហឫទ័យនឹងឱ្យថ្វាយបង្គំបែបនេះ។ ព្រះជាម្ចាស់ជាវិញ្ញាណ ហើយអស់អ្នកដែលថ្វាយបង្គំព្រះអង្គត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត» (យ៉ូហាន ៤:២៣-២៤)។ ហើយអត្ថបទមួយផ្សេងទៀតស្ដីពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏បានចែងថា «លក្ខខណ្ឌអប្បបរមាដែលព្រះជាម្ចាស់តម្រូវចង់បានពីមនុស្ស គឺឲ្យមនុស្សអាចបើកចិត្តរបស់គេចំពោះទ្រង់។ ប្រសិនបើមនុស្សថ្វាយដួងចិត្តដ៏ពិតរបស់គេដល់ព្រះ ហើយនិយាយអំពីអ្វីដែលមាននៅខាងក្នុងចិត្តរបស់គេ នោះព្រះជាម្ចាស់នឹងព្រមធ្វើការនៅខាងក្នុងគេមិនខាន។ អ្វីដែលព្រះជាម្ចាស់ចង់បាន មិនមែនជាដួងចិត្តដែលវៀចវេររបស់មនុស្សឡើយ ប៉ុន្តែជាដួងចិត្តដ៏បរិសុទ្ធ និងទៀងត្រង់។ ប្រសិនបើមនុស្សមិននិយាយទៅកាន់ព្រះ ដោយចេញពីចិត្តរបស់គេទេ នោះព្រះជាម្ចាស់នឹងមិនប៉ះពាល់ដួងចិត្តរបស់គេ ឬក៏ធ្វើការនៅក្នុងគេឡើយ។ ដូច្នេះ ចំណុចសំខាន់នៃការអធិស្ឋាន គឺជាការទូលទៅកាន់ព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់អ្នក ប្រាប់ទ្រង់អំពីសេចក្តីខ្វះចន្លោះ ឬនិស្ស័យបះបោររបស់អ្នក លាតត្រដាងដួងចិត្តរបស់អ្នកទាំងស្រុងនៅចំពោះទ្រង់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់ចាប់អារម្មណ៍លើការអធិស្ឋានរបស់អ្នក បើមិនដូច្នោះទេ ទ្រង់នឹងលាក់ព្រះភក្ត្ររបស់ទ្រង់ពីអ្នកមិនខាន» («អំពីទម្លាប់នៃការអធិស្ឋាន»)។ តាមរយៈការនេះ យើងអាចឃើញថាយើងត្រូវបើកចិត្ត និងមានភាពស្មោះត្រង់ចំពោះព្រះ ប្រាប់ទ្រង់ពីគំនិតខាងក្នុង និងការពិតរបស់យើង ប្រាប់ព្រះពីសភាពពិតប្រាកដ និងបញ្ហារបស់យើង និងស្វែងរកការត្រួសត្រាយរបស់ព្រះ។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់ស្ដាប់ឮនូវសេចក្ដីអធិស្ឋានរបស់យើង។ នៅពេលយើងអធិស្ឋាន យើងអាចប្រាប់ព្រះជាម្ចាស់ពីភាពលំបាក និងការរងទុក្ខដែលយើងប្រឈមនៅក្នុងជីវិតរបស់យើង និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឬយើងអាចមកចំពោះព្រះជាម្ចាស់ និងមករកទ្រង់ដោយលាតត្រដាងពីខ្លួនឯងថ្វាយព្រះអង្គ ដោយបង្ហាញពីអំពើរំលង ឬសែចក្ដីពុករលួយដែលបានបង្ហាញជារៀងរាល់ថ្ងៃ។ នេះជាការសន្ទនាជារៀងរាល់ថ្ងៃដោយស្មោះត្រង់ជាមួយព្រះជាម្ចាស់ចំពោះគ្រប់បញ្ហា។ ដូចការដែលយើងតែងតែមានភាពឆោតល្ងង់ជាមួយនឹងពាក្យពេចន៍ និងចង់ដើរតាមទំនោរសង្គម ដោយមានការខ្វាយខ្វល់ចិត្តជាមួយនឹងរឿងសប្បាយៗបែបលោកិយ ហើយយើងមិនអាចមានចិត្តស្ងប់នៅចំពោះព្រះ នោះយើងអាចអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់អើយ! ទូលបង្គំដឹងថា ទូលបង្គំមិនស្រលាញ់សេចក្ដីពិតដែលមាននៅក្នុងដួងចិត្តរបស់ទូលបង្គំឡើយ ប៉ុន្តែទូលបង្គំតែងគិតពីពិភពលោកអស្ចារ្យនៅខាងក្រៅ។ សូម្បីតែពេលមានការជួបជុំក្តី មិនថានៅក្នុងពេលអធិស្ឋាន ឬពេលអានព្រះបន្ទូលរបស់ទ្រង់នោះទេ ទូលបង្គំមិនអាចធ្វើចិត្តបានសោះ។ ទូលបង្គំចង់បោះបង់សាច់ឈាមចោល ប៉ុន្តែទួលបង្គំគ្មានកម្លាំងដើម្បីធ្វើវាឡើយ។ ព្រះជាម្ចាស់អើយ! សូមឱ្យព្រះវិញ្ញាណរបស់ព្រះអង្គប៉ះពាល់ដួងចិត្តរបស់ទូលបង្គំ ដោយប្រទាននូវជំនឿ និងកម្លាំងដល់ទូលបង្គំដើម្បីឈ្នះការល្បួងរបស់សាតាំង និងនាំដួងចិត្តទូលបង្គំឱ្យមានសន្តិភាពនៅចំពោះទ្រង់។» ក្រោយពីមានការអធិស្ឋានដ៏ស្មោះត្រង់បែបនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងត្រួសត្រាយ ព្រមទាំងដឹកនាំពួកយើងថា ការដើរតាមនិន្នាការសង្គមនឹងបង្កឱ្យយើងរស់នៅក្នុងអំពើបាប និងធ្វើឱ្យមានគម្លាតកាន់តែឆ្ងាយពីព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធក៏នឹងប៉ះពាល់យើង និងប្រទាននូវដួងចិត្តនៃសេចក្ដីស្រលាញ់សម្រាប់សេចក្ដីពិតដល់យើងផងដែរ។ នោះយើងនឹងអាចលះបង់សាច់ឈាមនៅក្នុងរបៀបជាក់ស្ដែង និងអាចយកឈ្នះការល្បួង និងការទាក់ទាញរបស់សាតាំង ដែលនេះជាលទ្ធផលដែលយើងអាចសម្រេចបានដោយការនិយាយចេញពីចិត្តនៅក្នុងសេចក្ដីអធិស្ឋានជាមួយព្រះជាម្ចាស់។ យ៉ាងណាក្ដី ប្រសិនបើយើងមិនបើកដួងចិត្តរបស់យើងក្នុងសេចក្ដីអធិស្ឋានចំពោះព្រះជាម្ចាស់ទេ តែបែរជាផ្គាប់ផ្គុនឱ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងខ្លួន និងបញ្ឆោតទ្រង់ដោយប្រើពាក្យពេចន៍ដែលពីរោះស្ដាប់ នោះព្រះជាម្ចាស់នឹងមិនប៉ះពាល់ដួងចិត្តរបស់យើងនោះទេ។ យើងនឹងមិនអាចវែកញែក និងយកឈ្នះលើការល្បួងរបស់សាតាំង ហើយនឹងចៀសមិនផុតពីការដើរតាមទំនោររបស់វិញ្ញាណអាក្រក់ឡើយ ដោយកាន់តែឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងត្រូវសាតាំងធ្វើបាប។ ដូចនេះ ប្រសិនបើយើងប្រាថ្នាចង់ឱ្យព្រះជាម្ចាស់ឮសេចក្ដីអធិស្ឋានរបស់យើង នោះយើងត្រូវតែបើកចិត្ត និងមានភាពពិតប្រាកដនៅចំពោះទ្រង់។ នេះជាជំហានទីមូយដែលយើងត្រូវអនុវត្ត។

២. តើអ្នកកំពុងអធិស្ឋានដើម្បីអនុវត្តបន្ទូលរបស់ព្រះអម្ចាស់ និងទទួលនូវជីវិតរីកចម្រើនឬ?

បងប្អូនប្រុសស្រីភាគច្រើនជឿថា ដោយសារយើងជឿលើព្រះជាម្ចាស់ នោះទ្រង់គួរតែប្រទានពរយើង និងប្រទានព្រះគុណមកលើយើង។ ជារឿយៗ យើងទូលអង្វរ និងអធិស្ឋានដល់ព្រះជាម្ចាស់សម្រាប់ជាប្រយោជន៍ខាងសាច់ឈាមដូចជាការជាពីជំងឺ ការប្រទានសេចក្តីសុខសាន្តមកគ្រួសារយើង ឬជួយឱ្យកូនៗមានការងារល្អជាដើម។ តើអ្នកធ្លាប់គិតទេថា ការអធិស្ឋានជានិច្ចទៅកាន់ព្រះជាម្ចាស់តាមការចង់បានរបស់ខ្លួនបែបសាច់ឈាមគឺជាការមានការប្រកបជាមួយព្រះ ជាការថ្វាយបង្គំទ្រង់ដ៏ពិតប្រាកដឬ? ចម្លើយនោះគឺថា គ្មានទេ។ ការអធិស្ឋានប្រភេទនេះគ្រាន់តែជាការចង់បានព្រះពរពីព្រះជាម្ចាស់ប៉ុណ្ណោះ។ ទាំងនេះជាការទាមទារអ្វីមួយពីទ្រង់ និងព្យាយាមធ្វើឱ្យព្រះអង្គធ្វើតាមបំណងរបស់យើងប៉ុណ្ណោះ។ វាមិនមែនជាការទុកព្រះអង្គជាព្រះនោះទេ។ ការអធិស្ឋានប្រភេទទាំងនេះមានតែធ្វើឱ្យទ្រង់ខ្ញាល់ប៉ុណ្ណោះ ហើយព្រះអង្គមិនស្ដាប់ពាក្យទាំងនេះទេ។

ក្នុងនាមជាគ្រីស្ទបរិស័ទ យើងមិនគួរស្វែងរកព្រះពរនៃផ្នែកសាច់ឈាម ឬស្វែងរកឱ្យព្រះជាម្ចាស់ប្រទាននូវព្រះគុណ និងព្រះពរមកលើយើងបន្ថែមទៀតឡើយ។ នោះគឺដោយសាររបស់ទាំងនេះគ្រាន់តែឱ្យយើងរីករាយបានមួយភ្លែតប៉ុណ្ណោះ ជាព្រេងវាសនាល្អបែបលោកិយ ប៉ុន្តែមិនបានជួយយើងពីចម្ងាយឱ្យរីកចម្រើននៅក្នុងជីវិតរបស់យើងឡើយ។ វាមិនអាចជួយយើងឱ្យទទួលបាននូវការស្ដាប់បង្គាប់ពិតប្រាកដ និងកោតខ្លាចព្រះជាម្ចាស់ឡើយ។ សេចក្ដីអធិស្ឋានរបស់យើង និងការទូលអង្វរគួរតែផ្ដោតខ្លាំងលើការយល់ដឹងរបស់យើងអំពីសេចក្ដីពិត ដោយយកព្រះបន្ទូលព្រះទៅអនុវត្ត និងរីកចម្រើននៅក្នុងជីវិតរបស់យើង។ មានតែការអធិស្ឋានប្រភេទនេះប៉ុណ្ណោះដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា «ចូរអ្នកកុំគិតតែពីស្វែងរករបស់បរិភោគ ឬអ្វីដែលត្រូវផឹក ឬមិនត្រូវមានចិត្តសង្ស័យឡើយ ដ្បិតមានតែសាសន៍នៃលោកិយប៉ុណ្ណោះដែលខំស្វះស្វែងរករបស់ទាំងនោះ។ ព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរខំស្វែងរកនគរព្រះវិញ នោះទើបរបស់ទាំងនោះនឹងត្រូវប្រទានមកអ្នកថែមទៀត» (លូកា ១២:២៩-៣១)។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចង់ឱ្យយើងអនុវត្ត និងរស់នៅស្របតាមព្រះបន្ទូលរបស់ទ្រង់ ហើយតាមរយៈព្រះបន្ទូលទ្រង់យើងអាចទទួលបានទាំងសេចក្ដីពិតនិងជីវិត ដើម្បីឱ្យយើងអាចទទួលបាននូវភាពស្រដៀងនឹងព្រះជាម្ចាស់ ហើយទីបំផុតក៏អាចចូលទៅក្នុងនគរទ្រង់បាន។ ដូចនេះ សេចក្ដីអធិស្ឋានរបស់យើងគួរតែធ្វើឡើងនៅជុំវិញរបៀបត្រូវអនុវត្ត និងមានបទពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់។ ក្នុងរបៀបដែលទ្រង់នឹងដឹកនាយើងចូលក្នុងកិច្ចការរបស់ទ្រង់ យើងនឹងបន្តឈ្វេងយល់កាន់ច្រើនឡើងអំពីសេចក្តីពិត ហើយយើងនឹងអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះ។ ចូរគិតអំពីរបៀបដែលពួកយើងគ្រប់គ្នានិយាយកុហកជាញឹកញាប់ ធ្វើរឿងបោកបញ្ឆោតដើម្បីការពារមុខមាត់ ឋានៈ ទ្រព្យសម្បត្តិ និងចំណាប់អារម្មណ៍ខ្លួនឯង។ យើងដឹងច្បាស់ថា ការទាំងនេះជាអំពើបាប ប៉ុន្តែយើងមិនអាចបញ្ឈប់ខ្លួនឯងពីការប្រព្រឹត្តិបាបបាន។ សូម្បីតែយើងមិននិយាយកុហកក្តី ក៏នៅក្នុងដួងចិត្តរបស់យើង យើងកំពុងគិតគូរពីអ្វីដែលត្រូវនិយាយចេញមកដើម្បីការពារឈ្មោះ ផលប្រយោជន៍ និងតួនាទីរបស់ខ្លួនប៉ុណ្ណោះ និងអ្វីដែលយើងគួរធ្វើដើម្បីឱ្យចំណាប់អារម្មណ៍របស់យើងមិនត្រូវបានសម្របសម្រួល។ នៅពេលយើងដឹងថាយើងមានការជំរុញចិត្តឱ្យនិយាយកុហក ឬធ្វើអ្វីមួយដែលមិនស្មោះត្រង់ យើងគួរចូលមកឯចំពោះព្រះជាម្ចាស់ និងអធិស្ឋានថា «ឱព្រះជាម្ចាស់អើយ! ទូលបង្គំបានឃើញថា ទូលបង្គំមិនអាចទទួលនូវភាពសាមញ្ញ និងភាពស្មោះត្រង់ជាកូនម្នាក់ ប៉ុន្តែនៅតែមិនអាចបញ្ឈប់ខ្លួនឯងពីការនិយាយកុហក ឬបោកប្រាស់ឡើយ។ ប្រសិនបើទូលបង្គំនៅតែបន្តបែបនេះ ទ្រង់ប្រាកដជាស្អប់ទូលបង្គំ។ ព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាត្រូវការសេចក្ដីសង្រ្គោះរបស់ព្រះអង្គ សូមព្រះអង្គដឹកនាំទូលបង្គំឱ្យក្លាយជាមនុស្សដ៏ស្មោះត្រង់ ហើយប្រសិនបើទូលបង្គំនិយាយកុហក ឬបោកប្រាស់ម្ដងទៀត សូមព្រះអង្គដាក់វិន័យទូលបង្គំចុះ។» ក្រោយពីថ្វាយសេចក្ដីអធិស្ឋានបែបនេះ នៅពេលយើងបានចិត្តចង់និយាយកុហកម្ដងទៀតតាមការចង់បានរបស់ខ្លួន នោះយើងនឹងមានអារម្មណ៍ថាព្រះវិញ្ញាណបរិសុទ្ធបានចូលមកក្បែរនៅក្នុងខ្លួនយើង យើងនឹងបានដឹងច្បាស់ថា ព្រះជាម្ចាស់តម្រូវឱ្យយើងក្លាយជាមនុស្សស្មោះត្រង់ ហើយទ្រង់រីករាយ និងប្រទានពរដល់អស់អ្នកដែលស្មោះត្រង់។ យើងមិនអាចនិយាយកុហកដើម្បីលើកស្ទួយផលប្រយោជន៍ខ្លួនឡើយ ដ្បិតវាជាការគួរឱ្យស្អប់ខ្ពើមណាស់ចំពោះព្រះជាម្ចាស់។ នៅពេលយើងបានដឹងពីការទាំងអស់នេះ យើងនឹងអាចបោះបង់ការជំរុញចិត្តដ៏ពូកែរបស់យើងចេញពីចិត្ត ស្វែងរកសេចក្ដីពិតពីការពិតជាក់ស្ដែង ហើយនិយាយដោយត្រឹមត្រូវឥតលាក់លៀម។ ដោយការអនុវត្តរបៀបនេះជាញឹកញាប់ គឺមុនពេលយើងដឹងថាវានឹងមានការកុហកកាន់តែតិចទៅៗ ហើយយើងនឹងអាចចូលទៅភាពជាក់ស្ដែងនៃសេចក្ដីពិតនៃបុគ្គលដ៏ស្មោះត្រង់ម្នាក់ ដោយមួយជំហានម្ដងៗ។ នេះគឺជាផលផ្លែនៃសេចក្ដីអធិស្ឋានសម្រាប់ការរីកចម្រើននៅក្នុងជីវិត។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «ខ្ញុំសូមប្រាប់អ្នកថា ចូរសុំ នោះអ្នកនឹងបាន ហើយចូរស្វែងរក នោះអ្នកនឹងបានឃើញ។ ចូរគោះ នោះនឹងត្រូវបើកឱ្យអ្នក។ ដ្បិតគ្រប់គ្នាដែលសុំតែងទទួលបាន ហើយអស់អ្នកដែលស្វែងរកនឹងបានរកឃើញ ហើយអស់អ្នកណាដែលគោះ នោះនឹងត្រូវបានបើកឱ្យ» (លូកា ១១:៩-១០)។ ច្បាស់ណាស់ ដរាបណាយើងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដើម្បីសុំការយល់ដឹងពីសេចក្ដីពិត និងសមត្ថភាពដើម្បីអាចយកព្រះបន្ទូលរបស់ព្រះមកអនុវត្ត ហើយយើងទុកអ្វីៗគ្រប់យ៉ាងចូលក្នុងសេចក្ដីពិតដោយភាពម៉ឺងម៉ាត់បំផុត នោះព្រះជាម្ចាស់នឹងដឹកនាំយើងឱ្យយល់ដឹងពីសេចក្ដីពិត និងចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ហើយយើងនឹងអាចរីកចម្រើននៅក្នុងជីវិតផ្នែកព្រលឹងវិញ្ញាណរបស់យើងបន្តិចម្ដងៗបាន។

៣.តើអ្នកអធិស្ឋានដើម្បីស្វែងរកការយល់ដឹងពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងដើម្បីធ្វើសក្ខីភាពសម្រាប់ទ្រង់ឬ?

ជួនកាលនៅក្នុងជីវិតរបស់យើង យើងជួបប្រទះនូវបញ្ហាដែលមិនស្របតាមសញ្ញាណរបស់យើង ដូចជាបញ្ហានៅកន្លែងធ្វើការ ឬនៅផ្ទះ ឬក៏យើងអាចមានការប្រឈមជាមួយមហន្តរាយមួយចំនួន។ នៅពេលរឿងទាំងនេះកើតឡើង ពួកយើងភាគច្រើនទូលសុំព្រះជាម្ចាស់ឱ្យយកបរិយាកាសមិនអំណោយផលទាំងនេះចេញ និងប្រទាននូវសេចក្ដីសុខសាន្ត និងសុភមង្គលមកកាន់យើង។ សូម្បីតែបើសិនជាយើងខិតខំប្រឹងប្រែង ឬបោះបង់ចោលទំនាក់ទំនងនានា និងការងាររបស់យើងដើម្បីបម្រើព្រះជាម្ចាស់ ប្រសិនបើយើងជួបប្រទះនូវអ្វីៗដូចជាជំងឺធ្ងន់ធ្ងរ នោះយើងមិនអាចនៅស្ងប់ស្ងៀម និងស្វែងរកបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានសូមឱ្យយើងអាចធ្វើជាសក្ខីភាព និងបំពេញព្រះហឫទ័យព្រះជាម្ចាស់បានឡើយ។ ផ្ទុយមកវិញ យើងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ទូលអង្វរសុំឱ្យទ្រង់ព្យាបាលជំងឺរបស់យើងឱ្យឆាប់ជាតាមតែអាចទៅរួច។ នៅពេលព្រះជាម្ចាស់បំពេញតាមសំណូមពររបស់យើង យើងអរព្រះគុណ និងសរសើរតម្កើងទ្រង់ ប៉ុន្តែនៅពេលទ្រង់មិនប្រទានឱ្យយើងបានធូរស្បើយ យើងក៏អាក់អន់ចិត្ត និងខកចិត្តចំពោះព្រះជាម្ចាស់។ យើងរស់នៅក្នុងភាពអវិជ្ជមាន ដោយការត្អូញត្អែរអំពីទ្រង់ ហើយយើងអាចមានការជំរុញចិត្តក្នុងការបោះបង់ការខិតខំសម្រាប់ទ្រង់ចោល។ យើងអាចមើលឃើញការនេះថា យើងមានការចាប់អារម្មណ៍ខ្លាំងពេកលើការចង់បានផ្នែកខាងសាច់ឈាមខ្លួនឯង។ នៅក្នុងដួងចិត្តរបស់យើង យើងមិនស្រលាញ់ ឬប្រាថ្នាចង់ផ្គាប់ព្រះទ័យព្រះជាម្ចាស់ឡើយ។ យើងតែងតែបង្កើតសំណូមពរមិនសមហេតុផលនានានៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្លួន ដោយធ្វើការទាមទារពីទ្រង់ដោយភាពអាត្មានិយម និងដោយរបៀបគួរឱ្យខ្អប់ខ្ពើមដើម្បីធ្វើអ្វីៗដែលស្របតាមការចង់បានរបស់យើង។ យើងមិនបានថ្វាយបង្គំព្រះអាទិករចេញពីតួនាទីសមរម្យនៃសត្តនិករដែលត្រូវបានបង្កើតឡើងឡើយ។ ហេតអ្វីបានជាព្រះជាម្ចាស់ធ្វើតាមការអធិស្ឋានបែបនេះ? ដូចនេះ តើយើងគួរអធិស្ឋានបែបណាដើម្បីឱ្យយើងធ្វើទៅស្របតាមបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់? ព្រះបន្ទូលរបស់ទ្រង់បានដឹកនាំយើងចូលទៅរកផ្លូវនោះ៖ «ពេលអ្នកជួបការលំបាក សូមប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ថា៖ 'ឱ ព្រះអង្គអើយ! កូនចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ កូនចង់ស៊ូទ្រាំនឹងការលំបាកចុងក្រោយ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយមិនខ្វល់ថាកូនជួបប្រទះឧបសគ្គខ្លាំងយ៉ាងណានោះទេ កូននៅតែបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ ទោះបីជាកូនត្រូវលះបង់ជីវិតរបស់កូនទាំងស្រុងក្ដី ក៏កូននៅតែត្រូវបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច!' ដោយមានការតាំងចិត្តបែបនេះ នៅពេលអ្នកអធិស្ឋានដូច្នេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ»)។ «តើមនុស្សគួរតែស្រឡាញ់ព្រះជាម្ចាស់បែបណានៅក្នុងដំណាក់កាលនៃការបន្សុទ្ធ? តាមរយៈការប្រើប្រាស់ការតាំងចិត្តក្នុងការស្រឡាញ់ព្រះជាម្ចាស់ ដើម្បីទទួលយកការបន្សុទ្ធរបស់ទ្រង់៖ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវបានធ្វើទារុណកម្មផ្នែកខាងក្នុង ដូចគេយកកាំបិតចាក់បេះដូងរបស់អ្នក ប៉ុន្តែអ្នកចង់បំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយប្រើប្រាស់បេះដូងរបស់អ្នកដែលស្រឡាញ់ទ្រង់ ហើយអ្នកមិនចង់យកចិត្តទុកដាក់ចំពោះសាច់ឈាមទេ។ នេះគឺជាអត្ថន័យនៃការអនុវត្តសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ អ្នកមានការឈឺចាប់ផ្នែកខាងក្នុង ហើយការឈឺចាប់របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប៉ុន្តែអ្នកនៅតែចង់មកចំពោះព្រះភ័ក្រព្រះជាម្ចាស់ ហើយអធិស្ឋាន ដោយនិយាយថា 'ឱ ព្រះជាម្ចាស់! អើយ ទូលបង្គំមិនអាចចាកចេញពីទ្រង់បានទេ។ ទោះបីជាមានភាពខ្មៅងងឹតនៅក្នុងខ្លួនទូលបង្គំក៏ដោយ ក៏ទូលបង្គំចង់បំពេញព្រះហឫទ័យទ្រង់ដែរ ទ្រង់ដឹងពីចិត្តរបស់ទូលបង្គំ ហើយទូលបង្គំចង់ឲ្យទ្រង់ផ្តល់ក្តីស្រឡាញ់មកក្នុងខ្លួនទូលបង្គំថែមទៀត'» («មានតែតាមរយៈការឆ្លងកាត់ការបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសេចក្តីស្រឡាញ់ពិត»)

នៅពេលមានទុក្ខលំបាកកើតឡើងចំពោះយើង យើងត្រូវស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់ និងអធិស្ឋានឱ្យយើងអាចធ្វើជាសក្ខីភាព និងផ្គាប់ព្រះទ័យព្រះជាម្ចាស់។ យើងក៏ត្រូវមានការតាំងចិត្តស្រលាញ់ និងផ្គាប់ព្រះទ័យព្រះអង្គ និងសុខចិត្តទ្រាំទ្រនូវការរងទុក្ខផ្នែករូបកាយ ប្រសិនបើវាជាការធ្វើជាសក្ខីភាពសម្រាប់ព្រះជាម្ចាស់ជាជាងការអធិស្ឋានសម្រាប់ប្រយោជន៍ខ្លួនឯង។ មានតែការអធិស្ឋានប្រភេទនេះទេដែលស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយនេះក៏ជាការមាននូវសម្បជញ្ញៈប្រភេទនេះ និងមូលហេតុដែលយើគួរមានក្នុងនាមជាសត្តនិករដែលត្រូវបានបង្កើតឡើង។ ជាឧទាហរណ៍ យ៉ូបបានបាត់បង់នូវរបស់ដែលគាត់មាន និងកូនៗតាមរយៈការល្បងល ហើយគាត់ខ្លួនឯងបានរងទុក្ខយ៉ាងខ្លាំង គឺពីក្បាលដល់ចុងជើង។ លោករងទុក្ខឈឺចាប់ទាំងផ្លូវចិត្តនិងផ្លូវកាយយ៉ាងធំធេង។ ប៉ុន្តែគាត់មិនបានរអ៊ូរទាំពីការដែលព្រះជាម្ចាស់អនុញ្ញាតឱ្យគាត់រងទុក្ខពីការទាំងអស់នេះទេ ហើយគាត់ក៏មិនបានទូលសុំព្រះជាម្ចាស់ឱ្យដកការរងទុក្ខនេះចេញឡើយ។ ផ្ទុយទៅវិញ ដំបូងឡើយ គាត់បានចុះចូល និងអធិស្ឋានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គាត់ទទួលស្គាល់ថាអ្វីទាំងអស់ដែលគាត់មាន គឺមិនមែនទទួលបានតាមរយៈការខិតខំផ្ទាល់ខ្លួនរបស់គាត់ដែរ ប៉ុន្តែជាការដែលព្រះជាម្ចាស់បានប្រទានមក។ មិនថាព្រះជាម្ចាស់ប្រទានឱ្យ ឬទ្រង់ដកចេញវិញទេ ក្នុងនាមជាសត្តនិករដែលត្រូវបានបង្កើតឡើង យើងគួរចុះចូលដោយរលូនចំពោះបញ្ញត្តិ និងការរៀបចំរបស់ព្រះជាម្ចាស់។ យើងមិនគួរមាននូវការទាមទារពីព្រះជាម្ចាស់ ឬការត្អូញត្អែរណាមួយឡើយ។ នេះជាមូលហេតុដែលយើងជាមនុស្សគួរមាន។ យ៉ូបបានពោលថា «ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ យ៉ូបឈានទៅដល់ការធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ដោយការពឹងផ្អែកលើការគោរព ការស្ដាប់បង្គាប់ និងជំនឿសម្រាប់ព្រះជាម្ចាស់។ យើងគួររៀនពីគម្រូរបស់យ៉ូប ហើយនៅពេលជួបប្រទះនូវអ្វីដែលមិនស្របតាមសញ្ញាណរបស់យើង នោះជាដំបូងយើងត្រូវនៅស្ងាត់ស្ងៀមចំពោះព្រះជាម្ចាស់ និងរួសរាន់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងអធិស្ឋានឱ្យយើងធ្វើជាសក្ខីភាព និងផ្គាប់ព្រះទ័យព្រះជាម្ចាស់។ នេះគឺជាផ្នែកដ៏សំខាន់បំផុតនៅក្នុងការអនុវត្តរបស់យើង។ នៅក្នុងរបៀបនេះ ព្រះជាម្ចាស់អាចដឹកនាំយើង។ ទ្រង់អាចប្រទាននូវជំនឿ និងកម្លាំងដើម្បីជួយយើងឆ្លងកាត់នូវច្រកណាដែលយើងអាចប្រឈម ដើម្បីឱ្យយើងអាចឈរយ៉ាងមាំនៅក្នុងទីបន្ទាល់ដែលឆ្លងកាត់សេចក្ដីល្បងល។

ទាំងនេះជាបញ្ហាចំនួនបីដែលយើងត្រូវដោះស្រាយនៅក្នុងសេចក្ដីអធិស្ឋានរបស់យើង។ ដរាបណាយើងអនុវត្ត និងចូលទៅក្នុងដោយផ្អែកលើគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់យើង ខ្ញុំមានទំនុកចិត្តថាពួកយើងគ្រប់គ្នា ដែលជាបងប្អូនប្រុសស្រី នឹងច្រូតផលរង្វាន់ដែលយើងមិនដែលស្រមែដល់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

By Chang Qing វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...